រឿង៖ ទាហានស្រី

ខ្យល់បក់រវេចៗ មកប៉ះស្លឹកឈើដែលនៅជាប់នឹងដើមឈើដ៏ធំមួយកណ្ដាលវាលស្រែ ហើយមានផ្ទៃមេឃស្រឡះលាយឡំនឹងដុំពពកតូចៗកំពុងតែអណ្ដែតរសាត់តាមវាយោបោកបក់ ។ បើយើងក្រឡេកមើលក្រោមដើមនោះវិញ យើងនឹងឃើញមានស្មៅដ៏ខៀវស្រងាត់វែងៗត្រឹមៗជង្គង់ដុះតាមភ្លឺស្រែដែលធ្វើដំណើរទៅកន្លែងដើមឈើមួយដើមនោះ ។ បើយើងរំពៃភ្នែកឱ្យវៃទៅមើលឱ្យមែនទែនទៅ នោះយើងនឹងឃើញមានក្មេងស្រីវ័យជំទង់ម្នាក់កំពុងតែកាន់សៀវភៅនៅក្នុងដៃ ហើយមានទឹកមុខសោកសៅជាពន់ពេក ដែលបង្ហាញប្រាប់ថា ក្មេងស្រីម្នាក់នោះកំពុងតែជួបទុក្ខក្រៀមក្រំជាទម្ងន់ ។ បន្តិចក្រោយមកក្មេងស្រីម្នាក់នោះក៏លើកដៃម្ខាងជូតទឹកភ្នែកដែលស្រក់ចុះ ហើយខ្ទប់មុខឱបនឹងជង្គង់បង្ហើរសំឡេងតិចៗ ដែលធ្វើឱ្យធម្មជាតិនៅជុំវិញខ្លួននោះប្រែក្លាយជាក្រៀមក្រំតាមក្មេងស្រីនោះដែរ ។ មិនយូរប៉ុន្មានក្មេងស្រីម្នាក់នោះក៏ពោលឡើងម្នាក់ឯងថា…

ឱ! ក្ដីស្រមៃរបស់ខ្ញុំអើយ ហេតុអីបានជាខ្ញុំមិនអាចដើរតាមក្ដីស្រមៃរបស់ខ្ញុំបានអ៊ីចឹង? គ្រាន់តែចង់ក្លាយខ្លួនជាមនុស្សស្រីម្នាក់ ដែលថែរក្សាការពារជាតិមាតុភូមិក៏ខ្ញុំមិនអាចដើរតាមក្ដីស្រមៃរបស់ខ្ញុំបានដែរ ។ ហេតុអីបានជាទេវតាមិនប្រទានកម្ពស់ឱ្យខ្ញុំបែបនេះ បើជ្រុលជាបង្កើតខ្ញុំជាមនុស្សហើយ ម៉េចក៏មិនឱ្យកម្ពស់ឱ្យសមនឹងក្ដីស្រមៃរបស់ខ្ញុំផងទៅ? តើទេវតាដឹងទេថា ក្ដីស្រមៃតាំងពីតូចមកម្ល៉េះគឺខ្ញុំចង់ធ្វើជាទាហាន ទោះបីជាខ្ញុំជាមនុស្សស្រីក៏ដោយ ក៏ខ្ញុំមិនមែនជាមនុស្សស្រីដែលទន់ជ្រាយនោះទេ ។

ក្មេងស្រីម្នាក់នោះ កំពុងតែប្រឹងស្រែកស្ដីបន្ទោសដល់ព្រហ្មលិខិត ដែលបានកម្រិតឱ្យនាងមានកម្ពស់មិនសមស្របជាមួយនឹងក្ដីស្រមៃរបស់នាង ។ ក្មេងស្រីម្នាក់នោះមានឈ្មោះថា រចនា នាងគឺជាក្មេងវិទ្យាល័យដែលទើបតែប្រឡងចប់ថ្មីៗ នាងប្រឡងបាននិទ្ទេស C ហើយក្ដីស្រមៃរបស់នាងនោះគឺ ចង់ធ្វើជាទាហានស្រីម្នាក់ ប៉ុន្តែដោយសារតែកម្ពស់របស់នាងមិនបានទើបនាងមកអង្គុយក្រោមដើមឈើសម្រក់ទឹកភ្នែកតែម្នាក់ឯងបែបនេះ ។ បើនិយាយទៅពិតជាគួរឱ្យអាណិតនាងមែនទែន ប្រសិនជារឿងនេះធ្លាក់មកលើកអ្នកវិញ តើអ្នកនឹងមានអារម្មណ៍បែបណាចំពោះរឿងនេះ?

នៅថ្ងៃមួយឪពុករបស់រចនាគឺពូភ័ណ្ឌ គាត់បាននិយាយជាមួយកូនស្រីរបស់គាត់ អំពីការជ្រើសរើសសាលារៀននេះ ព្រោះការប្រឡងត្រូវបានកន្លងផុតយូរដែលហើយ គាត់ក៏មិនចង់ឱ្យកូនរបស់គាត់មកត្រូវបញ្ចប់ក្ដីស្រមៃឆ្ពោះទៅរកអនាគតតែត្រឹមនេះដែរ ។ ឪពុករបស់នាងក៏បានហៅនាងមកនិយាយអំពីរឿងនេះ។

– រចនាកូន  ។ សំឡេងរបស់ឪពុករចនា

– ចាសពុក! ពុកមានការអ្វីមែនទេបានជាហៅកូនទាំងព្រឹកបែបនេះ?

 -អ៎! ពុកគ្មានការអ្វីនោះទេ ពុកគ្រាន់តែចង់និយាយជាមួយកូនអំពីរឿងរៀនរបស់កូនតែប៉ុណ្ណោះ ។ យ៉ាងម៉េចហើយកូនសម្រេចចិត្តហើយឬនៅថាកូនចង់រៀនអ្វី?

ក្មេងស្រីម្នាក់នោះ កាលបើបានឮសម្ដីរបស់ឪពុករបស់នាងសួរបែបនេះហើយ នាងក៏កើតមានក្ដីរំភើបពេញឱរាព្រោះគិតថា ក្ដីស្រមៃរបស់នាងបានឈានចូលមកដល់ហើយ ដូច្នេះនាងត្រូវតែឈោងចាប់វាឱ្យបាន ។

 -ចាសពុក! កូនចង់ប្រឡងចូលធ្វើទាហាន

– ទេ! មិនបានដាច់ខាត

រចនាកាលបើបានឮសម្ដីរបស់ឪពុកនាងប្រកែកដាច់ខាត់បែបនេះ នាងក៏ទម្លាក់ទឹកមុខភ្លាម ហើយនិយាយបន្តជាមួយឪពុកនាងថា

ហេតុអីបានជាពុកមិនឱ្យកូនប្រឡងចូលធ្វើទាហានបែបនេះពុក? ពុកក៏ដឹងដែលថាក្ដីស្រមៃរបស់កូនចង់ក្លាយជាមនុស្សម្នាក់ដែលអាចការពារជាតិបានដូចជាពុកអ៊ីចឹងដែរ។

 អ៎! ឯងចង់ដូចពុកអ៊ីចឹងមែនទេរចនា? រចនាមើលជើងរបស់ពុកមើល កូនឃើញជើងរបស់ពុកដាច់មួយចំហៀងទេ? នេះហើយការពារជាតិដែលកូនចង់ធ្វើមែនទេ ? បានហើយកូនស្រីពុក ពុកមានតែកូនស្រីតែម្នាក់គត់ពុកមិនចង់បាត់បង់កូនស្រីម្នាក់ទៀតនោះទេ ដោយសារតែពុកពិការជើងនេះហើយបានជាម្ដាយរបស់ឯងគេរត់ចោលពុកទៅតាមប្ដីថ្មីរបស់គេបែបនេះ កូនមិនដឹងពីហានីភ័យរបស់វាច្បាស់នោះទេ ដូច្នេះកូនមិនគួរធ្វើខាងហ្នឹងឡើយ យ៉ាងណាក៏ពុកមិនឱ្យកូនស្រីរបស់ពុកធ្វើវាជាដាច់ខាត

ក្រោយពីបានស្ដាប់ពាក្យសម្ដីរបស់ពុកខ្លួនហើយ រចនាក៏មានការខកបំណងយ៉ាងខ្លាំងព្រោះពេលនេះកុំថាឡើយតែទេវតា សូម្បីតែឪពុករបស់នាងក៏មិនចង់ឱ្យនាងធ្វើវាដែរ ។ តែអ្វីដែលកាន់តែពិបាកសម្រាប់នាងមួយកម្រិតទៀតនោះគឺឪពុករបស់នាងបានឱ្យនាងទៅរៀនផ្នែកគណនេយ្យ ដែលផ្នែកនេះដែលវាមិនមែនជាក្ដីស្រមៃ និងមិនមែនជាផ្នែកដែលនាងស្រឡាញ់នោះទេ ។ ពេលនេះគឺនាងត្រូវទៅរៀនជំនាញតាមពុករបស់នាងណែនាំនេះ ព្រោះតែពុករបស់នាងគិតថារៀនផ្នែកនេះ កូនស្រីរបស់គាត់នឹងបានធ្វើការក្នុងធនាគាមានម៉ាស៊ីនត្រជាក់ ដែលវាពិតជាសក្ដិសមនឹងសម្រស់កូនស្រីរបស់គាត់ ហើយមួយវិញទៀតដោយសារតែក្នុងភូមិរបស់គាត់ កូនស្រីដែលបានរៀនចប់ថ្នាក់ទីដប់ពីរទាំងអស់នោះ ម្នាក់ៗសុទ្ធតែរៀនជំនាញនេះទាំងអស់ ដែលជាហេតុធ្វើឱ្យឪពុករបស់រចនាមើលឃើញតែការងារមួយនេះ ដែលវាសក្ដិសមបំផុតសម្រាប់កូនគាត់ ។ រចនាបានត្រឹមតែយំក្នុងចិត្តនឹកស្ដាយក្ដីស្រមៃដែលមានតាំងពីក្មេងវ័យ ពេលនេះបែរជាត្រូវឪពុករបស់នាងបង្ខំឱ្យរៀនជំនាញដែលខ្លួនមិនស្រឡាញ់ថែមទៀត ។

ជួបពេលណាស៊យពេលនោះ

ថ្ងៃដំបូងរបស់រចនានៅសាលារៀនផ្នែកគណនេយ្យ នាងក៏បានដើរតាមសួនច្បារដែលនៅខាងឆ្វេងដៃនៃសាលានោះ ហើយនាងបានជួបនឹងនិស្សិតប្រុសម្នាក់ ដែលស្លៀកពាក់យ៉ាងសង្ហា តែនាងមិនចាប់អារម្មណ៍នឹងម្នាក់នោះឡើយ នាងដើរបណ្ដើរដៃក្ដិចស្លឹកឈើបណ្ដើរ ។ និស្សិតប្រុសម្នាក់នោះដើរកាត់មុខរបស់នាង បន្ទាប់មកនាងក៏បានជំពប់ជើងនឹងដុំថ្មមួយដុំ ហើយក៏ធ្វើឱ្យនាងផ្កាប់មុខក្នុងសួនច្បារនោះ ស្ទើរតែបែកមុខអស់ទៅហើយ ។

 ហេតុអីបានជាវាមិនដូចក្នុងរឿងកុនអ៊ីចឹងហ្ន៎? ប្រសិនជាពេលនឹងមានតួប្រុសមកបីត្រកងមិនដឹងថាល្អយ៉ាងណាទេ?  រចនាគិតតែម្នាក់ឯងនៅក្នុងចិត្ត រួចក៏…

ហាសហា… សំឡេងរបស់និស្សិតប្រុសម្នាក់នោះ និងមិត្តរបស់គេពីរនាក់ទៀត។

 សើចស្អី! ចង់មានរឿងមែន? សម្ដីរបស់រចនាតបទៅកាន់ពួកប្រុសៗនោះ

រចនានាងពិតជានារីក្លាហានមែនទែន សូម្បីតែពួកប្រុសៗក៏នាងមិនខ្លាចដែរ នាងហ៊ាននិយាយទាំងមិនខ្លាចពួកប្រុសៗនេះធ្វើបាបនាងឡើយ ។ ប្រុសៗទាំងនោះកាលបើបានឮសំឡេងរបស់នាងតបទាំងកំហឹងបែបនេះក៏ប្រញាប់ដើរទៅយ៉ាងលឿន។ មិនយូរប៉ុន្មានសំឡេងជួងក៏បន្លឺឡើង ដែលបញ្ជាក់ថានិស្សិតគ្រប់គ្នាត្រូវដល់ម៉ោងចូលថ្នាក់រៀនហើយ នៅពេលដែលរចនាកំពុងតែធ្វើដំណើរទៅកាន់បន្ទប់រៀនរបស់នាងនោះ នាងក៏បានជួបនឹងពួកប្រុសៗដែលនាងបានជួបកាលពីពេលដែលខ្លួនត្រូវដួលចូលក្នុងសួនច្បារនោះម្ដងទៀត ។ មិនប៉ុន្មាននាទីស្រួលផងនាងក៏ស្រាប់តែរអិលជើង ដែលកំពុងតែឡើងកាំជណ្ដើរទៅកាន់ថ្នាក់រៀននោះ ព្រោះថ្នាក់រៀនរបស់នៅជាន់ទីពីរ ។​ ស្របពេលជាមួយគ្នានោះដែរ ក៏ស្រាប់តែមានដៃរបស់បុរសម្នាក់ហុចមក…

 -មានកើតអីអត់?

រចនាភ្លឹកស្មារតីបន្តិច ព្រោះតែសម្រស់របស់បុរសម្នាក់នោះចាក់ចូលដល់ក្នុងបេះដូង ថ្លើមប្រមាត់របស់នាងបាត់ទៅហើយ ។ រួចក៏នឹកក្នុងចិត្តតែម្នាក់ឯងថា មិនដែលឃើញមនុស្សប្រុសឯណាសង្ហាបែបហ្នឹងទេលោកអើយ ធ្លាប់តែឃើញតាមស្រុកស្រែខោមិនខោ អាវមិនអាវ តែពេលដែលមកដល់ទីក្រុងខ្ញុំក៏មានអារម្មណ៍ថាទីក្រុងពិតជាស្រស់ស្អាតខ្លាំងមែនទែន តែខ្ញុំមិនអាចលង់នឹងសម្រស់អាប៉ិហ្នឹងដាច់ខាត ព្រោះតែអាប៉ិហ្នឹងហើយដែលធ្វើឱ្យខ្ញុំដួលចូលក្នុងសួនច្បារកាលពីព្រឹកមិញ ។

​ -ខ្ញុំមិនអីទេ ឆាប់យកដៃចេញទៅវិញទៅ ខ្ញុំមិនត្រូវការដៃរបស់លោកទេ!

 ច្បាស់ហើយមែនទេថាមិនត្រូវការដៃរបស់ខ្ញុំជួយ ?

– ចាស ច្បាស់ហើយ ឆាប់ដកដៃចេញទៅ!

ពេលនោះស្រាប់តែបុរសម្នាក់ហ្នឹងដកដៃរបស់ខ្លួនចេញ ហើយរចនាក៏ស្រាប់តែដួលទៅលើកាំជណ្ដើរម្ដងទៀត ព្រោះអីដៃរបស់បុរសម្នាក់ហ្នឹងកំពុងតែទ្រនាងដែលរៀបនឹងដួលនោះឯង ពេលដែលដកដៃចេញហើយគេក៏ដើរចេញទៅបាត់ទៅ ហើយទុកតែសំឡេងសើចតិចៗមុនពេលដែលដើរចេញទៅនោះ។ អ៎ ខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាឱ្យដឹងថាម្នាក់ប្រុសនោះគឺជានរណា អ្នកប្រហែលជាចង់ដឹងហើយមែនទេថាម្នាក់ហ្នឹងគឺជានរណា អូខេ! ប្រសិនជាអ្នកចង់ដឹងអ៊ីចឹង មានតែអានបន្តទៀតទើបដឹងថាគេនោះគឺជាអ្នកណា ព្រោះអីនៅក្នុងទំព័រនេះខ្ញុំមិនទាន់បានរៀបរាប់ប្រាប់មិត្តអ្នកអាននៅឡើយទេ ហាសហា…។

ក្នុងបន្ទប់រៀនមួយដែលមាននិស្សិតសរុប ៣៨នាក់ ក្នុងនោះមានប្រុស ១៨នាក់ក្រៅពីនឹងសុទ្ធតែស្រី អ៎ឈប់សិន មិនមែនមានតែស្រីតែប៉ុណ្ណឹងទេ មានទាំងខ្ទើយ២នាក់ទៀតផង ។វាពិតជាចៃដន្យ ណាស់ ដែលរចនាបានរៀននៅក្នុងថ្នាក់នេះជាមួយនឹងបរុសម្នាក់ហ្នឹង បុរសសង្ហាប្រចាំសាលាហើយឮល្បីថារៀនពូកែទៀត ព្រោះឮល្បីតៗគ្នាមកថា រៀនជាប់លេខ១រាល់ខែមិនដែលខានផង ( មុខអ៊ីចឹងសោះមិនគួរណារៀនពូកែទេ    អ៊ីចឹងតើបានជាស្រីៗចោមរោមតាមស្រឡាញ់ ខ្ញុំតែងតែឮគេហៅឈ្មោះម្នាក់ហ្នឹងថា ភក្រ្ត ឈ្មោះនេះពិតជាពិរោះណាស់ គេពូកែដាក់ឈ្មោះខ្លាំងណាស់ ដាក់ឡើងសមនឹងមុខរបស់គេតែម្ដង អ៎ច្រឡំមិនមែនគេជាអ្នកដាក់ឈ្មោះទេ ប៉ាម៉ាក់គេទេតើ ជាអ្នកដាក់ឈ្មោះឱ្យ ហិ…ហិ…ហិ…) ។

នៅល្ងាចមួយនោះ ពេលដែលរចនាត្រលប់មកពីបណ្ណាគារដើម្បីទិញសៀវភៅនោះ នាងក៏បានឃើញភក្រ្តកំពុងតែអង្គុយតែម្នាក់ឯងក្បែរសួនច្បារជាប់ផ្លូវនោះ រចនាក៏បានសម្រេចចិត្តឈប់ម៉ូតូសិនដើម្បីជជែកគ្នាលេងក្នុងនាមជាមិត្តភក្តិនឹងគ្នា កុំឱ្យគេថាយើងមិនរាប់ញាតិ ។ អ្នកទាំងពីរជជែកគ្នាអស់រយៈពេលជាច្រើននាទីក៏ឃើញភក្រ្តដើរចេញទៅមុខហើយនិយាយទៅកាន់រចនាថា…

 ខ្ញុំសុំលាទៅមុនសិនហើយណា ពេលក្រោយបើទំនេរចាំយើងនិយាយគ្នាលេងទៀតណា

បន្តិចក្រោយមក ក៏ឃើញរចនាស្ទុះក្រោកពីសួនច្បារដើរតម្រង់ទៅកន្លែងម៉ូតូ ប៉ុន្តែម៉ូតូរបស់រចនាហាក់ដូចជាមានបញ្ហា ព្រោះនាងនៅឈប់នឹងកន្លែងម៉ូតូនោះយូរហើយមិនទាន់ឃើញចេញដំណើរទៅទេ។

 ស្អីគេទៀតហើយនៀក? មកធ្លាយកង់ស្អីស្មាហ្នឹងហ៎ នេះល្ងាចហើយណាម៉េចក៏ឯងមិនអាណិតដល់យើងអ៊ីចឹងសោះហ្អា៎ ឱ!ម៉ូតូអើយម៉ូតូ ច្បាស់ណាស់ច្បាស់ជាអាប៉ិភក្រ្តនឹងទៀតហើយ ឱ្យតែជួបលើកណាមិនដែលថាខ្ញុំបានស្រួលខ្លួនម្ដងណាទេ ឥឡូវមកត្រូវបណ្ដើរម៉ូតូតែម្នាក់ឯងទៀតហើយ កុំសង្ឃឹមឱ្យសោះថាលើកក្រោយខ្ញុំនឹងឈប់ម៉ូតូនិយាយជាមួយអាប៉ិឯងទៀត អាប៉ិមុខស៊យ ។

ក្ដីស្រមៃ

ពេលព្រឹកព្រលឹម រុក្ខជាតិដែលដុះក្នុងសួនច្បារហាក់ដូចជាកំពុងញញឹមទទួលយកថ្ងៃថ្មីដោយក្ដីរីករាយ ឯនិស្សិតទាំងឡាយកំពុងតែនាំគ្នាស្ទុះម្នីម្នាដើរតម្រង់ទៅបន្ទប់រៀន ព្រោះថ្ងៃនេះគឺជាថ្ងៃប្រឡងប្រចាំឆមាស ។ រីឯក្នុងបន្ទប់រៀនវិញកាលបើនិស្សិតទាំងឡាយបានមកដល់គ្រប់គ្នាហើយ គ្រូក៏ចាប់ផ្ដើមចែកវិញ្ញាសាឱ្យនិស្សិតគ្រប់គ្នាធ្វើកិច្ចការទាំងនោះ ។ និយាយពីភក្រ្តវិញ វិញ្ញាសាដែលគ្រូចែកឱ្យមិនទាន់បានប៉ុន្មានផង ភក្រ្តក៏ដើរតម្រង់ដោយកាន់ក្រដាសវិញ្ញាសាដែលគ្រូបានចែកអម្បាញ់មិញយកទៅឱ្យគ្រូវិញ បន្តិចក្រោយមកគ្រូក៏និយាយទៅកាន់គេថា…

– មានចម្ងល់អីមែនទេភក្រ្ត?

– បាទលោកគ្រូ ខ្ញុំធ្វើរួចហើយ

គ្រាន់តែឮថាភក្រ្តថាគេធ្វើរួចភ្លាម គ្រូព្រមទាំងនិស្សិតគ្រប់គ្នាដែលកំពុងតែមានវិញ្ញាសានៅលើតុរៀងៗខ្លួននោះ ចំហមាត់គ្រប់គ្នា ព្រោះមិននឹកស្មានថាគេធ្វើលឿនយ៉ាងនេះសោះ ។

-ខ្ញុំអាចចេញបានទេលោកគ្រូ?

– បើធ្វើរួចហើយអាចចេញបាន

គ្រប់គ្នាដែលនៅក្នុងថ្នាក់រៀនទាំងនោះ ម្នាក់ៗឆ្ងល់គ្រប់គ្នាថា តើភក្រ្ត គេធ្វើសំណួរដែលលោកគ្រូដាក់ឱ្យនោះរួចរាល់ហើយ  ឬនៅ ? ហើយបើធ្វើរួចតើគេធ្វើបានត្រឹមត្រូវអត់ហ្ន៎ ? ប៉ុន្តែបើយើងក្រឡេកទៅមើលលោកគ្រូ ដែលកំពុងពិនិត្យលើចម្លើយវិញ្ញាសាដែលភក្រ្តប្រគល់ឱ្យគ្រូមិញ គឺគាត់ពិនិត្យបណ្ដើរហើយលួចញញឹមតិចៗបណ្ដើរ បើតាមមើលទៅប្រហែលជាភាគរយនៃការត្រូវច្រើនជាង ព្រោះម៉ោងលោកគ្រូហ្នឹង មិនដែលឃើញគាត់ញញឹមម្ដងណាទេ លោកគ្រូហ្នឹងមុខមិនរីករហូតហ្នឹង និស្សិតដែលរៀនជាមួយគាត់ទាំងអស់គ្នាមួយឆមាសហើយ មិនដែលស្គាល់ស្នាមញញឹមរបស់លោកគ្រូនោះម្ដងណាទេ ហិហិហិ…។

នៅក្នុងរាត្រីមួយទូរស័ព្ទរបស់រចនាក៏បានរោរ៍ឡើង តាមរយៈទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា ចាន់ សុភក្រ្ត ។ ពិតមែនហើយនេះគឺជាហ្វេសប៊ុករបស់ភក្រ្ត តែពេលនោះគឺម៉ោងដប់យប់ទៅហើយ តើគេមានការអ្វីជាមួយនឹងរចនាមែនទេ បានជាហៅទូរស័ព្ទមករចនាទាំងកណ្ដាលយប់បែបនេះ ? បើថាគេចង់ញ៉ែរចនាក៏មិនត្រូវដែលព្រោះគេជាប្រុសស្អាត មិនខ្វះនោះទេស្រីស្រឡាញ់គេ។ ពេលនោះរចនាក៏មានការភ្ញាក់ផ្អើលដែលព្រោះមិនដឹងថាគេហៅទូរស័ព្ទមកនេះមិនដឹងថាគេមានការអ្វីនោះទេ?

 តើខ្ញុំគួរតែលើកទូរសព្ទរបស់អាប៉ិហ្នឹងអត់ហ្ន៎ ? តិចពេលខ្ញុំលើកទូរស័ព្ទនិយាយជាមួយអាប៉ិហ្នឹងទៅ ខ្ញុំត្រូវជួបរឿងស៊យអីទៀតទៅ? ណ្ហើយ! ស៊យក៏ស៊យទៅ ព្រោះឥឡូវនេះយប់ហើយ មិនដឹងថាមានរឿងអីត្រូវស៊យទេព្រោះខ្ញុំចូលដេកទៅហើយហ្អ៎! )គិតរួចរចនាក៏បានលើកទូរស័ព្ទនិយាយ…

-អាឡូ…! រចនាមែនទេ?

– ចាស ខ្ញុំហ្នឹងហើយ! ហើយខលមកខ្ញុំហើយប្រុងឱ្យអ្នកណាជាអ្នកនិយាយវិញ?

 ឈប់សិន…ៗ កុំទាន់រករឿងមើល! ខ្ញុំមានដំណឹងល្អប្រាប់រចនាណា ចង់ដឹងអត់?

 រឿងអីទៅ និយាយមកកុំកាច់កុងច្រើនពេកខ្ញុំងងុយដេកហើយ!

– គឺថ្ងៃស្អែកនេះគេប្រឡងចូលធ្វើជាទាហាន រចនាទៅប្រឡងផងណាពាក្យខ្ញុំបានទិញរួចរាល់អស់ហើយ ស្អែករចនាត្រៀមតែខ្លួនទៅប្រឡងទៅ

រចនាភ្លឹកស្មារតីមួយរំពេច ព្រោះតែគេហួសចិត្តនឹងអ្វីដែលភក្រ្តបាននិយាយមុននេះ គេឆ្ងល់ថាហេតុអីបានជាភក្រ្តគេដឹងថាខ្លួនចង់ធ្វើជាទាហាន ហើយណាមួយខ្លួនក៏មិនបានប្រាប់ពីក្ដីស្រមៃដែលខ្លួនប្រាថ្នានោះដែរ ។ គ្រាន់តែទទួលដំណឹងដែលភក្រ្តបានប្រាប់ភ្លាម រចនាមានអារម្មណ៍ថាក្ដីស្រមៃរបស់នាងជិតមកដល់ហើយ។

-ហេតុអីក៏ភក្រ្តដឹងថាខ្ញុំចង់ប្រឡងទាហាន?

-ទៅ! មិនបាច់និយាយច្រើនទេ ដឹងត្រឹមតែខ្ញុំដឹងថាស្អែកនេះគេប្រឡងទៅបានហើយ ហើយបន្តិចទៀតខ្ញុំនឹងផ្ញើវិញ្ញាសាដែលត្រូវប្រឡងស្អែកនេះទៅឱ្យ តែរចនាកុំភ័យអី ព្រោះខ្ញុំបានធ្វើចម្លើយចេញអស់ហើយ រចនាគ្រាន់តែធ្វើតាមចម្លើយរបស់ខ្ញុំទៅគឺបានហើយ ។ អ៊ីចឹងបានសិនហើយណា ចាំខ្ញុំផ្ញើឱ្យ…

សុភក្រ្តកាន់តែធ្វើឱ្យរចនានាងឆ្ងល់កាន់តែខ្លាំងទៀតហើយ ដំបូងប្រាប់ថាស្អែកមានការប្រឡង ហើយបន្ទាប់មកទៀតក៏ស្រាប់តែប្រាប់ថា គេមានវិញ្ញាសាហើយគេបានធ្វើចម្លើយរួចរាល់អស់ថែមទៀត ឬមួយក៏សុភក្រ្តគេចូលលួចវិញ្ញាសាគេត្រៀមប្រឡងទេដឹង?

– អាយ…! ។ សំឡេងរបស់រចនាស្រែក ព្រោះក្រោយពីពេលដែលបិទទូរស័ព្ទជាមួយនឹងភក្រ្តរួច តុកកែមួយក្បាលក៏បានធ្លាក់មកលើខ្លួនរបស់រចនា ។

– ថាយប់ហើយ វាមិនស៊យដឹងអីស៊យទាល់តែបាន អើយអាប៉ិនេះអីក៏ចម្លែកម្ល៉េះ តើជាមនុស្សភពណាទៅលោកព្រះ?

និយាយពីសុភក្រ្តវិញ ក្នុងរាត្រីនោះគេបានទាញយកថ្នាំដែលនៅក្នុងដបកែវដែលមានឆ្នុកចុកជិតមាត់កែវនោះ ក្នុងកែវនោះមានថ្នាំចំនួនដប់គ្រាប់ដែលគេកំពុងតែកាន់នៅក្នុងដៃនោះ បើយើងនិយាយថាជាថ្នាំសម្រាប់ជំនួយខួរក្បាលក៏មិនមែន ព្រោះមើលទៅគឺវាប្រៀបដូចជាឱសថបុរាណរបស់ខ្មែរយើងអ៊ីចឹង។

 -នៅសល់តែដប់គ្រាប់ទៀតទេ ខ្ញុំនឹងប្រើវាឱ្យល្អបំផុត ។ និយាយហើយគេក៏ទាញយកថ្នាំមួយគ្រាប់មកទំពាលេប ស្រាប់តែមួយរំពេចនោះសុភក្រ្តក៏បានទៅដល់កន្លែងដែលគេរៀបចំការប្រឡងទាហាននៅថ្ងៃស្អែកនេះ ។ នៅទីនោះសុភក្រ្តគេក៏បានឃើញរចនាកំពុងតែអង្គុយប្រឡង ហើយបានសរសេរចម្លើយដែលខ្លួនប្រាប់ទៅនាងកាលពីយប់មិញនោះ បានយ៉ាងល្អនឹងត្រឹមត្រូវបំផុត ។ សុភក្រ្តបានត្រឹមតែឈរញញឹមលួចមើលរចនាដែលកំពុងតែអង្គុយប្រឡងនៅក្នុងបន្ទប់តែប៉ុណ្ណោះ ។ មិនយូរប៉ុន្មានសុភក្រ្តក៏កើតអាការៈចម្លែកមួយ គឺគេមានហូរឈាមចេញតាមច្រមុះ ដែលឈាមនេះវាបានបញ្ជាក់ប្រាប់គេថា គេជិតអស់ពេលនឹងត្រូវត្រឡប់ទៅកន្លែងដើមរបស់គេវិញហើយ។ ភ្លាមនោះស្រាប់តែសុភក្រ្តក៏បានដឹងខ្លួនឡើងវិញ ដែលពេលនោះដែរ គឺម៉ោងជិតប្រាំព្រឹកទៅហើយ។

– រចនា! ខ្ញុំសង្ឃឹមថាក្ដីស្រមៃរបស់នាងវានឹងក្លាយជាការពិតណា ខ្ញុំជួយនាងបានតែប៉ុណ្ណឹងទេ ។

ថ្ងៃចាប់ផ្ដើម រះបង្ហាញពន្លឺព្រះសូរិយាមកកាន់ផ្ទៃដំបូងមួយខ្នង ដែលរចនាកំពុងតែអង្គុយដោះស្រាយ កិច្ចការប្រឡងនៅទីនោះ លំហាត់ដែលរចនាកំពុងតែដោះស្រាយនោះ វាប្រៀបដូចជាមានការរៀបចំទុកមុនអ៊ីចឹង ព្រោះវិញ្ញាសាដែលសុភក្រ្តប្រាប់កាលពីយប់មិញនេះ វាត្រូវនឹងវិញ្ញាសាដែលគេដាក់ឱ្យប្រឡងពេលនេះមួយរយភាគរយតែម្ដង ។

ដើរមុនមួយជំហាន

ក្រោយពីពេលដែលរចនាប្រឡងរួចប្រហែលជាកន្លះខែ គេក៏ទទួលបានដំណឹងមួយថា គេបានប្រឡងជាប់ទាហានហើយ ។ រចនានាងពិតជារំភើបខ្លាំងមែនទែនក្នុងពេលនោះ ប្រសិនជាពេលនោះ សុភក្រ្តនៅក្បេរគេប្រហែលជាគេរត់ឱបសុភក្ត្របាត់ទៅហើយ ព្រោះមានតែសុភក្ត្រម្នាក់គត់ដែលធ្វើឱ្យក្ដីស្រមៃរបស់គេក្លាយជាការពិតបែបនេះ ។ ចំណែកឯសុភក្រ្តវិញក្រោយពីដឹងរឿងនេះហើយគេក៏ញញឹមតិចៗ ព្រោះតែក្នុងចិត្តរបស់គេក៏កំពុងតែលួចស្រឡាញ់រចនាដែរ ទោះបីជារចនានាងកាចរឹងរូសបន្តិចមែន តែរចនានាងជាមនុស្សមានហេតុផលច្បាស់លាស់ណាស់ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ។

ប៉ុន្តែឆ្ងល់ថាហេតុអ្វីបានជារចនាពេលនេះ នាងបែរជាមានទឹកមុខស្រពោនទៅវិញ ? ឬមួយក៏នាងមករៀនជំនាញគណនេយ្យនេះ នាងលែងចង់ក្លាយជាទាហានហើយ? អ៎ តាមពិតទៅមិនមែនមកពីរឿងនេះទេ ការពិតមកពីនាងកំពុងតែពិបាកចិត្តព្រោះពុករបស់នាងមិនឱ្យនាងរៀនសោះ ។ ម៉ោងប្រហែលជាដប់យប់ទៅហើយ រចនាកំពុងតែកាន់ទូរស័ព្ទក្នុងដៃអូសចុះអូសឡើង ដៃរៀបនឹងចុចខលទៅសុភក្រ្តតែនាងមិនហ៊ាន តែពេលនោះក៏ស្រាប់តែសុភក្រ្តខលមកល្មមចំពេលដែលរចនា ចង់ខលទៅគេដែរ។

– អាឡូរចនា ! រចនាកំពុងពិបាកចិត្តមែនទេ? ។ រចនាមិនទាន់នឹងបាននិយាយអ្វីផង សុភក្ត្រក៏ដឹងពីអ្វីដែលរចនាកំពុងតែគិតបាត់ទៅហើយ ចំណុចនេះហើយដែលធ្វើឱ្យរចនាចម្លែកក្នុងចិត្តខ្លាំងមែនទែន។

-ហេតុអ្វីក៏លោកដឹងទៀតហើយ? ខ្ញុំមានទាន់បានប្រាប់សុភក្ត្រឯណា!។

– ទៅ! មិនបាច់និយាយច្រើនទេ ដឹងត្រឹមតែខ្ញុំដឹងថា រចនាកំពុងតែពិបាកចិត្តទៅបានហើយ ។

រចនានាងឆ្ងល់ខ្លាំងមែនទែន ព្រោះតែគេមិនបានប្រាប់ថាហេតុអ្វីបានជាគេដឹងនោះទេ ហើយថែមទាំងនិយាយពាក្យកាលពីមុនមកទៀត ដែលកាលពីមុនគេធ្លាប់និយាយថា ( ទៅ! មិនបាច់និយាយច្រើនទេ ដឹងត្រឹមតែខ្ញុំដឹងថាស្អែកនេះគេប្រឡងទៅបានហើយ )

– ខ្ញុំពិបាកចិត្តណាស់ ព្រោះជំនាញដែលខ្ញុំស្រឡាញ់ត្រូវបានឪពុកខ្ញុំហាមមិនឱ្យខ្ញុំរៀននោះទេ ។

– រចនាឈប់ពិបាកចិត្តទៅណា រចនាគេងសិនមក ខ្ញុំនឹងខលជាមួយរចនារហូតរចនាគេងលក់ណា ។

– ចាស! អរគុណណាស់ តែកុំឱ្យតែខ្ញុំជួបរឿងចង្រៃទៀតទៅបានហើយ​ ព្រោះពេលដែលខ្ញុំជួបសុភក្ត្រឯងពេលណា ខ្ញុំមានរឿងរហូត ។ (ហិហិហិ) មួយសន្ទុះក្រោយមករចនាក៏បានលង់លក់បាត់ទៅនៅសល់តែសុភក្ត្រ កំពុងតែគេងស្ដាប់សំឡេងរបស់រចនាតាមទូរស័ព្ទយ៉ាងមានក្ដីសុខ។ សុភក្ត្រគេងមិនលក់ ក៏ក្រោកទៅទាញដបកែវដែលមានថ្នាំនៅក្នុងនោះ ហើយយកមករលាក់យកគ្រាប់ថ្នាំមួយគ្រាប់រួចក៏លេបថ្នាំនោះទៅ ក្រោយមកសុភក្រ្តក៏បានទៅជួបនឹងលោកពូភ័ណ្ឌដែលជាឪពុករបស់រចនា សុភក្ត្រដើរចូលទៅកាន់ផ្ទះលោកពូភ័ណ្ឌដែលពេលនោះគាត់កំពុងតែពុសអុសដុត ដោយអង្គុយលើកកៅអីមួយ ហើយដៃទាំងពីរកំពុងតែយារពូថៅឡើងលើ ហើយបើយើងក្រឡេកទៅមើលក្បែរនោះវិញគឺសុទ្ធតែអុសដែលគាត់បានពុសរួចទាំងអស់ ទោះបីជាគាត់ពិការជើងក៏ពិតមែន តែគាត់អាចធ្វើកិច្ចការបានសព្វគ្រប់ដូចជាអ្នកដែលមានអវយវៈធម្មតាដែរ ។ សុភក្ត្រដើរចូលទៅកន្លែងដែលគាត់កំពុងតែបំពេញកិច្ចការនោះ ហើយគាត់ក៏បាននិយាយទៅកាន់ថា…

– ទៅណាមកណាក្មួយបានជាមកដល់កន្លែងនេះបែបនេះ ? មើលទៅរូបរាងដូចជាស្រស់សង្ហាណាស់នៀក ប្រហែលជាមិនមែនជាអ្នកស្រុកភូមិនេះទេមើលទៅ ?

– បាទលោកពូ! ខ្ញុំជាមិត្តភក្តិរបស់រចនា ហើយខ្ញុំមកទីនេះគឺចង់ប្រាប់ពូពីរឿងដែលរចនាគាត់បានប្រឡងជាប់ទាហានឱ្យលោកពូបានដឹង ។

– យើងដឹងហើយ រចនាគេបានប្រាប់យើងរួចហើយថាគេបានជាប់ទាហាន តែយើងដាច់ខាតមិនឱ្យកូនស្រីរបស់យើងធ្វើទេ ព្រោះតែយើងដែលពុករបស់នាង យើងឆ្លងកាត់រួចអស់ទៅហើយ កូនស្រីរបស់យើងនាងស្អាតណាស់សម្រាប់យើង ដូច្នេះជំនាញដែលយើងចង់ឱ្យកូនស្រីរបស់យើងរៀនឯងគ្មានសិទ្ធមិនប្ដូរចិត្តរបស់យើងបានទេ! ។

 លោកពូ! សូមលោកពូកុំទាន់អាលខឹងនឹងក្មួយអី តាមពិតទៅខ្ញុំអាណិតរចនាណាស់ ព្រោះពេលទៅរៀនម្ដងនាងហាក់មិនមានអារម្មណ៍ក្នុងការរៀនជំនាញនោះទេ ហើយខ្ញុំសង្កេតឃើញនាងមិនសូវមានការខំប្រឹងប្រែងរៀនសូត្រនោះទេ ខ្ញុំគិតថា បើពូស្រឡាញ់កូនពូ សូមពូមេត្តាឱ្យនាងរៀនតាមអ្វីដែលនាងស្រឡាញ់ទៅពូ ព្រោះបើពូបន្តបង្ខំឱ្យនាងរៀនទាំងចិត្តមិនស្រឡាញ់បែបនេះ វានឹងធ្វើឱ្យអនាគតរបស់កូនពូមិនអាចប្រសើរឡើងនោះទេ ព្រោះចិត្តរបស់នាងមិនស្រឡាញ់ជំនាញដែលលោកពូបានឱ្យនាងរៀននោះទេ ខ្ញុំរៀនជាមួយនាងបានមួយឆ្នាំហើយ ខ្ញុំក៏ដឹងពីនាងបានច្រើនដែរ ចូរពូបើកចិត្តឱ្យទូលាយ ឱ្យនាងបានរៀនអ្វីដែលនាងស្រឡាញ់ផងទៅ ចាំខ្ញុំនាំពូទៅមើលនៅឯទីក្រុងថាវាទូលំទូលាយយ៉ាងណាខ្លះ ពូកាន់ដៃខ្ញុំឱ្យជាប់មកខ្ញុំនឹងនាំពូទៅ ។      ភ្លាមនោះពូភ័ណ្ឌហើយនិងសុភក្ត្រក៏បានទៅដល់ទីក្រុង សុភក្រ្តដឹកដៃពូភ័ណ្ឌមើលទីក្រុងយ៉ាងសប្បាយភ្នែក ។

– ពូមើលទៅខាងនោះទៅ ពូឃើញបរុសម្នាក់កំពុងអង្គុយនៅលើកៅអីម្នាក់ឯងនោះទេ ?

-ឃើញតើ!

-ពូដើរចូលមក​ ចាំខ្ញុំទៅនិយាយលេងជាមួយគាត់បន្តិច។ ភ្លាមនោះសុភក្រ្តបានដើរចូលទៅកន្លែងលោកគ្រូបង្រៀននោះ ហើយក៏បាននិយាយពាក្យយ៉ាងច្រើន ជាមួយនឹងលោកគ្រូម្នាក់នោះ នៅក្នុងនោះដែរ មានពាក្យមួយឃ្លាដែលពូភ័ណ្ឌគាត់ចាប់អារម្មណ៍ ហើយភ្ញាក់ខ្លួនព្រើតតែម្ដងគឺពាក្យដែលលោកគ្រូនោះនិយាយថា…

– រៀនជំនាញអ្វីដែលយើងស្រឡាញ់ យើងអាចឆាប់ចាប់បាន យើងចង់រៀន យើងនឹងមានសេចក្ដីសុខក្នុងការរៀនសូត្រ រៀនមិនខ្ជិលនោះទេ ហើយមួយវិញទៀត ប្រសិនជាមាននរណាម្នាក់ ឬ សិស្សណាមួយដែលរៀនជំនាញដែលខ្លួនមិនស្រឡាញ់នោះ ចុងក្រោយច្បាស់ជានៅតែធ្វើស្រែចម្ការ ដូចតែពីមុនអ៊ីចឹង ប្រសិនជាកូនគេអ្នកមានវាមិនអីនោះទេ ចុះបើយើងជាអ្នកក្រវិញ ខំចំណាយពេលវាប៉ុន្មានឆ្នាំទម្រាំរៀនចប់ ទម្រាំរៀនចប់តើត្រូវចំណាយថវិកាឱ្យប៉ុន្មានលាន លើការរៀនសូត្រនេះ ។ ដូច្នេះសូមអាណាព្យាបាលគិតគូរឱ្យមែនទែនលើរឿងនេះ ព្រោះរឿងនេះមិនមែនជារឿងលេងសើចទេ វាគឺជារឿងអនាគតដ៏ធំធេងណាស់ មានសិស្សខ្លះ មានកូនខ្លះត្រូវសម្លាប់ខ្លួនព្រោះតែរៀនជំនាញដែលខ្លួនមិនស្រឡាញ់ក៏មានដែរ ។ ពាក្យទាំងអស់នេះហើយដែលធ្វើឱ្យពូភ័ណ្ឌឈរស្ដាប់លោកគ្រូនោះ រហូតដល់ភ្លឹកទាំងមិនដឹងខ្លួន ។ សុភក្រ្តក៏បាននាំពូភ័ណ្ឌទៅកន្លែងមួយទៀត កន្លែងនោះគឺជា បន្ទាយទាហាន ។

– ក្មួយ! ម៉េចក៏នៅទីនេះមានទាហានស្រីច្រើនម៉េះ? ។ ពូភ័ណ្ឌគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញបន្ទាយទាហានដែលមានស្រីច្រើនបែបនេះ ។ សុភក្រ្តមិនទាន់នឹងបានឆ្លើយនឹងសំណួររបស់លោកពូផង ក៏ស្រាប់តែពូភ័ណ្ឌនិយាយឡើងទាំងស្លន់ស្លោឡើង…

– ក្មួយ! ច្រមុះក្មួយកើតអី ម៉េចក៏មានឈាមហូរមកច្រើនបែបនេះ? ។ សុភក្រ្តយកដៃខាងឆ្វេងមកពាល់នឹងច្រមុះរួចក៏ឃើញថា វាពិតជាឈាមមែន ដែលសុភក្រ្តដឹងថាបន្តិចទៀតនេះខ្លួននឹងត្រូវត្រឡប់ទៅកន្លែងដើមវិញហើយ ។ សុភក្រ្តក៏ចាប់ដៃលោកពូភ័ណ្ឌរួចក៏ត្រឡប់ទៅកន្លែងដើមវិញ ហើយគេក៏ភ្ញាក់ដឹងខ្លួនវិញ ។

លុះស្អែកឡើងពេលព្រឹក សុភក្រ្តក៏ទទួលបានសារមួយទាំងព្រឹកព្រលឹមតែម្ដង ដែលក្នុងសារនោះបានសារថា( អរុណសួស្ដី ប៉ិកំពូលស៊យ ) ច្បាស់ណាស់វាគឺជាសាររបស់រចនា នាងសប្បាយចិត្តខ្លាំងមែនទែន នៅពេលដែលនាងត្រូវបានឪពុករបស់នាងអនុញ្ញាតឱ្យរៀនអ្វីដែលនាងស្រឡាញ់ ហើយសារដែលនាងផ្ញើមកកាន់សុភក្រ្តនោះ នាងប្រហែលជាចង់អរគុណដល់សុភក្រ្តហើយ ដែលគេបានជួយដល់នាងច្រើនណាស់ដែល ប៉ុន្តែនាងមិនដឹងថាសុភក្រ្តតាមជួយនាងឡើយ ។

បែរមកមើលភ្នក់ភ្លើងដែលកំពុងតែឆេះ យ៉ាងសន្ធោសន្ធៅឯណេះវិញ យើងនឹងឃើញថា សុភក្រ្តគេកំពុងតែដបកែវដែលមានថ្នាំនៅក្នុងនោះចំនួនប្រាំបីគ្រាប់ តែគេមិនលេបវានោះទេ គេហាក់ដូចជាបញ្ចេញនូវកាយវិការរបស់គេថា ប្រុងនឹងដុតថ្នាំនោះចោល ។

– រចនា ក្ដីស្រមៃរបស់នាង នាងបានសម្រេចវាហើយ ខ្ញុំសង្ឃឹមថានាងនឹងស្រឡាញ់វា ហើយធ្វើវាឱ្យបានល្អបំផុតណា អ្វីដែលខ្ញុំជួយនាងកន្លងមក ខ្ញុំមិនដែលគិតថាចង់បានអ្វីពីនាងនោះទេ ក្រៅពីចង់ឃើញនាងមានសេចក្ដីសុខនឹងអ្វីដែលនាងស្រឡាញ់ ។ ទោះបីពេលខ្លះនាងថាខ្ញុំជាមនុស្សដែលធ្វើឱ្យនាងស៊យគ្រប់ពេលមែន តែខ្ញុំមិនដែលខឹងឬក៏ស្អប់នឹងនាងទេ ខ្ញុំរឹតតែចង់ជួយនាងថែម តែចាប់ពីពេលនេះទៅខ្ញុំនឹងលែងមានវត្តមាននៅទីនេះទៀតហើយ ព្រោះខ្ញុំដល់ពេលដែលគេកំណត់ឱ្យខ្ញុំត្រូវឃ្លាតឆ្ងាយពីនាងរហូតហើយ ហេតុអ្វីក៏ខ្ញុំដឹងថាជីវិតរបស់ខ្ញុំត្រូវបញ្ចប់ហើយ ហេតុអ្វីក៏មិនអាចកែខៃវាឡើងវិញបានបែបនេះ ? ខ្ញុំអាចចូលទៅអនាគតកាលបាន ដើម្បីជួយកែប្រែជោគវាសនារបស់គេ តើហេតុអ្វីបានជាខ្ញុំមិនអាចកែប្រែជោគវាសនារបស់ខ្លួនឯងបាន ? រចនា សូមនាងកុំយំណា…ព្រោះចាប់ពីពេលនេះទៅនាងលែងបានជួបរឿងស៊យទៀតហើយ ។ ថ្នាំទាំងប្រាំបីគ្រាប់នោះក៏ត្រូវបានឆេះអស់គ្មានសល់ ព្រោះតែសុភក្រ្តគេសម្រេចចិត្តថាដុតវាចោល ។

ចាប់ពីពេលនោះមក ដំណឹងរបស់សុភក្រ្តក៏ត្រូវបានបាត់សូន្យឈឹង មិត្តរួមថ្នាក់របស់គេទាំងប៉ុន្មានក៏មិនដឹងថា សុភក្រ្តគេទៅនៅទីណាទេ​ លោកគ្រូក៏សួររកសុភក្រ្តដែរ តែគ្មានអ្នកណាមួយអាចដឹងឡើយ ប៉ុន្តែក្រោយមកក៏មានមិត្តស្និទ្ធស្នាលរបស់សុភក្រ្តម្នាក់ប្រាប់ថា សុភក្រ្តត្រូវជួបគ្រោះថា្នក់ចរាចរណ៍ហើយត្រូវរបួសយ៉ាងធ្ងន់ដែលមិនអាចជួយសង្រ្គោះបានឡើយ ។ មិត្តភក្តិគ្រប់គ្នាពេលដែលដឹងដំណឹងដ៏រន្ធត់នេះហើយ ម្នាក់ៗផ្លាស់ប្ដូរទឹកមុខយ៉ាងស្រងូតស្រងាត់៕