ទោះពេលវេលាកន្លងផុតទៅយូរយ៉ាងណា ទោះអូនទៅដល់ទីណា ក៏បេះដូងអូនគ្មានថ្ងៃភ្លេចឡើយថា ធ្លាប់មានរូបបងជាសង្សារ…
Sydney, New South Wales, Australia
នៅក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកលដ៏សំខាន់ វាជាវេលាដ៏អស្ចារ្យនិងពេញនិយមបំផុតសម្រាប់ការដើរលេងកម្សាន្តនាពេលរាត្រី ព្រោះនឹងមានការដុតកាំជ្រួចដ៏ធំនិងស្រស់ស្អាតបំផុតដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ បង្ហាញពីភាពស្រស់សង្ហាររបស់ទីក្រុងទាំងមូល តាមរយៈភ្លើងពណ៌ចម្រុះចេញពីភ្ញីភ្លើង ដែលដូចជាពន្លឺសោភ័ណបង្អួតសម្រស់ដ៏ល្អឯកនៅលើអាកាស ផុសចេញពីស្ពានកំពង់ផែរបស់ស៊ីដនីដ៏ល្បីល្បាញនិងគួរជាទីចាប់អារម្មណ៍បំផុត (The Sydney Harbour Bridge) និងចេញពីផ្ទះល្ខោនអូប៉េរ៉ាដ៏ល្អវិចិត្រ (The Sydney Opera House) ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ ២០០៧។
សំណង់ស្ថាបត្យកម្មទាំងនេះជានិមិត្តរូបតំណាងទីក្រុងស៊ីដនី និងប្រទេសអូស្រ្ដាលីទៅកាន់ពិភពលោក ដែលមហាជនអាចដឹងនិងស្គាល់បានយ៉ាងភ្លាមៗគ្រាន់តែនិយាយដល់ឈ្មោះ ឬត្រឹមតែឃើញរូបភាព។
ម៉ោង៩យប់ មនុស្សម្នាអ៊ូអរជាខ្លាំង សំឡេងចេចចាចនិយាយគ្នាចម្រុះភាសាឮចេញពីក្រុមអ្នកទេសចរណ៍ និងប្រជាជនផ្ទាល់របស់ប្រទេសនេះ។ ខ្លះដើរលំហែ ខ្លះដើរនិយាយគ្នា ខ្លះចូលហាងអាហារ ហាងកាហ្វេ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬសូម្បីតែហាងលក់សៀវភៅហាងតូចហាងធំ គឺអ្វីៗគ្រប់យ៉ាងស្ថិតក្នុងសភាពរវល់មមាញឹកទាំងអស់។
ក្នុងចំណោមបរទេសមាឌធំច្រមុះស្រួច ជនជាតិចម្រុះសាសន៍ដទៃទៀត ក៏មានគូស្នេហ៍អាស៊ីមួយគូដែលកំពុងកាន់ដៃគ្នាដើរកាត់ផ្លូវធំមានមនុស្សទៅមកខ្វាត់ខ្វែងដូចគ្នា ពួកគេគឺជានិស្សិតកម្ពុជាដែលមកបន្តការសិក្សានៅទីក្រុងស៊ីដនីនេះ ហើយក៏បានស្គាល់គ្នា រហូតយល់ចិត្តគ្នាសេពគប់ជាសង្សារ។
«អូននឹងត្រូវទៅខ្មែរវិញមិនយូរទេ ចង់ដើរកាន់ដៃបងបែបនេះទៀតក៏មិនបានដែរ! ត្រូវស្មោះត្រង់នឹងអូន ប្រអប់ដៃកក់ក្ដៅមួយគូនេះរបស់បង ហាមណា៎ មិនឱ្យទៅលួចកាន់ដៃទន់ៗរបស់ស្រីស្អាតណាមួយទេ ឮអត់?»
នារីជាសង្សារប្រាប់ទៅអ្នកកំលោះ ដែលនាងត្រូវបញ្ចប់បរិញ្ញាបត្រត្រូវទៅមុន ឯគេត្រូវបញ្ចប់អនុបណ្ឌិតនៅបីខែក្រោយនេះហើយ។
អ្នកកំលោះញញឹមស្រស់ បង្ហាញឱ្យឃើញស្នាមខួចនៅថ្ពាល់ខាងស្ដាំយ៉ាងស្រស់សង្ហារ គេងក់ក្បាលព្រមទាំងមិនភ្លេចទេលើកដៃម្ខាងមកអង្អែលក្បាលនាងតិចៗផង៖
«បងនឹងតាមទៅកាន់ដៃអូននៅស្រុកខ្មែរ ក៏ត្រូវរង់ចាំបងដូចគ្នា!»
គេរំកិលដៃទៅរកហោប៉ៅដែលមានប្រអប់មួយតូចស្ថិតនៅដោយមិនដឹងខ្លួន ដែលសង្សារស្រីក៏មិនបានសម្គាល់។
«ហ៊ឹម!!» នាងងក់ក្បាលយល់ព្រម ហើយពួកគេក៏ញញឹមស្រស់ដាក់គ្នា ដែលពេលពួកគេដើរទៅដល់តូបតូចៗលក់របស់អនុស្សាវរីយ៍ធ្វើដោយដៃ ស្រីតូចក៏ដឹកដៃគេទៅជាមួយ។
កែវភ្នែកមូលក្រឡង់ពិនិត្យពិច័យរកមើលរបស់មួយណាដែលសក្តិសមសម្រាប់ជាវត្ថុតំណាងដ៏ល្អបំផុតរវាងគូស្នេហ៍ ខណៈនោះក៏បានឃើញបណ្ដោងខ្សែករូបបេះដូងតូចដែលចាក់ដោយដៃយ៉ាងស្រស់ស្អាតមួយគូ នាងលេចចេញស្នាមញញឹមស្រស់ក្រឡេកមកមើលគេ អ្នកកំលោះក៏លើកចិញ្ចើមចង់សួរបញ្ជាក់ថាចង់បានបែបនេះមែន នាងក៏ងក់ក្បាលងើយទៅខ្សឹបដាក់គេតិចៗ៖
«បែបនេះបេះដូងអូន គឺនឹងបាននៅជិតៗបេះដូងបងគ្រប់ពេលនោះអី!»
«…បងនឹងមិនដោះចេញទេ!» គេប្រាប់ហើយក៏ងក់ក្បាលញញឹមសម្រេចឱ្យនាងទិញវា។
«តើអាចបន្ថែមឈ្មោះពួកយើងនៅលើនេះបានទេ?»
ស្រីតូចងាកទៅសួរអ្នកលក់ដែលស្រ្តីចំណាស់មាឌធំញញឹមស្រស់ស្អាតមកនាង និងហុចប៊ិក និងក្រដាសតូចមួយមកឱ្យ។
«ប្រាកដជាបាន សូមសរសេរឈ្មោះអ្នកទាំងពីរមក ខាងពួកយើងនឹងបន្ថែមឱ្យ តែសូមចាំបន្តិចសិនណា៎ ព្រោះថ្ងៃនេះមានគូស្នេហ៍ជាច្រើនដែលនៅចាំដូចគ្នា!»
«គ្មានបញ្ហាទេ ពួកយើងអាចចាំបាន អរគុណ!»
អ្នកកំលោះហុចក្រដាសឈ្មោះរបស់ពួកគេ ដែលមានឈ្មោះ ពិសី និង ដារ៉ា ទៅឱ្យអ្នកលក់នោះ គាត់ក៏ទទួលយកទៅឱ្យខាងក្រុមការងារបន្ត។
ពួកគេក៏ចូលមកអង្គុយនៅលើកៅអីរង់ចាំដែលនៅក្បែរៗនេះ ពិតជាមានភ្ញៀវជាគូស្នេហ៍នៅរង់ចាំពិតមែន កៅអីនៅសល់តែមួយគេញញឹម ទុកឱ្យជាស្រេចហើយសម្រាប់ម្ចាស់ចិត្តរបស់ខ្លួន។
«ម៉េចក៏អូនជ្រើសយករូបបេះដូង?» គេសួរទៅសង្សារដែលនៅចំពោះមុខ កាន់ដៃគ្នាជាប់ នាងសម្លឹងមុខគេដកដៃអង្អែលថ្ពាល់គេថ្នមៗ។
«បេះដូងអូនមិនប្រក្រតីនោះអី អ៊ីចឹងហើយបើពាក់ខ្សែកមានបេះដូងដូចបងនៅជិត វាក៏កក់ក្ដៅមានសុវត្ថិភាព មានក្ដីសុខច្រើនៗ បែបនេះហើយ!»
«…បងស្រឡាញ់អូន!» គេស្ដាប់សូរសៀងដែលនាងនិយាយថាបេះដូងនាងមិនប្រក្រតីយ៉ាងក្រៀមក្រំក្នុងចិត្ត ទោះនាងព្យាយាមនិយាយដូចកំប្លែងតែគេដឹងថានាងក៏កំពុងគិតច្រើន ក៏កំពុងពិបាកចិត្តនឹងជំងឺបេះដូងរបស់នាងដែរ គេអង្អែលថ្ពាល់នាងថ្នមៗវិញបំណងលើកទឹកចិត្តដូចរាល់ដង។
«ហ៊ឹសៗ! បងលួងអូនដោយពាក្យនេះញឹកញាប់ វាមានផលល្អដល់បេះដូងទៅហើយ អូនមិនងាយឈឺទៀតទេកុំបារម្ភអី អូនក៏មានរឿងចង់ប្រាប់ បងឱនបន្តិចមក…»
អ្នកកំលោះក៏ឱនទៅរកតាម ហើយក៏ត្រូវសើចស្រស់នឹងពាក្យអូនស្រឡាញ់បងរបស់នាងហើយនាងនៅមានផ្ញើស្នាមថើបលើថ្ពាល់គេមួយខ្សឺតថ្នមៗទៀតផង គេលើកដៃនាងមកថើប។
«អូនជាមនុស្សស្រីរឹងមាំរបស់បង!»
«ចុះរឿងច្រើនដែរទេ?» ឃើញគេសរសើរបែបនេះ នាងញញឹមខ្ជឹបបន្តសួរគេទៀត។
«មិនទេ!»
«ស្អាតដែរទេ?»
«ស្អាតណាស់!»
«ចិត្តល្អទេ?»
«ចិត្តទូលាយណាស់ តែ…»
«តែ??» នាងខំផ្អៀងកសួរគេ តែគេនៅញញឹមមិនមាត់។
«បងប្រាប់អូនមក!»
«…តែអូនចូលចិត្តធ្វើខ្លួនគួរឱ្យស្រឡាញ់ច្រើន បងខ្លាចថាពេលដែលបែកពីអូន បងនឹកអូនខ្លាំងនឹងទៅជាឆ្កួតបាន!»
«ហ៊ឹម បែបនេះឬ? បើនឹកក៏ផ្ញើបេះដូងនេះទុកនឹងអូនហើយអ៊ីចឹង ចាំអូនមើលថែឱ្យ ពួកយើងនឹងមិនបាច់បែកគ្នា!»
នាងញញឹមចុចត្រង់ដើមទ្រូងកន្លែងបេះដូងគេតិចៗ បុរសម្នាក់នេះមិនសូវពូកែនិយាយបូរបាច់ដូចនាងទេ តែតាំងពីពេលនៅជិតៗនាង គេក៏ឧស្សាហ៍និយាយច្រើនជាងមុន នៅមានពេលខ្លះនៅនិយាយផ្អែមៗឱ្យនាងអៀនបានទៀតផង។
«…វានៅជាមួយអូនស្រាប់ហើយ ត្រូវថែរក្សាវាឱ្យបានល្អ!»
ពួកគេញញឹមដាក់គ្នាខណៈអ្នកលក់ក៏យកបណ្ដោងដែលមានឈ្មោះអ្នកទាំងពីរមកឱ្យ ទើបពិសីប្រញាប់យកវាទៅដាក់ភ្ជាប់នឹងខ្សែក ពាក់ឱ្យគ្នាយ៉ាងសប្បាយចិត្ត បន្ទាប់ពីនោះក៏ឱ្យថ្លៃទៅអ្នកលក់រួចទើបគូស្នេហ៍ទាំងពីរកាន់ដៃគ្នាចាកចេញទៅ។
…..ម៉ោងចូលដល់១១យប់ទៅហើយ ពួកគេនៅដើរលេងទៅខាងនេះខាងនោះឥតស្ងៀម ហើយមិនខុសពីគ្រប់គ្នាឯទៀត ទាំងពីរនាក់ដឹកដៃគ្នាទៅចាំមើលកាំជ្រួចនៅឆ្ងាយពីបរិវេណនេះដែរ តែថាពេលដែលដើរកាត់តូបលក់ការ៉េមដែលមានអ្នកចាំទិញតម្រង់ជួរគ្នានាងក៏សម្លឹងមើលទាំងដកដង្ហើមធំ ចង់ញ៉ាំក៏ចង់ញ៉ាំតែពិបាកទិញណាស់ព្រោះមានមនុស្សចាំមិនចេះតិច ទើបបម្រុងនឹងកាត់ចិត្តដឹកដៃសង្សារទៅមុខបន្ត តែមនុស្សយល់ចិត្តក៏ចាប់ដៃនាងជាប់។
«ចាំបងសិនបានទេ ទៅអង្គុយនៅនោះទៅ បងទៅចាំទិញ!»
«មែនហ្អេស? តែមនុស្សច្រើនណាស់!»
«ទៅអង្គុយទៅ មិនអីទេចាំទិញហើយចាំទៅខាងនោះបន្តក៏បាន!»
«អូខេ! អរគុណណា៎! »
នាងហក់ទៅបន្ថែមស្នាមថើបឱ្យគេមួយខ្សឺតទៀតព្រោះសប្បាយចិត្តពេក។
«ហ៊ឹសៗ មិនបាច់អរគុណទេ បងនឹងទារថ្លៃចុកជើងពីអូនពេលក្រោយមិនខាន!»
គេអង្អែលក្បាលនាងញញឹមតិចៗមុននឹងទៅតម្រង់ជួរចាំទិញដែរ ទុកឱ្យនាងបានអង្គុយស្រមើស្រមៃវែងឆ្ងាយតែឯងដោយគ្មានការរំខាន។
ក្នុងចំណោមអ្នកតម្រង់ជួរនោះមានស្រីមានប្រុសជនជាតិផ្សេងៗ សំឡេងបន្លឺអ៊ូអររសាត់មកពីគ្រប់ទិសស្ថិតនៅជុំវិញ ប៉ុន្តែក្នុងក្រសែភ្នែករបស់ពិសី អ្វីដែលក្រសោបយកបានចំណាប់អារម្មណ៍របស់នាងទាំងមូល និងមិនអាចឱ្យនាងដកកែវភ្នែកចេញបាន គឺជាសង្សាររបស់ខ្លួន។
រាងកាយខ្ពស់សង្ហាររបស់អ្នកជាសង្សារ ពេលឈរនៅក្នុងចំណោមជនបរទេសបែបនេះកម្ពស់កំពររបស់គេក៏មិនអន់ រាងសង្ហារញញឹមមករកនាងពីចម្ងាយយ៉ាងស្រស់ស្រទន់មានមន្តស្នេហ៍ ដែលនាងក៏គ្រវីដៃដាក់គេវិញទាំងញញឹមស្ញេញរីកដូចគ្រាប់ជី ហើយពេលដែលគេបែរខ្នងទៅវិញក៏បង្ហាញស្មាធំទូលាយដែលនាងផ្អែកហើយក៏មានអារម្មណ៍សុវត្ថិភាព។
កំភួនដៃមាំមួនប្រអប់ដៃក្រាស់ធំតែបែរជាកាន់ដៃនាងថ្នមៗទន់ភ្លន់និងផ្ដល់អារម្មណ៍ថាកក់ក្ដៅគ្រប់ពេល រង្វង់ដៃដែលផ្ដល់ភាពស្ងប់មកឱ្យនាងរាល់ពេលដែលគេឱបនាងណែនៗ នៅមានការយកចិត្តទុកដាក់ពីនាងគ្រប់យ៉ាងទៀត។
នាងស្រឡាញ់បុរសម្នាក់នេះខ្លាំងណាស់ ស្រឡាញ់ដូចមិនធ្លាប់ស្រឡាញ់អ្នកណា ស្រឡាញ់ដែលច្បាស់ក្នុងចិត្តហើយថាតទៅថ្ងៃមុខគឺជាបុរសម្នាក់នេះហើយដែលនាងប្រាថ្នាចង់កាន់ដៃគេយ៉ាងជាប់មិនលែង សាងគ្រួសារយ៉ាងមានសុភមង្គលមួយជាមួយគ្នា។
ពេលដែលនាងទៅខ្មែរវិញ មានការងារធ្វើ រកប្រាក់ខែចិញ្ចឹមខ្លួនបានហើយ នឹងសន្សំលុយសុំកូនកំលោះគេរៀបការមិនខាន នាងគិតទាំងខ្ទប់ថ្ពាល់ខ្លួនឯង អៀនតែឯង អាងតែកូនកំលោះគេមិនដឹងលួចដៅគេទុកយកមកធ្វើអនាគតស្វាមីទៅហើយ ហិហិ។
មិនត្រឹមតែតំណែងអនាគតស្វាមី ស្រស់ពិសីធ្លោយគិតទៅដល់អនាគតលោកប៉ារបស់កូនៗជាទីស្រឡាញ់របស់ពួកគេទៀតដែរ នាងចង់មានកូនបីនាក់ សុំតែប៉ុណ្ណឹងបានហើយកូនៗនឹងមានគ្នាមិនស្ងាត់ពេក ស្រីឬប្រុសក៏មិនអីឱ្យតែពួកគេសុខភាពល្អមាំមួន និងជាកូនល្អទៅបានហើយ មិនដឹងថាបងដារ៉ាចង់បានកូនៗប៉ុន្មាននាក់ដែរ…ហា៎ ហ៊ែមៗ ឈប់សិនៗ ចាំពេលទៅមុខបន្តិចទៀតចាំពិភាក្សារឿងនេះក៏បាន វាមិនទាន់ដល់ពេលទេ កុំអាលវែងឆ្ងាយអីពិសីអើយ!!
«ឈប់គិត ឈប់បានហើយឯង!!» នាងទះថ្ពាល់ខ្លួនឯងតិចៗឱ្យឈប់គិតរវើរវាយលួចអៀនតែឯងទៀត។
ខណៈដែលនាងសើចស្រស់គិតពីក្មេងតូចៗរួច ក៏ងើបមុខឡើងមកវិញទន្ទឹមនឹងសំឡេងចេចចាចពីហ្វូងមនុស្សឮមកពីចម្ងាយនិងកាន់តែជិតទៅៗ តែពេលដែលរូបភាពនោះរំកិលកាន់តែកៀកនាងក៏ស្ពឹកគាំងអស់ស្នាមញញឹមនិងចលនា…
សម្លឹងមើលទៅមនុស្សម្នាដែលស្ទុះស្ទាស្រវេស្រវារត់ចេញឱ្យបានទាន់ពេលគេចពីរថយន្តមួយ ដែលពេលនេះវាកំពុងស្ថិតក្នុងល្បឿនលឿនខ្លាំងដែលអ្នកបើកមិនអាចគ្រប់គ្រងបាន វាកំពុងសម្ដៅមកត្រង់ ហើយក៏បុករះតូបលក់អីវ៉ាន់មិនចេះតិចដែរ ហើយវាក៏កាន់តែជិតមែនទែននឹងក្មេងស្រីតូចល្អិតម្នាក់ដែលឈរយំកណ្ដាលផ្លូវ នៅមិនឆ្ងាយពីតូបលក់ការ៉េម ដែលសូម្បីអ្នកទិញនៅឯតូបក៏រត់បំបែកគ្នាព្រោះភ័យតក់ស្លុតពេក។
«អ៊េនណា!!» ជាអ្នកម្ដាយរបស់ក្មេងស្រីប្រាកដណាស់ដែលស្រែកហៅឈ្មោះកូន នាងយំដោយទម្លាក់ចោលរាល់អីវ៉ាន់ហើយរត់ទៅរកកូនស្រី ក្បែរនោះគឺមានបងស្រីក្មេងតូចម្នាក់ដែរតែនាងមិនអាចធ្វើអីបានក៏មិនដឹងថាប្អូនទៅនៅលើថ្នល់យ៉ាងម៉េចដែរ តាមមើលទៅទំនងអ្នកម្ដាយឱ្យកូនៗនៅក្បែរៗនឹងដើមឈើនេះរង់ចាំគាត់ទៅទិញការ៉េមឱ្យ ព្រោះត្រឹមចម្ងាយតូបការ៉េមគឺអាចមើលឃើញគ្នាយ៉ាងច្បាស់មិនគិតថាមានគ្រោះថ្នាក់អីនោះទេ តែជារឿងចៃដន្យដែលចរាចរណ៍បានបិទហើយតែបែរជាមានឧបទ្ទវហេតុរថយន្តកើតឡើងបែបនេះ ឡានប៉ូលិសក៏កំពុងបើកសារ៉ែនឮៗមកពីខាងក្រោយដំណាលគ្នាដែរ។
បេះដូងរបស់ពិសីទៅជាធ្វើទុក្ខយ៉ាងខ្លាំង នាងដែលមានជំងឺបេះដូងស្រាប់ក៏ស្លុតណាស់ដែរ ក្មេងស្រីនៅក្មេងខ្លាំងណាស់ នាងតូចនោះយំហ៊ូយ៉ាងគួរឱ្យអាណិត មនុស្សគ្រប់គ្នាដែលនៅក្បែរក៏បម្រុងចូលទៅជួយក្មេងតូចដែរ តែថាក្នុងខណៈពេលនោះក៏…រាងកាយខ្ពស់មាំដែលពិសីស្គាល់ច្បាស់បំផុតក៏រត់វឹងទៅលើកក្មេងចេញពីគ្រោះថ្នាក់មកទាន់ ម្នាក់ៗក៏ត្រេកអរដែលក្មេងផុតគ្រោះថ្នាក់ ពិសីក៏ញញឹមធូរទ្រូងមើលទៅសង្សារបណ្ដូលចិត្តដែលប្រគល់នាងតូចឱ្យទៅអ្នកម្ដាយនាងវិញ តែខណៈនោះម្រាមដៃមាំក៏លើកមកដាក់បរិវេណត្រង់ក ហើយគេក៏ចាប់អារម្មណ៍ថាខ្សែកដែលពាក់ជាប់ខ្លួនបានបាត់ គេក្រឡេកទៅមើលក៏ឃើញថាវាជ្រុះនៅលើថ្នល់…
ពិសីឈានជើងប្រុងទៅរកដារ៉ាហើយ តែថាអ្នកកំលោះមិនបានបកមករកនាងវិញទេ គេក្រឡេកមើលទៅខ្សែកបណ្ដោងបេះដូងហើយក៏ស្ទុះចូលទៅរើសវា គេរើសបានហើយ និងឈានជើងដើរមកវិញជិតផុតពីផ្លូវហើយ ថែមទាំងមិនភ្លេចក្រឡេកមកទីតាំងរបស់នាងញញឹមតិចៗដាក់នាងផង គេដើរចេញផុតពីផ្លូវបានសម្រេចហើយ តែ….
ប្រាវ!!!
រូបរាងខ្ពស់សង្ហាររបស់ដារ៉ា ប្លោងហើយដួលបោកមួយទំហឹងទៅនឹងចិញ្ចើមថ្នល់នៅម្ខាងស្ងៀមឈឹង ឡានដែលត្រូវទៅមុខត្រង់សោះបែរជារេចង្កូតចេញពីផ្លូវនោះមករកគេ ហើយមិនឈប់ត្រឹមហ្នឹងក៏តម្រង់មករកគល់ឈើតាមកម្លាំងសន្ទុះនៅសល់របស់វាមុននឹងឈប់ស្ងៀមហុយផ្សែងទ្រលោមនៅទីបំផុត ហើយឡានប៉ូលិសក៏ឈប់ង៉ក់គ្រប់គ្នា។
«បងដារ៉ា!! អត់ទេ!!!»
ពិសីរត់ទឹបៗទៅរកសង្សារបណ្ដូលចិត្ត ប៉ូលិសផ្លុំកញ្ចែច្រែតតែនាងមិនខ្វល់រុលទៅមុខផងស្រែកផង តែនាងភ្លាត់ស្រែកជាភាសាខ្មែរ តែនៅពេលប្រាប់ប៉ូលិសថាជាមិត្តស្រីហើយក៏អនុញ្ញាតឱ្យនាងចូលទៅជិតវិញ។
«បង បងដារ៉ា?…ប បងឮអូនហៅទេ? ហ៊ឹកៗ កុំកើតអីណា៎បង ហ៊ឹកៗៗ»
ទឹកភ្នែកស្រក់ជាខ្សែ នាងទន់ជង្គង់គ្រឹប ខ្ទប់មាត់យំ ដៃម្ខាងក៏ខ្ទប់បេះដូងដែលលោតខុសប្រក្រតីរបស់ខ្លួនដែលកាន់តែយ៉ាប់ទៅៗ នាងរំកិលខ្លួនទៅជិតគេ ដៃញ័រៗឈោងទៅរកប៉ះដៃគេតែថាមិនទាន់បានប៉ះផងនាងក៏ដួលព្រុសសន្លប់ទៅហើយ…បេះដូងនាងទ្រាំទ្រលែងបានហើយ។
ភ្នែកទាំងសងខាងរបស់ពិសីបិទជិតលែងបានឃើញអ្វីទាំងអស់ សូម្បីតែត្រចៀកក៏ស្ដាប់មិនឮអ្វីដែរ ទោះសំឡេងចេចចាចចេញពីមហាជនឮយ៉ាងណា សំឡេងរបស់ឡានពេទ្យដែលបើកមកដល់លាន់សូរខ្ទរខ្ទារយ៉ាងម៉េចក៏ដោយ ព្រោះនាងស្លុតស្មារតីសន្លប់ទៅបាត់ហើយ តែនាងសន្លប់ទាំងមិនទាន់ដឹងថាបុរសជាទីស្រឡាញ់យ៉ាងម៉េចយ៉ាងម៉ាទៅហើយ សន្លប់ទាំងស្ពាយទិដ្ឋភាពដែលជាសោកនាដកម្មដ៏រន្ធត់ ដែលគ្រប់ដង្ហើមចេញចូលរបស់នាង នាងបន់ស្រន់ថានោះគឺជាសុបិនអាក្រក់ទេ សុបិនដែលមិនល្អពេលដែលយើងបើកភ្នែកភ្ញាក់ពីដំណេកក៏បំភ្លេចវាបានវិញ តែនេះមិនមែនជាសុបិន មិនមែនជាយល់សប្តិដែលនាងកំពុងកុហកខ្លួនឯង កំពុងលួងខ្លួនឯងនោះទេ វាជាការពិត ការពិតដែលចាក់សម្លាប់នាងឱ្យស្លាប់ គឺជាការពិតដែលពិបាកនឹងទទួលយកជាទីបំផុត។
……
«សី សីបានឮទេកូន?»
សំឡេងមួយដាស់នាង នាងបើកភ្នែកមកប្រទះនឹងពិតានពណ៌សចាំង ទើបត្រូវព្រិចភ្នែកនឹងពន្លឺឱ្យសុំាហើយក៏ងាកមករកអ្នកដែលហៅ។
«ម៉ាក់ ប៉ា!!» នាងវាចាខ្សាវៗមិនចង់ឮ មើលទៅឳពុកម្ដាយ គ្រាន់តែដឹងខ្លួនទឹកភ្នែកក៏ហូរមកឥតឈប់ទៀតហើយ។
«ចាសកូន កុំយំអីកូន ការវះកាត់ទទួលបានជោគជ័យហើយ គ្រប់គ្នាកំពុងរង់ចាំការដឹងខ្លួនរបស់កូន!»
នាងក្រឡេកទៅមើលប៉ាម៉ាក់នាង និងវត្តមានរបស់អ្នកមីងរ័ត្នជាអ្នកមីងរបស់បងដារ៉ានិងស្វាមីគាត់ ដែលពួកគាត់ម្នាក់ៗក៏ភ្នែកក្រហមមិនចាញ់គ្នា ព្រោះតែឆ្លងកាត់ការយំហើយ។
«បងទៅចួបនឹងលោកដុកទ័រសិន!» អ្នកជាស្វាមីប្រាប់ភរិយានិងដើរចេញទៅ អ្នកស្រីរ័ត្នក៏ងក់ក្បាល និងដើរមកជិតពិសី គាត់ក្រសោបដៃនាងថ្នមៗ។
«អស់អីហើយក្មួយ តទៅ…តទៅ…ក្មួយនឹងមានសុវត្ថិភាពហើយ មើលថែបេះដូងមួយដួងនេះឱ្យបានល្អណា៎ក្មួយ ត្រូវសប្បាយឱ្យបានច្រើនកុំពិបាកចិត្ត ដារ៉ា…ប្រគល់វាឱ្យទៅក្មួយ ព្រោះចង់ឱ្យក្មួយរស់បានសុខសប្បាយនេះហើយ»
គាត់លើកដៃជូតទឹកភ្នែកឱ្យពិសី និងជូតទឹកភ្នែករបស់ខ្លួនដែរ។
ត្រូវហើយ ដារ៉ាជាសង្សារបណ្ដូលចិត្តរបស់ពិសី ជាអនាគតស្វាមីដែលនាងដៅទុក ជាអនាគតលោកប៉ារបស់កូនៗ គេបានក្លាយជាការចងចាំនិងអនុស្សាវរីយ៍ដ៏កក់ក្ដៅនិងស្រស់ស្អាតលាយឡំនឹងទឹកភ្នែករបស់នាងទៅហើយ គេបានទទួលមរណភាពពេលដែលចូលសង្រ្គោះបន្ទាន់ប្រមាណមួយម៉ោងប៉ុណ្ណោះ។
រឿងហេតុថ្ងៃនោះគឺជាព្រឹត្តិការណ៍ដែលម្នាក់ៗមានការសោកស្ដាយយ៉ាងខ្លាំង តៃកុងឡាននោះក្រោយពីរបួសធូរស្រាលហើយក៏ត្រូវចូលខ្លួនទទួលទោសយ៉ាងសក្តិសមបំផុតទៅនឹងទង្វើរបស់គេដែលបើកបរក្រោមជាតិស្រវឹង និងបើកគេចពីប៉ូលិស នៅបង្កមហន្តរាយដល់សារធារណៈជន ជាពិសេសគឺមានអ្នករបួសធ្ងន់ស្រាលមិនតិចទេ នៅមានអ្នកបាត់បង់ជីវិតចំនួនបីនាក់ទៀត ដែលដារ៉ាជាជនរងគ្រោះថ្នាក់ទីបួនចុងក្រោយបំផុត វាជាសោកនាដកម្មដែលគួរឱ្យរន្ធត់និងមិនធ្លាប់បានកើតឡើងទេដែលម្នាក់ៗស្លុតចិត្តនិងឈឺចាប់មិនស្ទើរឡើយ ជាពិសេសគ្រួសាររបស់ជនរងគ្រោះ។
«…» ពិសីនិយាយអ្វីមិនចេញ នាងយំដោយគ្មានសំឡេង យំយ៉ាងខ្លាំងដែលតាំងពីថ្ងៃដឹងខ្លួនពីសន្លប់និងបានទទួលដំណឹងថាសង្សារសម្លាញ់ចាកចោលឆ្ងាយ ឆ្ងាយរហូតហៅលែងឮម្ល៉េះ នាងធ្វើអ្វីមិនត្រូវ មិនដឹងត្រូវធ្វើអី នាងស្ពឹកស្មារតីគិតអីមិនចេញឡើយ ខណៈនោះអ្នកមីងនិងសាច់ញាត្តិរបស់ដារ៉ាក៏មកមន្ទីរពេទ្យដែរ ពួកគាត់យំមិនចាញ់គ្នា អ្នកមីងធំបន្ទាប់ពីម៉ាក់របស់ដារ៉ាដែលគាត់ប្រៀបដូចជាម្ដាយទីពីររបស់អ្នកកំលោះក៏ចូលមកឱបនាងណែនដៃ នាងស្គាល់អ្នកមីងរ័ត្នព្រោះដារ៉ាធ្លាប់បានណែនាំនាងឱ្យបានស្គាល់ តែនាងមិនធ្លាប់បានដឹងទេថាដារ៉ានៅមានសាច់ញាត្តិច្រើនយ៉ាងនេះនៅអូស្រ្តាលី អ្វីដែលបានដឹងពីសង្សារគឺគេគ្រាន់តែជាបុរសសាមញ្ញម្នាក់ជាប់អាហារូបករណ៍មកសិក្សា ក៏ដឹងថាគេមានបងប្អូនខ្លះដែលរស់នៅទីនេះ ប៉ាម៉ាក់របស់គេលាចាកលោកអស់ទៅហើយ តែគេក៏តស៊ូធ្វើអីដោយខ្លួនឯង រស់នៅរកការងារក្រៅម៉ោងធ្វើអីក៏ខ្លួនឯងទាំងអស់ សង្សារសម្លាញ់នាងជាមនុស្សបែបនេះហើយ សាមញ្ញៗតែក៏មានក្ដីសុខពេលដែលបាននៅក្បែរ។
តែគេមិនអាចមកនៅជិតនាងទៀតទេ មិនអាចត្រឡប់មកផ្ដល់សេចក្ដីសុខភាពកក់ក្ដៅទាំងនោះឱ្យនាងបានទៀតទេ គេបានចាកចេញទៅហើយ ចាកចេញទាំងក្នុងប្រអប់ដៃក្ដាប់ខ្សែកដែលមានឈ្មោះរបស់នាងជាប់ ទាំងមានរបស់ក្នុងប្រអប់មួយមិនទាន់បានប្រគល់មកឱ្យនាងដោយផ្ទាល់ផង ចាកចេញដោយបានបន្សល់នូវបេះដូងដ៏មានតម្លៃមួយដួងរបស់ខ្លួនមកឱ្យនាង….
ដោយសារក្រុមគ្រួសារបងប្អូនគេក៏ជាអ្នកធ្វើការ និងជាអ្នកមានជីវភាពធូរធារដែរនៅទីនេះ ទើបដំណើរការវះកាត់ប្ដូរបេះដូងរបស់នាងត្រូវរៀបចំធ្វើឡើងមិនយូរប៉ុន្មាន ម៉ាក់ប៉ានាងក៏ត្រូវពួកគាត់ជួយគ្នារៀបចំឯកសាឱ្យមកទីនេះបាន ទើបថ្ងៃនេះឆ្លងកាត់រយៈពេលក្រោយពីដឹងខ្លួនបន្ទាប់ពីការវះកាត់ហើយ នាងបើកភ្នែកមកក៏ឃើញវត្តមានរបស់ពួកគាត់នៅមិនឆ្ងាយពីខ្លួន។
នៅក្នុងបន្ទប់អ្នកជំងឺស្ងប់ស្ងាត់ មិនយូរប៉ុន្មានក្រុមគ្រូពេទ្យក៏ចូលមកពិនិត្យមើលអាការៈរបស់នាងយ៉ាងយកចិត្តទុកដាក់ ដែលវាជារឿងល្អណាស់ព្រោះនាងទទួលបានការវះកាត់ដែលជោគជ័យ អាការៈពេលនេះគឺទុកចិត្តបាន តែនៅត្រូវការសម្រាកតាមដានមើលអាការៈបន្តសិន និងមុខរបួសឱ្យគ្រាន់បើនិងត្រឡប់មកប្រសើរជាងមុនសិន ដល់ពេលនោះនាងអាចនឹងចាកចេញពីពេទ្យបានហើយ។
ពេលយប់ស្ងាត់ជាពេលសម្រាប់អ្នកជំងឺសម្រាក តែពិសីបែរជាធ្មេចមិនលក់ នាងឈោងដៃយឺតៗទៅយកបណ្ដោងខ្សែកមួយខ្សែដែលដាច់នោះមកមើលជិតៗ នាងហូរទឹកភ្នែកដោយស្វ័យប្រវត្តិម្ដងទៀតហើយ។
[…អូនជាមនុស្សស្រីរឹងមាំរបស់បង! ចុះរឿងច្រើនដែរទេ? មិនទេ…ស្អាតដែរទេ? ស្អាតណាស់…ចិត្តល្អទេ? ចិត្តទូលាយណាស់តែ…តែ? តែអូនចូលចិត្តធ្វើខ្លួនគួរឱ្យស្រឡាញ់ច្រើន បងខ្លាចថាពេលដែលបែកពីអូន បងនឹកអូនខ្លាំងនឹងទៅជាឆ្កួតបាន!….បើនឹកក៏ផ្ញើបេះដូងនេះទុកនឹងអូនហើយអ៊ីចឹង ចាំអូនមើលថែឱ្យ ពួកយើងនឹងមិនបាច់បែកគ្នា…វានៅជាមួយអូនស្រាប់ហើយ ត្រូវថែរក្សាវាឱ្យបានល្អ…]
«ហ៊ឹក! អូនមិនមែនជាស្រីរឹងមាំ ពេលនេះអូនកំពុងយំបងឮអត់ អូនកំពុងតែទន់ខ្សោយណាស់ដឹងទេ អូនជាស្រីអាក្រក់ អូនឧស្សាហ៍រករឿងបង អូនមិនមែនជាស្រីស្អាត អូនមិនបានចិត្តទូលាយទេ ថែមទាំងពូកែប្រចណ្ឌបងទៀតផង ពេលនេះនៅខឹងនឹងបងទៀតដែរមនុស្សល្ងង់ មនុស្សចម្កួត បងឆ្កួតណាស់ដែលដើម្បីតែខ្សែកដែលអូនពាក់ឱ្យមួយខ្សែក៏បងរត់ទៅរើស វាអត់សំខាន់ទេបើគ្មានបងនៅក្បែរអូន គ្មានបងនៅឈរញញឹមមករកអូន អង្អែលក្បាលអូន ឱបអូន កាន់ដៃអូនដោយក្ដីស្រលាញ់និងភាពកក់ក្ដៅ វាអត់បានការទាំងអស់ ឃើញទេអូនមិនបានល្អដូចដែលបងយល់ទេ បងនៅមើលមកអូនបែបនេះទៀតមែនទេ?
ហ៊ឹក មនុស្សល្អរបស់អូន…អូននឹកបងសឹងតែឆ្កួតទៅហើយ ដឹងទេ? អូននៅតែខ្លាចក្នុងការទទួលយកការពិត ខ្លាចដែលត្រូវឈានទៅមុខដោយគ្មានបង…
ព្រោះអូនស្រឡាញ់បងណាស់ ដឹងទេថាអូនស្រឡាញ់បងខ្លាំងប៉ុនណា? អូនស្ទើរឆ្កួតឡប់ទៅហើយដែលបាត់បង់បង!?»
នាងក្ដាប់ខ្សែកណែនដៃលើកវាមកផ្អឹបនឹងមាត់ជាប់ខណៈពោលពាក្យសម្ដីចេញមកយ៉ាងអួលអាក់ ស្មាក៏ញ័រញាក់ទៅតាមការយំខ្លាំងៗ។
ម្ដាយនាងដែលមិនបានសម្រាកស្កប់ក៏ដឹងខ្លួន ហើយពេលដែលឃើញកូនស្រីដេករួញខ្លួនយំខ្សឹកខ្សួលញ័រស្មាទទ្រើត គាត់ស្ទុះក្រោកភ្លាមចូលទៅជិតកូនស្រី ដែលប៉ានាងក៏អត់ងងុយពីយប់មិញមិនស្រួលខ្លួនសម្រាកលក់ទៅហើយ។
«មិនអីទេកូន មិនអីទេ!» ម៉ាក់នាងអង្អែលស្មានាងថ្នមៗ ជូតទឹកភ្នែកឱ្យនាង គាត់នៅឱបលួងលោមនាងមួយសន្ទុះធំទើបស្មាតូចនោះឈប់ញ័រទៀត។
«ម៉ាក់! កូននឹកគាត់ ស្រឡាញ់គាត់ខ្លាំងណាស់!»
«ហ៊ឹម ម៉ាក់ដឹង! ដឹងថាកូនស្រឡាញ់កូនដារ៉ាប៉ុនណា ក៏ដឹងថាគេស្រឡាញ់កូនម៉ាក់ប៉ុនណាដូចគ្នា តែធ្វើម៉េចទៅ យើងមានតែរឹងមាំណាកូន ត្រូវកាត់ចិត្តឱ្យបាន!»
«កូនពិបាកណាស់ម៉ាក់…!»
«កូនត្រូវព្យាយាម ត្រូវចាំថាដារ៉ាមិននៅឆ្ងាយពីកូនទេ គេនៅជាមួយកូន បេះដូងគេនៅលោតនៅមានចលនានៅឡើយទេ គេព្រមនឹងបន្តជីវិតរបស់គេជាមួយកូននេះឯង កូនត្រូវតែថែរក្សាឱបក្រសោបគេឱ្យបានល្អ រស់នៅដោយមានក្ដីសុខ ថែរក្សាសុខភាព ម៉ាក់…ម៉ាក់ជឿថាគេក៏ចង់បានបែបនេះ ចង់ឱ្យកូនញញឹមច្រើនៗ មិនចង់ឃើញកូនយំខូចចិត្តបែបនេះទេ រំលែកទុក្ខសោកនេះសន្សឹមៗណាកូន ហើយកូននឹងបានធូរស្រាលខ្លះ បែបនេះកូនទាំងពីរនឹង មិនសូវឈឺចាប់…»
ស្ដ្រីចំណាស់ជូតទឹកភ្នែកឱ្យកូនថ្នមៗ និងអង្អែលក្បាលកូនផង គាត់ក៏ស្រក់ទឹកភ្នែកក្ដុកក្ដួលតែក៏រហ័សជូតចេញ ព្រមទាំងឈោងទៅយកប្រអប់តូចមួយដែលនៅជិតនោះមកឱ្យកូននិងបើកវាឡើងយឺតៗបង្ហាញចិញ្ចៀនមួយវង់យ៉ាងស្រស់ស្អាតចំពោះមុខពិសី។
ម្រាមដៃញ័រៗរបស់ពិសីឈោងយកវាមកមើល តាមពិតសង្សារសម្លាញ់តែងតែដាក់ចិញ្ចៀននេះតាមខ្លួនជានិច្ច គាត់មានគម្រោងសុំនាងរៀបការ ចង់សាងអនាគតរួមគ្នាយ៉ាងពិតប្រាកដមែន តើគាត់មានដឹងទេថានាងយល់ព្រមនឹងគាត់ស្រាប់ហើយ!
នាងបានដឹងថាខ្លួនឯងស្រឡាញ់បុរសម្នាក់នេះខ្លាំង ខ្លាំងដូចដែលភរិយាម្នាក់ស្រឡាញ់ស្វាមីរបស់នាងអ៊ីចឹងដែរ!!
«…អូនស្រឡាញ់បង!»
នាងស៊កចិញ្ចៀនចូលមករង្វង់ដៃយឺតៗដោយខ្លួនឯង វាស្រស់ស្អាតល្មមម៉ាច់តែម្ដង តែម្ចាស់ចិញ្ចៀនមិនបានឃើញទេ និងមិនដឹងទេថាគេពូកែរើសប៉ុនណា!
ទឹកភ្នែកនាងហូរចុះម្ដងទៀត ធ្លាក់ចុះមកលើចិញ្ចៀនដែលលើកយកមកថើបជាប់មាត់មិនដក ឯអ្នកជាម្ដាយក៏ស្រក់ទឹកភ្នែកអាណិតកូនខ្លាំង គាត់ចាប់ដៃកូនស្រីថ្នមៗទៅផ្ទប់នឹងបេះដូងនាងយ៉ាងស្រាលដៃ។
«ទាំងអស់នេះជារបស់ដ៏មានតម្លៃ ដែលគេប្រគល់ឱ្យកូនថែរក្សាអស់មួយជីវិត!»
នាងធ្វើអីមិនកើតក្រៅតែពីជ្រកក្រោមដើមទ្រូងម្ដាយយំខ្លាំងៗ បញ្ចេញទុក្ខសោកទាំងពួងមក។
គេប្រគល់បេះដូង និងក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅមកឱ្យនាងថែអស់មួយជីវិត នាងនឹងធ្វើឱ្យបាន មិនឱ្យបេះដូងគេក្រៀមក្រំខ្ទេចខ្ទាំទេទោះដឹងជាស្រេចទៅហើយថារឿងដែលត្រូវបែកពីគេនេះឯង ជារឿងខ្ទេចខ្ទាំដួងចិត្តដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្លួនក៏ដោយ។
តែយ៉ាងណានាងនឹងព្យាយាមឈានទៅមុខ គេមិនបានទៅណាឆ្ងាយពីនាងឡើយ បេះដូងគេ ក្ដីស្រឡាញ់ដែលគេផ្ដល់ឱ្យមកនាង អនុស្សាវរីយ៍ល្អៗនិងភាពកក់ក្ដៅទាំងឡាយ គឺស្ថិតនៅជាមួយនាងជាប់ជានិច្ចមិនផ្លាស់ប្ដូរ។
ប្រាំបួនឆ្នាំក្រោយមក…
នៅខាងក្រោយផ្ទះលំហែមាត់សមុទ្រមួយ មានស្ពានឈើមួយលយចូលទៅសមុទ្រ និងមានផ្ទៃទឹកប៉ប្រះនឹងរនាបឈើរបស់ស្ពានផង នារីស្រស់ស្អាតម្នាក់កំពុងតែឈោងដៃបណ្តែតផ្កាទៅតាមផ្ទៃទឹក ចិញ្ចៀនមានត្បូងតូចៗលម្អស្ថិតនៅនាងដៃខាងឆ្វេងរបស់នាងក៏ចាំងព្រិចៗតិចៗទៅតាមចលនាដែរ ម្នាក់នេះគ្មានអ្នកណាក្រៅពីពិសីនោះទេ នាងមកខ្មែរវិញតាំងពីអាការៈធូរស្បើយក្រោយពីវះកាត់ហើយកាលពីប្រាំបួនឆ្នាំមុននោះម្ល៉េះ។
ថ្ងៃនេះជាថ្ងៃខួបនៃការស្លាប់របស់បងដារ៉ា វាក៏ចូលដល់ថ្ងៃចូលឆ្នាំសកលដែរ។
នាងមកនៅផ្ទះនៅកំពតនេះរបស់ដារ៉ាឆ្លាស់គ្នានឹងផ្ទះម៉ាក់ប៉ានាងនៅឯភ្នំពេញ តែគឺមិនដែលដាច់ជារៀងរាល់ឆ្នាំ នាងតែងមកបណ្ដែតផ្កាផ្ញើក្ដីនឹករលឹកទៅដល់មនុស្សប្រុសជាទីស្រឡាញ់ដែលធាតុរបស់គាត់ គឺបានបាចសាចលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយចំពោះមុខនេះឯង។
«ពួកយើងសុខសប្បាយទេ បងកុំបារម្ភអី…»
បបូរមាត់ស្រស់ស្រទន់ពោលតិចៗបង្ហើរសម្ដីតាមវាតា សូរសំនៀងបង្កប់ដោយក្ដីស្រលាញ់ និងការនឹករលឹកជាទីបំផុត។
«…រហូតមកដល់ពេលនេះ អូនបានដឹងហើយថាខ្លួនឯងសំណាងប៉ុនណា អូនអរគុណណាស់ដែលនៅក្នុងជាតិនេះអូនបានស្គាល់បងចួបបង ស្រឡាញ់គ្នាជាមួយបងរហូតពួកយើងក្លាយជាសង្សារ អូនអរគុណណាស់សម្រាប់វត្តមានរបស់បងក្នុងជីវិតអូន ក៏អរគុណដែលបងមិនទៅណាចោលអូន នៅបន្តលោតដុកដាក់ក្នុងដើមទ្រូងមួយនេះជាមួយគ្នា អូននៅតែគោរពនិងស្រឡាញ់បងជានិច្ច…
បងសម្លាញ់ អូនស្រឡាញ់បងណាស់! មិនថាទោះពេលវេលាកន្លងផុតទៅយូរយ៉ាងណា ទោះអូនទៅដល់ទីណា ក៏បេះដូងអូន គ្មានថ្ងៃភ្លេចឡើយថាធ្លាប់មានរូបបងជាសង្សារ…បងជាសង្សារនៅក្នុងបេះដូងអូនជាដរាប ជាមនុស្សប្រុសតែម្នាក់ដែលអូនស្រឡាញ់ជាទីបំផុត គ្មានថ្ងៃប្រែប្រួលឡើយ!»
នាងញញឹមជូតទឹកភ្នែកយឺតៗចេញពីថ្ពាល់ លេចឱ្យឃើញវ័យមួយដែលមិនបាននៅក្មេងល្ហក់ដូចពីលើកមុនទៀតទេ នាងចាស់ទុំច្រើនជាងមុនព្រោះឆ្លងកាត់បទពិសោធន៍ជាច្រើននៅក្នុងជីវិត វាក៏បង្រៀននាងឱ្យបានភ្លក់រសជាតិផ្សេងៗដូចគ្នា។
«ម៉ាក់!!» សំឡេងតូចឆ្មារហៅនាងពីចម្ងាយ ពិសីងាកទៅរកនិងលើកដៃគ្រវីទៅរកក្មេងស្រីតូចវ័យប្រមាណប្រាំបួនឆ្នាំ ដែលកំពុងលើកដៃមកគ្រវីហៅនាង និងញញឹមរង់ចាំមុនទៅហើយនៅក្បែរលោកតាលោកយាយរបស់នាង។
«ម៉ាក់លាលោកប៉ាសិន!» ពិសីញញឹមស្រស់ស្រែកប្រាប់កូនស្រី។
«ប៉ាធុញសំឡេងម៉ាក់ហើយ ម៉ាក់កុំនៅយូរពេក!!»
នាងតូចសក់ខ្លីត្រឹមក មានកាត់សក់សេះតិចៗទម្លាក់ពីមុខគ្របពីលើចិញ្ចើម ក្ដោបមុខតូចមូលក្រឡង់ ភ្នែកមុតថ្លាអមដោយរោមភ្នែកងរខ្ទើត ច្រមុះស្រួចបបូរមាត់ស្ដើងច្រមិចពូកែវាចា សម្បុរសណ្តែកបាយ នាងជាក្មេងស្រីស្រស់ស្អាតម្នាក់ អ្វីៗគ្រប់យ៉ាងក៏ចម្លងពុម្ពពីលោកប៉ាគ្មានខុស សូម្បីតែស្នាមខួចនៅលើថ្ពាល់ខាងស្ដាំតូចមួយ អ្វីដែលនាងតូចដូចនាងគឺប្រភេទសរសៃសក់នេះឯង និងរូបរាងស្ដើងតូចតែក៏មានរាងរៅសមល្មម។
ពិសីញញឹមស្រស់មើលទៅកូន នាងតូចជាដំណក់ឈាមរបស់បុរសជាទីស្រឡាញ់បន្សល់ទុកឱ្យនាង គឺមាននាងតូចនេះហើយដែលជួយនាងឱ្យឆ្លងកាត់ពេលវេលាលំបាកទាំងឡាយជាច្រើន កូនស្រីដែលនាងដឹងថាមានគេនៅថ្ងៃដែលនាងរៀបចេញពីមន្ទីរពេទ្យកាលពីប្រាំបួនឆ្នាំមុននោះ។
«បងឮហើយមែនទេ កូនស្រីយើងហៅអូនហើយ! អូនសន្យាថាជូនគេមកដើរលេងថ្ងៃឆ្លងឆ្នាំ គេក៏ធ្វើខ្លួនសុភាពអស់ទាស់ ចរិតមិនល្មមទេ មិនដឹងថាកាត់ទៅរកបងឬអូនឱ្យប្រាកដ តាមមើលគឺម្នាក់ពាក់កណ្ដាលនេះឯង! គេជាអ្នករើសផ្កាសម្រាប់ថ្ងៃនេះសង្ឃឹមថាបងនឹងពេញចិត្ត តែគេមិនមកទីនេះជាមួយអូនទេ ខ្លាចអូនស្ដាប់ឮថាគេលួចទូលពិតបងរឿងអីខ្លះ បែបនេះឱ្យរាល់តែដងហ្នឹង! អូនទៅហើយណា ខ្លាចស្រីតូចនោះស្រែកបែកក្រដាសត្រចៀក កូនយើងស្រែកឮដូចកញ្ចែអ៊ីចឹង ចាំថាអូនពីក្មេងក៏មិនដល់ថ្នាក់ហ្នឹងដែរហ៊ឹសៗ ថែមទាំងនាងតូចនេះត្រូវម្នាក់ៗតាមចិត្តដល់តែធ្លាប់ខ្លួនទៅហើយទៀត ចរិតក៏ទំនើងយ៉ាប់ហួសថ្លែង ឡើងអូនរាដៃសុំចាញ់ទៅហើយ!
អូ! ភ្លេចប្រាប់បង គឺថាអាទិត្យក្រោយអូនមានការងារនៅមែលបឺនត្រូវទៅមើលហាងអាហារដែលបើកថ្មីនៅនោះ តែអ្នកមីងរ័ត្ននឹក រាសី អ៊ីចឹងហើយនឹងនាំកូនទៅលេងអ្នកមីងដែរ អូនឆាប់មកវិញទេមិនយូរឡើយ!»
នាងញញឹមក្រោកលាគេជាចុងក្រោយ មិនបាច់ឱ្យកូនស្រីតឿនមកម្ដងទៀត ពិសីចុះទៅរកកូន ឯនាងតូចក៏ស្រវាឱបអ្នកម៉ាក់របស់នាងណែនៗ។
«តោះយើង!…ម៉ាក់ប្រាប់ជាមុនណា៎មិនឱ្យរពឹសទេ ម៉ាក់នឹងវាយកូនឱ្យរាងបើហ៊ានធ្វើខ្លួនដូចកូនស្វានៅមិនស្ងៀម!»
«ហូយ ម៉ាក់អើយ កូនជាកូនម៉ាក់មិនមែនកូនស្វាទេ កូនមិនឃើញរពឹសនៅមិនស្ងៀមត្រង់ណាផង»
«មិនសូម្បីតែបន្តិចហ្អេស?» អ្នកម៉ាក់សួរផ្ទាន់កូនជើងល្អ។
«ចាស៎ តែតិចក៏អត់ដែរ កូនជាក្មេងល្អស្លូតបូតស្ដាប់បង្គាប់សឹងអី ថែមទាំងគួរឱ្យស្រឡាញ់ទៀតផង ប៉ុណ្ណឹងហើយម៉ាក់មិនស្រឡាញ់កូនទៀតអ្ហ៎? ម៉ាក់ថែមទាំងប្រាប់ថាវាយកូនទៀត តាមដែលកូនរៀនមកពីក្នុងថ្នាក់រៀន ការប្រើអំពើហិង្សាមិនល្អទេ យើងត្រូវតែជៀសវាងដាច់ខាត ត្រូវប្រើមធ្យោបាយដែលទន់ភ្លន់ ហិហិ ដែលត្រជាក់ៗជាមួយក្មេងៗក្បាលតូចៗដែលគួរឱ្យស្រឡាញ់ជំនួស…មែនទេលោកតា លោកយាយ?»
នាងកាន់ដៃអ្នកម្ដាយជាប់ណែន ដើរបុងបោយទៅមុខតាមបណ្ដោយមាត់សមុទ្រជាមួយគ្នា ខណៈបូញមាត់ស្រួចរៀបរាប់ឱ្យអ្នកជាម៉ាក់ស្ដាប់បានយ៉ាងគួរឱ្យចាប់វាយ នៅមិនភ្លេចរកខ្នងបង្អែកគាំទ្រសម្ដីរបស់ខ្លួនទៀតផង ពិសីរឹតតែគ្រវីក្បាលពេលប៉ាម៉ាក់នាងទាំងពីរដែលកៀកស្មាគ្នាដើរនៅម្ខាងក៏ងក់ក្បាលផ្ងក់ៗគាំទ្រសម្ដីចៅស្រីពេញទំហឹង។
«មែនហើយចៅ!!» ទាំងពីរនាក់លោកតាលោកយាយឆ្លើយបានយ៉ាងអស្ចារ្យ ស្រុះគ្នាទាំងព្រម។
«លោកតាលោកយាយពូកែបំផុត!»
នាងតូចញញឹមស្រស់ លើកមេដៃឱ្យចាស់ៗទាំងពីរដែលញញឹមដូចគ្នាដែរ។
ហ៊ើយ ពិសីលួចដកដង្ហើមធំគ្រវីក្បាលតិចៗ មើលទៅប៉ាម៉ាក់នាងជាប់ស្នេហ៍នឹងចៅស្រីដកខ្លួនមិនរួចទេ តាំងពីចៅនៅតូចរហូតដល់ប៉ុណ្ណេះ កុំថាឡើយវាយក្មេងរពឹសម្នាក់នេះមួយផាច់ សូម្បីតែស្រែកក៏មិនដែលផង ទម្រាំសម្ដីចាក់ទឹកមិនលេចរបស់ចៅស្រីទៀតពួកគាត់ក៏គាំទ្រចៅច្បាស់ហើយ ធ្វើឱ្យអ្នកម៉ាក់លួចធ្វើសំឡេងហ៊ឹស ព្រោះកាលនាងនៅតូចពួកគាត់ចាស់ៗជាពិសេសម៉ាក់នាងចូលចិត្តវាយគូទនាងសឹងអីពេលដែលធ្វើខុស តែចំពោះ រាសី កូនស្រីរបស់នាង ពួកគាត់ប្រែមកជាស្លូតអស់ ដូចខ្លាចាស់ៗបាក់ធ្មេញបាក់ចង្កូម ផ្ដល់ឱ្យក្មេងស្រីតែការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់។
នៅមានអ៊ំស្រីពូមីងមាខាងប៉ានាងល្អិតជាច្រើននាក់ទៀតដែលអាណិតស្រឡាញ់នាងតូចមិនស្ទើរដែរ ធ្វើឱ្យស្រីតូចល្អិតនេះកាន់តែក្បាលខូចឡើង…តែថាទៅ ទទួលបានអារម្មណ៍ចូលចិត្តពីគ្រប់គ្នានៅជុំវិញខ្លួនមកឱ្យបែបនេះ បែបនេះនាងជាម្ដាយក៏សប្បាយចិត្តខ្លាំង។
«ចុះម៉ាក់នោះ ម៉ាក់មិនល្អ មិនពូកែទេអ្ហ៎?»
«ម៉ាក់ឱនបន្តិចមក ចាំកូនប្រាប់….»
នាងឱនចុះទៅតាមដែលកូនស្រីប្រាប់ ហើយក៏ត្រូវនាងតូចខ្សឹបដាក់ថា ម៉ាក់ល្អណាស់ ពូកែបំផុតទៀតផង កូនស្រឡាញ់ម៉ាក់….រួចក៏ថែមឱ្យនាងមួយខ្សឺតពីរខ្សឺតមុននឹងដកផ្ទៃមុខចេញ តែអ្នកម៉ាក់ក៏ចាប់មុខកូនហើយថើបក្បាលរបស់នាងខ្សឺតៗខ្លាំងៗតបត្រឡប់វិញ នៅមានថ្ពាល់ទន់ៗទាំងគូរនោះរបស់កូនស្រីទៀតផង ធ្វើឱ្យនាងតូចសើចកាច់កសប្បាយខិខិ ឯលោកតាលោកយាយដែលមើលសកម្មភាពម៉ាក់កូនពួកនាងទាំងពីរក៏ញញឹមស្រស់សប្បាយចិត្តដែរ។
នៅលើពពកឯណោះ រូបព្រាលៗរបស់បុរសម្នាក់ដែលមិនអាចឃើញច្បាស់ថាជាអ្នកណាក៏កំពុងតែញញឹមស្រស់មើលមកអ្នកទាំងបួនដូចគ្នា ជាពិសេសសម្លឹងម៉ាក់កូនទាំងពីរដោយអារម្មណ៍ដ៏ជ្រាលជ្រៅបំផុត គេដូចកំពុងតែជូនពរមនុស្សជាទីស្រឡាញ់របស់ខ្លួនពីចម្ងាយ….
ក្នុងពេលតែប៉ុន្មានវិនាទីក៏មានខ្យល់បក់មកមួយវឹប រូបភាពនោះរលុបបន្តិចម្ដងៗទៅតាមពពកសក្បុសដែលរសាត់ដាច់ពីគ្នា ធ្វើឱ្យរូបភាពនោះកាន់តែមើលមិនឃើញ តែមុនពេលរលុបទៅអស់ក៏បានឃើញស្នាមខួចនៅថ្ពាល់ខាងស្ដាំមួយរបស់គេ ដែលដូចគ្នាបេះបិទទៅនឹងក្មេងស្រីតូចកំពុងសើចស្រស់ជាមួយម្ដាយនាង។
ត្រឹមមួយប៉ប្រិចភ្នែក ពពកពណ៌សមួយផ្ទាំងថ្មីក៏រសាត់មកគ្របបាំងបាត់រូបភាពទាំងនោះបាត់ស្រមោលសូន្យឈឹង លែងមានសល់ដានអ្វីទាំងអស់ ដូចពេលមុននេះគ្មានរូបភាពនេះបានកើតឡើងនោះឡើយ។
«កូនស្វារបស់ម៉ាក់!»
ពិសីញញឹមអង្អែលក្បាលកូនស្រី ដែលនាងតូចបានត្រឹមតែបូញមាត់ស្រួចព្រោះត្រូវអ្នកម៉ាក់ហៅថាកូនស្វាជាថ្មីម្ដងទៀតហើយ ហើយអ្នកជាម៉ាក់ក៏ដឹកដៃកូនទៅមុខបន្តទៀត ទាំងក្នុងចិត្តក៏កាន់តែគិតបានច្បាស់នូវសម្ដីរបស់ខ្លួនឯង…
ពាក្យដែលប្រាប់ថាចរិតរបស់កូនកាត់ទៅប៉ារបស់គេពាក់កណ្ដាលនោះ គឺដូចជាកាន់តែខើចតិចទៅហើយ នាងតូចដូចលោកប៉ាត្រឹមតែមុខមាត់ស្រស់ស្អាតនេះទេ តែនាងច្រមក់នេះចំជាដូចនាងជាអ្នកម៉ាក់មែនទែនបើនិយាយពីចរិតឫកពាច្រឡេមច្រឡឺមរបស់នាង។
«អ៊ីចឹង បើកូនជាកូនស្វា ម៉ាក់ជាម៉ាក់ស្វារបស់កូនស្វាដែរហើយ ហិហិ!!»
រាសីងើយមកប្រាប់ម្ដាយ ដែលពិសីក៏ញញឹមស្រស់ដាក់គ្នានឹងកូនសម្លាញ់របស់នាង ម៉ាក់ស្វានិងកូនស្វាក៏បាន មិនខុសគ្នាប៉ុន្មានទេទាំងម៉ាក់ទាំងកូនអាចរិតរប៉ិលរប៉ូចនេះ ទាំងពីរនាក់ម៉ាក់កូនលេចចេញសំណើចក្អាកក្អាយ!!
ទោះពេលនេះអាចសើចមែន តែពិសីដឹងច្បាស់ថាផ្លូវជីវិតដែលនាងដើរមួយនេះវានៅវែងឆ្ងាយ ហើយនាងដឹកដៃកូនស្រីដើរទៅមុខតាមផ្លូវនេះមិនអាចរលូនរហូតនោះទេ តែទោះយ៉ាងណាក៏ដោយ ទោះបីចួបរឿងពិបាកយ៉ាងម៉េច បញ្ហាពិបាកដោះស្រាយយ៉ាងណា ទោះមានរឿងអីក៏ជីវិតនេះមិនអាចបោះបង់ ត្រូវតែព្យាយាមទៅមុខទៀត ទៅមុខរហូតដែលដល់ពេលវេលាកំណត់ណាមួយមកដល់ គឺជាពេលដែលយើងអាចបិទភ្នែកសម្រាកពីអ្វីគ្រប់យ៉ាងនៃជីវិតនេះ ការតស៊ូរបស់យើងក៏ឱ្យផលតបស្នងត្រឡប់ យើងអាចមានអ្វីមួយនោះគឺការចងចាំដ៏ល្អ អនុស្សារល្អៗ មនុស្សល្អៗ បទពិសោធន៍ជីវិតល្អៗកំដរវេលាចុងក្រោយណាមួយដែលយើងមិនអាចស្មានដល់ មិនអាចដឹងជាមុន តែវាអាចឱ្យយើងញញឹមបានគ្រប់ពេលដែលនឹកគិតឃើញ។
សូមចងចាំអតីតកាលល្អៗទុកក្នុងបេះដូងឱ្យបានច្រើនៗមិនថាតូចល្អិតឬធំប៉ុណ្ណាក្ដី ថ្ងៃណាមួយ នាខណៈពេលមួយដែលយើងហត់យើងអស់កម្លាំង វាជាថាមពល ជាកម្លាំងចិត្តដាស់យើងឱ្យមានសុទិដ្ឋិនិយម មានក្ដីសង្ឃឹម និងរឹងមាំឡើងវិញ តស៊ូទៅមុខបន្តទៀត៕