រឿង៖ ផ្ទះស្នាក់បេះដូង

នាទីសំណាង ក្នុងថ្ងៃស៊យ

“ហេតុអីក៏ជិះយូរទៅកាន់តែស្ងាត់ទៅៗអ៊ីចឹង? អាអូននោះប្រាប់ថា ជិះចូលតាមផ្លូវតូចនេះមិនឆ្ងាយប៉ុន្មានទេ នឹងដល់ហើយ​ តែនេះប្រឹងធាក់កង់ឡើងចង់ដាច់ក្រលៀនហើយ”

មាត់ខ្ញុំនិយាយរអ៊ូបណ្តើរ ជើងទាំងទ្វេខំប្រឹងធាក់ឈ្នាន់កង់បណ្តើរ ដើម្បីឱ្យកង់វិលទៅមុខតាមផ្លូវលំក្នុងភូមិ ដែលអមសងខាងដោយដើមឈើតូចធំ ត្រង់កន្លែងខ្លះក៏មានវាលស្រែខៀវខ្ចីតូចល្មម គួរតែជាទីផលិតកសិផលនៃអ្នកស្រុកអ្នកភូមិនៅក្បែរនេះហើយ។

ពេលជិះកង់រុកតាមផ្លូវតូចៗក្នុងភូមិបែបនេះ ប្លែកភ្នែកម្យ៉ាងដែរតើ! មិនត្រឹមតែមានតំបន់បៃតងច្រើនទេ ថែមទាំងមានតន្ត្រីធម្មជាតិដូចជាសត្វមាន់ទារងាវអឺងកង សត្វជ្រូកសត្វគោវិញ​ក៏ស្រែកបន្ទរ ហាក់ដូចជាកំពុងធ្វើការទំនាក់ទំនងគ្នាតាមភាសារបស់ពួកគេអ៊ីចឹង។

ទាស់តែម្យ៉ាងទេ គឺផ្លូវរាងចង្អៀតបន្តិច ពេលមានម៉ូតូ ឬកង់ជិះក្នុងទិសដៅបញ្ច្រាសគ្នា បើមិនចង់ត្រូវបានគេកៀរចូលដុប ឬដួលទាក់នឹងរបងលួសទេ ត្រូវតែមាននរណាម្នាក់បង្អង់ឈប់អែបកៀនសិន។

និយាយពីក្លិនវិញ ហាមហិតផ្តេសផ្តាស! ប្រយ័ត្នប៉ះចំក្លិនភាយៗនៃលាមកសត្វចិញ្ចឹមនៅអែបៗផ្លូវ ហើយនៅចំកណ្តាលផ្លូវក៏មានដែរ តែមិនអាចបន្ទោសពួកគេបានឡើយ។ ធ្វើម៉េចបើគ្នាអត់មានបង្គន់បត់ជើងដូចមនុស្សយើងផង?

ខ្ញុំនេះ…ធ្លាប់ហើយ! គឺមុននេះបន្តិចតែម្តង! ឃើញស្រូវក្នុងវាលស្រែធំល្វឹងល្វើយ ក៏នឹកដល់ម្អមស្រែ ហើយចង់ស្រូបស្រង់ក្លិនឈ្ងុយប្រហើររបស់វា ក៏ខំដកដង្ហើមចូលយ៉ាងធំ តែវីសនឹងបះកង់ដួលសន្លប់ទៅម្ខាង ព្រោះតែក្លិនដិតឆួលនៃលាមកគោនៅម្ខាងផ្លូវ​។

          កំពុងតែចាប់ផ្តើមមួរម៉ៅដោយសារជិះយូរហើយមិនទាន់ឃើញគោលដៅ​ តែមិនទាន់បានទួញសោកផង ប្រហែលជាមេឃខឹងចិត្តជំនួស ក៏ស្រាប់តែប្រែពណ៌ក្នុងពេលដ៏ខ្លី។

អាកាសធាតុថ្ងៃនេះផ្លាស់ប្តូរអីក៏លឿនម្ល៉េះ? ចង់ស្រទុំក៏ស្រទុំភ្លាម ចង់ភ្លៀងក៏ភ្លៀងភ្លែត! អត់អាណិតកូនចៅជានារីទន់ខ្សោយកំពុងជិះកង់ក្នុងផ្លូវមិនស្គាល់ភូមិសាស្ត្រតែម្នាក់ឯងដូចជាខ្ញុំនេះសោះទេហី?

រអ៊ូយ៉ាងណា ក៏ទេវតាមិនប្រណី…ហើយក៏គ្មានទេវបុត្រជិះគោសណាមកជួយដែរ? ព្រោះតែនេះជាជីវិតពិត មិនមែនរឿងនិទានព្រះនាងជួបស្នេហ៍ពេលមានគ្រោះអីនោះទេ៎! បើមិនជួយខ្លួនឯង អត់មាននរណាមកសង្គ្រោះបានឡើយ។

គិតហើយ ក៏បែរចង្កូតកង់ស្ព័តពណ៌ខ្មៅលាយទឹកសមុទ្រដែលបានខ្ចីមិត្តភក្តិជិះតាំងពីព្រឹកឆ្វែលតាមវង់ធំ ជិះចូលសំដៅទៅរកផ្ទះមួយ​​ ដែលមានអ៊ំស្រីម្នាក់កំពុងអង្គុយត្បាញកន្ត្រកម្យ៉ាងនៅលើគ្រែឈើរាងចំណាស់មួយ ក្រោមដំបូលតង់ពណ៌សថ្លា ដែលមានប្រហោងធ្លុះត្រង់ចំណុចខ្លះៗនាំឱ្យទឹកភ្លៀងស្រក់តក់ៗធ្លាក់ចុះមកលើផ្នែកខ្លះនៃគ្រែ។

ខ្ញុំប្រញាប់ដាក់ជន្ទល់កង់ចុះ ហើយរត់ទៅជ្រកក្រោមដំបូលតង់ជាមួយគាត់ ដោយមិនភ្លេចលើកដៃសំពះជំរាបសួរ​។

“ជំរាបសួរអ៊ំ! ឱ្យក្មួយសុំជ្រកភ្លៀងបន្តិចបានទេអ៊ំ?​”

“អត់អុយទេមីនាង! ជ្រកចុះ…ហើយមកពីណាទៅណី បានមកដល់តាណេះម្នាក់ឯងអញ្ចុះ?”

“ខ្ញុំចង់រកផ្ទះស្នាក់អ៊ំ ពេលសួរក្មេងនៅដើមផ្លូវ គេថាឱ្យជិះចូលផ្លូវភូមិនេះតែបន្តិចដល់ហើយ តែជិះយូរហើយមិនឃើញ ហើយមេឃសុខៗក៏ធ្លាក់ភ្លៀងមកហ្មង”

“អូ៎! សង្ស័យតែរកផ្ទះស្នាក់សម្រស់ស្រុកស្រែទេដឹង ចាំសួរកូនអ៊ំ វាស្គាល់ច្បាស់ណាស់”

          “ចា៎អ៊ំ! ចុះអ៊ំកំពុងតែត្បាញអីគេហ្នឹង? កន្ត្រងក្តោបផ្លែឈើកុំឱ្យសត្វស៊ីមែនអ៊ំ?”

          “អត់ទេ៎…គេយកទៅដាក់ឡេដបៗគេឡាម៉េចទេ៎ អ្នកលក់ឥវ៉ាន់អនឡាញគេកុម្ម៉ង់រាងច្រើនដែរពីសមាគមន៍តម្បាញអ្នកភូមិណេះឯង”

          “អា៎…ទំនងផស់គេតើអ៊ំ! ដាក់អ៊ីចឹងទៅ បានប្លែកភ្នែក ហើយកាត់បន្ថយប្លាសិ្ទកទៀត”

ក្រោយពីរៀបចំទុកដាក់សម្ភារៈចាំបាច់ដាក់ក្នុងកាតាបមិនជ្រាបទឹករួចហើយ ខ្ញុំក៏ចូលទៅអង្គុយលើគ្រែទល់មុខអ៊ំស្រី​ ហើយសម្លឹងមើលគាត់ធ្វើការងារដោយយកចិត្តទុកដាក់ ជាមួយទឹកមុខពោរពេញដោយក្តីសុខ។ ខ្ញុំលួចឆ្ងល់ក្នុងចិត្តថា ការធ្វើអ្វីដដែលៗពីព្រឹកដល់យប់ នៅកន្លែងតែមួយបែបនេះ មិនគួរឱ្យធុញទ្រាន់ទេហ៎?

          អផ្សុកពេក ខ្ញុំក៏ក្រឡេកមើលទៅបរិវេណនៅជុំវិញផ្ទះគាត់ វាប្រៀបដូចជាទិដ្ឋភាពក្នុងរឿងដែលមានឈុតឆាកនៅផ្ទះតាមជនបទអ៊ីចឹង។ នៅក្បែរគ្រែដែលយើងកំពុងអង្គុយ មានពំនូកចំបើងដ៏ធំ​ ហើយមានកម្ពស់ចុងឈើចំនួន២…ចំណែកឯតួផ្ទះវិញ មានទំហំតូចល្មម មានប្រក់ស្លឹកសង់ខ្ពស់ពីដៃនៅខាងឆ្វេងនៃផ្លូវចូល ហើយនៅមិនឆ្ងាយប៉ុន្មានពីនោះ ជាផ្ទះបាយ និងកន្លែងដាក់អីវ៉ាន់ចាំបាច់ ដែលឃើញមានចង្រ្កានចានឆ្នាំងព្យួរយ៉ាងមានរបៀបនៅលើជញ្ជាំងឈើមានពុកៗដោយកន្លែង។

នៅជុំវិញផ្ទះ មានដើមឈើហូបផ្លែតូចធំខ្ពស់ទាប និងដើមផ្កាចម្រុះប្រភេទចម្រុះពណ៌ផងដែរ… ប្រហែលមកពីឃើញខ្ញុំអើតមើលចុះឡើង ដូចជាចម្លែកចិត្តខពេក អ៊ំស្រីក៏និយាយ

“ផ្ទះនៅស្រុកស្រែមានតែអញ្ចេះឯង មិនដូចនៅទីក្រុងទេ…ហើយមីនាងឯងនៅសារៀបនេះឯង ឬក៏មកពីណាវិញ?”

“ខ្ញុំកើតនៅភ្នំពេញទេអ៊ំ តែមកនៅសៀមរាប៣-៤ឆ្នាំដែរហើយ”

“ហើយនៅរៀន​ ក៏នៅធ្វើការមីនាង?”

“ទើបរៀនចប់ដែរអ៊ំ តែក៏មានការងារធ្វើដែរ”

“មីនាងឯងធ្វើខាងអុយវិញ? កូនប្រុសអ៊ំនោះ ស្អីមិនធ្វើ ទៅធ្វើអ្នកនិពន្ធស្អុយទេ ហើយចុះឡើងមកធ្វើការក្នុងភូមិតូចនេះវិញ ខំឱ្យទៅរៀន អស់ប្រាក់ម៉ាក៉ាប៉ែស”

“ខ្ញុំធ្វើការងារតាមអ៊ីនធឺណិតអ៊ំ”

 ——-

“ម៉ែ! កូនធ្វើសម្លក្តាតហើយណា៎ល្ងាចនេះ បានក្តាមក្មេងៗយកមកឱ្យច្រើនក្រែលដែរ”

សំឡេងមនុស្សប្រុសម្នាក់បន្លឺចេញពីផ្ទះបាយ ធ្វើឱ្យខ្ញុំភ្ញាក់ព្រើត ព្រោះមុនហ្នឹងមិនឃើញមាននរណាផង។ ហើយគ្រាន់តែឮឈ្មោះសម្លក្តាត ពោះខ្ញុំក៏ចាប់ផ្តើមកូរគ្រូកៗដោយសារដាច់បាយពីថ្ងៃផង តែសំណាង សំឡេងភ្លៀងធ្លាក់លុបពីលើសំឡេងកូរពោះ ទើបអ៊ំស្រីមិនឮ។

កូនប្រុសរបស់គាត់មើលទៅវ័យរាងជ្រេហើយដែរ បើជួបតាមផ្លូវអី ខ្ញុំប្រាកដជាហៅពូមិនខានទេ…មើលរូបរាងទៅ បើមិនប្រាប់ មិនដឹងថាជាអ្នកនិពន្ធអីទេ សមតែជាបុរសគង្វាលគោតាមវាលស្រែជាង ព្រោះសម្បុរឡើងស្រអែមបែបខ្មែរអង្គរ មុខមាត់វិញសាមញ្ញជាទីបំផុត រកកន្លែងទាក់ទាញមិនឃើញត្រង់ណាសោះ។ និយាយពីសក់វិញ ឡើងរួញអង្គារដីដូចតួប្រុសក្នុងរឿងជំនាន់ខ្ញុំមិនទាន់កើតស្រួលបួលអ៊ីចឹង។

          ពេលងាកមកឃើញខ្ញុំ គេក៏ទាញវ៉ែនតាដែលដាក់ស៊កនៅលើក្បាលមុននេះទម្លាក់ចុះមក ដើម្បីសម្រួលគំហើញឱ្យកាន់តែច្បាស់ ហើយញញឹមរាក់ទាក់ដាក់ខ្ញុំបន្តិច មុននឹងងាកទៅបន្តកិច្ចការដាំស្លរបស់គេវិញ។

          មើលតាមឫកពារបស់គេ ដូចជាស្ទាត់ជំនាញនឹងការធ្វើម្ហូបណាស់! តែព្រះអើយ! សម្រស់របស់គេរឹតតែបាក់ថែមមួយកម្រិតទៀត ពេលអង្គុយនៅខាងមុខចង្ក្រានអុសដែលកំពុងបង្ហុយផ្សែងទ្រលោម។

មួយសន្ទុះក្រោយមក ក្លិនឈ្ងុយប្រហើរនៃសម្លក្នុងឆ្នាំងខ្នាតកណ្តាលក៏ចាប់ផ្តើមបង្ហើរមកតាមព្រះពាយបក់ផាយផាត់ ធ្វើឱ្យខ្ញុំលួចលេបទឹកមាត់ដោយទ្រាំពុំបាន។

ពេលនេះ ភ្លៀងក៏រាងស្បើយគ្រាន់ដែរហើយ តែនៅឡើយមានផ្លេកបន្ទោរផូងផាំង និងតំណក់ភ្លៀងរលឹមបន្តធ្លាក់មិនឈប់សោះ! ធ្វើបាបផ្លូវចិត្តមនុស្សពេកហើយលោកអើយ! ឱ្យមកអង្គុយហិតក្លិនឈ្ងុយ តែមិនបានភ្លក្សរសជាតិថាឆ្ងាញ់មិនឆ្ងាញ់បែបនេះ…

          អង្គុយយូរៗទៅ ក៏ចាប់ផ្តើមមានអារម្មណ៍ថារងា ដូចចង់ញ័រញាក់យ៉ាងម៉េចមិនដឹងទេ។ ឃើញបែបនេះ អ៊ំស្រីក៏បង្គាប់ខ្ញុំឱ្យទៅអង្គុយនៅផ្ទះបាយ ដើម្បីអាចទទួលរំភាយកម្តៅខ្លះពីភ្លើងនៅចង្ក្រាន។

មិនមែនថាមិនចង់ទៅទេ តែបើទៅកាន់តែជិត ខ្លាចពិបាកទប់ក្រពះមិនឱ្យរករឿង។​ តែយ៉ាងណា អត់មានជម្រើសល្អជាងនេះទេ បើមាត់ឡើងញាក់តតាត់ ខ្លួនញ័រដូចកូនចាបហើយ! តែមានអារម្មណ៍ទើសទាល់លំដាប់កំពូលហើយ…ខ្ញុំមិនហ៊ានឮមាត់សូម្បីតែមួយម៉ាត់ ព្រោះចរិតខ្ញុំនេះមិនសូវចេះនិយាយស្តីតាំងពីដើម តែគេម្នាក់នេះពូកែសួរនាំមិនចាញ់ម្តាយគេទេ។

          “ឈ្មោះអីដែរហ្នឹង? អឺម…មើលទៅប្រហែលជាអាយុប្អូនខ្ញុំទេ គួរហៅថាម៉េចល្អ?” គេសួរខ្ញុំដោយមិនងាកមកមើលមុខខ្ញុំ ព្រោះរវល់លាងខ្យងស្រែ….មើលទៅទំនងណាស់!

          “ឈ្មោះចន្ទ្រា ចុះគាត់វិញ?” ទោះបីមិនសូវចង់ដឹង ក៏ត្រូវតែសួរសម្តែងការគួរសមវិញ

          “តារាបាទ៎! ហើយមករកផ្ទះស្នាក់សម្រស់ស្រុកស្រែមែន៎?” បុរសម្នាក់នេះសួរដូចមើលឃើញ

          “ហ្នឹងហើយ! គាត់ស្គាល់កន្លែងហ្នឹងអត់? ខំរកក្នុង Google Map ក៏មិនឃើញ ហើយមកដល់ម្តុំនេះ សេវាទូរសព្ទខ្សោយទៀត មិនដឹងត្រូវជិះតាមណាទៅទេ” ខ្ញុំនិយាយត្អូញត្អែរ​ ឯភ្នែកខំប្រឹងងាកចេញទៅមើលអ៊ំស្រីកំពុងត្បាញកន្ត្រក ព្រោះមិនហ៊ានមើលទៅខ្យងកំពុងត្រូវបានតម្រៀបលើចង្អើរអាំង

          “អូ៎! Moon Moon Cutie​ មែន៎? សុំទោសផងណា៎…ដោយសារតែកន្លែងយើងទើបបើកថ្មី ហើយណាមួយមិនសូវមានសេវាទូរសព្ទផង កុំថាឡើយអ៊ីនធើណែត។ តាមពិត​ ជាភ្ញៀវពិសេសសោះ! បើមិនប្រកាន់ទេ នៅហូបបាយជាមួយពួកយើងសិនទៅ ទម្រាំញ៉ាំរួច អាចនឹងរាំងភ្លៀង ចាំខ្ញុំឱ្យក្មេងៗជូនទៅ” តារាឆ្លើយតបលើកនេះ ដោយសម្លឹងមុខខ្ញុំ ធ្វើឱ្យខ្សែភ្នែកយើងបាញ់ចំគ្នាជាលើកដំបូង…កែវភ្នែកគេធំៗ មូលក្រឡង់ ហើយឡើងខ្មៅនិល

          “មិនអីទេ៎! អត់ឃ្លានផង…” ខ្ញុំប្រកែកយ៉ាងលឿន តែពោះខ្ញុំក៏ខំប្រឆាំងយ៉ាងរហ័ស

          “គ្រូកៗៗៗ” ហ្នឹងហើយ! សំឡេងកូរពោះលាន់រាងឮបន្តិច ព្រោះតំណក់ទឹកភ្លៀងប្រែជាស្ទើរតែដាច់គ្រាប់ ចំពេលល្អណាស់។

          “ពោះ​you​​ ក្បត់មាត់you ហើយ! ហេហេ…” គេនិយាយលេងសើច ធ្វើឱ្យខ្ញុំខ្មាសផងអៀនផង

          “អឹមមមម…”​ ខ្ញុំនៅតែអេះអុញ

          “មិនងាយបានញ៉ាំម្ហូបស្រែចំទេណា៎! មើលចុះ…ខ្យងនេះរើសមកផ្ទាល់ដៃ សាច់ណែនល្អណាស់! ពេលអាំងដាក់ទឹកត្រីបុករូបមន្តពិសេសរបស់ខ្ញុំពីលើបែបនេះទៀត រឹតតែអ៊ែមហ្មង។ ហើយនៅមានទឹកប្រហុកនេះទៀត…មើលណែក៎! ខ្យងស្រែអាំងក្តៅៗហុយៗ ចាក់វាចេញមកហើយជ្រលក់វឹប ញ៉ាំគឹប។ ជាតិណាស់ណា៎!” មនុស្សប្រុសម្នាក់នេះ ឌឺ៩

          “នៅហូបជុំគ្នាណេះហើយចាំទៅមីនាង ភ្លៀងអញ្ចេះទឹកហូរកាត់ផ្លូវ ពិបាកជិះណាស់” អ៊ំស្រីមកជួយសង្រ្គោះទាន់ពេលល្មម (^_^)

          ខ្ញុំប្រកែកលែងបាន មានតែតាមដំណើរ…​

—————————-

មនុស្សចាស់ ក្នុងថ្ងៃថ្មី

          កាក់ គីង កង គឺតតតត!!!

          មិនចង់ភ្ញាក់ ក៏ត្រូវភ្ញាក់ មិនចង់ក្រោក ក៏ត្រូវតែក្រោកដែរ… បើសំឡេងមាន់រងាវទ្រហឹងអឺងកងបែបនេះ… យប់មិញ ទម្រាំតែបានដេកលក់ មិនដឹងម៉ោងប៉ុន្មានទេខ្ញុំ។

          តន្ត្រីធម្មជាតិឮឥតដាច់តែម្តង! លោកបងកង្កែប ហ៊ីង ក្អុកក្អាត់ យំឆ្លើយឆ្លងគ្នា ទំនងជាស្រែកទាមទារសុំទឹកភ្លៀងបន្ថែមហើយមើលទៅ។ ចំណែកឯបងចង្រិតឯណោះវិញ ក៏មិនឱ្យចាញ់គ្នាដែរ។ ហើយស៊យត្រង់ថា…ទូរសព្ទជិតអស់ថ្មទៀត រកតែដាក់កាសស្តាប់ចម្រៀងបន្លប់ក៏មិនកើត! ឆ្ងល់ដល់ហើយ អ្នកនៅទីនេះ គេគេងលក់ស្រួលដោយរបៀបណាទៅហ្ន៎?

          មេឃមិនទាន់ភ្លឺច្បាស់នៅឡើយផងនេះ…

          ខ្ញុំខំប្រឹងងើបទាំងមមីមមើ គិតថានឹងទៅថតរូបព្រះអាទិត្យរះបន្តិច ហើយចូលមកសម្ងំបន្តដំណេកថែម២-៣ម៉ោងទៀត។ ខ្ញុំដើរលបៗ សង្ឃឹមថាមិនជួបនរណា ព្រោះមិនទាន់បានលុបមុខដុសធ្មេញស្រួលបួលផង តែចៃដន្យអី…គ្រាន់តែឈានជើងចេញពីបន្ទប់បានប៉ុន្មានជំហាន ស្រាប់តែមានសំឡេងក្មេងស្រីវ័យជំទង់ម្នាក់និយាយស្វាគមន៍យ៉ាងរាក់ទាក់ពីក្រោយខ្នងខ្ញុំ។

          “អរុណសួស្តីបងស្រី! ចង់ទៅថតរូបថ្ងៃរះទេ៎? មានកន្លែងពិសេសមួយ អាចមើលថ្ងៃរះស្អាតណាស់…ចាំខ្ញុំជូនបងទៅ” គេសួរដូចមើលចិត្តខ្ញុំធ្លុះ

          ខ្ញុំមិនហ៊ាននិយាយអ្វីច្រើន បានត្រឹមតែងក់ក្បាលជាសញ្ញាបង្ហាញថាគេនិយាយត្រូវហើយ តែក៏សុំពេលខ្លះ​ទៅបន្ទប់ទឹករួមនៅក្បែរនោះ ដើម្បីសម្រួលឥរិយាបថ។ ខំប្រញាប់រត់ទៅហើយ តែក៏មានសំឡេងមនុស្សម្នាក់ផ្សេងទៀតនិយាយរាក់ទាក់។

          “អរុណសួស្តីចន្ទ្រា! យប់មិញគេងលក់ស្រួលទេ៎?” មនុស្សប្រុសកំពូលឌឺមករាក់ទាក់មិនមើលកាលៈទេសៈសោះ

ជាថ្មីម្តងទៀត…ខ្ញុំគ្រាន់តែងក់ក្បាល ហើយប្រញាប់រត់ចូលក្នុងបន្ទប់ទឹក មិនចង់ឱ្យគេឃើញមុខស្រមេមស្រមាម ហើយក៏មិនចង់ឱ្យហិតក្លិនមាត់ បែបទើបងើបពីដំណេករបស់ខ្ញុំ។

“អូ៎! ភ្លេចប្រាប់ទៅថា… នៅទីនេះ ព្រឹកឡើង មិនបាច់ងូតទឹកក៏បានដែរ” តារាផ្តល់ដំបូន្មានល្អពេក តែរាងយឺតពេលបន្តិច ព្រោះពេលដែលគេស្រែកប្រាប់ហ្នឹង ខ្ញុំបានលើកទឹក ១ផ្តិលធំ ចាក់ឈូពីលើខ្លួនបាត់ទៅហើយ…

          ព្រះអើយ! ដូចងូតទឹកកកអ៊ីចឹង!!! ខ្ញុំប្រញាប់ជូតខ្លួនឱ្យស្ងួតវិញ ហើយលុបមុខដុសធ្មេញយ៉ាងលឿន ព្រោះទឹកគេនេះ ត្រជាក់មហាត្រជាក់ហើយ។ កាលពីយប់មិញ ដូចជាមិនសូវអីទេ តែដល់ពេលព្រឹកឡើង ម៉ែអើយ! ញាក់តែម្តង។

          បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយ ក្មេងស្រីដែលខ្ញុំជួបមុនគេតាំងពីព្រលឹម ក៏ដើរនាំផ្លូវខ្ញុំទៅកាន់បឹងឈូកមួយ ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះស្នាក់។ មេឃទើបតែភ្លឺព្រាងៗ មើលមិនដឹងថាផ្កាឈូកទាំងនោះមានពណ៌អ្វីឡើយ តែអ្វីដែលឃើញច្បាស់ គឺមានទាំងផ្កាកំពុងក្រពុំ ផ្ការីកស្គុសស្គាយ និងផ្លែឈូកតូចធំ នៅប្រជុំគ្នាយ៉ាងណែនណាន់ក្នុងបឹង ដែលមានទំហំមិនសូវធំប៉ុន្មាននេះ។

          ក្មេងស្រីស្លូតបូត និងរួសរាយ ដែលនាំខ្ញុំមកកន្លែងស្រស់ស្អាតនេះមានឈ្មោះថា ស្រីម៉ៅ។ តាមខ្ញុំគិត ឈ្មោះហ្នឹងប្រហែលជាដាក់តាមពណ៌សម្បុររបស់ស្បែកនាងហើយ តែខ្មៅគេ គឺខ្មៅស្រស់។ ពេលខ្ញុំរៀបចំដាក់ជើងកាមេរ៉ាត្រៀមសម្រាប់ថត Timelapse  នាងក៏រត់ទៅកាច់ស្លឹកឈូកធំៗ ២-៣សន្លឹកធ្វើជាទ្រនាប់សម្រាប់ទ្រាប់អង្គុយ ដើម្បីកុំឱ្យប្រឡាក់ខោ។

          ពេលរៀបចំកន្លែងអង្គុយរួចហើយ នាងក៏ចុះទៅកាច់ផ្កាឈូកក្រពុំទំហំល្មមមួយទងហុចមកឱ្យខ្ញុំ ហើយនិយាយដោយស្នាមញញឹមយ៉ាងស្រស់ថា​៖

“ថតរូបជាមួយផ្កាឈូក និងថ្ងៃរះ ស្អាតណាស់បង! ចង់ថតអត់? ចាំខ្ញុំថតឱ្យ?”

          តាមពិតទៅ ខ្ញុំមិនសូវចូលចិត្តថតរូបមានខ្លួនឯងនៅក្នុងរូបថតទេ​ ព្រោះមានអារម្មណ៍ថា មិនចេះឈរឱ្យគេថត តែសែនស្រលាញ់រូបថតបែបលួចថតមិនដឹងខ្លួន និងរូបទេសភាព។ ប៉ុន្តែ ដោយសារមើលទៅស្រីម៉ៅដូចជាចង់បង្ហាញស្នាដៃរបស់នាង ទើបខ្ញុំឆ្លើយយល់ព្រម ហើយហុចកាមេរ៉ាឱ្យទៅនាង ក្រោយពីបង្ហាញពីរបៀបចុចថតរួច។

          នៅក្បែរស្រីម៉ៅទើបតែបានប៉ុន្មានម៉ោងសោះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា នាងជាមនុស្សសាមញ្ញ និងរីករាយបំផុតក្នុងចំណោមមនុស្សដែលខ្ញុំធ្លាប់បានជួប។ ទឹកមុខនាងតែងមានស្នាមញញឹមជានិច្ច ហើយក៏ចូលចិត្តសើច និងនិយាយត្រង់ៗចេញពីក្នុងចិត្ត…និយាយទៅ ជាមនុស្សមិនចេះលាក់អារម្មណ៍។

ខុសពីមនុស្សដែលខ្ញុំជួបរាល់ថ្ងៃនៅកន្លែងការងារ​ ដែលច្រើនតែចងចិញ្ចើម ទឹកមុខពោរពេញដោយភាពតានតឹង បើនិយាយស្តីរាក់ទាក់គ្នា ​ក៏គ្រាន់ជាការគួរសមធម្មតា មិនសូវមានភាពស្មោះសរបែបនេះឡើយ។

          ក្រោយពីថតរូបហើយ ក៏ដល់ពេលអង្គុយសម្លឹងមើលទិដ្ឋភាពដែលកម្របានឃើញសម្រាប់ខ្ញុំ តែអាចជាអ្វីដែលស្រីម៉ៅ និងអ្នកភូមិទីនេះមើលឃើញរាល់ថ្ងៃ។ ខ្ញុំអង្គុយគយគន់រូបរាងនៃព្រះសូរិយា​ ដែលកំពុងយាត្រាចេញមកបំភ្លឺដែនលោកាសន្សឹមៗ ជាមួយរស្មីពណ៌សុវណ្ណឆ្អិនឆ្អៅ ពិតជាស្អាតជាងពណ៌ដែលមានក្នុង Filter ឆ្ងាយណាស់!

          កន្លងមក ខ្ញុំធ្លាប់តែមើលថ្ងៃរះនៅប្រាសាទអង្គរវត្ត និងនៅលើភ្នំ កន្លែងបោះតង់អី តែនេះជាលើកទីមួយហើយ ដែលខ្ញុំបានឃើញផ្ទាល់ទិដ្ឋភាពព្រះអាទិត្យរះ ជាមួយទេសភាពវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក អមដោយដើមត្នោតឈរខ្ពស់សន្លឹមប្រជុំគ្នាជាក្រុមនៅត្រង់ផ្នែកខ្លះនៃវាលស្រែ… មើលយូរយ៉ាងណា ក៏មិនជិនណាយដែរ!

អាចនិយាយបានថា ជាពេលវេលាដែលញាណទាំង៥របស់ខ្ញុំអាចរីករាយនឹងបទពិសោធថ្មីប្លែកព្រមៗគ្នា…

“អារម្មណ៍បែបនេះ…បើបានទទួលរាល់ថ្ងៃ មិនដឹងល្អយ៉ាងណាទេ?” ខ្ញុំរអ៊ូតិចៗម្នាក់ឯង

“បើឃើញរាល់ថ្ងៃ វាលែងមានអ្វីពិសេសហើយបង! បងតារាធ្លាប់និយាយថា មិនថារបស់មួយមានតម្លៃខ្ពស់ប៉ុណ្ណា បើវាមានច្រើនពេក តម្លៃនឹងលែងសូវមានវិញហើយ” ស្រីម៉ៅឆ្លើយតបដោយទឹកមុខអន្លង់អន្លោច ពេលនិយាយអំពីតារា

“មែនតើ! និយាយអ៊ីចឹង…អូនឯងអ្នកស្រុកនេះតើហី? ហេតុអីនិយាយអត់រដឺនអ៊ីចឹង?” ខ្ញុំស្រាប់តែនឹកឃើញសំណួរដែលចង់សួរយូរហើយ

“ចា៎បង! ប្រហែលមកពីធ្លាប់ទៅធ្វើការនៅក្រុងមួយរយៈធំ បានជាបាត់តុងរដឺន។ ចុះបងវិញ?​ មកទីនេះ ដើម្បីកម្សាន្ត ឬក៏មានបញ្ហាក្នុងចិត្ត?” ស្រីម៉ៅសួរសំណួរដែលខ្ញុំមិនចង់ឆ្លើយ

“អឺមមមម… ទាំង២” ខ្ញុំឆ្លើយដោយព្យាយាមគេចពីក្រសែភ្នែករបស់ស្រីម៉ៅ

“មិនថាបងមកដោយសារហេតុផលអ្វីនោះទេ ហើយទោះបីពួកខ្ញុំមិនអាចជួយបងដោះស្រាយចំណងក្នុងចិត្តក៏ដោយ តែសង្ឃឹមថាពេលវេលាប៉ុន្មានថ្ងៃនៅទីនេះ នឹងអាចធ្វើឱ្យចិត្តបងស្រស់ថ្លាជាងមុន។ អូ៎! ទូរសព្ទបងឯងជិតអស់ថ្មហើយ! បងតារាឱ្យខ្ញុំយក Power Bank ឱ្យបងតាំងពីព្រឹក តែខ្ញុំភ្លេច។ ណេះបង!” ស្រីម៉ៅក្មេងតែអាយុ តែចិត្តគំនិតមិនរាក់ទេ

“អរគុណអូន…” ខ្ញុំនិយាយ ស្របពេលឈោងដៃទទួលយកឧបករណ៍សង្គ្រោះជីវិតទូរសព្ទសំណព្វរបស់ខ្ញុំ

“តស់ទៅញ៉ាំអាហារពេលព្រឹកបង! ប្រហែលជាហេវហើយ ងើបតាំងពីព្រឹកផង” ស្រីម៉ៅនិយាយប៉ុន្មានម៉ាត់នេះ ធ្វើឱ្យខ្ញុំនឹកឆ្ងល់ទៀតហើយថា អ្នកភូមិនេះមើលចិត្តមនុស្សធ្លុះមែន? ទាំងអ៊ំស្រី ទាំងតារា ហើយស្រីម៉ៅទៀតឥលូវ។

ពេលមេឃភ្លឺបែបនេះ ទើបខ្ញុំចាប់អារម្មណ៍ឃើញថា នៅអមសងខាងផ្លូវដែលយើងដើរទៅបឹងឈូកមុននេះ សុទ្ធតែជាដីចម្ការ មានដំណាំឈើហូបផ្លែច្រើនមុខណាស់។ ចំណែកឯអ្នកភូមិម្នាក់ៗវិញ ពេលជួបមុខគ្នា និយាយឆ្លើយឆ្លងរាក់ទាក់ជាមួយស្នាមញញឹម ដែលបង្ហាញពីភាពកក់ក្តៅ និងក្តីសុខតូចៗក្នុងជីវិតបែបអ្នកជនបទ។

គ្រាន់តែដើរជិតដល់ផ្ទះបាយ ច្រមុះខ្ញុំភ្ញាក់ផ្អើលនឹងក្លិនត្រីងៀតអាំងឡើងឈ្ងុយ ធ្វើឱ្យពោះខ្ញុំចាប់ផ្តើមបញ្ចេញសំឡេងគ្រីកគ្រូកទៀតហើយ។ មិនបង្អង់យូរ…ស្រីម៉ៅ និងក្មេងប្រុសម្នាក់ទៀតមានឈ្មោះថាកុសល ក៏ជួយគ្នារៀបចំអាហារពេលពេលព្រឹកសម្រាប់គ្រប់គ្នាយ៉ាងប៉ិនប្រសប់។

ស្រីម៉ៅយកវែកដួសបបរសក្តៅៗហុយៗចេញពីក្នុងឆ្នាំងខ្នាតកណ្តាលមួយដាក់ក្នុងចានសំប៉ែតពណ៌ស លម្អដោយរូបផ្កាពណ៌ផ្កាឈូកតូចៗនៅគែមតិចៗ រួចលើកមកដាក់នៅលើតុឈើធំមួយ ដែលនៅមិនឆ្ងាយប៉ុន្មានពីចង្ក្រាន ដោយដាក់ស្លាបព្រាខ្លី១ក្នុងចាននីមួយៗ។

ឯកុសលវិញ ក៏លើកត្រីងៀតដែលទើបឆ្អិនថ្មីៗ ហើយត្រូវបានកាត់ជាដុំៗរួចស្រេចដាក់លើចានសំប៉ែតមួយ មកដាក់នៅចំកណ្តាលតុ។ រួចហើយ គេក៏ងាកទៅចាប់យកឆៃប៉ូវផ្អែម ដែលបានហាន់ជាចំណិតតូចៗរួចនៅលើជ្រុញឈើប្រេះតិចៗ មកដាក់ក្នុងចានចង្កឹះ ហើយដាក់ក្បែរគ្នានឹងចានត្រីងៀត។

មួយសន្ទុះក្រោយមក តារាក៏មកចូលរួមជាមួយពួកយើង ដើម្បីស្រស់ស្រូបអាហារពេលព្រឹកដ៏សាមញ្ញ ​តែសែនឆ្ងាញ់។ ប៉ុន្តែ មើលទៅពួកគេដូចជាកំពុងរង់ចាំនរណាម្នាក់ទៀត…ព្រោះនៅសល់បបរ ១ចានទៀត មិនទាន់មានម្ចាស់នៅឡើយ។

“តួឯកមកហើយ! តស់យើងចាប់ផ្តើមញ៉ាំ…”  តារាងាកមើលទៅទិសដៅក្រោយខ្នងខ្ញុំ ហើយនិយាយដោយញញឹមបែបលាក់បាំងអ្វីម្យ៉ាង ទៅកាន់មនុស្សម្នាក់ដែលកំពុងដើរចូលមក

ញាណចង់ដឹងចង់ឮរបស់ខ្ញុំ ក៏បញ្ជាឱ្យខ្ញុំងាកក្បាលមើលទៅតាមគេដែរ ដើម្បីឱ្យដឹងថានរណាជាតួឯកនៅក្នុងផ្ទះស្នាក់នេះ?

តែ… (O_O)???   ហេតុអ្វីជាគេ?

“វេហា?” ខ្ញុំភ្លាត់មាត់ហៅឈ្មោះគេខ្លាំងៗ

“អរុណសួស្តីភ្ញៀវពិសេស! សុំទោសដែលមកយឺតបន្តិច ដោយសារជាប់បង្ហើយការងារនៅក្នុងខេត្តព្រឹកមិញ។ យ៉ាងម៉េចដែរ? យប់ដំបូងនៅទីនេះ គេងលក់ស្រួលអត់?” វេហាសួរខ្ញុំដោយសម្លឹងមើលចំកែវភ្នែកខ្ញុំយ៉ាងមុតស្រួច

“មើលតែភ្នែកខ្មៅដូចផេនដា ក៏ដឹងចម្លើយដែរ…តែឆាប់មកញ៉ាំអីមកបង ក្មេងៗខំនៅចាំ មិនទាន់ហ៊ានលូកទេនៀក៎!” តារាឆ្លើយកាត់មុខខ្ញុំ

ម្នាក់ឈ្មោះវេហា ដែលទើបតែចូលមករួមតុ ហើយអង្គុយចំទល់មុខខ្ញុំពេលនេះ ជាមនុស្សដែលខ្ញុំធ្លាប់ស្រលាញ់ជាងនរណាទាំងអស់ ស្រលាញ់ជាងខ្លួនឯងទៅទៀត តែក្រោយពីថ្ងៃទី២២ ខែកញ្ញា ២ឆ្នាំមុន គេបានក្លាយជាមនុស្សដែលខ្ញុំស្អប់បំផុត ហើយលែងចង់ជួបមុខ។

និយាយពីរូបសម្បត្តិ គេមិនមែនជាប្រភេទបុរសក្នុងក្តីស្រមៃរបស់ខ្ញុំឡើយ។ វេហាមានសម្បុររាងសបែបកូនកាត់ចិន មិនសូវខ្ពស់ប៉ុន្មានទេ តែពេលឈរក្បែរខ្ញុំ ខ្ញុំបានតែត្រឹមស្មារបស់គេទេ។ រាងវិញ មានសាច់តិចៗ តែស្នាមញញឹមរបស់គេស្រស់ណាស់ ញញឹមម្តងៗ លេចេញស្នាមខួចដ៏មានម​ន្តស្នេហ៍តិចៗ។

តែគេពេលនេះ មានសាច់ដុំច្រើន មើលទៅមាឌឡើងមាំ បែបអ្នកហាត់ប្រាណជាប្រចាំ ហើយសក់វិញឡើងភ្លឹង! នេះស្លៀកតែខោខ្លីត្រឹមជង្គង់ អាវយឺតលាតសោះ ក៏ទាក់ទាញដែរ…

ខ្ញុំព្យាយាមផ្លុំបបរឱ្យត្រជាក់ ហើយដាក់ចូលមាត់ម្តង ១ស្លាបព្រាៗឱ្យបានរហ័សតាមដែលអាចធ្វើបាន ដើម្បីគេចពីស្ថានការណ៍ដ៏តឹងតែង។ ភ្នែកក៏មិនហ៊ានងើយមើលមុននរណា មាត់ក៏មិនហ៊ានហើបនិយាយតបនឹងប្រធានបទអ្វី ដែលអ្នកដទៃកំពុងជជែកជាមួយគ្នាយ៉ាងសប្បាយរីករាយ។

          ទោះបីខ្ញុំឈ្ងោកមុខចុះមើលតែចានបបរ ត្រីងៀត និងឆៃប៉ូវក៏ដោយ តែខ្ញុំអាចទទួលអារម្មណ៍ដឹងថា មានកែវភ្នែកមួយគូកំពុងតែឃ្លាំមើលសកម្មភាពរបស់ខ្ញុំយូរៗម្តង។ ហ៊ើយ!!! ថាមកឱ្យបានធូរស្រាលចិត្ត តែសង្ស័យបានទុក្ខថែមមួយកម្រិតទៀតណាស់… (T_T)

          គ្រាន់តែឃើញខ្ញុំលើកចានរបស់ខ្ញុំយកទៅដាក់កន្លែងលាង តារាក៏ចាប់ផ្តើមប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយភ្លាម         

“ប្រហែលជាមិនបាច់ណែនាំអ្វីច្រើនទេ ដោយសារតែធ្លាប់ស្គាល់គ្នាស្រាប់ហើយ តែមានរឿងមួយ ខ្ញុំត្រូវតែបញ្ជាក់ឱ្យច្បាស់… បងវេហានឹងជាមគ្គុទេ្ទសក៍នាំផ្លូវ និងអ្នកសម្របសម្រួលគ្រប់សកម្មភាពនៅក្នុងផ្ទះស្នាក់របស់យើង។

មានន័យថារាល់សំណួរ ឬសំណូមពរអ្វី​ ចន្ទ្រាអាចទាក់ទងផ្ទាល់ជាមួយគាត់បាន លេខទូរសព្ទហ្វេសប៊ុកអីមានអស់ហើយត្រូវអត់? គ្រាន់តែដោះ Block ចេញទៅបានហើយ” តារានិយាយដូចដឹងរឿងគ្រប់សព្វតែម្តងពេលនេះ សង្ស័យវេហាបានប្រាប់គេអស់ហើយ

          “សុំប្តូរមនុស្សបានអត់? បើមិនអាចទេ ខ្ញុំចង់ប្តូរថ្ងៃ Check-out ទៅថ្ងៃនេះវិញ” ខួរក្បាលខ្ញុំនឹកឃើញតែវិធីគេចវេសមួយហ្នឹងទេ

          “ចន្ទ្រាបានបង់ថ្លៃស្នាក់នៅរួចអស់ហើយ ខាងយើងមិនអាចបង់ជូនត្រឡប់ទៅវិញទេ។ សុំទោសផងណា៎! ម្យ៉ាង…​ខ្ញុំ និងកុសលត្រូវទៅមើលការងារក្នុងសហគមន៍តម្បាញនៅឯចុងភូមិ ហើយស្រីម៉ៅត្រូវនៅមើលបោសសម្អាតទីនេះ។ តែមិនបាច់ខ្លាចទើសទាល់អីទេ ព្រោះនឹងមានក្មេងៗក្នុងភូមិទៅជាមួយដែរ មិនមែនទៅតែ២នាក់ទេ” តារាមើលមុខខ្ញុំដោយទឹកមុខម៉ត់ចត់

          “ខ្ញុំមិនត្រូវការប្រាក់បង់សងទេ តែ…” ខ្ញុំនៅរក្សាជំហរចង់ចាកចេញ តែវេហាក៏លូកមាត់

          “បានជាមកដល់ហើយ ម៉េចមិននៅឱ្យយូរបន្តិច? ខ្លាចអី? ខ្លាចកង្កែប ឬមួយខ្លាចហ៊ីង? មើលទៅ…ចន្ទ្រានៅតែជាចន្ទ្រាពីមុន អត់ហ៊ានប្រឈមមុខនឹងការពិត បានតែរត់គេច។ ប្រុងគេចដល់ជើងមេឃមែន?” សម្តីរបស់វេហាប្រៀបដូចជាទឹកអាល់កុលចាក់ពីលើរបួសថ្មីៗ

          “នៅក៏បាន…កុំឱ្យអ្នកខ្លះថា ខ្ញុំកំសាក” ខ្ញុំក៏តបវិញបែបនេះ ដោយចង់ឈ្នះចិត្តគេ

—————————-

ភាពស្រស់បំព្រង ក្នុងវេលាអាប់អួ

          “ចង់ឌុបបង ឬក៏ឱ្យបងឌុប?” វេហាសួរសំណួរដែលមិនបាច់សួរក៏មានចម្លើយ

          ខ្ញុំមិនតប ហើយដើរទៅអង្គុយលើកែបក្រោយនៃកង់មីគីជំនាន់យូរឆ្នាំ ដោយធ្វើជាសម្លឹងមើលទៅមេឃ រួចងាកទៅរាក់ទាក់ក្មេងប្រុស២នាក់ ដែលកំពុងត្រៀមចេញដំណើរទៅជាមួយយើង ដោយមានកូនកង់រាងចំណាស់ដែលប្រឡាក់ភក់តិចៗម្នាក់មួយ។

          “ឃើញមានសាច់ជាងមុន​ តែមិនស្មានថា គីឡូឡើងធ្ងន់ជាងមុនខ្លាំងសោះ…ដូចឌុបកូនជ្រូកហើយនៀក៎!” មនុស្សគួរឱ្យស្អប់និយាយសម្តីដែលមិនគួរឱ្យស្តាប់ទៀតហើយ

          ជិះតាមផ្លូវលំតូចៗ​ ដែលមានផ្ទះអ្នកភូមិនៅអមសងខាងមួយស្របក់ យើងក៏ទៅដល់ផ្សារបន្លែធំជាងគេក្នុងភូមិស្ថិតនៅជាប់នឹងរបងវត្តមួយ។ អ្នកលក់បន្លែស្រស់ៗ ត្រី សាច់ គ្រឿងផ្សំផ្សេងៗតម្រៀបគ្នាជាជួរតាំងលក់កសិផល និងផលិតផលរបស់ខ្លួនយ៉ាងមានរបៀប ដោយទុកចន្លោះធំល្មមធ្វើជាផ្លូវនៅចំកណ្តាលឱ្យអតិថិជនដើរមើលដើរទិញ។

វេហាប្រាប់ខ្ញុំថា នេះជាផ្សារគំរូប្រចាំភូមិដែលជាគម្រោងមួយរបស់គេ…ស្តាប់យូរៗទៅ! គេដូចជាមេភូមិអ៊ីចឹង!

          ទោះបីផ្សារនេះមានទំហំមិនធំក៏ពិតមែន តែមានគ្រប់សព្វ! ហើយតម្លៃក៏ធូរមែនទែន រីឯឥវ៉ាន់ដាក់លក់វិញ ស្រស់ក៏ស្រស់ ធម្មជាតិក៏ធម្មជាតិ! សំខាន់​ គឺមានអនាម័យទៀត។

          វេហា និងក្មេងៗដើរទិញគ្រឿងផ្សំខ្លះ សម្រាប់ធ្វើម្ហូបបាយថ្ងៃត្រង់ រីឯខ្ញុំវិញ ទិញបាននំខ្មែរដែលកម្របានខ្លះៗ ទុកធ្វើជាចំណីកំដរមាត់ ព្រោះមនុស្សខ្ញុំនេះមិនសូវចេះទំនេរមាត់យូរទេ អ៊ីចឹងហើយបានជាគីឡូឡើងស្រឺតៗ។

ចេញពីផ្សារ​ យើងក៏ជិះតាមផ្លូវអមសងខាងដោយវាលស្រែវិញម្តង…មើលទេសភាពស្អាតៗផ្ទាល់ភ្នែកបែបនេះ ត្រជាក់ភ្នែកជាងមើលរឿងកុន 5D ទៀត។ មើលចុះ!!! មានតែពណ៌បៃតងខ្ចីនៃដើមស្រូវទើបលាស់ថ្មី និងពណ៌ផ្ទៃមេឃស្រាលនៃមេឃា អមដោយពពកពណ៌សក្បុស ។​ ឃើញហើយ អារម្មណ៍ធូរស្រាលច្រើនណាស់!

          សំខាន់…ជិះមួយផ្លូវមានតែយើងទេ…យូរៗម្តង ទើបមានអ្នកភូមិជិះកាត់ម្នាក់។ ចូលចិត្តចរាចរណ៍បែបនេះមួយទំហឹងតែម្តង! ប្រៀបជាមួយផ្លូវនៅភ្នំពេញវិញ គ្រាន់តែនឹកគិតពីផ្លូវត្រូវជិះម្តងៗ ក៏ចង់យំដែរ។ ធ្វើដំណើរនៅទីនេះ ផ្លូវក៏ទូលាយ សំឡេងក៏ស្ងាត់ ចរាចរណ៍ក៏សុវត្ថិភាព លើកលែងតែករណីជិះភ្លេចខ្លួន អាចរេចង្កូតធ្លាក់ចូលអូរ។

          វេហាដឹងពីចិត្តខ្ញុំច្បាស់…ទោះបីខ្ញុំមិននិយាយក៏ដោយ គេតែងតែឈប់នៅកន្លែងណាដែលមានទេសភាពស្អាតខ្លាំង ឱ្យខ្ញុំផ្តិតយករូបថតអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំទុកក្នុងកាមេរ៉ារបស់ខ្ញុំ។

          “លួចថតគេមែន?!” ខ្ញុំសម្លុតសួរគេ ពេលក្រឡេកឃើញគេកំពុងកាន់ទូរសព្ទដូចជាចុចថតរូបខ្ញុំ ដែលកំពុងជំទិតជំទូងថតរូបទេសភាព និងសកម្មភាពក្មេងទាំង២នាក់

          “ឈប់ចូលចិត្តស្តាយ៍លួចថតហើយមែន៎? ថាថតហើយចាំផ្ញើឱ្យ” វេហាសួរដោយកែវភ្នែកបែបនោះទៀតហើយ ភ្នែកដែលពោរពេញដោយចិត្តស្មោះសរ

          គេនៅចាំអ្វីដែលទាក់ទងនឹងខ្ញុំច្បាស់យ៉ាងនេះផងហ៎? ឬមួយក៏គ្រាន់តែចង់ឌឺដងខ្ញុំទេ៎? ម៉េចក៏បេះដូងខ្ញុំដូចជាចាប់ផ្តើមលោតខុសចង្វាក់បែបនេះ? ជាពិសេស ពេលដែលគេលូកដៃមកញ៉ុកកាសត្រចៀកអត់ខ្សែមួយចំហៀងដាក់ត្រចៀកខាងស្តាំរបស់ខ្ញុំ ដែលកំពុងបន្លឺសំឡេងចម្រៀងក្នុង Playlist ដែលខ្ញុំចូលចិត្តស្តាប់ជាងគេ។

អារម្មណ៍ក៏ចាប់ផ្តើមជ្រួលច្របល់នឹងចេតនារបស់គេក្នុងពេលនេះ…តែក៏មិនអាចសួរអ្វីបាន​តាមចរិតមាត់រឹងរបស់ខ្ញុំ​។ បានតែធ្វើមិនដឹង ហើយអង្គុយពីក្រោយគេដោយស្ងៀមស្ងាត់។ឮ

មួយស្របក់ធំក្រោយមក យើងក៏ជិះចុះតាមភ្លឺស្រែ ដោយចុះបណ្តើរកង់តម្រង់ទៅខ្ទមស្រែប្រក់ស្លឹកជាដំបូលមួយ ដែលនឹងជាកន្លែងស្នាក់អាស្រ័យបាយថ្ងៃត្រង់របស់យើង។ វេហាប្រាប់ឱ្យខ្ញុំទៅរកចាក់អង្ក្រងជាមួយក្មេងៗ ហើយគេនឹងនៅរៀបចំបង្កាត់ភ្លើងដុតមាន់។

          ចាក់អង្ក្រង??? ព្រះអើយ! ធ្លាប់តែញ៉ាំប្រហុកអង្ក្រងចិញ្ច្រាំស្រាប់ៗទ្រាប់ជាមួយអន្លក់។ នេះត្រូវដើរចាក់អង្រ្កងខ្លួនឯងហ៎? លេងសើចពេកទេដឹង!!!

          ក្មេងតូចទាំង២នាក់ ក៏ដើរនាំមុខខ្ញុំទៅផ្ទះរបស់អ្នកភូមិជាស្ត្រីចំណាស់ម្នាក់ ដើម្បីធ្វើកិច្ចការរបស់ពួកយើង និងរៀបចំចិញ្ច្រាំប្រហុក ព្រមទាំងបាយខ្ចប់ស្លឹកឈូក សម្រាប់យកមកខ្ទមស្រែរបស់យើង។ អ៊ំស្រីមិនត្រឹមតែពូកែធ្វើម្ហូបទេ ថែមទាំងចិត្តល្អទៀត…ថ្វីត្បិតថាគាត់លួចសើចពេលឃើញខ្ញុំមិនចេះធ្វើអ្វី តែគាត់ក៏ជួយបង្រៀនមួយៗ ដោយមិនប្រកាន់អ្វីឡើយ។

          ក្រោយពីជួយពួកយើងត្រៀមអាហារ និងបាយរួចហើយ គាត់ក៏បានរួមដំណើរជាមួយយើង ដើម្បីជួយកាន់របស់របរមកកន្លែងរបស់យើងទៀត។​ ​នៅតាមផ្លូវ គាត់ក៏បានរៀបរាប់អំពីជីវភាពបែបសាមញ្ញរបស់គាត់ក្រោយពេលផ្លាស់ទីលំនៅពីក្រុងមកនៅទីនេះ និងនិយាយខ្លះៗអំពីស្ថានភាពរបស់អ្នកភូមិផងដែរ។​

          “ម៉ែ! មកពិសាបាយជាមួយពួកយើងដែរមែន៎? ថ្ងៃនេះ បានមាន់ធំល្អណាស់! កំពុងដាក់ដុត​ ជិតឆ្អិនហើយ” វេហាមើលឃើញពីចម្ងាយ ក៏រត់មកជួយយួរឥវ៉ាន់ពីដៃរបស់អ៊ំស្រី

          អេ៎! ម៉ែ??? អ៊ីចឹងបានន័យថា អ៊ំស្រីជាម្តាយរបស់គេ? លោកព្រះ! ខ្មាសគាត់ណាស់… មិនដឹងថា គាត់បានដឹងរឿងអតីតរបស់យើងឬអត់ទេ?

          “កូនអ្នកក្រុង មានជួយអីបានខ្លះអត់ម៉ែ? សង្ស័យបានតែឈរមើលទេ…” ឃើញខ្ញុំមានឫកពាអឹមអៀន គេក៏ប្រឹងនិយាយបញ្ឆិតបញ្ឆៀង

          “មកពីគ្នាមិនធ្លាប់ធ្វើ តែរៀនឆាប់ចេះណាស់ បង្រៀនតែបន្តិចក៏ធ្វើបានហើយ។ ចុះដុតមាន់ ម៉េចកូនឯងមិនចាំឱ្យគ្នាមើលផង ក្រែងលោគ្នាមិនធ្លាប់បានឃើញមាត់ដុតចំបើង”​​ ម្តាយវេហាពិតជាចិត្តល្អមែន

          “មកពីខ្លាចយូរហ្នឹងណាម៉ែ…ព្រឹកមិញបានតែបបរស១ចាន ហើយនៅតាមផ្លូវមុននេះ ឮសំឡេងអ្នកខ្លះកូរពោះបណ្តើរៗហើយ” វេហាមិនព្រមឈប់ចំអកដោយប្រយោលដាក់ខ្ញុំមែន

          “ចូលចិត្តតែឌឺដងគ្នាអ៊ីចឹងហើយកូនឯងហ្នឹង…តស់! ចន្ទ្រា…រៀបចំបាយទឹកទៅក្មួយ ហេវយូរ ប្រយ័ត្នឈឺក្រពះ” មានតែសម្តីអ៊ំស្រីទេ​ ទើបអាចបង្ក្រាបបិសាចមាត់ខិលដូចគេបាន

          “មែនហើយ!​ ឆាប់លឿនៗទៅ ប្រយ័ត្នខ្យល់គរ អត់អ្នកបីរួចទេ ត្រឹមតែឌុបកង់មុនហ្នឹងប្រឹងធាក់ឡើងចង់គ្រេចក្រលៀនហើយ។ ហើយមាន់ដុតចំបើង បានថតវីដេអូពីរបៀបរៀបចំឱ្យរួចហើយ ចាំពេលឆ្អិន ថតថែមតិចទៅបានហើយ” សម្តីវេហាប្រែជាទន់ភ្លន់

          ពួកយើងទាំងអស់គ្នាជួយគ្នាម្នាក់បន្តិច រៀបចំបាយដាក់លើស្លឹកឈូកម្នាក់មួយ មុននឹងបើកបុកប្រហុកអង្ក្រងទើបបុកហើយថ្មីៗ អមជាមួយអន្លក់ធម្មជាតិចម្រុះពណ៌ប្រមូលផលស្រស់ៗពីផ្ទះអ៊ំចិន្តា (ម្តាយរបស់វេហា)ខ្លះ ទិញពីផ្សារមកខ្លះ។ ហើយម្ហូបតួឯកក្នុងថ្ងៃនេះ គឺមាន់ដុតចំបើង… នេះជាលើកទីមួយហើយ ដែលខ្ញុំបានឃើញបានស្គាល់។

          វេហាប្រាប់ថា ក្រោយពីប្រលាក់មាន់រួចហើយ យើងត្រូវចងមាន់ដាក់នឹងបង្គោល ឬឈើអ្វីម្យ៉ាងឱ្យផុតពីដី ដោយដាក់ចានគោមមួយនៅខាងក្រោម ដើម្បីត្រងទឹកដែលធ្លាក់ចុះមក ព្រោះទឹកហ្នឹងមានជាតិណាស់ ទុកដាក់លើប្រហុកចិញ្ច្រាំជាទឹកជ្រលក់ ​រសជាតិរឹតតែអ៊ែម។ រួចហើយដាក់ធុង ឬប៉ោតមួយគ្របពីលើមាន់ ដោយយកដីបិទប្រហោងកៀនៗឱ្យជិត ចៀសវាងការហុយដី ឬផេះចូល។

          បន្ទាប់មក ដាក់ដុតចំបើងពីលើធុង ហើយបន្តដាក់ថែមចំបើងរហូតដល់រយៈពេលខ្ទង់២០-២៥នាទី។ ហើយលើកធុង ឬប៉ោតឡើងលើ ដើម្បីមើលថាឆ្អិនល្អឬនៅ ជាការស្រេច។ រសជាតិពិសេសតែម្តង! ហើយក៏មានក្លិនឈ្ងុយប្លែកផងដែរ!

ញ៉ាំបាយនៅកណ្តាលវាលស្រែ ម្ហូបបែបស្រុកស្រែបែបនេះ អត់មានស្លាបព្រា ក៏មិនជាបញ្ហាដែរ! ទាំងខ្ញុំ ទាំងក្មេងៗ ញ៉ាំរហូតដល់លិតដៃហើយ…ឡើងភ្លេចរៀបឫកនៅមុខចាស់ទុំ។

ពេលដែលក្មេងៗជូនអ៊ំចិន្តាត្រឡប់ទៅផ្ទះវិញ ខ្ញុំក៏នៅសម្រាកក្នុងខ្ទមស្រែជាមួយមនុស្សដែលធ្វើឱ្យបេះដូងខ្ញុំលោតញាប់ជាថ្មី។ បរិយាកាសបែបនេះ…ទីស្ងាត់ តែចិត្តមិនស្ងប់នោះទេ!

ខ្ញុំខំប្រឹងធ្វើពុតជាបិទភ្នែកគេង បែរខ្នងដាក់គេ ដែលកំពុងអង្គុយរៀបចំសន្ទូចសម្រាប់សកម្មភាពបន្ទាប់ ទាំងដែលក្នុងចិត្តរបស់ខ្ញុំកំពុងច្របូកច្របល់រកផ្លូវចេញមិនឃើញ តែគេនៅតែហុចក្រដាសមួយដែលបត់ជាផ្នត់ និងមានស្នាមជ្រួញជាច្រើនមកដាក់ក្នុងដៃរបស់ខ្ញុំ។

ពេលដែលអូនបានអានសំបុត្រនេះ គួរតែជាពេលដែលបងក្លាយជាមនុស្សរឹងមាំឡើងវិញ និងមានភាពក្លាហានក្នុងការប្រឈមមុខនឹងអូនម្តងទៀតហើយ… បងដឹងថា បងជំពាក់់ការបកស្រាយប្រាប់អូន ហើយនេះគួរតែជាពេលដែលអូនត្រូវដឹងការពិតហើយ។

កាលពី២ឆ្នាំមុន បងអត់បានទៅរៀននៅក្រៅទេ ហើយក៏អត់បានមានអ្នកថ្មីដែរ តែបងត្រូវមើលថែប៉ាបងដែលមានជំងឺសរសៃប្រសាទ ក្រោយពេលក្រុមហ៊ុនក្ស័យធុន និងត្រូវខំប្រឹងធ្វើការងារដោះបំណុលរបស់គាត់ ក្រោយពេលគាត់ស្លាប់។

បងដឹងថាបងមិនគួរកុហកទេ តែបងមិនចង់ឱ្យមនុស្សដែលបងស្រលាញ់មករួមទុក្ខជាមួយបងឡើយ ព្រោះបងដឹងច្បាស់ថា តាមចរិតអូន អូននឹងខំប្រឹងជួយបងតាមលទ្ធភាព។

ម្យ៉ាងទៀត បងក៏បានសន្យានឹងប៉ាធម៌អូនថា បងនឹងបន្តសេពគប់ជាមួយអូនបានដរាបណាបងអាចឱ្យអូនមានក្តីសុខច្រើនជាងក្តីទុក្ខ សំឡេងសើចច្រើនជាងសំឡេងយំ ហើយបងគិតថា បងអាចធ្វើវាបានហើយពេលនេះ។

នៅចាំបានទេ៎? អូនធ្លាប់និយាយថា ចង់មានផ្ទះស្នាក់នៅជនបទមួយ ដែលអាចឱ្យអ្នកមានអារម្មណ៍ស្មុគស្មាញនឹងបញ្ហាជីវិតនៅទីក្រុង​អាចមកសម្រាកលំហែបាន។ ផ្ទះស្នាក់សម្រស់ស្រុកស្រែនេះ កើតចេញពីគំនិត និងបំណងរបស់អូនហ្នឹងហើយ។

          បងគ្រាន់តែចង់ប្រាប់អូនថា…អ្វីដែលបងបានធ្វើកន្លងមក កំពុងធ្វើរាល់ថ្ងៃ និងមានគម្រោងធ្វើនៅថ្ងៃអនាគត មួយផ្នែកធំ គឺដើម្បីសុភមង្គលរបស់អូន ទោះបីពេលខ្លះមិនមានវត្តមានបងនៅក្បែរអូនក៏ដោយ។ ចិត្តស្រលាញ់បងដែលមានចំពោះអូន គឺមានតាំងពីដើមមក ហើយនឹងមានជារៀងរហូត

          តែបងក៏ដឹង…ពេលវេលាដើរទៅមុខ ចិត្តមនុស្សក៏អាចផ្លាស់ប្តូរ។ បើសិននៅក្នុងបេះដូងអូនលែងមានវត្តមានបងហើយ ក្រោយពីអានសំបុត្រមួយនេះរួច អូនគ្រាន់តែហែកវាចោលចុះ បងនឹងអាចដឹងពីចម្លើយរបស់អូន។ ហើយបងនៅតែជូនពរអូន ឱ្យមានសុភមង្គលទៅថ្ងៃមុខ។

          ពីបង

          វេហាដែលភ្លឺថ្លា​ ដោយសារពន្លឺចន្ទ្រា

          ទឹកភ្នែកខ្ញុំហូរតាំងពីអានប៉ុន្មានឃ្លាដំបូងម្ល៉េះ តែចិត្តខ្ញុំកាន់តែច្របល់…ហេតុអ្វីក៏មកឱ្យខ្ញុំដឹងការពិតពេលនេះទៅវិញ? មុននេះបន្តិចមិនបានទេហី? ខ្ញុំទើបដាក់ចិត្តស្រលាញ់មនុស្សម្នាក់ ហើយខ្ញុំម៉េចនឹងអាចធ្វើបាបចិត្តគេ ដោយសារតែមនុស្សអតីតម្នាក់?

          តែមនុស្សអតីតម្នាក់នេះ បានធ្វើរឿងច្រើនណាស់ ដើម្បីខ្ញុំ…តើខ្ញុំគួរតែសម្រេចចិត្តបែបណាទៅ? ទេវតាលេងសើចនឹងមនុស្សពេកហើយ!!!​

          ទោះយ៉ាងណា ក៏ត្រូវតែធ្វើឱ្យបាន…ចាស់មិនទៅ ថ្មីក៏មិនមក! បើនៅអានទំព័រចាស់ ម៉េចនឹងបានអានទំព័រថ្មី? នឹកឃើញឃ្លាទាំងនេះហើយ ខ្ញុំក៏ជូតទឹកភ្នែកឱ្យស្ងួត ហើយងើបឡើងងាកមើលមុខគេចំ ដោយលើកលិខិតនោះហែកជាបំណែកឱ្យគេឃើញផ្ទាល់ភ្នែក ហើយនិយាយថា

          “សុំទោសផង! ពេលនេះ ខ្ញុំមានមនុស្សក្នុងចិត្តហើយ អរគុណសម្រាប់ការលះបង់ និងរឿងកន្លង​ តែខ្ញុំចង់ចាប់ផ្តើមទំព័រស្នេហាថ្មីជាមួយមនុស្សថ្មី” ខំប្រឹងទប់ហើយ ទឹកភ្នែកនៅហូរដដែល

          “មិនអីទេ! បងយល់…តែបងសង្ឃឹមថា យើងនៅអាចរាប់អានគ្នា សិស្សប្អូន” វេហាឆ្លើយតបដោយទឹកមុខស្មើ តែកែវភ្នែករបស់គេពោរពេញដោយភាពសោកសៅ

          យើងនៅតែបន្តនិយាយគ្នាដូចធម្មតា ដូចជាទើបលេបថ្នាំបំភ្លេចអតីតកាលរួច។ ហើយសកម្មភាពបន្ទាប់ក្នុងថ្ងៃនេះ គឺជិះរទេះគោទៅស្ទូចត្រី និងមើលថ្ងៃលិចនៅមាត់ស្រះមួយ។

          “បងចន្ទ្រារវល់ភ្លឹករឿងអីហ្នឹង? ត្រីស៊ីសន្ទូចហើយ! ឆាប់លើកឡើងបង…” ស្រីម៉ៅដែលកំពុងដើរមករកខ្ញុំជាមួយកញ្ជើមួយដ៏ធំ ស្រែកសួរខ្ញុំពីចម្ងាយ

          “វាត់គ្នាម្ល៉ឹងៗ ដាច់មាត់ត្រីអស់ហើយ…មានកំហឹង មិនគួរបញ្ចេញជាមួយត្រីអ៊ីចឹងទេ គ្នាមិនដឹងអីផង” តារាបន្ទោសខ្ញុំ ពេលគេដើរចូលមកជាមួយបំពង់ទឹកត្នោតនៅក្នុងដៃ

          “មកពីស្លន់ពេកហ្នឹងណា៎! ហើយនិយាយអ៊ីចឹង មកជុំគ្នាល្អម៉េះ? យើងញ៉ាំអីនៅហ្នឹងមែនល្ងាចនេះ?” ខ្ញុំប្រឹងនិយាយបន្លប់

          “មគ្គទេសក៍ថ្ងៃនេះធ្វើការមិនបានល្អទេមើល៎ទៅ…ម៉េចក៏ភ្ញៀវអត់ដឹងកម្មវិធីដើរលេងអីសោះអ៊ីចឹង? ហើយទៅណាបាត់ហើយ? ទុកឱ្យភ្ញៀវវីអាយភីនៅតែឯងបែបនេះ ម៉េចសម?” តារាមាត់ត្រង់ហើយរហ័ស និយាយមិនឈប់

          “បុគ្គលិកអី មិនដឹងថាមេទៅណាអ៊ីចឹង? គេថាមានការបន្ទាន់ត្រូវធ្វើនៅខេត្ត” ខ្ញុំឆ្លើយប្រាប់តាមអ្វីដែលវេហាបាននិយាយ មុននឹងចេញទៅ

          “ច្បាស់ហើយថា មិនមែនមកពីអ្នកខ្លះផ្តល់ចម្លើយដែលធ្វើឱ្យខកចិត្ត ហើយមេខ្ញុំក៏រត់គេចបាត់?” តារានិយាយដូចដឹងរឿង

           “អេ៎! បងតារាឆាប់រៀបចំបង្កាត់ភ្លើងទៅ នឹងអាលឆាប់បានអាំងត្រី អាំងកង្កែប” ក្មេងស្រីចរិតចាស់ទុំស្រីម៉ៅ ជាអ្នកស្រោចស្រង់ស្ថានការណ៍យ៉ាងរហ័សទាន់ចិត្ត

          ភារកិច្ចរបស់ខ្ញុំ គឺអង្គុយស្ទូចត្រីឱ្យបានច្រើន ព្រោះម្ហូបល្ងាចនេះពឹងលើថ្វីដៃខ្ញុំហើយ។ ដំបូងៗ ឱ្យតែឃើញប៉ោលរង្គើតិចៗ ខ្ញុំប្រញាប់លើកសន្ទូចឡើងហើយ តែស្រីម៉ៅបង្គាប់ថា ចាំទាល់តែប៉ោលលិចជ្រៅចូលទៅក្នុងទឹក ហើយមានអារម្មណ៍ថាត្រីទាញសិន ចាំលើកវាឡើងដោយប្រើកម្លាំងខ្លាំងល្មម។

          ក្រោយពេលបានគន្លឹះពីអ្នកជំនាញ ខ្ញុំម្នាក់ឯងស្ទូចបានត្រីឡើង១ធុង ហើយច្រើនជាងគេ គឺត្រីក្រាញ់…ឯកុសលវិញ បបក់បានសុទ្ធតែកូនត្រីផ្ទក់ធំៗល្អណាស់។ ត្រីរស់ដោយធម្មជាតិបែបនេះ រសជាតិប្រាកដជាមិនដូចត្រីចិញ្ចឹមទេ!

ស្រីម៉ៅរៀបចំលាងសម្អាតត្រី ហើយដាក់តម្រៀបជាមួយចង្កាក់ធ្វើពីឫស្សីដែលតារាបានសកមករួចស្រេច ឬដែលគេតែងហៅថាតម្បុត។ ចង្ក្រានបែបសាមញ្ញ ដោយប្រើឈើផ្គុំលើគ្នា ជាបង្គោលទប់ត្រីឱ្យនៅរាងខ្ពស់ពីភ្លើង ត្រូវបានរៀបចំរួចរាល់ជាមួយនឹងភ្លើងល្មមសម្រាប់ការអាំង។

ក្លិនឈ្ងុយពេលអាំង ធ្វើឱ្យខ្ញុំលេបលួចទឹកមាត់ច្រោកៗដោយមិនដឹងខ្លួន។ សំណាងបានបុកអំពិលខ្ចី ស្រីម៉ៅត្រៀមសម្រាប់ជ្រលក់ជាមួយត្រី និងកង្កែបបោក…គ្រាន់បានញ៉ាំតិចៗ សម្រន់ពោះខ្លះ។

          ជីវិតនៅទីនេះ ពិតជាសាមញ្ញមែន…ម្ហូបអាហារសុទ្ធតែជារបស់នៅជុំវិញខ្លួន ចង់បានអី ដើរចាប់ ដើរកាត់ ដើរបេះតែបន្តិច រួចមួយពេលពីរពេលបាត់…ម្ហូបសាមញ្ញ តែរសជាតិមហាពិសេស!!!

ហើយល្ងាចនេះ រឹតតែពិសេស ត្រង់មានទឹកត្នោតជូរតែម្តង! គ្រឿងក្លែមវិញ គឺអំពិលខ្ចី ជ្រលក់អំបិលក្រួសបុកជាមួយម្ទេស និងខ្ទឹម ចេញទឹកតិចៗ​ ជាស្នាដៃរបស់កុសល គ្រាន់តែឃើញហៀរទឹកមាត់ច្រោកៗ!

ចំណែកស្រីម៉ៅវិញ ក៏បានផ្លែកន្ទួតមួយកំប៉ុងធំ ដំដាក់ទឹកត្រីលាយស្ករក្រហម និងម្ទេសតិចៗ…ជូរក៏ជូរ ហឹរក៏ហឹរ! សង្ឃឹមថា មិនពិបាករត់ដណ្តើមបង្គន់គ្នាទេយប់នេះ។

ដោយសារកុសល និងស្រីម៉ៅនៅក្មេង ហើយត្រូវធ្វើការពីព្រលឹម អ៊ីចឹងហើយពួកគេញ៉ាំតែទឹកត្នោតផ្អែមទេ មានតែខ្ញុំ និងតារា ដែលនៅតទល់ផឹកទឹកត្នោតជូរ។ បើជ្រុលជាមកដល់ទីនេះហើយ ត្រូវតែសាកឱ្យគ្រប់រសជាតិ!

ស្រវឹងស្រឿងៗ តារាក៏ចាប់ផ្តើមនិយាយប៉ប៉ាច់ប៉ប៉ោចជាមួយតុងសំឡេងបែបអ្នកស្រវឹង

“សួរមួយមើល៎! នឹកឃើញអី មកលេងផ្ទះស្នាក់បែបស្រុកស្រែអ៊ីចឹង?”

“ខ្ញុំក៏ចង់សួរសំណួរហ្នឹងដែរ…មនុស្សភាគច្រើនដើរលេងនៅស្រុកក្រៅ ឬកន្លែងមានភ្នំ មានសមុទ្រ ឬក៏ដើរព្រៃអីចឹង ចុះបងនឹកឃើញអីមកកន្លែងបែបនេះ?” ស្រីម៉ៅសួរបន្ថែម

“ថាខ្ញុំខុសគេក៏បាន… អ្នកខ្លះ គេមានស្រុកកំណើតអាចទៅលេងពេលនឹកផ្ទះម្តងៗ តែអ្នកខ្លះទៀតដូចខ្ញុំ មិនដឹងទៅណាទេ…អ៊ីចឹង មានតែមកទទួលយកបទពិសោធន៍ តាមរយៈសេវាកម្មផ្ទះស្នាក់បែបនេះឯង” ខ្ញុំឆ្លើយដោយមិនទាន់អស់ការពិត

“និយាយដូចមេយើងណាស់…ឮថា គាត់ខំរៀបចំគ្រប់យ៉ាងនៅទីនេះ ដើម្បីសម្រេចក្តីស្រមៃរបស់មនុស្សម្នាក់…គឺជាបងមែន៎?” កុសលសួរខ្ញុំជាលើកទីមួយ តែជាសំណួរពិបាកឆ្លើយ

“មិនទាំងស្រុងនោះទេ…មេយើងមិនមែនជាមនុស្សយកស្នេហាជាធំទេ…គម្រោងទាំងអស់ដែលគាត់ធ្វើ គឺដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រជាជននៅទីនេះ ទាំងផ្ទះស្នាក់ ទាំងស្នាដៃតម្បាញ ទាំងសកម្មភាពយុវជន។ ហើយគាត់តែងតែរំលឹកប្រាប់យើងថា ទោះបីយើងមិនមានសមត្ថភាពលើកទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ តែយើងអាចធ្វើរឿងតូចៗមួយចំនួន ដើម្បីឱ្យក្មេងជំនាន់ក្រោយស្រលាញ់ជាតិសាសន៍ខ្លួនកាន់តែខ្លាំង និងអាចធ្វើរឿងនោះបាននៅថ្ងៃណាមួយ។

ចាំបានថា…ជួបគាត់ដំបូង ពេលខ្ញុំមកលេងម៉ែនៅស្រុកឆ្នាំមុន ពេលនោះខ្ញុំបាត់បង់ការងារ ហើយត្រូវប៉ាកាត់កាល់ចោល ក្រោយពេលដឹងថា ខ្ញុំស្រលាញ់ភេទដូចគ្នា។ ​វាជាពេលដែលដុនដាបជាងគេក្នុងជីវិតខ្ញុំ តែសំណាងណាស់ បានជួបគាត់ ហើយបានប្រឹក្សាពីផែនការជីវិត រហូតបានក្លាយជាអ្នកគ្រប់គ្រង និងដឹកនាំគម្រោងក្រោមការជួយជ្រោមជ្រែងរបស់គាត់។

គាត់មិនដែលឱ្យខ្ញុំបោះបង់ចោលអាជីពការងារដែលខ្ញុំស្រលាញ់ជាអ្នកនិពន្ធ និងភាពជាខ្លួនឯងដែលជាប្រុសស្រលាញ់ប្រុស ដោយសារតែសម្តីរបស់អ្នកដទៃឡើយ។ ហើយគាត់បានបង្រៀនខ្ញុំឱ្យខំប្រឹងធ្វើឱ្យចេញជាសមិទ្ធផលបង្ហាញប្រាប់ពួកគេថា អ្វីដែលខ្ញុំចង់ធ្វើ អ្វីដែលជាខ្ញុំ គឺល្អសម្រាប់ខ្ញុំ ហើយក៏អាចមានអត្ថន័យសម្រាប់អ្នកផ្សេងទៀតផងដែរ ដរាបណាខ្ញុំមិនបោះបង់ចោល។” តារាបង្ហាញពាក្យក្នុងចិត្តដោយសម្តីទន់ភ្លន់លើកដំបូង ទាំងភ្នែកប្រែជាក្រហមរកកល់ចង់ហូរទឹកនេត្រា

“ខ្ញុំវិញ…អាចមានថ្ងៃនេះ ក៏ដោយសារតែបងតារា និងបងវេហាដែរ។ ពួកបងទាំង២ បានជួយសង្គ្រោះជីវិតខ្ញុំ និងកូនក្នុងថ្ងៃនោះ…ខ្ញុំចាំមិនភ្លេចទេ! ខ្ញុំអាចក្លាយជាមនុស្សរឹងមាំបាន ដោយសារការជួយនាំផ្លូវរបស់ពួកបង។

ឃ្លាមួយដែលបងវេហាធ្លាប់ប្រាប់ខ្ញុំ ហើយខ្ញុំចាំមិនភ្លេចដល់ថ្ងៃនេះ គឺ មិនថានរណាខ្លះបោះបង់ចោលយើង ដាច់ខាតយើងមិនត្រូវបោះបង់ចោលខ្លួនឯងឡើយ! ពេលដែលគេធ្វើបាបចិត្តយើងកាន់តែខ្លាំង យើងរឹតតែត្រូវធ្វើជាមនុស្សរឹងមាំ…

ទោះបីពេលនេះ ឳពុករបស់កូនខ្ញុំមិនដឹងនៅទីណាក៏ដោយ តែខ្ញុំបានប្តេជ្ញាចិត្តហើយថា នឹងចិញ្ចឹមកូនឱ្យបានល្អ និងបីបាច់គេឱ្យក្លាយជាមនុស្សមានប្រយោជន៍ចំពោះសង្គមម្នាក់” ស្រីម៉ៅរៀបរាប់ទាំងទឹកភ្នែកហូរជោគផែនថ្ពាល់ ពេលរំលឹកដល់អតីតកាលដ៏ឈឺចាប់

“ខ្ញុំក៏ដូចគ្នាដែរ…ពីមុន ខ្ញុំ និងម៉ែត្រូវពុកស្រវឹងវ៉ៃសឹងតែរាល់ថ្ងៃ រៀនក៏មិនបានច្រើន ហើយប្រលងបាក់ឌុបធ្លាក់ទៀត។ កុំតែបានបងវេហាទៅជួយទាន់ និងផ្តល់ជំនួយទាំងផ្នែកសម្ភារៈ និងកម្លាំងចិត្តរហូតពុកខ្ញុំអាចកែខ្លួនជាមនុស្សថ្មី ចេះស្រលាញ់ថែទាំគ្រួសារ។

ហើយគាត់ក៏បានបង្កើតសាលាជំនាញខ្នាតតូចដែលអាចឱ្យខ្ញុំ និងយុវជនផ្សេងទៀតក្នុងភូមិ អាចស្គាល់ និងរៀនយកជំនាញសម្រាប់អនាគតទៀត។ ក្រៅពីពួកយើង ក៏នៅមានគ្រួសារច្រើនទៀត ដែលអាចមានជីវភាព និងមុខមាត់ថ្មី ដោយសារបងវេហា ជាវីរបុរសលាក់មុខដែរ” កុសលក៏បង្ហើបពីរឿងរ៉ាវរបស់ខ្លួនដោយទឹកភ្នែករលីងរលោងដែរ

“ខ្ញុំក៏មិនខុសពីអ្នកទាំងអស់គ្នាដែរ…ជាក្មេងកំព្រាម្នាក់ចូលរៀននៅសាកលវិទ្យាល័យតាមរយៈជំនួយពីអង្គការ ចូលដល់ក្នុងថ្នាក់ពេលណាមានតែអារម្មណ៍ធុញថប់ ដោយសារសម្តីមើលងាយរបស់សិស្សខ្លះ ដែលឡូយឆាយសប្បាយនឹងទ្រព្យធនរបស់ឳពុកម្តាយខ្លួន។

កាលហ្នឹង​ ទៅសាលាមានអារម្មណ៍ថា ដូចទៅចុះឋាននរកទទួលទណ្ឌកម្មដោយពាក្យសម្តី រហូតដល់បានស្គាល់វេហា ជាសិស្សច្បងដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំទាំងស្រុង។ គេបង្រៀនខ្ញុំឱ្យក្លាយជាមនុស្សរឹងមាំ មើលឃើញពីតម្លៃរបស់ខ្លួនឯង ហ៊ានបង្កើត និងឈោងចាប់ក្តីស្រមៃ។ ស្គាល់គ្នាតែប៉ុន្មានឆ្នាំ តែខ្ញុំដឹងថាគេជាមនុស្សសំខាន់ក្នុងជីវិត ដែលខ្ញុំមិនអាចខ្វះបាន…” ខ្ញុំលែងចង់លាក់ ក៏បើកកកាយពាក្យក្នុងចិត្តចេញមកដែរ

“ចុះម៉េចក៏បដិសេធគាត់?” តារាសួរដេញ

“ព្រោះគ្រប់យ៉ាង គ្រាន់តែជារឿងអតីត…មនុស្សដំបូង មិនប្រាកដជាថា ជាមនុស្សចុងក្រោយទេ ហើយបច្ចុប្បន្ននេះ ខ្ញុំក៏មានមនុស្សក្នុងចិត្តហើយ” ខ្ញុំតបដោយមិនស្ទាក់ស្ទើរ

“ជានរណា? លើលោកនេះ មានមនុស្សល្អជាងបងវេហាដែរហ៎?” ស្រីម៉ៅចោទសួរ ព្រោះមិនអស់ចិត្ត

“ជាមិត្តអនឡាញ​ ដែលផ្តល់អារម្មណ៍កក់ក្តៅ សុវត្ថិភាព និងក្តីស្រលាញ់ដ៏ស្មោះសរ…គេប្រហែលជាមិនល្អជាងវេហា តែគេស្រលាញ់ខ្ញុំជាងវេហា…យើងមិនធ្លាប់បានជួបគ្នាទេ តែនឹងជួបគ្នាថ្ងៃស្អែកនេះ…គេនឹងមកទីនេះដែរ” ខ្ញុំសារភាពដោយអៀនតិចៗ

—————————-

ស្នេហ៍ចាស់ ម្ចាស់ថ្មី?

          “បងចន្ទ្រា! ភ្ញាក់នៅបង? អត់អីណាហី? ចេញមកញ៉ាំអីបង!”

ឮសំឡេងស្រីម៉ៅស្រែកហៅខ្ញុំពីមុខទ្វារបន្ទប់ជាមួយនឹងសំឡេងគោះទ្វារខ្លាំងៗ ទើបខ្ញុំភ្ញាក់ដឹងខ្លួនទាំងអារម្មណ៍ធេងធោង។ មិនចាំសោះថា យប់មិញនៅជាប់ចិត្តនឹងទឹកត្នោតជូរដល់ម៉ោងប៉ុន្មាន? ហើយមកដល់ក្នុងបន្ទប់គេងវិញដោយរបៀបណា?

យ៉ាងណាក៏ដោយ ថ្ងៃនេះជាថ្ងៃថ្មី… ជាថ្ងៃណាត់ជួបលើកទីមួយ ជាមួយមនុស្សថ្មី…ហើយក៏ជាថ្ងៃចាប់ផ្តើមទំព័រកំណត់ហេតុស្នេហ៍ថ្មីផងដែរ *(^o^)*

មេឃថ្ងៃនេះស្រទំ ហើយធ្លាក់ភ្លៀងរលឹមតាំងពីព្រឹកតែម្តង​…ពេលកំពុងឈរដាក់ដៃត្រងទឹកភ្លៀងដែលរមៀលធ្លាក់តាមសំយ៉ាបចុះមក ហើយគិតថាពេលមេឃរលឹមស្រិចៗបែបនេះ បើបាននៅដេករនៀលលើពូកមិនធ្វើអ្វីមិនគិតពីអ្វី មិនដឹងល្អយ៉ាងណា។ តែក៏ត្រូវបានក្លិនឈ្ងុយនៃមីស្រុះទាក់ទាញចំណាប់អារម្មណ៍ឱ្យបែរទៅមើលប្រភពនៃក្លិន។

អាហារពេលព្រឹកថ្ងៃនេះ ស៊ីគ្នានឹងអាកាសធាតុតែម្តង!!! មេឃត្រជាក់ ហុតមីក្តៅៗ…ជាមីប្រហិតប្រហិតត្រកួន ថែមពងមាន់វ៉ៃចូលគ្នាទៀត… រឹតតែពិសេស!

ឆ្នាំងនៅចំកណ្តាលតុឃើញផ្សែងហុយៗ ម្នាក់ៗកាន់ចានចង្កឹះ និងចង្កឹះម្នាក់មួយគូជាប់ក្នុងដៃ ត្រៀមដួសចំណែករៀងៗខ្លួន។ មិនដល់១០នាទីទេ យើងចាត់ការអស់សូម្បីតែទឹកមួយតំណក់ ឬមីមួយសរសៃ ក៏មិនសល់ដែរ…

“បើមេឃភ្លៀងអ៊ីចឹង យើងធ្វើអីវិញទៅថ្ងៃហ្នឹង?” ខ្ញុំសួរទៅកាន់តារាដែលកំពុងព្យាយាមហូបទឹកឃ្មុំ ដើម្បីបន្សាបអាការៈធេងធោង សល់ចំហាយពីយប់

“កុំបារម្ភអី…យើងមានសកម្មភាពត្រៀមសម្រាប់ថ្ងៃភ្លៀងរួចហើយ ឱ្យតែមិនខ្លាច” តារាឆ្លើយតបដោយទឹកមុខលាក់បាំងអ្វីម្យ៉ាង

“អត់អីទេ…ឱ្យតែទៅទាំងអស់គ្នា! គ្រប់គ្នាធ្វើបាន ខ្ញុំក៏ធ្វើបានដែរ” ខ្ញុំតបដោយជឿជាក់

“ចុះបងប្រុសម្នាក់នោះ មកដល់ថ្មើរណាបង? ស្រួលពួកខ្ញុំត្រៀមអាហារ និងរៀបចំបន្ទប់សម្រាប់គាត់ ព្រោះថ្ងៃនេះខ្ញុំត្រូវចេញ មុនទៅលេងកូន១ថ្ងៃ នឹកណាស់…” ស្រីម៉ៅនៅតែម៉ត់ចត់ទាំងរឿងការងារ និងគ្រួសារ

          “សុំទោសផង បងភ្លេចប្រាប់…គេអត់បានមកទេ ព្រោះមានការបន្ទាន់” ខ្ញុំឆ្លើយតបទៅវិញ ក្រោយពេលនឹកឃើញដល់សារដែលទើបតែអានមុននេះ

          ក្រោយពេលផ្លាស់ប្តូរសម្លៀកបំពាក់រួចហើយ ខ្ញុំ និងតារាក៏ចាប់ផ្តើមចេញដំណើរទៅជាមួយក្មេងប្រុស២នាក់ ដែលបានរួមដំណើរពីម្សិលមិញ ទៅកាន់កន្លែងសប្បាយៗដាច់គេប្រចាំភូមិ…

នោះគឺ…

កន្លែងចាប់ក្តាម ចាប់កង្កែប រើសខ្យង!? ភ្លៀងមិនខ្លាំងពេក អំណោយផលដល់ការដើរប្រមាញ់ចំណីអាហារតាមវាលស្រែ ហើយក៏មិនមានរន្ទះគួរឱ្យខ្លាចដែរ។

ទិដ្ឋភាពទឹកលិចនៅក្នុងទីជនបទ ពិតជាស្រស់ស្អាតខុសពីទឹកលិចនៅទីក្រុងដែលឃើញតែសំរាមអណ្តែតព្រោងព្រាត ហើយទឹកវិញឡើងគួរឱ្យខ្លាច មិនចង់សូម្បីតែប៉ះផង។ តែនៅទីនេះវិញ ទឹកឡើងថ្លាឈ្វង់ មើលឃើញដល់បាត មិនមានសំរាមពាសវាលពាសកាលទេ។

យើងមានក្បូនដើមចេកធំគ្រាន់មួយ សម្រាប់សម្រួលដល់ការធ្វើដំណើរ។ ធ្លាប់តែជិះទូកកាយ៉ាក់ (kayak) ពេលមកចែវក្បូនជិះគយគន់ទិដ្ឋភាពតាមភូមិនៅក្នុងជនបទមានទឹកលិចតិចៗបែបនេះ…ប្លែកអារម្មណ៍ម្យ៉ាងដែរតើ!

          ដំបូងឡើយ…យើងមានគ្នាតែ៥នាក់ទេ តែពេលជិះដល់មុខផ្ទះអ្នកផ្សេង ក៏មានក្មេងៗដើរចេញមកចូលរួមជាមួយពួកយើង ធ្វើឱ្យបរិយាកាសរឹតតែរីករាយ។

ម្នាក់ៗមានតែស្នាមញញឹម ព្រមទាំងសំឡេងសំណើចក្អាកក្អាយ… ក្នុងពេលបែបនេះ គ្រាន់តែបាចទឹកដាក់គ្នា ឬក៏រត់ដេញគ្នាលេង ក៏បង្កើតបានជាក្តីសុខដែរ។

          វាជាក្តីសុខតូចតាច តែមានអត្ថន័យជ្រាលជ្រៅ…

—————————-

          ពេលវេលាល្អៗ កន្លងផុតទៅរហ័សមែន!!! ដល់ពេលត្រូវត្រឡប់ទៅពិភពនៃការពិត ដែលពោរពេញដោយសម្ពាធវិញហើយ…

          “ទៅសិនហើយណា៎! សង្ឃឹមថាបានជួបគ្នាពេលក្រោយទៀត…និយាយតាមត្រង់ចុះ ខ្ញុំបានរៀនច្រើនណាស់ពីអ្នកទាំងអស់គ្នា ហើយក៏សូមសរសើរដោយស្មោះចំពោះការប្រើប្រាស់ជំនាញ និងទេពកោសល្យក្នុងការជួយអភិវឌ្ឍភូមិស្រុករបស់ខ្លួន។ សុទ្ធតែជាសសរទ្រូងប្រទេសជាតិហើយ” ខ្ញុំនិយាយលា និងសរសើរដោយស្មោះអស់ពីចិត្ត

          “ទីនេះ ស្វាគមន៍​បងជានិច្ច…” កុសលនិយាយជាមួយស្នាមញញឹមយ៉ាងស្រស់

          “នឹងមកម្តងទៀត ពេលត្រឡប់មកស្រុកខ្មែរវិញ” ខ្ញុំតបយ៉ាងលឿន

          “ហាស់? ហើយប្រុងទៅណា? ទៅយូរប៉ុណ្ណា? មេយើងមានដឹងអត់?” តារានឹកឆ្ងល់ភ្លាម

          “អត់បានប្រាប់ទេ…ការពិត ខ្ញុំអត់បានស្រលាញ់នរណាទេ​ តែដោយសារត្រូវទៅរៀនតនៅក្រៅ ហើយមិនចង់ឱ្យវេហាចាំយូរ ទើបប្រាប់គេថាមានអ្នកថ្មីហើយ” ខ្ញុំលាតត្រដាងការពិត

          “ស្នេហាពួកបង​ ២នាក់ ពិបាកយល់ម្ល៉េះ! ស្រលាញ់គ្នាសោះ មិនព្រមនៅជាមួយគ្នា ម្នាក់កុហកអញ្ចេះ ម្នាក់កុហកអញ្ចុះ” ស្រីម៉ៅសួរត្រង់ៗ

          “វេហានិយាយត្រូវ…ពេលដែលយើងស្រលាញ់មនុស្សម្នាក់ពិតប្រាកដ យើងមិនចង់ឱ្យគេរួមទុក្ខជាមួយយើងទេ។ ឱ្យតែគេមានក្តីសុខ ទោះបីមិនមានវត្តមានយើងក៏ដោយ… ម្យ៉ាង ក្តីសង្ឃឹមមិនជាក់លាក់ មិនប្រសើរជាងគ្មានក្តីសង្ឃឹមទេ! សុខចិត្តឱ្យដាច់ស្រេចពីគ្នា ទុកឱកាសឱ្យគេជួបមនុស្សដែលល្អជាងយើង ប្រសើរជាងទុកឱ្យមានចំណងជាប់ជំពាក់នឹងគ្នា។” ខ្ញុំតបទាំងអួលដើមក

          “ធ្លាប់ឮគេថា គេល្អគ្រប់យ៉ាង តែគេមិនមែនអូនអត់?”

វេហា???

ឃ្លាខាងលើនេះជាសម្តីរបស់គេ ដែលទើបតែដើរចេញពីត្រង់ណា ក៏មិនដឹង

          “តស់! ទៅធ្វើការយើង…” តារានិយាយរួចហើយ ក៏ចាប់ទាញដៃស្រីម៉ៅ និងកុសលចេញទៅ ដោយឆ្លៀតងាកក្រោយមកញាក់ភ្នែកដាក់ខ្ញុំ ហើយលើកដៃជាសញ្ញាថា«ស៊ូៗ»​ ផ្តល់កម្លាំងចិត្តពីក្រោយខ្នងរបស់វេហាទៀត

          “បងមានរឿងចង់សារភាពមួយទៀត ម្នាក់ដែលឆាតជាមួយអូនរាល់ថ្ងៃ ជាបង…កាលនោះ អូនឯងប្លក់បងទាំងអស់ពេក បងក៏ប្រើហ្វេសប៊ុកថ្មីធ្វើជាមិត្តជជែកជាមួយអូន ដើម្បីអាចប្រាកដចិត្តថា អូនមិនមានអារម្មណ៍ឯកា…”

          “គិតថាអូនអត់ដឹងមែន៎? មិនដែលឱ្យឮសំឡេង មិនដែលឱ្យឃើញមុខ បានតែឆាត ហើយរបៀបបងឯងហ្មង មិនប្តូរអីបន្តិចផង…”

          “ហើយអូនឯងប្រាប់ប៉ាធម៌កុំឱ្យប្រាប់បងដែរមែន៎? ម្សិលមិញខំទៅជួបគាត់ តែគាត់មិននិយាយអីសោះ ក្រៅពីថាឱ្យកាត់ចិត្តទៅ។ បងអត់និយាយអីច្រើនទេ៎…ទៅប៉ុន្មានឆ្នាំក៏ដោយ បងនឹងនៅតែចាំអូន ហើយបើក្រមកពេក បងនឹងទៅរកហ្មង!”

          ឃើញទឹកមុខរបស់វេហា ខ្ញុំទប់សំណើចមិនជាប់ ក៏សារភាពការពិត

          “ចុះបើប្រាប់ថានិយាយ Prank ខឹងអត់? ចង់សងសឹកវិញ…កាលនោះ កុហកអូនឡើងច្រើន ឥលូវឱ្យយល់អារម្មណ៍ត្រូវគេកុហកវិញម្តង”

          “សាហាវផង!!! សំខាន់…ចំណោទបេះដូងអូនឯង ទោះបីមានសមីការសាំញ៉ាំប៉ុណ្ណា ក៏បងអាចដោះស្រាយរកចម្លើយបានដែរ…ឃើញអត់? ហើយបងសន្យាថា…ចាប់ពីថ្ងៃនេះទៅ លែងមានពាក្យកុហកទៀតហើយ ទោះបីរឿងតូចក៏ដោយ ធំក៏ដោយ”​ វេហានិយាយយ៉ាងផ្អែមល្អែម ដោយចាប់ទាញខ្លួនខ្ញុំទៅក្រសោបឱបយ៉ាងពេញដៃ

ខ្ញុំអត់មានអីនិយាយទេ…គ្រាន់តែដឹងថា វាជាការឱបដ៏កក់ក្តៅជាងគេក្នុងលោកនេះ…ជាអ្វីដែលខ្ញុំនឹកបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។