រឿង៖ សុបិនម៉ែ

សួស្ដី ខ្ញុំឈ្មោះនីតា ឆ្នាំនេះខ្ញុំមានអាយុ២៥ឆ្នាំ ហើយសព្វថ្ងៃជាបុគ្គលិកបម្រើការផ្នែកគណនេយ្យនៃក្រុមហ៊ុនធំមួយ​។ ចំពោះជីវភាពរស់នៅរបស់ខ្ញុំរាល់ថ្ងៃគឺមិនមែនជាអ្នកមានអីទេគ្រាន់តែធូរធារសមរម្យដូចគេដូចឯង។ សព្វថ្ងៃនេះដដែលគឺខ្ញុំរស់នៅតែម្នាក់ឯងទេនាទីក្រុងភ្នំពេញ ចំណែកម្ដាយរបស់ខ្ញុំគឺគាត់ក៏រស់នៅតែម្នាក់ឯងដូចគ្នានៅឯស្រុកកំណើតខេត្ដកំពង់ស្ពឺ។

ពេលនិយាយដល់ម្ដាយរបស់ខ្ញុំភ្លាម! ខ្ញុំក៏ស្រាប់តែនឹកឃើញដល់ឃ្លាមួយដែលគាត់តែងតែប្រាប់ខ្ញុំតាំងពីតូចរហូតធំដឹងក្ដីនោះ គឺគាត់បាននិយាយថា

«មនុស្សនៅលើលោកយើងនេះ គ្រប់គ្នាគឺសុទ្ធតែមានក្ដីសុបិន! ពួកគេគឺសុទ្ធតែផ្ដើមចេញពីការសុបិនមុននឹងបន្ដវាឱ្យក្លាយជាការពិត» ត្រង់ប្រយោគនេះខ្ញុំមិនឆ្ងល់ទេ ព្រោះសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏មាននូវក្ដីសុបិនដូចគ្នាគឺការសុបិនចង់ក្លាយទៅជាបុគ្គលិកឆ្នើមម្នាក់របស់ក្រុមហ៊ុនលំដាប់អន្ដរជាតិមួយនៅក្នុងប្រទេស ហើយវាក៏ក្លាយទៅជាពិតដូចសព្វថ្ងៃនេះ។

ដ្បិតតែគ្រប់យ៉ាងវាបានកើតឡើងដោយសារការខិតខំ ប៉ុន្ដែចំណុចចាប់ផ្ដើមរបស់ខ្ញុំគឺវាផ្ដើមចេញពីក្ដីសុបិនដូចដែលម្ដាយរបស់ខ្ញុំគាត់ប្រាប់អ៊ីចឹង។ តែរឿងដែលខ្ញុំឆ្ងល់មិនឈប់នោះគឺ

«ចុះម៉ែវិញ? តើសុបិនរបស់ម៉ែជាអីទៅ?»

នេះជាប្រយោគសំណួរដែលមិនដែលទទួលបានចម្លើយវិញឡើយពោលគឺគ្រប់ពេលដែលខ្ញុំសួរគាត់ៗមិនដែលឆ្លើយអ្វីច្រើនឡើយក្រៅពី

«ដល់ពេល កូននឹងដឹងខ្លួនឯងហើយ!» រាល់លើកគាត់និយាយតែប៉ុណ្ណេះក៏ញញឹមដើរចេញបាត់ ហើយខ្ញុំក៏មិនដេញដោលអ្វីទៀតដែរ ព្រោះតែខ្ញុំស្គាល់ចិត្តម្ដាយរបស់ខ្ញុំច្បាស់អ្វី ដែលគាត់បម្រុងមិនប្រាប់ហើយ តាមសួរដល់ដាច់ខ្យល់ទៀតក៏គាត់នៅតែមិនប្រាប់ដែរ។

ដូច្នេះហើយទើបរយៈពេល៥ឆ្នាំកន្លងមកនេះខ្ញុំមិនដែលបានសួរអ្វីទាក់ទងនឹងរឿងនោះដល់គាត់ទៀតទេ ប៉ុន្ដែក៏មិនមែនបានន័យថាខ្ញុំនឹងកប់សំណួររបស់ខ្ញុំចោលមិនសួរគាត់រហូតដែរ។

ឆ្នាំនេះជាឆ្នាំដែលពិសេសបំផុតសម្រាប់ខ្ញុំ ព្រោះតែខ្ញុំត្រូវបានលោកនាយកក្រុមហ៊ុនជ្រើសរើសឱ្យឡើងកាន់តំណែងថ្មី ហើយរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះ គឺបុត្រដែលជាគូកំណាត់ចិត្តរាប់ឆ្នាំរបស់ខ្ញុំគាត់បានមកសុំខ្ញុំរៀបការ ដោយសារចាស់ទុំទាំងសងគាត់ដឹងឮស្រាប់ ខ្ញុំក៏សម្រេចចិត្តព្រមរៀបការជាមួយគាត់ទាំងមិនស្ទាក់ស្ទើរ ព្រោះយើងមើលចិត្ដថ្លើមគ្នាមកយូរដែរហើយ ហើយពិធីមង្គលរបស់ពួកយើងនឹងប្រារព្ធនៅដើមខែក្រោយនេះ។

ហើយសប្ដាហ៍នេះវាក៏ជាសប្ដាហ៍ទីបួនហើយដែរអ៊ីចឹងហើយទើបម្ដាយរបស់ខ្ញុំគាត់ខលប្រាប់ឱ្យខ្ញុំរៀបចំដាក់ច្បាប់ទៅឱ្យបានមុនថ្ងៃរៀបការយ៉ាងហោចណាស់បីថ្ងៃ។ ម្ដាយខ្ញុំគាត់ជាមនុស្សបុរាណណាស់ អ៊ីចឹងមិនថាការរៀបចំពិធីឬការដេញវេលាអ្វីទេគឺគាត់ធ្វើយ៉ាងលម្អិតតាមលំនាំចាស់ៗជំនាន់ដើមទាំងអស់តែម្ដង។ ហើយថ្ងៃសៅរ៍នេះទៀតសោធ វាក៏ដល់កំណត់ដែលខ្ញុំត្រូវត្រឡប់ទៅផ្ទះដើម្បីត្រៀមខ្លួនចូលពិធីមង្គលការល្មម។

នៅពេលដែលមកដល់ផ្ទះមុនដំបូងស្នាមញញឹមដែលសម្លឹងមកខ្ញុំមុនគេគឺអ្នកម្ដាយតែម្នាក់របស់ខ្ញុំនេះហើយ មើលទៅគាត់ឆ្នាំនេះចាស់ច្រើនណាស់ថ្វីដ្បិតតែរូបរាងខាងក្រៅរបស់គាត់ពេលនេះផ្លាស់ប្ដូច្រើន ប៉ុន្ដែចិត្តខាងក្នុងរបស់គាត់មិនបានផ្លាស់ប្ដូទៅណាទេ គាត់នៅតែជានារីទីមួយនៅក្នុងជីវិតរបស់ខ្ញុំហើយក៏ជាអ្នកជិតខាងដ៏ល្អរបស់អ្នកភូមិគ្រប់គ្នាដដែល។ នៅក្នុងភូមិនេះអ្នកណាៗក៏គោរពស្រឡាញ់ម្ដាយរបស់ខ្ញុំដែរ ដោយសារតែគាត់ជាមនុស្សដែលមានទឹកចិត្តល្អ ចូលចិត្តយកអាសាអ្នកដទៃ បើថាមានអ្វីក្នុងផ្ទះបន្ដិចវិញគឺគាត់ប្រមូលឱ្យគេអស់ខានកូនខ្លួនហូបក៏មាន អ៊ីចឹងហើយបានគាត់មានញាតិច្រើនរាប់មិនអស់។

ខណៈនេះផងដែរអ្នកផងទាំងពួងកំពុងតែញាប់ដៃញាប់ជើងជួយគ្នាវេចនំអន្សមក្រោមផ្ទះដ៏តូចល្មមរបស់ខ្ញុំ។ ពួកគាត់នាំគ្នាវេចនំអន្សមដើម្បីរៀបចំពិធីបណ្ដើរ និយាយលេងជាមួយគ្នីគ្នាបណ្ដើរយ៉ាងរីករាយ។ ឃើញបែបនេះហើយវាក៏ធ្វើឱ្យអារម្មណ៍របស់ខ្ញុំនិងម៉ែដែលជាម្ចាស់ពិធីឯណេះ ឈរសើចយ៉ាងក្អាកក្អាយនឹងគេដែរ។ កាលដែលមានអ្នកជិតខាងដ៏ល្អបែបនេះហើយទើបធ្វើឱ្យខ្ញុំហ៊ានឈានជើងទៅឆ្ងាយពីគាត់ទាំងមិនសូវបារម្ភ ព្រោះខ្ញុំដឹង!

ទោះបីជាពេលឈឺគ្រុនហើយខ្ញុំមិននៅម៉ែក៏មានពួកគាត់ជួយយកអាសាដែរ ប៉ុន្ដែមិនមែនឃើញគេចិត្តល្អបែបនេះហើយ ក៏ពឹងផ្អែកលើគេទាំងស្រុងដកខ្លួនវឹងលែងខ្វល់ពីម្ដាយខ្លួនឯងទេ ពោលគឺខ្ញុំនៅតែមានគំនិតចង់មកមើលថែគាត់វិញពេលដែលគាត់ចាស់ជរាជាងនេះ ព្រោះតែឥឡូវនេះផ្ទាល់ខ្ញុំក៏មិនទាន់អាចចោលការងារបាន ហើយក៏មិនទាន់មានទុនគ្រប់គ្រាន់ដើម្បីប្រកបមុខរបរអ្វីកើតម្យ៉ាងទៀតខ្ញុំក៏ធ្លាប់ហៅគាត់ឱ្យទៅនៅជាមួយគ្នានៅឯភ្នំពេញច្រើនដងដែរ ប៉ុន្ដែគាត់មិនព្រមទៅទេ ដោយចិត្តគាត់មិនដាច់អាល័យពីស្រុកកំណើតធ្លាប់កើតនិងរស់នៅតាំងតែពីតូចក្រូចឆ្មារ។ អ៊ីចឹងហើយបានជាពីរនាក់ម្ដាយកូនខ្ញុំសុខចិត្តរស់នៅបែកគ្នាមួយរយៈវែងសិនទម្រាំបានជុំគ្នាវិញ​។

មិនយូរប៉ុន្មានថ្ងៃដែលបានរងចាំក៏មកដល់ សំឡេងភ្លេងការដ៏ពីរោះរណ្ដំឮរងំចេញពីផ្ទះរបស់ខ្ញុំ ញាតិមិត្តបងប្អូនជិតឆ្ងាយទាំងស្រីប្រុសបាននាំគ្នាមកអបអរក្នុងពិធីដ៏ឧត្ដមនេះ ហើយអ្វីដែលមិនអាចបំភ្លេចបានបំផុតនោះគឺឪពុកបង្កើតរបស់ខ្ញុំគាត់ក៏បានមកចូលរួមដែរ។

ថ្វីដ្បិតតែពួកគាត់បានលែងលះគ្នាតាំងតែពីពេលដែលខ្ញុំនៅក្នុងពោះ ហើយពុកក៏មានគ្រួសារថ្មី ប៉ុន្ដែម៉ែមិនបានហាមឃាត់ខ្ញុំនិងពុកមិនឱ្យរាប់គ្នា ឬក៏និយាយអ្វីមិនល្អពីពុកឡើយ នេះហើយជាចំណុចដ៏គួរឱ្យកោតសសើរមួយទៀតរបស់ម្ដាយខ្ញុំ ដែលគាត់ជាមនុស្សដែលមានចិត្តទូលាយជាទីបំផុត សូម្បីតែពុកនិងប្រពន្ធក្រោយគាត់ក៏លួចសរសើរទឹកចិត្តម្ដាយខ្ញុំដែរ។ ទោះបីជាពុកមិនអាចបន្ដធ្វើជាស្វាមីភរិយាជាមួយនិងម៉ែទៀតបានមែន ប៉ុន្ដែពុកមិនដែលបោះបង់តួនាទីជាឪពុកចំពោះខ្ញុំឡើយ។

កាលពីក្មេងខ្ញុំក៏ធ្លាប់នឹកអន់ចិត្ត តូចចិត្តនឹងខ្លួនឯង ហើយខឹងនឹងពុកដែលបោះបង់ម៉ែនិងខ្ញុំ រួចក៏ទៅរៀបការសាងគ្រួសារថ្មី ប៉ុន្ដែពេលដែលធំឡើងទើបដឹងថា ខ្ញុំបន្ទោសពួកគាត់មិនត្រូវទេធ្វើម៉េចបើក្ដីស្រឡាញ់វាហាមមិនបាន ឬនិយាយឱ្យស្រួលស្ដាប់ទៅ ប្រហែលជាពួកគាត់ជាតិមុនធ្វើបុណ្យជាមួយគ្នាបានតែប៉ុណ្ណឹង។​

រឿងដែលសំខាន់ទោះបីជាយើងបែកគ្នាមែនតែយើងក៏រកក្ដីសុខគ្នាឃើញរៀងខ្លួន។ ថ្ងៃនេះដដែល វាជាថ្ងៃដែលខ្ញុំអាចញញឹមក្រោមភាពជាគ្រួសារកក់ក្ដៅមួយយ៉ាងពេញលេញ ខ្ញុំរំភើបស្ទើរស្រក់ទឹកភ្នែកចំពោះមុខកាមេរ៉ាទៅហើយ ពេលដែលខ្លួនកំពុងឈរថតរូបជាមួយអ្នកមានគុណទាំងពីរជាលើកដំបូងក្នុងឆាកជីវិត។ មួយប៉ព្រិចភ្នែកទេ! ពិធីមង្គលរបស់ខ្ញុំនឹងបុត្រក៏ឈានដល់វេលាកាត់ផ្លែឈើទៅហើយ។

ខណៈពេលនេះផងដែរ ខ្ញុំនិងម៉ែកំពុងឈរទល់មុខគ្នាលើឆាកតន្រ្ដីកំដរភ្ញៀវព្រមជាមួយនឹងចាស់ទុំឯទៀត។ រំពេចនោះពិធីករបានហុចម៉ៃក្រូហ្វូនមកឱ្យខ្ញុំព្រមជាមួយសំណួរថា «តើកូនក្រមុំមានអ្វីនិយាយទៅកាន់ម្ដាយទេ?»

ខ្ញុំងើបមុខញញឹមឡើងទៅកាន់នារីដ៏អស្ចារ្យដែលកំពុងតែឈរនៅចំពោះមុខ ព្រមជាមួយសម្ដីរមួយៗថា

«ម៉ែជាអ្នកប្រាប់ខ្ញុំពិតទេ? ថាមនុស្សគ្រប់រូបគឺសុទ្ធតែមានក្ដីសុបិន! ចុះក្ដីសុបិនរបស់ម៉ែគឺជាអ្វីទៅ? ពេលនេះខ្ញុំគិតថាវាគួរតែដល់ពេលដែលម៉ែត្រូវប្រាប់ចម្លើយដល់ខ្ញុំហើយ»

គាត់ញញឹមតបវិញទាំងរីករាយ

«កូនសាកទាយទៅមើលថាសុបិនរបស់ម៉ែជាអ្វី?»

ខ្ញុំឮហើយជ្រួញចិញ្ចើមតបទាំងមិនដឹងថាចម្លើយមួយណាដែលត្រូវឱ្យប្រាកដ

«ជាគ្រូបង្រៀន? គ្រូពេទ្យ? ជាអ្នកធ្វើការស្ម័គ្រចិត្ត? ជាជាងដេរ? ឬក៏ជាចុងភៅ???»

ចម្លើយដែលឆ្លើយទាំងប៉ុន្មានមុននេះមិនមែនខ្ញុំលើកមកព្រោះទទួលបានតម្រុយពីអ្នកជិតស្និទ្ធគាត់ ឬលបស្ដាប់គាត់និយាយគ្នាដោយចៃដន្យអីទេ ប៉ុន្ដែខ្ញុំសាកទាយព្រោះវាត្រូវនឹងចំណង់ចំណូលចិត្តរបស់គាត់ផ្ទាល់ ខ្ញុំនិយមឃើញគាត់ចូលចិត្តជួយគេ និយាយស្ដីណែនាំនឹងបង្ហាត់បង្រៀនក្មេងៗជិតខាង ពូកែធ្វើម្ហូបនិងចូលចិត្តការដេរ​សម្លៀក​បំពាក់ជាដើម។ ប៉ុន្ដែមើលទៅដូចជាគ្មានចម្លើយណាមួយដែលជាទីគាប់ចិត្តរបស់គាត់ទេ ទើបបានជាគាត់ឈប់ញញឹម ហើយប្ដូរមកចាប់កាន់ដៃខ្ញុំជាប់ ឃុំក្នុងប្រអប់ដៃដ៏សែនកក់ក្ដៅរបស់គាត់ទាំងសងហើយបន្ទាប់មកកែវភ្នែកទាំងគូសម្លឹងមើលខ្ញុំយ៉ាងយកចិត្តទុកដាក់រួចហើយបន្ដថា

«នេះហើយជាសុបិនពិតប្រាកដរបស់ម៉ែ!!!» ខ្ញុំនៅស្ងៀមមិនទាន់តបអ្វីព្រោះអីចាំស្ដាប់គាត់និយាយឱ្យអស់សិន ហើយណាមួយខ្ញុំក៏មិនទាន់សូវយល់ពីអត្ថន័យដែលគាត់កំពុងនិយាយនៅឡើយដែរ។

ឃើញខ្ញុំស្ងៀមបែបនេះគាត់ក៏បន្ដចម្លើយរបស់គាត់ទៅទៀត

«ម៉ែតែងតែលួចសុបិនថា ម៉ែចង់បានកូនដែលប្រកបដោយគន្លងធម៌ ចេះគោរពស្គាល់ចាស់ស្គាល់ទុំមានគំនិតប្រាជ្ញាវៀងវៃ ជាមនុស្សស្រីរឹងមាំអាចសម្រេចគ្រប់ភារកិច្ចដែលនាងចង់បាន ហើយមានជីវិតមួយដ៏ល្អនិងមានគ្រួសារមួយដ៏កក់ក្ដៅ»

ខ្ញុំស្ដាប់គាត់និយាយសុខៗក៏ហូរទឹកភ្នែកទាំងមិនដឹងខ្លួន ខ្ញុំមិនដែលនឹកស្មានដល់ទេ ថាចម្លើយគ្រប់យ៉ាងដែលខ្ញុំតែងសួរវានៅនឹងខ្លួនឯងបែបនេះ។

និយាយពីអ្នកម៉ែរបស់ខ្ញុំវិញកាលដែលឃើញខ្ញុំយំភ្លាមគាត់ក៏ផ្អាកសម្ដីហើយយកដៃមកផ្ដិតជូតទឹកភ្នែកលើមុខខ្ញុំថ្នម​ៗ មុននឹងគាត់ពោលបន្ដ

«នីតាត្រូវចាំណា! ថាជីវិតទាំងមូលរបស់កូនគឺជាផ្នែកមួយដ៏សំខាន់របស់ម៉ែ ស្នាមញញឹមរបស់កូនគឺជាឱសថទិព្វរបស់ម៉ែ រីឯក្ដីសុខនិងភាពជោគជ័យរបស់កូនគឺជាសុបិនរបស់ម៉ែ ម៉ែសប្បាយចិត្តដែលឃើញកូនមានថ្ងៃនេះ ថ្ងៃដែលកូនមានអ្វីដែលជារបស់ខ្លួន មិនថាគ្រួសារឬការងារ ពេលនេះកូនស្រីម៉ែធំហើយ ឃើញកូនមានមនុស្សដែលកូនស្រឡាញ់នៅក្បែរកូន មើលថែកូនជំនួសម៉ែបាន ម៉ែក៏មានក្ដីសុខណាស់ហើយ អរគុណណានីតា ដែលបានកើតមកជាកូនម៉ែ» គាត់ចាប់ផ្ដើមមានទឹកភ្នែកហូរមកកាត់លើផែនថ្ពាល់ទាំងសង បន្ទាប់មកគាត់លារង្វង់ដៃយ៉ាងកក់ក្ដៅស្វាគមន៍រាងកាយដែលកំពុងគ្រងឈុតកូនក្រមុំរបស់ខ្ញុំឱ្យចូលទៅរក។ខ្ញុំយំរហាមនិងនិយាយពាក្យអរគុណទៅកាន់ពួកគាត់ទាំងពីរ ដែលបានផ្ដល់កំណើតនិងចិញ្ចឹមបីបាច់ដល់ខ្ញុំ ពេលនោះពុកនិងបុត្រក៏បានឱនមកឱបដើម្បីផ្ដល់ភាពកក់ក្ដៅបន្ថែមផងដែរ។

ពេលវេលាគឺពិតជាដើរលឿនណាស់ តែមួយភ្លែតសោះខ្ញុំនឹងបុត្រពួកយើងក៏រៀបការបាន៤ឆ្នាំបាត់ទៅហើយ។ ហើយពេលនេះផងដែរ ពួកយើងកំពុងតែនាំគ្នាប្រមូលអីវ៉ាន់រៀបរបស់របរ ដើម្បីរើផ្ទះត្រលប់ពីភ្នំពេញចេញទៅនៅឯស្រុកកំណើតវិញ ព្រោះម៉ែគាត់កាន់តែចាស់ណាស់ហើយ បើបណ្ដោយឱ្យនៅតែម្នាក់ឯងទៀតមិនបានទេ ដូច្នេះហើយទើបពួកយើងសម្រេចចិត្តបោះបង់ការងារឯទីក្រុង ហើយទៅបើកមុខរបរតូចមួយនៅភូមិកំណើតវិញ ដើម្បីងាយស្រួលក្នុងការមើលថែម៉ែឱ្យបានដិតដល់ជាងមុន។

កាលពីមុនខ្ញុំតែងតែគិតថា បើថ្ងៃណាមួយខ្ញុំបានការងារល្អធ្វើ មានប្រាក់បៀវត្សខ្ពស់ រស់នៅស៊ីវីល័យបែបជាជីវិតអ្នកទីក្រុង ប្រហែលខ្ញុំមានក្ដីសុខស្លាប់ហើយ ប៉ុន្ដែពេលដែលអាយុជិតចូលសាបប្លាយទើបដឹងថា ជីវិតខ្ញុំមិនត្រូវការប្រាក់ច្រើនដើម្បីទិញក្ដីសុខឡើយ ព្រោះក្ដីសុខដែលពិតប្រាកដ គឺការស្វែងរកបានគ្រួសារមួយដែលកក់ក្ដៅនិងបានរស់នៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ប៉ុននោះ។

ការចំណាយពេលវេលាបែបនោះណា៎! វាគឺជារឿងដែលមានតម្លៃបំផុតចំពោះជីវិតមនុស្សគ្រប់គ្នា។

«ម៉ាក់តើខ្ញុំអាចដឹងបានទេថាក្ដីសុបិនម៉ាក់គឺជាអ្វី?» សំឡេងតូចលាន់ចេញពីមនុស្សមាឌល្អិតមួយនៅក្បែរខ្ញុំ។ វាមិនមែនជាសំណួររបស់ខ្ញុំទៀតទេ តែវាជាសំណួររបស់កូនប្រុសខ្ញុំបានចោទសួរមកខ្ញុំវិញម្ដង។

ខ្ញុំងាកមុខបែរតបទៅកម្លោះតូចក្បែរខ្លួនទាំងសម្ដីលាយជាមួយក្ដីស្រឡាញ់

«កូននឹងដឹង នៅពេលដែលកូនធំឡើង» ចម្លើយមួយនេះបានធ្វើឱ្យកូនប្រុសខ្ញុំបង្ហាញទឹកមុខងើយឆ្ងល់ឡើងមក

«កុំបារម្ភអី ម៉ាក់នឹងប្រាប់កូននៅពេលដែលសុបិនរបស់កូនក្លាយជាការពិតជាមុនសិន»កូនប្រុសញញឹមតបមកទាំងរីករាយ

«អ៊ីចឹងនៅពេលដែលកូនបានក្លាយជាស៊ុបភើមេនហើយ កូននឹងមកយកចម្លើយពីម៉ាក់ណា» ខ្ញុំក៏តបទៅគេវិញទាំងអស់សំណើចនឹងសម្ដីកូនក្មេងរបស់គេ

«ចាស៎! ចាស៎! កូនសម្លាញ់» បញ្ចប់សម្ដីភ្លាម ខ្ញុំស្រវ៉ាឱបកូនប្រុសកំពូលឌឺរបស់ខ្ញុំ បន្ដិចក្រោយមកក៏ស្រាប់តែឮសំឡេងរបស់បុត្របន្លើមកពីក្រោយខ្នង

«កំពុងធ្វើអីហ្នឹងពីរនាក់ម៉ាក់កូននៀក៎?» គាត់ថារួចក៏សំចតខ្លួនក្បែរខ្ញុំភ្លាត ទើបខ្ញុំតបប្រាប់ទៅគាត់វិញតាមដំណើររឿង។ បន្ទាប់ពីពួកយើងជជែកលេងជាមួយគ្នាចប់ក៏ដល់ពេលធ្វើអាហារថ្ងៃត្រង់ល្មម ទើបខ្ញុំរួសរាន់ត្រលប់មកពីវាលស្រែខាងមុខផ្ទះដើម្បីប្រញាប់រៀបចំបាយទឹកទុកជូនម៉ែពិសា។

ក្រោយពីហូបបាយថ្ងៃត្រង់រួច ខ្ញុំម៉ែនិងបុត្រពួកយើងនាំគ្នាអង្គុយពិភាក្សាពីហាងថ្មីយើងដែលជិតនឹងបើកនាពេលខាងមុខនេះ។ ម៉ែខ្ញុំគាត់ហាក់មានសាច់ឈាមស្រស់ថ្លាជាងមុនឆ្ងាយណាស់ គាត់បាននិយាយថាពេលឃើញខ្ញុំត្រលប់មកនៅជាមួយគាត់វិញ គាត់ក៏ចាប់ផ្ដើមសប្បាយចិត្តឥតបារម្ភដូចមុន ហើយគាត់អាចមានពេលសម្រានបានពេញភ្នែកព្រោះខ្ញុំនៅជិត។ ចំពោះខ្ញុំវិញក៏សប្បាយចិត្តនៅពេលដែលខ្ញុំអាចមានឱកាសបានមើលថែគាត់វិញយ៉ាងពេញទំហឹង។ ទាំងនេះហើយជាសុភមង្គលដែលខ្ញុំចង់ចំណាយពេលទៅលើវាឱ្យអស់ពីចិត្ត។ ហើយពាក្យមួយម៉ាត់ដែលនៅតែធ្វើឱ្យខ្ញុំរំភើបចិត្តបានជានិច្ចនោះគឺ «អរគុណនីតាដែលបានធ្វើឱ្យសុបិនម៉ែក្លាយជាការពិត»។

«សេចក្ដីកត្តញ្ញូ គឺជាការដឹងគុណដ៏មានតម្លៃបំផុតដែលកូនគ្រប់រូបគួរធ្វើចំពោះឪពុកម្ដាយ»។