ក.បឹងនេះ
—
ព្រឹកព្រលឹមស្រាងៗ ខ្ញុំហាក់ទទួលដឹងពីភាពត្រជាក់ប្លែកស្ទើររណ្ដំធ្មេញ ដៃជើងរងាស្ពឹកស្ទើរតែកម្រើកមិនរួច ព្រោះតែអាកាសធាតុព្រឹកនេះបានរំខានដំណេកដ៏ស្កប់ស្កល់របស់ខ្ញុំ ខ្ញុំបម្រាស់ខ្លួនបន្តិចហើយសន្សឹមភ្នែកបើកឡើង បន្ទាប់មកក៏ស្ទុះវឹបងើបខ្លួនអង្គុយឡើងពេលដែលឃើញថាវាជាមាត់បឹង
-តើមានរឿងអីកើតឡើងចំពោះខ្ញុំទៅ ហេតុអីខ្ញុំតែងតែភ្ញាក់ដឹងខ្លួនឡើងនៅមាត់បឹងរៀងរាល់ព្រឹកបន្ទាប់ពីយប់ថ្ងៃសីលបែបនេះ?
បុស្បាគិតហើយគិតទៀតថាយប់មិញនាងធ្វើអ្វីខ្លះ ហេតុអីមមើដើរមកដេកនៅមាត់បឹងនេះ? តែទោះជាយ៉ាងណារឿងនេះវាមិនចម្លែកពេកទេសម្រាប់នាងព្រោះថានាងតែងតែមមើមកដេកនៅមាត់បឹងរៀងរាល់យប់ថ្ងៃសីល ហើយរឿងនេះតាមនាងចំណាំមើលគឺកើតឡើងតាំងពីនាងអាយុ១៦ឆ្នាំមកម្ល៉េះ ទាំងដែលបច្ចុប្បន្ននាងអាយុ២០ឆ្នាំហើយ មានន័យថារឿងចម្លែកនេះកើតលើនាងអស់រយះពេល៤ឆ្នាំមកហើយ។ មមើដើរមកដេកមាត់បឹងវាចម្លែកពិតមែន តែអ្វីដែលចម្លែកលើសនេះនោះគឺបុស្បាមានកាន់កាំបិតបុរាណពណ៌ប្រាក់ មានក្បាច់រចនាយ៉ាងប្រណីតដែលជាសម្បត្តិបុរាណរបស់លោកតានាង មកជាមួយគ្រប់ពេលដែលនាងមកដេកនៅមាត់បឹងនេះ។
ឈប់គិតតទៅទៀត មិនបង្អង់យូរបុស្បាប្រញ៉ាប់ស្ទុះក្រោកឈរឡើងដើម្បីត្រឡប់ទៅផ្ទះវិញ ព្រោះឃើញថាស្ថានភាពទីនេះមិនអាចនៅរេរាយូរបានទេ។ ទីនេះជាបឹងមួយនៅក្នុងព្រៃក្រោយផ្ទះរបស់នាង បឹងនេះគ្មានឈ្មោះទេ អ្វីដែលនាងចាំបានគឺលោកតារបស់នាងហាមផ្ដាច់មិនឱ្យមកក្បែបឹងមួយនេះជាដាច់ខាត។ លោកតារបស់បុស្បាជាព្រះសង្ឃគង់នៅវត្ត “ព្រះឧត្ដម” គាត់បានបួស និងគង់នៅទីនោះអស់រយះពេល១០ឆ្នាំជាងហើយតាំងពីយាយរបស់បុស្បាបានអស់ជីវិតទៅ។
កាលពី៤ឆ្នាំមុនបុស្បានាងធ្លាប់លង់ទឹកបឹងនេះស្ទើរស្លាប់ ម្ដាយរបស់នាងតាមមករកឃើញនាងដេកសន្លប់ស្ដូកស្ដឹងនៅមាត់បឹងនេះយ៉ាងកម្សត់ រឿងកាលពី៤ឆ្នាំមុននេះហាក់ជាសុបិនអាក្រក់មួយសម្រាប់គ្រួសាររបស់នាង ហើយចាប់តាំងពីពេលនោះមកគ្រួសាររបស់នាងមិនចូលមកក្បែបឹងនេះទៀតជាដាច់ខាត លើកលែងតែបុស្បាដែលតែងតែមមើមកដេកនៅមាត់បឹងនេះរៀងរាល់យប់ថ្ងៃសីល។
ខ. ថ្ងៃសីល
—
បន្ទាប់ពីត្រឡប់មកដល់ផ្ទះហើយបុស្បាក៏រៀបចំខ្លួនបម្រុងចេញទៅធ្វើការ។ បុស្បានាងធ្វើការជាអ្នកកាសែតនៅក្រុមហ៊ុនល្បីមួយ នាងរៀបចំខ្លួនយ៉ាងស្រស់ស្អាតតាមទម្លាប់គឺស្លៀកខោក្រណាត់ពណ៌ខ្មៅជើងស្ទើរ អាវក្រណាត់ពណ៌សដៃវែង តែបកដៃឡើងបន្ដិចហើយមានចំហរឡេវខាងលើពីរគ្រាប់តែមានថែមអាវកាក់ពណ៌សខាងក្នុងមួយ រីឯសក់វែងខ្មៅរលោងកួចទៅក្រោយម៉ូដកន្ទុយសេះ ថែមទម្លាក់សក់មុខតិចៗសមនឹងមុខមូលក្រឡង់ កែវភ្នែកពណ៌ទង់ដែង ច្រមុះស្រួចស្លែមបែបកូនកាត់អឺរ៉ុប ថ្ពាល់ខួចទាំងសង សមឥតខ្ចោះ ជាមួយបបូរមាត់តូចរាងបេះដូង លាបក្រែមក្រហមព្រឺងៗ មើលទៅស្ទើរតែគ្មានកន្លែងទាស់ ទើសត្រង់ថាមានចរិកកាចឆ្នាស់គ្មានប្រុសណាហ៊ានក្បែរ។
បម្រុងនឹងចេញទៅធ្វើការស្រាប់តែម្ដាយនាងមកដល់ផ្ទះល្មម គឺលោកស្រីដួង កែវ គាត់ទើបតែមកពីភាវនាធម៌នៅឯវត្ត គាត់សម្រាកនៅទីនោះរៀងរាល់ថ្ងៃសីល ដោយសារបែបនេះទើបគាត់មិនដែលដឹងពីស្ថានភាពចម្លែករបស់បុស្បាដែលតែងតែមមើទៅដេកនៅមាត់បឹងរៀងរាល់ថ្ងៃសីលនោះ
-ថ្ងៃនេះទៅធ្វើការលឿនម្ល៉េះកូនជើងល្អ?
-កូនម៉ាក់ឧស្សាហ៍នោះអី កូនលាហើយម៉ាក់
បុស្បាឈោងខ្លួនមកជិតដើម្បីថើបថ្ពាល់ម្ដាយមុនចេញទៅធ្វើការ ហើយក៏មិនភ្លេចចោលភ្នែកទៅមើលកាំបិតបុរាណរបស់លោកតាដែលដាក់ក្នុងទូកញ្ចក់យ៉ាងរៀបរយដូចដើមដោយមិនឱ្យម្ដាយចាប់ថ្នាក់បានឡើយ។
—
នៅកន្លែងធ្វើការថ្ងៃនេះមានភាពអ៊ូអរបន្តិចព្រោះមានការងារសំខាន់ត្រូវធ្វើ
-នែ៎ កញ្ញាបុស្បាយើងឆ្ងល់ឯងនៅតាមស៊ើបអារឿងមនុស្សបាត់ខ្លួនគ្មានមូលហេតុនោះដល់ពេលណាទៀតហ្អា៎ សូម្បីប៉ូលីសនៅតាមរកមិនទាន់បានតម្រុយផង ហើយឯងនៅប្រឹងដល់ពេលណាទៅអ្នកនាងមិត្ត?
សម្ដីរំខានខួរដែលឮស្ទើររាល់ថ្ងៃកំពុងរសាត់ចូលត្រចៀកបុស្បា គឺគ្មានអ្នកណាក្រៅពី លោក ខាវដែន បុរសភេទទីបីដែលជាមិត្តតែម្នាក់របស់បុស្បា
-ឈប់រអ៊ូដាក់យើងបានហើយ រឿងនេះយើងមានសង្ឃឹមហើយព្រោះឮដំណឹងមកថាមានប៉ូលីសល្បីខាងស៊ើបរឿងក្ដីម្នាក់ កំពុងចូលខ្លួនមកកាន់សំណុំរឿងនេះហើយ ចាំមើលចុះរឿងនេះយើងមិនឱ្យគេចផុតពីដៃយើងទេកញ្ញាដាដែន (ដាដែនជាឈ្មោះដែលបុស្បាប្រទានឱ្យខាវដែន ហាហា)
-អូយ! ប៉ូលីសថ្មីទើបផ្ទេរមកមែនទេ? សង្ហាទេឯង? ចង់ឃើញមុខដល់ហើយ
-វ៉ាយ! បានហើយឈប់ជ្រួលជ្រើមទៅ ទៅធ្វើការបានហើយលោកដាដែន
ថ្ងៃនេះបុស្បាត្រូវទាក់ទងសុំជួបជាមួយប៉ូលីសម្នាក់នោះ ទោះគេហាក់មិនទាន់ចង់ផ្ដល់ទិន្នន័យដល់ខាងនាងក៏ដោយ វិធីតែម្យ៉ាងគឺទៅឆ្មក់ជួបនៅមុខទីស្នាក់ការតែម្ដង។ រង់ចាំអស់ពេលប្រហែលជិតមួយម៉ោងទើបឃើញប៉ូលីសរាងខ្ពស់ស្រឡះ សប្បុរស សក់សិតយ៉ាងមានរបៀប ចិញ្ចើមក្រាស់ កែវភ្នែកមុតថ្លា ច្រមុះស្រួច បបូរមាត់ស្ដើងពណ៌ផ្កាឈូកស្រាលតាមដំណើរធម្មជាតិ ដំណើរយ៉ាងស្វាហាប់កំពុងដើរសំដៅមករកបុស្បាដែលកំពុងឈរភ្លឹកមើលទៅរាងសង្ហាស្ទើរភ្លេចដកដង្ហើម តែក៏ឆាប់សម្រួលកិរិយាពេលរាងសង្ហាដើរមកដល់
-អ្នកនាងបុស្បាមែនទេ?
-ចា៎សួស្ដីលោក ឃុន លី ខ្ញុំគឺបុស្បា
-អ្នកនាងមិនបានទទួលដំណឹងទេឬថាខាងខ្ញុំសុំមិនផ្ដល់ការសម្ភាសន៍ក្នុងរឿងក្ដីមួយនេះ?
-តែខ្ញុំតាមស៊ើបរឿងនេះយូរហើយ ពេលនេះលោកជាក្ដីសង្ឃឹមខ្ញុំហើយ លោកអនុញ្ញាតឱ្យខ្ញុំទទួលព័ត៌មានពីរឿងនេះផងទៅ
-ក្មេងស្រីម្នាក់នេះពិបាកនិយាយគ្នាពិតមែន
-លោកថានរណាជាក្មេងស្រី? អីយ៉ា! លោកអាយុច្រើនជាងខ្ញុំប៉ិនណាទៅ អាយុ២៦ឆ្នាំ រាប់ថាក្មេងជាងគេក្នុងអង្គភាពនេះ រូបរាងគួរសមដែរតែហេតុអីចិត្តអាក្រក់យ៉ាងនេះ គ្រាន់តែសហការជាមួយខ្ញុំតើពិបាកត្រង់ណាទៅ?
-បានហើយឈប់រៀបរាប់ទៅ ខ្ញុំអនុញ្ញាតឱ្យនាងទៅយកព័ត៌មានផ្ទាល់ ខ្ញុំបន្តការងារនៅយប់ថ្ងៃទី៩ខាងមុខនេះ ការងារផ្លាស់ប្ដូរយ៉ាងណាខ្ញុំនឹងប្រាប់នាងតាមក្រោយ។
ចប់ការសន្ទនា បុស្បាក៏ត្រឡប់មកផ្ទះតែនាងហាក់មានកង្វល់ក្នុងចិត្តនឹកគិតដល់សំដីមុននេះ
-យប់ថ្ងៃទី៩ឬ? វាជាយប់ថ្ងៃសីលម្ដងទៀតទេតើ ខ្ញុំធ្លាប់សាកល្បងព្យាយាមមិនដេកក្នុងយប់ថ្ងៃសីលព្រោះមិនចង់ឱ្យសកម្មភាពមមើរបស់ខ្ញុំកើតឡើងទៀត តែរាល់លើកគឺវាបរាជ័យព្រោះមិនបានដឹងខ្លួនថាត្រូវដេកលក់តាំងពីពេលណានោះទេ តើលើកនេះខ្ញុំមិនដេកដើម្បីទៅយកការណ៍ បានសម្រេចដែរទេ? ហ្អើយ! មិនអាចឱ្យថ្លោះធ្លោយបានទេ វាជារឿងដែលខ្ញុំខំស៊ើបយូរហើយ ហើយជាពិសេសគឺត្រូវបង្ហាញឱ្យនាយឃុន លី ស្អីគេនោះឃើញថាខ្ញុំមិនមែនជាក្មេងដូចដែលគេគិត ឆើស! គិតហើយក្ដៅនឹងនាយម្នាក់នោះមិនទាន់បាត់។
កំពុងតែមមៃគិតក៏ត្រូវដាច់ចង្វាក់ព្រោះតែសម្លេងស្រែកហៅរបស់លោកស្រីដួង កែវ ពីក្នុងផ្ទះបាយ
-បុស្បាមកជួយម៉ាក់បន្តិច
-មានរឿងអីទៅម៉ាក់
-កូនយកបង្អែមនេះទៅជូនអ៊ំស្រីនៅជិតខាងយើងបន្តិចទៅកូន ព្រោះនួនរវល់ហាលខោអាវមិនទាន់រួចដៃទេ
ផ្ទះរបស់បុស្បាមានគ្នាបីនាក់គឺលោកស្រីកែវ បុស្បា ហើយនឹងនួនដែលជាអ្នកមើលការខុសត្រូវការងារក្នុងផ្ទះនេះ ហើយឱពុករបស់បុស្បាបានបាត់បង់ជីវិតដោយជំងឺតាំងពីនាងមានអាយុ១៥ឆ្នាំម្ល៉េះ តែក៏បានបន្សល់ទ្រព្យសម្បត្តិសម្រាប់ម្ដាយ និងកូន រស់នៅមិនចាំបាច់លំបាកអ្វីទេ។
ខណះនេះបុស្បាកំពុងគិតថាម្ដាយនាងពិតជាស្គាល់គ្នាជាមួយអ្នកជិតខាងដែលទើបផ្លាស់មកនៅថ្មីនេះលឿនដល់ហើយ ទាំងដែលនាងមិនទាន់នឹងបានឃើញមុខសូម្បីម្ដង។ មកដល់មុខផ្ទះនាងចុចកណ្ដឹងហៅម្ចាស់ផ្ទះ បន្តិចក្រោយមកទ្វារបើកឡើងបង្ហាញផ្ទៃមុខសង្ហាដែលបុស្បាទើបរលឹកដល់មួយសន្ទុះមុននេះ រាងសង្ហាស្លៀកសម្លៀកបំពាក់សាមញ្ញដែលមិនមែនជាឯកសណ្ឋានការងារ តែពិតជាសង្ហាមួយបែបផ្សេងដែលស្ទើរតែឆក់យកបេះដូងនារីដែលនៅចំពោះមុខទៅហើយ
-គឺអ្នកនាង? ឬនាងតាមខ្ញុំមកដល់ទីនេះ?
-នែ៎ លោកឈប់គិតត្រេកអរម្នាក់ឯងទៅ ខ្ញុំនេះហេ៎តាមលោកមកដល់ទីនេះ? គឺម៉ាក់ខ្ញុំឱ្យយកបង្អែមមកជូនអ៊ំស្រីម្ចាស់ផ្ទះនេះ ហើយលោកជាអ្នកណា មិចមកនៅទីនេះ?
-ខ្ញុំជាកូនរបស់អ៊ំស្រីដែលជាម្ចាស់ផ្ទះនេះ ចង់ចូលលេងក្នុងផ្ទះខ្ញុំសិនទេហ៎ាក្មេងរំខាន?
បុស្បាមិនបានតបគ្រាន់តែប្រគល់ប្រអប់បង្អែមឱ្យឃុនលីហើយក៏ប្រញ៉ាប់រត់ចេញមកដោយមិនចាំបាច់ត្រូវងាកក្រោយព្រោះថាបើតាមព័ត៌ដែលនាងធ្លាប់ជួបកន្លងមកការដែលគេហៅឱ្យចូលផ្ទះបែបនេះបើមិនករណីរំលោភទេ ក៏ជាករណីប្លន់ដែរ នាងត្រូវតែប្រយត្ន័គ្រប់ជំហ៊ាន។
—
ពេលវេលាចេះតែកន្លងទៅ ភាពស្និតស្នាលរវាងអ្នកជិតខាង ចេះតែមានពីមួយថ្ងៃទៅមួយថ្ងៃ ថ្ងៃខ្លះឃុនលីមកជួយតភ្លើងឱ្យលោកស្រីកែវនៅផ្ទះក៏មាន គ្រប់គ្នាគឺមានទំនាក់ទំនងយ៉ាងរលូនលើកលែងតែឃុនលី និងបុស្បាដែលជួបមុខពេលណាគឺកាប់ចាក់គ្នាមិនចេះចប់។ ថ្ងៃនេះម្ដាយបុស្បាមិននៅផ្ទះទេព្រោះថាវាជាថ្ងៃទី៩ដែលជាថ្ងៃសីល លោកស្រីកែវទៅភាវនាព្រះធម៌តាមទម្លាប់ រីឯបុស្បាពេលនេះកំពុងរៀបចំខ្លួនត្រៀមទៅយកព័ត៌មានជាមួយឃុនលីក្នុងយប់នេះ ព្រោះឃុនលីបានតម្រុយមកថាអ្នកបាត់ខ្លួនគឺនៅម្ដុំផ្លូវបំបែកដែលជាផ្លូវចូលផ្ទះរបស់ខ្លួន ហើយតែងបាត់ខ្លួនរៀងរាល់យប់ថ្ងៃសីលនេះតែម្ដង។
ព្រលប់ស្រាងៗឃុនលីកំពុងរៀបចេញទៅយកបុស្បាព្រោះនាងត្រូវទៅជាមួយខ្លួន ហើយមិត្តរួមការងារដែលកំពុងឃ្លាំមើលនៅទីតាំងនោះបានរាយការណ៍មកថាស្ថានការធម្មតា ទើបឃុនលីមានពេលឈាងទៅយកបុស្បា មិនទាន់ចេញពីទ្វាផ្ទះស្រួលបួលផងឃុនលីស្រាប់តែឃើញបុស្បាដើរចេញពីផ្ទះតាមទ្វាក្រោយដោយអាការះចម្លែក ដំណើរត្រង់ស្លូរហាក់មិនខ្វល់ពីអ្វីជុំវិញខ្លួន តាមឫកពារដូចមិនមែនជាបុស្បាដែលខ្លួនធ្លាប់ស្គាល់។
គ. បណ្ដាសា
—
ស្ថានការណ៍ពេលនេះមើលទៅហាក់មិនមានប្រក្រតីទេ ឃុនលី ដើរតាមឃ្លាំមើល បុស្បា ជាប់ពីក្រោយ ឫកពារប្លែកៗរបស់បុស្បាធ្វើឱ្យឃុនលីបារម្មណ៍ជាខ្លាំង។ បុស្បាពេលនេះកំពុងដើរតម្រង់ចូលព្រៃក្រោយផ្ទះ ក្នុងទីងងឹតស្លុបតែបុស្បាគ្មាន ឫកពារខ្លាចរអាអ្វីបន្តិចសោះ នាងដើរទៅមុខត្រង់ កែវភ្នែកសល្អក់ដូចមនុស្សគ្មានវិញ្ញាណ
អាកាសធាតុទីនេះត្រជាក់ស្រឹបព្រោះជាក្នុងព្រៃ ហើយដើរមិនយូរប៉ុន្មានខាងមុខបន្តិចគឺជាបឹងមួយ គួបផ្សំនឹងខ្យល់បក់ត្រសៀក រួមទាំងសំឡេងឆ្កែលូល្វើយៗពីចម្ងាយគួរឱ្យព្រឺឆ្អឹងខ្នង។
ឃុនលីព្យាយាមដើរតាមពីក្រោយបុស្បាមិនឱ្យដាច់ពីក្រសែភ្នែក ក្នុងចិត្តបារម្ភខ្លាចបុស្បាមានបញ្ហាអី តែក្នុងឫកពារចម្លែកមួយនេះធ្វើឱ្យឃុនលីអត់មិនចង់ដឹងមិនបានថា បុស្បាមកធ្វើអីក្នុងទីកំបាំងទាំងយប់ងងឹតតែម្នាក់ឯងបែបនេះ ។
មិនយូរប៉ុន្មានពួកក៏ដើរមកដល់មាត់បឹងមួយ ឃុនលីស្មានមិនដល់សោះថាមានបឹងធំមួយនៅទីនេះ ឃើញស្ថានការណ៍មិនស្រួល ឃុនលី ប្រញ៉ាប់ផ្ដល់ដំណឹងទៅប៉ូលីសដែលជាមិត្តរួមការងារឱ្យមកទីនេះ ដើម្បីបានជាគ្នាក្រែងមានការអីអាចជួយបាន។ ក្រឡេកទៅមើលបុស្បាពេលនេះ នាងក្នុងសភាពមនុស្សគ្មានវិញ្ញាណ ឈរធ្មឹងចំពីមុខបឹងបែរខ្នងមកទិសខាងកើត បែរមុខទៅទិសខាងលិច ដៃកាន់កាំបិតបុរាណពណ៌ប្រាក់ ឃុនលីព្យាយាមមើលគ្រប់សកម្មភាពរបស់បុស្បា ខ្លាចក្រែងនាងមានបំណងគិតខ្លីឬធ្វើអ្វីម្យ៉ាង គេនឹងបានចូលទៅជួយបុស្បាទាន់ពេល។
បុស្បាឈរធ្មឹងមួយសន្ទុះ បន្ទាប់មកនាងក៏យកកាំបិតដោតទៅលើដី រួចនាងឈរងើយមុខមើលទៅព្រះច័ន្ទ ទង្វើនេះដូចកំពុងព្យាយាមស្រូបយកថាមពលអ្វីម្យ៉ាងពីព្រះច័ន្ទ ត្រឹមតែប៉ុន្មាននាទីស្រាប់តែមាននារីវ័យ ២០ឆ្នាំប្លាយដើរចូលមកក្បែរបុស្បា ដោយដើរកាត់ផ្លូវផ្សេងដែលឃុនលី និងមិត្តកំពុងលាក់ខ្លួន នារីដែលទើបនឹងចូលមកដល់ពេលនេះ គឺមានសភាពដូចបុស្បាដែរ គឺកែវភ្នែកសល្អក់ដូចមនុស្សគ្មានវិញ្ញាណ ដំណើរត្រង់ស្លូរខុសពីមនុស្សធម្មតា ទោះបីមានវត្តមានរបស់នារីប្លែកមុខដើរចូលមកក៏ដោយ តែសកម្មភាពរបស់បុស្បាគឺនៅដដែល នៅតែឈរងើយក្បាលសម្លឹងទៅព្រះច័ន្ទគ្មានព្រិច នារីរូបនោះដើរមកឈរក្បែរបុស្បាបន្តិច ហើយក៏ដកកាំបិតបុរាណដែលដោតជាប់នឹងដីនោះលើកឡើងបម្រុងចាក់តម្រង់ទ្រូងខាងឆ្វេង តែត្រូវឃុនលី និងមិត្តស្ទុះចូលមកចាប់ដៃជាប់ គ្រាន់តែចាប់ដៃនារីនោះភ្លាម ពួកគេទទួលអារម្មណ៍ចម្លែកដែលមិនធ្លាប់ជួប គឺខ្លួននាងមានសភាពត្រជាក់ដូចសាកសព កែវភ្នែកសល្អក់គ្មានប្រស្រី ពេលនេះកាំបិតត្រូវបានដណ្ដើមចេញពីដៃនារីនោះ ឃុនលីចូលទៅអង្រួនខ្លួនបុស្បាដែលកំពុងឈរធ្មឹងគ្មានភាពភ្ញាក់ផ្អើលអ្វីសោះ
-បុស្បា មានរឿងអីចំពោះអ្នកនាងហ្នឹង?
បុស្បា ងាកមករកគេដោយទឹកមុខពោរពេញដោយកំហឹង ហើយនាងថែមទាំងស្ទុះទៅខ្ញាំទ្រូងឆ្វេងរបស់ ឃុនលី ហាក់ចង់ខ្ញាំដកយកបេះដូងគេចេញមក ទ្រូងមាំរបស់ឃុនលីពេលនេះ ដាច់ចេញឈាមរឹមៗក្រោមកម្លាំងដៃតូចរបស់បុស្បា អ្នកកម្លោះមិនបានខ្វល់ពីភាពឈឺផ្សារលើទ្រូងទេ ព្រោះពេលនេះមនុស្សដែលគេបារម្ភបំផុតគឺបុស្បា គេស្ទុះទៅចាប់ដៃម្ខាងរបស់បុស្បា ហើយអង្រួនតិចៗម្ដងទៀត ដើម្បីដាស់សតិនាងឡើងវិញ តែគ្មានបានផលទេ បុស្បាដកដៃចេញពីទ្រូងរបស់ឃុនលី ហើយឈោងទៅដណ្ដើមកាំបិតពីដៃអ្នកកម្លោះ តែចៃដន្យកាំបិតនោះមុតដៃបុស្បាចេញឈាមបន្តិច ស្រាប់តែភ្លាមៗនោះបុស្បា និងនារីម្នាក់នោះដួលសន្លប់ព្រមគ្នាដោយគ្មានមូលហេតុ ឃុនលី ស្ទុះទៅត្រកងកាយបុស្បាទាំងភ័យស្លន់ស្លោ ប៉ុន្តែបន្តិចក្រោយមកនារីទាំងពីរនាក់ ក៏ដឹងខ្លួនឡើងវិញ តែគេទាំងពីរហាក់មិនទទួលដឹងថាហេតុអីទើបពួកគេមកនៅទីនេះទៅវិញ។
—
ព្រឹកថ្ងៃថ្មី
-ដៃអ្នកនាងយ៉ាងមិចហើយ?
-លោកមិនទៅធ្វើការទេឬទើបមានពេលមកដល់ផ្ទះខ្ញុំទាំងព្រឹកបែបនេះ?
-ថ្ងៃនេះខ្ញុំអត់ទៅធ្វើការទេ
-ហេតុអីទៅ លោកត្រូវរបួសត្រង់ណាមែនទេ?
-អ្នកម៉ាក់នាងមកវិញឬនៅ? ខ្ញុំសុំអនុញ្ញាតគាត់នាំនាងទៅកន្លែងមួយ
—
គេទាំងពីរកំពុងធ្វើដំណើរនៅតាមផ្លូវ
-លោកនាំខ្ញុំទៅវត្តធ្វើអី ហេតុអីមិនសុំការអនុញ្ញាត្តពីខ្ញុំផង ហើយលោកទៅនិយាយរឿងអីជាមួយម៉ាក់ខ្ញុំ?
-នាងមិនចង់ដឹងទេថាយប់មិញមានរឿងអីកើតឡើង?
-ច្បាស់ជាចង់ដឹងហើយ លោកនិយាយមក
បន្ទាប់ពីបានស្ដាប់រឿងរ៉ាវដែលឃុនលីរៀបរាប់ហើយបុស្បាសញ្ជឹងគិតមួយសន្ទុះ
-អីចឹងមានន័យថារាល់ដងមិនមែនខ្ញុំគ្រាន់តែមមើដើរទៅដេកនៅមាត់បឹងតែម្យ៉ាងទេ
-វាមិនមែនជាលើកទីមួយទេឬ?
-តាមខ្ញុំចាំបានគឺ៤ឆ្នាំហើយដែលខ្ញុំតែងតែគិតថាខ្លួនឯងមមើដើរទៅដេកនៅមាត់បឹងរៀងរាល់ថ្ងៃសីល មិននឹកស្មានថាខ្ញុំមានជាប់ពាក់ពន្ធ័ក្នុងការដែលមនុស្សបាត់ខ្លួនដោយគ្មានមូលហេតុនោះសោះ
-កាំបិតនោះជារបស់លោកតានាងត្រូវទេ
-ហេតុអីលោកដឹង?
-អ្នកម៉ាក់នាងធ្លាប់ប្រាប់ខ្ញុំ
-លោកនាំខ្ញុំទៅជួបលោកតាឬ?
-អ្នកដែលនាំនាងទៅមិនមែនជាមនុស្សទេ ខ្ញុំជឿថាលោកតារបស់នាងគឺអាចជួយយើងបាន ទាំងបឹង ទាំងកាំបិត រួមទាំងនាងផងដែរ ច្បាស់ជាមានអ្វីម្យ៉ាងពាក់ពន្ធ័គ្នាមិនខាន នាងអាចជាសាច់ញាតិរបស់បឹងនោះក៏ថាបាន
-លោកនៅមានពេលមកនិយាយលេងសើចទៀតហ្អេ៎
បុស្បាខឹងក្នាញ់ ក៏ឈោងដៃទៅវាយអ្នកកម្លោះបន្តិច ឃុន លី យកដៃខ្ទប់ទ្រូងព្រោះបុស្បាវាយក្បែមុខរបួស
-យ៉ាងមិចនឹងលោកខ្ញុំវាយតែបន្តិចទេណា
ឃុន លី មិនបានតបតែទាញដោះឡេវអាវ២គ្រាប់បង្ហាញស្នាមរបួសលើទ្រូងមាំ
-វ៉ាយ! លោកកើតអីហ្នឹង? ស្នាដៃខ្ញុំមែនទេ?
ឃុន លី មិនបានតបហើយបន្តបើកឡានទៅមុខតាមធម្មតា ក្នុងឡានពេលនេះមានសភាពស្ងប់ស្ងាត់វិញ តែឃុន លី ក៏ទទួលដឹងពីការបារម្មណ៍ដែលបុស្បាមានចំពោះខ្លួន។
ទីបំផុតការធ្វើដំណើររបស់ពួកគេក៏បានរំកិលខ្លួនមកដល់វត្ត ព្រះឧត្ដម ដែលវត្តនេះនៅឆ្ងាយពីទីក្រុងបន្តិច ក្នុងវត្តមានតែលោកតាមួយអង្គព្រះនាម ដួង ឧស្សាហ៍ និងលោកនេនបីអង្គទៀត។ បុស្បា និងឃុន លី ចូលទៅថ្វាយបង្គំលោកតា តែលោកតាហាក់ដឹងពីដំណើរនៃការមកដល់ទីនេះរបស់ពួកគេរួចស្រេចទៅហើយ លោកតាចាប់មានសង្ឃដីការ
-ក្នុងទីដែលខ្លួនបានចង គឺមានតែខ្លួនឯងទេដែលជាអ្នកត្រូវស្រាយចំណងនោះវិញ
—
ត្រលប់ទៅអតីតកាល
មានប្ដីប្រពន្ធមួយគូរៀបការរួច រស់នៅជាមួយគ្នាអស់កាលយូរដែរ តែពុំមានកូន ពួកគេក៏បានទៅសុំពរពីទីកន្លែងដ៏សក្ក័សិទ្ធិមួយគឺ បឹងអាគម។ បឹងអាគមនេះ គ្មាននរណាហ៊ានរំលឹកដល់ ឬហ៊ានឆ្លងកាត់ទេ ព្រោះល្បីតៗគ្នាថា ជាទីកន្លែងសក្ក័សិទ្ធិ ហើយជាកន្លែងដែលគួរឱ្យខ្លាចបំផុត លើកលែងតែគូស្នេហ៍ពីរនាក់ប្ដីប្រពន្ធ ដែលហ៊ានប្រថុយចូលទៅសុំពរពីទីនោះ ទីបំផុតពួកគេក៏មានបុត្រដូចបំណង។
មុនថ្ងៃដែលទារិកាបុស្បាប្រសូត្រឡើង គឺម្ដាយរបស់នាងបានសុបិនឃើញម្ចាស់បឹងដែលជាបុរសមានមាឌធំ ពណ៌សប្បុរខ្មៅងងឹត បានចូលមកប្រាប់នាងថា ទារិកានេះអាចរស់នៅជាមួយនាងបានត្រឹមពេលពេញវ័យ អាយុ១៦ឆ្នាំប៉ុណ្ណោះ ពួកគេនឹងមកយកនាងត្រឡប់ទៅវិញ តែបើសិនមិនចង់ឱ្យនាងត្រឡប់ទៅវិញទេ គឺជីវិតត្រូវប្ដូរដោយជីវិត។ បណ្ដាសានេះបុស្បាទទួលបានតាំងពីថ្ងៃនាងមិនទាន់មានជីវិតលើភពផែនដីនេះម្ល៉េះ…!
ត្រឡប់មកបច្ចុប្បវិញ
-មានន័យថាមនុស្សដែលបាត់ខ្លួនរៀងរាល់ថ្ងៃសីលនោះ គឺពួកគេសុទ្ធតែស្លាប់ជំនួសជីវិតរបស់ខ្ញុំមែនទេ?
បុស្បាចាប់វាចារទាំងទឹកភ្នែកហូរដូចទឹកបាក់ទំនប់ ចិត្ត និងបេះដូងនាងពេលនេះឈឺខ្លោច មិននឹកស្មានថានាងជាដើមហេតុនៃការស្លាប់របស់មនុស្សទាំងអស់ក្នុងរយះពេល៤ឆ្នាំកន្លងមកនេះសោះ ពួកគេសុទ្ធតែគ្មានកំហុសអ្វីទាំងអស់ ពួកគេពិតជារងភាពអយុត្តិធម៌ណាស់ ស្របពេលដែលបុស្បាកំពុងរស់នៅយ៉ាងរីករាយជាមួយនឹងជីវិតដែលស្ទើរតែមិនមែនជារបស់ខ្លួនឯង ដំណោះស្រាយដែលល្អបំផុតគឺមានតែការចាកចេញរបស់បុស្បាតាមបំណងរបស់ម្ចាស់បឹងនោះ។
ឃ. បេះដូងនៃបឹង
—
ឃុនលីលូកដៃទៅក្រសោបដៃតូចបុស្បា ដើម្បីផ្ដល់កម្លាំងចិត្តដល់នារីដែលខ្លួនស្រលាញ់ ទាំងដែលអ្នកកម្លោះផ្ទាល់ក៏មិនដឹងថាចិត្តអ្នកបានជំពាក់ទៅលើបុស្បាតាំងពីពេលណាដឹងត្រឹមថាចង់ឃើញនាងរីករាយ និងមិនអាចឱ្យនាងមានគ្រោះថ្នាក់អ្វីជាដាច់ខាត។ ឃុន លីព្យាយាមរកវិធី កែប្រែរឿងដ៏អួរអាប់មួយនេះឱ្យប្រែជាប្រសើរ គេមិនខ្លាចរអានឹងនៅក្បែបុស្បាដើម្បីឆ្លងកាត់រឿងនេះទេ
-លោកតា ចុះកាំបិតបុរាណនោះហេតុអីវាតែងតែនៅជាមួយបុស្បាក្នុងគ្រានោះដែរ?
-នោះជាកាំបិតបុរាណតាំងពីសម័យបុព្វបុរសរបស់អាត្មា អាត្មាក៏មិនដឹងពាក់ពន្ធ័គ្នាយ៉ាងមិចដែរ
-ខ្ញុំនឹងរកវិធីជួយបុស្បាក្នុងថ្ងៃសីលខាងមុខនេះ ត្រូវតែជាថ្ងៃចុងក្រោយដែលបឹងនោះអាចមានឥទ្ធិពលលើនាង ខ្ញុំសន្យា!
ឃុន លី និយាយ និងមើលទៅកាន់បុស្បាដោយទឹកមុខម៉ឺងម៉ាត់ រហូតធ្វើឱ្យបេះដូងអ្នកម្ខាងទៀតទទួលដឹងពីភាពកក់ក្ដៅ និងទទួលបានក្ដីសង្ឃឹមឡើងវិញ។ តែក្ដីសង្ឃឹមដ៏តិចតួចមុននេះត្រូវបានរលាយបន្ទាប់ពីលោកតាមានសង្ឃដីការប៉ុន្មានម៉ាត់ចុងក្រោយ
-ញោមបុស្បាជាបេះដូងនៃបឹងនេះ!
ង. បើសិនខ្ញុំស្លាប់
—
ពេលវេលាហាក់ដើរលឿនណាស់ ដំណើរជីវិតរបស់មនុស្សក៏ចេះតែវិវត្តន៍ទៅមុខឥតឈប់ឈរ។ ថ្ងៃសីលបន្ទាប់ក៏បានចូលខ្លួនមកដល់ ឃុន លី ថ្ងៃនេះរៀបចំខ្លួនស្រេចបាច់សម្រាប់ធ្វើជារនាំងការពារបុស្បា ព្រោះគេមិនអាចឱ្យនាងមានគ្រោះថ្នាក់អ្វីជាដាច់ខាត។
ក្រឡេកទៅមើលបុស្បាពេលនេះវិញ ភាពសោកសង្រែងចូលមកហ៊ុមពទ្ធ័ពេញដួងចិត្ត នាងបន់កុំឱ្យព្រះអាទិត្យចាកចេញពីផែនដី នាងមិនចង់ឱ្យពេលយប់ចូលមកដល់នោះទេ ក្នុងយប់នេះដាច់ខាតគឺនាងមិនឱ្យនរណាម្នាក់មកត្រូវរលត់សង្ខារជំនួសនាងទៀតទេ។ មិនថានាងបន់ស្រន់យ៉ាងណា តែដំណើរនៃធម្មជាតិគឺគ្មាននរណាអាចហាមបាន ពេលនេះព្រះអាទិត្យចាប់ផ្ដើមបន្ថយរស្មីបន្តិចម្ដងបន្តិចម្ដង ទាំងឃុនលី បុស្បា លោកស្រី ដួងកែវ និង លោកតា ដួង ឧស្សាហ៍ គឺទាំងអស់គ្នាមកដល់មាត់បឹងនោះរួចជាស្រេច ពួកគេមិនគេចវេសពីបញ្ហាទេ។ ឃុនលីពេលនេះហាក់មានដំណោះស្រាយ ព្រោះគេចាំបានថា យប់នោះគ្រាន់តែកាំបិតនេះមុតត្រូវដៃបុស្បាស្រាប់តែនាងដួលសន្លប់ និងភ្ញាក់ដឹងខ្លួនឡើងវិញក្នុងសភាពជាមនុស្សធម្មតាវិញ ឃុនលីនឹងប្រើវិធីនេះដើម្បីជួយបុស្បា។
គ្រាន់តែមេឃចាប់ផ្ដើមងងឹតភ្លាមសភាពបុស្បាចាប់ផ្ដើមប្រែចម្លែក ទាំងដែលខ្លួននាងពេលនេះត្រូវចងជាប់ទៅដោយខ្សែយ៉ាងមាំ។ បុស្បាចាប់ផ្ដើមមានសភាពអង្គុយថ្មឹង ភ្នែកសរល្អក់គ្មានប្រស្រីកំពុងងាកតម្រង់ទៅមើលកាំបិតដែលនៅនឹងដៃឃុនលី ឃើញសភាពបែបនេះ ឃុនលីមិនបង្អង់យូរ ឈានជើងដើរចូលមកជិតបុស្បាបំណងយកកាំបិតមកអាដៃសម្រក់ឈាមបុស្បាបន្តក់ទៅក្នុងទឹកបឹង ព្រោះនេះជាវិធីតែម្យ៉ាងគត់ដែលអ្នកទាំង៤ពិភាក្សាគ្នា ទោះយ៉ាងណាក៏ជាវិធីដ៏សមស្រប ហើយត្រូវតែសាកល្បង។
ឃុនលីពេលនេះស្ទាក់ស្ទើរណាស់ គេមិនដាច់ចិត្តលើកកាំបិតអាដៃមនុស្សស្រីជាទីស្រលាញ់ដែលមានសភាពយ៉ាងកំសត់នៅចំពោះមុខគេបែបនេះទេ តែគ្មានវិធីផ្សេងទេ ដើម្បីជួយបុស្បាបានគេត្រូវតែធ្វើចិត្តឱ្យក្លាហានបំផុត គ្រាន់តែឃុនលីដើរទៅជិតហើយលើកកាំបិតឡើងបម្រុងអាដៃបុស្បាភ្លាម កែវភ្នែកបុស្បាប្រែជាមានប្រស្រីធម្មតា ទឹកភ្នែកនាងក៏ហូរមកក្នុងទឹកមុខដ៏កំសត់ហើយវាចារឡើងទាំងអារម្មណ៍ខ្លោចផ្សារ
-លោកសម្លាប់ខ្ញុំទៅ!
ទឹកភ្នែកមួយដំណក់របស់កូនប្រុសពេលនេះស្រក់ចុះមក ចិត្តអ្នកកម្លោះពេលនេះស្ទើរប្រះបែក គេមិនអាចទ្រាំមើលភាពរងទុក្ខរបស់បុស្បាបានទេ។ ឃុនលី លើកដៃជូតទឹកភ្នែកឱ្យបុស្បា រួចសន្សឹមខ្លួនចូលកាន់តែកៀកខ្លួនស្រស់ស្រី ហើយលើកកាំបិតមកក្បែរខ្សែចំណង បំណងកាត់ផ្ដាច់ខ្សែ ហើយឱ្យបុស្បាបំពេញតួនាទីជាអ្នកអន្ទងចិត្តមនុស្ស ឱ្យមកស្លាប់ជំនួសនាងដូចរៀងរាល់យប់ថ្ងៃសីលនោះ តែភ្លាមៗអ្នកកម្លោះហាក់ភ្ញាក់ខ្លួនឡើងវិញពីការសណ្ដំចិត្ត របស់អ្នកដែលនៅក្នុងខ្លួនបុស្បាពេលនេះ ហើយបែរមុខកាំបិតទៅឆូតដៃបុស្បាបន្តិច រួចសម្រក់ឈាមនាងចូលទឹកបឹង បុស្បាពេលនេះបើកភ្នែកធំៗសរល្អក់ ស្រែកលាន់រំពងពេញព្រៃ បង្ហាញពីភាពឈឺចាប់ខ្លោចផ្សាដូចត្រូវគេវះយកបេះដូងចេញមក ឯតំណក់ឈាមបុស្បាដែលស្រក់ក្នុងបឹងពេលនេះ ក្លាយជាពន្លឺភ្លឺចាំងពេញបឹងទាំងមូល បន្ទាប់មកបុស្បាក៏ដួលសន្លប់ដោយមានដៃមាំរបស់ ឃុនលី ត្រកងជាប់ ហើយទឹកបឹងក៏ប្រែក្លាយជាសភាពធម្មតាវិញ។
—
ព្រឹកនេះគ្រប់គ្នាភ្ញាក់ពីដំណេកមកទាំងអារម្មណ៍ស្រស់ស្រាយ ទាំងពីរផ្ទះមានសភាពអូអរដូចគ្នា គឺពួកគេរៀបចំដាំបាយធ្វើម្ហូបដើម្បីធ្វើបុណ្យដាក់បាតជាមួយគ្នា។ បន្ទាប់ពីរៀបចំស្រេចបាច់ហើយ ឃុនលីទៅផ្ទះបុស្បាដើម្បីចាំទៅដាក់បាតព្រមគ្នា
-អ្នកនាងមិនអីទេមែនទេ?
-មើលចុះដៃខ្ញុំនៅឈឺមិនទាន់បាត់ទេខ្ញុំត្រូវធ្វើយ៉ាងមិចចំពោះលោកទើបល្អទៅ
-សុំជួបអ្នកម៉ាក់នាងបន្តិចមក ខ្ញុំនឹងទទួលខុសត្រូវ
ឃុន លី និយាយទាំងញញឹមច្រឡឺមទៅកាន់បុស្បា ធ្វើឱ្យស្រស់ស្រីនឹកក្នាញ់នឹងអ្នកកម្លោះ តែភ្លាមៗនាងក៏នឹកឃើញរឿងមួយដែលត្រូវប្រាប់ដល់ឃុនលី
-ខ្ញុំមានរឿងចង់ប្រាប់ គឺកាំបិតនោះបាត់ហើយ
-បាត់ឬ?
ឃុនលី ហាក់ភ្ញាក់ផ្អើលបន្តិច តែក៏សម្រួលកិរិយាមកវិញហើយវាចាបន្ត
-មិនអីទេ ព្រោះយើងមិនបានត្រូវការកាំបិតនោះទេ គ្រប់យ៉ាងបានបញ្ចប់អស់ហើយ ហើយអ្វីដែលសំខាន់គឺនាង នឹងនៅក្បែខ្ញុំរហូតមិនទៅណា
ពួកគេញញឹមស្រស់ជាមួយគ្នា និងនិយាយពាក្យនេះរួមគ្នាម្ដងទៀត
«យើងនឹងនៅក្បែរគ្នារហូតមិនទៅណា!»
ចប់