នៅក្នុងបន្ទប់មន្ទីរពេទ្យមួយលោកដុកទ័រកំពុងជួយសម្រាលកូនឱ្យនារីម្នាក់។ អ្នកម្តាយវ័យក្មេង អង្គុយលើគ្រែសម្រាលកូនកំពុងស្រែកយ៉ាងខ្លាំងហាក់ដូចជាកំពុងប្រណាំងសំឡេងភ្លៀងអមជាមួយនឹង ផ្គររន្ទះនាយប់នោះដែរ។
នាងនៅបន្តស្រែកយ៉ាងខ្លាំង ស្រែករហូតដល់ភ្លាត់សំឡេង។ បន្ទាប់មកនៅក្នុងបន្ទប់បានស្ងាត់បាត់អស់សំឡេងស្រែករបស់អ្នកម្តាយជំនួសមកវិញនូវសំឡេងទារកយំ គ្រូពេទ្យលើកក្មេងឡើងថ្នមៗបំណងចង់បែរកូនប្រុស ឱ្យម្ដាយវាមើល ប៉ុន្តែពេលគ្រូពេទ្យងាកទៅរកម្តាយស្រាប់តែ…..ស្រាប់តែ…..។
«វាស់ហាស!» សំឡេងរបស់មិត្តរបស់ខ្ញុំសីហា វាស្រែកបន្លាចស្រីៗដែលអង្គុយស្តាប់វានិយាយរឿងខ្មោចឡើងចំហមាត់គ្រប់គ្នា។
ខ្ញុំឈ្មោះ«តុង»អាយុ២២ឆ្នាំជានិសិត្សពេទ្យឆ្នាំទី៤នៃសកលវិទ្យាល័យវិជ្ជសាស្រ្តនិងសុខភិបាល។ សម្រាប់ខ្ញុំអារឿងខ្មោចអីនេះគឺមិនដែលជឿសោះឡើយ ព្រោះគិតថាវាគ្រាន់តែជារូបភាពបំភាន់ដែលកើត ចេញពីខួរក្បាលមនុស្សនៅពេលដែលគិតផ្តេសផ្តាសប៉ុណ្ណោះ។
ឆ្នាំនេះគឺជាឆ្នាំដែលពួកយើងទាំងអស់គ្នាត្រូវចុះយាមតាមមន្ទីរពេទ្យ ទើបម្នាក់ៗនាំគ្នានិយាយរឿងខ្មោចបន្លាចគ្នា បែបនេះ។
«នែ! អាតុង ឯងត្រូវចុះទៅមន្ទីរពេទ្យមួយណា?» សីហាសួរពេលពួកយើងកំពុងអង្គុយនូវទីធ្លាខាងក្រៅ។
«មន្ទីរពេទ្យមាតា នៅជាយក្រុង» ខ្ញុំឆ្លើយធ្វើហី ប៉ុន្តែមិត្តបួនប្រាំអ្នកដែលអង្គុយនៅជិតហាក់ដូចជាភ្ញាក់ផ្អើល ខ្លាំងណាស់។
«មែន? ឯងមានដឹងរឿងដែលគេនិយាយពីកន្លែងនឹងអត់?» សីហាសួរត
«រឿងអីហា?»
«ឯងអត់ដឹងមែន? គឺរឿងវិញាណ ខ្មោចលងដែលគេល្បីគ្រប់គ្នានោះអី»
«ស្មានតែរឿងអី ពេទ្យរដ្ធមួយណាក៏ល្បីថាមានខ្មោចដែរ ហើយឯងរៀនពេទ្យសោះ ជឿរឿងបែបនឹងដែរ?» ខ្ញុំឌឺវាលេង
«បើមិនជឿកុំប្រមាថវ៉ើយ! ប្រុសស្អាតដូចឯងប្រយ័ត្នខ្មោចគិលានុបដ្ឋាយិកាចាប់រំលោភទៅហ្ហែង ហាហា»។
វាមិនឱ្យគេប្រមាថតែខ្លួនវាបែរជាយករឿងនឹងមកលេងសើច។
«អឺ! អញខ្លាចតែមន្ទីរពេទ្យឯងចុះទៅ មានខ្មោចចេកចាប់ឯងរំលោភផងក៏មិនដឹង» ឮហើយពួកយើងនាំគ្នាសើចឡើងទាំងអស់គ្នា។
ខ្ញុំមានសង្សារម្នាក់ឈ្មោះ វត្តី។ ពួកយើងស្រលាញ់ណាស់អស់រយៈពេលបីឆ្នាំហើយ នៅក្នុងសាលាអ្នកណាក៏ថាពួកយើងសមគ្នាដែរ។ ពួកយើងសំណាងណាស់បានចុះទៅមន្ទីរពេទ្យតែ មួយជាមួយគ្នា។
ថ្ងៃទី១…
ពួកយើងត្រូវទៅមន្ទីរពេទ្យហើយយាមនៅទីនោះមួយយប់ទល់ភ្លឺ នៅក្នុងឡានមានខ្ញុំ វត្តីនិងមិត្តរួមថ្នាក់ពីរនាក់ទៀតគឺ ហេង និងវាសនា។ ហេងជាមនុស្សប្រុសចរិតស្រី ប៉ិនណាស់ខាងកំប្លែងធ្វើឱ្យគេសើច ឯតៃកុងឡានវាសនាវិញ គឺផ្ទុយគ្នាស្រឡះ ជាមនុស្សស្រីតែរឹងមាំមិនសូវចេះខ្លាចអ្វីទេ។
«ហ្ហែងដឹងអត់ពួកយើង ពេទ្យយើងចុះទៅនឹងល្បីថាលងសាហាវៗណាស់វ៉ីយ» ហេងនិយាយនៅលើឡាន។
«កុំទៅជឿច្រើនហេង ពេទ្យណាក៏គ្នាឮថាមានខ្មោចលងដែរ» វាសនាតប។
«គ្នាដូចខ្លាចណាស់ ត្រូវយាមយប់ផង តិចបានឃើញទៅ អ៊ួយ… លួសព្រលឹងអូនងាប់ហើយ»
«ចុះបើខ្មោចប្រុសស្អាត លងឱ្យឃើញសាច់ដុំ៦កង់វិញគិតម៉េចវិញ?» វត្តីសូរហើយលួចញញឹមចុងមាត់
«អូយ! បើចឹងមែនអ្ហាម៉ាយប់លង១០ដង លងម៉ាដង១០ខ្មោច ក៏ទ្រាំបានដែរ ចា៎!!» ហេងតបធ្វើឱ្យពួក យើងទ្រាំមិនបានក៏សើចទាំងអស់គ្នា។
បើយោងតាមឯកសារវិញមន្ទីរពេទ្យមាតានេះជារបស់ឯកជនមួយរបស់លោកវិជ្ជបណ្ឌិតល្បីនិងជាគ្រួសារដែលមានគេស្គាល់ច្រើនក្នុងសង្គមម្នាក់ឈ្មោះ «ជ័យមេត្តា» វាបើកដំណើរការតាំងពីឆ្នាំ១៩៨០។ ដោយភាពចាស់ជរាគាត់បាន ផ្ទេរសិទ្ធគ្រប់គ្រងមន្ទីរពេទ្យទាំងមូល ទៅឱ្យកូនស្រីទោលនិងកូនប្រសារគាត់នៅឆ្នាំ២០០០។
ប៉ុន្តែនៅចុងឆ្នាំ២០០៥មកវាត្រូវបានគេបិទ ដោយសារតែមានហេតុការណ៍ចម្លែកៗកើតឡើងចំពោះអ្នកជំងឺ គ្រូពេទ្យនិងអ្នកធ្វើការនៅទីនោះជាច្រើនអ្នក។
អ្នកខ្លះថានៅពេលយប់តែងតែមានសំឡេងមនុស្សស្រីយំចេញពីជាន់ខាងលើ។ អ្នកខ្លះទៀតថាឱ្យតែមានមនុស្សស្រីណាមកសម្រាលកូននៅទីនោះគឺត្រូវស្លាប់ទាំងម្តាយនិងទារក និងហេតុការណ៍ជាក់ស្តែងជាច្រើនបាន កើតឡើងនៅ ឆ្នាំនោះគឺគិលានុបដ្ឋាយិកាក្មេងៗជាច្រើនបាន លោតសម្លាប់ខ្លួនដោយគ្នានមូលហេតុ។
១០ឆ្នាំក្រោយដោយសារតម្រូវការប្រជាជនទើបរដ្ធសម្រេចទិញយកអាគារមួយនេះមកធ្វើជាពេទ្យរដ្ធវិញ។ វាត្រូវបានបើកដំណើរការវិញ២ឆ្នាំហើយ។
ពួកយើងនិយាយគ្នាលេងលើឡានយ៉ាងសប្បាយរហូតដល់មន្ទីរពេទ្យ។ គ្រាន់តែចុះពីលើឡានភ្លាមខ្ញុំទទួល អារម្មណ៍ថាជុំវិញខ្លួនស្ងប់ស្ងាត់ណាស់ នៅជុំវិញទីនោះដូចជាមិនមានឃើញមានផ្ទះអ្នកភូមិ នៅសោះ។ មានតែមន្ទីពេទ្យធំមួយដែលមានអាគារខ្ពស់កម្ពស់៦ជាន់មួយប៉ុណ្ណោះ។
នៅកណ្តាលវាលដ៏ស្ងាត់ជ្រងំឮតែសំឡេងហីងយំបែបនេះធ្វើឱ្យខ្ញុំឆ្ងល់ថាបើទីតាំងវានៅឆ្ងាយហើយស្ងាត់យ៉ាងនេះ មានប្រជាជនឯណាធ្វើដំណើរមកមើលជំងឺកើតទៅ? ងាកមកមើលមន្ទីរពេទ្យវិញ ក៏ដូចជាទ្រុឌទ្រោមណាស់ទៅហើយ ជាន់ខ្លះងងឹតស្លុប នឹងផ្នែកខ្លះទៀតឃើញមានបាំងក្រណាត់ពណ៌បៃតង ដូចជាកំពុងជួសជុលនៅឡើយ។
មើលតែពីខាងក្រៅគគ្រិច អាក្រក់មើលដូចនៅក្នុងរឿងរន្ធត់បែបនេះទើបម្នាក់ល្បីថាមានខ្មោចលង។ ពួកយើង ដើរចូលទៅតាមក្លោងទ្វារចូលដ៏ធំរបស់មន្ទីពេទ្យនោះ ពេលចូលដល់សាលធំទើបឃើញថាពិតជាមានរបៀបរាបរយណាស់។ ទីកន្លែងធំទូលាយ បន្ទប់សម្រាករបស់អ្នកជំងឺក៏មានច្រើន និងមានបែងចែកប្រភេទអ្នកជំងឺទៅតាមផ្នែកបានយ៉ាងល្អ។
សិស្សច្បងចាស់វស្សាម្នាក់ដើរមកប្រាប់ពីកាលវិភាគសម្រាប់ថ្ងៃនេះថាអ្នកណាត្រូវទៅផ្នែកណា និងត្រូវធ្វើអ្វីខ្លះ។ ពួកយើងស្តាប់គាត់បណ្តើរងាកមើលជុំវិញខ្លួនបណ្តើរខ្ញុំក្រឡេកទៅស្តាំដៃឃើញមានផ្ទាំងព័ត៌មានមួយដែលមានបិទរូបចាស់ៗរបស់អ្នកធ្វើការនៅទីនេះកាលពីដប់ឆ្នាំមុន។
ក្នុងនោះក៏មាននិមិត្តរូបរបស់ខ្ញុំមួយដែរគឺលោក ដុកទ័រ ហ៊្សេនណារ៉ាល់ ពេទ្យដ៏សង្ហារមានសម្ថតភាពខ្ពស់និងជា សាស្រ្តាចារ្យគំរូដ៏ល្បីម្នាក់នៅក្នុងសាលាពេទ្យផងដែរ មិត្តរួមថ្នាក់ខ្ញុំឧស្សាហ៍ចំអន់ថាខ្ញុំដូចគាត់។ មិនមែនសរសើរខ្លួនឯទេ តែពេលខ្លះខ្ញុំពិតជាយល់ថាខ្ញុំដូចគាត់មែន។
គាត់ជាកូនប្រសារបស់លោកដុកទ័រជ័យមេត្តានិងជាប្រធានមន្ទីពេទ្យនេះនៅឆ្នាំនោះផងដែរ នៅសងខាងគាត់ មានសុទ្ធតែគិលានុបដ្ឋាយិកាស្អាតៗឈរអមហើយបញ្ចេញស្នាមញញឹមយ៉ាងស្រស់។
យប់ឡើង….
ពួកយើងត្រូវបែងចែកផ្នែកគ្នាយាម ខ្ញុំត្រូវបានចាត់ឱ្យទៅផ្នែកបន្ទប់សម្រាលជាមួយសិស្សច្បងពីរអ្នកទៀត ដែលពួកគាត់តែងតែយាមនៅទីនោះ។ ហេតុតែខ្ញុំជាមាន់ថ្មីមិនសូវយល់អ្វីច្រើនទើបយប់នោះត្រូវគេប្រើ ឡើងវិលក្បុងរកពេលសម្រាកមិនបាន ណាមួយជាយប់ដំបូងផង ពិតជាងងុយគេងខ្លាំងណាស់។
«តុង! យកឯកសារទាំងនេះទៅកូពីត្រៀមទុកឱ្យលោកគ្រូពេទ្យធំ» សំឡេងសិស្សច្បងភ័ណនិយាយ មិនទាំងមើលមុខខ្ញុំ។
«តែនៅនេះអត់មានម៉ាស៊ីនកូពីទេបង» ខ្ញុំតប។
«ទៅជាន់លើទៅ!» និយាយហើយគាត់ដើរចេញទៅបាត់ ជាន់លើទីប៉ុន្មាន បន្ទប់ណាក៏មិនប្រាប់ ខ្ញុំខំដើរសួរ គេទម្រាំដឹងបាន គឺនៅជាន់ទី៤។
ខ្ញុំឡើងទៅដល់គ្រប់បន្ទប់ស្ងាត់ឈឹងអគ្គិសនីក៏មិនគ្រប់គ្រាន់បន្ទប់ខ្លះឆ្លងភ្លើងភ្លឹបភ្លែតៗដូចគេថតកុនរឿងរន្ធត់មុនពេលខ្មោចរៀបលងអ៊ីចឹង។ មានតែបន្ទប់កូពីនៅបន្ទប់កែងចុងគេនោះទេដែលភ្លឺច្បាស់ជាងគេ។
ខ្ញុំយកដៃរុញទ្វារច្រេះចាប់នោះឮសូរតែខ្វាកហើយបិទទៅវិញថ្នមៗ ពេលចូលទៅក្នុងស្រាប់តែឃើញស្រីម្នាក់កំពុង អង្គុយមើលឯកសារម្នាក់ឯងយ៉ាងស្ងៀមស្ងាត់។
«សួស្តី!» ខ្ញុំនិយាយហើយមើលមុខគាត់ដូចជាប្រហែលមុខធ្លាប់ជូបនៅឯណាមិនដឹងទេ តែគាត់មិនបានងាក មករកខ្ញុំហើយក៏មិនបានឆ្លើយតបនឹងខ្ញុំវិញដែរ គិតតែបើកសន្លឹកឯកសារបន្ត។
ខ្ញុំខ្ចិលរវល់ច្រើនព្រោះគិតថាប្រហែលនេះជាទម្លាប់របស់សិស្សច្បងនៅក្នុងមន្ទីរពេទ្យនេះហើយមើលទៅដែលមិនចូលចិត្តនិយាយរកអ្នកហាត់ការថ្មីដូចជាខ្ញុំ។
ខ្ញុំដើរទៅកាន់ម៉ាស៊ីនកូពីមើលចុះមើលឡើងជាជាច្រើនដងមិនដឹងប្រើវាយ៉ាងម៉េចក៏ងាកទៅរកសួរម្នាក់ស្រីនោះតែនាងស្រាប់តែបាត់ពីកន្លែងនោះមិនដឹងទៅណាខ្ញុំខំក្រឡេកមើលជុំវិញបន្ទប់នោះសព្វអស់តែនៅតែមិនឃើញឬមួយក៏គាត់ដើរចេញទៅបាត់ហើយ? តែហេតុអីបានជាទ្វារនោះគ្មានឮសំឡេងដូចពេលខ្ញុំចូលមកអីសោះអ៊ីចឹង?
ខ្ញុំមានអារម្មណ៍ដូចជាស្ងាត់ៗ ត្រជាក់ៗ ព្រឺៗ យ៉ាងម៉េចក៏មិនដឹង តែខ្ញុំត្រូវប្រញាប់កូពីឯកសារអស់នេះឱ្យរួចរាល់ កុំឱ្យគេថាខ្ញុំលួចខ្ចិល។ ពេលធើ្វរួចរាល់ហើយខ្ញុំក៏ចាកចេញពីបន្ទប់នោះតែពេលខ្ញុំបិទទ្វារហើយលើកសោមកចាក់ ខ្ញុំស្រាប់តែនឹងឃើញដល់សម្តីសិស្សច្បងដែលបានឱ្យសោមកខ្ញុំ។
សិស្សច្បងប្រាប់ខ្ញុំថាគាត់បានចាក់សោទ្វារនោះតាំងពីម្សិលម្ងៃ គាត់ផ្តាំជាច្រើនសារថាសោបន្ទប់នេះ មានតែមួយទេកុំ ធ្វើឱ្យបាត់ហើយមុនពេលខ្ញុំចូលបន្ទប់នោះទ្វារជាប់សោច្បាស់ណាស់។ ចុះហេតុអីបានជាម្នាក់ស្រីនោះអាចចូល បន្ទប់នោះបាន? ឬមូយនាងអាចដើរចូលបានដោយមិនបាច់ប្រើសោ?
គិតដល់ត្រង់នេះខ្ញុំព្រឺអស់ពីក្បាលដល់ចុងជើងហើយភ្លាមៗនោះស្រាប់តែលឮសម្រិបជើងមនុស្សម្នាក់ដើរហើយឈប់ពីក្រោយខ្ញុំ អារម្មណ៏ចាប់ផ្តើមតក់ស្លុត ដៃជើងញ័រអស់ស្ទើរតែដួលទៅលើដី ដង្ហើមដកយ៉ាងតានតឹង នេះជាលើកទីមួយហើយដែលខ្ញុំទទួលអារម្មណ៍ថាមានសម្ពាធខ្លាំងបែបនេះ។
មិនទាន់បាត់ភ័យផង ដៃត្រជាក់មួយលូកមកទះស្មាខ្ញុំឮសូរតែផាច់។
ខ្ញុំស្រែកវ៉ាស់បោះឯកសារចោលហើយដួលផ្អែកទៅនឹងទ្វារច្រេះចាប់នោះប្រកាច់ប្រកិនម្នាក់ឯង។
«អ៊ួយ! ហ៊ីស! ហើយវាស្អីឯងនឹងហ្អាស អាត្កុង!» សំឡេងចេកមកពីណានឹង? រអ៊ូតាមពិតគឺសិ្សច្បងខ្ញុំម្នាក់ទៀត ឈ្មោះរ៉ូសាដ៏សែនកាម៉ាប់រាងដូចត្បាល់កិននិងសែនឆ្នាស់ម្នាក់នេះសោះ។
«ស្រែកអាឡេអាឡូក្បាលឯងស្អី» គាត់បន្ត។
«អត់ទោសបងខ្ញុំស្មានតែ……»
«ស្រីស្អាតមែនទេហាស!» គាត់បន្ថែមដោយខ្លួនឯង។
«បាទ! អត់ទេបង ស្មានតែខ្មោចលង!» ខ្ញុំដកដង្ហើមបានធូរស្រាលបន្តិចក្រោយដឹងថាជាមនុស្ស តែនៅញញើតមុខសិស្សច្បង ព្រោះមើលទៅសតែមុខហើយក្រែមឡើងក្រហមឆេះ។
«បានខ្មោចស្អាតដូចនាងខ្ញុំលង ចាត់ទុកថាសំណាងទៅ»
«ហើយបាននូវឯកសាររបស់អ្នកជំងឺ លោកបងគ្រូគាត់សូររកហើយ ធ្វើការប៉ុណ្ណឹងសោះយូរនោះយូរ» សិស្សច្បងបន្ត។
«បានបងបានហើយ» ខ្ញុំតប បណ្តើរឱនរើសឯកសារដែលនូវរាយប៉ាយបណ្តើរ។
«ឆាប់រៀបចំឱ្យលឿនហើយយកទៅក្រោមទៅ!»
ខ្ញុំប្រញាប់រៀបចំហើយក៏រត់ចុះមកក្រោមទៅដោយមិនមើលក្រោយឡើយ។
ថ្ងៃទី២……
ពន្លឺព្រះអាទិត្យចាំងមកស្រាលៗតាមមាត់បង្អួចបន្ទប់សម្រាករបស់មន្ទីរពេទ្យ។ ខ្ញុំដើរចូលទៅប្តូរវេនជាមួយមិត្តរូមថ្នាក់ ព្រោះមួយយប់មិញនេះធ្វើឱ្យខ្ញុំអស់កម្លាំងខ្លាំងណាស់។ ខ្ញុំអង្គុយនៅលើកៅអីគិតពីរឿងរ៉ាវដែល បានជួបនៅបន្ទប់កូពីកាលពីយប់មិញ។
កំពុងតែផ្ចង់អារម្មណ៏គិត ខ្យល់ត្រជាក់បក់មកប៉ះមុខធ្វើឱ្យខ្ញុំស្វាងពីភាពងងុយដេក ហើយមើលទៅបង្អួច។ ខ្ញុំឃើញរូបរាងមនុស្សស្រីក្នុងសម្លៀកបំពាក់ជាអ្នកជំងឺម្នាក់កំពុងឈរសម្លឹងមកខ្ញុំ។
ខ្ញុំព្យាយាមបើកភ្នែកដ៏គ្មានកម្លាំងកំហែងរបស់ខ្ញុំមើលទៅនាងវិញ តែដោយសារមានពន្លឺជះមកពីខាងក្រោយធ្វើឱ្យមុខនាងងងឹតស្លុបមិនមើលឃើញច្បាស់។ តើនាងជាអ្នកណា? ឬមួយជានារីម្នាក់ដែលខ្ញុំជួបកាលពីយប់មិញ? គិតដល់ភ្លាមសម្បុរក៏ចាប់ផ្តើម ព្រឺម្តងទៀត។
មិនទាន់បានសួរនាងផង នាងងាកក្រោយបោះជើងមិនជាប់ដីរបស់នាងឡើងលើបង្អួចហើយលោតពីអគារសម្រាក ជាន់ទី៣ចុះមកក្រោម។
ខ្ញុំឃើញភ្លាមភ័យស្លន់តែព្យាយាមទប់អារម្មណ៏ខ្លួនឯងបានក៏ស្ទុះងើបពីកៅអីទៅមើល ខ្ញុំអើតចេញពីបង្អួចសម្លឹង ទៅក្រោមពិតជាឃើញមនុស្សស្រីដេកក្នុងថ្លុកឈាមបែកខ្លួនស្លាប់មែន ខ្ញុំបម្រុងរត់ចុះទៅមើល តែ ពេលខ្ញុំងាកមកវិញស្រាប់ តែឃើញនាងឈរនៅពីមុខខ្ញុំឆ្ងក់ទៅវិញ។
ខ្ញុំស្រែកវាសភ្ញាក់ក្រញាង ទើបដឹងថាតាមពិតខ្ញុំលក់មួយផាំងនៅលើកៅអីហើយយល់សប្តិសោះ។
«បង! កើតអីនឹងបានជាស្រែកខ្លាំងម៉េស?» វត្តីមិត្តស្រីខ្ញុំដើរចូលមកឃើញខ្ញុំក្នុងសភាពមិនស្រួលនាងក៏សួរ។
«បងអត់អីទេអូន ប្រហែលជាយប់មិញយាមពេញមួយយប់ហត់ពេកទើបគេងយល់សប្តិផ្តេសផ្តាស»
«បងឯងប្រាកដហើយថាមិនអី? តែមុខបងស្លេកខ្លាំងណាស់ ត្រូវការចុះទៅក្រោមឱ្យពេទ្យពិនិត្យបន្តិចទេ?» នាងសួរ ខ្ញុំដោយក្តីព្រួយបារម្ភ។
«អត់អីទេអូន បងសម្រាកមួយភ្លែតអស់អីហើយអូនទៅយាមចុះដល់ម៉ោងហើយ» ខ្ញុំតបហើយ ញញឹមដាក់នាងតិចៗ។
«Ok! អូនចុះទៅហើយបងសម្រាកចុះ» នាងថើបខ្ញុំហើយក៏ដើរចេញទៅបាត់។
ខ្ញុំមិនហ៊ានប្រាប់វត្តីទេព្រោះនាងជាមនុស្សស្រីដែលឆាប់ភ័យខ្លាចណាស់។ ខ្ញុំឡើងលើគ្រែព្យាយាមបិទភ្នែកសម្រាកតែ ខួរក្បាលអាក់ដូចជាដក់ជាប់នូវរូបមនុស្សស្រីម្នាក់នោះមិនបាត់សោះ។ ក្នុងចិត្តប្រាប់ថាធ្លាប់ជួប? តែមិនដឹងនៅឯណា ពេលណានោះទេ ឬមួយមកពីមន្ទីរពេទ្យនេះមានប្រវត្តមិនល្អទើបធ្វើឱ្យខ្ញុំគិតផ្តេសផ្តាសដោយខ្លួនឯង? តើខ្ញុំពិតជាកំពុងតែគិតផ្តេសផ្តាសមែនឬមួយអ្វីដែលខ្ញុំឃើញគឺជាការពិត?
យប់ឡើង…..
យប់នេះមមាញឹកជាងយប់ម្សិលទៅទៀត មានអ្នកជំងឺរ៉ាំរៃជាច្រើនអ្នកត្រូវបានបញ្ជូនពីមន្ទីរពេទ្យខេត្តមកទីនេះ។ ឥឡូវខ្ញុំយល់ហើយតាមពិតអ្នកជំងឺនៅទីនេះភាគច្រើនមិនមែនជាអ្នកភូមិនៅម្តុំនេះទេគឺមកពីគ្រប់ខេត្តនៃប្រទេស។
រដ្ធបើកដំណើរការមន្ទីរពេទ្យនេះឡើងវិញដោយសារចង់ឱ្យមានពេទ្យជំនាញមកជួយមើលអ្នកជំងឺដែលពេទ្យនៅតាមខេត្តមិនមានលទ្ធភាពឬខ្វះខាតសម្ភារក្នុងការមើលថែពួកគាត់។
ម្នាក់ៗរវល់ឡើងវល់ពេញមន្ទីរពេទ្យ ឯខ្ញុំហាក់ដូចជាមិនទាន់មានកម្លាំងគ្រប់គ្រាន់នៅឡើយ។ ឃើញបែបនេះទាំង សិស្សច្បងនិងមិត្តរួមថ្នាក់ដេញខ្ញុំឱ្យទៅសម្រាកវិញ មិនដឹងថាពួកគេយកចិត្តទុកដាក់នឹងខ្ញុំមែនឬមិនចង់ឱ្យខ្ញុំនៅនាំឱ្យទើសដៃទើសជើងពួកគេនោះទេ។
ខ្ញុំនៅជួយគេដល់ម៉ោង១០កន្លះក៏សម្រេចចិត្តចូលទៅសម្រាកមុនដើម្បីកុំឱ្យឈឺទាន់។
តុក! តុក!
សំឡេងគោះទ្វារធ្វើឱ្យខ្ញុំភ្ញាក់ទាំងមីងមាំង ក្រឡេកមើលម៉ោងទើបតែ១១ បានន័យថាខ្ញុំទើបតែគេងមិនទាន់បាន កន្លះម៉ោងស្រួលបួលផង។ តុកៗៗៗ! សំឡេងគោះកាន់តែខ្លាំងទៅៗ ខ្ញុំក៏ដើរទៅបើកទ្វារទាំងទន់ខ្លួន។
«សួស្តី! មានការណ៏អីដែរ?» ខ្ញុំសួរទាំងមិនបើកភ្នែក។
ខ្ញុំចាំស្តាប់សំឡេងឆ្លើយតបយូរពេកក៏បើកភ្នែករកមើលអ្នកគោះទ្វារ តែមិនឃើញមនុស្សទេ មាត់ទ្វារស្ងាត់ឈឹង។ យ៉ាងម៉េចហ្នឹងឬមួយក៏ស្តាប់ច្រឡំ? ខ្ញុំងាកក្រោយចង់សួរអ្នកដែលនៅក្នុងបន្ទប់ជាមួយគ្នា ប៉ុន្តែឃើញពួកគេគេងឡើងស្កប់ស្កល់ក៏មិនហ៊ានសួររំខាន។
ខ្ញុំបែរមកបម្រុងទាញទ្វារបិទវិញស្រាប់តែភ្ញាក់ព្រើត។ មនុស្សស្រីពេញរូបរាងស្អាតម្នាក់ឈរនៅចំពោះមុខខ្ញុំ នាងឱនមុខជាប់មិនមាត់មិនក ខ្ញុំដូចជាប្រហែលមុខតែមើលមិនច្បាស់។
«អូន! មកពីណា ហើយមានការអីឱ្យខ្ញុំជួយមែនទេ?» ខ្ញុំព្យាយាមសួរតែនាងនៅតែស្ងាត់ឈឹង។
នាងដើរចេញហើយតម្រង់ទៅចុងម្ខាងទៀតនៃអាគារ នាងប្រហែលជាបងប្អូនរបស់អ្នកជំងឺណាម្នាក់ដែល ត្រូវគេបញ្ជូនមកពីខេត្តឆ្ងាយមិនសូវស្គាល់គេឯងហើយ ទើបអៀនមិនហ៊ាននិយាយស្តីបែបនេះ។
ខ្ញុំចង់ចូលទៅគេងវិញណាស់ប៉ុន្តែឃើញប្អូនស្រីម្នាក់នោះដើរចេញទៅយ៉ាងប្រញាប់បែបនេះតិចលនាងមានរឿងអីចង់ ឱ្យគេជួយទៅ? មិនចំណាយពេលគិតយូរខ្ញុំក៏ចេញតាមពីក្រោយ។
មើលពីក្រោយល្បឿននាងដើរដូចជាមិនសូវលឿនណាស់ណាទេតែខ្ញុំខំដើរតាមយ៉ាងណាក៏មិនទាន់នាងសោះ នាងនៅឃ្លាតពីខ្ញុំប្រហែល១០ជំហានជានិច្ច សំឡេងនាងដើរអូសជើងឮសឹងតែពេញជាន់នេះទៅហើយ។
នាងដើរកាត់ពីបន្ទប់មូយទៅបន្ទប់មួយ ដោយសារជាន់នេះ នៅកំពុងជូសជុលនៅឡើយផ្លូវដែលពួកយើងដើរ កន្លែងខ្លះ ងងឹត កន្លែងខ្លះភ្លឺធ្វើឱ្យខ្ញុំពិបាកមើលថាស្អីជាស្អីឱ្យច្បាស់ណាស់។ ខ្ញុំព្យាយាមដើរតាមនាងរហូត ខ្ញុំឃើញនាងព្រាលៗ ដូចជាបត់ចូលក្នុងបន្ទប់មួយ ហើយសំឡេងដែលនាងដើរអូសជើងក៏បាត់។
ប៉ុន្តែពេលខ្ញុំដើរដល់កន្លែងនាងបត់ក៏ស្រាប់តែព្រឺសម្បុលខ្ញាក។ ខ្ញុំយកដៃស្ទាបមើលទៀតគឺជញ្ជាំងសុទ្ធសាធ មិនមានទ្វារឬបន្ទប់អ្នកជំងឺអីនៅទីនោះឡើយ។ ញើសប្រជែងគ្នាហូរពីលើមុខខ្ញុំធ្លាក់ទៅលើឥដ្ធ ខ្ញុំភ័យរហូតដល់ ឈរទ្រឹងមួយកន្លែងមិនហ៊ានដើរទៅណា។
លើកនេះមិនមែនព្រិលភ្នែកឫក៏យល់សប្តិទេ។ ជាក់ស្តែងណាស់គឺខ្មោចកំពុងលងខ្ញុំមែនទែនហើយ។
ក្រាក….! សំឡេងបើកទ្វារឮតិចៗចេញមកពីក្រោយខ្នងខ្ញុំ។ ខ្ញុំងាកទៅរកប្រភពសំឡេងឃើញថាពិតជាមានទ្វារមួយមែន ។ ទីនេះគ្នានខ្យល់ក៏មិនមាននរណាក្រៅពីខ្ញុំដែរប៉ុន្តែទ្វារបន្តបើកដោយខ្លួនឯរហូតដល់អស់។
ខ្ញុំសម្លឹងមើលពីកន្លែងដែលខ្ញុំឈរដែលឃ្លាតគ្នាតែ៣ជំហានប៉ុណ្ណោះ ក្នុងបន្ទប់ងងឹតឈឹងរកមើលអីមិនឃើញទេ។ ខ្ញុំកាន់តែមើលកាន់តែខ្លាចតិចលមានអ្វីមួយស្រាប់តែលោតចេញពីក្នុងនោះមកច្របាច់កខ្ញុំដូចក្នុងរឿងទៅ។
ក្នុងខួរក្បាលច្របូកច្របល់ឯរាងកាយវិញរឹងអស់ចង់ដើរត្រលប់ទៅវិញក៏មិនកើត បាតជើងរបស់ខ្ញុំដូចត្រូវគេចាក់ឫសជាប់នឹងឥដ្ឋអ៊ីចឹង។
ខ្ញុំអើយខ្ញុំមើលទៅត្រូវឈរមើល បន្ទប់ដ៏គួរឱ្យខ្លាចនោះទល់ភ្លឺតើមែនទេ?
ខ្ញុំឈរនៅទីនោះមិនបានមួយនាទីផងភ្លើងអំពូលពណ៌សចាំងឆ្វាចចេញពីបន្ទប់មកប៉ះនឹងភ្នែកខ្ញុំ។
ទ្វារបើកមក ដោយខ្លួនឯងពេលនេះអំពូលភ្លើងក៏ភ្លឺខ្លួនឯងទៀត ខ្មោចនេះដូចជាចង់អញ្ចើញខ្ញុំឱ្យចូលទៅអង្គុយលេង ក្នុងនោះអ៊ីចឹង។
តែមិនដឹងជាហេតុអីទេបានជាភាពភ័យខ្លាចរបស់ខ្ញុំថមថយ ជើងក៏ឈប់ញ័រហើយស្រាប់តែមានភាពក្លាហានងើបដើរចូលទៅក្នុងបន្ទប់នោះទៀត។
នេះមិនមែនជាបន្ទប់អ្នកជំងឺដែលខ្ញុំតែងតែដើរចូលនោះទេ វាជាបន្ទប់ដាក់អីវ៉ាន់ទ្រុឌទ្រោមមួយក្នុងនោះ មានធ្នើរ ដែលមានឯកសារចាស់ៗជាច្រើនហ៊ុមព័ទ្ធដោយធូលី។ ខ្ញុំចេះតែដើរមើលក៏មិនដឹងថាខ្លួនកំពុងតែរកអ្វីឱ្យច្បាស់ដែរ។ ពេលខ្ញុំកំពុងដើរមើលបន្ទប់ស្រាប់តែជាន់ត្រូវក្រដាស់កាសែតចាស់រហែកមួយផ្ទាំង។ ខ្ញុំដកជើងចេញហើយលើកយកវាមកមើល។
«ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៣»
«អ្នកម្តាយវ័យក្មេងលោតពីលើអាគារមន្ទីរពេទ្យកម្ពស់៥ជាន់ ស្លាប់ក្រោយពេលសម្រាលកូនរួច។» ជាចំណងជើងទំព័រមុខរបស់ កាសែតក្នុងស្រុកមួយ។
ពេលឃើញរូបថតនាងបែកខ្លួនស្លាប់និងរូបថតកាលនៅរស់របស់នាងភ្លាមរឿងដែលកើតឡើងកាលពីម្សិលនិងថ្ងៃនេះបាន លេចនៅក្នុងខួរក្បាលខ្ញុំម្តងទៀត ទីបំផុតខ្ញុំចំណាំនារីម្នាក់នេះបានហើយ ការពិតនាងជាគិលានុបដ្ឋាយិកាម្នាក់ក្នុង ចំណោមគិលានុបដ្ឋាយិកាជាច្រើនដែលឈរអមលោកគ្រូពេទ្យហ៊្សេនណារ៉ាល់នៅក្នុងរូបថតដែលខ្ញុំបានឃើញនៅក្នុងសាលធំនោះទេតើ ហើយក៏ជានារីម្នាក់នៅក្នុងបន្ទប់កូពីនោះដែរ។
រូបរាងនិងសម្លៀកបំពាក់អ្នកជំងឺក្នុងរូបថតស្លាប់របស់នាងគឺដូចបេះបិទទៅនឹងអ្វីដែលខ្ញុំបានឃើញកាលពីព្រឹកមិញ។ ខ្ញុំប្រាកដណាស់ថាជានាង គេថាមនុស្សដែលត្រូវខ្មោចលងលុះត្រាតែគេបានធ្វើអ្វីម៉្យាងដែលល្មើសនឹងវិញ្ញាណនោះ។ តើខ្ញុំបានធ្វើអ្វីទៅ?
នេះនាងសម្លាប់ខ្លួនឯងសោះហើយខ្ញុំមិនដែលស្គាល់ឬធ្លាប់និយាយផ្តេសផ្តាសប៉ះពាល់ដល់នាងទេ ហេតុអីបានជាលងបន្លាចខ្ញុំគ្រប់ពេលគ្មានបានដេកពួនបែបនេះ? គិតពីនាងមិនទាន់ផុតផងសំឡេងអូសជើងក៏លាន់ឮពេញក្នុង បន្ទប់សារជាថ្មី។
ខ្ញុំឮភ្លាមក៏ដាក់មេផាយភ្លែត គ្រាន់តែរត់ចេញពីមុខបន្ទប់បានភ្លាម អំពូលភ្លើងរលត់ហើយទ្វារក៏ទាញបិទវិញដោយខ្លួនឯង លាន់គ្រាំង គ្រប់យ៉ាងត្រលប់ទៅសភាពដើមវិញ។
ថ្ងៃទី៣….
ខ្ញុំភ្ញាក់ឡើងនៅលើគ្រែក្នុងបន្ទប់ផ្ទះខ្លួនឯងពិតជាស្រូលខ្លួនណាស់។ យប់មិញខ្ញុំឡើងតាក់ស៊ីមកផ្ទះដោយខ្លួនឯង ព្រោះបើនៅទីនោះទៀតច្បាស់ជាឈឺដោយសារខ្មោចលងជាមិនខាន។
ខ្ញុំយកក្រដាស់កាសែតយប់មិញមកមើលម្តងទៀត វាមានតែមួយផ្ទាំងគ្មានទំព័រអានបន្តឱ្យដឹងពីការស្លាប់លម្អិតរបស់នាងទេ។
មើលយូរទៅក៏កើតចិត្តឆ្ងល់ថាហេតុអីបានជាមិត្តរួមថ្នាក់ជាច្រើន នាងមិនលងមកលងអីតែខ្ញុំម្នាក់អ៊ីចឹង? មិនបានទេ ត្រូវតែដោះស្រាយរឿងនេះឱ្យបានមិនអាចឱ្យខ្មោចស្រីនោះមករំខាន ការអនុវត្តការងាររបស់ខ្ញុំនៅក្នុងមន្ទីរពេទ្យបែបនេះរហូតឡើយ។ ខ្ញុំច្បាស់ជាធ្លាក់មិនខានបើវានៅតែបន្តបែបនេះនោះ។
ថ្ងៃនេះសម្រាក ខ្ញុំបានណាត់ ហេង វាសនា និងសីហាឱ្យមកជួបនៅហាងកាហ្វេមួយហើយនិយាយរៀបរាប់ពីរឿងដែល កើតឡើងប្រាប់ពួកគេ៖
«ហើយឥឡួវឯងគិតធ្វើយ៉ាងម៉េចបើនាងនៅតែតោងទាមឯងមិនឈប់យ៉ាងនេះ?» សីហាសួរ។
«ខ្ញុំមិនដឹងទេ ពួកឯងជួយគិតខ្ញុំផងទៅ?»
«ខ្ញុំថាឯងស្នើរប្តូរមន្ទីរពេទ្យទៅទើបអាចគេចផុតពីនាង។» ហេងតប
«មិនបាន!» វាសនានិយាយកាត់ផូង។
«យ៉ាងម៉េចក៏មិនបាន?» សីហាសួរត
«បើដូរទាល់តែមានហេតុផលត្រឹមត្រូវ ហេតុផលខ្មោចលងឯងពួកយើងជឿតែលោកគ្រូច្បាស់ជាមិនជឿទេ» វាសនានិយាយនេះក៏សមហេតុផលម៉្យាង។
«ឯងអាចនិយាយថាមន្ទីរពេទ្យនោះនៅឆ្ងាយពីផ្ទះហើយឯងគ្នានមធ្យោបបាយធ្វើដំណើរទៅដល់ទីនោះទេ»ហេងលើកហេតុផលបានល្អ។
«មិនបាន!» វាសនាកាត់ផូងទៀត។
«ស្អីទៀតហើយ!» ហេង និង សីហាតបព្រមគ្នា។
«បើវត្តីដឹងនាងច្បាស់ជាដឹងឯងកុហកហើយគិតថាឯងមិនចង់នៅរួមការងារជាមួយនាងមិនខាន។»
វាសនានិយាយត្រួវទៀតហើយ វត្តីស្គាល់ខ្ញុំច្បាស់ណាស់នាងម៉េចនឹងអាចជឿពាក្យកុហកនេះទៅ។
«បើអ៊ីចឹងប្រាប់ការពិតឱ្យវត្តីដឹងទៅចប់រឿងហើយ» សីហា។
«មិនបាន!» លើកនេះមិនមែនវាសនាទេគឺខ្ញុំ។
ពួកគេមើលមកខ្ញុំព្រមគ្នា សីហាក៏សួរទាំងងឿងឆ្ងល់
«វាស្អីឯងអាតុង!»
«បើខ្ញុំចង់ឱ្យនាងដឹងខ្ញុំប្រាប់តាំងពីយប់ទីមួយម៉្លេះ ពួកឯងដឹងហើយថានាងជាស្រីទន់ខ្សោយ ឆាប់ខ្លាច ខ្ញុំមិនចង់ឱ្យនាងឈប់រៀនមុខវិជ្ជាដែលយើងទាំងពីរចូលចិត្តដោយសាររឿងនេះទេ»
«ហ៊ីយ!! ធ្វើនេះក៏មិនបាន ធ្វើនោះក៏មិនកើត ពួកយើងគិតយ៉ាងម៉េចទៅ?» ហេងលើកឡើងសំណួរទាល់ច្រកនេះធ្វើឱ្យពួកយើងគាំងចម្លើយទាំងអស់គ្នា។
«ឬក៏….» វាសនាស្រាប់តែដូចជាមានចម្លើយ ធ្វើឱ្យគ្រប់គ្នាអន្ទះសារចង់ដឹង។
«ទៅរកគ្រូចូលរូប ខ្ញុំយល់ថាខ្មោចនោះដូចជាចង់ប្រាប់អ្វីឯងហើយ មិនអ៊ីចឹងនាងម៉េចនឹងឱ្យឯងរើសបានក្រដាស កាសែតនោះទៅ ទាល់តែទៅរកគ្រូទើបអាចនិយាយគ្នាឱ្យដឹងរឿងបាន»
វាសនានិយាយត្រូវណាស់ខ្ញុំគិតថា ហេតុផលស្លាប់នាងគួរឱ្យសង្ស័យណាស់ ម្តាយឯណាមានកម្លាំងកាយនិងសេចក្តីក្លាហានទៅលោតសម្លាប់ខ្លួនពេលទើបនឹងសម្រាលកូនរួចនោះ?
«តែខ្ញុំមិនស្គាល់គ្រូអ្វីនោះទេ» ខ្ញុំនិយាយទាំងអស់សង្ឃឹមព្រោះគិតថាអ្នកឯទៀតក៏មិនដឹងដូចគ្នា។
«ខ្ញុំស្គាល់…..» ពួកយើងងាកទៅមើលមុខហេងទាំងអស់គ្នា។
«មែនក៏អីហេង?» ខ្ញុំសួរ។
«ថ្ងៃមុនម៉ាក់នាំខ្ញុំទៅឱ្យគ្រូទាយបៀមើលគូស្រករតែគាត់ចាំផ្ទះខុសក៏ចូលផ្ទះគ្រូចូលរូបទៅ» ហេងនិយាយទាំងខ្មាសអៀនពួកយើងឮហើយពិតជាគួរឱ្យចង់សើចណាស់តែខ្លាចហេងខឹងនក៏នាំគ្នាបិទមាត់វិញទៅ។
«រឿងវែងឆ្ងាយណាស់ចាំប្រាប់ពេលក្រោយ» ហេងបន្ត។
អូខេ! ដល់ពេលដែលត្រូវសួរស្រីខ្មោចនោះឱ្យដឹងរឿងម្តងហើយ។ ថ្ងៃដដែលពួកយើងបួននាក់ជិះឡានវាសនាទៅ រកគ្រូដែលហេងបានប្រាប់។
ផ្ទះគាត់នៅជាយក្រុងហើយនៅឆ្ងាយពីផ្លូវជាតិណាស់។ ពួកយើងត្រូវឈប់ឡាននៅមាត់ផ្លូវហើយត្រូវដើរចូលផ្លូវលំកាច់កុងប្រហែលដប់នាទី ទើបទៅដល់ តាមផ្លូវស្ងាត់ណាស់មានសុទ្ធតែព្រៃនៅអមសងខាង។
ដល់កែងបត់ចូលភ្លាមខ្ញុំឃើញផ្ទះវីឡាមួយយ៉ាងប្រណិត ក្នុងចិត្តក៏គិតថាគ្រូនេះច្បាស់ជាពូកែហើយទើបផ្ទះធំបែបនេះ តែហេងបានលប់ចោលការគិតរបស់ខ្ញុំនេះចោលទាំងអស់ព្រោះវាដើរចូលទៅផ្ចះខ្ទមដំបូលប្រក់ស្លឹកដែលនៅជាប់នោះ។
ពួកយើងដើរទៅដល់មាត់ច្រកចូលមិនទាន់បានគោះទ្វារផង ទ្វារក៏បើកខ្វាកពីក្នុងមកដូចមានគេរុញ។ ត្រូវហើយពិតជាមានគេរុញមែនគឺ បុរសម្នាក់កម្ពស់ប្រហែល១ម៉ែត្រ៨០ មាឌធំខ្មៅ លើខ្លួនសុធតែសាក់យ័ន ហើយស្លៀកតែខោខ្លីប៉ុណ្ណោះ។
គាត់ដូចជាបម្រុងយកសំរាមទៅបោះចោល តែពេលឃើញហេងភ្លាម គាត់ស្រាប់តែប្រែទឹកមុខខឹងហើយគំហក ឱ្យពួកយើង ថា៖
«គ្រូទាយរកគូស្រករនៅផ្លួវធំ!» គាត់បម្រុងទាញទ្វារបិទវិញតែវាសនាស្ទុះទៅទប់ទ្វារនោះជាប់។
«ពួកយើងត្រួវខ្មោចលង!» នាងធ្វើមុខមាំដាក់គ្រូនោះ ហើយពួកយើងក៏ទើបតែដឹងដែរថាវាសនាកម្លាំងខ្លាំងដូចប្រុស។
លោកគ្រូក៏ដាក់ទឹកមុខខឹងរបស់គាត់ចុះឈរស្ងៀមសម្លឹងយើងមួយភ្លែតហើយក៏ចំហទ្វារឱ្យពួកយើងចូលវិញ។
ក្នុងផ្ទះគាត់តូចណាស់មិនមានអ្វីច្រើនទេ មានតែ អាសនៈ៦ជាន់មួយនោះចំកណ្តោលផ្ទះតែម្តង។ គាត់អុជធូបបណ្តើរនិយាយបណ្តើរ៖
«មករកគ្រូត្រូវដឹងពីវិជ្ជាគ្រូឱ្យបានច្បាស់លាស់ មិនមែនឱ្យគ្រូចូលរូបទៅទាយរកគូស្រករនោះទេ»
ហាហា! ពួកយើងលួចសើច តិចៗព្រោះដឹងលោកគ្រូកំពុងឌឺហេងដែលច្រឡំពីថ្ងៃមុន។ ហេងមិនហ៊ានតប បានតែធ្វើភ្នែកភ្លឹសៗ ព្រោះដឹងខ្លួនខុស។
«និយាយឱ្យគ្រូស្តាប់បន្តិចមក» គាត់បន្ត។ មិនបង្អង់យូរខ្ញុំក៏រៀបរាប់ដូចដែលខ្ញុំរៀបរាប់ប្រាប់បីនាក់នោះដែរ។
ស្តាប់រួចហើយគាត់ក៏សួរបន្ត៖
«ស្គាល់ឈ្មោះនាងទេ?»
«អត់ទេលោកគ្រូ»ខ្ញុំតប។
«ចុះថ្ងៃខែឆ្នាំកំណើត?» យី! បើឈ្មោះមិនទាំងស្គាល់ផងធ្វើម៉េចទៅដឹងរឿងនឹងកើតទៅ? ខ្ញុំហាមាត់រៀបនឹង ឆ្លើយថាអត់ហើយស្រាប់តែហេងចូលមកកាត់។
«ខ្មោចវាមកលង មិនមែនមកធ្វើសំបុត្រកំណើតទេលោកគ្រូ» ហេងដាក់មូយម៉ាត់នេះពិតជាត្រូវ ចិត្តពួកយើងណាស់ទាំងលោកគ្រូក៏ស្ងាត់មាត់តបមិនកើត ហេងដូចបានសងសឹកវិញអ៊ីចឹង។
«អើ! បើមករកគ្រូហើយស្អីក៏មិនដឹង អ៊ីចឹងពួកឯងចង់ឱ្យយើងហៅខ្មោចមួយឋាននរកមកជួបពួកឯងម្តងមួយមែន អ្ហេស! បានហើយទៅណាក៏ទៅៗ» ពួកយើងរៀបនឹងងើបហើយតែខ្ញុំស្រាប់តែនឹកឃើញ។
«ចុះបើមានរូបថតអាចជួយបានទេលោកគ្រូ?» ខ្ញុំដកក្រដាស់កាសែតឱ្យគាត់ គាត់យកវាដាក់ចំពីមុខ បត់ជើងហើយ លើដៃសំពះ មាត់គាត់ដូចជាសូត្របាលីតែមិនបានឱ្យឮចេញមកខាងក្រៅទេ។
ខ្យល់ត្រជាក់ស្រេបបក់ចូលមកតាមទ្វារធ្វើឱ្យពួកយើងព្រឺខ្នងខ្ញាក ឯបបូរមាត់លោកគ្រូក៏ឈប់សូត្របាលីទៀត។ ពួកយើងស្ងាត់ជ្រាប ហើយភ្នែកក៏បាញ់ទៅរកមុខគ្រូទាំងអស់គ្នា។
ពេលខ្យល់ស្ងប់ភ្លាមលោកគ្រូស្រាប់តែលោតឡើងទៅលើហើយពែនភ្នែនទម្លាក់ខ្លួនមកវិញធ្វើឱ្យបាក់កៅអី ប្រាវ។ ពួកយើងភ្ញាក់ក្រញាងលោតឱបគ្នាឡើងខ្វិន។
លោកគ្រូអង្គុយធ្មឹងមិនកម្រើកស្រាប់តែបើភ្នែកខ្វាច់សម្លឹងមកពួកយើង។
«តុង!» ហ្អាស់! សំឡេងមនុស្សស្រីចេញពីមាត់គ្រូមាឌធំខ្ពស់នោះ ឡើងគ្រលួចហើយស្គាល់ឈ្មោះខ្ញុំទៀតធ្វើ ឱ្យរោមទាំងប៉ុន្មាននៅលើខ្លួនខ្ញុំបាស់ឡើងលើទាំងអស់។
«សុំទោស!» យី! ខ្មោចចេះដឹងខុសទៀត។ ខ្ញុំភាន់ភាំងអស់មិនដឹងថាគួរនិយាយអីសមតែស្តាប់សំឡេងនាងដូចជា មានចិត្តស្មោះក្នុងការសុំអភ័យទោសនេះណាស់។
«ស្គាល់ខ្ញុំដែរ? ហើយហេតុអីបានសុំទោសខ្ញុំ?» ខ្ញុំសួរ។
«ឮសង្សារនាយហៅនាយក្នុងបន្ទប់សម្រាកបែបនេះក៏ហៅតាមទៅ!»
បានន័យថាថ្ងៃនោះនាងនៅក្នុងបន្ទប់ នោះរហូត។
«ខ្ញុំសុំទោសនាយព្រោះ២ថ្ងៃកន្លងមកនេះខ្ញុំប្រហែលជាធ្វើឱ្យនាយភ័យណាស់ហើយ» អ៊ូហ៊ូ! ចេះដឹងខ្លួនដែរតើ លងឡើងរត់សឹងនឹងបាក់កទៅហើយហ្នឹង។
«ខ្ញុំគ្មានចេតនាបំភ័យនាយទេ តែបើមិនធ្វើអ៊ីចឹងនាយមិនអាចមករកខ្ញុំដែរ»
«ចុះនាងត្រូវការអី!» ខ្ញុំក៏សួរបន្ត។
«ខ្ញុំចង់ឱ្យនាយជួយរឿងមួយ»
វាសនាស្មានត្រូវណាស់ ខ្មោចនេះពិតជាមានបំណងអ្វីមួយមែន។
«និយាយសិនមក ចាំមើលខ្ញុំអាចធ្វើអីបានខ្លះ?» បីនាក់នោះមើលមុខខ្ញុំហើយក៏ដូចជាចង់ស្តាយក្រោយដែលហាមាត់ ចង់ជួយខ្មោច តែមិនដឹងហេតុអីទេខ្ញុំស្រាប់តែ យល់ថានាងគួរឱ្យអាណិតណាស់។
«ខ្ញុំឈ្មោះនី សុធារ៉ា អាយុ២២ឆ្នាំជានិសិត្សពេទ្យឆ្នាំទីបួននៅមហាវិទ្យាល័យវិជ្ជសាស្រ្តនិងសុខាភិបាល កាលនោះគឺ នៅឆ្នាំ២០០១ ខ្ញុំត្រូវចុះអនុវត្តការសិក្សានៅមន្ទីរពេទ្យមាតា ខ្ញុំចុះយាមបានមួយឆ្នាំក៏បានស្រលាញ់គ្នាជាមូយ បុរសម្នាក់ ដែលធ្វើការនៅទីនោះ។
ពួកយើងស្រលាញ់គ្នាអស់រយៈពេលមួយឆ្នាំទើបខ្ញុំដឹងថាពពោះកូន២ខែជាមួយគេ។ គ្រាន់តែដឹងថាខ្ញុំមានសាច់ឈាមគេភ្លាម គេបង្ខំឱ្យខ្ញុំយកចេញតែខ្ញុំមិនព្រម មិនយូរប៉ុន្មានគេក៏ដោះដៃលែង ទាក់ទងខ្ញុំទៀត។ ដល់ថ្ងៃសម្រាលកូនខ្ញុំសម្រាលបានកូនប្រុសមួយ ខ្ញុំធ្លាក់ឈាមខ្លាំងពេកត្រូវគេបញ្ចូនទៅបន្ទប់សង្រ្គោះបន្ទាន់ ប៉ុន្តែមិន ទាន់ដល់បន្ទប់ផងខ្ញុំត្រូវមនុស្សប្រុសពីរនាក់ដែលរុញខ្ញុំទៅចាប់បោះទំលាក់ពីជាន់ទី៣មកក្រោម។»
ពុទ្ធោ! នាងពិតជាត្រូវគេសម្លាប់មែន អ្នកណាអីក៏ព្រៃផ្សៃម្ល៉េះអាចធ្វើបែបនេះទៅកើត។
«នាងស្គាល់ពីរនាក់នោះទេ?» សីហាសួរ។
«អត់ទេ! ពួកគេពាក់ម៉ាស់ពេទ្យជាប់ខ្ញុំមិនអាចចាំមុខបានទេ» ធារ៉ាឆ្លើយ។
«ចុះនាងធ្លាប់មានគំនុំជាមួយអ្នកគេអត់?» វាសនាក៏សូរត។
«ខ្ញុំជាមនុស្សធម្មតាណាស់ មិនដែលមានគំនុំជាមួយអ្នកណាទេ»។
ស្តាប់ធារ៉ានិយាយរឿងនាងយូរៗទៅភ្នែកខ្ញុំមើលលែងឃើញលោកគ្រូនមាឌធំនោះទៀតហើយ គឺឃើញតែមនុស្សស្រី គួរ ឱ្យអាណិតម្នាក់អង្គុយរៀបរាប់ការស្លាប់ខ្លួនឯងយ៉ាងក្រៀមក្រំ។
«ឥឡូវនាងចង់ឱ្យពួកយើងជួយអ្វីទៅ? រកឃាតករមែនទេ? ពួកយើងមិនអាចធ្វើបានទេ»
ខ្ញុំត្រូវនិយាយការពារទុក មុនព្រោះពួកយើងជានិសិត្សមិនអាចផ្សងគ្រោះថ្នាក់បានទេ។
«អត់ទេ!» ឮហើយធូរទ្រូង។
«ខ្ញុំស្លាប់ហើយខ្ញុំមិនដេញដោលទេ អ្វីដែលធ្វើឱ្យខ្ញុំនៅតែវិលវល់មិនព្រមទៅណាដោយសារតែរឿងមួយគត់គឺ ខ្ញុំពិតជាចង់ជួបកូនខ្ញុំណាស់ ពេលបង្កើតវាហើយខ្ញុំត្រូវគេរុញចេញទៅ សូម្បីតែមុខកូនក៏ខ្ញុំមិនបានមើលផង ដឹង ត្រឹមតែជាកូនប្រុស ពេលនេះវានៅឯណា រស់នៅបែបណាក៏ខ្ញុំមិនដឹង ១០ឆ្នាំហើយខ្ញុំនឹកវាខ្លាំងណាស់ តើនាយអាច ជួយរកវាឱ្យ ខ្ញុំផងបានទេ? សុំត្រឹមរូបថតមួយសន្លឹក និងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់វាក៏ស្ងប់ចិត្តហើយ ណានាយណា ជួយខ្ញុំម្តងទៅ» នាងតបទាំងទឹកភ្នែកហូរអង្វរពួកយើង។
ទឹកចិត្តម្តាយធំធេងណាស់ អ្នកណាសម្លាប់នាង នាងមិនខ្វល់ដឹងត្រឹមចង់ឃើញមុខកូនពួកយើងអាណិតនាងឡើង ហូរទឹកភ្នែកមិនដឹងខ្លួនទៅហើយ។
«នាយចង់ដឹងថាហេតុអីបានជាខ្ញុំរើសយកនាយមែនទេ?» វ៉ាវ! ហេតុអីបានជានាងដឹងខ្ញុំគិតអីអ៊ីចឹង?
«ព្រោះនាយជាមនុស្សល្អ ហើយអ្នកទាំងពីរដូចពួកយើងកាលឆ្នាំនោះណាស់» ខ្ញុំគិតពីសម្តីចុងក្រោយរបស់នាង តែមិនយល់ទេថានាងចង់មានន័យថាម៉េចទេ។
ខ្ញុំចង់សួរតទៀតតែពេលងាកមកវិញក៏ភ្ញាក់ព្រើតនឹងមុខគ្រូមាឌធំនោះ ដែលកំពុងសម្លក់ពួកយើង។
«ហេតុអីបានក្នុងផ្ទះរញ៉េរញ៉ៃម្ល៉េះ ហើយបាក់កៅអីយើងអស់មួយទៀត!» គាត់សួរខ្លាំងៗ។
«អឺ…. ពេលខ្មោចចូលលោកគ្រូក៏ទៅជាអ៊ីចឹងទៅ» ហេងតបទាំងរអាក់រអួល។
«រកស៊ីច្រើនឆ្នាំហើយមិនដែលបែបនេះសោះ ពួកនេះចង្រៃមែន! ទៅចេញទៅ»
ពួកយើងទុក៣០ដុល្លាលើតុហើយក៏នាំគ្នារត់ចេញយ៉ាងប្រញាប់ព្រោះខ្លាចគ្រូនោះទប់កំហឹងមិនជាប់ក៏វាយពួកយើង។
ថ្ងៃទី៤…
ចេញពីរៀនខ្ញុំប្រាប់វត្តីថារវល់តែតាមពិតមកប្រជុំគ្នារឿងនិសិត្សស្រីនោះជាមួយបីនាក់ទៀតនៅហាងកាហ្វេដដែល។ ម្នាក់ៗជ្រួញចិញ្ចើមអង្គុយមើលមុខគ្នាដូចដោះស្រាយរឿងប្រទេសជាតិអ៊ីចឹង។
ខ្ញុំសម្រេចចិត្តថាជួយនាងចាត់ទុកថាធ្វើ បុណ្យទៅចុះ ណាមួយវាជាដំណោះស្រាយមួយយ៉ាងល្អសម្រាប់ខ្ញុំ ប៉ុន្តែវាពិកបាកបន្តិចព្រោះរឿងវា១០ឆ្នាំជាងហើយមិនដឹងត្រូវចាប់ផ្តើមពីកន្លែងណាទេ។
ពួកយើងពឹងលើអ្នកទំនាក់ទំនងទើបអាចចូលទៅរកប្រវត្តរូបនាងនៅក្នុងសាលាបាន។ ពួកយើងចាប់ផ្តើមពីអាសយដ្ឋានចាស់ របស់នាងព្រោះគិតថាបើនាងស្លាប់បាត់ហើយ កូននោះច្បាស់ជាត្រូវគេប្រគល់ឱ្យ ឪពុកម្តាយនាងជាមិនខាន។
តែពេលទៅដល់ម្ចាស់ផ្ទះថ្មីប្រាប់ថារើចេញទៅយូរហើយហើយក៏មិនមានទំនាក់ទំនងដែរ។
ពួកយើងក៏ចាប់រកបន្ត ពីមិត្តរួមថ្នាក់មួយទៅមួយរបស់នាង តែចម្លែកណាស់ អ្នកដែលរៀននិងធ្វើការជាមួយនាង ភាគច្រើនបាន ស្លាប់នៅឆ្នាំនោះដោយលោតពីលើអាគារអស់ហើយ។
តើនាងជាអ្នកធ្វើវាមែនទេ?
កន្លងមកជាច្រើនថ្ងៃពួកយើងបាត់តម្រុយអស់អ្វីក៏រកមិនឃើញហើយពេលខ្ញុំចុះទៅយាមនៅមន្ទីរពេទ្យវិញធារ៉ាក៏ មិនមករកខ្ញុំដូចកាលពីមុនដែរ។ តើនាងទៅណាទៅ? ឬមួយនាងអស់សង្ឃឹមនឹងខ្ញុំហើយទេដឹង?
ដ្បិតតែអ្វីៗដំណើរការបានល្អវិញតែចិត្តខ្ញុំនៅតែចង់សម្រេចបំណងចុងក្រោយឱ្យអ្នកម្តាយកំសត់នេះណាស់។ ខ្ញុំអង្គុយនៅកង់ទីនសាលាមើលរូបនាងលើក្រដាស់កាសែតម្នាក់ឯង។
«ធារ៉ា?» ខ្ញុំងាកទៅរកប្រភពសំឡេង ការពិតគឺលោកគ្រូនិមិត្តរូបខ្ញុំ ហ៊្សេនណារ៉ាល់តើ! គាត់ដាក់កាហ្វេ ចុះហើយ អង្គុយក្បែរខ្ញុំ។
«លោកគ្រូស្គាល់នាងដែរ?» ខ្ញុំសួរ។
«ថ្ងៃនាងសម្លាប់ខ្លួន គ្រូជាពេទ្យបង្កើតកូនឱ្យនាង រឿងអីថាមិនចាំហើយណាមួយនាងជានារីស្អាត រួសរាយគួរឱ្យស្រលាញ់ណាស់អ្នកធ្វើការក្នុងមន្ទីរពេទ្យឆ្នាំនោះភាគច្រើនស្គាល់នាងទាំងអស់ហ្នឹង» លោកគ្រូតប។
តាមពិតលោកគ្រូជាអ្នកនៅក្នុងហេតុការណ៏នោះដែរសោះ ល្អហើយអ៊ីចឹងខ្ញុំនិងបានសួរកាន់តែច្រើន។
«មានគេឃើញនាងលោតពីលើអាគារផ្ទាល់ទេលោកគ្រូ?»
«មាន! គឺធីតាប្រពន្ធគ្រូ ពេលនោះធីតាមកយកលោកគ្រូទៅញ៉ាំបាយ ពេលកំពុងចតឡាននៅខាងក្រៅក៏ បានឃើញធារ៉ាឡើងលើបង្អួចហើយទម្លាក់ខ្លួនមកដី»
ហ្អាស់! ស្តាប់ដល់កន្លែងនេះភ្លាមបេះដូងខ្ញុំលោតភឹប នឹកឃើញដល់សម្តីធារ៉ាកាលថ្ងៃនោះ នាងថាខ្លួនត្រូវគេសម្លាប់ ទេតើ ហេតុអីក៏មានគេឃើញនាងលោតសម្លាប់ខ្លួនអ៊ីចឹង? នាងកុហកមែនទេ? នាងកុហកខ្ញុំធ្វើអីទៅ? ឬមួយនាងខ្មាសគេមិនហ៊ាន និយាយ? ហ៊ូយ! ច្របូកច្របល់អស់ហើយ។
ខ្ញុំរាងស្រឡាំងកាំងបន្តិចហើយក៏សួរត៖
«ចុះកូននាងពេលនោះត្រូវមន្ទីរពេទ្យបញ្ចូនឱ្យម៉ាក់ប៉ានាងមែនទេលោកគ្រូ?»
«កូននាងស្លាប់ហើយ» លោកគ្រូតបដូចធម្មតាតែខ្ញុំវិញចំហមាត់បើកភ្នែកធំរកសួរអីលែងចេញទៀត។
«ក្រោយនាងស្លាប់ប៉ុន្មាននាទី ចង្វាក់បេះដូងកូននាងស្រាប់តែខ្សោយទៅៗ គ្រូខំអស់ពីលទ្ធភាពតែសង្រ្គោះមិនបានទេ»
គាត់ឃើញខ្ញុំដូចជាស្ងាត់ក៏និយាយត៖
«និយាយអ៊ីចឹងឯងបានកាសែតចាស់នេះពីណា? ហើយម៉េចក៏ចង់ដឹងរឿននេះ?»
ខ្ញុំសម្រួលអារម្មណ៏ឆ្លើយនឹងសំណួរគាត់វិញ៖
«អូ…! ខ្ញុំចេះតែសួរលេងទេលោកគ្រូ ហើយក្រដាសនេះពេលចុះយាមខ្ញុំទៅប្រមូលនៅបន្ទប់ដាក់អីវ៉ាន់ទុកយកមកប្រើឡើង វិញទេ!» ខ្ញុំដោះសារយករួចខ្លួនព្រោះមិនចង់និយាយច្រើន។
«អើ ខំរៀនឡើងគ្រូទៅហើយ!»
«បាទ!»
គាត់ពិសារកាហ្វេអស់ក៏ឡើងកង់របស់គាត់ចេញទៅបាត់ទៅ។ ដ្បិតតែគាត់មានលុយច្រើនតែគាត់ពិតជាសន្សំសំចៃណាស់ សមជានិមិត្តរូបរបស់ខ្ញុំមែន។
ងាកមករឿងធារ៉ាវិញ នាងសម្រេចចិត្តស្លាប់ខ្លូនឯងសោះហើយក៏ប្រហែលជានាងខ្លួនឯងដែរដែលជាអ្នកនាំកូន និងមិត្តខ្លួនឯងទៅជាមួយ។ នាងលងបន្លាចខ្ញុំហើយប្រើខ្ញុំឱ្យរកមនុស្សស្លាប់ម្នាក់ឡើងវិលក្បុងអស់ទៀត នេះបើខ្ញុំមិនបានជួបលោកគ្រូទេពេលណាទើបនាងឈប់លេងសើចជាមួយខ្ញុំទៅ?
កាន់តែគិតកាន់តែខឹង បើមិនដោយសាវត្តីខ្ញុំចង់ទៅសុំគេប្តូរមន្ទីរពេទ្យយាមឥឡូវនេះភ្លាម។
«វ៉ាក់អើ!» នឹកដើមដង្ហើមដល់មែន មិនបាច់ប្រាប់ក៏ដឹងថាជាវត្តីសង្សារខ្ញុំដែរ នាងមកអង្គុយជិតខ្ញុំហើយសួរ៖
«ប៉ុន្មានថ្ងៃនេះចេញពីរៀនបាត់បងឯងទៅណា?»
ឮសំណួរនេះទើបខ្ញុំភ្ញាក់ខ្លួន តាមពិតខ្ញុំគិតតែពីរឿងស្រីខ្មោចនោះរហូតដល់គ្មានពេលរវល់និងសង្សារខ្លួនឯង។
«បង…បងមានការងារធ្វើនៅផ្ទះច្រើនទើបគ្មានពេលកំដរអូននឹងណា»
«ច្បាស់ហើយថារវល់នៅផ្ទះ?» នាងធ្វើមុខស្មើរហើយសូរត។
«បាទ!មែនហើយ»
«តែម្សិលមិញខ្ញុំទៅដល់ផ្ទះ អ៊ុំស្រីប្រាប់ថាបងមិននៅ បើអ៊ីចឹងបងរវល់នៅផ្ទះឬក៏រវល់មានអ្នកថ្មី? ឆ្លើយភ្លាម!»
នាងបញ្ចេញសំឡេងកាចហើយទឹកមុខពិឃាតរបស់នាងមើលមកខ្ញុំ។ ចប់ហើយពេលនេះកំពុងខឹងខ្មោចនោះផង ឥឡូវសង្សារប្រចណ្ឌព្រោះតែខ្មោចនឹងទៀត។
«បង….បងអត់មានទេបងស្បថក៏បានគឺគ្មានមែនណា ជឿបងទៅ!« ខ្ញុំរដាក់រដុបព្រោះខ្លាចថានាងខឹងខ្ញុំមែនតែនាង បែរជាអស់សំណើចនឹងមុខខ្ញុំដែលកំពុងតែភ័យនោះទៅវិញ។
«ហាសហាស! មើលបងឯងចុះដូចឆ្កួតអ៊ីចឹង»
ខ្ញុំលែងភ័យតែបែរជាឆ្ងល់វិញ។
«អូនឯងអត់ខឹងបងទេ?»
«ខឹងខួយអីទៅ អាណិតបងវិញទេដែលត្រូវខ្មោចលង»
«ខ្មោចលង! អ្នកណាប្រាប់ថាត្រូវខ្មោចលង?» ខ្ញុំជ្រួញចិញ្ចើម។
«គឺហេងហ្នឹងណា អូនឱ្យកាហ្វេប៊្រេនវាមួយកែវ រឿងអាថ៍កំបាំងអីក៏វាប្រាប់អូនដែរ»
«ហេងនេះរកទុកចិត្តមិនបានសោះ» ខ្ញុំខ្សឹបៗម្នាក់ឯង។
«កុំខឹងវាអី អូនអង្វរវាឱ្យប្រាប់ទេ»
«បងមិនចង់ឱ្យប្រាប់ ព្រោះមិនចង់ឱ្យអូនខ្លាច អូនដឹងអត់?»
«អូនដឹងថាបងបារម្ភ តែអូនធំហើយមិនមែនក្មេងទៀតទេ អ្វីដែលអូនបារម្ភគឺបង បងរកអស់ច្រើនថ្ងៃយ៉ាងនេះ រកឃើញអត់?»
«ហ៊ីម! តែស្រមោលក៏មិនឃើញដែរ» ខ្ញុំតប។
«អូនអាណិតធារ៉ាណាស់ ពេលបងទៅជួបនាងម្តងទៀតឱ្យអូនសុំតាមទៅផងបានទេ»
«ទៅធ្វើអីមិនពាក់ព័ន្ធនឹងអូនទេ»
«អូនមិនចង់ឱ្យបងប្រឈមមុខនឹងរឿងនេះម្នាក់ឯងទេ អូនចង់ឆ្លងកាត់វាជាមួយបងណា»
ឮហើយរំភើបណាស់ ខ្ញុំចង់ប្រាប់រឿងដែលលោកគ្រូប្រាប់ខ្ញុំមិញនេះឱ្យពួកគេបានដឹងណាស់ប៉ុន្តែដោយសារមិនអស់ចិត្តទើបខ្ញុំលាក់វាទុកដើម្បីនិយាយប្រាប់នាងនៅពេលជួប។
«បាន! បើអ៊ីចឹងល្ងាចនេះពួកយើងទៅជួបនាងទាំងអស់គ្នាទៅ»
វត្តីងក់ក្បាលហើយឱបដៃខ្ញុំជាប់ ពួកយើងនិយាយគ្នាលេងមួយសន្ទុះធំទើបទៅផ្ទះរៀងខ្លួន។
លុះដល់ល្ងាចម៉ោង៦ល្ងាច ពួកយើងទាំង៥នាក់ធ្វើដំណើរទៅផ្ទះគ្រូនៅឯជាយក្រុងនោះម្តងទៀត។
ពួកគេទាំងបួននាក់ មិនទាន់ដឹងការពិត នៅមានចិត្តអាណិតធារ៉ានៅឡើយ ឯខ្ញុំវិញនៅក្នុងចិត្តខឹងនឹងនាងខ្លាំងណាស់ ខ្ញុំប្រាប់ខ្លួនឯងថាពេលបកអាក្រាតនាងចំពោះមុខអ្នកទាំងអស់គ្នាហើយ នឹងស្នើរសុំប្តូរមន្ទីរពេទ្យមិនឱ្យនាងមានឱកាសមក ធ្វើបាបខ្ញុំបានម្តងទៀតទេ ប៉ុន្តែមិនដឹងហេតុអីទេយូរម្តងអារម្មណ៍ខ្ញុំប្រាប់ថា ដូចជាមិនស្រួលសោះ។
ពួកយើងសុំអង្វរលោកគ្រូអស់ពេលយ៉ាងយូរទើបគាត់ព្រមជួយយើងជាលើកចុងក្រោយ៖
«សួស្តីអ្នកទាំងអស់គ្នា!» ដូចកាលមកទីនេះដំបូងអ៊ីចឹងគឺសំឡេងមនុស្សស្រីចេញពីមាត់លោកគ្រូនិយាយមកកាន់ពួកយើង ។
«នាងស្អាតខ្លាំងណាស់វត្តី»
«ចាស៎អរគុណ» វត្តីឱបដៃខ្ញុំទាំងញ័រហើយតប។
«ប៉ុន្មានថ្ងៃនេះលំបាកដល់អ្នកទាំងអស់គ្នាហើយ អរគុណហើយដែលព្រមជួយខ្ញុំ»
ខ្ញុំអង្គុយស្តាប់សម្តីកុហករបស់នាងទាំងសាំចិត្ត។
«ពួកនាយរកកូនខ្ញុំឃើញហើយមែនទេ?» នាងសួរត។
«មិនឃើញទេ…» សីហាតប។
«ពួកយើងរកសព្វអស់តម្រុយដែលយើងមានតែនៅតែរកមិនឃើញ ម៉ាក់ប៉ានាងមិននៅផ្ទះចាស់ទៀតទេ ហើយអ្នកដែលធ្លាប់រៀននិងធ្វើការជាមួយនាងភាគច្រើនស្លាប់អស់ទៀត ពួកយើងពិតជាមិនអាចជួយបានមែន សុំទោសផង»
ឮសីហារៀបរាប់ហើយនាងទម្លាក់ទឹកមុខចុះ៖
«មិនអីទេ ទោះយ៉ាងណានៅតែអរគុណពួកនាយដដែល» នាងតប។
ខ្ញុំពិតជាទ្រាំស្តាប់ពាក្យនាងនិយាយលែងបានទៀតហើយ។
«នាងសើចឆ្អែតហើយមែនទេ!» ខ្ញុំបោះមួយម៉ាត់នេះចេញទៅ ធ្វើឱ្យភ្ញាក់ផ្អើលដល់គ្រប់គ្នា។
«នាយនិយាយមានន័យថាម៉េចហ្នឹង?» ធារ៉ាសួរ។
«មានន័យថាម៉េចនាងដឹងច្បាស់ជាងគេ អ្វីដែលនាងប្រាប់ពួកយើងកាលថ្ងៃនេះគឺកុហកទាំងអស់ នាងមិនបានត្រូវគេសម្លាប់ទេ មានមនុស្សឃើញនាងលោតពីលើអាគារមកខ្លួនឯងដោយផ្ទាល់ភ្នែក»
«តុង! ឯងនិយាយអីនឹង!» វាសនាសួរទាំងភាន់ភាំង។
«ហើយនៅមានរឿងមួយទៀត នាងឱ្យពួកយើងដើររកកូននាងស្ទើរឆ្កួតពេញទីក្រុង ទាំងនាងដឹងហើយថាកូនខ្លួនឯងស្លាប់បាត់តាំងពីថ្ងៃកើតមកម្ល៉េះ» គ្រាន់តែឮពាក្យស្លាប់នាងបើកភ្នែកធំៗ។
«ស្លាប់? កូនខ្ញុំស្លាប់ហើយ! មិនពិតទេ! មិនអាចទេ! ហេតុអី….ហេតុអីបានជាឃោឃៅដល់ថ្នាក់នេះ!» នាងឈរទ្រឹងស្រែកយំម្នាក់ឯង។
«ហើយឯងទៅដឹងរឿងអស់នេះយ៉ាងម៉េចបាន» ហេងសួរ។
«ព្រឹកមិញខ្ញុំជួបលោកគ្រូ ហ៊្សេនណារ៉ាល់នៅសាលា គាត់ជាអ្នកបង្កើតកូនឱ្យនាងកាលពីឆ្នាំនោះ គាត់ថាក្រោយនាងស្លាប់ប៉ុន្មាននាទីកូនក៏បានស្លាប់ទៅដែរ គឺនាងជាអ្នកនាំកូនខ្លួនឯងទៅ ហេតុអីបាននាងធ្វើបែបនេះ!» ខ្ញុំស្រែកគំហកដាក់នាង។
នាងសើចផងយំផងដូចជាមនុស្សឆ្គួតពេលឮឈ្មោះលោកគ្រូ។ សំឡេងនាងសើចប្រែជាអាក្រក់ទៅៗ ខ្លាំងទៅៗ គ្រលួច ពេញផ្ទះទាំងមូល។
ផាំង! សំឡេងរន្ទះលាន់ឮយ៉ាងខ្លាំងហើយដាច់ភ្លើងងងឹតស្លុប។ ពួកយើងប្រើពិលទូរសព្ទបញ្ចាំងរកមើលគ្នាស្រាប់តែ ឃើញលោកគ្រូដេកសន្លប់នៅលើដី។
«ដឹងខ្លួនឡើងលោកគ្រូ!» ពួកយើងដាស់គាត់យ៉ាងណាក៏មិនភ្ញាក់ដែរ។
ខណៈពេលពួកយើងកំពុងជ្រួលច្របល់ ភ្លើងស្រាប់តែភ្លឺមកវិញ ខ្ញុំងាកទៅរកវត្តីឃើញនាងដើរសំដៅទៅទ្វារចេញ។ ខ្ញុំហៅនាងយ៉ាងណាក៏មិនងាកសោះ ពេលនោះអារម្មណ៍ប្រាប់ខ្ញុំភ្លាមថាមិនជាវត្តីទេគឺធារ៉ាកំពុងនៅក្នុងខ្លួននាង។
ខ្សែភ្នែកដែលនាងមើលខ្ញុំពេលនេះមិនស្លូតបូតដូចកាលពីមុនទៀតទេគឺជាខ្សែភ្នែកដ៏កាចសាហាវពោរពេញដោយភ្លើងគំនុំ។ តើនាងយកសង្សារខ្ញុំទៅណាទៅ? នាងចង់ធ្វើបាបវត្តីទេដឹង?
នាងរត់ចេញទៅបាត់ខ្លួននៅក្នុងភ្លៀងដ៏ធំនោះ។ ខ្ញុំឱ្យហេងនិងវាសនាហៅឡានពេទ្យនិងនៅមើលលោកគ្រូ ឯសីហានិងខ្ញុំចេញទៅតាមវត្តី។
ពួកយើងរត់កាត់ភ្លៀងខ្ញុំឃើញវត្តីព្រាលៗ រត់បត់ចូលវីឡាដ៏ធំដែលខ្ញុំច្រឡំថាជាផ្ទះគ្រូចូលរូបកាលថ្ងៃនោះ។ ពេលតាមទៅដល់ខ្ញុំក្រឡេកឃើញវត្តីដើរឡើងរបងវីឡាម្តងមួយជំហានៗចូលផ្ទះនោះបានយ៉ាងងាយស្រួល។ ហេតុអីបានជានាងចូលផ្ទះនោះអ៊ីចឹង?
របងនោះខ្ពស់គួរសមខ្ញុំត្រូវជាន់លើស្មារបស់សីហាដើម្បីផ្លោះចូលទៅហើយឱ្យសីហាចាំនៅខាងក្រៅម្នាក់ឯង។
ផ្ទះនោះស្ងាត់ណាស់ដូចជាគ្មានអ្នកណានៅទេ។ ខ្ញុំដើរទៅដល់មាត់ទ្វារមិនប្រយ័ត្នក៏ធ្វើឱ្យកង់ម្ចាស់ផ្ទះដួល ពេល ខ្ញុំលើកង់នោះឡើងទើបចាប់អារម្មណ៍ដឹងថានេះជាកង់របស់លោកគ្រូ ហ៊្សេនណារ៉ាល់ដែលគាត់ជិះព្រឹកមិញនេះតើ ក៏បានន័យថានេះជាផ្ទះរបស់គាត់ដែរតើមែនទេ?
ព្រះអើយ! តើធារ៉ាដោយសារតែលោកគ្រូប្រាប់ការពិតដល់ខ្ញុំទើបចូលមកសម្លាប់គាត់ទេដឹង? មិនបានទេត្រូវតែទៅ ឃាត់នាងឱ្យទាន់មិនអ៊ីចឹងនឹងគ្រោះថ្នាក់ដល់វត្តីទៀតជាមិនខាន។
ខ្ញុំបើកទ្វារចូល ខាងក្នុងផ្ទះមានសុទ្ធតែគ្រឿងសង្ហារឹមដែលធ្វើមកឈើប្រណិត និងរបស់របរទំនើបជាច្រើនទៀត។ ខ្ញុំដើរចូលមិនទាន់បានប៉ុន្មានផងស្រាប់តែ……។
«ស្តាប់….. ស្តាប់បងសិន!» សំឡេងមនុស្សប្រុសឮល្វើយៗ ចេញពីជាន់ខាងលើ។
ខ្ញុំដើរទៅតាមប្រភពសំឡេង ខ្ញុំលបៗដល់មុខបន្ទប់ហើយមើលតាមចន្លោះទ្វារដែលចំហឃើញយ៉ាងច្បាស់ថានោះពិត ជាលោកគ្រូពេទ្យ ហ៊្សេនណារ៉ាល់មែន។
ពួកគេកំពុងឈរទល់មុខគ្នា ទឹកមុខលោកគ្រូស្លន់ស្លោរគ្មានឈាមមួយដំណក់ទេ។ គាត់ប្រហែលជាមើលឃើញវត្តីជា ធារ៉ាដូចខ្ញុំដែរហើយក៏ថាបាន។
ខ្ញុំចង់ស្ទុះទៅចាប់វត្តីចេញពីទីនោះណាស់តែខ្ញុំស្រាប់តែឮពាក្យមួយឃ្លាចេញពីមាត់លោកគ្រូ៖
«អូន…. ស្តាប់…. ស្តាប់បងបកស្រាយសិន! រឿងនេះមិនដូចអូនគិតទេ!»
អូន? បង? ពួកគេគ្រាន់តែជាគ្រូនឹងសិស្សហេតុអីហៅគ្នាសុទ្ធតែបងអូនអ៊ីចឹង?
«មនុស្សប្រុសចង្រៃថោកទាបដូចឯងនេះនៅមានពាក្យបកស្រាយស្អីទៀត! ស្រលាញ់គ្នាលួចលាក់អស់ពេលជិត២ឆ្នាំ ពាក្យដែលឯងនិយាយទាំងប៉ុន្មានមានពាក្យពិតមួយណាទៅ? ដំបូងប្រាប់យើងថាគ្មានប្រពន្ធ ស្រលាញ់យើងជាមនុស្សស្រីទីមួយ ដល់ពេលយើងដឹងឯងក៏ដោះសារថាពេលកូនយើងកើតនឹងលែងប្រពន្ធចោលមករស់នៅជាមួយយើង? ឯងឱ្យមនុស្សស្រីកំពុងពពោះម្នាក់លាក់ទំនាក់ទំនងមួយនេះរហូតដល់សូម្បីឪពុកម្តាយយើង ក៏កាត់កាលលែងទទួលស្គាល់យើងជាកូនទៀត។ យើងអស់ចិត្តនឹងឯងយូរណាស់ហើយ គ្រាន់តែសង្ឃឹមអាចរស់នៅមើលថែកូនមួយនេះដោយខ្លួនឯងប៉ុណ្ណោះ។ តើហេតុអីបានជាឯងគ្នានធម៌មេត្តាមិនត្រឹមតែឱ្យគេសម្លាប់យើងទេថែមទាំងចិត្តដាច់សម្លាប់កូនខ្លួនឯងដែលទើបចាប់ កំណើតទៀត! តើឯងនៅមានសារជាតិជាមនុស្សទេ?» សម្តីធារ៉ាមួយមាត់ណាក៏ពោរពេញដោយកំហឹងពេញខ្លួនដែរ។
«បងសុំទោស!» លោកគ្រូឱនមុខហើយតប។
ពាក្យសុំទោសរបស់លោកគ្រូមួយម៉ាត់នេះធ្វើឱ្យខ្ញុំស្វាងដូចត្រូវគេជះទឹកត្រជាក់ដាក់មុខអ៊ីចឹង។ ខ្ញុំស្តាប់ឮហើយហួសចិត្តណាស់ មិននឹកស្មានថាគ្រូដែលខ្ញុំគោរពស្រលាញ់ និងកោតសរសើរអាចធ្វើរឿងអមនុស្សធម៌បែបនេះសោះ ពិតជាថោកទាបណាស់។
លោកគ្រូងើបមុខមកវិញហើយនិយាយបន្ត៖
«បងគ្មានបំណងធ្វើឱ្យអូនស្លាប់ទេ បងពិតជាស្រលាញ់អូនហើយចង់រស់នៅជាមួយមែន តែ……» លោកគ្រូអេះអុញដូចជាលាក់លៀមអ្វីម្យ៉ាង។
«ដល់ដំណាក់កាលនេះហើយ នៅរកពាក្យមកកុហកយើងទៀតមែនទេ យើងប្រាប់ឯងចុះថ្ងៃនេះមិនថាឯងនិយាយ អីទេ ឯងនឹងត្រូវស្លាប់ដូចគ្នា» សំឡេងធារ៉ាគួរឱ្យខ្លាចណាស់ នាងឈានជើងដើរចូលកាន់តែជិតទៅៗ
«គឺធីតា!» ធីតា? ជាប្រពន្ធលោកគ្រូតើ។
«ធីតាជាអ្នកធ្វើទាំងអស់ នាងជាមនុស្សស្រីដែលមានចិត្តប្រចណ្ឌខ្លាំង ក្រោយដឹងថាពួកយើងស្រលាញ់គ្នាហើយដឹងថាបងនឹងឃ្លាតពីនាងទៅរស់នៅជាមួយអូន នាងខឹងខ្លាំងណាស់ នាងខ្លាចរឿងពួកយើងជាសាហាយនឹងគ្នាបែកធ្លាយធ្វើឱ្យអាម៉ាសមុខដល់ក្រុមគ្រួសារនាង។ នាងក៏រៀបគំរោងការណ៍សម្លាប់អូនយ៉ាងស្ងៀមស្ងាត់។
ថ្ងៃកូនយើងកើតនាងបានឱ្យឃាតកៈពីរនាក់ក្លែងខ្លួនជាបុគ្គលិកពេទ្យរុញអូនចេញទៅ និងម្នាក់ទៀតជាគ្រូពេទ្យ លួចចូលមកចាក់ថ្នាំបំពុលឱ្យកូនយើងស្លាប់។
នាងយកលេសថាទៅមន្ទីពេទ្យទទួលបងតែតាមពិតជាល្បិចបោកប៉ូលីសឱ្យជឿថានាងបានឃើញអូនលោត ពីលើអាគារនោះដោយខ្លួនឯងប៉ុណ្ណោះ។
បន្ទាប់មកនាងប្រើអំណាចជាប្រធានមន្ទីរពេទ្យក្លែងបន្លំឯកសារការស្លាប់របស់កូនយើងដើម្បីបន្លំភ្នែកអ្នកកាសែតទៀត។
ប៉ុន្តែខាងប៉ូលីសនៅមានការសង្ស័យច្រើន មិនព្រមបញ្ឈប់ការស៊ីបអង្កេត នាងភ័យខ្លាចគេដឹងការពិតក៏បន្តជួលឃាតកៈ ឱ្យបោះអ្នកធ្វើការនិងសិស្សពេទ្យជាច្រើនចុះពីលើអាគារជាបន្តបន្ទាប់ដើម្បីបង្កើតរូបភាពឱ្យមនុស្សទាំងអស់ជឿថាក្នុងមន្ទីរពេទ្យពិតជាមានខ្មោចសាហាវតាមព្យាបាទពិតប្រាកដមែន។
ចុងក្រោយនាងសម្តែងជាមនុស្សល្អធ្វើជាដាច់ចិត្តបិទមន្ទីរពេទ្យចោលនិងជួយប្រាក់ដល់អ្នកដែលបានស្លាប់ ទាំងការពិតគឺចង់លាងបាបយករួចខ្លួនតែប៉ុណ្ណោះ។
ការពិតខ្មោចសាហាវកាលឆ្នាំនោះគឺមនុស្សជាអ្នកធ្វើសោះ គួរឱ្យអាណិត ធារ៉ានិងអ្នកទាំងនោះណាស់។ ឃើញធារ៉ាឈរទ្រឹងមិននិយាយ លោកគ្រូក៏បន្ត៖
«ក្រោយមានរឿងនេះកើតឡើងបងចង់ទៅសារភាពណាស់តែនាងគំរាមធ្វើបាបម៉ាក់ប៉ាបង បងក៏បង្ខំចិត្តនៅជាមួយនាងធ្វើគធ្វើថ្លង់តាំងពីពេលនោះមក បងមានវិប្បដិសារៈណាស់ធារ៉ា បើអាចអូនសម្លាប់បងពេលនេះទៅ! ស្លាប់ក្នុងដៃអូនក៏ល្អព្រោះបងមិនអាចរស់នៅបែបនេះទៀតទេ»
ធារ៉ាស្រាប់តែដើរយ៉ាងលឿនសំដៅទៅរកលោកគ្រូហើយលើកដៃច្របាច់កគាត់យ៉ាងខ្លាំងផ្ទប់ទៅនឹងជញ្ចាំងបំណងសម្លាប់មែន។ ខ្ញុំស្ទុះទៅជួយតែខំទាញយ៉ាងណាក៏មិនអាចបេះដៃនាងចេញបានដែរ។
«ធារ៉ា កុំអី… កុំអី!» ខ្ញុំស្រែកបណ្តើរដៃខំប្រឹងទាញនាងចេញបណ្តើរ។ ទោះខ្ញុំនិយាយអីក៏នាងមិនព្រមឈប់ដែរ ខ្ញុំភ័យពេក ឃើញលោកគ្រូដូចជាជិតផុតដង្ហើមក៏លុតជង្គង់អង្វរនាង៖
«ធារ៉ា! ខ្ញុំដឹងថានាថាឈឺចាប់ណាស់ តែនេះនាងកំពុងនៅក្នុងខ្លួនវត្តីណា បើនាងសម្លាប់គាត់មែន វត្តីច្បាស់ជាមានទោសជាប់គុកមួយជីវិតមិនខាន» ឮហើយនាងដូចជារាងភ្ញាក់ខ្លួនហើយបន្ធូរកម្លាំងទៅលើលោកគ្រូ។
«ក្រែងនាងថាខ្ញុំជាមនុស្សល្អមែនទេ? តើនាងអាចលើកលែងឱ្យវត្តីដែលជាមនុស្សជាទីស្រលាញ់របស់មនុស្សល្អម្នាក់នេះបានទេ គ្មាននាងខ្ញុំច្បាស់ជាមិនអាចរស់ទេ» នាងដកដៃចេញទាំងស្រុងពីបំពង់កលោកគ្រូធ្វើឱ្យ លោកគ្រូ ដួលសន្លប់ទៅលើដី។
នាងយកដៃទាំងពីរចាប់ស្មាខ្ញុំឱ្យក្រោកឡើង។ ភ្នែកដែលនាងសម្លឹងមកខ្ញុំនោះគឺពិតជាកំសត់ណាស់ នាងងក់ក្បាលតិចៗទាំងទឹកភ្នែកក្នុងន័យយល់ព្រមនឹងខ្ញុំ។ បន្តិចម្តងៗរូបរាងវត្តីក៏លេចឡើងនៅចំពោះមុខខ្ញុំវិញ។
វត្តីទន់ខ្លួនសន្លប់បាត់ ឯលោកគ្រូបែរជាងើបមកវិញឆ្ងក់។
«ទៅចុះ» នាងនិយាយក្នុងរូបជាលោកគ្រូហើយលើកដៃចង្អុលទៅមាត់ទ្វារ។
ខ្ញុំមិនគិតច្រើនក៏បីវត្តីចុះមក ពេលទៅដល់ក្រៅទ្វាររបងរបើកខ្លួនឯងរួចស្រេច ពួកយើងទាំងប្រាំនាក់ឡើងឡានមកវិញ ដោយសុវត្ថិភាព។ ខ្ញុំពិតជានៅបារម្ភពីលោកគ្រូណាស់ តើនាងអាចសម្លាប់គាត់ទេ?
ព្រឹកស្អែកខ្ញុំទៅដល់សាលាយល់ថាជុំវិញខ្លួនដូចជាប្លែកណាស់ លោកគ្រូអ្នកគ្រូរួមទាំងនាយកសាលាដូចជ្រួលច្របល់ ខុសធម្មតាមិនដឹងជាមានរឿងអីទេ៖
«តុង! ឯងដឹងនៅ?» សីហាសូរ។
«ដឹងស្អីទៅ?» ខ្ញុំតប។
វាហុចទូរសព្ទមកឱ្យខ្ញុំមើលឃ្លីបវីដេអូមួយក្នុងហ្វេសបុកដែលគេចែកតៗគ្នារាប់សែនអ្នក។ ក្នុងវីដេអូនោះគឺជាលោកគ្រូពេទ្យហ៊្សេនណារ៉ាល់ គាត់កំពុងអង្គុយលើតុមួយក្នុងផ្ទះគាត់សារភាពរឿងរ៉ាវទាំងអស់ ដែលគាត់និងក្រុមប្រពន្ធគាត់ធីតាបានធ្វើនៅឆ្នាំនោះ។
បណ្តាញសង្គមគឺរហ័សណាស់ សមត្ថកិច្ចយោងតាមឃ្លីបមួយនេះរកឃើញជនដៃដល់បានទាំងអស់ហើយបញ្ចូន កាន់តុលាការឱ្យផ្តន់ទារទោសតាមផ្លូវច្បាប់បានយ៉ាងឆាប់រហ័ស។
ឆ្លងកាត់រឿងរ៉ាវដែលកើតឡើងទាំងប៉ុន្មានធ្វើឱ្យខ្ញុំរៀនបានច្រើនណាស់។ មនុស្សដែលមើលពីសំបកក្រៅថាល្អ ឥតខ្ចោះបែរជាអាច ប្រព្រឹត្តរឿងអាក្រក់បែបនេះ ឯខ្មោចដែលខ្ញុំយល់ថាគួរឱ្យខ្លាចតាមពិត សារជាតិគឺស្លូតបូត។ ហ៊ីយ! ថ្ងៃក្រោយមុននឹងខ្ញុំចាត់ទុកអ្នកណាម្នាក់ជាគំរូ ខ្ញុំគួរតែយល់ពីគេឱ្យបានច្បាស់ទើបល្អ។ នាងពិតជាមនុស្សល្អណាស់ ធារ៉ា បើសិនជាខ្ញុំអាចជួបធារ៉ាបានម្តងទៀតខ្ញុំចង់និយាយពាក្យថា សុំទោស និង អគុណ ទៅកាន់នាងណាស់។ សុំទោសដែលយល់ច្រឡំនឹងនាង ហើយក៏អរគុណដែលធ្វើឱ្យស្គាល់មិត្តភក្តិល្អ មួយក្រុមដែលមិនថាខ្ញុំមានរឿងអ្វីទេពួលគេតាមជួយខ្ញុំជានិច្ច៕