នៅក្នុងភូមិដាច់ស្រយាលមួយនៃប្រទេសចិន ភូមិនេះជាភូមិដែលស្ថិតនៅជាប់នឹងខ្សែបន្ទាត់ខណ្ឌចែករវាងផ្នែកខាងលិចនិងផ្នែកខាងកើតនៃប្រទេសនេះ។
នៅក្នុងសម័យរាជវង្សចូវ ប្រទេសចិនបានបែកខ្ញែកជាពីរតំបន់ដែលកាន់កាប់ដោយស្ដេចពីរអង្គផ្សេងគ្នា គឺផ្នែកខាងកើតកាន់កាប់ដោយរាជវង្សចូវ ជាផ្នែកដែលមានទឹកដីសម្បូរជីវជាតិ មានបឹងបួរ ទន្លេ ប្រព័ន្ធធារាសាស្រ្តល្អ ប្រជាជនរស់នៅប្រកបដោយភាពសុខសាន្ដ ដ្បិតអីផ្នែកខាងកើតនេះត្រូវបានគ្រប់គ្រងដោយព្រះរាជាដែលមានចិត្តធម៌មិនដែលបង្កសង្គ្រាមអ្វីឡើយ បូករួមជាមួយទីតាំងភូមិសាស្រ្តអំណោយផលទៀតនោះ ប្រជាជនដែលរស់នៅតំបន់ខាងកើតនេះកាន់តែសុខស្រួល សប្បាយកាយចិត្តថែមមួយកម្រិតទៀត
ប៉ុន្តែតែបើសិនជាយើងក្រឡេកមកមើលភាគខាងលិចដែលត្រូវគ្រប់គ្រងដោយស្ដេចត្រាញ់មួយអង្គដែលគ្មានសច្ចៈ គ្មានសីលធម៌ គ្មានវិជ្ជាជីវៈសក្ដិសមជាអ្នកគ្រប់គ្រងណាបន្តិចសោះនោះវិញគឺឃើញថាខុសគ្នាដូចមេឃហើយនឹងដី អំឡុងពេលដែលប្រជាជនរស់នៅភាគខាងកើតមានម្ហូបញ៉ាំពេញៗតុបើអត់ណាស់ក៏មួយពេលមានម្ហូបពីរមុខនៅលើតុនោះ អ្នករស់នៅភាគខាងលិចសឹងតែរកបាយហូបមិនបានផង ដោយសារតែនៅភាគខាងលិចនៃប្រទេសចិននេះគឺមានអាកាសធាតុក្ដៅហួតហែងជាទីបំផុត ផ្ទៃដីទាំងអស់ក៏ហួតហែងប្រេះបែក បង្កើតបានជាស្នាមប្រេះៗនៅពេញដីទាំងអស់ ដីនៅតំបន់ខាងលិចនេះគ្មានជីវជាតិមិនអាចដាំអ្វីបានដុះឡើយ កុំថាឡើយដល់ទៅដាំស្រូវសូម្បីតែស្មៅមួយដើមក៏គ្មានដុះផង។
ប្រជាជនដែលរស់នៅតំបន់ខាងលិចនេះតែងតែនាំគ្នាចាប់បង្គួយតូចៗដែលរស់នៅតាមដីនោះហូបដ្បិតអីវាគ្មានសត្វអ្វីរស់នៅលើតំបន់នេះក្រៅពីពពួកសត្វល្មូនប្រភេទនេះឡើយ ពេលថ្ងៃប្រជាជនគ្រប់គ្នាក៏សំងំនៅតែក្នុងផ្ទះមិនសូវនិយមដើរលេងល្ហេចល្ហាចទេព្រោះកម្ដៅថ្ងៃដែលនៅតំបន់នេះគឺក្ដៅខ្លាំងណាស់អាចនឹងរលាកសាច់បានប្រសិនបើយើងមិនបានពាក់អាវជិតៗ អ្នករស់នៅតំបន់ខាងលិចនេះត្រូវបានពពួករស់នៅតំបន់ខាងកើតមើលងាយ មើលថោកនិងស្អប់ខ្ពើមជាខ្លាំងព្រោះដោយសារតែពពួកខាងលិចនិយមពាក់ខោអាវរហេករហែកគ្មានសណ្ដាប់ធ្នាប់ឯសម្បុរក៏មិនសូវស សក់ក៏ក្រញាញ់មិនសូវត្រង់ដែរព្រោះតែកម្ដៅដ៏សែនក្ដៅនៅទីនេះ។
នៅពេលដែលអ្នកនៅភាគខាងកើតមានការអប់រំខ្ពស់ចេះសូត្រកំណាព្យ អាន និងសរសេរអក្សរនោះ អ្នកដែលរស់នៅភាគខាងលិចបែរជាមិនបានរៀនសូត្រអ្វីទាំងអស់ ដោយសារតែកត្តាអាក្រក់ៗអស់នេះហើយបានជាមានប្រជាជននៅភាគខាងលិចរាប់រយនាក់តែងតែលួចផ្លោះរបងថ្មរដែលមានកម្ពស់សឹង១០ម៉ែត្រដែលសង់ឡើងជាបន្ទាត់ខណ្ឌចែកសម្រាប់ខាងលិចនិងខាងកើត លួចចូលទៅតំបន់អភិវឌ្ឍន៍ខាងកើត ដើម្បីស្វែងរកអនាគត ក៏ដូចជាការរស់នៅដ៏ភ្លឺស្វាងមួយផងដែរ។
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជននៅភាគខាងលិចបានលួចផ្លោះទៅភាគខាងកើតកាន់តែច្រើនៗឡើងៗរហូតធ្វើឱ្យ ហ្វូឈីង ដែលជាស្ដេចនៅនគរខាងលិចខឹងជាខ្លាំង ហ្វូឈីងនេះជាមនុស្សគ្មានសីលធម៌ គ្មានសច្ចៈធម៌ និងគួរឱ្យស្អប់ជាទីបំផុត គេមានរាងខ្ពស់ក្រអាញ សម្បុរខ្មៅ សក់ក្រញាញ់ ច្រមុះធំ បបូរមាត់ក្រាស់ និងមានភ្នែកតឹងៗ។
ហ្វូឈីង ដែលជាស្ដេចត្រាញ់នៅភាគខាងលិច បានដឹកនាំទ័ពមកដាក់ពង្រាយនៅតាមបន្ទាត់ជញ្ជាំងព្រំដែននេះ ដោយគេបានចេញបទបញ្ជាប្រកាសយ៉ាងច្បាស់ៗថា៖
«ប្រសិនបើប្រជាជននៅភាគខាងលិចណាម្នាក់ហ៊ានតែផ្លោះរបងទៅភាគខាងកើតទៀតនឹងត្រូវសម្លាប់ចោលនៅនឹងកន្លែងភ្លាមៗ»
នៅភាគម្ខាងទៀតនៅផ្ទៃប្រទេសចិននេះ ចូវ ជីយ៉ាង ដែលជាព្រះមហាក្សត្រនៃភូមិភាគខាងកើតព្រះអង្គបានបញ្ជូនមេទ័ពដ៏ខ្លាំងពូកែម្នាក់ឈ្មោះ លី ប៉វិន(ប៉ប៉) ឱ្យមកប្រចាំការនៅខ្សែបន្ទាត់ព្រំដែននេះ តួនាទីរបស់លោកមេទ័ពដែលព្រះអង្គបញ្ជូនមកនេះគឺឱ្យមកចាំការពារហាមមិនឱ្យមានជនជាតិភាគខាងលិចម្នាក់ណាឆ្លងមកបានឡើយ បើទោះបីជាឆ្លងមកដល់ហើយក៏ត្រូវតែចាប់បញ្ជូនឱ្យត្រឡប់ទៅភាគខាងលិចវិញជាចាំបាច់។
ការដែលព្រះអង្គទ្រង់សម្រេចព្រះទ័យបែបនេះក៏ព្រោះតែទ្រង់មិនចង់មានសង្គ្រាមជាមួយនឹងស្ដេចត្រាញ់ ហ្វូឈីង ឡើយ ព្រះអង្គទ្រង់ត្រូវប្រាកដចិត្តថា ប្រជារាស្ត្រទ្រង់នឹងរស់នៅក្នុងតំបន់មួយដែលគ្មានសង្រ្គាមបើទោះបីជាទង្វើរនេះមិនសមរម្យ និងសាហាវឃោឃៅយ៉ាងណាក៏ដោយ។
ម៉ោង១២អធ្រាត្រ…
រាងកាយរបស់ក្មេងប្រុសអាយុ១៨ឆ្នាំម្នាក់ដើរលបៗតាមរបងធំខ្ពស់លិចក្បាលរបស់គេនោះ ក្មេងប្រុសម្នាក់នេះមានមុខតូចស្អាត ច្រមុះស្រួច សក់របស់គេមានរួញអង្គារដីតិចៗចុងៗ ក្មេងប្រុសម្នាក់នេះថ្វីដ្បិតតែគេរស់នៅភាគលិចមែន ប៉ុន្តែស្បែករបស់គេគឺសស្អាតទន់រលោងប្រៀបដូចជាស្បែករបស់មនុស្សស្រី គេមានរាងកាយរហ័សរហួនបើទោះបីជាស្ថិតនៅក្នុងវ័យក្មេងក៏ដោយ។
ក្មេងប្រុសនេះបានលបមើលជុំវិញខ្លួនយ៉ាងប្រុងប្រយត្ន័មុននឹងបោះខ្សែពួរដែលមានចងភ្ជាប់ជាមួយនឹងដុំថ្មមួយដុំដែលមានរាងទ្រវែងនៅខាងចុង ហើយគប់ដុំថ្មជាប់ជាមួយខ្សែរនោះយ៉ាងរហ័ស នៅពេលឃើញថាវាជាប់ហើយ គេក៏សាកទាញវាលមើល លុះទាញកន្ត្រាន់ពីរ បីដងវាមិនរបូត ក្មេងប្រុសរូបស្អាតនេះក៏បានតោងឡើងទៅតាមខ្សែពួរនោះដើម្បីឡើងជញ្ជាំងថ្មដែលមានកម្ពស់សឹងតែដប់ម៉ែត្រខ្ពស់សន្លឹមប្រសិនបើឡើងមិនរួចហើយធ្លាក់ចុះមកដីវិញនោះច្បាស់ជាបាក់កស្លាប់មិនខាន ប៉ុន្តែឱ្យធ្វើដូចម្ដេច? បើទ្រាំរស់នៅក្នុងភូមិភាគខាងលិចនេះទៀតមុខជាអត់អាហារស្លាប់មិនខានដូចគ្នា រស់នៅជីវិតមិនខុសពីទាសករ រស់នៅត្រឹមតែកំដរជីវិតបែបនេះមិនមែនជាអ្វីដែលគេចង់បានទេ ទោះបីនៅក្មេងប៉ុន្តែគេមានជំនឿជឿជាក់ថានៅម្ខាងជញ្ជាំងថ្មដ៏ធំនេះប្រាកដជាមានរបស់ប្លែកៗ ក៏ដូចជាជីវិតដែលល្អជាងរស់នៅភាគខាងលិចនេះដែរ។
កំពុងតែតោងឡើងបានពាក់កណ្ដាលជញ្ជាំងក្មេងប្រុសម្នាក់នេះស្រាប់តែក្រឡេកឃើញថាកងទ័ពរបស់ហ្វូឈីង បានឃើញគេបាត់ទៅហើយ ទឹកភ្នែកប្រកបដោយភាពភ័យខ្លាចស្រក់ចុះមកភ្លាមៗគេត្រូវតែខំប្រឹងវាឡើងឱ្យផុតមិនអាចធ្លាក់បានទេ បើហ៊ានតែធ្លាក់ចុះនោះប្រាកដជាត្រូវពួកអស់នេះចាប់យកទៅកាត់ក្បាលមិនខានទេ។
«ចុះមកវិញភ្លាម ចុះមក»ពួកទាហានអស់នោះនាំគ្នាឈរកាន់គប់ភ្លើងនៅខាងក្រោមហើយមានពួកខ្លះក៏រត់ទៅតាមរកខ្សែដែលមានចងថ្មរបៀបនេះមកគប់តោងឡើងមកចាប់ក្មេងល្អិតម្នាក់នេះដូចគ្នា។
ក្មេងតូចនេះទីបំផុតក៏ឡើងមកដល់លើជញ្ជាំងហើយគេឈរសម្លឹងមើលទៅម្ខាងទៀតនៃជញ្ជាំងដែលមានព្រៃឈើខៀវស្រងាត់ដែលអាចមើលឃើញព្រោះតែពន្លឺព្រះចន្ទពេញបរមីនេះ និងផ្ទៃម្ខាងទៀតនៃជញ្ជាំងដែលមានតែដីប្រេះរហែង។
ប្រ៉ូង
គេលោតចូលទៅក្នុងទន្លេនៃភាគខាងកើតហើយពួកទាហានអស់នោះក៏លោតចុះទៅដូចគ្នាដែរតាមគេយ៉ាងប្រកិត។
ក្មេងប្រុសរូបស្រស់ហែលកាត់ទន្លេទាំងភ្នែកព្រិលៗហើយក៏ឃើញមានដូចជាជំរុំរបស់ពួកទាហានដែលគេឃើញមានតង់មួយនៅឆ្ងាយដាច់ពីគេ មិនបង្អង់យូរក្មេងតូចនេះក៏រត់ដាក់មេប្រូចសំដៅទៅកាន់តង់ដែលនៅដាច់ពីគ្នានោះ ហើយក៏ចូលទៅភ្លាម។
«អ្នកណា?» លោកមេទ័ព ប៉វិន កំពុងតែឈរនៅក្នុងធុងងូតទឹកដែលធ្វើពីឈើ នៅសុខៗក៏មានក្មេងឆ្កួតមកពីណាមិនដឹងលោតចូលមកក្នុងធុងទឹករបស់គាត់ដែល នេះខំមកងូតទឹកម៉ោង១២អធ្រាត្រហើយនៅមានមនុស្សមករំខានទៀតឬ?
ក្មេងតូចនោះលោតចូលក្នុងអាងទឹកជាមួយលោកមេទ័ពហើយក៏លើកដៃសំពះលោកទាំងទឹកភ្នែក និងបបូរមាត់ញ័រតតាត់៖
«លោកពូ លោកពូជួយខ្ញុំផងណា!» និយាយចប់ស្ទើរតែមិនទាន់ស្រាប់តែមានសំឡេងឡូឡានៅនឹងមុខតង់ភ្លាម ប៉វិន មិនបង្អង់យូរក៏ចាប់ក្បាលរបស់ក្មេងប្រុសម្នាក់នេះជ្រមុជទៅក្នុងទឹកភ្លាមទាំងភ្លេចថាខ្លួនឯងកំពុងតែងូតទឹកននោលគោក។
ពួកទាហានអស់នោះចូលមកដល់ក្នុងតង់របស់លោកមេទ័ពដោយឬកពារក្អេងក្អាងហាក់គ្មានស្គាល់អ្វីធំស្គាល់អ្វីតូច។
«ចាប់ពួកវាឱ្យអស់» សំឡេងដ៏មានអំណាចរបស់លោកមេទ័ពបន្លឺចេញទៅមិនដល់មួយនាទីផងក៏មានទាហានរបស់នគរខាងត្បូងជាច្រើនចូលមកចាប់យកកងទ័ពបួនប្រាំនាក់របស់នគរខាងលិចទៅក្រៅ រង់ចាំបញ្ជាបន្តរបស់លោកមេទ័ពទៀត។
«ងើបបានហើយ»លោកមេទ័ពព្រលែងដៃពីកញ្ចឹងកដែលគាត់ចាប់ច្របាច់បន្លិចក្នុងទឹកមុននេះ តែនៅតែមិនឃើញក្មេងតូចនោះងើបមកទៀត លោកមេទ័ពប្រញាប់ជ្រមុជទឹកទៅក្រោមហើយស្រវាឱបបីរាងតូចនោះឱ្យផុតពីទឹកក៏ឃើញថាគេស្រឡប់បាត់មាត់ទៅហើយ គាត់យកដៃម្ខាងទៅទះមុខតូចស្អាតនោះតិចៗ ក្នុងបំណងឱ្យភ្ញាក់ តែមើលទៅអ្នកនៅក្នុងរង្វង់ដៃគ្មានសញ្ញាថានឹងភ្ញាក់ ទើបគាត់ត្រូវប្រើវិធីចុងក្រោយ។
លោកមេទ័ពឱនមុខយឺតៗទៅបញ្ជូលខ្យល់ឱ្យអ្នកដែលមានរាងតូចជាងខ្លួនសឹងតែពាក់កណ្ដាលតាមមាត់។
«ខឹស…ខឹស» ក្មេងតូចម្នាក់នោះក្អកចេញទឹកមកតាមមាត់ ព្រមទាំងសម្លឹងមើលជុំវិញខ្លួនដោយអាការៈឆ្ងល់ៗ ភ្នែកធំៗស្អាតនោះក៏ជះពន្លឺផ្លេកៗ ដោយអាការៈចង់ដឹងចង់ឮ ពេលឃើញគេដឹងខ្លួនបែបនេះហើយលោកមេទ័ពក៏ត្រូវដកបបូរមាត់ចេញពីបបូរមាត់ទន់ស្អាតនោះទាំងសោកស្ដាយ។
«មិត្តឯងមកទទួលហើយ!» គាត់និយាយព្រមទាំងយកសម្លៀកបំពាក់មកស្លៀកបណ្ដើរៗផងធ្វើឱ្យអ្នកដែលមានវ័យក្មេងជាងត្រូវបែរមុខចេញ។
«លោកពូ ពួកនោះមិនមែនជាមិត្តរបស់ខ្ញុំទេ!»ក្មេងតូចនោះនិយាយទាំងទឹកភ្នែកហូរមកព្រិចៗ ងាកមកសម្លឹងមុខអ្នកដែលទើបតែស្លៀកខោហើយមិនទាន់បានពាក់អាវរួចផង។ លោកមេទ័ព ប៉វិន ងាកមកសម្លឹងមុខសស្អាតតូចដែលកំពុងតែយំអង្វរឱ្យគាត់ជួយនោះ មើលចុះខ្លួនឡើងទទឹកជោកបែបនេះហើយតើគេមិនរងាទេឬ? លោកមេទ័ពយកដៃទៅជូតទឹកភ្នែកឱ្យក្មេងប្រុសមុខស្អាតនោះតិចៗ តើគាត់គួរធ្វើយ៉ាងម៉េចទៅ? ម្ខាងជាតួនាទី ជាភារកិច្ចដែលគាត់ត្រូវតែបំពេញឱ្យបានល្អហ្មត់ចត់ ហើយអ្នកនៅចំពោះមុខនេះក៏វិសេសវិសាលហួស ប្រៀបបានដូចជាត្បូងចរណៃមួយដួង ប្រសិនបើគាត់ប្រគល់ឱ្យទៅអ្នកនៅនគរខាងលិចវិញនោះប្រាកដជាគេសម្លាប់ចោលហើយ។
«ងើបចេញមក ឯងមិនរងាទេ?» គាត់យកដៃទៅអង្អែលក្បាលអ្នកដែលកំពុងនៅក្នុងអាងទឹកនោះតិចៗ តែក្មេងប្រុសនោះក៏ចាប់ដៃគេជាប់យកមកផ្ទប់នឹងថ្ពាល់របស់ខ្លួន៖
«មិនរងាទេ លោកពូ ជួយខ្ញុំផងណា ខ្ញុំសន្យាថានឹងដើរតាមបម្រើលោកពូរហូតដល់អស់ជីវិតណាលោកពូណា»
គេនិយាយទាំងបន្តយំមិនបាត់ ទឹកភ្នែកក៏ស្រក់មកម៉ាត់ៗ នេះគឺជាពេលចុងក្រោយហើយគឺជាក្ដីសង្ឃឹមតែមួយគត់សម្រាប់ជីវិតគេ ប្រសិនបើមេទ័ពម្នាក់នេះដាច់ចិត្តប្រគល់គេឱ្យទៅពួកខាងលិចវិញនោះគេប្រាកដជាអស់ជីវិតមិនខាន។
«ឯងឈ្មោះអី?»លោកមេទ័ព ប៉វិន សួរទាំងចង់ដឹងចង់ឮ គាត់មានអារម្មណ៍ចម្លែក មានអារម្មណ៍ថាចង់ស្វែងយល់ពីអ្នកនៅចំពោះមុខច្រើនជាងនេះ បេះដូងរឹងមាំ នឹងនរ របស់គាត់វាលោតញាប់ កន្រ្តាក់ហាក់ដូចជាយុវវ័យដែលជ្រើមនឹងរឿងស្នេហាទាំងដែលខ្លួនមានវ័យ៣៣ឆ្នាំទៅហើយ។
«ឈ្មោះ? ឈ្មោះគឺអ្វីទៅ?» ក្មេងតូចនិយាយទាំងមិនយល់ តើលោកពូម្នាក់នេះកំពុងនិយាយពីអ្វីទៅ? គេមិនដែលឮពាក្យចម្លែកបែបនេះទេ។
«តើឪពុកម្ដាយឯង ហៅឯងថាយ៉ាងម៉េច?»លោកមេទ័ពឱនមុខមកកាន់តែជិតអ្នកដែលកំពុងតែឈរនៅក្នុងធុងទឹក គាត់មិនជឿថាមនុស្សដែលមានពន្លឺភ្នែកព្រិចៗបែបនេះមិនមានឈ្មោះនោះទេ។
«ខ្ញុំគ្មានឪពុកម្ដាយទេ» គេគឺជាកូនកំព្រា មិនដែលស្គាល់ម៉ែ មិនដែលស្គាល់ពុក កើតមកក៏មានតែក្បាលមួយម្នាក់ឯងម៉ង់ៗ។
«ងើបចេញពីធុងទឹកមក»លោកមេទ័ពជួយទាញដៃក្មេងប្រុសតូចនេះចេញពីធុងទឹកមកតែគេក៏មិនព្រមចេញមកតាមសម្រួលគឺនៅក្រាញនៅក្នុងធុងនឹងដដែល។
«មិនចេញទេ បើចេញលោកពូប្រាកដជាចាប់ខ្ញុំយកទៅឱ្យពួកនោះវិញជាមិនខាន»គេលឹបក្បាលទៅក្នុងអាងទឹកវិញលឹមៗព្រោះខ្លាចអ្នកនៅចំពោះមុខចាប់យកទៅឱ្យគេសម្លាប់ចោល។
«បើឯងនៅក្នុងនឹងទៀត យើងនឹងឱ្យពួកនោះមកចាប់ឯងដល់ក្នុងនេះតែម្ដង»
ចប់សម្ដីលោកមេទ័ពស្ទើរមិនទាន់ អ្នកដែលប្រឹងក្រាញននៀលមិនចេញមកមុននេះក៏ស្ទុះងើបឈរយ៉ាងរហ័ស ងើបឈរយ៉ាងត្រង់ខ្លួន។
«ឈប់យំ ជាកូនប្រុសមិនត្រូវយំទេ បើទឹកភ្នែកឯងហ៊ានតែស្រក់ឱ្យយើងឃើញមួយតំណក់ទៀតយើងនឹងចាប់បញ្ជូនឱ្យឯងទៅនគរខាងលិចភ្លាម»
សម្ដីដ៏មានអំណាចម៉ឺងម៉ាត់នេះបញ្ជាក់ន័យយ៉ាងច្បាស់ហើយថាលោកមេទ័ពព្រមជួយគេមែនទេ? លោកមេទ័ពព្រមឱ្យគេនៅនគរខាងជើងនេះមែនទេ? ទឹកភ្នែកដែលហូរចុះម៉ាត់ៗមុននេះក៏ឈប់ហូរភ្លាមគេងក់ក្បាលយឺតៗហើយងើបចេញពីធុងទឹកមកឈរនៅជិតរាងកាយខ្ពស់ស្រឡះមានសាច់ដុំហាប់ណែនរបស់លោកមេទ័ពរូបសង្ហារនៅជិតនេះ។
«ប្រញាប់ផ្លាស់សម្លៀកបំពាក់ឯងចេញហើយដើរមកតាមយើងមក…លី សៀវស៊ីង»
លោកមេទ័ពដើរចេញមកក្រៅមុនទុកឱ្យក្មេងប្រុសតូចផ្លាស់សម្លៀកបំពាក់ពណ៌ទឹកសមុទ្រសាបមួយឈុតដែលមានអាវក្នុងពណ៌ស ជាមួយនឹងអាវពីខាងក្រៅពណ៌ទឹកសមុទ្រ ពេលពាក់ជាមួយគ្នាបែបនេះបានក្លាយជាពណ៌ទឹកសមុទ្រសាប។
«យើងនឹងប្រគល់ក្មេងនេះឱ្យទៅពួកឯង…លុះត្រាតែពួកឯងបញ្ជាក់បានថាគេគឺជាក្មេងដែលមកពីភាគខាងលិចពិតមែន»
នៅពេលចេញមកដល់ក្រៅតង់ហើយលោកមេទ័ព ប៉វិន ក៏និយាយខ្លាំងៗដោយសំឡេងកំណាចរបស់គាត់ដាក់ទៅកាន់ទាហានភាគខាងលិចដែលមានគ្នីគ្នាប្រមាណបួនប្រាំនាក់នោះ។
«ពួកយើងឃើញគេផ្លោះរបងមកដោយផ្ទាល់ ប៉ុណ្ណឹងហើយចាំបាច់បញ្ជាក់ស្អីទៀត? នេះលោករកលេសច្បាស់ណាស់ លោកចង់បង្កសង្គ្រាមមែនទេ?»
ម្នាក់ក្នុងចំណោមប្រាំនាក់ដែលកំពុងតែលុតជង្គង់នៅចំពោះមុខលោកមេទ័ពនោះនិយាយឡើងដោយសង្រ្កឺតធ្មេញសម្លឹងមើលទៅក្មេងតូចដែលកំពុងតែឈរពួននៅខាងក្រោយខ្នងលោកមេទ័ពផង។
«គេម្នាក់នេះមិនមែនជាប្រជាជននៅភាគខាងលិចទេ»លោកមេទ័ពនិយាយខ្លាំងៗម្ដងទៀតក្នុងបំណងឱ្យទាហានឮទាំងជុំរុំ ក៏ដូចជាចង់ដាស់តឿនឱ្យពួកទាហានផ្នែកខាងលិចនេះផងដែរថា កុំឱ្យនៅចចេសទៀត។
«លោកសំអាងអីថាគេមិនមែនជាប្រជាជននៅភាគខាងលិចនោះ?»
«ចុះឯងសំអាងអីដែលហ៊ានថាគេជាប្រជាជននៅភាគខាងលិច?»
ទាហានទាំងសងខាងដំឡើងសរសៃកដាក់គ្នា មុខម្នាក់ៗឡើងក្រហមដោយភ្លើងកំហឹងរៀងៗខ្លួន។
«យើងឃើញផ្ទាល់ភ្នែកថាអាក្មេងនេះវាលួចរត់មកពីភូមិភាគខាងលិច បើមិនពិតទេយើងហ៊ានយកក្បាលមកធានា»
ទាហានមកពីភូមិភាគខាងលិចម្នាក់ងើបឈរនិយាយឡើងដោយមិនខា្លចរអាចំពោះមេទ័ពដែលកំពុងឈរនៅខាងមុខគេនេះអីបន្តិច។
«ល្អ!» ថាហើយលោកមេទ័ពក៏វាយទាហានម្នាក់នោះមួយដៃឆ្លៀតពេលដែលគេកំពុងភ្លេចខ្លួននៅពេលដែលវាដួលទៅលើដីហើយនោះគាត់ក៏យកជើងទៅជាន់សង្កត់ក្បាលវាជាប់នឹងដីរកតែងើបមិនរួច។
«តាំងពីមកប្រចាំការនៅទីនេះយើងមិនដែលបានស៊ុមគ្រលំជាមួយនឹងប្រជាជនពួកខាងលិចដែលលួចចូលមកភាគខាងកើតឡើយ ហើយយើងក៏មិនដែលទៅរករឿងពួកឯងមុនដែរ ប៉ុន្តែថ្ងៃនេះពួកឯងហ៊ានមករករឿងយើងដល់ទឹកដីនគរខាងកើត ហ៊ានមកអុកឡុកយើងដល់ក្នុងតង់ដោយសម្អាងថាមកចាប់ប្រជាជនដែលលួចរត់មក»
និយាយរួចគាត់ក៏ទាញដៃ សៀវស៊ីង ថ្នមៗឱ្យមកឈរនៅចំពោះមុខគាត់ ទើបបន្តទៀត៖
«គេម្នាក់នេះមិនមែនជាប្រជាជនភាគខាងលិចទេ គេគឺ លី សៀវស៊ីង ជាកូនប្រុសរបស់យើងដែលទើបតែមកដល់ ពួកឯងមើលចុះតើមានប្រជាជនភាគខាងលិចឯណាមានខ្លួនប្រាណស្រឡូនស្អាតបែបនេះ?»
ថាម៉េច?មុននេះលោកមេទ័ព ប៉វិន និយាយថាម៉េច? កូនប្រុសអ៊ីចឹងឬ? ហើយលោកមេទ័ពមានកូនតាំងពីកាលណាទៅ?បើរយៈពេលជិត២០ឆ្នាំក្នុងជួរសមរភូមិនេះសូម្បីតែស្រីម្នាក់ក៏លោកមិនប៉ះ មិនយកភ្នែកមើលផងនោះ? មិនយល់ទេ។
«ហើយឯង…»គាត់ងាកមកនិយាយជាមួយអាម្នាក់ដែលនិយាយថាភ្នាល់ដាក់ក្បាលមុននេះ៖
«ដល់ពេលប្រគល់ក្បាលរបស់ឯងមកឱ្យយើងហើយ»
លោកមេទ័ពដកយកដាវរបស់គាត់មកកាប់ក្បាលទាហានភាគខាងលិចម្នាក់ដែលគាត់កំពុងតែជាន់ជាប់ក្បាលនឹងដី ដាច់ក្បាលបាត់ចេញពីក បាញ់ឈាមពេញទីលាននៅខាងមុខតង់នេះ។
វាគឺជាការសម្លាប់មួយគំរាមមួយនគរ ព្រោះបើមិនអ៊ីចឹងទេពីមួយថ្ងៃទៅមួយថ្ងៃទាហាននៅភាគខាងលិចនឹងកាន់តែបានចិត្តទៅៗ រហូតដល់ពេលនេះពួកគេហ៊ានទាំងផ្លោះរបងមករករឿងគេនៅក្នុងជុំរុំភាគខាងកើតទៀតផង។
«ហូបទៅ»ពេលចូលមកដល់ក្នុងតង់សម្រាករបស់គាត់វិញហើយលោកមេទ័ពក៏បានហុចនំក្រៀមរឹងមួយដុំឱ្យទៅក្មេងប្រុសតូចនោះ។
«បាទ»គេឈោងនំនោះយកមកខាំ ញ៉ាំតិចៗ។
«របស់នេះជាអ្វី?ហេតុអីក៏មានរសជាតិឆ្ញាញ់បែបនេះលោកពូ?»គេសួរព្រមទាំងមាត់ខាំនំនោះញ៉ាំធំៗដូចមនុស្សអត់ឃ្លាន តាំងពីកើតមកគេមិនដែលញ៉ាំរបស់អីឆ្ញាញ់បែបនេះទេ ឆ្ងាញ់សឹងតែស្រក់ទឹកភ្នែកទៅហើយ។
លោកមេទ័ព ប៉វិន សម្លឹងមើលអ្នកដែលកំពុងឱនមុខញ៉ាំនំរឹងៗដែលគ្មានជាតិអ្វីណាស់ណាត្រឹមតែប្រៃឡមៗនោះ ដោយខ្សែភ្នែកអាណិតអាសូរ ទោះបីជាបានដឹងហើយថាប្រជាជននៅតំបន់ខាងលិចលំបាកតែមិនស្មានថាលំបាកដល់ថ្នាក់ហូបរបស់បែបនេះហើយនិយាយថាឆ្ងាញ់ទេ។
«ញ៉ាំមួយៗទៅ គ្មានអ្នកណាដណ្ដើមឯងទេ»គាត់ហុចទឹកឱ្យទៅក្មេងប្រុសដែលញ៉ាំនំសឹងតែអួលស្លាប់នោះផឹក។
«ទឹកច្រើនយ៉ាងនេះលោកពូពិសាប៉ុន្មានថ្ងៃបានអស់ទៅ?»ក្មេងប្រុសសួរទៅលោកមេទ័ពបន្ទាប់ពីឃើញគេហុចបំពង់ទឹកដែលធ្វើពីឬស្សី ដែលផ្ទុកទឹកចំណុះប្រហែល៥០០មីលីលីត្រនោះមកឱ្យ។
«សៀវស៊ីង ត្រូវចាំចាប់ពីថ្ងៃនេះទៅឈ្មោះរបស់ឯងគឺ លី សៀវស៊ីង
ឯងជាកូនប្រុសតែម្នាក់របស់យើង លី ប៉វិន ត្រូវចាំទុក»លោកមេទ័ពនិយាយច្បាស់ៗ ព្រមទាំងសម្លឹងមើលមុខអ្នកម្ខាងទៀតដែលកំពុងតែសម្លឹងគាត់ដោយកែវភ្នែកភ្លឺថ្លានោះទៀតផង។
«សៀវស៊ីង?»គេយកដៃទៅចង្អុលខ្លួនឯងតិចៗ
«កូនប្រុសមែនទេ?» សៀវស៊ីងនៅតែមិនចង់ជឿថាហេតុអ្វីវាសនាគេផ្លាស់ប្តូរលឿនម្លេះ?ទើបតែប៉ុន្មានម៉ោងសោះក៏មកក្លាយជាកូនប្រុសរបស់លោកមេទ័ពទៅហើយ?
«មែន ឯងជាកូនប្រុសរបស់យើង»
«មែនឯងជាកូនប្រុសរបស់យើង»លោកមេទ័ពនិយាយច្បាស់ៗបញ្ជាក់ន័យឱ្យអ្នកម្ខាងទៀតកាន់តែយល់ ទោះបីមិនដឹងថាគេយល់ឬអត់ក៏ដោយ។
សៀវស៊ីង ងក់ក្បាលទទួលថាយល់យឺតៗបើទោះបីជាមិនសូវយល់ក៏ដោយ នេះលោកមេទ័ពរូបសង្ហារម្នាក់នេះជាឪពុករបស់គេឬ?
«ហូបឱ្យលឿនទៅ យប់អធ្រាត្រដល់ម៉ោងដេកពួនហើយ»លោកមេទ័ពងើបឈរដោះអាវក្រោះខាងក្រៅចេញយកទៅព្យួរនៅលើប្រដាប់ព្យួរដែលធ្វើពីឈើនៅក្នុងតង់មួយនេះ នៅលើខ្លួនគាត់គឺមានតែខោអាវស្ដើងៗមួយកំប្លេដែលតាំងពីថ្ងៃមកប៉ុណ្ណោះព្រោះអីខោអាវសម្រាប់ផ្លាស់នាពេលយប់របស់គាត់ គាត់បានប្រគល់ឱ្យទៅក្មេងម្នាក់ដែលមិនដឹងខ្យល់អីនៅជិតនេះទៅហើយ។
«លោកពុកសម្រាន្តហើយមែនទេ?»សៀវស៊ីងដែលអង្គុយញ៉ាំនំនោះសួរទៅកាន់លោកមេទ័ពដែលកំពុងតែដាក់ខ្នងរៀបនឹងគេងទៅលើគ្រែពូកទៅហើយដោយខ្សែភ្នែកភ្លឺសៗ។
«អឺម!» គាត់ឆ្លើយតបដោយមិនបានគិតច្រើនហើយក៏ដាក់ខ្នងគេងទៅលើកម្រាលពូកនោះដោយមិនភ្លេចទុកកន្លែងចន្លោះជិតតង់បន្តិចនៅលើពូកនោះឱ្យក្មេងប្រុសដែលគាត់ទើបតែទទួលធ្វើជាកូនមុននេះ។
«លោកពុក ចាំសៀវស៊ីង ច្របាច់ជើងឱ្យណា» សៀវស៊ីងយកនំរឹងក្រៀមៗនោះទៅទុកក្នុងអាវហើយក៏ងើបដើរយ៉ាងប្រញាប់ទៅច្របាច់ជើងឱ្យអ្នកដែលកំពុងតែសម្រាន្តលើគ្រែ។
«លោកពុក ចាប់ពីថ្ងៃនេះទៅមិនបាច់ហូបបាយខ្លួនឯងទៀតទេ»ពេលកំពុងតែច្របាច់ៗនោះគេក៏និយាយប្រាប់ទៅអ្នកដែលបិទភ្នែកជិតហើយតិចៗ។
«ហេតុអី?»ទោះបីជាពេលនេះហត់ពេញបន្ទុកយ៉ាងណាក៏ដោយ ក៏លោកមេទ័ព ប៉វិន នៅតែប្រឹងបើកត្រចៀកស្ដាប់អ្នកដែលបើកមាត់ចចារមិនចេះហត់នោះ មើលចុះវាទើបតែរួចពីស្លាប់ហេតុអីក៏មកប៉ប៉ោចបែបនេះ? បើដឹងថាជួយវាហើយរំខានបែបនេះគេប្រគល់វាឱ្យទៅពួកខាងលិចឱ្យចប់រឿងបាត់ទៅហើយ។
«ចាំសៀវស៊ីងបញ្ចុក» លោកមេទ័ពបើកភ្នែកធំៗសម្លឹងមើលមុខអ្នកកំពុងច្របាច់ភ្លៅឱ្យខ្លួន មុននេះវានិយាយស្អី? បញ្ចុកបាយអ៊ីចឹងឬ? នេះគេជា លី ប៉វិន ណា ជាមេទ័ព មិនមែនជាក្មេងដែលត្រូវអ្នកណាមកបញ្ចុកបាយទេ។
«ហើយពេលងូតទឹកក៏លោកពុកមិនបាច់ចាំងូតម្នាក់ឯងទៀតដែរ»សៀវស៊ីងនៅតែបន្តប៉ប៉ាច់ប៉ប៉ោចមិនឈប់ ព្រមទាំងសម្លឹងមើលមុខរបស់ឪពុកដែលកំពុងតែប្រឹងសម្លឹងមុខគេដូចគ្នា ឃើញបែបនេះគេក៏ញញឹមលឹបភ្នែកទៅកាន់គាត់វិញ។
«យ៉ាងម៉េច?» ងូតទឹកក៏វាមិនឱ្យគាត់មានពេលនៅម្នាក់ឯងដែរឬ? នេះគាត់ទទួលវាមកធ្វើជាកូនឬយកវាមកធ្វើម៉ែដោះឱ្យប្រាកដទៅ? បើសូម្បីតែបាយក៏វាទាមទារបញ្ចុក ទឹកវាចង់ងូតឱ្យទៀតមែនទេ?
«ចាំ សៀវស៊ីង ងូតទឹកដុះក្អែលខ្នងឱ្យ» សៀវស៊ីង សើចស្រស់ដាក់ឪពុក គេតាំងពីដើមមកមិនដែលមានសាច់ញាតិ មិនដែលមានអ្នកណាឱ្យចំណីញ៉ាំ មិនដែលមានអ្នកណាឱ្យទឹកផឹកទេ អ្វីៗគ្រប់យ៉ាងត្រូវតែប្រឹងរកមកដោយខ្លួនឯងទើបបាន មានតែពុកគេម្នាក់នេះហើយដែលជាមនុស្សដំបូង ផ្ដល់ឈ្មោះមកឱ្យគេ ឱ្យនំគេញ៉ាំ ឱ្យទឹកគេផឹក ហេតុនេះគេស្រលាញ់ឪពុកគេម្នាក់នេះខ្លាំងណាស់។
«ហឹម!…»ពេលឮថាគេនឹងងូតទឹកដុះក្អែលឱ្យលោកមេទ័ពក៏បិទភ្នែកហើយយកដៃទៅស្ទាបទ្រូងដែលបេះដូងកំពុងតែលោតឌឹបៗស្ទើរតែផ្ទុះ អាក្មេងឡប់នេះហេតុអីក៏វាញញឹមបានស្រស់ម្លេះ? ហើយស្អីគេវាចង់ដុសក្អែកខ្នងឱ្យគាត់ហេ? គ្រាន់តែគិតដល់ដៃទន់ៗនោះយកមកដុសក្អែលខ្នងឱ្យគាត់នោះមុខមាត់ខ្លួនប្រាណរបស់គាត់ក៏វាក្ដៅងំ សឹងតែចង់បបួលក្មេងឡប់នេះទៅងូតទឹកភ្លាមៗ។
«ឈប់ប៉ប៉ាច់ប៉ប៉ោចហើយឡើងមកដេកម៏!»
«បាទ!» សៀវស៊ីងឡើងវារំលងខ្លួនប្រាណធំរបស់លោកមេទ័ពហើយចូលទៅក្នុងភួយដណ្ដប់គេងនៅជិតខ្លួនគាត់នៅមួយចំហៀងទៀត។ គេត្រសុលខ្លួនចូលមកជិតឪពុកចិញ្ចឹមតិចៗរហូតដល់ខ្លួនរបស់គេនៅកិបជាប់នឹងខ្លួនរបស់គាត់ សៀវស៊ីងលើកដៃឱបលោកមេទ័ពថ្នមៗ ធ្វើឱ្យអ្នកដែលបិទភ្នែកគេងមុននេះបើកភ្នែកក្រឡង់ៗសម្លឹងមុខគេ។
«ធ្វើអី?»លោកមេទ័ពសួរទាំងសម្លឹងមុខសៀវស៊ីងក្នុងន័យផ្អើលៗចិត្តមួយក៏ចង់ចាប់បោះដៃនេះចេញហើយចិត្តមួយទៀតក៏អាណិតមិនហ៊ានធ្វើ។
«គឺ…សៀវស៊ីងខ្លាចថាបើមិនឱបលោកពុកឱ្យជាប់ទេ ព្រឹកឡើងភ្ញាក់មកនឹងបាត់លោកពុកបាត់»សៀវស៊ីងសម្លឹងមើលមុខអ្នកដែលគេងនៅជិតគ្នាក្បាលរបស់គេនៅត្រឹមតែទ្រូងរបស់លោកមេទ័ពតែប៉ុណ្ណោះ។
«ហឺម!…»លោកមេទ័ពដកដង្ហើមធំ គាត់ចាប់យកដៃតូចៗដែលឱបទ្រូងគាត់មុននេះមកដាក់នៅលើពោះរបស់គាត់វិញព្រោះខ្លាចគេឮចង្វាក់បេះដូងដែលលោតឌឹកឌាក់ៗរបស់គាត់។
«លោកពុក ឯណាអ្នកម៉ែ?» នៅសុខៗ សៀវស៊ីង ក៏ងើបមុខសួរទៅកាន់លោកមេទ័ពម្ដងទៀតតែសំណួរនេះវាធ្វើឱ្យគាត់មុខក្រហម ហើយងើបអង្គុយភ្លាមៗតបទៅសៀវស៊ីង៖
«សៀវស៊ីង អាក្មេងល្ងង់ យើងមិនមែនជាឪពុកបង្កើតរបស់ឯងទេ ត្រឹមជាឪពុកចិញ្ចឹមណាឯងយល់ទេ? យើងគ្មានម៉ែឱ្យឯងទេ ហើយពេលនៅតែពីរនាក់បែបនេះកុំហៅយើងថាពុកទៀត»
មនុស្សនៅលីវជិតមួយជីវិតទៅហើយត្រូវគេមកសួររឿងគូរស្រករបែបនេះអ្នកណាមិនខឹង? ប៉ុន្តែចម្លើយរបៀបគំហកៗ ខ្លាំងៗ របស់គាត់នេះធ្វើឱ្យអ្នកដែលងើបអង្គុយតែមានកម្ពស់ត្រឹមចង្ការរបស់គាត់នោះទៅជាទឹកភ្នែកព្រិចៗបាត់ទៅហើយ។ គាត់មិនមែនជាឪពុកបង្កើតរបស់គេទេមែនទេ? ឪពុកចិញ្ចឹមនោះជាស្អីទៅ? វាមិនមែនជាឪពុកតែមួយទេឬ? ហើយបើខ្លួនជាឪពុកគេមែនហេតុអីក៏ពេលនៅតែពីរនាក់មិនឱ្យគេហៅថាពុក?
លោកមេទ័ពដកដង្ហើមធំសម្លឹងមើលអ្នកដែលកំពុងតែឱនមុខសម្រក់ទឹកភ្នែកនោះតិចៗ គាត់បន្ធូរអារម្មណ៍ហើយក៏ទៅស្រវាគេមកឱបជាប់នឹងទ្រូងអង្អែលក្បាល ហើយទើបនិយាយលួងលោម៖
«កូនប្រុសមិនត្រូវស្រក់ទឹកភ្នែកផ្ដេសផ្ដាសទេ ហាមយំទៀត ហើយក៏មិនត្រូវនិយាយហៅឈ្មោះខ្លួនឯងរហូតបែបនេះដែរយល់ទេ»សៀវស៊ីងព្យាយាមជូតទឹកភ្នែកឱ្យអស់ពីថ្ពាល់ហើយស្រវាឱបអ្នកដែលកំពុងតែឱបគេវិញណែនដៃ៖
«បាទ!»គេឆ្លើយទាំងអួលណែនដើមកហើយមិនហ៊ានសម្រក់ទឹកភ្នែកមកទៀត។
«ហៅយើងថាលោកមេទ័ព ឬហៅថា ប៉វិន ក៏បានពេលយើងនៅតែពីរនាក់ដឹងទេ»គាត់និយាយថ្នមៗមិនហ៊ាននិយាយខ្លាំងទៀត។
«បាទ តែលោកមេទ័ពនឹងបោះបង់ខ្ញុំចោលទេ?» សៀវស៊ីងងើយសម្លឹងមើលមុខអ្នកដែលកំពុងតែឱបគេលួងលោមនោះតិចៗ។
«មិនទេ យើងមិនបោះបង់ឯងចោលទេ សៀវស៊ីង» លោកមេទ័ពសម្លឹងមើលមុខតូចៗស្អាតនោះភ្លឹកបន្តិចទើបគាត់និយាយឡើងមក។
«បាទ!»សៀវស៊ីងញញឹមហើយក៏ឱបលោកមេទ័ពណែនដៃ ចាប់ពីថ្ងៃនេះទៅគេលែងវេទនារកអាហារខ្លួនឯងទៀតហើយ គេលែងលំបាករត់គេចពីពួកខាងលិចដេញធ្វើបាបហើយ លែងខ្វល់រឿងអ្វីគ្រប់យ៉ាងព្រោះបុរសម្នាក់នេះអះអាងថាការពារគេដោយមិនបោះបង់បែបនេះគេសប្បាយចិត្តណាស់ អារម្មណ៍ហាក់បីដូចជាឡើងឋានសួគ៌ អរគុណព្រះជាម្ចាស់ដែលប្រគល់លោកមេទ័ពម្នាក់នេះមកឱ្យគេ។
«ប៉វិនមានកូនហេ?» ស៊ូ ស៊ីងឡាងជាមេទ័ពម្នាក់ទៀតដែលតាំងខ្លួនជាអ្នកជំទាស់នឹងលោកមេទ័ពប៉វិនរហូតមកកំពុងពិភាក្សាជាមួយទាហានជំនិតនៅក្នុងតង់របស់គេ។
«បាទ! គេនិយាយស្ទើរតែគ្រប់គ្នា ស្ដាយណាស់ដែលយប់មិញលោកមេទ័ពមិននៅ»ទាហានម្នាក់នោះរាយការណ៍តាមរឿងហេតុទាំងស្ទាក់ស្ទើរនៅចុងប្រយោគផង។
«មានកូនបានយ៉ាងម៉េចបើវាមិនទាន់រៀបការផង?»
«មិនដឹងទេលោកមេទ័ព តែឮថាគាត់សម្លាប់ទាហានរបស់នគរខាងលិចម្នាក់ទៀតព្រោះទាហានម្នាក់នោះនិយាយថាកូនប្រុសរបស់គាត់ជាអ្នកដែលមកពីនគរខាងលិច»
ទាហាននោះបន្តរាយការណ៍នូវអ្វីដែលគេដឹងដល់មេកើយរបស់គេបន្តហាក់ដូចកូនក្មេងសូត្រមេរៀនឱ្យគ្រូស្ដាប់ដូច្នេះដែរ។
«សម្លាប់ទាហាននៅភូមិភាគខាងលិច? ហេតុអីក៏គេហ៊ានម្លេះ?រឿងធំបែបនេះព្រះអង្គប្រាកដជាមិនទុកគេទេ»
ថាហើយលោកមេទ័ពស៊ីងឡាង ក៏ប្រញាប់យកស្បែកសត្វមកសរសេរសំបុត្រផ្ញើរទៅព្រះរាជាភ្លាមៗពីរឿងដែលលោកមេទ័ពប៉វិនសម្លាប់ទាហានភាគខាងលិច និង ពីរឿងកូនរបស់លោកមេទ័ពប៉វិនដែលនៅសុខៗស្រាប់តែបង្ហាញមុខឡើងភ្លាមៗផងដែរ។
បន្ទាប់ពីឱ្យទាហានយកសំបុត្រនេះទៅកាន់រាជធានីថ្វាយព្រះអង្គហើយលោកមេទ័ព ស៊ីងឡាង ក៏ញញឹមយ៉ាងសមចិត្តរង់ចាំពេលដែលព្រះរាជាបានអានសំបុត្ររបស់គេហើយតើទ្រង់នឹងមានប្រតិកម្មយ៉ាងណា? ព្រោះព្រះអង្គបានផ្ដាំហើយផ្ដាំទៀតថាទោះជាយ៉ាងណាក៏មិនត្រូវសម្លាប់ទាហាននៅភាគខាងលិចឡើយ។
«មានរឿងអីកើតឡើង?» ប៉វិនប្រញាប់រត់ទៅសួរលោកមេទ័ពស៊ូ ស៊ីងឡាង ដែលពេលនេះគេម្នាក់នោះកំពុងតែឈរច្រត់ដៃនៅពីមុខក្មេងតូចសៀវស៊ីងដែលពេលនេះត្រូវគេចាប់ដៃទាំងសងខាងជាប់នឹងបង្ខំឱ្យលុតជង្គង់យ៉ាងគំហុក។
«ក្មេងម្នាក់នេះលួចរបស់ទ្រព្យខ្ញុំ»
ស៊ីងឡាងងាកមកនិយាយជាមួយនឹងអ្នកដែលទើបតែមកពីល្បាតវិញមុននេះដោយទឹកមុខសប្បាយៗ នៅក្នុងជុំរុំទាហាននេះមានវិន័យតឹងតែងខ្លាំងណាស់គឺមិនឱ្យកុហក និងមិនឱ្យលួច ទោះបីវិន័យមានច្រើនប៉ុន្តែវិន័យទាំងពីរនេះគឺវាសំខាន់ខ្លាំងជាងគេ។
លោកមេទ័ពប៉វិនជ្រួញចិញ្ចើមសម្លឹងមើលមុខអ្នកដែលកំពុងតែលុតជង្គង់នៅចំពោះមុខគាត់នោះដោយអារម្មណ៍នឿយណាយ ហេតុអ្វីក៏ក្មេងម្នាក់នេះសស្លាក់សស្លើតខ្លាំងម្លេះ?
«ខ្ញុំមិនបានលួចរបស់លោកទេ លោកជាអ្នកប្រើឱ្យខ្ញុំទៅយកវាមកឱ្យដោយខ្លួនឯង»
សៀវស៊ីងងើបមុខឡើងរួចប្រឹងនិយាយការពារភាពស្អាតស្អំឱ្យខ្លួនឯង គឺនៅព្រឹកនេះនៅពេលដែលលោកពុករបស់គេចេញទៅពិនិត្យមើលនៅតាមបន្ទាត់ព្រំដែននោះបាត់ អាមេទ័ពស៊ីងឡាងនេះមកពីណាក៏មិនដឹង មកនិយាយបញ្ចុះបញ្ចូលគេហើយក៏ប្រើឱ្យគេចូលទៅយកអ្វីក៏មិនដឹងនៅក្នុងតង់របស់គេនោះ សៀវស៊ីងហេតុតែជាក្មេងឆោតមិនបានដឹងស្មានតែនេះជាទម្លាប់ធម្មតាដែលមនុស្សចាស់ចូលចិត្តក្មេងឱ្យហុចនេះហុចនោះទើបចូលទៅយកមកឱ្យគេ នៅពេលចេញមកក្រៅវិញ លោកមេទ័ពស៊ីងឡាងស្អីគេនោះក៏នាំទាហានមកមួយកងហើយចាប់គេឱ្យលុតជង្គង់ទទួលកំហុសបាត់ទៅហើយរកតែនិយាយអីមិនទាន់។
ផ្លាច់
ស៊ីងឡាង យាដៃទះមុខស្អាតៗឌឺរបស់សៀវស៊ីងមួយដៃធ្វើឱ្យមុខអ្នកដែលត្រូវទះវៀចទៅម្ខាង មួយដៃរបស់គេនេះមិនមែនស្រាលតែសៀវស៊ីងក៏ចិត្តខ្លាំងមិនព្រមអន់ដូចគ្នាគេនៅងាកមុខមកញញឹមឌឺលោកមេទ័ពស៊ីងឡាងបានយ៉ាងសមចិត្ត។
«អាក្មេងគម្រក់ ឯងនេះជាក្មេងមកពីណាហេតុអីក៏អត់របៀបយ៉ាងនេះ?»
«គេជាកូនរបស់យើង» អ្នកដែលឈរមើលហេតុការណ៍បានមួយសន្ទុះដើរមកឈរនៅចំពោះមុខសៀវស៊ីងដែលកំពុងតែលុតជង្គង់ចុះនោះ ហើយនិយាយដោយសំឡេងម៉ឺងម៉ាត់មិនផ្លាស់ប្តូរ ខ្សែភ្នែករបស់លោកមេទ័ព ប៉វិន ដែលសម្លឹងមើលមុខ ស៊ីងឡាងពេលនេះគឺអាចដុតកម្ទេចស៊ីងឡាងឱ្យខ្លោចបាន បេះដូងគេកន្រ្តាក់សឹងតែដាច់ពីទោងពេលឃើញមនុស្សដែលមានមាឌប៉ិនក្របីលើកដៃទះកំភ្លៀងមនុស្សដែលគេហួងហែង។
«កូន? បើតាមខ្ញុំដឹងលោកមេទ័ព ប៉វិន នេះគឺនៅលីវម្នាក់ឯងមកយូរហើយ មិនដែលប្រឡាក់ប្រឡូសជាមួយស្រីណាទេ តែម៉េចនៅសុខៗលោកមកមានកូនធំបែបនេះបាន? គួរឱ្យចម្លែកណាស់ ហាហា»ស៊ីងឡាង សើចរលាក់ពោះព្រមទាំងយកដៃចាប់ចង្ការហើយធ្វើដូចរិះគិតផង ទាំងដែលការពិតគេដឹងច្បាស់ហើយគ្រាន់តែបំណងចង់ធ្វើឱ្យអ្នកម្ខាងទៀតរញ៉េរញ៉ៃនិងឈឺខួរតែប៉ុណ្ណោះ។
«រឿងជីវិតរបស់យើង យើងចាំបាច់រៀបរាប់ប្រាប់ឯងដែរមែនទេ?»
លោកមេទ័ព ប៉វិន ដើរទៅឈរទល់មុខអ្នកដែលសើចរលាក់មុននេះរហូតដល់គេអន់ចង់ ចម្លើយមួយម៉ាត់ៗរបស់មនុស្សមុខងាប់មាត់ដែកម្នាក់នេះធ្វើឱ្យគេចុករកពាក្យមកឌឺវិញមិនចង់ទាន់ អួយស៊ីងឡាងសូមគាំង iQ មួយភ្លេតសិន។ លោកមេទ័ព ប៉វិន ឈសម្លឹងមុខមេទ័ពម្នាក់ទៀតដែលមានអាយុប្រហាក់ប្រហែលគេ ប្រសិនបើអាម្នាក់ដែលកំពុងឈរនៅចំពោះមុខគេនេះមិនមែនជាក្មួយប្រសាររបស់ស្ដេចទេនោះ លោកមេទ័ព ប៉វិន ប្រហែលជាសម្លាប់វាចោលយូរណាស់បាត់ទៅហើយ មានឈ្មោះជាមេទ័ពមកការពារព្រំដែន ប៉ុន្តែអាចង្រៃស៊ីងឡាងនេះបែរជាលួចចូលទៅផឹកស៊ី លេងស្រីញីនៅនគរខាងលិចសឹងតែរាល់យប់ បើទោះបីជាលោកមេទ័ពប៉វិនប្រឹងផ្ញើរសំបុត្រទៅព្រះអង្គប៉ុន្មានលើកប៉ុន្មានសារក៏ដោយក៏មើលទៅរឿងនេះហាក់ដូចជាគ្មានការវិវត្តន៍ទៅណាទាល់តែសោះ។
«បើលោកមេទ័ពចង់ប្រាប់ខ្ញុំក៏រីករាយនឹងស្ដាប់» ស៊ីងឡាងដើរមកកាន់តែជិតមុខលោកមេទ័ព ប៉វិន ដូចគ្នា គេក៏សែនជ្រេញអាមុខឌឺៗនេះយូរហើយ ហើយឥឡូវនេះវាក៏មកបង្ហាញចំណុចខ្សោយឱ្យគេឃើញដោយខ្លួនឯងហេតុនេះកុំបន្ទោសគេឱ្យសោះ។
«ទៅវិញ»លោកបេទ័ពប៉វិនចាប់ទាញដៃ សៀវស៊ីងដែលកំពុងតែលុតជង្គង់នៅជិតនេះឱ្យដើរតាមគាត់ត្រឡប់ទៅតង់វិញតែក៏ត្រូវឈប់ង៉ក់ពេលឮប្រយោគបន្ទាប់របស់មេទ័ពស៊ីងឡាង៖
«លោកភ្លេចវិន័យហើយមែនទេលោកមេទ័ព ប៉វិន?»
«វិន័យស្អីរបស់ឯង?»លោកមេទ័ពប៉វិនងាកមកវិញយឺតៗព្រមទាំងជ្រួញចិញ្ចើមមើលមុខអ្នកដែលកំពុងញញឹមឌឺគាត់តិចៗផង។
«បើទាហានណាលួចរបស់ហើយត្រូវចាប់បាននៅនឹងកន្លែងនោះ ទាហាននោះនឹងត្រូវចាប់កាត់កូនដៃចោលម្ខាងភ្លាមៗ»
ស៊ីងឡាងនិយាយដោយភាពជឿជាក់និងសប្បាយចិត្ត វិន័យនេះលោកមេទ័ពប៉វិនជាអ្នកសម្រេចដាក់និងអនុវត្តដោយខ្លួនឯងផ្ទាល់ ចាំមើលឥឡូវនេះគេមានអារម្មណ៍យ៉ាងណាដែរពេលភ្លក់រសជាតិថ្នាំរបស់ខ្លួនឯងបែបនេះ?
«តែ សៀវស៊ីង មិនមែនជាទាហាននៅទីនេះទេ គេជាកូនរបស់យើង»
ប៉វិន ក្ដៅត្រចៀកងំ គាត់មិននឹកស្មានថាអាស៊ីងឡាងនេះវាតាមចងកម្មចងពារដល់ថ្នាក់នេះសោះ រឹតតែមិនជឿថា សៀវស៊ីង របស់គាត់ទៅមានចរិតចេះលួចគេអីបែបនោះទេ។
«ទោះបីគេមិនមែនជាទាហាន ក៏គេស៊ីបាយនៅទីនេះ ផឹកទឹកនៅទីនេះ ដេកនៅទីនេះដែរ ហេតុនេះហើយបទបញ្ជានៅទីនេះគេត្រូវតែគោរពតាម ក្រែងលោកមេទ័ពជាអ្នកនិយាយខ្លួនឯងមិនអ៊ីចឹងថា ទោះបីជាទេវតាកូនអ្នកធំមកពីណាក៏ដោយក៏មកដល់ទីនេះហើយត្រូវតែគោរពបទបញ្ជានិងវិន័យនៅទីនេះជាចាំបាច់»
ស៊ីងឡាងក៏ខឹងលោកមេទ័ពប៉វិនខ្លាំងមិនចាញ់គ្នាប៉ុន្មានដែរ គេនៅចាំបានថាកាលដែលព្រះអង្គបញ្ជូនគេឱ្យមកជុំរុំនេះលើកដំបូងអាមេទ័ពប៉វិនមហាក្អេងក្អាងនេះដាក់វិន័យគាបសង្កត់គេស្ទើរស្លាប់ស្ទើររស់ហេតុនេះហើយឥឡូវនេះវាដល់ពេលដែលគេត្រូវសងសឹកម្ដងហើយ។
«សៀវស៊ីងមិនបានលួច»
«ហេតុអ្វីក៏ឯងប្រាកដចិត្តថាគេមិនបានលួច ទាហានទាំងជុំរុំអ្នកណាក៏ឃើញថាវាចូលទៅកកូរកកាយរករបស់នៅក្នុងតង់យើងដែរ»
ស៊ីងឡាងតបវិញមិនព្រមឱ្យចាញ់គ្នា យ៉ាងម៉េចដែរ? តាំងពីដើមមកធ្វើខ្លួនជាអ្នកត្រឹមត្រូវណាស់អីបន្តិចក៏ច្បាប់ អីបន្តិចក៏វិន័យ ដល់ឥឡូវយ៉ាងម៉េចដែរ?
«ពួកឯងមកចាប់ក្មេងនេះយកទៅកាត់ដៃភ្លាម» ចប់បញ្ជាលោកមេទ័ពស៊ីងឡាងសិនមិនទាន់ទាហានពីរនាក់ក៏ចូលមកចាប់កាច់បត់ដៃសៀវស៊ីងយកទៅធាក់ផ្ដួលរួចហើយក៏យកជើងជាន់ប្រអប់ដៃតូចខាងឆ្វេងនោះជាប់នៅនឹងដី លោកមេទ័ពប៉វិនមិនអាចធ្វើអ្វីបាន បានត្រឹមតែសម្លឹងមើលគេធ្វើបាបមនុស្សដែលខ្លួនហួងហែងដោយបេះដូងប្រេះបែកតែប៉ុណ្ណោះ។
សៀវស៊ីងយកជើងដែលមានទំហំធំហើយពាក់ស្បែកជើងធ្ងន់កន្ដុករឹងកំព្រឹសនោះទៅជាន់លើខ្នងដៃខាងឆ្វេងរបស់សៀវស៊ីងជំនួសឱ្យជើងទាហានមុននេះ គេងាកមកញញឹមដាក់លោកមេទ័ពប៉វិនបន្តិចទើបដកយកដាវដែលសៀតជាប់នឹងចង្កេះនោះមក ដកវាចេញពីស្រោមហើយយាឡើងខ្ពស់បម្រុងនឹងកាត់ម្រាមដៃកូនរបស់អ្នកដែលកំពុងដេកផ្កាប់មុខសំប៉ាបៗនៅលើដី។
«ឈប់សិន!» ប៉វិនស្រែកឃាត់ គាត់សម្លឹងមើលទៅក្មេងតូចសៀវស៊ីងដែលកំពុងសម្លឹងមើលគាត់ដោយខ្សែភ្នែកមានដក់ទឹកភ្នែកនៅព្រិចៗនោះដូចគ្នា។ លោកមេទ័ពដើរទៅរុញស៊ីងឡាងចេញហើយទាញដៃអ្នកដែលកំពុងដេកផ្កាប់មុខឱ្យក្រោកឈឡើង គាត់បោសសម្លៀកបំពាក់គេឱ្យជ្រះដីចេញអស់ហើយនិយាយ៖
«ប្រាប់ហើយមែនទេថាកុំឱ្យស្រក់ទឹកភ្នែកផ្ដេសផ្ដាស» ពេលស្ដីឱ្យសៀវស៊ីងហើយគាត់ក៏ងាកមកសម្លឹងមុខស៊ីងឡាងនៅចំពោះមុខវិញរួចទើបនិយាយដោយភាពជឿជាក់៖
«បើកូនប្រុសយើងជាអ្នកលួចមែននោះ ឯងកាត់ដៃយើងយកជំនួសចុះ» លោកមេទ័ពនិយាយព្រមទាំងលាដៃទៅមុខតិចៗផង គាត់មិនខ្លាចក្នុងការដាច់ត្រឹមម្រាមដៃមួយនោះឡើងប៉ុន្តែប្រសិនបើបណ្ដោយឱ្យគេកាត់ដៃសៀវស៊ីងនៅចំពោះមុខគាត់នោះគាត់ទ្រាំមើលមិនបានទេប្រាកដជាហក់ទៅកាប់អាស៊ីងឡាងចោរម្សៀតនោះស្លាប់មុនមិនខាន។
«ល្អ!» ស៊ីងឡាងសើចតិចៗសម្លឹងមើលដៃដែលលាបង្ហាញមកចំពោះមុខ មានអីចង់កាត់ដៃអាក្មេងមកពីណាមិនដឹងតែបែរជាបានកាត់ដៃមេទ័ព ប៉វិន ដែលជាមេទ័ពឯកទៅវិញ ឱកាសល្អបែបនេះបើមិនទទួលយកហាក់ដូចជាមើលរំលងខ្លាំងពេក។
លោកមេទ័ពប៉វិនហុចដៃទៅដាក់នៅលើតុជិតនោះដោយមិនញញើតអ្វីបន្តិច ត្រឹនដាច់ម្រាមដៃមួយតើវាមានអ្វីអស្ចារ្យណាស់ទៅ?
ស៊ីងឡាងលើកដាវយាឡើងខ្ពស់រៀបនឹងទម្លាក់ដើម្បីកាត់ដៃរបស់អ្នកម្ខាងទៀតទៅហើយស្រាប់តែមានសំឡេងមួយស្រែកមកកាត់៖
«ឈប់សិន! ព្រះរាជសាររបស់ព្រះអង្គមកដល់ហើយ…»សំឡេងស្រែករបស់អ្នកនាំសារឮមកល្វើយៗពីចម្ងាយធ្វើឱ្យអ្នកគ្រប់គ្នាដែលកំពុងតែមានវត្តមាននៅមើលការឈ្លោះគ្នាសឹងតែបង្ហូរឈាមរវាងលោកមេទ័ពទាំងពីរមុននេះប្រញាប់លុតជង្គង់គ្រិបទៅលើដីហើយឱនក្បាលក្រាបសឹងតែដល់ដីរង់ចាំស្ដាប់រាជសាររបស់ព្រះអង្គគ្រប់ៗគ្នា។
មួយសន្ទុះក្រោយមកអ្នកនាំរាជសារមកនោះក៏ឈរនៅចំពោះមុខទាហានរាល់គ្នាដែលកំពុងតែឱនក្បាលរង់ចាំទទួលឯកសាររួមទាំងលោកមេទ័ពទាំងពីរនាក់និងសៀវស៊ីងម្នាក់ទៀតផង គាត់ចាប់ផ្ដើមរលាសំបុត្រដែលធ្វើពីស្បែកសត្វ និងមានស្រោបកម្ទេចមាសតាមជាយសំបុត្រពីក្រៅផង នៅលើសំបុត្រស្បែកសត្វនេះ មានចារនូវអក្សរដែលត្រូវបានសរសេរយ៉ាងផ្ចិតផ្ចង់ប្រហែលជា៣បន្ទាត់តែប៉ុណ្ណោះ នៅចុងបញ្ចប់នៃរាជសារនេះមាននូវត្រាដែលបញ្ជាក់ថាជារាជសារដែលបានចេញមកពីព្រះមហាក្សត្រនៃរាជរង្យចូវ ព្រះនាម ចូវ ជីយ៉ាង ពិតប្រាកដទៀតផង។
«ព្រះអង្គមានព្រះរាជបញ្ជា ឱ្យលោកមេទ័ព លី ប៉វិន វិលត្រឡប់ទៅកាន់រាជធានីវិញជាបន្ទាន់ ព្រមទាំងនាំកូនរបស់លោកមេទ័ពទៅផង ប្រសិនបើរាជសារនេះមកដល់ពេលថ្ងៃលោកមេទ័ពត្រូវចេញដំណើរមកទាំងថ្ងៃ ប្រសិនបើដល់ពេលយប់ត្រូវចេញដំណើរមកទាំងពេលយប់ដោយមិនឱ្យមានទាហានតាមការពារឡើយគឺមកតែលោកនិងកូនតែប៉ុណ្ណោះ ចប់រាជសារ»
នៅពេលអ្នកនាំសារអានរាជសារចប់ភ្លាមលោកមេទ័ពប៉វិនក៏ចូលខ្លួនមកទទួលព្រះរាជសារភ្លាមដោយមិនហ៊ានបង្អែរបង្អង់ឬរង់ចាំយូរឡើយ បើទោះបីជាឆ្ងល់ក្នុងចិត្តថាហេតុអ្វីក៏ព្រះអង្គទ្រង់បន្ទាន់បែបនេះ? ហើយហេតុអ្វីក៏ព្រះមហាក្សត្រទ្រង់ជ្រាបរឿងលោកមានកូនដែរ? ហេតុអ្វីមិនឱ្យយកទាហានទៅតាមច្រើន? ការដែលមិនឱ្យយកទាហានទៅតាមច្រើននេះតើមកពីព្រះអង្គទ្រង់ចង់ឱ្យគាត់ធ្វើដំណើរបានលឿនឬមួយក៏មានបំណងអ្វីផ្សេងឱ្យប្រាកដ?
មានភាគបន្ត…