រឿង៖ ៧ឆ្នាំក្រោយយើងបែកគ្នា

វីឡាដ៏ធំស្កឹមស្កៃកណ្ដាលក្រុងភ្នំពេញ…

«អាទិត្យក្រោយ កូនត្រូវភ្ជាប់ពាក្យជាមួយដាលីសហើយ! ហាមប្រកែកនឹងម៉ាក់ កូនអាចរៀបការបាន ជាមួយតែមនុស្សដែលម៉ាក់បានរៀបចំឱ្យតែប៉ុណ្ណោះ!» លោកស្រីផានីជាម៉ាក់របស់រ៉ាឌីស្រែកគំរាមកូនឱ្យព្រមរៀបការជាមួយមនុស្សដែលកូនមិនបានស្រលាញ់យ៉ាងមានអំណាច។

អ្នកកំលោះដែលជាកូនចងចិញ្ចើម មុនប្រកែករាងតឹងសរសៃកដាក់ម៉ាក់បន្តិច៖

«កូនធំហើយម៉ាក់! កូនសុំធ្វើអ្វីតាមចិត្តខ្លួនឯងម្ដងបានទេ? នេះម៉ាក់នៅចង់ធ្វើជាចៅហ្វាយនាយ បញ្ជាជីវិតកូនធ្វើនេះធ្វើនោះ ដល់ពេលណាទៀត? » 

«ម៉ាក់ធ្វើជាចៅហ្វាយគ្រប់គ្រងជីវិតកូនយ៉ាងម៉េចទៅរ៉ាឌី? នេះម៉ាក់ខំធ្វើគ្រប់បែបយ៉ាងក៏ព្រោះតែម៉ាក់នេះស្រលាញ់កូន!»

«ទេ! ម៉ាក់ធ្វើ ព្រោះម៉ាក់ស្រលាញ់លុយ ម៉ាក់ស្រលាញ់មុខមាត់ខ្លួនឯងច្រើនជាងទៅវិញទេ!»

«រ៉ាឌី!…» 

ផាច់!!! (លោកស្រីផានីទះរ៉ាឌីមួយកំផ្លៀង)

អ្នកកំលោះយកដៃស្ទាបថ្ពាល់ដែលទើបតែនឹងត្រូវមួយដៃរបស់ម៉ាក់។ គេគាំងជំហាន គាំងពាក្យនិយាយស្ដីស្ដូក ខាំមាត់ហាក់ឈឺចាប់ជាខ្លាំង។ កែវភ្នែករបស់រ៉ាឌីចោលសម្លឹងមើលមុខអ្នកដែលជាម្ដាយដោយភាពខឹងនិងចេញទឹកភ្នែករេញៗ តែមិនអាចធ្វើអ្វីបានក្រៅពីលួចយំ ខ្សឹកខ្សួលក្នុងចិត្តម្នាក់ឯង។ 

រ៉ាឌីពេលនេះ គេឈរសម្លក់ម៉ាក់អស់មួយសន្ទុះធំ មិននិយាយស្ដីសោះ តែក៏រត់ចេញពីផ្ទះទៅទាំងកំហឹង។

«រ៉ាឌី! រ៉ាឌី! នេះកូនចង់ទៅណា? ឱ្យម៉ាក់សុំទោស! ពួកឯងឆាប់ទៅតាមរ៉ាឌីភ្លាម!» 

លោកស្រីផានីព្យាយាមរត់តាមពីក្រោយរ៉ាឌីដើម្បីឃាត់កូនយកមកលួងលោម ព្រោះមុននេះគាត់ប្រហែលជាស្ដាយកំហុសដែលបានទះកូនមួយកំផ្លៀង។ គាត់មិនបានទៅតាមដោយខ្លួនឯងទេ តែអ្នកស្រីផានីនេះ ប្រើងារជាស្ដ្រីអភិជន ស្រែកបញ្ជាឱ្យកូនឈ្នួលដេញតាមចាប់រ៉ាឌី។

ឯអ្នកកំលោះវិញ គេក៏រត់មកបើកទ្វាររបង រត់ចេញយ៉ាងប្រញាប់ដោយកែវភ្នែកនៅដក់ជាប់ភាពសើមនៃដំណក់ទឹកភ្នែកនៅឡើយ។ គេហៅម៉ូតូឌុបជិះចេញទៅ មិនឱ្យអ្នកណាមកតាមចាប់បានឡើយ។

កំពុងជិះតាមផ្លូវ…

«ក្មួយចង់ទៅណាដែរ?» ពូម៉ូតូឌុបសួរទៅកាន់រ៉ាឌី។

«…» រ៉ាឌីស្ងាត់ទើបពូគោះហៅសួរលើកទីពីរ៖

«ក្មួយ?»

«បាទ? » រ៉ាឌីក៏ស្រាប់តែភ្ញាក់ខ្លួនច្រងាងចេញពីអារម្មណ៍អណ្ដែតអណ្ដូង ដូចត្រូវជះទឹកមួយចានដែកដាក់។ ទើបពូសួរ៖

«ក្មួយចង់ទៅណា? »

     «គឺ… ពូចេះតែជិះៗទៅ ទៅណាក៏បានដែរ!»

«….» ពូម៉ូតូគាត់ឆ្ងល់ ចេះតែជិះៗគ្មានគោលដៅយ៉ាងម៉េច (????)

ជិះទៅនេះទៅនោះមួយអស់ចិត្ត រ៉ាឌីក៏បានឱ្យពូម៉ូតូឌុប មកឈប់នៅម្ដុំផ្សាររាត្រីមាត់ទន្លេ។ មើលទៅទីនេះមានសភាពអ៊ូអរណាស់ ខ្លះសើចសប្បាយ ខ្លះបណ្ដើរក្រុមគ្រួសារមកទទួលទានអាហារតាមចិញ្ចើមផ្លូវយ៉ាងមានក្ដីសុខ។ ខុសអីពីរូបនាយ ដែលកើតមកក្នុងត្រកូលគ្រួសារមានទ្រព្យស្ដុកស្ដម្ភ ញ៉ាំអាហារឆ្ងាញ់ៗ ចូលហាងធំៗ តែបែរជាមិនអាចរកក្ដីសុខឱ្យខ្លួនឯងបានស្ទើរតែពេញមួយជីវិត។

មាណពយើង គិតចុះ គិតឡើងស្ទើរតែចង់ឆ្កួតមនុស្សមួយទទេៗ។ កំលោះយើង ដូចជាធុញជាមួយជីវិតនេះណាស់ គេចង់គេចពីផ្ទះទៅរហូត មិនចង់ទៅទទួលដឹងឮនូវរឿងស្មុគស្មាញទាំងនោះទេ។ តែបើមិនទៅផ្ទះ គេក៏មិនដឹងថាត្រូវទៅណា? 

ភ្លាមនោះ រ៉ាឌីស្រាប់តែប្រទះភ្នែកឃើញបេនឡានក្រុងមួយក្បែរនោះ កំពុងរៀបចំដឹកភ្ញៀវជើងពេលយប់ចេញទៅតាមខេត្ត។ រ៉ាឌីក៏ពាល់អារម្មណ៍មានក្ដីសុខនូវនឹងខួរក្បាលរបស់គេពេលនេះ។ គេញញឹមលើកមាត់បន្តិច ហើយក៏គិតថា នឹងចង់គេចចេញពីទីក្រុង ទៅលេងតាមខេត្តមួយរយៈឱ្យជីវិតអាចរកផ្លូវមានអត្ថន័យខ្លះ ទើបគេសម្រេចចិត្តទិញសំបុត្រ និងឡើងឡានចេញដំណើរទៅ។

ក្រុងសៀបរាប…

បុរសមាឌមាំ រាងខ្ពស់ប្រហែល ១ម៉ែត្រ ៧០សង់ទីម៉ែត្រ សម្បុរសណ្ដែកបាយ សក់ខ្មៅនិលដែលបាក់ភ្លីខ្ទេចអស់ ចុះពីលើឡានក្រុង ធ្វើភ្នែកអែៗ ស្ងាបហមមៗ ដូចមនុស្សដាច់យប់មិនបានដេក។ 

ប្រុសតូចវ័យ ២៥ឆ្នាំរូបនេះចុះពីលើឡានក្រុង រួចបន្តជិះកង់បីទៅលេងអង្គរនាព្រឹកម៉ោងប្រហែល ៦កន្លះ។ រ៉ាឌីហាក់កំពុងមានអារម្មណ៍ថាមានក្ដីសុខជាខ្លាំង មិនដឹងថាទុក្ខកង្វល់បាត់ទៅណាអស់នោះទេ។ ពិសេសពេលបានមកដល់តំបន់ឧទ្យានអង្គរ និងបានមកដល់មុខអង្គរវត្តដែលមានដើមឈើធំៗ ចោលម្លប់ត្រឈឹងត្រឈៃ និងមានសួនច្បារលម្អដោយស្មៅបៃតងខ្ចីបែបនេះ ដូចកំពុងកើតចាប់ជាតិថ្មីអ៊ីចឹង។

កំពុងមានក្ដីសុខលើទឹកដីដ៏អច្ឆរិយកេរពីដូនតានេះ ស្មានតែមកដល់ទីនេះ អាចមានសេរីភាពទៅហើយ តែហេតុអីបានជាធ្វើឱ្យរ៉ាឌីកើតទុក្ខជាថ្មីទៅវិញ? 

កូនចៅបីបួននាក់របស់អ្នកស្រីផានី ស្រាប់តែតាមមកដល់ទីនេះដែរ។ វាពិតនឹកស្មានមិនដល់ទេថា ពួកគេតាមមករកឃើញរ៉ាឌីមកដល់ទីនេះបានយ៉ាងម៉េច? វាពិតជាមិនចៃដន្យដូចក្នុងកុនពេកទេដឹង! គួរឱ្យធុញទ្រាន់ណាស់។

 រ៉ាឌីឃើញភ្លាមគេក៏រត់គេចពីពួកនោះភ្លាម។ កាលបានឃើញ ពួកនោះក៏រត់ដេញតាមភ្លាមៗដែរ។ រ៉ាឌីព្យាយាមរត់ចូលក្នុងចំណោមមនុស្សរាងអ៊ូអរបន្តិចដើម្បីបំបាំងខ្លួនគេចឱ្យផុតពីកូនចៅបំផ្លាញក្ដីសុខរបស់ចៅហ្វាយនាយនេះ។ គិតថាអាចគេចរួច តែមានឯណា កែវភ្នែកពួកនោះរហ័ស ក៏ប្រទះឃើញរ៉ាឌីឱ្យទាល់តែបាន។ 

ឯរ៉ាឌីយើងនេះ កាលបានឃើញដូច្នេះ គេក៏រត់កាន់តែលឿនទៅៗ ទាំងមិនដឹង មិនឮ មិនឃើញអ្វីទាំងអស់ ដឹងតែម្យ៉ាង ត្រូវតែរត់គេចឱ្យផុត។  

ព្យាយាមគង់បានសម្រេច ពួកនោះតាមរ៉ាឌីមិនទាន់មែន។ អ្នកកំលោះរត់មកយ៉ាងហត់ ញើសហូរសស្រាក់ ស្រេកទឹកក៏ស្រេក ទើបមកប្រទះចំពីមុខហាងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែង ហើយក៏មានរទះលក់ភេសជ្ជៈមួយនៅឈប់ចំពីមុខនោះ។ 

«អ្នកលក់… ឱ្យភេសជ្ជៈខ្ញុំ១កែវមក!» រ៉ាឌីនិយាយឡើងចេញតែសំឡេងខ្សាវៗ។

អ្នកលក់ធ្វើរួចរាល់ក៏ហុចភេសជ្ជៈមួយកែវមកឱ្យរ៉ាឌី។ មាណពយើងនេះ ស្រវាទទួលយកមកបឺតយ៉ាងបង្ខំ ព្រោះរត់មកឡើងហត់ ពេលបានអ្វីត្រជាក់ៗបែបនេះគេបឺតគ្មានសំចៃទេ។ 

«អស់ប៉ុន្មានដែរ?» រ៉ាឌីសួរ។

«ចាស៎! ១កែវ ៥ពាន់រៀលលោក!» ធីតាតប (អ្នកលក់)។

«…» រ៉ាឌីស្ងាត់ ព្រោះព្យាយាមស្ទាបរកកាបូបលុយរបស់គេនៅក្នុងហោប៉ៅ តែក៏រកមិនឃើញ ទើបគេសុញទ័លជំហានគាំងស្ដូកមុននិយាយថើៗ៖

«កាបូបលុយខ្ញុំ? បាត់ទៅណាហើយ?» 

រ៉ាឌីក៏រត់ចេញពីរ៉ឺម៉កលក់ភេសជ្ជៈនេះ ដើរទៅក្បែរផ្លូវបន្តិច ចោលភ្នែកស្វែងរកកាបូបរបស់គេ។ តែទោះជារកយ៉ាងណាក៏រកមិនឃើញ។ ឬមួយវាបានជ្រុះអំឡុងពេលគេរត់គេចពីក្រុមតាមចាប់គេនោះ?

បាត់ទៅណាបាត់ទៅ តែសំខាន់ពេលនេះ រ៉ាឌីគ្មានលុយឱ្យធីតាអ្នកលក់ស្រីស្អាតនេះសោះ ទើបនាងក្រមុំរត់មកតាមរ៉ាឌីដល់មាត់ថ្នល់ រួចឧទានជាប្រញាប់៖

«ឈប់សិនលោក មិនទាន់ឱ្យលុយផងចង់ទៅណា?» 

«ធ្វើយ៉ាងម៉េចទៅអ្នកនាង? បើកាបូបខ្ញុំវាជ្រុះបាត់ទៅហើយ! ខ្ញុំកំពុងតាមរកវា ថាវាជ្រុះទីណាក៏មិនដឹង!»

«ហ៊ឹយ! នេះជាល្បិចចាស់គំរឹលណាស់លោក! ខ្ញុំធ្លាប់ជួបច្រើនហើយភ្ញៀវរបៀបៗលោក! នេះគេខំចំណាយដើមទន់ ចំណាយពេលវេលាហត់ណាស់ យ៉ាងម៉េច? ចង់ញ៉ាំរបស់គេ Free Free បែបនេះ ដូចជាកេងប្រវ័ញ្ចញើសឈាមអ្នកដទៃពេកហើយ!»

«អ្នកនាង! យោគយល់ដល់ខ្ញុំផងទៅ នេះខ្ញុំពិតជាជ្រុះកាបូបបាត់មែនណា៎! មិនជឿឆែកខ្ញុំមើលក៏បាន!»

រ៉ាឌីប្រលែងខ្លួនខិតទៅក្បែរនាងក្រមុំយ៉ាងស្និទ្ធ រហូតធីតានាងអៀនមុខឈួលក្រហមមុននិយាយ៖

«មិនដឹងទេ លោកបាត់កាបូបវាជារឿងរបស់លោក! សំខាន់ពេលនេះ ខ្ញុំត្រូវការលុយថ្លៃភេសជ្ជៈរបស់ខ្ញុំ ឆាប់ឱ្យមក ខ្ញុំប្រញាប់ទៅលក់បន្តទៀត!»

«អ្នកនាង នេះជាខ្មែរគ្នាឯងសោះ មិនចេះយោគយល់គ្នាទេឬយ៉ាងម៉េច? ខ្ញុំប្រាប់ហើយថាមិនមែនមិនចង់ឱ្យទេ តែកាបូបខ្ញុំជ្រុះបាត់ពិតមែន តើខ្ញុំទៅមានលុយពីណាឱ្យអ្នកនាងនោះ?» រ៉ាឌីលេងមុខឡើងខ្មូរ។

នាងតូចនឹកសព្វៗទៅក៏អាណិតរ៉ាឌីដែរ ហើយមើលទៅទឹកមុខរ៉ាឌីពេលនេះក៏គួរឱ្យស្រណោះ នាងក៏និយាយ៖

«បាន! ចាត់ទុកថាធ្វើបុណ្យទៅចុះ!»

ពោលចប់ធីតាបែរខ្លួនដើរចេញ ទើបរ៉ាឌីថែមពាក្យតាមដំណើរពីក្រោយ៖

«អរគុណច្រើនណាស់អ្នកនាងរូបស្អាត»

រ៉ាឌីនៅឈរញញឹមលើកមាត់ម្នាក់ឯងមួយសន្ទុះ ស្រាប់តែក្រុមគ្នីគ្នាដែលកំពុងតាមរកគេ បានបង្ហាញខ្លួនជាថ្មី។ ពួកនោះហាក់កំពុងមើលឃើញរ៉ាឌីពីចម្ងាយហើយ ទើបរត់សំដៅមក ធ្វើឱ្យរ៉ាឌីស្លន់ស្លោ រត់ទៅសុំជំនួយពីធីតាដែលទើបតែដើរទៅផុតមិនទាន់ឆ្ងាយ។

«ឈប់សិនអ្នកនាង! ជួយខ្ញុំរឿងមួយមកណា៎ ជួយនាំខ្ញុំយ៉ាងម៉េចក៏បាន ឱ្យតែផុតពីទីនេះ ណាអ្នកនាងចិត្តល្អ!» រ៉ាឌីក៏រត់មកចាប់ស្មាបាំងពីក្រោយខ្នងធីតាបំណងពួនពីពួកនោះ។

«កើតស្អីរបស់លោកហ្នឹង? ឆាប់លែងខ្ញុំភ្លាម គេមើលមកមិនសម!» 

ពោលចប់ធីតាក៏ដឹងពីបំណងរបស់រ៉ាឌី ព្រោះនាងមើលឃើញក្រុមតាមចាប់រ៉ាឌីនោះ រត់សំដៅមកទិសដៅដែលនាងនិងរ៉ាឌីឈរនេះតែម្ដង។ 

នាងតូចចិត្តសឿងណាស់ ហ៊ានទាញដៃរ៉ាឌីរត់ទៅរករ៉ឺម៉កលក់ភេសជ្ជៈរបស់នាង រួចបើកចេញទៅយ៉ាងលឿន ទុកឱ្យពួកក្រុមតាមចាប់នេះរត់តាមពីក្រោយយ៉ាងដង្ហក់។ ជាសំណាង ពួកនោះមិនអាចតាមទាន់ពួកគេ។

នៅតាមផ្លូវ…

«នេះលោកទៅធ្វើអីពួកនោះ? ហេតុអីបានជាត្រូវគេដេញ ដូចមាន់ដូចទាបែបនេះ?»

«គឺ…»

«អ្ហ៎! ឬមួយលោក…? ជាក្រុមចោរជាមួយពួកវាទេដឹង! ពេលដែលចែកលុយគ្នាមិនគ្រប់ ក៏មានជម្លោះជាមួយគ្នាមែនទេ? អូយស្លាប់ហើយ! លោកឆាប់ចុះពីលើរ៉ឺម៉កខ្ញុំភ្លាម!» ធីតាឧទានដោយឬកពាខ្លបខ្លាច ក្រម៉ិចក្រមើមផង។

«កុំចេះតែចោតប្រកាន់ខ្ញុំអីអ្នកនាង! បើខ្ញុំមានលុយចែកគ្នាជាមួយពួកនោះមែន ចាំបាច់ទៅត្រូវអាម៉ាស់មុខគ្មានលុយឱ្យថ្លៃកាហ្វេនាងដែរ? សង្ហាៗដូចខ្ញុំនេះឬជាចោរ?» 

ធីតាស្ងាត់ លួចចោលភ្នែកមើលមុខរ៉ាឌីតាមកញ្ចក់ម៉ូតូដោយទឹកមុខមិនទុកចិត្តរ៉ាឌីទាល់តែសោះ ទើបកំលោះយើងបន្ត៖ 

«មិនចាំបាច់ដឹងច្រើនទេ ដឹងត្រឹមថាខ្ញុំជាមនុស្សល្អទៅបានហើយ!»

«ឱ្យខ្ញុំទុកចិត្តបានយ៉ាងម៉េច? បើគ្រាន់តែទិញរបស់ខ្ញុំញ៉ាំក៏មិនឱ្យលុយផងនោះ! មនុស្សសម័យនេះ ស្គាល់មុខតែមិនស្គាល់ចិត្តទេ!»

«នែ៎អ្នកនាង រអ៊ូច្រើនម្ល៉េះ! បើថាមិនពេញចិត្តជួយទេ មិនបាច់ជួយខ្ញុំក៏បានដែរ ដាក់ខ្ញុំទីនេះហើយ!»

ងក់!…

«….» ធីតាស្ងាត់រួចក៏ឈប់រ៉ឺម៉កភ្លាម។

«អ្អាវ! នេះឈប់ធ្វើអីអ្នកនាង? តិចពួកនោះតាមមកទាន់ឥឡូវហើយ!»

«លោកជាអ្នកប្រាប់ ថាឱ្យដាក់លោកចុះនោះអី ឆាប់ចុះទៅ!»

«តែមិនមែន ឱ្យឈប់ពេលនេះទេអ្នកនាង!»

«ខ្ញុំចង់ដាក់ពេលហ្នឹងយ៉ាងម៉េច? របស់កម្មសិទ្ធខ្ញុំ ខ្ញុំចង់ឬមិនចង់ឱ្យលោកជិះស្រេចតែចិត្តខ្ញុំទេ!»

«នាង…» រ៉ាឌីគិតបន្តិច រួចបន្ត៖

«ឥឡូវខ្ញុំសុំអង្វរអ្នកនាងទៅចុះអ្នកនាងស្អាត! ជួយខ្ញុំឱ្យតែបានបុណ្យទៅចុះ ចាំមានឪកាស ពេលអ្នកនាងស្លាប់ទៅ ចាំខ្ញុំជួយធ្វើបុណ្យរាប់បាត្រឪទ្ធិសកុសលជូន!»

«មនុស្សប្រុសមាត់ដាច! តិចត្រូវមួយដៃ នេះខ្ញុំមិនទាន់ស្លាប់ទេ!»

«ខ្ញុំនិយាយថា ថ្ងៃអនាគតពេលដែលអ្នកនាងស្លាប់! មនុស្សយើងគ្រប់គ្នា គ្មានអ្នកណាចៀសផុតពីសេចក្ដីស្លាប់ឡើយ!»

«ឆឺស!» ធីតាដូចជាអស់ពាក្យនិយាយ ទើបទ្រាំស្ដាប់រ៉ាឌីនិយាយបន្ត៖

«ណា៎អ្នកនាង! ជួយខ្ញុំឱ្យចប់ចុងចប់ដើមផងទៅណា៎!»

នាងតូចគិតបន្តិច ក៏មានអារម្មណ៍ថាអាណិតគេទៀតហើយ។ នាងក៏យល់ព្រមតាមហ្នឹង។ ជិះបានឆ្ងាយបន្តិច អាចនឹងមានសុវត្ថិភាពហើយ ធីតាក៏ឈប់រួចនិយាយ៖

«បានហើយលោក មកដល់ទីនេះជឿជាក់ថាពួកនោះតាមលោកលែងទាន់ហើយ! លោកក៏ចុះត្រង់នេះទៅ ខ្ញុំត្រូវទៅផ្ទះហើយ ខ្លាចយប់តាមផ្លូវ ព្រោះផ្ទះខ្ញុំនៅឆ្ងាយណាស់!»

«ចុះទីនេះបានយ៉ាងម៉េចអ្នកនាង? នេះវាស្ងាត់ណាស់ ហើយខ្ញុំមិនស្គាល់ផ្លូវ!»

«នៅរង់ចាំទីនេះហើយ បន្តិចទៀតប្រហែលមានឡានក្រុងបើកកាត់តាមហ្នឹង!»

«ឡានក្រុង? ឡានក្រុងទៅណា?»

«គឺទៅក្នុងក្រុងនឹងហើយ! អេ! មិនមែនជាអ្នកនៅស្រុកនេះទេឬ បានជាមិនដឹងស្អីបែបនេះ?»

«ខ្ញុំមកពីភ្នំពេញ មកលេងទីនេះមកតែខ្លួនគ្មានអីវ៉ាន់មកជាមួយទេ! ហើយពេលនេះលុយមួយរយរៀលក៏ខ្ញុំគ្មានក្នុងខ្លួនដែរ តើឱ្យខ្ញុំគួរទៅណាទៅ?» រ៉ាឌីទម្លាក់ទឹកមុខជាស្រពោនបន្តិច ទើបមាណវីពោលកាត់ភាពកណ្ដោចកណ្ដែងរបស់នាយ៖

«ខ្ញុំមិនដឹងទេ វាជារឿងរបស់លោក លោកចុះទៅ ខ្ញុំត្រូវទៅហើយ!»

«នេះអ្នកនាងពិតជាដាច់ចិត្តពិតមែន?» 

«…» ធីតាស្ងាត់រួចបញ្ឆេះម៉ូតូរ៉ឺម៉កចេញទៅរ៉ុយ ទុកឱ្យរ៉ាឌីឈរស្ងាត់លែងស្ដី ធ្វើមុខជូរហួញដូចក្មេងគេយកមកបំបរបង់ចោល។

មើលចុះ ពេលនេះ គេឈរម្នាក់ឯងមើលឆ្វេង មើលស្ដាំយ៉ាងតែលតោល។ មេឃក៏ចាប់ផ្ដើមងងឹត ហើយថែមទាំងចាប់ផ្ដើមធ្លាក់ភ្លៀងទៀត។ មាណព ហាក់កាន់តែខ្លាច ព្រោះមើលជុំវិញខ្លួនឃើញសុទ្ធតែជាព្រៃ ដើមឈើធំតូចកំពុងយោលយោកបោកបក់ប្រលែងជាមួយតំណក់ភ្លៀង។ ផ្លេកបន្ទោរបាញ់ឆ្វេចឆ្វាច អមផ្គរលាន់ឮរន្ថាន់កាន់តែធ្វើឱ្យកំលោះទីក្រុងមកពីត្រកូលអភិជនរូបនេះ រងាខ្វះភាពកក់ក្ដៅភ្នកគិតរឿងកម្សត់គ្រប់យ៉ាងដែលខ្លួនធ្លាប់ជួប។ 

រ៉ាឌីម្ដងឈរ ម្ដងអង្គុយ ដូចជាអស់សង្ឃឹម មិនស្មានថាគេត្រូវមកជួបរឿងបែបនេះ។កំលោះយើង ពិតជាទន់ជ្រាយពេកហើយ គេពេបមាត់ចាប់ផ្ដើមរកយំបន្តិចអីបន្តិច។ ទឹកភ្នែករបស់រ៉ាឌីពេលនេះ ក៏បបួលគ្នាមកលេងរ៉ាឌីទាំងហ្វូង សំឡេងអណ្ដឺតអណ្ដកជាមួយការខ្សឺតសំបោរយំគឃូស មើលទៅរ៉ាឌីគួរឱ្យអាណិតណាស់ដូចកូនក្មេងវង្វេងម្ដាយ។ រ៉ាឌីយកដៃខ្ទប់មុខអង្គុយយំក្រោមតំណក់ទឹកភ្លៀងទទឹកខ្លួនឡើងជោគ។ 

ព្រោះតែបិទភ្នែកជិតឈឹងទៅហើយ ទើបរ៉ាឌីមិនបានឃើញថារ៉ឺម៉ករបស់ធីតាត្រលប់មកវិញតាំងពីពេលណា។ ធីតាកាន់ឆ័ត្រទទូរ រួចដើរចុះមកឈរពីមុខរ៉ាឌីទាំងស្ងប់ស្ងាត់។ មានអារម្មណ៍ថាដូចជាមាននរណាម្នាក់នៅឈរពីមុខគេ ទើបរ៉ាឌីងើបមុខឡើង រំភើបលាយយំម្ដងទៀត។

«យំធ្វើអីអ្ហាសលោក? ធ្វើដូចខ្លួនឯងកូនក្មេង!» ធីតាចំអន់។

«…» រ៉ាឌីមិនមាត់ យកដៃជូតទឹកភ្នែកដែលសើមជាប់ថ្ពាល់។ ឃើញបែបនេះធីតាកាន់តែអាណិត ទើបសួរ៖

 «នេះមិនដឹងថាត្រូវទៅណាពិតមែនឬ? »

«បើដឹងថាត្រូវទៅណា ចាំបាច់នៅអង្គុយយំទីនេះឱ្យនាងសើចចំអកដែរអ្ហៃ?»

«សម្ដីខ្លាំងណាស់តើ! សមតែទុកឱ្យយំទីនេះរហូតដល់ភ្លឺទើបសម!» និយាយចប់ធីតាក៏ដើរចេញ។

«ឈប់សិនអ្នកនាង ចាំខ្ញុំផង!» រ៉ាឌីក៏រត់តាមពីក្រោយធីតាទាំងសំឡេងក្ងួរ។

«…» ធីតាគិតមួយសន្ទុះ ក៏រកឃើញវិធីសាស្រ្តមួយ ហើយយល់ព្រមឱ្យរ៉ាឌីជិះរ៉ឺម៉កជាមួយគេម្ដងទៀត រួចឌុបទៅផ្ទះរបស់នាងតែម្ដង។ 

ផ្ទះក្បែរវាលស្រែ…

មកដល់ផ្ទះខ្ទមដំបូលប្រក់ស្លឹកត្នោតដ៏ចំណាស់ មេឃក៏នៅមានរលឹមតិចៗ ហើយក៏យប់ប្រហែលម៉ោង ៧ ទៅ ៨យប់ទៅហើយ។

«ឆាប់ចុះមក!» ធីតាចុះពីលើរ៉ឺម៉ក ហើយនិយាយស្នើឱ្យរ៉ាឌីចុះពីលើរ៉ឺម៉កមកជាមួយ នឹងអាលបានចូលក្នុងផ្ទះរបស់នាង។

កាលឮសំឡេងរ៉ឺម៉កម៉ូតូរៀបតែរលត់ ពូម៉ៅឪពុករបស់ធីតា ក៏ដើរចេញពីក្នុងផ្ទះមក ស្រែកសួរពីនាយជាសំឡេងបែបជារដឺនផង។ 

«ធីតា មក…» គាត់អាក់សម្ដីពេលឃើញធីតា បាននាំនរណាក៏មិនដឹងមកផ្ទះគាត់ទាំងយប់។ តែពូម៉ៅ ធ្វើជាមិនអើពើសិន រួចពោលបន្ត៖ 

«អើម៉ោះ! ឆាប់ចូលផ្ទះមក ទទឹកអស់ហើយកូន!»

«ចា៎សពុក! » ធីតាឆ្លើយយ៉ាងសុភាពរាបសានិងញញឹមទៅកាន់ពុកនាង។

«…» 

អ្នកកំលោះក៏លើកដៃជម្រាបសួរពូម៉ៅពីចម្ងាយ ពេលឮពាក្យថាយល់ព្រមឱ្យចូលក្នុងផ្ទះ។ រ៉ាឌីងើយសម្លឹងមើលទៅកាន់ផ្ទះខ្ទមដ៏កម្សត់មួយនេះ មើលចុះមើលឡើង គេក៏មានអារម្មណ៍ មានកូនចិត្តមួយនឹកឡើងថា ជីវិតបែបនេះតើអ្នកនៅទីនេះ រស់នៅបានយ៉ាងម៉េចទៅ ព្រោះគេធ្លាប់តែនៅក្នុងវីឡាដ៏ស្កឹមស្កៃ នេះបើយកផ្ទះនេះទៅប្រៀបក្នុងជីវិតគេ វាមិនបានស្មើរោងដាក់អីវ៉ាន់ចាស់ៗរបស់គេផង។ ប៉ុន្តែក្នុងចិត្តរ៉ាឌីមួយទៀតក៏កំពុងយល់ថា វាអាចជារសជាតិថ្មីដែលល្អ សម្រាប់ឱ្យគេបានមកពាល់នូវរស់ជាតិបែបជនបទបែបនេះ។ កំពុងភ្នកគិតសុខៗធីតាក៏ពញាក់រ៉ាឌីឱ្យភ្ញាក់ក្រញាង មុននាងនិយាយ៖

«យ៉ាងម៉េចហ្នឹងលោក? ចូលទៅក្នុងផ្ទះទេ? ឬចង់នៅឈរអណ្ដែតអណ្ដូងហាលភ្លៀងបន្ត?» 

     «បាទចូលក៏បាន!» រ៉ាឌីក៏ដើរចូលក្នុងផ្ទះតាមដំណើរពីក្រោយធីតា ទាំងទទឹកខ្លួនជោគរងាដូចសត្វធ្លាក់ទឹក។

«ជម្រាបសួរលោកពូ!» អ្នកកំលោះនិយាយគួរសមទៅកាន់ពូម៉ៅម្ដងទៀត។

«អើ លោកដៃថ្វាយព្រះក្មួយ!» 

ពូម៉ៅសើចចេញធ្មេញស្ញេញតបទៅកាន់រ៉ាឌី តែក្នុងចិត្តគាត់ពេលនេះ កំពុងឆ្ងល់ និងកំពុងចោលភ្នែកបញ្ជូនភាសាសំណួរទៅកាន់ធីតាបំណងនិងមានអ្វីចង់សួរនាង តែគាត់លាក់សិន។ ទើបគាត់ធ្វើជាប្ដូរសាច់រឿង ដើរទៅយកខោអាវរបស់គាត់ដែលព្យួរនៅនឹងជញ្ជាំងរួចកាន់តម្រង់មកអ្នកកំលោះ មុនឧទានឡើង៖

«ក្មួយខាងនេះ បែបរងាហើយ! នេះជាខោអាវពូ វាចាស់ៗបន្តិច តែក៏អាចស្លៀកពាក់បានណា ក្មួយអាចស្លៀកកើតអត់?» ពូម៉ៅហុចខោអាវឱ្យរ៉ាឌី។

«បាទបានលោកពូ! ចុះឯណាបន្ទប់ទឹកនោះលោកពូ?»

«ជាប្រុសសោះអីក៏អៀនម្លេះ? ផ្លាស់ទីហ្នឹងទៅ ខ្ញុំមិនមើលទេ!» ធីតាតបដោយមុខក្អេងក្អាង។

«គឺ…» រ៉ាឌីស្ងៀមដៃអេះក្បាលសើងម៉ើង ព្រោះមិនពេញចិត្តទេ មិនទម្លាប់បរិបទបែបអ្នកស្រុកអ្នកភូមិបែបនេះ។

 «អូក្មួយអ្អើយ! ទីនេះគ្មានបន្ទប់ទឹកស្ដុយ(ស្អី)ទេ ក្មួយផ្លាស់នៅទីនេះសិនចុះ ចាំពូនិងកូនធីតាចេញក្រៅសិនក៏បាន!»

និយាយចប់ ពូម៉ៅនិងធីតាក៏ដើរចេញទៅក្រៅដើម្បីទុកពេលឱ្យរ៉ាឌីផ្លាស់ខោអាវ និងដើម្បីនិយាយជាមួយធីតានូវរឿងមួយចំនួនផង។

«មានអុយ(អី) ចង់ប្រាប់ពុកទេ?» ពូម៉ៅសួរធីតាពេលចេញមកក្រៅ។

«គឺ…រឿងអីទៅពុក?»

«…» ពូម៉ៅមិនមាត់ តែគាត់បញ្ជូនចម្លើយដោយការចោលភ្នែកទៅក្នុងផ្ទះ បំណងជាចង់សួររឿងរបស់រ៉ាឌីមកផ្ទះគាត់ វាយ៉ាងម៉េច? ទើបធីតាអាចគិតយល់ នាងក៏តប៖

«មិនមានអីវែងឆ្ងាយទេពុក!»

«ប្រាកដអត់? »

«ចាស៎ពុក! រឿងរ៉ាវគឺវាអ៊ីចេះ…» (ធីតាក៏រៀបរាប់រឿងរ៉ាវ ទាំងឡាយពេលដែលជួបរ៉ាឌី ឱ្យពុកនាងស្ដាប់ តាមដំណើររឿងដែលបានកើតឡើងកាលពីថ្ងៃទាំងអស់)។ 

បន្ទាប់ពីពូម៉ៅបានដឹងរឿងហើយគាត់ក៏យោគយល់ដែរ ដូច្នេះគាត់ក៏យល់ព្រមតាមការសម្រេចរបស់ធីតា។ 

និយាយគ្នាចប់ រ៉ាឌីក៏បានបើកទ្វារចេញមកក្រៅល្មម។ គេហាក់ផ្លាស់ប្ដូររូបរាងទាំងស្រុង ពេលស្លៀកសម្លៀកបំពាក់របស់ពូម៉ៅ។ ទើបមាណពពោលឡើង៖

«រួចរាល់ហើយលោកពូ យ៉ាងម៉េចដែរសង្ហាដូចពូទេនេះ?» 

រ៉ាឌីហាក់សម្របខ្លួនបានយ៉ាងល្អ ផ្លាស់ប្ដូរពីកំលោះហាយសូ មកស្លៀកសម្លៀកបំពាក់បែបអ្នកស្រុកស្រែជនបទបានយ៉ាងគួរឱ្យស្រលាញ់។

«អីយ៉ាស់! មានទៅអន់អី ស្នំដូចពូនៅពីកំលោះអ៊ីចឹងនេះ ហុហុហុ» (ពាក្យស្នំភាសាអ្នកសៀមរាបអាចមានន័យថា សមមែនទែន)។

«ហាសហា!» ធីតានាងអស់សំណើចព្រោះតែឃើញរ៉ាឌីស្លៀកខោចែវរបស់ពុកនាងមិនត្រឹមត្រូវ វាហាក់ដូចជាវៀចលើវៀចក្រោមដូចតួថ្លុកយ៉ាងម៉េចទេ។

«សើចស្អីរបស់អ្នកនាង? » រ៉ាឌីសួរមកកាន់ធីតា។

«គឺ… ខ្ញុំសើចសល់ចំហាយកាលពីនិយាយជាមួយពុកខ្ញុំទេតើ! មែនទេពុក?» នាងនិយាយបន្លប់ តែរ៉ាឌីក៏អាចដឹងបានដែរថា ធីតាច្បាស់ជាសើចមកលើគេមិនខាន គេក៏សួរពូម៉ៅបំបាត់ចម្ងល់។

«យ៉ាងម៉េចវិញ លោកពូ? »

«បានហើយ កុំទៅសើចគ្នាអីកូន! គ្មានអីទេក្មួយ គ្រាន់តែស្លៀកខោនេះវាខុសរបៀបបន្តិចបន្តួច តែមិនអីទេ ម៉ោះចាំពូជួយសារ៉េឱ្យ!» 

ពូម៉ៅក៏ដើរទៅសម្រួល និងរៀបចំការស្លៀកឱ្យរ៉ាឌីបណ្ដើរគាត់ប្រាប់ថាធ្វើបែបនេះ បែបនោះបណ្ដើរ ហើយរ៉ាឌីក៏តបមួយៗតាមដែលពូម៉ៅប្រាប់បណ្ដើរដូចគ្នា។

«ណ៎ក! ឃើញទេស្នំសឹងអី!»

«បាទអរគុណលោកពូចិត្តល្អ!» រ៉ាឌីយើងនេះសម្ដីផ្អែមដែរតើ។

«បើចឹងឃ្លានទេ? តោះហូបបាយ នឹងបានចូលដំណេក» ពូម៉ៅតឿន។

បន្ទាប់ពីនោះ នាក់ទាំងបីក៏នាំគ្នាចូលទៅក្នុងវិញដើម្បីរៀបចំអាហារញ៉ាំបាយជុំគ្នា។ រួចពីនោះ ពួកគេក៏ដល់ពេលចូលដេកដែរ។ 

ខាងក្រៅមេឃនៅតែបន្តភ្លៀងកាន់តែខ្លាំងទៅៗ។ កម្លាំងនៃទឹកភ្លៀងធ្លាក់មកលើដំបូលបង្កើតបានជាសំឡេងតក់ៗយ៉ាងពីរោះរងំ។ 

រ៉ាឌីត្រូវបានពូម៉ៅនាំទៅដេកនៅវាលហាលយ៉មុខផ្ទះជាមួយគាត់ ព្រោះផ្ទះនេះតូចមានតែបន្ទប់មួយប៉ុណ្ណោះគឺសម្រាប់តែធីតា។ អ្នកកំលោះរ៉ាឌីយើង ក៏ចូលដេកដូចគេឯងធម្មតា តែអីដែលមិនធម្មតានោះគឺថា គេប្រែប្រួលខ្លួនចុះឡើងៗដេកមិនលក់សោះ ព្រោះធ្លាប់តែដេកលើពូកទន់ៗ មានម៉ាស៊ីនត្រជាក់ក្នុងបន្ទប់តុបតែងលម្អស្អាតដូចរាជបុត្រ តែមកត្រូវដេកផ្ទាល់រនាបឈើអីបែបនេះ វាពិតជាមិនអាចស្រណុកសម្រាប់រ៉ាឌីឡើយ។ តែយ៉ាងណា គេក៏អត់ធ្មត់ សម្រួលចិត្តព្រមទទួលយកបទពិសោធន៍ថ្មីមួយនេះបានរហូតដេកលង់លក់ទៅ រាត្រីសួស្ដី។

ព្រឹកថ្ងៃថ្មី…

​​«អាឡូជម្រាបសួរលោកស្រី!» កូនចៅលោកស្រីផានីលើកទូរស័ព្ទនិយាយ ទ្រាំស្ដាប់អ្នកស្រីផានីម៉ាក់របស់រ៉ាឌីតបមកញែតៗ៖

«យ៉ាងម៉េចហើយ? នេះមួយយប់ពេញហើយ ពួកឯងរកកូនយើងឃើញទេ?»

«បាទលោកស្រី! ម្សិលមិញនេះខ្ញុំរកអ្នកប្រុសឃើញហើយ តែអ្នកប្រុសព្យាយាមរត់គេចពីពួកខ្ញុំរហូតបាត់ខ្លួនបាត់ទៅហើយលោកស្រី! ពេលនេះខ្ញុំក៏មិនដឹងថាគាត់នៅឯណាដែរ!»

«ពួកឯងធ្វើការយ៉ាងម៉េចអ្ហាស? មនុស្សធំៗហើយ ក៏តាមចាប់មិនបានដែរ!»

«សុំទោសពិតមែនលោកស្រី! ចាំខ្ញុំព្យាយាមរកឱ្យឃើញតាមចិត្តលោកស្រី!»

«មិនបាច់ទេ! ពួកឯងមកវិញមក បណ្ដោយឱ្យរ៉ាឌីគេទៅមួយខ្យល់សិនចុះ ចាំមើលគេអាចទ្រាំលំបាកបានប៉ុណ្ណា!»

និយាយចប់ អ្នកស្រីផានីដាក់ទូរស័ព្ធចុះ អង្គុយដកដង្ហើមធំ សញ្ចឹងនឹកកូនជាពន់ពេក។

ផ្ទះខ្ទមរបស់ធីតា….

«លោក? ក្រោកឡើង នេះភ្លឺហើយណា៎!» 

ធីតាស្រែកហៅរ៉ាឌីពីក្រៅមុងមក។ តែស្រែកយ៉ាងណា ក៏រ៉ាឌីមិនឮ គេនៅដេកលក់ ធ្វើមិនដឹងទៀត។

 កាលបានឃើញដូចនេះ ធីតាក៏មិនមាត់ តែនាងក៏ស្រាយមុងចេញអស់ និងទៅទាញភួយដែលរ៉ាឌីកំពុងដណ្ដប់ចេញមុននិយាយបន្ត៖ 

«លោក? ឆាប់ក្រោកឡើង ខ្ញុំជូនលោកទៅបេនឡាន នឹងអាលខ្ញុំបានទៅធ្វើការងាររបស់ខ្ញុំ!»

«…» 

រ៉ាឌីនៅតែស្ងាត់និងដេកដដែល ធ្វើឱ្យមាណវីយើងនេះ អស់ការអត់ធ្មត់ នាងក៏យកដៃទៅចាប់អង្រួន លើករ៉ាឌីឱ្យក្រោកឡើង។ រ៉ាឌីក៏ភ្ញាក់បើកភ្នែកតិចៗមើលធីតា។ តែអ្វីដែលនាងអាចបញ្ចប់ចិត្តខឹង លែងស្ដីថាឱ្យរ៉ាឌីនោះ នៅពេលនាងចាប់ប៉ះសាច់របស់រ៉ាឌី គឺរ៉ាឌីក្ដៅខ្លួនខ្លាំង ក្ដៅឡើងដូចភ្លើង។ នេះមកពីត្រូវទឹកភ្លៀងកាលពីយប់ហើយ ទើបប្រហែលជាគេគ្រុន។ 

នាងតូចភ័យដែរ ព្រោះមិនដឹងធ្វើយ៉ាងណាទេ បើពុករបស់នាងក៏ចេញទៅរកឧសតាំងតែពីព្រលឹមស្រាងៗ។ 

«លោកក្ដៅខ្លួនខ្លាំងណាស់នេះ! ចាំទីនេះសិនហើយណា៎ ចាំខ្ញុំទៅដាំទឹកក្ដៅយកមកជូតខ្លួន »

និយាយចប់ធីតាក៏ទៅធ្វើកិច្ចការទាំងនោះ នាងដាំបបរ ដាំទឹក យ៉ាងរហ័សរហួន។ ក្រោយពេលនាងដាំទឹកក្ដៅបានពុះក៏យកកូនកន្សែងដាក់ត្រាំក្នុងចានដែកតូចមួយ រួចយកមកជូតខ្លួនឱ្យរ៉ាឌីយ៉ាងប៉ិនប្រសប់។ មើលចុះនាងអីក៏បារម្ភពីគេម្ល៉េះ! មនុស្សទើបតែស្គាល់គ្នាម្សិលមិញសោះ នាងមានទឹកចិត្ត ចេះជួយយកអាសាធ្វើនេះធ្វើនោះ ហើយថែមទាំងបើករ៉ឺម៉កទៅទិញថ្នាំនៅឯផ្សារយ៉ាងឆ្ងាយមកឱ្យរ៉ាឌីទៀត។ មនុស្សបែបនេះពិតជាកម្រមានណាស់ ដូចពាក្យចាស់ពោលថា មនុស្សខ្លះក្រទ្រព្យមែន តែចិត្តគេមិនក្រទេ!

ត្រលប់ពីទិញថ្នាំវិញ នាងតួចដួសបបរក្ដៅៗមួយចាន មានទឹកមួយផ្តិលត្រឡោកដូង ព្រមទាំងថ្នាំផងដែរ យកមកឱ្យរ៉ាឌីដែលកំពុងតែដេកឈឺនេះទទួលទាន។

«លោក! ក្រោកឡើងមកហូបបបរ រួចហូបថ្នាំនឹងអាលបានគ្រាន់បើឡើងវិញ!»

 និយាយចប់រ៉ាឌីក៏ងើបមកទាំងមុខស្លេកស្លាំង បបូរមាត់សស្គុះ ទើបនាងតូចគ្រារ៉ាឌីឡើងមកបញ្ចុកគេយ៉ាងទំនង។ ញ៉ាំបបរនិងថ្នាំរួច រ៉ាឌីក៏សម្រាកទៅវិញ ព្រោះកម្លាំងនៃថ្នាំធ្វើឱ្យរ៉ាឌីងងុយ។ ឯធីតាក៏ទៅធ្វើការងារសព្វគ្រប់ក្នុងផ្ទះដូចធម្មតា។ មួយស្របក់ក្រោយមក រ៉ាឌីក៏ដឹងខ្លួនឡើងវិញ គេមានអារម្មណ៍ដូចជាបានធូរស្បើយហើយ។ តែក្រោកឡើងមកក៏មិនឃើញមានអ្នកណានៅផ្ទះសោះ គេក៏ងើបចេញពីដំណេក ដើរចេញមកក្រៅផ្ទះ ប្រទះឃើញធីតាកំពុងរៀបចំអីវ៉ាន់ដាក់លើរ៉ឺម៉កទៅលក់ល្មម។ គេក៏ដើរទៅជិតធីតា មុននិយាយ៖

«មានអីឱ្យខ្ញុំជួយទេ? »

 ធីតាងាកមកទាំងឆ្ងល់ និងពោលពាក្យប៉ុន្មានម៉ាត់៖

«អូ! បានស្រួលខ្លួនហើយ?»

«បាទ!» 

«បើបានធូរហើយក៏ល្អ ឆាប់ទៅរៀបចំខ្លួនមក ខ្ញុំជូនលោកទៅបេនឡាន!»

«ទៅធ្វើអីអ្នកនាង? »

«អ្អាវ! គឺជូនលោកទៅ ដើម្បីឱ្យលោកបានទៅផ្ទះវិញនោះអី!»

«…» 

រ៉ាឌីស្ងាត់មិននិយាយស្ដីទេ កំពុងភ្នកគិតថា បើទៅវិញតើគេត្រូវទៅណា? បើទៅផ្ទះគេមិនចង់ទៅទេ ហើយបើមិនទៅផ្ទះ គ្មានលុយមួយរៀលនៅក្នុងខ្លួនទៀត តើគេគួរទៅណា? គិតមួយសន្ទុះគេក៏នឹកឃើញវិធីមួយ។

«អូយ! អ្នកនាងខ្ញុំវិលមុខណាស់!» 

អ្នកកំលោះនេះខូចណាស់ ធ្វើពើជាវិលមុខដាក់ធីតា ព្រោះមិនចង់ទៅវិញ។ តែធីតាមិនងាយចាញ់បោករ៉ាឌីទេ ក៏តបទៅវិញផាំងៗ៖

«អូហូយ! សម្ដែងនៅស្ទើរណាស់លោក កុំមកពុតត្បុត!»

«គឺ…» រ៉ាឌីអេះក្បាលធ្វើមុខឡើងល្ងីល្ងើ ព្រោះរកពាក្យអ្វីមកនិយាយទៀតមិនបាន។

«បានហើយ ឆាប់ទៅរៀបចំខ្លួនមក ខ្ញុំប្រញាប់ទៅលក់!»

«តែថា… អ្នកនាងខ្ញុំមិនទាន់ចង់ទៅវិញពេលនេះទេ!»

«មិនចង់ទៅក៏ត្រូវតែទៅ! ទីនេះមិនមែនកន្លែងកម្សាន្ត ហើយក៏មិនមែនផ្ទះសំណាក់ឬសណ្ឋាគារ ឬមណ្ឌលកុមារកំព្រាដែលត្រូវទទួលចិញ្ចឹមលោកនោះទេ រាល់ថ្ងៃចិញ្ចឹមតែគ្រួសារខ្លួនឯងក៏ពិបាកផង! ខ្ញុំជួយលោកបានតែប៉ុណ្ណឹងទេ!»

«តែខ្ញុំគ្មានលុយទៅវិញទេ អ្នកនាងក៏ដឹង! ខ្ញុំសុំនៅទីនេះមួយរយៈសិនបានអត់? ឱ្យខ្ញុំធ្វើអីក៏ព្រមដែរ ខ្ញុំ… ខ្ញុំចេះឆុងកាហ្វេ ខ្ញុំជួយលក់អ្នកនាង ធ្វើជាបុគ្គលិករបស់អ្នកនាងក៏បានដែរ ណា៎ ខ្ញុំជួយលក់ដោយមិនយកប្រាក់ខែក៏បាន ណ៎ា!»

«មិនបានគឺមិនបានហើយ!»ធីតាតប

ទោះជារ៉ាឌីនិយាយយ៉ាងណាក៏ធីតាមិនយល់ស្របដែរ តែស្របពេលនោះពូម៉ៅក៏បានដើរមកដល់រួចនិយាយ៖

«មិនអីទេកូន ជួយៗគ្នាទៅ បើអ្នកកំលោះនេះ គេចង់នៅទីនេះដើម្បីរកលុយត្រលប់ទៅផ្ទះវិញ យើងក៏ជួយគេទៅ! មានអីបើបានគេមកក៏អាចជួយលក់កូនបាន! ណាមួយបើបានគេមកនៅជាមួយ គ្រាន់ទុកការពារពេលមកពីលក់វិញ យប់ព្រលប់តាមផ្លូវវាក៏សុវត្ថិភាពដែរ!»

 លុះស្ដាប់ពុកនិយាយចប់ ធីតាក៏គិតសព្វៗទៅដូចជាល្អសមហេតុផល នាងក៏យល់ស្របតាមពុក។ រីឯរ៉ាឌី កាលបានស្ដាប់ពាក្យយល់ព្រម គេពិតជាសប្បាយចិត្តខ្លាំងណាស់ដែរ តែប្រឹងលាក់អារម្មណ៍ដោយគ្រាន់តែបញ្ចេញស្នាមញញឹមតិចៗយ៉ាងមានមន្តស្នេ។ 

បញ្ចប់សន្ទនាហើយ ធីតាក៏ចេញដំណើរទៅលក់ដូចធម្មតា ដោយនាំយករ៉ាឌីទៅផងដែរ ទោះជាគេនេះទើបតែក្រោកពីឈឺពិតមែន តែគេពិតជាចចេសរឹងរូសមិនព្រមនៅសម្រាកផ្ទះទេ ទីបំផុតធីតាក៏អនុញ្ញាតឱ្យមកជាមួយ។ 

តំបន់មុខឧទ្យានអង្គរ…

ធីតារៀបចំអីវ៉ាន់ដូចជាតុ កៅអី និងតុបតែងរ៉ឺម៉កចលក់កាហ្វេ និងភេសជ្ជៈគ្រប់មុខរបស់នាងយ៉ាងមានសណ្ដាប់ធ្លាប់។ កាលបានឃើញដូចនេះ រ៉ាឌីក៏ចេះមកជួយធីតាដែរ តែក្នុងការធ្វើការរបស់រ៉ាឌីហាក់មិនប្រសប់ទេ ព្រោះតាំងពីតូចដល់ធំគេរស់នៅស្រណុកណាស់ មានតែអ្នកបម្រើធ្វើនេះ ធ្វើនោះឆ្វេងស្ដាំ ទើបពេលនេះគេមិនចេះធ្វើអីសោះ។ តែយ៉ាងណារ៉ាឌីក៏ខំរៀនធ្វើនេះធ្វើនោះតាមធីតាបង្រៀនរហូតដល់ចេះសឹងសព្វគ្រប់។ 

នៅពេលមានភ្ញៀវមកទិញភេសជ្ជៈអ្វីផ្សេងៗ រ៉ាឌីធ្វើជាអ្នកបម្រើភ្ញៀវបានយ៉ាងរួសរាយ ទាក់ទាញភ្ញៀវច្រើនឡើងៗ។ មិនត្រឹមតែបានរូបរាងសង្ហាទេ គេក៏ពូកែសម្ដីផ្អែមយ៉ាងនេះ អ្នកណាមិនចូលចិត្តនោះ។

រវល់លក់ស្ទើរពេញមួយថ្ងៃ ធីតា និងរ៉ាឌីពិតជាហត់ណាស់។ ពេលនេះក៏រសៀលជ្រាលជ្រេទៅហើយ ទើបពួកគេសម្រេចចិត្តឈប់លក់រៀបចំអីវ៉ាន់ត្រលប់ទៅផ្ទះវិញ។

រ៉ាឌីជួយរៀបចំធីតារួចរាល់ ទើបនាងតូចដើរមកជិតរ៉ាឌី មើលលើមើលក្រោមមុននិយាយ៖

«ហត់ទេ?»

«ហត់ខ្លាំងណាស់អ្នកនាង! នេះតាំងពីកើតមកមិនដែលស្គាល់រសជាតិបែបនេះទេ! មើលចុះ ខោអាវតែមួយកំផ្លេរបស់ខ្ញុំក៏ប្រឡាក់អស់ដែរ!» រ៉ាឌីអង្គុយតំអួញទាំងបែកញើសកក្លាក់។

«ជាប្រុសសោះមារយាម្ល៉េះ! គ្រាន់សួរតិចតួច រ៉ាយរ៉ាប់វែងអន្លាយ!»

និយាយយប់ធីតាដើរចេញ ឡើងម៉ូតូរ៉ឺម៉ករៀបបើកចេញទៅ ទើបរ៉ាឌីតាមពីក្រោយចេញដំណើរទៅ។

ផ្សាររាត្រី…

«ពិតជាអ៊ូអរណាស់!» រ៉ាឌីភ្ញាក់អារម្មណ៍ មើលឆ្វេងមើលស្ដាំពេលធីតានាំគេមកលេងផ្សាររាត្រីមួយនេះ។

«ដើរតាមខ្ញុំឱ្យលឿនមកលោក តិចវង្វេងអ្នកណាចាប់ទៅបាត់!»

ស្ដាប់ឮហើយរ៉ាឌីយើងក៏រត់ត្រុកៗតាមធីតាពីក្រោយទៅ ពួកគេក៏មកដល់កន្លែងតូបលក់សម្លៀកពាក់។ ធីតាសម្លឹងឃើញខោអាវដែលស្អាតមួយចំនួន នាងក៏ទាញយកមកតថ្លៃ៖

«អាវមួយនេះថ្លៃប៉ុន្មានបង?»

«១ម៉ឺនៗរៀល ទេប្អូន!» អ្នកលក់តប។

«៧ពាន់បានហើយបង! កុំលក់ថ្លៃពេក!»

«លក់មិនកើតទេប្អូន តថ្លៃបងម្លឹងៗ ខាតចុងខាតដើមហើយ!»

«មែនហើយ! តែ១ម៉ឺនសោះ មិនថ្លៃទេអ្នកនាង! ឱ្យគាត់ទៅ!» រ៉ាឌីតបមកបែបអ្នកមានតែម្ដង តែភ្លេចហើយថាខ្លួនពេលនេះគ្មានលុយសូម្បីមួយរយ ហុហុហុ។ ទើបធីតាតប៖

«អ្នកក្របែបនេះហើយលោក! ដឹងទេ លុយមួយកាក់មួយសេនវាពិតជាពិបាករកខ្លាំងណាស់ ដូច្នេះពេលត្រូវចាយវាយ យើងក៏ត្រូវតែចេះសន្សំសំចៃ!»

«បាទ!» រ៉ាឌីមិនមាត់ ព្រោះកំពុងយល់ស្របនឹងឆន្ទៈនារីគំរិះម្នាក់នេះ។

ធីតាក៏លែងតថ្លៃ ព្រមយកតម្លៃ ១ម៉ឺនរៀលនេះ។ ហើយនាងក៏ទិញខោអាវសម្រាប់ខ្លួនឯង សម្រាប់ពុកនាង និងសម្រាប់ឱ្យរ៉ាឌី បីបួនកំផ្លេទុកប្រើប្រាស់ដែរ។ រួចរាល់ អ្នកទាំងពីរក៏ទៅទិញរបស់ញ៉ាំមួយកូនថង់ អង្គុយញ៉ាំជាមួយគ្នានៅសួនច្បារ។

«ញ៉ាំបានយ៉ាងម៉េចហ្នឹង?» រ៉ាឌីសួរ ពេលឃើញធីតាកំពុងញ៉ាំអាពីងបំពងដែលទិញអម្បាញ់មិញ។

«ហូបដូចដែលលោកឃើញនឹងហើយ! នេះឆ្ងាញ់ណាស់ណ៎ា ភ្លក់មើលទៅ!» ធីតាក៏ចាប់លោដៃរកបញ្ចុករ៉ាឌី តែអ្នកកំលោះប្រកែកអមកាយវិការខ្លាចរអែង៖

«ទេ! មិនញ៉ាំទេ វាគួរឱ្យខ្លាច ហើយគួរឱ្យខ្ពើមណាស់!»

«ខ្លាចយ៉ាងម៉េច? នេះជារបស់ហូបដែលពេញនិយមណាស់សម្រាប់អ្នកស្រុកនេះ! សូម្បីកូនក្មេងក៏ចេះហូបដែរ! សាកមើលបន្តិចទៅ ឆ្ងាញ់ពិតមែនណា៎!»

ឃើញមាត់ធីតាទំពាទំនងពេក ទើបរ៉ាឌីយើងនេះសាកញ៉ាំមែន។ ពេលដាក់ចូលមាត់ដំបូងគេស្ទើរតែក្អួតអស់បាយអស់ទឹកទៅហើយ តែដល់ទំពាយូរៗស្រាប់តែឆ្ងាញ់មែន ទើបគេញ៉ាំយកៗរហូតអស់គ្មានសល់។

ញ៉ាំអីបណ្ដើរ អ្នកទាំងពីរនិយាយគ្នាបណ្ដើរ ទើបដល់សំនួររសើបមួយ ធីតាសួរទៅកាន់រ៉ាឌី៖

«និយាយអ៊ីចឹង លោកឈ្មោះអី?»

«ហៅខ្ញុំថារ៉ាឌីបានហើយ! ចុះអ្នកនាង?»

«ខ្ញុំធីតា!» នាងតូចមើលមុខអ្នកកំលោះម៉ង់ៗ មុនបន្តសំនួរ៖

«ប្រាប់បានទេ លោក… មកទីនេះធ្វើអី?»

«ហមមម!» រ៉ាឌីដកដង្ហើមធំមួយមុនមើលមុខធីតារួចនិយាយ៖

«បើខ្ញុំប្រាប់ថាមកដើរលេង អ្នកនាងជឿអត់?»

ធីតាខ្ជិលមាត់ក្រវីក្បាលឆ្លើយថាមិនជឿ ទើបរ៉ាឌីបន្ត៖

«តាមពិតទៅ ខ្ញុំមានបញ្ហាជាមួយអ្នកផ្ទះបន្តិចបន្តួច! ខ្ញុំមកទីនេះ ចង់រកក្ដីសុខឱ្យខ្លួនឯង ចង់រកភាពស្ងប់ស្ងាត់មួយរយៈ ហើយមិនចង់ទៅផ្ទះដែលត្រូវរស់នៅជាមួយស្នាមញញឹមក្លែងក្លាយនោះទេ!»

«តើរឿងនោះ ជារឿងអីទៅ? ហេតុអីលោក ធ្វើដូចជារឿងធំម្ល៉េះ ដែលហ៊ានចាកចេញពីផ្ទះ មករសាត់អណ្ដែតបែបនេះ?»

«ពិបាកប្រាប់ណាស់! ចាំថ្ងៃណាមួយ ខ្ញុំបកស្រាយប្រាប់រឿងគ្រប់យ៉ាងឱ្យនាងស្ដាប់!»

ធីតាងក់ក្បាលយល់ស្រប ទើបនាងប្ដូរសាច់រឿងកុំឱ្យរ៉ាឌីពិបាកចិត្ត មកនិយាយរឿងសាច់ការមួយទៀតមុនចេញទៅផ្ទះ។

«បានហើយ ខ្ញុំគ្រាន់តែចង់សួរប្រវត្តិលោកឱ្យច្បាស់! ព្រោះតទៅលោកត្រូវធ្វើជាបុគ្គលិកលក់កាហ្វេជាមួយខ្ញុំ ហើយថែមទាំងត្រូវរស់នៅផ្ទះជាមួយខ្ញុំទៀត! បែបនេះត្រូវតែដឹងអត្តសញ្ញាណលោកឱ្យប្រាកដថាលោកជាអ្នកណា?»

«បាទ! ជឿខ្ញុំទៅ ខ្ញុំមិនមែនមនុស្សអាក្រក់ទេ!»

«ល្អហើយ!» ធីតាពោលចប់ក៏ហុចថង់ខោអាវឱ្យរ៉ាឌីមុននិយាយបន្ត៖

«ហ៎កនេះ! ជាខោអាវរបស់លោកទុកសម្រាប់ប្រើប្រាស់អំឡុងពេលស្នាក់នៅទីនេះ!»

«អរគុណណាស់អ្នកនាង!» រ៉ាឌីទទួលរួចបើកមើល ក៏ពេញចិត្ត ទោះមិនមែនជារបស់ថ្លៃដូចដែលគេធ្លាប់ស្លៀកពាក់ តែមាណពយើងក៏ចេះយល់អំពីសន្ដានចិត្តមនុស្សម្នាក់ដែលខំចំណាយលុយទិញឱ្យ។

«មិនមែនទិញឱ្យទទេៗទេណា៎! នេះជាបញ្ជី លោកកំពុងជំពាក់ថ្លៃខោអាវនេះ ៥ម៉ឺនរៀល ហើយថ្លៃចំណាយប្រចាំថ្ងៃផ្សេងៗតទៅថ្ងៃមុខទៀត ខ្ញុំក៏កត់ដាក់ក្នុងនេះដែរ! ប្រាក់ខែដែលលោករកបាន នឹងកាត់កងតាមហ្នឹង!»

«អូយ គំរិះពេកហើយអ្នកនាង! នេះខ្ញុំស្មានថាទិញឱ្យដោយសន្ដានចិត្តតើ?»

«ដូចដែលខ្ញុំប្រាប់លោកមុននោះអ៊ីចឹង! លុយវាពិបាករកណាស់ ដូច្នេះមុនចាយវាយត្រូវគិតមុខគិតក្រោយឱ្យល្អិតល្អន់!»

«បាទថៅកែស្រី!»

ចប់កិច្ចការហើយ អ្នកទាំងពីក៏ត្រលប់ទៅផ្ទះវិញ។

******

ព្រឹកនេះធីតាមិនទាន់ទៅលក់ទាំងព្រលឹមដូចរាល់ដងនោះទេ។ ធ្វើកិច្ចការផ្ទះរួចរាល់ នាងក៏កាន់ចបជីកមួយ និងធុងជ័រតូចមួយ បបួលរ៉ាឌីទៅវាលស្រែក្រោយផ្ទះដើម្បីជីកក្ដាមយកមកស្លសម្រាប់ទទួលទានបាយថ្ងៃត្រង់។

មកដល់ស្រែដែលមានសភាពដីភក់បន្តិចៗ ព្រោះទើបតែត្រូវភ្លៀងដើមខែនៃរដូវវស្សា។ នារីជនបទម្នាក់នេះ នាងកាន់ចប ជីកក្ដាមយ៉ាងទំនង។ ប្លែកតែអ្នកកំលោះទីក្រុងនៅឈរកាន់ធុងមើលធីតាពីក្រោយ ដោយឬកពាក្ដៅអន្ទះអន្ទែង យកដៃជូតញើសហូរកាត់ក្បាល។ ក្ដាមមួយរន្ធនេះច្បាស់ជាត្រូវប៉ាន់ហើយ ព្រោះវាជាក្ដាមស្រងែ ពណ៌ខ្មៅនិល ដង្កៀបក៏ធំទំនងជាខ្នាញ់ខួរច្រើនមិនខាន។ 

នាងតូចដកផ្លែចបចេញពីរន្ធ មុនបោះពាក្យទៅអ្នកកំលោះ៖

«លូកចាប់មកលោក!»

«អត់ទេ! វាគគ្រេចណាស់ មិនដឹងថាក្នុងដីនេះមានអីខ្លះទេ សុទ្ធតែមេរោគក៏មិនដឹង»

«អូយ! ខ្ញុំសែនជ្រេញឬកពាអ្នកក្រុងដូចលោកណាស់! នេះមកជីកក្ដាម មិនមែនឱ្យលោកមកកាយសំរាមឯណា! ចាំមើលខ្ញុំលូកចាប់ឱ្យមើល!»

ពោលចប់នាងតូចលូកចាប់ក្ដាមក្នុងរន្ធនោះចេញមក កាន់ឡើងពេញៗដៃ មុនឧទានឡើងដាក់អ្នកកំលោះម្ដងទៀត៖

«ឃើញទេ? នេះជាក្ដាមស្គាល់អត់? យកទៅដាក់ក្នុងធុងទៅ!»

រ៉ាឌីទទួលក្ដាមពីដៃធីតាទាំងខ្លបខ្លាច កាន់មិនទំនងសោះ ទើបក្ដាមកៀបដៃគេឱ្យទាល់តែបាន។

«អូយវាខាំដៃខ្ញុំហើយអ្នកនាង! ជួយខ្ញុំផង!» រ៉ាឌីស្រែកច្រឡោតតោតតូង។

ធីតាឃើញបែបនេះ មិនគិតជួយនាយភ្លាមៗទេ នៅឈរសើចសិន ទើបជួយតាមក្រោយ។ រ៉ាឌីស្រែកឡើងលោតខ្លួនក្រញាងចុះឡើង ឯធីតាក៏ទៅជួយតាមរ៉ាឌីគ្រប់សកម្មភាព ទើបពួកគេទាក់ជើងគ្នាដួលទៅលើដីមួយរំពេច។ រ៉ាឌីជាអ្នកនៅពីលើ ធីតានៅក្រោម ហើយមាត់របស់ពួកគេក៏ផ្អឹបជាប់គ្នា ធ្វើឱ្យអ្នកទាំងពីរស្លុងអារម្មណ៍អស់។ មួយស្របក់ទើបពួកគេភ្ញាក់ខ្លួនព្រឹសពេលរ៉ាឌីស្រែកក្ដែងៗម្ដងទៀត ព្រោះក្ដាមដែលកៀបនៅដៃនាយមិនទាន់របូតចេញ។

ពួកគេក្រោយឡើង។ រ៉ាឌីវាយក្ដាមនោះឡើងទាល់តែងាប់ ដាច់ដៃដាច់ជើងគ្នាអស់រលីង។ កំលោះយើងមើលមុខធីតាដោយភាពអៀនប្រៀន ហើយក៏ឈប់រកក្ដាមរកអីទៀត ក៏ទៅផ្ទះវិញ។

ពីមួយថ្ងៃទៅមួយថ្ងៃ រ៉ាឌីក៏សម្របខ្លួនជាមួយជីវិតបែបអ្នកស្រុកស្រែបានយ៉ាងសម។ គេអាចរកឃើញក្ដីសុខយ៉ាងពិតប្រាកដ និងមិនចាំបាច់ទៅណាមកណាមានអ្នកដើរតាមដានគ្រប់កន្លែង គ្មានការរត់គេចពីកូនចៅម៉ាក់គេ ទើបសុខភាពផ្លូវចិត្តគេពេលនេះក្លាយជាមនុស្សស្រស់បំព្រងជាងមុន។ ការងារជាកូនឈ្នួលរបស់ធីតា ក៏រ៉ាឌីអាចធ្វើបាន។ ពីមួយថ្ងៃទៅមួយថ្ងៃ រ៉ាឌីនិងធីតា ក៏ស្រាប់តែមានអនុស្សាវរីយ៍ជាមួយគ្នាកាន់តែច្រើន។ ព្រោះជាធម្មតាមនុស្សតែកាលណាបានក្បែរគ្នាយូរៗទៅគង់មានចិត្តលួចក្នក់ក្នាញ់គ្នាមិនដែលខាន ហើយពេលនេះ រ៉ាឌីនិងធីតា ក៏ក្លាយជាមនុស្សស្រលាញ់គ្នា។

ថ្ងៃនេះ ជាថ្ងៃបើកប្រាក់ខែដំបូងរបស់រ៉ាឌី ដែលបានធ្វើការជាមួយធីតា។ ប្រាក់ខែដំបូងរបស់រ៉ាឌី ទទួលបាន ៤០ម៉ឺនរៀល។ ទោះវាមិនច្រើនសម្រាប់ជីវិតអភិជននៅឯទីក្រុងរបស់រ៉ាឌី តែពេលនេះវាពិតជាច្រើនណាស់សម្រាប់គេ ព្រោះជាញើសឈាមដែលគេខិតខំដោយខ្លួនឯង។ ធ្វើឱ្យរ៉ាឌីយល់ថា ពេលនេះគេចេះរកលុយដោយខ្លួនឯងហើយ គេឈប់នៅតែផ្ទះចាយលុយម៉ាក់ទៀតហើយ។

មាណពយើង ដ្បិតគេជាកូនអ្នកមាន តែគេមិនមែនជាមនុស្សគំរិះនោះទេ។ គេយកលុយមួយចំនួននេះ យកទៅទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនខ្លះ។ ពិសេសរ៉ាឌីថែមទាំងនាំ ធីតា និងពូម៉ៅ ទៅហាងប៊ើហ្គើមួយកន្លែងនៅទីរួមខេត្តសៀមរាបនេះ ញ៉ាំអីជុំគ្នាទៀត។

មកដល់មុខហាង ធីតាធ្វើមុខសុញដាក់រ៉ាឌី មុននិយាយ៖

«ហាងគេទំនើប ហើយថ្លៃណាស់លោក! ស្លៀកពាក់ខោមិនខោ អាវមិនអាវដូចពួកខ្ញុំបែបនេះ គ្មានលុយចូលទេ! តោះទៅវិញ!»

«មិនបាច់ភ័យទេ ចាំខ្ញុំចេញលុយ!» រ៉ាឌីចាប់ដៃធីតាយ៉ាងណែនរួចបណ្ដើរដើរចូលទៅ ព្រមនិងយកដៃគ្រាពូម៉ៅទៅជាមួយផងមុននិយាយ៖ «ម៉ោះ ចូលមកពូ!»

រកកន្លែងអង្គុយបាន រ៉ាឌីបានកម្ម៉ង់ឈុតប៊ើហ្គើបីឈុត មានភ្លៅមាន់បំពង ដំឡូងបារាំងបំពង ថែមភីហ្សា និងភេសជ្ជៈផងដែរ។ រ៉ាឌីញ៉ាំបណ្ដើរ លួចចោលភ្នែកមើលធីតានិងពុកនាង កំពុងញ៉ាំភីហ្សា និងភ្លៅមាន់យ៉ាងឆ្គង ទើបគេធ្វើជាអ្នកចាត់ចែង បង្រៀនពីរបៀបញ៉ាំអាហារបែបអ្នកក្រុងទៅកាន់ឪពុកកូនពីរនាក់នេះ។

ញ៉ាំរួចរាល់ឆ្អែតអស់ហើយ ធីតានិងពុកអង្គុយដូចជាហល់ពោះ។ ទើបរ៉ាឌីពោល៖

«យ៉ាងម៉េចដែរលោកពូ ឆ្ងាញ់អត់?»

«ឆ្ងាញ់ក្មួយឆ្ងាញ់! ជិតមួយជីវិតទៅហើយ ពូមិនដែលហូបវាទេ!»

«បើពូចូលចិត្ត ចាំក្មួយឧស្សានាំពូមកពិសារទៀត!»

«មិនអីទេលោក! ខាតលុយណាស់ នេះមកញ៉ាំម្ដង ស្មើថ្លៃម្ហូបដែលយើងចំណាយស្ទើរតែមួយខែណា៎!»

«បាទ! ថៅកែស្រីមហាគំរិះ! តែខ្ញុំជាអ្នកចេញលុយសោះ កុំទៅព្រួយអី!»

រ៉ាឌីសើចលើកចុងមាត់ផ្ដល់ភាពទទួលខុសត្រូវយ៉ាងសុភាព។

******

រំលងពីមួយថ្ងៃទៅមួយថ្ងៃ ធីតានិងរ៉ាឌីកាន់តែចែករំលែកការរស់នៅទៅគ្នាទៅវិញទៅមក។ រ៉ាឌីតែងតែនាំឱ្យស្គាល់រសជាតិការរស់នៅបែបទីក្រុងទៅកាន់ធីតា។ ឯធីតាក៏បង្រៀនអ្វីដែលរ៉ាឌីមិនធ្លាប់ជួបក្នុងជីវិតបែបអ្នកស្រែ។ ទីបំផុតអ្នកទាំងពីរក៏ស្គាល់ពីទំនាក់ទំនងគ្នាកាន់តែច្បាស់។ រហូតធីតាភ្លេចខ្លួន លែងខ្វល់ លែងចង់ស្គាល់អត្តសញ្ញាណរបស់រ៉ាឌីថាជាអ្នកណា? គេមកពីណា? ដឹងតែថាពេលនេះ រ៉ាឌីជាប្រុសស្រុកស្រែ មានបេះដូងស្មោះត្រង់ ចេះជួយយកអាសានាងនិងពុកនាងសព្វគ្រប់។

 ៥ខែក្រោយមក…

អាជីវកម្មក៏កាក់កប ស្នេហាក៏សមប្រកប រ៉ាឌីក៏បានរៀបចំគម្រោងនិងផ្ដល់ជាគំនិតល្អៗមួយដល់ធីតា គឺរ៉ាឌីណែនាំឱ្យធីតាប្ដូរពីលក់ដូរតាមរទះតាមចិញ្ចើមថ្នល់ មកបើកជាហាងកាហ្វេខ្នាតតូចមួយវិញ។ 

អាជីវកម្មក៏ជោគជ័យ សម្ព័ន្ធភាពរបស់អ្នកទាំងពីរក៏កាន់តែស៊ីជម្រៅទៅៗ។ ថ្ងៃនេះភ្ញៀវក៏ចូលមិនសូវច្រើន តែមានគេកម្ម៉ង់ឱ្យដឹកទៅតាមផ្ទះច្រើនជាងទៅវិញ។ 

«បង! ថ្ងៃនេះជួយដឹកកាហ្វេឱ្យភ្ញៀវនៅទីរួមខេត្តបន្តិចផងណា!» ធីតាប្រាប់ឱ្យរ៉ាឌីយកកាហ្វេទៅឱ្យភ្ញៀវដែលកម្ម៉ង់។

«បាទអូន រៀបចំឱ្យហើយមក ចាំបងយកទៅ!» រ៉ាឌីកំពុងជូតតុបណ្ដើរតបបណ្ដើរ។

«រួចរាល់ហើយតើបង!»

«បាទអូន! ច្រើនដែរតើថ្ងៃនេះ ប្រហែលជាក្របានត្រលប់មកវិញ មកជួយអូនហើយណា អូនសម្លាញ់!»

«យ៉ាងម៉េច? មិនចង់មកជួយអូន ឬលួចគេចទៅរកស្រីឯណា?» ធីតានិយាយចំអន់លេង។

«មានឯណា កុំចេះតែនិយាយចោតបងនោះ! ទោះជាមានអ្នកណាល្អជាងអូន ទោះជាមានរឿងអ្វី ក៏បងនៅស្រលាញ់អូន ហើយមិនទៅណាចោលអូនឡើយ! បងសន្យាពិតៗ!»

«ទុកចិត្តមិនបានទេ ប្រុសសម្ដីផ្អែមដូចបងនោះ!»

«ហមម កុំគិតច្រើនអីអូន! បើបងមានស្រីមិនអីទេ កុំឱ្យតែបងមានប្រុស ហុហុហុ!» រ៉ាឌីញោះឱ្យធីតាសើចស្ញេញ ហើយយកដៃអង្អែលក្បាលធីតាថ្នមៗ រួចឡើងម៉ូតូ តែមុនជិះចេញទៅគេក៏ពោលបន្ថែម៖

«បងនិយាយលេងទេ! ផ្ដោតអារម្មណ៍ធ្វើការចុះណា៎!» ចប់សេចក្ដីរ៉ាឌីចេញទៅភ្លាម ទុកឱ្យធីតានៅឈរញញឹមខ្ជិប។

បន្ទាប់ពីរ៉ាឌីចេញទៅផុតមួយស្របក់ ក៏ស្រាប់តែ៖

ប្រាវ!!! 

ជនស្លៀកខ្មៅ ពាក់វែតាខ្មៅបីបួននាក់ ទំនងជាអង្គរក្សរបស់អ្នកណាក៏មិនដឹង ស្រាប់តែធាក់តុ និងកៅអីក្នុងហាងរបស់ធីតា ទើបនាងស្រែកឆោឡោឡើង៖

«ពួកឯងជាអ្នកណា? មានរឿងអីបានជាមកបំផ្លាញរបស់របរយើងបែបនេះ?»

«កូនប្រុសយើងនៅឯណា?» លោកស្រីផានីម៉ាក់របស់រ៉ាឌី បោះពាក្យសួរឆៅៗមកកាន់ធីតា ពេលចុះពីលើឡានមក ដោយមានអង្គរក្សម្នាក់ទៀតឈរអមក្បែរ។ 

«អ៊ុំស្រីជាអ្នកណា?» ធីតាសែនមហាឆ្ងល់។

«កុំមកហៅយើងរាប់ញាតិបែបនេះណា៎! យើងគ្មានក្មួយដូចនាងទេ! កូនយើងនៅឯណា?»

«ហើយកូនលោកស្រីជាអ្នកណា? ម៉េចក៏មករកនៅទីនេះ?»

«កុំមកធ្វើពើជាមិនដឹង! នាងចង់យកកូនយើងមកលាក់ដល់ពេលណា? ឆាប់ទៅហៅកូនយើងមក!» 

      លោកស្រីផានីនិយាយចប់ចោលភ្នែកមើលតូបលក់របស់ធីតាឆ្វេងស្ដាំលើក្រោមទំនងបែបជាចង់ពេបជ្រាយសម្បើមណាស់។ ទើបធីតាតបទាំងឆ្ងល់ទៅទៀត៖

«ប្រហែលជាលោកស្រីច្រឡំកន្លែងហើយ! ព្រោះទីនេះខ្ញុំមិនបានចាប់អ្នកណាមកលាក់ទេ ខ្ញុំរកស៊ីដោយត្រឹមត្រូវ!» 

ធីតានិយាយចប់ក៏ដើរចេញពីមុខលោកស្រីផានី ដើរទៅរៀបចំតុកន្លែងផ្សេងដែលដួលរប៉ាត់រប៉ាយខាងក្រៅហាងនោះ ធ្វើមិនដឹង តែដើរបានបន្តិចនាងក៏ពាល់សម្ដីអ្នកស្រីផានីនិយាយបន្ត៖

«ពួកឯងឆាប់ចូលទៅរកមើលក្នុងនោះភ្លាមទៅ!»

«ចូលរកបានតែហាមបំផ្លាញរបស់របរខ្ញុំ បើមិនចង់ឱ្យខ្ញុំប្ដឹងពួកលោកស្រី!»

យ៉ាងណា ការហាមប្រាមរបស់ធីតាទៅកាន់ពួកនោះ មិនបានផលនោះទេ ព្រោះពួកនោះបានរើបោះបោកស្ទើរតែខ្ទេចខ្ទីអស់ទៅហើយ។

«យើងប្រាប់នាងឱ្យហើយណា បើចង់នៅសុខខ្លួន ឆាប់បង្ហាញមុខកូនប្រុសខ្ញុំឥឡូវនេះ! ហើយកុំមកនិយាយថាមិនដឹងរឿង ខ្ញុំបានឃើញ បានដឹងរឿងរបស់នាងអស់ហើយ គឺចង់តោងកូនប្រុសយើងច្បាស់ណាស់!» ម៉ាក់រ៉ាឌីនេះស្ដីឱ្យធីតាឡើងញេញ។

«បើបានដឹងអស់ហើយ ចាំបាច់អីត្រូវមកបំផ្លាញរបស់របរក្នុងហាងខ្ញុំធ្វើអីលោកស្រី? លោកស្រីមិនទៅជួបនិយាយជាមួយកូនខ្លួនឯងទៅ!» ធីតានាងតបតទល់មុខមិនខ្លបខ្លាច។

«កុំមកប្រហើនតមាត់ជាមួយយើង! គឺយើងមកនេះ មកដាស់តឿនសតិនាងឯងនោះអី ឱ្យភ្ញាក់ខ្លួនឡើង កុំចង់មកតោងចាប់កូនប្រុសយើង! សម្បត្តិក្ររហាមដូចជានាងឯងនេះណា៎ វាសមតែអ្នកស្រែតាមព្រៃភ្នំដូចនាងឯងទេ ឱ្យចេះឆ្លុះកញ្ចក់មើលខ្លួនឯងផង! កូនប្រុសយើងមានគូដណ្ដឹងហើយ! ហើយក៏កំពុងត្រៀមចូលរៀបការឆាប់ៗដែរ!» 

លោកស្រីផានីនេះយកដៃមកចង្អុលថ្ងាស និយាយថាឱ្យធីតាចំៗមិនញញើតមាត់សោះ។

«…» ធីតាមិនតបទេ តែថ្លើមនាងស្ទើរតែធ្លាក់ដល់ដី ទឹកភ្នែកនាងហូរចុះមកតក់ៗ ព្រោះនរណាមិនឈឺសុខៗមានគេមកដៀលថ្មេះដាក់ខ្លួនផាំងៗបែបនេះ ហើយថែមទាំងដឹងថាមនុស្សដែលនាងកំពុងស្រលាញ់គេមានម្ចាស់ទៀត។ មិនស្ងប់ចិត្ត លោកស្រីផានីក៏ថែមល្បោយទៀត៖

«កុំមកចូលតួសម្រក់ទឹកភ្នែកមុខយើង! យើងតាស់តឿននាងឱ្យហើយ ស្អែកនេះយើងនឹងមកម្ដងទៀត បើមិនព្រមបង្ហាញមុខកូនប្រុសយើងទេ នាងនឹងមានរឿងធំជាងនេះ! ហើយ យើងនឹងទៅរកឪពុកម្ដាយនាងដល់ផ្ទះ ទៅជួបម៉ែឪនាង ឱ្យចេះប្រដៅកូនផង!» 

និយាយចប់លោកស្រីផានីនិងកូនចៅនាំគ្នាឡើងឡានទៅបាត់ ទុកឱ្យនាងតូចនៅឈរយំស្លុតចិត្តជាពន់ពេក។ មិនយូរប៉ុន្មាន រ៉ាឌីក៏ត្រលប់មកវិញ ឃើញសភាពខាងក្រៅហាងរញ៉េរញ៉ៃ តុ កៅអីបាក់បែកខ្លះ ពិតជាធ្វើឱ្យគេមិនស្រួលក្នុងចិត្ត។ គេដើរចូលទៅក្នុងហាង ក៏ឃើញធីតាកំពុងអង្គុយសំកុកធ្វើមុខស្ងួតៗមិនមាត់កសោះ។

«មានរឿងអីហ្នឹងអូន? អូនកើតអីឬអត់?»

«គ្មានអីទេ មានបញ្ហាបន្តិចបន្តួច!» ធីតានៅតែមិនទាន់ប្រាប់ការពិតអ្វីឡើយ ទើបរ៉ាឌីសួរថែម៖

«ចុះគេមានធ្វើបាបអូនអត់? »

«ប្រាប់ហើយថាមិនអីទេ!» ធីតាស្រែកមួយអស់សំឡេង ធ្វើឱ្យរ៉ាឌីប្លែកជាមួយឬកពាធីតាជាខ្លាំង។ ធីតាក៏មើលមុខរ៉ាឌីដោយប្រើភាសាសុំទោស រួចនិយាយបន្ត៖ 

«រៀបចំបិទហាងទៅអូនមិនស្រួលខ្លួន ចង់ទៅផ្ទះសម្រាក!» 

និយាយចប់រ៉ាឌីក៏យល់ព្រមតាមសំណើរ រៀបចំបិទហាងរួចស្រេច ពួកគេក៏ចេញដំណើរទៅផ្ទះ។

មកដល់ផ្ទះ…

ធីតាកំពុងចាប់ផ្ដើមគិតរឿងដែលបានកើតឡើងកាលពីថ្ងៃមិញ ដែលរឿងនោះនៅតែដក់ជាប់ខួរក្បាលនាងទាំងអស់។ នាងហាក់គ្មានអារម្មណ៍ក្នុងខ្លួនទេ ធ្វើអ្វីក៏ចុងដៃចុងជើងមិនបានដូចចិត្តឡើយ។ ពិសេសនាងក៏កាន់តែសោះអង្គើយដាក់រ៉ាឌីថែមទៀត។ ពេលចូលដំណេក រ៉ាឌីក៏មកដេកឱបធីតាពីក្រោយដូចរាល់ដង តែគ្រាន់តែដាក់ដៃប៉ះខ្លួនធីតាបានបន្តិច  ធីតាប្រែជាដកខ្លួនចេញឆ្ងាយ ដោយទឹកមុខតោះតើយ និយាយខ្សាវៗទៅរ៉ាឌី៖

«ខ្ញុំល្វើយហើយ ឆាប់គេងទៅ!»

«…» រ៉ាឌីក៏មិនមាត់ ហើយក៏សំងំគេងទៅទាំងក្នុងចិត្តគេពេលនេះ ហាក់កំពុងឆ្ងល់ពីឬកពាប្លែកៗរបស់ធីតា។

ព្រឹកស្អែក… 

រ៉ាឌីក្រោកពីព្រលឹម រៀបចំអីវ៉ាន់មួយចំនួនដើម្បីទៅលក់ដូចរាល់ដង។ ធីតាក៏ដើរមកជិត សម្រួលអារម្មណ៍បន្តិចរួចនិយាយទៅកាន់រ៉ាឌីទាំងបង្ខំចិត្ត៖

«បងមានរឿងអ្វីចង់ប្រាប់អូនទេ?»

«រឿងអីទៅ?» រ៉ាឌីតបទាំងឆ្ងល់។

«គឺ…អត់មានអីទេ! អូនចេះតែសួរលេងតើ!»

«អូននេះ ពិតជាកំប្លែងមែន! តោះរៀបចំអីវ៉ាន់លឿនៗទៅ ប្រញាប់ឆាប់បានទៅលក់!» រ៉ាឌីពោលបណ្ដើររៀបចំទុកដាក់អីវ៉ាន់បណ្ដើរ មុនឃើញរបស់ម្យ៉ាង គេក៏សួរ៖

«បង្វេចអីហ្នឹងអូន?»

«…» ធីតាស្ងាត់ភាំងមួយស្របក់ មុនតប៖

«បងពិតជាគ្មានអ្វីត្រូវបកស្រាយមែនអ្ហេស?»

«អូនមានបញ្ហាអី? អូនប្រាប់បងត្រង់ៗមក កុំធ្វើឱ្យបងឆ្ងល់បែបនេះ!»

«អរគុណណាស់មនុស្សល្អរបស់អូន! បងពិតជាល្អខ្លាំងណាស់ ដែលរឿងនេះបងមិនប្រាប់អូនដោយខ្លួនឯង! បើបងជាអ្នកនិយាយ អូនក៏មិនសូវឈឺ តែនេះបងទុកឱ្យអូនធ្វើជាទីងមោងសម្រាប់ឱ្យបងកុហក ធ្វើជាមនុស្សភ្លើឱ្យបងពាក់ស្នែងឱ្យដូចជាក្របីមិនដឹងរឿងអីសោះ! អូនពិតជាឈឺណាស់បងដឹងអត់?» ធីតាពោលទាំងអួលដើម.ក ទឹកភ្នែកក៏ស្រក់មកតក់ៗហាក់កំពុងស្អប់ប្រុសម្នាក់នេះដែលកុហកនាងសម្រាប់រឿងគ្រប់យ៉ាង។

«ធីតា! អូនកំពុងនិយាយពីអ្វី? បងកាន់តែមិនយល់ហើយណ៎ា!»

«បានហើយ លោកល្មមទៅវិញហើយ! ខ្ញុំគ្មានលទ្ធភាពនិងទទួលលោកឱ្យនៅទីនេះ ទៀតទេ! ទៅរកមនុស្សស្រីដែលកំពុងរង់ចាំលោកត្រលប់ទៅរៀបការវិញនោះចុះ!»

និយាយចប់ធីតាក៏ហុចបង្វេចខោអាវនោះឱ្យទៅរ៉ាឌី រួចបែរខ្នងដើរចេញ។ តែរ៉ាឌីក៏ស្ទុះរត់ទៅឱបធីតាយ៉ាងណែនពីក្រោយឃាត់ដំណើរមុននិយាយទាំងរកយំរហាម៖

«ទេ! បងនឹងមិនទៅណាចោលអូនទេ! បងសន្យានឹងអូនហើយ ទោះជាមានរឿងអ្វីក៏ដោយ ក៏បងមិនទៅណាចោលអូនដែរ!»

«លែ…លែងខ្ញុំទៅ!»

ធីតាខំតវាមិនឱ្យរ៉ាឌីប៉ះខ្លួននាង តែកំលោះយើងមិនព្រមលែងទេ ពួកគេនៅឱបគ្នាយំគឃូសទាំងពីរនាក់។

ស្រាប់តែមួយស្របក់ អ្នកស្រីផានីម៉ាក់របស់រ៉ាឌី ក៏ចុះពីលើឡានខ្មៅមក ស្រែកបញ្ជាកូនចៅឱ្យមកចាប់រ៉ាឌីបំបែកចេញពីធីតាញាត់ចូលឡាន ទាំងលលកញីឈ្មោលមួយគូនេះមិនទាន់ដាច់អាល័យពីគ្នាសោះ។

រ៉ាឌីស្រែកប្រកែក ខំរើបម្រាស់ពីកូនចៅបីបួននាក់នេះយ៉ាងណាក៏មិនឈ្នះ បានត្រឹមចោលក្រសែភ្នែកមើលមកធីតាព្រមជាមួយសំឡេងស្រែកដង្ហើយឈ្មោះធីតាពីចម្ងាយយ៉ាងស្រណោះ។ រ៉ាឌីត្រូវបានចាប់ដាក់ក្នុងឡានបាត់ បន្សល់ទុកត្រឹមធីតានៅឈរមើលពីចម្ងាយទាំងយំមិនឈប់ និងទ្រាំស្ដាប់អ្នកស្រីផានីមកថែមសាំងដុតភ្លើងក្នុងចិត្តនាងទៀត៖

«ខ្ញុំសូមប្រាប់នាងម្ដងទៀត! ទោះជាគ្រប់វិធីណាក៏ដោយ ខ្ញុំក៏ធ្វើគ្រប់យ៉ាងមិនឱ្យកូនប្រុសខ្ញុំមកទាក់ទងមនុស្សក្ររហាមដូចជាពួកនាងទេ! ចាំទុកក្នុងខួរក្បាលរបស់នាងផង!» និយាយចប់ អ្នកស្រីផានីដើរចូលឡានរួចបើកនាំរ៉ាឌីយកទៅបាត់។

ក្រោយចេញដំណើរទៅ រ៉ាឌីបានត្រឹមចោលភ្នែកមើលតាមកញ្ចក់ឡានពីក្រោយអាឡោះអាល័យនារីដែលខ្លួនស្រលាញ់ ដោយមានខ្សែចងដៃចងជើងថែមទៀតផង។ ធីតាបានត្រឹមលុតជង្គង់ដួលអង្គុយយំម្នាក់ឯងស្ទើរក្លាយជាមនុស្សឆ្កួត។ 

ភ្នំពេញ…

ពីមួយថ្ងៃទៅមួយថ្ងៃ រ៉ាឌីរស់នៅក្នុងផ្ទះវីឡាដ៏ធំមួយនេះ ដូចជាមនុស្សគល់ឈើ គ្មានចិត្តចង់ធ្វើអីក្រៅពីដេកក្នុងបន្ទប់។ បាយមិននឹក ទឹកមិនស្រេក គេសម្ងំយំកាន់រូបថតដែលគេបានថតជាមួយធីតានៅមុខអង្គរ មើលដោយទឹកភ្នែកដក់ជាប់ភ្នែក ស្ទើរក្លាយជាមនុស្សឆ្កួត។ ទោះអ្នកស្រីផានីព្យាយាមទៅកំដរ និយាយលើកចិត្តក៏គេមិនស្ដាប់ មិនសូម្បីតែមើលមុខម្ដាយ។ រំលងបានជិតកន្លះខែ រ៉ាឌីធ្លាក់ខ្លួនឈឺចូលសម្រាកក្នុងមន្ទីពេទ្យ។ សាច់ញាតិមិត្តភក្ដិ ក៏មកសួរសុខទុក្ខហើយក៏ទៅវិញជាហូរហែ។ ថ្ងៃនេះ ដាលីស ដែលជាគូដណ្ដឹង ក៏មកសួរសុខទុក្ខរ៉ាឌីដែរ។ នាងតែងខ្លួនយ៉ាងស្រស់ស្អាតដើរចូលដោយកាន់កន្រ្តកផ្លែឈើមកផង។ មកដល់នាងសួរនាំអំពីអាការៈរបស់រ៉ាឌីទៅកាន់អ្នកស្រីផានីដូចធម្មតា។ តែអ្វីដែលមិនធម្មតានោះ ដាលីសបានឃើញរ៉ាឌីដេកឱបរូបថតដែលបានថតជាមួយធីតានោះនៅជាប់ទ្រូង។ ឃើញបែបនេះ ដាលីស ដូចជាពាល់អារម្មណ៍ម្យ៉ាងទំនងជាមិនស្រួលចិត្ត ទើបនាងសុំជួបជជែកជាមួយអ្នកស្រីផានី។

«បងឌីទៅជាបែបនេះយូរឬនៅអ្នកមីង?» ដាលីសសួរអ្នកស្រីផានី ពេលចេញមកអង្គុយក្រៅបន្ទប់អ្នកជំងឺ។

«គឺ…តាំងតែពីបានទៅស្គាល់មីក្មេងស្រុកស្រែម្នាក់នោះមកម្ល៉េះ!» អ្នកស្រីផានីតបទាំងចងចិញ្ចើម។

«ក្មេងម្នាក់ណា? ម្នាក់នៅក្នុងរូបថតដែលបងឌីឱបជាប់ទ្រូងនោះមែនទេអ្នកមីង?»

អ្នកស្រីផានីងក់ក្បាលវើកៗជាចម្លើយ។ ទើបដាលីសនាងយល់ព្រមទទួល ហើយក៏ដើរទៅក្បែរទ្វារដែលមានកញ្ចក់ឆ្លុះមើលឃើញរ៉ាឌីនៅខាងក្នុង រួចចោលភ្នែកមើលទៅដោយក្ដីអាណិត ពេលឃើញរ៉ាឌីនៅដេកអង្អែលសម្លឹងរូបថតនោះទាំងក្ដីអាល័យ ខណៈទាំងខ្លួននាយពេលនេះនៅព្យួរសេរ៉ូមជាប់ដៃនៅឡើយ។

ដាលីសជាមនុស្សមានហេតុផលច្បាស់លាស់ មិនមែនយល់តែចិត្តខ្លួនឯងដូចអ្នកស្រីផានីទេ។ ទើបនាងសម្រេចចិត្តនិយាយរឿងខ្លះក្នុងចិត្តជាមួយអ្នកស្រីផានីយ៉ាងស្លូតបូត។

«ខ្ញុំសូមនិយាយរឿងខ្លះជាមួយអ្នកមីងបានទេ?»

«រឿងអ្វីទៅក្មួយ? ឆាប់និយាយមក កុំក្រែងចិត្តអី!»

ដាលីសគិតសុញមួយសន្ទុះ ទើបនាងដាច់ចិត្តសួរ៖

«អ្នកមីងនៅតែចង់ឱ្យបងឌីរៀបការជាមួយខ្ញុំទៀតមែនទេ?»

«ប្រាកដណាស់ក្មួយ! មីងរង់ចាំឱ្យតែកូនឌីឆាប់ជាសះស្បើយ នឹងអាលបានចូលរោងការតើ!»

«គឺ…ខ្ញុំថាកុំអីល្អជាងអ្នកមីង!»

«ម៉េចអ៊ីចឹងដាលីស? ឬក្មួយខឹងកូនប្រុសមីង ដែលលួចទៅទាក់ទងជាមួយមីក្មេងស្រុកស្រែនោះ?» អ្នកស្រីតបដោយចិត្តកំពុងជ្រួលច្របល់។

«អត់ទេអ្នកមីង! តាមពិតទៅ…»

«បើក្មួយមិនពេញចិត្តរឿងនេះ ចាំមីងទៅចាត់ការឱ្យដាច់ស្រលះ ក្មួយកុំបារម្ភ!» ពោលចប់ អ្នកស្រីផានីងើបគូទថើៗចេញពីកៅអី តែដាលីសឃាត់មុននិយាយ៖

«មិនមែនជាកំហុសរបស់អ្នកណាទេអ្នកមីង! តាមពិតទៅ រវាងខ្ញុំជាមួយបងឌីកន្លងមក ពួកយើងរាប់អានគ្នាដូចបងប្អូនតែប៉ុណ្ណោះ! ខ្ញុំមិនដែលមានចិត្តគិតថាចង់រៀបការជាមួយគាត់នោះទេ! ហើយខ្ញុំក៏ព្យាយាមប្រកែកជាមួយប៉ាម៉ាក់ច្រើនដង ព្រោះខ្ញុំក៏មានមនុស្សក្នុងចិត្តរួចទៅហើយ! ហើយពេលនេះប៉ាម៉ាក់ក៏យល់ពីចិត្តខ្ញុំដែរ ថាស្នេហាពិតជាមិនអាចបង្ខំបាន!»

 អ្នកស្រីផានីស្រងាកចិត្តខ្លាំងមិនស្មានដល់សោះថាមានរឿងបែបនេះកើតឡើង។ ទើបដាលីសពោលពាក្យប៉ុន្មានម៉ាត់ទៀត៖

«ខ្ញុំពិតជាសុំទោសពិតមែនណ៎ាអ្នកមីង! ដែលទើបតែប្រាប់មីងនូវរឿងនេះ! ខ្ញុំយល់ចិត្តអ្នកមីង ថាមីងចង់ឱ្យបងឌី គាត់ល្អ ចង់ឱ្យគាត់មានគ្រួសារដែលធូរធាតាមគន្លងត្រកូលអ្នកមីង! ប៉ុន្តែរឿងបេះដូងមិនបង្ខំបានទេ! ដូចជាគូជីវិតខ្ញុំពេលនេះអ៊ីចឹង! គាត់មានឋានៈត្រឹមតែជាកម្មករបើកឡានឱ្យគេ ប៉ុន្តែក្ដីស្រលាញ់ដែលយើងមានឱ្យគ្នា ពិតជាបង្ហាញថាស្នេហាមិនរើសកន្លែងកើត មិនរើសថាមានឬក្រនោះឡើយ! ហើយរឿងបងឌី បើគាត់អាចរកឃើញមនុស្សដែលបានផ្ដល់ស្នាមញញឹមឱ្យគាត់! គាត់អាចរកក្ដីសុខផ្ទាល់ខ្លួនបានហើយ មីងគួរតែសប្បាយចិត្ត!» 

«តែមីងពិតជាមិនអាចទទួលមនុស្សស្រីក្ររហាមនោះមកធ្វើជាកូនប្រសារមីងនោះទេ!» អ្នកស្រីផានីនៅតែចចេស។

«អ្នកមីង! ទ្រព្យសម្បត្តិ យើងអាចរកតាមក្រោយពេលណាក៏បាន! ប៉ុន្តែមនុស្សល្អៗដែលចូលមកក្នុងជីវិតយើង ពិតជាមានមិនច្រើននោះទេ! មីងគួរតែយល់ចិត្តគាត់ឱ្យបានច្រើន ល្អជាងជំទាស់ចិត្តគាត់បែបនេះ ព្រោះបើគាត់មានជំងឺផ្លូវចិត្តពិតជាពិបាកព្យាបាលណាស់!»

«តែមីង…!»

«មិនអីទេអ្នកមីង! នោះជាការសម្រេចចិត្តរបស់មីង! ខ្ញុំគ្រាន់តែចង់ឃើញបងឌីអាចត្រលប់មកជាគាត់ដូចដើម! ហើយក៏សង្ឃឹមគាត់អាចជួបមនុស្សដែលសមបំណងចូលមកក្នុងជីវិតគាត់ផងចុះ! ខ្ញុំលាអ្នកមីងសិនហើយ!» ដាលីសក្រាបសំពះលារួចចេញទៅ។

​​ក្រោយស្ដាប់ការរៀបរាប់របស់ដាលីស លោកស្រីដាលីសហាក់កំពុងពិបាកចិត្តខ្លាំង ពិសេសពេលគាត់ដើរចូលទៅក្នុងបន្ទប់វិញ ក៏ឃើញកូនប្រុសក្នុងសភាពកាន់តែទ្រត់ទ្រោម កាន់តែធ្វើឱ្យគាត់នៅមិនស្កប់ គិតភ្ញាក់រឮកនូវកំហុស។ គាត់ដើរទៅអង្គុយកៅអីក្បែរគ្រែរ៉ាឌី​មិនចាប់ដៃរ៉ាឌីមុននិយាយទាំងអួលដើម.ក៖

«កូនយ៉ាងម៉េចហើយ? បានធូរខ្លះទេ?»

រ៉ាឌីនៅតែស្ងាត់ហាក់មិនឮពាក្យរបស់អ្នកជាម្ដាយបានសួរសោះ។ ទើបអ្នកស្រីផានីឧទានបន្ត៖

«កន្លងមក… ម៉ាក់ពិតជាហួងហែងគ្មានហេតុផលលើជីវិតកូនណាស់មែនទេ?»

រ៉ាឌីស្រាប់តែងាកមុខមកថ្នមៗធ្វើភ្នែកសន្លឹមចោលទៅមើលម្ដាយមុនស្ដាប់គាត់និយាយទាំងយំបន្តទៀត៖

«ឱ្យម៉ាក់សុំទោស! ដែលម៉ាក់តែងតែបញ្ជាឱ្យកូនធ្វើនេះ ធ្វើនោះតាមតែចិត្តម៉ាក់! ម៉ាក់ពិតជាអាត្មានិយមខ្លាំងណាស់! កូនទៅជាបែបនេះក៏ដោយសារតែម៉ាក់! ឱ្យម៉ាក់សុំទោស! តទៅម៉ាក់លែងជំទាស់ស្នេហាកូនទៀតហើយ! កូនចង់មានអ្នកណា កូនចង់ធ្វើអី ក៏ម៉ាក់យល់ព្រមដែរណ៎ាកូន! សូមឱ្យតែកូនឆាប់ជា ឆាប់ត្រលប់មកដូចដើមវិញ ម៉ាក់ក៏សប្បាយចិត្ត!»

ស្ដាប់់ពាក្យម្ដាយទាំងក្ដុកក្ដួល រ៉ាឌីបានត្រឹមខំញញឹមទាំងខ្សោះកម្លាំង និងយកដៃទៅជូតទឹកភ្នែកម្ដាយថ្នមៗ រួចអ្នកស្រីផានីក៏ស្ទុះទៅឱបកូនយ៉ាងកក់ក្ដៅ។

ក្រោយទទួលបានការយល់ចិត្តពីម្ដាយ ពីមួយថ្ងៃទៅមួយថ្ងៃ របួសផ្លូវចិត្តរ៉ាឌីក៏បានធូរស្បើយ រីឯផ្លូវកាយក៏មានកម្លាំងមាំមួនវិញ។ អ្វីដែលរ៉ាឌីចង់ធ្វើដំបូងបំផុតក្រោយជាសះស្បើយ គឺគេចង់ត្រលប់ទៅជួបជាមួយមនុស្សដែលគេស្រលាញ់ នោះគឺធីតា។

ព្រឹកនេះរ៉ាឌីតុបតែងខ្លួនយ៉ាងសង្ហា។ គេពាក់អាវយឺតដៃខ្លីពណ៌ខ្មៅរឹបរាងចេញសាច់ដុំមូលក្លំ ស៊ីជាមួយខោខៅប៊យពណ៌ផ្ទៃមេឃស្រស់ ស្បែកជើងប៉ាតាពណ៌ស ពិតជាសង្ហាគួរឱ្យចង់លង់ស្នេ។ គេបើកឡានចេញពីផ្ទះវឹង តម្រង់ចេញពីទីក្រុង ធ្វើដំណើរទៅខេត្តសៀមរាប។ មកដល់ក្រុងសៀមរាប រ៉ាឌីក៏ជិះកាត់ និងក្រឡេកឃើញហាងប៊ើហ្គើ ដែលធ្លាប់នាំធីតាមកញ៉ាំជាញឹកញាប់​នោះ ក៏ឈានចូលទិញភីហ្សាដែលធីតាចូលចិត្តទុកជារបស់ផ្ញើនាង។

មកដល់ទីតាំងហាងកាហ្វេ ទីនេះនៅតែមានសភាពស្អាតដូចដើម ប៉ុន្តែភ្ញៀវហាក់មិនសូវមាន ធ្វើឱ្យបរិយាកាសស្ងាត់បន្តិច។ រ៉ាឌីចុះពីលើឡាន រួចដើរចូលទៅក្នុងហាង។ ក្នុងហាងមានតែកៅអីតែគ្មានភ្ញៀវសូម្បីម្នាក់ មានតែអ្នកនៅអង្គុយខាងក្រៅហាង។ ឃើញបែបនេះ រ៉ាឌីក៏ធ្វើជានិយាយបែបអារម្មណ៍ស្រស់ស្រាយស្រែករកម្ចាស់ហាង៖

«ធីតា! នៅហាងទេហ្នឹង? នេះបងទិញភីហ្សាដែលអូនចូលចិ…»

រ៉ាឌីស្រាប់តែទាក់សម្ដី ពេលបានឃើញធីតាងើបចេញបង្ហាញខ្លួនពីក្រោមតុគិតលុយមកជាមួយប្រុសម្នាក់។

ធីតាធ្វើភ្នែកស្លឺ ស្រឡាំងកាំងពេលឃើញវត្តមានរបស់រ៉ាឌីមកកាន់ទីនេះ។ ឯរ៉ាឌីកាន់តែស្រងាកចិត្តពេលឃើញដៃរបស់ប្រុសម្នាក់នោះកំពុងកាន់ចិញ្ជៀនមួយវង់យ៉ាងទំនង។ 

ធីតាដកភ្នែកពីរ៉ាឌីភ្លាម ក៏ធ្វើជាដូចជាគ្មានរឿងអ្វីហើយក៏ពោល៖

«បានលោកមកដល់ទីនេះ ពិតជាល្អណាស់! នេះជាចិញ្ជៀនដែលបងដារ៉ាគាត់ទិញឱ្យខ្ញុំសម្រាប់ថ្ងៃភ្ជាប់ពាក្យនៅអាទិត្យក្រោយ លោកសាកមើលមើល៍ វាសមជាមួយដៃខ្ញុំអត់?» ធីតាសួរបែបបញ្ឈឺចិត្តរ៉ាឌី។

«…» រ៉ាឌីមិនមាត់ដោយកាយវិការគាំងស្ដូក ថ្លើមស្ទើរជ្រុះដល់ដី ទើបធីតាបន្ថែមទៀត៖

«លោក! លោក! បានឮខ្ញុំនិយាយទេ?»

«បាទឮ! ឮច្បាស់ៗទៀតផង!» រ៉ាឌីតប។

«អេ! មើលទៅលោកដូចជាភ្ញាក់ផ្អើលម្ល៉េះ? ឬលោកមិនជឿថាខ្ញុំអាចរកបានគូជីវិតថ្មីលឿនថ្នាក់នេះ? តាមពិតទៅ ខ្ញុំនិងបងដារ៉ាយើងស្គាល់គ្នាយូរហើយ! ស្គាល់មុនខ្ញុំជួបលោកទៅទៀត ឬអាចនិយាយបានថា ខ្ញុំយកលោកមកទុកធ្វើកង់សាគួរប៉ុណ្ណោះ!»

រ៉ាឌីស្ទើរតែស្រក់តំណក់ទឹកភ្នែកពេលឮសម្ដីគ្រប់ម៉ាត់របស់ធីតា តែគេខំទប់មុននិយាយបន្ត៖

«ចិញ្ជៀននោះពិតជាស្អាតណាស់! យ៉ាងណា ក៏សូមអបអរសាទរអ្នកទាំងពីរផង! ខ្ញុំលាទៅវិញហើយ!»

ដើរចេញពីមុខធីតាទាំងអស់សង្ឃឹម ដើរបណ្ដើររ៉ាឌីយើងនេះ ញញឹមមិនសូវសមផងតែខំញញឹមទាំងទឹកភ្នែកស្រក់ហូរតក់ៗកាត់ផែនថ្ពាល់យ៉ាងចុកចាប់។ គេបើកឡានចេញពីទីនេះ ត្រលប់ទៅផ្ទះវិញទាំងក្ដីខកចិត្តដូចគ្នា។ របួសផ្លូវចិត្តទើបតែជាមិនទាន់ស្រួលបួល ពេលនេះរ៉ាឌីស្រាប់តែត្រូវរបួសចំកន្លែងចាស់បន្ថែមទៀត គេស្ទើរតែវង្វេងលែងស្គាល់អ្វីដែលជាខ្លួនឯង។

ត្រលប់មកដល់ផ្ទះ រ៉ាឌីធ្លាក់ខ្លួនធ្វើបាបខ្លួនឯងដូចដើម។ បាយមិននឹក ទឹកក៏មិនស្រេក។ អ្នកជាម្ដាយក៏ចូលមកលួងលោម ខំមើលថែកូនប្រុសរហូតរំលងបានមួយរយៈធំ រ៉ាឌីក៏ស្រស់បស់ឡើង។ គេដូចជាបោះចោលសម្ពាយជីវិតដែលគេបានហែលឆ្លងនោះ ចាត់ទុកជាបទពិសោធន៍។ 

ពេលនេះរ៉ាឌីកំពុងនៅប្រលានយន្តហោះ។ គេបានសម្រេចចិត្តឈប់ខ្វាយខ្វល់រឿងស្នេហា ទៅចាប់ផ្ដើមសាងអនាគត ដោយបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅឯប្រទេសរុស្សី។ រ៉ាឌីលើកដៃក្រាបសំពះលាម្ដាយទាំងចិត្តអាឡោះអាល័យ ប៉ុន្តែដើម្បីជីវិតនិងអនាគតបានប្រសើរ អ្នកកំលោះត្រូវតែចិត្តដាច់មួយពេលសិន។

៧ឆ្នាំក្រោយមក…

ប្រាសាទអង្គរវត្តកំពុងឈរបណ្ដែតខ្លួនយ៉ាងហំហួនបង្អួតភាពសង្ហាជាមួយព្រះទិនករដែលរះចោលរស្មីភ្លឺត្រចង់។ ខ្យល់ជំនោរបក់ត្រសៀកៗមកពីទិសខាងជើងនារំដូវរំហើយ។ ផ្កាស្មៅកន្ទុយឆ្កែចចកដែលដុះមួយទងៗក្នុងបរិវេនអង្គរកំពុងយោកខ្លួនប្រលែងខ្យល់ទៅវិញទៅមកយ៉ាងសប្បាយ។ ម្លប់ឈើក៏ត្រឈៃ អ្នកកំលោះតែងខ្លួនពាក់អាវក្រាស់ ពាក់មួកមួយប្រឡង់ក្បាល កំពុងកាន់កាមេរ៉ាក្នុងដៃដើរថតរូបទេសភាពគ្រប់ជ្រុងជ្រោយនៃតួប្រាសាទ។

ដើរមកឆ្ងាយ តាមពិតអ្នកកំលោះនេះជារ៉ាឌីសោះ។ គេរៀនចប់ហើយ គេទើបតែមកពីរុស្សីបានមួយអាទិត្យ។ ពេលនេះគេមកសម្រាកលំហែកាយនៅសៀមរាបនេះជាច្រើនថ្ងៃ ដើម្បីសិក្សាទីតាំងខ្លះៗ និងរកមើលទិញដីដើម្បីបើកជាសណ្ឋាគារ។ តែដោយសារទំនេរពីការងារ រ៉ាឌីយើងនេះ គេក៏មកលេងអង្គរ។

ដើរថតចុះឡើងៗ រ៉ាឌីក៏មកដល់បរិវេណផ្លូវចូលក្លោងទ្វារខាងមុខប្រាសាទ។ ភ្នែកគេនៅនឹងប្រឡោះកាមេរ៉ា។ គេផ្ទៀងចុះផ្ទៀងឡើងក៏ឃើញកូនក្មេងប្រុសម្នាក់កំពុងអង្គុយកាន់របស់ផ្លំចេញពពុះប៉េងប៉ោងព្រោងព្រាតពិតជាស្អាតណាស់ ទើបរ៉ាឌីដើរទៅកាន់តែជិតដើម្បីផ្ដិតយករូបភាពក្មេងប្រុសនេះ។ ថតបានស្រេចហើយ រ៉ាឌីក៏ដកភ្នែកចេញពីកាមេរ៉ា រួចងើបមុខឡើងក៏ស្រាប់តែ…

នារីម្នាក់ដែលទំនងជាម្ដាយក្មេងនេះ កំពុងចោលភ្នែកមើលមករ៉ាឌីដោយភ្លឹកភ្លាំង។ ឯរ៉ាឌីក៏ភាំងមើលនារីម្នាក់នេះដូចគ្នា។

អ្វីៗគ្រប់យ៉ាងក៏បានធ្វើឱ្យរ៉ាឌីចាប់ផ្ដើមច្របូកច្របល់ម្ដងទៀត ព្រោះនារីម្នាក់នេះនាងជា…

ធីតា!

មែនហើយ ពេលនេះធីតាបានបណ្ដើរក្មេងម្នាក់ មកលេងនៅអង្គរនេះ! ស្របពេលចៃដន្យ ដារ៉ាដែលធីតាធ្លាប់សំអាងថាជាគូដណ្ដឹងនាងកាលពី ៧ឆ្នាំំមុននោះក៏បង្ហាញខ្លួនឡើងដោយពោលពាក្យខ្លះ៖

«កូនប៉ា ដើរលេងបានមកដល់ឆ្ងាយណាស់យើងនេះ! ម៉ោះ មកប៉ាមកកូន!» ដារ៉ា លូកដៃទទួលកូនចេញពីដៃធីតា។ ធ្វើឱ្យរ៉ាឌីឯនេះស្រងាកចិត្តម្ដងទៀត តែគេលែងខូចចិត្តដូចមុនទៀតហើយ ព្រោះអ្វីៗពេលនេះជាបច្ចុប្បន្ន អតីតកាលគេក៏បានទទួលយកយូរមកហើយ ទើបខ្ជិលមិនចង់រំឮក។ រ៉ាឌីពោលពាក្យសួរនាំ សួរសុខទុក្ខធីតាពីរបីម៉ាត់ គេក៏រៀបតែដើរចេញ តែបន្តិចក្រោយទើបមានសំឡេងមនុស្សស្រីម្នាក់ពោលឡើង៖

«យើស! ទាំងប៉ាទាំងកូន នាំគ្នាមកទីនេះទេអ្ហេស! ម៉ាក់ខំតែតាមរកឡើងហត់ទៅហើយ!»

ចុម! យ៉ាងម៉េចវិញ? ក្រែងនោះជាកូនរបស់ធីតានិងដារ៉ាទេតើ! ចុះម្ដេចពេលនេះ ក៏ស្រាប់តែមាននារីម្នាក់ទៀតលេចវត្តមានមក? ឬមួយធីតា….?

មែនហើយ! ធីតានាងនៅទំនេរនៅឡើយ នាងមិនមានគ្រួសារទេ។ បន្ទាប់ពីថ្ងៃដែលព្យាយាមសាងរឿងគ្រប់យ៉ាងធ្វើឱ្យរ៉ាឌីស្ទើរក្លាយជាឆ្កួត នាងក៏សម្រេចចិត្តមិនយកអ្នកណា។

កាលនោះ ធីតាពិតជាមិនចង់យកដារ៉ាមកសម្ដែងធ្វើជា​​គូដណ្ដឹងនាងនោះទេ តែព្រោះស្នេហានាងនិងរ៉ាឌីមានរនាំងវណ្ណៈមកបំបែក ទើបនាងព្រមលះបង់មនុស្សដែលនាងស្រលាញ់ខ្លាំងបំផុតឱ្យចេញទៅរកអ្នកថ្មីដែលល្អជាងនាង។ ហើយកាលដែលរ៉ាឌីបានទៅឃើញដារ៉ានិងនាងនៅក្រោមតុគិតលុយក្នុងហាងកាហ្វេ ដោយកាលនោះ ដារ៉ាបាននាំប្រពន្ធរបស់គេបច្ចុប្បន្នទៅលេងហាងកាហ្វេធីតាហើយប្រុងយកចិញ្ជៀននោះទុកពញាក់អារម្មណ៍ប្រពន្ធរបស់ខ្លួនទេ ដោយដារ៉ាបានយកវាមកសួរយោបល់ពីធីតាដែលជាមិត្តស្និទ្ធស្នាល ថាវាស្អាតឬអត់? តែជាឪកាសពេលរ៉ាឌីមកឃើញក្នុងរូបភាពបែបនេះ ធីតាក៏ខ្ចីសម្ដែងតែម្ដងទៅ។ រឿងរ៉ាវក្រោយមកទៀត នារីស្លូតត្រង់ម្នាក់ក៏សុខចិត្តធ្វើជាមនុស្សអាក្រក់ ចិត្តដាច់ ក្នុងភ្នែកមនុស្សប្រុសដែលនាងស្រលាញ់ ដើម្បីឃើញមនុស្សដែលខ្លួនស្រលាញ់មានអនាគតល្អ តាមដែលចិត្តម្ដាយគេចង់បាន។ តែបន្ទាប់ពីរ៉ាឌីបានចាកចេញទៅរៀនស្រុកក្រៅ អ្នកស្រីផានីក៏បានទៅរកធីតាដល់ហាង និងបានសុំទោស និងនិយាយរឿងរ៉ាងគ្រប់យ៉ាងឱ្យនាងស្ដាប់ រហូតធីតាបានដឹង ថាម្ដាយរ៉ាឌីលែងជំទាស់ចិត្តពួកគេទៀតហើយ។ បន្ទាប់ពីនោះ ធីតាមានតែពាក្យថាស្ដាយក្រោយនៅក្នុងចិត្ត នៅតែមិនព្រមបើចិត្តទទួលអ្នកណាទោះមានអ្នកចង់បាននាងច្រើន។ បេះដូងនាងពេលនេះ នៅរង់ចាំតែរ៉ាឌីប៉ុណ្ណោះ។

ស្ដាប់រឿងរ៉ាវក្នុងចិត្តគ្នាទៅវិញទៅមកអស់ចិត្ត ពេលនេះជាពេលវេលាដែលរ៉ាឌីនិងធីតា កំពុងសន្ទនាគ្នា។ ពួកគេបែរមុខទៅមើលទឹកក្នុងស្រះដ៏ធំធែងត្រជាក់ស្រេប ដោយម្នាក់ៗសុទ្ធតែតាំងខ្លួនស្ងៀមស្ងាត់បំផុត។ មិនយូរធីតាក៏ចាប់ផ្ដើមនិយាយរករ៉ាឌីមុន៖

«ពេលវេលា៧ឆ្នាំពិតជាលឿនណាស់! លោកសុខសប្បាយអត់?»

រ៉ាឌីងាកមុខមើលធីតាបន្តិចមុនតប៖

«បើនិយាយពីសុខក៏សុខច្រើន! តែបើនិយាយពីទុក្ខក៏ច្រើនដូចគ្នា! ជីវិតមនុស្សយើង សុខហើយនិងទុក្ខ ដើរទៅជាមួយគ្នាជារឿងធម្មតា!»

«ត្រូវហើយ! ជីវិតលោក ក៏ប្រហែលជាមិនខុសពីជីវិតខ្ញុំប៉ុន្មានទេ!»

«ម៉េចអ៊ីចឹង? រយៈពេលជាច្រើនឆ្នាំមកនេះ ធីតាមិនសុខទេឬ?»

«ដូចដែលលោកនិយាយនោះហើយ! ជីវិតមនុស្សម្នាក់ៗ មានសុខមានទុក្ខជារឿងធម្មតានោះអី!»

រ៉ាឌីស្ងាត់លួចញញឹម មុនបន្តសំនួរ៖

«ចុះ…ច្រើនឆ្នាំមកនេះ…ធីតាមានអ្នកណាហើយឬនៅ?»

«សួរធ្វើអី?» ធីតាតបទាំងរំភើបចិត្តតែបង្កប់សំនួរបែបធម្មតា។ ទើបរ៉ាឌីឆ្លើយវិញ៖

«គ្រាន់តែចង់ដឹង ព្រោះជាមនុស្សធ្លាប់ស្គាល់គ្នា!»

«មិនមានទេ! ព្រោះរង់ចាំមនុស្សម្នាក់! តែពេលនេះគួរឱ្យស្ដាយ គេទុកយើងត្រឹមតែជាអ្នកធ្លាប់ស្គាល់គ្នា!»

អ្នកទាំងពីរងាកមុខមើលគ្នាទៅវិញទៅមក ដោយក្រសែភ្នែកឆ្លើយឆ្លង។ មួយសន្ទុះទើបរ៉ាឌីនិយាយ៖

«ចុះអ្នកណា អីក៏សំណាងម្ល៉េះ ដែលបានមនុស្សស្រីគំរិះដូចជាអ្នកនាងធីតារង់ចាំស្នេនោះ?»

«គឺលោកហ្នឹងហើយ! នៅមានមុខមកសួរទៀត! មនុស្សស្អីមិនចេះតស៊ូក្នុងរឿងស្នេហាសោះ! គ្រាន់តែស្រលាញ់មនុស្សស្រីម្នាក់ក៏មិនហ៊ានមានលទ្ធភាពតស៊ូយកនាងឱ្យដល់ចប់ចុងចប់ដើមដែរ!»

    «សម្ដីខ្លាំងណាស់! បើដឹងបែបនេះ ម្ល៉េះមិនត្រលប់មកជួបទេ! សមតែទុកឱ្យនៅក្រមុំសៅកែអត់អ្នកណាយកតើ!»

    ពោលចប់ធីតាពិតជាក្នាញ់ជាមួយរ៉ាឌីណាស់ នាងក៏រត់ដេញវាយរ៉ាឌីដោយសំឡេងសើចកក្អិក។ មុនរ៉ាឌីព្រមឈប់ឱ្យធីតាលួចក្ដិចគេមួយអស់ចិត្តរួចគេក៏ហ៊ាននិយាយពាក្យក្នុងចិត្ត៖

    «តើយើងអាចត្រលប់ទៅចាប់ផ្ដើមម្ដងទៀតបានអត់? យើងក៏ត្រលប់ទៅធ្វើជាមនុស្សដែលត្រូវការគ្នា បាត់គ្នាបន្តិចមិនបានដូចកាលមុន! ព្រោះពីពេលនេះទៅយើងលែងមានអ្នកណាមកតាមបំបែកយើងទៀតហើយ! ហើយបងក៏មិនទៅណាចោលអូនទៀតដែរ បងសន្យាថាបងនឹងនៅជាមួយអូន តស៊ូ ការពារមិនឱ្យអូនរបូតពីដៃទេ! យល់ព្រមសាងគ្រួសារនឹងបងអត់?»

    នាងតូបញញឹមបិទមាត់មិនជិត មុខរីកដូចគ្រាប់ជី មុនតបដោយក្ដីរំភើបស្ទើរលាយទឹកភ្នែក៖

    «អូនយល់ព្រម! អូនក៏សន្យា! ទោះរយៈពេល៧ឆ្នាំមុន អូនជាមនុស្សដែលកំសាក តែ៧ឆ្នាំក្រោយនៃយើងបែកគ្នា អូននឹងមិនឱ្យអ្នកណាមកជាន់ឈ្លីក្ដីស្នេហារបស់យើងឡើយ! ហើយតទៅ យើងនឹងចាប់ដៃគ្នាសាងគ្រួសារមួយដ៏កក់ក្ដៅ! បើកមុខជំនួញឱ្យកាន់តែធំ! ធ្វើឱ្យមនុស្សគ្រប់គ្នាយល់ថា ស្នេហាពិត មិនមែនទាល់តែមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដូចគ្នាទើបអាចរស់នៅជាប្ដីប្រពន្ធបានទេ! សំខាន់ការចេះយោគយល់អធ្យាស្រ័យ ការផ្ដល់កិត្តិយសឱ្យគ្នាទៅវិញទៅមក ចាប់ដៃតស៊ូជាមួយគ្នារកស៊ីឱ្យមានបាន នោះទើបជាអ្វីដែលជាមោទនភាព!»

និយាយចប់ រ៉ាឌីនិងធីតា ឈរឱបគ្នាដោយចិត្តពោរពេញក្ដីសុខរកអ្វីថាមិនត្រូវ ហើយរយៈពេល ៧ឆ្នាំក្រោយដែលពួកគេបែកគ្នា អ្វីៗគ្រប់យ៉ាងនៅកន្លែងដើម ពេលនេះក៏ប្រែមកជាដូចដើម។