អត្ថបទ«សំណៅជីវិត» ដែលមិត្តកំពុងតែអាននៅពេលនេះ ជាសំណេរអត្ថបទខ្លីបែបលើកទឹកចិត្តដែលបានចងក្រងចេញពីការដកពិសោធន៍ក្នុងជីវិត ជាមួយការបន្ថែមនូវខ្លឹមសារមួយចំនួនតាមរយៈការស្រាវជ្រាវ ដែលស្តែងអំពី ការមិនស្គាល់ខ្លួនឯងជានរណា? ការមិនថែរក្សា និងឱ្យតម្លៃមនុស្សសំខាន់ៗក្នុងជីវិតរហូតចួបការបាត់បង់ទើបនឹកគិតសោកស្តាយ។ មិនត្រឹមតែប៉ុណ្ណឹងទេនៅមានការប្រើជីវិតដោយគ្មានគោលដៅច្បាស់លាស់ មានផ្នត់គំនិតអវិជ្ជមានប៉ះពាល់ដល់ការវិវឌ្ឍន៍ និងការរីកចម្រើន ការផ្លាស់ប្តូរមួយដែលលឿនហួសពេកបង្ករឱ្យមានការបាក់ទឹកចិត្តធ្ងន់ធ្ងរ បង្ករការឈឺចាប់ បន្ទាបបន្ថោកតម្លៃខ្លួនឯង មាក់ងាយមើលស្រាលខ្លួនឯងជាដើម។ ចាប់ផ្តើមបង្កើតក្តីស្រមៃឆ្កួតៗបន្តិចដើម្បីជួយជាកម្លាំងជម្រុញលើកទឹកចិត្ត អាចថាជាថ្នាំសម្រាប់លេបដើម្បីជួយខ្លួនឯងដើម្បីដោះស្រាយបញ្ហាបាក់ទឹកចិត្តជាដើម។ អត្ថបទនេះខ្ញុំបានសរសេរឡើងមានចំនួន១០ទំព័រ លើទំហំក្រដាសA4។
បើនិយាយអំពីពាក្យ «សំណៅជីវិត» ជាពាក្យបីម៉ាត់យ៉ាងខ្លី ប៉ុន្តែវាត្រូវរៀបរាប់អំពីដំណើរនៃការឆ្លងកាត់ក្នុងការរស់នៅជាមនុស្សអស់ជាច្រើនឆ្នាំកន្លងមកសង្ខេបចងក្រងចេញជាសំណេរ។ បើថ្លែងពីដំណើរជីវិតពិតវិញ ទោះយើងខំទៅស្វែងរកទ្រឹស្តី ឬមេរៀនជោគជ័យ ពីបុគ្គលល្បីល្បាញ ឬបុគ្គលជោគជ័យណាមកធ្វើការអនុវត្តន៍តាម ក៏នៅតែមិនអាចមានបុគ្គលរូបណាអាចជៀសផុតពី«ការបរាជ័យ»។ គ្មានបុគ្គលដែលមានប្រវត្តិ«ជោគជ័យ»រូបណា គ្មានវាសនាបានចួបជាមួយ«ការបរាជ័យ» ក្នុងជីវិតពិតឡើង។ បើមានបុគ្គលរូបណានិយាយថាគាត់មិនដែលស្គាល់ «បរាជ័យ» សោះស្តាប់ទៅវាគួរឱ្យអស់សំណើចជាមួយការកុហកដែលលាតត្រដាងយ៉ាងច្បាស់ក្រឡែតនេះពេកហើយ។
«ខ្ញុំជានរណា? តើការមិនស្គាល់ខ្លួនឯងជានរណាបានធ្វើឱ្យមានការប៉ះពាល់បែបណាខ្លះចំពោះជីវិតរបស់ខ្ញុំ?» ខ្ញុំកំណត់ការស្គាល់ខ្លួនឯងជា២ចំណុច ចំណុចទី១គឺនិយាយអំពីសាវតាក្រៅខ្លួន ដែលមានដូចជាឈ្មោះកំណើត ចាប់កំណើតនៅកន្លែងណា ជាកូនទីប៉ុន្មាន គឺមនុស្សគ្រប់គ្នាសុទ្ធតែច្បាស់លាស់អំពីវា។ ឥឡូវខ្ញុំសូមធ្វើការណែនាំខ្លួនបន្តិច ខ្ញុំមានឈ្មោះ ពុធ ច័ន្ទសិរីរ័ត្ន មានស្រុកកំណើតក្នុងទីរួមខេត្តកំពង់ធំ ជាកូនទី២ ក្នុងចំណោមកូនស្រីទាំង២ក្នុងគ្រួសារ។ ខ្ញុំចាប់កំណើត និងធំធាត់ក្នុងគ្រួសារដែលមានជីវភាពសមរម្យមួយមានហូប មានស្លៀកពាក់ គ្រាន់តែមិនសូវជាសម្បូរបែបដូចគ្រួសារដែលមានជីវភាពល្អប្រសើរ។ ខ្ញុំជាក្មេងដែលត្រូវម្តាយ បានឱ្យរៀនធ្វើកិច្ចការក្នុងផ្ទះតាំងពីមានវ័យមិនទាន់បាន១០ឆ្នាំ ប៉ុន្តែវាក៏ជាមេរៀនល្អមួយសម្រាប់ខ្ញុំ គឺខ្ញុំអាចចេះធ្វើកិច្ចការងារក្នុងផ្ទះដោយខ្លួនឯងបាន។ ទោះស្ថានភាពគ្រួសាររបស់ខ្ញុំមិនជាមានទ្រព្យធន ក៏អ្នកមានគុណរបស់ខ្ញុំនៅតែអាចចម្លងខ្ញុំ និងបងស្រីរបស់ខ្ញុំឱ្យទទួលការបណ្តុះបណ្តាលក្នុងសាលា រហូតដល់អាចបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅទីក្រុងភ្នំពេញដោយជោគជ័យ រហូតដល់បច្ចុប្បន្ននេះខ្ញុំក៏មានមុខរបរជាក់លាក់ផងដែរ គឺអាចមានចំណូលចិញ្ចឹមជីវិតនិងបានជួយចូលរួមទំនុកបម្រុងបំពេញតួនាទីខ្លះៗចំពោះគ្រួសារផងដែរ។
ទម្រាំមានថ្ងៃនេះ តើខ្ញុំធ្លាប់បានឆ្លងកាត់អ្វីមកខ្លះ? ចំពោះការមិនស្គាល់ខ្លួនឯងចំណុចទី២នេះ គឺខ្ញុំចង់សំដៅអំពីការមិនស្គាល់អំពីសាវតាក្នុងខ្លួន ដែលដូចជាការមិនស្គាល់អំពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួនឯងតែម្តង។ ដោយសារការមិនស្គាល់ខ្លួនឯងនេះហើយទើបបានធ្វើឱ្យខ្ញុំត្រូវវង្វេងផ្លូវក្នុងផែនទីជីវិតរបស់ខ្លួនជាច្រើនលើក ច្រើនសារ។ ជាក់ស្តែង ដោយសារតែការមិនដឹងថាខ្លួនមានចំណង់ចំណូលចិត្តលើជំនាញអ្វីនៅពេលបញ្ចប់ការសិក្សាអំឡុងឆ្នាំ២០០៩ ខ្ញុំក៏បានបន្តការសិក្សារដោយគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់ ដែលបានធ្វើឱ្យខ្ញុំចំណាយពេលរហូតដល់ទៅ ជិត៥ឆ្នាំជាមួយការសិក្សាលើមុខជំនាញច្បាប់។ មេរៀនមួយត្រង់ចំណុចនេះដែលខ្ញុំចង់លាតបង្ហាញអំពីខ្លួនឯង គឺខ្ញុំពេញចិត្តចំពោះអ្វីដែលខ្ញុំបានធ្វើការជ្រើសរើសត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ គឺពេលដែលខ្ញុំបានចាប់ផ្តើមស្អប់ ចាប់ផ្តើមធុញទ្រាន់ចំពោះមុខវិជ្ជាដែលខ្លួនបានជ្រើសរើសនេះ នៅពេលដែលខ្ញុំរៀនឆ្នាំទី៣ ហើយក៏ចាប់ផ្តើមរវើរវាយសារជាថ្មី ទៅចង់ចាប់ជំនាញនេះ ជំនាញនោះ ដូចជាទូកដែលរេរាគ្មានទីដៅច្បាស់តែម្តង។ រហូតដល់ខ្ញុំបានបោះបង់ការព្យាយាម មិនចាប់អារម្មណ៍ចំពោះការសិក្សារ គេចមិនទៅសាលារហូតបានធ្វើឱ្យខ្លួន ត្រូវបង់ប្រាក់ប្រឡងសងលើមុខជំនាញជាច្រើនជាញឹកញយថែមទៀតផង។
រហូតដល់ឆ្នាំ២០១៤ ជាឆ្នាំដែលខ្ញុំត្រូវដល់ពេលបញ្ចប់ការសិក្សារ មិនត្រឹមតែការសិក្សាធ្លាក់ចុះនោះទេ មានបទពិសោធន៍ឈឺចាប់មួយថ្មីស្រឡាងក្នុងជីវិតរបស់ខ្ញុំបានកើតមានឡើង គឺការបាត់បង់ប្អូនស្រីក្នុងគ្រោះថ្នាក់ចរាចរណ៍ទៀតផង ចំណែកឯខ្លួនខ្ញុំក៏ត្រូវសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាម ប្រហែលជិត២សប្តាហ៍ ដោយមានការថែទាំពីម្តាយ និងក្រុមគ្រួសារ ខ្ញុំក៏បានជាពីជំងឺដែលមានសភាពធ្ងន់ធ្ងរបានឆាប់រហ័ស គ្រាន់តែនៅមានការប៉ះពាល់មួយចំនួនដល់ស្មារតីជាដើម។ ការឈឺចាប់ដែលខ្ញុំគ្មានសិទ្ធិសម្រេចនេះ បានធ្វើឱ្យខ្ញុំមានការឈឺចាប់ និងត្រូវអូសបន្លាយជាយូរទៀតផង និងត្រូវខកខានបញ្ចប់ការសិក្សា ត្រូវរៀនថែម១ឆ្នាំសង ព្រោះខ្ញុំអវត្តមានច្រើនពេក។ រហូតពេលដែលខ្ញុំបានបញ្ចប់ការសិក្សារដោយជោគជ័យ ខ្ញុំក៏បានធ្វើការងារលើជំនាញនេះផងដែរ គឺការងារដែលខ្ញុំទទួលបាន ប្រាសចាកយ៉ាងឆ្ងាយអំពីមុខជំនាញខាងលើ។
ឥឡូវខ្ញុំសុំធ្វើការបញ្ចប់សាច់រឿងទាំង២ខាងលើ នឹងធ្វើការចែករំលែកអំពីមេរៀនពីរសំខាន់បំផុតដែលខ្ញុំបានជួយប្រទះក្នុងជីវិត ដែលបានដក់ជាប់ក្នុងខួរក្បាលរបស់ខ្ញុំរហូតមកទល់នឹងពេលនេះគឺ៖
មេរៀនជីវិតទី១៖ ការមិនស្វែងរកខ្លួនឯង ការមិនច្បាស់លាស់ចំពោះខ្លួនឯង នឹងធ្វើឱ្យយើងចួបជាមួយការបរាជ័យក្នុងជីវិត ថែមទាំងការចាយវាយពេលវេលា និងថវិកាថែមទៀតផង។
ចំណែកឯមេរៀនជីវិតទី២៖ ការមិនចេះស្រលាញ់សាមគ្គី មើលថែរក្សា និងឱ្យតម្លៃចំពោះវត្តមានមនុស្សសំខាន់ក្នុងជីវិតវាពិតជាបានធ្វើឱ្យខ្ញុំមានវិប្បដិសារៈក្នុងជីវិតបន្តតាំងពីឆ្នាំ២០០៤ រហូតមកទល់នឹងពេលនេះតែម្តង។
ឥឡូវខ្ញុំសុំស្លេះសាច់រឿងខាងលើនេះទុកមួយអន្លើសិន ប៉ុន្តែប្រិយមិត្តអ្នកអានកុំទាន់ទៅណា ព្រោះខ្ញុំនឹងធ្វើការចែករំលែកអំពីវិធីសាស្រ្តដែលខ្ញុំបានធ្វើការរើបម្រះ និងស្រោចស្រង់ខ្លួនឯងពីស្ថានភាពខាងលើនេះដោយរបៀបណា? សូមរង់ចាំតាមដានបន្តិចទៀតទាំងអស់គ្នា។
តើរឿងចោលម្សៀតអ្វីខ្លះដែលបានបង្កជាដំបៅដែលធ្វើឱ្យឈឺចាប់ក្នុងជីវិតរយៈពេលកន្លងមក? តើមេរៀនជីវិតអ្វីខ្លះដែលខ្ញុំបានយកមកធ្វើជាមេរៀនដើម្បីលើកទឹកចិត្ត និងជម្រុញធ្វើការកែប្រែខ្លួនឯងជាចាំបាច់? អំឡុងវ័យខ្ទង់២០ជាង អាចថាខ្ញុំនៅមានការគិតរាយមាយ ខ្វះការពិចារណាទៅហើយ រហូតដល់ពេលត្រៀមខ្លួនចូលធ្វើការងារ ខ្ញុំក៏បានប្រព្រឹត្តិកំហុសជាថ្មីថែមទៀត នេះមកខ្ញុំនៅមិនទាន់មានការភ្ញាក់រលឹកនៅឡើយ ក៏បានជ្រុលខ្លួនទៅធ្វើកំហុសលើរឿងប្រហែលគ្នាជាថ្មីម្តងទៀត ប៉ុន្តែលើកនេះបន្ថែម២រឿងគួបគ្នាតែម្តង មិនត្រឹមតែមិនស្គាល់ខ្លួនឯងទេ នៅព្រហើនថែមរឿងថ្មីទៀត គឺការការសម្រេចចិត្តដោយមិនដឹងគោលដៅជីវិត។ ក្នុងឆ្នាំ២០១៦ ដោយសារមានកាជម្រុញពីគ្រួសារ ខ្ញុំក៏បានដាក់ពាក្យចូលរៀនវគ្គសិក្សារថ្មីលើជំនាញគណនេយ្យ និងពន្ធដារ ព្រោះខ្ញុំបានចាប់ការងារលើផ្នែកនេះ ជាការងារបន្ថែម ខ្ញុំបានចុះឈ្មោះចូលរៀនវគ្គខ្លីដែលមានតម្លៃថ្លៃគួរសម ហើយខ្ញុំក៏បានបញ្ចប់វាដោយជោគជ័យ។ ជោគជ័យលើកនេះគឺដំណើរការរលូនតែក្នុងថ្នាក់ទេ ដល់ប្រឡងវិញ គឺលទ្ធផល «បរាជ័យ» ដដែល មិនកែទម្លាប់ចាស់សោះខ្ញុំ ធ្លាក់មិនមែនមកពីរៀនមិនចេះដូចគេទេ តែមកពីមិនខំឱ្យអស់ពីលទ្ធភាព មិនខុសពីសុភាសិតមួយឃ្លាដែលលើកឡើងថា «ក្របីបាត់ទើបធ្វើរបង ដល់ប្រឡងទើបខំរៀន» គេឱ្យត្រៀមមិនចេះតិចពេល ប៉ុន្តែគ្មានពេលយកចិត្តទុកដាក់ទេ សល់មួយថ្ងៃអី ដល់ពេលហើយគឺរៀនគ្មានដេកពួនអីតែម្តង។
ខ្ញុំបានចុះឈ្មោះប្រឡងមិនចេះតិចដងទេ ប្រឡងម្តងបង់ប្រាក់ម្តងៗ ស្ទើរតែប្រព័ន្ធចុះឈ្មោះសម្គាល់ឡើងអ្នកដែលធ្វើការកន្លែងចុះឈ្មោះចំណាំទៅហើយ គឺខ្ញុំចំណាយពេលដល់ទៅ៥ដង តាមខ្ញុំចាំមានម្តងនោះ ដោយសារតែការមិនយកចិត្តទុកដាក់ ខ្ញុំបានភ្លេចកាលបរិច្ឆេទប្រឡងទៀត ស្តាប់ទៅឡើងហួសចិត្តតែម្តងសាច់រឿងខ្ញុំ។ ដោយសារលទ្ធផលបរាជ័យទាំងនេះ បានធ្វើឱ្យបងប្រុសរបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំពិតជាខកចិត្តចំពោះខ្ញុំមែនទែនតែម្តង។
ពេលខ្លះខ្ញុំក៏ចាប់ផ្តើមសង្ស័យ ហើយមិនចង់ប្រឡងទៀតសោះតែម្តង រហូតដល់ពេលថ្មីៗនេះ ទើបខ្ញុំប្រឡងជាប់ឡើងទៅប្រឡងឡើងចង់ខ្ជិល ហើយបានទទួលសញ្ញាបត្រដោយជោគជ័យក្នុងឆ្នាំ២០២០ ដែលមានមនុស្សចុះឈ្មោះជាច្រើននាក់ ប៉ុន្តែមនុស្សតែ១ភាគតូចទេដែលបានទទួលឱកាសជោគជ័យមួយនេះ។ ស្តាប់ទៅខ្ញុំក៏មានមោទកភាពចំពោះរឿងមួយនេះដែលខ្ញុំធ្វើបានផងដែរ។
ប៉ុន្តែក្នុងអំឡុងពេលមុនទទួលបានលទ្ធផលដែលសម្រេចបាន ខ្ញុំក៏ចួបនឹងការបាក់ទឹកចិត្តនឹងលទ្ធផលដែលខ្លួនធ្វើមិនកើត រួមទាំងទទួលបានពាក្យរិះគន់មួយចំនួនពីមជ្ឍដ្ឋានជុំវិញដែរ ខ្ញុំក៏មានគំនិតអវិជ្ជមានជាច្រើនលេចចេញក្នុងខួរក្បាលរបស់ខ្លួន ថាទៅអារឿងអវិជ្ជមាននឹង មនុស្សមិនថាខ្ញុំឬនរណាទេ សប្បាយគិត ងាយទទួលយកស្រាប់ហើយត្រូវនឹងឱកាសអំណោយផលយ៉ាងនឹងថែមទៀត ចាំកាលការបាក់ទឹកចិត្ត លេចចេញក្នុងជីវិតរបស់ខ្ញុំតែម្តង។ ធ្លាប់តែលឺគេថា Depression ដល់ចួបខ្លួនឯងចឹងមានអី ខួរក្បាលប៉ែក «អវិជ្ជមាន» វាតទីមួយទំហឹងគ្របដណ្តប់អស់ហើយលើ ការគិត ដាស់តឿនគំនិតថា «មានតែភាពវិជ្ជមានទេដែលជាទៀនបំភ្លឺជីវិតឱ្យរីកចម្រើន» លុបគ្មានសល់តែម្តង។
ក្នុងឆ្នាំដែលមានជំងឺកូវីដ១៩កើតមានឡើងដំបូង ស្ថានភាពខ្ញុំពិតជាតានតឹងខ្លាំងណាស់ លំបាករស់នៅ ពិបាកសម្របគួរសមដែរ ដោយសារវាជារឿងថ្មីមួយក្នុងប្រវត្តិសាស្រ្តមនុស្សជាតិដែរ។ ស្ថានភាពរបស់ខ្ញុំក៏វិវត្តន៍ទៅរកភាពលំបាកឡើងៗ ពីមួយថ្ងៃៗទៅមួយថ្ងៃ ខ្ញុំចំណាយពេលឃុំឃាំងខ្លួនឯងនៅក្នុងបន្ទប់ មិនសូវចេញទៅក្រៅសោះដោយសារពេលកូវីដដំបូង តាមកន្លែងការងារក៏មានការចេញសេចក្តីណែនាំមិនតម្រូវឱ្យមានការចួបជុំគ្នាច្រើនផង ខ្ញុំក៏មិនចាំបាច់ទៅក្រៅច្រើនដែរ។ ពេលនោះផងដែរខ្ញុំក៏មិនសូវមានទំនាក់ទំនងជាមួយសង្គមខាងក្រៅទាល់តែសោះតែម្តង ណាមួយដោយអារម្មណ៍ធុញថប់ព្រោះ សំឡេងរំខានពីមជ្ឍដ្ឋានខ្លាំងហួសហេតុពេក ខ្ញុំក៏ក្លាយជាមនុស្សខឹងមួម៉ៅច្រើន នរណានិយាយអ្វីក៏ធុញថប់ដែរ យប់ឡើងគេងមិនលក់ ស្មុគស្មាញ ព្រឹកឡើងទ្រមក់មិនចង់ក្រោក មានអារម្មណ៍ចង់តែគេង ចង់នៅតែម្នាក់ៗឯង ខ្ជិល មិនសូវមានកម្លាំង មិនសូវចង់ធ្វើអ្វីទេ គិតតែពីលេងហ្គេម លេងទូរសព្ទអីអស់នឹង។
យោងតាមការស្រាវជ្រាវជាច្រើនក៏បានលើកឡើងផងដែរថា អំឡុងពេលមានស្ថានភាពកូវីដ១៩នេះ មានមនុស្សមិនតិចនាក់ទេដែលបានធ្វើឱ្យមានស្ថានភាពបាក់ទឹកចិត្តក្រោមរូបភាពដែលអាចគ្រប់គ្រងបានក្តី មិនបានក្តីលេចចេញជារោគសញ្ញាកាន់តែច្បាស់ឡើង។ ការបាក់ទឹកចិត្តពីកត្តាខាងក្រៅ និងកត្តាខាងក្នុងពិតជាមេរោគមួយដែលធ្ងន់ធ្ងរជាងវីរុសកូវីដ១៩ទៅទៀត។ ដោយសារតែការបាក់ទឹកចិត្តជាប្រភេទមេរោគដែលមានជាយូរមកហើយ អ្នកជំនាញជាច្រើន ពិតជាមានការព្រួយបារម្ភ និងព្យាយាមឱ្យមនុស្សគ្រប់រូប រៀនកត់សម្គាល់ និងតាមដានស្ថានភាពខ្លួនឱ្យបានជាប់លាប់ទៀតផង។ ស្ថានភាពខ្លះអាចដោះស្រាយបាន ប្រសិនបើមនុស្សទទួលយកអំពីស្ថានភាពដែលខ្លួនកំពុងចួបប្រទះ ហើយកែតម្រូវវាជាបន្ទាន់ និងតាមដំណាក់កាល ប៉ុន្តែក៏មានស្ថានភាពខ្លះធ្ងន់គួរសម ហើយបើកាន់តែធ្ងន់ធ្ងរជាងគេនោះ មនុស្សអាចហ៊ានធ្វើសកម្មភាពឧក្រិដ្ឋកម្មបានថែមទៀតផង។
ជាក់ស្តែងមានមនុស្សជាច្រើនប្រហែលជាធ្លាប់បានទស្សនាភាពយន្តរន្ធត់ៗ បែបស៊ើបអង្កេតជាដើម ការកំណត់អត្តសញ្ញាណជនល្មើសភាគច្រើន ជាប្រភេទមនុស្សដែលមានសតិបញ្ញាមិនប្រក្រតី ឬវិកលចរិតជាដើម។ ខ្ញុំធ្លាប់បានទស្សនាខ្សែភាពយន្តដែលមានភាពល្បីល្បាញ និងបានរកប្រាក់ចំណូលបានជាច្រើនតាម រយៈការដាក់ចាក់បញ្ចាំងតាមរោងភាពយន្ត លើបណ្តាញសង្គមដែលត្រូវចំណាយប្រាក់របស់សហរដ្ឋអាមេរិច មួយមានចំណងជើងថា «Joker» ដែលដឹកនាំដោយលោក Todd Phillips សម្តែងដោយតួអង្គប្រុសឈ្មោះថា Jaoquin Phoenix នៅក្នុងខ្សែភាពយន្តនេះបង្ហាញអំពីការបាក់ទឹកចិត្ត ឈឺចាប់របស់តួអង្គ Joker រហូតហ៊ានប្រព្រឹត្តិអំពើឃោរឃៅមិននឹកស្មានដល់ ដោយសារការមាក់ងាយ មើលស្រាល ជិះជាន់ ភាពក្រីក្រជាដើម។ ទោះបីជាមានទស្សនិកជនជាច្រើនបានធ្វើការរិះគន់ថារឿងនេះជារឿងដែលមានភាពឃោរឃៅក្ដី ប៉ុន្តែវាពិតជារឿងមួយដែលមនុស្សមិនគួរអើពើ ហើយគួរណាយកចិត្តទុកដាក់អំពីស្ថានភាព មិនធម្មតាមួយចំនួនដែលបានបង្កឡើងពីការបាក់ទឹកចិត្ត។ ខ្ញុំសុំដកស្រង់សម្តីឈឺចាប់ ៥ឃ្លាចេញពីតួអង្គ Jaoquin Phoenix ក្នុងសាច់រឿង Joker រួមជាមួយមតិយល់ឃើញមួយចំនួនរបស់ខ្ញុំ ដែលវាប្រហែលជាអាចទុកជាចំណុចគួររៀនសូត្រដូចខាងក្រោម៖
១. «ខ្ញុំសង្ឃឹមថាការស្លាប់ធ្វើឱ្យខ្ញុំរកលុយបានកាន់តែច្រើន ជាជាងជីវិតចោលម្សៀតមួយនេះ។» ព្រោះតែការប្រមាថលេងសើចពីបុគ្គលដែលខ្វះការពិចារណា និងមិនចេះឱ្យតម្លៃអ្នកដទៃ បានធ្វើឱ្យមនុស្សទទួលការមាក់ងាយ រងវិបត្តិរហូតដល់ស្ថានភាពមិនអាចគ្រប់គ្រងបាន។
២. «ខ្ញុំមិនចង់បានអ្វីនោះទេ គ្រាន់តែចង់បានភាពកក់ក្ដៅ ការឱប និងភាពស្មោះត្រង់របស់អ្នកប៉ុណ្ណោះ។» ព្រោះតែភាពក្លែងក្លាយ ការកេងប្រវ័ញ្ច លើជនទន់ខ្សោយ បានធ្វើឱ្យមនុស្សចាប់ផ្តើមក្បត់សម្បជញ្ញៈដើម្បីផលប្រយោជន៍ជាដើម។
៣. «ប៊ិកមួយដើមមានអំណាចសាហាវជាងចុងដាវដ៏មុតស្រួចទៅទៀត។» មនុស្សអាចសម្លាប់មនុស្សបានដោយសារការបង្កាច់បង្ខូច ពីជនឆ្លៀតឱកាស និងចង់បានប្រជាប្រិយតាមផ្លូវកាត់មួយចំនួន។
៤. «ញញឹមដើម្បីបន្លប់អ្នកដទៃ ពីព្រោះការញញឹមវាស្រួលជាងការពន្យល់នូវរឿងរ៉ាវដែលអ្នកកំពុងឈឺចាប់។» នៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលដែលមិនមានដំណោះស្រាយណាមួយ គ្មានអ្វីអាចបង្ហាញពីការឈឺចាប់ប្រសើរជាងការស្ងៀមស្ងាត់ និងបង្ហាញនូវស្នាមញញឹមដ៏កំណាចចំពោះខ្លួនឯងនោះទេ។
៥. «ជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរបំផុតនោះគឺនៅពេលអ្នកដទៃរំពឹងឱ្យអ្នកធ្វើរឿងដែលអ្នកមិនចង់។» បើយើងដឹងថាមានរឿងខ្លះ បើធ្វើប៉ះលើអ្នកវានឹងឈឺចាប់ អ្នកមិនគួរប្រព្រឹត្តវាទៅកាន់អ្នកដទៃនោះទេ ព្រោះមនុស្សបើអ្នកចេះឈឺ គេក៏ចេះឈឺដូចជាអ្នកផងដែរ។
នៅមានឧទាហរណ៍ពិតមួយទៀតដែលខ្ញុំលើកបន្ថែមគឺ សាច់រឿងពិតនៃការចាក់សម្លាប់ម្តាយបង្កើតដ៏ឃោឃៅចំនួន 79កាំបិត របស់ Isabella Guzman ដែលជាប្រធានបទក្តៅមួយមានអ្នកមើលច្រើនបំផុតមិនគួរឱ្យជឿ លើបណ្តាលសង្គមTik tok នៅពេលឡើងតុលាការ តុលាការបែជាមិនកាត់ទោសឱ្យនាងជាប់ពិរុទ្ធទេ ប៉ុន្តែនាងត្រូវបានសម្រេចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យវិកលចរិតព្រោះនាងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ នាងជាកូនស្រីដែលសាហាវឃោឃៅថែមទៀតផង។
ចំណុចដែលខ្ញុំបានលើកជាឧទាហរណ៍នេះឡើង មិនមែនមានន័យថាខ្ញុំចង់ចែករំលែកអំពីភាពឃោឃៅសាហាវយង់ឃ្នង នៃសកម្មភាពតួអង្គក្នុងរឿងJoker និងIsabellaនោះទេ ហើយខ្ញុំក៏មិនលើកទឹកចិត្តឱ្យយុវវ័យទៅទស្សនាសាច់រឿងសោកនាដកម្មដ៏រន្ធត់ប្រភេទនេះផងដែរ។ ប៉ុន្តែចំណុចដែលខ្ញុំធ្វើការលើកឡើងដើម្បីជាការដាស់តឿនក្រឿនរម្លឹកអំពីចំណុចដែលអ្នកមិនគួរធ្វេសប្រហែសបណ្តាលឱ្យខ្លួនអ្នក ឬ មនុស្សជុំវិញអ្នកត្រូវរងសម្ពាធ រហូតឈានដល់ដំណាក់កាលហួសនឹងជឿខាងលើនេះ។
«ការធ្វើបច្ចុប្បន្នភាព ផ្លាស់ប្តូរផ្នត់គំនិត កែប្រែទម្លាប់ដើម្បីផ្លាស់ប្តូរជីវិត» ក្នុងអំឡុងពេលបាក់ទឹកចិត្តរបស់ខ្ញុំ ខ្ញុំក៏គិតថាអ្នកដែលធ្លាប់បានពើបប្រទះនឹងស្ថានភាពស្រដៀងគ្នានេះ ក៏ប្រហែលជាចួបនឹងស្ថានភាពទោទន់ទៅរកភាពអស់សង្ឃឹម រាងកាយកាន់តែចុះទ្រុឌទ្រោមជាលំដាប់។ ព្រោះតែស្ថានភាពកាន់តែដុនដាបបែបនេះហើយទើបខ្ញុំបានធ្វើការសម្រេចចិត្តមួយចំនួន «ខ្ញុំចាំបាច់ត្រូវតែធ្វើការកែផ្នត់គំនិត ទម្លាប់ និងធ្វើការផ្លាស់ប្តូរដោយខានតែបាន»។ មួយវិញទៀតបើស្ថានភាពជីវិតកំពុងតែច្របូកច្របល់ស្រាប់ហើយ បើខ្ញុំព្រមបណ្តោយឱ្យភាពវេទនាផ្នែកសុខភាពផ្លូវកាយ ផ្លូវចិត្តតាមយាយីជីវិតរបស់ខ្ញុំបន្ថែមទៀត «តើខ្ញុំសមធ្វើជាមនុស្សដែរឬទេ?» រហូតដល់ខ្ញុំសម្រេចចិត្តថា ដល់ពេលហើយដែលខ្ញុំមិនគួរបណ្តោយឱ្យខ្លួនឯងតានតឹង ហើយរែកពន់នូវការលំបាកហួសប្រមាណរបៀបនេះដល់ពេលណាទៀត។ បើនិយាយថាឈឺជាវាឈឺ វាលំបាក វាវេទនាគ្រប់សព្វបែបយ៉ាងទៅហើយ ឯណាទៅក្តីសង្ឃឹមចង់ក្លាយជាបុគ្គលមានតម្លៃរបស់ខ្ញុំ ពាក្យមាក់ងាយ ការឈឺចាប់ដែលខ្ញុំធ្លាប់ចួបប្រទះ ដែលបានជួយបញ្ឆេះកម្លាំងជម្រុញចិត្តឱ្យខ្ញុំអាចដើរមកដល់ចំណុចនេះទៅណាអស់ហើយ។ មួយវិញទៀត ខ្ញុំក៏ចាប់ផ្តើមសើររើពី រឿងកន្លងមក មានការបាត់បង់ដែលខ្ញុំធ្លាប់ចួបប្រទះ កំហុសដែលខ្ញុំធ្លាប់បានប្រព្រឹត្តជាច្រើនលើកច្រើនសារ រហូតស្ទើរតែធ្វើឱ្យខ្ញុំក៏បាត់បង់គុណតម្លៃនៃភាពជាមនុស្សរបស់ខ្ញុំទៅហើយ។
ជម្រើសតែមួយដើម្បីវាយបកចំពោះការឈឺចាប់នេះ មានតែការបត់បែន ការសម្រេចចិត្តទទួលយកការឈឺចាប់ និងចាប់ផ្តើមផ្លាស់ប្តូរទេដែលអាចស្រោចស្រង់ខ្ញុំបាន។ ខ្ញុំចាប់ផ្តើមក្រោកពីកន្លែងដេកដែលមានភាពរញ៉េរញ៉ៃ សក់ក្បាលក្រន្តើង រកថាមិនយល់ ទៅចាប់អនុវត្តទម្លាប់ចាស់ដែលខ្ញុំធ្លាប់បានអនុវត្តហើយធ្វើឱ្យជីវិតខ្ញុំមានក្តីសុខកាលពីមុនឡើងវិញ។ ការពិតទៅពីមុនខ្ញុំក៏មានធ្លាប់ផ្លាស់ប្តូរខ្លួនឯងបានមួយភាគផងដែរ ប៉ុន្តែដោយសារការមិនអាចរើខ្លួនពីអន្ទាក់អូសទាញក្នុងការប្រៀបធៀប ការមើលស្រាល ធ្វើឱ្យខ្លួនបាត់អស់ទំនុកចិត្ត ធ្វើឱ្យខ្លួនភ្លេចអស់រឿងពូកែ ការសម្រេចសមិទ្ធិផលដែលខ្លួនបានសម្រេចកន្លងមក រហូតដល់ថ្នាក់រកតែក្តីសង្ឃឹមតែ១%ឱ្យខ្លួនឯងគ្មាន។ ចុងក្រោយខ្ញុំក៏បានគិតដល់មនុស្សសំខាន់មួយចំនួនតូចដែលខ្ញុំនៅមានសេសសល់ក្នុងជីវិត តើពួកគាត់រីករាយទេដែលឃើញខ្ញុំក្នុងស្ថានភាពបែបនេះ? ឯណាពាក្យសន្យាថាចង់ឱ្យគាត់មានការរស់នៅបានស្រណុកសុខស្រួលដើម្បីឆ្លើយតបនឹងការលះបង់ដ៏ធំធេងរបស់ពួកគាត់? ឯណាទៅការស្រមៃថាខ្លួននឹងក្លាយជាមនុស្សដែលអាចលើកយកសាច់រឿងឈឺចាប់ក្នុងជីវិតរបស់ខ្លួនទៅបង្កើតតម្លៃរបស់ខ្លួន?
គំនិតឆ្កួតៗជួយជម្រុញទឹកចិត្ត គំនិត២ ៣បានលេចចេញក្នុងខួរក្បាលរបស់ខ្ញុំបានលេចចេញជារូបភាពឡើង ខ្ញុំក៏ប្រញាប់ទៅទាញប៊ិក និងសៀវភៅ ធ្វើការគូសវាសចុះឡើងៗ ខ្ញុំក៏ចាប់ផ្តើមមានគំនិត១គឺខ្ញុំបានចាប់ផ្តើមទាញទូរសព្ទមើល និងស្រាវជ្រាវបន្ថែមលើអ៊ីនធើណេតខ្លះ ក៏បង្កើតជាក្រុមមួយមានឈ្មោះSMST® គឺជាក្រុមដែលបង្កើតឡើងក្រោមការចង់ជួយគាំទ្រ យុវជន ខ្ញុំក៏ចាប់ផ្តើមផុស និងស្វែងរកអ្នកចូលរួម ជាចុងក្រោយខ្ញុំក៏បានទទួលមនុស្សចំនួន៥នាក់មកចាប់ផ្តើម។ ហើយខ្ញុំក៏ចាប់ផ្តើមមានកម្លាំងចិត្តឡើងវិញ ហើយអបអរចំពោះជោគជ័យតូចតាចក្នុងការស្វែងរកសមាជិកចូលរួមរបស់ខ្ញុំបានដោយជោគជ័យ។ ខ្ញុំត្រលប់មកសរសេរ គោលដៅរបស់ខ្លួនលើផ្ទាំងក្រដាសធំ ដើម្បីបិទនៅជិតក្បាលដំណេក ហើយចាប់ផ្តើមធ្វើការ Challenge ក្នុងការធ្វើទម្លាប់ល្អមួយចំនួន ដើម្បីធ្វើជាគម្រូដល់សមាជិកក្រុមរបស់ខ្ញុំ។ ដែលផែនការទាំងនោះមាន៣ចំណុចគឺ៖
ទី១៖ ដើម្បីខ្លួនឯង ពង្រឹងខ្លួនឯងឱ្យក្លាយជាធនធានមនុស្សក្នុងសង្គមម្នាក់ ដូច្នេះមានតែខ្ញុំខ្លាំងទើបអាចជួយមនុស្សជាទីស្រលាញ់ និងសង្គមបាន។ ខ្ញុំត្រូវតែកែប្រែ លត់ដំខ្លួនឱ្យក្លាយជាមនុស្សមានតម្លៃម្នាក់ ដែលអាចគ្របដណ្តប់ដោយការគិតវិជ្ជមាន មានភាពក្លាហាន ហ៊ានប្រថុយដោយមានការគិតពិចារណាឱ្យបានល្អិតល្អន់ជាងមុន ហើយមានការតាំងចិត្តចំពោះការផ្លាស់ប្តូរមួយនេះជាចាំបាច់។
ទី២៖ ដើម្បីគ្រួសាររបស់ខ្ញុំ គ្រួសារគឺជាកន្លែងដែលខ្ញុំបាននៅជាមួយតាំងពីចាប់កំណើតមកម៉្លេះ ទោះ បីមានបញ្ហាកើតឡើងរកាំរកូសខ្លះ មានការសម្រេចចិត្តខ្លះដោយគ្មានសមាជិកណាម្នាក់គាំទ្រ ក៏ពួកគាត់នៅតែជាមនុស្សដែលចង់ឃើញភាពជោគជ័យរបស់ខ្ញុំ និងរង់ចាំសាទរដោយភាពអំណរពិតប្រាកដសម្រាប់ខ្ញុំ។ ដូច្នេះហើយ មានតែខ្ញុំអាចជួយខ្លួនឯងជាមុន មានតែខ្ញុំអាចស្រលាញ់មើលថែខ្លួនបានល្អ ទើបខ្ញុំអាចធ្វើជាចំណែកបំពេញបន្ថែមទៅកាន់ពួកគាត់។
ទី៣៖ ដើម្បីអាចធ្វើជាចំណែកអាចចែករំលែកទៅកាន់សង្គមជាតិ ព្រោះតែខ្ញុំធ្លាប់មានក្តីស្រមៃតាំងពីតូចមក ខ្ញុំចង់មានមូលនិធិជួយផ្តល់ជាសម្ភារៈសិក្សាកុមារតាមតំបន់ដាច់ស្រយាល និងចែករំលែកចំណេះដឹងដែលខ្លួនមានខ្លះៗទៅកាន់សង្គម និងយុវជនជំនាន់ក្រោយ ខ្ញុំក៏បានចាប់ផ្តើមក្រុមមួយដែលបង្កើត និងដឹកនាំដោយខ្ញុំផ្ទាល់។ ក្រុមរបស់ខ្ញុំគឺមានចំនួន៤នាក់ ដែលពួកយើងមានទស្សនៈវិស័យប្រហាក់ប្រហែលគ្នា។ សម្រាប់ខ្ញុំ ខ្ញុំមានបំណងដឹកនាំក្រុមការងារនេះឱ្យក្លាយជាអង្គភាពអាជីវកម្ម អាចរកចំណូលដើម្បីឧបត្ថម្ភឱ្យពួកគាត់មានឱកាសបានរៀនជំនាញសំខាន់ទៅកាន់សមាជិកគ្រប់គ្នាររបស់ក្រុមខ្ញុំ អាចរកប្រាក់ចំណូលដើម្បីមានបៀវត្សសម្រាប់ជួយពួកគាត់ឱ្យចិញ្ចឹមជីវិតដោយខ្លួនឯង ហើយខ្ញុំក៏ចង់ឱ្យខ្លួនអាចដើរឱ្យដល់ចំណុចសំខាន់មួយនៃគោលដៅដែលខ្ញុំនឹងបង្កើតក្រុមនេះឡើង គឺដកប្រាក់ចំណូលមួយភាគបង្កើតមូលនិធិខ្នាតតូច មធ្យម ឬធំតាមភាពជាក់ស្តែង ដើម្បីផ្គត់ផ្គង់សម្ភារៈសិក្សាដល់កុមារនៅតាមតំបន់ដាច់ស្រយាល និងផ្តល់ប្រាក់ឧបត្ថម្ភមួយភាគទៅកាន់គ្រូបង្រៀនតាមតំបន់ដើម្បីឱ្យគាត់អាចជួយបង្ហាត់បង្រៀនក្មេងៗទាំងនោះបន្ថែមទៀត។
ចំណែកការChallenge បណ្តុះទម្លាប់សម្រាប់ខ្លួនវិញគឺខ្ញុំបានធ្វើការដាក់កម្រិតខ្លួនឯងធ្វើរឿងមួយចំនួន ប៉ុន្តែមានការលើកទឹកចិត្ត និងដាក់វិន័យចំពោះខ្លួនឯងផងដែរ ដែលការChallengeនោះមានដូចជា៖
១. ឆាប់ចូលគេង និងឆាប់ក្រោកពីព្រលឹម
២. ពេលក្រោកពីដំណេកត្រូវអានសៀវភៅ ស្តាប់ពាក្យជម្រុញលើកទឹកចិត្ត យ៉ាងហោច ៣០នាទី ទៅ ១ម៉ោង មុនចូលគេងក៏ធ្វើបែបនឹងដែរ
៣. ធ្វើការហាត់ប្រាណជាប្រចាំ ដើម្បីកាត់បន្ថយភាពតានតឹង ជាពិសេសគឺនៅពេលល្ងាច ពេលដែលរាងកាយចាប់ផ្តើមអស់កម្លាំង ឬក៏ទាល់គំនិតពេលធ្វើកិច្ចការអ្វីមួយ
៤. ធ្វើសមាធិ ដើម្បីសម្រួលអារម្មណ៍ឱ្យស្ងប់
៥. ធ្វើYogaសម្រួលភាពចុករោយរាងកាយ ដើម្បីឱ្យស្រួលខ្លួនម្តងម្កាល
ដោយសារការមានគំនិតចង់ចែករំលែកទៅកាន់អ្នកដទៃ ទើបខ្ញុំបានចាប់ផ្តើមជួយខ្លួនឯង ដូចពាក្យមួយឃ្លាបានពោលថា «បើចង់ធ្វើជាទៀន ត្រូវអុជបំភ្លឺខ្លួនមុនចង់ជះពន្លឺទៅកាន់អ្នកដទៃ» ដូច្នេះគ្រប់យ៉ាងត្រូវតែចាប់ផ្តើមពីខ្លួនខ្ញុំជាមុន គឺត្រូវស្វែងរកចំណេះដឹងដាក់ខ្លួន បណ្តុះពុទ្ធិ ស្វែងរកគំនិត គិតវិជ្ជមានជាប្រចាំ កាត់បន្ថយនូវអ្វីដែលគ្មានភាពប្រសើរ និងរីកចម្រើនក្នុងជីវិត ចាប់ផ្តើមតាមដានជីវិតមនុស្សដែលចែករំលែកដោយភាពវិជ្ជមានជាដើម។
នៅក្នុងដំណើរដែលខ្ញុំបានឆ្លងកាត់ផ្ទាល់ វាពិតជាមិនងាយស្រួលឡើងនៅក្នុងការចង់ឱ្យខ្លួនអាចផ្លាស់ប្តូរផ្នត់គំនិត ដើម្បីរំដោះខ្លួនឱ្យចេញផុតពីទម្លាប់ដែលបានចាក់ឫសយូរឆ្នាំគួរសមដែរនៅក្នុងជីវិត ដូច្នេះត្រឹមតែការគិតចង់ឱ្យខ្លួនមាន «ការគិតល្អ ធ្វើល្អ សកម្មភាពល្អ មានភាពរីកចម្រើនក្នុងជីវិត» វាប្រហែលជាមិនអាចទៅរួចទេ ប៉ុន្តែវាក៏អាចទៅរួចបើយើងចាប់ផ្តើមធ្វើសកម្មភាព។ មួយវិញទៀតការធ្វើសកម្មភាពរយៈពេលត្រឹមតែ១ថ្ងៃ ២ក៏នៅតែមិនអាចជួយបានច្រើនណាស់ណាទេ ព្រោះជាក់ស្តែងយើងត្រូវការពេលដើម្បីធ្វើការផ្លាស់ប្តូរ ត្រូវស្វែងរកចំណេះដឹង ដើម្បីមកកែទស្សនៈ កែប្រែការគិត ដែលយល់បែបខុសៗអស់ពេលជាយូរលង់ណាស់មកហើយ។ ក្រៅពីការសម្រេចចិត្តផ្លាស់ប្តូរ រកចំណេះបណ្តុះពុទ្ធិ រឿងមួយដែលយើងត្រូវដឹងគឺ «គ្មានអ្វីឈឺចាប់ជាងការផ្លាស់ប្តូរនោះទេ ប៉ុន្តែការផ្លាស់ប្តូរគឺជាផ្លែផ្កាដ៏ផ្អែមឆ្ងាញ់សម្រាប់ជីវិតផងដែរ»។
ឧទាហរណ៍៖ ក្តាមទាល់តែសកទើបរឹងមាំ, ឥន្ទ្រីដែលចាស់ទាល់តែកាច់ក្រញាំ និងចំពុះទើបអាចត្រលប់មកក្លាយជាឥន្ទ្រីដែលខ្លាំង។ នៅក្នុងដំណើរនៃការផ្លាស់ប្តូរ របស់សត្វក្តាម និងឥន្ទ្រី វាពិតជាធ្វើឱ្យវាក្លាយជាសត្វដែលទន់ខ្សោយ លាក់ខ្លួននៅកន្លែងដែលដាច់ឆ្ងាយ ដើម្បីរក្សាសុវត្ថិភាព ពីការយាយីរបស់សត្វដែលប្រមាញ់សត្វទន់ខ្សោយជាចំណី។ បើយើងគិតទៅវាពិតជាឈឺចាប់ វាពិតជាវេទនាខ្លាំងណាស់ អំឡុងពេលដែលសត្វក្តាម និងឥន្ទ្រីត្រូវធ្វើការផ្លាស់ប្តូរ ប៉ុន្តែលទ្ធផលមួយដែលអស្ចារ្យ គឺសត្វទាំងពីរប្រភេទនឹងអាចក្លាយទៅជាសត្វដែលរឹងមាំជាងពេលមុនទៅទៀត។ យោងតាមការលើកឡើងជាឧទាហរណ៍ខ្លីៗខាងលើ មិត្តអ្នកអានប្រហែលជាអាចស្រមៃមើលថាតើ ការឈឺចាប់វាអាចមានទំហំប៉ុណ្ណា ទោះបីរឿងខ្លះមិនបានកើតលើខ្លួនយើងផ្ទាល់ក៏ដោយ ប៉ុន្តែជាលទ្ធផលយើងអាចកែប្រែបែបបទជីវិតឱ្យកាន់តែល្អប្រសើរមួយជាក់មិនខាន។
មានមេរៀនសំខាន់ចំនួនបួនដែលខ្ញុំបានធ្វើការចែករំលែកតាមរយៈអត្ថបទមួយនេះ ទី១គឺ ការព្យាយាមស្វែងរកខ្លួនឯង រកឱ្យឃើញពីអ្វីដែលខ្លួនចង់ធ្វើ ហើយធ្វើវាឱ្យអស់ពីលទ្ធភាពដើម្បីកុំឱ្យជីវិតចួបនូវការសោកស្តាយ ទី២គឺយកចិត្តទុកដាក់ឱ្យតម្លៃចំពោះវត្តមានមនុស្សសំខាន់ៗក្នុងជីវិតរស់នៅ ទី៣ កុំធ្វេសប្រហែសចំពោះជំងឺបាក់ទឹកចិត្តព្រោះវាជាមេរោគមួយដែលអាចបំផ្លាញពេលវេលា សេចក្តីសុខសុភមង្គលក្នុងជីវិតរបស់អ្នក ទី៤ គ្មានការចាប់ផ្តើមណាប្រសើរជាងការទទួលយក និងសម្រេចចិត្តទទួលយកការផ្លាស់ប្តូរនោះទេ។ អត្ថបទនេះពិតជាមានតម្លៃខ្លាំងបំផុតក្នុងការបង្កើតទំព័រថ្មីក្នុងការចង់នាំខ្លួនឯងឱ្យក្លាយជាអ្នកនិពន្ធនាពេលខាងមុខ។ សម្រាប់អត្ថបទមួយនេះ ជាការចាប់ផ្តើមសរសេរជាលើកទី១របស់ខ្ញុំ ដូច្នេះហើយទោះវាមិនមានអ្វីដែលល្អ ឬនៅមានកំហុសក្នុងការសរសេរ ក៏ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ប្រសិនបើខ្ញុំមានការចាប់ផ្តើម ទោះបីមានកំហុសឆ្គាំឆ្គងខ្លះ ក៏ខ្ញុំនៅតែមានឱកាសក្នុងការកែតម្រូវ ហើយមុខជាអាចបង្កើតលទ្ធផលថ្មីសម្រាប់សកម្មភាពមួយនេះ។ ដើម្បីអាចក្លាយជាអ្នកនិពន្ធត្រូវចាប់ផ្តើមពីការធ្វើជាអ្នកដែលពូកែអាន និងចាប់ផ្តើមចំណាយពេលជាមួយការសរសេរ ទោះតិចក្តីច្រើនក្តី។ ដើម្បីអាចក្លាយជាមនុស្សដែលអាចចែករំលែកទៅកាន់គ្រួសារ ទៅកាន់អ្នកដទៃ ទៅកាន់សង្គមបាន ខ្ញុំខ្លួនឯងក៏ត្រូវចាប់ផ្តើមធ្វើជាមនុស្សដែលអាចជួយ និងអភិវឌ្ឍខ្លួនឯងដូចគ្នា។ ដូច្នេះហើយឱកាសដែលល្អបំផុត និងការពិន័យខ្លួនឯងដែលល្អបំផុតសម្រាប់ខ្ញុំ គឺខ្ញុំត្រូវតែដឹកនាំខ្លួនទៅរកការអភិវឌ្ឍ ស្វែងរកចំនេះ បន្តពង្រឹងជំនាញជារៀងតទៅ គ្មានឡើយពាក្យថា «រៀនទាន់មានឱកាស ព្រោះការស្វែងរកចំណេះគ្មានទីបញ្ចប់ឡើយ»។ ហើយលើលោកនេះរបស់ដែលប្រាក់មិនអាចទិញបានក្រៅពីភាពស្មោះត្រង់ ពេលវេលា នោះគឺ «បទពិសោធន៍» ដើម្បីអាចក្លាយខ្លួនជាមនុស្សមានចំណេះត្រូវបន្តរៀនគ្មានដែនកំណត់ ដើម្បីអាចក្លាយជាមនុស្សមានជំនាញគឺត្រូវបន្តធ្វើ និងកែលំអជានិច្ចជាកាល។
ជាចុងក្រោយ មនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិសម្រាប់ការជ្រើសរើស ក្នុងចំណោមការចំណាយពេលឈឺចាប់បន្តជាមួយអតីតកាលដែលវាជាភាពអវិជ្ជមានគ្មានថ្នាំព្យាបាល គឺរ៉ាំរ៉ៃ រីងរ៉ៃ គ្មានថ្ងៃអាចដោះស្រាយបាន ឬទទួលយកជម្រើសមួយទៀតដើម្បីផ្តល់ថាមពលវិជ្ជមានដោយការទទួលស្គាល់កំហុស បញ្ហារំខានជីវិត ហើយទុកវាមេរៀនមានតម្លៃបំផុតនៅក្នុងជីវិតនោះទេ? ប្រសិនបើសួរមិត្តអ្នកអានវិញ ខ្ញុំគិតថាមមានមិត្តខ្លះប្រហែលជាធ្លាប់ឆ្លងកាត់លើសពីអ្វីដែលខ្ញុំបានចួប ប៉ុន្តែមានមិត្តអ្នកអានខ្លះក៏ប្រហែលជាមិនទាន់បានចួបនៅឡើយទេ។ ប្រវត្តិមិនល្អទាំងអស់នេះហើយដែលជាមេរៀនធ្វើឱ្យខ្ញុំចេះស្គាល់ការឈឺចាប់ ភាពលំបាកវេទនាដែលខ្ញុំតែងតែស្រមៃថាថ្ងៃមួយខ្ញុំនឹងអាចលាតត្រដាងពីមេរៀនទាំងអស់នេះ តាមរយៈសៀវភៅដែលខ្ញុំនិពន្ធ និងក្លាហានចែករំលែកជាសាធារណៈ ដែលមេរៀនជីវិតទាំងនេះបានបង្រៀនខ្ញុំឱ្យក្លាយជាមនុស្សដូចថ្ងៃនេះ និងកំពុងពុះពារទៅរកបុគ្គលិកលក្ខណៈដែលកាន់តែប្រសើរជាងនេះនៅថ្ងៃខាងមុខ៕