សិល្បៈនៃការតែងនិពន្ធអាចមើលទៅ នៅតែជាអាថ៌កំបាំង សម្រាប់អ្នកដែលមិនធ្លាប់ព្យាយាមបានសម្រេចឬបញ្ចប់សៀវភៅដំបូងរបស់ខ្លួន។ ក៏មានមនុស្សមួយចំនួន អាចសរសេរសៀវភៅរបៀប វិទ្យាសាស្ត្រ ទ្រឹស្តី របកគំហើញ ទស្សនវិជ្ជា ប្រវត្តិបុគ្គល។ល។ ប៉ុន្តែ មិនអាចបញ្ចប់សាច់រឿងប្រលោមលោកមួយបាន ។
អ្នកនិពន្ធ ម៉ីសន សុធារី បានសរសេរថា «ខ្ញុំទទួលបានឆាតរបស់អ្នកដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធប្រលោមលោកវ័យក្មេងៗជាច្រើន ចង់បានវិធីសាស្ត្រអំពីការតែងនិពន្ធតាមបែបស្រមើស្រមៃតែស៊ីសង្វាក់នឹងនិន្នការ-កាលអាកាស ដែលអានកាលណា អ្នកអានទទួលយកបាន។ មិនមានអ្វីជាការសម្ងាត់អំពីដំណើរការសរសេរសៀវភៅប្រឌិតនោះទេ។»

« គោលការណ៍ធំៗ ដែលយើងត្រូវការ មានតែបីប៉ុណ្ណោះគឺ វិន័យ (តាំងចិត្ត) ការច្នៃប្រឌិត (ស្រាវជ្រាវមានព័ត៌មានទូទៅច្រើន) និងទីបី បេះដូង (មិនសរសេរដើម្បីស្អប់ តែសរសេរព្រោះស្រលាញ់)។»
លោកស្រីបញ្ជាក់ថា មិនថា អ្នកនោះជាអ្នកនិពន្ធដែលមានសៀវភៅលក់ដាច់ជាងគេ លក់ថ្លៃជាងគេ ឬល្អអានជាងគេ ឬមិនដែលជោគជ័យ គ្មានចំណងជើងណាមួយត្រូវបានគេយកទៅនិយាយ សរសេរយូរហើយមិនត្រូវបានគេស្គាល់ឬទទួលស្គាល់ ក៏អ្នកទាំងនោះបានឆ្លងកាត់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ។ «មិនមែនមនុស្សទាំងអស់សុទ្ធតែជាគណៈកម្មការវាយតម្លៃស្នាដៃយើងបានត្រឹមត្រូវជានិច្ចនោះទេ! ពេលចាប់ប្រលូកការងារតែងនិពន្ធ សូមប្អូនៗកុំរំពឹងអំពីថា រឿងយើងនឹងល្បីជាងគេ នឹងមានគេស្គាល់ច្រើនជាងគេ នឹងមានគេស្វែងរកយើងលបណ្តាញសង្គមមក Add ឬមក Like សូមទាត់ចោលរឿងទាំងនេះចេញពីគំនិត!»។
អ្នកនិពន្ធ ម៉ីសន សុធារី ដែលបានចាប់ផ្តើមការសរសេរប្រលោមលោកនៅឆ្នាំ១៩៩៤ បានលើកឡើងថា «ខ្ញុំសរសេរសៀវភៅដំបូង សរសេរចេញពីបេះដូង សរសេរទាំងមិនដឹងថា មានគេចង់អានឬអត់ នឹងបានផ្សាយចេញឬអត់? គឺសរសេរព្រោះខ្ញុំស្រេកឃ្លានក្នុងការសរសេរ! ខ្ញុំក្រោកឡើងរាល់ម៉ោង៣ភ្លឺដើម្បីសរសេរសៀវភៅរបស់ខ្ញុំព្រោះផ្ទះខ្ញុំតូចណាស់ ពេលថ្ងៃ មនុស្សច្រើនឡូឡាហើយយើងមានតុតែមួយទៀតប្អូនខ្ញុំត្រូវប្រើវាដើម្បីរៀន (ស្ញុំសរសេរក្នុងសៀវភៅ ទម្រាំក្លាយជាអ្នកនិពន្ធ)៕




