រឿង Beauty and the Beast

កាលពីព្រេងនាយ មានបុរសពោះម៉ាយអ្នកមានស្តុកស្តម្ភម្នាក់ រស់នៅជាមួយកូនស្រីទាំងបីរបស់គាត់។ កូនស្រីច្បងទាំងពីរនាក់មានចរិតទំនើងចូលចិត្ត​ចំអកចំ អន់ឱ្យអ្នកណាដែលមិនមានលទ្ធភាព​ស្លៀកពាក់បានស្អាតៗដូចពួកគេ។

ដោយសារឳពុកជាអ្នកជំនួញ​មានលុយកាក់ច្រើន និងស្រលាញ់ទំយើរកូនដោយគិតថាកូនៗកម្សត់កំព្រា​គ្មាន​ម្តាយថែទាំ ពួកគេ​បានក្លាយជាមនុស្ស​ឱ្យតម្លៃលើសម្ភារៈ​និងនិយមតែ​នឹងការចំណាយទិញសំលៀកបំពាក់ អល្លង្ការ មួកស្អាតៗនានា មិនគិតសន្សំសំចៃ​អ្វីឡើយ។

លើកលែង​តែ​កូនស្រីពៅឈ្មោះ Beauty ជានារីជំទង់ស្ងប់ស្ងាត់ ចូលចិត្តអានច្រើននិងពិចារណាអំពីដំណើរទំនងនានា​លើពិភពលោកបង្កប់បានជាចំណេះដឹងនិងឬកពារយ៉ាងប្រសើរ។

ទោះបីជាយ៉ាងណា​នាង​តែងត្រូវបានរិះគន់ដោយបងៗថា៖

 “ គ្មាននរណាចង់បានឯងទៅជាកូនក្រមុំរបស់គេ​ទេ! ឯងនឹងនៅចាំទូសៀវភៅនិងបន្ទប់ចង្ក្រានរបស់ឯង ពេញមួយជីវិតនេះ​ទៅចុះ”

ពួកគេសើចទៀត​ថា “ មើលសក់ មើលទៅរបៀបតុងតែង​របស់ឯង មិនខុស​អ្វីគឺដូចជាក្មេងស្រីអ្នកបំរើ​!”

Beauty មិនដឹងពីមូលហេតុដែលបងៗតែងនិយាយរករឿងនាងទេ  ប៉ុន្តែនាងក៏មិនបាននិយាយតបតអ្វីដែរ​។

 ថ្ងៃមួយ ពុកនាង​បានទទួលដំណឹងអាក្រក់យ៉ាងខ្លាំងមួយគឺ​ កាប៉ាល់ទំនិញ​ដែលគាត់បានចំណាយប្រាក់ទាំងអស់ក្នុងផ្ទះនិងខ្ចីបុលមន្ត្រី យកទៅទិញ​ព្រំនិងគ្រឿងមានតម្លៃ​​ផ្ទុកចេញជួញដូរសមុទ្រមើលខុសត្រូវដោយមេការនិង​​ បានបញ្ជូនទៅជាមួយនូវទាសកររាប់សិប មនុស្ស​ជំនិតនានា អ្នកធ្វើការជំនួញ​ឱ្យដើរ​សមុទ្រ ធ្វើពាណិជ្ជកម្មបានជំពើបនឹងព្យុះធំបំផុតមិនធ្លាប់មាន​ ហើយ​ចុងក្រោយ​កប៉ាល់បានលិចលង់។ អ្វីគ្រប់យ៉ាងដែលផ្ទុក​នៅលើវា ជាញើសឈាមពេញ​មួយជីវិតរបស់គាត់ ត្រូវ បានបាត់បង់សូន្យទៅ ភ្លាមៗ រួមទាំងមិនមាន​លទ្ធភាព​សងបំណុលរដ្ឋផង ធ្វើឱ្យ​ភាពក្រីក្រឈានមកដល់មាត់ទ្វារវិមាន​។

គ្រួសារនេះមិនអាចបន្ត​ស្នាក់នៅក្នុងផ្ទះដ៏ធំរបស់ពួកគេបានទៀតទេ។ ផ្ទះ ក្តី តុនិងកៅអីល្អ ៗ និងរបស់របរ ទាំងអស់ត្រូវបានដាក់លក់សងបំណុល។

ពួកគេត្រូវបង្ខំចិត្ត ចាកចេញពីទីក្រុង ចរយាត្រា​គ្មាន​គោលដៅ ទៅរក​ស្នាក់នៅកន្លែងដែល​ផុតពី​អ្នកផងធ្លាប់បានស្គាល់គ្នា​នឹងពួកគេ។

ចុងក្រោយ​ដោយសារអាកាសធាតុរងារនិងគ្មានរទេះសេះ​ពួកគេ​ត្រូវបង្ខំ​ចិត្ត​ចូលស្នាក់​សំចត​ ក្នុងកូនខ្ទមតូចមួយនៅកណ្តាលទ្រូងព្រៃ។

ការរស់នៅក្នុងខ្ទមកណ្តាល ព្រៃ គ្មា​ឡកំដៅ មិនមែនជាអ្វីពួកគេធ្លាប់សាកទេ។ វាជាពេលវេលា​ដ៏លំបាកបំផុត​មួយ​ គ្មាន​កន្លែងគ្រប់ ការចម្អិនអាហារ​និងគេងនៅកន្លែងតែមួយ រងារគ្មានភួយគ្រប់និងគ្មានគ្រែរាបស្មើ។

រាល់ថ្ងៃ Beauty តែងតែបោសសំអាតនិងចេញរកផ្លែឈើអ្វីក្តីមកចំអែតបាន តែបងទាំងពីរអង្គុយយំត្អូញ​ខឹងព្រោះឃ្លាននិងគ្មានអ្នកបម្រើ។

ដោយសារ​ឳពុកឈឺ និង ខូចចិត្ត នាង​Beauty បានខិតខំធ្វើការងារទាំងអស់មិនហ៊ានមាត់អ្វីទេ​។ ទោះយ៉ាងណា​ប៉ុន្មាន​ថ្ងៃក្រោយមក ដំណឹងល្អបានត្រូវនាំសារមកដល់កណ្តាលព្រៃ។ មនុស្សជំនិតម្នាក់បានមករកពួកគេឃើញ​ ដោយប្រកាសថា​កប៉ាល់របស់ឳពុកបានមកដល់ច្រាំងមិនបានខូចបង់ទេ។

ឳពុកឮហើយ​សប្បាយចិត្តជាខ្លាំង​និយាយទៅកាន់អ្នកទាំងបីថា

“ កូនស្រីអើយ ខ្ញុំនឹងទៅទីក្រុងរង់ចាំទទួលមេការនិងកាប៉ាល់ទំនិញយើង! ប្រាប់ខ្ញុំមកចុះ ពីអំណោយល្អបែបណាដេលកូនៗចង់បាន ជំនួសឱ្យសេចក្តីរងារស្រេកឃ្លាន​គ្រានេះ  អ្វីក៏ពុកនឹង​រកមកឱ្យអ្នកដែរ​”

បងស្រីច្បងឮហើយស្រែក​ថា៖

 “កូន យកសំលៀកបំពាក់ថ្លៃជាងគេពីហាងឥណ្ឌាដែលមានសូត្រ​ល្អដូចម្ចាស់ក្សត្រីមកប្រើជិះរទេះសេះហែរវិលចូលទីក្រុង​” ។

ឮហើយ​បងស្រីកណ្តាលបានច្រណែន​ខ្លាំង​ក៏​និយាយឡើងដែរថា៖

“ ខ្ញុំចង់បានម្កុដពេជ្រមួយស្អាតជាងគេ​ធ្វើឡើងដោយជាង​វិចិត្រ!»

ពុកងក់ក្បាលដោយងាកមករកកូនពីសួរនាង​៖

«ហើយអ្នកវិញ​Beauty »

កូនពៅ​រូបនេះ​បានគិតថា ពុកនាង​ចាស់ហើយនាងមិនចង់ចំណាយ​មិនចង់ឱ្យគាត់ពិបាកធ្ងន់យកវាមកឱ្យនាងនូវអ្វីទាំងអស់។ ម្ល៉ោះហើយនាង​និយាយឡើងថា៖

“ អ្វីដែលខ្ញុំចង់បាន ផ្កាកុលាបតែមួយទងគត់ណាពុក”

“ ស្តាប់មើល​ចុះ មនុស្ស​លាក់ពុត​ ជឿនាងទេ?” បងស្រីច្បងបាននិយាយចំអក។

“ ឆ្កួតអី!” បងស្រីកណ្តាលបាននិយាយបន្ទរ​បន្ទាប់មកពួកគេទាំងពីរសើចខ្លាំងៗដើរចេញ​ចោលនាង​ដែលរៀបចំខោអាវក្រាស់ពាក់ឱ្យឳពុក​។

ឪពុកនាង​វិញ​មិនបាននិយាយចំអកឬឆ្ងល់អ្វីទេ គាត់ឆ្លើយថា​៖

 “ ប្រសិនបើនោះជាអ្វីដែលកូនចង់បាន ពុកនឹង​រកមកឱ្យមិនខាន​”

គាត់បាន​វិលទៅទីក្រុង និងកំពង់ផែហើយ​រៀបរយគ្រប់យ៉ាង​ ព្រមទាំង​ទិញ​បានអ្វីៗផ្ញើកូនស្រីច្បង​ទាំងទ្វេផង​ដែរ។ ពេល​កំពុងធ្វើដំណើរជិត​ទៅដល់ព្រៃគាត់បានប្រាប់មនុស្សជំនិតថា សម្រាកសិនទៅ​ខ្ញុំចេញក្បែរៗ​រកអ្វីម្យ៉ាង​សម្រាប់កូនពៅខ្ញុំ។

គាត់ចាកចេញ​បានបន្តិច បម្រុង​រកសួរអ្នកភូមិរឿងផ្កា​កុលាបសម្រាប់កូនស្រីពៅ ដែលកាល​នៅផ្សារគ្មាន​លក់​ទាល់តែសោះ ភ្លាមៗនោះមេឃប្រែទៅជាខ្មៅអួរអ័ព្ទចម្លែក។

 “ អូ ព្យុះកំពុងមកដល់ហើយកូនខ្ញុំអើយ!”

មួយសន្ទុះក្រោយមកមានភ្លៀងធ្លាក់យ៉ាងខ្លាំង ពីលើមេឃ។ ដោយសើមនិងអស់កម្លាំងពេកគាត់រកមើលទីសម្ងួតកាយនិងសុំគេសម្រាក។ ពុកបានឃើញពន្លឺភ្លឹបភ្លែតៗពីចម្ងាយ។ គាត់បព្យាយាម​ដើរឆ្ពោះទៅប្រភពនៃ​ពន្លឺដោយសង្ឃឹមថា មុខតែ​មានកន្លែងខ្លះទំនេរ​ដែលគាត់អាចសុំទម្រេត​កក់ក្តៅនៅពេលយប់នេះសិន។

នៅពេលគាត់ទៅមុខ​បានបន្តិច​ក៏បានឃើញវិមានដ៏ធំមួយ ដែលមានទៀនបំភ្លឺ​នៅសឹង​គ្រប់សសរគោម​និង​បង្អួច។ វាចម្លែកណាស់ ដែលគ្រប់យ៉ាងស្ងប់ឈឹង។

ប៉ុន្តែខ្លោងទ្វារសួនច្បារបើកចំហចោល​។

 ដូច្នេះដោយប្រយ័ត្នប្រយែងបុរស​ជា​ឳពុកបានដើរចូលមក។

“ សួស្តី?មានអ្នកយាម​ទេ” គាត់​បានពោល​ស្រែក​សួរ ច្រើនដងបន្ទាប់ពី គ្មាន​ចម្លើយ។

នៅចំពោះមុខ គឺជាប្រសាទដ៏ធំមួយ ចំហរជញ្ជាំងនិង​មាន​តុវែងមួយពេញដោយអាហារនិងទឹក​។ ដោយត្រេកអរគាត់សួរទៀត​ថា “ សួស្តី?” ម្តងហើយ​ម្តង​ទៀត នៅតែគ្មានចម្លើយ។

មិនបង្អង់អ្នកជំនួញជាពុកក្មេងស្រីទាំងបី​បានទៅ​អង្គុយនៅមុខឡភ្លើងធំមួយ កណ្តាលប្រាសាទ​ដើម្បីកំដៅខ្លួន សម្ងួត​ខ្លួន​ហើយគាត់រង់ចាំម្ចាស់គេ​មក។ ប៉ុន្តែនៅតែគ្មាននរណាម្នាក់មកបង្ហាញខ្លួនទេ។

ចាំយូរពេក ខោអាវក៏ស្ងួតដែរ។ គាត់មើលទៅព្រិលធ្លាក់នៅខាងក្រៅ​ដោយនិយាយឡើងថា៖

 “ ខ្ញុំស្មានដឹងថា វាមិនអីនោះទេ ប្រសិនបើខ្ញុំស្នាក់នៅមួយយប់” ។
 គាត់បានក្រោក​រំពៃយ៉ាងរហ័សចេញ​ពីកន្លែង​វាល​នោះនឹង​បានរកឃើញទីតាំងមួយ​នៅកាច់ជ្រុង​កក់ក្តៅហើយក៏ដេកលក់យ៉ាងលឿនព្រោះហត់នឿ។

នៅព្រឹកបន្ទាប់គាត់ដឹងខ្លួនឡើង កូរពោះខ្លាំង​អនេក​ព្រោះថាព្រឹកហើយ​។ បុរសបានរត់មកដល់តុវែងកាលពីយប់មិញ បានឃើញ លើកនេះមានអាហារពេលព្រឹកពេញប្រៀបទៀត។ ជាថ្មីម្តងទៀតគាត់មាន​អារម្មណ៍​ថាគ្រប់យ៉ាងចម្លែកបំផុត!

«គ្មាននរណានៅក្បែរនេះពិតមែនឬ អាហារនេះមកពីណាទៅ?!»

គាត់គិតចុះឡើង នៅតែមិនដាច់ចិត្ត​ហូប​ក៏សម្រេចចិត្ត​ថា“ ខ្ញុំគិតថាខ្ញុំគួរតែចាកចេញទៅផ្ទះវិញល្អជាងព្រោះមិនឃើញម្ចាស់គេសោះ” ។

នៅតាមផ្លូវគាត់បានឆ្លងកាត់សួនច្បារធំមួយ​ស្រស់បំព្រង។ ផ្កាកុលាបជាច្រើន​បានរំឮកគាត់ឡើងវិញ​អំពីអ្វី​ដែលកូនពៅបានផ្តាំ។

​ គាត់បានសម្រេចចិត្ត​ថា ៖

“ ខ្ញុំនឹងកាច់យកតែមួយទងទេ!»

គិត​ ហើយគាត់បានជ្រើសរើសយកផ្កាកុលាបស្អាតមួយ​ ហើយកាច់វា ថ្នមៗ។

ភ្លាមៗ​នោះសព្ទសំលេងថ្ងូរគ្រហឹម​គួរឱ្យព្រឺខ្លាចមួយ​លាន់ឡើងពីក្រោយគាត់។

មនុស្ស​ណាម្នាក់សមជាបិសាចទេសំឡេងនេះ គឺជាសំលេងគ្រហឹមគ្រោតគ្រាតថា៖

 “ អ្នកឯងបានលួចយកផ្កាកុលាបរបស់យើង!”

ឳពុកចំណាស់បះជើងដួលព្រោះភ័យ គាត់សម្លឹងជុំវិញខ្លួនឃើញថា​ នៅពីមុខគាត់គឺជាបិសាចដ៏ធំនិងគួរឱ្យខ្លាចមួយបង្ហាញកាយយ៉ាងកំណាច់ណាស់។

គាត់លើកដៃរារាំងការពារខ្លួនទាំងភ័យហើយស្រែកអង្វរ៖

 «ខ្ញុំ … ខ្ញុំសុំទោស!ខ្ញុំមិនបានដឹងថា ​ផ្កាទាំងនេះមានម្ចាស់ទេ ទីនេះពេញមួយយប់គ្មានអ្នកណាឡើយ។

បិសាចដែលមាន​រូបរាងជាមនុស្ស​អាក្រក់មើលហើយធំជង្គ្រោង មានកែវភ្នែកកាចសាហាវ ទឹកមុខជ្រីវជ្រួញ រោមក្រាស់ឃ្មឹក បានស្រែកសន្ធាប់ឡើងថា៖  “ហួសពេលគេចវ៉េសហើយ អ្នកឯង​នឹង​ស្លាប់!”

អ្នកជាឳពុកបានលុតជង្គង់ចុះហើយបានអង្វរឡើង៖

 “ កុំសម្លាប់ខ្ញុំអី! ខ្ញុំរើសតែផ្កាកុលាបមួយទងសោះ ជូនដល់កូនស្រីពៅខ្ញុំប៉ុណ្ណោះ”

«អញ្ចឹងតើអ្នកមានកូនស្រីពិតមែនឬ?” មនុស្ស​រូបរាងចម្លែកបាននិយាយបញ្ជាក់។

តាចាស់ឆ្លើយភ្លាមដោយរញីរញ័រថា៖

«បាទ នេះជាផ្កាដែលនាងប្រាថ្នាចង់បានទាន!»

 មនុស្ស​រូបរាងបិសាចគ្រហឹម៖

«យើងនឹង​លើកលែងជីវិត​តាឯងវិញបាន ប្រសិនបើ ម្នាក់ក្នុងចំណោមកូនស្រី​តាឯងនឹងយល់ព្រមមក​ ស្នាក់នៅទីនេះ ក្នុងវិមាននេះ ហើយ​តាឯងនឹងមានសេរីភាព។ »

ពេលគាត់ស្រលាំងកាំងគ្មានពាក្យស្តី បិសាចសន្ធាប់ថា៖

«ទៅវិញចុះ ហើយបញ្ជូនកូនស្រីមកជំនួស បើមិនអញ្ចឹងទេ បីខែទៀតមិនឃើញអ្នកឯងវិលត្រឡប់មកវិញ យើងនឹងទៅរកអ្នកឯងដាក់ទោសមួយគ្រួសារអ្នកឯងដល់ជីវិត”

នៅពេលដែលនិយាយចប់​ក៏ផ្លុំភឹង ឳពុកវិលខ្ញាល់ក្នុងផ្សែងខ្មួល​មុនពេលឃើញ​ខ្លួនឯងមកដល់ផ្ទះជាមួយផ្កាក្នុងដៃ។ Beautyចេញមួយទទួលឳពុកដោយអំណរ ហើយ​ទទួលយកផ្កាទៅថែរក្សាទុក។

ពីរបីថ្ងៃរំលងក្រោយមក នាងពៅបាន​សង្កេតឃើញថា ពុកខ្លួនមិនពិសារអាហារ និងគេងមិនលក់ ដើរចុះឡើង ដកដង្ហើមធំ ភ្នែកស្រពាប់ស្រពោនណាស់។​ នាង​ដឹងច្បាស់ថា អាចមានអ្វី ខុពីប្រក្រតី​កើរមានលើគ្រួសារខ្លួនហើយ​ចំណែកបងៗដឹងតែពីសប្បាយ​នឹងខោអាវ​ការសោយសុខ។

“ ពុកឈឺឬមានរឿងអ្វី?»

នាង​បានទៅជួបគាត់ម្នាក់ឯងហើយ​​និយាយសួរដេញដោល។ ឳពុក​បាននិយាយតបវិញថា៖

“ គ្មានអ្វីទេកូន” ។

ប៉ុន្តែនាងដឹងថា គាត់លាក់បាំងការពិតមិនឱ្យកូនស្រីដឹងនាំខ្វល់ខ្វាយជាមួយ។

«បើលោកពុកមិនចែករំលែកបញ្ហាជាមួយ​កូនស្រី កូននឹងមិនហូបអ្វីដូចគ្នា!»

នៅទីបំផុតឳពុកក៏មិនអាច​លាក់កំបាំងម្នាក់ឯងទៀតបានពិតមែន។ អ្នកជំនួញ​បានរឿងរ៉ាវអកុសល​នៅវិមាន​បិសាច ដល់កូនស្រីពៅ​របស់គាត់ និង​នូវអ្វីដែលសត្វសាហាវបានដាក់កំហិត។

កូននឹងទៅ! Beauty និយាយ “ រឿងទាំងអស់នេះកើតឡើងដោយសារតែខ្ញុំសុំឱ្យពុកយកផ្កាកុលាបមក  ខ្ញុំនឹងទៅកាន់ទៅទីនោះទទួលទោស​ជំនួសពុក”

“ ទេៗៗៗៗ ពុកមិនអនុញ្ញាតដាច់ខាត!»

ថាហើយ​គាតបង្អន់សំឡេង​លួងលោមនាង​ដែលកំពុងតែ​យំសោកថា ៖

 “ កូនអើយ ពុកនេះ​ចាស់ហើយ ខ្ញុំមិនមានអាយុរស់នៅឯណាបានវែងឆ្ងាយទៀតទេនឹងសោកស្តាយអ្វី?  កូនស្រីនៅក្មេងខ្ចី នឹងមានអនាគត​ល្អ មិនគួរទឡៅកន្លែងបែបនោះឡើយ!»

តែនាងមិនបានប្តូរគំនិតទេនាងបានស្រែកឡើងថា អ្ហេ៎បិសាចម្ចាស់ផ្កា អ្នកនៅឯណា ខ្ញុំជាកូនរបស់បុរសចំណាស់ដែលកាច់ផ្កាអ្នកឯង។

“ អញ្ចឹង នាង​ជាកូនស្រីរបស់អ្នកកាច់ផ្កា​នោះមែនទេ?”

បិសាចបង្ហាញខ្លួន​ខ្ទរខ្ទារហើយនិយាយសួរដោយ​សម្លឹងមើលសម្រស់របស់នាង​Beauty ។ ចំណែកនាងពៅវិញឃើញបិសាចហើយ​តក់ស្លុតដែរតែនាងខំធ្វើរឹងមាំដើម្បីការពារជីវិតសង្ខារឳពុកជរា។ នាង​ឆ្លើយតបហាក់កា្លហានថា៖

«ចា៎ គឺ​ខ្ញុំនឹងហើយ​! បានជាគាត់សុខចិត្ត​ល្មើសលើសួនកម្មសិទ្ធិតរបស់អ្នក! ខ្ញុំស្បថព្រមទៅនៅទីនោះជំនួសយក​សេរីភាពពុកខ្ញុំមកវិញ! កុំភ្លេចសម្បថរបស់អ្នក!»

“បាន!” បិសាចស្រែក​ឡើង​ហើយស្រូបទាញនាង​យកទៅបាត់ឈឹងពីផ្ទះ។

ច្រើនថ្ងៃបានកន្លងផុតទៅ ហើយគ្មាននរណាម្នាក់ដឹងដមណឹងពីកូនស្រីពៅអ្នកជំនួញ​ទេ។

នាង​ត្រូវបាន​បិសាចនាំមកដល់មហាវិមាន​មួយ ដែលធំខ្លាំង​និង​ស្ងាត់សូន្យសុងមានតែនាង​ហើយនឹងគេ។

គ្មាន​អ្នកណា​សម្រាប់Beautyអាច​នឹង​និយាយសារសព្ទទុក្ខាជាមួយនៅទីនេហឡើយ។

ជារៀងរាល់យប់ នៅម៉ោងប្រាំបួនបិសាចតែងបង្ហាញ​ខ្លួន នឹងមករកអាហារពេលល្ងាចលើតុដ៏វែងរបស់គេ​។

អាហារ​នោះគឹលេចឡើងមកស្រាប់ដូចជាមន្តអាគម ។

ដំបូងឡើង​ បិសាច​អង្គុយមើលនាង​យំនឹកផ្ទះ​មិនចង់ហូបអាហារ​ តែនាងមិននិយាយត្អូញ​ត្អែរ​អ្វីទេ។ យ៉ាងណាមិញវាមិនមែនជាការងាយស្រួលឡើយ​ក្នុងការធ្វើជាអ្នកទោស បើទោះបីជាបិសាចមើលទៅមិនធ្វើអ្វីនាង​ហើយ នៅវិមាននេះ​មានគ្រប់យ៉ាង​ប្រណីតភាពក៏ដោយ។

បិសាចបានសំណូមពរឱ្យនាងញញឹមតែនាង​មិនអាចធ្វើព្រោះទុក្ខា។ ពេលមួយទៀត បិសាច​គបានធ្វើអត្ថាធិប្បាយស្នេហា​មកលើនាង តាមរយៈភាសា​កែវភ្នែក។

 បន្ទាប់ពីនោះមក​បិសាចតែង​តែមកយកចិត្ត​ទុកដាក់នឹងសួរនាំ និយាយលេងជាមួយ​នាងរាល់ថ្ងៃហើយថ្ងៃមួយនាង​បានភ្លេចទុក្ខព្រួយសៅហ្មង ស្លុងនិយាយលេងរឿងនានា​ដែលនាង​បាន​អាន​ ឬនិយាយលេងសើចនឹងបីសាចវិញ​។

មិនយូរប៉ុន្មាន Beauty បានត្រូវមិត្តបីសាចរបស់នាងនាំមកដល់ផ្នែកមួយនៃវិមាន ដែលសម្ងាត់ហើយ​នាងមិនធ្លាប់បានឃើញពីមុនមក។

 នៅលើទ្វារមួយមានសញ្ញាមួយដាក់ថា“ បន្ទប់សម្រាប់ព្រះនាងBeauty ” ។ ទ្វារបានបើកឯកឯង។ នៅខាងក្នុងបន្ទប់មានធ្នើរដាក់សៀវភៅ ច្រើនសន្ធឹកគរ​ដល់ពិដាន មាន​ព្យាណូនិងទូសំលៀកបំពាក់ស្អាតៗត្រូវល្មមនឹង​ទំហំរាងកាយ​របស់នាង។

គ្មានអ្វី​ឱ្យនាងសប្បាយនឹងលោតរាំស្មើពេលនេះឡើយ។

នាង​ស្រែកអរគុណហើយឱបបីសាចពេញខ្លួន។

លុះអាហារពេលល្ងាចបិសាចហូបដោយរីករាយជាមួយនាងមុនពេល​បិសាច បានសម្រេចចិត្ត​ក្នុងការ​និយាយសារភាពឡើងថា៖

“Beautyដ៏មាន​ សម្រស់អើយ ខ្ញុំស្រឡាញ់អ្នកណាស់​ តើអ្នកនឹងរៀបការជាមួយខ្ញុំទេ?”

នាងពៅ​ហាក់ភ្ញាក់ផ្អើលចំពោះសំណូមពរនេះ​ នាងបាននិយាយតបថា៖

«បិសាច​ដ៏ល្អ ស្លូតបូត អ្នកគឺជាមិត្តល្អបំផុតរបស់ខ្ញុំ! តែសូមយល់ផងចុះខ្ញុំមិនចង់ឱ្យអ្នករៀបការជាមួយខ្ញុំទេ”

ទោះយ៉ាងណា បិសាច​រក្សា​ការ​តាមសួរនាងដូច្នេះ​រហូត​តទៅជាបន្ត​ បន្ទាប់នៅសឹងរាល់គ្រា​ដែលទាំងពីរប្រាណ​បាន​រួម​អាហារពេលល្ងាច។ រាល់ពេលBeauty ក៏ឆ្លើយ​ដូចគ្នាដដេលៗជាដដែល​។ នៅយប់មួយបីសាចនិយាយផ្សេងវិញថា៖

«Beautyបើអ្នកមិនរៀបការជាមួយខ្ញុំ តើខ្ញុំអាចធ្វើអ្វីដើម្បីឱ្យអ្នកសប្បាយចិត្ត?”

នាងអរណាស់ ឆ្លើយ​តបថា៖

«គឺពេលណា​ដែលខ្ញុំបាន ទៅជួបលោកពុកខ្ញុំ។ ខ្ញុំ​នឹក​គាត់​ខ្លាំង​ណាស់។”

បន្ទាប់មក បិសាច បានបង្ហាញ​ចេញនូវវត្ថុវេទមន្តពីរ គឺកញ្ចក់វេទមន្ត១ និងចិញ្ចៀនវេទមន្ត១។  បិសាចដាក់វាក្នុងដៃនាងដោយ​និយាយថា៖

« ប្រសិនបើអ្នកចង់ឃើញពុករបស់អ្នក គ្រាន់តែសួរកញ្ចក់វេទមន្ត វានឹង​បង្ហាញស្ថានភាពរបស់​គាត់ដល់អ្នកមិនខាន​។ ប្រសិនបើអ្នកត្រៀមខ្លួនត្រលប់ទៅផ្ទះវិញ សូមបង្វិលចិញ្ចៀនវេទមន្តនៅលើម្រាមដៃរបស់អ្នកបីដង ហើយសុំឱ្យនាំអ្នកទៅទីនោះ។ នៅពេលដល់ពេលត្រូវត្រលប់មករាជវាំងវិញសូមបង្វិលចិញ្ចៀនបីដងទៀត ហើយសុំឱ្យវិលត្រឡប់មកទីនេហ​វិញ។ ប៉ុន្តែកុំនៅលើសពីមួយសប្តាហ៍!»

«ហេតុអ្វី?!»

« ខ្ញុំនឹងស្លាប់ដោយសារទុក្ខព្រួយ!”

បិសាចឆ្លើយ​ដោយស្រពាប់ស្រពោនបង្ហាញ​ការនឹករឮកចំពោះនាង​។

Beauty បានងក់ក្បាលយល់ព្រមនឹង​លក្ខខ័ណ្ឌទៅតែ​ត្រឹម​មួយសប្តាហ៍នេះ ។ ពេលនោះនាងប្រញាប់​បង្វិលចិញ្ចៀនបីជុំហើយសុំឱ្យជូននាង​វិល​ត្រលប់មកផ្ទះវិញ។

មួយប៉ព្រិចភ្នែក នាង​បានឃើញ​ខ្លួនឯងវិលមកដល់និង​ស្ថិតក្នុងបន្ទប់ឯផ្ទះវិញហើយ។ នៅទីនោះនាង​លែងសប្បាយចិត្ត​កើតហើយ​ព្រោះពុកនាង​កំពុង​នៅលើគ្រែ ហើយមើលទៅឈឺធ្ងន់ណាស់។

ពេលឃើញ​នាងបានវិល​ត្រឡប់មកវិញដោយសុវត្ថិភាព សេចក្តីអំណរបានញាំងឱ្យ ពុកនាងក្រឡេកមើលមកទាំងអរភើត​ហើយ​ឈប់​ ឈឺជំងឺផងទាំងអស់។

Beauty បាននៅក្បែរគ្រែអ្នកមាន​គុណ ហើយ​និយាយរៀបរាប់បណ្តា​រឿង​ទាំងអស់ល្អៗ​ដែលខ្លួន​បាន​ទៅ​រស់នៅ កក់ក្តៅនិង​ហូបឆ្អែតមានសៀវភៅល្អៗ​អាន​និងមានគ្រប់យ៉ាងដូចជារាជនីនៅទីនោះ។

ពេលឮនាង​ប្រាប់គាត់ថា នាងមានសៀវភៅទាំងអស់ដែលនាងអាចអានបាន មាន​ភ្លេងលេងនិងរ៉ូបស្អាតៗដែលត្រូវពាក់មិនចេះអស់​និងថាបិសាចនោះមាន​វេទមន្ត​អាចមានអ្វីៗគ្រប់យ៉ាងឱ្យនាង ថែមទាំង​ មិននិយាយឬធ្វើអ្វីអាក្រក់ទាំងអស់ ។

ពេលនោះ ពុកនាងក៏បាន​ប្រាប់អំពីរឿងរ៉ាវក្នុងផ្ទះដែរថា ​បងស្រី​ពីរនាក់របស់នាង​ ​បានរៀបការចេញទៅជាមួយពួកបុរសអ្នកមាន​ ចោល ឱពុកខ្លួន​រស់នៅឯកា​ ។ កូនច្បង​បាន​រៀបការជាមួយបុរសសង្ហាម្នាក់ដោយឥតប្រយោជន៍ដែល មិនបានចេះគិតអ្វី ចាយតែមរតក៌​ចំណែក​ បងស្រីកណ្តាល បានរៀបការជាមួយបុរសម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃប៉ុន្តែចិត្តកំណាញ់ធ្វើមិនល្អដាក់មនុស្សម្នាទេ។

នៅពេលដែលឳបុកបានប្រើអ្នកបម្រើឱ្យទៅតាម​បងៗមក​ពួកគេ​សម្គាល់ឃើញប្អូនស្រីពៅ មកដល់ផ្ទះជាមួយការ ស្លៀកពាក់ប្រនីតដូចស្តេចស្រីនិងនិយាយអំពីម្ចាស់វិមាន​ដែលសែន​ល្អចំពោះនាង ពួកគេបានច្រណែន និងមានឧបាយមួយ។

ពេលឮBeautyប្រាប់ពួកគេថា នាងត្រូវស្នាក់នៅមិនលើសពីមួយសប្តាហ៍បងប្អូនស្រីទាំង២បានរៀបចំផែនការ។

ពួកគេ ធ្វើពុតជា​ចូលចិត្តប្អូនហើយនិយាយពាក្យល្អ ៗ ដែលពួកគេមិនធ្លាប់ប្រើ ពីមុនមកសោះ។ នៅពេលនាងប្រាប់ពួកគេថា នាងត្រូវទៅឆាប់ៗពួកគេបានយំសោក​និយាយថានាងមិនត្រូវចាកចេញទេ។ នៅសល់ពេលច្រើនណាស់ ដែលពួកគេចង់ឃើញ​និងនៅស្និទ្ធជុំជាមួយនាង ហើយហេតុអ្វីបានជាពីរបីថ្ងៃពន្យារមិនបាន​?​ ដូច្នេះBeauty បានលង់ជឿហើយ​បន្ត ស្នាក់នៅ។

នៅយប់មួយ នាងស្រាប់តែមានសុបិនបិសាចម្ចាស់វិមាន​ផ្កាថា កំពុងដេក​ឈឺហើយជិត​ស្លាប់។ នៅពេលដែល Beauty ភ្ញាក់ដឹងខ្លួនឡើង នាងបានសុំកញ្ចក់វេទមន្តដើម្បីបង្ហាញនាងពីស្ថានភាព​ពិតនៅវិមាននោះ។

ភ្លាម​ៗ ​នៅក្នុងកញ្ចក់បង្ហាញ​សភាព​បិសាច ដេក​ស្តឹកម្នាក់ឯងឯកោនៅក្នុងសួនផ្កាកុលាបមើលទៅហាក់ឈឺធ្ងន់ណាស់ដូចមនុស្ស​ដែលហៀបនឹងស្លាប់។

 ក្នុងពេលនោះ នាង​មិនបានគិតអ្វី​ទាំងអស់ គ្រាន់តែ​បង្វិលចិញ្ចៀនវេទមន្តបីដងនិយាយឡើងថា៖

 “ នាំខ្ញុំត្រលប់ទៅវិមាន​បិសាចវិញ!”

មួយសន្ទុះនាងបានមកដល់ទ្វារវិមាន​ហើយ​រត់សំដៅបិសាច​ដែលកំពុងដេកក្បែរសួន។ នាង​អង្គុយក្បែរបិសាចដែល​នៅដកដង្ហើមបានផ្តឹកៗ។

«អ្នកមកវិញហើយ!” បិសាច​និយាយខ្សាវៗដោយមានអំណរ​ក្នុងគ្រាប់ភ្នែក។

“ខ្ញុំសុំទោសដែលខ្ញុំមកយឺត!” នាង​បាននិយាយទាំងយំអាណិត។

“ ខ្ញុំមិនអាចទ្រាំបានទេចំពោះរឿង​ដែល​ថា អ្នកមិនត្រលប់មករកខ្ញុំវិញ! វាយឺតពេលហើយសម្រាប់ខ្ញុំឥឡូវនេះ” ។ ភ្នែករបស់បីសាច​ ត្រូវបានបិទបន្តិចម្តងៗខ្សោះខ្សោយ​។

“ ទេ!” Beautyបានស្រែកយំទ្រហ៊ោឡើងថា  “កុំ​ចាកចេញ​ពី​ខ្ញុំ!”

ពេលនោះនាងដឹងក្នុងចិត្តថា អ្វីទៅជាការពិតក្នុងបេះដូងខ្លួនឯង នាង​មិនចង់ព្រាត់បិសាចនេះទេ ។

 “ខ្ញុំ​ស្រលាញ់​អ្នក!” នាងបានស្រែកឡើងហើយយំផង  “សូម​ត្រលប់​មកវិញ​មក! បើអ្នកគ្រាន់តែត្រឡប់មកវិញកាលណា ខ្ញុំនឹងរៀបការ​ក្លាយជាប្រពន្ធរបស់អ្នក”

 ទឹកភ្នែកបានហូរចុះពីថ្ពាល់របស់នាងហើយស្រក់ទៅលើបិសាចដែលនាងឱប នៅពេលនោះបិសាច​បានបើកភ្នែកមកវិញសន្សឹមៗ សម្លឹងនាង។ នាង​អរណាស់ហើយញញឹម ខណៈដែល​រាងកាយគេបន្តិចម្តងៗ​ប្រែផ្លាស់ប្តូរមកជាព្រះអង្គម្ចាស់សង្ហាមួយអង្គ។

Beautyលែងដៃ ភ្លាម​ព្រោះមិនដឹងថាមានអ្វី​កើតឡើងទេ។

នាង​ថយក្រោយដោយភ័យ។

“ អូ មនុស្សជាទីស្រលាញ់អើយ!”  

យុវក្សត្រានោះនិយាយឡើង ហើយប្រាប់នាងពីរឿងពិតរបស់ទ្រង់ថា  ជាច្រើនឆ្នាំមកហើយ ទេពអប្សរអាក្រក់មួយបាន​មកដាក់បណ្តាសារ​លើទ្រង់​ឱ្យរាជវាំងនេះ​គ្រប់នាម្មឺន និងទាសករ​ក្លាយជា​ថ្មនិង​រូបចម្លាក់​ប៉ានពែង​សម្ភារៈ​ចំណែកឯង​ទ្រង់បានក្លាយជាបិសាច​អាក្រក់មើល ។​លុះណាតែមាន​នារីណាម្នាក់ពេញដោយបេះដូងបរិសុទ្ធ​ ព្រមមករៀបការនិងស្រលាញ់បិសាចអស់ពីបេះដូងពិតមែន ​ទើបរួចខ្លួនពី​បណ្តាសារនោះវិញ។

ដូច្នេះហើយ​រាជវាំងនេះបានអ៊ូរអរទៅដោយ​មនុស្សម្នា ជានគររុងរឿងមួយដូចកាលពីដើម ឡើងវិញ។ Beautyនិងក្សត្រា​ក៏បានអភិសេក​អ៊ឹកអាធឹក​និងបន្ត​រស់នៅដោយសប្បាយរីករាយជារៀងរហូត។