រឿង៖ គំនូរកម្ម

ទីក្រុងភ្នំពេញ វេលាម៉ោង ១០:៣០នាទីយប់
ឡានក្រុងមួយបានបរកាត់តាមដងវិថី ដែលមានចរាចរណ៍មមាញឹកទៅវិញទៅមកមិនដាច់ ព្រោះជាតំបន់ទីក្រុងដែលសម្បូរទៅដោយមនុស្សរស់នៅយ៉ាងច្រើន។ តែនៅក្នុងឡានក្រុងមួយនេះ មានមនុស្សជិះមិនសូវជាច្រើននោះទេ ព្រោះថ្មើរនេះ វាយប់ណាស់ទៅហើយ ខ្ញុំអង្គុយជាមួយនឹងមនុស្សផ្សេងៗគ្នា ដែលមិនដែលស្គាល់ ហើយមូលហេតុដែលខ្ញុំត្រូវជិះរថយន្ដក្រុងនេះ ព្រោះខ្ញុំត្រូវចេញពីធ្វើការយឺត ហើយឡានក្រុងមួយនេះជាចំណតចុងក្រោយហើយដែរ។

ឈ្មោះរបស់ខ្ញុំគឺសច្ចា ជាក្មេងប្រុសម្នាក់ដែលអង្គុយកៀកនឹងកញ្ចក់ឡានមើលទៅផ្លូវខ្វែងខ្វាត់ ដែលមានមនុស្សកកកុញនោះ ខ្ញុំជានិស្សិតឆ្នាំទីបី នៃសកលវិទ្យាល័យមួយកន្លែងនៃទីក្រុងភ្នំពេញ។

រថយន្ដក្រុងបានបរទៅមុខបណ្ដើរៗ ហើយមិនយូរប៉ុន្មាន មនុស្សនៅលើឡានក្រុងចាប់ផ្ដើមចុះម្ដងម្នាក់ៗ នៅឡើយតែខ្ញុំម្នាក់ឯង នៅលើឡានស្ងាត់ជ្រងំគ្មានសំឡេងមនុស្ស យូរៗម្ដងខ្ញុំឮសំឡេងពូតៃកុងឡានដកដង្ហើមធំ ខ្ញុំក៏ចាប់ផ្ដើមយកទូរសព្ទមកលេងដើម្បីកុំឱ្យអផ្សុកខ្ញុំកាន់ទូរសព្ទអូសចុះ អូសឡើងឃើញតែព័ត៌មានឃាតកម្ម យូរៗទៅក៏ចាប់ផ្តើមធុញទ្រាន់ ខ្ញុំទុកទូរសព្ទនៅកន្លែងដើមវិញរួចហើយក៏សំងំគេងបន្ដិចទម្រាំតែដល់ផ្ទះ តែចិត្តរបស់ខ្ញុំបែរជានៅគិតពីហេតុការណ៍ ដែលកើតឡើងកាលពីអាទិត្យមុននៅក្នុងថ្នាក់រៀន។

ម៉ោងសាស្រ្ដាចារ្យប្រវត្តិវិទ្យាទាក់ទងនឹងសម័យបុរាណ គាត់បាននាំសិស្សទាំងអស់ទៅសារមន្ទីហើយ គាត់បានបង្ហាញរូបស្រ្តីដ៏ស្រស់ស្អាតម្នាក់ ដែលនាងស្លៀកពាក់ចងក្បិន សំពត់ហូល អាវកបំពង់ និងពានាកន្សែងសូត្រលម្អរទៅដោយគ្រឿងអលង្ការផ្សេងៗយ៉ាងសមសួន។ ឃើញដំបូងហាក់ដូចមាននិស្ស័យនឹងនាងយ៉ាងចម្លែក មានអារម្មណ៍ដូចជាមិនអាចពិពណ៌នាបានថាយ៉ាងម៉េចឱ្យប្រាកដ លោកគ្រូគាត់មានប្រសាសន៍ថារូបនេះជារូបស្រ្ដីនៅសម័យបុរាណ ដែលគេបានជីករកឃើញ តាមអ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណ​ថា​វាមានអាយុរាប់រយឆ្នាំទៅហើយ តែចម្លែកត្រង់ថាវានៅល្អស្អាតដូចទើបតែគូរយ៉ាងអីចឹង។

មកដល់ត្រឹមនេះស្រាប់តែសំឡេងពូតៃកុងស្រែកធ្វើឱ្យខ្ញុំភ្ញាក់ក្រញាងចេញពីអន្លង់គំនិតងាកមករកគាត់វិញ

“អាអូនដល់ហើយ!”
“បាទ ពូ!”

នៅពេលចុះពីឡានក្រុងមកកន្លែងស្នាក់នៅ ខ្ញុំនៅតែគិតពីមុខរបស់មនុស្សស្រីនៅក្នុងរូបគំនូរនោះ វាហាក់ដូចជាខ្ញុំធ្លាប់ជួបនាងនៅកន្លែង​ណាមួយតែនឹកមិនឃើញសោះ ណ្ហើយ! ខ្ជិលគិតច្រើន ខ្ញុំគ្រវីក្បាលបណ្តេញគំនិតទាំងនោះចេញ ឆាប់ងូតទឹកអាលនឹងបានចូលដេកព្រោះស្អែកត្រូវទៅរៀននៅសាលពីព្រឹកព្រលឹមថែមទៀត ។

ព្រឹកឡើងនៅសកលវិទ្យាល័យ…
“សច្ចាៗ! ចាំគ្នាផងដើរលឿននោះលឿនរកតែតាមមិនទាន់មិនដឹងជាប្រញាប់ទៅណាទេ”
“វាស្អីឯង វុត្ថា?”
វុត្ថាជាមិត្តស្លាប់រស់របស់ខ្ញុំ ពួកយើងស្គាល់គ្នាតាំងនៅថ្នាក់វិទ្យាល័យម្ល៉េះទើបរាប់អានគ្នាមកដល់ឥឡូវនឹងណា។

“ឯងមានបានចាប់អារម្មណ៍នឹងស្រីម្នាក់ក្នុងគំនូរកាលពីអាទិត្យមុនដែរទេ?”
“ហើយវាថីឯង? “
“វាមានយ៉ាងម៉េចគឺនាងស្អាតណាស់បើសិននៅសម័យនេះវិញយើងនឹងញ៉ែនាងយកមកធ្វើជាសង្សាររបស់យើងតែម្ដង”
“យី! អានេះមុខស្រីណាស់ឯង”

ខ្ញុំនិយាយទាំងហួសចិត្តព្រោះមិត្តខ្ញុំវាព្រាននារីសម្បើមណាស់ មិនស្មោះដូចខ្ញុំសោះ ពិបាកណាស់មានមិត្តជាព្រាននារីបែបនេះ នារីៗយល់ច្រឡំអស់ ស្មានថាខ្ញុំក៏ព្រានដែរ។

ចប់ពីម៉ោងរៀន ខ្ញុំក៏គិតដល់សម្ដីវុត្ថានិយាយមុនហ្នឹង ហើយគិតថាចង់ទៅមើលរូបនារីម្នាក់នោះម្ដងទៀត ព្រោះនៅចម្លែកចិត្ត ទើបចង់ទៅមើលឱ្យច្បាស់។ នៅក្នុងស៊ុមកញ្ចក់ ខ្ញុំសម្លឹងទៅមើលរូបនាង កាន់តែមើលកាន់តែឃើញថាស្អាត កាន់តែមើលកាន់តែយល់ថាធ្លាប់ឃើញនាងនៅកន្លែងណាមួយ តែនឹកមិនឃើញយ៉ាប់មែនហើយ។

ភ្លាមៗនោះរូបគំនូរហាក់ដូចមានជីរិត ហើយកំពុងតែញញឹមមកកាន់ខ្ញុំដោយស្រទន់ ខ្ញុំភ្លាត់ជើងថយក្រោយបន្តិចព្រោះភ្ញាក់ផ្អើល អ្វីៗនៅទីនេះចាប់ផ្ដើមចម្លែក សារមន្ទីរដែលខ្ញុំចូលមកមុននេះចាប់ផ្ដើមក្លាយទៅជាព្រៃរហោឋានមួយ ខ្យល់ត្រជាក់បក់រសាត់មកប៉ះនឹងខ្លួនខ្ញុំវាត្រជាក់រហូតធ្វើឱ្យខ្ញុំមានអារម្មណ៍ព្រឺរងាៗម៉េចក៏មិនដឹង សតិអារម្មណ៍របស់ខ្ញុំចាប់ផ្ដើមច្របូកច្របល់ជាមួយបរិយាកាសនឹងភាពចម្លែកនៅជុំវិញនេះ។

“លោកបង!”

សំឡេងមួយបានបន្លឺនៅក្រោយខ្នងខ្ញុំ ស្រ្ដីដែលដូចបេះបិទទៅនឹងរូបគំនូរខ្ញុំបានឃើញនៅក្នុងសារមន្ទីរ កំពុងឈរនិយាយមកកាន់ខ្ញុំទាំងទឹកមុខសោកសៅដូចជាមានទុក្ខអ្វីមួយនៅក្នុងចិត្ត ធ្វើឱ្យខ្ញុំជាប់គាំងមួយកន្លែងចិត្តចង់ស្រែកឱ្យគេឯងជួយ តែសំឡេងហាក់នៅ​ទើរ​ត្រឹមបំពង់កនិយាយមិនបាន

“ម្ដេចលោកបងធ្វើបែបនេះដាក់អូន?”

នាងចាប់ផ្ដើមអណ្ដែតតិចៗមកជិតខ្ញុំ ទាំងសំឡេងខ្សិបខ្សួលដាបដោយទឹកភ្នែក តែភ្លាមនោះទឹកភ្នែករបស់នាងបានក្លាយជាឈាមហូរតាមរវ្វង់ភ្នែកមក រូបរាងដ៏ស្រស់ស្អាតរបស់នាងបានប្រែក្លាយជារលេះរលួយបន្តិចម្តងៗ ខ្ញុំរន្ធត់ស្ទើរគាំងបេះដូងព្រោះរូបភាពខាងមុខវាស្រស់ៗពេក។

“ហេតុអី? លោកបងធ្វើបែបនេះដាក់អូន? ហេតុអីទៅ ហេតុអី? លោកបងភ្លេចពាក្យសន្យា លោកបងអាក្រក់ លោកបងត្រូវទៅនៅជាមួយអូន” នាងសម្លឹងមើលមកខ្ញុំពេញដោយកំហឹង

“អឹក..លែ..លែងៗ ” ជើងរបស់ខ្ញុំបានផុតពីដី ខ្យល់ដង្ហើមចាប់ផ្ដើមខ្យោយទៅៗ សំឡេងសើចរបស់នាងរង្គើអស់ទាំងព្រៃ ភ្លាមៗនោះមានសំឡេងមួយស្រាប់តែហៅឈ្មោះខ្ញុំតិចៗរសាត់មកចូលត្រចៀក

“សច្ចាៗ ក្រោកឡើង”
“ហ្ហឹក…” ខ្ញុំភ្ញាក់កន្រ្តាក់ខ្លាំងៗបែកញើសជោកខ្លួន ខ្ញុំមើលឆ្វេងស្ដាំ នេះខ្ញុំនៅក្នុងថ្នាក់នៅឡើង នេះជាយល់សប្ដិ តែហេតុអីក៏វាដូចជាការពិតយ៉ាងនេះ ? ហេតុអីមនុស្សស្រីក្នុងគំនូរនោះចង់សម្លាប់ខ្ញុំ? តើខ្ញុំនិងនាងមាអ្វីពាក់ព័ន្ធគ្នាពីមុន?

“សច្ចា..” ខ្ញុំភ្ញាក់ពីគំនិតមកវិញ
“មានរឿងអី?”
“ដល់ម៉ោងចេញទៅផ្ទះហើយ យើងគិតទៅមើលគំនូរនោះហី”
ខ្ញុំហាក់ដូចនៅដិតដាមអារម្មណ៍ក្នុងយល់សប្ដិនោះយ៉ាងច្បាស់ មានអារម្មណ៍ថាខ្លាចរអា តែចិត្តមួយក៏ចង់ស្វែងយល់នូវការពិត ថាខ្ញុំនិងនាងមានរឿងអីកើតឡើងប្រាកដ។ នៅក្នុងស៊ុមកញ្ចក់ដែលតាំងរូបរបស់នាង សំណួររាប់ពាន់បានចាក់ស្រ្ដេសនៅក្នុងខួរក្បាលខ្ញុំរាប់មិនអស់ ខ្ញុំសម្លឹងមើលនាងហើយបន្លឺយ៉ាងស្ងាត់ៗនៅក្នុងចិត្តម្នាក់ឯង

“តើនាងមានទំនាក់ទំនងអីជាមួយខ្ញុំ បានជាធ្វើឱ្យខ្ញុំនៅដិតដាមនឹងនាងយ៉ាងនេះ…”
ខ្ញុំនិងវុត្ថាបាបំបែកគ្នាមកផ្ទះដោយសារតែអារម្មណ៍មិននឹងនរ ខ្ញុំបានសុំច្បាប់ថៅកែសម្រាកមួយថ្ងៃ ហើយចូលងូតទឹកដេក។
នៅពេលយប់កាន់តែជ្រៅ ខ្យល់បក់មកល្វើយៗទង្គិចជាមួយស្លឹកឈើ ខ្ញុំរសាប់រសល់យ៉ាងចម្លែក បិទភ្នែកប្រែចុះប្រែឡើង នៅមិនសុខសោះ

” តុ តុៗ” មាននរណាម្នាក់កំពុងគោះទ្វារ។ ខ្ញុំបែរទៅមើលទ្វារ ថ្មើរនេះហើយអ្នកណាមករកស្អី
“តុ តុ..”សំឡេងគោះទ្វារនៅតែឮហើយកាន់តែខ្លាំងទៅៗ
“អ្នកណាមករកអី?” ខ្ញុំស្រែកសួរ តែគ្មានចម្លើយឆ្លើយតបមកវិញឮតែសំឡេងគោះដដែលៗ ខ្ញុំចាប់ផ្ដើមភ័យ
“ឮខ្ញុំសួរថាអ្នកណាទេ?”

នៅតែគ្មានចម្លើយ ខ្ញុំក៏ឡើងដេកទាំងភ័យព្រួយ ខ្យល់បក់កាន់តែខ្លាំង ទ្វារដែលខ្ញុំបានចាក់គន្លឹះយ៉ាងជាប់ស្រាប់តែរបើកដោយខ្លួនឯង ខ្ញុំមិនហ៊ានបើកភ្នែកទេ មិនយូរប៉ុន្មានមានសំឡេងដើរយ៉ាងស្រាលៗ ពីមាត់ទ្វា សំដៅមកគ្រែ សំឡេងមនុស្សស្រីក៏បន្លឺនៅក្បែរត្រចៀកខ្ញុំ

“អូនចាំបងមករាប់រយឆ្នាំហើយ ម៉េចបងបំភ្លេចអូន?”

សំឡេងនោះនៅតែឮនៅរងំក្នុងត្រចៀក ខ្ញុំព្យាយាមខំបើកភ្នែក តែទោះបើកយ៉ាងណាក៏មិនរួច ដូចមានកាវបិទជាប់អ៊ីចឹង ខ្ញុំខំកម្រើកខ្លួនដើម្បីគេចពីស្ថានការណ៍ដ៏អាក្រក់នេះ តែដៃជើងរបស់ខ្ញុំដូចត្រូវមានអ្វីមកសង្កត់ មិនអាចកម្រើកទៅណាបាន។ សំឡេងនៃប្រយោគដដែលៗ នៅតែបន្លឺឡើងមិនឈប់មិនឈរនឹងកាន់តែឮទៅៗ ដោយមិនអាចទ្រាំនឹងសំឡេងនោះបាន ខ្ញុំក៏ខំជំនះទីបំផុតក៏អាចបើកភ្នែករបស់ខ្ញុំបាន តែនៅពេលបើកភ្នែកខ្ញុំមិនអាចមើលឃើញអ្វីទាំងអស់ ក្រៅពីភាពងងឹតនឹងត្រជាក់ដល់ឆ្អឹងខ្នង។

មិនមានពន្លឺអ្វីសោះ គ្រប់យ៉ាងគឺងងឹតបែរទៅណាក៏ភាពងងឹត ខ្ញុំបែកញើសស្រាក់ ស្រាលខ្លួនស្ងើក មានអារម្មណ៍ថាខ្លួនខ្ញុំកំពុងអណ្ដែតឡើងទៅលើរសាត់មិនដឹងទិសតំបន់ ក្នុងចិត្តភាវនាសុំឱ្យរឿងទាំងអស់នេះគ្រាន់តែជាការយល់សប្ដិ នឹងសូមឱ្យភ្ញាក់ឡើងវិញ ភ្លាមនោះក៏មានពន្លឺមួយឡើងមក ខ្ញុំក៏ប្រឹងរត់តាមពន្លឺនោះតែវាដូចជាចេះរត់យ៉ាងអ៊ីចឹងទោះបីជាខ្ញុំប្រឹងរត់ដេញតាមប៉ុណ្ណាក៏មិនដល់ តែពន្លឺនោះបែររត់មកបុកខ្ញុំវិញធ្វើឱ្យខ្ញុំចាំងមិនអាចមើលអ្វីឃើញទាំងអស់ បន្ដិចម្ដងៗអ្វីៗក៏ប្រែក្លាយមកជាធម្មតាវិញតែកន្លែងដែលខ្ញុំឃើញនោះមិនមែនបន្ទប់ជួលរបស់ខ្ញុំទៀតទេវាជាកន្លែងថ្មីដែលខ្ញុំមិនធ្លាប់ឃើញពីមុនមកសោះ វាជាផ្ទះចាស់ប្រហែលជានៅក្នុងសម័យបុរាណណាមួយ។

វាជាផ្ទះប្រក់ក្បឿងពីរជាន់ធំល្វឹងល្វើយ នៅសងខាងមាត់ទ្វាចូលមានសួរច្បារដែលត្រូវបានមើលថែរយ៉ាងយកចិត្តទុកដាក់ ក្លិនក្រអូបនៃផ្កាម្លិះរីកសាយនៅតាមសួនបានចោលក្លិនហោះហើរទៅតាមខ្យល់ ទាក់ទាញកន្លង់ឱ្យហើរមកមកត្រៀបត្រាចាំក្រេបលម្អង សំឡេងមនុស្សក្មេងចាស់ប្រុសស្រីនិយាយគ្នាពួកគាត់ស្លៀកសំពត់ចងក្បិនពាក់អាវគ្មានដៃសម្រាប់មនុស្សស្រី បុរសស្លៀកសំពត់ចងក្បិន និងលេងខ្លួនទទេរសម្លៀកបំពាក់មានពណ៌ចាស់ ពភ្លក់ដែលដូចទៅនឹងទាសកសម័យបុរាណយ៉ាងអ៊ីចឹង។

ពួកគាត់មើលទៅដូចជាមិនអាចមើលឃើញខ្ញុំទេ ខ្ញុំដូចជាកំពុងទស្សនារឿងបុរាណមួយ។ សុខៗមនុស្សក្មេងចាស់ប្រុសស្រីនាំគ្នារត់មកឈរនៅមាត់ទ្វា ហើយបុរសម្នាក់បានលេចរូបរាងមកដោយមានពាក់អាវកឌុបដៃវែងនឹងចងក្បិនសំពត់សូត្រក្រវាត់ចង្កេះ បុរសនោះមានមុខមាត់ស្រដៀងនឹងខ្ញុំបេះដាក់តែម្តង តែមើលយូរទៅអត់ទេ គឺមិនត្រឹមស្រដៀងដូចគ្នាគ្មានខុស។

“មកវិញហើយឬនរ:ដេត កូនម៉ែ?”
សំឡេងស្រ្ដីចំណាស់ម្នាក់បានបន្លឺពីកាំជណ្ដើរផ្ទះរកបុរសដែលមានមុខមាត់ដូចជាខ្ញុំ ជាស្រ្ដីវ័យដែលមានអាយុហាសិបផ្លាយពាក់អាវចោមពុង រំលេចទៅដោយខ្សែរ ក មាសត្បូងទទឹមគ្រាប់ធំៗនិងមានខ្ញុំកំដរនៅកៀកដៃ

“ព្រះបាទ អ្នកម៉ែ!”
“ឡើងមកខាងលើមកកូន ម៉ែ មានរឿងចង់និយាយជាមួយកូន!”
“ព្រះបាទ!”

វិប…
ខ្ញុំធ្លាក់ក្នុងភាពងងឹតម្ដងទៀត ហើយវាក៏នាំខ្ញុំមកកន្លែងមួយទៀតគឺនៅលើផ្ទះ ដែលមានតុទូ ថូផ្កាប្រកបទៅដោយក្បាច់រចនាដ៏ល្អវិចិត្រ ខ្ញុំក៏ចេះតែដើរៗក៏មកដល់បន្ទប់ទទួលភ្ញៀវក៏បានឮការសន្ទនារវាងពីរអ្នកម្ដាយកូនគេ

“នរ:ដេតកូនម៉ែ កូនមានវ័យសមល្មមនឹងគិតគូររឿងប្រពន្ធកូនហើយ ម្ដាយបានរៀបចំគូឱ្យកូនរួចទៅហើយ”
“ទេ! អ្នកម៉ែកូនមានគូកំណាន់ចិត្តរួចទៅហើយ មិនតែប៉ុណ្ណោះកូននិងនាងបានរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធទៅហើយណាអ្នកម៉ែ កូនមិនអាចចោលនាងបានទេ! “
“ថាដូចម្ដេចនរ:ដេត? នេះកូនហ៊ានមានគូកំណាន់ចិត្តដោយចិត្តឯងមិនសួរយើងដែលជាម្ដាយបែបនេះឬ? មិនបានកូនត្រូវតែរៀបការនឹងកូនស្រីលោកពញាជាដាច់ខាត “
“កូនសុំប្រទានទោសផងអ្នកម៉ែ” ពោលចប់គេក៏បានចុះពីលើផ្ទះ
“នរ:ដេតៗ ឆាប់មកនិយាយជាមួយម៉ែឱ្យច្បាស់សិន”

វិប…
ភាពងងឹតបានចូលមកគ្រប់ដណ្ដប់ខ្លួនខ្ញុំម្ដងទៀតវាបាននាំខ្ញុំមកកាន់កន្លែងមួយថ្មីទៀតគឺជាផ្ទះប្រក់ក្បឿងតូចល្មមដែលមានសណ្ឋានស្អាតល្អ ក្បែរកាំជណ្ដើរផ្ទះមាននារីម្នាក់អង្គុយត្របោមជង្គង់ ដូចជាកំពុងចាំផ្លូវនរណាម្នាក់ នៅពេលមើលមុខនាងឱ្យចំ ខ្ញុំចាប់ផ្ដើមញ័រជើងគឺនាងជាមនុស្សស្រីនៅក្នុងគំនូរឯសារមន្ទីរដែលខ្ញុំបានឃើញ? ខ្ញុំចាប់ផ្ដើមហូរញើសមកសស្រាក់ៗដោយមិនដឹងមូលហេតុ

“លោកបង!” នាងបានចុះមកទទួលនរណាម្នាក់ នោះគឺមនុស្សប្រុសមានមុខដូចខ្ញុំឈ្មោះថា នរ:ដេត ដែលទើបតែនិយាយជាមួយម្តាយមុននេះ

“ចាំបងយូរដែរទេ?”
“មិនអីទេ លោកបងពិសារបាយឬនៅ”
“រួចហើយ តុះ! ចូលក្នុងផ្ទះ មុន្នី”

មុន្នី ជាឈ្មោះនាងខ្ញុំហាក់ដូចជាប់ចិត្តក្នុងរឿងនេះណាស់ តែខ្ញុំក៏នៅមានភាពភ័យខ្លាចដែរ ទោះយ៉ាងណា តែចិត្តចង់ដឹងចង់ឮវានៅមានទំហំធំជាងភាពភ័យខ្លាចទៅទៀត។

“លោកបង មានរឿងអ្វីឬ? បានជាមានទឹកមុខក្រៀមក្រំយ៉ាងនេះ?”
“ហ៊ើយ..អ្នកម៉ែបង្ខំឱ្យបងរៀបការ”
“ថាម៉េច? ចុះលោកបងព្រមឬទេ?”
“បងមិនបានព្រមទេ! ចាំស្អែកបងនឹងនិយាយជាមួយអ្នកម៉ែឱ្យច្បាស់ម្តងទៀត ថាបងរៀបការតែជាមួយអូនទេ បងសន្យាដោយមានព្រះជាសាក្សី ខ្ញុំនរ:ដេតសូមសន្សាថាយកតែអូនមុន្នីម្នាក់គត់ជាប្រពន្ធ!”

“លោកបង” នាងញញឹមបន្តិចទើបអ្នកដែលនាងហៅថាលោកបងទម្លាក់ស្នាមថើបមកលើថ្ងាសមួយខ្សឺត

“និយាយអ៊ីចឹង បងបានគូរគំនូររបស់អូនដែរ ស្អាតទេ?”
“ស្រស់ស្អាតណាស់លោកបង” នាងកើយលើស្មាបុរសខាងមុខដោយញញឹម
“គំនូរនេះនឹងជាចំណងចងពួកយើងឱ្យជួបគ្នាគ្រប់ជាតិណា មុន្នីអូន”

អ្វីៗចំពោះមុខខ្ញុំបានរសាត់បាត់ទៅទៀតហើយ វាក៏បានបង្ហាញចេញរូបភាពផ្សេងមួយទៀត គឺនៅលើផ្ទះដដែល ដែលខ្ញុំបានមកមុននេះ ពេលនេះម្ដាយកូនគេកំពុងតែនិយាយគ្នាយ៉ាងតឹងសរសៃក

“កូនត្រូវរៀបការនៅថ្ងៃស្អែកហាម ប្រកែកជាមួយនឹងម៉ែឱ្យសោះណានរ:ដេត”
“អត់ទេ កូនស្រឡាញ់នឹងព្រមរៀបការតែជាមួយមុន្នីតែម្នាក់គត់”
“នាងមុន្នីស្អីនឹង មានអីល្អបានជាកូនស្រឡាញ់វាម្ល៉េះ?”
“កូនស្រលាញ់តែមុន្នីម្នាក់គត់ណាអ្នកម៉ែ”
“បាន! បើកូនរៀបការជាមួយកូនស្រីលោកពញានោះម៉ែមិនហាមឃាត់ឱ្យកូនយកនាងធ្វើជាស្រីបម្រើនោះទេ តែបើកូនប្រកែកនោះម៉ែនឹងឱ្យគេសម្លាប់នាងចោលមិនខាន”

“អ្នកម៉ែ!”
“រើសយកមួយទៅនរ:ដេត កូនយកទៅគិតមើលទៅ តែម៉ែមិនអនុញ្ញាតឱ្យកូនចាកចេញទេ ដរាបណាមិនទាន់រៀបការរួច”

អ្វីៗរសាត់បាត់ម្ដងទៀត រួចបង្ហាញរូបស្រស់ស្រីមុន្នី ដែលកំពុងអង្គុយសម្លឹងរូបគំនូរ យ៉ាងស្រងេះស្រងោចតែម្នាក់ឯង និងមានទឹកភ្នែកហូរមកតិចៗនៅលើថ្ពាល់។ នាងនៅគិតពីនរ:ដេត ដែលត្រូវម្ដាយបង្ខំឱ្យរៀបការជាមួយនារីផ្សេង គិតត្រឹមនេះបេះដូងនាងអួលណែនរកថាមិនត្រូវ

“ធ្វើអ្វីនឹងស្រីស្រស់? “សម្លឹងបុរសចម្លែកបីនាក់បង្ហាញខ្លួនមកពីក្រោយខ្នងរបស់នាង
“ពួកឯងជាអ្នកណា? មកធ្វើអីទីនេះ? ចេញឱ្យឆាប់នេះជាផ្ទះ លោកនរ:ដេតណា”
នាងពោលទាំងញ័រមាត់ចំប្រប់ព្រោះតែភ័យខ្លាចនឹងពួកគេទាំងបីអ្នកនោះ

“ត្រូវហើយមានអ្វីខ្លាចបើលោកនរ:ដេត ជាអ្នកបញ្ជាឱ្យយើងមកកំដរអូនស្រីហ្នឹងហើយ”
គ្នាវាម្នាក់បានពោលហើយសើចយ៉ាងសប្បាយ

“ពួកឯងនិយាយផ្ដាសស្អីនឹង? “
“ពិតណាស់! ព្រោះពេលនេះលោកនរ:ដេតកំពុងរៀបការជាមួយមនុស្សស្រីឋាន:ខ្ពង់ខ្ពស់សក្តិសមនឹងលោកនរ:ដេតហើយ”
“ត្រូវទេពួកឯង!”
“ត្រូវហើយ ហាហាៗ” ពួកវានាំគ្នាសើច
“មិនពិត ពួកឯងកុហកលោកបងម៉េចនឹងអាចធ្វើបែបនេះលោកបងសន្យានឹងយើងហើយថារៀការជាមួយយើងម្នាក់គត់”
“បើនាងមិនជឿនាងអាចទៅមើលនៅផ្ទះលោកពញាបាន”
ដោយសេចក្ដីឈឺចាប់ នឹងភិតភ័យនាងបានរត់ទៅផ្ទះលោកពញាដើម្បីឱ្យដឹងគ្រប់យ៉ាង។

ផ្ទះលោកពញ្ញាពេលវេលានេះមានមនុស្សត្រៀបត្រាមកចូលរួមពិធីការ សំឡេងភ្លេងការឮអឺងអាប់ពេញទាំងផ្ទះ ខ្ញុំបម្រើប្រុសស្រីរវល់ដុតដៃ ដុតជើងរៀបចំបណ្ដាលការ គ្រឿងហូបចុកផ្សេងៗ

“សុំទោសលោកអ៊ំកូនកំលោះឈ្មោះអីដែរ?” នាងបានសួរអ៊ំប្រុសម្នាក់ទាំងបេះដូងលោតញាប់សឹងតែខុសចង្វាក់
“នេះមីនាងមិនដឹងទេឬ? កូនកំលោះឈ្មោះនរ:ដេត!”
“ហឹក…” នាងយកដៃខ្ទប់មាត់រត់ចេញមកផ្ទះយ៉ាងលឿនទាំងទឹកភ្នែករហាម ពេលនេះអ្វីៗគ្រប់យ៉ាងបានបង្ហាញយ៉ាងជាក់ច្បាស់ មកដល់ផ្ទះនាងកាន់គំនូរនោះមកមើលទាំងឈឺចិត្ត

“ម៉េចលោកបងក្បត់សន្យាជាមួយនឹងអូនបែបនេះ?”
សំឡេងនាងនិយាយពេញដោយភាពឈឺចាប់ ខ្ញុំឈរមើលទៅមុន្នីហើយនឹកអាណិតនាងខ្លាំងណាស់ ខ្ញុំចង់ចូលទៅលួងលោមនាងប៉ុន្ដែខ្ញុំមិនអាចប៉ះនាងបានទេធ្វើបានត្រឹមឈរមើល តទៅទៀត

“យ៉ាងម៉េចដែរច្បាស់ទេស្រីស្រស់?”
“ឯកាទេអូនស្រី? តែកុំភ័យមានពួកបងបីនាក់កំដរអូនដែរ ចូលទៅចាប់ទៅវ៉ើយអាដែង”
“ទេពួកឯងចេញឱ្យឆ្ងាយទៅយើងមិនត្រូវការទេ ជួយផង អ្នកណាក៏បានជួយផង”
នាងរត់ទាំងកាន់គំនូរនៅជាប់ដៃ ខ្ញុំចង់ជួយនាងណាស់តែមិនអាចជួយអ្វីបានសោះ

“អាស…ព្រូស…”ដោយរត់លឿនពេក នាងបានទាក់នឹងមែកឈើដួល
“ចង់ទៅណាទៀតអូនស្រីមកសប្បាយនឹងពួកបងមក”
“លែងយើង អ្នកណាជាអ្នកបញ្ជាពួកឯងដោះលែងយើងទៅ”
“នាងចង់ដឹងឬអ្នកបញ្ជាពួកយើងគឺលោកនរ:ដេត គាត់មិនចង់ឱ្យនាងទៅបំផ្លាញសុភមង្គលគ្រួសារលោក នាងគ្រាន់តែជាស្រីដែលលោកយកមកសប្បាយមួយពេលប៉ុណ្ណោះពេលនេះគាត់ក៏មានភរិយាថ្លៃថ្នូរទៅហើយលែងខ្វល់ពីនាងទើបឱ្យយើងទាំងបីមកជំនួសនឹងណា”

“តែពេលនេះលោកនរ:ដេត ក៏ចែកនាងឱ្យយើងប្រើព្រោះលោកធុញនឹងនាងហើយ ហា ហា ហា”
“មិនពិត លោកបងមិនធ្វើបែបនេះដាក់យើងទេលោកបងបានសន្យាហើយ”
“បើមិនពិតពេលនេះលោកនរ:ដេតគាត់មករកនាងហើយ ពួកឯងចាត់ការ”
“អា…ទេលែងយើង ជួយផងអ្នកណាក៏បានជួយខ្ញុំផង!”
“ដឹប ចង់ខ្លាំងហែសនាង”

អាម្នាក់ចាប់ដៃនាងបានប្រើកម្លាំងដាល់ពោះនាងយ៉ាងខ្លាំងធ្វើឱ្យនាងមិនអាចនិយាយអ្វីបាន ធ្វើបានត្រឹមបង្ហូរទឹកភ្នែក ឱ្យពួកវាញាំញីរាងកាយដោយសេចក្ដីឈឺចាប់ នឹងការគុំគួននៅក្នុងចិត្ត។

“អឹក.. ហឹក ម្ដេចលោកបងធ្វើបែបនេះដាក់អូន? ហេតុអ្វីមិនទុកផ្លូវរស់ឱ្យអូនផង ហឹក ឱ្យពួកវាមកញាំញីរាងកាយ និងចិត្តរបស់អូនបែបនេះ ហឹក យើងសូមស្បថសច្ចា ដោយចិត្តវិញ្ញាណ ដោយការឈឺចាប់ ដោយឈាមរបស់យើង មានមេឃ មានដី មានខ្យល់មានព្រៃព្រឹក្សានិងគំនូរនេះជាសាក្សី រាល់អ្វីដែលយើងឈឺ សូមឱ្យពួកវាឈឺលើសយើងរាប់រយរាប់ពាន់ដង យើងសូមចងកម្មពារជាមួយពួកវាគ្រប់ភពគ្រប់ជាតិ”

ខ្យល់បក់យ៉ាងខ្លាំងហាក់ដូចព្រមទទួលដឹងឮនៅពាក្យចងពារនេះ នាងស្លាប់ទាំងបិទភ្នែកមិនជិតនឹងចេញឈាមតាមភ្នែកឃើញគួរឱ្យរន្ធត់ ក្រចករបស់នាងបានខ្វាចខ្ញាំរូបគំនូរសុទ្ធតែឈាម។

ភ្លិប…

អ្វីៗចាប់ផ្តើមងងឹតមកម្ដងទៀត ខ្ញុំមិនដឹងអ្វីទាំងអស់ងងឹតក្រៅពីភាពត្រជាក់ស្ទើរ កក
“លោកបងឃើញទេ? នេះជាអ្វីដែlបងធ្វើដាក់អូន ម្ដេចលោកបងក្បត់ពាក្យសន្យាម៉េចក៏លោកបងធ្វើបែបនេះដាក់អូន?”
សំឡេងស្រែកឡើងខ្ទរ ធ្វើឱ្យខ្ញុំយកដៃបិទត្រចៀក
“បានហើយ! ឈប់ទៅ សុំអង្វរ!” ខ្លួនរបស់ខ្ញុំបានមកដល់ក្នុងព្រៃម្ដងទៀតហើយ
“ហឺៗៗហេតុអ្វីលោកបងក្បត់អូន? ហេតុអ្វីលោកបងធ្វើបែបនេះ អូនឈឺចាប់ អឹក..អូនវេទនា អូនត្រជាក់…”
រូបរាងនាងបានលេចចេញមកដោយភ្នែកហូរឈាមរហាម ស្បែករលេះរលួយ ធ្វើឱ្យខ្ញុំដួលអុកគូទ រន្ធត់ហួសប្រមាណ តែខ្ញុំត្រូវក្លាហាន​សួររកហេតុផល

“ខ្ញុំមិនមែននរ:ដេតទេ ខ្ញុំគឺសច្ចា នាងយល់ច្រឡំហើយ”
“ទេ! បងគឺនរ:ដេតអ្នកក្បត់ពាក្យសន្យា លោកបងត្រូវសងអ្វីគ្រប់យ៉ាងដែលបានធ្វើ លោកបងត្រូវសងនូវអ្វីដែលខ្ញុំធ្លាប់ឈឺចាប់”

នាងបានច្របាច់ករបស់ខ្ញុំលើកឡើងទៅលើ ខ្ញុំស្ទើដាច់ខ្យល់ម្ដងៗទៅហើយ

“ជួយៗ ..ជួ…ជួយផង” សំឡេងខ្ញុំដាច់ៗស្ទើរដាច់ខ្យល់ដោយកម្លាំងនាងទៅហើយ
“ឈប់ទៅ ” ព្រះសង្ឃមួយអង្គបានចេញមកពីណាក៏មិនដឹងស្រាប់តែស្រែកឡើងមក។
“ឈប់ប្រព្រឹត្តកម្មតទៅទៀត ដោះលែងគេទៅញោម”

ព្រះសង្ឃមានសង្ឃដីកាទាំងស្ងួតស្ងប់ ហាក់ដូចគ្មានព្រឺរន្ធត់នូវហេតុការណ៍ចំពោះព្រះភក្ត្រទេ

“ព្រះតេជគុណនិមន្តមកពីណាសូមនិមន្តតាមផ្លូវព្រះតេជគុណទៅកុំចេះដឹងរឿងខ្ញុំករុណា” កំហឹងបណ្ដាលឱ្យនាងស្រែកសន្ធាប់ទៅកាន់ព្រះសង្ឃ។

“អាត្មាឃាត់ព្រោះញោមធ្វើខុសហើយ!”
“ខុសយ៉ាងម៉េច? ព្រោះគេជាអ្នកក្បត់សន្យា ហើយគេជាអ្នកបញ្ជាឱ្យគេមករំលោភខ្ញុំករុណា ម្ដេចព្រះតេជគុណថាខុស ខ្ញុំករុណាឈឺចាប់ណាស់ តេជគុណមិនមែនខ្ញុំករុណា តេជគុណគ្មានថ្ងៃយល់ឡើយ” នាងនិយាយទាំងខ្សិបខ្សួលលាយកំហឹង។

“ការពិតញោមនរ:ដេតមិនបានដឹងអ្វីនោះទេ”

វិប…
គ្រប់យ៉ាងជុំវិញប្រែប្រួល ហើយបានបង្ហាញបន្ដិចម្ដងៗពីកន្លែងយើងនៅគឺផ្ទះ បើខ្ញុំចាំមិនខុសនេះជាផ្ទះម្ដាយនរ:ដេត ហើយសុខៗក៏លេចចេញស្ដ្រីចំណាស់ជាម្ដាយនរ:ដេតកំពុងនិយាយនឹងប្រុសបីនាក់ ដែលបានចាប់រំលោភមុន្នីនៅពេលមុននេះ

“ទៅសម្លាប់នាងមុន្នីចោល! ត្រូវចាំថាត្រូវប្រើឈ្មោះកូននរ:ដេត ពួកឯងយល់ទេ”
“ព្រះបាទលោកជំទាវ”ពួកគេទាំងបីបានចាកចេញ
“នាងមុន្នីកុំបន្ទោសយើង គឺត្រូវបន្ទោសខ្លួនឯងដែលមិនចេះប្រមាណខ្លួន កូនយើងនឹងមានក្ដីសុខ បើនាងលែងនៅលើលោកនេះ” ស្រ្ដីចំណាស់និយាយទាំងកែវភ្នែកឫស្យា

វិប…
អ្វីៗចាប់ផ្ដើមត្រឡប់មកសភាពដើមវិញ
“ញោមឃើញទេ ទាំងអស់នេះជាការពិត”
“មិនពិតៗ នេះគ្រប់យ៉ាង ខ្ញុំយល់ខុសរហូតមក?”
នាងបានលែងដៃពីករបស់ខ្ញុំរូបរាងរបស់នាងបានត្រឡប់ទៅជាស្រស់ស្អាតនាងសម្លឹងមើលខ្ញុំទាំងហូរទឹកភ្នែករហាម ខ្ញុំបែរជាអួលណែនក្នុងទ្រូងដោយមិនដឹងមូលហេតុ

“ឈប់ទៅណាញោម ទម្លាក់នូវការចងគំនុំសងសឹកទាំងអស់ ហើយទៅចាប់ជាតិ កំណើតជាថ្មី” ព្រះសង្ឃមានសង្ឃដីកាទាំងញញឹមស្ងប់
“លោកបង! អូនប្រទានទោស គ្រប់យ៉ាង ដែលធ្វើព្រោះកំហឹង បើសិនជាអាចអូនសូមធ្វើជាគូនឹងបងជាតិមុខទៀតហើយសូមកុំឱ្យមានឧបសគ្គ រារាំងយើងដូចជាតិនេះទៀត”
ពោលចប់រាងកាយរបស់នាងចេញជាពន្លឺតូចៗរលាយបាត់រសាត់បក់ទៅតាមខ្យល់។ ខ្ញុំតាមមើលពន្លឺតូចៗទាំងនោះទាំងទឹកភ្នែកហូរហាម និងបានចងចាំរឿងកាលពីជាតិមុនទាំងអស់ហើយ អនុស្សាវរីយ៍ ដែលខ្ញុំនិងនាងបាននៅជាមួយគ្នាមានទាំងសេចក្ដីសុខនឹងទុក្ខ។

“លោកបង! ចាប់អូនឱ្យបានមក អូននៅត្រង់នេះ ហិហិ លោកបង”

ស្នាមញញឹម សំឡេងសើចសប្បាយរបស់នាងក្រមុំដែលរត់កាត់វាលស្រែខៀវខ្ចី ប្រឡែងនឹងខ្ញុំកាលពីអតីត សំឡេងសើចរីករាយរបស់នាងបែរធ្វើឱ្យខ្ញុំតឹងទ្រូងស្ទើរប្រះ មិនអាចបរិយាយពីអារម្មណ៍ឈឺចាប់នេះបាន។

“លោកបង ប្រញាប់មកវិញណា អូននៅចាំឯផ្ទះ”

គ្រប់កាយវិការដែលនាងនៅឈរជូនដំណើរពេលខ្ញុំចេញទៅប្រកបការងារបាត់។
“លោកបងមកវិញហើយ អូននឹកលោកបងណាស់” ការនឹករឮករត់មកក្រសោបទាំងរីករាយ មានទាំងសេចក្ដីស្រឡាញ់នឹងភាពកក់ក្ដៅ
“លោកបងនឹងរៀបការមែនទេ?” សំឡេងសោយសោកលាយក្តីអស់សង្ឃឹម គ្រប់យ៉ាងគឺចាំទាំងអស់ មិនយល់ថាហេតុអ្វីវាសនាលេងសើចនឹងពួកយើងម្ល៉េះ បើសិនជាអាចត្រឡប់ពេលវេលាបានមិនដឹងល្អយ៉ាងណា
“កូនកំលោះចេញមកផ្ទឹម “សំឡេងតាអាចារ្យបន្លឺឡើង
“បាត់កូនកំលោះហើយ ជួយផងបាត់កូនកំលោះហើយ” សំឡេងផ្អើលឆោឡោរបស់អ្នកបម្រើស្រែក ស្របពេលកូនកំលោះកំពុងរត់ចូលទៅក្នុងព្រៃ
“មុន្នីចាំបងណា បងទៅរកអូនហើយ” រន:ដេតខំរត់កាត់ភ្លៀង កាត់ភក់ដោយសេចក្ដីឈឺចាប់ក្រោយពេលដឹងថាមុន្នីត្រូវបានគេធ្វើបាប។
“លោកម្ចាស់ៗទៅជួយបងមុន្នីផង ខ្ញុំឃើញបុរសមាឌធំបីបួននាក់តាមចាប់គាត់ទៅក្នុងព្រៃហើយ” ក្មេងឃ្វាលគោម្នាក់បានរត់មកត្រហេបត្រហបព្រោះពេលឃ្វាលគោគេបានឃើញប្រុសទាំងនោះដេញចាប់មុន្នីតែដោយគេមាឌតូចបានត្រឹមរត់មកហៅនរ:ដេតឱ្យទៅជួយ

“មុន្នី…”

មិនយូរប៉ុន្មានគេក៏មកដល់តែ..
ក្រឹប..ជង្គង់របស់នរ:ដេតបានស្រុតចុះលើធរណី ចំពោះមុខសាកសពមនុស្សស្រីដែលខ្លួនស្រលាញ់ស្មើរជីវិត។ ភ្នែកនាងនៅបើកក្រឡោតហាក់រង់ចាំគេមករក ឯមាត់ប្រឡាក់ដោយស្នាមឈាម នៅក្រោមដំណក់ទឹកភ្លៀងយ៉ាងគួរឱ្យសង្វេគជាទីបំផុត។

“មុ.. មុន្នី ទេ ទេ មិនអាចទេ បើកភ្នែកមកអូន បងមកដល់ហើយ មុន្នី…”

សេចក្ដីរន្ធត់ និងឈឺចាប់បានបោលសម្រុកបុកទ្រូងនរ:ដេតផ្ទួនៗ មុននឹងឱនត្រកងស្រីស្នេហ៍ដែលដេកស្លាប់យ៉ាងខ្លោចផ្សា

“ក្រែងអូនសន្យាថាចាំបងមែនទេ? ក្រែងសន្យាថាចាំបងទោះមានរឿងអ្វីក៏ដោយក៏យើងនៅជាមួយគ្នាចុះម្ដេចពេលនេះអូនទៅចោលបង ឱ្យបងរស់នៅលើលោកនេះបែបណាទៅមុន្នី?”
សំឡេងស្រែកយំទាំងឈឺចាប់ដូចគេចាក់បេះដូងដោយកាំបិតរាប់ពាន់

“ម្ដេចពួកគេឃោឃៅយ៉ាងនេះ? បងបានព្រមតាមបំណងពួកគេហើយហេតុអីពួកគេធ្វើបាបអូន…”

សំឡេងស្រែកទាំងឈឺចាប់របស់នរ:ដេតផ្អើលអស់ព្រៃព្រឹក្សា តើមុនស្លាប់នាងវេទនាយ៉ាងណា ឈឺយ៉ាងណា ទឹកមុខនរ:ដេតបានប្រែជាគួរឱ្យខ្លាចលាយឈឺចាប់

“អូនកុំភ័យណា តិចទៀតបងនឹងទៅតាមអូនហើយ “
រូបរាងនរ:ដេតពេលនេះដូចជាមនុស្សឆ្កួតអ៊ីចឹងគេបានបីសពនាងមុន្នីសំដៅមកផ្ទះម្ដាយគេ ក្នុងផ្ទះមានការផ្អើលម្ដងទៀតព្រោះរូបរាងនរ:ដេតពេលនេះ សំឡេងផ្គរលាន់នឹងផ្លេកបន្ទោរឆ្វេកឆ្វាចចាំជះមកលើរូបរាងនរ:ដេត កាន់តែគួរឱ្យរន្ធត់នឹងសង្វេកថែមទៀត

“នរ:ដេត កូ ..កូនទើបមកពីណា ហើ..ហើយ កូនយកសពនាងមុន្នីមកពីណា?”
ឮសំឡេងរដាក់រដុបរបស់ម្ដាយធ្វើឱ្យនរ:ដេតញញឹមចុងមាត់ទាំងឈឺចាប់

“ពេញចិត្តអ្នកម៉ែហើយត្រូវទេ? ពេលឃើញកូនឈឺចាប់ស្ទើស្លាប់យ៉ាងនេះ? កូនព្រមធ្វើតាមអ្នកម៉ែ តែអ្នកម៉ែបែរជាធ្វើយ៉ាងនេះ ហេតុអីទៅ?”
ទឹកភ្នែករបស់រន:ដេតហូររហាមសម្លឹងម្ដាយជាទីស្រឡាញ់ដែរបានសម្លាប់ស្រីជាទីស្នេហារបស់គេ

“មែនគឺម៉ែជាអ្នកធ្វើ តែយើងធ្វើដើម្បីឱ្យឯងល្អ ព្រោះឯងជាហង្សយើងចាប់ឱ្យការជាមួយហង្សដូចគ្នាទើបវាសមឋាន: មិនមែនឱ្យឯងជាហង្សតែទៅយក ទា នោះទេ នរ:ដេតកូនមាសម្ដាយនាងស្លាប់ទៅហើយ បំភ្លេចនាងទៅ ហើយកូនចាប់ផ្ដើមជាថ្មីជាមួយមនុស្សដែលសមឋាន:ណាកូនណា” ម្ដាយនរ:ដេតនិយាយធ្វើដូចជីវិតមនុស្សស្រីម្នាក់នោះគ្មានតម្លៃទាល់តែសោះ។

“ហឺស! អ្នកម៉ែនិយាយដូចស្រួលណាស់!” កាំបិតសស្ញាចបានដកពីចង្កេះនរ:ដេត
“កូនដេត! តើកូនចង់ធ្វើអី?” កាំបិតបាន វះមកលើសាច់នរ:ដេតស្រក់ឈាមលើក្ដាររនាបផ្ទះក្រហមឆ្អៅ

“ឈាមនេះខ្ញុំសងដែរអ្នកម៉ែខំបង្កើតខ្ញុំមក!”

កាំបិតត្រូវបានលេចក្នុងសាច់កាន់តែជ្រៅហើយជ្រៀកសាច់ដើមដៃធ្លាក់មកលើក្ដា ក្ដុក
“សាច់នេះខ្ញុំសងអ្នកដែលខំចិញ្ចឹមខ្ញុំមក” នរ:ដេតលើកកាំបិតឡើងខ្ពស់ហើយចាក់ទម្លុះពោះខ្លួនឯងដោយមិនញញើត
“ជីវិតនេះ អ្នកជាអ្នកផ្ដល់ឱ្យខ្ញុំ ខ្ញុំសងអ្នកវិញ ដែលបានខំបង្កើតចិញ្ចឹមមើលថែ តែអ្នកបានសម្លាប់ស្នេហារបស់ខ្ញុំ អឹក ហើយពេលនេះអ្នក នឹងខ្ញុំលែងមានទាក់ទងគ្នាទៀតហើយ”
ដៃរបស់គេបានលូនមកចាប់ដៃមុន្នី

“ជាតិក្រោយបងសូមជួបអូន ម្ដងទៀតណា៎ ហើយកុំឱ្យបែកគ្នាទៀត”

សំឡេងចុងក្រោយបានបញ្ចប់ ស្របពេលដង្ហើមក៏បានផុត សល់ត្រឹមរូបកាយអ្នកទាំងពីរនៅកាន់ដៃគ្នាមិនរបូត អ្នកបម្រើនិងអ្នកនៅក្នុងហេតុការណ៍នោះ បានត្រឹមអាណិតដោយមិនដឹងជួយយ៉ាងម៉េច។

“ពុទ្ធោ កូនដេត! ហឹកហឹក ម៉ែសុំទោសណាកូន ដឹងខ្លួនឡើង ម៉ែសុំទោស ត្រឡប់មករកម៉ែវិញមក” ការចងចាំចុងក្រោយរបស់គេដែលសូម្បីតែមុន្នីក៏មិនដឹង។

“បើជាគូ មិនព្រាត់គ្នាទេ” សង្ឃដីកាចុងក្រោយមុនព្រះសង្ឃបានចាកចេញទៅនៅសល់តែសច្ចាដែរឈរបង្ហើរអារម្មណ៍គិតម្នាក់ឯងទាំងអារម្មណ៍មិននៅក្នុងខ្លួន។

ជាការពិតណាស់ ព្រោះចិត្តគំនិតគេពេលនេះវាបានទៅតាមមុន្នីបាត់ទៅហើយ គេមិនអាចបំភ្លេចអនុស្សាវរីយ៍រវាងគេនឹងមុន្នីបានទេ ទោះខំបំភ្លេចក៏មិនអាចបានមានតែឈឺចាប់ឡើងៗ ជាតិមុនមិនបានជួបជាតិនេះក៏មិនជួបឬមុន្នីនឹងគេមិនមែនជាគូរនឹងគ្នា? គេមិនអាចធ្វើអីបានឡើយ ត្រឹមខំប្រឹងធ្វើបុណ្យប្រាថ្នាជួបគ្នាជាតិក្រោយកុំឱ្យព្រាត់ទៀត។
ព្រះអាទិត្យលិចហើយរះវិញដោយមិនអាចមានអ្នកណាហាមឃាត់បានឡើយប្រៀបដូចជីវិតដែលកើត ចាស់ ឈឺ ស្លាប់ទៅតាមពេលវេលាដែលកំណត់។

តើស្នេហាជាអ្វី ម៉េចក៏វាមានឥទ្ធិពលម្ល៉េះ? អាចឱ្យមនុស្សសើចយំ ខឹងស្អប់ទៅតាមវាបាន? មនុស្ស ហេតុអីមានជួបហើយ ម៉េចក៏មានបែក? សេចក្តីស្រឡាញ់នៅលើលោកនេះ គ្មានមនុស្សណាដែលអាចជៀសរួចនោះទេ មានជួបមានបែក សេចក្ដីសុខនឹងសេចក្ដីទុក្ខ វាតែងតែដើរដំណាលគ្នា នោះទើបគេហៅថាជីវិត៕

ចប់