វគ្គ «តំណមសន្យា»
ជិតពាក់កណ្ដាលអធ្រាត្រទៅហើយ ឆាយលីនៅមិនទាន់សម្រាក។ នាយអង្គុយនៅមុខកុំព្យូទ័រ ព្រមទាំងសម្លឹងមើលវីដេអូពីក្នុងកាមេរ៉ាសុវត្ថិភាពដែលនាយទទួលបានពី Mart ដែលឆារ៉ានន់អះអាងថាខ្លួនបានទៅ កាលពីល្ងាចមិញ។
ក្រៅពីធ្វើឱ្យនាងគ្មានភស្តុតាងនៅកន្លែងកើតហេតុហើយ ទឹកមុខរំភើបនិងដំណើរញ៉ែងញ៉ងចុះឡើងៗដើម្បីរកទិញអាហារមកជប់លៀង អាចឱ្យគេសន្និដ្ឋានបានថានាងពិតជាកំពុងសប្បាយរីករាយក្នុងចិត្ត ត្រេកអរចំពោះដំណឹងដែលបានទទួលពីលោកប្រណិតពិតមែន។
នាយប៉ូលិសសង្ហាបន្ធូរដង្ហើមធំចេញយ៉ាងនឿយហត់។ តាំងពីទទួលសំណុំក្ដីរហូតដល់ពេលនេះ នាយពុំទាន់បានសម្រាកឱ្យបានស្កប់ស្កល់បន្តិចណាឡើយ មិនដឹងថាមកពីក្ដីឃាតកម្មនេះគ្មានមុខសញ្ញាសំខាន់ ឬមួយនាយឆកល្វែងត្រង់ចំណុចណានោះទេ បានជាត្រូវពន្យារពេលបន្តិចហើយបន្តិចទៀតកាន់តែគិត ខួរក្បាលកាន់តែសង្ស័យចំពោះសមត្ថភាពរបស់ខ្លួនឯង។
“គេបានសម្រេចចិត្តលែងលះជាមួយអ្នកស្រីសុជាតាហើយ ថែមទាំងបានសន្យាជាមួយខ្ញុំទៀតថានឹងឡើងយន្តហោះទៅជាមួយខ្ញុំដើម្បីកំដរខ្ញុំធ្វើការវះកាត់!…ខ្ញុំគ្រាន់តែគិតដល់អារម្មណ៍របស់ សុជាតា!…ខ្ញុំជឿថាមនុស្សស្រីទាំងអស់ប្រហែលជាគ្មាននរណាម្នាក់ចង់ឱ្យគេគ្រប់គ្នាហៅខ្លួនឯងថាជា «ស្ត្រីមេម៉ាយ» ឡើយ…ក្រៅពីអាណិតនាង ខ្ញុំថែមទាំងបន្ទោសខ្លួនឯងទៀត មិនគួរណាដោយសារអារម្មណ៍មិនដាច់ស្រេចរបស់ខ្ញុំ បែរជាចុងក្រោយធ្វើឱ្យមានសោកនាដកម្មនេះកើតឡើងទាល់តែសោះ!”
“ចុះពេលដែលបានទទួលទូរសព្ទចុងក្រោយពីលោកប្រណិត តើអ្នកនាងចាប់អារម្មណ៍ថាមានអ្វីប្លែកគួរឱ្យកត់សម្គាល់ដែរទេ?”
“ពេលដែលគាត់ប្រាប់ថានឹងមកហូបបាយនៅផ្ទះខ្ញុំ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំរៀបនឹងសួរថាគាត់មកដល់ពេលណាដើម្បីមានពេលត្រៀមអាហារទទួលគាត់ ស្រាប់តែឮសូរ«ផស់!»ដូចជាធ្លាក់របស់ឬទង្គិចអ្វីមួយ ប៉ុន្តែមិនឮសូរគាត់ថាអ្វីទេ ក៏ដាច់ទូរសព្ទបាត់ទៅ! ខ្ញុំរវល់តែរំភើបពេកទើបពុំបានចាប់អារម្មណ៍ថាគាត់មានបញ្ហាអ្វី!” ចម្លើយចុងក្រោយរបស់ឆារ៉ានន់។
ឆាយលីភ្ញាក់បើកភ្នែក៖
“លីន សុជាតា! ក្រៅពីឆារ៉ានន់ទៅ គ្មាននរណាផ្សេងទេដែលគួរឱ្យសង្ស័យក្រៅពីនាង!”
—
តឹកៗៗ
ទ្រនិចនាឡិកាព្យួរជញ្ជាំងលោតផ្តឹកៗ ស្រាលៗ ខ្ទរមកប៉ះត្រចៀករបស់លោកអធិការរងដែលលង់លក់នៅលើកៅអីបង្អែករបស់ខ្លួន។ ពន្លឺថ្ងៃជះចូលមកតាមស្លាបព្រិល ចាំងចំនេត្រាដ៏មានមន្តស្នេហ៍មួយគូ បង្ហាញឱ្យឃើញរោមចិញ្ចើមខ្មៅក្រាស់ ដែលដុះអមលម្អភាពទាក់ទាញនៃបុរសភាពរបស់គេ។
រោមភ្នែកគេកម្រើកតិចៗ មុននឹងបើកសម្លឹងមើលដំបូលពិតាន។ អ្នកកំលោះយកដៃច្បូតមុខបន្តិចជម្រះភាពងោកងុយ ដែលនៅមិនទាន់ជ្រះស្រឡះ គាប់ចួនពេលដែលទ្វាររបើកចូលមកខាងក្នុង លេចមុខសុភ័ក្រនិងឡង់ឌីចូលមកដំណាលគ្នា។
“មើលទៅឯងដូចមិនទាន់ទាំងបានលុបមុខទេនេះ?” សុភ័ក្រសួរ។
ឆាយលីញាក់ចិញ្ចើមតប នាំឱ្យឡង់ឌីលួចញញឹមតិចៗ។ នាយស្រាប់តែនឹកឃើញសួរទៅនាង៖
“មែនហើយអាឌី ក្រែងព្រឹកនេះត្រូវផ្ញើសពរបស់លោកប្រណិតទៅឱ្យគ្រួសាររបស់គេមែនទេ?”
ឡង់ឌីតប៖
“ចាស! ឯកសារខ្ញុំបានរៀបចំរួចរាល់ហើយ នៅចាំតែបងពិនិត្យតែប៉ុណ្ណោះ! បើគ្មានបញ្ហាអ្វីទេ យើងអាចបញ្ជូនទៅបានតែម្ដង!”
ឆាយលីងក់ក្បាល៖
“អ៊ីចឹងពីរនាក់ឯងចាំបន្តិច ខ្ញុំទៅរៀបចំខ្លួនបន្តិចសិន រួចហើយសឹមយើងយកសពទៅប្រគល់ឱ្យគ្រួសារគេទាំងអស់គ្នា!”
“បងលីនៅមានអ្វីសង្ស័យរឿងអីទៀតអ្ហេស?”
ឆាយលីគ្រវីក្បាលយឺតៗ ហើយតបនឹងឡង់ឌី៖
“ខ្ញុំគ្រាន់តែមានអារម្មណ៍ថាមានអ្វីមួយដែលពួកយើងមើលរំលង តែមិនប្រាកដថាវាជាអ្វី?”
“មកពីឯងគិតច្រើនពេកទេដឹង?”
“មិនដឹងទេ! តែខ្ញុំចង់ទៅពិនិត្យសពម្ដងទៀត!”
—
រថយន្តប៉ូលិសដែលបើកបរដោយសុភ័ក្រ និងមានឡង់ឌីមកជាមួយផង បានជិះមកឈប់នៅពីមុខគេហដ្ឋានរបស់គ្រូហុងស៊ុយម្នាក់នៅភ្នំពេញ តាមរយៈនាមប័ណ្ណនៅក្នុងកាបូបលុយរបស់លោកប្រណិត។
“អាឌីឯងជឿលើគ្រូហុងស៊ុយដែរអ្ហេស?” សុភ័ក្រសួរទាំងកំបុតកំបុយ ភ្នែកព្យាយាមសម្លឹងទៅក្នុងផ្ទះ។
“ខ្ញុំគ្មានយោបល់រឿងនេះទេ! អ្នកគ្រូពេជ្រ សុធារ៉ា នេះ ជាហុងស៊ុយដែលមិនសូវបញ្ចេញមុខជាសាធារណៈនៅក្នុងសង្គមទេ ប៉ុន្តែអ្នកដែលធ្លាប់បានទៅចួបគ្នាជាមួយគាត់ច្រើនតែសមបំណងក្រោយពីទទួលបានការពិភាក្សាជាមួយគាត់! នេះជាអ្វីដែលខ្ញុំសាកសួរព័ត៌មានបាន! “
“ល្អ! ចាត់ទុកថាមានជំនាញគ្រាន់បើ! បើអ៊ីចឹងយើងឆាប់ទៅ!”
ឡង់ឌីញញឹមអៀននឹងពាក្យសរសើររបស់សុភ័ក្រ ភ្លេចស្ដាប់ឃ្លាចុងក្រោយរបស់គេ ទាល់តែប៉ូលិសកំលោះដើរមកគោះកញ្ចក់ឡានទើបនាងភ្ញាក់ខ្លួនឡើងវិញ។
អ្នកទាំងពីរដើរចូលទៅក្នុងផ្ទះល្វែងចំណាស់មួយ ដែលមានបិទយ័ន្តហុងស៊ុយដូចរូបតំណាងបក្សអ៊ូតាំងក្នុងរឿងភាគចិន ធំៗប៉ុនថាសនៅលើទ្វារកញ្ចក់ទាំងសងខាង។ គ្រាន់តែចូលទៅដល់ខាងក្នុងចំហាយត្រជាក់ផាត់ប៉ះផ្ទៃមុខរបស់អ្នកទាំងពីរ រឹតតែបង្កើតអារម្មណ៍ចម្លែកៗដល់ពួកគេ។
“ឡូយមែន! ម៉ាស៊ីនត្រជាក់ធំប៉ុនណាណី បើបានយកទៅដាក់ក្នុងបន្ទប់ធ្វើការរបស់ខ្ញុំមិនដឹងល្អម៉េចទេ!” សុភ័ក្រលាន់មាត់ធ្វើឱ្យឡង់ឌីកៀសកែងដៃនឹងពោះរបស់គេ។
“សិស្សច្បងនេះ!”
“អ្នកទាំងពីរមកមានការអីដែរ?” សំឡេងមនុស្សស្រីលាន់ស្រួយស្រែសពីជ្រុងខាងឆ្វេងដៃ។
សុភ័ក្រនិងឡង់ឌីភ្ញាក់ព្រើត រហ័សបែរទៅតាមទិសដៅនៃសំឡេង។ ស្ត្រីវ័យជ្រេអាយុខ្ទង់ប្រហែលជា៤០ឆ្នាំ ក្នុងសម្លៀកបំពាក់អាវសាច់កំណាត់កមូលដៃវែង និងខោជើងវែងពណ៌ស កំពុងអង្គុយផ្លុំតែដែលក្ដៅហុយៗនៅនឹងដៃ។
“ជម្រាបសួរ! ពួកខ្ញុំគឺជាប៉ូលិសមកពីអធិការដ្ឋាន មកនេះមានការបន្តិចបន្តួចចង់ចួបអ្នកគ្រូសុធារ៉ា!” ឡង់ឌីតបនឹងសំណួររបស់គាត់។
ស្ត្រីចំណាស់នេះមើលទៅដូចជាមិនសូវជាខ្វល់ពីវត្តមានរបស់អ្នកទាំងពីរប៉ុន្មានទេ គាត់បិទភ្នែកហើយលើកកែវតែក្រេប២-៣ចឹប និងសំងំស្រង់យករសជាតិដ៏ឈ្ងុយឈ្ងប់ដែលសាយភាយពីច្រមុះចូលទៅដល់បំពង់ក។
សុភ័ក្រហាក់មានប្រតិកម្មចំពោះកាយវិការមិនសូវមានសុជីវធម៌នេះ តែឡង់ឌីចាប់ដៃនាយជាប់ ព្រមទាំងគ្រវីក្បាលតិចៗដាក់នាយផង។
“មើលទៅអ្នកទាំងពីរដូចជាមិនមែនមកដើម្បីមើលហុងស៊ុយទេមែនទេ?” ក្រោយពីបញ្ចប់ការសោយសុខជាមួយរសជាតិនិងក្លិនតែរួចមក គាត់ងាកមកចាប់អារម្មណ៍នឹងអ្នកទាំងពីរម្ដង។
នគរបាលទាំងពីររូបដើរចូលទៅជិតគាត់ រួចឡង់ឌីក៏ផ្ដើមសំណួរ៖
“អ្នកគ្រូមានស្គាល់លោកសួង ប្រណិត ដែរទេ?”
“ស្គាល់! គេធ្លាប់បានមកពឹងពាក់ខ្ញុំឱ្យជួយមើលរាសី និងរៀបចំទីតាំងដើម្បីលើកហុងស៊ុយដល់រោងចក្ររបស់គេ!”
“ចុះអ្នកគ្រូដឹងទេថាពេលនេះគាត់បានទទួលមរណៈភាពហើយ?”
“គេស្លាប់ហើយ?”
“ក្រែងអ្នកគ្រូជាគ្រូហុងហ៊ុយអ្ហេស?” សុភ័ក្រសម្លឹងមើលមុខគាត់មិនដាក់ ហាក់គិតថាគាត់ធ្វើពើជាមិនដឹង។
អ្នកគ្រូសុធារ៉ាសើចក្នុងបំពង់ក ដូចចង់ចំអកឱ្យសំណួររបស់សុភ័ក្រ៖
“ខ្ញុំជាគ្រូហុងស៊ុយ មិនមែនជាគ្រូហោរទស្សន៍ទាយទេ!”
សុភ័ក្រស្ងាត់មាត់ដូចគេចុក មិនសមណាត្រូវមកបាក់មុខនៅចំពោះមុខសិស្សប្អូនដូច្នេះសោះ។ គ្រូហុងស៊ុយលាដៃអញ្ជើញឱ្យអ្នកទាំងពីរបានអង្គុយស្រួលបួល ហើយគាត់ដៀងភ្នែកមកមើលគេបន្តិចមុននឹងស្រដីបន្ត៖
“មិននឹកស្មានថាគេទៅលឿនជាងការគិតទុករបស់ខ្ញុំទៅទៀត!”
“អ្នកគ្រូចង់បានន័យថាម៉េច?” ឡង់ឌីសួរ។
“នៅថ្ងៃដែលគេបានមករកខ្ញុំឱ្យជួយនោះ ខ្ញុំបានមើលឃើញពីរបស់ខ្មៅងងឹតដែលតោងជាប់នឹងខ្លួនរបស់គេ! របស់នោះគឺតំណាងឱ្យភាពអន្តរាយនិងគ្រោះថ្នាក់របស់គេ!”
ឡង់ឌីលួចមើលមុខសុភ័ក្រចង់ដឹងពីប្រតិកម្មរបស់គេ តែមើលទៅមុខរបស់គេក៏មិនខុសពីនាងដែរ គឺពោរពេញទៅដោយសញ្ញាសួរ។
“គេមិនអាចធ្វើការសម្រេចចិត្តធំៗតែម្នាក់ឯងបានទេ ព្រោះអាចនឹងធ្វើឱ្យគេខាតបង់! ខ្ញុំបានប្រាប់គេឱ្យរក្សាតំណមមួយនោះគឺ «ពាក្យសន្យា»!”
“សន្យា?” សុភ័ក្ររអ៊ូតិចៗ។
“មែនហើយ! គេមិនអាចធ្វើការសន្យាផ្ដេសផ្ដាសនិងរឹតតែមិនត្រូវធ្វើការសម្រេចចិត្តរឿងរ៉ាវធំៗទៅទៀត! ខ្ញុំថែមទាំងបានឱ្យគេធ្វើយ័ន្តមួយដាក់តាំងក្នុងបន្ទប់ពីមុខកន្លែងគេអង្គុយធ្វើការ ដើម្បីរម្លឹកផងដែរ… បើគេមិនអាចរក្សាតំណមមួយនេះបានទេ សោកនាដកម្មប្រាកដជាកើតឡើងចំពោះគេជាមិនខាន!”
នាយប៉ូលិសហាក់ដូចជាចាប់អារម្មណ៍ឃើញថា មនុស្សដូចជាលោកប្រណិតនេះហាក់ដូចជាជាប់ជំពាក់ជាមួយរឿងសន្យានេះច្រើនពេកហើយ។ បើតាមស្ដាប់ដំណើររឿងក្ដីតាំងពីដើមដល់ចប់ អ្នកដែលជាប់ពាក់ព័ន្ធជាមួយនឹងគាត់សុទ្ធតែជាអ្នកដែលគាត់ជំពាក់សន្យាទាំងអស់។ តើវាជាប្រផ្នូល ឬអាចមានអ្វីជាអាថ៌កំបាំង?
“តើមានអ្នកណាខ្លះដែលដឹងពីរឿងតំណមមួយនេះ?” ឡង់ឌីស្រាប់តែសួរនូវសំណួរដែលគេចង់សួរដូចគ្នា។
“ស៊ីណាត! ខ្ញុំបានស្គាល់លោកប្រណិតតាមរយៈស៊ីណាត ដែលធ្លាប់ជាមិត្តនឹងគ្នាជាមួយខ្ញុំ! នាងដឹងថាលោកប្រណិតកំពុងជួបបញ្ហានិងព្យាយាមចិញ្ចឹមចិត្តចង់លែងភរិយារបស់គាត់ ដូច្នេះហើយបានជានាងមករកខ្ញុំ និងសុំឱ្យខ្ញុំជួយរកវិធីយ៉ាងណាដើម្បីជួយណែនាំគាត់កុំឱ្យលែងលះគ្នា!”
“ដូច្នេះហើយទើបអ្នកគ្រូកុហកគាត់ថាមិនឱ្យធ្វើការសម្រេចចិត្តរឿងធំៗ និងមិនឱ្យគាត់សន្យាអ្វីផ្ដេសផ្ដាសមែនទេ?”
អ្នកគ្រូសុធារ៉ាលើកពែងតែមកក្រេបបន្តិចមុននឹងឆ្លើយសំណួររបស់សុភ័ក្រ៖
“ខ្ញុំដឹងថាលោកប៉ូលិសប្រហែលជាមិនជឿលើរឿងហុងស៊ុយទេ ដូច្នេះលោកចង់ថាខ្ញុំកុហកយកលុយគេក៏បាន ខ្ញុំឥតមានអ្វីបកស្រាយទេ!”
“តែហេតុអ្វីបានជាមីងស៊ីណាតនោះចង់ជួយភរិយារបស់លោកប្រណិតទៅវិញ?”
សំណួរមួយនេះរត់រសឹបពេញក្នុងក្បាលរបស់ប៉ូលិសប្រុសស្រីទាំងពីររូប…
វគ្គ «ស្រមោលឃាតកៈ»
នៅគេហដ្ឋានរបស់លោកសួង ប្រណិត កំពុងមានមនុស្សក្មេងចាស់ក្នុងទឹកមុខទឹកមុខស្រពាប់ស្រពោន ខ្នះខ្នែងរៀបចំពិធីបុណ្យសព។ គ្រប់យ៉ាងបានរៀបចំរួចរាល់ហើយ នៅឡើយរង់ចាំតែសពដែលកំពុងបញ្ជូនពីមន្ទីរពេទ្យ។ មួយសន្ទុះក្រោយមក ឡានប៉ូលិសបានមកដល់ ដោយមានដឹកទាំងមឈូសសពមកជាមួយផង។
សុជាតា ក្នុងឈុតកាន់ទុក្ខចេញមកទទួលដំណើរសពទាំងអារម្មណ៍ក្ដុកក្ដួល។ លោកអធិការរង កែវ ឆាយលីចុះពីលើឡាន បានឃើញសុជាតាខ្សឹកខ្សួលបែបនេះ អារម្មណ៍ដែលសង្ស័យទាំងប៉ុន្មានប្រែទៅជាការអាណិតអាសូរ តែមកដល់ដំណាក់កាលនេះទៅហើយ នាយមិនអាចទន់ចិត្តបានជាដាច់ខាត ទោះបីជាខ្លួនធ្លាប់មានទំនាក់ទំនងទំនងជាមួយគ្នា ទោះបីជាធ្លាប់បានស្គាល់ចិត្តគ្នាមកពីមុនថានាងជាមនុស្សស្លូតបូត ចូលចិត្តជួយអ្នកដទៃ ប៉ុន្តែបទពិសោធក្នុងជីវិតកន្លងមកបានបង្រៀនគេឱ្យដឹងថាអ្វីៗសុទ្ធតែអាចប្រែប្រួល កុំថាឡើយដល់ចិត្តមនុស្សដែលស្រួចស្រាល ផុយស្រួយយ៉ាងនេះ។
អ្វីដែលរឹតតែធ្វើឱ្យនាយភ្ញាក់ផ្អើលទៅទៀតនោះគឺ វត្តមានរបស់មីងស៊ីណាតដែលឈរក្បែរសុជាតា។ គាត់ត្រឹមជាបុគ្គលិកអនាម័យនៅក្នុងរោងចក្ររបស់លោកប្រណិត តែមើលទៅហាក់ដូចជាស្និទ្ធស្នាលជាមួយនឹងសុជាតាលើសពីអ្វីដែលចៅហ្វាយនាយ និងកូនចៅគួរមាន។
គ្រាន់តែមឈូសទៅបានលើកទៅដាក់នៅទីតាំងដែលបានត្រៀមទុករួច សុជាតាស្រាប់តែងងឹតមុខរកកលនឹងដួល ឆាយលីស្ទុះទៅត្រកងរាងកាយនាងមេម៉ាយក្មេងភ្លាមដោយស្វ័យប្រវត្តិ បីនាងទៅដាក់ឱ្យសម្រាកនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ រួចទើបថយចេញទៅក្រៅដើម្បីទុកឱ្យមីងស៊ីណាតជួយមើលថែ។
មីងស៊ីណាតយកប្រេងខ្យល់មកលាបរឹតឱ្យនាងបណ្ដើរ ព្រមទាំងរអ៊ូបណ្ដើរ៖
“អ្នកស្រីអើយអ្នកស្រី! កុំគិតច្រើនពេក យ៉ាងណាក៏លោកប្រុសគាត់ទៅបានសុខហើយ! ល្មមដល់ពេលគិតពីខ្លួនឯងម្ដងហើយ!”
សុជាតាបើកភ្នែកព្រឹមៗឡើងវិញ សម្លឹងមកមើលស្ត្រីចំណាស់ដែលកំពុងគក់រឹតឱ្យនាង។ មិនដឹងមូលហេតុអ្វីបានជាធ្វើឱ្យស្រស់ស្រីហាក់រំជួលចិត្ត ទឹកភ្នែកដែលលាក់ទុកមករយៈពេលប៉ុន្មានថ្ងៃនេះស្រាប់តែហូរចេញមកដូចទឹកបាក់ទំនប់ទប់លែងជាប់។
មីងស៊ីណាតយកកូនកន្សែងដែលនៅក្នុងដៃនាង មកជូតទឹកភ្នែកចេញ៖
“យំចេញមក! យំឱ្យធូរ…ពីពេលនេះទៅអ្នកស្រីលែងពិបាកកើតទុក្ខទៀតហើយ…គ្មានអ្នកណាធ្វើបាបអ្នកស្រីទៀតទេ!”
រូបភាពនិងពាក្យពេចន៍ទាំងប៉ុន្មានមិនបានរំលងពីភ្នែកនិងត្រចៀកដ៏វៃរបស់ប៉ូលិសកំលោះនេះឡើយ គ្រាន់តែនាយពុំធ្លាប់ដឹងពីមុនមកសោះថាទុក្ខលំបាកអ្វីដែលសុជាតាធ្លាប់បានឆ្លងកាត់ក្នុងជីវិតស្វាមីភរិយាជាមួយលោកប្រណិត។ ស្ត្រីចំណាស់ហាក់ដូចជាភ្ញាក់ខ្លួនថាបាននិយាយច្រើនពេក ទើបស្ងាត់លែងនិយាយអ្វីតទៅទៀត។
មួយសន្ទុះក្រោយមកទើបលោកអធិការរងដើរចូលមកក្នុងវិញ ព្រមជាមួយនឹងទឹកត្រជាក់មួយដបហុចមកឱ្យនាង។ ស្រស់ស្រីក្រោកអង្គុយ ហើយឈោងដៃទទួលទឹកមកក្រេបបន្តិចមុននឹងពោលពាក្យអរគុណ។
“បានធូរគ្រាន់បើហើយឬនៅ?” ឆាយលីសួរដោយការព្រួយបារម្ភ។
“ចាស! រាងគ្រាន់បើហើយ!” សុជាតាឆ្លើយតបដោយសំឡេងតិចៗស្ទើរស្ដាប់ពុំឮ។
ដោយឃើញទឹកមុខនាងហាក់បានធូរស្បើយជាងមុននេះបន្តិចមែន ទើបឆាយលីពោលបន្ត៖
“ខ្ញុំមានរឿងខ្លះចង់សួរនាង…ទាក់ទងនឹងលោកប្រណិត ព្រោះពេលនេះយើងរកបានទិន្នន័យខ្លះៗពីការស្លាប់របស់គាត់ហើយ នៅឡើយតែឧបករណ៍ធ្វើឃាតរបស់ជនដៃដល់តែប៉ុណ្ណោះ!”
មាណវីជ្រួញចិញ្ចើមដោយធុញថប់ ព្រោះមកទល់ពេលនេះគេមិនត្រឹមស៊ើបពុំបានតម្រុយអ្វីទេ ថែមទាំងព្យាយាមមកសួរនាំនាងទាំងដែលពេលនេះនាងនៅពុំស្រួលខ្លួនស្រួលបួលទៀត។ មីងស៊ីណាតឃើញដូចនេះក៏មិនហ៊ាននៅបន្ត ទើបសុំចេញទៅក្រៅមុនដើម្បីជួយរៀបចំកម្មវិធីបុណ្យវិញ។
“ខ្ញុំចង់ដឹងពីទំនាក់ទំនងលម្អិតរវាងនាងនិងលោកប្រណិត!”
មីងស៊ីណាតដែលមិនទាន់បានចេញផុតពីបន្ទប់ បង្អង់ជើងបន្តិចចង់ដឹងថានាយប៉ូលិសនេះនិយាយអ្វី តែពេលងាកទៅក្រោយឃើញថាឆាយលីកំពុងតែសម្លឹងមកគាត់វិញ ទើបគាត់ប្រញាប់រួសរាន់ចាកចេញផុតទៅ។
“លោកសួរព្រោះពាក់ព័ន្ធនឹងរឿងក្ដីឬព្រោះមិនទាន់នៅដាច់អាល័យពីខ្ញុំ លោកអធិការរងកែវ ឆាយលី?” នាងងើបមុខមកប្រឈមជាមួយគេ។
“មិនថាហេតុផលអ្វីក៏ដោយ ខ្ញុំសុំឱ្យនាងនិយាយដោយស្មោះត្រង់និងប្រាប់ខ្ញុំទាំងអស់ពីរឿងរ៉ាវរវាងអ្នកទាំងពីរ!”
“មើលទៅប្រហែលជាមិនអាចលាក់ពីលោកបានទៀតទេ!”
នាងសើចមួយខឹកបញ្ឈឺខ្លួនឯងបន្តិច មុននឹងបន្តរៀបរាប់៖
“ពួកយើងបានស្គាល់គ្នាតាមរយៈមិត្តភក្តិ ក្រោយទាក់ទងគ្នាបានមួយរយៈគាត់ក៏បានសុំខ្ញុំរៀបការ…ដើមឡើយពួកយើងស្រលាញ់គ្នាខ្លាំងណាស់ មុខជំនួញរបស់គាត់កាក់កប…ពេលវេលានិងគ្រប់យ៉ាងដែលគាត់បានផ្ដល់ឱ្យខ្ញុំនោះគឺធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមានក្ដីសុខណាស់! ទើបតែក្រោយមកការរកស៊ីរបស់គាត់ចាប់ផ្ដើមធ្លាក់ចុះ ចួបរឿងរ៉ាវស៊យផ្ទួនៗ គាត់ក៏ចាប់ផ្ដើមជឿលើជំនឿអរូបិយនានា…គាត់ស្វះស្វែងរកគ្រូទស្សន៍ទាយ ធ្វើពិធីលើករាសី មើលហុងស៊ុយ តែអ្វីៗនៅតែមិនល្អប្រសើរ! អារម្មណ៍របស់គាត់ប្រែជាឆេវឆាវ មិននឹងនរ ហើយមួយឆ្នាំចុងក្រោយនេះឫកពាគាត់ប្លែកៗ ពេលដែលខ្ញុំសួរនាំអ្វីបន្តិចបន្តួច គាត់ក៏បង្ករករឿងឈ្លោះរហូតដល់មានពេលខ្លះគាត់នៅសុំខ្ញុំលែងលះគ្នាទៀត!”
ភាពជូរចត់ផុសឡើងនៅលើវង់ភ័ក្រក្មេងខ្ចីរបស់អ្នកមេម៉ាយរូបនេះ។ ឆាយលីសម្លឹងនាងមិនដាក់ភ្នែក រង់ចាំសង្កេតប្រតិកម្មនិងស្ដាប់ពាក្យបកស្រាយរបស់នាងបន្ត។
“សំណាងដែលរាល់ថ្ងៃខ្ញុំមានមីងស៊ីណាតនៅចាំជួយលើកទឹកចិត្ត! បើគ្មានគាត់ទេ ខ្ញុំប្រហែលជាមិនអាចឈរមកដល់ថ្ងៃនេះបានទេ! ដោយសារតែបានគាត់ ទើបខ្ញុំរឹងមាំ ហើយអាចរកឃើញខ្លួនឯងមកវិញ!”
“នាងស្គាល់មីងស៊ីណាតតាំងពីពេលណា?”
“លោកភ្លេចហើយ? មីងស៊ីណាតគឺជាស្ត្រីម្នាក់ដែលយើងធ្លាប់បានជួយដោះស្រាយបញ្ហាអំពើហិង្សាក្នុងគ្រួសារកាលពីប៉ុន្មានឆ្នាំមុននោះ!”
ឆាយលីរកនឹកបន្តិច រួចតប៖
“ក្រែងមីងម្នាក់នោះឈ្មោះ បូរមី មិនអ៊ីចឹង?”
សុជាតាងក់ក្បាលតិចៗ៖
“មែនហើយ! ក្រោយពេលដែលលោកចាកចេញទៅរៀនបន្តនៅវៀតណាមនោះ ខ្ញុំនៅតែបន្តទំនាក់ទំនងជាមួយគាត់! ពេលដែលប្ដីគាត់ទទួលបានការកាត់ទោសឱ្យជាប់ពន្ធនាគារ គាត់ក៏ត្រូវបានខាងមជ្ឈមណ្ឌលរបស់ខ្ញុំជួយនាំគាត់ឱ្យចូលទៅស្នាក់នៅក្នុងអង្គការមួយកន្លែង និងបានរៀនអក្សរព្រមទាំងជំនាញខ្លះៗ ហើយគាត់ក៏បានឱ្យខ្ញុំជួយដាក់ឈ្មោះថ្មីមួយឱ្យគាត់ ព្រោះគាត់ថាឈ្មោះចាស់ដែលឪពុកម្ដាយគាត់ដាក់ឱ្យ សង្ឃឹមថាគាត់នឹងបានរះខ្ពស់ មានពន្លឺស្រស់ស្អាតនោះលែងមានន័យសម្រាប់គាត់ទៀតហើយ!”
“រួចចុះក្រោយមកទៀត?”
“ក្រោយពេលរៀបការរួច ខ្ញុំក៏បាននាំគាត់ឱ្យមកធ្វើការក្នុងរោងចក្ររបស់បងប្រណិត! ប៉ុន្មានឆ្នាំមកនេះគាត់ខិតខំធ្វើការណាស់ ហើយថែមទាំងបានជួយណែនាំគ្រូហុងស៊ុយម្នាក់ដល់បងប្រណិតទៀត ទើបបានជាក្រោយមកគាត់លែងសូវឆេវឆាវ ហើយការរកស៊ីរបស់គាត់ក៏បានងើបឡើងវិញ! តាំងពីពេលនោះមកគាត់ឈប់សុំខ្ញុំលែងលះទៀត!…”
ទឺតៗ!
សំឡេងទូរសព្ទរបស់ឆាយលីស្រាប់តែរោទ៍ឡើង…
លោកអធិការជ្រួញចិញ្ចើមបន្តិច មើលលេខទូរសព្ទតេចូលដែលបង្ហាញនៅលើអេក្រង់។ ទោះបីមិនដឹងថាជាលេខរបស់នរណា តែនាយរួសរាន់ចុចទទួល…
“អាឡូជម្រាបសួរ! ខ្ញុំអធិការរងកែវ ឆាយលី!”
“…”
ឃើញសុជាតាខំប្រឹងផ្ទៀងត្រចៀកស្ដាប់ នាយក៏ដើរចេញឆ្ងាយបន្តិច។ ក្រោយពេលបិទទូរសព្ទ អ្នកកំលោះយើងដើរត្រលប់មករកនាងវិញ។
“អ្នកណាតេមក?”
ឆាយលីងាកមើលឆ្វេងស្ដាំបន្តិច ទើបបែរមកតបសំណួររបស់នាង៖
“ពួកយើងមានតម្រុយថ្មីទាក់ទងនឹងអាវុធធ្វើឃាតរបស់ឃាតកៈ!”
អធិការប៉ូលិសនិយាយមិនទាន់ផុតពីមាត់ស្រួលបួលផង ស្រមោលនៅមាត់បង្អួចស្រាប់តែរំលៀកខ្លួនគេចចេញបាត់ទៅ។