រឿង៖ ព្រហ្មចារី២

“គ្រូពេទ្យ! គ្រូពេទ្យសូមជួយកូនខ្ញុំផង!” សំឡេងអ្នកម្តាយវ័យក្មេងកំពុងតែទ្រហោយំបណ្តើរ ស្រែកអង្វរហៅគ្រូពេទ្យបណ្តើរ។ សភាពរបស់នាងពេលនេះមិនខុសពីនាងបដាចារនោះទេ សក់រញ៉េរញ៉ៃគ្មានសណ្តាប់ធ្លាប់ មុខខ្មៅអែសុទ្ធតែមុននិងជាំ ខុសប្លែកពីពេលមុនឆ្ងាយណាស់។ នារីក្រមុំដែលមានមុខមាត់ស្អាតពីធម្មជាតិដោយមិនបាច់ប្រើជាតិគីមី ឥឡូវប្រែក្លាយទៅជាមនុស្សដែលឆាប់ចាស់មុនអាយុ។
“ប្អូនកុំបារម្ភអី! ប្អូននៅឱ្យស្ងៀមសិនទៅចាំខាងខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព!” និយាយរួចអ្នកគ្រូពេទ្យក៏យកកូនរបស់គន្ធាចូលទៅបន្ទប់ខាងក្នុងបាត់ទៅ។
គន្ធាតាមសម្លឹងកូនរបស់នាងរហូតដល់លែងឃើញ។ អ្នកមេម៉ាយអង្គុយយំបណ្តើរ បន្ទោសខ្លួនឯងបណ្តើរ “ គ្រាន់តែកូនម្នាក់សោះ ហេតុអីបានជាឯងមើលមិនកើតហ្អាសគន្ធា? ឯងជាម្តាយដែលគ្មានបានការ ឈ្មោះជាម្តាយ តែមិនបានបំពេញតួនាទីឱ្យបានល្អ! ហ៊ឺ…”
នាងជូតទឹកភ្នែកបន្តិចក៏នឹកឃើញបន្ទោសខ្លួននូវរឿងបន្ទាប់ទៀត “ ហេតុអីបានជាខ្ញុំកើតឡើងក្នុងគ្រួសារលំបាកអីយ៉ាងនេះ? ខ្ញុំព្យាយាមបំផុតហើយ តែបញ្ហាវានៅតែមកតាមខ្ញុំដូចជាស្រមោលទៀត ឬក៏ជាតិនេះខ្ញុំត្រូវប្រើជីវិតបែបនេះជារៀងរហូត!”
“យ៉ាងម៉េចហើយកាធា! ចៅអញយ៉ាងម៉េចហើយ?” …..
នាងភ្ញាក់ព្រើតចេញពីការស្រមើស្រមៃពីរឿងអតីតកាល រួចយកខ្នងដៃជូតទឹកភ្នែកចាស់ចេញទាំងដែលទឹកភ្នែកថ្មីកំពុងតែបន្តស្រក់មក។ “មិនទាន់ដឹងទេម៉ែ ពេទ្យគេកំពុងតែពិនិត្យមើលនៅឡើយ!”
“លើកក្រោយនៅមើលថែទាំកូនឱ្យបានល្អទៅ មិនចាំបាច់ទៅស៊ីឈ្នួលដកស្ទូងឱ្យគេទេ! កាធាឯងនៅសសៃខ្ចីនៅឡើយ តិចទាស់ទៅ ពិបាកកាន់តែខ្លាំង”
“ម៉ែ!…បើខ្ញុំមិនទៅទេ តើខ្ញុំមានលុយឯណាទិញម្ហូបជាប្រចាំថ្ងៃនោះម៉ែ? ម៉ែក៏ដឹងដែរថាខ្ញុំគ្មានមុខរបរអ្វីក្រៅពីដើរស៊ីឈ្មួលគេដោយប្រើកម្លាំងដើម្បីរស់មួយគែៗនោះទេ”
“អញដឹងហើយ! តែចាំឱ្យរឹងដៃរឹងជើងជាងហ្នឹងបន្តិចទៅក៏វាមិនអីដែរ!…”
“សូមសាច់ញាតិរបស់ក្មេងចូលមកខាងក្នុង!”សំឡេងគ្រូពេទ្យម្នាក់បន្លឺឡើងកាត់ប្រសាសន៍របស់មីងលី។ គន្ធានិងម្តាយរបស់នាងសម្លឹងមើលមុខគ្នារួចក៏ដើរចូលទៅតាមអ្នកគ្រូ ទាំងមិនសូវជាប្រាកដចិត្ត។
“ក្មេងនេះមានជំងឺរលាកបំពងក! សូមអ៊ំនិងប្អូនស្រីមើលថែគេឱ្យបានល្អ បើមានអាការៈអ្វីចម្លែកសូមប្រញាប់បញ្ជូនគេមកខាងខ្ញុំឱ្យលឿនម៏! ឥឡូវសូមប្អូនយកថ្នាំនេះទៅបញ្ចុកកូនឱ្យបានទៀងទាត់ផង។ អាការៈរបស់គេមិនសូវជាធ្ងន់ប៉ុន្មានតែ ប្អូនអាចនាំកូនទៅផ្ទះវិញបាន!” អ្នកគ្រូពេទ្យចេញវេជ្ជបញ្ជាបន្ទាប់ពីគាត់ពិនិត្យមើលទៅឃើញថាកូនរបស់គន្ធាអាចត្រឡប់ចេញទៅផ្ទះបាន។
នេះជាថ្ងៃទីបីហើយ ដែលអ្នកម្តាយវ័យក្មេងត្រូវទទួលរ៉ាប់រងមើលថែកូនទាំងដាច់យប់ទាំងដាច់បាយទៀត។ អ្នកផ្សេងក្រៅពីនាង ពេលដែលមានកូនខ្ចីបែបនេះ គេប្រហែលជាមានរបបអាហារគ្រប់គ្រាន់ដើម្បីផលិតទឹកដោះសម្រាប់កូនរបស់គេ លើកលែងតែនាងមួយតែប៉ុណ្ណោះ ថ្ងៃណាក៏បបរសៀង បាយទឹកស៊ីអ៊ីវដែរ។
បើរំពឹងមីងលី ដើរលក់បន្លែតាមមុខផ្ទះគ្រាន់តែបានមួយរស់ៗតែប៉ុណ្ណោះ។ ការឈឺចាប់ ភាពវេទនា បានច្រានសតិរបស់នាងឱ្យគិតរឿងអវិជ្ជមានជាច្រើន។ គន្ធាគ្រាន់តែមានលទ្ធភាពធ្វើជាម្តាយរបស់ក្មេង តែនាងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់មើលថែទាំកូនរបស់នាងឡើយទេ។ រាល់ពេលដែលនាងពិបាកចិត្តនាងតែតែងបន្ទោសលើខ្លួនឯងរហូត តាមទម្លាប់ក្មេងដែលមិនទាន់អស់ធំនៅឡើយ។
ដោយការហត់នឿយនឹងកូនធ្វើទុក្ខខ្លាំងពេក គន្ធាក៏ស្ទុះក្រោកឡើងដើម្បីសម្រួលសសៃបន្តិច រួចក៏មើលទៅតាមបង្អួចឃើញបងស្រីជាដូនមួយរបស់នាងកំពុងតែដើរមករកនាងយ៉ាងលឿនខុសប្លែកពីធម្មតា។
“បងធី! មានការអ្វីមែនដែរឬទេ ទើបបានដើរផងរត់ផងអ៊ីចឹង?”
សម្រួលដង្ហើមបន្តិច ទើបសុធីនិយាយទៅកាន់គន្ធា “មីងលី!មីងលីត្រូវប៉ូលីសចាប់បាត់ហើយ!”
“ប៉ូលីសចាប់!”គន្ធាធ្វើមុខឆ្ងល់ហាក់បីដូចជាមិនជឿចំពោះសម្តីរបស់បងស្រីឡើយ។ “មិនដែលឯណាប៉ូលីសណាទំនេរមកចាប់ជនគ្មានកំហុសដូចជាម៉ែរបស់ខ្ញុំនោះទេបង!”
“នៅមានរឿងច្រើនណាស់ដែលឯងមិនទាន់ដឹង។ មក! កុំទាន់សួរច្រើនពេកអី ប្រញាប់ទៅមើលគាត់ផង!” សុធីស្រវាទាញដៃគន្ធា តែត្រូវនាងគ្រលាស់ចេញវិញ។
“បើបងមិនប្រាប់ថា ម៉ែខ្ញុំត្រូវប៉ូលីសចាប់ព្រោះអីនោះទេ ខ្ញុំក៏មិនព្រមទៅតាមបងដែរ!”
“ហ្អើយ! ប្រាប់ក៏ប្រាប់ដែរ។ មីងលីទៅលេងបៀរនៅចុងភូមិទើបបានជាត្រូវប៉ូលីសចាប់!”
ស្តាប់ចប់គន្ធាទន់ជង្គង់ដួលគ្រឹបដល់ដី កែវភ្នែកទាំងគូគាំងលែងព្រិច ប្រៀបដូចជារូបម៉ាឡាកាំងអ៊ីចឹង។ឃើញសភាពប្អូនស្រីខ្លួនបែបនេះ សុធីក៏ស្ទុះទៅជួយលើក ហើយនិយាយពីនេះពីនោះដើម្បីបន្លប់រឿងនេះបានខ្លះ។
នៅប៉ុស្តិ៍ប៉ូលីសឃុំថ្ងៃនេះមានមនុស្សច្រើនខុសពីធម្មតា ហើយម្នាក់ៗសុទ្ធតែមានទឹកមុខចម្លែកគ្រប់គ្នា រីឯកន្លែងឃុំឃាំងក៏មានអ្នកទោសពេញដែរ។ គន្ធាព្យាយាមដើរប្រជ្រៀតគេឯង ទាំងដែលលើដៃរបស់នាងបីកូនកំពុងតែដេកមិនទាន់រឭកនៅឡើយ។
ស្រស់ស្រីរេភ្នែកទៅឆ្វេងទៅស្តាំ រហូតដល់ប្រទះនូវរូបភាពដែលខួរក្បាលរបស់នាងបញ្ជាមក។ មីងលីកំពុងតែឈរនៅក្នុងកន្លែងគេឃុំឃាំងជាមួយនឹងអ្នកគុកផ្សេងទៀត ជាមួយនឹងទឹកមុខស្ងួតចែស ដូចជាចង់កលរកយំបន្តិច អីបន្តិចរកថាមិនត្រូវនោះទេ។
“ម៉ែ!” គន្ធាហៅម្តាយរបស់នាងទាំងដែលគាត់កំពុងតែមានវត្តមាននៅចំពោះមុខ។
វត្តមានរបស់គន្ធាមិនបានធ្វើឱ្យមីងលីសប្បាយចិត្តនោះទេ គឺកាន់តែមានសម្ពាធខ្លាំងលើសដើម ព្រោះថាគាត់កំពុងតែបង្កើតកំហុសមួយដែលអាប់ឱនដល់កិត្តិយសគ្រួសាររបស់គាត់ជាខ្លាំង ហើយជាពិសេសនោះគឺគាត់ដឹងច្បាស់ថាកូនស្រីរបស់គាត់នឹងខឹងគាត់ជាក់ជាមិនខាន។
“ម៉ែពិបាកទេម៉ែ! ម៉ែកុំព្រួយអី ខ្ញុំបានយកលុយមកលោះម៉ែហើយ!”
ស្តាប់សម្តីកូនចប់ ទឹកភ្នែករបស់គាត់ហូរមកដូចជាទឹកបាក់ទំនប់អ៊ីចឹង។ គាត់មិននឹកស្មានថា កំហុសដ៏ធ្ងន់របស់គាត់មួយនេះបែរជាធម្មតាចំពោះកូនស្រីទៅវិញនោះទេ។ មីងលីព្យាយាមជូតទឹកភ្នែកចេញ ហើយញញឹមទាំងដែរមិនសូវសម និយាយទៅកាន់កូនស្រី “កូនបានលុយមកពីណាមកលោះម៉ែ! កុំប្រាប់ណា ថាកូនខ្ចីគេ!”
“នៅពេលនេះ វេលានេះ លុយមិនបានសំខាន់សម្រាប់ខ្ញុំដូចជាម៉ែនោះទេ។ ខ្ញុំអាចរស់អត់លុយបាន តែខ្ញុំមិនអាចរស់អត់ម៉ែដែលជាអ្នកផ្តល់កំណើតឱ្យខ្ញុំបានឡើយ។ ម៉ែកុំបារម្ភពេក ចាំបន្តិចណាម៉ែ ចាំខ្ញុំទៅចួបប៉ូលីសមួយភ្លែត!” និយាយរួច គន្ធាក៏ដើរចេញបាត់ទៅ។
បន្ទាប់ពីនិយាយជាមួយនឹងប៉ូលីសរួចរាល់ហើយ គន្ធាក៏បាននាំមីងលីដើរចេញមកផ្ទះ តែមិនទាន់តាំងបានឈានជើងចេញពីប៉ុស្តិ៍ឃុំផុតផង ស្រាប់តែសំឡេងមួយបានបន្លឺឡើងបង្អាក់ជំហានរបស់គាត់។
“ប្អូនស្រីឈប់សិន!”
គន្ធាបែរទៅឃើញលោកប៉ូលីសម្នាក់ដែលបានធ្វើលិខិតស្នាមលោះខ្លួនឱ្យនាងកំពុងតែញញឹមយ៉ាងស្រស់។ មិនបង្អង់យូរ ស្រស់ស្រីក៏ប្រញាប់ឆ្លើយតបទៅវិញ
“ ពូមានការណ៍អ្វីជាមួយខ្ញុំមែនដែរឬទេ?”
“មាន! មានប្រាកដណាស់! ខ្ញុំចង់ណែនាំកន្លែងធ្វើការមួយទៅដល់ប្អូន!” ផ្អាកពីការនិយាយបន្តិច គាត់ក៏ហុចក្រដាសមួយមកឱ្យគន្ធា រួចគាត់និយាយបន្ត
“ នេះជាភោជនីយដ្ឋានរបស់ប្រពន្ធខ្ញុំ ហើយគាត់កំពុងតែរើសបុគ្គលិកធ្វើការ បើប្អូនចាប់អារម្មណ៍អី អាចទៅធ្វើការនៅទីនោះបាន!”
គន្ធាទទួលយកសំបុត្រមួយនេះហើយ ក៏និយាយអរគុណលោកប៉ូលីសទាំងរអាក់រអួលដើមទ្រូង។ នាងមិននឹកស្មានថា សង្គមមួយនេះនៅមានបុរសល្អចេះជួយយកអាសារគេបែបហ្នឹងទៀតសោះឡើយ។ បីនាក់ម្តាយកូននិងចៅបានធ្វើដំណើរមកដល់ផ្ទះយ៉ាងសុវត្ថិភាព ក្រោមការជួយជ្រោមជ្រែងពីសុធី។
ពន្លឺភ្លើងអំពូលអគ្គិសនីកំពុងតែបំភ្លឺឡើង បង្ហាញឱ្យឃើញពីរូបរាងរបស់ស្ត្រីរាងចំណាស់ម្នាក់កំពុងតែអង្គុយយកកន្សែងបក់មូសនិងស្ត្រីវ័យក្មេងម្នាក់ទៀតដែលកំពុងតែយោលអង្រឹង។ យូរៗម្តង គេក៏បានឃើញស្ត្រីវ័យចំណាស់សម្លឹងមើលទៅស្ត្រីម្នាក់ទៀត ដោយដកដង្ហើមធំជារឿយៗ ទំនងជាមានអ្វីដែលផ្ទុកនៅក្នុងទ្រូងចង់បញ្ចេញតែមិនហ៊ាន។
“ម៉ែឆាប់ចូលសម្រាន្តទៅ យប់ណាស់ហើយម៉ែ!” សំឡេងរបស់គន្ធានិយាយទៅកាន់ម្តាយរបស់នាង។ បានឮកូននិយាយបែបនេះ មីងលីក៏រំកិលគូទមកជិត រួចមានប្រសាសន៍តបវិញ
“ម៉ែដេកមិនលក់ទេ! ម៉ែមានរឿងចង់ប្រាប់ឯងបន្តិច តែឯងត្រូវសន្យាថាមិនត្រូវខឹងម៉ែនោះទេ!”
រេភ្នែកពីអង្រឹងកូន គន្ធាក៏ងាកបែរមកម្តាយរបស់នាង “ មានរឿងអីទើបបានជាម៉ែគំរាមខ្ញុំមិនឱ្យខឹងមុនបែបនេះ?”
“អើ…នែក…ឯងនៅចាំក្រដាសមួយដែលម៉ែបានឱ្យឯងមើលនៅថ្ងៃឯងសែនផ្តាច់បានដែរឬទេ?”
“ចាំបានតើម៉ែ!ឬមួយក៏ម៉ែមិនទាន់បង់ធនាគាររួចទៀត?”
“ក្រដាសជំពាក់ធនាគារហ្នឹងមិនមែនជារបស់ម៉ែទេ ម៉ែគ្រាន់តែមានឈ្មោះជាអ្នកធានាឱ្យគេតែប៉ុណ្ណោះ!”
គន្ធាសម្លឹងមើលទៅមុខរបស់នាងទាំងសស្គុស មិននិយាយអ្វីទាំងអស់ព្រោះថាប្រយោគរបស់គាត់បានឃាត់អណ្តាតរបស់នាងមិនឱ្យគ្រលាស់រួចបាត់ទៅហើយ។
“កុំខឹងម៉ែអី! ម៉ែគ្រាន់តែចង់ឱ្យឯងបានប្តីអ្នកមានដូចជាកូនគេតែប៉ុណ្ណោះ។ ម៉ែឃើញឯងលំបាកយូរមកហើយទើបចង់ឱ្យស្រណុកកាយនឹងគេបានម្តង…”
“ហើយចុះលុយថ្លៃបណ្តាការហ្នឹង តើម៉ែយកទៅណា?”
“ម៉ែលង់ខ្លួនលេងល្បែងជំពាក់គេច្រើនពេកទើបយកទៅសងគេអស់ទៅ!កុំខឹងនឹងម៉ែអី!”
“ម៉ែមិនឱ្យខ្ញុំខឹង តែម៉ែមានដឹងទេ ថាម៉ែកំពុងតែលក់ខ្ញុំយកលុយមកសងបំណុលថ្លៃល្បែង!” ផ្អាកនិយាយបន្តិច រួចនាងចង្អុលទៅកូនដែលកំពុងតែដេកនៅលើអង្រឹង
“នេះជាលទ្ធផលនៃទង្វើរបស់ម៉ែ! តែម៉ែកុំភ័យខ្ញុំមិនបានខឹងម៉ែនោះទេ ព្រោះម៉ែជាម្ចាស់ជីវិតខ្ញុំទៅហើយ ហើយម៉ែបញ្ជាឱ្យខ្ញុំធ្វើអ្វីក៏ខ្ញុំធ្វើតាមទាំងអស់។ រឿងមួយនេះខ្ញុំបានដឹងអស់ទៅហើយ សូម្បីតែរឿងដែលម៉ែកុហកខ្ញុំថាទៅលក់បន្លែតែទៅលេងល្បែងក៏ខ្ញុំបានដឹងរួចហើយដែរ!”
“បើកូនបានដឹងរួចទៅហើយ ម៉ែក៏លែងលាក់បាំងទៀតដែរ។ ចាប់ពីថ្ងៃនេះទៅម៉ែលែងទៅលេងល្បែងទៀតហើយ ម៉ែសន្យា!”
“ម៉ែមិនបាច់សន្យាចំពោះខ្ញុំអ្វីនោះទេ ព្រោះខ្ញុំត្រឹមតែជាកូនតែប៉ុណ្ណោះ! ម៉ែត្រូវសន្យាចំពោះខ្លួនឯងប្រសើរជាង។ រឿងមួយនេះកន្លងហួសទៅហើយ ម៉ែកុំគិតពីវាទៀតអី ម៉ែជួយរកនឹកថាខ្ញុំគួរតែរករបរអីទើបបានលុយចិញ្ចឹមម៉ែនិងកូន?”
មីងលីស្ងាត់បន្តិចហាក់បីដូចជាកំពុងតែរកចម្លើយពីសំណួរមួយនេះ។ “ម៉ែគិតថាឯងមិនចាំបាច់ធ្វើការអីទេនៅតែផ្ទះទៅព្រោះឯងនៅខ្សោយណាស់”
“តែម៉ែចាស់ហើយមានសុខភាពមិនសូវជាល្អទេ ខ្ញុំគិតថាម៉ែគួរតែសម្រាកនៅផ្ទះមើលថែចៅ ទុកឱ្យខ្ញុំជាអ្នកចេញទៅរកការងារវិញល្អជាង!”
“តាមតែឯងទៅចុះ!ទោះម៉ែប្រកែកបន្តក៏មិនឈ្នះឯងដែរ។ ហើយឯងគិតទៅរកការងារនៅឯណាធ្វើបើឯងគ្មានចំណេះដឹងហើយសញ្ញាបត្រក៏គ្មានដែរហ្នឹង?”
“ខ្ញុំគិតថានឹងយកភាពស្មោះត្រង់និងសេចក្តីព្យាយាមទៅបំពេញការងារនៅកន្លែងណាមួយដែលសមរម្យ!ដ្បិតតែខ្ញុំគ្មានសញ្ញាបត្រក៏ពិតមែន តែខ្ញុំនឹងព្យាយាមបំពេញវាឱ្យសក្តិសមជាមួយនឹងប្រាក់ខែដែលគេផ្តល់ឱ្យយ៉ាងប្រាកដ!”
“តែសម័យនេះគេយកកម្រិតវប្បធម៌ជាធំណាកូន!”
មកដល់ពេលនេះ គន្ធាប្រែជាស្ងាត់លែងមាត់ គិតតែសម្លឹងមើលទៅខាងក្រៅតាមចម្ងាយដែលភ្លើងអំពូលអាចជះចេញទៅបានដោយដៃរបស់នាងនៅតែបន្តយោលអង្រឹងកូនមិនឱ្យអាក់ឡើយ។
ព្រលឹមភ្លឺច្បាស់ រស្មីព្រះអាទិត្យរះបង្អួតកាយពីទិសបូព៌ជាសញ្ញាបញ្ជាក់ប្រាប់ថាវាជាថ្ងៃថ្មីទៀតហើយ។ អ្នកម្តាយវ័យក្មេងស្លៀកពាក់ខោអាវយ៉ាងសមសួនកាន់សំបុត្រមួយនៅនឹងដៃ ហើយនិយាយផ្តែផ្តាំមីងលីឱ្យមើលថែកូនរបស់នាងរួចក៏ដើរចេញបាត់ទៅ។ នាងមិនបានជិះកង់ទៅនោះទេ នាងគិតថានឹងរកម៉ូតូឌុបវិញ ព្រោះវាដូចជាឆ្ងាយដែរ។
មកដល់មុខភោជនីយដ្ឋានមួយកន្លែង នាងក៏បានប្រាប់អ្នករត់ម៉ូតូឱ្យឈប់ដើម្បីឱ្យនាងចុះ។ គ្រប់គ្នាដែលនៅទីនេះតាមសម្លឹងមើលនាងគ្រប់គ្នា ធ្វើដូចជានាងជាមនុស្សចម្លែកមកពីណាអ៊ីចឹង។ តែគន្ធាមិនបានចាប់អារម្មណ៍ចំពោះក្រសែភ្នែករបស់នរណានោះទេ គឺនាងគិតតែពីគោលបំណងរបស់នាងជាសំខាន់តែប៉ុណ្ណោះ។
“ជម្រាបសួរ! តើម្ចាស់ភោជនីយដ្ឋានមួយនេះនៅដែរឬទេ?” គន្ធាសួរទៅអ្នករត់តុម្នាក់ទៀតដែលនៅក្បែរនាង។
“បងមានការអ្វីជាមួយនឹងគាត់មែនដែរឬទេ?”
“ចាស៎មាន! តើបងអាចប្រាប់ខ្ញុំបានដែរឬទេ ថាគាត់នៅឬក៏អត់?”
“ចាស៎! គាត់នៅខាងក្នុងឯណោះ!”
“ចាស៎អរគុណច្រើនណាបង!” គន្ធាលើកដៃសំពះយ៉ាងសុភាព។
អ្នកម្តាយវ័យក្មេងដើរចូលទៅខាងក្នុងទាំងភ័យៗ ព្រោះនាងមិនធ្លាប់បានចូលចួបនរណាដែលមានឋានៈបែបហ្នឹងនោះទេ។
តុក!តុក!តុក!…
សំឡេងគន្ធាគោះទ្វារបន្ទប់ធ្វើការរបស់ម្ចាស់ភោជនីដ្ឋាន។
“នរណាមានធុរៈអ្វីមែនដែរឬទេ? ចូលមក!”
ពេលគន្ធាបើកទ្វារភ្លាមអ្វីដែលនាងឃើញគឺជាមនុស្សស្រីម្នាក់ដែលធ្លាប់ជាសង្សាររបស់ប្តីនាង។ នាងបើកភ្នែកធំៗ ជំហានឈានមិនចង់ទៅមុខ។ គន្ធាបានស្គាល់យ៉ាងច្បាស់ ក៏ប៉ុន្តែមិនដឹងថាម្ចាស់ភោជនីយដ្ឋានមួយនេះនៅចំានាងបានឬអត់ទេ។
“ប្អូនអង្គុយចុះសិនម៏!”សំឡេងសង្សារចាស់ប្តីគន្ធានិយាយយ៉ាងពីរោះខុសពីពេលមុនដាច់ស្រលះ។
“ចាស៎អរគុណច្រើនចែ!”
“ខ្ញុំដូចជាប្រហែលៗមុខរបស់នាងនៅឯណាមិនដឹងទេ! មើលទៅដូចជាធ្លាប់ចួប!…”
គន្ធាឱនមុខចុះជ្រប់ មិនចង់ឱ្យនាងស្គាល់ឡើយ ព្រោះខ្លាចគេមិនទទួលធ្វើការ។ ដោយខ្លាចភាពមិនសមគួរ នាងក៏ងើយមុខបន្តិចដើម្បីឆ្លើយសំណួរ “ចែប្រហែលជាច្រឡំមនុស្សទេដឹង ខ្ញុំនៅតែផ្ទះមិនដែលធ្លាប់បានចេញដើរទៅណាផងចែ!”
“អ៊ីចឹងប្រហែលជាខ្ញុំច្រឡំហើយមើលទៅ! មោះ! ប្អូនមកចួបខ្ញុំមានការណ៍អ្វីមែនដែរឬទេ?”
អ្នកម្តាយដ៏កម្សត់លូកយកសំបុត្រក្នុងហោបៅរបស់នាងហុចទៅឱ្យម្ចាស់ភោជនីយដ្ឋាន “ នេះចែ!ខ្ញុំចង់មកសុំធ្វើការនៅទីនេះ តើចែមានទទួលបុគ្គលិកបន្ថែមទេចែ?”
ប្រពន្ធនាយប៉ូលីសទទួលសំបុត្រអាន រួចដកដង្ហើមធំ ហើយនិយាយ “ តាមពិតបុគ្គលិកនៅទីនេះបានពេញអស់ហើយ តែ…ឯងអាចធ្វើការនៅទីនេះបាន ចាប់ផ្តើមពីថ្ងៃនេះទៅ ចាំខ្ញុំឱ្យគេនាំឯងទៅប្តូរសម្លៀកបំពាក់”
ប្រយោគនេះបានឱ្យគន្ធារំភើបសប្បាយចិត្តពេករហូតដល់ភ្លេចខ្លួនក៏ងើបមុខញញឹមទាំងមិនដឹងខ្លួន។ ការងារជាអ្នករត់តុចំពោះនាងគឺអស្ចារ្យបំផុត ព្រោះថាមនុស្សដែលគ្មានចំណេះដឹងច្រើនដូចជានាងបានត្រឹមប៉ុណ្ណឹងគឺល្អបំផុតហើយ។
មួយសប្តាហ៍ក្រោយមក…
ថ្ងៃចូលឆ្នាំក៏ជិតមកដល់។ នៅក្នុងភោជនីយដ្ឋានហាក់មមាញឹកជាខ្លាំង ព្រោះភ្ញៀវចូលមកពេញៗ ជួនកាលដល់ម៉ោង១១ឬ១២យប់ក៏មានដែរ។ ទោះបីជាគន្ធាធ្វើការដល់យប់ជ្រៅយ៉ាងណាក៏ដោយក៏នាងនៅតែត្រឡប់ទៅផ្ទះវិញដែរ ព្រោះបេះដូងនិងកែវភ្នែករបស់នាងគឺបាននៅឯផ្ទះឯណោះ។ អ្វីដែលសំខាន់នោះគឺម្ហូបនៅជាមួយនឹងនាង។ គន្ធាមិនដែលហូបបាយពេលយប់ចោលម្តាយរបស់នាងនោះទេ។ នាងតែងតែខ្ចប់ទៅផ្ទះជានិច្ច។
“បងត្រូវការកម្មង់អ្វីដែរ?” គន្ធានិយាយបណ្តើរ ដៃកាន់ប៊ិកដើម្បីត្រៀមកត់បណ្តើរ។
“ខ្ញុំកម្មង់ឆាបន្លែសាច់គោ តែដាក់សាច់គោតែបន្តិចបានហើយ…”
ឮសំឡេងរបស់ភ្ញៀវភ្លាមនាងដឹងយ៉ាងច្បាស់ថាជាលោកវុត្ថា ដែលជាប្តីរបស់នាង។ គន្ធាសរសេរបណ្តើរ សម្លឹងមើលបណ្តើរ ដោយក្នុងអារម្មណ៍ហាក់បីដូចជាមិនជឿ ថាបុរសដែលធ្លាប់តែសង្ហា សម្តីទ្រគោះបោះបោក ប្រែជាស្គម ហើយនិយាយពីរោះគួរសមបែបហ្នឹងសោះ។
“ប្អូន!ប្អូន!”វុត្ថាហៅគន្ធាយ៉ាងឮៗ ព្រោះគាត់បានឃើញគន្ធាកំពុងតែភ្លឹក។
“ចា…ចាស៎!” ពេលដែលនាងបានទម្លាក់ក្រសែភ្នែកទៅក្រោម ស្រាប់តែបានប្រទះជាមួយនឹងក្រសែភ្នែកមួយគូទៀតដែលបានបង្ហាញពីការស្រឡាញ់និងក្តីឈឺចាប់មិនអាចបំភ្លេចបាន។ តែដើម្បីកុំឱ្យគេចាំនាងបាន គន្ធាក៏ប្រញាប់បែរមុខចេញ ហើយដើរចេញទៅយ៉ាងលឿន។
“នាងចង់ទៅណា?”
សំណួរមួយនេះបានធ្វើឱ្យជំហានរបស់នាងបង្អង់ឈប់ត្រឹមតែមួយរំពេច តែនាងមិនបានបែរមុខទៅវិញនោះទេ។
“នាងយកកូនរបស់ខ្ញុំទៅទុកនៅឯណា?”
ប្រយោគមួយនេះធ្វើឱ្យគន្ធាងាកទៅទាំងក្នុងចិត្តក្តៅងំដូចជាភ្លើងពេញក្រមុំ។ ពាក្យថាកូនខ្ញុំ គឺមានតែនាងប៉ុណ្ណោះដែលត្រូវនិយាយ តែពេលនេះបែរជាមានអ្នកផ្សេងសួររកទៅវិញ។ ស្រីស្រស់បម្រុងនឹងហាមាត់និយាយទៅហើយ ស្រាប់តែបូរមីដែលជាម្ចាស់ភោជនីយដ្ឋានបន្លឺឡើងកាត់ចង្វាក់មុន។
“អូស៍វុត្ថា! បងមកតាំងពីថ្មើរណា មិនព្រមប្រាប់ខ្ញុំឱ្យបានដឹងមុនសោះ!”
បានឱកាសពីអ្នកនាងបូរមី គន្ធាក៏ប្រញាប់គេចខ្លួនទៅពួនធ្វើជាកូនកាំបិតជំនួសអ្នករត់តុវិញ។ នាងមិនចង់ឃើញមុខប្តីហេងស៊យ ប្តីដែលមិនស្គាល់ពីតួនាទីរបស់ខ្លួនបែបហ្នឹងនោះទេ។ មាត់និយាយថា យកកូនខ្ញុំទៅទុកនៅឯណា ធ្វើដូចជានាងរត់ចេញទៅនៅទីឆ្ងាយផុតពីស្រុកកំណើតអ៊ីចឹង។ សម្តីប្រុសព្រាន សម្តីបោកប្រាស់ ពូកែសម្តែង នៅតែមិនព្រមកែប្រែទម្លាប់សោះ។
មួយខែក្រោយមក…
ថ្ងៃនេះអាចនឹងពិសេសសម្រាប់គន្ធា ព្រោះថាជាថ្ងៃដែលនាងទទួលបានប្រាប់ខែដំបូងនៃការធ្វើការរបស់នាង។ ស្រីស្រស់ទន្ទឹងរង់ចាំរហូតបន់ឱ្យតែដល់ពេលល្ងាចនឹងអាលបានបើកលុយ។ នាងបានគិតរួចមកហើយថា នាងនឹងទិញផ្លែធុរេនឱ្យម្តាយរបស់នាងពិសារ ព្រោះឮគាត់ពោលថាឃ្លានវាយូរមកហើយ។ សម្រាប់គេអ្នកធូរធារ គេអាចនឹងញ៉ាំផ្លែធុរេនឡើងធុញបាត់ទៅហើយ តែសម្រាប់គ្រួសារនាងវិញមិនទាន់បានសូម្បីតែភ្លក្សម្តង។
មិនយូរប៉ុន្មានការទន្ទឹងរង់ចាំក៏បានមកដល់។ បុគ្គលិកដទៃទៀតបានចូលទៅអស់ហើយ ចុងក្រោយមានតែនាងតែប៉ុណ្ណោះ។ គន្ធាដាក់គូទអង្គុយនៅលើតុទាំងដែលក្នុងខ្លួនកំពុងតែរំភើបញាប់ញ័ររកថាមិនត្រូវ។
“នេះជាប្រាក់ខែរបស់នាង!”
គន្ធាប្រញាប់ស្រវាយក រួចសំពះអរគុណដល់អ្នកស្រីបូរមី ហើយក៏ចេញមកក្រៅ។ នាងដើរទៅក្នុងបន្ទប់ទឹកដើម្បីបើកមើលចំនួនលុយ។ ៩៧,៩៨,៩៩,១លាន!ភ្នែករបស់នាងបែរជាបើកធំៗចង់ប៉ុនពងមាន់ចំពោះទឹកលុយដ៏ច្រើនមួយនេះ។ មិនបង្អង់យូរ នាងក៏ប្រញាប់ចូលទៅចួបអ្នកស្រីបូរមីម្តងទៀត។
“អ្នកស្រីឱ្យលុយខ្ញុំច្រឡំហើយ! ប្រាក់ខែខ្ញុំត្រឹមតែ៤០ម៉ឺនទេ!”
“យកទៅ! ទុកថាជាការលើកទឹកចិត្តដែលឯងព្យាយាមធ្វើការដោយមិនខ្លាចការនឿយហត់!”
បូរមីងើបចេញពីកៅអីមកទះស្មាគន្ធាតិចៗរួចក៏និយាយបន្ត
“យកវាទៅទិញនំចំណីនិងទឹកដោះគោឱ្យកូនរបស់នាងទៅ!”
“ចា៎! អរគុណណាស់អ្នកស្រី”
គន្ធាបានសុំម្ចាស់ភោជនីយដ្ឋានមកផ្ទះត្រឹមម៉ោង៥ ដើម្បីទិញចំណីចំណុកឱ្យម្តាយនិងកូនរបស់នាង។ នាងជិះកង់បណ្តើរ ញញឹមបណ្តើរ ប្រៀបដូចជាបុប្ផាដែលទើបតែត្រូវទឹកអ៊ីចឹង។ ដោយភាពសប្បាយចិត្តពេកទើបបានជាធ្វើឱ្យនាងមិនបានចាប់អារម្មណ៍ថាមានអ្នកកំពុងតែតាមនាងពីក្រោយនោះទេ។
តឺត!…ប្រាវ…
ផ្លែធុរេន នំប៉ាវ ទឹកដោះគោ សម្លៀកបំពាក់មីងលីនិងកូនរបស់គន្ធាត្រូវបានខ្ទាតចេញពីកន្ត្រកកង់របាត់របាយពេញថ្នល់ដូចគេយកមកបោះចោល។
“អ្នកនាង! អ្នកនាង! តាំងស្មារតីឡើងអ្នកនាង!…”សំឡេងម្ចាស់ឡានបន្លឺឡើងយ៉ាងឮៗបន្ទាប់ពីឡានរបស់គាត់បានបុកគន្ធា។
“លោកទុកឱ្យខ្ញុំវិញ! នាងជាប្រពន្ធខ្ញុំ!” វុត្ថាចូលមកបីត្រកងប្រពន្ធជំនួស។
គន្ធាបើកភ្នែកព្រឹមៗ ដោយមាត់របស់នាងហូរឈាមមកយ៉ាងច្រើន។ នាងមិននិយាយអ្វីនោះទេ តែនាងកំពុងតែសម្លឹងមើលទៅមុខបុរសម្នាក់ដែលកំពុងតែបីត្រកងនាងទាំងដែលនាងដឹងថាបន្តិចនាងកែវភ្នែករបស់នាងនឹងមើលលែងឃើញមុខរបស់គេជាក់ជាមិនខាន។
វុត្ថាបាននាំប្រពន្ធទៅពេទ្យដើម្បីសង្រ្គោះបន្ទាន់។ បន្ទាប់ពីធ្វើការពិនិត្យសព្វគ្រប់លើរាងកាយរួចមក លទ្ធផលនោះគឺគន្ធាបានបាក់ដៃខាងឆ្វេងនិងបែកក្បាលចំនួន៧ថ្នេរ។ គាត់បានផ្ញើគន្ធានឹងអ្នកគ្រូពេទ្យរួចជិះឡានទៅយកមីងលីនិងកូនរបស់គាត់មកមន្ទីរពេទ្យដែរ។ មីងលីនាមជាចាស់ទុំម្នាក់ គាត់មិនអាចប្រកែកបានទេចំពោះបំណងរបស់កូនប្រសានោះទេ ព្រោះការសម្រេចមួយនេះគឺឋិតនៅលើគន្ធាតែប៉ុណ្ណោះ។
រយៈពេលមួយយប់មួយថ្ងៃដែលគន្ធាបានសន្លប់ វុត្ថាមិនឱ្យមីងលីពិបាកហត់នឿយសោះឡើយ ទាំងពីការជូតខ្លួនប្រពន្ធនិងបំពេកូនឱ្យដេក។ មីងលីឃើញបែបនេះញញឹមបិទមាត់មិនជិតនោះទេ តែគាត់ក៏មិនទាន់អាចអារកាត់បានដែរថា គន្ធាព្រមទទួលវុត្ថាជាប្តីវិញឬក៏យ៉ាងណា។
“អូយ!” សំឡេងរបស់គន្ធាបន្លឺឡើង។ នាងបម្រុងនឹងយកដៃខ្ទប់ក្បាលត្រង់កន្លែងមុខរបួស តែវាមិនអាចលើករួចបានឡើយ ព្រោះដៃខាងស្តាំបានបាក់ទៅហើយ។
ឮសូរសំឡេងប្រពន្ធបែបនេះ វុត្ថាក៏ស្ទុះទៅជិត “អូនយ៉ាងម៉េចហើយ!”
អាការៈនៃការឈឺដោយសារឡានបុកទាំងប៉ុន្មានក៏ត្រូវរលាយអស់មួយប៉ព្រិចភ្នែក សល់ត្រឹមតែសំណួរនៅក្នុងខួរក្បាលប៉ុណ្ណោះ។ នៅសុខៗបុរសដែលធ្លាប់តែមើលងាយ ដៀលត្មះគ្រប់បែបយ៉ាង មិនដែលប្រើពាក្យថាអូនសូម្បីតែមួយម៉ាត់ តែពេលនេះបែរជានិយាយចេញទៅវិញ។ គន្ធារេកន្ទុយភ្នែកពីវុត្ថាបន្តិច ទៅប្រសព្វជាមួយនឹងម្តាយនិងកូនប្រុសរបស់នាង។ ភ្លាមនោះមាណវីក៏ប្រែជាញញឹមបានបន្តិចវិញ ព្រោះអ្នកទាំងពីរគឺជាដង្ហើមរបស់នាង។
“ម៉ែ! កូនរបស់ខ្ញុំគេងលក់ហើយឬនៅ?”
“វាដេកលក់មួយស្របក់ហើយ! ចុះកូនមានអាការៈយ៉ាងម៉េចហើយ?”
“ខ្ញុំធម្មតាទេម៉ែ! ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ!…”
“អូនទៅមិនទាន់បានទេ! ពេទ្យថាមួយអាទិត្យទៀតទើបអាចចេញបាន” វុត្ថាព្យាយាមនិយាយឆ្លើយឆ្លងជាមួយនឹងប្រពន្ធ ទាំងដែលគាត់បានដឹងហើយថា នាងមិនចង់និយាយរកគាត់នោះទេ។
“ម៉ែសាកទៅសុំពេទ្យមើលម៉ែ! ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ។ អាការៈខ្ញុំធម្មតាមិនបានឈឺអីនោះទេ”
មីងលីក៏ដើរចេញទៅក្រៅ តែគាត់មិនបានទៅសុំគ្រូពេទ្យដូចគន្ធាបានប្រាប់នោះឡើយ គឺគាត់គ្រាន់តែទុកឱកាសឱ្យប្តីប្រពន្ធគេសម្រួលគ្នាតែប៉ុណ្ណោះ។
បានឱកាសពីម៉ែក្មេកហើយ វុត្ថាក៏ចាប់ដៃខាងឆ្វេងដែលគ្មានរបួសនោះជាប់ រួចនិយាយលួងលោមយ៉ាងស្រទន់
“ឱ្យបងសុំទោស! បងដឹងថាបានសាងកំហុសដ៏ធំមួយលើអូន តែបងពិតជាចង់សុំការលើកលែងទោសពីអូនពិតមែន។ កើតជាមនុស្សនរណាក៏ធ្លាប់ធ្វើខុសដែរ តែពេលនេះបងកែប្រែហើយ សូមអូនលើកលែងទោសឱ្យខ្ញុំផងណា ចាត់ទុកថាអាណិតកូនយើងដែលចង់មានប៉ាហៅដូចគេទៅចុះ!”
“ខ្ញុំគ្មានប្តីទេ! ខ្ញុំជាស្រីចិត្តងាយ ដើរដេកជាមួយប្រុសឈ្មោលពាសវាលពាសកាល ទើបបានជាកើតកូនមកមិនមានប្តីនៅថែទាំបែបនេះ។ លោកប្រញាប់លេបទឹកមាត់ដ៏មានតម្លៃរបស់លោកទៅវិញទៅ ស្តាយ…ព្រោះទឹកមាត់អ្នកមានដូចជាលោកមិនគួរណាមកចំណាយចោលជាមួយនឹងមនុស្សស្រីគ្មានតម្លៃដូចជាខ្ញុំនោះទេ!”
“បងដឹងថាអូននៅខឹងនឹងបង តែបងនឹងប្រើពេលវេលាដែលសេសសល់ក្នុងជីវិតបងមួយនេះ ដើម្បីមើលថែទាំងគ្រួសារយើងឱ្យបានល្អ។ បងយកភាពជាកូនប្រុសមកសន្យាធ្វើជាសាក្សី អូនជឿបងចុះណា៎!”
“កូនប្រុសលុះត្រាមានស្រីញីច្រើន ហើយមកដល់ផ្ទះ មើលងាយប្រពន្ធ ចាត់ទុកនាងដូចជាទាសករផ្លូវភេទ ទើបហៅថាកូនប្រុសមែនដែរឬទេ?”
គន្ធាសម្រក់ទឹកភ្នែកមកម៉ាត់ៗកាត់តាមចង្អូរថ្ពាល់ដ៏សរលោងរបស់នាង។
“ បានហើយ សន្យាកូនប្រុសអីហ្នឹងខ្ញុំមិនចង់ឮនោះទេ។ សព្វថ្ងៃខ្ញុំរស់នៅតែបីនាក់គឺមានសេចក្តីសុខពេកណាស់ទៅហើយ។ បើលោកស្រឡាញ់អាណិតខ្ញុំនឹងកូន សូមលោកកុំមកពាក់ព័ន្ធនឹងពួកខ្ញុំទៀតអី ហើយចំពោះលុយដែលលោកព្យាយាមលាក់បាំងឱ្យខ្ញុំតាមរយៈអ្នកស្រីបូរមី ខ្ញុំនឹងឱ្យលោកវិញគ្រប់ចំនួនទាំងអស់!”
“បងមិនយកនោះទេ! លុយហ្នឹងបងទុកឱ្យអូននឹងកូន…”
“តែខ្ញុំមិនចង់បានលុយរបស់លោកនោះទេ! លោកនៅចាំពាក្យសម្តីដែលលោកបានស្តីថាឱ្យខ្ញុំកាលពីជាងមួយឆ្នាំមុនទេ…”
“សូមអធ្យាស្រ័យផង! អ្នកជំងឺដល់ពេលលាងរបួសហើយ” សំឡេងគ្រូពេទ្យបន្លឺឡើងកាត់ចង្វាក់ប្តីប្រពន្ធពីរនាក់នេះ។
ឃើញគ្រូពេទ្យមកបែបនេះ វុត្ថាក៏ថយទៅក្រោយអង្គុយក្បែរកូនរបស់គាត់។ ភ្លាមនេះមីងលីក៏ដើរចូលមកផងដែរ។ វុត្ថាបានផ្ញើប្រពន្ធនិងកូនជាមួយនឹងម៉ែក្មេក ព្រោះគាត់មិនបានទៅធ្វើការពីរថ្ងៃទៅហើយ។
បន្ទាប់ពីគ្រូពេទ្យចេញទៅផុត មីងលីក៏ចូលមកនិយាយជាមួយនឹងកូនស្រីវិញម្តង។
“កាធាហ្អើយ!កាធា! ជីវិតប្តីប្រពន្ធតែងតែបែបហ្នឹងហើយ ឯងធ្លាប់ឮពាក្យចាស់បុរាណលោកមានប្រសាសន៍ទេ ចានក្នុងរាវរមែងតែងតែទង្គិះ ហើយវាក៏មិនខុសពីជីវិតក្នុងគ្រួសារនោះដែរ។ រឿងខ្លះបើឯងអាចលះបង់បានឯងគួរតែលះបង់ទៅ។ ឯងមើលកូនរបស់ឯងមើល៍ វានៅបាតជើងក្រហមរងាលនៅឡើយ បើអាណិតវា មិនចង់ឱ្យវាចេះនិយាយតែគ្មានប៉ាហៅដូចគេ ឯងគួរតែលើកលែងទោសឱ្យកូនវុត្ថាទៅ!”
“ម៉ែមិនមែនជាខ្ញុំ ម៉ែគ្មានថ្ងៃយល់ពីការឈឺចាប់មួយនេះនោះទេ!”
ឮសម្តីរបស់កូនបែបនេះ មីងលីក៏ឈប់និយាយ ព្រោះគាត់ដឹងច្បាស់ថា ចរិតរបស់នាងបើខឹងគឺមិនអាចនិយាយឱ្យឈប់ភ្លាមៗបានទេ គឺត្រូវការពេលវេលាជាថ្នាំប៉ះប៉ូវទើបបាន។
ដោយសារការងាររវល់ខ្លាំងពេក ទើបបានជាវុត្ថាមិនបានមើលថែប្រពន្ធកូនជិតពីរថ្ងៃ។ ល្ងាចនេះ គាត់ឆ្លៀតមកសួរសុខទុក្ខបន្តិច ដោយភ្ជាប់ជាមួយនឹងកូនតុក្កតានិងចំណីចំណុកផ្សេងទៀតផងដែរ។ គាត់បើកឡានបណ្តើរគិតបណ្តើរថា តំណក់ទឹកភ្លៀងទន់សោះអាចទម្លុះថ្មបាន រឿងអីថាគាត់មិនអាចយកឈ្នះចិត្តភរិយាចិត្តរឹងម្នាក់មិនបាន។
“លោកចូលមកមានការណ៍អ្វីមែនដែរឬទេ?” សំឡេងសាច់ញាតិអ្នកជំងឺនៅក្នុងបន្ទប់ដែលគន្ធាបានសម្រាកព្យាបាលសួរទៅកាន់វុត្ថាទាំងឆ្ងល់។
“សុំទោស! អ្នកជំងឹដែលសម្រាកព្យាបាលនៅក្នុងបន្ទប់នេះទៅណាបាត់ហើយ?”
“អូ! គាត់បានត្រឡប់ទៅផ្ទះកាលពីព្រឹកមិញបាត់ហើយ!”
“បាទអរគុណច្រើន!”
និយាយពាក្យថាអរគុណមិនទាន់ទាំងផុតពីមាត់ផង វុត្ថាក៏ប្រញាប់រត់យ៉ាងលឿនតម្រង់ឡានដើម្បីទៅរកប្រពន្ធកូន។ គាត់ចំណាំផ្ទះគន្ធាបានយ៉ាងច្បាស់។ ល្បឿនដែលគាត់បានបើកគឺតែ៥០គីឡូម៉ែត្រក្នុងមួយម៉ោងទេ តែអារម្មណ៍របស់គាត់វិញគឺ២០០គីឡូម៉ែត្រក្នុងមួយម៉ោងមុនបាត់ទៅហើយ។
ពេលទៅដល់ភ្លាម ផ្ទៃមេឃក៏ប្រែជាខ្មៅអួរអាប់ចង់កលរកភ្លៀង។ វុត្ថាបើកទ្វារចុះពីលើឡាន ឃើញប្រពន្ធរបស់គេកំពុងតែដេកយោលកូនដៃម្ខាង ចំណែកឯងមីងលីវិញកំពុងតែដាក់ដណ្តាំបាយ។ គន្ធាក្រលេកឃើញវុត្ថាភ្លាមនាងបែរមុខចេញ ធ្វើដូចជាមិនចង់ឃើញមុខរបស់ប្តីនាងអ៊ីចឹង។
“ចូលមកក្មួយ! ភ្លៀងមកឥឡូវហើយ!” មីងលីនិយាយរាក់ទាក់ជំនួស។
និយាយមិនទាន់ទាំងផុតមាត់ផង ស្រាប់តែព្រះភិរុណក៏បង្អុរមកមែន តែមិនមែនមកតែទឹកទេ គឺមកទាំងកាកទៀតផង។ ខ្យល់កន្ត្រាក់ ផ្លេកបន្ទោរផ្គរលាន់ក៏បានបង្ហាញវត្តមានឡើង ធ្វើឱ្យមីងលីដែលខ្លាចបរិយាកាសបែបនេះរត់ទៅយកភួយមកឃ្លុំជិតឈឹងសល់តែរង្វង់គ្រាប់ភ្នែក។
គន្ធាធ្វើជាមិនដឹងមិនឮអ្វីទាំងអស់ ព្រោះពេលនេះចិត្តរបស់នាងនៅមានភ្លើងកំពុងឆេះនៅឡើយ។
“បើអូនមិនបែរមកនិយាយជាមួយបងទេ បងនឹងលុតជង្គង់នៅទីនេះរហូតដល់អូនព្រមនិយាយ!” វុត្ថានិយាយយ៉ាងឮៗទម្លុះគ្រាប់ភ្លៀងនិងស្នូរផ្គរលាន់។
គន្ធានៅតែមិនព្រមបែរទៅដដែល តែភ្នែករបស់នាងបានបៀមទឹកសៗប្រៀបស្ទើរតែជិតធ្លាយចេញទៅហើយ។ មីងលីឃើញបែបនេះ កាន់តែពិបាកចិត្តភ្លេចខ្លាចអស់នូវខ្យល់ឬផ្លេកបន្ទោរអីទៀតឡើយ។ គាត់ដើរទៅជិតគន្ធា រួចគ្រហឹមជារឿយៗតែនៅតែមិនបានផលដដែល។
វុត្ថាមិនបាននិយាយដូចមុនទៀតទេ គាត់លុតជង្គង់លើដីដែលកំពុងតែខ្ទាតដោយសារតែទឹកភ្លៀងដែលមានគ្រាប់ធំៗ ជាមួយនឹងសម្លៀកបំពាក់ឈុតខ្វាហ្សេបែបជាអ្នកធ្វើការនៅក្នុងការិយាល័យ។ ភ្នែកគាត់ទាំងគូសម្លឹងទៅភរិយា ចំណែកឯមាត់វិញកំពុងតែលេបទឹកភ្លៀងដែលហូរចុះពីលើក្បាលរបស់គាត់។ ភ្លៀងមួយមេនេះមានផ្លេកបន្ទោរច្រើនណាស់ តកន្ទុយគ្នាឥតដាច់ហាក់បីដូចជាកំពុងតែគំរាមឱ្យគន្ធាព្រមលើកលែងទោសឱ្យប្តីរបស់នាងអ៊ីចឹង។
ក្នុងចិត្តរបស់នាងបានទោរទន់រួចទៅហើយ តែជើងបែរជាមិនសហការទាល់តែសោះ។ វុត្ថានៅតែបន្តលុតជង្គង់បែបនេះរហូតទាល់តែរាំងភ្លៀង បន្សល់នៅត្រឹមតែរលឹមផ្កាក្រូចតែប៉ុណ្ណោះ។
ទាំងមនុស្ស ទាំងតុក្តតានិងទឹកដោះគោត្រូវបានប្រឡាក់មើលពុំយល់។ មីងលីឃើញបែបនេះកាន់តែពិបាកចិត្តខ្លាំងលើសដើម គាត់មិនដឹងថាគួរធ្វើយ៉ាងណានោះទេ។
គាត់មិនបានដឹងពីជម្រៅនៃភាពឈឺចាប់របស់កូនស្រីនោះឡើយ ព្រោះថាប្តីរបស់គាត់មិនដែលធ្វើបាបចិត្តគាត់រហូតរត់ចោលគ្រួសារបែបនេះទេ។ ក្នុងនាមជាម្តាយដែលបានឃើញរូបភាពបែបនេះ គាត់ពិតជាតឹងទ្រូងខ្លាំងណាស់។
មិនយូរប៉ុន្មាន ស្បៃអន្ធការក៏ចូលខ្លួនមកគ្របដណ្តប់ផែនពសុធាឱ្យចាប់ផ្តើមងងឹតម្តងបន្តិចៗទៅតាមកាលវេលានៃធម្មជាតិបានកំណត់មក។ តាមផ្ទះនីមួយៗនៅទីជនបទក៏បានបើកភ្លើងអំពូលបំភ្លឺផងដែរ។
រលឹមនៅតែបន្តមិនព្រមដាច់គ្រាប់សោះ។ ចម្ងាយនៃភ្លើងអំពូលបានឆ្លុះឱ្យឃើញបុរសម្នាក់ដែលកំពុងតែអង្គុយលុតជង្គង់នៅក្រោមភ្លៀងរលឹម មុខស្លេកងាំងដោយសារតែភាពរងា។ ភ្នែករបស់គាត់សម្លឹងមើលមកប្រពន្ធដែលកំពុងតែអង្គុយបំបៅដោះកូនបែរមុខចេញ ប្រៀបដូចជាមិនបានឃើញ មិនបានដឹងឮពីប្តីសូម្បីតែបន្តិច។
ដោយមិនអាចទ្រាំមើលនឹងភ្នែកបាន មីងលីក៏ស្ទុះទៅជិត រួចមានប្រសាសន៍ “កូនឆាប់ក្រោកម៏! បើនៅតែអង្គុយបែបនេះច្បាស់ជាឈឺជាក់ជាមិនខានទេ!” គាត់ចាប់លើកគ្រាហ៍កូនប្រសាឱ្យក្រោកតែត្រូវបានបដិសេធ។
“ដរាបណាអូនគន្ធាមិនព្រមលើកលែងទោសឱ្យខ្ញុំ ខ្ញុំក៏មិនព្រមក្រោកដែរម៉ែ! អរគុណនូវបំណងល្អរបស់ម៉ែណាស់ សូមម៉ែត្រឡប់ទៅវិញទៅ កុំនៅរងគ្រាប់ភ្លៀងជាមួយមនុស្សមានបាបដូចជារូបខ្ញុំអី” វុត្ថានិយាយទាំងប្រាកដប្រជា។
មីងលីដកដង្ហើមធំព្រមជាមួយនឹងជំហានដែលបោះត្រឡប់ក្រោយវិញ។ គ្រប់ពាក្យសម្តីដែលវុត្ថាបាននិយាយទាំងប៉ុន្មាន គន្ធាបានស្តាប់ឮទាំងអស់ តែនាងព្យាយាមចិត្តរឹង ព្រោះថាមុនពេលដែលនាងឈានជើងចាកចោលបុរសអាត្មានិយមរូបនេះមក នាងបានគិតយ៉ាងល្អិតល្អន់រួចទៅហើយ ថានាងមិនវិលត្រឡប់ក្លាយជាប្តីប្រពន្ធវិញជាដាច់ខាត។
គន្ធាបាននាំកូនឡើងទៅដេកនៅលើផ្ទះ ទាំងអារម្មណ៍របស់នាងបានកំពុងតែនៅជាមួយនឹងបុរសម្នាក់ធ្លាប់មានឈ្មោះថាជាប្តី តែនាងមិនបានបិទភ្លើងនោះទេ។ មីងលីក៏បានឡើងទៅសម្រាន្តផងដែរ។
ភ្លៀងរលឹមក៏បានដាច់គ្រាប់ សំឡេងសត្វកង្កែប ហ៊ីង ចង្រិតក៏បានបន្លឺឡើងយ៉ាងទ្រហឹង រកតែស្តាប់ទិសតំបន់អ្វីមិនដឹងនោះឡើយ។ គន្ធាបានលបមើលប្តីរបស់នាងតាមប្រឡោះបង្អួចយ៉ាងស្ងៀមស្ងាត់។ អារម្មណ៍អាណិត តែមាត់មិនហ៊ានវាចាថាព្រមលើកលែងទោសឱ្យឡើយ។ ចំណែកមីងលីក៏លួចមើលសកម្មភាពរបស់កូនផងដែរ។
“ហើយម៉េចក៏មិនព្រមលើកលែងទោសឱ្យវាទៅ! មាត់នៅក្បត់បេះដូងដល់ណាទៀតអ្ហាស?” មីងលីបន្លឺឡើងបន្ទាប់ពីគាត់បានឃើញនាងលបមើលប្តីទាំងទឹកមុខស្រពោន។
គន្ធាមិនបានឆ្លើយតបជាមួយនឹងម្តាយសូម្បីតែបន្តិច នាងគិតតែដកដង្ហើមធំអង្គុយផ្អែកខ្នងនឹងជញ្ជាំងផ្ទះ។ ទឹកមុខរបស់នាងពេលនេះបានបង្ហាញយ៉ាងច្បាស់អំពីទម្ងន់ទុក្ខដ៏សែនធំដូចជាសមុទ្រ។ យូរៗម្តងនាងក៏សម្លឹងមើលទៅកូនរបស់នាងដែលកំពុងតែដេកនៅលើអង្រឹង រួចក៏និយាយទៅកាន់ម្តាយ
“ ខ្ញុំពិតជាពិបាកសម្រេចចិត្តណាស់ម៉ែ! ខ្ញុំមិនចង់ក្បត់សម្តីកាលពីមុននោះទេ ហើយខ្ញុំក៏មិនចង់ឃើញសភាពរបស់គេបែបនេះដែរ!”
“ហ៊ឺយ!…បើតាមម៉ែ កូនគួរតែសាកបើកចិត្តទទួលយកម្តងទៀត ហោចណាស់ក៏បានជួយដល់ជនដែលចេះទទួលស្គាល់កំហុសវិញដែរ”
“…”មកដល់ត្រឹមនេះ គន្ធាបែរជាលែងវាចាអ្វីទាំងអស់។ នាងគិតតែដកដង្ហើមធំជាញយៗ ហាក់បីដូចជាក្នុងទ្រូងរបស់នាងកំពុងតែមានដុំថ្មមួយផ្ទាំងដ៏ធំកំពុងតែសង្កត់អ៊ីចឹង។
ឃើញអាការៈកូនបែបនេះ មីងលីក៏មិននិយាយស្តីមិនបន្តទៀតដែរ។ គាត់ប្រះខ្នងសម្រាន្តនៅក្បែរអង្រឹងរបស់ចៅទាំងអារម្មណ៍តឹងផ្អឹសរកថាមិនត្រូវ។ ចំណែកឯគន្ធាវិញ នៅតែមិនដាច់អាល័យជាមួយនឹងប្តី នាងព្យាយាមលបមើលតាមប្រឡោះជញ្ជាំងជាញឹកញាប់។
ស្ថានភាពពួកគេទាំងពីរនៅពេលនេះគឺ អ្នកក្នុងលបមើលអ្នកក្រៅ ចំណែកឯអ្នកក្រៅចាំមើលអ្នកក្នុង។ ដោយភាពចង់យកឈ្នះយកចាញ់រាងខ្លួនក៏ដល់ពេលដែលមាន់ចាប់ផ្តើមរងាវម្តងបាត់ទៅហើយ។
គន្ធាភ្ញាក់ព្រឺតពេលបានឮសំឡេងរបស់សត្វមាន់រងាវ។ នាងយកដៃជូតទឹកភ្នែកដែលកំពុងតែបន្តហូរចេញបន្តិច រួចក៏ទៅដេកប្របកូនលក់ទៅ។ ចំណែកឯវុត្ថាវិញ គាត់អង្គុយលុតជង្គង់រណ្តំធ្មេញ ភ្នែករំពៃមើលទៅមាត់ទ្វារ ក្រែងឃើញប្រពន្ធបើកទ្វារ តែសេចក្តីរំពឹង ប្រែជាមិនបានផលសូម្បីតែបន្តិច ព្រោះគន្ធាមិនបានបើកទ្វារចេញមកនោះទេ។
មិនយូរប៉ុន្មាន រស្មីព្រះអាទិត្យក៏ប្រជ្រៀតកាយចូលមកតាមចន្លោះភ្នំនិងដើមឈើ ដើម្បីមកបំភ្លឺទ្វីបលោកសារជាថ្មី។ មីងលីភ្ញាក់ឡើងស្ទុះបើកមាត់ទ្វារ ស្រាប់តែឃើញកូនប្រសានៅត្រង់កន្លែងដដែល។ គាត់ប្រញាប់ទម្លាប់ជើងចុះពីកាំជណ្តើរទាំងត្រហេបត្រហប ស្ទើរតែជាន់ខុសម្តងៗ។
សភាពកូនប្រសាគាត់ពេលនេះមិនខុសពីកូនមាន់ធ្លាក់ទឹកទម្រាំមានអ្នកស្រង់នោះទេ។ ដោយការមិនអស់ចិត្តនិងសេចក្តីអាណិត គាត់ក៏ទៅយកភួយមកដណ្តប់ឱ្យ តែត្រូវបានវុត្ថាបដិសេធម្តងទៀត។ មីងលីមិនបានលះបង់ចោលការតាំងចិត្តមួយនេះឡើយ គាត់យកវាមកដណ្តប់លើកូនប្រសាដដែល។ ភ្លាមនេះ គន្ធាក៏ចុះមកពីលើផ្ទះល្មម។ នាងបីកូនបណ្តើរ ភ្នែកសម្លឹងទៅប្តីបណ្តើរ។ ឃើញថាប្តីមិនអីនោះទេ នាងក៏យកកូនឱ្យផ្តេកនៅលើអង្រឹង ស្រាប់តែ…
“កាធា! មកជួយប្តីឯងផង ឱ្យលឿន!”សំឡេងមីងលីស្រែកដង្ហោយហៅកូនយ៉ាងរន្ថាន់។
គន្ធាប្រញាប់ស្ទុះចុះពីគ្រែទាំងទឹកមុខភ័យស្លេកស្លាំងជាពន់ពេក។ នាងប្រញាប់ទៅលើកត្រកងប្តីបណ្តើរ យំបណ្តើរ “បងដឹងខ្លួនឡើងបង! បងកុំកើតអីឱ្យសោះណាបង។ អូនមិនចង់ធ្វើបាបបងនោះទេ តែមកពីអូនចង់សាកចិត្តបងតែប៉ុណ្ណោះ!”
ទោះបីជាអ្នកម្តាយវ័យក្មេងព្យាយាមហៅយ៉ាងណាក៏ប្តីរបស់នាងមិនបានដឹងខ្លួនសោះឡើយ។ ភ្លាមនេះអ្នកភូមិ២ទៅ៣នាក់ក៏បានមកដល់ ហើយពួយគាត់បានលើកបីវុត្ថាយកទៅដាក់នៅលើគ្រែ។ មីងលីបានបង្កាត់ភ្លើងពីខាងក្រោមគ្រែ ចំណែកឯគន្ធាវិញបានផ្លាស់សម្លៀកបំពាក់ប្តី ហើយជូតខ្លួន រួចយកភួយរុំដណ្តប់យ៉ាងជិតសល់ត្រឹមតែរង្វង់មុខតែប៉ុណ្ណោះ។
ដោយការព្យាយាមមើលថែទាំ មិនយូរប៉ុន្មានវុត្ថាក៏បានដឹងខ្លួនវិញ។ គន្ធាប្រញាប់បញ្ចុកបបរប្តី ព្រោះនាងគិតថាមូលហេតុនៃការសន្លប់មួយនេះគឺផ្តើមមកពីការអត់អាហារជាក់ជាមិនខាន។
វុត្ថាហាមាត់ទទួលស្លាបព្រាបបរបណ្តើរ សម្លឹងមើលមុខប្រពន្ធបណ្តើរ ទាំងដែលក្នុងចិត្តត្រេកអរឥតឧបមា។ ដោយការអត់ទ្រាំពុំបានគាត់ក៏បន្លឺឡើងយ៉ាងច្បាស់ៗ “ហេតុអីអូនព្រមជួយបង? ម៉េចមិនទុកឱ្យបងស្លាប់តែម្តងទៅ?”
គន្ធាយកក្រសែភ្នែកដ៏មុតមាំរបស់នាងសម្លឹងមើលទៅប្តី រួចតបវាចា “លើកក្រោយកុំមកធ្វើទង្វើរឆ្គួតៗបែបហ្នឹងទៀត វាមិនល្អទេ!”
វុត្ថាញញឹមខ្ជិប រួចងើបក្បាលរបស់គាត់ដាក់នៅលើភ្លៅរបស់ប្រពន្ធ ហាក់បីដូចជាកំពុងតែបង្ហាញប្រាប់នាងថា គាត់កំពុងតែត្រូវការភាពកក់ក្តៅចេញពីប្រពន្ធយ៉ាងពិតប្រាកដ។ “បើបងមិនធ្វើបែបហ្នឹង! តើអូនព្រមលើកលែងទោសឱ្យបងដែរឬទេ?”
“មានវិធីច្រើនណាស់! លើកក្រោយគួរតែព្យាយាមគិតសិនទៅមុននឹងធ្វើ ព្រោះថាបើលោកកើតអីទៅ កូនខ្ញុំច្បាស់ជាលែងមានប៉ាហៅហ្នឹងគេជាក់ជាមិនខាន…”
“អ៊ីចឹងបានន័យថា…អូនព្រមលើកលែងទោសឱ្យបងមែនដែរឬទេ?”
គន្ធាងក់ក្បាលជំនួសពាក្យថាយល់ព្រម។ ភ្លាមនេះវុត្ថាក៏ស្ទុះងើបយ៉ាងលឿន ដូចជាគាត់មិនបានឈឺអ្វីសូម្បីតែបន្តិច។ ប្តីប្រពន្ធមួយគូនេះឱបគ្នាយ៉ាងស្អិតរមួត ប្រៀបបីដូចជាខកខានបានចួបគ្នាជាយូរឆ្នាំហើយមកអ៊ីចឹង។
សេចក្តីត្រេកអរក៏បានបង្ហាញឡើងលាយជាមួយនឹងទឹកនេត្រាស្រក់មកបន្តបន្ទាប់ឥតដាច់ វាជាសក្ខីភាពបង្ហាញអំពីជំនួបពីភាពឈឺចាប់ក្លាយជាជំនួបនៃការចាប់ផ្តើមសារជាប្តីនៃជីវិតជាប្តីប្រពន្ធ៕