ភាពក្រៀមក្រំគឺជាមិត្តជិតដិតមិនដែលឃ្លាតឃ្លារបស់ខ្ញុំ។ អារម្មណ៍ថាជាមនុស្សម្នាក់ ដែលមិនបានល្អសឹងគ្រប់យ៉ាងជាអារម្មណ៍នៅដិតដាមក្នុងជីវិតរបស់ខ្ញុំតាំងពីក្មេងពេលខ្ញុំត្រូវគ្រូឱ្យឈក្រៅថ្នាក់ឬឈរលើក្តារខៀនញឹកញាប់។
អារម្មណ៍ក្រៀមក្រំ មួយទៀតគឺម្តាយខ្ញុំមិនយកចិត្តទុកដាក់សម្តីខ្ញុំ គាត់ចូលចិត្តសរសើរតែបងប្រុសខ្ញុំ នេះគឺជាប្រតិកម្មធម្មជាតិក្នុងគ្រួសារដែលបណ្តាលឱ្យខ្ញុំក្លាយជាក្មេងមានអារម្មណ៍តានតឹងឬឈឺចាប់ពេលខ្លួនធ្វើខុស។
ខ្ញុំមិនហ៊ានទទួលកំហុសហើយខ្ញុំអាម៉ាស់ខ្លាំងព្រោះបងធ្វើខុសម៉ែលួងលោម ចំណែកខ្ញុំធ្វើខុសម៉ែបន្ទោសបង្អាប់។
ភាពត្រូវបានវាយតម្លៃនិងចិញ្ចឹមមកក្នុងរបៀបខុសគ្នា បានបណ្តាលឱ្យខ្ញុំក្លាយជាក្មេងទាសករនៃភាពទុក្ខព្រួយ។ ដូចអារម្មណ៍ផ្សេងទៀតដែរ ទុក្ខព្រួយមានលក្ខណៈបណ្តោះអាសន្នហើយរសាត់ទៅតាមពេលវេលា តាមវិធីនេះ ខ្ញុំអាចលេងសើចជាមួយបងប្អូននិងមិត្តភក្តិឡើងវិញបាន តែប្រសិនភាពទុក្ខព្រួយនោះបន្តម្តងហើយម្តងទៀតខ្ញុំលែងចង់ញញឹមជាថ្មីតែម្តងពិសេសពេលខ្ញុំធំដឹងក្តី។
តាំងពីមានអាយុ១១ឆ្នាំមកម្ល៉េះ ខ្ញុំជាក្មេងធ្លាក់ទឹកចិត្ត។
ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តរយៈពេលវែងដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតទៅមុខ និងចរិតលក្ខណៈមនុស្សយើង។ ខ្ញុំមិនបានទទួលការព្យាបាលរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តហើយទុកវាឡើង យូរពី គឺខ្ញុំជាអ្នកដែលមានទម្លាប់ពិបាកចិត្ត មានអារម្មណ៍ថាហ៊ុមព័ទ្ធដោយភាពបរាជ័យ និងមិនគាប់ចិត្តគ្រប់ពេលវេលា។
គេឯងប្រហែលអាចសើចឬលួងលោមតែខ្ញុំមិនអាចទេ សូម្បីកំពុងសើច ខ្ញុំមានភាពធ្លាក់ទឹកចិត្តថា ផុតពីនេះទុក្ខព្រួយនឹងមកដល់ទៀតមិនខានវាកំពុងរង់ចាំខ្ញុំ។
អារម្មណ៍ដែលថា បញ្ហាបម្រុងតែនឹងមក គឺប៉ះពាល់ដល់គ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរបស់យើង។ខ្ញុំពិតជា មិនអាចទៅរួចក្នុងការស្វែងរកអ្វីមួយមកជួយឱ្យខ្លួនឯងរីករាយបាន រួមទាំងសកម្មភាពណាក្តីច្រៀងរាំចួបជុំ ចួបមនុស្សដែលគួរឱ្យចូលចិត្តខ្ញុំតែងប្រៀបធៀបសុភមង្គលខ្លួនឯងជាមួយពួកគេ។
ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺ វាជាបញ្ហាពិត មិនមែនជាអារម្មណ៍ដ្រាម៉ាទេ។ ដ្រាម៉ាអាចជាសញ្ញាណមួយនៃផ្លូវចិត្ត តែវិបត្តិផ្លូវចិត្តមិនមែនមានន័យត្រឹមដ្រាម៉ានៅឡើយ អាចរួមមានច្រើនទៀតដូចជា អារម្មណ៍នៃភាពទុក្ខព្រួយថេរថិតនៅមិនរសាយ ឆាប់ខឹងទង្គិចចិត្ត អស់កម្លាំងមិនចង់និយាយស្តីចង់តែគេចសំងំៗ គេងមិនស្រួលមិនចង់គេង តែបានគេងខ្ញុំមិនចង់ក្រោកទេ។
ពីក្មេងខ្ញុំចូលចិត្តស្តាប់រឿងនិទាន តែបានបាត់បង់ចំណាប់អារម្មណ៍និងភាពរីករាយចំពោះអ្វីៗដែលធ្លាប់បានផ្តល់ភាពរីករាយគឺសាបឈឹងគ្មានចង់បានអ្វីទាំងអស់។
អារម្មណ៍រាល់ថ្ងៃ គិតតែអំពីកំហុសថារៀនមិនបានល្អស្តាប់មិនចូល មិនចេះការងារផ្ទះ មិនធ្វើបានល្អៗលើបណ្តាញសង្គមដូចបងខ្ញុំ។
វាកាន់តែធ្ងន់ធ្ងរឡើងៗដោយគ្មានហេតុផលច្បាស់លាស់ទេ។
ថ្ងៃខ្លះ ខ្ញុំចេញរោគសញ្ញារាងកាយ ដូចជា ឈឺក្បាលឬឈឺខ្លួន មិនចង់ហាត់ល្វើយ រាងកាយដែលមើលទៅមិនពេញចិត្ត ត្រុនៗស្គមឬស្វិត ហើយខ្ញុំមិនមានមូលហេតុជាក់លាក់
ថាខ្ញុំចង់បានធាត់មកធ្វើអ្វី?
ដែលធ្ងន់ធ្ងរខ្លាំងគឺអារម្មណ៍ក្នុងយុវវ័យដែលថា ខ្ញុំជាភាពគ្មានតម្លៃមួយក្នុងគ្រួសារ។ គំនិតថេរអំពីការស្លាប់ថាអាចជាការសងសឹកប្រសើរមួយចំពោះព្រហ្មលិខិតជួរជាតិនេះ។ខ្ញុំមានតែប៉ា ដែលស្រលាញ់ថ្នាក់ថ្នមកូនពៅ តែប៉ាស្លាប់ពេលកូនបាន៩ឆ្នាំ។
គំនិត ធ្វើអត្តឃាតថានឹងបានចួបប៉ាតែងលងខ្ញុំសូម្បីក្នុងយល់សប្តិ។ នេះវាមិនត្រឹមតែជាភាពពិបាកចិត្តប៉ុន្តែ វារ៉ាំរ៉ៃភ័យព្រួយទាយជាស្រេចថាជីវិតខ្ញុំនិងស្មុគស្មាញ។ មិត្តភក្តិម្នាក់ប្រាប់ថា នេះជាការធ្លាក់ទឹកចិត្តមិនមែនជាទុក្ខព្រួយទេ។
ខ្ញុំបានទៅចួបអ្នកជំនាញសុខភាពផ្លូវចិត្ត ប្រើសៀវភៅអាននិងធ្វើរោគវិនិច្ឆ័យ ចិត្តសាស្រ្តអាមេរិចស្តីពីបញ្ហាផ្លូវចិត្ត ដើម្បីជួយកំណត់ថាតើព្យាបាលរបៀបណា។
នៅតែ ធ្លាក់ទឹកចិត្តព្រោះបងខ្ញុំរវល់ចំណែកម្តាយខ្ញុំកាន់តែចាស់កាន់តែរអ៊ូច្រើន។
គាត់មើលទៅមានអារម្មណ៍ធ្លាក់ទឹកចិត្តជារៀងរាល់ថ្ងៃជាងខ្ញុំទៀត។ ស្ទើរតែពេញមួយថ្ងៃ
គាត់កង្វះការចាប់អារម្មណ៍និងចង់បានភាពរីករាយ បបួលទៅណាមិនទៅ មិនស្លៀកពាក់ស្អាតមិនចង់ចំណាយលុយនិយាយតែរឿងសន្សំនិងភាពអត់ឃ្លានជំនាន់ប៉ុលពត។
ខ្ញុំចង់រៀនជួយគាត់ដើម្បីឱ្យមានសុភមង្គលខ្លួនឯងដែរ តែគាត់មិនព្រមទាក់ទងស្និទ្ធជាមួយខ្ញុំទេ។ និយាយគ្នា ម្តងៗក៏មិនលើសពីរបីម៉ាត់ឡើយ។
យើងមានបញ្ហាក្នុងការគេង គឺចូល១៧ឆ្នាំខ្ញុំគេងច្រើនពេក គាត់មិនគេងសោះ។ ខ្ញុំមានបញ្ហាក្នុងការញ៉ាំរបស់ជាតិចាស់ៗ ហឹរ ម្តាយខ្ញុំញ៉ាំសាបៗ។
ខ្ញុំនិងម្តាយឆាប់ខឹង តែបងខ្ញុំ បន្ទោសខ្ញុំ មិនហ៊ានបន្ទោសម្តាយទេ។ ពេលខ្លះពួកគាត់និយាយបំភ្លើសគ្មានហេតុផល ឬបំផ្លើសអំពីកំហុសខ្ញុំ លើកឡើងវិញដដែលៗថាខ្ញុំ ភ្លេចបិទទូទឹកកកឬមិនចុចទឹកបង្គន់។
ខ្ញុំដឹងថាខ្លួនឯងអសមត្ថភាពក្នុងការផ្តោតអារម្មណ៍ បានជាខ្ញុំពិនិត្យច្រើនដងណាស់មុនចាកចេញពីបង្គន់ឬផ្ទះបាយ ប៉ុន្តែដោយសារខ្ញុំជាភាគីខ្សោយម្នាក់ៗរុញកំហុសក្នុងផ្ទះមកឱ្យខ្ញុំ។
ក្រោយមកមីងខ្ញុំឈ្មោះសុភាវី បានមករស់នៅជាមួយ គាត់ជាមន្ត្រីធ្វើការខាងជំងឺធ្លាក់ទឹកចិត្ត។ គាត់ប្រាប់ថា ជំងឺនេះ អាចកើតមានឡើងទាំងបុរសនិងស្ត្រីគ្រប់វ័យពេលនោះម្តាយខ្ញុំនៅតែចចេសថា ជំងឺធ្លាក់ទឹកចិត្តអីខ្ញុំនេះមានចរិតបែបនេះពីកំណើតមក។
សម្តីគាត់ប៉ះពាល់ដល់ចិត្តខ្ញុំជ្រាលជ្រៅ។ គាត់មិនត្រឹមតែមិនយល់ច្បាស់ពីរបួសកាលកុមារភាពឬយុវវ័យរបស់ខ្ញុំពីទណ្ឌកម្មឈរនៅសាលាសឹងរាល់ថ្ងៃ ការបន្ទោសរបស់ម៉ាក់ ភាពលំអៀងរបស់ម្តាយ និងការបាត់បង់ប៉ា។
ខ្ញុំពិតជាអសមត្ថភាពក្នុងការទប់ទល់នឹងព្រឹត្តិការណ៍ជីវិត ដែលជាង១០ឆ្នាំមកនេះតែងតែបំផ្លិចបំផ្លាញសេចក្តីសង្ឃឹមនៃខ្ញុំ។
បងខ្ញុំដឹងថា ខ្ញុំមានការឈឺចាប់ជាសម្ងាត់ ម្ល៉ោះហើយគាត់តែងតែចូលមកនិយាយលេង ។ខ្ញុំប្រាប់គាត់ថាខ្ញុំមានការឈឺចាប់ខ្លាំងពេលឃើញអ្នកដទៃបានសុខឬទទួលការសរសើរ។ បងខ្ញុំតែងពិបាកចិត្ត រាល់ពេលដែលគាត់ចូលមកនិយាយនឹងខ្ញុំ។
គាត់ថាមានមនុស្សជាច្រើនមានសភាពដូចខ្ញុំតែគេអាចព្យាបាលជា។ បងប្រុសខ្ញុំបានលើកទឹកចិត្តឱ្យខ្ញុំសេពគប់មិត្តខ្លះ និងរៀន ឬដើរលេង ចូលសិក្សាសាលានិង រៀននិយាយវីដេអូជួយអ្នកដទៃ។ល។
តែចំពោះខ្ញុំវិញ ខ្ញុំយល់ ខ្លួនឯងឱ្យតម្លៃខ្លួនឯងទាបយ៉ាងនេះ ខ្ញុំជួយអ្នកណាបានទៅ?
បងខ្ញុំប្រាប់ថា តាមពិតពីដំបូងមីងសុភាវី ក៏មានប្រវត្តិគ្រួសារជាមួយជំងឺផ្លូវចិត្ត រួមទាំងជំងឺធ្លាក់ទឹកចិត្តតពីប៉ាគាត់តែមីងខ្ញុំអាចព្យាបាលបានដោយការជួយអ្នកដទៃ។
បងខ្ញុំសួរថាតើខ្ញុំជាភេទទីបីឬអ្វី? ដែលមានបញ្ហាពិបាក ប្រឈមនឹងសង្គម?ខ្ញុំថាមិនពិតទេតែខ្ញុំមិនទាន់ចេះស្រលាញ់ស្រី។
ការគេងមិនលក់ញាំថ្នាំងងុយជាបញ្ហាមួយធំរបស់ខ្ញុំ។ បងប្រុសខ្ញុំចូលមកលេងបៀរជាមួយពេលយប់ៗណាមួយដែលគេងមិនលក់ ហើយខ្ញុំមើលកំប្លែងជាមួយគ្នាដែរ។ គាត់បានបន្ថែមឱ្យខ្ញុំនូវសម្បត្តិអ្វីមួយដែលខ្ញុំបានបាត់បង់ទៅជាយូរមកហើយ នោះគឺប្រព័ន្ធគាំទ្រពី មិត្តភក្តិឬក្រុមគ្រួសារ។
បងខ្ញុំប្រាប់ថា បើចង់កែលម្អគុណភាពជីវិត ត្រូវបំភ្លេចនិងរៀនបណ្តោយខ្លះ។ ករណីប៉ាស្លាប់ គាត់ថា គួរទុកឱ្យគាត់ទៅបានស្ងប់ចុះ។
ចំណែកម្តាយខ្ញុំដែលឧស្សាហ៍រអ៊ូ និងកំណាញ់ មកពីគាត់ឈឺដូចយើងដែរ យើងត្រូវយល់គ្នាមិនមែនបោះបង់ចោលគ្នាទេ។
មីងសុភាវីក៏លើកទឹកចិត្តឱ្យខ្ញុំនេះចេះស្វែងរកជំនួយដែរ នៅពេលណាដែលគិតថាខ្លួនឯងទប់ទល់អារម្មណ៍ពីក្នុងលែងរួច។
គាត់បានឱ្យខ្ញុំស្គាល់បងម្នាក់ជាពេទ្យផ្លូវចិត្តឈ្មោះបង កែវជាមនុស្សប្រុស។ ខ្ញុំបានចួបគាត់សរុបបីដង អ្វីដែលខ្ញុំបានដឹងពីគាត់គឺ ចិត្តមួយដែលរ៉ាំរ៉ៃឈឺ មិនអាចបង្កើតសមត្ថភាពនៃការគិតមានតុល្យភាពមួយបានទេ ភាគច្រើនផ្អៀងទៅសប្បាយជ្រុលឬកើតទុក្ខជ្រុល។
ប៉ុន្តែដំបូងៗ ពេលវាមិនរ៉ាំរ៉ៃឬធ្ងន់ឈានដល់កម្រិតកំពូលនៃជំងឺយើងនៅតែអាចរក្សាតុល្យភាពការគិតឡើងវិញបានដោយខ្លួនឯងដូចជាអាច ដឹងអំពីអ្វីដែលមនុស្សម្នាក់ៗកំពុងធ្វើអ្វី អ្វីដែលពួកគេចង់និយាយ, អ្វីដែលពួកគេគិត, របៀបដែលពួកគេនិយមធ្វើចលនាឬសកម្មភាព, របៀបដែលគេ អង្គុយ ឈរ ហូបចុក។ល។
ប្រសិនបើយើងនៅមើលដឹង អំពីអ្វីៗជុំវិញខ្លួនដោយចេះបែងចែកហេតុផល មិនបន្ទោស មិនអស់សង្ឃឹម មិនគិតក្នុង បែបផែនគ្មានជំរើសនោះ ការទទួលយករវាងភាពល្អនិងមិនល្អក្នុងខ្លួនមនុស្សបានបង្ហាញថា យើងនឹងលែងមានជំងឺបាក់ទឹកចិត្តទៀតហើយ។ មកដល់កន្លែងនេះយើងអាចកំណត់និយមន័យបានថា ចិត្តមនុស្សយើង តែងអាចព្យាបាលបានដោយវិធីសាស្ត្រគិត។ ការទម្លាប់គិតតាមវិធី ដែលមានតុល្យភាព គឺជាការគិតមួយ ដែលមានប្រាជ្ញា និងមិនផ្តេកផ្តួល បង្កើតឡើងដោយការវិនិច្ឆ័យនិងមតិអ្នកណាម្នាក់ ទេ ជាការគិតដោយមានជញ្ជីងទំងន់ស្មើសងខាងគឺមានហេតុនិងមានផល។
ខ្ញុំបានទទួលការគាំទ្រពីមីងសុភាវី ពីបងប្រុសខ្ញុំ និងពីពេទ្យកែវដើម្បីជំនះការធ្លាក់ទឹកចិត្តនេះ។ ជាបណ្តើរៗ ការគិតដែលទាញខ្លួនឯង ឱ្យយល់ពីតុល្យភាពនៃការពិត បានកាត់បន្ថយខ្ញុំពីអារម្មណ៍ធុញ សាបឈឹង ខ្ចិលតតាំង ឬអារម្មណ៍ឆាប់ខឹង។ល។ ខ្ញុំកំណត់បញ្ហានៃការគេង មិនលក់ថាមកពីខ្ញុំចូលចិត្តកើតទុក្ខគិតច្រើននៅពេលព្រលប់ អ៊ីចឹងទៅ ខ្ញុំក៏ដាក់វិន័យឈប់តាមដានហ្វេសប៊ុកនូវរាល់ពេលពីរម៉ោងមុនចូលគេងប្តូរមកមើលរឿងកំប្លែងវិញ។ ខ្ញុំលាបសក់ និងរៀបចំថែទាំខ្លួនឯងឡើងវិញ ឧស្សាហ៍ងូតទឹកនិងបាញ់ទឹកអប់ស្លៀកពាក់ស្រួលៗ រហើយៗ មិនតឹងតែង ចំណែកការញាំខ្ញុំខំញាំអាហារសុខភាព ដូចជាបន្លែ ហើយឈប់វក់ជាមួយនឹងដំឡូងបំពងឬមាន់បំពង។ ពេញមួយខែខ្ញុំមិនញាំភេសជ្ជៈសំណព្វកូកាកូឡាទេ ពួកដែលមានហ្គាសនិងស្ករទាំងអស់គឺឈប់ញាំសិន។
មិនយូរប៉ុន្មានខ្ញុំខ្លួនឯងបានប្រាប់ខ្លួនឯងថាការថប់បារម្ភ ការភ័យៗគ្មានហេតុផល អារម្មណ៍ប្រញាប់ស្លន់ស្លោចាប់ផ្តើមកាត់បន្ថយបានហើយ។
ខ្ញុំគិតថា ខ្ញុំធ្វើបានពាក់កណ្តាលហើយ។
ខ្ញុំបានទៅរកនិយាយជាមួយបងប្រុសខ្ញុំដល់បន្ទប់ ប្រាប់គាត់ថា ខ្ញុំចង់ស្វែងរកវិធីតូចតាចណាមួយដើម្បីជួយដល់អ្នកដទៃ។ គាត់ក៏យល់ព្រមឱ្យខ្ញុំចូលរួមជាមួយនឹងក្រុមចែកអំណោយមួយដែលគាត់ស្គាល់មេក្រុមហើយពួកគេតែងតែធ្វើការរៃអង្គាសយកលុយទៅទិញជា មី អង្ករនិងអាហារក្រៀមផ្សេងៗទៀត ទុកចែកចាយនៅតំបន់ក្រីក្រ ផ្ទះជួល ក្នុងរយៈពេលមានមេរោគកូវីដនេះ។
ការងារនោះហត់ ហើយហេវផង។ ខ្ញុំញាំច្រើនពេលមកផ្ទះវិញនិងឡើងទំងន់។
ទោះយ៉ាងណាចិត្តខ្ញុំមានរសជាតិជាងមុន។ ខ្ញុំសប្បាយចិត្តនិងកើតទុក្ខពេលឃើញពួកគេទាំងនោះពិតជាលំបាកជាងខ្ញុំទៅទៀត។
នេះជាមូលហេតុដែលខ្ញុំទទួលស្គាល់ថាការ ប្រៀបធៀបអំពីជោគវាសនាឬការរីកចម្រើនរបស់យើង ជាមួយអ្នកដទៃប្រៀបធៀបមិនបានប្រយោជន៍អ្វីទេ។ ជាធម្មតាយើងប្រៀបធៀបភាពទន់ខ្សោយចំណុចអន់ របស់យើងជាមួយចរិតរឹងមាំរបស់មនុស្សម្នាក់ផ្សេងទៀត តែតាមពិតយើងមិនដឹងឡើយថា គេអាចនឹងលាក់លៀមភាពទន់ខ្សោយរបស់គេ មិនឱ្យអ្នកណាដឹង ឬអាចថា វាមិនទាក់ទងអ្វីនឹងយើងទេ កុំធៀបគ្នា។
ដោយសារបងប្រុសខ្ញុំឃើញសភាពប្រែប្រួលជាវិជ្ជមានរបស់ខ្ញុំ គាត់ក៏ចង់បង្កើតឱ្យមានព្រឹត្តិការណ៍រីករាយខ្លះបន្ថែមទៀតក្នុងគ្រួសារយើង។ មីងសុភាវីនិងគាត់បាន សម្រេចចិត្តរៀបចំកម្មវិធីកម្សាន្តមួយ ទៅកំពង់សោម។ លើកនេះម្តាយខ្ញុំចូលរួម គាត់ត្រៀមម្ហូបម្ហាហើយមិនរអ៊ូដូចមុនទេ។
ដំបូងខ្ញុំហាក់មិនមាន “ អារម្មណ៍” តែខ្ញុំព្រមព្រៀងថា គួរផ្តល់សិទ្ធិឱ្យខ្លួនឯងសម្រាប់ការមាន“ វិស្សមកាល” មួយ។ នៅក្នុងការទៅសមុទ្រលើកនេះខ្ញុំហែលទឹកយ៉ាងសប្បាយរីករាយ។
ការអនុវត្តនេះ ដំបូងហាក់បង្ខំៗ ធ្វើៗ សម្តែងៗ តែក្រោយមកពិតជាឃើញថាចិត្តពីខាងក្នុងមានចំណង់ចំណូលចិត្តខាងហែលនិងថតរូប ឯចំណង់ចំណូលចិត្តនេះ បានកើនឡើងពិតៗ តែម្តង។
ខ្ញុំព្យាយាមកំណត់ អ្វីៗដែលកំពុងកើតមានឡើងក្នុងខួរក្បាលខ្លួនឯងក្នុងរយៈពេលនេះ។ ភាពស្ងប់ស្ងាត់តែរីករាយពិតជាត្រលប់មករកខ្លួនខ្ញុំក្នុងបច្ចុប្បន្ននេះវិញដោយទន់ភ្លន់ យឺតៗហើយការឱ្យ តម្លៃខ្លួនឯង ឬបង្កឱ្យមានទំនុកចិត្តលើខ្លួនឯងឡើងវិញជាវិញ្ញាសារបន្តរបស់ខ្ញុំ។
ព្រឹកឡើង សេណារីយ៉ូគម្រក់មួយរបស់ព្រហ្មលិខិត បានកើតមានឡើងចំពោះខ្ញុំ។
ខ្ញុំគេងមមើឮម្តាយខ្ញុំស្រែកយំ។ ខ្ញុំបានក្រោកឡើងដោយវង្វេងវង្វាន់និងរត់ចុះទៅក្រោម។
ខ្ញុំចែកមិនដាច់និងមិនដឹងថា នេះជាការស្រមៃឬអ្វីទេនៅពេលមីងសុភាវីប្រាប់ថា បងប្រុសខ្ញុំបានស្លាប់បាត់ហើយ ទាំងពេលគាត់កំពុងគេង។
បងប្រុសខ្ញុំតែងតែស្វាហាប់ ក្រោកពីព្រឹកៗរត់ជុំវិញផ្ទះហើយឃើញហាក់មានសុខភាពល្អ។មនុស្សដែលតែងតែគាំទ្រខ្ញុំ ពេលនេះត្រូវបែកទៅ ជារៀងរហូត ដោយមិនបានសូម្បីទុកនូវសូម្បីត្រឹមបណ្តាំណាមួយ វាពិតជាឈឺចាប់ខ្លាំងណាស់។
តទៅមុខនេះខ្ញុំត្រូវរៀនរស់ដោយគ្មានគាត់?
មិនមែនងាយស្រួលទេ។
ខ្ញុំយំមិនចេញឡើយ រឹតតែមិនដឹងត្រូវធ្វើដូចម្តេច។
ប៉ុន្តែដោយសារម្តាយខ្ញុំសន្លប់ច្រើនដងពេក ខ្ញុំតែម្នាក់គត់ដែលនៅសល់ នៅតែត្រូវរឹងមាំចាត់ចែងពិធីបុណ្យ ធ្វើដូចរឹងមាំ តែនៅពេលយប់ឡើងទុក្ខព្រួយដែលខ្ញុំមាន បានធ្វើឱ្យខ្ញុំថា អមិនយូរទេ ខ្ញុំចង់ចេញពីពិភពលោកនេះហើយព្រោះការនឿយហត់វាលើសលប់ពេក។
មិនយូរទេ ខ្ញុំបានរកឃើញសំបុត្ររបស់គាត់។
អ្វីដែលគាត់សរសេរធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនឹងហួសចិត្តខ្លាំង។ គាត់មិនដែលគិតថាគាត់មានវិបត្តិផ្លូវចិត្តទេ។ គាត់តែងគិតថាមានប្អូនម្នាក់ដែលមានផ្លូវចិត្តទន់ខ្សោយ។ តែអត្ថន័យពាក្យពេចន៍ដែលគាត់បានសរសេរបង្ហាញខ្ញុំច្បាស់ថា បងខ្ញុំនបាននៅរ៉ាំរ៉ៃក្នុងឌីប្រេសស្សិន។
គ្រោះថ្នាក់របស់ជំងឺនេះតាមពិតខ្ញុំយល់ហើយ គឺគ្រោះថ្នាក់បំផុតនៅពេលយើងឈឺហើយបែរជាគិតថាខ្លួនឯងជា ចំណែកខ្ញុំនេះជា តែខ្ញុំគិតថាខ្លួនឯងឈឺ។
ម្តាយខ្ញុំបានមកឱបខ្ញុំហើយសុំថាកុំទៅចោលគាត់។ គាត់នៅសល់តែកូនប្រុសមួយទេ។ ខ្ញុំបានសន្យាថានឹងក្រោកឈរឡើងប្រឆាំងទុក្ខព្រួយទាំងអស់ដែលលោកនេះបានផ្តល់មកឱ្យម្តាយខ្ញុំ។ តាមពិតម្តាយខ្ញុំដឹងយូរហើយថា បងប្រុសខ្ញុំមិនប្រក្រតី បានជាម្តាយតែងតែសម្របចិត្តគាត់ សរសើរគាត់ និងងាកមកស្តីថាឱ្យខ្ញុំជានិច្ច។
ម្តាយម្នាក់ដឹងច្បាស់ ថាកូនណានឹងនរ កូនណានឿយហត់ខ្លាំង គ្រាន់តែម្តាយខ្ញុំប្រើវិធីខុសក្នុងការព្យាបាលបងខ្ញុំបានជាគ្រប់យ៉ាងហួសពេល។
គាត់ប្រាប់ខ្ញុំថា ចុងក្រោយបងប្រុសខ្ញុំបានត្អូញត្អែរនឹងគាត់ថា «កូនដកដង្ហើមមិនរួចទេម៉ាក់!»
និយាយពីបទពិសោធន៍នេះ ខ្ញុំសូមស្នើថា អ្នករាល់គ្នាគួរចាប់ផ្តើមព្យាយាមរៀនកំណត់បញ្ហាផ្លូវចិត្តនិងជួយគ្នាក្នុងគ្រួសារ។
មនុស្សខ្លះមើលទៅរឹងមាំ តែយើងមិនដឹងការពិតដែលពួកគេខំលាក់បាំងទេ។
ការស្លាប់របស់បងប្រុសខ្ញុំ ខ្ញុំពិតជាត្រូវការពេលវេលាសម្រាប់ សម្របខ្លួនទៅនឹងជីវិតមួយដែលគ្មានគាត់ រឿងនេះ នឹងមិនងាយស្រួលសម្រាប់ខ្ញុំទេ ផ្ទុយទៅវិញខ្ញុំនៅតែត្រូវទទួលយក។ខ្ញុំដឹងថា ខ្លួនឯងរឹងមាំខ្លាំង នៅត្រឹមពេលនេះពេលដែលដៃម្ខាងរបស់ខ្ញុំអាចថែម្តាយដែលទន់ខ្សោយអស់សង្ឃឹម និងម្ខាងទៀតខ្ញុំអាចបញ្ចប់បានត្រឹមត្រូវតាមប្រពៃណី នូវបុណ្យសពសម្រាប់បងប្រុសខ្ញុំ។
ខ្ញុំបានរៀនរស់នៅក្នុងវិបត្តិ ដែលខ្ញុំមិនធ្លាប់គិតថាអាចនឹងចួបប្រទះហើយអាចរ៉ាប់រងបាន។
ពិតណាស់ថា ខ្ញុំមានអារម្មណ៍ឈឺចាប់ ការសោកស្តាយចំពោះការបាត់បង់នៅតែជារឿងដែលខ្ញុំពិបាកភ្លេច តែខ្ញុំមិន ព្យាយាមបំភ្លេចទេ ខ្ញុំបានអានសៀវភៅពេលវេលា ពាក្យមួយខ្ញុំស្រលាញ់ណាស់ គឺថា បើបំភ្លេចមិនបានអតីតកាលរបស់យើងកុំធ្វើអ្វីដាក់វាទុកវានៅទីនេះចុះ ។ ការបាត់បង់បងប្អូនជាទីស្រឡាញ់គឺជារឿងមួយដែលឃោឃៅបំផុត តែកុំខ្លាចវាពេក ព្រោះថាវាអាចកើតឡើងបានជានិច្ចនៅក្នុងជីវិតយើងម្នាក់ៗ។
ពេលវេលាមិនមែនជាអ្នកព្យាបាលដ៏អស្ចារ្យទេ ព្រោះគ្មានថ្ងៃដែលខ្ញុំភ្លេចគាត់បានឡើយ ប៉ុន្តែរាល់ពេលខ្ញុំដកដង្ហើម ខ្ញុំស្រលាញ់ដង្ហើមនេះណាស់ ខ្ញុំប្តេជ្ញារក្សាវា ព្រោះតែខ្ញុំចាំសម្តីបងខ្ញុំត្អូញត្អែរនឹងម្តាយថាគាត់ដកដង្ហើមមិនរួច។
រៀមច្បងខ្ញុំបានផ្តល់ដង្ហើមថ្មីមកឱ្យខ្ញុំ រហូតដល់គាត់ភ្លេចថែទាំដង្ហើមខ្លួនឯង។
បងប្រុស ! ខ្ញុំនឹងមិនរឹងមាំដូចជាវីរបុរសទេ តែខ្ញុំនឹងនៅទីនេះជានិច្ចដើម្បីបងនិងអ្នកម្តាយរបស់យើង៕