រឿង៖ កូនប្រសាពេទ្យ

ខែកុម្ភៈ ឆ្នាំ២០២១…
“សូមជូនព័ត៌មានទាន់ហេតុការណ៍! រាជរដ្ឋាភិបាលសម្រេចដាក់ឈ្មោះការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ទ្រង់ទ្រាយធំជាលើកទី៣ ថាជា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» នេះបើយោងតាមប្រសាសន៍របស់ប្រមុខដឹកនាំនៅក្នុងសន្និសីទកាសែតកាលពីព្រឹកមិញនេះ….”
សំឡេងរបស់អ្នកសារព័ត៌មានលាន់រំពងចេញពីក្នុងទូរទស្សន៍ បាននឹងកំពុងដាស់អារម្មណ៍របស់យើងទាំងអស់គ្នាឱ្យងាកចេញពីការងារ មកផ្ទៀងស្ដាប់សេចក្ដីជូនដំណឹងក្ដៅៗនេះវិញ។
“ក្រោយការរកឃើញជាបន្តបន្ទាប់នូវចំនួនអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ព្រមទាំងទីតាំងមួយចំនួនដែលអ្នកវិជ្ជមានកូវីដ១៩ធ្លាប់បានទៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំសន្និសីទកាសែត ដោយមានការថ្លែងសារសំខាន់ៗមួយចំនួនទៅកាន់បងប្អូនជនរួមជាតិដូចខាងក្រោម…”
ខ្ញុំបែរទៅសម្លឹងមើលអ្នករួមការងារផ្សេងទៀត ដែលកំពុងឈរដកដង្ហើមធំក្រោយពេលបានស្ដាប់ព័ត៌មានមួយនេះទាំងព្រឹក។
“ស៊ីនួន! ម៉េចទៅយាយ ឃើញដូចជាភ្លឹកៗ!”
មិត្តជិតស្និទ្ធរបស់ខ្ញុំសួរមក ព្រោះឃើញខ្ញុំហាក់ដូចជាមិនសូវស្រួលខ្លួន។ នាងឈ្មោះ វត្តី ជាគ្រូពេទ្យដែលចេញធ្វើការឆ្នាំដំណាលគ្នាជាមួយខ្ញុំដែរ ទើបពួកយើងចូលចិត្តហៅគ្នាថា «យាយៗ» បែបនេះ។ ពួកយើងធ្វើការនៅមន្ទីរពេទ្យបង្អែកមួយនៅក្នុងទីរួមស្រុក។
“មានយ៉ាងម៉េចយាយ! អារម្មណ៍ជាគ្រូពេទ្យ ពេលដែលឮថាមានការឆ្លងក្នុងសហគមន៍ ទោះមិនទាន់រកឃើញនៅក្នុងតំបន់យើង តែក៏មិនមែនបានន័យថាគ្រប់យ៉ាងមិនអីដែរ!”
“កុំទៅគិតច្រើនពេកយាយ! ប្រហែលជារដ្ឋាភិបាល និងក្រសួងសុខាភិបាលអាចគ្រប់គ្រងស្ថានការណ៍បាន ព្រោះយើងធ្លាប់ឆ្លងកាត់ការផ្ទុះក្នុងសហគមន៍បែបនេះពីរលើកមកហើយ!”
“ហ៊ឺម! គ្នាក៏សង្ឃឹមថាអ្វីៗនឹងអាចប្រសើរឡើងវិញឆាប់ទៅចុះ! គ្នាបារម្ភខ្លាំងតែអ្នកផ្ទះទេ មានទាំងមនុស្សចាស់និងកូនក្មេង!”
ខ្ញុំញញឹមបន្តិចដើម្បីលើកទឹកចិត្តខ្លួនឯង ក៏ដូចជាផ្ដល់កម្លាំងចិត្តដល់នាងដូចគ្នា។
ល្ងាចនេះខ្ញុំជិះម៉ូតូចេញពីពេទ្យមកផ្ទះវិញទាំងមិនស្រណុកចិត្ត។ អ្នកនៅក្នុងភូមិខ្ញុំហាក់ដូចជាមិនសូវមាននរណាចាប់អារម្មណ៍ចំពោះរឿងផ្ទុះកូវីដនៅក្នុងសហគមន៍នេះទេ។ នៅតាមកន្លែងលក់ដូរផ្សេងៗ ទាំងអ្នកលក់និងអ្នកទិញគ្មាននរណាពាក់ម៉ាស ឬមានដបអាល់កុលសម្រាប់បាញ់សម្អាតដៃសោះ។ ខ្ញុំគ្រវីក្បាលហួសចិត្តតែម្នាក់ឯង ព្រោះអស់តម្រិះនឹងពន្យល់ណែនាំពួកគាត់។
មកដល់ផ្ទះភ្លាម អ្វីដែលខ្ញុំធ្វើមុនគេនោះគឺបាញ់អាល់កុល។ ខ្ញុំបាញ់ ឈីត! ឈីត! … ពេញសព្វទាំងខ្លួនសឹងថាដូចគេងូតទឹក រួចទើបចូលទៅផ្លាស់សម្លៀកបំពាក់ដាក់ក្នុងម៉ាស៊ីនបោក។
“ម៉ាក់ៗ!” ជាសំឡេងកូនប្រុសអាយុពីរខួបរបស់ខ្ញុំ ដែលរត់តេះតះចេញពីក្នុងបន្ទប់បម្រុងចូលមករកខ្ញុំ។
ខ្ញុំប្រញាប់រាដៃស្រែកឃាត់គេ៖
“មេត្តា! កុំចូលមកកូន! ម៉ាក់ទើបមកពីធ្វើការ កខ្វក់ណាស់! ចាំម៉ាក់ៗងូតទឹកហើយសិន ចាំម៉ាក់ទៅលេងជាមួយកូនណា៎!”
“អូន! មកវិញហើយអ្ហេស? មេត្តាមកប៉ាៗសិនមកកូន!” បងរតនៈឃើញខ្ញុំមកដល់ ក៏រត់តាមចាប់កូនដ៏សែនរពឹសនេះឡើងហត់គឃូស។
“ចា៎បង! ថ្ងៃនេះអូនជាប់បង្ហើយការងារទើបមកវិញរាងយឺតបន្តិច!”
“ចឹងអូនឆាប់ទៅរកងូតទឹកទៅ ឱ្យបានត្រជាក់ខ្លួន ឆាប់មានកម្លាំង!” ស្វាមីរបស់ខ្ញុំតឿនទាំងញញឹម ហើយលើកកូនចូលទៅក្នុងបន្ទប់វិញ។
គ្រួសាររបស់ខ្ញុំ ក្រៅពីពួកយើងទាំងបីនាក់ នៅមានម្ដាយក្មេកខ្ញុំម្នាក់ទៀត។ យើងរស់នៅក្នុងផ្ទះផ្ទាល់ខ្លួនដែលជាកេរពីជីដូនជីតាខាងប្ដីខ្ញុំ។ ទោះបីផ្ទះនេះមិនសូវជាធំប៉ុន្មានតែវាពិតជាទីកន្លែងដ៏កក់ក្ដៅណាស់សម្រាប់ខ្ញុំ។
ក្រោយពីងូតទឹក និងនិយាយលេងជាមួយកូនបន្តិចមក ខ្ញុំក៏ឆ្លៀតចេញមកជួយធ្វើម្ហូបម្ដាយក្មេកខ្ញុំដើម្បីឆាប់បានញ៉ាំអាហារពេលល្ងាចជាមួយគ្នា។ ខ្ញុំមើលទៅទឹកមុខរបស់គាត់ហាក់ដូចជាពុំសូវស្រស់បស់ ទើបសួរនាំសុខទុក្ខរបស់គាត់។
“ម៉ាក់! ម៉ាក់មិនស្រួលខ្លួនមែនទេ? ម៉ាក់ទៅសម្រាកចុះ ទុកទីនេះឱ្យខ្ញុំអ្នកធ្វើវិញ ម៉ាក់ហត់ពេញមួយថ្ងៃហើយ!”
ម្ដាយក្មេកខ្ញុំមិនបានមើលមកខ្ញុំទេ តែគាត់តបមកវិញក្នុងសំឡេងតិចៗ៖
“មិនអីទេ! ម្នាក់មួយដៃមួយជើងឆាប់បានញ៉ាំ!”
ខ្ញុំញញឹមស្រាលដាក់គាត់ ហើយក៏ប្រញាប់ញាប់ដៃជួយទម្រាំតែបានឆ្អិន។ ប្ដីរបស់ខ្ញុំដាក់កូនឱ្យគេងរួចទើបចេញមកអង្គុយចុចទូរស័ព្ទមើលព័ត៌មាននៅនឹងតុបាយ។
“នៅភ្នំពេញថ្ងៃនេះមានករណីឆ្លងច្រើនណាស់! ហ៊ើយ! ស្រួលមិនស្រួលសាលារៀនត្រូវបិទទ្វារដូចឆ្នាំមុនទៀតហើយមើលទៅ!”
ដោយសារគាត់ជាគ្រូបង្រៀន ដូច្នេះអាទិភាពទីមួយដែលគាត់នឹកឃើញដល់ គឺភាពស្ងាត់ជ្រងំនៃការបិទសាលារៀន។ ស្ទើរតែពេញមួយឆ្នាំសិក្សាដែលសិស្សានុសិស្សមិនអាចចូលរៀនបាននៅក្នុងសាលា ធ្វើឱ្យគ្រូបង្រៀនទាំងអស់ត្រូវរិះរកមធ្យោបាយគ្រប់រូបភាពដើម្បីជួយសិស្សឱ្យនៅតែអាចទទួលបានការអប់រំ។
ខ្ញុំលើកបាយនិងម្ហូបមកដាក់លើតុបណ្ដើរៗ ព្រមទាំងតបទៅកាន់គាត់៖
“មិនដឹងយ៉ាងម៉េចទេបង! ខ្ញុំមានអារម្មណ៍ថាលើកនេះមិនដូចជាកាលពីលើកមុនៗទេ ខ្លាចក្រែងតែឆ្លងដល់ភូមិស្រុករបស់យើងអីហ្នឹង ដឹងតែចប់ហើយ! ខ្ញុំឃើញអ្នកភូមិរបស់យើងទាំងក្មេងទាំងចាស់ហាក់ដូចជាគ្មានខ្លាចក្រែងជំងឺនេះសោះ! បើតែយ៉ាងនេះ មិនយូរមិនឆាប់ទេមុខជាពិបាកទាំងអស់គ្នាមិនខាន!”
ម្ដាយរបស់ខ្ញុំចូលមកអង្គុយលើកៅអីមិនមាត់មិនក តែខ្ញុំសង្កេតឃើញទឹកមុខរបស់គាត់តានតឹងប្លែកជាងសព្វដង។
“ម៉ាក់ក៏រឹតតែត្រូវប្រយ័ត្នជាងមុនដែរ! ពេលទៅផ្សារកុំភ្លេចពាក់ម៉ាស់ និងយកអាល់កុលទៅជាប់ខ្លួនផង!” ខ្ញុំឆ្លៀតផ្ដាំផ្ញើគាត់ព្រោះរាល់ថ្ងៃនេះ ការងារទិញម្ហូបនិងដាំស្លគឺម្ដាយក្មេកខ្ញុំជាអ្នករៀបចំទាំងអស់ ព្រោះតែខ្ញុំភាគច្រើនគឺជាប់រវល់ធ្វើការ។
“មែនហើយម៉ាក់! ម៉េចម៉ាម៉ាក់មិនបាច់ទៅផ្សារទេ សុខភាពម៉ាក់មិនសូវមាំទាំស្រាប់ផង!” បងរតនៈនិយាយយល់ស្រប។
ម៉ាក់ដកដង្ហើមធំបន្តិចទើបទម្លាក់ស្លាបព្រាបាយចុះ៖
“ហ៊ើយ! បើម៉ាក់មិនទៅទិញ អ្នកនៅផ្ទះនេះបានស្អីហូប? ចំណាស់នេះទៅហើយ ស្មានតែម៉ាក់មិនចេះខ្លាចទេអី?”
ខ្ញុំទម្លាក់មុខចុះបន្តិច តែតាមរយៈកន្ទុយភ្នែកខ្ញុំឃើញបងរតនៈបែរមកលួចមើលខ្ញុំ។ ខ្ញុំដឹងថាម៉ាក់ចង់មានន័យបែបណា? គាត់សង្ឃឹមថាបានកូនប្រសារមកគ្រាន់ជំនួសការងារដៃជើងរបស់គាត់ និងមើលថែទាំគ្រួសារ តែខ្ញុំបែរជាមួយថ្ងៃៗជាប់នៅតែនឹងកន្លែងការងារ។
កាលពីទើបរៀបការរួច ភាគច្រើនគឺខ្ញុំជាអ្នកធ្វើការងារទាំងអស់នេះ ក្រោយត្រឡប់មកពីធ្វើការវិញ ឬនៅថ្ងៃឈប់សម្រាក។ តែចាប់តាំងពីមានករណីផ្ទុះកូវីដមក ការងារកាន់តែមមាញឹកច្រើនជាងមុន។ ថ្វីបើមិនទាន់មានការឆ្លងជាសហគមន៍នៅទីនេះ តែបងប្អូនពលករដែលមកពីប្រទេសថៃបាននាំគ្នាធ្វើចំណូលស្រុកមកវិញ ហើយចូលធ្វើចត្តាឡីស័កតាមមណ្ឌល និងត្រូវបានរកឃើញថាមានផ្ទុកវិជ្ជមានបន្តបន្ទាប់ជាហូរហែ។ ក្រុមគ្រូពេទ្យមួយចំនួនត្រូវប្ដូរឱ្យទៅធ្វើការនៅកន្លែងព្យាបាល ដូច្នេះហើយបានជាពួកខ្ញុំដែលជាបុគ្គលិកផ្នែករដ្ឋបាល ត្រូវទទួលបន្ទុកការងារច្រើន។
“មិនអីទេម៉ាក់! ចាប់ពីស្អែកទៅចាំខ្ញុំអ្នកទៅទិញបន្លែបន្លុកជំនួសម៉ាក់វិញ ពេលខ្ញុំចេញពីធ្វើការ! ម៉ាក់នៅតែផ្ទះជួយមើលអាអូនបានហើយ!”
បងរតនៈព្យាយាមនិយាយលួងលោមម៉ាក់ ព្រមទាំងងាកមកញញឹមដាក់ខ្ញុំយ៉ាងស្រទន់។ ខ្ញុំកក់ក្ដៅក្នុងចិត្តរកថាមិនត្រូវ ទោះបីជាមិនអាចនិយាយចេញមកបាន តែខ្ញុំដឹងថាប្ដីរបស់ខ្ញុំយល់បានតាមរយៈស្នាមញញឹម និងពន្លឺក្នុងកែវភ្នែករបស់ខ្ញុំជំនួសហើយ។
ពេលវេលាកន្លងទៅបានមួយខែ ស្ថានការណ៍ហាក់កាន់តែតឹងតែង។ ចំនួនករណីនៃការឆ្លងត្រូវបានកត់ត្រាច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងរីករាលដាលទៅតាមខេត្ត ក្រុង មួយចំនួនទៀតនៃប្រទេស។
ព្រឹកនេះជាព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍ខ្ញុំពុំបានទៅធ្វើការទេ តែខ្ញុំនៅតែត្រូវក្រោកពីព្រលឹមដើម្បីធ្វើអាហារពេលព្រឹកឱ្យស្វាមី និងអ្នកម្ដាយក្មេក។ ចំណែកបងរតនៈកំពុងតែរៀបចំស្លៀកពាក់ ត្រៀមចេញទៅធ្វើការ។
ក្លិនកាហ្វេដ៏សែនឈ្ងុយ បានធ្វើឱ្យអារម្មណ៍របស់ខ្ញុំហាក់បានស្រស់ស្រាយឡើង។ បងរតនៈដើរចេញមកពីបន្ទប់ពីពេលណាក៏មិនដឹង ស្រាប់តែចូលមកឱបចង្កេះខ្ញុំ ហើយដាក់ចង្ការបស់គាត់មកលើស្មារបស់ខ្ញុំ។
“បងឯងធ្វើអីអ៊ីចឹង? តិចម៉ាក់មកឃើញ!” ខ្ញុំងាកក្បាលចេញបន្តិច ព្រមទាំងបែរមុខទៅមើលគាត់។
“ម៉ាក់មិនឃើញទេ! ថ្មើរនេះគាត់កំពុងនៅមើលអាអូនក្នុងបន្ទប់ឯណោះ!” គាត់និយាយចប់ក៏ឱនមុខចូលមកប្រុងថើបខ្ញុំទៀត។
“បង…!” ខ្ញុំយកដៃទៅមួលក្ដិចដៃរបស់គាត់តិចៗ ដូចជាខ្លាចគាត់ឈឺណាស់អ៊ីចឹង។
“ខ្មាសអីអូន? ធ្វើមើលតែមិនធ្លាប់…!”
ខ្ញុំប្រញាប់យកនំឆាខ្វៃមួយចំហៀងពីចានមកញ៉ុកបញ្ចូលមាត់គាត់ មុនពេលគាត់អាចនឹងនិយាយអ្វីឱ្យខ្ញុំអៀនខ្លាំងជាងនេះ។ គាត់សម្លក់មកខ្ញុំវិញទាំងមាត់នៅទំពាឆាខ្វៃឃ្មាមៗ ធ្វើមុខគួរឱ្យក្នាញ់ ខ្ញុំក៏ញាក់ចិញ្ចើមព្រើតឌឺទៅគាត់វិញ។
តាំងពីពេលដែលយើងទាក់ទងគ្នារហូតមកដល់ពេលនេះ យើងពុំដែលធ្លាប់មានរឿងអាក់អន់ស្រពន់ចិត្តជាមួយគ្នាខ្លាំងនោះទេ។ ថ្វីបើការងាររបស់យើងខុសគ្នា តែពួកយើងតែងតែរៀនស្វែងយល់ និងយោគយល់គ្នាទៅវិញទៅមក។ ប្រហែលជាចំណុចនេះហើយដែលធ្វើឱ្យខ្ញុំរឹតតែស្រឡាញ់គាត់ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ពេលដែលខ្ញុំកំពុងលើកអាហារដាក់លើតុឱ្យបងរតនៈ គាត់កំពុងតែទទួលទូរស័ព្ទពីខាងសាលាដែលតេចូលមក។ ក្រោយដាក់ទូរស័ព្ទចុះ ខ្ញុំឃើញគាត់ទម្លាក់មុខបន្តិច ខ្ញុំកាត់ស្មានដឹងភ្លាមថាប្រហែលជាគាត់ទទួលបានដំណឹងដែលមិនល្អណាមួយពីសាលាហើយ។
“នាយកសាលាតេមកប្រាប់បងមុននេះថា ក្រសួងគេសម្រេចឱ្យបិទសាលារៀនទៀតហើយ ព្រោះពេលនេះមានការរាយការណ៍នៅថ្នាក់លើថា ជំងឺកូវីដចាប់ផ្ដើមចម្លងទៅដល់តាមខេត្ត និងតំបន់ជនបទមួយចំនួនទៀតកាន់តែច្រើន!” បងរតនៈនិយាយទាំងមុខស្ងួត។
ចំពោះអ្នកផ្សេងខ្ញុំមិនដឹងថាគេគិតយ៉ាងម៉េច តែចំពោះប្ដីរបស់ខ្ញុំ ខ្ញុំដឹងច្បាស់ថាការបិទសាលា ហើយគ្រូនិងសិស្សមិនអាចរៀនជាមួយគ្នាដោយផ្ទាល់បាន មិនមែនជាអ្វីដែលគាត់ប្រាថ្នាចង់ឱ្យកើតមានឡើយ។
ខ្ញុំបានត្រឹមនិយាយលួងលោមប៉ុន្មានម៉ាត់ទៅកាន់គាត់៖
“ប្រហែលនេះជាវិធីដ៏ល្អតែមួយគត់ដែលអាចកាត់បន្ថយអត្រាឆ្លងនៅក្នុងសហគមន៍ណា៎បង! សូម្បីតែមនុស្សចាស់នៅតែប្រហែសមិនព្រមការពារខ្លួន ទម្រាំក្មេងៗដែលពួកគាត់ជាសិស្សទៀត គឺងាយប្រឈមនឹងការឆ្លងលឿនណាស់!”
បងរតនៈដកដង្ហើមធំ ហើយងក់ក្បាលតិចៗយល់ស្រប។ រំពេចនោះម៉ាក់ក្មេករបស់ខ្ញុំពកូនមេត្តាដែលកំពុងយំចេញមក ដោយមានកាន់ទូរស័ព្ទរបស់ខ្ញុំដែលកំពុងរោទ៍នៅដៃម្ខាងទៀតផង។
“ស៊ីនួន! កូនឯងនេះទុកទូរស័ព្ទមិនប្រយ័ត្នសោះ រោទ៍ឡើងភ្ញាក់កូនដែលកំពុងគេងលក់!”
ម៉ាក់និយាយ ហើយហុចទូរស័ព្ទមកឱ្យខ្ញុំទាំងមិនសប្បាយចិត្ត។ បងរតនៈប្រញាប់ងើបទៅឈោងយកកូនមកពរលាក់ថ្នមៗចេញទៅក្រៅ ដើម្បីលួងឱ្យវាគេងទៅវិញ។
ខ្ញុំមើលទៅលេខទូរស័ព្ទដែលនៅលើអេក្រង់… ជាលេខរបស់វត្តី! មិនដឹងជាមានការអ្វីបានគេតេមកទាំងព្រលឹមបែបនេះ?
“អាឡូវត្តី!”
“អាឡូយាយ! ប្រញាប់មកមន្ទីរពេទ្យបន្តិចមក ព្រឹកនេះមានការរវល់!”
“អ្ហ៎ះ!”
ខ្ញុំតបមួយម៉ាត់យ៉ាងខ្លី ព្រោះស្ដាប់វត្តីនិយាយមិនទាន់។ ខ្ញុំងើបមុខឡើង ឃើញម៉ាក់កំពុងតែសម្លឹងមើលកាយវិការប្លែកៗរបស់ខ្ញុំ ទើបខ្ញុំព្យាយាមសម្រួលសំឡេង ហើយនិយាយបន្តទៀត៖
“យ៉ាងម៉េចឯងហ្នឹង? ថ្ងៃនេះជាថ្ងៃសម្រាករបស់គ្នា! ក្រែងពួកឯងនៅយាមនៅហ្នឹងតើអ្ហី?”
“គ្នាដឹងហើយ! តែមេប្រាប់ថាឱ្យហៅបុគ្គលិកទាំងអស់គ្នាមកប្រជុំ ព្រោះឮថាយប់មិញនេះក្រុមបងរក្សាបានទៅយកសំណាកអ្នកនៅក្នុងស្រុកយើង ហើយរកឃើញថាមានអ្នកវិជ្ជមានដល់ទៅ ៥នាក់ឯណោះ!”
“ថាម៉េច? ហើយពួកគាត់ពាក់ព័ន្ធមកពីណា?”
“អឺណា៎! កុំទាន់សួរអី ព្រោះគ្នាក៏មិនដឹងច្បាស់ដែរ! មកដល់គង់តែដឹងទេ! ប៉ុណ្ណឹងសិនចុះ គ្នាត្រូវតេទៅអ្នកផ្សេងទៀត! បន្តិចទៀតចួបគ្នា!”
មិនចាំឱ្យខ្ញុំឆ្លើយតបសិនទាន់ វត្តីដាក់ទូរស័ព្ទចុះ។ បងរតនៈដើរចូលមកវិញ ជាមួយនិងកូនតូចជាទីស្រឡាញ់របស់ខ្ញុំ។
“នរណាតេមកហ្នឹងអូន?”
“បង! ម៉ាក់! ព្រឹកនេះខ្ញុំអត់បាននៅញ៉ាំបាយជាមួយគ្នាទេ! នៅមន្ទីរពេទ្យប្រាប់ថា មានអ្នកក្នុងស្រុកយើង តេស្តឃើញវិជ្ជមានកូវីដ ឥឡូវប្រធានពេទ្យហៅបុគ្គលិកទាំងអស់ទៅប្រជុំទទួលផែនការថ្មី!”
ប្ដីរបស់ខ្ញុំមើលមុខខ្ញុំទាំងព្រួយបារម្ភ តែគាត់ប្រញាប់ប្រែទឹកមុខវិញ៖
“មិនអីទេអូន! យ៉ាងណាក៏បងអត់បានទៅសាលាដែរ ការងារនៅឯណេះទុកឱ្យបង! ប្រយ័ត្នប្រយែងណា៎អូន!”
“ចា៎បង! បងនិងម៉ាក់ក៏ត្រូវប្រយ័ត្នដូចគ្នា!”
ស្ថានភាពនៅមន្ទីរពេទ្យពេលនេះ ហាក់ដូចជារាងច្របូកច្របល់បន្តិច។ ក្រោយពីប្រជុំរួច ពួកយើងចាកចេញទៅធ្វើការនៅតាមតួនាទីរៀងៗខ្លួន។ គ្នាយើងខ្លះត្រូវនៅប្រចាំការនឹងកន្លែងធ្វើតេស្ត ខ្លះទៀតត្រូវផ្លាស់ឱ្យទៅព្យាបាលនិងមើលថែទាំអ្នកជំងឺកូវីដក្នុងនោះក៏មានខ្ញុំនិងវត្តីផងដែរ។ ចំណែកបុគ្គលិកចាស់ៗ សុខភាពមិនសូវល្អ និងអ្នកដែលមានកូនង៉ាឬឪពុកម្ដាយចាស់ជរានៅក្នុងបន្ទុក គេឱ្យនៅធ្វើការដដែល តែថែមតួនាទីជាអ្នកជួយរកលទ្ធភាពផ្គត់ផ្គង់អាហារសម្រាប់ក្រុមគ្រូពេទ្យនិងអ្នកជំងឺដែលកំពុងសម្រាកព្យាបាល។
ម៉ោង១២យប់ទៅហើយ តែភ្នែកខ្ញុំនៅបើកភ្លឹះៗព្រោះគេងមិនលក់។ ខ្ញុំនៅតែគិតដល់សម្ដីរបស់ប្រធានពេទ្យដែលមានប្រសាសន៍កាលពីពេលប្រជុំព្រឹកមិញ។ គាត់សំណូមពរឱ្យពួកយើងនៅប្រចាំការនៅផ្នែកជំងឺកូវីដ១៩នេះ ដ្បិតអីនៅមន្ទីរពេទ្យពុំមានបុគ្គលិកគ្រប់គ្រាន់ ហើយម៉្យាងទៀតពួកយើងមិនអាចចេញពីកន្លែងធ្វើការបាននោះទេ ព្រោះវាជាកន្លែងដែលមានហានិភ័យខ្ពស់ក្នុងការចម្លងវីរុសនេះចេញមកក្រៅបាន។
“នៅមិនទាន់គេងទេអូន?”
សំឡេងបងរតនៈខ្សឹបសួរតិចៗ។ ខ្ញុំបែរទៅមើល ឃើញគាត់ញញឹម និងខិតខ្លួនចូលមកឱបខ្ញុំ។ ខ្ញុំមិនអាចនឹងលាក់ទុកបាន ក៏ងើបមកនិយាយរឿងទាំងអស់ប្រាប់គាត់។ ស្វាមីរបស់ខ្ញុំគេងនៅស្ងៀម ចាំស្ដាប់ខ្ញុំរៀបរាប់ពីដើមដល់ចប់នូវក្ដីបារម្ភចំពោះរឿងការងារនៅមន្ទីរពេទ្យ និងការងារផ្ទះសំបែង។ ពេលខ្ញុំនិយាយចប់ គាត់ក្រោកអង្គុយហើយមកថើបថ្ងាសខ្ញុំមួយខ្សឺត។ ខ្ញុំនៅស្ងៀមចាំទទួលក្ដីសុខមួយខណៈដែលគាត់បានផ្ដល់ឱ្យនេះ ទោះបីជាមិនអាចស្រាយកង្វល់អ្វីបាន តែហោចណាស់គាត់បានធ្វើឱ្យចិត្តរបស់ខ្ញុំប្រែជាស្ងប់ក្នុងពេលដែលវាកំពុងច្របូកច្របល់។
“អូនទៅចុះ! ទៅជួយអ្នកដែលត្រូវការអូន ទៅជួយបងប្អូនអ្នកភូមិស្រុករបស់យើង ជួយដល់ប្រទេសរបស់យើង!”
“តែបើអូនទៅ! អូនមិនដឹងពេលណាអាចមកផ្ទះវិញបានទេ! ហើយចុះកូនយើង? បងនិងម៉ាក់? … អូនពិតជាមិនចង់ទុកអ្នកទាំងអស់គ្នាចោលនៅក្នុងស្ថានភាពបែបនេះនោះទេ!”
ប្ដីរបស់ខ្ញុំស្រវាឱបខ្ញុំនៅក្នុងរង្វង់ដៃគាត់។
“អូនមិនបានទុកពួកយើងចោលទេ! គឺអូនគ្រាន់តែទៅជួយអ្នកដែលត្រូវការអូនខ្លាំងបំផុតមួយពេលនេះប៉ុណ្ណោះ ពេលចប់ការងារអូនគឺគង់តែត្រឡប់មករកបងនិងកូនយើងវិញមិនខាន! បងយល់ពីអារម្មណ៍របស់អូននៅពេលនេះ… អូនមិនបាច់ខ្វល់ពីម៉ាក់ បង និងកូនទេ ពួកយើងចេះមើលថែខ្លួនឯងហើយ! បងនិងកូននឹងនៅក្បែរៗអូន នៅទីនេះ ហើយចាំផ្ដល់ជាកម្លាំងចិត្តដល់អូនគ្រប់ពេលវេលា!”
អារម្មណ៍រំភើបផុលផុសឡើងភ្លាម រហូតដល់ធ្វើឱ្យខ្ញុំស្ទើរតែស្រក់ទឹកភ្នែក។ គ្មានអ្វីដែលសប្បាយចិត្តជាងអ្នកដែលយើងស្រឡាញ់យល់ចិត្ត និងគាំទ្រនូវការសម្រេចចិត្តរបស់យើងនោះទេ។ ខ្ញុំស្រវាឱបបងរតនៈវិញពេញដៃ ដើម្បីតបស្នងក្ដីស្រឡាញ់មួយនេះ។
ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមគ្រូពេទ្យបានព្យាយាមធ្វើការអស់ពីកម្លាំងកាយចិត្តដើម្បីស្វែងរកអ្នកពាក់ព័ន្ធ ធ្វើតេស្ត និងព្យាបាលអ្នកជំងឺកូវីដ១៩ឱ្យបានជាសះស្បើយ។ រយៈពេលជាងកន្លះខែបានកន្លងផុតទៅ មានអ្នកជំងឺខ្លះក៏បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឱ្យទៅផ្ទះនិងធ្វើចត្តាឡីស័កបន្ថែម ដើម្បីឱ្យប្រាកដថាជំងឺរបស់ពួកគាត់គ្មានការលាប់ឡើងវិញ ហើយនាំទៅចម្លងអ្នកដទៃទៀត។
រាល់លើក ពេលដែលខ្ញុំចូលទៅប្រកាសឈ្មោះអ្នកដែលជាសះស្បើយ បេះដូងលោតកញ្ជ្រោល សឹងថារំភើបខ្លាំងជាងអ្នកជំងឺទៅទៀត។ ពួកគាត់ត្រេកអរ លើកដៃសំពះអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលពួកគាត់កន្លងមក។
ជារៀងរាល់ល្ងាចមុនពេលកូនប្រុសរបស់ខ្ញុំចូលគេង ខ្ញុំតែងតែឆ្លៀត Video call ទៅលេងគេ និងសួរសុខទុក្ខអ្នកផ្ទះទាំងអស់គ្នា។ ល្ងាចនេះក៏មិនខុសពីរាល់ថ្ងៃដែរ ក្រោយពីចែកអាហារពេលល្ងាចដល់អ្នកជំងឺរួចមក ខ្ញុំក៏ចេញមកអង្គុយលើកៅអីក្រោមដើមស្វាយខាងក្រោយបន្ទប់ដែលពួកយើងស្នាក់នៅ រួចយកទូរស័ព្ទតេទៅប្ដីរបស់ខ្ញុំ។
“អាឡូបង! កូនមេត្តាគេងនៅបង?” ខ្ញុំសួរទៅបងរតនៈភ្លាមពេលគាត់ចុចលើកទូរស័ព្ទ។
“អាឡូអូន! កូននៅមិនទាន់គេងទេ ថ្ងៃនេះគេក្ដៅខ្លួន ហើយយំរករឿងសង្ស័យតែគ្រុនក្ដៅ! ម៉ាក់ទើបតែលាយថ្នាំបញ្ចុកគេមុននេះ ឥឡូវរាងថយកម្ដៅបន្តិចហើយ!”
ខ្ញុំភើតពោះគ្រាន់តែឮថាកូនឈឺ ព្រោះរាល់ដងឱ្យតែកូនមិនស្រួលខ្លួន ខ្ញុំតែងតែនៅជាប់ជាមួយនឹងគេរហូត តែពេលនេះបានត្រឹមតែឃើញមុខកូនតាមអេក្រង់ទូរស័ព្ទ។ បងរតនៈបើកកាមេរ៉ាហើយដាក់ទូរស័ព្ទពីមុខកូន ដើម្បីឱ្យគេបានឃើញខ្ញុំ។
“មេត្តា!” ខ្ញុំហៅឈ្មោះកូនពីខ្សែម្ខាងនៃទូរស័ព្ទ។
“ម៉ាក់ៗ! ម៉ាក់ៗ!” គ្រាន់តែឮសំឡេងខ្ញុំ គេក៏ឈប់យំ ហើយឈោងទូរស័ព្ទពីដៃរបស់ប៉ាគេយកទៅកាន់និយាយភ្លាម។
ខ្ញុំនឹកកូនអើយសែននឹក ហាក់បីដូចជាបែកមិនដែលឃើញមុខគ្នាយូរណាស់ហើយអ៊ីចឹង។
“ចាស! កូនមេត្តានឹកម៉ាក់អត់?”
“នឹក! ម៉ាក់ៗ! អត់!” គេរៀននិយាយតាមខ្ញុំមួយម៉ាត់ៗតាមរបៀបក្មេង ហើយសើចដាក់ខ្ញុំ។
“កូនឆ្លាត! បើនឹកម៉ាក់ កូនឯងកុំរករឿងណា៎ ស្ដាប់សម្ដីប៉ានិងម៉ាក់យាយ! ពេលម៉ាក់ចប់ការងារភ្លាម ម៉ាក់នឹងត្រឡប់ទៅរកកូនភ្លាមណា៎!” ខ្ញុំប្រឹងញញឹមទៅរកកូនយ៉ាងពិបាក។
“ប៉ាៗ! ម៉ាក់យាយ!” គេមិនទាន់ចេះនិយាយអីច្រើនក្រៅពីពាក្យពីរបីម៉ាត់នេះ។
“មិនដឹងជាធ្វើម៉ាក់គេយ៉ាងម៉េច កូនឈឺទាំងមូលមិនព្រមមកមើល!”
សំឡេងម្ដាយក្មេករបស់ខ្ញុំបន្លឺតិចៗឆ្លងចូលមកបន្ទាប់ពីសំឡេងកូនមេត្តា។ ក្នុងទ្រូងរបស់ខ្ញុំឈឺឆៀបៗ! ម៉ាក់និយាយមិនខុសទេ ខ្ញុំនេះមើលទៅហាក់មិនសមជាម្ដាយគេសោះ… កូនប្រុសនៅតូចហើយឈឺទៀត បែរជាមកសំងំនៅមន្ទីរពេទ្យឯណេះវិញ។
“ម៉ាក់! ស៊ីនួនជាប់ធ្វើការ ឱ្យគ្នាមកម៉េចកើតម៉ាក់!”
បងរតនៈនិយាយទៅកាន់ម៉ាក់ ក្នុងន័យកាន់ជើងខ្ញុំ តែនេះមិនបានធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្រាលទេ។ ខួរក្បាលរបស់ខ្ញុំបន្ទោសខ្លួនឯងមិនឈប់។ មិនឮខ្ញុំនិយាយអី ប្ដីរបស់ខ្ញុំក៏យកទូរស័ព្ទពីដៃកូនមកកាន់និយាយខ្លួនឯងវិញ។
“អូនកុំគិតច្រើន! មិនអីទេ នៅឯណេះមានបងនិងម៉ាក់អាចមើលថែកូនបានហើយ អូនឯងកុំបារម្ភ!”
បងរតនៈសើចស្រាលដាក់ខ្ញុំ ធ្វើឱ្យខ្ញុំចាប់អារម្មណ៍ឃើញថាគាត់ហាក់ដូចជារាងស្រកសាច់ ភ្នែកក៏រាងស្លក់ដូចមិនសូវបានគេងគ្រប់គ្រាន់។ ខ្ញុំតបទៅគាត់ដោយស្នាមញញឹមនៅលើមុខ តែក្នុងចិត្តបែរជាដាច់ដោចអាណិតប្ដី។
ខ្ញុំងក់ក្បាលតិចៗទទួលពាក្យរបស់បងរតនៈ៖
“បងក៏ដូចគ្នាណា៎! ថែខ្លួនឱ្យបានល្អ កុំឱ្យឈឺម្នាក់ទៀត! ចប់ការងារពេលណា អូននឹងទៅធ្វើជាប្រពន្ធ និងជាម្ដាយដ៏ល្អសងអ្នកទាំងពីរវិញ!”
“បាទទាន! ទទួលបញ្ជាអ្នកគ្រូពេទ្យប្រពន្ធ!”
ខ្ញុំអស់សំណើចនឹងពាក្យសម្ដីលលេងរបស់គាត់។
“ទីបំផុតអូនសើចចេញហើយ! អ៊ីចឹងប៉ុណ្ណឹងសិនណា៎ បងដាក់ឱ្យកូនគេងសិន!”
មិនទាន់ចប់ប្រយោគស្រួលបួលផង ខ្ញុំឮសូរគាត់គ្រហែមតិចៗ ហើយប្រព័ន្ធទូរស័ព្ទក៏ត្រូវបានកាត់ផ្ដាច់ទៅ។
យប់នេះខ្ញុំរសាប់រសល់ចម្លែក ណាមួយនឹកផ្ទះ ណាមួយបារម្ភពីកូន ចង់ចួបមុខកូននិងប្ដី។ ថ្មើរនេះម៉ោងជាង១០យប់ទៅហើយ សភាពក្នុងមន្ទីរពេទ្យស្ងប់ស្ងាត់ខុសដាច់ពីពេលថ្ងៃ។ យូរៗម្ដងគេឮសូរសំឡេងក្អកខេះៗចេញពីបន្ទប់នេះម្ដង នោះម្ដងបន្ទរឆ្លងឆ្លើយគ្នា។ ខ្ញុំកំពុងនៅក្នុងបន្ទប់តូចមួយដែលជាបន្ទប់ដាក់ថ្នាំ និងឯកសាររដ្ឋបាលមួយចំនួន ហើយក៏ជាកន្លែងគេងរបស់ខ្ញុំនិងវត្តីផងដែរ។ ដោយសារយប់នេះជាវេនយាមរបស់វត្តី ទើបនៅក្នុងបន្ទប់នេះនៅសល់តែខ្ញុំម្នាក់ឯង។ ខ្ញុំប្រែខ្លួនចុះឡើងៗរហូតបែកញើស តែនៅគេងមិនលក់។
“មិនកើតទេ! ខ្ញុំត្រូវតែទៅមើលកូនទើបបាន មិនអ៊ីចឹងខ្ញុំច្បាស់ជានៅមិនសុខទេ!”
ស្រវាចាប់ទូរស័ព្ទ និងសោម៉ូតូបានកាលណា ខ្ញុំប្រញាប់ចាកចេញពីបន្ទប់ រួចទាញទ្វារបិទទៅវិញថ្នមៗ។ ខ្ញុំដើរតម្រង់ទៅកន្លែងចតម៉ូតូដែលថ្មើរនេះមានតែពូអ្នកយាមម្នាក់កំពុងលង់លក់ក្នុងអង្រឹង។ ខ្ញុំឥតហ៊ានបញ្ឆេះម៉ូតូទេ ព្រោះមិនចង់ឱ្យគេចាប់អារម្មណ៍។
គ្រាន់តែបណ្ដើរម៉ូតូចេញដល់ខ្លោងទ្វារភ្លាម សំឡេងស្រែកហៅឈ្មោះខ្ញុំតិចៗលាន់សូរមកពីក្រោយខ្នង៖
“ស៊ីនួនៗ!”
ខ្ញុំភ្ញាក់ព្រើត ទើបប្រញាប់បែរទៅមើល… គ្មាននរណាផ្សេងទេក្រៅពីវត្តី មិត្តសំឡាញ់ខ្ញុំ។
“យី! យាយឯងមែនតើ… ហើយនេះប្រុងទៅណាទាំងយប់អ្ហា៎?”
“យាយអើយគ្នានឹកកូន! គ្នាចង់ទៅមើលកូន!” ថ្វីបើនាងពុំទាន់មានគ្រួសារ តែខ្ញុំដឹងថានាងប្រាកដជាយល់នូវទំហំចិត្តមួយនេះ។
“ហើយឯងចង់ទៅមើលយ៉ាងម៉េច? ឯងក៏ដឹងហើយថាពួកយើងឥឡូវកំពុងធ្វើការនៅជាមួយកូវីដ! យាយឯងមិនខ្លាចខ្លួនឯងនាំជំងឺទៅចម្លងអ្នកផ្ទះទេអ្ហេ៎?”
“កូនមេត្តាឈឺ! គ្នាបារម្ភពីគេ គ្នាគ្រាន់តែចង់ទៅអើតមើលបន្តិចប៉ុណ្ណោះ បើដឹងថាកូនមិនអីទេ គ្នានឹងត្រឡប់មកវិញភ្លាម!”
ខ្ញុំនិយាយទាំងអួលដើមកទៅកាន់វត្តី។ នាងដាក់ទឹកមុខចុះបន្តិចព្រោះអាណិតខ្ញុំ តែនាងពុំបានបោះបង់ការព្យាយាមឃាត់ខ្ញុំទេ។
“តែ… ហ៊ើយ!” មើលទៅនាងដូចជាពិបាកធ្វើការសម្រេចចិត្ត ឆ្លៀតពេលនេះខ្ញុំព្យាយាមអង្វរនាង។
“ណា៎! តែមួយភ្លែតទេ! គ្នាមិនចូលទៅជិតកូនទេ គ្នាសន្យា!”
វត្តីបិទភ្នែកដកដង្ហើមធំ ហើយងក់ក្បាលតិចៗ៖
“អូខេៗ ចាត់ទុកថាគ្នាមិនបានឃើញឯងទៅចុះ!”
ខ្ញុំអរគុណមិត្ត ហើយជិះម៉ូតូចេញមកវឹង។ អាកាសធាតុត្រជាក់នៅខាងក្រៅ ហាក់មិនត្រជាក់ស្មើបេះដូងរបស់ខ្ញុំនៅពេលនេះទេ។ ខ្ញុំមិនដឹងថាខ្លួនឯងបើកម៉ូតូកុងទ័រប៉ុន្មាននោះទេ ក៏មិនចាប់អារម្មណ៍ថាមាននរណាខ្លះធ្វើចរាចរណ៍ទៅមកកាត់នៅលើដងផ្លូវដែរ ព្រោះចិត្តរវល់តែរាយមាយគិតពីនេះពីនោះមិនឈប់ ស្រាប់តែពេលដឹងខ្លួនឡើងវិញ ខ្ញុំក៏មកឈប់ម៉ូតូនៅពីមុខផ្ទះខ្លួនឯងបាត់ទៅហើយ។
ភ្លើងនៅក្នុងផ្ទះបិទងងឹតស្លុប មានន័យថាគ្រប់គ្នាបាននឹងកំពុងគេងលង់លក់ក្នុងដំណេកអស់ហើយ។ ចិត្តដែលតឹងណែនមុននេះ ប្រែជាធូរខ្សាក ព្រោះត្រេកអរដែលកូនមិនកើតអីធ្ងន់ធ្ងរ។ ខ្ញុំលើកដៃបួងសួងពីក្រៅ ឆ្ពោះទៅព្រះភូមិដែលតាំងបញ្ឈរនៅខាងក្នុងរបងផ្ទះ។
“សូមគុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធទាំងអស់ជួយតាមថែរក្សាគ្រួសារខ្ញុំឱ្យចួបតែសេចក្ដីសុខ និងចៀសផុតជំងឺដ៏កាចសាហាវនេះផងចុះ! សាធុៗៗ!”
រំលងបានពីរបីថ្ងៃក្រោយ បងរតនៈក៏តេមកប្រាប់ថាកូនមេត្តាជាវិញហើយ ក្នុងទ្រូងខ្ញុំស្រាលស្ងើកដូចគេលើកភ្នំមួយដ៏ធំចេញ។ ប៉ុន្មានថ្ងៃនេះខ្ញុំបាយមិនសូវបាន ព្រោះតែគិតបារម្ភពីកូន ដល់បានដឹងព័ត៌មានដូចនេះ ខ្ញុំស្រាប់តែនឹកឃើញឃ្លានចំណីចំណុកមកវិញ។
ថ្ងៃរសៀលបន្តិច ក្រោយពីដើរសាកសួរស្ថានភាពអ្នកជំងឺនៅតាមបន្ទប់រួចរាល់ ខ្ញុំក៏ត្រឡប់មកកន្លែងសម្រាកវិញ។ ពេលយកទូរស័ព្ទមកមើល ខ្ញុំស្រាប់តែឃើញជាប់ Missed call នៅលើអេក្រង់ទូរស័ព្ទចំនួនប្រាំដង… ជាលេខរបស់បងរតនៈទេតើ! បេះដូងខ្ញុំលោតឌឹបៗស្ទើរចេញមកក្រៅ ព្រោះអារម្មណ៍ចេះតែទាញទៅរករឿងមិនសូវល្អ។
ខ្ញុំប្រញាប់ចុចត្រឡប់ទៅវិញ៖
“អាឡូបង!”
“អាឡូអូន! អូនឯងនៅឯណា? កាលពីព្រឹកមិញមានអ្នកលក់បន្លែក្នុងផ្សារម្នាក់កើតកូវីដ១៩ ហើយប៉ុន្មានថ្ងៃមុនកាលអាអូនឈឹ ម៉ាក់ជាអ្នកទៅផ្សារហើយទិញបន្លែពីកន្លែងហ្នឹង! ឥឡូវគេប្រកាសរកអ្នកពាក់ព័ន្ធឱ្យទៅធ្វើតេស្តនៅផ្សារ ហើយពេលនេះម៉ាក់ចេញទៅនឹងគេហើយ!”
“ចាស?” ខ្ញុំរាងស្លុតបន្តិច តែក៏ប្រញាប់ទាញស្មារតីមកវិញ។
“អូនឯងទៅមើលម៉ាក់ផង ព្រោះមុននេះបងថាចង់បើកឡានជូនគាត់ទៅដែរ តែគាត់មិនព្រមសោះ!”
“ចាំអូនជាអ្នកទៅវិញ! បងកុំបារម្ភអី ម៉ាក់ប្រហែលជាមិនអីទេ!”
ខ្ញុំស្ទុះចេញពីបន្ទប់ រត់សម្ដៅទៅរកកន្លែងចតឡានដែលក្រុមបងរក្សាកំពុងរៀបចំចេញដំណើរទៅយកតេស្តសំណាក។ ខ្ញុំសុំពួកគាត់ទៅជាមួយដែរ ដើម្បីបានជួយការងារពួកគាត់ផង និងបានទៅមើលម៉ាក់ក្មេករបស់ខ្ញុំផង។
នៅក្នុងផ្សារដែលធ្លាប់តែប្រជុំមនុស្សអ៊ូរអរទិញលក់ទំនិញ ពេលនេះប្រែជាអ៊ូរអរដោយសារប្រជាជនដែលជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ នាំគ្នាមកធ្វើតេស្តទៅវិញ។ ខ្ញុំក្រឡេករកមើលម្ដាយក្មេករបស់ខ្ញុំក្នុងចំណោមហ្វូងមនុស្សដែលឈររប៉ាត់រប៉ាយគ្មានសណ្ដាប់ធ្នាប់ ត្រង់នេះបន្តិច ត្រង់នោះបន្តិច។
“ម៉ាក់!” ទីបំផុតខ្ញុំរកគាត់ឃើញហើយ។
ប្រហែលជាគាត់ស្ដាប់សំឡេងខ្ញុំបាន ទើបគាត់បែរមកមើលខ្ញុំ។ ម៉ាក់សម្លឹងខ្ញុំឥតព្រិចភ្នែក ហាក់ដូចជាកំពុងភ្លឹកគិតទៅដល់ណាក៏មិនដឹង។ ខ្ញុំបម្រុងនឹងដើរចូលទៅរកគាត់ តែគាត់ប្រញាប់បែរទៅនិយាយជាមួយនឹងអ្នកស្គាល់គ្នាវិញ គាប់ចួនជាបងរក្សាហៅខ្ញុំឱ្យទៅជួយកត់ឈ្មោះអ្នកត្រូវធ្វើតេស្តដែលកំពុងរង់ចាំច្រើនគ្នាផង ទើបខ្ញុំត្រូវអាក់ខានពុំបានចូលទៅចួបគាត់។
ក្រុមគ្រូពេទ្យបានយកឈើសំឡីទៅរុកក្នុងរន្ធច្រមុះពួកគាត់ម្ដងម្នាក់ៗ រួចយកមកលាយជាមួយទឹកថ្នាំដើម្បីបន្តក់ទៅលើឧបករណ៍តេស្តជាបន្តបន្ទាប់ ក្នុងនោះមានសំណាកមួយចំនួនបានចេញលទ្ធផលហើយ ។ បងរក្សាចាប់ផ្ដើមហៅលេខរៀងនិងឈ្មោះបណ្ដើរៗ…
“លេខរៀងទី១… លេខរៀងទី២… លេខរៀងទី៣… លេខរៀងទី៥៣… លេខរៀងទី៥៤…”
ខ្ញុំអត់ធ្មត់រង់ចាំស្ដាប់យ៉ាងអន្ទះសា ព្រោះនៅសល់តែមួយលេខទៀតត្រូវចំលើឈ្មោះម្ដាយក្មេករបស់ខ្ញុំហើយ…
“លេខរៀងទី៥៥ ឈ្មោះ ធាង រចនា «វិជ្ជមាន»!”
បេះដូងខ្ញុំធ្លាក់ខ្ពោកទៅដល់ដី! ម៉ាក់ឆ្លងជំងឺកូវីដ១៩ហើយ… ខ្ញុំមិនអស់ចិត្តខំដើរទៅពិនិត្យមើលឧបករណ៍នោះម្ដងទៀត! គំនូសក្រហមពីរឆ្នូត បង្ហាញថាលទ្ធផលពិតជាមិនខុសទេ។ ខ្ញុំងើបមុខទៅមើលម៉ាក់ ឃើញកែវភ្នែករបស់គាត់រលីងរលោង តែគាត់នៅតែព្យាយាមបង្ហាញភាពរឹងមាំ ហើយដើរចេញទៅឈរម្ខាងជាមួយអ្នកវិជ្ជមានផ្សេងទៀត។
ខ្ញុំប្រញាប់តេទូរស័ព្ទទៅប្រាប់បងរតនៈដើម្បីឱ្យគាត់បានដឹងព័ត៌មានមួយនេះ ហើយឱ្យគាត់នាំកូនមេត្តាមកធ្វើតេស្តម្ដងនៅពេលរសៀល តែជាលទ្ធផលពួកគាត់ទាំងពីរទទួលបានលទ្ធផលអវិជ្ជមាន។
បងរតនៈបានជួយទិញនិងរៀបចំសម្ភារប្រើប្រាស់មួយចំនួនយកមកឱ្យម៉ាក់ដែលត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយគាត់ក៏ឆ្លៀតមកផ្ដាំផ្ញើនឹងខ្ញុំបន្ថែមទៀតឱ្យជួយមើលថែម៉ាក់ជំនួសគាត់ផង ព្រោះសុខភាពម៉ាក់មិនរឹងមាំដូចសម្បកក្រៅដែលគាត់បង្ហាញមកទេ។
ខ្ញុំឧស្សាហ៍ឆ្លៀតពេលដើរទៅមកៗនៅមុខបន្ទប់របស់ម៉ាក់ ក្រែងលោគាត់ត្រូវការរបស់របរអីចាំបាច់បន្ថែមទៀត ឬមានអ្វីមិនស្រួល តែយើងនិយាយគ្នាមិនសូវបានច្រើនទេ ព្រោះខ្ញុំក៏រវល់ រីឯម៉ាក់ក៏ដូចជាពុំសូវចង់និយាយស្ដីដែរ។ ទោះបីជាមមាញឹកនឹងការងារយ៉ាងណា ក៏ខ្ញុំតែងតែផ្ដាំផ្ញើឱ្យគេទិញបន្លែ ផ្លែឈើ និងត្រីសាច់មកឱ្យ ហើយខ្ញុំចម្អិនវាដោយផ្ទាល់ដៃដើម្បីឱ្យម៉ាក់បានពិសារច្រើនៗ ព្រោះទោះចង់ឬមិនចង់ក៏អាហារដែលជារបបប្រចាំថ្ងៃនៅក្នុងមន្ទីរពេទ្យ គ្រាន់តែអាចទប់ទល់នឹងការស្រេកឃ្លាន ហើយក៏ពុំឆ្ងាញ់ដូចម្ហូបអាហារដែលយើងធ្វើខ្លួនឯងដែរ។
រាល់លើកពេលខ្ញុំដើរសាកសួរពីស្ថានភាពជំងឹតាមបន្ទប់ ម៉ាក់ប្រាប់ថាស្ថានភាពរបស់គាត់ស្មើៗទេ គឺគ្រាន់តែឈឺកតិចៗ មិនដឹងរសជាតិអាហារ និងមិនដឹងក្លិនប៉ុណ្ណោះ ។ តែល្ងាចនេះ ក្រោយពីពិសារបាយហើយ គាត់រអ៊ូថាហាក់ដូចជារាងថប់ៗ ពិបាកដកដង្ហើម។ ខ្ញុំប្រញាប់ទៅប្រាប់គ្រូពេទ្យធំដើម្បីឱ្យគាត់បានមកពិនិត្យ។ ក្រោយពីពិនិត្យរួចរាល់ គេឱ្យគាត់លេបថ្នាំខ្លះសិនដើម្បីរង់ចាំតាមដានបន្តទៀត។
ដោយសារយប់នេះត្រូវជាវេនយាមរបស់ខ្ញុំ ទើបខ្ញុំត្រូវចេញពិនិត្យតាមបន្ទប់មួយសារទៀតដើម្បីឱ្យប្រាកដថាគ្រប់គ្នាគ្មានបញ្ហាអ្វីទេ។ គ្រាន់តែដើរដល់អគារដែលម៉ាក់សម្រាកភ្លាម មានអ្នកជំងឺម្នាក់កូកហៅខ្ញុំយ៉ាងញាប់មាត់ នៅពីមុខបន្ទប់របស់គាត់តែម្ដង។
“អ្នកគ្រូពេទ្យៗ! ជួយផង! ម៉ាក់ក្មេករបស់អ្នកគ្រូមិនស្រួលហើយ លឿនឡើង!”
ដោយបានស្លៀកសម្លៀកបំពាក់ស្រេចជាមុនហើយ ទើបខ្ញុំប្រញាប់ចូលទៅក្នុងបន្ទប់ភ្លាម។ ម៉ាក់កំពុងគេងដង្ហក់ខ្យល់នៅលើគ្រែ ភ្នែករបស់គាត់ប្រឹងសម្លឹងមើលមកខ្ញុំ ទាំងដែលដៃគាត់ប្រឹងក្ដាប់ខ្ញាំកម្រាលពូកជាប់មិនព្រមលែង។
“មាក់ៗ មើលមកខ្ញុំ! សម្រួលអារម្មណ៍ ហើយដកដង្ហើមយឺតៗ មួយៗ វែងៗ!”
ខ្ញុំរួសរាន់ទាញឧបករណ៍ជំនួយដង្ហើមមកដាក់ឱ្យគាត់។ បានបន្តិចអាការៈរបស់ម៉ាក់ក៏រាងស្រាក ឈប់សូវដង្ហក់ខ្លាំងដូចមុន។ ខ្ញុំប្រញាប់ចុចទូរស័ព្ទទៅដុកទ័រធំដើម្បីពិគ្រោះយោបល់ និងស្នើសុំឱ្យយកម៉ាក់ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ព្រោះនៅទីនោះមានឧបករណ៍ទំនើបជាងនៅពេទ្យបង្អែក។
ខ្ញុំក៏បានប្រាប់រឿងនេះទៅបងរតនៈដែរ ដើមឡើយប្ដីរបស់ខ្ញុំហាក់ស្ទាក់ស្ទើរក្នុងចិត្ត មិនចង់ឱ្យនាំម៉ាក់ទៅនោះទេ។ ខ្ញុំដឹងថាមូលហេតុដោយសារគាត់ព្រួយបារម្ភខ្លាចគ្មាននរណានៅមើលថែម៉ាក់ ដូច្នេះហើយខ្ញុំក៏បានស្នើសុំទៅខាងមន្ទីរពេទ្យដើម្បីអនុញ្ញាតឱ្យខ្ញុំបានទៅនៅថែទាំគាត់។ ទោះបីជាខ្ញុំដឹងថាទាំងប្ដីខ្ញុំ និងប្រធានពេទ្យនឹងបដិសេធការស្នើសុំនេះ តែខ្ញុំនៅតែជម្នះរកហេតុផលមកពន្យល់ពួកគាត់។
ព្រលឹមឡើងខ្ញុំបានគោះទ្វារចូលទៅចួបលោកប្រធានពេទ្យ ហើយរៀបរាប់ពីគោលបំណងដែលខ្ញុំមកកាន់ទីនេះ។ ក្រោយស្ដាប់ចប់លោកប្រធានហាក់ប្រែទឹកមុខទៅជាតានតឹងមួយរំពេច៖
“ខ្ញុំមិនហ៊ានអនុញ្ញាតឱ្យស៊ីនួនឯងទៅទេ ព្រោះកន្លែងយើងកំពុងខ្វះបុគ្គលិកផង ហើយម៉្យាងស៊ីនួនអាចនឹងមានលទ្ធភាពឆ្លងជំងឺនេះពីម្ដាយបានគ្រប់ពេលណា៎!”
“ខ្ញុំដឹងថាលោកគ្រូបារម្ភ មិនចង់ឱ្យខ្ញុំទៅប្រឈមនឹងជំងឺនេះដោយផ្ទាល់…!” ខ្ញុំព្យាយាមរកពាក្យមកនិយាយជាមួយប្រធានពេទ្យយ៉ាងទន់ភ្លន់ ហើយគាត់ក៏នៅអង្គុយស្ដាប់ខ្ញុំដោយយកចិត្តទុកដាក់។
“តែក្នុងនាមជាគ្រូពេទ្យ យើងមិនអាចលាក់ខ្លួន ហើយទុកឱ្យអ្នកជំងឺប្រយុទ្ធជាមួយមេរោគនេះតែម្នាក់ឯងទេ! ខ្ញុំនៅក្មេង សុខភាពរឹងមាំ ខ្ញុំនឹងខិតខំការពារខ្លួនឱ្យបានល្អ!”
“ខ្ញុំយល់ន័យរបស់ស៊ីនួន តែនៅមន្ទីរពេទ្យខេត្តក៏គេមានគ្រូពេទ្យសម្រាប់ជួយថែទាំគាត់ដែរ! ស៊ីនួនមិនបាច់បារម្ភរឿងនេះទេ!”
ខ្ញុំដាក់មុខចុះហើយនៅស្ងៀមបន្តិច រកនឹកមើលពីអ្វីដែលជាការព្រួយបារម្ភពិតប្រាកដនៅក្នុងចិត្តរបស់ខ្លួនឯង មុននឹងឆ្លើយតបទៅកាន់គាត់វិញ៖
“បើហេតុផលប៉ុណ្ណេះមិនទាន់អាចធ្វើឱ្យលោកប្រធានហ៊ានអនុញ្ញាតឱ្យខ្ញុំទៅបាន…” ខ្ញុំដកដង្ហើមធំបន្តិច រួចទើបបន្ត “ខ្ញុំសុំឱ្យលោកគ្រូដកតួនាទីជាគ្រូពេទ្យចេញ…!”
ម៉ោង៩ព្រឹក ឡានពេទ្យបានដឹកម៉ាក់ខ្ញុំយកទៅមន្ទីរពេទ្យខេត្ត ដោយមានខ្ញុំទៅជាមួយផង។ សូរស៊ឺរ៉ែនបន្លឺជាប់រដឹកនៅតាមផ្លូវ។ អារម្មណ៍របស់ខ្ញុំពេលនេះ ខុសពីពេលរាល់ដងដែលខ្ញុំអង្គុយនៅក្នុងឡានមួយនេះ។ ឃើញទឹកមុខស្លេកស្លាំងរបស់ម៉ាក់ ធ្វើឱ្យខ្ញុំគិតទៅដល់ប្ដី និងកូនដែលត្រូវជាប់នៅក្នុងផ្ទះមិនអាចចេញក្រៅបាន។ ភាពតក់ស្លុត ក្ដីបារម្ភ និងអារម្មណ៍រវើរវាយធ្វើឱ្យខ្ញុំតឹងទ្រូងស្ទើរស្ទះម្ដងៗ នឹកទៅដល់កិច្ចពិភាក្សាមុននេះរវាងខ្ញុំនិងប្រធានមន្ទីរពេទ្យ…
“…. ខ្ញុំសុំឱ្យលោកគ្រូដកតួនាទីជាគ្រូពេទ្យចេញ ហើយយកតួនាទីជាកូនមកដាក់ក្នុងចិត្តជំនួសវិញ! ប្ដីប្រពន្ធខ្ញុំនៅសល់ម្ដាយតែម្នាក់នេះទេ ហើយពេលនេះប្ដីរបស់ខ្ញុំគាត់នៅជាប់ចត្តាឡីស័កជាមួយកូនប្រុស មិនអាចចេញមកមើលថែម្ដាយបាន ដូច្នេះមានតែខ្ញុំដែលជាកូនប្រសារស្រីនេះហើយដែលមាននាទីជួយថែទាំម្ដាយក្មេកជំនួសគាត់! ខ្ញុំជឿថាលោកប្រធានក៏គោរពស្រឡាញ់ម្ដាយរបស់លោកគ្រូដូចជាពួកខ្ញុំនេះដែរ!”
ទឹកភ្នែកខ្ញុំស្រក់ចុះតក់នៅនឹងមុខរបស់គាត់។ វាមិនមែនជាការសម្ដែងដើម្បីបោកប្រាស់មនោសញ្ចេតនា តែវាជាភាពពិតនៃកតញ្ញុតាដែលមានចំពោះអ្នកមានគុណរបស់ខ្ញុំ។ ប្រធានពេទ្យដកដង្ហើមធំហើយទើបងក់ក្បាលយល់ព្រមអនុញ្ញាតតាមសំណូមពររបស់ខ្ញុំ។
រថយន្តបានមកដល់មន្ទីរពេទ្យខេត្ត។ ដោយសារម៉ាក់មានសភាពធ្ងន់ធ្ងរ គេបានយកគាត់មកដាក់ឱ្យស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែក ដែលមានបំពាក់ឧបករណ៍ជំនួយចាំបាច់មួយចំនួនទៀត។ ក្រោមការយកចិត្តទុកដាក់ ពិនិត្យនិងព្យាបាលរបស់គ្រូពេទ្យនៅទីនេះ ប៉ុន្មានថ្ងៃក្រោយមកស្ថានភាពរបស់ម៉ាក់ហាក់ដូចជាបានគ្រាន់បើជាងមុន។ គាត់អាចដោះអុកស៊ីសែនចេញបានហើយ គ្រាន់តែមិនសូវមានកម្លាំងកំហែងក្នុងខ្លួន ព្រោះពិសារមិនសូវបានច្រើន។
ល្ងាចនេះខ្ញុំកំពុងអង្គុយចិតផ្លែបោមជូនគាត់ពិសារ គាប់ចួនបងរតនៈក៏ Video call មកល្មម។
“អាឡូបង!”
“អាឡូអូន! ម៉ាក់ម៉េចហើយ?”
ខ្ញុំងាកទៅមើលម៉ាក់ដែលកំពុងសម្រាន្តបន្តិច មុននឹងឆ្លើយតបទៅគាត់វិញ៖
“ម៉ាក់ដូចជាបានធូរស្បើយបន្តិចហើយបង! មើលទៅទឹកមុខរបស់គាត់រាងស្រស់ថ្លាជាងពីម្សិល! ចុះបងនៅខាងនោះម៉េចហើយ? កូនមេត្តាមានរករឿងបងខ្លាំងទេ?”
“អត់អីទេអូន! កូននេះចេះណាស់ អត់ដែលរករឿងបងទេ!”
“រតនៈតេមកមែនកូន?” ម៉ាក់ប្រហែលជាឮសំឡេងខ្ញុំនិយាយ ទើបគាត់ភ្ញាក់បើកភ្នែកហើយបែរមកសួរខ្ញុំ។
“ចាសម៉ាក់!”
“ឱ្យម៉ាក់និយាយជាមួយប្ដីឯងបន្តិចមើល៍!”
ខ្ញុំកាន់ទូរស័ព្ទដោយបំបែរអេក្រង់ទៅឱ្យចំមុខគាត់ ដើម្បីឱ្យពួកគាត់បាននិយាយគ្នា។
“ជម្រាបសួរម៉ាក់! ម៉ាក់យ៉ាងម៉េចហើយ? នៅហត់ពិបាកដកដង្ហើមទៀតទេម៉ាក់?”
ម្ដាយខ្ញុំគ្រវីក្បាលតិចៗ ហើយញញឹមស្ងួតដាក់បងរតនៈ៖
“មិនអីទេកូន! ចៅមេត្តានៅជិតនោះទេ ម៉ាក់ចង់ឃើញមុខចៅ!”
“កូនមេត្តានៅនេះឯងម៉ាក់! មេត្តាកូន… មកនេះជម្រាបសួរម៉ាក់យាយកូន!”
កូនមេត្តាដែលកំពុងអង្គុយលេងគ្រឿងលេង ក្រោករត់តេះតះមកហើយលើកដៃសាធុៗដាក់ម៉ាក់យាយគេញាប់ស្អេក។ ម៉ាក់ញញឹមស្ទើរបិទមាត់មិនជិត ទំនងជានឹកចៅខ្លាំងណាស់ហើយ មើលចុះសូម្បីតែទឹកភ្នែកក៏ហូរចេញមកដែរ។ ឃើញគាត់អាចញញឹម អាចសើចបានដូចនេះ ខ្ញុំពិតជាបានធូរចិត្តខ្លាំងណាស់។ បងរតនៈនិយាយលេងជាមួយគាត់បានបន្តិច ក៏លាម៉ាក់និងខ្ញុំទៅរកងូតទឹកឱ្យកូននឹងអាលឱ្យគេចូលគេង តែមិនភ្លេចផ្ដាំផ្ញើឱ្យខ្ញុំនិងម៉ាក់ខំប្រឹងថែរក្សាសុខភាពឱ្យបានល្អ កុំបាច់បារម្ភពីគាត់និងកូនឡើយ ព្រោះថ្ងៃស្អែកពួកគាត់នឹងទៅធ្វើតេស្តជាលើកទីពីរហើយ ដើម្បីឱ្យប្រាកដថាមានផ្ទុកជំងឺនេះឬក៏អត់?
ដាក់ទូរស័ព្ទចុះភ្លាម ម៉ាក់ក៏សម្លឹងមុខខ្ញុំដោយកែវភ្នែកស្រទន់។ ភាពស្និទ្ធស្នាលដែលខ្ញុំខកខានមានជាមួយម្ដាយក្មេកយូរគ្រាន់មកហើយ បែរជាត្រលប់មកទទួលបាននៅក្នុងគ្រាដ៏លំបាកនេះទៅវិញ។
ខ្ញុំនៅចាំបានពីថ្ងៃដំបូងដែលខ្ញុំទើបតែរៀបការចូលមកក្នុងផ្ទះនេះ និងក្រោយពេលដែលខ្ញុំទើបតែបង្កើតកូនមេត្តារួច គឺមនុស្សស្រីម្នាក់នេះហើយជាអ្នកទំនុកបម្រុង មើលថែទាំ ទុកដាក់រក្សា និងស្ដីប្រដៅអប់រំអ្នកម្ដាយក្មេងខ្ចីដូចជាខ្ញុំម្នាក់នេះឱ្យដឹងការងាររាក់ជ្រៅ។ ខ្ញុំញញឹមដាក់ទៅគាត់វិញ ហើយថយទៅអង្គុយចិតផ្លែឈើបន្តទៀត។
“ម៉ាក់ចាំបន្តិចណា៎! ខ្ញុំចិតផ្លែប៉ោមរួចឥឡូវហើយ! ម៉ាក់ខំប្រឹងពិសារឱ្យច្រើនៗដើម្បីមានកម្លាំង ឆាប់ជា ឆាប់បានទៅផ្ទះចួបចៅ!” ខ្ញុំឥតបានមើលមុខគាត់ទេ ព្រោះភ្នែករវល់តែផ្ដោតសម្លឹងមើលផ្លែប៉ោមដែលនៅក្នុងដៃ។
មិនឮម៉ាក់តបអី ក្រៅពីសំឡេងដកដង្ហើមផើតផតរបស់គាត់។ ពេលចិតផ្លែប៉ោមរួច ខ្ញុំយកទៅដាក់លើតុនៅអែបខាងឆ្វេងដៃ ល្មមគាត់អាចលូកយកពិសារខ្លួនឯងបាន។
“អរគុណកូន!”
ម៉ាក់ស្រាប់តែនិយាយពាក្យបីម៉ាត់យ៉ាងខ្លីនេះមកកាន់ខ្ញុំ ភ្លាមៗធ្វើឱ្យខ្ញុំស្រឡាំងកាំង។ ខ្ញុំងើបមុខទៅមើលគាត់ ឃើញស្នាមញញឹមស្រទន់របស់គាត់ដែលនៅជាប់លើមុខមិនទាន់រលុប។
“ម៉ាក់មិនបាច់អរគុណខ្ញុំទេ! មើលថែបម្រើ ម៉ាក់ជាតួនាទីរបស់កូនស្រាប់ហើយ!”
“កន្លងមកម៉ាក់តែងតែរអ៊ូរទាំ ស្ដីបន្ទោសកូន តឹងរ៉ឹងដាក់កូន! កូនប្រាកដជាខឹងអន់ចិត្តនឹងម៉ាក់ច្រើនហើយ!”
ខ្ញុំគ្រវីក្បាលតិចៗ ដើម្បីបញ្ជាក់ថាខ្ញុំមិនដែលសូម្បីតែគិតថាខឹង ឬអន់ចិត្តចំពោះគាត់។
“ម៉ាក់សុំទោសដែលតែងតែស្ដីថាឱ្យកូនជាមនុស្សគ្មានទំនួលខុសត្រូវ ទាំងដែលមែនទែនទៅកូនក៏មានរឿងដែលត្រូវទទួលខុសត្រូវជាច្រើនដែលម៉ាក់ពុំដែលគិតដល់!”
“មិនមែនជាកំហុសម៉ាក់ទេ! កូនដឹងថាដែលកន្លងមក ម៉ាក់ថា ម៉ាក់រអ៊ូ ព្រោះម៉ាក់ចង់ឱ្យខ្ញុំល្អតែប៉ុណ្ណោះ…!”
ម៉ាក់ប្រញាប់និយាយកាត់៖
“ម៉ាក់ទើបតែដឹងថាជាគ្រូពេទ្យម្នាក់ គឺពិតជាត្រូវរ៉ាប់រងច្រើនណាស់ ជាពិសេសក្នុងអំឡុងពេលនេះ! តាំងពីថ្ងៃដែលម៉ាក់ឈានជើងចូលក្នុងមន្ទីរពេទ្យ ម៉ាក់តែងតែសង្កេតរាល់សកម្មភាពរបស់កូនទាំងអស់! ម៉ាក់ពិតជាអៀនមាត់ខ្លួនឯងណាស់!”
ទឹកភ្នែករបស់ម៉ាក់ហូរចុះមកទៀតហើយ។ មិនដឹងហេតុអ្វី ខ្ញុំក៏ស្រាប់តែនឹកព្រួចទៅដល់ឪពុកម្ដាយរបស់ខ្ញុំ។ ខ្ញុំហើបមាត់ប្រុងនិយាយលួងលោម តែគាត់លើកដៃឃាត់មុន។
“ឱ្យម៉ាក់និយាយឱ្យចប់សិន! ពេលវេលាម៉ាក់នៅសល់ប៉ុណ្ណាទៀតក៏គ្មាននរណាដឹងដែរ! ពេលនេះបើម៉ាក់មិនបាននិយាយពាក្យក្នុងចិត្តចេញមក ម៉ាក់ពិតជាមិនស្ងប់ទេ!”
គាត់យកម្រាមដៃទៅជូតទឹកភ្នែក ក៏ដូចជាដកឃ្លាបន្តិចដើម្បីសម្រួលបំពង់ក៖
“នៅថ្ងៃដែលម៉ាក់ទៅធ្វើតេស្តឃើញវិជ្ជមាន ម៉ាក់មានអារម្មណ៍ថាខ្មាសគេណាស់! មានកូនប្រសារធ្វើពេទ្យមួយទាំងមូល បែរជាបណ្ដោយឱ្យខ្លួនឯងឆ្លងជំងឺនេះបាន! ពេលនោះហើយដែលម៉ាក់ដឹងថា កូនពិតជាលំបាកខ្លាំងណាស់ដែលរាល់ថ្ងៃត្រូវរស់នៅប្រឈមជាមួយនឹងមេរោគដែលមិនអាចមើលឃើញនេះ! ទង្វើរបស់កូនជារៀងរាល់ថ្ងៃនៅក្នុងមន្ទីរពេទ្យ ធ្វើឱ្យម៉ាក់មានមោទនភាពដែលមានកូនប្រសារស្រីជាគ្រូពេទ្យល្អម្នាក់ និងជាកូនស្រីដ៏ល្អនៅក្នុងផ្ទះ!”
សំឡេងរបស់គាត់កាន់តែស្អកស្អា សោតឯដង្ហើមក៏កាន់តែខ្លីៗ ញាប់ៗទៅ។
“បានហើយម៉ាក់! កុំប្រឹងនិយាយទៀតអី! កូនមិនដែលខឹងឬស្អប់ម៉ាក់នោះទេ! ឱ្យតែម៉ាក់បានជាពីជំងឺនេះ ត្រឡប់ទៅរស់នៅជុំគ្រួសារយើងវិញ កូនសប្បាយចិត្តណាស់ទៅហើយ! កូនមិនដែលចង់ប្រាថ្នាចង់បានអ្វីលើសពីនេះនោះទេ!”
“បើម៉ាក់យ៉ាងម៉េចយ៉ាងម៉ាទៅ កូនត្រូវជួយមើលថែកូនណាក់ និងចៅឱ្យម៉ាក់ផង! តែប៉ុណ្ណេះម៉ាក់ទៅដោយស្ងប់ចិត្តហើយ!”
“អត់ទេ! ម៉ាក់មិនទាន់ទៅណាទេ! ម៉ាក់នឹងបានជាសះស្បើយ ហើយកូននឹងជូនម៉ាក់ទៅចួបពួកគាត់វិញ! កូនមេត្តាប្រាកដជាសប្បាយចិត្តពេលដែលបានឃើញម៉ាក់យាយរបស់គេត្រឡប់ទៅវិញ! ម៉ាក់សម្រាកសិនទៅ ដើម្បីឱ្យឆាប់មានកម្លាំង!”
ម៉ាក់ញញឹម ហើយបិទភ្នែកស្រឹមៗបន្តិចម្ដងៗ។ ខ្ញុំនៅស្ងៀមរង់ចាំផ្ទៀងស្ដាប់ចង្វាក់ដង្ហើមរបស់គាត់។ បានមួយសន្ទុះស្ថានភាពរបស់គាត់វិលត្រឡប់ទៅរកភាពប្រក្រតីវិញ ទើបខ្ញុំស្ងប់ចិត្តហើយថយមកអង្គុយលើសាឡុង។
មិនដឹងថាខ្ញុំគេងលក់តាំងពីថ្មើរណាទេ ស្រាប់តែពេលបើកភ្នែកឡើងបែរជាឃើញខ្លួនឯងមកដល់ក្នុងផ្ទះវិញបាត់ទៅហើយ។ ផ្ទះខ្ញុំពេលនេះអ៊ូអរណាស់ ហាក់ដូចជាកំពុងរៀបចំកម្មវិធីអ្វីមួយក៏មិនដឹង មានមនុស្សមកជុំគ្នាទាំងអស់… បងរតនៈ កូនមេត្តា ម៉ាក់ក្មេកខ្ញុំ និង…
“ប៉ាម៉ាក់!” ខ្ញុំហៅពួកគាត់ទាំងភ្ញាក់ផ្អើល។
ពួកគាត់ងាកក្រោយសើចដាក់ខ្ញុំយ៉ាងស្រស់។ ក្នុងចិត្តរបស់ខ្ញុំរំភើបរកនិយាយមិនត្រូវ ទឹកភ្នែកហូរចេញមកទៀតហើយ។ មានអារម្មណ៍ថាមួយរយៈនេះភ្នែករបស់ខ្ញុំប្រែជារាក់ ចួបរឿងរ៉ាវអីបន្តិចទឹកភ្នែកក៏តាំងតែនាំគ្នាដណ្ដើមហូរចុះមក។ ខ្ញុំរត់ទៅឱបពួកគាត់ទាំងពីរដោយក្ដីនឹករឭក។
“ប៉ាម៉ាក់! ម៉េចក៏អ្នកទាំងពីរមកបាន? កូននឹកអ្នកទាំងពីរខ្លាំងណាស់!”
ម៉ាក់អង្អែលសក់ខ្ញុំតិចៗ ចំណែកប៉ាសើចចេញធ្មេញទាំងក្រាស់ដាក់ខ្ញុំ។ ស្នាមញញឹមរបស់ពួកគាត់នៅតែកក់ក្ដៅដូចដើម។
“ប៉ាម៉ាក់នឹកកូន ក៏នាំគ្នាមកលេងនឹងកូនទៅ! មើលចុះ កូនរវល់ខ្លាំងមែនទេបានជាស្រកសាច់ម៉្លេះ?”
ខ្ញុំងក់ក្បាលតិចៗ តែឥតបានតបអ្វីទៅគាត់ទៀតទេ។ ប៉ាស្រាប់តែនិយាយកាត់ឡើង៖
“ឃើញទេប៉ាប្រាប់ហើយថាកុំឱ្យធ្វើជាគ្រូពេទ្យអី តែកូនឯងនៅតែចចេស!”
“ប៉ាវាឯងនេះ មិនចោលគំនិតប្រឆាំងកូនសោះ តាំងពីគ្នានៅរៀនរហូតដល់ចេញធ្វើការ!” ម៉ាក់ឆ្លៀតចំអន់ថាឱ្យប៉ាវិញ។
មិនថាពេលណាទេ ម៉ាក់របស់ខ្ញុំតែងតែកាន់ជើងខ្ញុំជានិច្ច ជាពិសេសពេលដែលខ្ញុំរៀនចប់វិទ្យាល័យ ហើយត្រូវជ្រើសរើសរៀនមុខជំនាញនៅសាកលវិទ្យាល័យនេះទៀត។ បងរតនៈដើរពកូនមេត្តា ទន្ទឹមគ្នាជាមួយម៉ាក់ក្មេករបស់ខ្ញុំចេញពីផ្ទះបាយ។
ប៉ាដៀងភ្នែកដាក់បងរតនៈភ្លាម៖
“សង្ស័យតែប្ដីកូនឯងធ្វើបាប មិនឱ្យគេងគ្រប់គ្រាន់ទេដឹង?”
ម៉ាក់លួចក្ដិចចង្កេះប៉ា ធ្វើឱ្យប៉ាស្រែកយ៉ៃ ចំណែកកូនមេត្តាឃើញបែបនេះបែរទៅជាសើចឱ្យកក្អឹក ហើយគ្រប់គ្នាក៏អស់សំណើចទៅតាមអាល្អិតតូចនេះដែរទៅ។ ជីវិតដែលពេញដោយក្ដីសុខ ជីវិតដែលមានសុភមង្គលបែបនេះហើយដែលខ្ញុំតែងតែប្រាថ្នាចង់បាន។
បានបន្តិចម៉ាក់ក្មេកខ្ញុំក៏បបួលអ្នកដន្លងរបស់គាត់ឱ្យចូលទៅញ៉ាំបាយជុំគ្នា តែប៉ានិងម៉ាក់ស្រាប់តែប្រាប់វិញថាគាត់ដល់ពេលដែលត្រូវទៅវិញហើយ។ ខ្ញុំទម្លាក់ទឹកមុខដាក់ពួកគាត់បន្តិចពេលដែលបានឮបែបនេះ។
“ម៉េចក៏ប៉ានិងម៉ាក់ឆាប់ទៅវិញម៉្លេះ? មិននៅលេងនឹងចៅពីរបីថ្ងៃសិនទៅ?” បងរតនៈដែលស្ងាត់មាត់យូរណាស់ហើយជួយឃាត់ពួកគាត់។
“ម៉ាក់គ្មានពេលច្រើនទេ! ម៉ាក់មកនេះគឺមកបបួលកូននួនទៅជាមួយម៉ាក់វិញ!” ម៉ាក់របស់ខ្ញុំនិយាយប្រយោគទាំងនេះចេញមក ធ្វើឱ្យខ្ញុំភាន់ភាំងនិយាយអ្វីមិនចង់ចេញ ក្រៅពីពាក្យពីរម៉ាត់“ថាម៉េច?”។
ម្ដាយក្មេកខ្ញុំឮដូចនេះក៏ប្រញាប់តបទៅវិញ៖
“មិនបានទេ! កូននួនទៅមិនកើតទេ គ្នាត្រូវនៅមើលចៅមេត្តា! ចាំខ្ញុំទៅជំនួសវិញ!”
ខ្ញុំគ្រវីក្បាលមិនសូវយល់នឹងពាក្យពេចន៍ដែលពួកគាត់និយាយគ្នាទាល់តែសោះ! ពួកគាត់ទៅណា? ទៅធ្វើអី? ហេតុអ្វីមិនអាចនៅផ្ទះនេះជាមួយគ្នា? ហេតុអ្វីគ្មានអ្នកណាជួយឃាត់អ្នកណាសោះ? ខ្ញុំបែរទៅរកបងរតនៈ ឃើញគាត់នៅស្ងៀមមិនមានប្រតិកម្មអ្វីទាំងអស់! ខ្ញុំងាកទៅមើលកូនមេត្តាក៏ឃើញតែគេលេងគ្រឿងលេងនៅក្នុងដៃរបស់គេ មិនខ្វល់ពីមនុស្សចាស់ប៉ុន្មាននាក់នេះទេ។
“កូនឯងត្រូវជួយមើលថែកូនណាក់ និងចៅឱ្យម៉ាក់ផងណា៎! ម៉ាក់ទៅហើយ!”
ម៉ាក់ក្មេកខ្ញុំនិយាយព្រមទាំងញញឹមដាក់ខ្ញុំ និងសម្លឹងមើលទៅប៉ាកូនទាំងពីរនាក់ឆ្លាស់គ្នា។
“ម៉ាក់ចង់ទៅណា? ម៉ាក់នៅទីនេះជាមួយពួកខ្ញុំហ្នឹងហើយ! ម៉ាក់! ប៉ា! ម៉ាក់!…”
ខ្ញុំព្យាយាមស្រែកហៅពួកគាត់ដែលនាំគ្នាដើរចាកចេញទៅតាមទ្វាររបងខាងមុខផ្ទះ។ ភ្លាមនោះពន្លឺពណ៌សចាំងមួយបានសាយភាយមកគ្រប់ដណ្ដប់ខ្ញុំ បងរតនៈ ហើយនិងកូនមេត្តា រហូតដល់ខ្ញុំមានអារម្មណ៍ថាស្រវាំងភ្នែកមើលអ្វីលែងឃើញ។
ខ្ញុំបើកភ្នែកម្ដងទៀតឡើង គឺឃើញខ្លួនឯងនៅក្នុងបន្ទប់មន្ទីរពេទ្យដដែល… ពន្លឺថ្ងៃចាំងចូលតាមផ្ទៃបង្អួចចោលមកលើមុខខ្ញុំ អាចឱ្យខ្ញុំកំណត់ដឹងថាពេលនេះជាពេលថ្ងៃទៅហើយ ប៉ុន្តែ… ម៉េចក៏ដៃរបស់ខ្ញុំជាប់សេរ៉ូម? ខ្ញុំក្រឡេកភ្នែកជុំវិញខ្លួនរកមើលម្ដាយក្មេកខ្ញុំ តែមិនឃើញគាត់សោះ។ បេះដូងខ្ញុំលោតញាប់ស្ទើរផ្ទុះចេញមកក្រៅ… អម្បាញ់មិញខ្ញុំយល់សប្តិ?
ឮសូរសំឡេងបើកទ្វារ ខ្ញុំក៏បែរទៅមើល! គ្រូពេទ្យក្នុងសម្លៀកបំពាក់សស្គុស ដណ្ដប់ជុំវិញខ្លួន មានរុំដោយផ្លាស្ទិក និងពាក់ម៉ាស របាំងមុខជិតឈឹង រកតែកំណត់អត្តសញ្ញាណថាជានរណាក៏មិនបាន កំពុងដើរចូលមករកគ្រែដែលខ្ញុំកំពុងអង្គុយនៅពីលើ។
“ម៉េចហើយអ្នកគ្រូពេទ្យ! ក្នុងខ្លួនមានអាការៈយ៉ាងម៉េចដែរ?”
“អាការៈយ៉ាងម៉េច? ខ្ញុំកើតអី?”
ខ្ញុំព្យាយាមស្រមៃរកនឹកព្រឹត្តិការណ៍ដែលបានកើតឡើងមុននេះ…
បន្ទាប់ពីនិយាយគ្នាជាមួយម៉ាក់ក្មេករួចនៅយប់នោះ ខ្ញុំក៏ថយអង្គុយលើសាឡុងហើយក៏គេងលក់ទៅ។ ម៉ោងប្រហែលជា៥ព្រឹក ខ្ញុំស្រាប់តែភ្ញាក់ព្រើត ភ្នែកសម្លឹងទៅមើលប្រជុំចុងដង្ហើមរបស់ម៉ាក់មិនហ៊ានដក។ ស្រាប់តែមួយសន្ទុះក្រោយមក ដង្ហើមគាត់ស្រាប់តែខ្លីទៅៗ ដករាងផុតៗ ចង្វាក់បេះដូង និងជីពចរកាន់តែទាបទៅៗ។ ខ្ញុំប្រញាប់ចូលទៅដាក់អុកស៊ីសែនឱ្យគាត់ ហើយចុចកណ្ដឹងហៅគ្រូពេទ្យដែលត្រូវវេនប្រចាំការ។
“ម៉ាក់! ម៉ាក់កុំកើតអីឱ្យសោះណា៎ម៉ាក់! ម៉ាក់ឮកូនហៅទេ! ហ៊ឺៗ… ជួយម៉ាក់ខ្ញុំផង! ម៉ាក់ៗ!”
ទម្រាំតែគ្រូពេទ្យស្លៀកពាក់រួចរាល់ ហើយចូលមកដល់ក្នុងបន្ទប់ ឧបករណ៍បង្ហាញសញ្ញាជីវិតរបស់ម៉ាក់លែងបង្ហាញទិន្នន័យទៀតហើយ! ម៉ាក់ទៅចោលពួកខ្ញុំហើយ! ហេតុអ្វីក៏គាត់ចាកចេញទៅដោយពុំមានសញ្ញាអ្វីបង្ហាញពីភាពទន់ខ្សោយរបស់គាត់បែបនេះ? ហេតុអ្វីខ្ញុំដែលជាគ្រូពេទ្យម្នាក់បែរជាមិនដឹងអីបែបនេះទៅវិញ? ហេតុអ្វីទៅ?
ខ្ញុំយំគគ្រូកលែងខ្មាសអ្នកណា ក្រៅពីខ្មាសខ្លួនឯង!
អ្នកជំងឺច្រើននាក់ហើយដែលបានទទួលការព្យាបាលជាដោយផ្ទាល់ដៃខ្ញុំ តែហេតុអ្វីខ្ញុំបែរជាគ្មានលទ្ធភាពអាចមើលថែ និងព្យាបាលគាត់បានទៅវិញ? តើខ្ញុំមានអីយកទៅបកស្រាយប្រាប់បងរតនៈ គាត់បានដាក់ក្ដីសង្ឃឹមទាំងអស់មកលើខ្ញុំ តែហេតុអ្វីខ្ញុំបែរជាមិនអាចរក្សាអាយុជីវិតអ្នកមានគុណរបស់មនុស្សជាទីស្រឡាញ់ខ្ញុំបាន?
ក្រុមគ្រូពេទ្យបានចូលមករៀបចំវេចខ្ចប់សពរបស់ម្ដាយក្មេកខ្ញុំយកចេញទៅបូជា ស្របពេលដែលខ្ញុំកំពុងតេទូរស័ព្ទទៅរកបងរតនៈ។ ក្នុងទ្រូងខ្ញុំញាប់ញ័រ ឈឺចាប់ ពិបាកនឹងពណ៌នា។
“បង! …” ខ្ញុំហៅគាត់បានតែមួយម៉ាត់ប៉ុណ្ណេះ ទឹកភ្នែកក៏ធ្លាក់មកស្លាក់ទើនៅត្រឹមបំពង់ក។
“អូន! ម៉េចបានយំ? ម៉ាក់កើតអីមែនទេ?” បងរតនៈសួរបកវិញទាំងស្លន់។
“ម៉ាក់! ម៉ាក់យើងស្លាប់ហើយបង ហ៊ឺៗ!”
“ពុទ្ធោ! ម៉ាក់!”
ខ្ញុំស្ដាប់លែងឮប្ដីរបស់ខ្ញុំនិយាយអ្វីទៀតហើយ ពេលនេះផ្ទៃបន្ទប់ទាំងមូលវិល និងប្រែជាងងឹតម្ដងបន្តិចៗ…!

ក្បាលរបស់ខ្ញុំឈឺពើតស្ទើរផ្ទុះបែក ព្រោះទិដ្ឋភាពឈឺចាប់ទាំងអស់ប្រជែងគ្នាចាក់បញ្ចាំងក្នុងខួរក្បាលរបស់ខ្ញុំ។ ខ្ញុំបែរយឺតៗទៅសម្លឹងតុនៅខាងឆ្វេងដៃ ដែលកាលពីម្សិលម៉្ងៃខ្ញុំបានដាក់ចានផ្លែប៉ោមសម្រាប់ទុកឱ្យម៉ាក់ពិសារ តែពេលនេះនៅលើនោះបែរជាមានកោដ្ឋធ្វើពីថ្មកែវមួយ ដែលរក្សាទុកអដ្ឋិធាតុរបស់គាត់ជំនួសទៅវិញ។ គ្រូពេទ្យបានប្រាប់ថា ខ្ញុំឆ្លងជំងឺកូវីដពីម្ដាយក្មេករបស់ខ្ញុំ ដោយយោងតាមលទ្ធផលតេស្តសំណាកដែលបានយកពេលខ្ញុំដួលសន្លប់។
រយៈពេលជាងកន្លះខែក្រោយមក ខ្ញុំទទួលបានលទ្ធផលតេស្តអវិជ្ជមានពីរដង ហើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យខ្ញុំវិលត្រឡប់ទៅផ្ទះវិញ ដោយបន្តធ្វើចត្តាឡីស័កបន្ថែមរយៈពេលប្រាំពីរថ្ងៃទៀត។ ឡានពេទ្យបានដឹកយកខ្ញុំមកដាក់នៅពីមុខផ្ទះ។
“យើងមកដល់ផ្ទះវិញហើយម៉ាក់!” ខ្ញុំនិយាយខ្សឹបៗទៅកាន់កោដ្ឋដែលដាក់ធាតុម្ដាយក្មេក។
បងរតនៈនិងកូនមេត្តា ឈរចាំពួកយើងនៅមាត់ទ្វារផ្ទះខាងក្នុងដោយកែវភ្នែកសោកសៅ។ ខ្ញុំបោះជំហានចូលទៅទាំងខ្លួនស្រាលស្ងើក។
“ម៉ាក់ៗ! ម៉ាក់…មក…វិញ…ហើយ!” សំឡេងកូនមេត្តាស្រែកហៅខ្ញុំនៅពីលើដៃបងរតនៈ រឹតតែធ្វើឱ្យចិត្តរបស់ខ្ញុំក្ដុកក្ដួល។
បងរតនៈសម្លឹងមើលមកក្នុងដៃខ្ញុំឥតព្រិច។ ដំណក់ទឹកថ្លាដែលដក់នៅក្នុងភ្នែករបស់គាត់ រកកលនឹងធ្លាក់ចុះមក។ ខ្ញុំដើរមកឈប់ទល់មុខពួកគាត់ចម្ងាយប្រហែលជាពីរម៉ែត្រ។
ពេលនេះជើងរបស់ខ្ញុំលែងមានកម្លាំងទៀតហើយ ជង្គង់ទាំងគូដួលស្រ៊ឹបទៅលើដី នៅសល់តែដៃទាំងទ្វេដែលខ្ញុំព្យាយាមទប់កោដ្ឋកុំឱ្យធ្លាក់។ ខ្ញុំទ្រាំទៀតលែងបានហើយ! កែវភ្នែកទាំងគូរបស់ខ្ញុំផ្សារលេញ ក្នុងទ្រូងអួលណែន…
“បង! អូនសុំទោស! អូនមិនអាចជួយម៉ាក់បាន… អូនសុំទោស! ហ៊ឺៗ! អូនពិតជាអន់ណាស់! អូនមិនសមធ្វើជាគ្រូពេទ្យទេ! អូនមិនសមធ្វើជាគ្រូពេទ្យទេ! ហ៊ឺៗ!”
ទឹកភ្នែកមួយដំណក់ស្រក់ចុះពីភ្នែកស្វាមីដ៏រឹងមាំរបស់ខ្ញុំ។ ខ្ញុំស្មានដឹងថា តាំងតែពីថ្ងៃដែលគាត់ដឹងថាម៉ាក់ចែកឋានទៅ គាត់បង្ហូរទឹកភ្នែកអស់ជាច្រើនមកហើយ គ្រាន់តែគាត់ពុំហ៊ានបង្ហាញឱ្យខ្ញុំឃើញ ខ្លាចខ្ញុំគិតច្រើនបន្ទោសខ្លួនឯង។ តែគាត់កាន់តែស្ងប់ស្ងាត់ ខ្ញុំកាន់តែមានអារម្មណ៍ថាខ្លួនឯងឥតបានការលើសដើម។
“បងនិយាយអ្វីមួយម៉ាត់មក! ឬក៏ចង់ជេរចង់ស្ដីបន្ទោស ថាអ្វីឱ្យអូនក៏បាន… តែបងកុំនៅស្ងៀមបែបនេះអី! ឃើញបងបែបនេះ អូនអាចនឹងបែកទ្រូងស្លាប់មិនខាន!”
កូនមេត្តាឃើញប៉ាម៉ាក់យំបែបនេះ មាត់របស់គេចាប់ផ្ដើមពេបតាម។
“អូនហត់ហើយ! ក្រោកឡើងមកអូន! អូនមិនខុសទេ! មិនមែនជាកំហុសអូនឡើយ!”
តាមកម្សួលចិត្តដែលត្រជាក់រងាពេលនេះ សមណាស់តែខ្ញុំនឹងរត់ទៅឱបបងរតនៈឱ្យណែនពេញដៃ តែខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីនៅបន្តខ្សឹកខ្សួលពីមុខមនុស្សជាទីស្រឡាញ់ទាំងពីរនាក់។
បងរតនៈទម្លាក់ខ្លួនចុះ ព្រមទាំងព្យាយាមលួងលោមខ្ញុំ៖
“ម៉ាក់ទៅបានសុខហើយ! អូនកុំគិតច្រើនអី! បងមិនដែលគិតថាចង់ស្ដីបន្ទោសអូនទេ! គ្រូពេទ្យមិនមែនជាទេវតាឡើយ… បងដឹងថាអូន និងក្រុមគ្រូពេទ្យផ្សេងទៀតបានព្យាយាមអស់ពីលទ្ធភាពក្នុងការជួយម៉ាក់ហើយ! ពេលនេះម៉ាក់លែងឈឺចាប់ហើយ! រឹងមាំឡើងអូន!”
គាត់សម្លឹងមុខខ្ញុំ ព្រមទាំងលោដៃពីចម្ងាយមក ធ្វើដូចជាកំពុងផ្ដិតទឹកភ្នែកដែលកំពុងហូរចុះលើថ្ពាល់ទៅលាក់ខ្លួននៅពីក្រោមម៉ាស់របស់ខ្ញុំ ។ ទោះបីជាពុំបានប៉ះផ្ទាល់ តែខ្ញុំទទួលជ្រាបពីភាពកក់ក្ដៅដែលកំពុងផ្ដល់ឱ្យគ្នាទៅវិញទៅមកតាមកែវភ្នែកទាំងគូរបស់គាត់។
ម៉ាក់! សូមម៉ាក់ទៅឱ្យបានសុខចុះ! ចាប់ពីថ្ងៃនេះតទៅ កូនសូមសន្យាថានឹងធ្វើជាភរិយាដ៏ល្អសម្រាប់ស្វាមី ជាម្ដាយដ៏មានព្រហ្មវិហារធម៌សម្រាប់កូន និងជាគ្រូពេទ្យម្នាក់ដែលខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជួយអ្នកជំងឺរបស់ខ្លួន។ កូននឹងមិនធ្វើឱ្យម៉ាក់អស់សង្ឃឹមទេ! សូមដួងវិញ្ញាណក្ខន្ធប៉ាម៉ាក់និងអ្នកដែលបានចែកឋានដោយសារជំងឺកូវីដទាំងអស់ ទៅកាន់ទីឋានដែលស្ងប់សុខ! សូមឱ្យប្រទេសកម្ពុជា និងពិភពលោកទាំងមូល អាចប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះបានឆាប់ៗផងចុះ!
ចប់