រឿង៖ ៤៨ម៉ោងបំបែកក្តីឃាតកម្ម ភាគទី៦

វគ្គ «ឈាមស្រែក ស្បែកហៅ»

​​​ឆាយលីចាកចេញពីបន្ទប់ទទួលភ្ញៀវ ទាំងប្រញាប់ប្រញាល់។ ដៃម្ខាងចុចទូរសព្ទយ៉ាងរហ័ស ចំណែកភ្នែករបស់គេសម្លឹងសឹងធ្លុះអស់ពីក្នុងបរិវេណប្រារព្ធពិធីបុណ្យ តែមើលយ៉ាងណាក៏គេដូចជាមិនទាន់រកឃើញអ្វីមួយដែលអាចធ្វើឱ្យចិត្តបានស្ងប់ដែរ។

“ពេលនេះពួកឯងនៅឯណា?”

“ពួកយើងកំពុងនៅតាមផ្លូវត្រលប់ទៅរោងចក្ររបស់លោកប្រណិត!” សំឡេងសុភ័ក្រតបពីខ្សែម្ខាងទៀត។

“ចៃដន់ល្អម៉្លេះ! ខ្ញុំជឿថាឃាតកប្រាកដជាមានបន្សល់ទុកភស្តុតាងនៅកន្លែងកើតហេតុនោះនៅឡើយ! ពេលនេះខ្ញុំកំពុងសង្ស័យលើមនុស្សស្រីម្នាក់!”

“មីង ស៊ីណាត?” សុភ័ក្រសួរ។

“ពួកឯងរកឃើញអ្វីដែលទាក់ទងនឹងគាត់ដែរមែនទេ?”

“ខ្ញុំនិងឡង់ឌីបានព្យាយាមសរុបរឿងរ៉ាវទាំងអស់ដែលបានកើតឡើង ឃើញថាគ្រប់យ៉ាងសុទ្ធតែមានពាក់ព័ន្ធជាមួយនឹងគាត់ទាំងអស់ មិនថាដំណឹងអាថ៌កំបាំងគ្រឿងផ្សំមីដែលលោកឈឹងគិនដាក់ពាក្យបណ្ដឹង រឿងទំនាក់ទំនងរវាងលោកប្រណិតនិងឆារ៉ានន់ និងវត្តមានរបស់អ្នកគ្រូហុងស៊ុយពេជ្រ សុធារ៉ា! ចុះចំណែកខាងឯង?”

“មុននេះរាជ មុនិ បានតេមកប្រាប់ខ្ញុំថា គេទើបនឹកឃើញពីរឿងសូរសំឡេងជើងមនុស្សដែលរត់ចេញពីបន្ទប់របស់លោកប្រណិត! បើតាមការចងចាំរបស់គេ ៩៩% ជាសំឡេងជើងរបស់គាត់!”

“អីក៏ជឿជាក់ម៉្លេះ ក្រែងគេមានអូទីសឹមអ្ហី?” សុភ័ក្រសួរបក។

“មនុស្សមានអូទីសឹម មានចំណុចខ្លាំងនិងខ្សោយផ្សេងៗគ្នា! អានេះបើតាមអ្វីដែលគេតែងចំណាំនិងជឿជាក់ទៅលើត្រចៀករបស់គេ!”

“អូខេចាត់ទុកថាអ្វីដែលគេចងចាំមិនខុសទៅចុះ! ហើយឯងទៅទីនោះជាមួយយើងដែរអត់?”

“អត់ទេ! យើងមានការងារផ្សេងដែលត្រូវធ្វើ!”

“បើអ៊ីចឹងបានហើយ! បើមានអ្វីចាំទាក់ទងទៅទៀត!”

ប្រព័ន្ធទូរសព្ទត្រូវបានកាត់ផ្ដាច់ ឆាយលីជាន់ហ្គារឡានវឹង បើកចេញពីគេហដ្ឋានរបស់អតីតថៅកែរោងចក្រផលិតមី ដែលពេលនេះកំពុងសម្រាកយ៉ាងស្កប់ស្កល់នៅក្នុងបន្ទប់ឈើបណ្ដោយពីរម៉ែត្រ។

រោងចក្រដែលធ្លាប់មានកម្មករចេញចូលធ្វើការអ៊ូអរជារៀងរាល់ថ្ងៃ នៅតែបន្តភាពស្ងាត់ជ្រងំតទៀត ក្រោយពីមានករណីឃាតកម្មទៅលើថៅកែរបស់ខ្លួនអស់រយៈពេលជាងសែសិបម៉ោងទៅហើយ។ នៅច្រកចេញចូលធំខាងមុខ នៅតែមានភ្នាក់ងារសមត្ថកិច្ចបន្តយាមកាមយ៉ាងតឹងតែង ព្រោះតម្រុយដែលក្រុមស៊ើបអង្កេតទទួលបាន នៅស្ដួចស្ដើងរហូតពុំទាន់អានបញ្ចប់រឿងក្ដីបាន។

ឡានរបស់សុភ័ក្រ និងឡង់ឌីបានមកឈប់ង៉ក់នៅពីមុខរោងចក្រ។ នាងកញ្ញាប៉ូលិសរូបស្រស់ដើរលបៗចូលទៅក្នុងកន្លែងធ្វើការតែម្នាក់ឯង ដោយស្មារតីប្រុងប្រយ័ត្ន។ ភ្នែកនាងរេចុះឡើងរំពៃរកមើលក្រែងមានអ្វីខុសប្រក្រតី។

មកដល់មុខបន្ទប់ធ្វើការរបស់លោកប្រណិត មាណវីចាប់ដៃទ្វារបម្រុងចូលទៅខាងក្នុង ស្រាប់តែមានមនុស្សម្នាក់ទាញកន្ត្រាក់ទ្វារចូលទៅ ធ្វើឱ្យឡង់ឌីភ្លាត់ជំហរជ្រុលខ្លួនដួលទៅក្នុង។ កាយវិការរបស់ជននោះរវៀសណាស់ គេស្រាប់តែរុញទ្វារបិទមកវិញគ្រឹបទុកឱ្យឡង់ឌីនៅខាងក្នុង ហើយក៏ស្ទុះរត់ចេញទៅ។

ស្នូរស្បែកជើងផ្លាតមកប៉ះនឹងផ្ទៃជើងបង្កើតស្នូរ ផ្លប់ៗ! រត់ចេញពីក្នុងក្រុមហ៊ុនទៅតាមទ្វារក្រោយ។ ក្នុងសម្លៀកបំពាក់ខោជើងខ្លីត្រឹមស្មងពណ៌ខ្មៅ និងអាវសាច់កំណាត់ពណ៌ស មនុស្សម្នាក់នេះមើលទៅហាក់ដូចជាស្គាល់ភូមិសាស្ត្រនៅទីនេះច្បាស់ណាស់។ នៅសល់តែប្រហែល៥ម៉ែត្រទៀតប៉ុណ្ណោះ គេនឹងទៅដល់ទ្វារក្រោយរបស់រោងចក្រ ដែលស្ងាត់ជ្រាបគ្មាននរណាមកនៅយាមសោះ។ រំពេចនោះស្រាប់លេចមុខនាយប៉ូលិស សែម សុភ័ក្រ ចេញមកឈរក្រពាត់ដៃនៅចំកណ្ដាលទ្វារតែម្ដង។

“អូ៎! នេះបើខ្ញុំមិនដឹងថាមីងជាអ្នកអនាម័យនៅទីនេះទេ ខ្ញុំនៅស្មានថាមីងជាអតីតអត្តពលិករត់ប្រណាំងទៀតផង!”

មីងស៊ីណាតឈប់ទ្រឹង ដៀងភ្នែកចុះឡើងបម្រុងនឹងរត់បកត្រលប់ក្រោយវិញ ស្រាប់តែឡង់ឌីរត់មកឈប់ពីក្រោយ នៅក្នុងចម្ងាយមិនដល់៣ម៉ែត្រផងទេ។ នាងក្រមុំស្ដីពោលទៅកាន់ជនសង្ស័យ៖

“មីងស៊ីណាត! ពួកយើងសង្ស័យមីងមានជាប់ទាក់ទងនឹងករណីឃាតកម្មទៅលើលោក សួង ប្រណិត! សូមអ្នកស្រីចូលទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលិស!”

នៅក្នុងបន្ទប់បួនជ្រុងបិទជិតនៃអធិការដ្ឋាននគរបាលខណ្ឌ…

មីងស៊ីណាតប្រកបដោយទឹកមុខស្មើធេង អង្គុយសម្លឹងមើលទៅនាឡិកាដែលព្យួរនៅលើជញ្ជាំង​។ ទ្រនិចម៉ោងចង្អុលនៅត្រឹមម៉ោង ៦ល្ងាចគត់ ទ្វារក៏របើកឡើងលេចបង្ហាញខ្លួនមន្ត្រីនគរបាលប្រុសស្រីទាំងពីររូបដែលជាអ្នកចាប់បញ្ជូនខ្លួនមកទីនេះតាំងពីពេលរសៀល។

“មីងស៊ីណាត! មីងមានអ្វីបកស្រាយចំពោះការចោទប្រកាន់របស់ប៉ូលិសថាមីងជាឃាតកៈសម្លាប់លោកប្រណិត?” សុភ័ក្រសម្លឹងមើលទៅមុខដែលគ្មានបង្ហាញសញ្ញាប្រតិកម្មសូម្បីបន្តិចថាគាត់ជាមនុស្សដែលបានប្រព្រឹត្តអំពើមនុស្សឃាត។

ស្ត្រីអ្នកសម្អាតអនាម័យងាកមុខចេញ មិនខ្ចីមើលមុខសុភ័ក្រថែមទាំងតបដោយសម្ដីរឹងកំព្រឹស៖

“ពួកលោកប៉ូលិសមានភស្ដុតាងអី? ម៉េចក៏នៅសុខៗមកចោទខ្ញុំថាជាឃាតកៈ?”

សុភ័ក្របោះរូបថតដែលគេថតបានពីក្នុងបន្ទប់កើតហេតុ…នោះគឺរូបយ័ន្តហុងស៊ុយមួយផ្ទាំងដែលធ្វើឡើងពីបន្ទះដែកមានទំហំប៉ុនថាស។ មីងស៊ីណាតដៀងភ្នែកមើលរូបថតបន្តិច ហើយបែរទៅវិញ៖

“លោកប៉ូលិសចង់មានន័យថាម៉េច?”

“ហ៊ឹស!” សុភ័ក្រអស់សំណើចមួយខឹក ហួសចិត្តចំពោះចម្លើយរបស់មីងស៊ីណាត។

“ឧបករណ៍នេះមានទម្ងន់ធ្ងន់ល្មមសម្រាប់ឱ្យឃាតកដែលមានកម្លាំងគ្រប់គ្រាន់ ប្រើដើម្បីផ្ដាច់ជីវិតរបស់លោកប្រណិតបានហើយ!” ឡង់ឌីពន្លយភស្តុតាងចេញមួយឃ្លានេះ ធ្វើឱ្យទឹកមុខរបស់ស្ត្រីចំណាស់ប្រែទៅជាចាប់ផ្ដើមភិតភ័យ។

“បើមើលតាមអ្វីដែលយើងឃើញ លោកប្រណិតអាចនឹងស្លាប់ដោយសារដួលហើយបណ្ដាលឱ្យដាច់សរសៃឈាមស្លាប់ តែក្រោយពេលធ្វើកោសល្យវិច័យរួចយើងពិនិត្យឃើញមានស្លាកស្នាមមួយទៀត ដែលទើបជារបួសចម្បងបណ្ដាលឱ្យស្លាប់ ដែលរបួសនេះស្ថិតនៅចំកណ្ដាលក្បាលផ្នែកខាងក្នុងលលាដ៍ក្បាលរបស់គាត់! ជឿថាមនុស្សម្នាក់មិនអាចដួលបោកក្បាលទៅនឹងការ៉ូចំកណ្ដាលក្បាលនោះទេ!”

សុភ័ក្រជួយនិយាយបន្តពីឡង់ឌី៖

“ដើមឡើយគ្មាននរណាសង្ស័យលើរបស់នេះទេ ព្រោះវានៅតាំងខ្ពស់ដាច់ពីកន្លែងដែលគាត់ស្លាប់ ដូច្នេះហើយបានជាធ្វើឱ្យពួកយើងខាតពេលអស់ជាច្រើនដើម្បីស្វែងរកអាវុធធ្វើឃាត! តែមិននឹកស្មានថាគ្រាន់តែពួកយើងលេងល្ខោនបោកប្រាស់បន្តិចបន្តួច មីងស្រាប់តែបញ្ចេញកន្ទុយចេញមកទាល់តែសោះ!”

“អ្នកណាតេមក?”

“ពួកយើងមានតម្រុយថ្មីទាក់ទងនឹងអាវុធធ្វើឃាតរបស់ឃាតក!”

មីងស៊ីណាតនឹកឃើញដល់សម្ដីឆ្លើយឆ្លងរវាងសុជាតា និងលោកអធិការឆាយលី។ ដូចខ្មោចទើបងើបពីស្លាប់ប្រាំពីរថ្ងៃ ស្រ្តីចំណាស់ប្រែជាភាំងធ្មឹង ហាមាត់រកនិយាយតែមិនដឹងថាត្រូវនិយាយអ្វី។

“ពួកយើងបានយកវាទៅពិនិត្យរួចហើយ ឃើញថានៅលើនោះក្រៅពីសារធាតុជូតសម្អាតបន្ទប់ទឹក នៅមានស្នាមក្រយៅដៃរបស់មីងនិងស្នាមឈាមរបស់ជនរងគ្រោះដែលសម្អាតមិនទាន់ស្អាត ហើយត្រូវបានបន្សល់ទុកដោយសារការប្រញាប់ចាកចេញពីទីនោះពេក! មីងមានអ្វីចង់បកស្រាយទេ?”

ឡង់ឌីសង្ខើញសួរ៖

“ខ្ញុំសួរមីងដូចឆោត…ហេតុអ្វីបានជាមីងដាច់ចិត្តលើកដៃសម្លាប់លោកប្រណិតទៅរួច?”

“មនុស្សដែលដើរតែសន្យា តែមិនអាចរក្សាពាក្យសន្យាខ្លួនឯងបាន វាសមតែស្លាប់!…” សំឡេងមនុស្សស្រីបន្លឺពី Speaker នៅក្នុងដៃឆាយលីដែលបើកទ្វារដើរចូលមក។

មីងស៊ីណាតអស់សំណើច ហើយគ្រវីក្បាលយឺតៗព្រោះហួសចិត្ត មិននឹកស្មានថាសូម្បីតែសំឡេងរបស់គាត់ដែលធ្លាប់តេចូលទៅនិយាយនៅក្នុងកម្មវិធីវិទ្យុនៅថ្ងៃនោះក៏ប៉ូលិសមានក្នុងដៃដែរ។

“បើពួកក្មួយមានភស្ដុតាងគ្រប់គ្រាន់អស់ទៅហើយ ខ្ញុំក៏គ្មានអ្វីត្រូវសារភាពទៀតដែរ! មែនហើយ លោកប្រណិតគឺខ្ញុំជាអ្នកសម្លាប់!”

“ហេតុអ្វីមីងសម្លាប់គាត់?” ឆាយលីសួរ។

មីងស៊ីណាតនឹកថាលើលោកនេះប្រហែលជាគ្មានអ្វីជាអាថ៌កំបាំងទៀតទេ មុននិងក្រោយប៉ូលិសនឹងគង់តែដឹងរឿងនេះដដែល។ គាត់ងាកមកមើលមុខឆាយលីបន្តិច មុននឹងស្ដីតប៖

“ក្មួយប៉ូលិសមុខតែនៅចាំរឿងកើតឡើងកាលពីប៉ុន្មានឆ្នាំមុននោះហើយ!”

ឡង់ឌីនិងសុភ័ក្របែរមកមើលមុខឆាយលីព្រមគ្នា។ លោកអធិការរងងក់ក្បាល៖

“ខ្ញុំទើបតែនឹកឃើញឡើងវិញកាលពីថ្ងៃមិញនេះឯង!”

នឹកដល់រឿងអតីតកាល មីងស៊ីណាតលែងហ៊ានប្រឈមមុខនឹងឆាយលីដូចមុនទៀត។ គាត់ខ្មាសអៀននឹងស្រមោលអន្ធកាដ៏ខ្មៅងងឹត ខ្មាសអៀនចំពោះព្រហ្មលិខិតដែលកំណត់ឱ្យគាត់ត្រូវមកជួបនឹងរឿងរ៉ាវដ៏សែនឈឺចាប់ ពិបាកនឹងពណ៌នា។

“ដើមឡើយខ្ញុំមានឈ្មោះថា បូរមី! នៅអាយុ១៦ឆ្នាំ ខ្ញុំបានរត់តាមប្រុសម្នាក់ដែលធ្លាប់សន្យាថានឹងស្រលាញ់ខ្ញុំ មើលថែខ្ញុំអស់មួយជីវិត…ពេលនោះគេទើបតែអាយុ១៨ឆ្នាំប៉ុណ្ណោះ! ក្រោយពេលរត់ចេញពីផ្ទះមិនដល់៣ខែផង ពួកយើងក៏ចួបនឹងបញ្ហាលុយកាក់ ព្រោះទាំងប្ដីខ្ញុំនិងខ្ញុំសុទ្ធតែរកការងារមិនបាន គ្មានចំណេះជំនាញដើម្បីធ្វើ ហើយពួកម៉ាករបស់ប្ដីខ្ញុំលែងឱ្យពួកយើងខ្ចីលុយគេទៀត! ពេលនោះខ្ញុំដឹងថាខ្ញុំកំពុងមានទម្ងន់កូនរបស់គេ! ខ្ញុំខ្លាចសព្វគ្រប់ សូម្បីតែទៅពេទ្យពិនិត្យក៏ខ្ញុំមិនហ៊ានដែរ ព្រោះខ្មាសគេដែលខ្ញុំមានផ្ទៃពោះទាំងក្មេងផង និងគ្មានលុយដើម្បីចំណាយផ្សេងៗទៀតផង! ដូច្នេះហើយប្ដីខ្ញុំក៏សម្រេចចិត្តទៅធ្វើការនៅថៃដើម្បីយកប្រាក់សម្រាប់ត្រៀមបង្កើតកូនមួយនេះ! លុះដល់កូនអាយុបានជិត២ឆ្នាំ គេបានត្រលប់មកនៅជាមួយយើងមួយរយៈ តែពេលដឹងថាកូននោះមានអូទីសឹម គេស្រាប់តែខឹងច្រលោតយ៉ាងខ្លាំង ហើយបែរចោទថាកូននោះមិនមែនជាកូនរបស់គេ ថែមទាំងរករឿងវាយធ្វើបាបខ្ញុំជាខ្លាំង! គេមិនត្រឹមតែគ្មានចិត្តចង់ជួយព្យបាល ថែរក្សា និងចិញ្ចឹមក្មេងនោះទេ ថែមទាំងល្បួងឱ្យខ្ញុំយកកូនទៅបោះចោលថែមទៀតផង!”

“ហើយមីងក៏ធ្វើតាមគាត់?” ឡង់ឌីសួរកាត់ទៅគាត់ទាំងរំជួលចិត្ត។

មីងស៊ីណាតបន្តនិយាយទាំងខ្សឹកខ្សួល៖

“ពេលនោះខ្ញុំព្យាយាមអង្វរគេដែរ តែគេមិនស្ដាប់ខ្ញុំ ថែមទាំងប្រមូលលុយដែលគេរកបានទាំងប៉ុន្មានត្រលប់ទៅប្រទេសវិញទៀត! ដោយសារនៅក្មេង ហើយមិនអាចមានលទ្ធភាពចិញ្ចឹមកូនបានផង ខ្ញុំក៏សម្រេចចិត្តយកកូនទៅទុកចោលនៅមណ្ឌលកុមារកំព្រាមួយកន្លែង ហើយក៏លួចចេញទៅតាមរកប្ដីនៅប្រទេសថៃ! ទម្រាំអាចចេញទៅដល់ទីនោះហើយរកគេឃើញ អ្វីៗសឹងថាហួសពេលទៅហើយ…គេក្លាយជាមនុស្សប្រមឹកស្រា និងញៀនថ្នាំ ហើយមានថ្ងៃមួយនោះគេដាច់លុយខ្លាំង អាមនុស្សប្រមឹកនោះថែមទាំងប្រើល្បិចនាំខ្ញុំយកទៅលក់ខ្លួនឱ្យថៅកែរបស់គេទៀត!…”

ឡង់ឌីហាក់ដូចជាទ្រាំស្ដាប់បន្តទៀតលែងបាន នាងក៏ដើរទៅបើកទ្វារចេញបាត់ទៅ។ ឃើញនាងដូចជាមិនសូវស្រួលដូច្នេះ សុភ័ក្រក៏ស៊ីញ៉ូភ្នែកប្រាប់ឆាយលី ដើម្បីចេញទៅមើល។ ពេលនេះនៅក្នុងបន្ទប់នៅសល់តែឆាយលីនិងស្ត្រីចំណាស់ដែលជាជនសង្ស័យប៉ុណ្ណោះ។

“ពេលនោះខ្ញុំចង់តែសម្លាប់ខ្លួនឱ្យស្លាប់បាត់ តែពេលដែលប្រុងនឹងធ្វើអត្តឃាតខ្ញុំចេះតែនឹកដល់កូនប្រុសដែលខ្ញុំធ្លាប់យកទៅបោះចោល! ខ្ញុំដឹងថានេះជាបាបកម្មដែលខ្ញុំសាងឡើងប្រាកដណាស់ ហេតុដូច្នេះហើយបានជាខ្ញុំប្ដូរចិត្តលួចរត់ចេញមកខ្មែរវិញដើម្បីរកកូន ប៉ុន្តែពេលដែលមកវិញខ្ញុំមជ្ឈមណ្ឌលដែលខ្ញុំធ្លាប់យកកូនទៅបោះចោលនោះគេលែងធ្វើការ មិនដឹងថាកូនរបស់ខ្ញុំរសាត់អណ្ដែតទៅដល់ទីណានោះទេ…ចុងក្រោយក៏បានរៀបការម្ដងទៀតជាមួយប្រុសម្នាក់ទៀត!”

“ជាម្នាក់ដែលវាយធ្វើបាបមីងនោះមែនទេ?”

មីងស៊ីណាតងក់ក្បាលទាំងទឹកភ្នែក៖

“សំណាងហើយដែលពេលនោះបានក្មួយជាតាជួយយកអាសារខ្ញុំ ហើយថែមទាំងបានជួយខ្ញុំឱ្យរកបានការងារធ្វើ មានប្រាក់ខែទៀត!”

“ហើយចុងក្រោយមីងក៏បានសម្លាប់មនុស្សជាទីស្រលាញ់របស់អ្នកមានគុណមីង ថាទៅមើលមីងសាហាវឃោរឃៅប៉ុនណា?” ឆាយលីសួរដោយសម្ដីស្មើធេង គ្មានទឹកសំឡេងណាបង្ហាញពីការអាណិតអាសូរចំពោះអំពើមនុស្សឃាតនេះឡើយ។

“មែន ខ្ញុំឃោរឃៅ ខ្ញុំជាមនុស្សអាក្រក់! តែគេនោះវាអាក្រក់លើសខ្ញុំរាប់សិបដង… គេធ្វើបាបក្មួយជាតា គេវាយដំនាង គេធ្វើបាបចិត្តនាង គេក្បត់ចិត្តនាង! ខ្ញុំស្រលាញ់និងចាត់ទុកនាងដូចជាកូនបង្កើតរបស់ខ្ញុំម្នាក់ដែរ! រាល់ដងពេលដែលខ្ញុំឃើញនាងលួចយំតែឯង បេះដូងខ្ញុំសឹងតែខ្ទេចខ្ទាំអស់ហើយ!”

“តែនាងក៏ធ្លាប់បានធ្វើការងារផ្នែកច្បាប់ និងជួយគាំពារស្រ្តីជាច្រើនដែរ ហេតុអ្វីនាងមិនរកច្បាប់ឱ្យជួយដោះស្រាយ?”

“លោកគ្មានថ្ងៃយល់ពីមនុស្សស្រីទេ! នាងជាមនុស្សស្រីដែលទន់ខ្សោយបំផុត តែព្យាយាមបង្ហាញគ្រប់គ្នាថានាងរឹងប៉ឹង! នាងមិនចង់ឱ្យគ្រប់គ្នាមើលងាយ សើចចំអកថានាងធ្លាប់ជួយគេជាច្រើន តែខ្លួនឯងបែរជាមកបានប្ដីបែបនេះទៅវិញ! នាងចិត្តទន់ណាស់ រាល់ដងពេលដែលបញ្ចេញកំហឹងលើនាងរួចហើយ លោកប្រណិតតែងតែមកលួងលោមអង្វរនាង យកលេសថាដែលគេក្លាយទៅជាបែបនេះព្រោះតែគេគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានមួយពេល…គេដោះសារថាដោយសារបញ្ហាក្នុងរោងចក្រទើបធ្វើឱ្យគេស្មុគស្មាញ និងជ្រុលដៃបញ្ចេញកំហឹងលើនាង!”

“រួចចុះក្រោយមកទៀតមានអ្វីកើតឡើង?”

“ក្រោយមកខ្ញុំនឹកឃើញថាលោកប្រណិតជាមនុស្សជឿលើអបិយជំនឿ ដូច្នេះហើយខ្ញុំក៏ណែនាំឱ្យទៅចួបនឹងអ្នកគ្រូហុងស៊ុយម្នាក់ឈ្មោះសុធារ៉ា ហើយខ្ញុំបានសុំឱ្យគាត់ជួយក្នុងរឿងនេះ! ពេលដែលបានចួបគ្រូហុងស៊ុយរួចមក ឃើញថាគាត់ហាក់ដូចជាមានការកែប្រែច្រើន ពេលនោះទាំងខ្ញុំនិងសុជាតាបានសប្បាយចិត្តច្រើន! តែដូចចាស់ៗនិយាយមិនខុស រឿងសប្បាយរីករាយមិននៅជាមួយមនុស្សយើងយូរទេ…គឺខ្ញុំបានចួបជាមួយនឹងកូនប្រុសរបស់ខ្ញុំវិញ!”

“ក្រែងមីងប្រាប់ថាកូនរបស់មីងស្លាប់ហើយមិនអ៊ីចឹង?”

“មែនហើយ ប៉ុន្មានឆ្នាំដែលគ្មានដំណឹងពីគេ ខ្ញុំសន្និដ្ឋានថាគេបានស្លាប់បាត់ហើយ! តែមិនស្មានថាគេបែរជាមនុស្សដែលនៅជិតខ្លួនបង្កើយទៅវិញ!”

“គេគឺរាជ មុនិ?”

ស្ត្រីចំណាស់រេភ្នែកមកមើលឆាយលី៖

“ក្មួយប៉ូលិសដឹង?”

“គឺខ្ញុំបានទៅឆែកមើលឯកសារដែលមីងធ្លាប់បានប្រាប់ប៉ូលិសកាលមានបញ្ហាហិង្សាក្នុងគ្រួសារថា មីងបាត់កូនប្រុសម្នាក់ដែលមានអូទីសឹម! ភិនភាគចំណាំពេលនោះគឺមានស្នាមផ្នូកនៅលើដើមទ្រូង និងមានខ្សែកបន្តោងប្រាក់រូបទន្សាយនៅក្នុងព្រះចន្ទ…ហើយទាំងអស់នេះខ្ញុំឃើញថាមាននៅលើខ្លួនរបស់មុនិទាំងអស់!”

“មែនហើយ! គឺគេ… តែខ្ញុំមិនដែលប្រាប់គេទេ ខ្លាចគេទទួលយកមិនបាន ហើយកាន់តែធ្វើឱ្យផ្លូវចិត្តរបស់គេមានសម្ពាធកាន់តែខ្លាំងទៅវិញ! រៀងរាល់ឆ្នាំខ្ញុំតែងតែយកលេសទិញនំខេកសែនឱ្យកូនប្រុសរបស់ខ្ញុំ ហើយក្រោយពេលសល់ពីសែននំនោះរួច ខ្ញុំយកនំនោះមកឱ្យគេ! យើងទាំងពីរនាក់ហូបនំខួបកំណើតជាមួយគ្នាយ៉ាងសប្បាយចិត្ត!”

ស្នាមញញឹមស្រាល លេចឡើងនៅលើទឹកមុខស្លេកស្លាំងរបស់ស្ត្រីដែលមានវ័យជ្រេបន្តិចទៅហើយនេះ។

“ថ្ងៃនោះ… ខ្ញុំសំដៅលើថ្ងៃដែលលោកប្រណិតស្លាប់ ជាថ្ងៃកំណើតរបស់មុនិ! ខ្ញុំសុំច្បាប់ចេញទៅផ្ទះមុន បំណងទៅទិញនំខេកឱ្យមុនិ… ពេលត្រលប់ទៅដល់កន្លែងធ្វើការវិញយប់ព្រលប់ៗទៅហើយ! ខ្ញុំចូលទៅក្នុងបន្ទប់ធ្វើការរបស់គេតែរកគេមិនឃើញ…ចៃដន់ពេលចេញពីក្នុងនោះវិញស្រាប់តែបានឮលោកប្រណិតកំពុងស្ដីបន្ទោសគេដែលធ្វើឱ្យខូចខាតកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុនហើយ នៅហ៊ានមកទាមទារសន្យាដែលគាត់ធ្លាប់និយាយជាមួយគេថានឹងដំឡើងតំណែងឱ្យគេទៀត! ខ្ញុំបានឮគាត់ជេរបណ្ដេញគេឱ្យចេញពីបន្ទប់ បើមិនដូច្នោះទេទោះបីសុជាតាមកជួយប៉ុនណាក៏គាត់មិនយល់មុខទៀតដែរ!”

“លោកប្រណិតចង់បណ្ដេញគេចេញ?”

“ខ្ញុំគិតថាគាត់ចង់មានន័យបែបនោះមែន! កូនប្រុសរបស់ខ្ញុំគួរឱ្យអាណិតណាស់ ព្រោះតែអូទីសឹម ធ្វើឱ្យលោកប្រណិតយកលេសដើរខ្សែលើ ផ្ដល់ប្រាក់ខែឱ្យគេមិនសមនឹងទំហំការងារ! ជាញឹកញាប់ពេលដែលគេត្រូវបានគេមើលងាយ សើចចំអក និងស្ដីបន្ទោស គេតែងតែលួចពួនយំនៅក្នុងបន្ទប់ទឹកតែម្នាក់ឯង…ខ្ញុំអាណិតគេណាស់ តែមិនអាចធ្វើអ្វីបានក្រៅពីលួងលោម និងលើកទឹកចិត្តគេ! ថ្ងៃនោះគេរត់ចេញពីក្នុងបន្ទប់ទាំងយំសស្រាក់ ប្រហែលជាគេមិនបានចាប់អារម្មណ៍ទើបមិនបានឃើញខ្ញុំ! ខ្ញុំប្រុងចូលទៅលួងលោមគេ ស្រាប់តែឮសូរសំឡេងលោកប្រណិតកំពុងនិយាយទូរសព្ទជាមួយក្មួយជាតាយ៉ាងតឹងតែង! ខ្ញុំស្ទុះបើកទ្វារចូលទៅក្នុងបន្ទប់របស់គាត់…គាត់ហាក់ដូចជាភ្ញាក់ផ្អើលនឹងវត្តមានរបស់ខ្ញុំបន្តិចតែនៅបន្តនិយាយជាមួយនាងដដែល! តែសម្ដីមួយម៉ា់ត់ចុងក្រោយរបស់គាត់ គឺគាត់និយាយចេញមកដូចជាមនុស្សដែលគ្មានមនោសញ្ចេតនាទាល់តែសោះ!”

“គេនិយាយថាម៉េច?”

“បើមិនអាចបន្តរស់នៅជាមួយគ្នាបានទេ លែងលះក៏លែងទៅ!” មីងស៊ីណាតត្រាប់តាមសម្ដីរបស់លោកប្រណិតទាំងកំហឹង។

មីងស៊ីណាតបន្ត៖

“ក្រោយពេលគាត់បិទទូរសព្ទ ខ្ញុំបានព្យាយាមនិយាយអង្វរគាត់ថាសុំឱ្យគិតម្ដងទៀត ថែមទាំងរំឭកគាត់ពីសម្ដីរបស់គ្រូហុងស៊ុយផង តែគាត់នៅតែមិនស្ដាប់ ថែមទាំងតេទូរសព្ទទៅរកនាងលេខាឆារ៉ានន់ស្អីនោះ ហើយនៅនិយាយសន្យានឹងនាងថានាំកំដរនាងឡើងយន្តហោះទៅប្រទេសថៃទៀត!…រូបភាពអាក្រក់​ៗដែលអតីតប្ដីរបស់ខ្ញុំធ្លាប់ក្បត់សន្យា ធ្លាប់បំពានមកលើខ្ញុំទាំងប៉ុន្មានស្រាប់តែលេចឡើងក្នុងខួរក្បាលខ្ញុំ! ឆ្លៀតពេលគាត់មិនប្រយ័ត្នបែរខ្នងនិយាយទូរសព្ទជាមួយនាងលេខានោះ ខ្ញុំក៏លើកយ័ន្តដែលដាក់តាំងនៅជិតមាត់ទ្វារនោះ មកបោកនឹងក្បាលគាត់ ហើយគាត់ក៏ដួលទៅលើការ៉ូស្លាប់បាត់ទៅ! ពេលនោះខ្ញុំភ័យណាស់ តែព្រោះតែមិនចង់ជាប់គុក ខ្ញុំក៏ព្យាយាមចាត់ចែងសាកសពធ្វើឱ្យដូចជាមនុស្សដែលដួលបោកក្បាលស្លាប់ដោយខ្លួនឯង!”

“ចុះនៅព្រឹកថ្ងៃបន្ទាប់ម៉េចក៏មីងត្រលប់ទៅកន្លែងកើតហេតុម្ដងទៀត?”

“គឺខ្ញុំមិនទុកចិត្ត ក្រែងលោមានអ្វីដែលបន្សល់ទុកជាភស្តុតាងអាក្រក់ដល់ខ្លួនឯង!”

ឆាយលីហួសចិត្តនឹងចម្លើយសារភាពរបស់ស្ត្រីម្នាក់នេះ៖

“មីងគ្រាន់បើមែន! ភ្លាមៗស្រាប់តែអាចបំបែរការចាប់អារម្មណ៍របស់ខ្ញុំចំពោះមីង ឱ្យផ្ដោតទៅលើឆារ៉ានន់វិញបាន!”

មីងស៊ីណាតបិទភ្នែកយំដោយស្ងៀមស្ងាត់។ ប្រហែលជាដូចពាក្យចាស់តែងពោលថា “ឈាមស្រែក ស្បែកហៅ” នោះហើយ។ គាត់ដកដង្ហើមធំដោយធូរចិត្ត ព្រោះពេលនេះអ្វីដែលគាត់បានប្រព្រឹត្តគឺគាត់បានសារភាពអស់ហើយ កម្មពៀរដែលគាត់បានសាង គាត់ត្រូវតែហ៊ានទទួលយកដូចគ្នា។

វគ្គ « Last but not least…»

“មិននឹកស្មានថាព្រោះតែខ្ញុំ បែរជាធ្វើឱ្យគាត់ក្លាយជាឃាតកដូច្នេះសោះ!” សុជាតានិយាយទាំងទឹកមុខក្រៀមក្រំ ក្រោយពេលចេញពីសួរសុខទុក្ខមីងស៊ីណាតនៅក្នុងពន្ធនាគារ។

អធិការកំលោះ ដៀងភ្នែកមករកស្រស់ស្រី ហើយនិយាយលួងលោម៖

“មិនមែនជាកំហុសរបស់នាងទេ! គ្រប់យ៉ាងគឺមកពីការមិនចេះគ្រប់គ្រងអារម្មណ៍របស់គាត់ខ្លួនឯងតែម្នាក់គត់! គ្រប់គ្នាសុទ្ធតែមានអតីតកាល គ្រប់គ្នាសុទ្ធតែអាចជួបរឿងរ៉ាវឈឺចាប់ តែមិនបានន័យថាគ្រប់គ្នាត្រូវស្ពាយរឿងរ៉ាវឈឺចាប់ទាំងអស់នោះដើម្បីធ្វើជាលេសសងសឹក ឬធ្វើឱ្យអ្នកដទៃឈឺចាប់នោះទេ ទោះបីជាគេនោះជាមនុស្សអាក្រក់ប៉ុនណាក៏ដោយ!”

“ខ្ញុំដឹងថាលោកចង់លួងលោមខ្ញុំ! តែខ្ញុំមិនអីទេ…ដើមឡើយខ្ញុំស្រឡាញ់មនុស្សម្នាក់ តែងតែចង់ឱ្យអ្នកនោះតបស្នងក្ដីស្រលាញ់មកខ្ញុំវិញ ចង់ឱ្យគេយកចិត្តទុកដាក់នឹងខ្ញុំ ចង់ឱ្យអ្នកដទៃមើលមកខ្ញុំថាជាមនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោក!…ប៉ុន្តែនៅថ្ងៃដែលខ្ញុំសម្រេចចិត្តថានឹងដោះលែងគេចេញពីជីវិតរបស់ខ្ញុំនោះទើបខ្ញុំយល់ថា ក្ដីស្រលាញ់ជារឿងដែលងាយបំផុត គ្រាន់តែស្រលាញ់ហើយគ្មានចង់បានអ្វីទាំងអស់តបស្នងវិញ… គ្រាន់តែសង្ឃឹមថាអ្នកដែលយើងស្រលាញ់អាចរស់នៅដោយសប្បាយចិត្ត និងអាចរកឃើញគោលដៅជីវិតរបស់គេឃើញ យើងក៏ស្កប់ស្កល់ណាស់ទៅហើយ!”

កែវ ឆាយលី ដឹងថាពេលនេះនាងកំពុងតែឯកាណាស់ តែនាងនៅប្រឹងធ្វើខ្លួនឱ្យរឹងមាំ។ ភ្លាមៗស្រាប់តែត្រូវបាត់បង់មនុស្សដែលជិតស្និទ្ធនឹងខ្លួនបំផុតដល់ទៅពីរនាក់ ទោះបីមីងស៊ីណាតមិនស្លាប់ គ្រាន់តែត្រូវទទួលទោសឱ្យជាប់ពន្ធនាគារ តែក៏មិនមែនបានន័យថាមិនធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តរបស់សុជាតាដែរ។

“មែនហើយ! មុននេះមីងស៊ីណាតគាត់មានផ្ដាំផ្ញើអ្វីដល់មុនិទេ?” ភ្នែកសម្លឹងមើលផ្លូវទៅខាងមុខ តែខួរក្បាលរបស់នាយប៉ូលិសព្យាយាមរកនឹកពាក្យពេចន៍និយាយជាមួយនឹងអតីតសង្សាររបស់ខ្លួន។

“គាត់បានហាមដាច់ខាតមិនឱ្យប្រាប់រឿងដែលគាត់ជាម្ដាយដល់មុនិទេ! គាត់គ្រាន់តែសង្ឃឹមថាគេអាចរស់នៅដោយសប្បាយចិត្តដូចសព្វថ្ងៃ ហើយរកបានមនុស្សដែលគេស្រលាញ់ម្នាក់ថែរក្សាគ្នារហូតដល់ចាស់ ប៉ុណ្ណឹងគឺគាត់អាចនៅទីនោះដោយស្ងប់ចិត្តហើយ!”

សុជាតានិយាយចប់ រថយន្តក៏បានមកឈប់នៅមុខមន្ទីរពេទ្យដែលរាជ មុនិ សម្រាកព្យាបាល។ នាងដោះខ្សែក្រវាត់សុវត្ថិភាព រួចងាកមកញញឹមស្រាលដាក់ឆាយលី៖

“អរគុណដែលបានជូនខ្ញុំមកទទួលគេ!”

ឆាយលីសើចស្រស់ដាក់មិត្តនារី ហើយងក់ក្បាលតបបន្តិច៖

“រីករាយក្នុងការធ្វើជាតៃកុងឡានរបស់នាង!”

មាណវីភាន់ភាំងនឹងសម្ដីរបស់គេបន្តិច ទើបព្យាយាមនិយាយពង្វាង៖

“អូ៎ ខ្ញុំភ្លេចសួរលោក! នៅថ្ងៃនោះ ម៉េចក៏លោកដឹងថាមីងស៊ីណាតកំពុងលបស្ដាប់ពួកយើងនិយាយគ្នា? ហើយម៉េចក៏លោកនឹកឃើញសម្ដែងល្ខោនបន្លំភ្នែកគាត់បានលឿនយ៉ាងនេះ?”

“កុំភ្លេចថាខ្ញុំធ្លាប់ទៅរៀនជំនាញបន្ថែមអស់ពីរឆ្នាំនៅវៀតណាមណា៎!”

សុជាតាងក់ក្បាល៖

“មែនហើយ ខ្ញុំប៊ិះតែភ្លេច! ពីរឆ្នាំពិតជាលឿនមែន លោកក៏ប្លែកជាងមុនច្រើនដែរ!”

ឆាយលីលើកដៃបម្រុងទៅវែកសក់ដែលធ្លាក់មកលើផែនថ្ពាល់របស់សុជាតា តែនាងប្រហែលជាដឹងពីបំណងរបស់គេទើបប្រញាប់បើកទ្វារឡានហើយចុះចេញ ទុកឱ្យដៃរបស់លោកអធិការអភ័ព្វត្រូវឈប់ទ្រឹងនៅកណ្ដាលអាកាស។

“អគុណម្ដងទៀត! ចាំចួបគ្នាពេលក្រោយ! បាយៗ!”

“បាយៗ!”

ជ្រុលដំណើរឆាយលីលើកដៃដែលគ្មានវាសនាមុននេះលានាង មុនពេលដែលនាងបែរក្រោយ ហើយបោះជំហានចូលទៅក្នុងមន្ទីរពេទ្យបាត់ទៅ។

នៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង…

“សុំទោសដែលឱ្យអ្នកទាំងពីររង់ចាំយូរ!” ឡង់ឌីដើរញាប់ស្អេកតម្រង់មករកវត្តមានរបស់មនុស្សពីរនាក់ដែលអង្គុយនៅលើកៅអីរង់ចាំ។

“មិនអីទេ! អរគុណអ្នកទាំងពីរហើយដែលបានឆ្លៀតពេលមកជូនដំណើរ!” ឆារ៉ានន់ងើបឈរញញឹម​ស្វាគមន៍។

“នាងប្រាកដចិត្តហើយថាចង់ប្ដូរភេទ? ប្ដូរចិត្តពេលនេះអាចទាន់ពេលណា៎ ព្រោះលោកប្រណិតក៏បានស្លាប់ទៅហើយ នាងមិនចាំបាច់លះបង់ខ្លួនឯងដល់ថ្នាក់នេះទេ!” សុភ័ក្រនិយាយរបៀបលេងផងមែនផង ធ្វើឱ្យឆារ៉ានន់អស់សំណើច។

“ខ្ញុំសម្រេចចិត្តធ្វើបែបនេះមិនមែនដើម្បីគេទេ ថ្វីបើខ្ញុំធ្លាប់គិតបែបនេះក៏ដោយ! គ្រប់យ៉ាងដែលខ្ញុំធ្វើពេលនេះ គឺខ្ញុំធ្វើដើម្បីខ្លួនឯង! ទោះបីគ្រប់គ្នាមើលមកខ្ញុំនិងគិតបែបណាមកលើខ្ញុំក៏ដោយ ខ្ញុំនៅតែជាខ្ញុំ! ខ្ញុំមិនធ្លាប់ស្ដាយក្រោយទេ ហើយនិងនៅតែមិនស្ដាយក្រោយចំពោះការសម្រេចចិត្តមួយនេះជារៀងរហូត…ម៉្យាងពេលនេះ​ ខ្ញុំមានមិត្តសម្លាញ់ជិតស្និទ្ធម្នាក់ដែលស្ម័គ្រចិត្តជូនខ្ញុំទៅទៀត ដូច្នេះខ្ញុំគ្មានអ្វីត្រូវខ្លាចនោះទេ!” ឆារ៉ានន់និយាយព្រមទាំងងាកមកមើលមុខឈឹងគិន។

សុភ័ក្រងាកមកញញឹមដាក់ឈឹងគិនបន្តិចរួចបន្តសម្ដីទៅរកឆារ៉ានន់៖

“ក៏ល្អដែរ! មែនហើយ ពេលនាងទៅវះកាត់ខ្ញុំចង់ពឹងឱ្យនាងសួរគេផងថានៅទីនោះមានគេទទួលវះកាត់ប្ដូរភេទពីស្រីទៅប្រុសដែរទេ?”

ឡង់ឌីកៀសកែងដៃសុភ័ក្របន្តិចហើយសួរ៖

“បងភ័ក្រមានបងប្អូនណាចង់ប្ដូរភេទពីស្រីទៅប្រុសមែនទេ? តែខ្ញុំដូចជាមិនដែលឮមានពេទ្យណាប្ដូរភេទពីស្រីទៅប្រុសអ៊ីចឹងទេបង!”

“អត់ទេ! បងសួរក្រែងលោមាន នឹងនាំឯងទៅវះកាត់ប្ដូរភេទនឹងគេដែរ ស្រួលទៅណាមកណាដើរបានគ្នាប្រុសៗបីនាក់ មិនសូវខ្លាចខ្មោច!” សុភ័ក្រនិយាយព្រមទាំងញាក់ចិញ្ចើមព្រើតដាក់ឡង់ឌី ធ្វើឱ្យនាងក្រមុំខ្មាស រត់ដេញវាយគេពេញព្រលាន។

ឈឹងគិននិងឆារ៉ានន់អស់សំណើចទៅតាមគេទាំងពីរ ហួសចិត្តនឹកថាបើមិនដែលស្គាល់ ប្រហែលជាគ្មាននរណាចាប់អារម្មណ៍ទេថាពួកគេទាំងពីរនាក់គឺជាប៉ូលិសដែលពោរពេញទៅដោយសមត្ថភាព។ ឧគ្ឃោសនសព្ទបន្លឺឡើងប្រកាសប្រាប់ពីពេលវេលាដែលត្រូវឡើងយន្តហោះ។

“សុខសប្បាយតាមផ្លូវ!” ឆារ៉ានន់និងឈឹងគិនបក់ដៃលាសុភ័ក្រនិងឡង់ឌីពីចម្ងាយ។

រ៉ឺងៗ!

គ្រាន់តែយន្តហោះលើកកង់ហោះខ្ពស់ផុតពីដី ទូរសព្ទដៃរបស់សុភ័ក្រស្រាប់តែរោទ៍ឡើង។

“អាឡូ!”

“ឥឡូវពួកឯងនៅឯណា?” សំឡេងឆាយលីលាន់ចេញពីក្នុងទូរសព្ទដៃ។

“នៅព្រលានយន្តហោះ កំពុងរៀបចំចេញទៅវិញហើយ!”

“ល្អ! ពួកឯងមិនបាច់មកអធិការដ្ឋានទេ ព្រោះមុននេះបន្តិចយើងទទួលបានទូរសព្ទរាយការណ៍ពីករណីឃាតកម្មលើតារាសម្ដែងម្នាក់ប្រចាំផលិតកម្មផ្កាយសមុទ្ទ! ចាំយើងផ្ញើទីតាំងទៅឱ្យ!”

“អូខេ! ប៉ុណ្ណឹងចុះ!”

សុភ័ក្របិទទូរសព្ទ ហើយបែរមកនិយាយប្រាប់ឡង់ឌី៖

“មានការងារធ្វើទៀតហើយ!”

ចប់!