អរគុណភាពក្លាហានរបស់អូនដែលមិនធ្វើឱ្យបងបាត់បង់ស្នេហ៍ពិតព្រោះចរិតសោះអង្គើយនឹងកំសាកមួយនេះ ហើយបងក៏មិនដឹងថាត្រូវប្រាប់អូនបែបណា ថាបងចូលចិត្តសាររំខានរបស់អូនទាំងនោះខ្លាំងកម្រិតណា…ពីបង សិលា
……………
ឆ្នាំ២០១៩
ខ្ញុំគឺនីសា…
~ដាក់សំណួរសួរខ្លួនឯង ហេតុអ្វីក្នុងចិត្ត គេសំខាន់ចំពោះខ្លួនឯងបែបនេះនោះ? ទាំងដែលដឹងថាក្នុងចិត្តរបស់គេ ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់~
“នីសា…នីសា នេះឯងប្រញាប់ទៅណាហ្នឹង ទាំងរត់ទាំងដាក់កាសចម្រៀងជាប់ត្រចៀកបែបនេះទៀត”
សំឡេងស្រទន់របស់ ម៉ាឡា ហៅមិត្តស្រីរបស់ខ្លួនដែលកំពុងធ្វើដំណើរប្រញាប់ប្រញាល់ហាក់ដូចមានធុរៈសំខាន់អ្វីមួយ។
“គឺទៅរៀន” នីសាតបខ្លីៗ
“ទៅរៀន? នេះគ្នាមិនស្ដាប់ច្រឡំទេឬ? អាសា…មនុស្សស្រីដូចជាឯង យកការរៀនសូត្រសំខាន់ដល់ម្លឹងផងឬ? នេះឯងមិនមែនក្ដៅខ្លួនឬយប់មិញចូលគេងយប់ជ្រៅពេកទេឬ ទើបបានជារវើរវាយបែបនេះនោះ?”
ម៉ាឡា បើកភ្នែកធំៗ ភ្ញាក់ផ្អើលនិងចម្លើយរបស់នីសា
“អាឡា នេះក្នុងក្រសែភ្នែករបស់ឯង គ្នានេះជាមនុស្សស្រីបែបណា? ការសិក្សា ជារឿងសំខាន់ក្នុងវ័យយុវវ័យដូចជាយើងបែបនេះ…ឯងល្មមចោលគំនិត មកបបួលគ្នាគេចម៉ោង មិនចូលរៀនទៀតទៅ…ជាពិសេសម៉ោងមុខវិជ្ជាកុំព្យូរទ័រតែម្ដង…”
“នីសា…ឯងជានីសាមិត្តរបស់គ្នាមែនទៀតទេ? នេះកុំប្រាប់ថាដូចជារឿងចិន ដែលវិញ្ញាណអ្នកផ្សេងចូលមកសណ្ឋិតក្នុងរាងកាយឯងនោះ…ពុទ្ធោមិត្តខ្ញុំ…តើខ្ញុំគួរធ្វើបែបណាល្អទៅ ខលទៅប្រាប់អ៊ំប្រុសអ៊ំស្រី ឬជូនឯងទៅពិនិត្យខួរក្បាលនៅមន្ទីរពេទ្យ?…”
ម៉ាឡា ស្លន់ស្លោ ក្ដោបក្បាលខ្លួនឯង។
ឃើញបែបនេះ នីសា គ្រវីក្បាលខ្លួនឯង រួចយកដៃរបស់ខ្លួនទះក្បាលមិត្តស្រីដែលពូកែស្រមើស្រមៃម្នាក់នេះ ឱ្យស្វាងពីការគិតឆ្កួតឡប់លីលាមួយនេះ…ការពិត នាងផ្លាស់ប្ដូរមិនមែនមានវិញ្ញាណឬខ្មោចណាចូលក្នុងខ្លួនទេ តែព្រោះតែ…គេ
“អូយ…ឈឺ! អាសា ឯងនេះលេងដៃធ្ងន់ទៀតហើយ!”
“បើមិនធ្វើបែបនេះទេ ឯងនេះគិតដល់ណាដល់ណីទៀតជាមិនខាន…នេះខ្លួនឯងប៉ុនណាណីទៅហើយ ឯងនៅមានគំនិតដូចជាក្មេងទៀត ទៅជឿរឿងទាំងនោះទៀត…ណ្ហើយ” នីសា ដកដង្ហើមធំ ហួសចិត្តរបស់នាង
“នែ៎! គ្នាប្រាប់ ឯងមិនដែលឮគេនិយាយថា បើមិនជឿ កុំប្រមាថទេឬ? នរណាទៅដឹង ថាវាមានពិតឬមិនពិតនោះ…តែនេះប្រាប់គ្នាតាមត្រង់មក ឯងកើតថី? ម៉េចសុខៗ ធ្វើខ្លួនឯងដូចជាមានខ្មោចអ្នកចង់រៀន ចូលខ្លួនបែបនេះនោះ?”
ម៉ាឡា សួរសម្លក់ទៅកាន់នីសា ដៀងភ្នែកសម្លឹងរកចម្លើយពិតពីនាង…គេច្បាស់ជាដឹងណាស់មូលហេតុអ្វី មិត្តដែលខ្ជិល ស្អប់មុខវិជ្ជាកុំព្យូទ័រដូចជានាង បែរជាចាប់អារម្មណ៍ ធ្វើវាដូចជាសំខាន់សម្រាប់ខ្លួនបែបនេះទៅវិញ
“…” នីសា ស្ងាត់ស្ងៀម ព្យាយាមគេចពីក្រសែភ្នែកពីមិត្តនាង
“ឆាប់ប្រាប់គ្នាភ្លាម ឯងភ្លេចសន្យារវាងយើងទាំងពីរហើយឬ ថាគ្មានអ្វីលាក់បាំងគ្នាទេ”
“អូខេ…អូខេ គ្នាប្រាប់ឯងក៏បាន!”
នីសា និយាយរួច គេចង្អុលតាមបង្អួចកញ្ចក់ខាងក្រៅ ទៅកាន់បុរសសង្ហាម្នាក់ ក្នុងឯកសណ្ឋាននិស្សិតដែលកំពុងតែឈរកំដរ ពន្យល់និយាយទៅនិស្សិតប្រុសម្នាក់ទៀត សម្លឹងមើល មុខអេក្រង់កុំព្យូទ័រ
“ឯងឃើញម្នាក់នោះទេ?” នាងនិយាយទាំងទឹកមុខក្រហម អៀនប្រៀន ខ្មាស់និងម៉ាឡា
“អូហ៍…នេះកុំប្រាប់ថា ឯងចាប់អារម្មណ៍និងម្នាក់ហ្នឹងណា៎”
នីសា ងក់ក្បាល។ ម៉ាឡា ឃើញកាយវិការ ទឹកមុខរបស់មិត្តល្អខ្លួនបែបនេះ នាងដឹងច្បាស់ថា មិត្តខ្លួនកំពុងស្ថិតនៅក្នុងសភាពមួយដែលគេហៅថា ធ្លាក់ក្នុងអន្លង់ស្នេហ៍…តែនេះនាងគួរប្រាប់នីសាឬអត់ ថាគេជា…
“អាសា ឯងប្រាកដចិត្តហើយឬថាម្នាក់ហ្នឹងនោះជាស្ពិចរបស់ឯងនោះ…ឯងមិនយល់ថា គេមុខសស្លេក រាងរៅដូចស្រី បបូរមាត់ក្រហមដូចជាលាបក្រេមទៀត មិនដូចជាមែនលី(manly)សោះ…”
“ភ្នែកឯងនេះ សង្ស័យត្រូវទៅពិនិត្យពេទ្យហើយ…សង្ហាដូចជាគេ នេះហៅថាអូប៉ា”
“តែគ្នាឮថាគេជា…” ម៉ាឡា ស្ទាក់ស្ទើរមិនចង់និយាយចេញមក
“ជាស្អី?”
“ជាហ្គេយ៍!”
“ជាហ្គេយ៍?” នីសា ភ្លាត់សំឡេងឧទានឡើង សំឡេងរបស់នាង ឮខ្លាំងរហូតដល់រំខានសិស្សនិស្សិតដែលកំពុងរៀននៅខាងក្នុង…ម្នាក់ៗបាញ់ក្រសែភ្នែកសម្លឹងទៅកាន់នារីទាំងពីរ។
ឃើញបែបនេះ អ្នកទាំងពីរក៏គេចចេញពីទីនោះ…
និយាយពីអ្នកខាងក្នុងថ្នាក់វិញ សុធា ជំនួយការគ្រូកុំព្យូទ័រម្នាក់ផ្សេងទៀតពីសិលា អ្នកដែលជាប្រធានបទ នារីទាំងពីរកំពុងនិយាយនោះ បានស្ដាប់ឮកិច្ចសន្ទនារវាងគេទាំងពីរ…គេញញឹម រួចគ្រវីក្បាលតិចៗ ព្រោះគេដឹងថា សិលា មិត្តរបស់គេមិនមែនជាមនុស្សដែលនាងនិយាយទេ គ្រាន់តែម្នាក់ហ្នឹង មិនចូលចិត្តនិយាយ រាប់អានអ្នកផ្សេង ជាពិសេសមនុស្សស្រី…
“សិលា ឯងមានដឹងខ្លួនទេថា ឯងកំពុងមានមនុស្សស្រីលួចស្រលាញ់? សប្បាយចិត្តឬអត់?”
“ឯងកំពុងនិយាយពីអី?”
“គឺដូចជាប្រាប់ហ្នឹង មនុស្សស្រីស្អាតម្នាក់ គេកំពុងចាប់អារម្មណ៍និងឯង…ហាហា”
“គ្នាមិនចាប់អារម្មណ៍ទេ”
“ពុទ្ធោអើយ! នេះឯងចង់នៅកំលោះដល់អង្កាល់ទៀត? ហេតុអ្វីទេវតាអយុត្តិធម៌បែបនេះ ខ្ញុំសង្ហា រួសរាយ ញញឹមរហូត តែបែរជាមិនឃើញមាននរណាមកចាប់អារម្មណ៍ទៀត បែរទៅជាអ្នកដែលមិនចង់បាន មានអ្នកមកលួចស្រលាញ់គេទៅវិញ…លោកអើយ”
សិលា ឃើញសុធាបែបនេះ គេគ្រវីក្បាល ដកដង្ហើមធំ…រួចដើរចាកចេញពីមិត្តម្នាក់នេះ ខ្លាចឆ្លងជំងឺរោគចិត្តពីគេ។
៣ខែក្រោយ…
“អាសា នេះឯងមើលសម្លឹងទូរសព្ទរបស់ខ្លួន កាន់ជាប់បែបនេះ រង់ចាំសាររបស់នរណាមែន?” ម៉ាឡា សួរទៅកាន់មិត្តខ្លួន
“អ្ហឹម…ចាំគេតបសារគ្នា”
“នរណាគេ សំខាន់សម្រាប់ឯងបែបនេះនោះ?”
“សិលា” នីសា ទឹកមុខនាងស្រពោន ក្រៀមក្រំពេលរម្លឹកដល់ឈ្មោះម្នាក់នោះ
“នេះឯងនៅមិនទាន់កាត់ចិត្តពីគេទៀតឬ?” ម៉ាឡា សួរបញ្ជាក់
“កាត់ចិត្តហើយ…តែវាធ្វើមិនបានដូចដែលមាត់និយាយហ្នឹងឯង…គ្នាសម្រេចចិត្តរួចហើយ គ្នាចង់សាកល្បងជាមួយគេសិន…ពេលខ្លះ វាគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ទេដឹង?”
“អាសា ឯងមិនធ្លាប់ឮពាក្យចាស់យើងពោលថា បើមិនមានភ្លើង ធ្វើម៉េចមានផ្សែងនោះ? ឯងក៏មិនឃើញទេឬ ថាគេម្នាក់ហ្នឹង តាំងពីដើមមកក្រៅពីតាប៉ិម្នាក់ដែលមានឈ្មោះដូចជា…សុធុន? អូហ៍…សុធា ដែលនៅក្បែរខ្លួនគេ ដូចស្រមោលទៅហើយនោះ…ឯងមិនយល់ថាចម្លែកទេឬ?”
“គេអាចជាមិត្តភក្ដិរបស់សិលា…ឯងកុំគិតច្រើនពេក”
នីសា ព្យាយាមបកស្រាយប្រកែក ទោះបីជាអារម្មណ៍មួយផ្នែកទៀតរបស់នាង ក៏គិតថាចម្លែកដូចមិត្តខ្លួនកំពុងគិតដែរ
“អូខេ បើឯងយល់បែបនេះ គ្នាខ្ជិលប្រកែកជាមួយឯងហើយ តែនេះឯងកំពុងចាំសារអីពីគេ?”
“សារទទួលមិត្ត(Confirm Friend) ពីគ្នា…គ្នាបានអេដ(Add)ទៅកាន់គេតាំងតែពីចូលរៀន”
“នេះ៣ខែហើយណា? គេមិនទាន់Accept(យល់ព្រម) ឯងទៀត?”
“អ៊ឹម…តែគ្នាបានផ្ញើសារឯកជន(Private Message) ទៅគេរួចហើយ…សង្ស័យគេមិនដឹងថាគ្នាជានរណា ទើបគេមិនទទួលយល់ព្រមរាប់អាននិងគ្នា”
“ណ្ហើយ…ស៊ូទៀតចុះមិត្ត គ្នាសុំចាញ់និងការតាំងចិត្តរបស់ឯងហើយ”
“…”
ម៉ាឡា អស់ពាក្យនិយាយ នាងជឿហើយថា ស្នេហាធ្វើឱ្យមនុស្សផ្លាស់ប្ដូរពីមនុស្សម្នាក់ក្លាយជាមនុស្សម្នាក់ផ្សេងទៀត។
និយាយពីអ្នកដែលនីសា កំពុងគិតដល់វិញ…
“សិលា ឯងចងចិញ្ចើមម្នាក់ឯងទៀតធ្វើអី? មានគេផ្ញើសារមកកាន់ទូរសព្ទរបស់ឯងទៀតហើយមែនទេ…ម្នាក់ឈ្មោះនំផ្អែមនោះមែនទេ? ហាហា” សុធា សើចនិងទឹកមុខមិត្តភក្ដិរបស់ខ្លួន…មនុស្សដែលមានទឹកមុខស្មើធឹងគ្រប់ពេល តែបែរជាមកជ្រួញចិញ្ចើមព្រោះតែមើលសារក្នុងទូរសព្ទដៃរបស់ខ្លួន
“អ៊ឹម…ឯងគិតថា គ្នាគួរតែប្ដូរលេខទូរសព្ទមួយនេះទេ? ឬក៏បិតគណនីឡាញ(Line)របស់គ្នាចោលសិន”
“នេះឯងចង់ធ្វើខ្លាំងដល់ថ្នាក់នេះផងឬ” សុធា ឧទានសួរ
“អ៊ឹម!”
“តែបើឯងធ្វើបែបនេះមែន ឯងរស់នៅបានយ៉ាងម៉េចវិញ? នេះសម័យអីហ្អាស់ ព្រោះតែគេម្នាក់ ឯងចង់បិទទំនាក់ទំនងជាមួយអ្នកផ្សេងទៀតនោះ…ហើយម៉េចក៏មិនប្លុកគណនីគេតែម្ដងទៅ?”
“នេះជាលើកទី៤៩ហើយ”
សិលា ចងចិញ្ចើម…គេក៏មិនយល់ដូចគ្នា ហេតុអ្វីអ្នកម្ខាងទៀតខំប្រឹងស៊ូបែបនេះនោះ? គេមិនដឹងថា ម្នាក់ដែលមានគណនីឈ្មោះ HoneyPie ដែលសុធា មិត្តខ្លួននោះ តែងតែហៅថា«នំផ្អែម» មានបំណងអ្វី? គេតែងតែផ្ញើសារឯកជនមកកាន់ខ្លួន ពេលខ្លះជាសារប្រាប់អារម្មណ៍ខ្លួនឯង…ពេលខ្លះជាសារអបអរថ្ងៃកំណើតខ្លួន ហើយពេលខ្លះជាសារពីនេះពីនោះនិយាយពីខ្លួនគេ…ទោះបីគេជាព្យាយាមប្លុកគណនីមួយនេះហើយ វាតែងតែមានគណនីម្ចាស់តែមួយអេដមកកាន់ខ្លួនទៀត…នេះជាលើកទី៤៩ហើយ…HoneyPie49
“ហាហា…ព្រមទទួលគេទៅអ៊ីចឹង…គេស៊ូបែបនេះហើយ ឯងនៅចិត្តធ្ងន់ រឹងមាំដូចថ្មអីទៀត? ហាហា”
“…” សិលា ក្រាបមុខចុះនៅនិងតុ រួចបិតទូរសព្ទរបស់ខ្លួន…គេលែងចង់ឮសំឡេងសាររោទិ៍ទៀតហើយ!
…
ឆ្នាំ២០២១
សាលធំកោះពេជ្រ
ថ្ងៃទទួលសញ្ញាបត្រ
“អេ…ឈប់សិន!” សំឡេងមនុស្សស្រីម្នាក់ ក្នុងដៃកាន់បាច់ផ្កាកុលាបពណ៌ក្រហមស្រស់មួយបាច់ធំ ក្នុងឈុតឯកសណ្ឋានទទួលសញ្ញាបត្រនៃសាកលវិទ្យាល័យដូចគ្នានឹងអ្នកខាងមុខដែរ ប៉ុន្ដែស្ថិតនៅក្នុងដេប៉ាតឺម៉ង់ផ្សេងគ្នា កំពុងស្រែកទៅហៅទៅកាន់អ្នកកំលោះសង្ហាម្នាក់ មុខសស្គុសដូចអ៊ឺរ៉ុប ពាក់វ៉ែនតាខ្មៅក្រាស់មុខមូល គេរាងស្គមតិចមែន ប៉ុន្ដែមានកម្ពស់ ខ្ពស់ដល់១៨៨សង់ទីម៉ែត្រ មើលយូរៗទៅ ដូចតារាកូរ៉េ អូប៉ា(oppa) សំខាន់ គេមានបបូរមាត់ពណ៌ឡើងស៊ីជម្ពូរ មើលឃើញហើយស្រីៗគ្រប់គ្នាច្រណែននិងបបូរមាត់ស៊ិចស៊ីមួយនោះ
នីសា ឃើញអ្នកកំលោះងាកបែរមុខមករកខ្លួន នាងភាំងនឹងសម្រស់ រាងកាយអ្នកខាងមុខ…នាងបានចួបគេដោយផ្ទាល់ហើយ រយៈពេលជាង១ឆ្នាំ ដែលនាងបានត្រឹមតែមើលគេពីចម្ងាយ
នរៈកំលោះហាក់ឮសំឡេងនាងហៅ ប៉ុន្ដែខ្លួនមិនទាន់ច្បាស់ថាអ្នកម្ខាងទៀត ចង់សម្តៅលើខ្លួនឬយ៉ាងណា ក៏គេងាកសម្លឹងមើលជុំវិញខ្លួន ងាកឆ្វេងងាកស្តាំ រួចយកដៃមកចង្អុលខ្លួនឯង បញ្ជាក់ប្រាប់ទៅកាន់អ្នកម្ខាងទៀត..
“នេះហៅខ្ញុំមែនទេ?”
“សិលា លោកកុំដើរលឿនពេកបានទេ ខ្ញុំរត់ទៅតាមលោកមិនចង់ទាន់ទេ…”
នារីដង្ហក់ ឈប់ដកដង្ហើមក្រោយពីរត់មករាងឆ្ងាយដែរ ព្រោះដេញតាមរកអ្នកកំលោះដែលមានឈ្មោះថា សិលា
“រកខ្ញុំ?” គេចងចិញ្ចើមសួរទៅកាន់អ្នកម្ខាងទៀត សម្លឹងមើលមុខអ្នកម្ខាងទៀតយ៉ាងងឿងឆ្ងល់ព្រោះគេកម្រមានមិត្តភក្ដិស្រីណាស់…នេះម្នាក់ស្រីនេះមកពីណាហ្នឹង? ហេតុអ្វីក៏ស្គាល់គេនោះ?
“ខ្ញុំ នីសានោះអី…ម្នាក់ដែលកាលពីម៉ោងកុំព្យូទ័រ សិលាជាអ្នកជួយបង្ហាត់ពន្យល់មេរៀនគ្រូឱ្យខ្ញុំនោះអី…សិលាភ្លេចបាត់ហើយឬ? សិលាកាលហ្នឹង សិលាធ្វើជាជំនួយការបង្រៀន របស់លោកគ្រូ វិទ្យា ក្នុងម៉ោងកុំព្យូរទ័របង្រៀនមុខវិជ្ជាស្ថិតិប្រើកម្មវិធីSPSS….ខ្ញុំម្នាក់ដែលសុំអេដហ្វ្រែនឡាញ(Line)របស់លោកនោះអី…អត់ចាំសោះតែម្ដងឬ?”
ឮពាក្យដែលប្រាប់ថាម្នាក់ដែលអេដហ្វ្រែនឡាញមកខ្លួនបែបនេះ សិលា កាន់តែជ្រួញចងចិញ្ចើមខ្លាំងឡើង មុខគេឡើងក្រហមព្រោះតែខឹង ឆេះកំហួលឡើង…គេកំពុងតែចង់រកមុខអ្នកដែលរំខានគេ រាប់ខែបែបនេះនោះ…
“នីសាឬ? ឈ្មោះLineរបស់នាង ដែលដាក់ឈ្មោះថានំផ្អែមនោះឬ?”
“នំផ្អែម? ខ្ញុំHoneyPie មិនមែនជានំផ្អែមទេ”
“ព្រះអើយ!” សូរសំឡេងនឿយណាយបង្ហើបចេញពីបំពង់កប្រុសកំលោះរួមនឹងមុខស្មើធេងកំពុងតវ៉ាដោយស្នាមញញឹមនាង។ ច្បាស់ណាស់ គឺជានាង…
“សិលា ចាំខ្ញុំហើយមែនទេ? ខ្ញុំ មានរឿងចង់ប្រាប់សិលា…ចង់សារភាពប្រាប់ថា”
នីសានិយាយរដាក់រដុប សំឡេងរអាក់រអួល ឮសូរសំឡេងតិចៗ ស្រដីស្ទើរតែមិនឮសូរសំឡេងចេញពីមាត់របស់នាងដែលខុសពីពេលរាល់ដង។ ស្រាប់តែភ្លាមនោះ បាច់ផ្កាកុលាបក្រហមស្រស់៧ទង ចងបូរយ៉ាងស្រស់ស្អាតដែលកំពុងកាន់ជាប់ដៃរបស់នាងនោះ ហុចប្រគល់មកទល់មុខរបស់សិលា រួចគេស្រែកខ្លាំងអស់ពីពោះរបស់នាងឡើងថា៖
“សិលា យល់ព្រមធ្វើជាមិត្តប្រុសខ្ញុំទៅ? ខ្ញុំស្រលាញ់លោក”
“អ្ហាស?” នេះកញ្ញាម្នាក់នេះ ឆ្កួតហើយមែនទេ?
គ្រាន់តែឮនីសានិយាយបែបនេះ សិលាបើកភ្នែកធំៗ មុខរបស់គេឡើងក្រហម មិនដឹងថាមកពីខឹងខ្លាំងឬអៀនអ្នកនៅនឹងមុខរបស់ខ្លួនមួយណាឱ្យប្រាកដ? ជំហរខ្លួនឯង ស្ទើរបាត់លំនឹង ចង់ដួលផ្ងាកក្រោយ រីឯក្រុមសិស្សនិស្សិត មិត្តភក្ដិរបស់គេដែលនៅក្បែរនោះ នាំគ្នាបាញ់ខ្សែភ្នែក ងាកសម្លឹងមកមើល ផ្ទៀងត្រចៀករង់ចាំស្តាប់ចម្លើយពីមាត់គេ…សិលា រឹងអណ្ដាតនិយាយមិនចេញ
“សិលា ខ្ញុំពិតជាស្រលាញ់លោកមែន…យល់ព្រមនិងខ្ញុំទៅ? ស្រីល្អ ក្លាហានដូចខ្ញុំ ធ្វើជាសង្សារបស់លោក គឺមិនខាតទេ…សិលា”
“ឆ្កួតហើយ មែនទេ មកធ្វើបែបនេះនោះ?” សិលាទ្រាំមិនបាន និយាយពាក្យក្នុងចិត្តរបស់ខ្លួនចេញមក
“…” នីសា ភាំងពេលឮសម្ដីសិលា ស្ដីមកខ្លួនបែបនេះ
“ស្រលាញ់ខ្ញុំ? ខ្ញុំឃើញនាង មិនដល់ទាំង១០ដងផង ហើយនេះនាងមកនិយាយពាក្យបែបនេះមកកាន់ខ្ញុំបានយ៉ាងម៉េចទៅ?”
នីសា ខាំមាត់ឆ្លើយតបទៅកាន់គេវិញ
“រឿងថីនិយាយមិនបាននោះ…លោកឃើញខ្ញុំមិនដល់១០ដង ប៉ុន្ដែលោកមានដឹងទេថា ខ្ញុំឃើញលោកប៉ុន្មានលានដងនោះ? ខ្ញុំក្លាយជាStalker និងជាថបហ្វេនរបស់លោកហើយ មានដឹងទេ? ស្រីម្នាក់នេះ…ធ្វើគ្រប់យ៉ាង ព្រោះតែក្ដីស្រលាញ់…ក្ដីស្រលាញ់តែម្ខាង ហេតុអ្វីលោកមិនព្រមមើលមកខ្ញុំសោះ?”
នីសា ក្រហមភ្នែក ចង់យំ សម្លឹងទៅមើលអ្នកខាងមុខខ្លួន…ហេតុអ្វីគេអាក្រក់ដាក់នាងបែបនេះ?
អ្នកកំលោះ ឃើញនាងបែបនេះ គេហាក់បីជារាងទន់ចិត្តខ្លួនឯងខ្លះ…គេដឹងថាខ្លួនខុស សម្ដីរបស់គេរាងធ្ងន់ដាក់នាងបន្ដិច…
“ហេតុអ្វីជាខ្ញុំនោះ?”
“ហេតុអ្វីមិនមែនជាលោកនោះ? លោក មានអ្វីមិនល្អ..”
“ខ្ញុំ…ព្រោះខ្ញុំ…”
សិលា ខ្លួនឯងក៏គាំងពីសំនួររបស់នីសាដែរ គេពិតជាមិនដឹងថាគេមានអ្វីល្អត្រង់ណា គេអាក្រក់ត្រង់ណា…តែអ្វីមួយដែលគេតែងតែភ័យខ្លាចនោះគឺ ស្នេហា…គេខ្លាច..ខ្លាចត្រូវឈឺចាប់ដូចម្ដាយរបស់គេ…ខ្លាចធ្វើខ្លួនដូចជាឪពុករបស់គេ ដែលបោះបង់ម្ដាយនិងកូនរបស់ខ្លួនចោល ព្រោះតែស្រីថ្មី…ព្រោះតែពាក្យថាស្រលាញ់
“សិលា ជាមនុស្សល្អ សង្ហានៅក្នុងកែវភ្នែកខ្ញុំ រាល់ពេលខ្ញុំបានឃើញសិលាភ្លាម ខ្ញុំមានអារម្មណ៍ថាបេះដូងរបស់ខ្លួនឯងដើរខុសប្រក្រតី លោតញាប់ចង់ស្ទុះចេញមកក្រៅ…សិលា ដឹងទេ ខ្ញុំគិតថាខ្លួនឯងកើតជំងឺបេះដូងទៀតផង? ខ្ញុំក៏បានទៅរកគ្រូពេទ្យពិនិត្យនៅមន្ទីរពេទ្យដែរ លោកគ្រូពេទ្យពិនិត្យហើយ គាត់ថាបេះដូងខ្ញុំធម្មតាដូចមនុស្សទូទៅទេ…គ្មានកើតជំងឺអ្វីឡើយ…ពេលនោះទើបខ្ញុំដឹងថា ខ្ញុំមានចិត្តលួចស្រលាញ់សិលា។”
“នីសា កុំចង់មកលេងសើចនិងខ្ញុំបានទេ? ខ្ញុំមិនជឿទេ រាល់លើកដែលនាងចួបមុខខ្ញុំ ម៉េចក៏មិនព្រមនិយាយពាក្យទាំងនោះ? ហេតុអ្វីមកនិយាយអីនៅពេលនេះ?”
នីសា ចាប់ផ្ដើមញញឹម លួចសង្ឃឹមក្នុងចិត្តខ្លួនឯងបន្ដិច ពេលបានឮសិលាហៅឈ្មោះនាង…ប្ដូរពាក្យពី«នាង» មកជា «នីសា» ឈ្មោះរបស់នាងវិញ
“គឺ..គឺ បើខ្ញុំនិយាយទៅ សិលា សន្យាកុំខឹងនឹងខ្ញុំបានទេ?”
“វាអាស្រ័យទៅលើចម្លើយរបស់នាងទេ តែបើមិននិយាយទេ ខ្ញុំពិតជាខឹងជាមិនខាន…ច្បាស់ណាស់នាងចង់មកលេងសើចជាមួយខ្ញុំដូចអ្នកផ្សេងទៀតមែនទេ?”
នីសាសម្លឹងទៅមុខអ្នកម្ខាងទៀត ទោះបីសម្ដីរបស់សិលានិយាយបែបនេះមែន ប៉ុន្ដែកាយវិការនិងទឹកមុខរបស់គេគឺក្បត់ម្ចាស់ខ្លួន…
នីសា ដកដង្ហើមធំ ហាមាត់និយាយប្រាប់ទៅអ្នកម្ខាងទៀតឡើង៖
“គឺ…មកពីខ្ញុំឮពាក្យថា សិលា ជាមនុស្ស…មនុស្សបែប….ភេទទី៣ «ហ្គេយ៍»! អ្នកដែលប្រុសស្រលាញ់ប្រុស ទើបខ្ញុំ…”
“អ្ហាហ៍? ខ្ញុំនេះជាហ្គេយ៍ឬ?”
សិលាស្រែកភ្ញាក់ភ្លាត់សំឡេងយ៉ាងខ្លាំង ទឹកមុខគេភ្ញាក់ផ្អើលខ្លាំងធ្វើដូចនេះជាលើកទីមួយដែលគេបានដឹងរឿងនេះ…
“សិលា កុំខឹងនិងខ្ញុំណា! ទោះបីជាសិលា ជាហ្គេយ៍ពិតមែន ក៏ខ្ញុំមិនស្អប់រើងអើងនិងសិលាដែរ ប៉ុន្ដែខ្ញុំនឹងបង្ហាញពីក្ដីស្រលាញ់ ធ្វើឱ្យសិលាមកចាប់អារម្មណ៍ស្រលាញ់ខ្ញុំដូចជាបុ្រសឱ្យបាន សិលា…”
“នែ៎…នីសា! ខ្ញុំជាប្រុសពិត សុទ្ធ១០០ភាគរយ! មិនមែនជាហ្គេយ៍ទេ..ចង្រៃយ៍ អាម្នាក់ណាមាត់ឆ្កែបែបនេះនោះ និយាយបង្ខូចខ្ញុំបែបហ្នឹង បើដឹងថាជាស្នាដៃរបស់អ្នកណា អាសិលាម្នាក់នេះ ច្បាស់ជាឱ្យស្គាល់រសជាតិបបរសនៅពេទ្យធំជាមិនខាន”
សិលាចងចិញ្ចើម និយាយយ៉ាងម៉ឺងម៉ាត់ នីសាឮបែបនេះ នាងរំភើបខ្លាំង អង្រួនដៃអ្នកកំលោះសួរបញ្ជាក់…
“នេះត្រចៀករបស់ខ្ញុំមានបញ្ហាឬទេ? សិលា និយាយពិតមែនឬ? ”
ឃើញទឹកមុខរបស់នាងបែបសប្បាយចិត្តបែបនេះ សិលា មុខរបស់គេកាន់តែខ្មៅ ខឹងខ្លាំងឡើង..នេះគេគួរតែខឹងនាងឬយ៉ាងណា នេះគេគិតថាខ្ញុំជាប្រុសបែបនោះមែនឬ? បើជឿអ៊ីចឹងមែន ហេតុអ្វីមកសារភាពស្នេហ៍មកកាន់ខ្លួន ឬគេមានបំណងផ្សេង..
“នីសា នាងចង់លេងសើចជាមួយខ្ញុំឬ?”
“ទេ! ខ្ញុំពិតជាស្រលាញ់លោកមែនណា៎! សិលា ជឿចិត្តខ្ញុំចុះ ខ្ញុំមិនកុហកទេ!”
“ស្រលាញ់ខ្ញុំ ទាំងតែគិតខ្ញុំជាមនុស្សប្រភេទបែបនោះឬ?”
“គឺ…ស្នេហាធ្វើឱ្យមនុស្សខ្វាក់ភ្នែកនោះអី សិលាមិនដឹងទេឬ?”
នីសាឱនមុខចុះ មិនហ៊ានមើលមុខសិលា នេះប្រហែលជានាងគិតដឹងថាខ្លួនឯងបាននិយាយខុស កែវភ្នែកដ៏សោកសៅទាំងគូរបស់នាង បាញ់សម្លឹងមើលមកសិលាសុំក្តីអាណិត និងសូមការអភ័យទោសពីរូបគេ..រួចនិយាយទាំងសំឡេងញ័រថា៖
“សិលា ខ្ញុំពិតជាស្រលាញ់ លោកពិតមែន! លោកជាអ្វីមិនសំខាន់ទេ សម្រាប់ខ្ញុំ សិលាជាស្នេហាគ្រាដំបូងរបស់ខ្ញុំ ហើយជាបុរសម្នាក់គត់ដែលខ្ញុំចង់ចាប់ដៃកសាងជីវិតរួមគ្នាជាមួយ…សិលា ខ្ញុំស្រលាញ់លោក”
ឮបែបនេះ ក្នុងចិត្តសិលា ស្ទើរតែឈប់ដំណើរការ ខួរក្បាលរបស់គេគិតតែចាក់សម្តីរបស់នីសា ត្រង់ពាក្យ«ស្នេហាគ្រាដំបូង» របស់នាង…ពាក្យដដែលៗ ឮម្តងហើយម្តងទៀត…ធ្វើឱ្យបេះដូងរបស់នាយចាប់ផ្ដើមញ័ររញ្ជួយ លែងប្រាកដក្នុងចិត្តពីអារម្មណ៍មួយនោះហើយ…
“ដឹងទេថា នាងពេលនេះធ្វើឱ្យខ្ញុំវ៉ល់មិនប្រាកដចិត្តអស់ហើយ…”
“បែបនេះ…មានន័យថា សិលា ក៏ចាប់អារម្មណ៍លើខ្ញុំដែរមែនទេ?”
“បាទ? ហើយនាងគិតបានយ៉ាងម៉េច ដែលគិតថាខ្ញុំស្រលាញ់នាងនោះ?”
“គឺ…នេះមកពីអារម្មណ៍…អារម្មណ៍ឆក់រកគ្នានោះអី! ម្យ៉ាងទៀត ខ្ញុំជឿថាការព្យាយាមរបស់ខ្ញុំ នឹងធ្វើឱ្យសិលារំជួលចិត្តជាក់ជាមិនខាន…មិនខុសដែលពាក្យចាស់ពោលថា តំណក់ទឹកស្រក់ធ្លាក់នៅលើថ្ម គង់មានថ្ងៃណាមួយថ្មនឹងមានស្នាម…ខ្ញុំជឿថាសិលាក៏បែបនេះ…ចិត្តស្មោះខ្ញុំ គង់ថ្ងៃណាមួយ សិលានឹងមើលឃើញ”
“…”
នីសា ចូលមកជិត ងើយមុខទៅសម្លឹងមើលទៅកាន់អ្នកម្ខាងទៀត ពេលឃើញគេស្ងៀមស្ងាត់បែបនេះ
“សិលាចង់ដឹងពីអារម្មណ៍ខ្លួនឯងទេ? ខ្ញុំមានវិធីបញ្ជាក់”
“ពិតមែនឬ?”
“ចាស៎! ពាក្យទាំងនេះ ខ្ញុំសុទ្ធតែនិយាយចិត្តពីបេះដូងរបស់ខ្ញុំទាំងអស់ បើសិលាមិនជឿទេ លោកអាចសាកស្តាប់ស្នូរចង្វាក់បេះដូងរបស់ខ្ញុំ វាកំពុងលោតយ៉ាងណា?”
និយាយរួច នីសាទាញចាប់ដៃដ៏ស្រលូនរបស់សិលា…
ស្រាប់តែនាងភ្ញាក់ពីការឮសូរសំឡេងចេញពីអ្នកម្ខាងទៀត សំឡេង«ឌឹបឌាក់ៗ ឌុកឌាក់ៗ»ពីផ្នែកខាងឆ្វេងនៃទ្រូងរបស់សិលា… ឮខ្លាំងដូចជាសំឡេងបេះដូងដែលដៃរបស់សិលាដាក់ពីលើទ្រូងរបស់នាងហើយ…សំឡេងបញ្ជាក់ប្រាប់ថា ម្ចាស់រាងកាយមួយនោះក៏កំពុងតែមានអារម្មណ៍បែបយ៉ាងម៉េចចំពោះរូបនាង…
…ក្នុងអត្ថបទស្រាវជ្រាវមួយបានសិក្សាឡើងថា ធម្មតាចង្វាក់បេះដូងមនុស្សយើង លោតពី៦០ទៅ១០០ដងក្នុងមួយនាទី តែប្រសិនជាគេចួបមនុស្សដែលខ្លួនស្រលាញ់ អារម្មណ៍របស់ខ្លួនរត់ច្រានជំរុញបេះដូងខ្លួន ឱ្យលោតខ្លាំងឡើង លឿនខុសពីធម្មតាគឺច្រើនជាង១០០ដងក្នុងមួយនាទី…
គឺពេលនេះគេទាំងពីរនាក់កំពុងស្ថិតនៅក្នុងប្រភេទនិយមន័យខាងក្រោយនេះហើយ…
“សិលា នេះកើតអីមែនទេ…មុខលោកប្រែក្រហមខ្លាំងហើយនេះ! គ្រុនក្ដៅដែរឬទេ សិលា?”
នីសាព្រលែងដៃគេ រួចមកស្ទាបវាស់កម្តៅពីថ្ងាស់របស់សិលា បន្ទាប់ក៏ដកដៃខ្លួនសាកទៅនិងថ្ងាសរបស់នាងវិញម្តង…ធ្វើមួយដងពីរដង នាងឧទានលើកថា៖
“សីតុណ្ហភាពក្នុងខ្លួនលោកនិងខ្ញុំ ប្រហាក់ប្រហែលគ្នាដែរតើ…ឬក៏ខ្ញុំក៏ក្តៅខ្លួនដែរ?”
…នាងធ្វើពុតជាល្ងង់ឬ?
“យ៉ាងម៉េចហើយ…មិនអីទេមែនទេ សិលា?” នីសា សួរបញ្ជាក់ទៅកាន់គេម្ដងទៀត
“នាងពិតជាស្រលាញ់ខ្ញុំមែនឬ?”
សិលាទម្លាក់មុខឱនចុះ សម្លឹងមើលទៅកាន់មុខរបស់នីសា…
“ចាស៎..ខ្ញុំស្រលាញ់លោក ចុះលោកវិញ យល់ព្រមធ្វើជាសង្សាជាមួយខ្ញុំទេ?”
ឮសំនួរនាងសួរគេបែបនេះ សិលាភាំងស្រឡាំងកាំង បាច់ផ្កាដែលកាន់នឹងដៃគេ ក៏ធ្លាក់ចុះ គេយកដៃប៉ះបបូរមាត់នាង កែវភ្នែកមានពន្លឺ បាញ់ឆ្លុះ ឆក់ស្រូបវិញ្ញាណរបស់អ្នកម្ខាងទៀត បបូរមាត់ពណ៌ស៊ីជម្ពូររបស់គេ ផ្តិតប៉ះទៅកាន់បបូរមាត់នីសា រួចគេឱនក្បាលក្បែរគុម្ពត្រចៀកស្រីតូច ខ្សឹបប្រាប់ទៅកាន់នាងឱ្យស្ដាប់តែម្នាក់ឯងថា៖
“នេះជាចម្លើយរបស់ខ្ញុំ ហើយក៏ជាកិច្ចសន្យាស្នេហ៍របស់យើងទាំងពីរដែរ!”
“សិលា នេះមានន័យថា…ប្រុសល្ងង់ដឹងទេ ថានេះជាស្នាមថើបដំបូងរបស់ខ្ញុំនោះ? សងខ្ញុំវិញមក…”
និយាយរួច នីសា ស្ទុះទៅតោងកអ្នកកំលោះ ឱ្យគេឱនខ្លួនបន្ដិច រួចនាងចាប់ផ្ដើមថើបគេវិញម្ដង…គេទាំងពីរមើលមុខគ្នាញញឹម រួចស្នូរសំឡេងទះដៃពីអ្នកជុំវិញខ្លួន ក៏លាន់លឺបន្ទឺឡើងអបអរសាទរនិងជាសាក្សីភាពនៃសម្ព័ន្ធភាពរបស់អ្នកទាំងពីរ…តែនេះគ្រាន់តែជាការចាប់ផ្ដើមនៃរឿងរបស់គេតែប៉ុណ្ណោះ៕