“នីណា!!… អរុណសួស្តី!”
ប្រយោគមួយឃ្លាបានបង្ហើរចេញពីមាត់មនុស្សប្រុសម្នាក់ដែលនាងក្រមុំចាត់ទុកត្រឹមជាអ្នកដទៃបានបន្លឺឡើងនៅម្ខាងក្លោងទ្វារសាលារៀនរបស់នាងពេលសិស្សប្រុសម្នាក់នោះនិយាយមកកាន់នាងតូចដោយភ្ជាប់ជាមួយស្នាមញញឹមយ៉ាងប្រិមប្រិយ…ស្នាមញញឹមតែមួយដែលជាស្នាមញញឹមបរិសុទ្ធនិងស្រស់ស្អាតបំផុតដែលមនុស្សដូចគេមាន… ពិតមែនហើយគេម្នាក់នោះប្រហែលជាអាចនឹងមានស្បែកសស្អាតម៉ដ្ឋរលោងដូចតួកុនតែវាមិនបានដូចអ្វីដែលអ្នកស្រមៃ!
នាយកម្លោះមានសម្បុរសជាជនជាតិកូរ៉េតែអាចនិយាយខ្មែរច្បាស់ព្រោះប៉ាគេជាអនិកជនមកពីកូរេទើបគេនៅរស់នៅស្រុកខ្មែរតាំងពីតូច មានច្រមុះស្រួច ភ្នែកមិនធំមិនតូចតែស្រស់ថ្លាបូករួមនឹងបបូរមាត់ស្តើងពណ៌ស៊ីជម្ពូ… ត្រូវហើយមនុស្សប្រុសដូចគេក៏មិនអាក្រក់ គួរតែជាសិស្សប្រុសដែលលេចធ្លោជាងគេត្រូវទេ? តែការពិតមិនបានបែបនោះឡើយ! វិល្លៀមជាក្មេងប្រុសដ៏ស្លូតត្រង់និងសុភាពរាបសាម្នាក់ដែលគ្មានអ្នកណាចូលចិត្តរាប់រកជាមួយក៏ព្រោះគេជាក្មេងដែលមានជំងឺសើរស្បែកដែលធ្វើឱ្យសម្រស់ដ៏ស្រស់ត្រកាលរបស់គេត្រូវបានភាពខ្មៅស្រអាប់មកគ្របដណ្តប់ពីលើ…
“អរុណសួស្ដី នីណា!!” ប្រយោគដដែលដែលវិល្លៀមតែងបន្លឺនៅចំពោះមុខមនុស្សស្រីម្នាក់ដែលគេលួចស្រឡាញ់នូវរៀងរាល់ព្រឹកដែលពួកគេជួបគ្នាក៏តែងតែត្រូវបានបង្ហើរចេញមកឥតឈប់ឈរ… ជាកុសលដែលអំណោយផលពាក្យអរុណសួស្តីមួយម៉ាត់ដែលអ្នកកម្លោះតែងទទួលបានត្រឡប់មកវិញក្នុងឋានៈជាអ្នកដទៃពេលនេះក៏ផ្លាស់ប្តូរមកជាពាក្យស្វាគមន៍ថ្ងៃថ្មីរបស់គូរស្នេហ៍ប្រុសស្រីមួយគូ។
“អរុណសួស្តី វិល្លៀម!… ឯណាអាហារពេលព្រឹករបស់ខ្ញុំ?”
ពាក្យសម្ដីដាច់ៗកំបុតៗរបស់នីណាបានបន្លឺឡើងទាំងមិនបានសូម្បីចោលភ្នែកទៅមើលស្បែកជើងនឹងខោរអាវរបស់សង្សារនាងដែលប្រឡាក់ជោកជាំដោយភក់ជ្រាំ!
“បាទ! គឺនៅទីនេះ… បងទិញអ្វីដែលអូនចង់ញ៉ាំមកឱ្យអូនហើយ ហត់បន្តិចតែមិនអីទេ!”
រាងក្រាស់និយាយបណ្តើរយកកន្សែងដៃតូចក្នុងកាតាបមកជូតដៃមុនលូកយកប្រអប់អាហារពេលព្រឹកមួយឱ្យអ្នកជាទីស្រឡាញ់របស់គេ។ ទៅតាមផ្លូវគេត្រូវរត់ទៅទិញរហូតរអិលដួលត្រឡប់ត្រឡិនយ៉ាងណាក៏មិនថ្វីដែរ ព្រោះវាក្លាយទៅទម្លាប់មួយទៅហើយ។ អាហារពេលព្រឹករបស់នីណាគឺវិល្លៀមជាអ្នកទិញមកឱ្យនាងជាប្រចាំទើបអ្នកកម្លោះស៊ាំនឹងភាពដង្ហក់ខ្យល់ទាំងព្រឹកបែបនេះហើយ។
… ឱ្យតែអូនបានញ៉ាំឆ្ងាញ់ ប៉ុណ្ណឹងចាត់ទុកជាការហាត់ប្រាណទៅចុះ!
“ទិញឱ្យមនុស្សឬក៏ឱ្យឆ្កែស៊ី?” រាងស្តើងកាន់ប្រអប់បាយដោយប្រើចុងម្រាមទាំងភាពខ្ពើមរអើមមុនសម្លុតឱ្យវិល្លៀមដែលកំពុងឈរស្ងៀមសម្លឹងចាំចម្លើយពេញចិត្តរបស់នាងដែលផ្ទុយស្រឡះពីការពិត
“មានអ្វីឬ?”
“មើលខ្លួនឯងទៅ!”
ប្រោក!
នីណាបោះប្រអប់អាហារចោលទៅដីមុននិយាយចង្អុលទៅវា ប្រៀបបាននឹងបេះដូងអ្នកកម្លោះដែលធ្លាក់របូតដល់បាតជើង។
“ហេតុអីក៏បោះរបស់ញ៉ាំចោលបែបនេះ អូនសម្លាញ់? មើលចុះប្រឡាក់ដីអស់ហើយ!” រាងក្រាស់ធ្វើទឹកមុខមាំធម្មតារួចលុតជង្គង់ចុះក្រឹបដើម្បីប្រញាប់លើកប្រអប់អាហារមកវិញ
“វាកង្វក់តាំងពីដើមមកស្រាប់ទៅហើយមិនអ៊ីចឹង? បងទិញអាហារឱ្យមនុស្សស៊ីប្រឡាក់សុទ្ធតែដីភក់បែបនេះ??” ដៃស្រឡូនចង្អុលទៅប្រអប់អាហារទាំងមិនភ្លេចយកជើងទាត់វា
“ឱ្យបងសុំទោសផងណា៎!…កុំខឹងអីណា” នាយឈោងទៅចាប់ជើងរាងស្តើងទាំងអង្វរករទើបនៅលើមុខរលោងរបស់នីណាលេចចេញស្នាមញញឹមចុងមាត់មួយ
“បើចង់ឱ្យអូនលើកទោសឱ្យបងក៏ញ៉ាំរបស់នេះជំនួសអូនទៅ… អូនចង់ដឹងថាវាជាអាហារសម្រាប់មនុស្សពិតមែនក៏អត់!”
“នេះរបស់ប្រឡាក់អស់ហើយអូនចង់ឱ្យបងញ៉ាំយ៉ាងម៉េច?… បងមិនញ៉ាំទេ! បើអូនចង់ញ៉ាំចាំបងទិញថ្មីមកឱ្យថែម” អ្នកកម្លោះនិយាយទាំងហួសចិត្ត។
មែន! ទោះគេជាអ្នកក្រដែលចូលមករៀនសាលាល្អៗទាំងនេះដោយពឹងអាហារូបករណ៍ក្តី គេស្លៀកពាក់មិនស្អាត មានស្បែកមិនស្រស់ត្រកាលដូចសិស្សទាំងឡាយក្តីក៏គេមិនអាចដល់ឱនរើសរបស់ប្រឡាក់ទាំងនោះមកញ៉ាំដែរ! បើអ្នកក៏អ្នកជំទាស់ដូចគ្នាមិនថាអ្នកបញ្ជាជាអ្នកណាក៏ដោយ ត្រូវទេ?
“មិនបាន! វាកង្វក់ដូចបងស្រាប់ហើយ ចាំបាច់ទិញថ្មីរកស្លាប់ស្អីទៅ?… ញ៉ាំរបស់មួយនេះហើយទើបវាស៊ីនឹងរូបរាងបង!” រាងស្តើងក្រពាត់ដៃនិយាយទាំងសម្លឹងមើលទៅខ្លួនអ្នកកម្លោះដែលលោតជង្គង់ចុះនៅចំពោះមុខនាងមុខក្លោងទ្វារទីលានសាលា
“ទាំងបែ…បែបនេះ? វា… វាមិនសមទេដឹងនីណា? ក្រែងបងនិយាយហើយតើថាបងមិនញ៉ាំទេ!”
“បើមិនអ៊ីចឹងអូនខឹងបងហើយ! បងចង់បែកគ្នាមែនទេ?” នីណានិយាយទាំងសម្តែងធ្វើជាងក់ងរតាមចរិតកូនទោលរបស់នាង បង្ខំឱ្យវិល្លៀមអស់ជម្រើសក្រៅពីរើសអាហារដែលធ្លាក់ទាំងនោះមកញ៉ាំផ្ទាល់លើដីទោះនាយបានបញ្ជាក់ថាគេមិនរើសដាច់ខាត់។
“ម៉េចមិនឆាប់រើសវាញ៉ាំទៅ!!” នាងស្រែកឱ្យវិល្លៀមខ្លាំងៗ។
ត្រូវហើយ … វាលើសពេកហើយ តែនាងធ្វើតាមតែកំហឹងបញ្ជាប៉ុននោះ! កំហឹងដែលនាងមានចំពោះគេ … បើប្អូនស្រីរបស់ប៉ាគេមិនមកឱ្យដៃឱ្យជើងប៉ានាង ម្ល៉េះប៉ានាងនឹងមិនចេះលេងស្រី ចូលក្លឹប លែងគិតផ្ទះដែរ!…
ចំណែករាងក្រាស់ក៏ញញឹមខ្សោះទៅកាន់គ្រប់គ្នាដែលកំពុងសម្លឹងមើលមកគេ… តែវាស្ទើរតែក្លាយជារឿងធម្មតាទៅហើយ។ គ្រប់គ្នាសុទ្ធតែដឹងថាវិល្លៀមស្រឡាញ់នីណាព្រោះកាលមួយដែលនាងធ្លាប់ងើបឈរប្រឆាំងមិត្តរបស់នាងដើម្បីគេ។ តែសម្រាប់នីណារឿងទាំងនោះគ្រាន់តែជាគម្រោងដែលនាងរៀបនិងមិត្តនាងប៉ុននោះព្រោះមិត្តរបស់នាងបានភ្នាល់គ្នាជាមួយនាង ចង់ដឹងថានាងអាចធ្វើឱ្យគេស្រឡាញ់នាងងប់បានប៉ុនណា!
នីណានាងជាកូនអ្នកមានលំដាប់អភិជន សម្រស់ស្រស់ស្អាតដូចទេបអប្សរ សាច់មុខទន់រលោងគ្មានស្នាក់ស្លាម សខ្ចីដូចសាច់កូនក្មេង ច្រមុះស្រួចបបូរមាត់ធំអំណោយផលដោយការកែសម្ផស្សមនុស្ស ចិញ្ចើមកោងខ្វង់ដូចធ្នូក៏បានមកពីការតុបតែងក្លែងកាយរបស់នាង ចំណែកវិល្លៀមគឹជាកូនអ្នកក្រីក្រ មិនសូវជាធូរធារប៉ុន្មានទេ ក៏ព្រោះម្តាយរបស់គេបានលែងលះនិងបោះបង់ចោលដោយឪពុករបស់នាយផ្ទាល់ និងត្រូវផ្តាច់ដំណឹងសូន្យសុងពីឪពុកក៏ព្រោះម្តាយចុងរបស់នាយដូចគ្នាទើបគេនឹងម្តាយគេត្រូវរស់នៅដោយខ្លួនពឹងខ្លួន។
រាងក្រាស់ទម្លាក់ជង្គង់ម្ខាងលើដីរួចឱនមុខចុះ បម្រុងនឹងលើកអាហារទាំងនោះមកញ៉ាំ ដែលធ្វើឱ្យនីណាឯនេះវិញមានភាពរីករាយក្នុងចិត្តជាខ្លាំង… តែ
ប្រោកៗៗ វិល្លៀមក៏ងើបមុខឡើងមកវិញរួចកើបរបស់ទាំងអស់ដាក់ក្នុងថង់គ្មានឱ្យសល់សូម្បីមួយចំណិតតូច
“បងធ្វើស្អី!!” នីណាស្រែកសម្លុតនាយទាំងការខកចិត្ត
“បងប្រាប់ហើយថាបងមិនញ៉ាំទេ!… ឥឡូវបងរើសវាឡើងអស់ហើយ ល្មមទៅថ្នាក់បានឬនៅ?” វិល្លៀមនាយនិយាយទាំងមុខស្ងួតដដែលមុនចង់មាត់ថង់អាហារ
“បង!… កុំឱ្យខ្ញុំឃើញមុខបងទៀតឱ្យសោះ!! វិល្លៀម!” រាងស្តើងចង្អុលមុខអ្នកកម្លោះទាំងស្គ្រឺតជើងធ្មេញ ខឹងនឹងនាយដែលមិនព្រមធ្វើតាមចិត្តនាង។
ប៉ុណ្ណឹងតើលើសលប់ស្អីទៅសម្រាប់មនុស្សដូចវិល្លៀម?
“ហេតុអី?… បងក៏ត្រូវដើរទៅថ្នាក់ផ្លូវតែមួយជាមួយអូន យើងគង់តែឃើញមុខគ្នាដដែល!”
“នៅមានមុខនិយាយទៀតឬ!! មើលសម្លៀកបំពាក់បងទៅអាមនុស្សស្មោកគ្រោក! ឆ្កែវាអាចនៅស្អាតជាងបងផង! គ្មានអ្នកណាចង់ដើរក្បែរបងទេវាអាប់រាសីអស់ហើយ!” នីណាសម្លុតដាក់រាងខ្ពស់ជាលើកចុងក្រោយមុនបែរខ្នងដើរចេញទៅទុកឱ្យអ្នកកម្លោះនៅឈរសម្លឹងមើលផែនខ្នងមនុស្សស្រីដែលគេស្រឡាញ់អស់ពីចិត្តដែលជេស្តីឱ្យគេរួចក៏ទុកឱ្យគេនៅម្នាក់ឯង។
“អូននិយាយត្រូវហើយ ហាសហា បងកង្វក់ពិតមែន! គឺកង្វក់ទាំងកាយកង្វក់ទាំងសម្លៀកបំពាក់ទៀតផង! សមហើយដែលមិនគួរដើរក្បែរអូន” វិល្លៀមនិយាយទាំងសើចបន្លប់បន្តិច មុនស្រមៃដល់ប៉ុន្មានឆ្នាំមុនដែលមីងរបស់គេត្រូវបង្ខំចិត្តបម្រើប៉ារបស់នាងដើម្បីយកប្រាក់មកមើលជំងឺលោកយាយ…
“ប្រហែលជាអូននៅតែគិតថាគ្រួសារបងជាអ្នកទីបីក្នុងគ្រួសារអូនមែនទេ ទើបនៅតែស្អប់បងទាំងគ្មានហេតុផល?” រាងក្រាស់គិតក្នុងចិត្តបន្តិចរួចក៏ចាប់ប្រមូលសម្រាមនិងកាកសំណល់ទាំងឡាយទៅបោះចោល ហើយក៏ដើរផ្ទុយផ្លូវនឹងនីណាដើម្បីទៅបន្ទប់ទឹកលាងសម្អាតធូលីដីលើសម្លៀកបំពាក់។
ជាច្រើនខែកន្លងផុតទៅ…
ក្នុងមួយឆ្នាំៗតែងមានបួនរដូវកាល រួចមានរដូវក្តៅ រដូវរងារ រដូវស្លឹកឈើជ្រុះ នឹងរដូវផ្ការីកជាដើម… ចំណែកមនុស្សម្នាក់ៗក៏តែងចំណាយពេលវេលានារដូវនីមួយៗជាមួយមនុស្សផ្សេងៗគ្នា និងទទួលបានភាពកក់ក្រៅនិងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅពីមនុស្សដែលពួកគេចាត់ទុកថាជាមនុស្សដែលអាចឱ្យពួកគេធ្វើជាទីពឹងបាន… ខុសប្លែកតែវិល្លៀមដែលផុតពីមួយរដូវកាលទៅមួយរដូវកាលគឺនៅតែទទួលបានភាពស្អប់ខ្ពើមពីមនុស្សដែលគេស្រឡាញ់មិនឈប់ឈរផ្ទុយពីបេះដូងរបស់គេដែលគ្រាំគ្រាំប្រេះស្រាំនឹងទង្វើទាំងឡាយដែលនាងធ្វើមកកាន់គេរាល់ថ្ងៃ!
“នីណាហ្អា៎! និយាយអ៊ីចឹងយើងជិតដល់ថ្ងៃប្រឡងឆមាសហើយណា!” វឌ្ឍនាដែលត្រូវជាមិត្តនឹងស្រីស្រស់និយាយទៅកាន់នីណាដែលកំពុងអង្គុយកាន់សៀវភៅមេរៀនដើម្បីមើល
“ហើយយ៉ាងម៉េច?”
“មានយ៉ាងម៉េច!… ប្រលងចប់ជប់លៀងទេ? យើងខានទៅក្លឹបរបស់ប៉ាឯងយូរហើយ” វឌ្ឍនានិយាយទាំងអឺតទៅមើលទំព័រសៀវភៅដែលនីណាកំពុងអាន
“ក៏បានៗ… យើង ok គ្រប់ពេល។ រៀបចំគម្រោងឱ្យហើយប្រាប់យើងមកស្រួលយើងកក់ក្លឹបប៉ាយើងទុកឱ្យ”
“okayសម្លាញ់! ឯងជាមិត្តតែម្នាក់គត់ដែលយល់ចិត្តយើង… អឺ… និយាយអ៊ីចឹងឯងកំពុងមើលអី?” ដៃស្រឡូនសខ្ចីរបស់វឌ្ឍនាក៏លូកមកឱបកនីណាស្របពេលមាត់និយាយកំពុងនិយាយ
“គឺមើលមេរៀនត្រៀមប្រឡង!… ឯងមិនខ្លាចធ្លាក់ទេឬ? ប្រឡងលើកនេះតឹងរឹងរឿងលួចយកកំណែចូលណាស់!”
“ចុះចាំបាច់អីឯងត្រូវយកកំណែចូលខ្លួនឯង?”
“ឯងនិយាយចង់មានន័យថាម៉េច??”
“ទម្លាក់គ្រប់យ៉ាងឱ្យសង្សាររបស់ឯងទៅគឺចប់បាត់ទៅហើយ!” វឌ្ឍនានិយាយទាំងដៀងភ្នែកទៅរកវិល្លៀមដែលអង្គុយដោះស្រាយលំហាត់យ៉ាងញាប់ដៃ
“អូ៎!!! នេះយើងភ្លេចឧបករណ៍របស់យើងបានយ៉ាងម៉េចនៀក!” នីណានិយាយទាំងសើចតិចៗ
“អឺៗ…អ៊ីចឹងនៅអង្គុយកាន់សៀវភៅដល់ពេលណាទៀត ម៉េចមិនទៅលើកទឹកចិត្តឧបករណ៍របស់ឯងបន្តិចទៅ នឹងឆាប់បានទៅរកទិញអ្វីញ៉ាំ?”
វឌ្ឍនានិយាយរួចក៏ដាក់ដៃលើស្មានាងតូចហើយនាំនាងដើរសំដៅទៅកន្លែងដែលនាយកម្លោះកំពុងអង្គុយ។
“វិល្លៀម!… ស៊ូៗណា៎ បងអាចធ្វើបាន!”
“ត្រូវហើយវិល្លៀម ឯងជាសិស្សពូកែឯងនឹងទទួលបានលទ្ធផលដែលឯងចង់បានមិនខាន… ខំប្រឹងឡើងណា៎!” នីណានឹងវឌ្ឍនាក៏ដើរមកនិយាយជាការលើកកម្លាំងចិត្តដល់អ្នកកម្លោះរួច ក៏ដើរចេញទៅបាត់ទុកឱ្យវិល្លៀមនៅរំភើបម្នាក់ឯង
“ខ្ញុំគិតត្រូវហើយ! យ៉ាងណាក៏នាងនៅតែខ្វល់ខ្វាយពីខ្ញុំដែរ!… ហិហិ នីណាបងស្រលាញ់អូន” វិល្លៀមនិយាយម្នាក់ឯងទាំងសម្លឹងមើលរាងតូចដើរចេញទៅទាំងការពិតគ្រប់យ៉ាងគឺជាការសម្តែងហុតទឹកសម្លឹងកាករបស់នាងនិងមិត្តរបស់នាងសោះ!
ទោះវាជាការកុហកបោកប្រាស់ តែគ្រប់យ៉ាងគេក៏ទទួលយកដោយក្តីរីករាយ។ ស្មានឬថាសកម្មភាពខ្លះគេមើលមិនដឹងថាជារឿងពិតឬមិនពិត?… គេនៅបន្តស្រលាញ់អាចថាមកពីកម្មតពីជាតិមុនតែប្រហែលមកពីទឹកចិត្តរបស់នាងក៏ថាបាន។ ទោះការក្រោកឈររបស់នាងដែលនៅខាងគេគាំទ្រគេមិនខ្ពើមរអើមនឹងជំងឺគេជាការសម្តែងដើម្បីឱ្យគេលង់ស្រឡាញ់នាងក្តីតែ នីណាក៏ជាមនុស្សតែម្នាក់ដែលហ៊ានដាក់ខ្លួននៅក្បែរគេ។
“ចេញទៅអាកូនចង្រៃ!!” ពាក្យដដែលៗដែលអ្នកកម្លោះតែងតែឮរាល់ពេលម្តាយនាយស្រវឹងជោកជាំ។
ម្តាយរបស់គេតែងបន្ទោសគេថាជាហេតុផលដែលធ្វើឱ្យប្តីរបស់គាត់មានស្រីថ្មីក៏ព្រោះអ្នកកម្លោះមានជំងឺសើរស្បែកដែលសូម្បីអ្នកជាម្តាយដែលបង្កើតគេចេញមកដោយផ្ទាល់ក៏ស្អើមខ្ពើមគេ… មានតែនីណាម្នាក់ប៉ុននោះដែលស្ម័គ្រចិត្តនៅក្បែរគេទោះរាល់ពេលក្នុងទង្វើឬបំណងអ្វីក៏ដោយ ក៏វិល្លៀមនៅព្រមទទួលគ្រប់យ៉ាង។
“ពួកឯងឈប់ធ្វើបាបគេទៅបានទេ!… ទោះគេមិនស្អាតមិនមានសាច់ពណ៏សខ្ចីដូចពួកឯងតែគេមានបេះដូងបរិសុទ្ធមិនចេះរើសអើងមនុស្សដែលតូចទាបជាងគេឡើយ!… ពួកឯងចេញឱ្យឆ្ងាយពីគេទៅបើមិនសុខចិត្តចង់មានរឿងក៏មករកយើងបាន បើឯងនៅមិនទាន់ស្គាល់ថាប៉ាយើងជាអ្នកណា!” អតីតកាលក៏រត់រំលងខួរក្បាលរាងក្រាស់មួយគ្រាកាលគេនៅក្មេង។
រូបរាងក្មេងប្រុសម្នាក់ដែលត្រូវក្មេងដទៃរើសដុំថ្មគប់សំដៅមកគេក៏ព្រោះភាពស្អប់ខ្ពើមតែមួយមុខ។ ក្មេងៗដែលជាកូនអ្នកមានទាំងអស់នោះគិតតែពីរើសដុំថ្មគប់សំដៅមកក្មេងតូចម្នាក់ដែលរបួសពេញក្បាលហូរឈាមរឹមៗកំពុងស្រែកជេរស្តីឱ្យគេ រហូតមានក្មេងស្រីម្នាក់ចូលមករាំងជំនួស។
សម្តីស្រួយៗរបស់នាងបានបង្ក្រាបពួកក្មេងៗទាំងនោះឱ្យបិតមាត់ជិតដូចគេញុកមុនបែរមុខមកឈោងដៃសំដៅមករកនាយ
“កុំខ្វល់ពីពួកវាអីណា៎!… ខ្ញុំដឹងថាឯងមិនដូចពួកវាគិតទេ!” នីណានិយាយទាំងហុចស្ករគ្រាប់ដែលនាងចូលចិត្តបំផុតឱ្យវិល្លៀមមួយដើមមុនដើរចូលទៅក្នុងភូមិគ្រឹះរបស់នាងបាត់។…
មួយសប្តាហ៍កន្លងផុតទៅ…
ពេលនេះការប្រលងឆមាសលើកទីពីរនៃឆ្នាំដែលនីណានិងវិល្លៀមសិក្សាក៏កាន់តែកៀកចូលមកដល់ ដែលធ្វើឱ្យនាយឈឺក្បាលវិលមុខ ព្យាយាមយកចិត្តទុកដាក់សម្រាប់ការប្រលងមួយនេះជាខ្លាំង!
នៅមុខចំណតឡានក្រុងមួយកន្លែង
“អូយ!! អាឡានក្រុងចង្រៃហេតុអីក៏យូរម្ល៉េះ! ចុកជើងដល់ហើយ!” នីណានិយាយទាំងសម្លឹងមើលកៅអីអង្គុយរង់ចាំដែលមានមនុស្សអង្គុយព្រោងព្រាតលេងមានចន្លោះទំនេរសម្រាប់ថែមនាងម្នាក់ទៀត។
មែនហើយ! បើមិនដោយសារត្រូវយកចិត្តអ្នកកម្លោះមុខពេលប្រលងកុំអីនាងក៏មិនត្រូវមកដាក់ទុនព្រមជិះឡានក្រុងនឹងនាយដែរ។
មួយសន្ទុះធំ
“ហ្អាក! ឯណាវិល្លៀម?” នីណានិយាយពេលគម្រោងដែលវិល្លៀមនិយាយថានឹងមកចាំនៅចំណតឡានក្រុងជាមួយគ្នាព្រោះគេចង់នាងទៅញ៉ាំបាយព្រឹកជាមួយគេមុនពេលប្រលង… តែពេលនេះឡានក្រុងក៏ជិះទៅហួសពីរឡានទៅហើយនៅតែមិនឃើញស្រមោលអ្នកកម្លោះទៀត
“ក្មួយ? ក្មួយចូលក្នុងឬអត់ទេ?… មើលទៅដូចជាហួសម៉ោងរៀនយូរណាស់ហើយណា៎… ចូលឬមិនចូល??” តៃកុងឡានក៏ហើបមាត់និយាយតឿននាងតូចដែលនៅឈរស្កុបពាក់កណ្តាលទ្វារឡានដោយខ្លួននៅក្នុងឡានតែក្បាលនៅអើតសម្លឹងទៅក្រៅដើម្បីព្យយាមស្វែងរករាងក្រាស់
“ចូលៗ… សុំទោសផងពូ!” នីណាក៏និយាយហើយរត់ចូលទៅអង្គុយកន្លែងដែលទំនេរទាំងបេះដូងនាងចាប់ផ្តើមដំណើរការមិនប្រក្រតី!
“ហេតុអីក៏ថប់ដង្ហើមនឹងចុកទ្រូងខាងឆ្វេងខ្លាំងម្ល៉េះ?” រាងស្តើងអង្គុយលើកៅអីឡានក្រុងសាធារណៈទាំងយកដៃគក់ទ្រូងនាងតិចៗដើម្បីបន្ថយការឈឺចាប់ដែលកើតឡើងដោយសូម្បីម្ចាស់ខ្លួននាងផ្ទាល់មិនដឹងអ្វីសោះ!
ឌុកៗ ឌុក!
សំឡេងគក់ទ្រូងចេះតែបន្លឺឡើងឮទៅៗរហូតអ្នកក្បែរនោះនាំគ្នាសម្លឹងមករកនាងពេលមុខនាងប្រែទៅជាស្លេកលែងមានឈាម… ក្នុងខ្លួនដូចត្រូវគេចាប់កាច់បំបាក់ឆ្អឹងឱ្យចុកចាប់គ្រប់សរសៃស្ទើរតែនាងតបតរលែងចង់បាន ធ្វើឱ្យត្របកភ្នែកក្រាស់រៀបតែទម្លាក់លើគ្នាជិតទៅហើយ
“ក្មួយកើតអីទេ?” អ៊ំស្រីម្នាក់ដែលអង្គុយក្បែរនោះក៏សួរទៅនាងតូចទាំងព្យាយាមទាញដៃស្រឡូនដែលលើកគក់ទ្រូងខ្លួនឯងញាប់ឆ្មេរដូចម៉ាស៊ីនពេលភាពចុកចាប់រាលដាលពេញខ្លួន។
ងឺតត…
សំឡេងហ្រ្វាំងឡានក្រុងក៏បន្លឺឡើងធ្វើឱ្យមនុស្សដែលឈរនឹងអង្គុយនៅក្នុងឡានបាត់ជំហរមួយភ្លេតផ្តល់ជាសញ្ញាថាឡានមួយគ្រឿងនេះដល់ចំណតថ្មីហើយ តែសំឡេងហ្វ្រាំងឡានក្រុងដែលបន្លឺឡើងមុននោះក៏ធ្វើឱ្យនាងក្រមុំដែលចុករោយពេញខ្លួនដោយគ្មានមូលហេតុស្ទើរដាច់ខ្យល់ត្រឡប់មកជាធម្មតាវិញភ្លាមៗ!
“ខ្ញុំ?… ខ្ញុំកើតអីមែនទេអ៊ំ?” នីណានិយាយពេលគ្រប់គ្នាសម្លឹងមកនាងជាមួយខ្សែរភ្នែកយ៉ាងចម្លែក
“ក្មួយលែងអីហើយ?”
“ខ្ញុំមិនអីទេអ៊ំ” នាងតូចតបរួចរាងចំណាស់ម្នាក់នោះក៏ងក់ក្បាលហើយងើបដើរចេញទៅខាងក្រៅទើបនីណានាងប្រញាប់ប្រមូលស្មារតីហើយចុះចេញពីឡានទាំងមិនយល់ដូចគ្នាថាមុននេះនាងកើតអីទើបទៅជាចុកពេញរាងកាយបែបនេះ?
[……]
“នីណា!! ឯងវារមកមែនទេទើបយូរបែបនេះ!!” វឌ្ឍនាស្តីឱ្យនីណាបន្ទាប់ពីនាងមកយឺតជិតកន្លះម៉ោង
“កុំទាន់ខ្វល់រឿងយើងអី! អ្វីដែលសំខាន់ឯងឃើញវិល្លៀមទេ?”
“ក្រែងឯងនឹងគេណាត់គ្នាថាមកជាមួយគ្នានោះអី… កុំប្រាប់ណាថា…”
“វឌ្ឍនា! នីណា! មិនចូលប្រលងទេឬយ៉ាងមេច!” លោកនាយកដែលដើរត្រួតពិនិត្យក្បែរក៏ស្រែកសម្លុតកាត់សន្ទនារបស់ពួកគេទាំងពីរ ទើបនីណានិងវឌ្ឍនាព្រមដើរចូលក្នុងថ្នាក់ដើម្បីប្រលង…
ពីរម៉ោងក្រោយ
“វឌ្ឍនាថ្ងៃនេះជាថ្ងៃចន្ទ ថ្ងៃដែលយើងប្រលងឆមាសលើកទីមួយណា!… តែនេះយើងប្រឡងចប់ពីរមុខហើយ ម៉េចក៏នៅតែមិនឃើញវិល្លៀមមកអ៊ីចឹង?” នីណាចោទសួរទៅវឌ្ឍនាទាំងភ័យព្រោះគេតែងតែមករៀនទៀងទាត់មិនដែលបាត់មួយថ្ងៃទេតែពេលនេះបែរជាមិនមកប្រលង ថែមទាំងមិនបានដាក់ច្បាប់ទៀត។
ចុះផែនការដែលពួកគេរៀបចំថានឹងចាំចម្លងពីនាយនោះនឹងទៅជាយ៉ាងណា?
“បើគេមិនមកមានតែប្រើលុយហើយ!… យើងមិនអាចឱ្យម៉ាក់ប៉ាយើងដឹងថាយើងធ្លាក់ទេ!”
“តែឯងឆ្កួតទេឬវឌ្ឍនា! សាលានេះមិនដូចសាលាដទៃទេណា៎… រៀនរាប់ឆ្នាំនៅមិនដឹងទៀតឬ??” នីណានិយាយរួចក៏ទះកដៃវឌ្ឍនាតិចៗទើបចុងបញ្ចប់ពួកគេបានត្រឹមលួចសុំអ្នកដទៃចម្លងតាម…
២ម៉ោងកន្លងផុតទៅ…
“យើងដល់ម៉ោងចេញហើយ! នីណាឯងមិនទៅផ្ទះទេអី?” វឌ្ឍនាសួរទៅរាងតូចព្រោះមួយព្រឹកនេះនាងនៅភ្លឹកៗនឹងរឿងដែលវិល្លៀមសុខៗស្រាប់តែបាត់ខ្លួនទាំងដែលរាល់ដងទោះសុខទុក្ខអ្នកកម្លោះបែបណាក៏នាងមិនខ្វល់!
“ឯងមិនចម្លែកចិត្តទេឬដែលសុខៗក៏មិនឃើញវិល្លៀមគេមកប្រលងបែបនេះ?” នីណាសួរទៅមិត្តរបស់ខ្លួនទាំងក្នុងខ្លួនមានអារម្មណ៏មិនល្អទាល់តែសោះសូម្បីនាងខ្លួនឯងក៏មិនយល់ដែរថាហេតុអីនាងត្រូវខ្វល់ខ្វាយពីវត្តមានរបស់ប្រុសម្នាក់នេះ តែសកម្មភាពនឹងរាល់កាយវិការដែលគេធ្វើផ្គាប់ចិត្តនាងជារៀងរាល់ថ្ងៃ តែងតែលេចចេញមកនៅនឹងមុខរាល់ពេលនាងរំឭកឈ្មោះអ្នកកម្លោះ។
វិល្លៀមគេគ្មានលទ្ធភាពរៀនសងទេហើយប្រឡងឆមាសលើកនេះក៏ជាការចាប់ផ្តើមដ៏ធំបំផុតនាំគេទៅរកអាហារូបករណ៍ហេតុអីក៏គេបែរជាមិនបង្ហាញមុខទៅវិញ?
“ឯងចេះខ្វល់ពីគេដែរឬ??… កុំគិតច្រើនពេលឆាប់ប្តូខោរអាវមក party ជិតចាប់ផ្ដើមហើយណា៎!” វឌ្ឍនានិយាយហីៗរួចក៏អូសនាងចេញពីសាលាជាមួយគ្នាទាំងនីណានៅមិនទាន់ដាច់អាល័យពីរឿងមុននេះនៅឡើយ។
…
នៅក្នុងក្លឹបមួយកន្លែងដែលជាកម្មសិទ្ធិប៉ានីណា~លោកដាហ្សា។
ភ្លើងភ្លឺភ្លឹបភ្លែតៗបញ្ចេញពន្លឺឆ្វេចឆ្វាចប្តូរពណ៏នឹងល្បឿនទៅតាមចង្វាក់ភ្លេងចាំងខ្ទប់ពេញបន្ទប់ធំល្មមមួយដែលមានសាឡុងខ្មៅធំៗដាក់ដម្រៀបកៀកៗគ្នានឹងមានទូរទស្សន៍ស្តើងមួយធំចាប់ជាប់នឹងជញ្ជាំងកំពុងបើកដំណើរការសម្រាប់ឱ្យសិស្សសាលាមួយក្រុមដែលខ្លះកំពុងស្រែកច្រៀងខ្លះក៏ជួយបន្ទរ ខ្លះទៀតក៏ជួបទះដៃទះជើងអមជាបទភ្លេងនឹងខ្លះទៀតក៏ជាប់អកស្រាវីស្គីចូលមាត់ក្អឹករហូតដល់មានអ្នកខ្លះក៏ដេកស្ពាបបាត់ទៅហើយ… ចម្លែកតែនីណាជាម្ចាស់ក្លឹបដែលអង្គុយស្ងៀមយកម្រាមដៃស្រឡូនអូសលើអេក្រង់ទូរសព្ទទៅមកៗមិនដឹងកំពុងមានគោលបំណងអ្វី?
“ស្អកកណាស់… វិល្លៀមឱ្យទឹកមកខ្ញុំ!” ដោយអង្គុយស្ងៀមយូរមិនបានញ៉ាំអីបន្តិចសូម្បីស្រាក៏មានបានចូលពោះទើបនាងតូចស្រេកទឹកជាខ្លាំង។ ដោយហេតុតែជាទម្លាប់ដែលតែងតែមានវិល្លៀមនៅក្បែរតាមមើលថែនីណាក៏ភ្លេចខ្លួនលូកដៃនៅក្នុងបរិយាកាសដែលគ្មានអ្វីសោះនៅក្បែរនាងឱ្យយកទឹកមកឱ្យនាងញ៉ាំ…
ស្ងាត់! ដោយគ្មានសំឡេងតបមកវិញមួយសន្ទុះតូចក្រោយទើបនាងដឹងថានាយកម្លោះមិនបានមកជាមួយនាងទេ។
“វិល្លៀម! ខ្ញុំវិះតែភ្លេចខ្លួនទៅហើយថាឯងមិនបានមក!” នីណានិយាយរួចក៏សើចឱ្យខ្លួនឯងតិចៗ
“នីណាឯងមិនបានញ៉ាំស្រាអ៊ីចឹងច្បាស់ជាឃ្លានជាងពួកយើងហើយ… នេះមីឆាញ៉ាំវាទ្រាប់ពោះសិនទៅ!” វិច្ឆិកាដែលអង្គុយក្បែរនាងតូចក៏រុញចានមីដែលនីណាទុកចោលនៅមិនទាន់ញ៉ាំទាំងគ្រប់គ្នាគេញ៉ាំវាដើម្បីចម្អែតពោះច្រើនម៉ោងទៅហើយ
“អរគុណណា៎!” នីណានិយាយទាំងញញឹមស្រាលរួចក៏ទាញចានមីមកញ៉ាំទាំងមិនបានចាប់អារម្មណ៍ថាមានអ្វីខ្លះនៅក្នុងចាន
“គ្រប់គ្នាបាត់ការចងចាំឬយ៉ាងម៉េចហ្អាក?? ខ្ញុំប្រតិកម្មជាមួយពងទានឹងស្លឹកខ្ទឹមណា! ចង់ឱ្យខ្ញុំស្លាប់ឬយ៉ាងម៉េច!” រាងស្តើងនិយាយទាំងសម្លឹងទៅគ្រប់គ្នាដែលសម្លឹងមកនាងហើយក៏បែរខ្នងទៅឈរច្រៀងលែងសប្បាយធ្វើជាមិនដឹង
“យើងមិនបានចាប់អារម្មណ៍នឹងរឿងនេះ… ឱ្យយើងសុំទោសផងណា!” វឌ្ឍនាដែលជាអ្នកទិញវាមកដោយផ្ទាល់ក៏ព្យាយាមខិតមកជិតនាងតូចដើម្បីនិយាយលួងលោមនាង
“មិនអីទេ!” នីណានិយាយដោយសំឡេងខ្សោយៗហើយវឌ្ឍនាក៏ងក់ក្បាលខិតទៅម្ខាងវិញបាត់ទុកឱ្យនាងនៅអង្គុយចុងសាឡុងម្នាក់ឯង។ ត្រូវហើយ នាងទុកចានមីចោលចាំញ៉ាំក្រោយគេព្រោះរាល់ដងគឺនាងតែងមានវិល្លៀមនៅក្បែរចាំពិនិត្យមើលរាល់អាហារដែលនាងញ៉ាំ តែងរត់ទៅលិចទៅកើតម្នាក់ឯងព្យាយាមរកគ្រឿងផ្សំបន្ថែមមកដាក់ឱ្យនាងញ៉ាំដូចជាគ្រឿងសមុទ្រទឹកម្ទេសឬគ្រឿងទេសអ្វីផ្សេងពេលនៅក្នុងកញ្ចប់អាហារគេមិនបានដាក់ឱ្យ ជាពិសេសនាយតែងតែនៅអង្គុយរើសស្លឹកខ្ទឹមគ្រប់ចម្រៀកដែលមានក្នុងអាហារនាងចេញមុនឱ្យនាងញ៉ាំទើបសូម្បីមិត្តនាងក៏លែងខ្វល់ខ្វាយរឿងចំណីអាហារសម្រាប់នាងដែរ។
“នីណាឯងភ្លេចខ្លួន ច្រឡំថាមានគេនៅក្បែរឯងទៀតហើយ!” នាងក្រមុំនិយាយប្រាប់ខ្លួនឯងជាលើកចុងក្រោយរួចក៏អង្គុយរើសស្លឹកខ្ទឹមចេញពីចានមីខ្លួនឯងម្តងមួយៗទាំងលំបាក
“គ្រាន់តែរើសស្លឹកខ្ទឹមពីរបីសន្លឹកប៉ុណ្នឹងបងធ្វើមួយឆ្នាំទើបហើយមែនទេ!!” ប្រយោគគ្រោតគ្រាតដែលនីណាតែងតែស្តីឱ្យនាយក៏រត់ចូលខួរក្បាលរបស់នាងធ្វើឱ្យនាងសើចតិចៗពេលបានសាកល្បងធ្វើវាដោយខ្លួនឯង។
វាពិតជាមិនស្រួលពិតមែន!… តើវិល្លៀមគេធ្វើម៉េចទៅទើបមើលទៅគេរើសវាចេញដូចជាស្រួលណាស់អ៊ីចឹង?
ខែចាស់ផុតទៅចំណែកខែថ្មីក៏ចូលមកជំនួសជាបន្តបន្ទាប់បណ្តាក់គ្នាតាមលេខរៀងដែលកំណត់ដែលបណ្តាលឱ្យពេលវេលាពីមួយពេលទៅមួយពេលកាន់តែបន្តរដើរទៅមុខទាំងមិនបានចាំអ្នកណា។ ទម្រាំនីណានាងបានដឹងការពិតថាឪពុកវិល្លៀមបានមកយកគេទៅបរទេសវិញមកដល់ពេលនេះវាជិតមួយខែទៅហើយ…
ទេវតាដូចជាដាក់ទោសនាងពេកហើយដែលឱ្យមនុស្សប្រុសម្នាក់ដែលតែងតែដើរតាមថែររក្សានាងឱ្យបាត់ពីនាងទៅភ្លាមៗទាំងគ្មានថ្ងៃត្រលប់! តើនាងរស់នៅម្នាក់ឯងបានយ៉ាងម៉េចទៅបើម៉ាក់នាងរវល់តែរឿងឃាត់ឃាំងប៉ារបស់នាងកុំឱ្យមានស្រីចំណែកអ្នកនៅក្នុងផ្ទះទាំងប៉ុន្មានក៏មិនដែលមានអ្នកខ្វល់ពីនាងទៀត។
៤ឆ្នាំក្រោយ
ធ្មេចបើកៗរយៈបួនឆ្នាំក៏វាបានកន្លងផុតទៅប្រៀបដូចគ្រប់យ៉ាងនៅថ្មីៗនៅឡើយ…
ឆ្នាំនេះនីណានាងជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យមួយកន្លែង ផ្នែកគ្រប់គ្រងទូទៅព្រោះនាងត្រូវស្នងមរតកពីប៉ារបស់នាង… ជីវិតស្រីស្រស់ក៏មិនសូវល្អបំព្រងដូចមុន។ មិត្តធ្លាប់ស្គាល់ចាស់ៗក៏ប្តូរសាលាបំបែកផ្លូវគ្នាដើរហើយក៏ផ្តាច់ទំនាក់ទំនាង សាច់សដែលធ្លាប់តែទ្រលុកទ្រលន់ពេលនេះក៏ស្គមស្ទើរតែសល់តែស្បែកដណ្តប់ឆ្អឹងព្រោះគ្មានអ្នកនៅចាំមើលថែដិតដល់គ្រប់ពេលដូចមុន ចំណែកមិត្តថ្មីៗក៏គ្មានអ្នកណាខ្វល់ពីនាងប៉ុន្មានឡើយ… គេត្រូវការនាងតែពេលចង់បានប្រាក់ប៉ុននោះ!
នាងតូចតែងព្យាយាមបំភ្លេចអ្នកកម្លោះហើយចាប់ផ្តើមជីវិតថ្មីតែមើលទៅវាដូចជាមិនមែនរឿងដែលងាយស្រួលឡើយ ក៏ព្រោះគ្មានអ្នកណាស្រឡាញ់នាងដោយស្មោះមិនមែនព្រោះចង់បានលុយរបស់នាង! នាងតែងមិនយល់ពីខ្លួនឯងថាហេតុអីបំភ្លេចមនុស្សប្រុសម្នាក់នេះមិនបានទាំងនាងនឹងគេមិនដែលមានអនុស្សាវរីយ៍ល្អៗជាមួយគ្នាសូម្បីតែបន្តិច
…
នាងរឹតតែមិនយល់ថាហេតុអីក៏ការស្វែងរកមនុស្សប្រុសម្នាក់ដែលអាចយកចិត្តទុកដាក់មើលថែនាងដូចជានាយពិបាកខ្លាំងម្ល៉េះ! នាងអាចកុហកខ្លួនឯងថាមនុស្សប្រុសជាច្រើនអ្នកដែលនាងធ្លាប់ស្រឡាញ់ថាជាមនុស្សល្អតែនាងនៅតែមិនអាចកុហកខ្លួនឯងបានថាមនុស្សប្រុសទាំងនោះអាចជំនួសតំណែងវិល្លៀមបាន!
“ហេតុអីក៏គ្រាន់តែរកមនុស្សប្រុសម្នាក់មកជំនួសកន្លែងគេវាពិបាកម្ល៉េះ?” នីណានាងតែងតែសួរទៅខ្លួនឯងនៅសំណួរដដែលៗដែលនាងនៅតែមិនអាចឆ្លើយបានអស់រយៈពេលបួនឆ្នាំ
“តើបងអាចត្រលប់មករកអូនវិញម្តងទៀតទេ?” សំណួរនេះនីណាតែងតែសួរខ្លួនឯង… នាងសួរខ្លួនឯងម្ដងហើយម្ដងទៀតតើមនុស្សប្រុសម្នាក់នោះអាចមានថ្ងៃវិលមកវិញទេទាំងដែលនាងខ្លួនឯងផ្ទាល់គ្មានហេតុផលវិជ្ជមានណាមួយដើម្បីឱ្យគេត្រូវវិលវិញឡើយ! ពេលនេះការពិតក៏បុកទម្លុះបេះដូងរបស់នីណា! អំពើល្អៗដែលវិល្លៀមធ្លាប់បានសាងក៏ប៉ះនឹងបេះដូងនាង ប្រៀបដូចរបស់មួយដែលនៅសល់តែស្រមោលតែបាត់រូបរាង។
វិល្លៀមគេចាកចេញទៅទាំងមិនបានសូម្បីបន្សល់អ្វីឱ្យនាងតែស្រមោលនៃចិត្តស្រឡាញ់ សេចក្តីស្នេហាដែលគេមានចំពោះនាងផ្ទាល់នៅតែបន្សល់ជាស្រមោលមួយឱ្យដិតដាមជាប់ទ្រូងនីណាជានិច្ចព្រោះស្នេហាពិតប្រាកដគឺមិនត្រូវការការតបស្នងតែអ្វីដែលវាត្រូវការពិតប្រាកដគឺការយោគយល់គ្នានិងយល់ចិត្តគ្នាទុកដាក់មើលថែរក្សាគ្នាដោយមិនមានចិត្តអាត្មានិយមឬយកបំណាំគ្នា។
“អឹ… នីណាហ្អា៎! ដល់ម៉ោងចូលរៀនហើយ!” មិត្តរួមថ្នាក់របស់នាងម្នាក់ដែលធ្លាប់រៀនជាមួយគ្នាកាលពីទី11ហើយបានមករៀនបន្តនៅសាកលវិទ្យាល័យជាមួយគ្នាបានហៅនាងឱ្យចូលរៀន។
“ចាស៎ អរគុណ!… ខ្ញុំទៅហើយ…” នាងតូចដែលអង្គុយស្ងៀមសម្លឹងបាយក្នុងប្រអប់ក៏ភ្ញាក់ក្រញាងដៃពេលសិស្សប្រុសម្នាក់មកកេះនាងឱ្យចូលបន្ទប់រៀន។ រួចនាងក៏ញញឹមស្រាលដាក់គេហើយរៀបចំបោះបាយនោះចោលដោយមិនបានដាក់វាចូលមាត់សូម្បីតែមួយម៉ាត់មុនដើរទៅថ្នាក់រៀនរបស់នាង។
[……]
“ប្អូនៗថ្ងៃនេះយើងមានសិស្សថ្មីម្នាក់ចូលមក! លោកគ្រូផ្ញើគេនឹងប្អូនៗផងណា៎” លោកគ្រូដែលកាន់ខាងផ្នែករដ្ឋបាលក៏ចូលមកជាមួយនឹងសិស្សថ្មីម្នាក់ហើយសិស្សទាំងអស់ក៏ងើបឈរជាការគោរពតាមធម្មតា។ ចំណែករាងស្តើងក៏ក្រោកឈរដូចគ្នាតែនាងមិនបានមើលមកសិស្សថ្មីនោះទេនាងគ្រាន់តែឈរតាមគេតាមឯងព្រោះភ្នែកនាងនៅជាប់នឹងសៀវភៅនៅឡើយ!
“សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ វិល្លៀម”
វិល្លៀម?! ពិតមែនហើយនីណា! នាងស្ដាប់មិនច្រឡំទេគេម្នាក់នោះមានឈ្មោះថា វិល្លៀម ជាមនុស្សដែលនាងស្រឡាញ់!!… ជាមនុស្សដែលនាងចាំមកអស់រយៈពេល ៤ឆ្នាំ! ពេលនេះគេត្រលប់មកវិញហើយមែនទេ??
“វិល្លៀម!!” នាងតូចភ្ញាក់ពីសុបិន្តដែលប្រៀបដូចជាការពិតមួយ។
មែនហើយ! គេចាកចេញពីទីនេះទៅបរទេសបាត់ទៅហើយមានផ្លូវទេដែលគេនឹងត្រលប់មកវិញ? គ្រប់គ្នានៅក្នុងបន្ទប់ទាំងមូលចោលភ្នែកមកមើលនាងគ្រប់គ្នាពេលដែលមនុស្សដូចនាងធ្លាប់តែស្ងាត់សុខៗក៏មកស្រែកឈ្មោះអ្នកណាមិនដឹង ផ្អើលពេញថ្នាក់
“ឯងកើតអីមែនទេ?” និសិត្សស្រីម្នាក់ដែលរួសរាយជាងគេ អង្គុយក្បែរនោះក៏ឱនមកសួររាងស្តើង
“ខ្ញុំយល់សប្តិទេ!” នីណាខ្សឹបតបទៅនិសិត្សស្រីម្នាក់នោះវិញរួចក្រោយឈរសុំទោសគ្រប់គ្នាក្នុងថ្នាក់
“សុំទោសផង!… សុំទោសមែនណា៎ អ្នកទាំងអស់គ្នា… អឹ… អ្នកទាំងអស់គ្នាបន្តការងាររៀងខ្លួនទៀតចុះ!” រាងស្តើងនិយាយរួចញញឹមទាំងមិនសូវសមស្របពេលដែលនាងចាប់អារម្មណ៍ថាមានសំបុត្រមួយជ្រុះចេញពីលើសំពត់របស់នាងពេលនាងក្រោកឈរអំបាញ់មិញ
“សំបុត្រអ្នកណាអ៊ីចេះ??”
នាងតូចលើកសំបុត្រមួយនោះមកមើលដោយនៅលើសំបុត្រមានសរសេរ
ផ្ញើជូនជាពិសេសទៅកាន់មនុស្សស្រីដែលខ្ញុំស្រឡាញ់!
រាងស្តើងអានសំណេរមួយឃ្លាលើស្រោមសំបុត្រចប់ក៏ប្រញាប់ហែកមកអានខ្លឹមសារនៅខាងក្នុងព្រោះវាដូចមិនបានបញ្ជាក់ថាជូនមកនាងទើបនាងចេះតែមិនអស់ចិត្តថាជារបស់នាងឬមិនមែន?
ឆាប់ចេញពីសុបិនមួយនេះទៅ! ឈប់នៅឈរក្នុងស្រមោលស្នេហ៍មួយនេះទៅ!!!
វិល្លៀម_
នាងតូចអានសារក្នុងសំបុត្រចប់ត្រច្រៀកនាងស្រាប់តែចាប់ផ្តើមហឹងភ្លាមៗពេលអ្វីដែលនាងឮគឺសំឡេងមនុស្សប្រុសស្រីជាច្រើនអ្នកព្យាយាមស្រែកហៅឈ្មោះនាងមិនឈប់ហើយភាពឈឺចុកចាប់ពេលខ្លួនដូចកាលពីនៅលើឡានក្រុងនោះក៏ចូលមកគ្រប់ដណ្តប់លើខ្លួនប្រាណនាងដូចគ្នា
“នីណា!! នីណា!!! នីណាៗៗ!!!” គ្រប់ទិសទីពោរពេញដោយសំឡេងស្រែកផងយំផងបង្កប់ដោយភាពសោកសៅកំពុងបន្លឺឡើងពេញខួរក្បាលរបស់នាង
“ខ្ញុំមិនអីទេ!!… ខ្ញុំមិនកើតអីទេឮទេគ្រប់គ្នា? ហេតុអីក៏ហៅឈ្មោះខ្ញុំមិនឈប់បែបនេះ??? ហើយហេតុអីក៏ខ្លួនប្រាណខ្ញុំកម្រើកមិនបានសោះអ៊ីចឹង! អឹក!… ជួយផងពេលនេះខ្ញុំចុកទ្រូងខ្លាំងណាស់!! គ្រប់គ្នាមានឮទេជួយផង!!” នាងតូចស្រែកខ្លាំងៗតបទៅវិញទាំងជុំវិញខ្លួននាងទៅជាងងិតស្លុបគ្មានពន្លឺទាល់តែសោះប្រៀបដូចបន្ទប់បិទជិត
“អ្នកណានាំខ្ញុំមកបន្ទប់មួយនេះ?… ឆាប់នាងខ្ញុំចេញវិញទៅខ្ញុំចង់ទៅរកសំបុត្រដែលខ្ញុំអានមុននោះមកមើលម្តងទៀតសិន” នីណានិយាយទាំងចុករោយពេញរាងកាយ
“មិនបាន!! នីណា!… នាងនៅមានបងប្អូននឹងមនុស្សជាច្រើនទៀតដែលរង់ចាំនាង! បើកទ្វាបន្ទប់មួយនេះហើយដើរចេញទៅកុំបកក្រោយឱ្យសោះ!” សំឡេងគ្រលដែលនាងចាំច្បាស់ថាជាសំឡេងអ្នកណាក៏បន្លឺឡើងខ្ទរពេញបន្ទប់ដ៏ខ្មៅងងឹតមួយនោះ
“វិ…វិល្លៀម មែនទេ!!! បងនៅទីណា?”
“បើនាងចង់ឃើញខ្ញុំពិតមែនក៏ឆាប់បើកទ្វាមួយនៅចំពោះមុខនាងនោះទៅ!” វិល្លៀមនិយាយទាំងសំឡេងចាប់ផ្តើមខ្សោយទៅៗហើយភ្លើងបំភ្លឺក៏ចាំងបញ្ចេញរូបរាងទ្វារឈើប្រណីតពណ៌សមួយ។
“កុំកុហកខ្ញុំណ៎ា!”
ដោយចិត្តអំណត់ចង់ឃើញវត្តមាននាយម្តងទៀតនាងតូចក៏ដកដង្ហើមមួយហឿកធំឱ្យកម្លាំងចិត្តខ្លួនឯងហើយងើបដើរទៅបើកទ្វាមួយនោះពេលសំឡេងមនុស្សជាច្រើនដែលកំពុងហៅនាងគឺឮមកពីម្ខាងទ្វារនោះ!
ក្រាក!!
ទ្វារដែលមិនបានចាក់គន្លឹះមួយនោះក៏បានបើកឱ្យពន្លឺពណ៌សរះចូលប្រៀបដូចត្របកភ្នែកក្រាស់ដែលកំពុងបើកព្រិចៗដើម្បីឱ្យស៊ាំនឹងពន្លឺព្រះអាទិត្រដែលទើបតែរះចាំងចូលគ្រាប់ភ្នែកទាំងគូ
“នីណា?!!… នីណាកូនដឹងខ្លួនហើយឬ?? អរគុណព្រះដែលមិនយកជីវិតកូនទៅ!” ម៉ាក់នីណាដែលអង្គុយឱបដៃនាងរួចសម្លឹងមកនាងមិនដាក់ក៏ភ្ញាក់ផ្អើលស្រែកខ្លាំងៗ ធ្វើឱ្យអ្នកជាម្ចាស់ខ្លួនផ្ទាល់មិនយល់សាច់ការ។
ហ្អាក!! ក្រែងមុននេះនាងកំពុងរៀននៅសាលាក្នុងឈុតធម្មតាទេតើ!… ម៉េចក៏ពេលនេះនាងបែរជាមកគេងលើគ្រែពេទ្យក្នុងឈុតអ្នកជំងឺទៅវិញ? នាងព្យាយាមសម្លឹងមើលទៅមនុស្សគ្រប់គ្នាដែលនៅទីនេះទើបចាប់អារម្មណ៍ថាមិនឃើញមានវត្តមានមនុស្សម្នាក់
“វិល្លៀម!!… ម៉ាក់! ម៉ាក់ឃើញវិល្លៀមទេ??” រាងស្តើងដែលគេងស្តូងស្តឹងលើគ្រែពេទ្យក៏ស្ទុះងើបក្រេសកាន់ដៃម្តាយហើយសួររកអ្នកកម្លោះ
“វិល្លៀមឬ? កូនមិនចងចាំរឿងកាលពីប៉ុន្មានសប្តាហ៍មុនទេឬ??… ហ៊ើយ!! បំភ្លេចវាចោលសិនទៅឱ្យតែកូនមានសុវត្ថិភាពបានហើយ!” អ្នកស្រីដាហ្សាដែលជាម្តាយនីណាសួរទៅកូនទាំងចម្លែកសូម្បីគ្រប់គ្នាក៏ងាកមើលមុខគ្នា
“មានរឿងអ្វីទៅម៉ាក់!” នីណាច្របាច់ដៃម្តាយព្យាយាមតាំងអារម្មណ៍ចាំស្តាប់ពាក្យម្តាយពេលគ្រប់គ្នាចាប់ផ្តើមទម្លាក់ទឹកមុខ
“វិល្លៀម…វិល្លៀមគេបាត់បងជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៏បាត់ទៅហើយ… នៅ… នៅថ្ងៃដែលពួកកូនទាំងពីរជិះឡានក្រុងជាមួយគ្នាទៅសាលាដើម្បីប្រលងនេះឯង!” អ្នកស្រីដាហ្សានិយាយទាំងអណ្ដឺតអណ្ដកពេលនឹកឃើញដល់រឿងនោះ
“គ្រោះថ្នាក់ចរាចរណ៍លើឡានក្រុង??” នីណាមិនបានឆ្លើយតែក៏សួរតបទៅវិញពេលនាងកំពុងមិនយល់ថាពេលនេះមានរឿងអ្វីកើតឡើង។ ក្រែងពេលនេះនាងរៀននៅឆ្នាំទីពីរហើយត្រូវទេ?? រាងស្តើងព្យាយាមងាកជុំវិញខ្លួនដើម្បីរកទូរស័ព្ទដែលទុកទំនេរចោលព្រោះពេលនេះគឺឆ្នាំ២០២៥ហើយតើ ម៉េចក៏គ្រប់គ្នាបែរជាថានាងនៅប្រឡងនៅអនុវិទ្យាល័យកាលពីឆ្នាំ២០២១ទៅវិញ??
ប្រោក!
ស្របពេលនាងកំពុងកញ្ឆក់ទូរសព្ទរបស់អ្នកក្បែរនោះមកព្យយាមសម្លឹងរកកាលបរិច្ឆេទទាំងភ្នែកនាងនៅស្រវាំងនៅឡើយ សំឡេងតូចមួយក៏រត់កាត់ត្រច្រៀករបស់នាងដែលធ្វើឱ្យត្រច្រៀកនាងហឹងមួយរំពេច ទើបនាងបោះទូរសព្ទនោះចោលហើយយកដៃខ្ទប់ត្រច្រៀក។
វិនាទីបន្ទាប់ការចងចាំទាំងឡាយក៏រត់ចូលមកក្នុងខួរក្បាលរបស់នាងដូចគេព្រៀងទុកជាយូរ!
ទិដ្ឋភាពឡានក្រុងសាធារណៈមួយគ្រឿងដែលក្រឡាប់ទៅម្ខាងផ្លូវហុយផ្សែងទ្រលោម កំពុងមានមនុស្សជុំវិញនោះព្យាយាមយកទឹកមកជះបន្លត់ភ្លើងចំណែកខ្លះទៀតក៏ដើរមកបីមនុស្សចាស់ក្មេងទាំងឡាយចេញពីលើផ្លូវ ចំណែកនីណាក៏គេងនៅលើផ្លូវក្បែរនោះដោយឈាមស្រោចខ្លួនដូចគ្នាដែលមានវិល្លៀមដែលដេកក្នុងថ្លុកឈាមក្បែរនោះនៅកាន់ដៃនាងជាប់!
អ៊ីចឹងគ្រប់យ៉ាងដែលនាងបានឃើញចាប់តាំងពីថ្ងៃប្រលងនោះមកគឺគ្រាន់តែជាសុបិនរបស់នាងអ៊ីចឹងឬ? នេះវិល្លៀមគេសុខចិត្តយកពេលវេលាចុងក្រោយដល់ទីបញ្ចប់របស់គេជួយនាងបែបនេះឬ?
“វិល្លៀម!!…ទេ!…ម៉ាក់! មុននេះម៉ាក់និយាយថាម៉េច?” នាងតូចនិយាយទាំងទឹកភ្នែកហូរមករហាម
“គេ… គេ”
“គេយ៉ាងម៉េច??”
“គេស្លាប់ហើយ…គឺសល់តែកូននឹងមនុស្សពីរបីអ្នកទៀតទេដែលរួចផុតពីគ្រោះថ្នាក់មួយនេះ!” អ្នកស្រីដាហ្សាហុចកាសែតមួយសម្លឹកដែលរៀបរាប់ពីហេតុការណ៍គ្រោះថ្នាក់មួយនេះទៅនីណាទាំងញ័រខ្លួនទទ្រើកព្រោះព្យាយាមទប់ទឹកភ្នែកកុំឱ្យហូរចុះមក
“ទេ… ទេ!… វាមិនពិតទេម៉ាក់!!” នីណាទទួលក្រដាស់កាសែតមកមើលទាំងក្រវីក្បាលមិនឈប់
“ទទួលយកវាទៅកូន គេទៅកាន់ឋានសុគតិភពហើយ!”
“ទេ!!… វិល្លៀមមិនកើតអ្វីឡើយ!…ម៉ាក់កុហក!… វិល្លៀមមិនស្លាប់ទេ!” នីណាហែកក្រដាសនោះចោលហើយក៏ស្រែកយំប្រកាច់ពេញពូករហូតគិលានុបដាកយិកាមកជួយទប់លំនឹងខ្លួនកុំឱ្យដាច់ខ្សែសារ៉ូមមិនចង់ជាប់
“ហឹកៗ… ទេ!… អ្ហឹក! វិល្លៀមមិនស្លាប់ទេ…” នាងតូចនៅតែទន្ទេញដដែលៗជាប់មាត់មិនឈប់ រហូតគិលានុបដាកយិកាចាក់ថ្នាំងងុយគេងឱ្យនាងបានសម្រេចទើបនាងគេងលក់ទៅវិញ។
ប្រាវវវ!
“ទេ!” នាងតូចងើបអង្គុយឆ្ងក់លើគ្រែគេងពេលដឹងថាទិដ្ឋភាពក្រឡាប់ឡានក្រុងអំបាញ់មិញវាគ្រាន់ជាការយល់សប្តិប៉ុននោះ
“ត្រូវហើយ… ថ្ងៃនេះជាថ្ងៃសំខាន់តើ!” នាងតូចជូតញើសប៉ុនៗគ្រាប់ពោតនៅលើមុខចេញរួចក៏ងើបចេញពីគ្រែដើម្បីរៀបចំកន្លែងគេងឱ្យមានរបៀបមុនដើរទៅទូរដើម្បីយកសម្លៀកបំពាក់មួយសម្រាប់រួចប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់ទឹក
មួយសន្ទុះធំក្រោយ…
“យើងជិតបានចួបគ្នាទៀតហើយ!” នីណានិយាយម្នាក់ឯងមុខកញ្ចក់ទាំងញញឹមស្រាលលាយទឹកភ្នែក
រាងស្តើងរៀបចំកាយដើម្បីផ្លាស់សម្លៀកបំពាក់មុនទាញទូរសព្ទមើលនាឡិកា…
ថ្ងៃនេះជាថ្ងៃគម្រប់ខួប២ខែដែលវិល្លៀមបានចាកឆ្ងាយពីឋានមួយនេះ ទើបនាងទាញដង្កៀបមកគៀបសក់កុំឱ្យរញ៉េរញ៉ៃហើយក៏ឱ្យអ្នកបើកឡានជូននាងទៅកន្លែងមួយតែម្នាក់ឯងមិនឱ្យសូម្បីឪពុកម្តាយនាងដឹង។
វិល្លៀមគេបានលាចាកលោកមួយនេះចំនួនពីរខែទៅហើយតែអ្វីគ្រប់យ៉ាងប្រៀបដូចរឿងរ៉ាវដែលកើតឡើងថ្មីៗ បេះដូងដែលមានផ្ទុកតែរូបអ្នកកម្លោះពេលនេះកំពុងស្រែកហៅនាយទោះដឹងថាគ្មានចម្លើយក៏ដោយ។
រាងស្តើងចុះចេញពីក្នុងឡានដែលចតឆ្ងាយរួចនាងក៏ប្រញាប់រត់មកឈរនៅពីមុខផ្នូររបស់សង្សារតែឈ្មោះរបស់នាង កែវភ្នែករលីងរលោងបបួលនាំទឹកភ្នែកឱ្យហាហូរចេញមកដូចគេចាក់ទឹក
“ចិញ្ចៀនដែលបងទិញជូនពេលនេះអូនពាក់វាហើយ!… ផ្កាដែលបងចូលចិត្តក៏អូនទិញមកជូនបងដូចគ្នា វិល្លៀម!! អូនតែងតែគិតថាបងគ្មានថ្ងៃចាកចេញពីអូនឡើយ តែហេតុអីពេលនេះបងចាកចេញពីអូនទាំងតក់ក្រហល់បែបនេះ?? បងមិននៅចាំស្តាប់ពាក្យសុំទោសរបស់អូនសិនទេឬ? …បង្ហាញខ្លួនម្តងទៀតមិនបានទេឬ? បង្ហាញខ្លួនបងឱ្យអូនបានឃើញ បន្លឺសំឡេងបងដូចអូនបានឮដូចពេលអូនយល់សប្តិនោះបានទេ វិល្លៀម? អូននឹកបង!! អូនចង់ឃើញបងម្តងទៀត… ចង់ប្រាប់បងថាមនុស្សស្រីម្នាក់នេះក៏ស្រឡាញ់បងដូចគ្នា! នាងមិនដែលបានស្អប់បងដូចអ្វីបងគិតឡើយ!!! អូនដឹងការពិតនៃគ្រប់យ៉ាងអស់ហើយ! ហេតុអីក៏តាំងពីដើមឡើយបងមិនប្រាប់អូន?” នីណាឈរស្ងៀមនិយាយទាំងទប់លំនឹងខ្លួនស្គមស្គាំងមិនចង់បាន ទឹកភ្នែកជាច្រើនតំណក់ធ្លាក់ចុះមកដោយមិនដឹងខ្លួន បើអាចពិតមែននាងសុំមិនភ្ញាក់ពីការយល់សប្តិមួយនោះទេ!
ទោះបីនាងនៅតែមិនបានចួបគេយ៉ាងណាក៏នាងនៅដឹងឮថាមនុស្សដែលនាងស្រឡាញ់នៅមានជីវិតរស់នៅមិនដូចពេលនេះ បេះដូងនាងគ្រាំខ្ទុះសឹងតែហូហារចេញមកខាងក្រៅរាល់ពេលនាងនឹកដល់មុខរបស់គេនឹងទង្វើរអាក្រក់ៗថោកទាបទាំងឡាយដែលនាងធ្លាប់ធ្វើលើគេ
“អូនតែងគិតថាគ្រួសារបងជាអ្នកទីបីបំបែកបំបាក់គ្រួសារអូន…តែតាមការពិតវាមិនដូច្នោះទេ! ហេតុអីបងបៀមទុក្ខគ្រាំគ្រាដែលមិនមែនជាកំហុសបងទាល់តែសោះមិនព្រមប្រាប់អ្នកដទៃ? ហេតុអីក៏ទទួលយកវាទាំងវាមិនមែនជាការពិត?? ត្រលប់មកវិញបានទេ… ស្រីម្នាក់ចង់សុំទោសបងដែលស្អប់ខ្ពើមបងទាំងមិនដឹងការពិត!… អូនសុំទោស!!”
(ទៅអូនសម្លាញ់បងទៀតក៏បងនៅតែលើកលែងទោសឱ្យអូនដែរ)
“បងធ្លាប់ប្រាប់អូនថាបងនឹងអភ័យទោសឱ្យអូនគ្រប់យ៉ាង តើហេតុអីក៏នៅតែទេវតាដាក់ទោសឱ្យអូននៅឈឺចាប់រីងរៃខ្លាំងម្ល៉េះ ហេតុអីមុនចេញទៅមិនឱ្យអូនបានសារភាពប្រាប់បងសិនថាស្រីម្នាក់នេះចង់សុំទោសបងដោយផ្ទាល់!…ស្រីម្នាក់នេះដឹងកំហុសចង់សុំបងលើកទោសឱ្យនាង! អូនដឹងថាមនុស្សព្រៃផ្សៃគ្មានមនោសញ្ចេតនាដាក់បងដូចអូនវាមិនសមឱ្យបងបកក្រោយមករកអូនឡើយមិនថាក្នុងស្ថានភាពបែបណា… តែអូនចង់ប្រាប់បងថាពេលនេះអូនយល់ អូនយល់ពីទឹកចិត្តបងដែលមានចំពោះអូន ហើយពេលនេះអូនក៏យល់ថាបងមានតម្លៃប៉ុនណា! ឱ្យអូនសុំទោស!!” នាងតូចអង្អែលរូបថតនៅលើផ្នូរជារូបដែលនាងថតឱ្យគេដោយផ្ទាល់ដៃ រួចនាងក៏ទាញរូបថតនាងនឹងគេថតជាមួយគ្នាមួយសន្លឹកទៀតមកមើលទាំងសម្រូតខ្លួនចុះអង្គុយក្បែរផ្នូរអ្នកកម្លោះទាំងឱបរូបថតជាប់ទ្រូងព្យាយាមដកដង្ហើមទាំងទ្រូងគេស្ទះចង្អៀតពោរពេញដោយវិប្បដិសារៈ នាងយំឮៗម្នាក់ឯងទាំងលែងមានអ្នកនៅចាំលួងនឹងចាំជូតទឹកភ្នែកឱ្យ។
ទឹកភ្នែកថ្លាៗប៉ុន្តែពោរពេញដោយការឈឺចាប់នឹកសោកស្តាយរាល់ទង្វើល្ងង់ខ្លៅដែលនាងបានសាងលើគេ។ នាងជាមនុស្សស្រីតែម្នាក់ដែលគេស្រឡាញ់ងប់ងល់ព្រមតាមនាងរហូតគ្រប់ពេល នាងជាមនុស្សស្រីដែលគេស្រឡាញ់បំផុតហើយនាងក៏ជាអ្នកបំបាក់ទឹកចិត្តគេឱ្យធ្លាក់ពីមួយរយមកដល់ត្រឹមសូន្យ ព្រោះគ្រប់យ៉ាងនាងចាត់ទុកគេត្រឹមជាឧបករណ៍
“លោកគ្រូពេទ្យបានប្រាប់ម៉ាក់ថាបើក្នុងរយៈពេលមួយសប្ដាហ៍បើកូននៅមិនដឹងខ្លួនទៀត… គឺអស់សង្ឃឹមហើយ… តែម៉ាក់មិននឹកស្មានសោះថាកូនស្រីម៉ាក់នៅអាចធ្វើវាបាន! នៅតែព្យាយាមត្រឡប់មករកម៉ាក់វិញ”
“វិល្លៀម… បងល្អពេកហើយ! ហេតុអីមិនព្រមដាក់ទោសឱ្យស្រីអាក្រក់ម្នាក់នេះស្លាប់ទៅ?…ហេតុអីបងបែរជាប្រើពេលវេលាចុងក្រោយមកជួយនាងឱ្យចេញពីសុបិនជារៀងរហូតរបស់នាង? ឬក៏ជាវិធីនៃការដាក់ទោសរបស់បងមកលើអូន??” រាងស្តើងយំសស្រាក់និយាយទាំងទាំងបេះដូងនាងរហែកខ្ទេចខ្ទាំ។
នាងនៅតែទទួលយកមិនបានពេលមនុស្សដែលនាងជាន់ជាប់នឹងដីមិនដែលឱ្យតម្លៃទាល់តែសោះហ៊ានដល់ថ្នាក់ប្រគល់គ្រប់យ៉ាងឱ្យនាងសូម្បីពេលវេលាចុងក្រោយរបស់ខ្លួន។ គេអាចទៅចាប់ជាតិហើយទុកឱ្យស្រីម្នាក់នេះជាប់ក្នុងសុបិន្តមួយនោះរហូតដល់នាងស្លាប់តែម្តងក៏បានតែគេបែរជាជ្រើរើសយកការជួយសង្គ្រោះនាងទៅវិញ!
“វិល្លៀម… បងចាំទេ? កាលដែលបងតែងតែនៅចាំមុខថ្នាក់កាន់ឆ័ត្រឱ្យអូនរាល់ពេលមេឃភ្លៀងទាំងខ្លួនបងទទឹកជោកក៏បងមិនខ្វល់… បងនៅចាំទេរាល់ពេលដែលបងស្តីឱ្យមិត្តអូនគ្រប់គ្នាពេលពួកគេហៅម្ហូបឱ្យអូនខុស តែចុងបញ្ចប់បងនៅតែអង្គុយស្ងៀមរើសកម្ទេចស្លឹកខ្ទឹមចេញពីចានម្ហូបអូនទាំងញញឹមស្រស់ប្រៀបដូចគ្មានរឿងអ្វីទាំងពាក្យសម្តីអូនទៅកាន់បងគ្រប់ពេលគឺប្រៀបបាននឹងសម្រាមដែលស្អុយរលួយគ្មានឡើយសូម្បីពាក្យផ្អែមល្អែមមួយម៉ាត់… តើបងនៅចាំរាល់ពេលដែលបងសុខចិត្តលុតជង្គង់ចុះកណ្តាលទីសាធារណៈដើម្បីលួងលោមអូនទេ? បើសិនជាអាច… អូនចង់ឱ្យរឿងទាំងនោះវានៅតែបន្តដូចដើម… ហ្អឹក អូនជាមនុស្សអាត្មានិយមពេកទេ? អូនដឹងថាបងឈឺចាប់ក៏អូននៅតែបន្ត… សមហើយពេលនេះដែលព្រហ្មលិខិតយកបងចេញពីស្រីព្រៃផ្សៃម្នាក់នេះ! អូនសមនឹងទទួលវាហើយ… ហើយអូនក៏ព្រមទទួលវាដូចគ្នា… អូនព្រមគ្រប់យ៉ាងមិនថាត្រូវសងបងវិញប៉ុនណាតែការចាកចេញរបស់បងវាធ្វ់ឱ្យបេះដូងរបស់អូនវាទទួលយកមិនបានពេញទំហឹង… ហឹកៗ… បងដឹងទេថាសាច់មួយដុំនៅទ្រូងខាងឆ្វេងនេះវាឈឺប៉ុនណា?… គឺវាឈឺ ឈឺជាងត្រូវគេយកវាទៅចិញ្ច្រាំទាំងស្រស់ទៅទៀត! ត្រឡប់ទៅមើលទង្វើទាំងឡាយគួរតែជាអូនទេដែលមិនសមត្រូវមានជីវិតនៅរស់បន្ត! បើបងជ្រើសរើសដើរចេញពីអូនតាំងពីពេលដំបូងបងក៏មិនបាច់ជួបរឿងទាំងនេះដែល វិល្លៀម!! អូនពិតជាចង់សុំទោសបង! មនុស្សដែលអូនស្រឡាញ់!… សុំទោសដែលពេលកន្លងអូនមើលមិនឃើញទង្វើរល្អៗទាំងឡាយ!!” នីណាពោលពាក្យគ្រប់ម៉ាត់ដែលនាងចង់និយាយទៅកាន់គេ … វិប្បដិសារៈតែងតែតាមលងបន្លាចនាងមិនឱ្យស្រាកស្រាន្តមួយពេលណាឡើយ!
នាងចាញ់ស្នាមញញឹមខ្សោះៗរបស់គេ ចាញ់បែបអិនលំទោនតាមក្បាលចិត្តនាងចង់ឱ្យគេធ្វើទោះត្រូវជូតស្បែកជើងឱ្យនាងក៏គេព្រមធ្វើ ចាញ់បែបគ្មានពាក្យតវ៉ា រហូតសូម្បីនាងខ្លួនឯងក៏សឹងតែលែងដឹងថាបុរសម្នាក់នេះក៏មានបេះដូងជាឈាមផលិតពីសាច់មនុស្សដូចគ្នា។
“អូនសុំទោស!… អូនដឹងថាទោះអូនសុំទោសមួយរយដងក៏មិនអាចលាងកំហុសកង្វក់ខ្មៅរបស់អូនបានដែរតែអូននឹងព្រមទទួលយកគ្រប់យ៉ាង…ជាចុងបញ្ចប់អូនគ្រាន់តែចង់ប្រាប់បងថាមនុស្សស្រីដែលបងស្រឡាញ់ម្នាក់នេះនឹងមើលថែរខ្លួនឱ្យល្អមិនឱ្យបងលំបាកទៀតឡើយ!… បើមានឱកាស ជាតិក្រោយអូននឹងសងការស្រឡាញ់របស់បងឱ្យទៅបងវិញមិនឱ្យខ្វះមួយចម្រៀកណាឡើយ! អូនសង្ឃឹមថាជាតិក្រោយពួកយើងនឹងជួបគ្នាម្តងទៀត ជាមួយដំណើរជីវិតថ្មីនឹងសូមឱ្យដំណើរជីវិតថ្មីរបស់ពួកយើងមិនបញ្ចប់ទៅដូចបែបនេះ!!” នីណានិយាយទាំងដៃកំពុងជូតទឹកភ្នែកចេញរួចក៏ងើបឈរឱ្យខ្យល់បកបោកលើខ្លួនប្រាណនាងតាមបណ្តោយចិត្ត។ ពេលនេះវិល្លៀមបានចាកចេញទៅហើយ ចំណែកអ្វីដែលនៅសល់គឺនៅសល់តែនីណានឹងស្រមោលស្នេហ៍របស់គេដែលបន្សល់នូវឱ្យនាងតែប៉ុននោះ!
ទង្វើល្អមួយដែលយើងបានធ្វើ ទោះគ្មានអ្នកណាបានដឹងឮ តែវាក៏នៅតែដិតដាមជាប់ស្រមោលនៅទីនោះមិនបានបាត់ទៅណាឡើយ!
សូមស្រឡាញ់មនុស្សណាម្នាក់ដោយចេញពីចិត្តកុំគិតប្រាថ្នាតែរបស់ផ្ទាល់ខ្លួនឬភាពអាត្មានិយមព្រោះអ្នកអាចសម្លាប់ចិត្តអ្នកណាម្នាក់ដោយមិនដឹងខ្លួនក៏ថាបាន! ការស្រឡាញ់ពិតប្រាកដជាការមើលឃើញមនុស្សដែលយើងស្រឡាញ់មានសុភមង្គលមិនថាមនុស្សម្នាក់នោះសប្បាយរីករាយនឹងនឹងអ្នកឬអ្នកដទៃក៏ដោយ នេះទើបជានិយមន័យពិតនៃពាក្យថា ‘ស្នេហា’។ ចំណែកស្រមោលស្នេហ៍របស់មនុស្សម្នាក់ៗគឺតែងតែមានបន្សល់ទុកនៅឱ្យគ្រប់គ្នាដឹងស្គាល់ពីកំហុសនឹងយល់ពីទង្វលរដែលខ្លួនបានធ្វើ… វីធីល្អបំផុតគឺទទួលយកការពិតគ្រប់យ៉ាងឱ្យបានហើយដើរចេញពិស្រមោលមួយនោះទោះការឈឺចាប់វានៅជាប់ស្លាកស្នាមលើទ្រូងក្តី។
រៀនឱ្យតម្លៃរាល់ទង្វើល្អដែលអ្នកជុំវិញខ្លួនធ្វើមកលើអ្នក… រៀនឱ្យតម្លៃពេលវេលាដែលអ្នកមានជាមួយមនុស្សដែលស្រឡាញ់ឬចូលចិត្តអ្នកព្រោះ អ្វីៗគ្រប់យ៉ាងគឺមិនទៀងទាត់ឡើយ… ទាន់មានឱកាសនៅក្បែរពួកគេឬនៅមានពួកគេនៅក្បែរក៏ត្រូវរក្សាពេលវេលាមួយនោះនឹងឱ្យតម្លៃវាកុំឱ្យគ្រប់យ៉ាងរសាត់ទៅអស់ដូចជានីណា។ វាក៏មិនខុសអ្វីពីពេលវេលាដែលអ្នកទាំងអស់គ្នាមានចំពោះឪពុកម្តាយអ្នកទាំងអស់គ្នាដែរ…
“សូមរក្សានិងឱ្យតម្លៃពេលវេលានឹងទង្វើល្អទាំងឡាយដែលគេបានធ្វើមកអ្នក!”
វិប្បដិសារៈគឺមាននៅគ្រប់ទីកន្លែង!!