មានរឿងតំណាលថា ពីបុរាណកាលយូរយារមក សមុទ្រខាងត្បូងតំបន់ហៃណាន់ គឺជាគ្រឹះនៃទ្វារទឹកដែលថាស្ដេចនាគនៅសមុទ្រខាងត្បូង ត្រូវបានគេចាត់ទុកជាអ្នកមានភារៈចែកចាយទឹកភ្លៀង ក៏ដូចជាតំណាងឱ្យអំណាចនៃការរស់រានមានជីវិតរបស់កសិករចិន។
ព្រោះតែយ៉ាងនេះហើយ នៅក្នុងផ្នត់គំនិតជនជាតិឡាំងនៃវប្បធម៌ចិនដើមកកើតទឹកដី គេតែងតែយកទម្រង់ផ្សេងៗគ្នានៃរូបសំណាកស្ដេចនាគរាជសមុទ្រខាងត្បូង មកធ្វើជាអទិទេពទទួលការគោរពបូជាសុំទឹកភ្លៀង សុំអាកាសធាតុល្អសម្រួលដល់ការងារដាំស្រូវ ធ្វើស្រែចម្ការ ចិញ្ចឹមជីវិតចាប់ពីជំនាន់មួយរហូតដល់ជំនាន់មួយទៀត ។
ស្ដេចនាគខាងត្បូងស្ថិតនៅក្នុងចំណោមស្ដេចនាគនៃមហាសមុទ្រធំទាំងបួន ដែលគ្រប់គ្រងសត្វទាំងអស់នៅក្នុងសមុទ្រ និងទទួលបញ្ជាពីព្រះឥន្ទ្រាធិរាជក្នុងការស្រោចស្រពដីគោក។
ថាមពលឈី ឬវត្តមានភុជង្គនាគនៅក្នុងវប្បធម៌ចិន មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ រហូតក្រោយៗមកស្តេចអង្គណាក៏គិតថា ខ្លួនគេជាអម្បូរនៃនាគាដែរ។
វប្បធម៌និងជំនៅយ៉ាងជ្រៅនៅចិនបានបង្ហាញភស្តុតាងក្រោយៗមកទៀតដែលបានរកឃើញផ្លាកសញ្ញាត្បូងពេជ្រមានរាងទ្រនាប់ក្បាលនាគ ជីកបានពីរណ្តៅនៃបរិវេណវប្បធម៌ហុងសានប្រមាណជាជាងបួនពាន់ឆ្នាំមុនគ្រិស្ដសករាជ រក្សាទុកមកជាវត្ថុបុរាណ ចម្លាក់នាគទាក់ទងនឹងជំនឿដែលតែងប្រើព្រះនាមនៃ ស្ដេចនាគរាជមកពីដែនសមុទ្រទាំងបួនផ្សារភ្ជាប់ទៅក្នុងបុរាណនិទានជាច្រើនរបស់ ពួកគេ។
ដ្បិតតែនាគទាំងបួន មានព័ណ៌សម្បុររាងកាយខុសៗគ្នាក្នុងរូបគំនូរអាស្រ័យតាមវិចិត្រករនិងអ្នកមានជំនឿ ព្រមទាំងស្ថិតនៅក្នុងទិសដៅផ្ទុយគ្នាទាំងបួននៃព្រំដែនធម្មជាតិរបស់ប្រទេសចិន រួមមានសមុទ្រខាងកើត សមុទ្រខាងត្បូង សមុទ្រខាងលិច និងសមុទ្រខាងជើង ក៏ស្ដេចនាគទាំងនោះ តែងមានវត្តមានលេចឡើងនៅក្នុងប្រលោមលោកបុរាណសូម្បីក្នុង ការឆ្ពោះទៅទិសខាងលិច របស់ព្រះគ្រូថាំងចេង។
នាគនីមួយៗមានឈ្មោះត្រឹមត្រូវរបស់ពួកគេ មានរាជ្យអម្បូររបស់ពួកគេជានាមត្រកូលនឹងមោទនភាពជាមួយនឹងមហិទ្ធិឫទ្ធិផ្សេងៗអាចសម្តែងឡើងដាច់ដោយឡែកពីគ្នា។
និយាយអំពីសមុទ្រខាងត្បូង ដែលគ្រងរាជដោយរាជាមួយអង្គព្រះនាមយ៉ាំងឡុង ជារជ្ជកាល ព្រះចៅអធិរាជយ៉ាំងមានស្រីស្នំ ចំនួនមួយរយម្ភៃនាក់ និងមានរាជបុត្រាសែសិបបួនអង្គ រាជធីតានាគជាង៥០អង្គ។
នៅក្នុងចំណោមនោះមានតែរាជបុត្រាបីអង្គប៉ុណ្ណោះដែលទ្រង់ចាប់ព្រះទ័យជាងគេនៅក្នុងការមានសក្តានុពលនឹងក្លាយទៅជា អ្នកស្នងរាជ្យបន្តនៅដែនសមុទ្រខាងត្បូង។
ពេលដែលពួកគេចម្រើនវ័យ ស្ដេចនាគខាងត្បូងតែងតែចំណាយពេលកៀកកិតពន្យល់ប្រាប់អំពីវិធីសាស្ត្រនៅក្នុងការគ្រប់គ្រងដែនសមុទ្រ គ្រប់គ្រងស្រោចស្រពលោកិយ៍ គ្រប់គ្រងលើមច្ឆាជាតិគ្រប់ប្រភេទ គ្រប់គ្រងធម្មជាតិក្រោមសមុទ្រនិងលើផែនដី មិនឱ្យមានការបះបោរ ឬមហន្តរាយទឹកជំនន់ណាមួយកើតមានបាន។
រាជបុត្រាទាំងបី គឺព្រះអង្គយ៉ាំងឈី ព្រះអង្គ យ៉ាំងឡាយហួង និងព្រះអង្គយ៉ាំងស៊ុនស៊ី។ ព្រះអង្គម្ចាស់ទាំងបី មានម្តាយទីទៃពីគ្នា ប៉ុន្តែមានចិត្តមូលជាមួយគ្នា នៅក្នុងការខិតខំព្យាយាមសិក្សាសព្វវិជ្ជាការពី មជ្ឈដ្ឋានគ្រូបង្រៀនទាំងឡាយដែលឪពុកខ្លួនបានរៀបចំទុកឱ្យ។
វេលាថ្ងៃមួយទេសកាលជាមានហេតុភេទដ៏ចម្លែកបានកើតឡើង នាំមកនូវសំឡេងពញ្ញាក់ធ្វើឱ្យរាជបុត្រាដែលកំពុងតែស្មិងស្មាធិ៍ហ្វឹកហាត់វិជ្ជាបានបើកភ្នែកឡើងដឹងបើកព្រះនេត្រឡើងដឹងខ្លួនទាំងអស់អង្គ មិនអាចរៀនផ្ចង់បន្តបានទៀត ទើបរួសរាន់រលាស់កន្ទុយចាកចេញពីថានទៅពិនិត្យប្រភព។
មនុស្សស្រីម្នាក់ដ៏ស្អាតផូរផង់ម្នាក់បានធ្លាក់មកពីលើផ្ទៃទឹកខាងលើ ។
រាជបុត្រាទាំងបី ទជាមួយនឹងហេតុភាពយ៉ាងចម្លែកពួកគេមានតែប្រើកន្ទុយដ៏មានឫទ្ធានុភាពនិងខ្លួនប្រាណដ៏រឹងមាំ បណ្ដែតចរន្តទឹកឆ្ពោះទៅរកគោលដៅ ដែលស្ត្រីដ៏ស្រស់ស្អាតរសាត់អណ្ដែតត្របាញ់ចុះមកខាងក្រោម។
ដោយនាងលែងដឹងព្រះកាយទៅហើយ ក្នុងចំណោមពួកគេ ទោះជាអ្នកណាម្នាក់ក៏មិនអាចឈានទៅប៉ះពាល់ដើម្បីជួយទប់នាងមិនឱ្យធ្លាប់លិចបន្តទៅបាតសមុទ្រដែលពេញដោយសម្ពាធទាបបាននោះដែរ។ ចំហាយខ្លួនប្រាណនាង បីដូចជាចោមព័ទ្ធទៅដោយអគ្គីក្រៅរាប់រយអង្សាធ្វើឱ្យអ្នកទាំងអស់ណាដែលចង់ចូលទៅជិត ស្រាប់តែរលាកក្តៅក្រហល់ក្រហាយ ត្រូវឃ្លាតចេញមកឆ្ងាយជាបន្ទាន់សិន។
ទោះយ៉ាងណា ប្រសិនជាអង្គបុត្រានៅតែបណ្ដោយឱ្យនាងធ្លាក់ចុះជ្រៅទៀត នាងប្រាកដជាបាត់បង់ជន្មាដោយសារកម្លាំងសម្ពាធដែលមនុស្សមិនអាចទ្រាំទ្របានយូរឡើយនៅក្នុងផ្ទៃសាគរដ៏ជ្រៅនេះ ម្ល៉ោះហើយកូនស្ដេចនាគទាំងបីព្រះអង្គ ក៏បានមូលមតិគ្នាបង្កើតជារលកកម្លាំងរុញច្រានផ្ទៃទឹក ឱ្យរារាំងទប់ពីក្រោយ រក្សារាងកាយរបស់នារីដែនដីកណ្តាលនៅទើរទ្រឹងកណ្តាលជលសាស្ត្រនោះ។
មិនយូរប៉ុន្មានទេ នាងបានបើកភ្នែកដឹងខ្លួនឡើងបន្តិចម្តងៗ។
ដោយសារនេះគឺជាក្រោមទឹក នាងនៅតែមិនអាចដកដង្ហើមបានទេ ព្រះរាជបុត្រាក៏ចាប់ផ្តើមរួមរួមបន្ថែមកម្លាំងជំរុញឱ្យផ្ទៃទឹក រុញច្រាននាងអណ្តែតឡើងវិញទៅដល់ផ្ទៃខាងលើសមុទ្រ ដែលអាចមើលឃើញមេឃធំល្វឹងល្វើយ បាន។
នៅពេលដឹងថារាងកាយអណ្ដែតខ្លួន ដូចជាមានកម្លាំងគាំទ្រដ៏មហាអស្ចារ្យនៅខាងក្រោម នារីដ៏ស្រស់ផូរផង់បើកភ្នែកឡើង ហើយផ្សងថា ៖
«អូ តើខ្ញុំកំពុងធ្លាក់ចុះទៅក្នុងទឹកមែនទេ? ហេតុអ្វីបានជាការធ្លាក់នេះយឺតយ៉ាវម្ល៉េះ?»
ស្រាប់តែពេលនោះរាជបុត្រានាគទាំងបី បានសម្ដែងខ្លួនឡើងពី ចម្ងាយហេតុតែពួកគេមិនអាចចូលទៅជិតនាងបាន។ ពួកគេបានត្រឹមតែបង្ហាញខ្លួនជាបីជ្រុង ប៉ុន្តែហត្ថានៅតែជាប់មមាញឹកក្នុងការសម្ដែងរិទ្ធទ្រទ្រង់រាងកាយមនុស្សស្រី។
រាជបុត្រាចំណោមទាំងបីអង្គនោះ បានស្រែកសួរនាងថា៖
«តើនាងជាកូនរបស់ស្ដេចភ្លើងឬអ្វី បានជាខ្ញុំមិនអាចចូលជិតបាន?»
កុលនារីនោះក៏ចាប់អារម្មណ៍ដឹងថា មានព្រះអង្គម្ចាស់បីអង្គកំពុងតែបំពេញយុទ្ធសិល្ប៍ទ្ររាងកាយសង្គ្រោះនាង ដោយបង្កើតជាកម្លាំងខ្សែទឹក ផុសចេញពីបាតដៃរបស់ពួកគេ។
ម្ល៉ោះហើយ នាងបានសម្ដែងនូវអំណរគុណដោយក្រោកឡើងប្រណមហើយឆ្លើយថា៖
«ឱអ្នកមានគុណ នាងខ្ញុំជារាជបុត្រីនៃព្រះរាជានគរខន្ឌមារាម ចំងាយប្រមាណ៣០០យោជន៍ពីដែននេះ ។ យើងខ្ញុំបានធ្វើដំណើរតាមផ្ទៃទឹក ឆ្ពោះទៅរករតនៈសម្បត្ដិម្យ៉ាង ដើម្បីមកបូកត្រួសទ្រូងនគររបស់ខ្ញុំ។
រាជបុត្រាទីពីរក៏ដណ្តឹងសួរឡើងថា៖
«តើរតនៈសម្បត្តិអ្វីទៅដែលនាំព្រះនាងកើតចិត្តប្រាថ្នាស្វែងរករហូតមក សឹងដល់មរណៈក្នុងដែនសាគរនេះបាន? យើងទាំងបីក៏ជារាជកុមារនៃស្តេចនាគ កាន់កាប់សមុទ្រខាងត្បូង! ប្រសិន យើងនេះដឹងការណ៍ អាចថានឹងជួយជាគ្នារុករកសម្រាប់ព្រះនាងបាន»
ព្រះធីតាសណ្តាប់ចប់ យល់ពីប្រវត្តិអ្នកកំពុងសង្គ្រោះទ្រង់ទើបតបតថា៖
«ព្រះពរ ! នោះជាមកុដមួយតាំងនៅសមុទ្រខាងត្បូងនេះ!»
រាជបុត្រាបែរព្រះភក្រ្តទតអារម្មណ៍គ្នាចុះឡើង ព្រោះទ្រង់ជ្រាបថា ម្កុដនេះគឺជាគ្រឿងដ៏សំខាន់នៃវរបិតាខ្លួន។
បុត្រពៅបានតបមកភ្លាម៖
«ម្កុដនេះជាគ្រឿងកំពូលឥស្សរៈនៃរាជវង្សរបស់យើង បិតានិងបុព្វការីបានតស៊ូរក្សាមកជាច្រើនជំនាន់ហើយ ហេតុអ្វីអាចក្លាយទៅជាគ្រឿងប៉ុនប៉ងយ៉ាងលោភលន់ដូច្នេះ?»
ព្រះធីតាហាក់យល់ការណ៍ថាអ្នកសង្គ្រោះកំពុងនឹកអន់ព្រះទ័យទើបទ្រង់ពន្យល់តបមិនវាងវែងឆ្ងាយឡើយ៖
«ពីព្រោះប្រទេសរបស់ខ្ញុំ រងនូវសោកនាដកម្មរាំងស្ងួតជាច្រើនតំណមកហើយ ! អ្នកស្រុករស់នៅដោយលំបាកលំបិន អត់ឃ្លាន អាសន្នរោគកាច់ និងស្លាប់ជារៀងរាល់ឆ្នាំព្រោះតែភាពរាំងស្ងួត គ្មានភ្លៀង រំពឹងតែលើដងទន្លេតូចមួយមិនមានទឹកភ្លៀងថ្មីដើម្បីបំពេញចេះតែរីងហួតទៅបន្តិចម្តងបន្តិចម្ដង ការធ្វើស្រែក៏មិនបានផលល្អ ដីចាប់ប្រេះក្រហែងខូចអសារ! មិនយូរទេ ប៉ុន្មានឆ្នាំខាងមុខ ទន្លេនោះនឹងរីងស្ងួតសល់តែបាត សត្វលោកនឹងវិនាសនិរាសរហោដ្ឋាន !បិតាមិនមានបុត្រាគ្រាន់ទីពឹង បានជានាងខ្ញុំស្ម័គ្រធ្វើដំណើរដ៏វែងអន្លាយមកកាន់សមុទ្រមួយនេះ ស្វះរកខ្ចីម្កុដយកទៅសង្គ្រោះផែនដី! មិនយូរប៉ុន្មាន ក៏អកុសល បានជួបនិងសត្វកន្ធាយយក្សមួយធំប៉ុនកូនកោះ វាបានសម្តែងមហិទ្ធិឫទ្ធិមកពន្លិចសំពៅរបស់ខ្ញុំ !»
បុត្រាទាំងបីជ្រាបសព្ទការណ៍ហើយក៏កើតចិត្តអាណិតអាសូរពន់ពេកទើបរាជបុត្រកណ្តាលស្រដីសួរទៀតថា៖
« ដូច្នេះមិនស័ក្តសមកនឹងលំនាំនៃធម្មជាតិរៀងមកសោះ! ព្រះធីតាអាចមានសទ្ធាប្រាប់ត្រង់បានទេជាហេតុផលអីបានជា ប្រទេសរបស់ព្រះនាងគ្មានភ្លៀងសូម្បីមួយមេណា? តើប្រទេសរបស់ព្រះនាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ដេចនាគសមុទ្រណាមួយ? »
«ឪពុករបស់ខ្ញុំបានតំណាលថា កាលដើមឡើយប្រទេសរបស់ខ្ញុំឋិតនៅក្រោមការគ្រប់គ្រងនៃស្ដេចនាគរាជសមុទ្រខាងត្បូង ប៉ុន្តែដោយសារតែមានជម្លោះមួយចំនួន ខ្ញុំមិនដឹងនោះទេបានជាស្ដេចនាគសមុទ្រខាងត្បូងបានសម្រេចចិត្តឈប់ផ្គត់ផ្គង់ទឹកដល់ពួកយើង ហើយបានដាក់ពួកយើងឱ្យនៅឯកោមិនមានការទ្រទ្រង់ពីអ្នកណាទាំងអស់»
បុត្រាទាំងបីឮហើយកាលណាក៏ងាកមើលមុខគ្នា ព្រោះឆ្ងល់ពេកពន់។ រឿងហេតុជំលោះនឹងការបោះបង់នេះ មិនដែលឮអ្នកណាម្នាក់ក្នុងរាជនគររំលឹកប្រាប់សូម្បីតែម្តង ។
ភ្លាមនោះព្រះនាង ក៏ប្រាប់បន្តថា៖
«នៅលើខ្លួនខ្ញុំនេះ មានអាវទិព្វដែលជាអាវុធប្រចាំរាជបល្លង័! ខ្ញុំអាចគ្រងដើម្បីការពារព្រះកាយពីមនុស្សសត្វទាំងឡាយក្នុងការយាយីព្រោះមិនអាចប៉ះបានពេល ជាអាវដែលមានធាតុអគ្គី មិនថាធ្លាក់ទៅក្នុងទឹកឬមួយក៏ទៅដល់ឋានណានៅតែគ្មាននរណាម្នាក់អាចយកឈ្នះភាពក្តៅនេះបានឡើយ រហូតទាល់តែអ្នកនោះពិតជាមនុស្សមានចិត្តស្មោះ ទើបអាចឈានមកនៅក្នុងការប៉ះពាល់ខ្ញុំបាន»
រាជបុរសទាំងបីបានឮការណ៍នេះចប់ហើយមានម្នាក់ក្នុងចំណោមឆ្លើយតបដោយដាច់អហង្ការថា៖
«តើព្រះនាងគិតថា ពួកយើងមិនមានចិត្តស្មោះឬអ្វី ដែលពួកយើងកំពុងតែព្យាយាមជួយនាងនេះ ! ឱ បើសិនលោតែយើងលែងដៃ តែម្នាក់ក្តី ព្រះនាងអាចនឹងធ្លាក់ចូលទៅក្នុងបាតសាគរហើយនឹងស្លាប់មុនសង្គ្រោះជាតិនាងបានផង តើពួកយើងមិនស្មោះត្រង់ ត្រង់ណា? ហេតុអ្វីបានជាយើងមិនអាចប៉ះពាល់អាវនេះបាន?»
ភាគីព្រះធីតាគ្រានោះទូលតបវិញថា៖
«ឱព្រះរាជបុត្រា! ភាពស្មោះត្រង់នៅលើលោកនេះមានចំនួនបី ទីមួយគឺស្មោះត្រង់ដោយកាយវាចាចិត្ត ទីពីរស្មោះត្រង់ដោយមិនគិតលាក់កំណួច ទីបីស្មោះ ត្រង់ ដោយមិនខ្វល់អំពីផលប្រយោជន៍ផ្ទាល់ខ្លួន»
ឮដូច្នេះបុត្រាផ្សេងទៀតក៏បានសួរមកវិញថា៖
«តើពួកយើងមានមិនស្មោះត្រង់ណាមួយក្នុងចំណោមទាំងបីចំណុចនេះ?»
សណ្តាប់ហើយព្រះនាងក៏បានឆ្លើយឡើងវិញថា៖
«តើទ្រង់ទាំងបី មានបំណងចង់ជួយយើងដោយសារឃើញយើងមានរូបសម្រស់ ឬមួយក៏យើងជាមនុស្សស្រីឬមួយក៏មកពីយើងជាអ្វីផ្សេង?»
រាជបុត្រាមើលមុខគ្នាហើយឈ្ងោកព្រះភក្ត្រគិតមិនហ៊ាននិយាយអ្វីឬមួយសួរថាយ៉ាងណាទៀតនោះទេ ។
តាមពិតទ្រង់ទទួលស្គាល់ថា ឯកអង្គពិតជាលង់ស្នេហ៍ជាមួយនឹងសម្រស់របស់នារីដ៏ស្រស់ស្អាតម្នាក់នេះ ហើយនាងគឺជាកូនស្ដេចនៃនគរមួយដែលត្រូវបានបោះបង់ចោលដោយបិតារបស់ខ្លួន តើពួកគេមានអតីតកាលនិងហេតុភេទបែបម្ដេចខ្លះ បានជាមានសេចក្ដីក្លាហានហ៊ានធ្វើដំណើរមកកាន់សមុទ្រខាងត្បូងដើម្បីស្វែងរកមកុដនោះទៅជួយរាជនគររបស់ព្រះនាង?
បុត្រាម្នាក់ក្នុងចំណោមនោះបានសួរវិញថា៖
«ប្រសិនបើយើងឱ្យនាងរៀបការជាមួយអ្នកណាម្នាក់នៅក្នុងចំណោមបងប្អូនយើងបីនាក់ តែព្រះនាងត្រូវយល់ព្រមថានឹងរស់នៅទីនេះ ហើយយើងនឹងឱ្យខ្ចីមកុដសមុទ្រ ទៅប្រោះព្រំផែនដីរបស់នាងក្នុងមួយឆ្នាំចំនួនបីខែ ព្រះនាងយល់យ៉ាងណាដែរ?»
រាជធីតានោះបានបន្ទូលឆ្លើយឡើងថា៖
«ប្រសិនបើនោះគឺជាជំនួយដោយស្មោះ ប្រាកដណាស់មិនមានថ្នូរអ្វីជាលក្ខខណ្ឌ មកជាមួយឡើយ! បើទោះបីជាខ្ញុំមិនរៀបការជាមួយអ្នក ក៏អ្នកនឹងជួយដល់នគររបស់ខ្ញុំទៀងទាត់បីខែនៅក្នុងមួយឆ្នាំៗ »
អ្នកទាំងបីមើលមុខគ្នាហើយក៏សួរនាងវិញថា៖
«តើនៅលើផែនដីគោក តើមានអ្នកណាធ្វើអ្វីមួយដែលមិនទាមទារសំណងដែរឬទេ?»
នាងឆ្លើយតបវិញថា៖
«ប្រាកដជាមាន ឧទាហរណ៍ដូចជាម្តាយដែលបង្កើតយើងចេញមកដោយមិនទាមទារសំណងថា យើងត្រូវតែបង្កើតលោកវិញនោះទេ ពុកយើងក៏ដូច្នោះមិនធ្លាប់គិតថា យើងនឹងធ្វើអ្វីមួយសម្រាប់ពួកគាត់ត្រឡប់វិញនោះឡើយ គាត់គ្រាន់តែចង់ឃើញយើងមានអនាគតល្អតែប៉ុណ្ណោះ សេចក្ដីស្នេហារបស់ម្តាយឪពុកចំពោះកូនគឺជាសេចក្ដីស្នេហាដែលគ្មានលក្ខខណ្ឌនោះទេ »
រាជបុត្រាងក់ព្រះកេសហើយរាជបុត្រពៅសួរដោយស្រពោន៖
«ប៉ុន្តែក្រៅពីឪពុកម្តាយនិងកូន តើយើងនឹងទៅរកសេចក្ដីស្នេហាបែបនេះពីណាមកទៅ»
ព្រះនាងបានឆ្លើយថា៖
«រាជឪពុកខ្ញុំ មានបន្ទូលតមមណាលថា ក្នុងគុហាគជ់មួយក្រោមសមុទ្រខាងត្បូង មានកន្លែងមួយដែលតាំងនូវម្កុដសក្ត័សិទ្ធ អាចប្រើជាកំពូលមហិទ្ធិឫទ្ធិបញ្ជាផ្ទៃទឹក បង្កើតជាទ័ពមច្ឆា នៅក្នុងទឹក គ្រប់គ្រងលើអាណាចក្រទឹកហើយក៏ជាម្កុដមួយដែលស្ដេចនាគនៃសមុទ្រទាំងបួនតែងតែប្រជែងគ្នាចង់បានប៉ុន្តែរហូតដល់ពេលនេះគ្មានអ្នកណាម្នាក់អាចយកវាបាននៅឡើយទេ!»
បុត្រាច្បងគ្រវីព្រះកេសបដិសេធថា៖
«សបញ្ជាក់ថារាជបិតាព្រះនាងជ្រាបរឿងមិនត្រូវនោះឡើយ! ឪពុករបស់យើងខ្ញុំជាព្រះវរបិតាគ្រប់គ្រងដែនសមុទ្រខាងត្បូង មានទាហានធ្វើសឹកជាមច្ឆាគ្រប់ប្រភេទ មិនដែលមាននរណាហ៊ានបះបោរប្រឆាំងនឹងបញ្ជារបស់ទ្រង់រីឯ ម្កុដសមុទ្រខាងត្បូង នៅលើព្រះកេសនៃព្រះអង្គជារៀងរាល់ថ្ងៃ »
រាជនារីនោះក៏ឆ្លើយវិញថា៖
«ដូច្នេះ តើអ្នកហ៊ានទូលសួរព្រះបិតារបស់អ្នកដែរទេថាពិតជានៅមានម្កុដមួយទៀតដ៏អច្ឆរិយៈនៅសំចតឥតម្ចាស់ក្នុងគុហាគជ់?»
បុត្រាទាំងបីព្រះកាយសម្រេចព្រះទ័យ ខ្ជាក់ចេញពីមាត់របស់ពួកគេ នូវគ្រាប់គជ់ពណ៌ខុសៗ គ្នាចំនួនបីហើយហុចទៅឱ្យព្រះធីតាភ្លាម។
« នោះតើជាអ្វី?»ព្រះនាងសួរ។
រាជបុត្រកណ្តាលតបឆ្លើយ៖
«នេះគឺជាគជ់សម្រាប់ចុះក្នុងជម្រៅបំផុតនៃដែនទឹក ទីឋានដែលមានតែអម្បូរនាគរបស់ពួកយើងអាចចុះទៅដល់! ចូរព្រះនាងបៀមគជ់ទាំងនេះជាប់នៅក្នុងបំពង់ក យើងអាចឱ្យព្រះនាងខ្ចីក្នុងរយៈពេលខ្លីដើម្បីយាងព្រះធីតាទៅជួបនឹងរាជបិតានៃយើង! »
រាជបុត្រច្បងបញ្ជាក់បន្ថែមថា៖
«ដោយសារគជ់នេះ ព្រះនាងគង់អាចដកដង្ហើមក្នុងទឹក និងអាចបណ្ដែតខ្លួនចុះឡើងក្នុងផ្ទៃទឹកដូចជា បណ្តារាស្ត្រនៅឯនគរសមុទ្រខាងត្បូងដែរទីបំផុតទ្រង់ ថែមទាំងអាចយាងចូលដល់ជម្រៅបំផុតនៃដែនសាគរដែលមានតែរាជវង្សនាគទើបអាចចុះដល់»
ព្រះនាងទទួលយកមកលេបទាំងអំណរគុណ។
« ចុះអ្នកទាំងបីដែលឱ្យគជ់នេះមកខ្ញុំហើយតើបានអ្វីសម្រាប់បណ្ដែតខ្លួនទៀត?»
បុត្រពៅឆ្លើយតបភ្លាម៖
«ពួកយើងអាចរស់នៅដូច្នេះក្នុងរយៈពេលប្រាំពីរថ្ងៃ! លោហិតយើងជាខ្សែគជ់ ដែលអាចជំនួសបានមួយគ្រាដែរ បើសិនជានាងមិនគោរពសម្ដីហើយមិនខ្ជាក់វាសងមកឱ្យយើងទេ ពួកយើងនឹងក្លាយទៅជារាស្ត្រធម្មតានៅវង្វេងក្រៅរាជនគរមិនមានលទ្ធភាព បន្តចុះទៅដែនសីម៉ារាជវាំងសមុទ្រខាងត្បូងឡើយ»
ព្រះរាជធីតាឆ្លើយតបថា៖
«ដោយសារអ្នកមានចិត្តស្មោះនៅក្នុងការប្រគល់វាមកឱ្យខ្ញុំ ដើម្បីដឹងរឿងពិតប្រាកដជូនដល់ហ្លួងរាជបិតារបស់អ្នក ដូច្នេះអ្នកពិតជាបានពរពីព្រះ ហើយគជ់ទាំងនេះនឹងក្លាយទៅជាកម្មសិទ្ធិរបស់អ្នកវិញនៅមុនរយៈពេលកំណត់មកដល់!»
ថាហើយ រាជបុត្រាក៏ប្រើថាមពលជញ្ជូនខ្សែទឹកបណ្ដែតព្រះនាងលឿនស្លេវចុះទៅដល់ដែននគររបស់ខ្លួន។
នៅចំពោះមុខព្រះវររាជបិតានៃអង្គបុត្រាទាំង៣ រាជធីតាពិតជាបានឃើញមកុដដ៏ស្រស់ស្អាតមួយនៅលើព្រះកេសរបស់ព្រះអង្គ។
ឃើញភ្លាមកាលណាព្រះនាងក៏បានទូលពិតថា៖
« ព្រះមហារាជនៃសមុទ្រខាងត្បូង! ខ្ញុំម្ចាស់បារម្ភក្រែងតែម្កុដមួយនាព្រះកេសទ្រង់ មិនមែនជារបស់ពិតនោះឡើយ»
ព្រះបិតាដែលប្រកបទៅដោយព្រះភក្ត្រសួតស្ងប់បានរាយការណ៍ប្រាប់ព្រះនាងវិញថា៖
«ម្នាលធីតាដែនគោក! ពិតណាស់ថា ជាច្រើនសិបឆ្នាំមកនេះយើងតែងតែប្រាថ្នាចង់បានម្កុដពិតយកមកគ្រងលើព្រះកេស ប៉ុន្តែយើងគ្មាននិស្ស័យនៅក្នុងការបង្កើតបាន ជាមហិទ្ធិរិទ្ធណាមួយដណ្តើមយកម្កុដនោះចេញពីក្នុងល្អាងគជ់ឡើយ»
រាជបុត្រាទាំងបីឮហើយក៏មើលមុខគ្នាទើបនឹងទទួលស្គាល់ថាអ្វីដែលនាងបានរៀបរាប់កាលពីនៅលើផ្ទៃទឹកសុទ្ធតែជាការពិតទាំងអស់។
ម្កុដមែនទែនដែលអាចគ្រប់គ្រងលើអាណាចក្រសមុទ្រទាំងបួនពិតជាឋិតនៅក្នុងជ្រលងគជ់មួយនោះដដែលរហូតដល់យុគនេះនៅតែមិនមានអម្បូរនាគាណាអាចទៅដល់នឹងទទួលមកជាកម្មសិទ្ធិបាន។
ព្រះនាងបានឆ្លើយតបវិញថា៖
«នេះមានន័យថា រាជាក៏មិនមានសង្ឃឹមផងទេ អំពីម្ចាស់បងទាំងបីអង្គនេះថាអាចមានចិត្តស្មោះគ្រប់គ្រាន់ដើម្បីទៅសូមផ្សងយកម្កុដចេញពីល្អាងគជ់នោះបាន?»
ស្ដេចនាគបានងក់ព្រះកេសហើយឆ្លើយថា ៖
«យើងនេះជាមនុស្សមានសេចក្ដីស្នេហាច្រើន មានប្រពន្ធជាមនុស្សានិងនាគីរាប់រយអង្គ! ទតឃើញហើយថាយើងមានរាជបុត្រាជាច្រើន! តាំងពីបានគ្រងរាជ យើងរស់នៅជាមួយនឹងទំនាស់បញ្ហាមិនចេះចប់! មានឆ្នាំមួយនោះ យើងបានប្រើល្បិចផ្សេងៗ បំផ្លាញនគរមួយដែលមានក្សត្រជាមនុស្សស្មោះត្រង់ សល់ពីអម្បូរដែលមានបេះដូងជាពេជ្រ! យើងច្រណែនថាពួកគេមានចិត្តល្អបរិសុទ្ធដូចត្បូង ក៏ប្រកាសថា ម្នាលត្រកូលអ្នកស្មោះ តើអ្នកចាំបាច់អីចង់បានទឹកភ្លៀងអំពីយើងទៅ បើអ្នកយល់ថា មានភាពស្មោះត្រង់ក៏គ្រប់គ្រាន់ទៅហើយ តើអ្នកមិនដោះបញ្ហារាំងស្ងួតដោយប្រើបេះដូងពេជ្ររបស់អ្នកទៅ! ដូច្នេះ ព្រះរាជានោះ បានស្បថឡើងថា ថា ប្រសិនបើយើងមិនដែលជឿលើអំពើស្មោះត្រង់ដរាបទៅ នឹងមិនអាចប៉ះទទួលបាននូវ ម្កុដសមុទ្រខាងត្បូងមកគ្រងរាជ្យលើមហាសមុទ្រទាំងបួនជាដាច់ខាត! »
ថាហើយស្តេចងាកមកសួរនាងបន្ថែម៖
«ដែលព្រះនាងយាងមកដល់ឆ្ងាយបែបនេះមុខតែមានវិធីក្នុងការជួយយើងដើម្បីដោះប្រស្នាជីវិតដ៏ស្មុគស្មាញនេះដែរ?»
«ក្រាបទូលក្សត្រានៃមហាសមុទ្រខាងត្បូង! ខ្ញុំម្ចាស់នឹងអាចជួយព្រះអង្គបាន ដរាបណាព្រះអង្គព្រមសណ្តាប់នូវហេតុផលសិន! ក្សត្រនៃអម្បូរដែលមានបេះដូងជាពេជ្រ តាមពិតជាបិតាខ្ញុំម្ចាស់ ! ច្រើនឆ្នាំមកហើយ ដោយសារបណ្តាសារអ្នក អ្នកស្រុកត្រូវរងទុក្ខខ្លោចផ្សារគ្មានទឹកធ្វើកសិកម្ម ខ្វះស្បៀង ហូបមិនច្អែត រងជំងឺតំកាត់ ! ប្រសិនពេលនេះក្សត្រព្រមសន្យាថាឱ្យខ្ញុំខ្ចីមកុដនេះទៅបង្អុរ ជារៀងរាល់ឆ្នាំដើម្បីចិញ្ចឹមអ្នកស្រុកភូមិនៃរាជនគររបស់ខ្ញុំព្រមទាំង បំពេញទឹកឱ្យដងទន្លេបឹងបួរនានាមិនចេះរីងស្ងួតមួយរដូវហើយមួយរដូវទៀតផ្លាស់វេនជារាងតទៅខ្ញុំម្ចាស់នឹងរកវិធីសុំដោះសម្តីឱ្យទ្រង់កាន់កាប់ម្កុដនោះបាន!»
«ប៉ុន្តែព្រះធីតានៃខ្ញុំ! »រាជបុត្រច្បងសួរកាត់«តើកាលដែលយើងមានប្រាថ្នាទាំងសងខាងដូច្នេះ អាចចាត់ទុកថាជាការមិនស្មោះត្រង់ដែរឬទេ?»
ព្រះនាងតបទូលវិញ៖
«ម្នាលរាជបុត្រច្បង! ពិតណាស់ ដើម្បីយកមកុដនៅសមុទ្រខាងត្បូងមកគ្រប់គ្រងបាននោះតោង ដឹងដែរពីភាពស្មោះត្រង់នឹងការចង់បានដែលអ្នកកំពុងនិយាយ! ការនេះមិនរាប់សំដៅទៅលើការចង់បានដើម្បីយកទៅសង្គ្រោះលើមនុស្សជាច្រើននៃរាជនគរទាំងមូលឬនៅក្នុងពិភពលោកទាំងមូលនោះទេ ! ប្រសិនបើបំណងប្រាថ្នានោះគឺដើម្បីផលប្រយោជន៍របស់អ្នកម្នាក់ឯងឬក៏ក្រុមណាមួយជាគ្រួសាររបស់អ្នកនោះទើបអាចចាត់ទុកថា ជាភាពមិនស្មោះត្រង់ចំពោះភពផែនដី ប៉ុន្តែផ្ទុយទៅវិញ បើសិនជាការចង់បាននោះគឺជាប្រយោជន៍នៃនគរទឹកដី ប្រជានុរាស្ត្រ ម្កុដនៅសមុទ្រខាងត្បូងនោះប្រាកដណាស់ជាយល់ព្រមជាមួយខ្ញុំ ហើយជឿថាវាគឺជាបំណងដ៏ស្មោះត្រង់មួយ»
ពេលនោះហើយ ព្រះរាជានាគដែលសញ្ជឹងពិចារណាអស់ពេលមួយស្របក់ទ្រង់កាត់សេចក្តីឡើងថា ៖
«យើងមានគំនិតហើយ! ច្រើនពាន់ឆ្នាំមកនេះ មិនដែលមាននាគណាមួយ ដែលអាចទៅយកបានតំណែងជាមេលើសមុទ្រទាំងបួនឡើយ! ពួកយើងទទួលស្គាល់ថា យើងមិនមានចិត្តស្មោះត្រង់ មិនទាន់លះបង់កំណាញ់បានដូចៗគ្នា! គ្រានេះយើងសូមយល់ស្របថា អាចឱ្យនាងសាកល្បងទៅកាន់ល្អាងគជ់នោះដើម្បីប្រាថ្នាសុំយកម្កុដចេញមកតែនាងត្រូវទទួលខសន្យាសំខាន់មួយនេះ គឺទទួលរាជបុត្រាណាមួយរបស់យើងជាស្វាមីអភិសេកជួយគ្រប់គ្រងទឹកដីជាមួយព្រះទ័យជាដុំពេជ្រនេះនឹងអាលឱ្យម្កុដនាគសមុទ្រខាងត្បូងនៅតែជាកម្មសិទ្ធិការពារព្រះនគរដរាបទៅ!»
ពួកគេក៏បានជូនដំណើរព្រះនាងទៅដល់ល្អាងគជ់ដូចបំណងប្រាថ្នា។ នៅទីនោះនាងបានបួងសួងថាបើសិនជាខ្ញុំពិតជាមនុស្សមានចិត្តស្មោះត្រង់ចំពោះមនុស្សលោកនេះសូមឱ្យខ្ញុំអាចចូលទៅយកកាន់ម្កុដនោះចេញមកបានតាមបំណង ។
ព្រះធីតាថាចប់ហើយកាលណា ទ្វារនៃល្អាងគជ់នោះក៏របើកឡើងឯកឯង ហើយនាងបានបណ្ដែតខ្លួនចូលទៅថែមទាំងបានទទួលយកម្កុដបុរាណនោះចេញមកវិញក្រោមភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៃនគរនាគទាំងមូល។
ស្ដេចនាគខាងត្បូងពិតជារំភើបសប្បាយចិត្តខ្លាំងហិចហើរទៅកាន់ទៅក្បែរដើម្បីទទួល ម្កុដមកពិនិត្យ ប៉ុន្តែនៅពេលដែលម្រាមដៃរបស់ទ្រង់ប៉ះទៅនឹងវត្ថុនោះកាលណាអ្វីម៉្យាងមុតដូចជាត្រូវនិងម្ជុលរាប់រយ មិនអាចឱ្យទ្រង់ប៉ះពាល់វត្ថុនោះបានដាច់ខាតធ្វើឱ្យស្ដេចនាគត្រូវថមថយមកវិញទាំងក្រេវក្រោធអស់សង្ឃឹម។
ហេតុអ្វី ខ្ញុំមិនអាចប៉ះវាបាន ?
ព្រះនាងបានលានគរនាគ ដោយខ្ជាក់សងនូវគជ់ទាំងបីនៃរាជបុត្រា ជាមួយសន្យាសង្គ្រោះនគររួចកាលណានឹងវិលមកវិញមិនលើសពេល៧ថ្ងៃ។ ពោលហើយ ធីតាបានវិលមករាជនគរនៃមនុស្សស្មោះធ្វើការបន់ផ្សងសុំពរពីម្កុដ ឱ្យកើតជាភ្លៀងនៅពាសពេញ បំពេញវារីនានានៃនគរខ្សត់ទឹកទាំងអស់នៅលើលោក។ ដរាបណានាងបន់ច្រើនដងនៅតែមិនបានសម្រេចមួយមេណាធ្លាក់មកសោះ រឿងហេតុនេះបានកន្លងទៅជាច្រើនថ្ងៃ នាងអង្គុយអស់សង្ឃឹមក្នុងសួនផ្កាក៏បានឮសំឡេងស្តេចនាគលាន់មករំឮកពីក្នុងសមុទ្រថា នាងបានសន្យាថានឹងរៀបការជាមនុស្សនគរនាគដូច្នេះចូរនាងពាក់ម្កុដរួចសឹមធ្វើការបួងសួងតាមរបៀបនាគ។
មិនយូរប៉ុន្មាននាងបានធ្វើតាមនោះ ឃើញថា ភ្លៀងពិតជាស្រោចមកពិតមែន។
ការណ៍នេះធ្វើឱ្យមានភាពត្រេកអរពាសពេញរំជួយនគរ កសិករមានទឹកសម្រាប់ធ្វើស្រែចម្ការនិងមានទឹកគ្រប់គ្រាន់ដើម្បីបរិភោគ លាងសម្អាត និងជម្រះភាពសៅហ្មងផងទាំងពួងបាន។
ថ្ងៃមួយ មានការភ្ញាក់ផ្អើលនៅមាត់សមុទ្រនៅដៃសមុទ្រដោយឃើញមាន ស្រកានាគជាច្រើនរសាត់អណ្ដែតមកទើរលើ ឆ្នេរ។
អ្នកស្រុកបានផ្អើលតគ្នារហូតដល់បានដំណឹងដល់ ព្រះបរមរាជវាំង ហើយរាជ្យធីតាត្រូវបានបិតានាំទៅទត។ នាងបានមើលស្គាល់ថានេះគឺជាស្រការបស់បុត្រាម្នាក់នៅក្នុងចំណោមបុត្រាទាំងបីដែលធ្លាប់ជួយនាងការនៅសមុទ្រខាងត្បូងដូច្នោះហើយនាងក៏បាននិយាយនិងបិតាថាខ្ញុំអាចទាយដឹងថារាជបុត្រាម្នាក់នោះកំពុងតែមានទុក្ខដោយសារតែគេចាកចេញពីនគរទឹកមកស្វះស្វែងរកខ្ញុំ ។
ព្រះបិតាក៏និយាយឡើងថា ប្រសិនបើគេពិតជាមនុស្សមានចិត្តស្មោះត្រង់ យើងនឹងប្រកាសថាព្រមព្រៀងលើករាជបុត្រីរបស់យើងឱ្យទៅជាភរិយារបស់គេ ហើយនឹងទៅរស់នៅដែនទឹករបស់គេជួយទ្រទ្រង់សមុទ្រខាងត្បូងនិងម្កុដសមុទ្រខាងត្បូងបង្អុរភ្លៀងដោយយុត្ថិធម៌ដល់បណ្តានគរទាំងអស់លើភពផែនដីនេះ។
គ្រាន់តែព្រះបិតាប្រកាសចប់កាលណាសមុទ្រចាប់ផ្តើមរំជួយ លេចឡើងនូវរាជបុត្រាទីបីដែលប្រកបទៅដោយទឹកមុខក្រៀមស្រពោន។
ព្រះនាងក៏សួរថា ៖
«ហើយអ្នកអើយ បើអ្នកមកដល់នគររបស់ខ្ញុំហើយហេតុអ្វីបានជាសំងំនៅ នេះរហូតដល់អ្នកក្លាយទៅជាក្រៀមក្រោះជ្រុះស្រការដោយអន្លើ?»
បុត្រានោះក៏បានឆ្លើយឡើងថា ៖
«ខ្ញុំពិតជាមានសេចក្ដីស្នេហាជ្រាលជ្រៅលើរាជធីតា ចាប់តាំងពីថ្ងៃដែលខ្ញុំបានឃើញព្រះនាងនៅឯឋានភុជង្គនាគមក! ដូច្នេះហើយនេះគឺជាចិត្តស្មោះត្រង់របស់ខ្ញុំ ក៏មិនមែនដើម្បីទទួលបាននូវរាជសម្បត្តិប៉ុន្តែខ្ញុំពិតជាចង់បានព្រះនាងទៅជាភរិយានៃខ្ញុំពិតប្រាកដចាប់ពីពេលនោះ ហេតុតែខ្ញុំមិនចង់ឱ្យព្រះនាងមានការលំបាកនៅក្នុងការបដិសេធខ្ញុំ ដូច្នេះហើយខ្ញុំក៏បានត្រឹមឃើញព្រះនគរពីចម្ងាយក៏អស់ចិត្ត។»
ព្រះធីតាតបវិញថា៖
« រាជបុត្រាពិតជាមានសមានចិត្តស្មោះចំពោះខ្ញុំ ដូច្នេះហើយខ្ញុំគិតថា អ្នកគួរតែត្រឡប់ទៅនគរវិញនាំមកនូវបណ្ណការនានាដើម្បីថ្ងៃមង្គលរបស់យើង!»
ចាប់ពីពេលនោះមក អាណាចក្រទឹកទាំងបួន បានទទួលនូវពរពីព្រះ ទទួលបានរាជនីបេះដូងពេជ្រមកគ្រងម្កុដសមុទ្រខាងត្បូង ជារាជនី ដ៏ស្មោះសមួយរូបផ្តល់សុខសាន្តជាដរាបដល់ភពផែនដីគោកផ្តល់ទឹកស្រោចស្រព តាមកាលរដូវមិនចេះល្អៀងឡើយ៕