រឿង៖ ផ្ទះគេទុកចោល

ទម្រាំពីរនាក់ខ្ញុំមកដល់កំពង់ស្ពឺ ម៉ោង ៨យប់ល្មម តន្រ្តីអកកេះលាន់ទ្រហឹងពេញភូមិរកនិយាយស្តាប់គ្នាមិនចង់បាន។ ខ្ញុំនិងអានុតដើរពីក្រោយអាហុង ដែលជាប្អូនប្រុសម្ចាស់ដើមការ ដល់ផ្ទះឈើធំមួយនៅរំលងបួនដប់ផ្ទះពីផ្ទះការ។ មើលពីចម្ងាយ ផ្ទះនេះមានអំពូលមិនសូវភ្លឺមួយបំភ្លឺនៅខាងក្រៅ និងងងឹតឈឹងនៅខាងក្នុង ដើរចូលដល់មុខផ្ទះៗនេះមានរានទេព្តាបញ្ឈរជាច្រើនខ្លះធ្វើរួច ខ្លះនៅមិនទាន់​លាប​ពណ៌។

អាហុងមិត្តខ្ញុំ កាលរៀនវិទ្យាល័យនិយាយបណ្តើរ ដៃរាវរកកូនសោបើកទ្វារផ្ទះបណ្តើរ​

“ផ្ទះនេះទុកចោលតាំងពីកុងអញគាត់ទើបខូច តាំងពីពេលនោះមក គ្មានអ្នកនៅ គ្មានអ្នកធ្វើរានទេព្តាលក់តពីគាត់ទេ  ពួកឯងប្តូរខោអាវហើយ យប់នេះដេកនៅផ្ទះនេះមួយយប់សិនទៅ ចាំព្រឹកចាំទៅភ្នំពេញជាមួយគ្នា”

គ្រាន់តែឮថាផ្ទះនេះមានមនុស្សទើបស្លាប់ ហើយគេទុកចោល វាក្លាយជាទីដ៏ព្រឺព្រួចរបស់អានុត មនុស្សពូកែខ្លាចនៅក្បែរខ្ញុំនេះ

“អើ! ដឹងតែដេកហើយអាណាទៅទាំងយប់ទេ”

“អ៊ីចឹង ពីរនាក់ឯងទៅតាមក្រោយ អញទៅរោងការមើលការខុសត្រូវវិញ ហើយនោះភួយខ្នើយដេកនៅក្រៅហ្នឹងហើយ”

ខ្ញុំរេភ្នែកមើលសព្វពេញផ្ទះ។​ ផ្ទះនេះទោះគ្មានអ្នកនៅតែគ្រប់យ៉ាងថែរក្សាបានស្អាតតុ​ ទូរ ទូរទស្សន៍ឈើច្រត់មួយនិងគ្រឿងសង្ហារឹមពីឈើប្រណីតៗ មានទូរឈើមួយឈរកណ្ដាលផ្ទះ កំពុងទ្រជើងធូបពីរកំប៉ុង ជាប់ច្រកចូលទៅផ្ទះបាយ របស់របរទាំងនេះរៀបចំមានសណ្ដាប់ធ្នាប់ និងមិនមានធូលីលើរនាបបន្តិចឡើយ។

អាហុងចុះចេញទៅ ពួកយើងចាប់ផ្តើមប្តូរខោអាវហើយដើរពិនិត្យពេញផ្ទះ។ ផ្ទះនេះមានតែបន្ទប់មួយ ដែលជាប់សោបើកអត់ចេញ យើងក៏ដើរហួសដល់ផ្ទះបាយខាងក្រោយ។​​ សំឡេងតន្រ្តីពីផ្ទះការនៅតែឮខ្លាំង​ៗ បន្តិចមកឮសំឡេងមនុស្សច្រើនសូត្រធម៌ញាប់ស្រុះគ្នាកាន់តែផ្ទៀងស្តាប់ឮកាន់តែច្បាស់។

“យី! គេធ្វើអីសូត្រធម៌ទាំងយប់ថ្មើរនេះ” អានុតរអ៊ូ
“ស្អីគេ! អ្ហែងឮដែរមែន?”
“អើ! ឮតើ អកកេះខ្លាំងប៉ុណ្ណឹងហើយនៅឮទៀត”
“ដឹងស្អីវាទេអាហុងទុកឯងចោលហើយទៅបាត់ ! អាចង្រៃរវល់ស្អីវា ឯងខំស្កាត់ពីភ្នំពេញមក”

ពួកយើងចុះមកទាញទ្វារខ្ទប់វិញ។ ខ្ញុំដើរញាប់ជើងអានុតដើរផងរត់ផងពីក្រោយ ​មកដល់រោងការអាហុងនាំយើងចូលតុហើយណែនាំមិត្តរៀននៅសាកលជាមួយវា។

“អានេះវាទុកឯងចោលមកផឹកជាមួយមិត្តសាកលវាសោះ” ខ្ញុំគិតក្នុងចិត្ត

ផឹកត្រឹមតែមួយកំប៉ុង ត្រឹមម៉ោង១០ យើងសុំអាហុងត្រលប់មកវិញ វានៅជល់កែវបន្ត ហើយប្រាប់ឱ្យយើងដេកនៅផ្ទះជីតាវាសិន​​​​ វាអត់បានទៅដេកជាមួយទេ។

អានុតដើរបណ្តើរកេះខ្ញុំនិយាយបណ្តើរ

“បើអាហុងអត់មក យើងមិនដេកតែពីរនាក់?”
“បើមិន២នាក់មានអ្នកណាទៀត?”
“តែអញចង់ទៅភ្នំពេញវិញ ព្រឹកជាប់ប្រជុំខ្លាចទៅអត់ទាន់”

ខ្ញុំឡើងដល់កាំជណ្តើរលើទាញទ្វារបើកឆួលក្លិនធូបវឹប​ពេញច្រមុះ​​​​ សំឡេងសូត្រធម៌ក៏បន្លឺរងំ ប្រណាំងនឹងតន្រ្តីការ អានុតកេះខ្ញុំធ្វើឱ្យខ្ញុំភ្ញាក់កន្រ្ទាក់ខ្លួនដាក់វាមួយដៃផូស។

ពីរនាក់ខ្ញុំដើរមើលសព្វក្នុងផ្ទះម្ដងទៀត ដល់ខាងក្រោយខាងស្តាំចង្រ្កានបាយ ខាងឆ្វេងបន្ទប់ទឹក។ អានុតដើរត្រុតៗពីក្រោយខ្ញុំដល់ផ្ទះបាយ…

“មើលផ្ទះនេះស្អាតមិនសមអាហុងទុកចោលទេអ្ហា៎”
“…”
ស្ងាត់គ្មានសំឡេងឆ្លើយតប
ខ្ញុំងាករេជុំវិញខ្លួនរកអានុត។ បាត់ឈឹង បាត់ស្រមោលអានុត
“អានុត!!! អា…នុត” ខ្ញុំស្រែកហៅច្បាស់ៗមួយៗ
“ស្អីគេ អញនៅនេះ”
ខ្ញុំចេញពីផ្ទះបាយដើរទៅមុខវិញតាមសំឡេងនុត។
“អ្ហែងមកមុខតាំងថ្មើរណាហាស”
“អញនៅហ្នឹងតើ មានបានដើរទៅក្រោយតាមទេ” អានុតឆ្លើយធ្វើហី
“ហាក !! អ៊ីចឹងអ្នកណាដើរពីក្រោយអញមិញ”
“ទេ គ្មានទេ មានតែ២នាក់អញមិនដឹងទេ”

ខ្ញុំមើលជុំវិញបរិវេណក្នុងផ្ទះនេះដោយប្រុងប្រយ័ត្នជាងមុន ក្រោមពន្លឺអំពូលម៉ែត្រមិនសូវច្បាស់។ មានរូបថតមួយសន្លឹកព្យួរជាប់ជញ្ជាំង អានុតដើរទន្ទឹមខ្ញុំ ចូលទៅជិតមើល។ រូបថតបុរសចំណាស់ម្នាក់អាយុប្រហែល ៧០ប្លាយ សក់ស ពាក់អាវ​​សពានា​ សឆៀងស្មាម្ខាងដូចអាចារ្យ​ទឹកមុខស្មើ កែវភ្នែកសម្លឹងមកយើងមុត​។ ខ្យល់ល្ហើយវឹបដូចមាត់អ្នករត់កាត់ពីក្រោយខ្នង ធ្វើឱ្យខ្ញុំព្រឺដល់ឆ្អឹងខ្នងមួយរំពេច ខ្ញុំរហ័សងាកក្រោយតាមសំឡេងខ្ពាកដូចវត្ថុធ្ងន់ជ្រុះខ្ទររនាប អានុតធ្វើមុខស្លើត​ស្លក់ ខ្ញុំយកដៃឈ្លីមុខខ្លួនឯង។

“ឯងធ្វើជ្រុះ? ឆាប់កើបផេះចូលកំប៉ុងជើងធូបនេះវិញ” ខ្ញុំតបទៅអានុតដែលនៅរញីរញ័រ។

ស្លាប់ហើយមិនកើតទេ កំពុងមានអារម្មណ៍មិនស្រួលផង ថែមធ្វើជើងធូបគេធ្លាក់បែបនេះទៀត ខ្ញុំចត់មាត់តិចៗជាមួយមនុស្សមានប្រវត្តិខុសគេដូចជាខ្ញុំ កាលនោះចាស់ៗតែងថាខ្ញុំមានក្រយៅខ្មោចលង​។​ ជីតាខ្ញុំបែរជាថាខ្ញុំមានសំណាង អាចឃើញអ្វីដែលមនុស្សធម្មតាមិនអាចមើលឃើញ តែខ្ញុំមិនសប្បាយចិត្តនិងមិនចង់បានបែបនេះទេ។

អានុតកើបញាប់ដៃ លើកដាក់នៅលើទូឈើចំកណ្តាលផ្ទះ។ ពួកយើងដេកនៅមាត់ទ្វារ។

“ប៉ុប! ប៉ុប!” សំឡេងឈើស្រួចដោលលើរនាបប៉ុបៗដូចមនុស្សកំពុងច្រត់ឈើច្រត់ដើរ​។​

ខ្ញុំនៅក្នុងភួយថ្មឹងចាំស្តាប់ តែសំឡេងខ្លាំងឡើងៗរនាបកាន់តែខ្ទរ ដូចមានសម្រិបជើងធ្វើចលនាពីក្រោយមករកកន្លែងដេកពួកយើង។​ ខ្ញុំក្តាប់ភួយជាប់ស្ទុះក្រោកអង្គុយវ៉ឹង…​ស្ងាត់គ្មានអ្វីទាំងអស់

អានុតដកដង្ហើមគឃូសលាត់ភួយក្រោកតាម

“យើងទៅភ្នំពេញវិញឥឡូវទៅ” អានុតនិយាយដង្ហើមសឹងមិនដល់គ្នា
“ពាក់កណ្តាលអធ្រាត្រហើយ ទ្រាំដេកតិចទៅភ្លឺឥឡូវហើយ”
ខ្ញុំនិយាយធូរទេ តែបេះដូងលោតចង់ចេញពីទ្រូងព្រឺក្បាលខ្ញាកៗ។

ពួកយើងប្រាសខ្លួនដេកស្មើគ្នា។ សំឡេងតន្រ្តីការត្រូវបានបញ្ចប់ នៅឡើយតែម្ដងៗ មានសំឡេងសូត្រធម៌ខ្លាំងៗ ក្លិនធូបក្លិនទៀនពេញច្រមុះ​ដូចគេកំពុងសូត្រមន្តលើផ្ទះនេះណាស់។ ខ្ញុំនៅតែសម្ងំក្នុងភួយរួញជើងក្រវៀនៗចូលគ្នា មិនហ៊ានកម្រើក បើកញើកជោកដូចគេចាក់ទឹក។

បន្ទប់មកមានសំឡេងមនុស្សអ៊ូអរចេចចាចសម្បើមណាស់​ សំឡេងច្រាវៗ ចានឆ្នាំងទង្គិចគ្នានៅផ្ទះបាយខាងក្រោយ បន្ទិចមកក្លិនក្រអូបបាយឆ្អិន​ សម្លភាយឈ្ងុយ។ ខ្ញុំស្រូបខ្យល់ពេញពោះ ស្ទុះអង្គុយវ៉ឹងធ្វើឱ្យអានុតស្ទុះស្ទាតាមម្ដងទៀត។ស្ថានភាពនេះមិនអាចសម្ងំស្ងៀមទាល់ភ្លឺបានទេ រូបភាពខ្មោចព្រាយក្នុងខ្សែភាពយន្ដ និងអ្វីៗចម្លែកៗដែលខ្ញុំធ្លាប់ឃើញពីក្មេងដណ្ដើមគ្មានផុសពេញការចងចាំរបស់ខ្ញុំ តែខ្ញុំនៅរក្សាស្មារតីនឹងនជាងអានុតរាវរកទូរសព្ទជិតខ្លួនខលទៅអាហុង ឱ្យវាមកដេកបានជាគ្នា។

“អាឡូ អាហុង មកផ្ទះកុងអ្ហែងបន្ទិចមក” ខ្ញុំនិយាយសំឡេងខ្លាំងៗ
“ហ៊ឹះ…អត់ទៅទេ…” សំឡេងស្រវឹងជោករបស់អាហុងធ្វើឱ្យខ្ញុំក្តៅស្លឹកត្រចៀក បាត់ខ្លាចមួយខណៈ
“អ្ហែងមកក៏មិនមក” សំឡេងម៉ាត់ៗរបស់ខ្ញុំធ្វើឱ្យអានុតងាកមើលមុខខ្ញុំ
“ទឺត!ទឺត!ទឺត!!!” ខ្សែទូរសព្ទអាហុងត្រូវបានកាត់ផ្តាច់
ខ្ញុំមើលម៉ោងលើអេក្រង់ទូរសព្ទម៉ោង១:០០ រំលងអធ្រាត្រ។

“អាឆាយយើងទៅភ្នំពេញវិញទៅ អញមិនស្រណុកខ្លួនទេម្តងក្លិនធូកម្តងក្លិនម្ហូប” ខ្ញុំមិនតបអានុតបន្ត
“ដូចមានអារម្មណ៍ថាមិននៅតែ២នាក់យ៉ាងម៉េចទេ ដូចមានជនទីបីនៅក្នុងផ្ទះនេះកំពុងឃ្លាំមើលគ្រប់សកម្មភាពពួកយើង”
អានុតនិយាយទាំងភ្នែកសក្បុស ងាកមើលឆ្វេងស្ដាំដូចមាន់ព្រៃ

“ មិនមែនជនទីបីអីទេ គឺពេញមួយផ្ទះតែម្ដង” ខ្ញុំតបទៅអានុត
ចុះមកដល់ដីភ្លាម ទ្វារផ្ទះវៃផ្ទប់ផាំងស្វ័យប្រវត្តិ ខ្ញុំមើលមុខអានុតរត់ឡើងម៉ូតូភ្លាម។

តាមផ្លូវស្ងាត់ណាស់មានតែម៉ូតូយើងជិះមួយផ្លូវម្នាក់ឯង ផ្ទះអ្នកស្រុកតាមផ្លូវបិទភ្លើងលាក់ខ្លួនក្រោកសន្សើមត្រជាក់ តែមេឃមិនសូវងងឹតត្បិតមានចន្ទមួយចំហៀងជួយបំភ្លឺខ្លះៗ ខ្យល់ត្រសៀកៗព្រឺដល់ឆ្អឹងខ្នង រងាសឹងដាច់ពោះវៀន។ អានុតរងាងឺៗញ័រថ្គាមពីក្រោយខ្នងខ្ញុំ

ជិះបានមួយស្របក់ធំសំឡេងក្រាកៗលាន់ឡើង៖

“ អាច្រវ៉ាក់មកលាន់អីពេលហ្នឹង”  ខ្ញុំរអ៊ូ
“ទៅមុខមិនដល់ថយក្រោយមិនកើតទេអាឆាយ ជិះទាំងបែបហ្នឹងទៅ” អានុតនិយាយញ័រៗ

ឃើញមានភ្លើងអំពូលពណ៌សជះមកផ្លូវនៅខាងមុខមិនឆ្ងាយពីយើង ទោះវាភ្លឺមិនសូវខ្លាំងតែវាច្បាស់ក្នុងភាពងងឹតលើផ្លូវនេះ។ ខ្ញុំមានសង្ឃឹម ជិះទៅដល់ជាផ្ទះជាងជុសជួលកង់ម៉ូតូ

“ត្រូវម៉ាច់ អានុតមានផ្ទះគេធ្វើម៉ូតូឱ្យគេមើលច្រវ៉ាក់ម៉ូតូយើង” ខ្ញុំនិយាយទាំងអរផើតតែមិនទាន់ស្រណុកចិត្ត

ខ្ញុំឈប់នៅផ្ទះជាងឱ្យគេមើលឱ្យ អានុតទិញទឹកសុទ្ធពីរដបមកទុកផឹកតាមផ្លូវ។ ចេញពីផ្ទះជាង មិនដល់១០០ម៉ែត្រផងសំឡេងច្រវ៉ាក់លាន់ខ្លាំងទៅៗ ខ្ញុំបង្អន់ម៉ូតូងាកក្រោយចង់ត្រឡប់ឱ្យជាងមើលម្តងទៀតតែ…តែងងឹតឈឹងគ្មាន…គ្មានផ្ទះជាងធ្វើម៉ូតូទៀតទេ មានតែព្រៃខ្ពស់ទាបដុះតាមផ្លូវគ្មានផ្ទះអ្នកស្រុកមួយ ខ្ញុំព្រឺក្បាលខ្ញាកៗញ័រដៃទប់ចង្កូតមិនចង់កើត។អានុតលើកថង់កំពុងយួរទឹកទើបពីទិញគឺ​…គឺគ្មានទឹកទេ ដបមានទឹកត្រជាក់ក្លាយជាស្បោងគគ្រិចច្រកដបទទេរពីរដបអានុតប្រលែងដៃបោះចោលខ្ពាក​ ខិតខ្លួនមកឱបខ្ញុំជាប់។

ភ្លើងម៉ូតូពណ៌លឿងស្រាលរបស់ខ្ញុំទម្លុះស្បៃអន្ធការ តាមផ្លូវចាំងឱ្យឃើញសត្វអ្វីម្យ៉ាងនៅកណ្តាលផ្លូវ គឺដូចសត្វកណ្តុរ ជិះកាន់តែជិតវាកាន់តែរីកខ្លួនធំទៅៗ ខ្ញុំរេចង្កូតគេចសឹងមិនទាន់។ រំពេចនោះមានឡានពេទ្យមួយគ្រឿងបើកយឺតៗ តាមទិសស្របជាមួយម៉ូតូខ្ញុំ។ ឡានបើកដល់ស្របគ្នា ពេទ្យអង្គុយខាងមុខអើតក្បាលមកមើលពួកយើង​​

“អាពីរនាក់នេះជិះម៉ូតូភ្លើៗ ប៊ិះបុកគល់ឈើងាប់”

​ខ្ញុំងាកទៅមើលតាមសំឡេងគឺ…ពេទ្យដែលនិយាយថាឱ្យពួកយើង គាត់…គាត់គ្មានភ្នែកទេ ឡានចេះតែបន្តល្បឿនទៅមុខរហូតរលាយបាត់ក្នុងទីងងឹត។ ខ្ញុំស្រៀវខ្លួន​ញ័រដៃញ័រជើងគ្រប់គ្រងមិនបានរេចង្កួត អានុតចេះតែឱបខ្ញុំពីក្រោយជាប់ ញ័រមាត់តតាក់។

“ទីត!!!ទីត!!!”
ខ្ញុំភ្ញាក់សឹងតែលោតចោលម៉ូតូ ស៊ីផ្លេឡាននៅខាងក្រោយខ្ញុំអេបកៀន ជ្រុលស្ទើរតែធ្លាក់ផ្លូវវក់វីមិនដឹងទិស។

“អាឆាយមានមនុស្សនៅខាងមុខ ”
“ យើងមានសង្ឃឹមហើយ”
ខ្ញុំថ្លោះមុខ ឃើញមនុស្សម្នាអ៊ូអរឈូឆរនៅខាងមុខ ជិះកាន់តែជិតដល់ម៉ូតូចង់រលត់ “តឹកៗ…” ម៉ូតូរលត់ឈប់ស្ងៀម។ មើលឆ្វេងស្តាំគឺឃើញផ្ទះឈើធំមួយមានមនុស្សកុះករពេញលើផ្ទះកំពុងធ្វើវិធីអ្វីមួយទាំងកណ្ដាលយប់។ ផ្ទះនេះមានរានទេព្តាបញ្ឈរដាក់លក់មុខផ្ទះត្រៀបត្រា។

“ផ្ទះនេះ…ផ្ទះកុងអាហុង” អានុតឆោឡោភ្ញាក់ផ្អើល
“ជិះទៅវិញទៅមកកន្លែងដដែលម៉េចនឹងកើត? តែមានមនុស្សច្រើនហើយតើ យើងចូលទៅសាកសិនមើល”

ខ្ញុំចុះពីលើម៉ូតូរុញបណ្តើរចូល អានុតនៅអេះអុះរេរង់។ ពួកយើងឡើងមកដល់ខាងលើមានព្រះសង្ឃកំពុងសូត្រធម៌រងំ ចាស់ៗស្តាប់យ៉ាងស្ងៀមស្ងាត់និងមានរូបថតតាចាស់ម្នាក់ផ្អែកមុខជើងធូក មើលទៅដូចប្រហែលៗ…។​ ចាស់ៗស្តាប់ធម៌មិនរវល់នឹងវត្តមានយើងទាំងពីរនាក់ឡើយ។ ខ្ញុំដើរឱនៗចូលទៅអង្គុយខាងក្រោយគេ។ ខ្ញុំដឹងថាអានុតមិត្តខ្ញុំពូកែភ័យ ពូកែឆោឡោវាខ្លាច វាឧស្សាហ៍មើលមុខខ្ញុំដោយមិនស្រណុកចិត្ត។ ខ្ញុំរំពៃរកមើលអាហុងតែមិនឃើញវាសោះ រំពេចនោះខ្ញុំភ្ញាក់ព្រើតដូចគេកន្ទ្រាក់ ដោយសារនៅសុខៗចាស់ៗផ្តើមសូត្រស្រុះគ្នាខ្លាំងទៅៗសឹងបែកត្រចៀក។​

“ថ្លង់ណាស់ចេញក្រៅសិនហី” ខ្ញុំនិយាយល្មមអានុតស្តាប់ឮ
អានុតងក់ក្បាល ខ្ញុំក្រោកដើរឱនៗគោរពចាស់ៗកំពុងអង្គុយដើរជិតដល់មាត់ទ្វារ

“ផាំង!”

ខ្ញុំភ្ញាក់ក្រញ៉ាងទ្វារបិទផាំងនៅចំពោះមុខទាំងមិនទាន់បានចុះទៅ ​ស្ងាត់ឈឹងសំឡេងសូត្រធម៌ស្ងាត់ច្រៀប។​ អានុត មុខសស្លាំងសម្លឹងមើលខ្ញុំកំពុងញាប់ញ័រ…

“ពួកឯងចង់ទៅណា” សំឡេងមនុស្សចាស់លាន់មកដោយគ្មានប្រភព។ ខ្ញុំនៅស្ងៀមទាំងបែកញើសជោកថ្ងាសងាកក្រោយបាត់អស់…បាត់ព្រះសង្ឃបាត់ចាស់ៗ​នៅលើផ្ទះមានតែខ្ញុំពីរនាក់អានុតកំពុងភ្នែកនៅកញ្ចឹងក

សំឡេងនៅបន្លឺជាថ្មីខ្ទរពេញផ្ទះ ដោយមិនដឹងមកពីទិសណា

“ដាក់កន្លែងដើមវិញ…ដាក់កន្លែងដើមវិញ…”​ សំឡេងអូសបន្លាយវែងខ្សាវៗនិយាយដដែលៗស្តាប់គួរឱ្យព្រឺរោម។

ខ្ញុំសម្លឹងអានុតដោយងឿងឆ្ងល់​ញាប់ញ័រភិតភ័យមិនចាញ់វា តែខ្ញុំធ្វើរឹងពឹងកុំឱ្យវាកាន់តែភ័យព្រោះវាមកនេះបានអាងខ្ញុំ បើខ្ញុំឆោឡោទៀតអ្នកណាពឹងអ្នកណាបាន?

ខ្ញុំបន្លឺតិចៗ
“កន្លែងដើមអី? ”
“អញចង់ទៅភ្នំពេញវិញអាឆាយ”
ដៃអានុតត្រជាក់ស្រេងដូចទឹកកកចាប់ដៃខ្ញុំអង្រួន

“យើង…យើងយកអីគេ យើងដាក់អីកន្លែងដើម…អានុត…អត់ទេយើងទៅទៅភ្នំពេញវិញឥឡូវ”
ខ្ញុំរហ័សអង្រួនទ្វារឈើមាំណែន

“ជួយ…ជួយផង បើកទ្វារ”
“ខ្ពាក!!!”
ខ្ញុំបញ្ឈប់ងាកក្រោយតាមសំឡេងជ្រុះគឺ…កំប៉ុងជើងធូបលើទូឈើកណ្តាលផ្ទះជ្រុះដោយឯកឯងខ្ញុំថយក្រោយរហូតទល់ខ្នងនិងទ្វារ អានុតចូលកាន់តែកៀកខ្ញុំ។ខ្ញុំដកដង្ហើមស្រូបពេញពោះ បន្ធូរមកវិញខ្សាក…

“ មុននេះដូចឃើញឯងធ្វើជ្រុះម្តង? មែនអត់?” អានុតញ័រមាត់
“គឺ…គឺ អញ”
“គឺអីឯងធ្វើអី” ខ្ញុំជ្រួញចិញ្ចើម

អានុតរដិបរដុប
“ពេលនោះឈរមើលរូបថតជាមួយអ្ហែង មើលកាន់តែយូរតាហ្នឹងញាក់ចិញ្ចើមដាក់អញ…អញភ័យបែរខ្នងរត់បែរមកប៉ះទូមួយទំហឹងវាជ្រុះមក អញអត់ដឹងទេអញរើសដោតវិញមិនសល់ជើងធូបមួយសរសៃ អញដាក់កន្លែងដើមវិញហើយ”

ខ្ញុំតាំងស្មារតីដើរយឺតៗទៅមុខទូ​​​ ឱនរើសកំប៉ុងជើងធូកទើបពីជ្រុះអំបាញ់មិញឡើងទាំងញ័រដៃទទ្រើត ខ្ញុំនិយាយតិចៗ

“លោកតា កូនចៅគ្មានចេតនាទេ ខ្ញុំមកល្អខ្ញុំគ្រាន់មកសុំទីនេះមួយយប់ អាហុងក៏វាយល់ព្រម ឥឡូវខ្ញុំដាក់វិញហើយ​​ គឺកូនចៅសូមទៅផ្ទះវិញហើយ”

ខ្ញុំមានអារម្មណ៍ថា ជីតារបស់ខ្ញុំនៅក្បែរៗខ្ញុំ ខ្ញុំក្រោកឡើងលើកដាក់លើទូ​រ បែរក្រោយតាមសំឡេងងឺតក្រោយខ្នង​​ ទ្វារបើកងឺតដោយខ្លួនឯង​​​

អានុតអរផើត
“អាឆាយ ទ្វារបើកហើយទៅភ្នំពេញវិញ”

ខ្ញុំឮសំឡេងជីតាខ្ញុំតិច

“ទៅណាមកណា ស្នាក់នៅផ្ទះគេត្រូវសុំម្ចាស់ផ្ទះគេផង”។

រាល់បញ្ហាឱ្យតែយើងធ្វើចិត្តឱ្យនឹងនកុំចាញ់ប្រៀបលើវា ប្រឈមមុខដោយការតាំងចិត្ត មិនត្រូវភ័យខ្លាចឬមិនផ្អើលឈូឆរខ្ញុំជឿថាយើងនឹងអាចដោះស្រាយវាចេញមិនខាន៕