អ្វីគ្រប់យ៉ាងពិសេសរឿងមនោសញ្ចេតនា តែងតែចាប់ផ្តើមជាមួយនឹងអារម្មណ៍រំភើបដ៏អស្ចារ្យមួយ។ ទោះយ៉ាងណារឿងរវាងខ្ញុំនឹងគេនេះ បែរជាបានចាប់ផ្តើមដោយភាពស្ងប់ស្ងាត់ ។ ក្មេងប្រុសម្នាក់ដែលធំឡើងតែម្នាក់ឯង គ្មានបងប្អូនបង្កើតរស់នៅតែជាមួយម្តាយនិងបងប្រុសជីដូនមួយម្នាក់ ម្តាយមហាសែនរវល់ ហើយសឹងរកមិនបានលុយបង់ថ្លៃរៀនសូត្ររបស់កូនផង។ អ្នកគ្រប់គ្នាហៅគេថាអាទុយមុយ តែគេ មិនដែលចេះខឹងតប អ្វីនៅតែញឹមៗ រក្សាភាពស្និទ្ធស្នាល ដូចជាគ្មានអ្វីកើតឡើង។ គេគឺ វិចិត្រា។
រឿងនិទានរបស់ខ្ញុំនិងគេ បានចាប់ផ្តើមឡើងនៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ១៩១៩ ។ ជាថ្ងៃមួយដែលខ្ញុំមានអារម្មណ៍ថាធុញទ្រាន់ មិនបានគិតអំពីអ្វីដែលត្រូវធ្វើនោះទេ ប៉ុន្តែផ្តោតលើបំណងចង់ទៅលេងសមុទ្រ។
ខ្ញុំព្យួរខោអាវដែលទើបនឹងបោកគក់រួចនៅលើខ្សែហាល សម្លៀកបំពាក់ក្នុងកន្លែងតូចចង្អៀតនៃវ៉េរ៉ងដាដែលមានរបងព័ទ្ធជុំវិញ ។ វាជាថ្ងៃដ៏កម្រមួយ ដែលព្រះអនុញ្ញាតឱ្យខ្ញុំលែងធុញទ្រាន់នឹងជីវិតព្រោះងាកទៅប្រទះខ្នងវិចិត្រាកំពុងហាត់ប្រាណ។
មេឃនៅខាងក្រៅនេះពេញទៅដោយពន្លឺព្រះអាទិត្យ។ ញើសលើខ្នងគេពិតជាលំអរលើបពេកណាស់។ខ្ញុំភ្លឹកហើយ។
ខ្ញុំចង់បានរាងកាយបែបនេះតែខ្ញុំមិនដែលបានទេ ព្រោះខ្ចិលនិងធុញចំពោះការតបនិងការហាត់ចំណែកវិចិត្រាអស្ចារ្សណាស់បើគេមិនដោះអាវចេញខ្ញុំមិនដឹងថាគេមានសម្រស់យ៉ាងនេះទេ។
មកហាត់ជាមួយគ្នាទេ?
គេងាកមកញញឹមធ្វើឱ្យខ្ញុំលង់តែម្តង។ គេសួរតាមរបៀបយុវវ័យដូចជាយល់ណាស់ចំពោះទឹកចិត្តរបស់ខ្ញុំ។
ថ្ងៃនេះជាពិសេសពិតមែន។ ខ្ញុំដូចទើបតែបានស្គាល់ខ្លួនឯងថាជាអ្នកណា ហើយដែលធុញទ្រាន់មករាល់ថ្ងៃព្រោះតែចង់បានអ្វី?
អត់ទេ! យកខោអាវបោកទុកថាហាត់ប្រាណហើយ!
ខ្ញុំឆ្លើយបែបនេះតែខ្ញុំដឹងថាខ្លួនឯងញញឹមអៀនណាស់ពេលគេដើរមក។ ខ្ញុំមិនអាចទប់ចិត្តទម្លាក់ភ្នែកទៅសម្លឹងសាច់ទ្រូងនិងស្មាគេទេ។
អ្វីទាំងអស់នៅពេលបន្ទាប់មក គឺមកហាលខោអាវនៅម៉ោងដដែលស្ទើរតែរាល់ថ្ងៃ។ ធ្វើយ៉ាងនេះ ដែលជាវិធីខ្ញុំអាចឃើញវិចិត្រា។
តើអ្នកអានយល់ស្របទេ នឹងឃ្លាល្បីមួយដែលលើកថា“ យើងលង់ស្នេហ៍ដោយចៃដន្យហើយបន្តស្រឡាញ់ដោយជម្រើស” ទេ?
«ខ្ញុំរាល់អាទិត្យខ្ញុំទៅមើលប៉ានៅមន្ទីរពេទ្យវិកលចរិក យកគ្រឿងហូបចុកទៅជូនគាត់ ខ្ញុំបានឆ្លងកាត់ការគិតដ៏លំបាកមួយថាខ្ញុំប្រហែលជាមិនមានសមត្ថភាពផ្លូវចិត្តល្អក្នុងធ្វើជាសង្សាររបស់អ្នកណា យើងមិនអាចជួបគា្នញឹកញាប់ ទេព្រោះបែបហ្នឹងបានជាមិត្តប្រុសមុនៗរបស់ខ្ញុំលែងមកនៅក្បែរខ្ញុំទៀត!»
គេសរសេរមកខ្ញុំ ចិត្តខ្ញុំខ្វល់ខ្វាយសាបមាត់សាបកឈឹង។ ម្តេចគេជឿជាក់ថាខ្ញុំកំពុងទុកគេជាគូសង្សារ?
«គូជាច្រើនមិនអាចឆ្លងកាត់ពេលវេលាបែបនេះបានទេ! ម្យ៉ាងយើងខុសពីគេទៀត សង្គមនេះ គ្រួសារយើង មិនព្រមឱ្យគ្រប់យ៉ាងទៅរួចទេ»
វិចិត្រាសរសេរមកទៀត។ មូលហេតុដែលគេសរសេរមកប្រហែលជាយើងបានស្រលាញ់គ្នាទៅហើយគ្រាន់តែមិនទាន់និយាយគ្នាច្បាស់ ម្យ៉ាងដោយសារតែមិត្តប្រុសរបស់គេបានបែកពីគេច្រើនគ្នាមកហើយ បានគេសម្រេចចិត្តប្រាប់ខ្ញុំរឿងឈឺចាប់ទាំងអស់ក្នុងជីវិតគេ រឿងប៉ាគេ ខ្ញុំមិនដែលដឹងនោះទេ និយាយមែន។
ល្ងាចនោះខ្ញុំបានស្កាត់ជួបគេនៅហាងបោកអ៊ុតដែលគេធ្វើការ។ គេស្រឡាំងកាំងដែលបានឃើញខ្ញុំមក ហើយយើងបាននិយាយគ្នា។ ល្ងាចនោះយើងបាត់ទៅជាមួយគ្នាយ៉ាងមានក្តីសុខ រហូតដល់យប់ជ្រៅបានវិលមកវិញ។
រឿងបែបនេះជារឿងថ្មីនិងល្អបំផុតសម្រាប់ខ្ញុំ វាធ្វើឱ្យខ្ញុំក្លាយជាមនុស្សញញឹមស្រស់ ឧស្សាហ៍ធ្វើការ និងមានជំនឿចិត្តចំពោះភាពជាខ្លួនឯង។
គេវិញជាវត្តមានព្រះប្រទាន។ គេជាអ្វីមួយបណ្តាលចិត្តខ្ញុំឱ្យចង់រស់នៅបន្តទៅមុខនិងសាងរឿងជាច្រើនថែមឡើងមកទៀតជាមួយគ្នា។
ប៉ុន្តែជីវិតតែងតែមានគ្រោះមហន្តរាយអមមកប្រជែងគ្នានឹងសុភមង្គលរបស់យើង។ ម្តាយខ្ញុំជឿតាមមីងលក់បន្លែក្បែរផ្លូវ ថាពួកយើងទំនងប្រុសស្រលាញ់ប្រុស ក៏រៀបគម្រោងបង្វែរខ្ញុំឱ្យទៅនៅខណ្ឌដង្កោជាមួយអ៊ុំខ្ញុំមួយរយៈវិញ។
ការធ្លាក់ក្នុងអន្លង់ស្នេហ៍តែងតែជាធម្មជាតិនិងជ្រាលជ្រៅ។ គ្មាននរណាម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយមិនចង់ជួបគ្នាឬសាសងយ៉ាងសកម្មស្អិតរមួតទេ ។
ទោះបីជា មនុស្សយើងរស់នៅជាមួយម៉ែ ត្រូវធ្វើតាមជម្រើសម៉ែមិនប្រាកដថា ត្រូវលះបង់ចោល ស្ថានភាព“ ស្រលាញ់” នេះងាយៗបានឡើយ។
លក្ខខណ្ឌនោះគឺ អាស្រ័យទៅលើការតាំងចិត្ត។
«យើងចាត់ថា គូរបស់យើង សំខាន់ឬឧបសគ្គធ្ងន់ជាង?»
នេះជាពាក្យខ្ញុំតែងសួរខ្លួនឯងបន្ទាប់មកសួរខាងគេ។ ខ្ញុំត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការចាកចេញទៅឆ្ងាយជាមួយគេ តែគេវិញ….
«តាំងពីមិត្តប្រុសមុនៗ ខ្ញុំធ្លាប់វេចខោអាវច្រើនដងហើយ តែខ្ញុំមិនដែលដាច់ចិត្តទេពេលឃើញម្តាយខ្ញុំគាត់កំពុងលំបាកលំបិន!»
គេនិយាយមើលតែមានតែគេចេះស្រលាញ់ម្តាយ។
ខ្ញុំលួងលោមគេថា៖
«យើងត្រូវខំរកមុខរបរ! យើងអាចបើកលក់បុកល្ហុងឬអីមួយនៅតាមខេត្តដែលគ្មានអ្នកណាស្គាល់យើង! យើងអាចផ្ញើលុយមកជួយពួកគាត់!»
តែគេមានហេតុផលលើសពីរឿងលុយ៖
«ប៉ាខ្ញុំមានផ្លូវចិត្តធូរហើយ! គាត់តែងទុកខ្ញុំជាកម្លាំងព្យាបាល! ម៉ាក់ខ្ញុំវិញ ខ្ញុំមិនចង់និយាយទេ តែខ្ញុំក៏មិនលាក់ដែរ គាត់ក៏មានសញ្ញាផ្លូវចិត្តដែរ! គាត់មិនអាចគ្មានកូនប្រុសនៅក្បែរទេតំណាក់កាលនេះ! សឹងរាល់យប់ ចាប់ពីប៉ាឆ្កួតចូលពេទ្យ ម៉ាក់ខ្ញុំយំ គាត់គេងឱបតែកូន!»
ការពិតគឺទំនាក់ទំនងនេះនឹងមានហានិភ័យហើយ ប្រសិនបើគិតអំពីស្ថានភាពគេដែលមិនព្រមចោលគ្រួសារ ឯខ្ញុំចោលម្តាយព្រោះតែគេ។
សុវត្ថិភាពរបស់ម្តាយជារឿងសំខាន់ខ្ញុំយល់ហើយ នេះជាមូលហេតុពិតដែលសង្សារមុនៗត្រូវចាកចេញ។
ខ្ញុំពិតជាយល់ស្របនឹងឃ្លាថា ឈឺចាប់ភ្លាមៗប្រសើរជាងឈឺចាប់ចុងក្រោយ។
គ្មានអ្នកណាសម្រាប់បន្ទោសទេក្នុងរឿងនេះ។ គេជាមនុស្សល្អ ជាកូនប្រុសល្អ តែភាពល្អនេះហើយ ដែលកំពុងតែកំទេចបេះដូងខ្ញុំ។
«អញ្ចឹង ទុកខ្ញុំទៅម្នាក់ឯង!»
ខ្ញុំថាបែបនេះវិចិត្រាស្រឡាំងកាំងប៉ុន្តែខ្ញុំធ្វើមែន។
ការចាកចេញរបស់ខ្ញុំមិនបានន័យថាដោយសារចោលម្តាយ ឬចោលសង្សារទេ។ យើងត្រូវបានបង្កើតឡើងមកឱ្យមាន ជីវិតរបស់យើងដោយស្នេហានិងរស់បន្តបានជាមួយការស្រលាញ់ ចំណែកភាពស្មោះត្រង់ជាការទទួលខុសត្រូវរបស់យើងក្នុងការទំនាក់ទំនង។
អ្វីទៅហៅថាលង់ស្នេហ៍? ស្នេហាត្រូវការការចិញ្ចឹមបីបាច់និងយកចិត្តទុកដាក់ថែទាំរាល់ថ្ងៃ តែ កាលៈទេសៈខ្លះវាក៏ត្រូវការលះបង់និងយោគយល់។
បើខ្ញុំនៅទីនេះមិនអាចស្រលាញ់គេខ្ញុំចេញឆ្ងាយមិនល្អទាំងអស់គ្នា? ម្តាយខ្ញុំក៏មិនចាំបាច់ឃើញខ្ញុំស្រលាញ់ភេទដែលគាត់មិនព្រមទទួលស្គាល់ ខ្ញុំក៏មិនបាច់ឃើញមនុស្សជាទីស្រលាញ់រាល់ថ្ងៃដោយធ្វើពើបែរខ្នងដាក់គ្នាដែរ?
«តើវាមានតម្លៃទេ ដែលមានទំនាក់ទំនងជាមួយមនុស្សម្នាក់ ដែលគេទុកតួនាទីគេក្នុងផ្ទះ សំខាន់ជាងតួនាទីត្រូវនៅជាមួយយើង?»
ខ្ញុំសួរបែបនេះលើបណ្តាញ ទទួលបានចម្លើយពីបណ្ឌិតក្រៅផ្លូវការមិនចេះតិចទេ។ តែគ្មានអ្នកណាយល់ពីចម្លើយពិតរបស់ខ្ញុំទាំងអស់។
អ្នកណាដែលស្រឡាញ់ខ្ញុំច្រើនជាងខ្ញុំខ្លួនឯង?
តើខ្ញុំដឹងថា អារម្មណ៍ដូចម្តេចទៅទើបអាចបញ្ជាក់បានថា យើងពិតជាមាននរណាម្នាក់មែន? ទោះយ៉ាងណាក៏ដោយ ជាមួយនឹងការឈឺចាប់នេះ ខ្ញុំមិនបន្ទោស តែខ្ញុំក៏មានសិទ្ធិក្នុងការចាកចេញ ស្វែងរកអ្នកដែលស្រឡាញ់ខ្ញុំពិតប្រាកដ!
ខ្ញុំចេញមកនៅជាមួយបងម្នាក់នៅបន្ទាយមានជ័យឃុំប៉ោយប៉ែត គាត់នោះធ្លាប់ជាកូនចៅប៉ាខ្ញុំ បងនោះឈ្មោះបងមឿន មានប្អូនប្រុសម្នាក់ឈ្មោះ ដា។ ខ្ញុំទទួលបានប្រាក់ខែ២៥០ដុល្លារដោយការងារដានិងខ្ញុំគឺជួយបងមឿន មើលការខុសត្រូវក្នុងការបោះដុំគ្រឿងសំអាងនិងកាហ្វេយកមកពីស្រុកថៃ។
ដំបូងដាមិនមាត់មិនកដាក់ខ្ញុំទេ។ គេជាមនុស្សសោះកក្រោះ និងមិនសូវធ្វើការ ឧស្សាហ៍ឆ្លុះកញ្ចក់និងយកចិត្តទុកដាក់រឿងសម្រស់ជាខ្លាំង។ គេជាប្រុសរបៀបខ្ញុំដែរ។ ខ្ញុំគ្រាន់តែមើលក៏ដឹង តែគេទំនងមិនដឹងខ្ញុំទេ។
ថ្ងៃមួយ គេមកចូលបន្ទប់ទឹកចំពេលខ្ញុំកំពុងងូតភ្លេចខ្ទាស់សោរ។
គេសម្លឹងរូបរាងខ្ញុំស្រទន់។
ពីមុនខ្ញុំលង់វិចិត្រាព្រោះគេសង្ហា សាច់ដុំធំៗ មិនដែលស្មានថា ខ្ញុំខ្លួនឯងដដែលអាចបកមកស្រលាញ់មនុស្សរាងស្រលូនដូចដាម្នាក់នេះទៅរួចទេ។ ស្រាប់តែពេលបាយគេញញឹមដាក់ខ្ញុំហើយដួសបាយថែមឱ្យខ្ញុំ។ គេបបួលខ្ញុំទៅលេងអារញ្ញ។
មនុស្សយើងជារឿយៗនិយាយថា ពេលណាមាននរណាម្នាក់ស្រឡាញ់យើង យើងនឹងដឹងបានដោយមិនបាច់គេប្រាប់ទេ។ វាមានការពិតខ្លះ មិនពិតខ្លះ។ ពេលខ្លះអាចយើងស្រមៃយើងយកការស្រមៃនោះមកបោកកុហកចិត្តខ្លួនឯង។
តែរឿងជាមួយដាទោះបីជាយ៉ាងណាខ្ញុំបែរជាមានចិត្តមាន អារម្មណ៍ថាមានសុវត្ថិភាពពេលនៅជាមួយគេ។ ធម្មតាសុវត្ថិភាពគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងស្នេហា។ ដៃគូដែលស្រឡាញ់យើង នឹងមិនធ្វើឱ្យយើងឈឺចាប់ឬបំផ្លាញយើងទាំងទ្រព្យសម្បត្តិ កិត្តិយស មុខមាត់យើង ឡើយ។ ពួកគេក៏មិន ដាក់សម្ពាធ ឱ្យយើងធ្វើអ្វីដែលយើងនៅមិនចង់ធ្វើ មិនអារកាត់ធ្វើការសម្រេចចិត្តសម្រាប់យើង ឬកាត់ផ្តាច់យើងពីសង្គមឬគ្រួសារយើងដែរ។
នេះជាអ្វីដែលខ្ញុំបានធ្វើលើសង្សារចាស់!
ខ្ញុំមិនស្តាយក្រោយទេ! ការមានអារម្មណ៍ថា មានសុវត្ថិភាពក៏មានន័យថា មានអារម្មណ៍ក្នុង សេរីភាពអាចសម្រេចចិត្តដោយខ្លួនឯង ខ្ញុំបានទុកឱ្យវិចិត្រាសម្រេចចិត្ត ចំណែកខ្ញុំក៏សម្រេចចិត្តដូចគ្នា។
ខ្ញុំទៅអារញ្ញជាមួយគេ ចំណែកទំនាក់ទំនងរវាងខ្ញុំនឹងដាបានឈានដល់ទីជម្រៅ។ ខ្ញុំភ្លេចរឿង
ចាស់ៗទាំងស្រុង។ ដាគ្រាន់តែជាមនុស្សប្រើអារម្មណ៍ម្នាក់ និងខ្លាចមិនទទួលបានការស្រលាញ់។ ដំបូងគឺដូច្នេះ។ ក្រោយមកថែមមួយទៀតគឺប្រចណ្ឌ។ ក្រោយមកទៀតគឺហួងហែងហើយរករឿង។ ខ្ញុំតែងគិតថា មិនថាអ្នកនិងដៃគូរបស់យើងស្រលាញ់និងចែករំលែករាងកាយជីវិតពេលវេលាឱ្យគ្នាកម្រិតប៉ុណ្ណាទេ យើងនៅតែកើតមកក្នុងសភាពជាមនុស្សផ្សេងគ្នា ដូច្នេះការគិតការប្រព្រឹត្តិរមែងនឹងមិនមានដូចគ្នាចំពោះគ្រប់យ៉ាងឡើយ។
ខ្ញុំអត់ធ្មត់ជានិច្ច ព្រមទាំងប្តេជ្ញាថា ស្រឡាញ់ដាតាមរបៀបនឹងទទួលយកគំនិត ទាំងអារម្មណ៍ផ្ទាល់ខ្លួនរបស់គេ ដែលវាជាផ្នែកមួយនៃខ្លួនគេ។
តែរឿងដែលត្រូវចូលមកដល់វាបានចូលមកដល់តាមពេលវេលារបស់វា។ ដាចាប់ចិត្តនឹងមនុស្សផ្សេងម្នាក់ទៀតជាម្ចាស់ហាងកាត់សក់ក្បែរខាង។
ម្នាក់នោះឈ្មោះជាលិ មកពីប្រទេសថៃ មកបើករបរថ្មី។
គេខ្ពស់ មានចាក់សាក់និងមានភ្នែកស្រឹម។
ដា លួចជួបជាមួយគេ និងផ្តើមទើសទាល់ជាមួយខ្ញុំ។
ស្នេហាទាមទារការទំនាក់ទំនងគ្នាដោយស្មោះត្រង់និងបើកចំហ។ នេះមិនមានន័យថាត្រូវតែចែករំលែករាល់គំនិតដល់គ្នា តែក៏កុំក្បត់ចិត្តគ្នា។ មនុស្សគ្រប់រូបមានអារម្មណ៍ឯកជនខ្លះហើយខ្ញុំដឹង តែក៏គ្មានអ្វីខុសទេ ក្នុងការសាកសួរបញ្ជាក់ឱ្យច្បាស់ថាគេនៅស្រលាញ់ខ្ញុំអត់?
មានអ្នកឱ្យយោបល់ខ្ញុំថា បណ្តោយដាមួយខ្យល់ទៅ ធ្វើមិនដឹងទៅ ព្រោះបើសួរពេលនេះ អាចនឹងបាត់បង់គ្នា។
តែខ្ញុំវិញខ្ញុំគិតថាបើដៃគូរបស់យើងមានសេចក្តីសុខពេលគ្មានយើង យើងចចេសនៅ វាឈឺពេកណាស់។
ខ្ញុំបានសួរនាំ ដាខឹង ស្រែកមកថា ខ្ញុំនេះប្រចណ្ឌ និងមិនទុកចិត្តគ្នា គេក៏យកលេសសុំបែក។
ខ្ញុំ មិនទុកថានេះជាជម្លោះទេ។ ប្រហែលដាមានតម្រូវការភាសារាងកាយបានជាភ្លេចស្មោះចមពោះបេះដូង។
គេថាខ្ទើយជាមនុស្សមិនស្មោះតែខ្ញុំមិនមែនទេ។
ខ្ញុំទទួលយកថា ការប្រាស្រ័យទាក់ទងមិនងាយស្រួលមែន តែភាពស្មោះត្រង់ត្រូវមានគ្រប់កាលៈទេសៈ។
ខ្ញុំចាកចេញពីបន្ទាយមានជ័យមកផ្ទះមួយរយៈ។ ម៉ាក់ខ្ញុំស្មានថាខ្ញុំខូចចិត្តក់តឌីប្រេស តែខ្ញុំប្រាប់គាត់ថា ទៅដល់ណា ក៏ខ្ញុំមានមនុស្សពីរនាក់ដែលស្រលាញ់ខ្ញុំខ្លាំងរួចទៅហើយ តាំងពីតថ្ងៃដែលខ្ញុំកើតមក គឺ ឪពុកម្តាយរបស់ខ្ញុំ។ ខ្ញុំកើតមកពេញដោយការស្រលាញ់ ខ្ញុំចង់រស់នៅជាមួយការស្រលាញ់ តែមិនស្លាប់វិញព្រោះតែស្នេហាមួយគ្មានលទ្ធផលទេ។
ខ្ញុំមិនអីទេ!មិនអីទេ!
ខ្ញុំនៅតែបន្តស្វែងរកនរណាម្នាក់ដែលនឹងស្រឡាញ់ខ្ញុំ ពិតប្រាកដ ខ្ញុំនៅមានពេលច្រើនទៀត សូម្បីតែស្អែកនេះមេឃរលំក៏ខ្ញុំនៅតែមិនចោលគំនិតសុទិដ្ឋិនយមមួយនេះដែរ។
មនុស្សដែលឆ្លងកាត់ជីវិតខ្ញុំ គេមិនបានអាក្រក់ទេ! គ្រាន់តែមកតែពីគេមិនអាចនៅទីនេះបានយូរ គឺក្នុងបេះដូងនេះ ប្រហែលដោយសារហេតុផលអ្វីមួយ។
រឿងដដែលនេះ អាចនឹងកើតឡើងចំពោះខ្ញុំទៀតទៅអនាគត តែខ្ញុំមិនអគតិឡើយ។ មនុស្សផ្សេងគ្នា ស្នេហាក៏ផ្សេងគ្នា។
ខ្ញុំពិតអាក់អន់ចិត្តយ៉ាងខ្លាំងនៅពេលឃើញដាសប្បាយចិត្តជាមួយអ្នកក្រោយ តែវាធម្មតាៗទេ អន់ចិត្តហើយក៏បំភ្លេចទៅព្រោះយើងតែង ត្រូវបន្តដំណើរទៅមុខទៀត ក្នុងនាមជាមនុស្សម្នាក់ដែលមិនដួលព្រោះតែឧបសគ្គតាមផ្លូវ។
អ្នកខ្លះថា បើជួបព្រាត់វិញ ជួបធ្វើអី? ពិតហើយ វាជាថ្នាំពិបាកលេបសម្រាប់ការបែកបាក់ ប៉ុន្តែវាជាការពិតដែលបង្ហាញថា បេះដូងមនុស្សឆាប់ជាសះស្បើយឬ នៅងំក្នុងទុក្ខវេទនា អាស្រ័យលើការគិតរបស់យើង។
បំផុត ចូរយើងប្រឈមមុខនឹងអ្វីដែលអារម្មណ៍និងសម្បជញ្ញៈបានបង្ហើបប្រាប់ឱ្យយើងដឹង។
ប្រសិនបើអ្នកណាម្នាក់ ចង់នៅជាមួយយើង ប្រាកដណាស់គេនឹងនៅជាមួយយើង គេមិនចេញទៅទេ។
តែបើគេចង់ទៅ ខ្ញុំនៅតែត្រូវអនុញ្ញាតឱ្យគេទៅព្រោះខ្ញុំមិនឯកោឡើយ។ មានមនុស្សរាប់មិនអស់នៅលើផែនដីនេះ ដែលមានអារម្មណ៍ខូចចិត្តឬចាញ់បោកស្នេហា ឬមានទំនាក់ទំនងមិនល្អ ហើយយំសោកស្តាយ ខ្លះចង់បញ្ចប់ជីវិត ខ្លះខំធ្វើជាមិនដឹងអ្វីដើម្បីបន្តនៅទាំងឈឺខ្លាំង។
វាជាទំនាក់ទំនងថ្នាំពុល។
ខ្ញុំចង់រស់នៅជាមួយការពិត ខ្ញុំចង់បង្កើតការពិតថ្មីប្រសិនការពិតចាស់ខូចទៅហើយ ខ្ញុំមិនរក្សាវាទៀតទេ។
ទោះមេឃរលំក៏ដោយ ខ្ញុំនៅតែជឿថា ….នឹងមានមនុស្សថ្មីម្នាក់ សម្រាប់ខ្ញុំ….