ឆ្នាំ២០១៥
ដំណើរកម្សាន្តបែបណាដែលសប្បាយបំផុត?
សម្រាប់ខ្ញុំប្រហែលជាដំណើរកម្សាន្តជាមួយពួកម៉ាកជា Trip អីអស់ហ្នឹងគឺសប្បាយអស់ស្ទះ។ ដើរលេងបែបគ្រួសារមិនសូវជាសប្បាយព្រោះពួកគាត់បុរាណមិនដូចខ្ញុំទេ។ ដំណើរកម្សាន្តជុំមិត្តភក្តិ ដាច់យប់ ផឹកស៊ី រាំរែក… សុទ្ធតែជាទីពេញចិត្តរបស់ខ្ញុំ ដូចជាពេលនេះអ៊ីចឹង ខ្ញុំកំពុងធ្វើដំណើរតាមផ្លូវជាមួយមិត្តភក្តិបួននាក់ទៀតទៅព្រះសីហនុ ហើយនឹងបន្តទៅកោះ។
~ពេលរលឹមស្រិចៗ ធ្វើម្ដេចនឹងបានគូរាំ~
ពួកម៉ាករបស់ខ្ញុំនាំគ្នាច្រៀងរាំសឹងរង្គើឡាន បង្ហើរអារម្មណ៍តាមបទចម្រៀងខណៈដែលលើកដបស្រាមកជល់ហែរៗតាមផ្លូវ។ ពួកយើងទាំងប្រាំនាក់មាន នីកានិងសង្សារនាងឈ្មោះធី ពីរនាក់ទៀតជារ៉ាទីនិងសង្សាររបស់វាឈ្មោះអូនម៉េវ ឈ្មោះមើលតែឆ្មា ហើយនឹងខ្ញុំឈ្មោះ រីណេ ជាម្ចាស់ឡានក៏ជាអ្នកផ្ចុងផ្ដើមដំណើរកម្សាន្តដ៏សែនសប្បាយមួយនេះដែរ។
កំពុងតែច្រៀងៗស្រាប់តែនីកានិងធីដែលរាងស្រវឹងតិចៗរៀងខ្លួន អង្គុយនៅខាងក្រោយស្រវាក្រសោបមុខគ្នាហើយបឺតមាត់គ្នាយ៉ាងរំជើបរំជួល ខ្ញុំអាចមើលឃើញតាមកញ្ចក់ឡាន។ ចំណែក រ៉ាទី បានតែងាកមុខចេញហើយលើកស្រាអក ខណៈដែលអូនម៉េវសង្សាររបស់វាដែលជាក្មេងល្អ ពូកែអៀន មិនសូវមាត់កនិងមិនធ្លាប់មានសង្សារដើរលេងដាច់យប់ អង្គុយខាងមុខក្បែរខ្ញុំប្រឹងឱនមុខចុះដោយមិនហ៊ានមាត់កអ្វីព្រោះនាងមិនទាន់ស៊ាំភ្នែកនឹងរូបភាពបែបនេះ។
“អ្ហេ៎!! ល្មមៗបានហើយ ចាំស្ងាត់តែពីរនាក់ទៅ” ខ្ញុំទាញវែនតាការពារកម្ដៅថ្ងៃចុះហើយស្រែកគំរាមទៅពីរក្បាលនោះដោយលួចដៀងកន្ទុយភ្នែកមើលពួកវាតាមកញ្ចក់។
បានផល! ពួកវាឈប់ហើយប្ដូរមកជាឱបក្រសោបគ្នាវិញម្ដងធ្វើឱ្យ រ៉ាទី ដែលមានសង្សារនឹងគេដែរ តែបែរជាមានអារម្មណ៍ថារងាឯកាខុសគេឯង។
ពុទ្ធោ! គួរឱ្យអាណិត!
ក្រោយមកសភាពក្នុងឡានក៏ស្ងាត់។ អូនម៉េវដូចជាស្រវឹងសាមប៉ាញ នាងមុខឡើងក្រហមហើយគេងលក់ងោកក្បាលឆ្វេងស្ដាំ រ៉ាទី ឃើញដូច្នេះក៏យកខ្នើយកល់កមកដាក់ឱ្យនាងបានគេងស្រួល ចំណែកពីរនាក់ទៀតបន្លំៗថើបគ្នារហូត។
ច្រើនម៉ោងកន្លងផុតទៅ
ចុងក្រោយពួកយើងក៏បានមកដល់មាត់ឆ្នេរកន្លែងដែលយើងនឹងជួលទូកជិះទៅកោះ “គជ់ខ្យង”បន្តទៀត។ ជាធម្មតាគឺមានទូកធំៗចេញដឹកអ្នកដំណើរជាក្រុមៗទៅកោះ តែថ្ងៃនេះសែនចម្លែកព្រោះគ្មានទូកចេញទៅ “កោះគជ់ខ្យង” សូម្បីមួយ។
“កោះគជ់ខ្យង ថ្ងៃសុក្រគ្មានទូកចេញទៅទេ” អ៊ំប្រុសម្ចាស់ទូកជ្រួញចិញ្ចើមមើលមកពួកយើងព្រមជាមួយទឹកមុខដ៏ពិបាកយល់។
“ម៉េចអ៊ីចឹងអ៊ំ?” ជារ៉ាទីដែលសួរព្រោះពួកយើងដើរសួរអស់ជាច្រើនទូកហើយតែពួកគាត់បដិសេធមិនទៅគ្រប់គ្នា។
តើមិនចម្លែកទេ?
“ពួកក្មួយមិនដឹងទេ?”
“មានព្យុះមែនទេ?” ជាអូនម៉េវម្ដងដែលសួរ ចំណែកពីរនាក់ទៀតមិនបាច់ប្រាប់ក៏ដឹងដែរ គឺកំពុងសាសងគ្នាយ៉ាងផ្អែមល្ហែមយ៉ាងរំភើយដូចជាមិនខ្វល់ខ្វាយអីសោះ។
ផែនដីធំមួយនេះមានតែមនុស្សពីរនាក់…
“រៀងរាល់ថ្ងៃសុក្រគឺគ្មានអ្នកណាចេញទូកឬក៏ឆ្លងទៅកោះគុជខ្យងទេ បើទោះជាទៅក៏គ្មានមនុស្សដែរ!” សម្ដីរបស់អ៊ំប្រុសនោះធ្វើឱ្យខ្ញុំនិងពីរនាក់ទៀតឆ្ងល់ជាខ្លាំង។ គ្មានមនុស្សយ៉ាងម៉េចកើតបើនៅទីនោះជាតំបន់ទេសចរណ៍ មានរីសត មានកន្លែងលេង ហើយមនុស្សសម្រុកមកលេងថ្ងៃចុងសប្ដាហ៍សម្រាកលំហែនេះឯង បើមិនធ្វើការថ្ងៃនេះ អ៊ីចឹងថ្ងៃណាវិញ? អ៊ំប្រុសនេះនិយាយមិនសមហេតុផល។
“អ៊ំចង់មានន័យថាគ្មានការកម្សាន្តរៀងរាល់ថ្ងៃសុក្រ?” អូនម៉េវសួរបញ្ជាក់។
“បាទ! ថ្ងៃសុក្រគ្មានមនុស្សនៅលើកោះគជ់ខ្យងទេ”
“តែខ្ញុំបានកក់រីសតរួចហើយ ហើយគេក៏ confirm ថាបើកទទួលធម្មតា!” ខ្ញុំដែលឈរស្ដាប់យ៉ាងយូរក៏និយាយឡើង។ វាជាការពិត រីសតដែលខ្ញុំកក់នោះគេបញ្ជាក់មកកាលពីយប់មិញហើយច្បាស់ៗទៀតផង។ បន្ទប់បែប Room Tour ធំអាចគេងគ្នាបានពី៥ទៅ៧នាក់ បើមិនធ្វើការមែន ខាងរីសតគេមិនទទួលកក់ទេ។
“ពិតមែន? កុំទៅអី!” អ៊ំប្រុសនោះសួរដោយទឹកមុខភ្ញាក់ផ្អើល ហើយក៏ប្រញាប់ហាមភ្លាម។
“មានរឿងអីទាក់ទងនឹងថ្ងៃសុក្រមែនទេអ៊ំ?” អូនម៉េវចាប់មានអារម្មណ៍ភ័យខ្លាច ខ្ញុំអាចដឹងតាមរយៈសម្លេងដែលញ័រតិចៗរបស់នាង។ មនុស្សអូនម៉េវពូកែភ័យផង មកឮបែបនេះដូចបន្លាចបន្ថែម។
“កុំទៅអី! ចាំឱ្យផុតថ្ងៃសុក្រសិនទៅ!”
“តែពួកខ្ញុំកក់រីសតរួចហើយ!”
“បងណេសាកទាក់ទងទៅខាងរីសតម្ដងទៀតបានទេ?” ខ្ញុំងក់ក្បាលយល់ព្រមនឹងសំណើអូនម៉េវដោយទាញទូរស័ព្ទមកបើកចូលផេករីសតហើយយកលេខទំនាក់ទំនង។
“ប្រាប់ថាសុំប្ដូរថ្ងៃទៅ ថ្ងៃណាក៏បានដែលមិនមែនថ្ងៃនេះ អ៊ំប្រាប់បានតែប៉ុណ្ណឹង” ថាចប់ហើយអ៊ំប្រុសនោះក៏ដើរចេញទៅបាត់បន្សល់ទុកចម្ងល់ជាច្រើនពេញខួរក្បាលរបស់យើងទាំងបី ខ្ញុំតាមសម្លឹងមើលអ៊ំប្រុសនោះទាំងមិនអស់ចិត្ត។
ទូត~ ទូត~
“ចូលទេបង?” អូនម៉េវសួរពេលឃើញខ្ញុំខលទៅខាងរីសត។ ខ្ញុំងក់ក្បាលជាចម្លើយដោយរង់ចាំស្ដាប់ខាងបុគ្គលិកទទួល។
“អា ឡូ ជម្រាប សួរ!” ចាំមួយសន្ទុះ អ្នកម្ខាងទៀតក៏លើកទទួលព្រមជាមួយសម្លេងដាច់ៗហាក់ដូចជាខ្សោយសេវា។
“សួស្ដី! ខ្ញុំបានកក់បន្ទប់កាលពីម្សិលមិញ ចង់សួរថាថ្ងៃនេះខាងរីសតបើកដំណើរការដែរឬអត់?” មិនរង់ចាំយូរ ខ្ញុំក៏ឆាប់សួរភ្លាមព្រោះមិនចង់ខាតពេល។
“បន្តិច ទៀត នឹង មាន ទូក ទៅ ទទួល នៅ កំ ពង់ ទឹក” សម្លេងដែលបង្អូសវែងៗនិងដាច់ៗ ធ្វើឱ្យខ្ញុំមិនស្រណុកត្រចៀក ក៏រហ័សដើរទៅរកតំបន់ណាមានសេវានឹងបានស្រួលចចាគ្នា។
“បើចង់ប្ដូរចិត្តលើកទៅថ្ងៃផ្សេងវិញបានទេ?”
“បន្តិច ទៀត នឹង មាន ទូក ទៅ ទទួល នៅ កំ ពង់ ទឹក” ខាងរីសតមិនបានឆ្លើយនឹងសំនួរខ្ញុំទេ តែបែរជានិយាយប្រយោគដដែលៗ។ ខ្ញុំដកដង្ហើមធំដោយក្ដីតប់ប្រមល់ សង្ស័យសេវាខ្សោយហើយអ្នកខាងណោះស្ដាប់មិនបាន។
“កុំទាន់មកអី! ពួកខ្ញុំចង់លើកថ្ងៃ…”
“សូម អរ គុណ!”
ទូតៗ
រកតែខ្ញុំនិយាយអ្វីមិនទាន់ ខាងរីសតក៏ចុចបិទបាត់! មិនដឹងជាស្អីទេរកនិយាយសាច់ការឱ្យចប់ស្រួលបួលមិនកើត សេវាក៏គ្មាន ខលទៅវិញចូលហើយតែគ្មានអ្នកលើក។
“យ៉ាងម៉េចហើយរីណេ?” រ៉ាទីចូលមកសួរក្រោយពីឃើញខ្ញុំឈរធ្វើមុខក្រញូវដាក់ទូរស័ព្ទ ខ្ញុំដកដង្ហើមធំទាំងមុខស្អុយប៉ែមុននឹងតប៖
“គេថាបន្តិចទៀតនឹងមានទូកមកទទួលយើងហើយ!”
“ចុះបងមានសួរគេទេថាបើចង់ប្ដូរថ្ងៃកម្សាន្តវិញ?” អូនម៉េវដែលនៅជិតនេះសួរម្ដង។ មើលទៅទឹកមុខនាងមិនសូវស្រួលសោះ សង្ស័យតែខ្លាចហើយប្ដូរចិត្តមិនចង់ទៅព្រោះសម្ដីអ៊ំប្រុសនោះ។
“បងសួរហើយតែទូរស័ព្ទស្ទើរសេវាពិបាកនិយាយគ្នា!” ខ្ញុំតប ព្រមទាំងលើកបង្ហាញទូរស័ព្ទដែលកំពុងខលទៅរីសត ឮសូរតេចូលទូតៗតែគ្មានអ្នកលើកហើយក៏ដាច់ទៅវិញ។
“ឥលូវគិតយ៉ាងម៉េច?” សំណួររបស់អូនម៉េវធ្វើឱ្យខ្ញុំនិងរ៉ាទីគិតអ្វីមិនចេញ។ ងាកទៅមើលនីកាឯណោះ កំពុងតែឱបថើបគ្នាយ៉ាងផ្អែមល្ហែមក្បែរដើមដូងដោយគ្មានខ្វល់ខ្វាយអ្វីសោះ ចាំឱ្យល់រីសតស្ងាត់ៗតែពីរនាក់មិនបាន។
ស្នេហាធ្វើឱ្យមនុស្សឆ្កួតវង្វេង!
“បងគ្មានយោបល់ទេ ចាំមើលទូកពីខាងរីសតមកដល់សិន!”
ហើយពួកយើងក៏នាំគ្នាឈរច្រូងច្រាងក្បែរមាត់សមុទ្ររង់ចាំទូកមកទទួល។ រ៉ាទីបាននាំអូនម៉េវថតរូប ដើរមើលនេះមើលនោះកំដរពេលវេលានិងឱ្យនាងរសាយចិត្តឈប់ខ្លាច ឈប់ព្រួយបារម្ភ។ ចំណែកពីរនាក់ទៀតមិនបាច់និយាយទេ ផែនដីមួយមនុស្សតែពីរនាក់ គ្មានខ្វល់ក្បាលអ្នកណាទាំងអស់។ ខ្ញុំដែលគ្មានគូនឹងគេបានតែទាញដបស្រាមកផឹកសម្លឹងមើលទៅព្រះអាទិត្យដែលរៀបនឹងលិចចូលទឹកសមុទ្រ។
ភ្លាមនោះក៏ស្រាប់តែមានបុរសម្នាក់បើកទូកមកឈប់មាត់ឆ្នេរកន្លែងដែលពួកយើងឈរច្រូងច្រាង។ គាត់មានវ័យប្រហែល៤០ស្ដើង ស្លៀកខោចែវថ្នេរប្រាំ ពាក់អាវកំណាត់ពណ៌ខ្មៅ សក់វែងកណ្ដាញ់ចូលគ្នា ដុះពុកចង្កាដល់ទ្រូង ពាក់មួកស្លឹកត្នោតចុះពីលើទូកសំដៅមករកពួកយើង។
“អ្នកណាកក់រីសតនៅកោះគជ់ខ្យង?” គាត់ដើរមកសួរចំមនុស្សតែម្ដងដោយសារនៅមាត់ឆ្នេរថ្មើនេះគ្មានអ្នកណាទេក្រៅពីពួកយើងទាំង៥ឈរច្រូងចាំទូកគាត់។
“គឺពួកខ្ញុំ!” ខ្ញុំឆ្លើយព្រមទាំងចូលទៅនិយាយជាមួយអ៊ំប្រុសអ្នកបើកទូក ដើម្បីចង់សួរទាក់ទងនឹងការពន្យារថ្ងៃដើរលេង។
“៥នាក់មែនទេ?”
“២នាក់ទៀតនៅក្បែរនោះ!” រ៉ាទីកៀកស្មាអូនម៉េវមកឈរក្បែរខ្ញុំខណៈដែលចង្អុលទៅពីរនាក់ទៀតក្បែរដើមដូង។
“ឆាប់ឡើងទូកទៅអ៊ីចឹង កុំឱ្យមេឃងងឹតទាន់…”
“ចុះបើពួកយើងមិនទៅវិញនោះ?” សំនួររបស់អូនម៉េវធ្វើឱ្យអ៊ំអ្នកបើកទូកឈប់ដើរហើយស្ងៀមស្ងាត់មួយស្របក់ រួចទើបងាកមកតបនឹងពួកយើងថា៖
“ខ្ញុំមានតួនាទីត្រឹមមកចម្លងអ្នកទាំងអស់គ្នា រឿងទៅមិនទៅខ្ញុំមិនអាចផ្ដល់ចម្លើយបានទេ តែជាធម្មតាបើទូកមកទទួលហើយគឺមានន័យថាភ្ញៀវព្រមទៅហើយ ខ្ញុំក៏មិនអាចត្រឡប់វិញដោយទូកទទេឡើយ!” សម្ដីរបស់គាត់ធ្វើឱ្យពួកយើងទាំងអស់គ្នាមិនអាចនិយាយអ្វីបានទៀតក្រៅពីនាំគ្នាជញ្ជូនអីវ៉ាន់ឡើងទូកតាមពាក្យអ៊ំប្រុសនោះប្រាប់ ព្រោះចង់ទៅដល់មុនមេឃងងឹត ណាមួយជិះទូកពេលយប់ក៏មិនល្អដែរ។
ង៉ោង!!
សម្លេងនីសាន់ឆេះដំណាលគ្នានឹងទូកចាប់ផ្ដើមរំកិលទៅមុខពីយឺតៗប្រែជាលឿនខ្ចាយទឹកសំពោង។ នៅលើទូកមានកៅអីរៀបចំយ៉ាងស្រស់ស្អាតសម្រាប់ភ្ញៀវ ភ្លើងពណ៌លំអរទូកក៏បើកភ្លឺចិញ្ចាច អមដោយទេសភាពព្រះអាទិត្យរៀបលិច ធ្វើឱ្យបរិយាកាសពេលនេះគឺស្អាត រ៉ូមែនទិច និងសប្បាយមែនទែន។ ភ្លេងញាក់កន្រ្តាក់អារម្មណ៍ ក៏ចាប់ប្រគំឡើង ពួកយើងបានដកយកស្រាជាច្រើនដបដែលយើងដាក់មកជាមួយ ផឹកផង ច្រៀងផង ឯពីរនាក់នោះវិញមិនបាច់ប្រាប់ក៏ដឹង គឺកំពុងឱបថើបគ្នាយ៉ាងស្អិតរមួត ចំណែកអូនម៉េវវិញមិនសូវជាហ៊ានជល់ប៉ុន្មានទេ ព្រោះខ្លាចសន្លប់មុនពេលបានដល់រីសត។
យូរក្រែលដែរទម្រាំនឹងពួកយើងមកដល់មាត់ឆ្នេរកោះគជ់ខ្យង អ៊ំអ្នកបើកបានអែបកាណូតក្បែរស្ពាន ហើយជួយលើកអីវ៉ាន់ចេញពីក្នុងទូក។
“ស្ងាត់ម្ល៉េះ?” សម្ដីដំបូងបានជ្រុះចេញពីបបូរមាត់នីកាពេលបានឃើញថាកោះទាំងមូលស្ងាត់ជ្រងំដូចវាលកប់ខ្មោច កាន់តែជាពេលយប់ក៏កាន់តែគួរឱ្យខ្លាចព្រោះងងឹតឈឹង កន្លែងកម្សាន្តគួរណាតែអ៊ូអរនិងមានភ្លើងភ្លឺចិញ្ចាច។
“ស្ងាត់អ៊ីចឹងហើយស្រួល” ជាធីដែលនិយាយព្រមទាំងចូលមកកៀកកនីកា មិនបាច់ប្រាប់ក៏ដឹងថាអាម្សៀរនេះគិតអីដែរ។
ទីក!
សម្លេងចុចកុងតាក់ភ្លើងបន្លឺឡើងពីក្រោយខ្នងពួកយើង ព្រមជាមួយនឹងភ្លើងអំពូលរាត្រីជាច្រើនដែលដាក់តម្រៀបតាមសសរស្ពានភ្លឺចិញ្ចាច នាំផ្លូវពួកយើងកាត់ទីងងឹតឱ្យឃើញរីសតដ៏ធំមួយដែលមានភ្លើងផ្លុងៗ។
“នៅទីនេះគ្មានភ្លើងអគ្គិសនីមកដល់ ដូច្នេះទើបខាងរីសតសន្សំសំចៃភ្លើង បើកតែពេលមានភ្ញៀវទេ” អ៊ំអ្នកបើកទូកប្រាប់ខណៈដែលអូសវ៉ាលិសមកឱ្យពួកយើងហើយក៏ចង្អុលទៅខាងមុខដោយនិយាយថា៖
“ដើរទៅតាមភ្លើងអំពូលទៅ នឹងដល់រីសតហើយ!”
ពួកយើងមិនមាត់កអ្វីទេ នីកានិងធីក៏នាំគ្នាដើរទៅមុនតាមដោយរ៉ាទីនិងអូនម៉េវសល់តែខ្ញុំដែលមិនទាន់ទៅ។ ខ្ញុំងាកមកមើលអ៊ំប្រុសអ្នកបើកទូកបន្តិច ដកដង្ហើមធំមួយឃូសហើយក៏ទាញលុយ៥ដុល្លារចេញពីកាបូបហុចឱ្យគាត់ជាថ្លៃធីប រួចក៏ទាញបារីបម្រុងអុជជក់ហើយតែអត់ដែកកេះ។
“មានដែកកេះទេ?” ឮដូចនេះគាត់ក៏លូកចូលក្នុងហោប៉ៅខោ ហុចដែកកេះមួយមកឱ្យខ្ញុំ។
“កុំជក់បារីច្រើនពេក!” ថាហើយគាត់ក៏បែរខ្លួនដើរចេញទៅបាត់ទុកឱ្យខ្ញុំឈរបឺតបារីបង្ហុយផ្សែងទ្រលោមតែម្នាក់ឯងលើស្ពាន។ ខ្ញុំបឺតដោយភាពប្រញាប់ប្រញាល់អស់កន្លះដើមហើយក៏បោះចោល ជាន់កម្ទេចចំហេះបារីរួចប្រញាប់អូសវ៉ាលិសតាម៤នាក់នោះចូលទៅក្នុងរីសត។
Red Night Resort ប្រែថា “រាត្រីពណ៌ក្រហម” ស្លាកមួយនេះត្រូវបានលើកតាំងយ៉ាងខ្ពស់ចំពីមុខប្រភពទឹក អមដោយអំពូលភ្លើងពណ៌ក្រហមច្រាលដូចឈាម សមនឹងឈ្មោះថាពណ៌ក្រហម។
“សូមស្វាគមន៍! សូមធ្វើការឆែកអ៊ីនជាមួយខ្ញុំសិនដើម្បីបានកាតនិងសោចូលបន្ទប់!” បុគ្គលិកស្រីដ៏ស្រស់ស្អាតម្នាក់ពាក់រ៉ូបខ្លីពណ៌ក្រហមស្រស់ ស្បែកជើងពណ៌ក្រហមស៊ីនឹងស្បែកសខ្ចី វាចាព្រមទាំងញញឹមមកកាន់ពួកយើង។ ខ្ញុំងក់ក្បាលហើយចាត់ការចូលទៅឆែកអ៊ីនជាមួយនាង ព្រោះខ្ញុំជាអ្នកកក់បន្ទប់ ចំណែកបួននាក់ទៀតអង្គុយលេងលើសាឡុងពណ៌ខ្មៅដែលគេដាក់ទទួលឱ្យភ្ញៀវ ខណៈដែលមានបុរសចំណាស់ម្នាក់វ័យជាង៤០ដើរចូលមកព្រមជាមួយថាសភេសជ្ជៈពណ៌ក្រហមជាច្រើនកែវ។
“សូមអញ្ជើញមកតាមខ្ញុំ!” ឮសម្លេងបុគ្គលិកស្រីនោះបញ្ជាក់ដូច្នេះ ធីក៏ប្រញាប់លើកកែវភេសជ្ជៈអកបង្ហើយ ហើយក៏ដើរតាមនាងទៅកាន់បន្ទប់ដែលយើងបានកក់។ នាងបានបង្រៀនពីរបៀបប្រើកាតនិងប្រាប់ពីសមាសភាពបន្ទប់ទាំងមូលដែលមានគ្រែ២ បន្ទប់ទទួលភ្ញៀវមួយ ទូរទស្សន៍ ខាងក្រៅមានបន្ទប់ទឹកធ្វើពីកញ្ចក់នៅឆ្វេងដៃ និងបង្គន់ខាងស្ដាំព្រមជាមួយអាងទឹកសម្រាប់ហែលលេង១ទៀត ពិសេសតែម្ដង។
“យើងមានសេវាម៉ាស្សាហ្វ្រី អ្នកចាប់អារម្មណ៍អាចទាក់ទងទៅខ្ញុំបាន បើមានសំនួរឬត្រូវការអ្វីបន្ថែមអាចខលហៅខ្ញុំបាន សូមកម្សាន្តដោយរីករាយ!”
ក្រឹប!!
ខ្ញុំផ្ដួលខ្លួនដេកដោយភាពរីករាយបន្ទាប់ពីបុគ្គលិកនោះចេញទៅបាត់។ រ៉ាទីនិងធីបានយកស្រាចាក់ចូលក្នុងអាងត្រាំទឹកហើយដាក់ទឹកកកធ្វើដូចជាធុងក្លាស្សេប៊ីយែចំណែកនីកាបើកទូរទស្សន៍ភ្ជាប់ជាមួយទូរស័ព្ទ ហើយចាក់បទចម្រៀងញាក់កន្រ្តាក់អារម្មណ៍។
“ខ្ញុំចង់ងូតទឹក!”
បន្ទប់ទាំងមូលធ្លាក់ក្នុងសភាពស្ងៀមស្ងាត់ដោយប្រុសៗត្រូវចេញទៅក្រៅឱ្យអូនម៉េវនិងស្រីៗពីរនាក់ទៀតងូតទឹកឱ្យហើយព្រោះបន្ទប់ទឹកនៅទីនេះជាកញ្ចក់ ណាមួយអូនម៉េវប៉ិនអៀននិងមិនសូវជាទម្លាប់ប៉ុន្មាន ដូច្នេះដើម្បីសុវត្ថិភាពត្រួវឱ្យប្រុសៗចេញសិន។
“អ្ហា៎!!!” មួយស្របក់ក្រោយមកក៏ឮសម្លេងអូនម៉េវស្រែកពីក្នុងបន្ទប់ទឹក។ ខ្ញុំស្ទុះវឹងចេញទៅមើលឃើញនាងរុំខ្លួនដោយអាវឃ្លុំ រត់មករកខ្ញុំដោយទឹកមុខស្លេកស្លាំង។
“មានរឿងអី?” ខ្ញុំសួរ។
“ម… មានពស់ណា៎បងណេ!” អូនម៉េវញ័រមាត់រន្ថាន់ ព្រមទាំងចង្អុលទៅបន្ទប់ទឹក។ ខ្ញុំដើរយឺតៗដោយការប្រុងប្រយ័ត្នទៅមើលថាជាពស់អី អាចនឹងគ្រោះថ្នាក់ឬអត់ តែពេលទៅដល់ក៏មិនឃើញមានអ្វី…
ទទេស្អាត!
“វាទៅបាត់ហើយកុំភ័យអី! ទីនេះជាកោះ យប់ព្រលប់អាចមានសត្វចូលមកបែបនេះឯង” ខ្ញុំងាកទៅលួងលោមអូនម៉េវដែលភ័យញ័រដូចកូនចាបធ្លាក់ទឹក នាងងក់ក្បាលយល់ព្រមរួចក៏ចូលទៅស្លៀកពាក់នៅខាងក្នុង។
គ្មានអ្នកណាចូលងូតទឹកទៀតទេ។ ខ្ញុំមិនទាន់ចង់ងូត ឯនីកាក៏ប្រាប់ថាមិនងូតដូចគ្នាអ៊ីចឹងខ្ញុំក៏ចេញមកក្រៅហៅរ៉ាទីនិងធីឱ្យចូលមកក្នុងវិញ។
“ឯណាបងធី?” នីកាស្រែកសួរភ្លាមពេលបានឃើញតែរ៉ាទីម្នាក់ឯងត្រឡប់មកវិញដោយមិនឃើញមាន ធីជាសង្សារមកជាមួយ។
“វាថាជិះឡានយូរហត់ ក៏ទៅរកឱ្យគេម៉ាស្សា” គ្រាន់តែបានឮដូច្នេះនីកាក្ដៅត្រចៀកអង្គុយមិនជាប់លើពូក នាងទាញទូរស័ព្ទខលទៅធីជាច្រើនដងតែមិនចូលសោះ ដូច្នេះក៏សម្រេចចិត្តចេញទៅតាមធីបាត់ដោយមិននិយាយអ្វីមួយម៉ាត់។ មិនប្រាប់ក៏ដឹងថាយាយប៉ិនេះប្រច័ណ្ឌខ្លាចធីទៅរកស៊ីចុកជាមួយស្រីម៉ាស្សាទើបរហ័សចេញទៅតាម។
ក្នុងបន្ទប់សល់តែយើង៣នាក់ទេពេលនេះ អូនម៉េវដែលងូតទឹករួចឈរជូតសក់ក្នុងឈុតគេងយប់ពណ៌សរូបតុក្កតាយ៉ាងគួរឱ្យស្រលាញ់ រួចក៏ដើរទៅបើកទូទឹកកកមើលរករបស់ញ៉ាំ។
“ទីនិងបងណេញ៉ាំខេកទេ?” អូនម៉េវសួរខណៈដែលទាញនំខេកទំហំប៉ុនចានប៉ាតមកបើកប្រអប់។
“អត់ទេ!” ខ្ញុំបដិសេធហើយលើកដបស្រាមកអកក្អឹកៗដូចផឹកទឹក។
“បងញ៉ាំ!”
“…” អូនម៉េវមិនតបនឹងរ៉ាទីទេ នាងស្ងៀមធ្មឹងសម្លឹងមើលនំខេកមិនមាត់កអ្វីទាំងអស់ ភ្លឹកធ្មឹងដូចរូបចម្លាក់។
“យកមកបងញ៉ាំដែរ កំពុងតែឃ្លានផង” រ៉ាទីដើរទៅជិតអូនម៉េវតែនាងនៅស្ងាត់ស្ងៀមមិនតបដដែល។
“…”
“អូនម៉េវ! អូនម៉េវ!”
“ច… ចាស៎?” អូនម៉េវហាក់ភ្ញាក់ស្មារតីពេលដៃធំមាំរបស់រ៉ាទីទម្លាក់លើស្មារបស់នាង ខ្ញុំអាចមើលឃើញដោយដៀងកន្ទុយភ្នែក។ រ៉ាទីបង្ហាញទឹកមុខខ្វល់ខ្វាយដោយចូលទៅស្ទាបក្បាលនាង ព្រោះខ្លាចមិនស្រួលខ្លួនឬពុលរលកមើលទៅនាងដូចជាភ្លឹកៗ។
“អូនកើតអីទេ?”
“ច… ចាស៎អត់ទេ!” អូនម៉េវគ្រវីក្បាលក្បាលបដិសេធទាំងទឹកមុខមិនស្រួល ដូចទើបតែបានជួបរឿងរន្ធត់អ្វីម្យ៉ាងដែលធ្វើឱ្យនាងស្លន់។
“ប្រាកដចិត្តទេ?” រ៉ាទីសួរបញ្ជាក់ ហើយអូនម៉េវក៏ងក់ក្បាលផ្ងក់ៗតបថាប្រាកដ។
“ម៉ោះឱ្យមកបងកាន់វិញ! អូនដើររួចទេ?” រ៉ាទីដៃម្ខាងទ្រនំខេក ម្ខាងទៀតជួយទប់អូនម៉េវមកសាឡុងមុខទូរទស្សន៍ មុននឹងដាក់នំចុះហើយឱ្យសង្សារសម្រាកលើសាឡុង។
“មិនស្រួលខ្លួនអ៊ីចឹងកុំញ៉ាំនំអី ចាំបងខលទៅខាងរីសតឱ្យរៀបចំបបរវិញ” ថាចប់រ៉ាទីក៏ងើបដើរទៅរកទូរស័ព្ទលើតុដើម្បីខលទៅខាងរីសត តែមុននឹងងើបគេក៏ឈោងមកចាប់យកផ្លែឈើរីពណ៌ក្រហមស្រស់មួយគ្រាប់ដែលដាក់បន្តុបពីលើនំ។
“បងទី!” សម្លេងស្រែកបង្អាក់របស់អូនម៉េវធ្វើឱ្យទីបញ្ឈប់សកម្មភាព ហើយងាកមកមើលនាងដោយលើកចិញ្ចើមបញ្ជាក់ថាមានការអី។ អូនម៉េវហាក់មានសតិមកវិញ នាងធ្វើមុខស្ញុរៗ រួចក៏តបថា÷
“កុំញ៉ាំវាអី ក្រែងឈឺពោះ” ឮដូច្នេះរ៉ាទីក៏ទម្លាក់ផ្លែឈើរីចុះមកវិញ ហើយដើរទៅរកទូរស័ព្ទខលទៅ order ម្ហូបញ៉ាំដោយមិនភ្លេចងាកមកសួរខ្ញុំដែលដេកអកស្រាតែម្នាក់ឯង។
“រីណេចង់ញ៉ាំអី?”
“ហៅល្មមសម្រាប់ពីរនាក់បានហើយ ខ្ញុំមិនឃ្លាន!”
ម៉ោង៩:00
ម៉ោងប្រាំបួនឱ្យគត់ដែលនីកាត្រឡប់មកបន្ទប់វិញ តាមដោយធីចូលពីក្រោយ។ ពួកគេទាំងពីរស្ងាត់មិនមាត់កអ្វីរកគ្នាឡើយហាក់ដូចជាខឹងគ្នា ងាកទៅអូនម៉េវវិញក៏ស្ងាត់ធ្វើខ្លួនញ័រៗដូចមនុស្សឈឺធ្វើឱ្យបរិយាកាសពេលនេះអាប់អួមិនដូចជាការសម្សាន្តទាល់តែសោះ។
ធីដើរហួសនីកាមកទម្លាក់ខ្លួនអង្គុយលើសាឡុង ហើយទាញកាំបិតកាត់នំខេកញ៉ាំយ៉ាងរំភើយខុសពីនីកាដែលមើលទៅមិនស្រួលទាល់តែសោះ។
“នៅលេបនំចូលទៀត?” សម្លេងនីកាញ័រតិចៗ អារម្មណ៍នាងរសាប់រសល់ស្រែកសួរមកធីព្រមទាំងក្ដាប់ដៃចាក់ក្រចកសឹងនឹងធ្លាយឈាម។
“…” ធីមិនតបសម្ដីនឹងនាងទេ បន្តញ៉ាំខេកដូចមិនបានឮអ្វីទាំងអស់។
“លេបខេកចូលបានយ៉ាងស្រួលទាំងដែលយើង…”
“ស្ងាត់មាត់!” សម្រែកសម្លុតរបស់ធីកាត់ផ្ដាច់ប្រយោគនីកា។
ស្នាមសរសៃឈាមឡើងប៉ោងតាមជើងសក់របស់នាយកំលោះប្រាកដរូបឡើង គេក្ដាប់កាំបិតកាត់នំសឹងនឹងបាក់ ខណៈដែលប្រឹងសម្រួលខ្យល់ដង្ហើមឱ្យធម្មតាបំផុតប្រឹងទប់កំហឹង។ ពួកយើងទាំងបីស្ងាត់មិនមានអ្នកណាហ៊ានមាត់កអ្វីឡើយ ធ្វើឱ្យបន្ទប់ទាំងមូលស្ងាត់ជ្រងំ ឮតែសម្លេងនីកាអង្គុយទ្រហោយំយ៉ាងសោកសង្រេងមិនដឹងថាមានរឿងអី។
“ហ៊ឺៗ…”
“…” ធីមិនគិតនឹងងើបទៅលួងនាងទេ បន្តញ៉ាំនំមួយម៉ាត់ហើយមួយម៉ាត់ទៀតរួចក៏ចាត់ការញ៉ាំផ្លែឈើរីក្រហមទុំនោះបង្ហើយ ដូចជាស្រេកឃ្លានមកពីណា។
តុកៗ
គ្រប់គ្នាងាកទៅសម្លឹងទ្វារបន្ទប់ពេលបានឮសំឡេងគោះ រ៉ាទីឃើញដូច្នេះក៏រហ័សដើរទៅបើកព្រោះប្រហែលជាម្ហូបដែលគេកម្មង់រួចរាល់ហើយ។
“សុំទោសឱ្យរង់ចាំយូរព្រោះចុងភៅធ្វើការត្រឹមម៉ោង៧” បុគ្គលិកស្រីដដែលក្នុងឈុតពណ៌ក្រហមរុញរទេះអាហារចូលមកក្នុងដោយស្នាមញញឹម។
“ន… នាង! មិនអាចទេ!” នីកាស្រែកភ្លាត់សំឡេងចង្អុលទៅបុគ្គលិកឈុតក្រហមទាំងញ័រដៃទទ្រើតដោយភាពភ័យខ្លាច ឯធីដែលកំពុងញ៉ាំខេកក៏ប្រែជាគាំងស្ងៀមផងដែរហាក់ដូចជាពួកគេភ្ញាក់ផ្អើលនឹងវត្តមាននាងខ្លាំងណាស់។
“មានការអ្វីឱ្យនាងខ្ញុំបម្រើ?” ឮសំនួរបែបនេះចេញពីបុគ្គលិកឈុតក្រហមហើយធ្វើ ឱ្យនីកាហាក់កាន់តែភ័យស្លន់ កែវភ្នែកនាងក្រឡាប់ចុះឡើងដូចមិនជឿនឹងអ្វីដែលខ្លួនឯងបានឃើញ។
“ហេតុអ្វីក៏នាងនៅទីនេះ? យើងជាអ្នក…អ្ហឺម!!!” និយាយបានតែប៉ុណ្ណេះធី ក៏ស្ទុះចូលមកខ្ទប់មាត់របស់នីកា ហើយអូសនាងទៅផ្ដួលលើសាឡុង ព្រមទាំងគំរាមនាងស្ងាត់មាត់ធ្វើឱ្យនីកាយំសស្រាក់សឹងទន់ខ្លួន បរិយាកាសក្នុងបន្ទប់ក៏ចាប់ផ្ដើមអាប់អួខ្លាំងឡើង។
បុគ្គលិកស្រីឈុតក្រហមនៅតែរក្សាស្នាមញញឹមហើយរុញរទេះមកក្បែរសាឡុង រួចក៏រហ័សឱនគំនាប់ ហើយចេញទៅវិញបាត់សល់តែបន្ទប់ធំទូលាយដ៏សែនស្ងប់ស្ងាត់។
“ហ៊ឺៗ… ព្រោះតែបង…”
“ស្ងាត់មាត់ទៅនីកា!” ធីស្រែកគំហកព្រមទាំងសង្កត់កនីកាផ្អឹបលើសាឡុងជាការគំរាមខណៈដែលឱន ទៅខ្សឹបក្បែរត្រចៀកនាងល្មមឮតែពីរនាក់÷
“នាងជាដើមហេតុ!”
“ហ៊ឺ… អាឆ្កួតលែង!” នីកាប្រឹងរើទះតប់ប្រអប់ដៃធំរបស់ធីចេញពីបំពង់ខ្យល់ ឃើញដូច្នេះរ៉ាទីក៏រហ័សចូលទៅបំបែកពួកគេភ្លាម ព្រោះមើលទៅពីរនាក់នេះមានបញ្ហាខ្លាំងណាស់ពិបាកនឹងដោះស្រាយស្ងាត់ៗតែគ្នាឯង។
“ធីឯងធ្វើឆ្កួតស្អី? លែងនីកាទៅ!”
“…” ខ្ញុំទាញបារីមកជក់ដោយមិនគិតនឹងចូលទៅជួយហាម មានអារម្មណ៍ថាធុញទ្រាន់នឹងទីនេះខ្លាំងណាស់ អស់សប្បាយហើយ។
“មានរឿងអីដោះស្រាយគ្នាតាមសន្តិវិធីបានណា៎” ធីមិនតបនឹងរ៉ាទីទេ គេព្រមលែងនីកាហើយងើបទៅទាញដបស្រាមកអកផឹករំសាយភាពតប់ប្រមល់ខណៈដែលនីកាបន្តយំ រង៉ូវៗ។
រ៉ាទីគ្រវីក្បាលហើយចូលទៅឱបអូនម៉េវដែលកំពុងភ័យញ័រខ្លួន ព្រោះមិនធ្លាប់ជួបរឿងបែបនេះពីមុនមក។ អ្នកកំលោះលួងលោមហើយដើរទៅបើកម្ហូបពីរមុខមើលឃើញថាជាសាច់ស្តេកបែបអឺរ៉ុបតែគេមិនបាន order សង្ស័យខាងរីសតច្រឡំ តែមិនអីទេញ៉ាំស្តេកក៏បាន។
“រីណេញ៉ាំស្តេកទេ?” រ៉ាទីហៅខណៈដែលលើកចានសាច់ដាក់លើតុ ។ ខ្ញុំគ្រវីក្បាលបដិសេធហើយបន្តបឺតបារីយ៉ាងមានក្ដីសុខ លួចដៀងភ្នែកមើលរ៉ាទីនិងអូនម៉េវដែលកំពុងនាំគ្នាញ៉ាំស្តេក។
“អ្ហាក៎!!” រំពេចនោះក៏ស្រាប់តែមានសម្លេងស្រែកចេញពីធីដំណាលគ្នានឹងរាងធំដួលប្រកាច់លើការ៉ូ ញ័រជើង បែកពពុះមាត់ស្ពុលយ៉ាងគួរឱ្យអនិច្ចា។
ប្រាវ!!
អូនម៉េវធ្លាក់សមពីដៃបើកភ្នែកធំៗសម្លឹងមើលទៅធីទាំងភាពភ័យខ្លាចហាក់ដូចជានាងបានដឹងរួចស្រាប់ទៅហើយថានឹងមានអ្វីកើតឡើង។ នីកាស្ទុះចូលទៅត្រកងធីទាំងទឹកភ្នែកសស្រាក់ ស្លន់ធ្វើអ្វីមិនចេញ ស្រែកហៅផង អង្រួនផង មិនដឹងថាគេពុលអ្វី។
“ធី… ធីបងកើតអី?”
“ក្ន…ក្នុងនំ… នំខេក!” ធីអណ្ដឺតអណ្ដកបន្លឺសម្លេងបានតែប៉ុណ្ណឹងក៏ស្រាប់តែខ្ពុរឈាមជាច្រើនចេញតាមមាត់ ច្រមុះ និងត្រចៀករួមទាំងតាមរន្ធរោមជោគពេញអាវនិងខោសើមការ៉ូក្រហមឆ្អិនឆ្អៅ។
“ធី!!!!” ឈាមធីហូរស្រោចលើរ៉ូបរាត្រីពណ៌សរបស់នីការហូតសឹងក្លាយជាពណ៌ក្រហម នាងស្រែកយំអង្រួនសង្សារជាទីស្រលាញ់ដោយក្ដីសោកសង្រេងមុននឹងស្ទុះទៅមើលនំខេកដែលនៅសល់មួយចំហៀងទៀត។ នាងវាសនំចេញអស់ នៅលើបន្ទះទម្រនំមានអក្សរដិតពណ៌ក្រហមស្រស់សរសេរថា “អ្នកដែលបានញ៉ាំផ្លែឈើរីពណ៌ក្រហមនឹងស្លាប់នៅរយៈពេល៣០នាទីក្រោយ” ដែលនេះជាមូលហេតុធ្វើឱ្យធីស្លាប់ព្រោះគេបានញ៉ាំផ្លែឈើរីនោះ។
“អ្នកណា… ជាអ្នកយកនំនេះមក?” នីកាស្រែកសម្លុតសួរសម្លឹងទៅរ៉ាទីនិងអូនម៉េវដោយការចាប់កំហុស។
“នំមាននៅក្នុងទូទឹកកកស្រាប់ទេបងកា” អូនម៉េវឆ្លើយទាំងញ័រមាត់រន្ថាន់ព្រោះនាងជាអ្នកយកនំនេះចេញមក ហើយមើលទៅនីកាពេលនេះមិនបានសួររកមុខធម្មតាៗទេ។
“នាងដឹងថាមានថ្នាំពុលហើយហេតុអ្វីក៏យកមកញ៉ាំទៀត?” មិនត្រឹមតែនិយាយទេ នីកាថែមទាំងស្ទុះចូលទៅបោចសក់អូនម៉េវចាប់អូសនាងមករកទម្រថាសនំខេកទីណាត់ទីណែង។
“ខ្ញ… ខ្ញុំមិនដឹងទេបងកា!” អូនម៉េវគ្រវីក្បាលបដិសេធទាំងញ័រទទ្រើត ប្រឹងបេះដៃនីកាចេញតែបេះមិនបានទាល់តែសោះ។
“មិនដឹង? មិនដឹងអ្ហេះ? មើលនេះទៅ!” នីកាដូចមនុស្សឆ្កួតរុញមុខអូនម៉េវពិតទៅលើទម្រនំខេកដែលមានអក្សរដិតក្រហមនោះ វាមិនបានសរសេរត្រឹមតែមួយឃ្លាប៉ុណ្ណោះទេតែនៅសល់មួយឃ្លាទៀតដែលសរសេរថា “អ្នកបើកប្រអប់នំដឹងថាមានថ្នាំពុល” ព្រោះដូច្នេះហើយទើបនីកាសួររកមុខអ្នកយកនំមកញ៉ាំ។ អូនម៉េវបើកភ្នែកធំៗ មិនជឿនឹងអ្វីដែលនាងបានឃើញ។ នាងពិតជាបានឃើញក្រដាសតូចមួយពេលបើកប្រអប់ខេកពិតមែន ហើយវាប្រាប់ថាឱ្យប្រយ័ត្ននឹងផ្លែឈើរីអ៊ីចឹងឯង តែវាមានសេចក្ដីលើសហ្នឹងទៀត មិនមែនតែប៉ុណ្ណឹងទេ… ជាការសម្ងាត់ដែលនាងនិយាយមិនបាន។
“ឃើញទេ? នាងដឹងតាំងពីដំបូងម្ល៉េះស្រីចង្រៃ!”
“អូយ៎! បងកា លែង!” នីកាហាក់វង្វេងស្មារតី នាងស្ទុះទះតប់អូនម៉េវឥតថ្នមដៃដោយភាពឆ្កួតលីលា ព្រោះខឹងខ្លាំងពេកទោះជារ៉ាទីចូលទៅបំបែកក៏មិនអាចយកឈ្នះកម្លាំងដ៏ខ្លាំងក្លារបស់នាងបាន។
ជ្រឹប!!
“អ្ហា៎!” ចុងក្រោយដោយគ្មានភាពតស៊ូនិងអស់ផ្លូវ អូនម៉េវក៏ឈោងយកកាំបិតកាត់ស្តេកមកចាក់នីកាចំដៃធ្វើឱ្យនាងឈឺហើយជ្រុលដួលខ្លួនទៅលើចានម្ហូបលើរទេះរុញរលំសូរប្រាវ ដំណាលគ្នានឹងក្បាលមនុស្សស្រីបបូរមាត់ក្រហមស្រស់រមៀលចុះមក។
“អ្ហា៎!!!!” នីកាស្រែកអស់សំឡេងព្រមទាំងគ្រលែងខ្លួនគេចពីក្បាលមនុស្សដ៏ស្រស់ៗនោះ ក្បាលនោះបិទភ្នែកជិតឈឹងដោយស្នាមញញឹមពព្រាយដូចមិនទាន់ស្លាប់ ត្រូវបានគេដាក់គ្របមកជាមួយម្ហូបដែលរ៉ាទីកម្មង់តែដែលប្លែកគឺ… ក្បាលនេះជាក្បាល… បុគ្គលិកស្រីក្នុងរីសតនេះទេតើ!
ចុះអ្នកដែលរុញម្ហូបមកមុននេះជាអ្នកណា?
“ហេតុអ្វី? ម៉េចក៏នាងមកនៅទីនេះ? យើងនិងធីជាអ្នកអូសនាងយកទៅចោលក្នុងទឹកសមុទ្រដោយផ្ទាល់ដៃហើយតើ យើងស្អប់មុខនាងឯងណាស់! ងាប់ទៅ! ងាប់ទៅ!” នីកាដូចមនុស្សឆ្កួតស្រែកជេរប្រទេចទៅកាន់ក្បាលនារីនោះ ព្រមទាំងស្ទុះទៅទាត់ធាក់នាងដោយភាពស្អប់ខ្ពើម។
តែប៉ុណ្ណេះក៏ពួកយើងអាចសន្និដ្ឋានបានបាត់ទៅហើយថាធីនិងនីកាឈ្លោះគ្នាខ្លាំងព្រោះតែរឿងជ្រុលដៃសម្លាប់បុគ្គលិករីសតនេះឯង ហើយដែលនីកាភ្ញាក់ផ្អើលខ្លាំងពេលបានឃើញបុគ្គលិករុញម្ហូបមក គឺដោយសារតែពួកគេបានសម្លាប់បុគ្គលិកនោះចោលហើយតែហេតុអ្វីក៏នាងបែរជាលេចមុខមកវិញទៀត? ជាហេតុធ្វើឱ្យនីកាច្របូលច្របល់ខ្លាំង ហើយបើសួរមូលហេតុអីទើបសម្លាប់ ចម្លើយគឺប្រហែលជានាងបានទៅឃើញធីនិងបុគ្គលិកម៉ាស្សាកំពុងធ្វើអ្វីគ្នាលើសពីការធ្វើសរសៃធម្មតា ប្រច័ណ្ឌពេកក៏ជ្រុលដៃទៅហើយពួកគេក៏ព្យាយាមបំផ្លាញភស្ដុតាងចោល។
“…” អូនម៉េវដូចនឹកឃើញអ្វីម្យ៉ាងនាងក៏ចាក់សាច់ស្តេកចោលហើយមើលលើបាតចានទាំងពីរឃើញមានអក្សរសរសេរថា “ស្តេកសាច់គូទមនុស្សឆ្ងាញ់ទេ?”
“អួក!!!” ទាំងពីរនាក់រ៉ាទីនិងអូនម៉េវគេចមុខចែកផ្លូវគ្នាក្អួត ព្រោះតែមុននេះពួកគេបានញ៉ាំស្តេក… សាច់… គូទមនុស្ស!!
រ៉ាទីមិនអស់ចិត្តស្ទុះចូលមកមើលម្ហូបផ្សេងទៀតដែលគ្របជិតឈឹង លុះបើកក៏ឃើញថាជាស៊ុបដែលមានគ្រាប់ភ្នែកមនុស្សពេញទាំងអស់ ចានមួយទៀតគឺជាម្រាមដៃម្រាមជើងដែលត្រូវបានគេដោតអាំងជាចង្កាក់ដូចប្រហិត ព្រមជាមួយទឹកជ្រលក់ដែលធ្វើពីខួរមនុស្ស។ ចានចុងក្រោយត្រូវបានបើកដោយអូនម៉េវ ក្នុងនោះមានកាំបិតមួយព្រមជាមួយអក្សរដាប់សរសេរថា “សម្លាប់មនុស្សម្នាក់ចោលឬក៏ចាំឱ្យគេសម្លាប់អ្នកវិញ?” ដែលមានន័យថាអូនម៉េវត្រូវសម្លាប់មនុស្សម្នាក់ក្នុងចំណោមពួកគេទាំង៤ បើនាងមិនធ្វើទេនាងអាចនឹងក្លាយជាអ្នកដែលត្រូវគេសម្លាប់ដកចោលជំនួសវិញ។ វាស្រដៀងនឹងសារដែលគេបានសរសេរទុកក្នុងប្រអប់ខេកប្រាប់ថា ប្រយ័ត្ននឹងផ្លែឈើរី ត្រូវសម្លាប់អ្នកដទៃផ្សេងទៀតចោលបើចង់រស់ ដែលធ្វើឱ្យនាងខ្លាចខ្លាំងយល់ថារីសតនេះមិនស្រួល។
អូនម៉េវមិនមាត់កអ្វីច្រើនទេ ទាញកាំបិតហើយរហ័សចូលទៅរុញនីកាឱ្យដួលផ្កាប់មុខ ហើយក៏ឡើងជិះពីលើរួចចាប់ផ្ដើមចាក់សម្លាប់នីកាពីក្រោយលើកញ្ចឹងកជាច្រើនកាំបិតផ្ទួនៗ ខ្ទាតឈាមមួយឆ្វាប់ប្រឡាក់មុខ ជោគពេញខ្លួនរហូតដល់នីកាបាត់ស្មារតីលែងកម្រើកហើយក៏នាងនៅតែបន្តចាក់ឥតដកដៃ ចាក់ហើយចាក់ទៀតសុះគ្រប់កន្លែង ចាក់ដល់អូនម៉េវអស់កំហឹងទើបឈប់មិនដឹងជាប៉ុន្មានកាំបិតឡើយ ឈាមដក់ដូចបឹងយ៉ាងសោកសង្រេង។
“ម… ម៉េវ…” រ៉ាទីបានត្រឹមបន្លឺសំឡេងខ្សាវៗព្រោះសឹងមិនជឿនឹងអ្វីដែលខ្លួនបានឃើញ មិនធ្លាប់គិតទេថាអូនម៉េវនឹងសាហាវព្រៃផ្សៃលើកដៃសម្លាប់មនុស្សឥតញញើតបែបនេះព្រោះគេតែងតែគិតថានាងជាមនុស្សទន់ខ្សោយ ទន់ភ្លន់គួរឱ្យស្រលាញ់ប៉ុន្តែពេលនេះទើបដឹងថាគេយល់ខុសមករហូត នៅពេលដែលមនុស្សទ័លច្រកគឺអាចធ្វើគ្រប់យ៉ាងបានទាំងអស់ទោះជាសកម្មភាពនោះឃោឃៅនិងព្រៃផ្សៃយ៉ាងណាក៏ដោយ។
“…” អូនម៉េវងើបមុខដែលប្រឡាក់ដាបដោយឈាមសម្លឹងមើលមករ៉ាទីហើយឱនមកមើលសភាពខ្លួនឯង ឃើញដៃកាន់កាំបិតប្រឡាក់ជោគដោយឈាមក៏រហ័សគ្រវាសកាំបិតចោលដូចទើបបានសតិត្រឡប់មកវិញ។ នាងខ្ទប់មុខជ្រោងសក់ដោយភាពរន្ធត់ ឯអារម្មណ៍ឡើងចុះស្មានមិនត្រូវ ដូចមនុស្សវង្វេងស្មារតីអាចមកពីរន្ធត់នឹងទង្វើរបស់ខ្លួនឯងពេក។ ក្រោយពីភ្លាំងភ្លឹកអស់មួយសន្ទុះអូនម៉េវក៏ដើរម៉ក់ៗទាំងគ្មានវិញ្ញាណទៅយករ៉ូបក្នុងកាបូប ហើយចូលងូតទឹកសម្អាតឈាមទាំងអារម្មណ៍ហោះហើរមិនដឹងរសាត់ដល់ទីណា។
“រីណេ! ជួយគិតមកថាគួរធ្វើបែបណា? ខលទៅប្ដឹងប៉ូលីសល្អទេ?” រ៉ាទីឆ្លេឆ្លាដើរចុះដើរឡើងរំសាយអារម្មណ៍តប់ប្រមល់។ ខ្ញុំបឺតបារីបង្ហុយផ្សែងបិទភ្នែកចាក់ចម្រៀងស្ដាប់ដោយមិនគិតខ្វល់អ្វីទាំងអស់ រងចាំឱ្យរ៉ាទីស្ងប់អារម្មណ៍បន្តិចទើបតប៖
“ខលទៅប៉ូលីសដើម្បីឱ្យមកចាប់អូនម៉េវមែនទេ?” រ៉ាទីហាក់មានសតិត្រឡប់មកវិញពេលបានឮដូច្នេះ ត្រូវហើយព្រោះអូនម៉េវជាអ្នកសម្លាប់នីកា បើខលហៅប៉ូលីសដូចជាប្រាប់ឱ្យមកចាប់នាងអ៊ីចឹងឯង ណាមួយអូនម៉េវជាមនុស្សល្អ នាងជ្រុលដៃធ្វើនេះអាចព្រោះបាត់បង់សតិមួយឆាវតែប៉ុណ្ណោះ អនាគតនាងនៅវែងឆ្ងាយទៀត។
“តើយើងគួរធ្វើបែបណា?” រ៉ាទីសួរ។
“បំផ្លាញភស្តុតាង”
ក្រោយពីអូនម៉េវប្ដូរឈុតរួចពួកយើងក៏ចាប់ផ្ដើមចេញប្រតិបត្តិការដោយរ៉ាទីនិងអូនម៉េវជាអ្នកលើកសពធីនិងនីកាដាក់រទេះរុញម្ហូប បន្ទាប់មកទៀតក៏ឱ្យរ៉ាទីរុញចេញក្រៅដោយមានខ្ញុំនាំមុខសំដៅទៅក្រោយរីសតទុកអូនម៉េវនៅសម្អាតឈាមក្នុងបន្ទប់ម្នាក់ឯង។
“មើលឆ្វេងស្ដាំផង” រ៉ាទីនិយាយខ្សឹបៗមកកាន់ខ្ញុំដោយការប្រុងប្រយ័ត្នខណៈដែលងាកមើលជុំវិញខ្លួនក្នុងទីងងឹត។
“គ្មានមនុស្សទេ!” ខ្ញុំតបដោយបញ្ចាំងពិលសំដៅផ្លូវរុកចូលទៅក្នុងព្រៃងងឹតឈឹងចាក់ភ្នែកមិនយល់។
“យើងយកមកចោលក្នុងព្រៃមែនទេ?”
“ទេ!” ខ្ញុំឆ្លើយបដិសេធដែលធ្វើឱ្យរ៉ាទីឈប់ដើរ គេទច់ដំណើរដកដង្ហើមញាប់ស្មេទាំងញើសហូរជោគខ្លួនមុននឹងសួរ៖
“អ៊ីចឹងយកទៅណា?”
“នៅខាងក្រោយមានទ្រុងចិញ្ចឹមក្រពើ” ថាហើយខ្ញុំក៏បន្តដើរទៅមុខយឺតៗមិនចង់ខាតពេលយូរ ណាមួយក្នុងព្រៃហើយយប់ទៀតអាចគ្រោះថ្នាក់ដោយសារសត្វសាហាវ។
“យកទៅបោះឱ្យក្រពើមែនទេ?”
“…” ខ្ញុំមិនមាត់តបទេគិតតែដើរ ព្រោះមិនចង់បកស្រាយច្រើននាំហត់ ទុកកម្លាំងធ្វើការវិញមានប្រយោជន៍ជាង។
“ម៉េចក៏រីណេដឹងថាទីនេះមានចិញ្ចឹមក្រពើ?”
“…” ម្ដងនេះជាខ្ញុំដែលឈប់ដើរព្រោះសំនួររបស់រ៉ាទី ខ្ញុំលួចដៀងកន្ទុយភ្នែកមើលគេទាំងមិនតបតអ្វីឡើយព្រោះគ្មានចម្លើយទៅគេវិញ។
“ហេតុអ្វី? រីណេជាអ្នកផ្ដើមរឿងគ្រប់យ៉ាង រីណេដឹងទាំងអស់ព្រោះ… រីណេជាអ្នកនៅពីក្រោយរឿងទាំងនេះមែនទេ?” ខ្ញុំបែរទៅប្រឈមមុខដាក់រ៉ាទីដោយអារម្មណ៍ធម្មតា ខ្ញុំអាចសង្កេតដឹងថារ៉ាទីកំពុងភ័យ ញើសគេហូរជោគអាវអាចមកពីហត់ តែមាត់និងកែវភ្នែកគេញ័រទទ្រើតដោយការរញ្ជួយចិត្ត អាចឱ្យដឹងថាគេភ័យ។
“ម៉េចក៏រីណេធ្វើបែបនេះ?”
“ខ្ញុំមិនបានធ្វើទេ! រ៉ាទីក៏ឃើញថាខ្ញុំមិនបានធ្វើអីផង”
“តែរីណេនៅពីក្រោយខ្នងរឿងគ្រប់យ៉ាង… ឈប់កុហកទៅ!”
“ហ្អឹះ!” ខ្ញុំសើចចំអកតិចៗក្នុងបំពង់កទម្លាក់ភ្លើងពិលចុះក្រោម ដកដង្ហើមធំមួយឃូសមុននឹងនិយាយដោយអារម្មណ៍ត្រជាក់ស្រេបដូចទឹកអម្រឹត៖
“វាខុសផែនការ… រឿងរ៉ាវកើតឡើងខុសគម្រោងការ”
“ខុសគម្រោងការ? មានន័យថាម៉េច?” រ៉ាទីសួរទាំងញ័រសម្លេងមិនចង់ជឿថាខ្ញុំពិតជាអ្នកនៅពីក្រោយរឿងរ៉ាវឆ្កួតៗទាំងនេះពិតមែន។
“ខ្ញុំជាអ្នកធ្វើរឿងទាំងអស់នេះឡើង ធីត្រូវតែស្លាប់ព្រោះញ៉ាំខេក ក្រោយមកខ្ញុំចង់ឱ្យនីកាសម្លាប់អូនម៉េវព្រោះខឹងពេកតែរឿងវាក្រឡាប់ចាក់ នីកាត្រឹមទះតប់អូនម៉េវទៅវិញ បើតាមផែនការអូនម៉េវត្រូវស្លាប់បន្ទាប់ពីធី ក្រោយមកសល់តែយើង៣នាក់ទេ… អ្នកដែលឃើញកាំបិតក្នុងចានម្ហូបខ្ញុំចង់ឱ្យជារ៉ាទី ពេលឃើញអក្សរលើនោះហើយរ៉ាទីប្រាកដជាជ្រើសសម្លាប់នីកាជាមិនខាន… ចុងក្រោយក៏សល់តែយើងពីរនាក់… ហើយយើងនឹងចេញពីកោះនេះទាំងអស់គ្នា”
“ហេតុអ្វី? ទុកខ្ញុំធ្វើអី?”
“ព្រោះខ្ញុំស្រលាញ់រ៉ាទី” ខ្ញុំនិយាយដោយទឹកមុខរាបស្មើស្មោះត្រង់ចេញពីចិត្ត ខ្ញុំស្រលាញ់គេមកយូរហើយតែគេមិនចាប់អារម្មណ៍ខ្ញុំសោះ បែរជាស្រលាញ់អូនម៉េវមកក្រោយទៅវិញ។
“នេះមិនមែនជាក្ដីស្រលាញ់ទេ…” រ៉ាទីប្រកែកតែក៏ត្រូវខ្ញុំនិយាយកាត់៖
“ពេលនេះបើលោកជ្រើសខ្ញុំហើយត្រឡប់ទៅសម្លាប់អូនម៉េវឱ្យខ្ញុំមើល… ពួកយើងនឹងចេញពីកោះនេះទាំងអស់គ្នាដោយសុវត្ថិភាព” ខ្ញុំដាក់សំណើឱ្យគេ។
“ចុះបើខ្ញុំមិនរើសរីណេវិញនោះ?” ខ្ញុំស្ងៀមសម្លឹងមើលទៅរ៉ាទីដោយអារម្មណ៍ល្ហល្ហេវព្រោះដឹងថាគេចង់រើសអូនម៉េវជំនួសវិញ។
“…”
“តើរីណេនឹងទុកជីវិតឱ្យអូនម៉េវទេ?” សម្លេងរបស់រ៉ាទីញ័រ គេសួរខ្ញុំតែស្ដាប់ទៅដូចជាការអង្វរកសុំជីវិតច្រើនជាង សំនួរដែលធ្វើឱ្យចិត្តដ៏ត្រជាក់របស់ខ្ញុំប្រែជាក្ដៅឆាវភ្លាម។
“មានន័យថារ៉ាទីព្រមស្លាប់ប្ដូរជីវិតក្មេងនោះមែនទេ?”
“មែនហើយ!” មិនគួរឱ្យជឿសោះថារ៉ាទីងប់ស្រលាញ់ក្មេងនោះខ្លាំងដល់ថ្នាក់ហ៊ានប្ដូរជីវិតដើម្បីនាងដូច្នេះ ពិតជាពិបាកទទួលយកពិតមែន។
“បើមានខ្ញុំគឺគ្មាននាង រ៉ាទីរើសទៅ” រ៉ាទីលេបទឹកមាត់មួយក្អឹកតឹងបំពង់កផ្អឹះពេលបានឮដូច្នេះ ព្រោះគេដឹងថាបើចង់ចេញពីកោះនេះដោយឱ្យអូនម៉េវមានសុវត្ថិភាពគឺចាំបាច់ត្រូវសម្លាប់ខ្ញុំ បើមិនដូច្នេះទេ ខ្ញុំនឹងសម្លាប់អូនម៉េវចោលហើយព្រោះពួកយើងទាំងពីរមិនអាចរស់រួមលោកជាមួយគ្នាបានទេ។
“តើខ្ញុំគ្មានជម្រើសផ្សេងទេ?” គេសួរខណៈដែលញើសមួយតក់ហើយមួយតក់ទៀតស្រក់ចុះពីក្បាលមកលើស្បែកជើង។
“គ្មានទេ!” ថាហើយខ្ញុំក៏បោះកូនកាំបិតមុខស្រួចពណ៌សស្ញាចទៅឱ្យដោយគ្មានអារម្មណ៍ថាភ័យខ្លាចអ្វីទាំងអស់ មនុស្សខ្ញុំឈាមរាវណាស់មិនចេះខ្លាចអ្វីឡើយសូម្បីតែ… សេចក្ដីស្លាប់!
“…” រ៉ាទីឈោងទៅរើសកាំបិតទាំងដៃញ័រទទ្រើត គេក្ដាប់ដងជាប់ឡើងឃើញសរសៃដៃ ស្មឹងស្មាធិ៍សញ្ជឹងគិតថាគួរសម្រេចចិត្តបែបណា។
“សម្លាប់នាងឬសម្លាប់ខ្ញុំ? ឬក៏… សម្លាប់ខ្លួនឯង!” មិនត្រឹមតែនិយាយទេខ្ញុំថែមទាំងដើរចូលទៅកាន់តែជិតគេទៀត បញ្ជោះឱ្យគេសម្លាប់ខ្ញុំដើម្បីបញ្ចប់រឿង។
“ទ…ទេ!” រ៉ាទីញ័រទទ្រើត ឈានជើងគេចពីខ្ញុំទាំងដែលក្នុងដៃគេមានអាវុធតែបែរជាមិនចេះប្រើសម្រាប់ការពារខ្លួនគិតតែពីថយគេច គ្រវីក្បាលបដិសេធ។
ខ្ញុំដឹងថាគេមិនហ៊ានទេព្រោះរ៉ាទីមានប្រវត្តិគ្រួសារមិនល្អឡើយ គេខ្លាចឈាម ខ្លាចអំពើហិង្សា ខ្លាចការកាប់សម្លាប់ មកជួបរឿងពិតៗបែបនេះអារម្មណ៍ភ័យខ្លាចទាំងនោះក៏វិលមកលងបន្លាចវិញធ្វើឱ្យសតិគេមិននឹងន មិនហ៊ានលើកដៃចាក់ឬក៏ធ្វើឱ្យនរណាឈឺចាប់ឡើយ។
“ទុកពេលឱ្យ៣នាទី ៣…” រ៉ាទីគិតតែប្រឹងបោះជំហានគេចដោយមិនគិតធ្វើអ្វីឡើយ កែវភ្នែកគេក្រឡាប់ចាក់ អារម្មណ៍ក៏ញាប់ញ័រត្រូវភាពភ័យខ្លាចចូលសន្ធប់រហូតគិតអ្វីលែងចេញ។
“២…”
“លែងអូនម៉េវទៅ!”
ខ្ញុំមិនខ្វល់ពីពាក្យអង្វរករបស់រ៉ាទីឡើយ កាន់តែគេអង្វរសុំជីវិតអូនម៉េវប៉ុនណា វាកាន់តែដូចជាចាក់សាំងដុតភ្លើងឱ្យឆេះខ្លាំងលើសដើម។
“៣!” ថាហើយខ្ញុំក៏លើកភ្លើងពិលបញ្ចាំងចំមុខរបស់រ៉ាទី បើកភ្លើងខ្លាំងបំផុតធ្វើឱ្យភ្នែកគេស្រវាំងរហូតដល់ដួល ហើយខ្ញុំក៏វាយគេមួយពិលសូរភូស ដេកស្ដូកស្ដឹងស្ងាត់មាត់ឈឹងលើដី។
ក្រាក!!
ខ្ញុំបើកទ្វារបន្ទប់ក៏ឃើញអូនម៉េវកំពុងអង្គុយឱនមុខជ្រប់លើសាឡុងក្នុងរ៉ូបយ៉ាងស្រស់ស្អាតរៀបវ៉ាលិសរួចជាស្រេចដូចប្រុងប្រៀបចេញពីកោះនេះ។
“រួចហើយមែនទេ?” នាងចូលមកសួរខ្ញុំដោយក្ដីអន្ទះសា។
“រួចហើយ តោះយើង!” ខ្ញុំងក់ក្បាលហើយដើរទៅអូសវ៉ាលិសធំរបស់ខ្ញុំចេញមកក្រៅបើកទ្វារចេញយ៉ាងប្រញាប់ប្រញាល់តាមដោយអូនម៉េវចេញមកពីក្រោយ។
“ចុះឯណាបងទី?” ដើរបានពាក់កណ្ដាលផ្លូវអូនម៉េចក៏សួរឡើងធ្វើឱ្យខ្ញុំឈប់ដើរហើយទាញបារីមកជក់បន្ធូរភាពធុញថប់មុននឹងតប៖
“រ៉ាទីចាំនៅលើស្ពានមាត់កំពង់”
“ពិតមែនអ្ហេ៎?” អូនម៉េវសួរដោយសំឡេងស្មើធេងខ្សឹបក្បែរត្រចៀកខ្ញុំ ខណៈដែលទាញកាំបិតស្រួចមកសង្កត់លើកញ្ចឹងករបស់ខ្ញុំ។ សំឡេងដង្ហើមនាងថេរគ្មានភាពភ័យខ្លាចអ្វីបន្តិចសោះ ខុសពីអូនម៉េវដែលខ្ញុំស្គាល់ដាច់ស្រឡះ។
“នាងធ្វើអី?” ខ្ញុំសួរដោយបោះបារីចោល។
“ខ្ញុំទេដែលត្រូវសួរថានាងបានធ្វើអីខ្លះ? នាងរៀបផែនការគ្រប់យ៉ាង សម្លាប់គ្រប់គ្នា សម្លាប់សូម្បីបងទីមនុស្សដែលនាងស្រលាញ់” អូនម៉េវសង្រ្កឺតធ្មេញដោយអារម្មណ៍ខឹងស្អប់ហាក់ចង់អារ.កខ្ញុំចោលនៅត្រង់ហ្នឹងតែម្ដង។
“នាងនិយាយពីអី?”
“ឈប់ធ្វើពើ! ខ្ញុំដឹងអស់ហើយ” មិនត្រឹមតែនិយាយទេ អូនម៉េវថែមទាំងសង្កត់កាំបិតរហូតមុតមានអារម្មណ៍ថាផ្សាឆេវៗ សង្ស័យតែនាងលួចស្ដាប់ដឹងអស់ហើយ។
“ដឹងហើយម៉េចមិនរត់?” ខ្ញុំលែងប្រកែក ព្រោះពេលនេះនាងដឹងការពិតអស់ហើយថារឿងគ្រប់យ៉ាងខ្ញុំជាអ្នករៀបចំ។
“ខ្ញុំមិនរត់ទេ! ខ្ញុំនៅជួយបងទី… ខ្ញុំដឹងថានាងមិនទាន់សម្លាប់គាត់ទេ”
“ជុៗ… នារីក្លាហាន” ខ្ញុំជញ្ជក់មាត់ជ្រួតជ្រាបនឹងមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅរបស់ពួកគេទាំងពីរ ខាងប្រុសមិនចោលខាងស្រី ឯខាងស្រីក៏ស្មោះស្ម័គ្រ រ៉ូមេអូនិងជូលៀតស្រុកខ្មែរមែនហ្នឹង?
“ឈប់បង្អូសពេលទៅ! ប្រាប់មកថានាងលាក់បងទីនៅឯណា?” អូនម៉េវជម្រិតសួរដោយសង្កត់កាំបិតខ្លាំងជាងមុនតែខ្ញុំមិនខ្លាចសូម្បីប៉ុនចុងក្រចកមានតែឌឺថែម។
“បើតក់ក្រហល់ខ្លាំងក៏សម្លាប់ខ្ញុំហើយដើររកខ្លួនឯងទៅ តែត្រូវដឹងថាបើខ្ញុំស្លាប់បងទីរបស់នាងក៏មិនរស់ដែរ ព្រោះនាងនឹងគ្មានថ្ងៃរកគេឃើញ”
និយាយបន្លាចតែប៉ុណ្ណោះអូនម៉េវក៏ញ័រដៃទទ្រើតបាត់ទៅហើយ កំណើតមនុស្សទន់ខ្សោយទោះប្រឹងធ្វើឱ្យរឹងមាំយ៉ាងណាក៏លាក់ភាពកំសាកមិនជិតដែរ សញ្ជាតិមនុស្សបែបណាប្រឹងបិទបាំងយ៉ាងណាក៏មិនបាន។
“ប្រាប់មកថាគាត់នៅឯណា?”
“នៅកំពង់ទឹក! ខ្ញុំដាក់ច្រវាក់គេជាប់ហើយបើនាងចង់ជួយគេបើកវ៉ាលិសហើយយកសោទៅ”
“បើកវ៉ាលិសយកសោឱ្យខ្ញុំ! កុំលេងល្បិច! បើហ៊ានតែបោកខ្ញុំ បំពង់ខ្យល់នាងនឹងធ្លាយហើយ”
“…” ខ្ញុំឥតញញើតនឹងពាក្យគំរាមនាងបន្តិចឡើយ តែគ្មានជម្រើសអីក្រៅពីឱនទៅយកសោក្នុងវ៉ាលិសឱ្យនាង។ រំពេចដែលអូនម៉េវភ្លេចខ្លួន ខ្ញុំក៏ប្រមូលដីបានមួយក្ដាប់ដៃហើយបាចទៅលើមុខនាងចូលភ្នែកឈឺផ្សាក្រហាយ។
“អ្ហា៎!!!” បានឱកាសនេះខ្ញុំក៏ស្ទុះចូលទៅចាប់ក្រៀកកនាង តែត្រូវអូនម៉េវវាសមួយកាំបិតចំស្មា ហើយនាងក៏រត់គេចពីខ្ញុំសំដៅស្ពានកំពង់ទឹកព្រមទាំងបើកទូរស័ព្ទខលទៅរកនរណាម្នាក់ឱ្យជួយ តែកុំសង្ឃឹម ព្រោះលើកោះនេះគ្មានសេវាទេ។
“ជួយផង! ជួយផង!” អូនម៉េវរត់បណ្ដើរស្រែកបណ្ដើរដោយភាពភ័យខ្លាច ខ្ញុំរើសយកដែកស្រួចនៅកៀនផ្លូវប្រវែងមួយកែងដៃមកកាន់ ហើយដើរតាមនាងពីក្រោយយឺតៗ។
“ជួយផង…ជួយ…” រត់មកដល់ស្ពានអូនម៉េវក៏ត្រូវស្រឡាំងកាំងពេលបានឃើញថាចំពោះមុខនាងគឺជា… រ៉ាទី!!
“បងទី!!!”
អូនម៉េវតឹងបំពង់កផ្អឹះ ទន់ជង្គង់ដួលគ្រឹបពេលបានឃើញថារ៉ាទីត្រូវបានចងបញ្ឈរគ្មានខោអាវយ៉ាងអាក្រាតលើសសរស្ពាន សន្ធឹងដៃទាំងសងខាងដូចសញ្ញាបូក ឈាមស្រោចខ្លួនឡើងពណ៌ក្រហមឆ្អិត ភ្នែកទាំងសងខាងត្រូវបានចងបាំងដោយកំណាត់ពណ៌ខ្មៅទំហំពីរធ្នាប់ដៃមានស្នាមឈាមហូរទាំងសងខាងមិនចង់គិតឡើយថាគេត្រូវខ្ញុំ… ខ្វេះភ្នែកចេញ!!!
“យ៉ាងម៉េចដែរ?” ខ្ញុំសួរព្រមទាំងបោះសោទៅក្បែរជើងអូនម៉េវមុននឹងបន្ត៖
“យកទៅ! ដោះសង្សារនាងហើយជួយគេទៅ ហាហា!”
“នាងឆ្កួតហើយ!” បានឮពាក្យថាឆ្កួតដូច្នេះ ខ្ញុំក៏កាន់តែសប្បាយចិត្តលើសដើម សើចយ៉ាងសប្បាយរីករាយ មានអារម្មណ៍ថាខ្លួនឯងខ្លាំង និងអស្ចារ្យណាស់។
“ខ្ញុំសប្បាយចិត្តណាស់!” ថាហើយខ្ញុំក៏បញ្ចាំងពិលទៅមើលមុខអូនម៉េវចំៗឃើញនាងកំពុងអង្គុយយំញើសហូរជោគខ្លួន មិនតបតនឹងខ្ញុំវិញទេគិតតែឱនមុខយំ។
“ខ្ញុំសប្បាយចិត្តពេលបានសម្លាប់មនុស្ស ចុះនាងវិញ? មិនសប្បាយចិត្តទេពេលបានសម្លាប់នីកា?”
“នាងជាមនុស្សឆ្កួតច្បាស់ណាស់!” អូនម៉េវចោលកែវភ្នែកខឹងស្អប់ក្រហមត្លែសម្លក់មកខ្ញុំហាក់ដូចចង់ចូលមកចាប់ហែកស៊ីសាច់ខ្ញុំទាំងរស់។
“ដឹងទេថាមើលមនុស្សស្លាប់មិនសប្បាយដូចចេញសម្លាប់ដោយខ្លួនឯងផ្ទាល់ទេ”
“សម្លាប់ខ្ញុំទៅ!” អូនម៉េវនិយាយខ្សាវៗដោយអាការៈហត់នឿយ មើលទៅនាងដូចលែងចង់រស់ហើយដែលវាធ្វើឱ្យខ្ញុំអស់សប្បាយ សម្លាប់មនុស្សដែលចង់ស្លាប់មិនសប្បាយទេ។
“ខ្ញុំទុកពេលឱ្យនាងរត់… ៣នាទី!”
“…” អូនម៉េវងើបមុខសម្លឹងមើលមកខ្ញុំដូចមិនចង់ជឿតែវាជាការពិត ខ្ញុំទុកពេលឱ្យនាងរត់ហើយ។
“១!”
ឮដូច្នេះអូនម៉េវក៏ក្រោករត់យ៉ាងលឿនសំដៅចុងស្ពានដែលមានទូកនៅទីនោះ បើ៣នាទីនេះនាងរត់ឡើងទូកបាននាងនឹងមានជីវិតចេញពីទីនេះហើយ។
“២!”
ជ្រឹប!!!
“អ្ហា៎!!!” អូនម៉េវដួលប្រូសឈាមហូរសស្រាក់ព្រោះនាងបានរត់ជាន់បន្លាលួសដែលខ្ញុំដាក់រាយធ្វើអន្ទាក់លើស្ពានជាប់ជើងឈាមរហាម នាងស្រែកដោយការឈឺចាប់តែក៏មិនបង្អង់ឡើយប្រឹងងើបរត់ទៅមុខបន្តទៀតយ៉ាងត្រដាបត្រដួស។
“២!” ខ្ញុំស្រែករន្ថាន់ធ្វើឱ្យអូនម៉េវភ័យខ្លាំងជាងធម្មតាប្រឹងអូសជើងរត់។ នៅចុងស្ពានមានស្រមោលស្ទង់ៗរបស់នរណាម្នាក់កំពុងឈរចាំនៅទីនោះ ដែលគាត់គឹជាអ៊ំប្រុសអ្នកបើកទូក។
“ជួយផង! ជួយផង!” អូនម៉េវប្រឹងស្រែករត់ទាំងត្រដាបត្រដួសទៅរកអ៊ំប្រុសនោះក្នុងបំណងឱ្យគាត់ជួយ នៅសល់តែមួយម៉ែត្រទៀតទេនាងទៅដល់គាត់ហើយ។
“៣!”
ជ្រឹប!!
ដល់លេខបីខ្ញុំក៏ចោលដែកស្រួចប្រវែងកន្លះម៉ែត្រចំបំពង់កអូនម៉េវធ្លុះពីក្រោយធ្លាយដល់មុខបាញ់ឈាមឆ្វាចខ្ទាតលើមួកអ៊ំប្រុសម្ចាស់ទូក មុននឹងរាងកាយអូនម៉េវដួលព្រូសទាំងបើកភ្នែកក្រឡោត។
ទឹបៗ
ស្នូរសម្រឹបជើងបន្លឺឡើងយឺតៗនាំរាងកាយខ្ពស់ស្រឡះរបស់ខ្ញុំទៅជិតសពអូនម៉េវដែលនៅដង្ហក់ខ្យល់តិចៗ។ ខ្ញុំទម្លាក់ខ្លួនចុះលុតជង្គង់ហើយដកកូនកាំបិតសស្ងាចមកចាក់ពីលើទ្រូងអូនម៉េវរូចវះចុះក្រោមមកដល់ចុងដង្ហើម។ ខ្ញុំទុកកាំបិតមួយឡែកហើយយកដៃចាប់ហែកទាញញែកប្រអប់ទ្រូងនាងបណ្ដាលឱ្យឈាមហូរស្រោចនិងចេញមកឥតឈប់ហូរចូលទៅក្នុងទឹកសមុទ្រសូរតក់ៗឥតដាច់សំឡេង។ ខ្ញុំលូករូងចូលទៅជ្រៅ ទាញយកបេះដូងរបស់អូនម៉េវដែលនៅកម្រើកតិចៗនៅឡើយដោយគ្មានភាពញញើតអ្វីបន្តិច បញ្ចាំងមើលក្រោមពន្លឺព្រះច័ន្ទព្រមជាមួយសំណើចកក្អឹក ហើយក៏ចាប់ផ្ដើមស៊ីបេះដូង ស្រស់ៗយ៉ាងឆ្ងាញ់ពិសា។
“ប៉ុណ្ណឹងបានហើយ! ឈប់សម្លាប់មនុស្សទៅរីណេ… ប៉ាសុំ!” សម្ដីចេញពីប៉ារបស់ខ្ញុំដែលគ្រប់គ្នាស្គាល់ថាជាអ្នកបើកទូកបានបន្លឺឡើងស្អកៗទាំងទឹកមុខសោកសៅតែខ្ញុំមិនខ្វល់ឡើយ។
“ស្ងាត់មាត់ហើយទៅរៀបចំចាត់ការខ្មោចពួកវាទៅ” ឮដូច្នេះគាត់ក៏លែងហ៊ានហាមតទៅទៀតដើរទៅចាក់សោដោះសពរ៉ាទីចេញហើយអូសចូលទៅក្នុងរីសតវិញ។ មកដល់ខាងក្នុងក៏បានឃើញបុគ្គលិកស្រីឈុតក្រហមឈរញញឹមពព្រាយមកកាន់ខ្ញុំ តែខ្ញុំមិនខ្វល់ខ្វាយនឹងនាងទេ ដើរទម្លុះរាងកាយនាងដូចមិនបានឃើញអ្វីព្រោះនាងជា… ខ្មោច!!
នាងជាប់អថ័ននៅទីនេះចេញទៅណាមិនរួចឡើយ គ្រប់យ៉ាងដែលអ្នកដទៃឃើញពីនាងគឺជាការបំភាន់ភ្នែកដូច្នេះហើយទើបពីរនាក់នោះជ្រុលដៃសម្លាប់នាងហើយតែបែរជាឃើញនាងនៅមានជីវិតដើររុញម្ហូបយ៉ាងរំភើយ។ តាមពិតរីសតនេះត្រូវបានបិទចោលជាយូរមកហើយ វាជាកេរបន្សល់ពីលោកតាទុកឱ្យខ្ញុំ ចុងក្រោយវាក៏ក្លាយជាកន្លែងអន្ទាក់សម្រាប់ខ្ញុំនាំមនុស្សយកមកសម្លាប់។ ដំបូងគ្រាន់សម្លាប់លេងជាការកម្សាន្តតែក្រោយមកខ្ញុំក៏វះយកគ្រឿងសំខាន់ៗលក់ បានលុយគ្រប់ពេលណានឹងយកមកជុសជុលទីនេះហើយបើកដំណើរការម្ដងទៀត។ ខ្ញុំបញ្ឆោតមនុស្សមកសម្លាប់មួយអាទិត្យម្ដងរៀងរាល់ថ្ងៃសុក្រ តែថ្ងៃសុក្រទេព្រោះជាថ្ងៃដែលខ្ញុំកើត ពេលបានសម្លាប់មនុស្សធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនខ្លាំងនិងអស្ចារ្យ ថ្ងៃកំណើតរបស់ខ្ញុំជាថ្ងៃដ៏ល្អ។
នៅលើការ៉ូដាបដោយឈាមរ៉ាទីនិងអូនម៉េវសមនឹងឈ្មោះរីសតដែលប្រសិទ្ធនាមថារាត្រីពណ៌ក្រហមពិតៗ។ ខ្ញុំនិងប៉ាបាននាំគ្នាអូសសពទាំងនោះមកដល់បន្ទប់អាថ៌កំបាំងមួយដែលជាបន្ទប់ខ្ញុំធ្វើពិសោធន៍សាកសព ក្លិនអាក្រក់ជាខ្លាំង មានសាកសពស្អុយរលួយជាច្រើននៅក្នុងនេះ។
“ចាត់ការយកខ្មោចទាំងនេះចេញ!” ខ្ញុំបញ្ជាហើយចេញមកជក់បារីនៅខាងក្រៅរំសាយអារម្មណ៍រកកន្លែងមានសេវាទូរស័ព្ទ គ្រាន់តែបើកភ្លាមក៏មានអ្នកខលចូលភ្លាម។
“អាឡូអ្នកគ្រូពេទ្យ! តើរកក្រលៀនបានទេ?”
“ចាសខ្ញុំទើបតែទទួលបានក្រលៀនបន្ថែមទៀតដែរល្ងាចមិញ”
“ល្អណាស់! សូមយកមកប្ដូរឱ្យកូនខ្ញុំមកអស់ប៉ុន្មានក៏ទិញដែរអ្នកគ្រូ” អ្នកម្ខាងទៀតនិយាយដោយសម្លេងអន្ទះសាជាទីបំផុត។
“ចាំមើលសិនថាត្រូវគ្នាដែរឬទេ”
“អរគុណអ្នកគ្រូច្រើនណាស់!”
ខ្ញុំបិទភ្នែកសម្រួលអារម្មណ៍ក្រោយពីចុចបិទទូរស័ព្ទ ហើយក៏ចូលទៅក្នុងបន្ទប់វិញដើម្បីចាត់ការវះយកគ្រឿងក្នុងនិងគ្រឿងសំខាន់ៗផ្សេងទៀតមករក្សាទុកសម្រាប់… លក់! នាយប់ដ៏សែនស្ងប់ស្ងាត់ក្នុងរីសតរាត្រីក្រហមលើកោះគជ់ខ្យងនេះ។
មួយខែក្រោយមក
Hot New Today
យុវជន៥នាក់បានបាត់ខ្លួនស្ងាត់ឈឹងរកមិនឃើញ
យុវជនឈាមរាវ៥នាក់ដែលត្រូវបានរាយការណ៍ថាបាត់ខ្លួនជាងមួយខែហើយត្រូវបានគេឃើញចុងក្រោយថាបានឡើងទូកទៅកោះគជ់ខ្យងនាល្ងាចថ្ងៃសុក្រ ដែលជាធម្មតាគឺគេមិនបើកដំណើរការកោះទេព្រោះជាថ្ងៃដែលតែងតែឃើញមានរឿងមិនល្អកើតឡើងលើកោះមួយនេះ ហើយក៏មានគេអះអាងថាមិនបានឃើញពួកគេត្រលប់មកវិញទៀតផង។ យុវជនទាំងប្រាំមាន:
-វី នីកា: មុខរបរនិស្សិត
-ឈុន ធី: មុខរបស់និស្សិតត្រូវជាសង្សារនីកា
-សេង រ៉ាទី: មុខរបរនិស្សិត
-សម្បត្តិ ស្រីម៉េវ: មុខរបរនិស្សិត
-ខេ រីណេ: ជាអតីតគ្រូពេទ្យតែធ្លាប់ជាប់ពន្ធធនាគាររយៈពេល៦ខែពីបទគំរាមកំហែងអាយុជីវិតមនុស្ស និងសង្ស័យថាមានជំងឺសរសៃប្រសាទហើយមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។
មួយអាទិត្យក្រោយមក
“សួស្ដីតើអ្នកទាំងអស់គ្នាចង់ទៅលេងកោះទេ?” សំឡេងស្រួយស្រទន់សួរទៅកាន់ជនជាតិចិនមួយក្រុមមានគ្នា៤នាក់កំពុងដើរលើមាត់ឆ្នេរថតរូបលេង ពួកគេហាក់ចាប់អារម្មណ៍ក៏សួរទាក់ទងនឹងទីកន្លែងស្នាក់។
“តម្លៃនិងកន្លែងស្នាក់យ៉ាងម៉េចដែរ?” នារីរូបស្រស់ញញឹមហើយក៏បង្ហាញនាមប័ណ្ណរីសតព្រមទាំងបញ្ជាក់បន្ថែមថា÷
“កោះគជ់ខ្យង រីស តRed Night រសៀលថ្ងៃសុក្រ” និយាយគ្នាមួយសន្ទុះ ចិនទាំងនោះក៏ឱ្យលេខសម្រាប់ទាក់ទង ដោយមើលទៅពួកគេចាប់អារម្មណ៍នឹងការទៅកម្សាន្តលើកោះនេះជាខ្លាំង។ នារីអ្នកចែកនាមប័ណ្ណញញឹមហើយសន្សឹមៗដោះមួកបង្ហាញផ្ទៃមុខរលោងដែលសោះកក្រោះនិងស្មើធេងឱ្យឃើញថានាងគឺ…
រីណេ!!!
Hot New Today
រកឃើញសាកសពជនជាតិចិនត្រូវបានគេវះយកគ្រឿងក្នុងសំខាន់ចេញអស់ចំនួន៤នាក់ អណ្ដែតមកមាត់ឆ្នេរសន្និដ្ឋានថាស្លាប់នាយប់ថ្ងៃសុក្រ សង្ស័យជាករណីឃាតកម្ម!
កំណត់ហេតុ
ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥
ពេលនេះប៉ូលីសកំពុងតែដុតដៃដុតជើងតាមចាប់ឃាតកដែលតែងតែបោកបញ្ឆោតមនុស្សទៅសម្លាប់នៅកោះគជ់ខ្យងរៀងរាល់រាត្រីថ្ងៃសុក្រខ្លាំងណាស់ ពួកគេប្រឹងតាមរកមុខឃាតកដោយមិនបានដឹងឡើយថាជាខ្ញុំព្រោះគ្រប់គ្នាគិតថាខ្ញុំបានស្លាប់ជាមួយបួននាក់ទៀតដែលបានបាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុនរកសពមិនឃើញ។ តែទោះជាប្រឹងរកយ៉ាងណាក៏ចាប់មិនបានដែរព្រោះខ្ញុំឆ្លាតតែងតែផ្លាស់ប្ដូររូបរាងគ្រប់ពេលដែលខ្ញុំចេញប្រមាញ់ ដោយពាក់សក់ ពាក់នេះពាក់នោះបន្លំភ្នែកហើយខ្ញុំរកមើលតែជនបរទេសនិងក្មេងៗដើរលេងជាក្រុម គ្មានទិសដៅ គ្មានមនុស្សចាស់ណាចាំមើលថែតែប៉ុណ្ណោះព្រោះស្រួលបោកនិងងាយបញ្ចុះបញ្ចូល ប៉ះក្រុមខ្លះភ្លើតភ្លើនរកតែកន្លែងសប្បាយ។ បន្ទោសខ្ញុំមិនបានទេព្រោះពួកគេខ្វះការប្រុងប្រយ័ត្ន ខ្វះការពិចារណា ងាយនឹងអូសទាញដោយមិនបានគិតឡើយថាគ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេល…
រីណេ
ចប់ដោយបរិបូរណ៌