រឿង៖ បើថ្ងៃមួយ

យុវជនគ្រប់រូបកំពុងតែត្រេកអរនិងជីវិតចូលរៀនសកលវិទ្យាល័យដោយទឹកមុខរីករាយនៅពេលដែលស្គាល់សាលាជាលើកដំបូងតាមក្ដីស្រមៃរៀងៗខ្លួននិងជ្រើសរើសមុខជំនាញរៀនដែលខ្លួនឯងពេញចិត្ដ។
ជីវិតនៅវិទ្យាល័យត្រូវបានបញ្ចប់ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយគ្រូ មិត្តភក្ដិនិងការលួចស្រលាញ់គេម្នាក់ឯង។
ថ្ងៃចូលរៀនដំបូងម្នាក់ៗមានទឹកមុខញញឹមរួសរាយចំពោះគ្នាទៅវិញទៅមករួមទាំងខ្ញុំផងដែរត្រូវរាប់អានមិត្តភក្តិថ្មីដែលមកពីគ្រប់បណ្ដាខេត្តនិងរាជធានីមករៀននៅសាលាភូមិន្ទភ្នំពេញនេះ។
ចំណតម៉ូតូ…
«ហេ! ម៉ូតូកើតអីនឹងបានដេរផងធាក់ផង?»
ក្រោយឃើញក្មេងស្រីម្នាក់ធាក់ម៉ូតូប៉ើងសក់សំពោង ប្រុសសង្ហារស្ពាយយកាតាបដើរកាត់បានងាកមើលគឺគ្មានអ្នកណាក្រៅពីប្រធានថ្នាក់ទើបតែតែងតាំងមុននេះបន្តិចទេ ព្រោះពេលនេះចូលរៀនបានពីសប្តាហ៍ទៅហើយ
«ម៉ូតូខ្ញុំមិនដឹងកើតអីទេស្រាប់តែធាក់មិនឆេះ»
នាងរៀបរាប់ប្រាប់គេនូវអ្វីដែលគេសួរហើយក៏បណ្ដើរម៉ូតូចេញពីកន្លែងចំណតដោយសាធាក់យូរហើយនៅតែមិនឆេះ។ គេសម្លឹងមាឌស្គមកំព្រឹងរបស់នាងហើយក៏បញ្ជាក់៖
«នេះគិតបណ្ដើរម៉ូតូឡើងទួលមែន? ទៅរួចអត់នឹង?»
«ពិតមែនហើយ! បើនៅតែធាក់ទៀតមិនដឹងពេលណាម៉ូតូឆេះទេមើលទៅ ហើយមិនដឹងជាងនៅឯណាទៀត»
នាងក៏បានប្រាប់គេត្រង់ៗ មកភ្នំពេញដំបូងមិនសូវស្គាល់ទីកន្លែងច្បាស់លាស់ទេ
«អ៊ីចឹងមិនអីទេចាំខ្ញុំជួយរុញឡើងទួល»
គេថាហើយក៏ដើរមកជួយរុញឡើងទួលផុត ក្រមុំជនបទក៏បានអរគុណគេដោយការគួរសម មិនស្មានថាគេបដិសេធពាក្យនោះទៅវិញ
«មិនបាច់អរគុណស្អីទេ! តែនៅនឹងហើយចាំខ្ញុំយកម៉ូតូទៅធ្វើឱ្យ»
គេបង្ហាញភាពស្និទ្ធស្នាលនឹងការយកចិត្តទុកដាក់គួរសមដូចស្គាល់គ្នាយូរហើយអ៊ីចឹងជាមួយនាង ក៏ប្រហែលមកពីគេជាម៉ាហ្សឺមិនដឹង?
«មិនអីទេខ្ញុំអាចយកទៅធ្វើដោយខ្លួនឯងបាន»
នាងបាននិយាយជាមួយគេដោយកាអរគុណម្ដងទៀត
«អេ! ឬមួយមិនទុកចិត្តខ្ញុំ? នេះកាតាបខ្ញុំនៅក្នុងនឹងមានទូរសព្ទនិងសោម៉ូតូ យ៉ាងម៉េចទុកចិត្តបាននៅ?»
នេះគេលេងនិយាយដូចដឹងចិត្តនាងយ៉ាងអ៊ីចឹង
«មិនមែនមិនទុកចិត្តទេតែខ្ញុំខ្លាចចិត្ត» ចិត្តនាងគិតផ្សេងតែមាត់បែរជានិយាយចេញបែបនឹង។
«ខ្ញុំយកទៅធ្វើឱ្យទៅ ខ្ញុំឃើញអាណិតក្មេងទើបមកភ្នំពេញមិនស្គាល់ជើង ស្គាល់ត្បូង»
គេកំពុងស្តីឱ្យនាង? ថាចប់គេក៏បណ្តើរម៉ូតូចេញទៅ ធ្វើឱ្យក្រមុំតាមសម្លឹងមិនដាក់ភ្នែក ចិត្តមួយគិតថាបើគេបោកច្បាស់អស់មិនខាន តែយ៉ាងណារបស់មានតម្លៃគេក៏នៅជាមួយនាងខ្លះដែរ ម្យ៉ាងពួកគេជាសិស្សរួមថ្នាក់ទោះត្រឹមស្គាល់គ្នាប៉ុន្មានថ្ងៃក៏មិនគួរណាវាយតម្លៃគេអាក្រក់ខ្លាំង។ នាងសង្ឃឹមថាគេមិនបោកម៉ូតូកញ្ចាស់សំណព្វចិត្តមួយនោះទៅចុះ។
តែគេពិតជាដូចក្តីរំពឹងក្នុងចិត្តនាងមែន។ គេមិនត្រឹមតែសង្ហារហើយក៏ជាមនុស្សល្អ ដែលបានប្រគល់ម៉ូតូឱ្យនាងវិញនៅយប់នោះ ក៏ធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរចាប់ផ្តើមឡើងនៅពេលនោះ។
ថ្ងៃបន្ទាប់ពេលមកដល់សាលាគេក៏បានឈរចាំនាងនៅមាត់ទ្វារចូលថ្នាក់។ គេឈរឱបដៃព្រងើយ សួរទៅនាងទាំងមិនមើលមុខ៖
«វើយតាម៉េចក៏មកយឺតម្ល៉េះ?»
«ខ្ញុំមកយឺត? តែគ្រូមិនទាន់មកដល់ឯណា» នាងហាក់ម៉ីងម៉ាំងនូវសំណួររបស់គេព្រោះតែឃើញមនុស្សគ្រប់គ្នាកំពុងតែដើរចូលតាមថ្នាក់នៅឡើយ តែពេលនេះម៉ោង៧:២០នាទីហើយគឺយឺតដូចគេនិយាយមែន។
«ប្រហែលនៅវិទ្យាល័យមករៀនយឺតរាល់ថ្ងៃទេដឹង?»
គេមិនមែនជាមនុស្សដែលចូលចិត្តមកបញ្ជោះអ្នកណាដែលមិនស្គាល់ណាស់ ទោះគេជាប្រុសក៏ដោយតែគេមិនចូលចិត្តបែបនឹងឡើយ តែម៉េចក៏គេអាចនិយាយបែបនេះទៅកាន់នាង?
«ទេខ្ញុំមិនដែលមកយឺតសូម្បីមួយថ្ងៃណាឡើយនៅវិទ្យាល័យ» នាងប្រកែកភ្លាម ព្រោះគេធ្វើមើលតែស្គាល់នាងច្បាស់ណាស់អ៊ីចឹង?
«ចុះឥឡូវម៉េចក៏យឺត?» គេនៅតែមិនឈប់សួរដេញដោលវើយតា ចេះមកធ្វើមនុស្សជម្រេញគួរឱ្យស្អប់ទៅកើត។
«គឺមកពីនៅតាមផ្លូវស្ទះចរាចរណ៍ហ្នឹងណា» ទោះជាយ៉ាងណាក៏ស្រស់ស្រីនៅតែឆ្លើយតបនិងនាយ
«ចូលថ្នាក់ទៅលោកគ្រូមកហើយ! » នាយបានប្រាប់ទៅនាង ខណៈពេលដែលឃើញលោគ្រូកំពុងដើសំដៅមកថ្នាក់រៀន។
ការសិក្សាមួយព្រឹកធំត្រូវបានបញ្ចប់មិត្តរួមថ្នាក់ក៏បានចែកផ្លួវគ្នាទៅរៀងៗខ្លួន ចំណែកគេដើរតាមក្រោយមាណវីមកដល់ចំណតម៉ូតូទើបគេស្រែកសួរនាង
«វើយតា ថ្ងៃអាទិត្យសប្ដាហ៍នេះទំទេរដែរ?» គេគ្រាន់តែចង់មានពេលនិយាយជាមួយនាងឱ្យច្រើនៗតែប៉ុណ្ណោះ (ឈ្មោះនាង គឺ ប៉ែត វើយតា)
«ចាស! ខ្ញុំទំនេរ ម៉ៃឈុនមានការអីមែនទេ?»
ស្រស់ស្រីឆ្លើយតប ទាំងដែលដៃកំពុងរើរកសំបុត្រម៉ូតូ(ម៉ៃឈុនគឺជាឈ្មោះរបស់គេ ហុង ម៉ៃឈុន)
«គឺចុងសប្ដាហ៍នេះមានការតាំងពិព័រណ៍សៀវភៅនៅអ៊ីអនណា វើយតាទៅអត់?»
ម៉ៃឈុនគិតក្នុងចិត្តថាប្រហែលជានាងចូលចិត្តអានសៀវភៅដែរហើយ ទើបសាកបបួលនាងទៅជាមួយ តែក្នុងចិត្តគឹចង់ដើរលេងជាមួយនាងច្រើនជាង។
«ខ្ញុំមានអ្នកទៅជាមួយហើយ សង្ឃឹមថាយើងនិងចួបគ្នាទៅកន្លែងតាំងពិព័រណ៍សៀវភៅ» នាងឃើញគេនៅស្ងៀមក៏បន្ថែមប្រយោគ
«ម៉ៃឈុនមានកិច្ចការអីទៀតដែរទេ?»
«គឺ…គ្មានទេ! » គេតបទាំងអស់សង្ឃឹម។ នេះគេលួចស្រលាញ់អ្នកដែលគេមានម្ចាស់ហើយមែនទេ? ឬក៏ជាមិត្តភក្តិរបស់នាង គ្រាន់តែប្រយោគប៉ុន្មានឃ្លាមុននេះធ្វើឱ្យគេមិនស្រណុកចិត្តហើយមែនទេ?
«អ៊ីចឹងខ្ញុំទៅសិនហើយ ថ្ងៃស្អែកចួបគ្នា »ថាហើយស្រស់ស្រីបត់ម៉ូតូជិះចេញទៅ ចំណែកឯគេវិញអង្គុយលើម៉ូតូគិតពីនាងតែម្នាក់ឯង។
«ម៉ៃឈុន! នេះចួបគ្នាមិនបានប៉ុន្មានផង ឯងស្រលាញ់គេដល់ថ្នាក់ប្រចណ្ឌគេមិនទាំងដឹងថានាងត្រូវជាអ្វីនឹងឯងពិតប្រាកដផង?»
ខណៈពេលមកដល់បន្ទប់គេនិយាយតែម្នាក់ឯង ពិតមែនហើយវាដូចជាលឿនពេកហើយសម្រាប់អ្នកផ្សេងនៅក្នុងការស្រលាញ់នរណាម្នាក់ គេមិនចង់ទេតែបេះដូងជាអ្នកគិត។
ពេលវេលាពិតជាដើរលឿនពិតមែនមិនទាន់រៀនប៉ុន្មានផងគឺជិតបញ្ចប់ឆមាសទីមួយទៅហើយ។ ពេលនេះនាងនិងគេបានក្លាយទៅជាមិត្តជិតស្និទ្ធគ្នាទៅហើយ ហើយរឿងដែលធ្វើឱ្យម៉ៃឈុនសប្បាយចិត្តទៅទៀតនោះគឺនាងមិនទាន់មានសង្សារដូចជាគេគិតឡើយ។
«វើយតាល្ងាចនេះទៅញុំអីឬអត់?» គេដើរមករកនាងនៅក្នុងបណ្ណាល័យដែលវាជាទម្លាប់របស់ម៉ៃឈុន គឺឱ្យតែចុងសប្តាហ៍គេតែងតែបបួលនាងទៅញុំអី។
«យើងទៅ តែឯងឮរអ៊ូថាដាច់លុយតែមកបបួលយើងទៅញុំអី?» វើយតានិយាយតិចៗព្រោះខ្លាចរំខានអ្នកនៅក្នុងនេះ ហើយនាងចូលចិត្តការអានណាស់ឱ្យតែពេលទំនេរគឺចំណាយពេលនៅក្នុងបណ្ណណាល័យនេះ
«តែយើងឃ្លានណា! យើងទើបតែឃើញហាងមួយកន្លែងបើកថ្មី! យើងទៅសាកមើលទៅ» គ្រប់ពេលទៅញុំអីម៉ៃឈុនជាអ្នកប៉ាវវើយតាមិនដាច់ឡើយ គេធ្វើនេះមិនចង់បានអ្វីពីនាងមកវិញទេ
«អ៊ីចឹងក៏បានតែលើកនេះយើងគឺជាអ្នកប៉ាវឯងទៅចុះ!»
«ពិតមែន? តែមិនបាច់ល្អជាងយើងមានលុយហើយចាំពេលក្រោយទៅ» គេញញឹមអង្អែលក្បាលនាងគួឱ្យក្នាញ់ពេលដែលស្រស់ស្រីធ្វើមុខត្រាប់តាមគេមុននេះ
«សម្បូរលុយណាស់ន៎?» នេះគេខ្លាចនាងគ្មានលុយឬក៏ចាំសរុបម្តងធ្វើឱ្យនាងអស់ពីខ្លួនទេដឹង?
«អើ មែនណាចាំពេលក្រោយទៅ» គេនៅតែបញ្ចាក់ប្រយោគមុននេះដដែល។ មិនដឹងថាគេអាណិតនាងដែលជាអ្នកមកពីជនបទឬយ៉ាងណា តែម៉ៃឈុនកម្រណាស់នឹងឱ្យវើយតាចេញលុយម្នាក់ឯង ក៏មិនធ្លាប់នឹងឱ្យនាងចេញលើសគេដែរ។
ក្រោយបញ្ចប់ការញ៉ាំអី ម៉ៃឈុនមិនដែលភ្លេចជូននាងមកផ្ទះទេទោះជាផ្លូវផ្សេងគ្នាក៏ដោយ ប្រុសម្នាក់នេះពិតជាយកចិត្តទុកដាក់ចំពោះនាងខ្លាំងបំផុត។
ហើយទំនាក់ទំនងនោះក៏កាន់តែផ្សារភ្ជាប់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃក្លាយជាខែប្រែទៅជាឆ្នាំ មិនថាមានរឿងអីពួកគេតែងចែករំលែកនូវទុកកង្វល់ផ្ទាល់ខ្លួនចំពោះគ្នា ទៅណាមកណីតែងតែមានគ្នាទៅជាមួយ មើលកុន ទៅញុំអី ទៅចុះស្តាតាមខេត្តនិងចេះជួយទុកធុរៈគ្នាទៅវិញទៅមក អ្នកណាក៏តែងថាពួកគេគឺជាសង្សារនឹងគ្នាច្បាស់ណាស់។
«អេ! ថ្ងៃនឹងគេមានបញ្ចុះតម្លៃសំបុត្រកុនណាវើយដល់ទៅ៥%ឯណោះ» ម៉ៃបានរៀបរាប់នូវអ្វីដែលគេរកឃើញនៅក្នុង facebook
«ពិតមែនអត់ម៉ៃ?» នាងជ្រួញចិញ្ចើមសួរគេព្រោះកម្រមានណាស់ដែលសំបុត្រកុនបញ្ជុះតម្លៃ ក្នុងឱកាសអី? ឬរឿងនឹងគេមិនសូវជាមើល?
«ពិតមែនណា ឥឡូវទៅអត់? ទាន់ទំនេរវើយ»
«ហ៊ើយ! យើងមិនទៅទេពេលនេះយើងតាំងសីលហើយ យកពេលមើលមេរៀនវិញ» នាងប្រកែកព្រោះច្បាស់ថារឿងមិនគួរមើល ទើបយកពេលមើលមេរៀនប្រឡងល្អជាង។ តែនរៈបែរជាបើកភ្នែកធំភ្ញាក់សួរ៖
«មិញយើងស្តាប់ច្រឡំទេដឹង? ជិតដល់ថ្ងៃប្រឡងហើយឯងទើបប្រឹង?»ម៉ៃបាននិយាយផង មកស្ទាបក្បាលនាងផង ក្រែងនាងក្ដៅខ្លួនទៅជាឡប់សតិអីបែបនឹង។
«យើងមិនក្ដៅខ្លួន ហើយក៏មិនបានកើតស្អីដែរ» នាងតបហើយក៏អានសៀវភៅបន្ត។
«ឯងនេះក្បាលរឹងពិតមែន យើងនិយាយឡើងស្អកកហើយនៅមិនទៅទៀតពិតជាដាច់ធម៌មេត្តាណាស់»
ម៉ៃរអ៊ូបណ្តើររៀបចំសៀវភៅបណ្តើរ បើគេចង់ទៅណាហើយមិនបាច់ឃាត់ទេដឹងតែទៅហើយទោះទៅម្នាក់ឯងក៏ទៅដែរ។
«នេះប្រុងទៅម្នាក់ឯងមែន?» នាងសួរប្រុងថានឹងឃាត់គេ តែសំឡេងទូរសព្ទស្រាប់តែរោទ៍កាត់ចង្វាក់។ វើយតាលើកទទួល
«ជម្រាបសួរម៉ែ! ពេលនេះខ្ញុំនៅសាលា………»
នាងនិយាយឆ្លងឆ្លើយជាមួយម្តាយគេមិនចង់រំខានក៏គេចចេញទៅ។ វើយតាដើរចេញមកក្រៅក៏ឃើញម៉ៃឈុនឈរធ្វើមុខស្រពោន៖
«អេ! មិនទាន់ទៅទៀតអី? យើងស្មានទៅបាត់ហើយ»
«បើយើងទៅឃើញយើងនៅឈរត្រង់នេះអី? អម្បាញ់មិញម៉ែវើយនិយាយអីបានទឹកមុខមិនសប្បាយចិត្តយ៉ាងនេះ?» នាងទម្លាក់ត្របកភ្នែកមុននឹងតបទៅគេ ហើយលួចសើច ធ្វើឱ្យម៉ៃឈុនតាមសម្លឹងទាំងជ្រួញចិញ្ចើម។
«យ៉ាងម៉េច? ម៉ែតេមកតាមទៅស្រុកឱ្យការប្តី?»
នាងសម្លឹងមុខគេភ្លឹសៗ មិនស្មានថាគេចេះទាយបានត្រូវយ៉ាងនេះ
«ម៉េចក៏ដឹង?» ម៉ៃឈុនស្ងៀមទ្រឹងដូចមនុស្សបាត់វិញ្ញាណ គេសម្លឹងមុខនាងដែលកំពុងសើចញញឹមហាក់សប្បាយចិត្តណាស់តែអត់ដឹងក្នុងចិត្តប្រុសម្នាក់នេះគ្រាំគ្រាឡើយ។
«ទាយលេង! បើមិនទៅ ខ្ញុំទៅហើយណា!»
កំពុងអន់ចិត្តស្រាប់ផង បែរមកឮដំណឹងអ៊ីចឹងទៀត អ្នកណាទៅមានអារម្មណ៍សប្បាយកើត? ម៉ៃដើរចេញមិនងាកក្រោយសូម្បីបន្តិច ហើយនាងក៏បានត្រឹមឈជ្រួញចិញ្ចើមព្រោះមិនយល់ពីគេនោះ។
នាងបន្តអានសៀវភៅទាំងខ្ជិល តែហាក់មិនស្ងប់ចិត្តដែលបណ្តោយឱ្យម៉ៃទៅមើលកុនម្នាក់ឯង។ គេមិនធ្លាប់បដិសេធនាងសូម្បីម្តង ចុះម៉េចក៏នាងធ្វើអ៊ីចឹងដាក់គេទៅកើត? គិតរួច វើយតាក៏បានទៅតាមម៉ៃនៅរោងកុន។
តែមិនបានចួបម៉ៃឈុននៅរោងកុនទេ ធ្វើឱ្យវើយតាខ្វាយខ្វល់ជាខ្លាំង។ នាងបបួលមិត្តភក្តិពីរបីនាក់ទៀតដើម្បីតាមរកម៉ៃ៖
«វើយ! ឯងថាម៉ៃមកមើលកុននៅអ៊ីអន ម៉េចបានមិនឃើញ ហើយតេមិនចូលទៀត»
ទូរសព្ទគេម្តងចូល ម្តងអត់ ពេលតេចូលក៏មិនទទួល ធ្វើឱ្យនាងមិនសុខសោះដែលស្រាប់តែបាត់ដំណឹងគេសូន្យ។ ម៉ៃមិនធ្លាប់ឃ្លាតពីនាងសូម្បីមួយជំហាន ឬព្រោះគេខឹងទើបមានចេតនាគេចមិនចង់ចួប?
កាពិតគេអត់បានទៅមើលកុនទេ ម៉ៃគឺទៅបណ្តាល័យដែលវើយតាចូលចិត្ត។ គេមិនសប្បាយចិត្តព្រោះត្រូវត្រៀមទទួលយករឿងឈឺចាប់មួយមកដាក់ក្នុងទ្រូងទាំងដែលគេមិនធ្លាប់ចួប។ យ៉ាងណាពាក្យដែលនាងថាមានគេចូលស្តីដណ្ដឹងនៅតែរងំពិបាកលុប។
នារីដែលគេអាចនិយាយប្រាប់គ្រប់រឿងហើយជាអ្នកប្រឹក្សារកំពូលសម្រាប់គេលើកលេងតែរឿងបេះដូង នឹងត្រូវឃ្លាតពីគេឆាប់នេះ? ម្តេចក៏ស្រាប់តែឈឺខ្លាំងម្ល៉េះ? ឬឯងស្រលាញ់គេខ្លាំងទេដឹងអាឈុន?
គេអង្គុយកើតទុក្ខពេញមួយល្ងាចមិនខ្វល់នឹងទូរសព្ទដែលលោតលេខមកមិនឈប់។ ម៉ៃយកសៀវភៅគ្របមុខហើយក៏សំងំផ្អែកខ្នងនឹងទូរសៀវភៅស្ងាត់ឈឹង។
ការប្រឡងបញ្ចប់ឆ្នាំក៏បានមកដល់ត្រឹមតែមួយប៉ប្រិចភ្នែក…
«ឯងមកដល់សាលា មើលទៅអារម្មណ៍ដូចមិននៅក្នុងខ្លួនទេនេះ?»
គេសម្រួលអារម្មណ៍បានច្រើនហើយ ក៏ទទួលយកភាពព្រងើយកន្តើយ សោះកក្រោះរបស់វើយតាខ្លះ ដែលគេលួចគិតថានាងមិនដែលទុកគេសំខាន់លើសពីមិត្តសោះ។
នាងមិនតបឆ្លើយទើបម៉ៃសួរបន្ត៖
«វើយ! មានរឿងអី?» ដោយសារក្តីបារម្ភនិងស្រលាញ់ទើបម៉ៃដើរហួសពាក្យថាមិត្តភក្តិ
«យើងគ្មានរឿងអីទេ! មកពីយប់មិញយើងប្រឹងរៀនខ្លាំងពេកបានមិនសូវស្រួលអារម្មណ៍»
វើយតានិយាយឱ្យតែរួចពីមាត់ទេ ដោយសារមាណវីមិនចង់ប្រាប់ម៉ៃ មិនចង់ឱ្យគេខ្វល់ មិនចង់ឱ្យគេបារម្ភ ព្រោះម្នាក់នេះ ល្អដាក់នាងពេកហើយ។
«មួយរយៈនេះយើងគ្រាន់តែមានបព្ហាខ្លះ»
«អ! បញ្ហាអីឯងចង់ប្រាប់យើងបន្តិចដែរទេ? ទោះយ់ាងណាក៏ពួកយើងជាមិត្តភក្តិនិងគ្នាដែរ»នាងនៅតែធ្វើទឹកមុខធម្មតា ក៏មិនចង់បកស្រាយពីអ្វីប្រាប់គេច្រើន មិនដូចកាលពីមុនទោះមានរឿងអ្វីក៏នាងមិនធ្លាប់ចង់លាក់គេឡើយ។
«បានហើយចេញទៅយើងគ្មានរឿងអីនិយាយទេ យើងធុញៗ»
នាងស្រាប់តែស្រែកច្រឡោតឡើងមិនយល់ចិត្តគេដែលបារម្ភសោះ តែដោយក្តីស្រឡាញ់ នឹងការបារម្ភ ទើបម៉ៃនៅតែចង់ដឹងពីនាង៖
«ឯងធុញអីឱ្យប្រាកដ?»
បេះដូងគេពេលនេះដូចមានគេយកកាំបិតមកចាក់រាប់រយអ៊ីចឹង តែនាងនៅតែមិននិយាយហើយដើរចេញបាត់។ បារម្ភពីគេហើយខុសទៀត?
ស្អែកដែលគេឃើញនាងក៏បានត្រឹមសម្លឹងហើយដើរទៅអង្គុយតុខ្លួនឯងដែលឆ្ងាយពីនាង។ វើយតាក៏ដើរមកក្បែរសួរ៖
«ឯងថ្ងៃនេះកើតអីបានជាមិននិយាយរកអ្នកណា? ហើយកាលពីម្សិលទៅណាបានតេមិនលើក?»
គេគ្រាន់តែអន់ចិត្តហើយគិតថាគ្មានអ្វីសំខាន់សម្រាប់នាងឡើយ។
«នេះឯងចេះបារម្ភពីយើងដែរ? ទៅណាជារឿងយើង! យើងអារម្មណ៍មិនល្អមកពីឯងនឹងហើយ»
ម៉ៃនិយាយហើយក៏ដើរចេញទៅ ទាំងអារម្មណ៍តូចចិត្តចំពោះនាង។ ពេលនោះហើយដែលអ្នកទាំងពីរហាក់កាន់តែឆ្ងាយដោយម្នាក់ៗចេះតែលាក់បាំងការពិតចំពោះគ្នា។
បន្ទាប់ពីការប្រឡងមួយសប្តាហ៍បញ្ចប់ឆមាសទីពីរឆ្នាំទី៤មកពួកគេមិនបាននិយាយរកគ្នាឡើយ។ មិត្តភក្តិឯទៀតដែលបានដឹងថាពួកគេជាមិត្តស្និទ្ធបេះមិនចេញ បែរជាឆ្ងាយម្នាក់ទៅឆ្វេងម្នាក់ទៅស្តាំ ទ្រាំមិនបានសកលជាមិត្តម្នាក់ក្នុងចំណោមនោះក៏ដើរទៅសួរ៖
«វើយតាឯងនិងអាម៉ៃកើតអីទើបមិនស្តីគ្នា?»
«គ្មានអីទេ!មកពីគេនិយាយរករឿងយើងមុនទេ!» នាងនិយាយរួចហើយសួរខ្លួនឯងថាគេរករឿងអីខ្ញុំមុន សូម្បីខ្លួនឯងក៍មិនដឹងដែរ!
«មែនក៏អី? អាម៉ៃឈុនចេះមករករឿងឯង?» គេសួរបញ្ជាក់នាងដោយដឹងថា គ្មានអ្នកណាថ្នមចិត្ត យកចិត្តវើយតាជាងក្មេងប្រុសនេះទេ។
«អឺម…! ពិតមែនហើយ» នាងនិយាយញញឹមហាក់លេងសើច តែក៏មិនអាចលាក់បាំងអារម្មណ៍ក្រៀមក្រំនឹងខ្វាយខ្វល់របស់ខ្លួនតាមរយៈពន្លឺភ្នែកឡើយ។
ឃើញស្ងាត់ សកលក៏សួរបន្ត៖
«វើយតាមានគិតអត់ថាអាម៉ៃវាពិបាកចិត្តប៉ុណ្ណានៅពេលដែលឯងមិននិយាយស្តីជាមួយវា? គួរតែដឹងហើយថាវាបារម្ភពីឯងណាស់»
គេប្រាប់នូវអ្វីដែលម៉ៃបាននិយាយជាមួយគេ និងយល់ពីទឹកចិត្តរបស់មិត្តខ្លួន
នាងកាន់តែស្ងាត់នឹងក្រៀមក្រំចម្លែកដែលធ្វើឱ្យសកលមិនអាចនឹងនិយាយឬសួរអ្វីទៅនាងទៀតបាន។
………………………
ម៉ៃតានតឹងណាស់ ទើបគេព្យាយាមដើរលេងព្រោះមិនចង់គិតច្រើន គេបានមិត្តម្នាក់កំដរអង្គុយនៅមុខវាំងស្រូបខ្យល់អាកាសបរិសុទ្ធ។
និរតីសួរបន្ទាប់ពីឃើញម៉ៃស្ងាត់សូន្យដូចមនុស្សគ៖
«ម៉ៃរឿងជាមួយវើយយ៉ាងម៉េចហើយ?»
«បាទ! ខ្ញុំក៏មិនដឹងថាវើយតាគាត់ខឹងរឿងអីដែរ! »ម៉ៃប្រាប់និរតីទាំងព្យាយាមលាក់អារម្មណ៍សោកសៅក្នុងចិត្ត
«ប្រហែលអាចថាមានរឿងយល់ច្រឡំអីទេដឹង? យល់ល្អអ្នកទាំងពីររកពេលនិយាយជាមួយគ្នាទៅ»
គេបានត្រឹមតែញញឹមស្ងៀម ថាទៅ មួយដង្ហើមណា មួយវិនាទីណាដែលខួរក្បាលម៉ៃឈុនម្នាក់នេះមិនគិតពីនាង វើយតា?
«ពេលវ៉ាកងគិតចង់ទៅដើរលេងនៅទីណាអត់ម៉ៃឈុន?»
និរតីបបួលម៉ៃនិយាយជាហូរហែដើម្បីមានពេលនិយាយគ្នាបានច្រើនជាងនេះ ព្រោះម៉ៃមិនដែលនិយាយច្រើនដាក់អ្នកណាក្រៅពីវើយឡើយ។
«អឺម…! ខ្ញុំក៏មិនទាន់គិតថាទៅណាដែរព្រោះតែគិតរឿងប្រឡងសិនខ្លាចមិនបានពិន្ទុល្អ»
ម៉ៃប្រាប់ទៅនិរតីវិញដោយការញញឹមគួរសមព្រោះគេមិនទម្លាប់ នៅតែពីរនាក់និងនិរតីឡើយចឹងបែបនិងហើយធ្វើឱ្យម៉ៃកាន់តែនឹកដល់វើយតាជានិច្ច។
«អ៊ីចេះទៅ! ទៅលេងកំពតទៅល្អទេ? ព្រោះផ្ទះខ្ញុំទៅជិតសមុទ្រពួកយើងអាចដុតភ្នក់ភ្លើងមើលព្រះចន្ទបាន ហើយក្បែរនោះមានកន្លែងលេងជាច្រើនទៀត»
ម៉ៃងាកញញឹមហាក់ចាប់អារម្មណ៍ក៏តបទៅនាងវិញ៖
«បាទ! ខ្ញុំក៏ធ្លាប់ឮវើយតាថាចង់ទៅលេងកំពតដែរ»
គេក៏នៅតែនឹកដល់នាងមិនបាត់សូម្បីមួយពាក្យណា កន្លែងដែលនាងចូលចិត្ត របស់ដែលនាងស្រលាញ់មិនដែលរំលងពីម្នាក់នេះឡើយ តែហាក់មិនត្រូវបរិយាកាសសោះ ដែលធ្វើឱ្យអ្នកក្បែរខ្លួនទៅជាធ្លាក់ទឹកមុខមិនរីករាយ តែក៏នៅប្រឹងនិយាយតបវិញ៖
«ត្រូវហើយព្រោះអីវើយចូលចិត្តគ្រឿងសមុទ្រណាស់បើគេទៅប្រាដកជាសប្បាយចិត្តមិនខានទេ »
មាណវីមានអារម្មណ៍ថាខ្លួនឯងប្រៀបមិនបានមួយចំណិតនិងវើយផងនៅក្នុងខ្សែភ្នែកម៉ៃ។ ពួកគេបន្តនិយាយពីនេះពីនោះរហូតដល់ព្រលប់ទើបគេត្រឡប់ទៅផ្ទះ។ ម៉ៃបានបើកទូរសព្ទដែលរលត់ហើយក៏មិនដឹងថាវាអស់ថ្មតាំងពីពេលណា។
ស្អែកដែលសកលនៅតែឃើញវើយតាស្ងប់ស្ងាត់មិនស្តី មិនចួបនិយាយជាមួយម៉ៃ គេក៏ដើរទៅក្បែរពេលនាងអង្គុយស្ងាត់ម្នាក់ឯងក្រោមដើមឈើធំ៖
«ឯងកើតអី? មើលទៅដូចពិបាកចិត្តណាស់ មិនត្រឹមតែរឿងមិនស្តីគ្នាជាមួយអាឈុនទេមែនអត់?»
នាងដកដង្ហើមធំ មុនតបទៅគេ៖
«សកល! យើងជិតរៀបការហើយ!» មាណវីរៀបរាប់រឿងក្នុងចិត្តទាំងបេះដូងឈឺចាប់ ទឹកភ្នែកដែលគ្មានសំឡេង គ្មានពណ៌ហូរមកឥតស្រាក់។
សកលបើកភ្នែកធំភ្ញាក់ផ្អើល គេធ្លាប់ឮវើយតាប្រាប់ តែមិនស្មានថាវាកើតលឿនយ៉ាងនេះ។ គេដឹងថាគ្រួសារនាងលំបាកណាស់ ជំពាក់គេច្រើនដែលព្យាយាមឱ្យនាងមករៀននៅទីក្រុង តែមិនស្មានថា នាងត្រូវធ្វើជាកូនក្រមុំដើម្បីដោះស្រាយទេ។
«ហេតុអី?..សូម្បីតែរឿងនេះក៏ទេវតាជាអ្នកកំណត់ដែរមែន? តើយើងត្រូវធ្វើដើម្បីគ្រួសារឬក៏ខ្លួនឯង?»
សកលបានត្រឹមស្ងៀមស្ងាត់ពេលដែលឃើញវើយធ្លាប់តែរួសរាយបែរជាមកយំគួរឱ្យអាណិតទៅវិញ ដល់ពេលនេះគេធ្វើខ្លួនមិនត្រូវថាគួរលួងបែបណាទេ ព្រោះរឿងនេះមែនទេ បានជាគេមិនព្រមប្រាប់ម៉ៃ មិនចង់ស្តីនិយាយរកម៉ៃព្រោះមិនចង់ឱ្យម៉ៃបារម្ភ?
«វើយ! ឯងមិនដាច់ចិត្តព្រោះបារម្ភពីម៉ៃ?»
នាងស្ងៀមមិនស្តី ព្រោះហាក់គ្មានជម្រើសអ្វីល្អជាងនេះឡើយ នាងគិតពីគេ រឹតតែមិនអាចទុកចោលម្តាយឈឺមិនខ្វល់ ព្រោះនាងគិតថានេះជាតួនាទីរបស់នាងដែលត្រូវបំពេញតបស្នងដល់ការលះបង់របស់អ្នកមានគុណ។
…………………….
«ម៉ៃឈុន! ល្ងាចមិញទៅណាម៉េចបានបិទទូរសព្ទហាស?» សកលត្រលប់មកពីសាលាភ្លាមទាក់ទងទៅម៉ៃតែម្តង ព្រោះពីល្ងាចគេតេមិនចូលសោះ
«យើងមិនបានបិទទេ គឺមកពីទូរសព្ទយើងអស់ថ្មនិងណា តែឯងមានការអីដែរ?»
«មានការបានទេទៅ! ល្ងាចមិញវើយតាយំខ្លាំងណាស់ដល់ថ្នាក់យើងធ្វើអីមិនត្រូវហើយ»
«វើយតាកើតអី? ឯងធ្វើអីនាង?» នៅពេលបានឮថាវើយតាយំគេនៅមិនសុខឡើយ ថែមទាំងស្រែកគំហកដាក់សកលទៀតផង
«យើងមិនបានធ្វើអីនាងទេ គឺ…មានបញ្ហានៅក្នុងគ្រួសារទើបនាងពិបាកចិត្ត ដោយសារតែម្តាយនាងជំពាក់គេច្រើនទើបព្រមលើកកូនឱ្យគេ នាងមិនដឹងដោះស្រាយយ៉ាងម៉េចទេទើបពិបាកចិត្តខ្លាំងបែបនេះ»
សកលគេមិនចង់ប្រាប់ម៉ៃទេព្រោះគេមិនចង់ឱ្យមាណពយើងឈឺចាប់ ប៉ុន្តែគេមិនអាចលាក់បាំងបានទេព្រោះដឹងហើយថាម៉ៃលួចមានចិត្តលើវើយតាយូរណាស់មកហើយ
«….»គ្រាន់តែឮបែបនេះគេមានអារម្មណ៍ថាឈឺនៅទ្រូងខាងឆ្វេងដោយមិនដឹងមូលហេតុ ពេលនេះបេះដូងរបស់គេធ្លាក់ដល់បាតជ្រោះដ៏សែនជ្រៅទៅហើយ ក្តីស្រមៃលាយឡំជាមួយក្តីសង្ឃឹមត្រូវរលាយសូន្យនៅពេលនេះហើយ។
«អេ! អាម៉ៃស្តាប់គ្នានិយាយអត់ទេ?» គេស្រែកពីចុងខ្សែម្ខាងទៀតនៅពេលដែលមិនឮម៉ៃនិយាយអ្វីមួយម៉ាត់សោះ
«អ…! ឮ ប៉ុណ្ណឹងសិនចុះ!»
បេះដូងគេពេលនេះដូចនៅកណ្តាលសមុទ្រអ៊ីចឹង រកកោះត្រើយមិនឃើញ។ ម៉ៃឈុនគ្មានចិត្តអ្វីនៅនិយាយជាមួយមិត្តភក្តិទៀតទេ ព្រោះឮថាមនុស្សស្រីដែលគេខំបារម្ភទាំងយប់ទាំងថ្ងៃបែរជាជិតក្លាយទៅជារបស់អ្នកដទៃទៅវិញ។ ពេលនេះបេះដូងបែរជាខ្ទេចខ្ទាំអស់ទៅហើយ ហេតុអីក៏ព្រហ្មលិខិតចិត្តក្រក់ចំពោះគេយ៉ាងនេះ?
ក្នុងចិត្តម៉ៃពេលនេះចង់ទៅលួងលោមមាណវីណាស់តែមិនអាចព្រោះគេមិនចង់ឱ្យវើយតានតឹងជាងនេះពេលមានវត្តមានរបស់គេ ខ្លាចមាណវីស្អប់គេកាន់តែខ្លាំងពេលឃើញនាយ ដោយគេមិនដឹងថា ពេលនេះវើយតាត្រូវការគេខ្លាំងប៉ុនណានោះទេ?
បីឆ្នាំក្រោយ…
ពេលវេលាកន្លងទៅលឿនណាស់។ ពេលនេះម៉ៃឈុនកំពុងតែអង្គុយសំកុកនៅនឹងមុខកុំព្យូទ័រមិនព្រមទៅណាក្រៅពីការងារឡើយ។ គេបានជាប់អាហាររូបករណ៍ទៅរៀននៅប្រទេសចិនរយៈពេលពីរឆ្នាំ ក្រោយពេលវើយតាត្រឡប់ទៅស្រុកបាត់ទាំងមិនប្រាប់នាយមួយម៉ាត់។ ពួកគេខានទាក់ទងគ្នា គឺដឹងសុខទុក្ខតាមរយៈមិត្តភក្តិប៉ុណ្ណោះ។
តែអាចអ្ហែស? ដែលគេធ្វើមិនដឹងមិនឮដូចកាលដែលបង្ហាញចេញ? ថ្ងៃណាដែលថាម៉ៃឈុនភ្លេចនាងវើយតា? ថ្ងៃណាដែលថាដង្ហើមគេមិនមានសូរសំឡេងនាង? គឺព្រោះគេមិនចង់ឱ្យនាងត្រូវឈឺចាប់ព្រោះនូវអាល័យរូបគេនោះទេ។
តែគេអត់បានដឹងថា វើយតាត្រឡប់ទៅស្រុកដើម្បីធ្វើការដោះបំណុលមិនមែនទៅធ្វើជាកូនក្រមុំរបស់គេឡើយ។
នាងបានបដិសេដចំពោះការស្តីដណ្តឹង ហើយខំប្រឹងធ្វើការពីរបីកន្លែងទៅតាមសមត្ថភាពរបស់ខ្លួនដើម្បីជួយម្តាយ។ តែយ៉ាងណាក៏នាងមិនអាចឃាត់ព្រហ្មលិខិតដែលទាមទារយកម្តាយនាងទៅ។
នាងអង្គុយនឹកម្តាយ ហើយក៏នឹកដល់គេនោះ…
«វើយតា….!»
មាណវីកំពុងតែភ្លឹកស្មារតីស្រាប់តែមានសំឡេងហៅឈ្មោះរបស់នាង ដែលធ្វើឱ្យវើយតាប្រញាប់ងាកទៅរកប្រភពសំឡេង
«ម៉ៃឈុន?»
រយៈពេលពីឆ្នាំមុនតើគេទៅណា? ហេតុអីមិនឃើញសូម្បីតែស្រមោល ឬមួយគេស្អប់ដែលនាងស្រែកដាក់គេតាំងពីថ្ងៃមុន ហើយមិនចង់ឃើញមុននាងទៀត?
នាងស្ងៀមសម្លឹងគេទាំងបេះដូងមិនស្ងប់ដូចទឹកមុខដែលបង្ហាញឡើយ។ ម៉ៃឈុនដើរមកក្បែរហើយសួរនាង៖
«អូនសុខសប្បាយទេ?»
គេដើរមកឈរពីមុខស្រីម្នាក់ដែលមិនចង់ដកក្រសែភ្នែកចេញពីនាយសូម្បីមួយវិនាទីណា។ ម៉ៃឈុនសម្លឹងនាងលើក្រោមញញឹមសួរ៖
«ម៉េចក៏ស្គមយ៉ាងនេះ? ថែរាងអ្ហែស?»
នាងមិនរំភើបនឹងសម្តីលេងសើចរបស់គេដែលខ្លួនឯងតែងទន្ទឹងថានឹងបានស្តាប់យូណាស់មកហើយ តែពេលមកឮផ្ទាល់ នាងបែរជាធ្វើមិនខ្វល់ ហើយសួរទៅគេហាក់ហី៖
«ម៉េចក៏មកទីនេះបាន?»
នាងសោះអង្គើយព្រោះគិតថាគេបែបភ្លេចនាងហើយ លែងទុកនាងសំខាន់ទៀតហើយ ហើយគេក៏ប្រហែលមានអ្នកថ្មី អំឡុងពេលដែលគេទៅសែនឆ្ងាយហើយមិនដែលឮដំណឹងសោះ។
តែមិនស្មានថាគេបែរជាឆ្លើយខុសសំណួរ៖
«អូននៅមិនទាន់ឆ្លើយសំណួរបងទេ»
គេពិតជាមិនដឹងថានាងបានឆ្លងកាត់ភាពលំបាកអ្វីខ្លះ។ ត្រូវធ្វើការសងបំណុល ត្រូវរកប្រាក់បន្ថែមដើម្បីព្យាបាលជំងឺម្តាយ ហើយក៏ត្រូវកាត់ចិត្តឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់ ពេលខ្លះក៏ត្រូវហូបខ្លះអត់ខ្លះ បែបនេះម៉េចមិនឱ្យនាងស្គមកើត?
តែនាងច្បាស់មិនអាចត្អូញត្អែរប្រាប់គេឡើយ
« គឺ…មែនហើយ គ្រាន់តែមិនចង់ធាត់ខ្លាំង»
គេញញឹមបន្ថែមពីលើចម្លើយនាង៖
«គេមើលថែអូនបានល្អណាស់អ៊ីចឹង!»
នាងងក់ក្បាលធ្វើជាញញឹមតែមិនហ៊ាននឹងសម្លឹងគេឡើយ។ ម៉ៃឈុនសួរបន្ត៖
«ម៉េចក៏មកអង្គុយតែម្នាក់ឯង? គេទៅណា?»
គេមិនមែនចង់សំដៅលើប្តីវើយតាទេ?
«លោកពិតជាមិនដែលដឹងថាខ្ញុំរស់នៅបែបណាបីឆ្នាំមកនេះមែនឬម៉ៃឈុន? សូម្បីខ្ញុំមិនរៀបការក៏លោកមិនដឹងផង?»
នាងបានត្រឹមសួរសំណួរអន់ចិត្តម្នាក់ឯងស្ងាត់ៗមិនឱ្យគេឮ។ បានអ៊ីចឹងនាងក៏ចាក់បណ្តោយ៖
«អ! គាត់រវល់ធ្វើការ! »
ម៉ៃញញឹម។ គេដូចជាសម្លឹងនាងណាស់ដែរតែម៉េចមិនឃើញភាពក្រៀមក្រំនឹងការឈឺចាប់របស់នាង?
«ម៉ៃឈុន!»
នាងហៅឈ្មោះគេ ធ្វើឱ្យបេះដូងខាងប្រុសស្រាប់តែលោតដង្ហក់។
«សុំទោស! ដែលថ្ងៃនោះ ខ្ញុំស្រែកដាក់ឯង!»
«អូនគិតថាបងខឹង?»
បើមិនខឹងម៉េចក៏បំភ្លេចនាង? វើយតាមិនអាចទ្រាំទ្រនឹងអារម្មណ៍តានតឹងរបស់ខ្លួន ដែលមិនដឹងថាគួរលាក់ ឬប្រាប់គេនៅពេលនេះបានទើបនាងព្យាយាមនិយាយដើម្បីបញ្ចប់ ក៏មិនចង់ដឹងថាគេបាត់ទៅណាយូរយ៉ាងនេះដែរ។
«ម៉ៃ! យើងចង់ជូនពរឯង សូមឱ្យឯងបានចួបនឹងមនុស្សស្រីដែលឯងស្រឡាញ់ពិតប្រាកដ នឹងរស់នៅជាមួយគ្នាដោយក្តីសុខណា! យើងទៅហើយ!»
ទម្រាំនឹងដាច់ចិត្តឈានជើងចេញ បេះដូងនាងស្ទើរតែបែកប្រេះទៅហើយ។ តែគេបែរជាទ្រឹងស្ងៀមមិនស្តី។ ម៉ៃបានងាកក្រោយស្រែកហៅនាងព្រោះចង់បញ្ជាក់គ្រប់យ៉ាងឱ្យច្បាស់៖
«វើយតាឈប់សិន!»
តែនាងមិនងាកហើយធ្វើមិនខ្វល់នឹងសំឡេងគេក៏ឡើងជិះកង់បីចេញទៅបាត់។
ចាប់ពីថ្ងៃនោះ គេមិនដែលចួបនាងទៀតឡើយ ទោះប្រឹងទៅគ្រប់កន្លែងដែលនាងធ្លាប់ទៅ នឹងចូលចិត្តទៅក៏ដោយ។
……………
ពេលវេលាកន្លងផុតទៅថ្ងៃក្លាយជាខែនៅតែរកមិនឃើញវើយតារហូត នាងទៅណា? សូម្បីនៅស្រុកក៏មិនឃើញ? ឬទៅនៅខាងសាច់ញាតិប្តី?
ស្រាប់តែសំឡេងទូរសព្ទរោទ៍ ហើយលេខនោះធ្វើឱ្យបេះដូងគេកន្រ្តាក់មិនឈប់។ លេខដែលបាត់យូរហើយ លេខដែលគេធ្លាប់សេវឈ្មោះថាមនុស្សពិសេសក៏បានត្រលប់មកវិញ…
«វើយតាអូននៅណា?»
គេសួរទាំងស្លន់ស្លោ តែបែរសំឡេងម្ខាងដែលតបមិនមែនជានាង…
«ខ្ញុំគឺគ្រូពេទ្យ…!»
ម៉ៃឈុនប្រឹងស្តាប់ស្ទើរតែភ្លេចដកដង្ហើម គេដូចមនុស្សដែលគ្មានវិញ្ញាណ។ ក្រោយពេលទូរសព្ទផ្តាច់សំឡេងសន្ធឹកឡានក៏បើកចេញលឿនដូចព្យុះទៅតាមកំសួលចិត្តនឹងក្តីបារម្ភពីមនុស្សស្រីដេលពេទ្យប្រាប់ថា នាងកំពុងចាំគេ។
…….……
គេស្ទុះរត់ចូលមន្ទីពេទ្យ គ្រាន់តែដឹងបន្ទប់ដែលនាងស្នាក់ក៏រហ័សរត់វីសតែនឹងបុកអ្នកដទៃដួល ព្រោះបេះដូងគេហាក់វង្វេងវង្វាន់មិននៅក្នុងខ្លួន។
តែមិនស្មានថាបានចួបម្នាក់ប្រុសកំពុងរង់ចាំមុខបន្ទប់នោះ។ មែនហើយ គេមានប្តីតើ!
អារម្មណ៍អន់ចិត្តជ្រៀតចូលជាមួយអារម្មណ៍ឈឺចាប់។ ម៉ៃឈុនដើរទៅជិតហើយសួរគេ៖
«លោកជាស្វាមីនាង?»
«ស្វាមី?»
ប្រុសម្នាក់នោះស្រាប់តែជ្រួញចិញ្ចើមនឹងសំណួរម៉ៃឈុន គេក៏ឆ្ងល់ដូចគ្នាប្រពន្ធកំពុងឈឺធ្ងន់ម៉េចក៏ប្តីគេមិននៅ?
«ចុះស្វាមីនាងនៅឯណា?»
ម្នាក់ប្រុសនោះសម្លឹងម៉ៃមិនដាក់ភ្នែកដោយមិនដឹងថាគេដឹងពីណាថាវើយតាមានប្តី?
«អាតាមិនទាន់រៀបការផងឱ្យមានប្តីពីណា? នាងបដិសេធខ្ញុំលោកមិនដឹងទេអ្ហែស?»
សម្តីគេកំពុងធ្វើឱ្យម៉ៃបើកភ្នែកធំស្ងៀមទ្រឹងមិនកម្រើក។ នាងមិនរៀបការម៉េចក៏កុហកគេ?
«ខ្ញុំជាអ្នកឱ្យគ្រូពេទ្យខលទៅលោក ព្រោះខ្ញុំមិនចង់និយាយជាមួយមនុស្សអាត្មានិយមដែលទុកនាងចោលមិនខ្វល់ដូចជាលោកទេ! ទោះបីនាងហាមដាច់ខាតថាមិនឱ្យលោកដឹងពីអាការៈរបស់នាងក៏ដោយ ខ្ញុំមិនចង់ឃើញនាងស្លាប់ទៅដោយមិនអស់អាល័យ»
គេហាក់ខឹងម៉ៃណាស់ តែគេអត់ដឹងថាពាក្យសម្តីគេដូចជាកាំបិតកំពុងចាក់ទម្លុះបេះដូងអ្នកកំលោះឡើយ។
បបូរមាត់គេគាំងនឹងសំឡេងបេះដូងដែលសឹងមិនដក ទម្រាំសួរទៅដារ៉ាបាន៖
«គេកើតអី?»
ដារ៉ាដកដង្ហើមធំមុននឹងឆ្លើយតបទៅម៉ៃឈុនដែលហាក់បាត់វិញ្ញាណទៅហើយ៖
«មហារីកខួរឆ្អឹងខ្នងដំណាក់កាលចុងក្រោយ!»
«…»គ្រាន់តែឮភ្លាមគេសឹងតែដួលទាំងជំហរទៅហើយ នេះទេវតាមិននៅខាងគេពិតមែន ចង់លេងសើចនឹងគេដល់ពេលណា? ធ្វើបាបគេអស់ចិត្តនៅ?
មួយសន្ទុះក្រោយមកលោកគ្រូពេទ្យបើកទ្វាចេញមក។ គាត់សម្លឹងមើលម៉ៃឈុនដែលមុននេះបានឮត្រឹមសំឡេងហើយក៏និយាយតិចៗឡើង៖
«នាងចាំលោក!»
គេស្រក់ទឹកភ្នែកដោយមិនដឹងថា តើគេគួរធ្វើទឹកមុខ ហើយឃាត់អារម្មណ៍ឈឺចាប់បែបណាពេលដែលចួបនាង? ចាំបាច់អីដាក់ទោសលើភាពកំសាករបស់គេធ្ងន់ធ្ងរយ៉ាងនេះ?
ដារ៉ាដាក់ដៃលើស្មាម៉ៃឈុនដើម្បីឱ្យគេសម្រួលចិត្ត ហើយក៏ដើរចេញទុកឱកាសឱ្យអ្នកទាំងពីរបាននៅជាមួយគ្នាលើកចុងក្រោយ។
គេកាន់តែមិនអាចឃាត់ទឹកភ្នែកដែលចង់ស្រក់ឡើយពេលឃើញរូបភាពមនុស្សស្រីដែលខ្លួនស្រឡាញ់ស្មើរជីវិតស្រាប់តែមកដេកស្តូកស្តឹងមិនកម្រើកមិនស្តី។
ម៉ៃបាននឹកឃើញគ្រាមួយដែលវើយតាធ្លាប់សួរ៖
«មានរឿងអីលាក់ក្នុងចិត្តប្រាប់យើងមក តិចថាយើងគ្មានឱកាសនឹងបានស្តាប់ណាម៉ៃឈុន»
គេគោះក្បាលនាងបន្លប់អារម្មណ៍អៀន ហើយធ្វើជាស្តីឱ្យ៖
«និយាយឡប់ស្អីមិនពីរោះស្តាប់សោះ!»
នាងញញឹម ហើយប្រឹងជជីកសួរគេ៖
«អេៗ…! ច្បាស់ជាមានហើយ! ប្រាប់មកៗៗ»
គេនៅតែមិនព្រមនិយាយបែរជាប្រឹងគេចពីក្រសែភ្នែកនាងហើយដើរចេញបន្លប់ទៅវិញ។ វើយតាមិនអស់ចិត្តព្រោះចង់ឮផ្ទាល់ពីមាត់គេ តែនាងហាក់មិនច្បាស់ឡើយថាអ្វីដែលនាងគិតពិតឬអត់?
នាងលួចញញឹមស្ងួតស្ងប់ហើយប្រាប់ខ្លួនឯងថា គេប្រហែលទុកនាងត្រឹមជាមិត្តប៉ុណ្ណោះ។
………..
ម៉េចក៏ពេលនោះគេកំសាក? ម៉េចគ្រាន់តែពាក្យស្រឡាញ់មួយម៉ាត់គេនិយាយមិនចេញ? គេបាត់ខ្លួនព្រោះចង់រកលុយឱ្យបានច្រើនជួយដោះបំណុលនាង គេមិនបង្ហាញខ្លួនព្រោះមិនចង់បំផ្លាញទំនាក់ទំនងគ្រួសារនាង តែពេលគេដឹងថានាងមិនបានរៀបការ ម៉េចក៏គេនៅតែគ្មានឱកាសបានមើលថែ ហើយនិយាយថាស្រឡាញ់នាង?
តើគ្រប់យ៉ាងដែលគេមាននៅពេលនេះមានប្រយោជន៍អី? បើមនុស្សដែលគេស្រឡាញ់ ដាច់ចិត្តដាក់ទោសគេបែបនេះ?
«វើយតា! អូនជាមនុស្សចិត្តដាច់ខ្លាំងណាស់ ចិត្តដាច់ខ្លាំងរហូតធ្វើឱ្យបងទទួលយកវាមិនបានទេ»
គេយំទាំងមិនខ្វល់ថាខ្លួនឯងជាមនុស្សប្រុស ជាភេទមួយដែលទឹកភ្នែកមានតម្លៃបំផុត ហើយកម្រនឹងស្រក់បំផុត តែគេមិនអាចនឹងឃាត់បើដឹងហើយថា ដួងវិញ្ញាណខ្លួនឯងនឹងត្រូវរលត់តាមមនុស្សស្រីដែលគេស្រឡាញ់។
«ត្រឡប់មកវិញបានទេបងសុំអង្វរ! ទោះមិនទៅមើលកុនជាមួយក៏បងមិនខឹងដែរ ទោះអូនចង់ស្រែកដាក់បងបែបណាក៏តាមចិត្ត សុំតែម្យ៉ាង កុំទៅអី…»
គេនៅតែនិយាយជាមួយនាងក្នុងបន្ទប់ងងឹតឈឹងដោយសំឡេងសោកសៅ ទឹកភ្នែកប្រជែងគ្នាស្រក់ដោយមិនដឹងថារាងកាយនោះព្រមទទួលយកពាក្យអង្វរគ្រប់យ៉ាងដែរឬអត់?
«ម៉េចមិនឆ្លើយ? អូនស្អប់បងមែន?»
គេនៅអង្គុយសួរទាល់តែដៃមាំរបស់ដារ៉ាមកក្រៀកស្មាគេ ហើយទុកឱ្យគ្រូពេទ្យធ្វើការគ្របសាកសពដែលបានលាចាកទៅមុននេះ។
គេឱបរូបថតនាងជាប់និងដើមទ្រូងទឹកភ្នែកនៃការឈឺចាប់ស្រក់មកទទួលដឹងឮពីអារម្មណ៍ដែលបាត់បង់មនុស្សដែលខ្លួនស្រលាញ់បំផុត ទឹកភ្នែកហូរដោយគ្មានសំឡេងវាពិតជាឈឺចាប់ខ្លាំងណាស់ ។ ក្តីស្រលាញ់ទាំងអស់ដែលមានចំពោះមាណវីគេមិដែលទាមទារការតបស្នងឡើយ សុំត្រឹមឃើញនាងមានស្នាមញញឹមឱ្យគេគឺគ្រប់គ្រាន់ហើយ៕