រឿង៖ ផ្លូវកែងនិងភ្លើងស្តុប

មួយជីវិតខ្ញុំមិននឹកស្មានទេថាមានមនុស្សស្រីម្នាក់ដែលស្រលាញ់ខ្ញុំខ្លាំងដល់ថ្នាក់នេះ…
សួស្តីខ្ញុំឈ្មោះស្រីពេជ្រតែភាគច្រើនគេហៅខ្ញុំតែអាពេជ្រៗទេពេលខ្លះក៏អាការពិបអ៊ីអ៊ីចឹងទៅ។ កាពិបហ្នឹង ម៉ាក់ខ្ញុំអ្នកហៅព្រោះថាមាឌខ្ញុំកាលពីតូចហ្នឹងហា វាកាធាត់! ទាត់មួយជើងអីគ្មានរសើបទេ។

“កាពិបហា! អើយមីកាពិប! ”

សំឡេងម៉ាក់ខ្ញុំហៅខ្ញុំពីខាងក្រោមផ្ទះមកមិនដឹងជាស្អីគាត់ទេព្រលឹមឡើង ម៉ោងទើបតែប្រាំមួយសោះហៅនោះផ្អើលអស់ហើយអ្នកជិតខាង។
ដឹងទេថាខ្ញុំនេះវាទម្រាំតែបានដេកវាម៉ោងឡើងមួយជាង ដឹងថារវល់ធ្វើអីទេ? គឺលេងហ្គេមនោះអី!

“បាទ!” ខ្ញុំឆ្លើយទាំងមួម៉ៅ មាត់ខ្ញុំតែបែបហ្នឹង ភាគច្រើនឆ្លើយតែបាទទេ ព្រោះថាខ្ញុំនេះវាស្រលាញ់ស្រី តែថា ម៉ែខ្ញុំគាត់អត់ដឹងទេហ៊ានតែដឹង បើមិនខ្ញុំអត់កន្លែងនៅ។

“ចុះមកខាងក្រោមស៊ីបាយហើយទៅសាលា” ម៉ែស្រែកម្ដងទៀត

មិនដឹងជាស្អី និយាយធម្មតាគឺមិនចេះនិយាយទេអ្នកម្តាយជាទីបណ្តូលចិត្តខ្ញុំ ចូលចិត្តតែស្រែក ថ្លង់សឹងស្លាប់។
“បាទ!” ខ្ញុំស្រែកទៅវិញ ម៉ែស្រែកបានខ្ញុំក៏ស្រែកបាន។

ម៉ោង ៦: ២០នាទីនៅខាងក្រោមផ្ទះ ខ្ញុំកំពុងតែញុំាបាយទាំងអួលៗ ម្ហូបថ្ងៃលើកណាក៏ត្រីងៀត រហូតមុខខ្ញុំនេះចង់ដូចត្រីងៀតហើយខ្លាចណាស់ខ្លាចតែពេលណាមួយមុខដូចត្រីងៀត ស្រីឈប់ស្រលាញ់ទេ។

១០នាទីក្រោយខ្ញុំរៀបចំខ្លួននឹងញ៉ាំបាយរួចមិត្តខ្ញុំម្នាក់ឈ្មោះនាងម៉ីក៏មករកខ្ញុំ។ វានេះជាមិត្តខ្ញុំយូរហើយតាំងពីកាលខ្ញុំទើបតែ ៣ឆ្នាំ។

“ការពេជ្រៗ” នាងម៉ីហៅខ្ញុំ។

ខ្ញុំនេះគ្រាន់តែឮសំឡេងនាង ក៏ធុញសឹងតែស្លាប់ ធុញវាណាស់រាល់ថ្ងៃ ពេលដើរជាមួយវាម្ដងៗខ្មាសគេសឹងស្លាប់ ដឹងខ្មាសរឿងអីទេ! នោះមើលទៅមីមួយហ្នឹងវាហាច់ណាស់ ឃើញប្រុសមិនបានទេ ញញឹមរហែកមាត់ចោល តែបើថាប្រុសមិនមើលមុខហេស?

“បងទៅណាហ្នឹង?” នេះឯងពេលញញឹមដាក់ប្រុសរួច។
ប្រុសមិនមើលមុខក៏ស្រែកហៅយកតែម្ដង អូយៗខ្មាសគេណាស់ ខ្ញុំកម្មអីទេបានមិត្តមកអ៊ីចឹង។

“យី! មួយដៃបែកមាត់ឥឡូវហ្នឹង ហៅឯងបង ហៅចែបានត្រូវ”
ប្រុសម្នាក់នោះស្ដីឱ្យនាងម៉ី។ នាងម៉ីមិនបានមាត់នឹងនៅស្ងៀមសិន។

“នែនាងនេះទៅដុបយើងទៅ” ខ្ញុំទះក្បាលនាងមួយដៃមុននឹងឡើងម៉ូតូ ហុងដា សេរី២០២១ របស់នាង។ នាងនេះវាជាអ្នកមានដូច្នេះហើយទើបខ្ញុំជិះម៉ូតូជាមួយនាង ខ្ញុំក៏មានម៉ូតូដែរ តែខ្ជិលជិះ សុខចិត្តជិះជាមួយវា អត់ខាតលុយថ្លៃសាំង

“មានជម្រាបលាម៉ាក់នៅនឹង?”
“កុំចេះអីដល់ម៉ោងហើយទៅលឿនទៅ”

ពីផ្ទះទៅសាលារៀងឆ្ងាយគួរសមដែរ ផ្ទះខ្ញុំនៅត្រពាំងអញ្ចាញ ឯសាលានៅជិតភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំងណានេះ ជិះម៉ូតូ ២០នាទីបានដល់ ឯកង់ជិះ ៣០នាទី ឬ ៤០នាទីបានដល់ ជិះកង់ស្លាប់ចោល។ ជិះតាមផ្លូវមកដល់មុខវត្តពោធិ ផ្លូវនោះជាផ្លូវកែង ផ្លូវកែង មាន ២ កែងទី១ មិនសូវជាកែងអីប៉ុន្មានទេ តែអាកែងទី២ហ្នឹង កែងយកតែមែនទែន របងវត្តខ្ពស់ពិបាកអើតកមើល ពេលជិះជិតដល់ផ្លូវកែង មានរ៉ឺម៉កមួយជិះយឺតៗនៅខាងមុខម៉ូតូនាងម៉ី ដោយហេតុថានាងមិនចេះជិះយឺតៗនោះទេ ភាគច្រើនជិះម៉ាបាសសក់ នាងបានវ៉ារ៉ឺម៉កនោះ

“នែៗ យឺតៗ កុំវ៉ាៗ ផ្លូវកែង!”

ខ្ញុំគោះស្មារនាងខ្លាំងៗ ឱ្យនាងបន្ថយល្បឿនមកវិញ មិនឱ្យនាងវ៉ាតែនាងមិនស្ដាប់ខ្ញុំ នាងវ៉ារ៉ឺម៉កនោះទាល់តែបាន វ៉ារួចក៏បានមកផ្លូវកែងឡានធំមួយបានជិះមក ទល់មុខនឹងម៉ូតូខ្ញុំ។ ខ្ញុំភ័យពេកយកដៃបិទភ្នែកសិន ខ្ញុំមិនដឹងថាមានរឿងអីកើតឡើងទេ ខ្ញុំមិនចង់ឃើញ

“គេចទៅកៀនរបងទៅ!”

ខ្ញុំស្រែកដាក់ នាងភ្ញាក់អារម្មណ៍ឡើងវិញ និងកាច់ចង្កូតទៅខាងស្ដាំកៀនរបងវត្ត ម្ចាស់ឡានបានឈប់បម្រុងថានឹងមកជេរពួកខ្ញុំ តែថាមិត្តខ្ញុំនេះវាឆ្លាតណាស់ វាបញ្ឆេះម៉ូតូទៅតទៀតគ្មានឱ្យអ្នកណាមកជេរក្បាលនាងទេ។

“ស្រីឆ្កួត! តិចងាប់! អញឈប់ជិះជាមួយនាងហើយ!” ខ្ញុំវៃស្មានាងខ្លាំងៗខ្ញុំនេះភ័យចង់ស្លាប់ បេះដូងក៏លោតចង់តែប្រេះតែម៉ាកៗហ្នឹង ខ្ញុំរស់បានប៉ុន្មានថ្ងៃ?

“វាមិនអីទេ! ” នាងឆ្លើយទាំងគ្មានអារម្មណ៍ក្នុងខ្លួន។
“នាងកើតអី? ម៉េចបានគ្មានព្រលឹងក្នុងខ្លួនអ៊ីចឹង?” ខ្ញុំទះក្បាលនាងរាល់ដង នាងម៉ី មិនដែលអ៊ីចឹងទេ នាងរួសរាយនិយាយច្រើនឡប់ៗប្រុងប្រយ័ត្ននឹងការជិះម៉ូតូណាស់ ទោះបីជានាងជិះលឿនតែភ្នែកនាងងាកចុះឡើងៗមើលផ្លូវរហូត វ៉ាអីក៏មិនដែលវ៉ាផ្លូវកែងដែរ។
តែថាលើកនេះម៉េចបានអ៊ីចឹង? មីមួយហ្នឹងសង្ស័យខ្មោចចូលហ្មង។

“អញមានកើតអីគ្រាន់តែរៀងព្រឺៗ”

នាងនិយាយនិងបន្ថយល្បឿន ខ្ញុំមិនចាប់អារម្មណ៍នឹងនាងទៀតទេ ព្រោះថាខ្ញុំគិតតែពីមើលទៅផ្ទះមួយនៅកៀនដើមស្វាយផ្ទះមាន​ពណ៌​ក្រហម មានបុរសម្នាក់ស្លៀកពាក់ធម្មតាអាវដៃវែងជាមួយនឹងខោជើងវែង អង្គុយនៅនឹងមុខផ្ទះនោះ គាត់អង្គុយនៅលើរ៉ឺម៉កទឹកអំពៅមួយ។

“នោះ ហែ្ហងផឹកទឹកអំពៅអត់?” ខ្ញុំសួរទៅមិត្តខ្ញុំនឹងតាមមើលរ៉ឺម៉កទឹកអំពៅនោះ។
“អត់ទេ!” នាងម៉ី បន្ថែមល្បឿនទៅមុខ ខ្ញុំក៏ងាកទៅខាងមុខ តែថាខ្ញុំឃ្លានទឹកអំពៅក៏ងាកទៅវិញ តែថាងាកទៅវិញបាត់រ៉ឺម៉កទឹកអំពៅបាត់ ហេ!! បាត់ទៅណា! ជិះលឿនម្ល៉េះ ងាកទៅមុខងាកមកវិញបាត់។

“នែ! ខ្មោចលងវើយ ” ខ្ញុំកេះមិត្តខ្ញុំទាំងព្រឺឆ្អឹងខ្នងខ្ញាកៗ ណាមួយផ្លូវចេញពីផ្លូងកែងមិញនេះរៀងស្ងាត់ដែរ

“ខ្មោចម៉ែនាងឯងលងម៉ោងជិត៧?” ម៉ីមិនខ្វល់ ដោយសារនាងម្នាក់នេះ មិនចេះខ្លាចខ្មោចទេព្រោះថាឪនាងនេះណា ចេះវិជ្ជាធ្មប់អ៊ីចឹងហើយនាងខ្លាចរកអីបើផ្ទះនាងចិញ្ចឹមខ្មោច ចិញ្ចឹមព្រាយ ម្រេញគង្វាលពេញផ្ទះ។

“អូយត្រជាក់ណាស់ហា!” ខ្ញុំនិយាយនឹងបានងាកទៅខាងក្រោយ ចៃដន្យអីរ៉ឺម៉កទឹកអំពៅនោះបានជិះតាមខ្ញុំ ជិះតាមធ្វើអីខ្ញុំនេះណាវាឆ្អែតហើយលែងចង់ផឹកទឹកអំពៅអីហើយ ព្រឺណាស់! ម៉ែអាណា ម្ដងឃើញម្ដងអត់ ហើយជិះក្រោយឯងនឹងសម្លក់ទៀតហាស ធ្វើមើលតែឯងហ្នឹងងទៅធ្វើអីគាត់អ៊ីចឹង។

មកដល់សាលា ខ្ញុំបានងាកទៅខាងក្រោយម្ដងទៀត តែថាបាត់រ៉ឺម៉កទឹកអំពៅនោះទៅហើយ តាមផ្លូវខ្ញុំងាកក្រោយមើលទៅគាត់រហូតម៉េចបានបាត់ខ្លួនកើត?

“ទៅចុះនេះលុយទិញបាយផងណាយើងយកម៉ូតូទៅផ្ញើ”
ម៉ីហុចលុយឱ្យខ្ញុំ ៥ពាន់រៀល រួចដើរចូលទៅក្នុងផ្ទះមួយផ្ញើម៉ូតូ ខ្ញុំនេះ វារៀងញ័រៗខ្លាចខ្មោចនោះខ្លាច ទាំងដែលយប់ឡើងនៅតែម្នាក់​ឯង​សោះហ្នឹងហា។

“អុីៗ! យកបាយពីរប្រអប់” ខ្ញុំនិយាយតិចៗហើយងាកទៅខាងក្រោយ ចង្រៃអីស្រាប់តែឃើញរ៉ឺម៉កទឹកអំពៅដដែលនោះចតរ៉ឺម៉កមុខខ្លោងទ្វារសាលា!

“អុញ! នេះមនុស្សពិតតើហុី?” ខ្ញុំមើលទៅពូម្នាក់នោះ តែថាពូនោះគាត់មើលមកខ្ញុំដូចគ្នា បានបន្តិចក៏មានសិស្សប្រុសម្នាក់បានទិញទឹកអំពៅពូនោះមួយកែវ។ ឃើញបែបនេះហើយខ្ញុំក៏មានអារម្មណ៍ល្អឡើងវិញ លែងសូវខ្លាចទៀតហើយ តែខ្ញុំរៀងភ្លឹកៗ។

“មីអូន” អុីលក់បាយនោះមកគោះស្មារខ្ញុំ។ ខ្ញុំរហ័សងាកទៅរកគាត់យ៉ាងប្រញាប់។
“ហូយ! អុី អស់ព្រលឹងខ្ញុំហើយ” ខ្ញុំហុចលុយឱ្យគាត់ទាំងព្រលឹងចុងសក់ កំពុងតែខ្លាចខ្មោចសុខៗ ក៏មកគោះអ៊ីចឹងអ្នកណាមិនច្រឡំថាខ្មោចលង?

“អរគុណអុី” ខ្ញុំទទួលបាយនិងងដើរឆ្លងថ្នល់ចូលសាលា តែថារ៉ឺម៉កទឹកអំពៅពូនោះស្រាប់តែជិះបិះនឹងបុកខ្ញុំ។ ខ្ញុំរហ័សចូលទៅកៀននឹងសម្រួលអារម្មណ៍មកវិញ អ្នកនៅជុំវិញខ្ញុំពួកគេហាក់នៅធម្មតាគេមិនខ្វល់ពីខ្ញុំទេ។ ខ្ញុំងាកទៅមើលមនុស្សជុំវិញរួចដកដង្ហើមធំ ខ្ញុំគិតថាពួកគេមិនបានចាប់អារម្មណ៍ហើយមើលទៅ។

“អាពេជ្រ! ឯងអត់អីណាហី? នេះផឹកទៅ” ម៉ីដើរមករកខ្ញុំ និងបានហុចទឹកសុទ្ធមួយដបឱ្យខ្ញុំ។ ខ្ញុំមិននិយាយអី តែបេះដូងខ្ញុំនេះវាចាប់ផ្តើមលោតទៀតហើយ។

ម៉ោង ១១:០០ ខ្ញុំបានចេញពីរៀន រួចឈរនៅមុខសាលាចាំមនុស្សម្នាក់ ឃើញចាំអ៊ីចឹងមិនមែនចាំមិត្តខ្ញុំមីខ្មីហ្នឹងទេ គឺចាំសង្សាររបស់ខ្ញុំ ដែលជាស្រីស្អាតប្រចាំសាលាឯកជនខាងមុខសាលាខ្ញុំ។ នាងនៅភូមិម្ដុំនេះទេ តែនាងសុខចិត្តជិះម៉ូតូជូនខ្ញុំទៅ រួចទើបត្រលប់មកផ្ទះវិញ ហើយអាកាលជួបគ្នាដំបូងហ្នឹង ជួបគ្នានៅកន្លែងទិញបាយ នាងតែងតែជិះម៉ូតូ PCX មករៀនរាល់ថ្ងៃ តែថាពួកយើងរៀងសាលាខុសគ្នា នាងរៀននៅសាលាឯកជន ខ្ញុំវិញរៀននៅសាលារដ្ឋ នោះមកពីនាងជាកូននាយកសាលាឯកជនហ្នឹង។

“ចាំបងយូរទេ?” នាងសួរមកកាន់ខ្ញុំ។
សង្សាររបស់ខ្ញុំនាងឈ្មោះមេសា រូបរាងស្រឡូន កាលមុននោះឮថាមានកូនចៅសង្កាត់ណាទេ ទៅដណ្ដឹង តែនាងមិនយកសុខចិត្តស្រលាញ់គ្នាលួចលាក់ជាមួយនឹងខ្ញុំ ខ្ញុំនេះវាមិនមានអីអស្ចារ្យទេ ម៉ាក់មេភូមិ ប៉ាចៅសង្កាត់ហ្នឹង។

“មិនយូរទេ!” ខ្ញុំឡើងម៉ូតូហ្នឹង ងាកទៅខាងក្រោយបន្តិចមើលទៅម៉ី ដែលជិះពីខាងក្រោយខ្នងខ្ញុំ ម៉ី នាងមិនដែលទៅផ្ទះចោលខ្ញុំទេព្រោះថានាងខ្លាចខ្ញុំនឹងសង្សារខ្ញុំជិះហួសផ្ទះទៅកន្លែងផ្សេង។

“ថ្ងៃនេះអូនកើតអីមុខស្លេកម្ល៉េះ?” មេសាមើលមកមុខខ្ញុំតាមកញ្ចក់ ខ្ញុំនេះរៀងភ្លឹកតិច ហើយខ្ញុំមិនបានឆ្លើយតបទៅនាងវិញទេដោយហេតុថា ខ្ញុំជួបពូទឹកអំពៅនោះទៀតហើយ។

នោះៗគាត់កំពុងតែឈរកណ្ដាលផ្លូវ រ៉ឺម៉កគាត់ចតជិតបឹងឈូកមួយគាត់ឈរកណ្ដាលផ្លូវសម្លឹងមកខ្ញុំមិនដាក់ភ្នែកសោះ ពេលនោះមេសានាងបានជិះហួសឯខ្ញុំក៏នៅតែតាមមើល តាមមើលរហូតដល់ពូមួយនោះរត់តាម។

“នាងក្មេងចង្រៃ ទៅស្លាប់ទៅ” ពូមួយនោះរត់មកកៀកនឹងម៉ូតូ និងឈោងដៃរកចាប់កាតាបខ្ញុំបាន
“មេសា! មេសា! ជិះឱ្យលឿនបង! បងជិះឱ្យលឿនវាជិតមកដល់ហើយ”
ខ្ញុំស្រែកឆោឡោពេញផ្លូវ ពូនោះមិនដឹងជាកើតអីទេរត់តាមខ្ញុំមករហូត រត់ផងលានអណ្ដាតដាក់ផង ពេលខ្លះខ្ញុំងាកទៅក៏អត់មានក្បាលទៀត! នេះលេងមែនទែនឬ?

“បងជិះឱ្យលឿន!” ខ្ញុំស្រែកហើយស្រែកទៀត។
“អ្នកណាតាម? បងមិនឃើញអីទេ!”
មេសាឈប់ម៉ូតូ នឹងងាកទៅខាងក្រោយ តែនាងមិនបានឃើញអ្វីទេ មានតែខ្ញុំ។ ខ្ញុំម្នាក់ប៉ុណ្ណោះដែលមើលឃើញ! ខ្ញុំបើកភ្នែកតិចៗមើល​ទៅខាងក្រោយ មិនមានអីពិតមែន បាត់ទៅណាហើយ? មិញនេះរត់តាមច្បាស់ណាស់។

“កុំយំៗ! វាមិនអីទេស្ដាប់បង! នេះពាក់វាទៅ”
មេសានាងក៏មានប៉ាដែលចេះវិជ្ជាធ្មប់ អ៊ីចឹងហើយនាងយល់ពីស្ថានភាព នាងបានដោះខ្សែដៃរបស់នាងមកឱ្យខ្ញុំ។

“កើតអី?” ម៉ី ឈប់ម៉ូតូមកមើលខ្ញុំ។ ខ្ញុំគិតតែពីយំ ម៉ី នាងងាកកជុំវិញ ងាកមើលទៅដើមឈើមាត់បឹង រួចនាងងក់ក្បាលព្រមទាំងបានមើលទៅខ្សែដៃមេសា។

“នាងទុកវាពាក់ទៅ ពេជ្រនាងយករបស់ខ្ញុំទៅល្អជាង!”
នាងម៉ីរកថានឹងដោះខ្សែដៃនាងឱ្យខ្ញុំតែបងមេសាគាត់មិនព្រម។

“ទេ! នាងមិនអាចធ្វើអ៊ីចឹងទេ ពេជ្រ! អូនពាក់វាទៅបងមិនអីទេ”
មេសាដោះខ្សែដៃបស់នាងមកពាក់ឱ្យខ្ញុំ និងបានសម្លឹងមើលទៅមុខរបស់ម៉ី។ ២០នាទីក្រោយ មេសានាងជូនខ្ញុំមកដល់មុខផ្ទះតែផ្ទះខ្ញុំចាក់សោរ ខ្ញុំទាញទូរសព្ទមកខលទៅម៉ាក់ភ្លាម។

“អាឡូម៉ាក់១ ម៉ាក់នៅណា?” ខ្ញុំនិយាយជាមួយនឹងម៉ាក់ដោយសំឡេងញ័រៗ ហាក់ភ័យមិនទាន់បាត់។
“នៅកំពត នាងឯងទៅដេកផ្ទះមិត្តសិនទៅ”
ម៉ាក់ថាហើយចុចបិតភ្លាម ខ្ញុំទុកទូរសព្ទវិញងាកទៅមើលមុខ មេសា និង ម៉ី ។ ពួកនាងញញឹមស្រស់មកកាន់ខ្ញុំញញឹម? ញញឹមរកម៉ែពួកនាងអី ខ្ញុំនេះខ្លាចសឹងអី។

“ម៉ីយើងទៅដេកដែរណា”
ខ្ញុំកាន់ដៃនាងនិយាយទាំងចង់យំ ព្រោះថាខ្ញុំជួបទៀតហើយ ជួបខ្មោចទៀត តែលើកនេះមិនមែនពូទឹកអំពៅទេតែជាកូនក្មេងមកពីណាមិនដឹងទេ មកឈរនៅលើដំបូលខ្ញុំសម្លឹងមើលមកខ្ញុំសឹងតែជ្រុះគ្រាប់ភ្នែកចេញមក មិនត្រឹមតែប៉ុណ្ណឹងទេ នៅមានខ្មោចស្រីម្នាក់ទៀត ឈរនៅកៀននឹងនាងញញឹមស្រស់ណាស់។

ម៉ី ងក់ក្បាល គ្រាន់តែងក់ក្បាលភ្លាម ខ្ញុំនេះក៏ប្រញាប់ឡើងម៉ូតូនាង។ សង្សារខ្ញុំក៏មិនបាននិយាយអី តែខ្ញុំដឹងថានាងកំពុងតែខឹងខ្ញុំ តែខ្ញុំមិនអាចទៅគេងកន្លែងផ្សេងក្រៅពីផ្ទះនាងម៉ីហ្នឹងទេ ព្រោះថានាងម៉ី នាងអាចការពារខ្ញុំបាន។
“បងទៅផ្ទះហើយណា” សង្សារខ្ញុំនិយាយមកកាន់ខ្ញុំ។ ខ្ញុំងក់ក្បាលតិចៗ និងញញឹមតិចៗដាក់សង្សារខ្ញុំ។

ពេលមកដល់ផ្ទះម៉ី ខ្ញុំនេះណា ងាកឆ្វេងងាកស្ដាំរកមើលប៉ារបស់នាង តែរកមិនឃើញទេ ឃើញតែម៉ាក់នាងកំពុងតែស្រោចផ្កា ពូទឹកអំពៅចតរ៉ឺម៉កអង្គុយបើកភ្នែកមកខ្ញុំម៉ក់ៗបើកភ្នែករកអី? ខ្ញុំពិតជាមិនយល់មែនទែន ហើយមិនដឹងជាគាត់នោះជាខ្មោច ឬព្រាយ ឬមួយជាទេវតាតាមខ្ញុំទេ។ តាមខ្ញុំតាំងពីទៅរៀនមកដល់ពាក់កណ្ដាលផ្លូវ ក៏រត់តាម ពេលនេះក៏មកដល់មុខផ្ទះម៉ីទៀត។

ម៉ី ដើរនៅខាងមុខខ្ញុំ នាងងាកទៅខាងក្រោយ ទឹកមុខនាងមិនសូវស្រួលប៉ុន្មានទេ ខ្ញុំដឹងថានាងបានឃើញខ្មោចនោះឬអត់ សង្ឃឹមថានាងនឹងមិនបានឃើញទៅចុះ

“ពេជ្រ!”

សំឡេងសង្សារខ្ញុំស្រែកហៅខ្ញុំពីខាងក្រៅផ្ទះ នាងចតម៉ូតូកៀនរ៉ឺម៉កទឹកអំពៅនោះ បើតាមខ្ញុំចាំប៉ានាងជាអ្នកចេះវិជ្ជាធ្មប់អ៊ីចឹងហើយមេសានាងអាចនឹងចេះវិជ្ជានោះពីប៉ានាងខ្លះៗដែរ ព្រោះនាងថានាងអាចឃើញខ្មោចដែលកំពុងតែតាមខ្ញុំនោះ។ “បងមិនទៅផ្ទះទេមែន?” ខ្ញុំចេញពីផ្ទះម៉ីទៅរកសង្សារខ្ញុំពូទឹកអំពៅនោះគាត់ស្រាប់តែបាត់ខ្លួន បន្ទាប់ពីខ្ញុំដើរទៅជិតដល់គាត់ ឃើញខ្ញុំដើរអ៊ីចឹង មិនមែនខ្ញុំមិនខ្លាចគាត់ទេ តែខ្ញុំអាងសង្សាររបស់ខ្ញុំ។

“ទេបងសុំគេងនៅទីនេះផងបានទេ? ព្រោះថាខ្សែដៃបងបានឱ្យទៅអូនបាត់ហើយ”
នាងនិយាយទាំងទឹកមុខមិនស្រួល។ ខ្ញុំនេះមិនយល់ពីសម្ដីដែលនាងនិយាយនោះទេ គ្រាន់តែឱ្យខ្សែដៃមកខ្ញុំពាក់ព័ន្ធអីនឹងរឿងទៅផ្ទះ? ខ្លាចប៉ាជេររឿងខ្សែដៃមែនទេ?

“ចូលមកប្រយ័ត្នប្រយែងតិចទៅ”
ម៉ីដើរមកពីខាងក្រោយខ្ញុំ នាងបានបើកទ្វារឱ្យសង្សារខ្ញុំចូលទៅខាងក្នុង។ បន្ទាប់ពីចូលម៉ូតូបិតទ្វាររួច រ៉ឺម៉កទឹកអំពៅក៏លេចខ្លួនមកម្ដងទៀតតែថាពូទឹកអំពៅលើកនេះ រាងខុសប្លែកពីលើកមុន គាត់លើកនេះកំពុងតែដើរមករកខ្ញុំ។ សន្សឹមៗមុខរបស់គាត់គិតតែពីញញឹមតែភ្នែករបស់គាត់សម្លឹងមកកាន់ខ្ញុំសម្លឹងដល់ថ្នាក់ជ្រុះភ្នែកមក។

“អាយ! ជួយ!”

ខ្ញុំរត់ទៅកាន់ដៃសង្សារខ្ញុំជាប់ពូទឹកអំពៅគាត់មិនអាចចូលមកខាងក្នុងផ្ទះម៉ីបានទេ ដោយសារតែផ្ទះម៉ីមានអ្នកការពារត្រឹមត្រូវ។ ខ្ញុំឃើញអ៊ីចឹងក៏លែងមាត់ បាត់មាត់ឆឹងតែម្ដង

“ចូលមក” ម៉ីបក់ដៃហៅខ្ញុំជាមួយនឹងសង្សារខ្ញុំ។ សង្សារខ្ញុំប្រញាប់កាន់ដៃខ្ញុំចូលទៅខាងក្នុងផ្ទះ។
“ប៉ាម៉ាក់នាងទៅណាអស់ហើយ?” មេសាសួរដោយមើលជុំវិញផ្ទះ មេសាជាមួយនឹងខ្ញុំភាគច្រើនតែងតែមកលេងផ្ទះម៉ីបានញឹកញាប់ មកពេលណាក៏ឃើញប៉ាម៉ាក់ម៉ីដែរ តែលើកនេះមិនឃើញទើបហាក់ប្លែកចិត្ត។

“គាត់មិននៅទេ” ខ្ញុំភ្ញាក់ព្រើត នេះម៉ាក់នាងមិននៅ ចុះអ្នកណាគេស្រោចផ្កាមិញនេះ? ជាស្អី?ឃើញនៅស្រោចផ្កាច្បាស់ណាស់មិញ

“នាងកើតអី? ចូលមកដល់ផ្ទះយើងហើយគ្មានខ្មោចណាលងនាងកើតទេ”
ម៉ីដើរទៅចង្រ្កានបាយ ទៅរកមើលបាយម្ហូប សង្សារខ្ញុំក៏ទៅអង្គុយនៅលើសាឡុង តែខ្ញុំនេះវិញទៅណាអត់រួចទេ អស់កម្លាំងដល់ហើយកម្រើកខ្លួនមិនរួច និយាយអ្វីក៏មិនកើត នេះខ្ញុំកើតអីនឹង? កុំប្រាប់ណាថាជំនាងផ្ទះកំពុងលេងជាមួយខ្ញុំ? ហ៊ើយ! ពិតមែនជំនាងផ្ទះកំពុងលេងជាមួយខ្ញុំ! នោះមើលទៅ លេងឈរនៅចំពោះមុខខ្ញុំល្អណាស់ ញញឹមដាក់ទៀតផង។

“នាងជាមិត្តខ្ញុំ សូមជំនាងផ្ទះកុំលេងជាមួយនាងអី”
ម៉ីដើរមកជិតខ្ញុំ នាងបានទះស្មាខ្ញុំតិចៗ ទះរួចខ្ញុំក៏មានកម្លាំងវិញអាចកម្រើកខ្លួនបាន។ ខ្ញុំគិតថាថ្ងៃនេះខ្ញុំកើតអី ម៉េចបានមានគេតាមខ្ញុំរហូត? ឬមួយខ្ញុំស៊យពេកដល់ថ្នាក់មើលឃើញខ្មោច? វាម៉េចនឹងអាច? ខ្ញុំនេះណាឈ្មោះ អាពេជ្រ ជាកូនហេងប្រចាំភូមិ។

“ពេលញុំាបាយរួច នាងកុំចេញពីផ្ទះនេះណាប្រយ័ត្នខ្លួនបន្តិចទៅ គេកំពុងតែចាំនាងនៅមុខផ្ទះ”
ម៉ី ចាប់ដៃរបស់ខ្ញុំ។ ខ្ញុំឮនឹងឃើញនាងចាប់ដៃ ទើបបែរមុខទៅទ្វារផ្ទះ នាងក៏ឃើញខ្មោចមកពីណាទេច្រើនណាស់មានទាំងប្រុសទាំងស្រី ទាំងពូទឹកអំពៅ នេះខ្មោចទាំងនេះមកពីណាហ្នឹងងច្រើនម្ល៉េះ?
ខ្ញុំមានបានទៅធ្វើអីពួកគេឯណា ចុះមករកខ្ញុំធ្វើអី? បើថាខ្ញុំធ្វើអំពើអាក្រក់ ក៏មិនមែនដែរ ខ្ញុំសម្លាប់ពួកគេក៏មិនមែនដែរ ខ្ញុំនៅតែផ្ទះនិងដើរលេងជាមួយនឹងសង្សារ ឬមួយម៉ី មិនដែលទៅធ្វើអីអ្នកណាផង

“ពួកគេមករកខ្ញុំធ្វើអី?” ខ្ញុំកាន់ដៃសង្សារខ្ញុំ ក្បាលរបស់ខ្ញុំចាប់ផ្តើមឈឺ ឈឺកាន់តែខ្លាំងទៅៗ ភ្នែករបស់ខ្ញុំងងឹតបន្តិចម្ដងៗខ្ញុំមិនយល់ថាវាកើតអីនោះទេ តែម៉េចបានភ្នែកខ្ញុំងងឹតម្ល៉េះ? បានបន្តិច ខ្ញុំបានមកដល់កន្លែងមួយដែលពោរពេញទៅដោយខ្មោចជាច្រើន ឈរតម្រៀបគ្នានៅនឹងមុខខ្ញុំ ខ្មោចទាំងនោះសុទ្ធតែជាខ្មោចតៃហោង។ ខ្លះមានក្បាល ខ្លះក៏គ្មានក្បាល អ្នកខ្លះទៀតក៏យួរក្បាលរបស់គេ អ្នកខ្លះទៀតមកតែពាក់កណ្ដាលខ្លួន! ខ្ញុំដើរទៅខាងក្រោយបន្តិចម្ដងៗ តែថាពួកខ្មោចនោះ វាមិនបានមកតាមខ្ញុំនោះទេ ពួកវាបានដកដៃរបស់វា មកតាមចាប់ខ្ញុំទៅវិញទេ ខ្ញុំត្រលប់ក្រោយរត់ទៅយ៉ាងលឿន!

“សងជីវិតយើងវិញមក!”
សំឡេងខ្មោចកងរំពងពេញត្រចៀកខ្ញុំ។ ខ្ញុំរត់ទៅមុខរត់ ទៅកាន់តែលឿន សំឡេងដកដង្ហើមរបស់ខ្ញុំក៏ដកញាប់ទៅៗខ្ញុំរត់ឆ្ងាយហើយតែផ្លូវគ្មានទីបញ្ចប់ទាល់តែសោះ។

“សងជីវិតយើងវិញមក!”
សំឡេងខ្មោចបានបន្លឺមកម្ដងទៀត ខ្ញុំរត់បណ្ដើរយកដៃទៅបិតត្រចៀកបណ្ដើរ ខ្ញុំមិនចង់ឮអ្វីដែលគួរឱ្យខ្លាចនោះទៀតទេ! ខ្ញុំខ្លាច!

“មេសាជួយ ជួយផងមេសា!”
ខ្ញុំស្រែកហៅសង្សារខ្ញុំ មានតែសង្សារខ្ញុំទេដែលអាចជួយខ្ញុំបាននាងពូកែគ្រប់យ៉ាង!។


“ឈឺណាស់! អាយ! ជួយ! ឈឺ! ក្ដៅណាស់!”

សំឡេងខ្មោចតៃហោងគ្មានស្បែក បានមកឈរមុខខ្ញុំ ទាំងខ្លួនរបស់គេកំពុងតែឆេះជាមួយនឹងភ្លើង គេស្រែក! គេស្រែកជាមួយនឹងភាពឈឺចាប់ គេស្រែកម្ដងហើយ ម្ដងទៀតគេក៏រត់មកតាមខ្ញុំដូចគ្នា។

“មេសា! ម៉ី!ជួយផង!” ខ្ញុំរត់បានបន្តិចក៏ជួបជាមួនឹងមិត្តខ្ញុំ។ ខ្ញុំខំរត់ទៅរកពួកគេតែថា…ពួកគេស្រាប់តែរលាយបាត់ ខ្ញុំឈរត្រង់ធ្មឹង ព្រោះថាអស់ផ្លូវរត់បាត់ហើយ អស់ហើយ ខ្ញុំត្រូវរត់ទៅណាទៀត?

“សងជីវិតយើងវិញមក!” ពាក្យដដែលនោះមានបន្លឺនៅក្នុងត្រចៀកខ្ញុំដដែល ខ្មោចនោះបានមកឈរជុំវិញខ្លួនខ្ញុំ។ ខ្ញុំ…ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបានទៀតទេ បានត្រឹមអង្គុយខ្ទប់ត្រចៀកតែប៉ុណ្ណឹង។

“ពេជ្រ”
សំឡេងមេសាបានហៅខ្ញុំតិច និងបានអង្រួនរាងកាយខ្ញុំ។ ខ្ញុំបានឈរនៅមើលរាងកាយខ្ញុំពេលនេះជាវិញ្ញាណ! ខ្ញុំបានឃើញរាងកាយខ្ញុំកំពុងតែដេកស្កូកស្ដឹង មេសានាងយំហៅខ្ញុំមកវិញរហូត ម៉ី អង្គុយមើលមុខខ្ញុំទឹកភ្នែកនាងហូរ តែនាងមិនបាននិយាយអ្វីទេ នាងបានតែបង្ហូរទឹកភ្នែកប៉ុណ្ណោះ។

“ហេ!ហេ! បងខ្ញុំនៅទីនេះបង” ខ្ញុំស្រែកដាក់សង្សារខ្ញុំ។
“នែ! នាងខ្មោចតៃហោង នាងប្រឹងស្រែករកអី? ជាខ្មោចតៃហោងម្នាក់សោះ ម៉េចក៏អាចចូលមកក្នុងផ្ទះនេះបាន?”
ជំនាងផ្ទះស្រីម្នាក់ បានមកនិយាយនៅពីក្រោយខ្នងរបស់ខ្ញុំ មិនដឹងជាមកតាំងពីកាលទេ។

“អាយក្ដៅ!”

ខ្ញុំរលាយបាត់ខ្លួនបន្តិចម្ដងៗព្រោះតែបារមីជំនាងផ្ទះខ្លាំងជាងខ្ញុំ ចំណែកឯខ្ញុំ….ខ្ញុំមិនដឹងជាខ្លួនឯងជាអ្វីឱ្យប្រាកដទេ? ដឹងត្រឹមថាជំនាងផ្ទះមិញនេះហៅខ្ញុំថាខ្មោចតៃហោង! ហេនេះខ្ញុំស្លាប់តាំងពីកាលណាហ្នឹង? ស្លាប់ដោយសារអី? ឬមួយពួកខ្មោចទាំងនោះ ជាអ្នកយកខ្ញុំទៅ? អត់ទេៗ វាមិនអាចទេ។

“ជួយផងៗក្ដៅណាស់” ខ្ញុំមិនដឹងថាជំនាងផ្ទះរបស់នាងម៉ីកើតអីទេ សុខៗខ្ញុំកំពុងតែឈរនៅនឹងមាត់ទ្វារផ្ទះនាងសោះ គាត់ស្រាប់តែមកបញ្ចេញរិទ្ធិជាមួយនឹងខ្ញុំ។

“បងមេសា”

ខ្ញុំស្ទាបខ្លួនស្រែកទាំងការឈឺចាប់ បានបន្តិចសង្សារខ្ញុំមេសាបានចេញពីក្នុងផ្ទះមកទាំង
ទឹកភ្នែករហាម ព្រមទាំងបានមកឱបខ្ញុំគាត់សុខចិត្តទទួលរងនូវការឈឺចាប់ជំនួសខ្ញុំ ហេតុអីក៏គាត់ល្អយ៉ាងនេះ? គាត់ជាទេវតាមកចាប់ជាតិមែនទេ?

“ទ្រាំបន្តិចទៅជិតអស់អីហើយ” គាត់អង្អែលក្បាលខ្ញុំនឹងញញឹមដាក់ខ្ញុំបន្តិច មុននឹងប្រើកម្លាំងរបស់គាត់ទាំងអស់ប្រយុទ្ធជាមួយនឹងជំនាងផ្ទះ គាត់បញ្ចេញកម្លាំងរបស់គាត់ រួចជំនាងផ្ទះស្រាប់តែបាត់ខ្លួនសង្សារខ្ញុំ គាត់ក៏រលាយខ្លួនបន្តិចម្ដងៗ។

“រស់នៅឱ្យបានល្អ”

គាត់រលាយខ្លួនអស់ហើយនៅសល់តែសំឡេងដ៏ស្រទន់របស់គាត់ ខ្ញុំភ្លាមៗបានហូរទឹកភ្នែកមក នេះជាលើកទីមួយដែលខ្ញុំមានអារម្មណ៍ថាបងមេសាដូចជាព្រះមកតាមការពារខ្ញុំ គាត់ជាមនុស្សម្នាក់ដែលស្រលាញ់ខ្ញុំ ហើយខ្ញុំនឹងចងចាំគាត់ឱ្យបានល្អ ខ្ញុំនឹងមិនបំភ្លេចគាត់ចោលនោះទេ។

“ពេជ្រៗ ងើបឡើងណា កុំគេងអ៊ីចឹងអី”
សំឡេងបងមេសាបានដាស់ខ្ញុំ។ ខ្ញុំបើកភ្នែកតិចៗទៅមើលគាត់ នេះខ្ញុំកើតអីហ្នឹង ខ្ញុំនៅទីណាក្រែងមិញខ្ញុំនៅមុខផ្ទះនាងម៉ីឈរយំស្ដាយបងមេសាទេតើ នេះកុំប្រាប់ណាថាខ្ញុំយល់សប្តិ? គ្មានសុបិនណាស់ច្បាស់ដល់ថ្នាក់នេះទេ។

“នេះទឹក! ផឹកសិនទៅណា” ម៉ី យកទឹកមកឱ្យខ្ញុំ។ ខ្ញុំក៏ទទួលនឹងយកមកផឹក ខ្ញុំគេងនៅលើពូករបស់នាងម៉ី មិនដឹងជាចង្រៃឬចៃដន្យទេ ខ្ញុំស្រាប់តែឃើញជំនាងផ្ទះមកឈរនៅមាត់ទ្វារបន្ទប់ឈរនៅមាត់ទ្វារបន្ទប់គេងនាងម៉ី ឈររកអី? ខ្ញុំមិនត្រូវការនាងទេ។

“កុំខ្លាច គាត់មកល្អ នាងទេដែលមកអាក្រក់នាំទុក្ខដល់ហើយ”
នាងម៉ីចង្អុលក្បាលខ្ញុំ មេសានាងមើលមុខម៉ី សម្លឹងខ្លាំងៗហាក់មិនចង់ឱ្យម៉ីនិយាយរឿងអីប្រាប់ខ្ញុំទៀតអ៊ីចឹង។ ដល់ពេលរឿងវាបែបហ្នឹងពេក វាដូចជាពិបាកនឹងយល់ណាស់ ចង់សួរអ្នកណាក៏មិនដឹង។

“កុំមាត់អីពេជ្រ អូនគេងទៅ បងនៅទីនេះហើយ ស្អែកចាំបងនាំអូនទៅផ្ទះបង”
មេសានាងនិយាយត្រឹមតែប៉ុន្មានម៉ាត់នេះ ខ្ញុំអាចកាត់សេចក្ដីបានខ្លះៗហើយ គឺថាបងមេសាប្រាកដជាយកខ្ញុំទៅឱ្យប៉ាគាត់ជួយខ្ញុំ កុំឱ្យឃើញខ្មោចនិងងកុំឱ្យខ្មោចតាមលង ឬតាមសម្លាប់។

“ចុះប៉ានាងទៅណា?” រវាងប៉ាម៉ី និងប៉ាបងមេសា ខ្ញុំស្និទ្ធជាមួយនឹងប៉ាម៉ីជាង អ៊ីចឹងទើបចង់ឱ្យប៉ាម៉ីជួយប្រសើរជាង ណាមួយនាងម៉ីក៏ចេះវិជ្ជាធ្មប់អីអស់នឹងដែរ។

“មិននៅទេ កំពុងតែនៅចិនដោះអំពើធ្មប់ ឯម៉ាក់វិញនៅជាមួយនឹងប៉ា” នាងម៉ីឆ្លើយធម្មតា។
ព្រឹកស្អែកម៉ោង៧ព្រឹក នាងម៉ី បងមេសា និងខ្ញុំ រៀបចំខ្លួនយ៉ាងសមរម្យ ម្នាក់ៗសុទ្ធតែមានខ្សែដៃស្អីទេនេះ ពណ៌ខ្មៅៗ ខ្ញុំមិនដឹងថាវាជាខ្សែអីទេ តែបងមេសាឱ្យខ្ញុំតាំងពីពេលខ្មោចរត់តាម បងមេសាគាត់គ្មានខ្សែដៃហ្នឹងទេ មានតែខ្សែកព្រះមួយ ខ្ញុំគិតថាខ្សែកព្រះបងមេសាអាចនឹងល្អជាងខ្សែដៃខ្ញុំ។

“តោះពេជ្រឡើងម៉ូតូមក” បងមេសាកាន់ដៃខ្ញុំ និងញញឹមដាក់ខ្ញុំបន្តិច ខ្ញុំនេះដូចជាមិនចង់ទៅតាមគាត់សោះ តែថាបើមិនទៅតាមខ្ញុំប្រាកដជាខ្មោចតាមកាច់បំបាក់កស្លាប់ចោលបងមេសាមិនខាន។

“ពេជ្រ នាងត្រូវចាំណា តាមផ្លូវឃើញអ្វីក៏ដោយ នាងត្រូវតែធ្វើធម្មតាៗ តែមិនអ៊ីចឹងទេ នាងប្រាកដជាស្លាប់ ខ្ញុំវិញមិនអាចទៅជាមួយនឹងនាងបានទេ ព្រោះថាខ្មោចទាំងនោះនឹងអាចធ្វើបាបឯងជាងនេះ អ៊ីចឹងខ្ញុំនៅចាំផ្ទះ”
នាងម៉ីឈរនិយាយពីក្នុងផ្ទះមក នាងឈរនៅជិតជំនាងផ្ទះស្អីគេនឹងទៀតហើយ សង្ស័យតែនាងម៉ីនិងជំនាងផ្ទះត្រូវគ្នាខ្លាំងហើយបានជាឈរជិតគ្នា និយាយជាមួយគ្នាស្រួលណាស់។

“បាទ”

ខ្ញុំតបទៅនាង រួចបងបងមេសាក៏បញ្ឆេះម៉ូតូ ខ្ញុំឱបចង្កេះគាត់ជាប់។ ព្រោះថាខ្ញុំនេះមានចរិតជាប្រុសខ្លះៗមែន តែខ្ញុំខ្លាចណាស់ ខ្មោច។ បើខ្ញុំមិនខ្លាចខ្មោច ពេលនេះបងមេសាត្រូវហៅខ្ញុំថាបងនឹងធ្វើប្រពន្ធខ្ញុំ។

“បង បងដឹងទេថាហេតុអីបានខ្មោចតាមខ្ញុំអ៊ីចឹង?”
“ប្រហែលអូនឯងជាដើមហេតុឱ្យគេស្លាប់ដឹង?”
បងមេសានិយាយទាំងហីៗ ខ្ញុំដឹងថាគាត់ជាអ្នកទីមួយ ដែលដឹងពីរឿងខ្មោចនេះ តែគាត់មិនប្រាប់ខ្ញុំ។

“ជាដើមហេតុឯណាបង ច្រើនដល់ថ្នាក់នេះ មិនក្រោមពីសាមសិបនាក់ទេ”

បងងាកឆ្វេងងាកស្ដាំក្រែងថាជួបខ្មោច មានអីជួបមែន គឺនៅឈរពេញផ្លូវកែងទី១ របងវត្ត បងមេសាគាត់បន្ថយល្បឿនបន្តិចម្ដងៗព្រោះថាជាផ្លូវកែងខ្ញុំនេះក៏ចាំសម្ដីនាងម៉ី ទើបបិទភ្នែកឈ្មុលមុខនឹងខ្នងរបស់បងមេសាពេលជិះទៅដល់ផ្លូវកែង ខ្មោចទាំងនោះបាននិយាយអ្វីទេរង៉ូវៗ ខ្ញុំស្ដាប់មិនបានសោះ តែមានខ្មោចមួយនោះនិយាយច្បាស់គេនិយាយថា៖
“សងជីវិតយើងវិញមក!”

ពាក្យនឹងទៀតហើយ! ពាក្យហ្នឹង ឮតាំងពីនៅក្នុងសុបិនពេលនេះក៏នៅតែឮទៀត។
“សងជីវិតយើង”

មកដល់ផ្លូវកែងទី២ ខ្ញុំបានបើកភ្នែកតែស្រាប់តែឃើញរូបខ្ញុំជាមួយនឹងនាងម៉ី កំពុងតែជិះម៉ូតូក្នុងសម្លៀកបំពាក់ជាសិស្ស ជិះវ៉ា រ៉ឺម៉កទឹកអំពៅមួយ ខ្ញុំនឹងមិត្តខ្ញុំវ៉ារួច ក៏បានទៅជួបជាមួយនឹងឡានធំ ខ្ញុំនិងមិត្តខ្ញុំ បានវ៉ាឡាននោះរួច តែថាឡាននោះបានគេចពួកខ្ញុំ ឃើញតែត្រឹមនេះ បងមេសាគាត់បានជិះហួសផុត។

“គ្រាំងផាំង!”

សំឡេងអីមកពីខាងក្រោយខ្នងខ្ញុំ ជាសំឡេងអី? ខ្ញុំចង់ឱ្យបងមេសាជិះបកទៅវិញតែមិនហ៊ាន ព្រោះថាខ្ញុំបានឃើញខ្មោចនៅខាងក្រោយច្រើនណាស់ហ៊ានតែបកក្រោយខ្មោចកាច់កស្លាប់ទាំង២។

“កុំមើល” បងមេសានិយាយប្រាប់ខ្ញុំ ខ្ញុំងាកទៅមុខវិញ។

មកដល់ផ្ទះបងមេសាភ្លាម ក៏ឃើញប៉ានាងនៅឈរមុខផ្ទះ ក្នុងដៃមានទឹកមន្តរួចស្រេច គ្រាន់តែមកដល់មុខផ្ទះ ប៉ាបងមេសាបានទុកទឹកមន្តមុខផ្ទះ បងមេសាគាត់បានយកទឹកមន្តមកលុបមុខ និងយកបន្តិចទៀតមកបាចលើខ្លួនខ្ញុំ សល់ជះទៅលើម៉ូតូ។ បានបន្តិច បងមេសាគាត់មិននិយាយអី និងបានយកម៉ូតូចូលផ្ទះ ចូលរួចខ្មោចប្រហែលជាសាមសិបនាក់ បានរត់មកពីណាមិនដឹងរត់មករកខ្ញុំ!
ហ៊ើយ! ខ្ញុំឃើញបែបនេះមិនភ្លើនៅទេ រត់ចូលក្នុងរបងផ្ទះទៅឈរជិតប៉ាបងមេសា។

“កុំខ្លាច នាងចូលមកដល់ទីនេះ គ្មានខ្មោចណាអាចចូលមកតាមទេ”
ខ្មោចទាំងអស់ឈរនៅមុខផ្ទះកាន់អាវុធពេញដៃហាក់ចង់យកមកសម្លាប់ខ្ញុំ។

“ខ្សែដៃមេសាឱ្យទៅនាងឬ?”
ប៉ាបងមេសាគាត់សម្លឹងមកខ្សែដៃពណ៌ខ្មៅៗ ដែលបងមេសាបានឱ្យខ្ញុំកាលពីម្សិល។

“ចាសលោកអ៊ំ”
“ហ៊ឹមអ៊ីចឹងទេតើ បានម្សិលមិញមិនមកផ្ទះ” គាត់និយាយរួចដើរចូលទៅខាងក្នុងផ្ទះ។
“បង! មានរឿងអីពាក់ព័ន្ធជាមួយនឹងខ្សែដៃនឹងមែនទេ?”
“ចូលទៅខាងក្នុងសិនទៅណា” បងមេសានិយាយបន្លប់ខ្ញុំ ស្របពេលដែលខ្មោចទាំងនោះកំពុងតែស្រែកដោយការឈឺចាប់ពីខាងក្រៅរបងផ្ទះមក។

“ខ្សែដៃមួយនេះ ជាខ្សែដៃដែលអាចការពារខ្មោច បិសាច ព្រាយ ពួកអមនុស្សមិនឱ្យមកយាយីបាន មេសាឱ្យខ្សែដៃនេះទៅនាងចាត់ទុកថាវាជាសំណាងដ៏ធំរបស់នាងទៅចុះ! យប់មិញកូនស្រីយើងមិនមកផ្ទះព្រោះតែនាង គេបានឱ្យខ្សែដៃទៅនាង គេគ្មានអីទុកការពារខ្លួនទេ”
គាត់និយាយចប់ ខ្ញុំមើលទៅមុខបងមេសា បងមេសាគាត់ញញឹមស្រស់ណាស់ គាត់ធ្វើមើលតែខ្ញុំហ្នឹងនាំរឿងល្អឱ្យគាត់អ៊ីចឹង។

“នាងដឹងថាខ្មោចទាំងនោះមកតាមនាងធ្វើអីទេ?”
“មិនដឹងទេលោកអ៊ំ”
“ឯងមិនចាំខ្មោចទឹកអំពៅនោះទេ?” បងមេសាគាត់ហៅខ្ញុំថាឯងព្រោះគាត់ខ្លាចប៉ាគាត់ដឹងថា ខ្ញុំនិងគាត់ជាសង្សារនឹងគ្នា ហ៊ានតែដឹង ខ្ញុំនេះដឹងតែក្លាយជាចំណីខ្មោចក្រៅផ្ទះនោះមិនខាន។

“ចាំគាត់បានតាមលងខ្ញុំតាំងពីម្សិលមិញ គាត់មានរ៉ឺម៉កមួយគាត់លងខ្ញុំបន្ទាប់ពីខ្ញុំជិះវ៉ារ៉ឺម៉កទឹកអំពៅមួយនោះ…អេរ! រ៉ឺម៉កទឹកអំពៅដូចគ្នា! ខ្ញុំយល់ហើយ!”

ពូទឹកអំពៅមួយនោះជាខ្មោចដែលបានស្លាប់ព្រោះតែជិះគេចឡាន! គាត់ស្លាប់ដោយសារតែខ្ញុំជាមួយនិងមិត្តខ្ញុំ។ ខ្ញុំចាំបានមិញនេះពេលជិះមកជាមួយនឹងបងមេសាខ្ញុំបានឮសំឡេងអ្វីទេឮខ្លាំងណាស់។

“ល្អអ៊ីចឹង នាងគួរតែទៅនិយាយជាមួយគេ ព្រោះនាងជាដើមហេតុ” លោកអ៊ំគាត់និយាយដោយមិនខ្វល់ពីខ្ញុំ។

“ហេតុអីជាខ្ញុំ? មិត្តខ្ញុំនាងម៉ី ជាអ្នកបើក” ខ្ញុំប្រកែក នាងម៉ីជាអ្នកបើក នាងម៉ីវាព្រហើន ទៅយកនាងទៅកុំមកយកខ្ញុំ! ខ្ញុំមិនដឹងអីទេ។

“មិត្តនាងជាដើមហេតុ តែមិត្តមានបារមីខ្ពស់ជាងនាង ប៉ាមិត្តនាងជាបិសាចលានឆ្នាំមកចាប់ជាតិ គេមានអំណាចជាងនាង ចំណែកនាងអំណាចនាងគ្រាន់តែមនុស្សធម្មតា អ៊ីចឹងហើយ នាងត្រូវតែមកទទួលខុសត្រូវ។

“ឯងចាំបានទេព្រឹកមិញ ម៉ី ត្រូវមកជាមួយនឹងឯង តែនាងមិនមកវិញ ព្រោះនាងមិនទាន់ចង់ស្លាប់”

បងមេសានិយាយមកកាន់ខ្ញុំទាំងអួលដើមក ខ្ញុំនេះស្រាប់តែស្រក់ទឹកភ្នែកមកម៉ាត់ៗ នេះមិត្តខ្ញុំវាដល់ថ្នាក់ហ្នឹងផងហេស? វាអាត្មានិយមណាស់ វាគិតតែខ្លួនឯង វាជាអ្នកបង្កខ្ញុំជាអ្នកទទួលខុសត្រូវ។

“កុំយំ” បងមេសាគាត់ចង់ទាញខ្ញុំទៅឱប តែប៉ានាងចេះតែសម្លឹងមុខនាង អ៊ីចឹងហើយបាននាងអង្អែលក្បាលខ្ញុំវិញ
“ចុះលោកអ៊ំខ្មោចដទៃទៀត?”
“ឱ្យខ្មោចនោះរម្លឹកឯងទៅ”
“អាយ!” ខ្មោចមួយមកពីណាមិនដឹងទេ មកអង្គុយចំនឹងមុខខ្ញុំ ឃើញមុខរបស់ខ្មោចនោះហើយខ្ញុំស្រាប់តែដួលភ្លាមៗទៅលើសាឡុង។

ភិប…ខ្ញុំបានមកដល់ស្តុបជម្ពូវ័នខ្ញុំឈរនៅចំកណ្ដាលស្តុប។ ឡានម៉ូតូបានជិះបុកទម្លុះខ្ញុំជាច្រើនគ្រឿង ពេលនេះខ្ញុំស្ថិតជាព្រលឹង វិលវល់នៅកណ្ដាលស្តុប។ បានបន្តិចខ្ញុំបានឃើញបងមេសាគាត់ដុបខ្ញុំដែលជាមនុស្សពិត ខាងផ្លូវរបស់បងមេសាគឺភ្លើងក្រហមតែខ្ញុំជាមួយគាត់មិនបានឈប់នោះទេ ព្រោះឃើញខាងផ្លូវខាងស្ដាំនោះ គេមិនទាន់មក បងមេសាគាត់បន្ថែមល្បឿនជិះទៅយ៉ាងលឿន។

ទៅជិតដល់គោលដៅ ស្រាប់តែមានឡានដឹកនារីកម្មកររោងចក្រមួយឡានធំ។ ឡានមួយនោះបានជិះយ៉ាងលឿនវីសនឹងបុកម៉ូតូខ្ញុំ ខុសគ្នាតែកន្លះម៉ែត្រប៉ុណ្ណោះ។ ម៉ូតូរបស់បងមេសាបានទៅផុត តែឡានធំមួយនោះ បានឈប់នៅកណ្ដាលផ្លូវ ឡានដែលនៅខាងក្រោយឡានធំកុងត័ន័រនោះជាឡានដឹកកម្មកររោងចក្រ ឡាននោះមានទំហំធំគួរសម មនុស្សក្នុងនោះមានកម្មករប្រហែលជាហាសិបនាក់។

ដោយសារតែឡានកម្មករជាប្រភេទឡានធំ ពិបាកនឹងជាន់ហ្វាំង ណាមួយល្បឿនលឿនផង ក៏ជ្រុលមកបុកជាមួយនឹងឡានកុងត័ន័រដែលអកសឺព្រោះតែម៉ូតូបងមេសា។
“ផាំង!”

ឡានកម្មកររោងចក្របានផ្ទុះភ្លាមៗ ព្រោះតែកម្លាំងបុកខ្លាំងឡានកម្មករបានក្រឡាប់និងឆេះយ៉ាងសន្ធោរសន្ធៅ។ ខ្ញុំឈរមើលទាំងស្លុតចិត្ត
“នេះ…” ខ្ញុំឈរនៅកណ្ដាលផ្លូវដើរសន្សឹមៗទៅមើលឡានដែលកំពុងនឹងឆេះ។
“ក្ដៅណាស់ៗ! ជួយផង!” សំឡេងកម្មកររោងចក្របានបន្លឺឡើង ខ្ញុំឈរភ្លឹកមើលទៅពួកគាត់ ទឹកភ្នែកស្រាប់តែហូរមក រឿងគ្រប់យ៉ាងមកពីខ្ញុំ? ខ្ញុំជាអ្នកធ្វើឱ្យពួកគាត់បែកបាក់គ្រួសារ បែកបាក់ម៉ាក់ប៉ា បំផ្លាញជីវិតរបស់ពួកគាត់ខ្ញុំជាមនុស្សអាក្រក់។
ខ្ញុំអង្គុយចុះទៅលើថ្នល់យកដៃខ្ទប់ត្រចៀកភ្នែកមិនចង់ឃើញ មិនចង់ឮអ្វីទាំងនេះទៀតទេ ខ្ញុំខ្លាច ខ្លាចខ្លាំងណាស់។

“ហាៗ” សំឡេងដកដង្ហើមរបស់ខ្ញុំ ហើយពេលនេះកំពុងតែអង្គុយនៅមុខប៉ាបងមេសា មេឃចាប់ផ្តើមងងឹត ផ្លេកបន្ទោរឆ្វេចឆ្វាច ផ្គរលាន់ រង្គើរអស់មេឃដី។
“សងជីវិតយើង…សងជីវិតយើង”
“នាងបំបែកយើងពីកូនយើង…”
“នាងបំបែកយើងពីគូរដណ្ដឹងយើង…”
“នាងបំបែកយើងពីគ្រួសារយើង…”
“នាងសមតែស្លាប់!”

សំឡេងខ្មោចទាំងនោះស្រែកព្រមៗគ្នា រំពងពេញត្រចៀកខ្ញុំ ពួកខ្មោចពេលនេះ នៅពេញផ្ទះរបស់បងមេសា ពួកវាឈរសម្លឹងមកខ្ញុំនិយាយពាក្យដដែលៗ អ្នកខ្លះក៏យំសោក អ្នកខ្លះស្រែកស្ដីបន្ទោស។

“ពួកខ្មោចតៃហោងឯងចង់បានអី?”

ប៉ាបងមេសាឈរនៅជិតខ្ញុំចង្អុលទៅខ្មោចទាំងនោះ។ ប៉ាបងមេសាគាត់មកនិយាយបែបនេះ ដ្បិតអីបងមេសាគាត់ក៏ជាដើមហេតុ។

“ចង់បានជីវិតនាង! នឹងជីវិតនាងនោះមួយទៀត!”
ខ្មោចទាំងអស់ចង្អុលមកខ្ញុំ ហើយក៏ចង្អុលទៅបងមេសា។

“ចុះបើអ្វីផ្សេង?”
“មិនយក! យើងចង់បានតែជីវិតនាងពេជ្រ! ជាមួយជីវិតនាងមេសា! បើមិនបានទាំង២ យ៉ាងណាក៏បានមួយ!”
ខ្មោចស្រែកមកម្ដងទៀត ខ្ញុំញ័រដៃញ័រជើង ក្នុងចិត្តបន់ស្រន់រកព្រះមកជួយ ខ្ញុំមិនទាន់ចង់ស្លាប់ទេ
ខ្ញុំមិនទាន់នឹងបានធ្វើជាប៉ូលិស ដើម្បីបំពេញក្តីស្រមៃផងស្លាប់ងាយៗយ៉ាងម៉េច?

“បានៗ”

ប៉ាបងមេសានិយាយហើយ ងាកខ្លួនព្រមទាំងបានយកកាំបិតមកកាត់ខ្សែដៃពណ៌ខ្មៅដែលបងមេសាឱ្យខ្ញុំ។
“ទេៗកុំចូលមក!” ខ្ញុំស្រែកមួយអស់សំឡេងតែវាយឺតពេលខ្មោចស្រីម្នាក់បានហោះមកកាច់បំបាក់កខ្ញុំ! ខ្ញុំហូរឈាមតាមមាត់ស្លាប់នៅនឹងកន្លែង។

“ពេជ្រៗ! អូន! លែងខ្ញុំ! ពេជ្រ! ប៉ាខ្ញុំជាដើមហេតុ ប៉ាឱ្យគេយកខ្ញុំទៅដែរទៅប៉ា…ប៉ាលែងខ្ញុំទៅប៉ាខ្ញុំទៅរកពេជ្រណាប៉ា”
បងមេសាគាត់ស្រែកយំ ចង់មកតាមខ្ញុំ តែប៉ានាងជាមួយនិងកូនចៅបានចាប់នាងជាប់មិនឱ្យនាងមកតាមខ្ញុំនោះទេ។

“មែនខ្សែដៃ!” បងមេសាមើលទៅខ្សែដៃគាត់នឹងញញឹមតិចៗ រួចខាំវាឱ្យដាច់ ភ្លាមៗខ្មោចស្រីដដែលនោះបានហោះមកកាច់បំបាក់កបងមេសា នឹងបោះនាងឱ្យមកដេកក្បែរខ្ញុំ ខ្មោចទាំងអស់បានសមបំណងពួកគេហើយ ពួកគេបានរលាយនឹងបានសើចសប្បាយចិត្ត។

“ពេជ្រ បងស្រលាញ់អូន មានជាតិក្រោយបងសូមជួបអូនគ្រប់ៗជាតិណា”
បងមេសាគាត់នៅសល់ដង្ហើមតិចៗ គាត់បានកាន់ដៃខ្ញុំគាត់ស្លាប់ទាំងស្នាមញញឹម។ ខ្ញុំឯនេះវិញមិនទាន់ស្លាប់ទេ ខ្ញុំក៏សល់ដង្ហើមតិចៗដែរខ្ញុំញញឹមទាំងបិទភ្នែក។

“បងមេសា ខ្ញុំពេលនេះស្លាប់ទៅបិទភ្នែកជិតហើយ ខ្ញុំអរគុណបងសម្រាប់រឿងកន្លងមក បងជាមនុស្សស្រីម្នាក់ដែលអស្ចារ្យ ខ្ញុំស្រលាញ់​បង សង្ឃឹមថាជាតិក្រោយ ខ្ញុំនឹងបានរស់នៅជាមួយបងបងមេសា” ខ្ញុំនិយាយក្នុងចិត្តមុននឹងផុតដង្ហើមទៅ៕

ចប់