រឿង៖ ឪពុកប្រមឹក

ព្រឹកនេះថ្ងៃអាទិត្យនៅក្នុងសាលាបឋមសិក្សាមួយ ប្រជាសហករប្រមាណជាង៣០នាក់ក្នុងនោះក៏មានយុវជនដែលតែងតែសកម្មក្នុងភូមិប្រមាណជា១០នាក់ផងដែរ ដែលបានស្ម័គ្រចិត្តជួយរៀបចំកម្មវិធីនេះ។
ពួកគេអង្គុយស្ដាប់ដោយជក់ចិត្តខ្លាំងណាស់ ដែលនេះក៏មិនខុសពីអ្នកភូមិផ្សេងៗដែរ។ គ្រប់គ្នាស្ងៀមស្ងាត់ល្អ ខ្លះប្រឹងសម្លឹងផ្ទៀងត្រចៀកស្ដាប់រហូតដល់ភ្លេចខ្លួនថាមានស្រមោចវារឡើងខាំជើងក៏មាន។ នេះក៏ដោយសារការប៉ិនប្រសប់ពន្យល់ពីអ្នកគ្រូម្នាក់មកពីអង្គការក្រៅរដ្ឋាភិបាលមួយ។
-ខ្ញុំសង្ឃឹមថាថ្ងៃនេះពុកម៉ែបងប្អូននឹងទទួលបានការយល់ដឹងបន្ថែមពីផលវិបាកនៃការប្រព្រឹត្តិគ្រឿងស្រវឹង ឬយើងហៅមួយទៀតថាទោសនៃសុរា។
អ្នកគ្រូម្នាក់ដែលកំពុងឈរមុខមនុស្សជាច្រើននោះបង្ហើបសម្ដីចុងក្រោយមុននឹងបញ្ចប់កម្មវិធី។ ខណៈនោះលោកអ៊ំដែលជាអតីតមេភូមិកំពុងអង្គុយស្ដាប់ខាងក្រោយ បានក្រោកពីកៅអីបន្តិចដើរមកកាន់អ្នកគ្រូ ហើយខ្សឹបប្រាប់តិចៗថា៖
-អ្នកគ្រូៗនៅសល់ពេលខ្លះទៀតដែរ មិនទាន់អស់ម៉ោងទេ។ យើងគួរតែមានកម្មវិធីចុងក្រោយឱ្យពួកគាត់មួយទៅអី?
អ្នកគ្រូម្នាក់នោះងាកមកកាន់គាត់វិញភ្លាមៗ ហើយក៏បន្ទរសំឡេងតិចៗថា៖
-លោកអ៊ំមានអីចង់បន្ថែមមែន? បើមានក៏មិនអីដែរ ខ្ញុំនឹងធ្វើតាមដើម្បីឱ្យពួកគាត់បានស្វែងយល់បន្ថែមពីរឿងនេះទៀត។
-អ្នកគ្រូគួរតែមានកម្មវិធីសំណួរចម្លើយចុងក្រោយទៅ ព្រោះខ្ញុំគិតថាអ្នកខ្លះក៏គាត់ប្រហែលជាមានសំណួរ ឬចង់ដឹងអ្វីបន្ថែមពីអ្នកគ្រូដែរ។ តើអ្នកគ្រូយល់យ៉ាងណាដែរ? ជ្រុលជាបានមកជួបពួកគាត់ហើយអ្នកគ្រូគួរតែចែករំលែកឱ្យបានច្រើនទៅ ជាពិសេសខ្ញុំគិតថាក្រុមយុវជនយើងនោះក៏ចង់ស្គាល់អ្នកគ្រូខ្លះដែរ។
អ្នកគ្រូងក់ក្បាលបន្តិចបង្ហាញពីការទទួលព្រមតាមសំណើលោកអ៊ំ ហើយក្រឡេកមកកាន់អ្នកភូមិវិញ ក៏បង្ហើរពាក្យបន្ថែម។
-មុននឹងបញ្ចប់តើបងប្អូនមានជាសំណួរអ្វីខ្លះដែរឬទេ? អាចសួរខ្ញុំបន្ថែមបាន។
និយាយភ្លាមហើយគ្រប់គ្នាមើលមុខគាត់ហើយក៏ញញឹមស្របគ្នា។ កម្មវិធីសំណួរចម្លើយនេះក៏ចេះតែដំណើរការរលូនទៅ។ មើលទៅអ្នកចូលរួមទាំងអស់ស្ដាប់ដោយយកចិត្តទុកដាក់ណាស់។ សំណួរចេះតែមានពីមួយទៅមួយ ចម្លើយក៏ចេះតែមានស្របទៅតាមនោះដែរ។ គ្រប់សំណួរមានការពន្យល់ក្បោះក្បាយល្អណាស់ពីអ្នកគ្រូ។
យុវជនម្នាក់អាយុប្រហែលជា១៨ឆ្នាំឈរខាងក្រោយគេ ហើយក៏ជាអ្នកស្ម័គ្រចិត្តក្នុងការរៀបចំកម្មវីធីនេះអង្គុយស្ដាប់យ៉ាងស្ងៀមស្ងាត់។ គាត់តែងសម្លឹងមើលមុខអ្នកគ្រូមិនដាច់។
ដោយសារចរិតជាយុវជនចេះតែចូលចិត្តចង់ដឹង ចង់ស្គាល់អ្វីដែលថ្មីផងនោះ ឱកាសមកដល់ក៏លើកដៃបង្ហាញថាខ្លួនមានសំណួរ។ អ្នកគ្រូកំពុងឈរពីមុខមកនោះសម្លឹងមកក៏ឃើញហើយក៏វាចាទៅកាន់យុវជននោះភ្លាមថា៖
-ប្អូនប្រុសខាងនោះមានអ្វីចង់សួរមែនឬទេ? ប្អូនសួរបងមក បងនឹងឆ្លើយតាមដែលអាចធ្វើបាន!
យុវជនក្លាហានរូបនោះដើរសំដៅទៅកន្លែងអ្នកគ្រូ យកក្បាលម៉េក្រូហើយក៏ជម្រាបសួរអ្នកគ្រូ និងអ្នកភូមិតាមរបៀបរបបធម្មតា ហើយក៏ចាប់ផ្ដើមរៀបរាប់….
-ខ្ញុំមកនេះមិនមានសំណួរអ្វីដែលទាក់ទងនឹងប្រធានបទយើងទេ។
យុវជននិយាយបានបន្តិចគ្រប់គ្នាក៏មើលមុខគេ ហើយបង្ហាញពីទឹកមុខហាក់ងើយឆ្ងល់។ យុវជនយើងឃើញដូច្នេះមិនបង្អង់យូរក៏បន្តវាចា។
-ដោយហេតុថាខ្ញុំតែងឃើញអ្នកគ្រូចុះមកកាន់សហគមន៍យើងជាញឹកញាប់ អ្នកគ្រូតែងតែកាន់គម្រោងចុះណែនាំពលរដ្ឋពីផលវិបាកនៃគ្រឿងស្រវឹង តើអ្នកគ្រូមានស្រុកកំណើតនៅឯណា? ពុកម្ដាយអ្នកគ្រូនៅជាមួយអ្នកគ្រូ ឬយ៉ាងណា? អ្នកគ្រូមានបងប្អូនប៉ុន្មាននាក់? ហើយតើអ្នកគ្រូធ្វើការនេះប៉ុន្មានឆ្នាំហើយ?
យុវជនបង្អាក់សំណួរបន្តិច ក៏ជជីកសួរអ្នកគ្រូសំណួរចុងក្រោយ។
-តើមានមូលហេតុអ្វីខ្លះបានជាជំរុញទឹកចិត្តអ្នកគ្រូឱ្យសម្រេចចិត្តធ្វើការនេះនៅក្នុងសហគមន៍ពួកយើង?
យុវជននិយាយចប់បន្តិចគ្រប់គ្នាក៏ទះដៃសាទរព្រមគ្នាបង្ហាញពីការពេញចិត្តនឹងសំណួរ។ ដោយហេតុតែមានប្រជាប្រិយភាពពីអ្នកភូមិទូទៅ គ្រប់គ្នាក្នុងកម្មវិធីសុទ្ធតែចង់ដឹងចម្លើយនេះ។
អ៊ំម្នាក់អតីតមេភូមិដដែលនោះបន្ទរសម្ដីមកកាន់អ្នកគ្រូតិចៗថា៖
-សំណួរល្អណាស់អ្នកគ្រូ ខ្ញុំពេញចិត្ត។ ខ្ញុំចង់ឱ្យអ្នកគ្រូបង្ហាញពីខ្លួនឯងខ្លះទៅព្រោះដើម្បីឱ្យយុវជនយើងបានយល់ដឹងបន្ថែម។
បន្ទាប់ពីស្ដាប់សំណួរនេះហើយអ្នកគ្រូញញឹមទៅកាន់អ្នកភូមិទាំងឡាយដោយរលាស់សម្ដីចេញមកថា៖
-អរគុណប្អូនប្រុសខ្លាំងណាស់សម្រាប់សំណួរ។ មិនជាលាក់បាំងអីទេខ្ញុំក៏ជាអ្នកនៅក្នុងស្រុកភូមិជិតៗនេះដែរ។
អ្នកភូមិផ្ដើមលាន់មាត់គ្រប់គ្នាៗពីមាត់មួយទៅមាត់មួយថា៖
-យី! កូនអ្នកណាគេអីក៏ពូកែម្ល៉េះ?
អ្នកគ្រូញញឹមបន្តិចក៏ផ្ដើមបន្ត។
-ការពិតទៅកាលពីខ្ញុំមានអាយុ…
អតីតកាល…
ថ្ងៃមួយម៉ោងប្រម៉ាណជា ៥:៤៥ នាទីល្ងាច…..
-បើឯងគ្រាន់បើ មិនបាច់នៅផ្ទះអញទេ! ចេញទៅឱ្យឆ្ងាយទៅ កុំមកជាន់ដីអញទៀត។
-គ្មានផ្ទះអីតែឯងទេ! គ្មានដីអីតែឯងទេ! កុំមកពូកែបានសម្ដីពេក រាល់ថ្ងៃឯងមានគិតធ្វើអីខ្លះក្រៅពីបានលុយមកហើយ យកទៅផឹកអស់ៗអ៊ីចឹង។ ឯងមិនប្រុងមានគំនិតគិតសន្សំខ្លះទេហី?
-យ៉ើស! បានទ្រឹស្ដីណាស់ផងឥឡូវ។
ខ្ទមតូច……
ពន្លឺភ្លើងចង្កៀងភ្លឺតិចៗ។ សំឡេងឈ្លោះប្រកែកគ្នាគ្រួសារមួយនៅចុងភូមិ។ នេះជាផ្ទះរបស់គ្រួសារពូធន់ ស្ថិតនៅចម្ងាយប្រហែលជា១០០ម៉ែត្រពីផ្ទះអ្នកភូមិទូទៅ។ ថ្ងៃនេះពូធន់ស្រវឹងខ្លាំងណាស់ គាត់ដើរសឹងតែមិនដល់ផ្ទះ។
ពូធន់ជាអ្នកបើកឡានដឹកទំនិញឱ្យក្រុមហ៊ុនមួយនៅក្នុងភូមិ។ ជាញឹកញយគាត់តែងតែពិសាស្រាក្រោយទំនេរពីការងារ។ បើជាទម្លាប់ក្នុងមួយសប្ដាហ៍ គាត់ស្រវឹងប្រាំទៅប្រាំមួយថ្ងៃទៅហើយ។
បើជាទង្វើខណៈពេលគាត់ស្រវឹង គាត់តែងបោកចាន បោកឆ្នាំង រករឿងប្រពន្ធកូនមិនលោះម្ដង។ មកដល់ពេលនេះជិត២០ឆ្នាំហើយដែលគាត់ធ្វើទង្វើនេះ។ មើលទៅកូនៗគាត់ហាក់ពុំបានទទួលភាពកក់ក្ដៅពេញលេញពីគាត់ជាមេគ្រួសារនោះទេ។ អ្នកភូមិជិតខាងមិនបានជួយអ្វីទេ ក្រៅតែពីណែនាំបន្តិចបន្តួចប៉ុណ្ណោះ ព្រោះនេះជារឿងផ្ទៃក្នុងគ្រួសារគេ។
ធីតាជាកូនស្រីច្បងម្នាក់ក្នុងគ្រួសារ។ នាងមានអាយុប្រមាណជា១៥ឆ្នាំ។ ជាទូទៅរាល់កិច្ចការ ទុកធុរៈផ្សេងៗនៅក្នុងផ្ទះ ឬរបររកស៊ីចិញ្ចឹមជីវិតមានលក់ដូរបន្តិចបន្តួចនាងជាអ្នករ៉ាប់រងបន្ទាប់ពីស្រ្តី ចំណាស់ម្នាក់អាយុប្រហែលជា៤០ឆ្នាំជាម្ដាយ។
ខណៈពេលព្រលប់ មេឃចាប់ផ្ដើមងងឹតឡើងតិចៗតាមដំណើរ។ ពពកខ្មៅកំពុងមានឥទ្ធិពលពន្លាខ្លួនដណ្ដប់ផ្ទៃវេហា ហាក់កំពុងប្រាប់ថាអាចនឹងមានភ្លៀងធ្លាក់នៅពេលបន្តិចទៀតនេះ។ ធីតាឈរពីខាងក្រៅផ្ទះសម្លឹងមើលទៅសកម្មភាពស្រែកឡូឡា ឈ្លោះប្រកែកគ្នារវាងឪពុកម្ដាយនាង។
-មើលឯណាមីធីតា? វាមកពីរៀនវិញនៅ? អញសង្ស័យតែមីនេះគេចសាលាទេបានថ្មើរនេះហើយមិនឃើញវាមកផ្ទះវិញសោះ។
-រកវាធ្វើអី? វាមិនហ៊ានមកទេក៏ព្រោះតែឯងជាមនុស្សប្រមឹកនេះហើយ ទើបគ្មានអ្នកណាហ៊ានមកជិតឯងនោះ។ ឱ្យតែស្រវឹងម្ដងៗមិនចោលទេ គំនិតគិតអាក្រក់លើអ្នកដទៃនេះ។ ល្មមឈប់ផឹកទៅក្រែងបានខួរក្បាលល្អវិញ កុំនៅឡប់អ៊ីចឹងទៀត។
ពុកធីតាស្រែកហៅនាងពីខាងក្នុងផ្ទះមក ស្របជាមួយមីងឆាវម្ដាយនាងឆ្លើយទាំងកំហឹង។ ពេលនេះពួកគាត់កំពុងឈរពាក់មុខយក្សដាក់គ្នា ដូចកំពុងនៅលើសង្វៀនត្រៀមវាយប្រយុទ្ធដូច្នេះដែរ។
ចំណែកធីតា កាលដែលឈរប្រឹងសម្លឹងពីខាងមុខផ្ទះដៃកំពុងឱបប្អូនប្រុសម្នាក់ ទាំងមានរលឹមស្រក់ចុះតិចៗផងនោះ រាងកាយនាងរងាណាស់។ នាងឈរញាក់ខ្លួនទទ្រើត ពោះក៏កូរព្រោះពុំទាន់បានហូបអ្វីពេលល្ងាចផង។
ផាំងៗ …
សំឡេងបោកចានឆ្នាំងលាន់ឡើងពេញផ្ទះ។
-នៅតែខ្លាំងទៀតហី បើនៅតែខ្លាំងអ៊ីចឹងចូលមក ខ្ញុំមិនខ្លាចឯងទេ។
-យើស! មីនេះឥឡូវដូចសម្បើមដៃណាស់វើយ ចាំមើលបើអញវាយឱ្យបាក់ដៃម្ដង។
ធីតាឈរបានបន្តិចក្រោយមកស្រាប់តែមានសំឡេងឈ្លោះគ្នាកាន់តែខ្លាំងឡើង លាយជាមួយសំឡេងបោកចានឆ្នាំងផងនោះ នាងមិនបង្អង់យូរក៏នាំប្អូនរត់ទៅផ្ទះលោកពូមេភូមិដើម្បីឱ្យគាត់មកជួយ។
រត់បណ្ដើរកាន់ដៃប្អូនប្រុសបណ្ដើរ ទាំងទឹកភ្នែកហូរតិចៗបន្លំទឹកភ្លៀវស្រក់មកបណ្ដើរ។ ដល់ផ្ទះលោកមេភូមិនាងស្រែកហៅគាត់ខ្លាំងទាំងដង្ហើមដកចង់ផុតៗពីគ្នា។
-អ៊ំសុខៗ ជួយខ្ញុំផង ពុកខ្ញុំស្រវឹងកំពុងរករឿងឈ្លោះជាមួយម៉ែខ្ញុំទៀតហើយពូ។ ពូជួយផង!
អ៊ំសុខឮសំឡេងធីតាហៅពីក្រៅផ្ទះល្វើយៗ។ គាត់រត់ចេញមកទាំងប្រញាប់ប្រញាល់មានទាំងឆត្របាំងភ្លៀងផង។ គាត់សួរនាងបានបន្តិចហើយក៏រត់ទៅជាមួយគ្នា។
ពេលទៅដល់ធីតារត់ចូលទៅក្នុងផ្ទះយ៉ាងលឿនដូចមានអ្វីមិនល្អកើតឡើងទៅលើម្ដាយនាង។ រត់ទៅដល់នាងក៏ភ្លាត់សំឡេងខ្លាំងៗស្រែកដង្ហើយទៅកាន់ម្តាយ៖
-ម៉ែ…
…………
ព្រឹកឡើងព្រះអាទិត្យចាប់ផ្ដើមធ្វើដំណើរចេញមកបន្តិចម្ដងៗ ដើម្បីបំភ្លឺភពផែនដី ជាថ្មីម្ដងទៀត។ រុក្ខជាតិទាំងឡាយស្រស់បំព្រងបន្ទាប់ពីបានក្រេបយកទឹកសន្សើមថ្មីៗ។ មាន់ទារនាំគ្នាបណ្ដើរកូនទៅមកៗដើម្បីរកចំណីតាមធម្មតារបស់ជីវិត។
ធីតានាងក្រោកអង្គុយលើគ្រែក្រោមផ្ទះអ៊ំសុខទាំងត្រមង់ត្រមោចម្នាក់ឯង។ នាងងាកចុះងាកឡើងពុំឃើញអ្នកណាម្នាក់នៅជិតសោះ ជាពិសេសបាត់ប្អូនៗនាង។ ក្រឡេកចុះក្រឡេកឡើងនៅតែពុំឃើញមាននរណាម្នាក់នៅជិតសោះ។
មួយស្របក់ក្រោយមកស្រាប់តែឃើញអ៊ំសុខដើរសំដៅមករកធីតា។ នាងមិនបង្អង់យូរក៏ស្ទុះរត់វឹងរកគាត់ហើយសួរទាំងទឹកមុខក្រៀមក្រំ។
-អ៊ំ! ខ្ញុំកើតអីបានជាមានក្រណាត់សរុំក្បាលអ៊ីចឹង? ម៉េចបានខ្ញុំមកនៅផ្ទះអ៊ំវិញ? ហើយប្អូនខ្ញុំទៅណាអស់ហើយបានមិនឃើញ អ៊ំ?
-អើ! ឯងមិនចាំ ឬធ្វើមិនចាំ?
អ៊ំសុខសួរនាងទាំងញញឹម ហាក់ដូចលេងសើចខ្លះ មែនទែនខ្លះ។ នាងមើលមុខគាត់ទាំងជ្រួញចិញ្ចើមជាប់។ អ៊ំសុខក៏សួរទៅនាងបន្ត៖
-ឯងចាំទេយប់មិញបានធ្វើអីខ្លះ?
សំណួរដែលនាងសួរទៅគាត់ គាត់មិនទាន់ឆ្លើយផង តែគាត់បែរសួរមករកនាងវិញទាំងធ្វើឱ្យនាងគ្រវីក្បាល អង្គុយវក់វីរកនឹកអីមិនឃើញច្បាស់លាស់់សោះ។
-ខ្ញុំសួរមែនទែនអ៊ំ?
-ចុះអ៊ំមិនថាឯងសួរលេងឯណា តែឆ្លើយសំណួរអ៊ំសិនមក យប់មិញឯងចាំបានអីខ្លះ?
គាត់បន្តជជីកសួរនាងហាក់ដូចមានអីចង់ដឹងខ្លាំងណាស់អ៊ីចឹង។ ធីតាអង្គុយកំពុងរកនឹកព្រឹត្តិការណ៍កាលកើតឡើងពីយប់មិញ។ អ៊ំសុខក៏ដាក់បង្គុយចំពេលប្រពន្ធគាត់មកដល់។
អ៊ំស្រីប្រពន្ធគាត់ហុចបបរមួយចានដោយមិនបង្អង់ក៏ថែមសំណួរដូចប្ដីគាត់មកកាន់ធីតា
-អើ! យប់មិញហ្នឹងឯងចាំបានអីខ្លះ?
នាងហុចដៃទទួលបបរ ហើយនិយាយអរគុណទៅកាន់គាត់។ បន្ទាប់មកអង្គុយបានបន្តិចនាងក៏នឹកឃើញ ហើយតបទៅគាត់វិញដោយបញ្ជាក់…
-អ! អ៊ំខ្ញុំនឹកឃើញហើយ យប់មិញខ្ញុំរត់មកហៅអ៊ំ…
-ម៉ែៗៗ ម៉េចហើយ?
-យើស! ឯងមកពីណាធីតា? ម៉េចឯងចង់គិតបែកឆ្វេងរត់ចោលអញហី? មើលចេញអញវាយម៉ែឯងឱ្យហើមមាត់ម្ដង កុំឱ្យពូកែរអ៊ូ វាយវាឱ្យបាក់ដៃ កុំឱ្យវាពូកែតដៃអញពេក។
ធីតានិយាយត្រឹមនេះក៏អាក់សម្ដីពុំមានអ្វីបន្តទៀត។ នាងអង្គុយបានមួយស្របក់ក៏ចាប់ផ្ដើមមើលមុខអ៊ំទាំងពីរ ប្រុងនឹងសួរគាត់ពីហេតុការណ៍បន្ត តែពួកគាត់ញញឹមទៅនាង ហើយអ៊ំប្រុសផ្ដើមរៀបរាប់ឱ្យនាងស្ដាប់។
-តាមពិតទៅយប់មិញនឹងពុកឯងរុញឯងចេញពីម៉ែខណៈដែលឯងរត់ទៅឱបគាត់ តែដោយកម្លាំងអ្នកស្រវឹងខ្លាំងពេក ឯងត្រូវទៅប៉ះទង្គិចនឹងឈើមួយនៅជិតនោះ ហើយដួលសន្លប់បាត់ស្មារតីទៅ។ អ៊ំឱ្យអ៊ំស្រីឯងយកឯងមកផ្ទះ ហើយហៅពេទ្យមកពិនិត្យមើលទៅ។ អ្នកភូមិគ្រប់គ្នាផ្អើលឆោឡោដោយសារតែពុកឯងហ្នឹង។
អ៊ំប្រុសដៃកំពុងរើឯកសារការងារបណ្ដើរ និយាយបណ្ដើរ។
-ពុកឯងយប់មិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាលាឃុំ ហើយម្ដាយឯងគេមានរបួសនៅនឹងមុខខ្លះ អ្នកភូមិក៏ដឹកយកទៅសម្រាកនៅពេទ្យបង្អែកក្នុងភូមិយើង ឯប្អូនៗឯងគេនៅជាមួយម្ដាយឯង កុំបារម្ភអី មើលហូបបបរសិនទៅអាលទៅមើលពួកគាត់ជាមួយអ៊ំ។
អ៊ំស្រីបន្ថែមសម្ដីបន្ទាប់ពីអ៊ំប្រុស។
ស្ដាប់បណ្ដើរធីតាហូបបបរបណ្ដើរ។ មួយស្របក់ក្រោយមកហូបហើយអ៊ំសុខក៏ឌុបនាងទៅពេទ្យបង្អែកដែលនៅជិតសាលាឃុំជាកន្លែងធ្វើការរបស់គាត់ ហើយក៏ជាកន្លែងដែលឪពុកនាងជាប់ឃុំឃាំងដែរ។ ទៅដល់មន្ទីរពេទ្យម្ដាយនាងត្រូវបានគេឱ្យចេញមកវិញធម្មតា ដោយហេតុមើលតាមរបួសជាក់ស្ដែងមិនត្រូវធ្ងន់ធ្ងរណាស់ណាទេ។
ព្រឹកស្អែកថ្ងៃបន្ទាប់ក្រោយចេញពីមន្ទីរពេទ្យបានមួយថ្ងៃ ម្ដាយធីតាដាស់នាងទាំងព្រឹកព្រលឹម ហើយឌុបនាង និងប្អូនៗពីរនាក់ទៀតទៅសាលាឃុំ ព្រោះកាលពីយប់មិញនេះលោកមេភូមិគាត់តេមកប្រាប់ម្ដាយនាងថា ពូធន់ត្រូវបានដោះលែងវិញហើយ។
-ធន់ឯងគិតម៉េចឥឡូវ បើនៅតែមិនកែខ្លួន យើងក៏មិនអាចជួយឯងបានដែរ។ ឯងដឹងហើយថាស្រានេះមិនបានជួយអីបានទេពេលផឹកវាហើយ ក្រៅតែពីអស់លុយ បង្កជម្លោះក្នុងគ្រួសារ ហើយបាត់បង់សុភមង្គល ស្រួលមិនស្រួលគ្រប់យ៉ាងអស់នៅសល់តែជំងឺទៀត។
អ៊ំមេភូមិអង្គុយតុទល់មុខពូធន់ ហើយណែនាំបន្ថែមកុំឱ្យប្រព្រឹត្តិមិនល្អដាក់ប្រពន្ធកូន ជាពិសេសហាមឃាត់មិនឱ្យបរិភោគគ្រឿងស្រវឹងតទៅទៀត។
-បាទ! ខ្ញុំសន្យាថាឈប់ផឹកទៀតហើយ។ ខ្ញុំនឹងប្រឹងបើកឡានរកលុយឱ្យប្រពន្ធកូនសាជាថ្មី។
-ពាក្យនេះយើងតែងឮពីឯងរហូតហ្នឹង ឯងប្រុងឈប់ថ្ងៃណាឱ្យប្រាកដ? ព្រោះនិយាយរាប់ដងមកហើយ ឯងកុំតែបានប្រពន្ធឯងចេះតែអង្វរករយើងទេ ដោយហេតុថាឯងជាជំហរគ្រួសារ កុំអីឯងដេកគុកយូរហើយ។ មើលកូនៗទៅគេធំៗដែរហើយ ឱ្យចេះខ្មាសកូន ខ្មាសអ្នកជិតខាងខ្លះផង។ កែខ្លួនប្រឹងរកស៊ីសន្សំលុយធ្វើផ្ទះ ហើយមានលុយខ្លះឱ្យពួកគេបានរៀនសូត្រខ្ពង់ខ្ពស់ទៅ ក្រែងចេះដឹងមានការងារល្អធ្វើ ជួយស្រុក ជួយទេសយើងខ្លះ។ គេទាំងនេះសុទ្ធតែជាធនធានរបស់សង្គមយើងហើយ តែបើឯងនៅតែធ្វើបែបនឹងទៀតឱ្យគ្នាសង្ឃឹមអី។ សង្ឃឹមថានេះជាការព្រមានចុងក្រោយទៅចុះ ពូមិនចង់ឃើញឯងមកកន្លែងហ្នឹងទៀតទេ។
ពូធន់ញញឹម ហើយនិយាយអរគុណទៅកាន់លោកពូមេភូមិ។ គាត់ផ្ដិតមេដៃធ្វើកិច្ចសន្យាខ្លះ ហើយក៏ដើរចេញមក។
-ធន់អើយទៅឱ្យសុខសប្បាយកុំប្រព្រឹត្តិគ្រឿងស្រវឹងទៀតណា។
ពូប៉ូលិសម្នាក់ស្រែកប្រាប់គាត់ខណៈកំពុងដើរចេញមកខាងក្រៅ។
ធីតា និងម្ដាយនាងឈរចាំខាងក្រៅ។ ពូធន់មកដល់ហើយញញឹមដាក់ប្រពន្ធកូនគាត់ហាក់ដឹងពីកំហុសខ្លួនដែលបានប្រព្រឹត្ត។
តាមពិតទៅសាលាឃុំនេះសឹងតែជាផ្ទះទី២ របស់ពូធន់ទៅហើយព្រោះគាត់តែងត្រូវបានគេហៅមកព្រមានដោយសារតែស្រវឹងហើយធ្វើបាបប្រពន្ធកូន ហើយពេលខ្លះស្រែកគំរាមប្រពន្ធកូនគាត់ជាញឹកញាប់។
ស្រាមានឥទ្ធិពលអាចពង្វក់ស្មារតីមនុស្សឱ្យលែងស្គាល់ខ្លួនឯង។ មនុស្សស្លូតមិនពូកែមាត់ក ក៏ក្លាយជាជនមានគំនិតគិតមិនត្រឹមត្រូវ និយាយមិនសមរម្យ ឬអាចធ្វើឱ្យមនុស្សមានអំនួតខ្លាំងណាស់ខណៈកំពុងស្រវឹងដោយគិតថាគ្រប់យ៉ាងគឺមានតែខ្លួនគេម្នាក់គត់។
ហៀបនឹងចេញទៅផ្ទះ ធីតាសម្លឹងមើលសាលាឃុំ ហើយនឹករឿងកន្លងដែលធ្លាប់កើតមកលើគ្រួសារនាងជាថ្មី…
ល្ងាចមួយម៉ោង ៥:៤៥ នាទីល្ងាច…
ព្រះនិករចាប់ផ្ដើមលាខ្លួនចូលក្នុងភពមួយផ្សេងទៀត។ ព្រះចន្ទចូលខ្លួនមកបំភ្លឺផ្ទៃភពទាំងមូលជំនួសវិញក្នុងថ្ងៃ១៥កើត។ ធីតាដើរមកពីសាលារៀនសំដៅទៅផ្ទះទាំងមេឃកំពុងប្រែពណ៌។
ដល់ផ្ទះបន្តិចនាងផ្លាស់សម្លៀកបំពាក់ជាសិស្សចេញដើម្បីជួយការងារខ្លះម្ដាយនាង។ ខណៈពេលល្ងាចនោះនាងកំពុងរៀបចំលាងឆ្នាំងបង្កាត់ភ្លើងត្រៀមដាក់ដាំបាយតាមទម្លាប់។ អង្គុយៗស្រាប់តែ…
-ធីតាៗ ម៉ែឯងទៅណាហើយ?
មីងម្នាក់ឈ្មោះចាន់ធីនៅក្នុងភូមិជាប់នោះរត់មកស្រែកហៅនាងទាំងទឹកមុខស្លេកស្លាំង។ គាត់រត់ទៅរកនាងទាំងដង្ហើមដកចេញចូលធំៗមិនដល់គ្នា។ គាត់ស្រែកសួររកម្ដាយធីតាទាំងស្លន់ស្លោ។ នាងរត់ចេញពីផ្ទះបាយ ចំណែកម្ដាយនាងក៏ស្ទុះមកពីក្រោយផ្ទះទាំងប្រញាប់ប្រញាល់។
ធីតា និងម្ដាយនាងមើលមុខមីងចាន់ធីទាំងមិនដាក់ភ្នែក។ ទឹកមុខគាត់ហាក់មានរឿងអ្វីមួយចង់ប្រាប់ទាំងប្រញាប់។ គាត់មិនទាន់ទាំងឈប់ផងក៏បន្លឺសម្ដីដាច់ៗថា…
-មានរឿងធំហើយៗមីង!
ធីតា និងម្ដាយនាងមើលមុខមីងចាន់ធីទាំងមិនយល់ន័យអ្វីទាំងអស់។ មីងឆាវម្ដាយធីតាមិនបង្អង់យូរក៏ស្រាយសំណួរទៅគាត់វិញភ្លាមៗ។
-មានរឿងអីបានប្រញាប់ប្រញាល់ម្ល៉េះ? ឈប់ឱ្យបាត់ហត់សិនទៅចាំនិយាយ។
មីងឆាវឱ្យគាត់សម្រួលអារម្មណ៍។ គាត់ឈរបានមួយភ្លែត ក៏ឆ្លៀតបង្ហើបពាក្យសម្ដីទាំងអារម្មណ៍ដង្ហក់ហត់តិចៗថា…
-មានរឿងធំហើយមីង! ពូធន់គាត់ស្រវឹងស្រា….
-ស្រវឹងស្រាយ៉ាងម៉េច?
ម្ដាយនាងសួរកាត់ ហាក់បង្ខំឱ្យគាត់និយាយឱ្យលឿនបន្តិច ថាតើមានរឿងអី។ ធីតាឈរពីក្រោយម្ដាយនាង ភ្នែកសម្លឹងមុខគាត់ទាំងអារម្មណ៍ងើយឆ្ងល់ជាខ្លាំង។ ជារឿងធម្មតាទៅហើយ ដែលពុកនាងតែងស្រវឹង ហើយថ្ងៃនេះមានរឿងអីប្លែកមែនទេ បានជាគាត់ហាក់ភ្ញាក់ផ្អើលបែបនេះ។ បន្តិចក្រោយមកមីងចាន់ធីក៏បន្តសម្ដីបន្ទាប់ពីម្ដាយនាងភ្លាម។
-មីងអើយ! ពូធន់គាត់ស្រវឹងស្រាទាស់ពាក្យសម្ដីជាមួយអ្នកផឹកដូចគ្នា ឥឡូវកំពុងឈ្លោះគ្នាខ្លាំងណាស់នៅចុងភូមិណោះ!
មីងចាន់ធីរៀបរាប់បន្តទាំងដង្ហើមចេញចូលមិនចង់ជាប់គ្នា ភ្នែកបើកធំៗចង់ប៉ុនដំឡូង។
-មិញខ្ញុំឃើញគាត់គំរាមថា…
ម្ដាយធីតាគ្រាន់តែស្ដាប់មិនទាន់ទាំងចប់សម្ដីគាត់ផង ក៏លាន់មាត់កាត់ទាំងភ្ញាក់ផ្អើល។
-ថាម៉េច?
គាត់ក៏រត់ទៅកន្លែងមានជម្លោះ ដែលមីងចាន់ធីរៀបរាប់អម្បាញ់មិញ។ ធីតាឈរនៅខាងក្រោយមិនបង្អង់យូរក៏លើកប្អូនម្នាក់ដាក់លើចង្កេះ ហើយទាញដៃប្អូនម្នាក់ទៀតរត់ទៅតាមម្ដាយ។
ទៅដល់កន្លែងមានជម្លោះបន្តិច នាងសម្លឹងចុះឡើងៗដើម្បីរកមើលពូធន់ជាឪពុក តែហាក់មិនឃើញសោះ ដោយសារមានមនុស្សច្រើនណាស់ដើរចុះឡើងៗ ហើយមានអ្នកភូមិខ្លះទៀតរត់ទៅមកឆ្លេឆ្លាៗ។ រំពេចនោះក៏មានបុរសម្នាក់ត្រូវបានបានអ្នកភូមិជួយលើកជួយទប់ឡើងលើម៉ូតូទាំងមានសំឡេងស្រែកថែមថា
-យកវាទៅពេទ្យៗ!
ធីតាសម្លឹងទៅមករកមើលម្ដាយពីក្រៅហ្វូងមនុស្ស។ នាងរុលចូលទៅស្រាប់តែឃើញម្ដាយនាងកំពុងអង្គុយស្រែកទ្រហោយំ ពេលនោះក៏ឃើញពូធន់ត្រូវបានមនុស្ស ២-៣ ឈរក្រៀកគាត់ទាំងសងខាង។ នាងរត់សំដៅទៅរកម្ដាយនាងជាមួយប្អូនៗ។
……………..
ព្រលឹមស្រាងៗភពផែនទាំងមូលចាប់ផ្ដើមមានពន្លឺរស្មីតិចៗ។ ធម្មជាតិទាំងឡាយក៏ស្រស់បំព្រងបន្ទាប់ពីបន្តរួចជីវិតបានមួយថ្ងៃទៀត។ ម្ដាយធីតាបាត់ពីផ្ទះទាំងព្រលឹមមិនដឹងទៅណា។
បន្ទាប់ពីមានជម្លោះកាលប៉ុន្មានថ្ងៃមុន នេះជាថ្ងៃទីពី១៥ហើយដែលនាងពុំបានទៅសាលារៀនដោយរវល់យកបាយឱ្យពូធន់ ដែលនៅជាប់ឃុំឃាំងនៅទីស្នាក់ការភូមិ។ ថ្ងៃមុនគាត់ប្រើអំពើហឹង្សាបង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរខណៈពេលកំពុងពិសាស្រាជាមួយអ្នកភូមិនោះ។
ម្ដាយធីតាមួយរយៈនេះគាត់ហូបមិនសូវបានសម្រាន្តមិនសូវលក់គ្រប់គ្រាន់ទេ។ គាត់ប្រឹងដើរលក់ត្រកួនយកលុយមកបង្រ្គប់ ដើម្បីទៅបង់ពូធន់ឱ្យបានឆាប់ចេញពីមន្ទីរឃុំឃាំងវិញ។ យប់មិញមុនសម្រាន្ត គាត់ឆ្លៀតប្រាប់នាងថាថ្ងៃនេះឪពុកនាងនឹងត្រូវដោះលែងឱ្យមានសេរីភាពវិញហើយ ដោយគាត់បានទៅខ្ចីលុយអ្នកស្គាល់គ្នាបានខ្លះដើម្បីឱ្យគ្រប់។
ធីតានាងពុំដឹងថាតើគាត់ទៅខ្ចីលុយមកបានពីណានោះទេ តែគ្រួសារនាងមុនពេលពុកជាប់ឃុំឃាំងជំពាក់គេក៏ច្រើនណាស់ទៅហើយ។ ជាទូទៅម្ដាយនាងតែងឱ្យនាងបើកមើលកូនសៀវភៅពេលដើមខែថា ត្រូវសងអ្នកណាខ្លះ នៅជំពាក់អ្នកណាខ្លះ ហើយអ្នកណាខ្លះនៅសល់ប៉ុន្មាន។
នេះជាទម្លាប់ទៅហើយ។ ធីតានាងធ្លាប់គិតថាមិនដឹងថាពេលណាត្រូវសង់គេអស់ ហើយសន្សំលុយបានធ្វើផ្ទះថ្មីនៅនឹងគេវិញនោះទេ បើពុកនៅតែពិសាស្រាដូច្នោះ។ ស្រាបានបន្លប់ស្មារតីពូធន់ឱ្យលែងគិតពីជីវភាពគ្រួសារអស់។ ពេលខ្លះនាងតែងសង្ឃឹមថាពេលពុកនាងចេញពីកន្លែងឃុំឃាំងមកវិញគាត់នឹងកែខ្លួនឈប់ផឹក ហើយប្រឹងរកលុយដើម្បីដោះបំណុលឱ្យអស់ តែហាក់ខុសពីការគិតរបស់នាង។
ធីតាជិះកង់ឌុបប្អូនបណ្ដើរ គិតបណ្ដើរ។ ទៅដល់មន្ទីរឃុំឃាំងក៏ឃើញម្ដាយនៅទីនោះកំពុងអង្គុយជាមួយមេប៉ុស្ដិ៍។ នាងឃើញម្ដាយនាងទទួលក្រដាសហើយ ផ្ដិតមេដៃលើក្រដាសនោះ។ បន្តិចក្រោយមកក៏ឃើញពុក និងម្ដាយនាងបណ្ដើរគ្នាចេញមកដោយបង្ហាញស្នាមញញឹមមករកនាង។
ប្អូនប្រុសនាងឃើញដូច្នេះ ក៏រត់សំដៅទៅម្ដាយនាងបង្ហាញពីសារធាតុជាក្មេង។
-ធីតាៗចុះដល់ផ្ទះ!
ពុកធីតាបន្ទរសំឡេងទៅនាងទាំងបែរមុខទៅរកនាងឱ្យចុះពីលើម៉ូតូ។ នាងភ្ញាក់ព្រើតនឹងសំឡេង ហើយសម្លឹងមើលមុខពុកនាងថ្មែ។ នាងនឹកស្រមៃទៅកាលពីប្រហែលជាមួយឆ្នាំមុន វាជារឿងគួរឱ្យចងចាំមិនអាចបំភ្លេចបានហើយ ចុះពេលនេះឪពុកនាងនៅតែធ្វើរឿងដដែលជាដដែល។ នាងដកដង្ហើមធំ ចុះពីលើម៉ូតូសំដៅទៅកូនខ្ទមតូចរបស់គ្រួសារនាងវិញ ដោយជាមានអារម្មណ៍មិនពេញចិត្តនឹងអ្វីមួយ។
-ឯងសម្រាកប៉ុន្មានថ្ងៃសិនទៅចាំទៅបើកឡានវិញ។ ខ្ញុំ និងធីតាទៅលក់ត្រកួនហើយ។ មើលបើនៅផ្ទះជួយស្រោចត្រកួនក្រោយផ្ទះខ្លះផង។
សម្ដីម្ដាយធីតានិយាយទៅកាន់ប្ដីគាត់ដោយដៃកំពុងរៀបចំល្អីដាក់ត្រកួនញាប់ស្មេរ។ ធីតាឃើញសកម្មភាពម្ដាយដូច្នេះមិនបង្អង់យូរ ក៏ស្ទុះទៅជួយរៀបចំអីវ៉ាន់ខ្លះដើម្បីត្រៀមយកទៅលក់នៅផ្សារតាមទម្លាប់។ ពូធន់ស្ដាប់ហើយក៏ញញឹមជំនួសសំឡេងតបទៅវិញដោយពេញចិត្ត។
ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ។ ពូធន់បន្ទាប់ពីបានធ្វើកិច្ចសន្យារួចរាល់មក ប្រពន្ធគាត់ឱ្យស្នាក់នៅផ្ទះមួយរយៈ។ ដោយហេតុសេដ្ឋកិច្ចគ្រួសារមិនអាចទ្រាំទ្របាន ក្នុងការទំនុកបម្រុង។ ចំណូលចូលតិច ចំណាយចេញច្រើន។ ពូធន់សម្រេចចិត្តចេញទៅប្រកបការងារបើកឡានដឹកអីវ៉ាន់ឱ្យគេដដែល។
មួយរយៈក្រោយមក គាត់ទៅធ្វើការជាធម្មតា។ ពីព្រឹកទល់ល្ងាច ពីល្ងាចទល់ព្រឹកគាត់ហាក់ខំធ្វើការណាស់ នេះក៏ព្រោះតែលុយ។ លុយបង្ខំមនុស្សគ្រប់គ្នាលះបង់គ្រប់យ៉ាងដើម្បីវា។ ស្ថានភាពខ្លះមនុស្សមានការយល់ដឹងច្រើន ក៏ប្រព្រឹត្តរឿងត្រឹមត្រូវដើម្បីលុយ តែខ្លះក៏ប្រព្រឹត្តរឿងពុំត្រឹមត្រូវតាមច្បាប់ស្រុកទេសដើម្បីបានវា។ ចំណែកប្រាក់ដែលបានមកហើយនោះ ការប្រើប្រាស់ក៏មិនខុសពីការរកប៉ុន្មានដែរ។ អ្នកខ្លះយល់ដឹងបានជ្រៅជ្រះទៅ ក៏ប្រើក្នុងផ្លូវត្រូវដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិជាដើម។ តែមិនប្រាកដទាំងអស់នោះទេ អ្នកខ្លះប្រើវាក្នុងផ្លូវមិនល្អ ផ្លូវខុស ក្លាយជារឿងបំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និងរួមចំណែកក្នុងការបំផ្លាញសង្គមជាតិជាដើម។
បើកឡានបានមួយរយៈធំមកគ្រប់យ៉ាងដូចល្អប្រសើរជាងមុន។ បំណុលគាត់សងគេបានប្រហែលជាជិតពាក់កណ្ដាលហើយដោយសារការចូលរួមប្រឹងប្រែងពីគ្រប់គ្នា្កក្នុងគ្រួសារទាំងមូល។
នេះគ្រាន់តែជារយៈពេល…..ប៉ុណ្ណោះ។ ពូធន់ហាក់កំពុងដើរក្នុងផ្លូវចាស់ដដែល។ ពីមួយអាទិត្យទៅមួយអាទិត្យគាត់ហាក់ប្លែកទៅៗ។ ឧស្សាហ៍ធុំក្លិនស្រាជានិច្ច។ គ្រប់យ៉ាងតែងផ្លាស់ប្ដូរក្នុងលោក តែពុកធីតាហាក់គ្មានផ្លាស់ប្ដូរអ្វីទៅតាមធម្មជាតិនោះទេ។ ព្រឹកទៅធ្វើការជាមួយនឹងស្មារតីត្រឹមត្រូវ ចេះដឹងខុសដឹងត្រូវ តែពេលគាត់មកផ្ទះវិញ គាត់មកជាមួយនឹងស្មារតីដែលត្រូវបានគេម្នាក់ទៀតគ្រប់គ្រង នោះគឺស្រា។
ល្ងាចមួយ……
បន្ទាប់ពីដឹកអីវ៉ាន់គេរួចរាល់ ហើយពូធន់យកឡានទៅទុកនៅក្រុមហ៊ុន។ អង្គុយលេងជាមួយអ្នកធ្លាប់ស្គាល់គ្នា ជជែកពីនេះពីនោះជាធម្មតា។ ត្រឹមតែកន្លះម៉ោងក្រោយមក ការជជែកត្រូវបានផ្លាស់ប្ដូរដោយមកជាការមកអង្គុយច្រៀងលាយជាមួយស្រាលើកជល់ៗ។
ការជួបជុំចេះតែរំកិលទៅមុខ មេឃចាប់ផ្ដើមងងឹតបន្តិចម្ដងៗ។ អស់មួយកេះ ថែមមួយកេះ។ ក្នុងវង់មានមនុស្សប្រមាណជា៧ ទៅ៨នាក់ បន្ថយមកសល់ត្រឹមតែ៣ ទៅ៤នាក់។ ពូធន់ហាក់បើកភ្នែកមិនចង់រួចជាមួយអាការៈអង្គុយមិនចង់កើត។
-អញឆ្ងល់ណាស់ រាល់ថ្ងៃហ្នឹងឯងដូចខ្លាចប្រពន្ធម៉្លេះអាធន់។
សំឡេងពូម្នាក់ដែលជាក្លើធ្លាប់ផឹកជាមួយគ្នាកាលពីមុន ហើយក៏ជាបុគ្គលតែងតែនិយាយពីភាពក្លាហានក្នុងការគ្រប់គ្រងប្រពន្ធកូន។ ជាទូទៅគាត់តែងតែអួតរឿងមិនខ្លាចញញើតប្រពន្ធ។ មើលទៅនេះក៏ជាឥទ្ធិពលសម្ដីមួយ សម្រាប់អ្នកមិនអាចគ្រប់គ្រងស្មារតីបានដូចជាពូធន់ នៅពេលដែលស្រវឹងស្រាស្រឿងៗ។
គ្រប់គ្នាអង្គុយស្ដាប់ក្នុងវង់ផឹកបីបួននាក់ពោលសរសើរតាមក្រោយ។ ក្រឡេកមកពូធន់ឯណេះវិញ ភ្នែកបើកមិនច្បាស់ អង្គុយមិននឹងលើកស្រាជល់ផឹកបានមួយក្អឹកឆ្លៀតតបសម្ដីទៅក្លើវិញដោយភាពអង់អាចបន្តិច។
-តាមពិតអញមិនខ្លាចប្រពន្ធអញទេ តែអញខ្លាចតែត្រូវទៅដេកឱ្យមូសស៊ីនៅមន្ទីរឃុំឃាំងទេតើ។
គ្រប់គ្នាអង្គុយទល់មុខនាំគ្នាសើចគឹល ពេលបានស្ដាប់សម្ដីពូធន់និយាយអម្បាញ់មិញ។ ពូម្នាក់ដែលអួតអាងរឿងមិនខ្លាចញញើតប្រពន្ធនោះ បន្ថែមសម្ដីទៅកាន់ពូធន់វិញភ្លាម។
-អាដែលដូចអាដែលហ្នឹងហ្អា។ បើគ្នាដូចគ្មានឃើញអ្នកណាហៅទៅឱ្យដេកនៅសាលាឃុំផង។ និយាយអ៊ីចឹងឯងសង្ស័យតែប្រពន្ធឯងពូកែទូលពិតប្រាប់លោកពូមេភូមិទេដឹង! ហាសហា គ្នានិយាយលេងទេវើយកុំប្រកាន់អី។
-បានហើយល្មមឈប់ផឹកឈប់ស៊ីហើយ។ ហើយឯងនេះក៏អ៊ីចឹងដែរ ឱ្យតែពេលផឹកម្ដងៗនិយាយពីនេះពីនោះពីគ្រួសារគេ។ អេះអូច ចាក់រុក ម៉េចសប្បាយណាស់ហីឃើញគេឈ្លោះគ្នារាល់ថ្ងៃហ្នឹង។ បានហើយធន់ទៅផ្ទះទៅជិតយប់ហើយ។
សំឡេងអ៊ំកាច ប្រពន្ធលោកអ៊ំមេភូមិស្រែកកាត់ពីក្រោយខ្នងពូធន់ទៅកាន់បុរសម្នាក់ពូកែអួតអាងនោះ។ អ៊ំគាត់មិនដឹងមកដល់ពីពេលណាទេ ទើបបានចាប់សេចក្ដីសន្ទនាពួកគាត់ទាំងមូលបាន។
ពូធន់ក្រឡេកមើលមុខអ៊ំស្រី ក៏មិនមានពាក្យអ្វីតបទៅគាត់វិញទេ ត្រឹមតែអង្គុយស្ងាប ដូចកូនចាបត្រូវទឹក។ ពេលស្រាមិនទាន់ចូលខ្លួនពូធន់ស្លូតណាស់ ចេះគោរពកោតក្រែងគេឯងជានិច្ច តែគ្រប់យ៉ាងប្រែនៅពេលឥទ្ធិពលស្រាចូលខ្លួនគាត់។ តែណ្ហើយ!គ្រប់គ្នាក៏មិនខុសពីពូធន់ប៉ុន្មានឱ្យតែមិនចេះគ្រប់គ្រងខ្លួនឯង។
បន្ទាប់ពីគ្រប់គ្នាហាក់ស្ងាត់បន្តិចមក អ៊ំគាត់ក៏មិនមានពាក្យអ្វីបន្តបានត្រឹមតែប្រាប់ពូធន់ឱ្យឆាប់ទៅផ្ទះវិញ។ គាត់ត្រឡប់ទៅវិញដោយភាពហួសចិត្តនឹងសម្ដីពូម្នាក់នោះអម្បាញ់មិញនេះ។ តែបន្ទាប់ពីអ៊ំគាត់ចេញទៅបានបន្តិច ពូម្នាក់នោះក៏បន្ថែមសម្ដី។
-ឃើញទេឯងសង្ស័យណាស់។ បើអ៊ីចឹងៗធ្វើម៉េចថាឯងមិនត្រូវគេឱ្យដេកក្នុងមន្ទីរឃុំឃាំងនោះហា។
ពូធន់មិនមានអ្វីតបទៅគាត់វិញទេ ត្រឹមតែអង្គុយមើលមុខគាត់ហើយលើកជល់ៗតាមវប្បធម៌អ្នកផឹក។
មេឃចាប់ផ្ដើមងងឹតទៅៗក៏អង្រួនភ្លៀងខ្លះឱ្យផែនដី នេះហាក់ដូចជាលងបន្លាចឱ្យអ្នកភូមិរើខោអាវ រៀបចំទុកដាក់ ត្រៀមទទឹកដើម្បីដាក់ទឹកក្នុងពាងដោយសង្ឃឹមថានឹងមេឃនឹងផ្ដល់មួយមេធំ។ តែក្ដីរំពឹងនេះត្រូវអសារបង់ ព្រោះមេឃប្រែខ្លួនមកជាតំណក់តូចៗជាប់ពុំដាក់ បង្កឱ្យគ្រប់គ្នាលំបាកបន្តិច ជាពិសេសខាងការធ្វើដំណើរក្នុងភូមិ។ ព្រោះត្រូវរអិលពិបាកធ្វើដំណើរទៅមក។
ពូធន់បន្ទាប់ពីមេឃប្រែពណ៌មិនស្រួល វង់ផឹកក៏បែកផ្លូវគ្នាមកផ្ទះរៀងៗខ្លួន។ គាត់មកផ្ទះស្ពាយអារម្មណ៍មិនល្អតាមរយៈទឹកមុខ។ ស្រវឹងជោកមិនដឹងផ្លូវសម្ដីមិនសូវត្រូវ។ ពូធន់ក្រហល់ក្រហាយចិត្ត។ មកដល់ផ្ទះភ្លាមគាត់ហាក់ប្រើសម្ដីៗខ្លាំងដាក់ប្រពន្ធគាត់ទាំងមិនមានហេតុផលអ្វីបន្តិចសោះ។ គាត់កាន់តែនៅមិនសុខ ភាពក្ដៅក្រហាយមិនមានហេតុផលចេញពីក្នុងខ្លួនគាត់។ គាត់ស្រែកដំឡើងសំឡេងចង់ស្ទះ។
មកមើលមីងឆាវជាប្រពន្ធគាត់វិញ។ ដៃកំពុងញាប់ស្មេជាមួយនឹងការងារផ្ទះជាស្ត្រី។ រៀបចំទុកដាក់ លាងចានឆ្នាំង ធ្វើម្ហូបអាហារ បេះបន្លែ ដកត្រកួនត្រាំទឹករៀបចំទុកទៅលក់ពេលព្រឹក។ ពេលខ្លះក៏ឆ្លៀតទៅមើលកូនតូចម្ដងៗខ្លាចវាលេងអ្វីមួយនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួន។ ទោះបីជាការងារសព្វសារពើ ដៃជើងមិនស្ងៀមក៏ដោយ ក៏គាត់មិនភ្លេចតបសម្ដីទៅពូធន់វិញភ្លាមៗដែរ។
សំឡេងស្រែកទៅស្រែកមក។ ពីរនាក់ពាក់មុខយក្សដាក់គ្នា ប្រឹងយកឈ្នះរៀងៗខ្លួន។ មេឃក៏ចេះតែបង្អោនតំណក់ទឹកមកយូរៗឮសូរតក់ៗលើដំបូលផ្ទះបាំងឫស្សីរបស់គ្រួសារនេះ។ សម្ដីទៅសម្ដីមិនអស់ចិត្ត ឆ្លៀតលេងដៃជើងម្ដងម្ដាល។ ពួកគាត់បន្តសកម្មភាពនេះរហូតទៅអស់រយៈពេលជិត៣០នាទី។ កូនគាត់ពៅគេ សារធាតុជាក្មេងមិនបានធ្វើអ្វីទេ ខណៈឪពុកម្ដាយឈ្លោះទាស់ទែងគ្នា ក្រៅពីស្រែកយំបន្ទរបន្ថែមប៉ុណ្ណោះ។
-រាល់ថ្ងៃឯងនេះចង់ឱ្យតែអញជាប់គុកមែន បានម្ង៉ៃៗនៅសុខសោះ តិចទៅប្ដឹងៗ។ អញគ្រាន់តែផឹកតិចតួចសោះហាឡើងរករឿងប្ដឹង ម៉េចសប្បាយមែនហា? ម៉េចឯងចង់រកប្រុសថ្មីមែនបានធ្វើអ៊ីចឹង? អ! អញសង្ស័យតែអ៊ីចឹងហើយ។ មិនចំរឿងហីបានមិនតមាត់មួយម៉ាត់អ៊ីចឹង? បែបចំហើយហ៊ឹស! ពូធន់ប្រើសម្ដីលែងដឹងអ្វីជាអ្វី ដើម្បីឱ្យបានរឿងឈ្លោះ។ គាត់ឆ្លៀតសួរឌឺដងមីងឆាវថាចង់មានថ្មី។
ដោយហេតុតែស្មារតីមិនអាចគ្រប់គ្រងបានពូធន់ជឿពាក្យអុចអាលតាមអ្នកផឹកដូចគ្នា ទើបមានគំនិតសួរដេញដោល ហាក់ប្រុងនឹងធ្វើអ្វីមិនល្អ។ ចំណែកមីងឆាវវិញដោយពុំអាចទ្រាំនឹងសម្ដីចោទប្រកាន់ជាញឹកញយបានក៏តបទៅវិញដោយខ្លាំងៗ។
-អើ! ចុះបើអញចង់មានថ្មីមែនអាម៉េច? ឯងហ្នឹងល្អណាស់ទៅអី? បើបានថ្មីមែនអញស្បថបុណ្យកុំឱ្យជួបមនុស្សប្រមឹកដូចឯង រស់ពិបាកជាងស្លាប់ទៅទៀត គ្មានទេក្ដីសុខសុភមង្គលគ្រួសារនោះ។ ផឹកតាំងពីផ្ទះធំនៅនឹងភូមិជាប់គេឯងរហូតមកសល់ត្រឹមខ្ទមតូច នៅដាច់សំយាលពីគេឯង។
ខ្ញុំមិនដឹងថាថ្ងៃណាទេទើបឯងព្រមរៀងចាល។ ជាប់ត្រឹមសាលាឃុំនេះប៉ុន្មានដងហើយ នៅមិនឈប់ ឬមួយក៏ចង់ជាប់គុកតែម្ដង ទើបឯងបានអស់ចិត្ត។
មីងឆាវតបទៅប្ដីគាត់វិញដោយពាក្យបញ្ឈឺឌឺដងខ្លះផង។ ពូធន់ស្រវឹងស្ដាប់មិនច្បាស់ ដោយអាស្រ័យការយល់ឃើញរបស់គាត់មិនល្អមកលើមីងឆាវផង ទោះមីងនិយាយត្រង់ ឬត្រឹមចង់ឌឺដងខ្លះក៏ដោយ តែពូធន់មិនគិតដូច្នេះទេ។
គ្រប់សម្ដីមីង ឆាវតបទៅគាត់នោះ សុទ្ធសឹងតែពាក្យមិនមានបំណងល្អទៅកាន់គាត់។ ជាពិសេសការគិតអវិជ្ជមានទៅលើមីងឆាវថាគាត់ចង់ឱ្យប្ដីជាប់គុកដើម្បីបានយកប្ដីថ្មី។ នេះដូចថាភ្លើងឆេះយកស៊ាំទៅពន្លត់នោះវារឹតតែឆេះក្ដៅឆួលពេញទំហឹង។
តាមពិតកាលពីមុនគ្រួសារពូធន់ក៏ជាអ្នកធូរធារមួយក្នុងភូមិដែរ។ តែក្រោយពីគាត់ក្លាយខ្លួនជាអ្នកប្រមឹកផឹកមិនសូវលោះថ្ងៃជាប់មក គ្រួសារគាត់ហាក់ធ្លាក់ទៅៗដោយជំហរគ្រួសារមិនសូវធ្វើការជាប់លាប់។ គ្រួសារចេះតែមានរឿងអស់ពីមួយចូលមួយរហូតមិនដាច់។ ចំណូលដែលរកបានហាក់តិចទៅៗ ធ្វើឱ្យមីងឆាវសម្រេចចិត្តខ្ចីលុយធនាគារ ដើម្បីដោះទាល់ម្ដងម្កាល។ រហូតដល់ពេលមួយគាត់ត្រូវខាងម្ចាស់បំណុលរឹបអូសយកផ្ទះ និងដីភូមិនោះទៅ។
ក្រឡេកមកមើលធីតាវិញ កំពុងដើរមកពីសាលាជាមួយប្អូនទីពីរទាំងទទឹកទឹកភ្លៀងផងនោះ ពេលឃើញឪពុកម្ដាយឈ្លោះទាស់គ្នាខ្លាំងៗដូច្នេះ ក៏រត់ជាមួយប្អូនទៅហៅអ៊ំមេភូមិទាំងប្រញាប់។
……………………..
ក្រោមដំណក់ទឹកស្រក់តក់ៗ មេឃប្រឹងស្រែកសូរផូងផាំងៗដូចជាខឹងនឹងអ្នកណាម្នាក់ ឬដូច ត្រូវត្រៀមតតាំងជាមួយនរណាអ៊ីចឹង។ មេឃចេះតែផ្គរ ភ្លៀងចេះតែស្រក់។ ធីតាប្រឹងរត់មកទាំងភ្នែកស្រវាំងមើលមិនច្បាស់ព្រោះត្រូវអំណាចទឹកភ្លៀង។
ភ្លើងចង្កៀងនៅភ្លឺតិចៗលើគ្រែ។ ខ្យល់បកមកតិចៗ។ គ្រប់យ៉ាងហាក់ផ្លាស់ប្ដូរបន្តិច។ សំឡេងឈ្លោះទាស់ទែងគ្នាបានបាត់ស្ងាត់ឈឹង ត្រឡប់មកនៅសល់តែសំឡេងក្មេងប្រុសម្នាក់កំពុងអង្គុយស្រែកយំដោយភ្នែកស្លេកស្លាំង។ ក្រោមឥទ្ធិពលសម្រែករបស់ប្អូនប្រុសនាង ធីតាក៏ដើរចូលទៅក្នុងផ្ទះលបៗជាមួយអ៊ំមេភូមិ។ ពុទ្ធោ!
ក្រោមដំណក់ទឹកភ្លៀងលាយជាមួយដំណក់ទឹកភ្នែកក្នុងធ្លុកឈាមក្រហមឆ្អៅ។ មីងឆាវដេកស្ដូកស្ដឹងពុំដឹងអ្វីទាំងអស់។ ពូធន់ឈរកាន់កាំបិតមួយញាក់ជើងទទ្រើតបង្ហាញទឹកមុខស្លេកស្លាំង។
-ពុកសម្លាប់……………!
………………………………..
-មូលហេតុនេះហើយ ទើបជាការជំរុញទឹកចិត្តអ្នកគ្រូឱ្យធ្វើសកម្មភាពបែបនេះ នៅក្នុងសហគមន៍យើង?
សំឡេងយុវជនម្នាក់ទៀតបន្លឺឡើង ស្របពេលអ្នកគ្រូនិយាយមកទាំងអាក់អួលដើមក ហើយកែវរបស់ភ្នែកគាត់ពេញដោយទឹកសញ្ចេតនា ទឹកសោកសង្រេង…គ្រប់គ្នាមុខក្រៀមក្រំ ស្ងាត់ស្ងៀមដោយជក់នឹងរឿងរ៉ាវជីវិតផ្ទាល់របស់អ្នកគ្រូ។
បន្តិចក្រោយមក អ្នកគ្រូក៏តបទៅយុវជននោះវិញ ទាំងញញឹម លាយនឹងទឹកភ្នែកហូរធ្លាក់មក មិនអាចនឹងទប់បាន។
-ត្រូវហើយនេះការជំរុញទឹកចិត្តខ្លាំងបំផុត ដើម្បីឱ្យខ្ញុំធ្វើសកម្មភាពនេះដោយមិនមានអារម្មណ៍ហត់នឿយ។
-ចុះឪពុកអ្នកគ្រូ និងប្អូនៗពីរនាក់ទៀតយ៉ាងម៉េចទៅបន្ទាប់ពីនោះមក?
យុវជននោះសួរបន្ថែមហាក់ចង់ដឹងយ៉ាងខ្លាំង។ អ្នកគ្រូក៏តបវិញ។
-មិនជាយ៉ាងម៉េចទេ ឪពុកអ្នកគ្រូនោះ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ បន្ទាប់ពីការប្រព្រឹត្តកំហុសខុសឆ្គងដ៏ធំនោះទៅ គាត់ក៏ត្រូវបានផ្ដន្ទាទោសទៅតាមច្បាប់។ ចំណែកអ្នកគ្រូ និងប្អូនៗត្រូវបានអង្គការមួយយកមកចិញ្ចឹម ហើយអ្នកគ្រូបានរៀនសូត្រចប់ត្រឹមត្រូវទៅក៏សម្រេចចិត្តមកធ្វើការសហគមន៍នេះ។
ខណៈពេលកំពុងនិយាយនោះលោកអ៊ំសុខ ដែលជាអតីតមេភូមិនោះក្រោកមក ហើយក៏បន្ថែមមុននឹងបញ្ចប់កម្មវិធីថា៖
-ក្នុងនាមក្មួយៗជាយុវជន គួរតែយល់ដឹងឱ្យបានច្រើនពីបញ្ហានេះ ព្រោះក្មួយជាទំពាំងកំពុងលាស់ ហើយត្រៀមខ្លួនជាអ្នកបន្តវេនពីអ៊ំ លោកយាយលោកតា និងអ្នកគ្រូនៅទីនេះ។ ស្រាអាចបំផ្លាញ អ្វីៗជាច្រើនក្នុងជីវិតយើងនេះ។ បើតាមមេរៀនរបស់ព្រះពុទ្ធព្រះអង្គសម្ដែងទ្រង់ថា នៅពេលណាយើងប្រព្រឹត្ត ឬផឹកនូវសុរានេះហើយ វានឹងផ្ដល់ផលវិបាកឱ្យយើងដូចជា បាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ កើតមានជម្លោះវិវាទ បន្សល់ឈ្មោះអសោច និងគំរូមិនល្អ អាចបាត់បង់ស្មារតី និងជាពិសេសធ្វើឱ្យយើងជាប់រោគាផ្សេងៗទៀតផង។
ដូច្នេះត្រូវចាំថាស្រាផ្ដល់ផលមិនល្អសម្រាប់ខ្លួនយើងម្នាក់ៗ សម្រាប់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ ដូចរឿងគ្រួសាររបស់អ្នកគ្រូធីតាជាឧទារហណ៍អ៊ីចឹង។
បញ្ចប់សម្ដីត្រឹមនេះសំឡេងទះដៃបង្ហាញពីកាពេញចិត្ត។ ម៉ោង១០:១០នាទី កម្មវិធីត្រូវបានបញ្ចប់។ គ្រប់គ្នាបែកផ្លូវទៅផ្ទះរៀងៗខ្លួន នៅសល់តែយុវជនស្ម័គ្រចិត្ត ដែលកំពុងពេញកម្លាំងរៀបចំរើកន្លែងកម្មវិធី៕