រឿង៖ មនុស្សដែលខ្ញុំរង់ចាំនោះគេនៅឯណា?

«យប់មិញ​ខ្ញុំ​យល់សប្តិ​ឆ្កួត​ៗ​ពី​ឌីឯង!»

«មែន?      »

«មានពេលកុហកណាស់?»

«រវល់អី?»

«សួរបានន័យម៉េច?»

«សួរចង់ដឹងស្រស់ឯងប្រុងធ្វើអ្វីនៅចុងសប្តាហ៍នេះ?»

«ហៅមើលកុនហ្មែន?»

«មិនទាន់សម្រេចទេ!»

«ចឹងកុំសួរ!»

«ប្រាកដ​ណាស់! យើងគ្មានសិទ្ធិសូម្បីសួរ!»

«ពូកែដ្រាមាម៉េះ​! ងរណាស់!»

«មកពីគេដុត​!»

គេឈ្មោះស្រស់​គេឆាតមកអីចឹងៗអី​អាចទុកថា​ជា​ការ​ចែចង់​តាម​ធម្មជាតិដែរទេ? មាន​អារម្មណ៍​ថា គេយកចិត្ត​ទុកដាក់នឹងខ្ញុំ ហើយ​សេចក្តី​ស្រលាញ់​ នឹង​ការចាប់​ផ្តើម​ភ្ជាប់ពេលវេលា​របស់ខ្ញុំជាមួយគេបានក្លាយជារឿង​ល្អមួយ។

ខ្ញុំជាបុគ្គលិកក្រុមហ៊ុនភីហ្សាមួយ ជាអ្នកដឹកជញ្ជូន និងជួយការងារ​ខាងក្រៅ​ចំណែក​គេវិញជាអ្នកគិតលុយ​។ គេនៅរៀនផ្នែកគណនេយ្យឆ្នាំទី៣ រីឯខ្ញុំមិនទាន់ចប់ឆ្នាំទីមួយផង។ គេមានអាយុចាស់ជាងខ្ញុំ មើលពីក្រៅក៏ដឹងតែខ្ញុំមិនដែលសួរពីវ័យគេទេ ។

​ ​អារម្មណ៍​វិជ្ជមានជាច្រើនដែលគេឱ្យមក បានធ្វើឱ្យគេក្លាយជាប្រធានបទនៃ​ការរង់ចាំរបស់ខ្ញុំ។

មានយប់មួយកន្លែងធ្វើការរបស់ពួកយើង មានរៀបចំកម្មវិធីចាប់កាដូចុងឆ្នាំ។ បន្ទាប់ពីនោះក៏មានការច្រៀងខារ៉ាអូខេនៅផ្ទះមេ ថែមទាំងធ្វើអ្វីញ៉ាំជុំគ្នាទៀត។

ពេលនោះយប់ជ្រៅបន្តិចហើយ ខ្ញុំត្រូវបានគេពឹងឲ្យជូនគេទៅផ្ទះ ព្រោះគេថាមិនហ៊ាន​ជិះម៉ូតូម្នាក់ឯងនោះទេ ដូច្នេះខ្ញុំក៏សុំឲ្យគេទុកម៉ូតូនៅកន្លែងធ្វើការ ហើយខ្ញុំស្ម័គ្រធ្វើជាអ្នកដឹកគេទៅ។នៅតាមផ្លូវយើង ខ្ញុំបានឱកាស​និយាយនូវអ្វីៗជាច្រើនតាមរបៀប​មនុស្ស​យល់ចិត្តគ្នា។

«ថ្ងៃក្រោយទៅ ស្រស់ចង់រកស៊ីអ្វី?»

«មិនទាន់គិតច្បាស់ នឹកមិនឃើញ តែ​ដឹងថា មិនធ្វើការបែបនេះរហូតដល់ចាស់ទេ!»

«ខ្ញុំចង់បើកតូបលក់កាហ្វេចល័ត!» ខ្ញុំបង្ហាញ​ពីសុបិនសម្ងាត់របស់ខ្ញុំ​ទៅឱ្យ​គេដឹង ព្រោះកន្លងមកខ្ញុំមិនងាយនិយាយទេ នូវគម្រោង​ការផ្សេងៗក្នុងជីវិត​ប្រាប់ទៅកាន់អ្នកណាម្នាក់ ព្រោះថាវាមិនចាំបាច់ឡើយ។

គេលូកដៃមកឱបចង្កេះរបស់ខ្ញុំ ធ្វើឲ្យពេញមួយយប់នោះខ្ញុំដេកមិនលក់សោះ អង្គុយ​ ដេក​ ក្រោកដើរ​ញញឹម​តែឯង។

សំដីដែលខ្ញុំចាំមិនភ្លេចគឺជាស្រស់និយាយថា៖

«បើនៅថ្ងៃណាមួយ ខ្ញុំបាត់បង់រូបសម្រស់តើឌី​នឹងយល់ព្រមរៀបការជាមួយមនុស្សស្រីដែលមានរូបសម្រស់មិនស្អាតដែរឬទេ!»

គេចាស់ជាងខ្ញុំ​បានជាគេមិនទុកចិត្ត​ខ្លួនគេ ។​ យល់ចំណុចនេះណាស់ ព្រោះទោះណាខ្ញុំនេះក្មេងជាងស្រស់​តែខ្ញុំចង់មានចិត្ត​ទូលាយនឹងចាស់ទុំជាងគេ​។ តទៅខ្ញុំចង់រស់នៅជាមេក្រួសាររបស់គេ។ ខ្ញុំបានប្រាប់គេវិញ​ថា៖

«ខ្ញុំមិនយល់ថារូបសម្រស់សំខាន់ទេស្រស់! បើសិនជាខ្ញុំយល់ថារូបសម្រស់សំខាន់ ស្រស់ប្រាកដជាគិតថាឋានៈមនុស្សប្រុសសំខាន់ដែរមិនខាន!​ខ្ញុំគ្មានអ្វីទេ!»

និយាយបែបនេះហើយ  គេបែរជាសរសើរខ្ញុំវិញថា៖

«តែឌីមានគំនិត! ឌី​មានការគិតដូចជាអ្នកទស្សនវិជ្ជា!»

ខ្ញុំរំភើបណាស់ ចំណែកខ្ញុំវិញបានត្រឹម​ប្រាប់គេថា៖

« ខ្ញុំមិនមែនជាអ្នកទស្សនវិជ្ជាទេប៉ុន្តែខ្ញុំជាអ្នកដែលមានការលំបាកក្នុងជីវិតច្រើនឆ្អែតឆ្អន់ហើយ! ដូច្នេះខ្ញុំមានគម្រោងច្បាស់លាស់ណាស់! នៅពេលណា​ដែលខ្ញុំមានគ្រួសារ ខ្ញុំនឹងធ្វើឲ្យគ្រួសារខ្ញុំមានភាពកក់ក្តៅ!»

គេបាននិយាយប្រាប់ខ្ញុំវិញថា ៖

«ឌីជាមនុស្សប្រុសដែលស្រី​ៗស្វែងរកជាគូ!»

ស្រស់ក៏អះអាងថា ធ្លាប់និយាយអំពីខ្ញុំប្រាប់ម្ដាយរបស់គេផងដែរ ។

ចំណងទាក់ទងរបស់យើង កាន់តែជិតស្និទ្ធ​ដល់គ្រប់គ្នា​ដែល​នៅកន្លែងធ្វើការជាមួយ​សុទ្ធតែដឹងឮថា យើងទាំងពីរគឺជាសង្សារជាមួយគ្នា ។

ទោះយ៉ាងនេះ​ក៏ដោយ​ ខ្ញុំនឹង​គេ មិនដែលបានធ្វើអ្វីដែលជ្រុលជ្រួសលើសពីប្រពៃណីទេ។ ក្នុងគំនិតរបស់ខ្ញុំ ខ្ញុំនឹងរៀបការជាមួយគេ នៅពេលដែលយើងមានលទ្ធភាព។ ព្រោះគោលដៅនេះ ខ្ញុំខំធ្វើការនិងខំរៀនលើសមុន ខ្ញុំគិតថាថ្ងៃណាមួយខ្ញុំនឹងសន្សំឲ្យបានមុខរបរលក់កាហ្វេតូចមួយ​នៅតាមដងផ្លូវដែលនឹង​នាំទៅរក​ការ​អាច​សន្សំលុយបន្ត​ដើម្បីរំលោះផ្ទះ ស្នាក់នៅអចិន្ត្រៃយ៍នៅភ្នំពេញនេះ​ជាមួយគេ តជាកូនពូនជាចៅ។

រំលងទៅបានប្រាំបីខែហើយដែលខ្ញុំនឹងគេ​មានទំនាក់ទំនង។ ខ្ញុំក៏បានចូលរួមលេងតុងទីននៅកន្លែងធ្វើការមានស្រស់​ចូលរួមដែរ។​ មួយខែៗខ្ញុំត្រូវបង់ជិតមួយរយដុល្លារចំណែកគេក៏ដូចគ្នា។ ដូច្នេះក្នុងមួយខែៗ ២នាក់យើងសន្សំបានពីររយដុល្លារអាមេរិក។ ដោយសារការសន្សំនេះហើយ ខ្ញុំមិនអាចហូបចុកបានគ្រប់គ្រាន់ទេ ថែមទាំងខិតខំធ្វើការលើសកម្លាំងលើសម៉ោង​ទៀត។ ទោះបីយ៉ាងណា ខ្ញុំរស់នៅដោយ​សប្បាយរីករាយ​ព្រោះតែ​មានសេចក្ដីសង្ឃឹម ចំពោះអនាគតរបស់ពួកយើង។

ទេសកាលអី​ថ្ងៃមួយខ្ញុំដួលសន្លប់ដោយសារតែខ្ញុំ មានសុខភាពមិនល្អ អាច​ប្រហែលមកពីរបបចំណីអាហាររបស់ខ្ញុំធ្លាក់ចុះ នៅក្នុងរយៈពេលចុងក្រោយឬមួយក៏មកពីខ្ញុំគិតច្រើនហួស។

នៅថ្ងៃនោះគេបានមកមើលខ្ញុំនៅក្នុងគ្លីនិក ប៉ុន្តែស្អែកឡើង ដែល​ខ្ញុំរង់ចាំគេ ក៏មិនឃើញគេសោះ មកទៀតសោះ ។ ពីរបីថ្ងៃក្រោយមកខ្ញុំបានចេញពីគ្លីនិកហើយ ម្តាយខ្ញុំមកពីស្រែនៅជាមួយ​ថែទាំខ្ញុំនៅផ្ទះជួព ក៏ខ្ញុំចាំបាត់ៗ នៅតែមិនឃើញគេទូរស័ព្ទមកលេង ។ ខ្ញុំព្យាយាមខល​ចូលទៅគេច្រើនដងនៅតែមិនឃើញគេឆ្លើយតបអ្វី។

ហេតុភេទ​មួយមិនប្រក្រតី​ផ្តល់មកឱ្យខ្ញុំនូវ​អារម្មណ៍អន់ចិត្ត​មិនសប្បាយចិត្តជាខ្លាំង ដូចជាមានអារម្មណ៍ថាគ្រប់យ៉ាងអាចមានបញ្ហា​។

ស្រាប់តែនៅថ្ងៃចន្ទដែលខ្ញុំចូលធ្វើការ​ជួបគេភ្លាម​បាននិយាយប្រាប់ខ្ញុំថា ល្ងាចនេះ​ពេលចេញទៅផ្ទះមានរឿងសំខាន់ត្រូវជជែកគ្នា។

ខ្ញុំមិនបានគិតរហូតថា តើ​វាគឺជារឿងមិនល្អ ? ច្បាស់ណាស់ បើមើលតាមការបាត់ស្រមោលរបស់គេ ប៉ុន្តែមិនដឹងថាជារឿងអ្វី ! មិនដឹងថាគេបានជួបប្រទះបញ្ហាអ្វី។

ល្ងាចនោះខ្ញុំបានបន្តច្បាប់មិនទៅរៀនទេ ហើយចេញជួបគេ។ ពេលនោះហើយ​ គេ​ប្រាប់ខ្ញុំថាម្ដាយគេ បានរកឃើញបងប្អូនមកពីប្រទេសអូស្ត្រាលីដែលបានបែកគ្នាទៅអស់ពែល​ច្រើនឆ្នាំ ។

ពួកគេមានគម្រោងចង់ឲ្យស្រស់​នឹងទៅ​ រស់នៅឯនាយសមុទ្រដែរ។

ខ្ញុំឮហើយ គិតថា វាមិនមែនជារឿងមិនល្អឡើយ។ ខ្ញុំជួយអរជំនួសគេក្នុងសភាព​ជាមនុស្សស្រឡាញ់គ្នាគិតពីអនាគតគ្នា​ ស្រាប់តែគេប្រាប់ខ្ញុំថារឿងកន្លងមកឲ្យខ្ញុំទុកជាអតីតកាលចុះ វាមិនមែនជាការពិតទេ ពេលនេះ ជីវិតគេ​ឈានដល់របត់ថ្មី គេមាន​កាតាព្វកិច្ច​គ្រួសារច្រើន មិនអាច​សន្យាអ្វីជាមួយខ្ញុំដូចមុនឡើយ។

គេមិនគិតថា មិនចង់ឲ្យខ្ញុំរង់ចាំ!

ឮសម្តីនេះហើយ ចិត្ត​ខ្ញុំឈឺចាប់ខ្លាំងណាស់។

យប់នោះខ្ញុំគេងយំដូចជាមនុស្សស្រី។ ខ្ញុំគិតថាបើសិនជាគេស្រលាញ់ខ្ញុំមែនដូចពាក្យពីមុនៗ ម្តេចក៏មិនទាន់បាន​ទៅដល់ស្រុកស៊ីវិល័យផង ក៏​ចាប់ផ្ដើមចង់ដោះដៃចោលខ្ញុំទៅហើយ?

តើអ្វីទៅ ដែលជាពាក្យសន្យា​ថា មិនប្រកាន់ឋានៈឬក៏ផលប្រយោជន៍អ្វីផ្សេងៗ?

ច្រើនខែមកហើយ​ចាប់ពី​យើងសេពគប់គ្នា ក៏មិនដែលអន់ចិត្តគ្នារឿងអ្វីសោះ នៅសុខៗ​គេក៏មកប្រកាសយ៉ាងដាច់អហង្ការថា យើងមិនមាន​អ្វីទាក់ទងគ្នាទេ ទោះបីមិត្ត​រួមការងារបង្អាប់ដូចមុនក៏គេ​ងរខឹង ហើយហាមប្រាម​អ្នករាល់គ្នា។

គេគេចពីខ្ញុំបាត់ៗធ្វើដូចជាអ្នកដទៃ។

ខ្ញុំសួរខ្លួនឯងថា បើត្រឹមតែដំណឹងថា ថ្ងៃណាមួយអាចនឹង​​បានចេញ​ទៅបរទេសសោះ គេមិនសម​ណា​ដាច់ចិត្តធ្វើ​ដល់ម្លឹងដាក់ខ្ញុំ? តាមពិត គេ​ប្រហែលជាមានអ្នកផ្សេងនៅទីនោះ​ដែលចង់ធានា​យកគេ​ចេញ​ទៅជាមួយ ឬមួយក៏មានអ្នក រៀបការជាមួយគេ?

 ខ្ញុំចង់សួរគេខ្លាំងណាស់ដូច្នេះក្នុងនាមមនុស្សស្រលាញ់គ្នាខ្ញុំមិនអាចទប់ចិត្តមិនស្រាយចំងល់ទាំងនេះ​បានទេ។

យប់នោះខ្ញុំបានឆាតទៅគេ សួរថា គេ​មានអ្នកថ្មីហើយមែនទេ?

គេមិនឆ្លើយនឹងខ្ញុំទេ ស្អែកឡើងមកធ្វើការ ឆ្លៀត​ពេលនៅពីរនាក់ គេ​និយាយនឹង​ខ្ញុំថា ឱ្យ​ឆាតឈប់សួររបៀបដូចជាគេមាន​អ្វីទាក់ទងជាមួយខ្ញុំ។​ តើខ្ញុំនឹង​គេ​ដែលមាន​សន្យាជាច្រើនជាមួយ​គ្នា ក្លាយមកជា​គ្មានអ្វីទាក់ទងត្រឹមពេលប៉ុន្មានថ្ងៃ​តើខ្ញុំគ្មានបេះដូងទេឬអ្វី?

ខ្ញុំប្រាប់គេវិញថា ៖

«ខ្ញុំគ្រាន់តែចង់ដឹងការពិត! ហេតុអ្វីបានជាខ្ញុំចង់ដឹងមិនបាន? បើគ្រាន់តែមានបងប្អូននៅបរទេសហេតុអ្វីចាំបាច់បែកបាក់គ្នា? ធ្វើមើលតែខ្ញុំនឹងជាអ្នកមានកំហុស!»

គេស្រែកដាក់ខ្ញុំថា៖

«អូខេ! ឌីឯងមិនមានកំហុសទេ​ខ្ញុំជាអ្នកខុស​! ប៉ុណ្ណឹងគ្រប់គ្រាន់ឬនៅ?!»

ចាប់ពីពេលនោះមក យើងក៏មិនដែលបានឱកាស​អ្វី​និយាយរកគ្នាដែរ។ បុគ្គលិកគ្រប់គ្នា​សុទ្ធតែ​ដឹងថា រូបគេបានគេចមុខចេញរហូតពី​ខ្ញុំ ខ្ញុំជាអ្នករងរបួសស្នេហ៍។

ទោះឃើញ​គ្នារាល់ថ្ងៃ ខ្ញុំមិនហ៊ានទៅនិយាយអ្វីជាមួយគេ ឬសូម្បីឆាតព្រោះខ្លាចគេឡូឡាឬក៏ខឹង ។

ដូចការស្មានមែន មិនយូរប៉ុន្មានគេបានលាឈប់ពីកន្លែងធ្វើការនោះ ហើយការទាក់ទងរបស់យើងត្រូវបានកាត់ផ្តាច់ទាំងស្រុង។

រយៈពេលច្រើនខែណាស់ ខ្ញុំនៅតែមិនអាចភ្លេចគេបានទេនឹងមិនដែលព្រមទទួលថាយើងបែកគ្នារហូតឡើយ។ ខ្ញុំតែង​ព្យាយាម​តាមសួរដំណឹងអំពីគេ ប៉ុន្តែវាមានតែ​ព័ត៌មាន​ដែលធ្វើឲ្យខ្ញុំឈឺចាប់តែប៉ុណ្ណោះ ព្រោះខាងគេមិនដែលចង់ដឹងអ្វីពីខ្ញុំនោះឡើយ។

ខ្ញុំធ្លាក់ខ្លួនឈឺម្ដងទៀត ព្រោះការហូបចុកមិនគ្រប់គ្រាន់រហូតដល់ម្តាយខ្ញុំចង់គំរាមថា នឹង​នាំខ្ញុំត្រឡប់ទៅរស់នៅខេត្តវិញ។

នៅពេលខ្ញុំដេកឈឺនោះ ខ្ញុំតែងមាន​ក្តី​សង្ឃឹមតូចមួយ​ថា យ៉ាងហោចណាស់ក្នុងនាមមនុស្សស្គាល់គ្នា គេទូរស័ព្ទមកសួរសុខទុក្ខ​ខ្ញុំ ប៉ុន្តែគេមិនបានធ្វើនោះទេ។

ទោះបីយ៉ាងណាក្នុងបេះដូងខ្ញុំនៅតែទន្ទេញថា ខ្ញុំនឹងរង់ចាំដល់ថ្ងៃដែលគេភ្ញាក់ខ្លួនដឹងអំពីជីវិតពិតរបស់ខ្ញុំ ថាខ្ញុំនៅតែរង់ចាំគេ​ដូចពាក្យដែលខ្ញុំបាននិយាយថា គេគឺជាប្រពន្ធអនាគត​របស់ខ្ញុំដូច្នេះខ្ញុំមិនផ្លាស់ប្តូរពាក្យនេះនោះទេ ។

ការ​រង់ចាំ នេះបានអូសបន្លាយពេលមួយឆ្នាំហើយមួយឆ្នាំទៀត។

 រាល់ពេលដែលមានបុណ្យទានពិសេសម្ដងៗខ្ញុំតែងតែសម្លឹងរកមើលរូបគេនៅក្នុងហ្វេសប៊ុកហើយឆ្នាំចុងក្រោយនៃគម្រប់បីឆ្នាំដែលយើងបានបែកគ្នា ខ្ញុំលែងបានប្រូហ្វាល់របស់គេទៀត។

ខ្ញុំតាមសួរមិត្តភក្តិជិតស្និទ្ធខ្លះ គេនិយាយប្រាប់ខ្ញុំ ថា​ស្រស់ដូរប្រូហ្វាលដាក់ឈ្មោះផ្សេង ប៉ុន្តែនាង​អាថ៌កំបាំង​ណាស់ កម្រផុសបំផុត។

ខ្ញុំរកតាមគេប្រាប់ នៅតែ​មិនឃើញនាង​ដដែល ប្រហែលជានាងblock ខ្ញុំចោល។ ដោយសារបែបនេះ ខ្ញុំយល់ថា បើនាងពិតជា​លែងមានចិត្តចំពោះខ្ញុំមែន ហេតុអ្វីចាំបាច់Blockខ្ញុំធ្វើអ្វី?

នាងមិនធ្វើដូចធម្មតាទៅ?

នាង​មានការលំបាក​មែនទេ នាង​នៅតែស្រលាញ់ខ្ញុំមែន​ទេ?

ដោយសារតែការគិតបែបនេះ ខ្ញុំនៅតែបន្តរង់ចាំនាងម្នាក់ឯង មិនដែល​យកភ្នែក​មើលអ្នកផ្សេងណាទាំងអស់។ រយៈពេលដែល​ខ្ញុំមិនមានអ្នកណា ពេលវេលារំលងទៅយូរណាស់ ខ្ញុំនៅតែគ្មានអ្នកណា!

មនុស្ស​ម្នាក់ ដែល​ធ្លាប់និយាយច្បាស់លាស់ជាមួយខ្ញុំ និង​ដែលខ្ញុំគិតថា គេមិនលេងសើចជាមួយស្នេហាមួយនេះ មិនដែលទាំង​វិលត្រឡប់មកវិញផង តើខ្ញុំមានចិត្តអីទៅផ្តើម​ជាថ្មី​ជាមួយ​អ្នកណានោះទៅ?

ស្រឡាញ់អ្នកដទៃផ្សេងទៀត ដូចជា​Format ចោលគ្រប់យ៉ាងហើយ​សារដើម​ឡើងវិញ ខ្ញុំគ្មាមកម្លាំង​ធ្វើទេ ទោះបីគ្រប់គ្នា​ចង់ឱ្យខ្ញុំបំភ្លេចនាង​ខ្ញុំនៅតែមិនព្រម​។

​ ខ្ញុំរស់នៅតាមរបៀបក្រៀមក្រំក្នុងនាមជាអ្នកទន្ទឹងរង់ចាំគេបែបនេះរហូតដល់គ្រប់គ្នា​លែងខ្វល់ណែនាំឱ្យ​យោបល់ខ្ញុំទៀត។

 ថ្ងៃមួយខ្ញុំបានជួបអ្នកចំណូល​ថ្មីម្នាក់គាត់ឈ្មោះថា បងវុទ្ធី។

បងវុទ្ធីអាយុបងខ្ញុំប្រហែលជាប្រាំមួយប្រាំពីរឆ្នាំឯណោះ ប៉ុន្តែគាត់មានអាកប្បកិរិយាដូចជាយុវវ័យ រួសរាយ​តែងតែកំប្លុកកំប្លែងនៅកន្លែងធ្វើការ។

ទោះ​គាត់គឺជាមនុស្សចូលថ្មីតែ​ គាត់ប្រហែលជាដឹងពីទំនាក់ទំនងចាស់់របស់ខ្ញុំនិងបុគ្គលិកចាស់នៅកន្លែងនេះ ឬក៏គាត់ជជីកសួរអំពីខ្ញុំ ខ្ញុំមិនដឹងទេ ស្រាប់តែថ្ងៃមួយគាត់បាននិយាយប្រាប់ខ្ញុំថា កុំរង់ចាំអ្នកណាម្នាក់ ដែលគេមិនផ្ដល់សេចក្ដីសង្ឃឹមឲ្យយើង ពីព្រោះថាការរង់ចាំបែបនេះនឹងធ្វើឲ្យយើងខូចជីវិតយុវវ័យមួយទាំងស្រុងតែម្ដង។

 ខ្ញុំមិនដឹងថា ហេតុអ្វីគាត់មកនិយាយបែបដូច្នេះទេ។ ខ្ញុំមិនដែលមាន​និស្ស័យទៅជិតស្និទអ្វីជាមួយ​គាត់ទាល់តែសោះ​តាមរបៀប​មនុស្ស​កំពុងខូចចិត្ត​ដូចខ្ញុំ។

 ខ្ញុំលួចគិតក្នុងចិត្តថា តើគាត់អាចជាមនុស្សស្រឡាញ់ភេទដូចគ្នា ? គាត់តាមស្រឡាញ់ខ្ញុំឬមួយក៏មានបំណងអ្វី?

ក្រោយមក ខ្ញុំក៏ដឹងថា គាត់តាមស្រឡាញ់ស្រីធម្មតាទេ។ គាត់មានសង្សារស្អាតៗ ហើយដូរដៃគូច្រើន។

ហេតុអ្វីបានគាត់ចេះនិយាយស្ដីធ្វើមើលតែមនុស្សចិត្តស្មោះបែរជាមានចរិតព្រាន​?

ថ្ងៃ​មួយ ពេលវេលា​ស្ងប់ស្ងាត់នៅតែពីរនាក់គាត់ ខ្ញុំដាច់ចិត្តសួរគាត់ថា បងតើហេតុអ្វីបានជាបងមានសង្សារច្រើន?

«ពីព្រោះបងធ្លាប់រង់ចាំគេដូចឯងដែរ!»

ខ្ញុំធ្លាក់ថ្លើមក្ឌុកពេលឮគាត់តបមកបែបនេះ។

ខ្ញុំធ្លាប់គិតថា ប្រហែលជាគាត់លួចស្រឡាញ់ខ្ញុំឬក៏គាត់មានប្អូនស្រីចង់លើកឲ្យខ្ញុំ ប៉ុន្តែតាមពិតខ្ញុំបាន​ធ្វើគាត់នឹកឃើញដល់ស្នេហ៍អតីតសោះ?

គាត់បានប្រាប់ខ្ញុំច្រើនទៀតថា គាត់ធ្លាប់រង់ចាំមនុស្សម្នាក់រហូតដល់ដប់ពីរឆ្នាំ ដោយសារតែពាក្យមួយម៉ាត់គត់គេសរសើរគាត់ថា«មនុស្សល្អដូចគាត់ ពិបាករកណាស់!» ពាក្យនេះគាត់សរសេរជាប់នឹងជញ្ជាំងក្នុងបន្ទប់គេ​ងរបស់គាត់ រហូតដល់គាត់ឆ្លាក់មកលើដើមដៃ​របស់គាត់ថែមទៀតកុំឱ្យភ្លេច​ការជឿ​«ដ៏ឆោតល្ងង់»ក្នុងជីវិត​យុវវ័យ​របស់គាត់។

បងវុទ្ធី​បាន​បង្ហាញឱ្យខ្ញុំមើល។

គាត់ប្រាប់ខ្ញុំមួយៗថា៖

« ព្រោះតែពាក្យពីរឬបី​ម៉ាត់ដែលមនុស្ស​ស្រី គេប្រហែលជាបាន​ភ្លេចវាបាត់ទៅហើយ បងបែរជារង់ចាំវា​ទន្ទេញ​វារហូតបាន​ដល់១២ឆ្នាំ ឯងគិតមើល៍ទៅឌី! ពេល​គេត្រឡប់មកពីកូរ៉េវិញគេមានកូនបីនាក់ទៅហើយ! គេជួបយើង​ធ្វើដូចជា​គ្មានអ្វីធ្លាប់កើតឡើង សូម្បីតែអៀនឬSad ឬ​គេចវេសពីបង ! គេ​ធ្វើដូចធម្មតា ដូចជាយើងមិនដែលស្គាល់គ្នាឬក៏មិនដែលសូម្បីតែ បានសន្យាអ្វីនឹងគ្នាកុំថាឡើយដល់ប៉ះពាល់ខ្លួនប្រាណគ្នា! បងជឿថា បើសិនជាគេឈប់ស្រឡាញ់យើង គឺគេឈប់ហើយ ទោះខាងយើងព្យាយាមស្មោះរង់ចាំពាក្យសន្យាចាស់ៗរបស់គេដែលគេខ្លួនឯងក៏គេមិនទាំងចាំផង ហេតុអ្វីយើងនៅទន្ទឹងរង់ចាំវា?»

មិនដឹងថា គាត់ចង់និយាយសំដៅមកខ្ញុំ ឬអតីតកាលរបស់ខ្លួនកន្លងទៅទេ គាត់ហាក់ចង់ប្រាប់ថា ខាងស្រីគឺចង់បញ្ជាក់ច្បាស់លាស់កុំឲ្យរង់ចាំ ចំណែក​យើងនៅតែជារក្សា​ចិត្ត​រង់ចាំគេទៀតបានន័យ​ថា​យើងកំពុងតែដុតពេលវេលារបស់យើងចោល។

ចាកចេញពីបងវុទ្ធី​យប់នោះ ខ្ញុំពិបាកចិត្តខ្លាំង ចេះហូបប៊ីយែរដល់ក្អួតចង្អោរម្នាក់ឯងនៅក្នុងបន្ទប់ជួល។

ភ្លេចប្រាប់ថា ខ្ញុំមានប្អូនប្រុស​ពីរនាក់ទៀត​ឡើង​មករៀននៅភ្នំពេញស្នាក់នៅជាមួយ ម្នាក់ជាប្អូនបង្កើត ម្នាក់ជាប្អូនជីដូនមួយ នៅបន្ទប់ជួលជាមួយគ្នា។

ពីរនាក់នេះ​ក៏ធ្វើការនៅហាងកាហ្វេទំនើបមួយដែរពេលថ្ងៃៗ។

ពួកខ្ញុំតែងតែគិតថាថ្ងៃណាមួយបីនាក់ខ្ញុំសន្សំលុយបាននិងមានតូបលក់កាហ្វេផ្ទាល់ខ្លួនឯងលក់ប្របមាត់ផ្លូវក្បែរសាលាលែងធ្វើការ​ជាបុគ្គលិកទៀត។

 ថ្ងៃនោះខ្ញុំស្រវឹងខ្លាំងពេក ខ្ញុំបានស្រែកឡូឡាប្រាប់ប្អូនៗខ្ញុំថា ៖

«ពួកឯងឈប់ស្រឡាញ់ស្រីណាដែលមាន​សម្ដីល្អៗទៅ ព្រោះបានត្រឹមតែសម្ដី ធ្វើឲ្យយើងឈឺចាប់! គេមិនដែលដឹងថា គេកំពុងនិយាយអ្វីផងមើលទៅ!»

ព្រឹកឡើង លុបមុខស្វាងបានបន្តិច ប្អូន​ខ្ញុំ ម្នាក់ដាច់ចិត្តនិយាយប្រាប់ខ្ញុំថា ៖

«បងឌី! តាមពិតខ្ញុំដឹងរឿងពួកបងឯងជាមួយមនុស្សស្រីម្នាក់ដែលឈ្មោះស្រស់នោះហើយ! គេសុទ្ធ​តែ​អួតថា គេនឹងទៅអូស្ត្រាលីនោះតាមពិតគេគ្មានទៅណាទេ គេនៅក្បែររបងសាលាជិតកន្លែងខ្ញុំលក់កាហ្វេ! គេមានបើកហាងកាហ្វេតូចមួយជាមួយមនុស្សប្រុសម្នាក់រូបរាងអន់ជាងបងឯងផង!»

ខ្ញុំមិនជឿទេ ក៏ទាមទារឱ្យប្អូន​ដឹកម៉ូតូជូនទៅលបមើល។ ខ្ញុំសម្លឹងឃើញពីចម្ងាយរហូតដល់អស់ចិត្តអស់ចង់ទម្រាំឃើញប្រុសម្នាក់ដឹកក្មេងប្រុសតូចម្នាក់មកផង។

ពេលនោះហើយប្អូនខ្ញុំប្រាប់ថា ស្រស់នោះបានរៀបការជាមួយបុរសនោះទៅហើយ។ គេនោះមិនមែនមកពីអូស្ដ្រាលីអ្វីទាំងអស់គឺ គេបើកតូបលក់កាហ្វេពីរនាក់នាងចិញ្ចឹមជីវិត។

នេះគឺជាសុបិនដែលខ្ញុំបានកសាងជាមួយនាងកាលពីបីបួនឆ្នាំមុន ទីបំផុតនាងបានសម្រេចធ្វើជាមួយនឹងមនុស្សផ្សេងទៅវិញ?

ហេតុអ្វីបានជានាងបំភ្លេចនូវអ្វីៗដែលយើងបាននិយាយជាមួយគ្នា ឬមួយថាសេចក្ដីស្នេហារបស់យើងលែងមានទៀតតែនាងនៅប្រើសុបិនខ្ញុំជាមួយប្រុសផ្សេងនៅឡើយ ?

គ្មាន​អ្នកណា​ចេញមុខ​ជួយ​ពន្យល់រឿងដ៏ឈឺចាប់នេះបានទេ។

ស្អែកឡើងខ្ញុំបានទៅហូបអីពីរនាក់ជាមួយបងវុទ្ធីព្រោះឃើញខ្ញុំស្រពោនពេក​គាត់ក៏បបួលខ្ញុំចេញទៅញ៉ាំបៀរជាមួយគ្នា ខ្ញុំគិតថាខ្ញុំនឹងញ៉ាំម្ដងទៀតចុះ។

ពេលបានស្រវឹងស្រឿងៗ ខ្ញុំបាននិយាយរឿងទាំងអស់ ពីដើមដល់ចុង​ប្រាប់គាត់សូម្បីតែរឿងអតីតសង្សារខ្ញុំមានប្តីដែលគេលាក់នឹងខ្ញុំ មិនហៅខ្ញុំទៅញ៉ាំ ការ ថែមទាំងលួចធ្វើលើសុបិនដែលយើងធ្លាប់សន្យាជាមួយគ្នា ។

បងវុទ្ធីហួសចិត្ត គាត់​បានប្រាប់ខ្ញុំថា មនុស្សគ្រប់គ្នាសុទ្ធតែមានអតីតកាល។

«គេបានទុករឿងដែលមាន​មកជាមួយ​យើង​ទៅក្នុងអតីតកាល​ទៅហើយ!​ចំណែកយើងនៅតែសង្ឃឹមថានឹងមានគេនៅក្នុងអនាគតទៅវិញ នេះគឺជាការសង្ឃឹមមួយដែលមិនអាចលេចរូបរាងទេ វាបានត្រឹមតែបង្កការឈឺចាប់ដល់យើង​ម្នាក់ឯង!»

គាត់ប្រាប់ទៀតថា សំណាងហើយដែលខ្ញុំនេះស្លូត មិនចង់រករឿង​ចាញ់ឈ្នះ បើពុំនោះទេ ប្រសិនបើខ្ញុំទៅរករឿងឬមួយក៏បង្កបញ្ហាអ្វីមួយ ការឈឺចាប់នោះនិងរាលដាល​ឆេះរហូតដល់មនុស្សពីរ ឬក៏បីនាក់តែម្តង។

ឥឡូវនេះ​ខ្ញុំលែង​រង់ចាំគេហើយ គេមិនមែនសម្រាប់ខ្ញុំទៀតនោះទេ។

ខ្ញុំមានសេចក្តីស្រឡាញ់ដ៏អស្ចារ្យមួយនៅក្នុងជីវិតរបស់ខ្ញុំទោះបីវាឈឺចាប់ងំ​ច្រើនឆ្នាំ​តែ​ខ្ញុំហ៊ាន​ ក្នុងការទទួលយកនូវអតីតកាលនេះដោយមិនស្តាយក្រោយ ក្នុងនាមមនុស្សស្មោះម្នាក់។

គ្រប់គ្នា​មាន​ជម្រើស! ទោះស្រស់និយាយ​កុហក​ឬស្មោះ នាង​គិត​ថា រូប​ខ្ញុំមានតម្លៃ ឬគ្មានតម្លៃសម្រាប់គេក៏ខ្ញុំមិនខឹង។ ខ្ញុំនៅតែមាន​តម្លៃសម្រាប់ខ្ញុំខ្លួនឯង  ខ្ញុំរៀនបានច្រើនណាស់ពីល្ខោនជីវិត​នេះ។ ស្នេហា​អាចបង្កើតតែពិបាកថែរក្សា តែ​ស្នេហា​មិនមែន​អាចបង្ខំបានទេ។ ក្នុងនាមជាមនុស្ស​ ខ្ញុំបានធ្វើល្អរួចហើយ ពេលឃើញគេបានសុខ​ខ្ញុំក៏អស់ចិត្ត​ដែរ។
ខ្ញុំមិនរង់ចាំអ្នកណាទៀតទេ!

បេះដូងនេះមិនមែន​ថាមិនដំណើរការទៀត​ឡើយគ្រាន់តែវាមិនទាន់ដល់ពេល។ ការរង់ចាំស្នេហា​ចាស់តាមពិត​ក៏វាមិនខាតបង់អ្វីដែរ វាមានប្រយោជន៍សម្រាប់យើងក្នុងសាកល្បងសេចក្តីជំនឿ អនុវត្តការអត់ធ្មត់ បង្វឹកការទទួលយកភាពពិតនៃជីវិត ហើយ​ជឿថាអ្វីៗមាន​ពេលវេលា​របស់វា កុំបង្ខំពេក នៅពេលវាមកដល់ វានឹងមកដល់មិនខាន​។

អរគុណដែលអានរឿង​របស់ខ្ញុំ!