រឿងពិតរបស់ផ្ទះមួយខ្នងស្ថិតនៅភូមគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ជាផ្ទះដែលបានសាងសង់ឡើងរួចរាល់ប្រាំមួយខែមុនសម័យខ្មែរក្រហមចូលមកដល់ហើយបានបន្សល់ទុកនូវរឿងរ៉ាវអភិនីហារជាច្រើនមុនពេលត្រូវបានម្ចាស់ផ្ទះនិមន្តព្រះសង្ឃមកសូត្រមន្តស្រោចទឹករំដោះគ្រោះ។
សួស្ដី!ខ្ញុំឈ្មោះ សុធាវី រឿងរ៉ាវដែលខ្ញុំនឹងរៀបរាប់ខាងមុខនេះគឺជារឿងដែលកើតឡើងនៅលើផ្ទះរបស់ខ្ញុំ ជាផ្ទះដែលខ្ញុំរស់នៅតាំងពីកើតមករហូតធំធាត់ឡើងដូចសព្វថ្ងៃ។ ផ្ទះយើងស្ថិតនៅភូមិគារ២ ជាភូមិដែលនៅឆ្ងាយពីផ្លូវជាតិលេខប្រាំប្រហែលជិត២គីឡូមែត្រហើយស្ថិតនៅបណ្ដោយត្រើយខាងលិចស្ទឹងមោង ឬស្ទឹងដូនទ្រី ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ចំណែកភូមិម៉ាស៊ីនបូមគឺសម្ដៅទៅលើផ្ទះប៉ុន្មានខ្នងដែលស្ថិតនៅជុំវិញរោងម៉ាស៊ីនបូមទឹកសម្រាប់យកទឹកពីស្ទឹងទៅចាក់ឱ្យរថភ្លើងកាលពីសម័យសង្គមរាស្រ្តនិយម។ ទោះបីជាពេលក្រោយមកក្នុងទសវត្សរ៍ឆ្នាំ៨០ ដែលមានរថភ្លើងប្រើប្រាស់ឡើងវិញពិតមែនប៉ុន្តែម៉ាស៊ីនបូមមិនត្រូវបានយកមកប្រើប្រាស់ទៀតនោះទេហើយវាក៏ក្លាយជាកន្លែងលេងកម្សាន្តរបស់ក្មេងៗតាំងពីជំនាន់ម៉ាក់ខ្ញុំរហូតមកដល់ជំនាន់ខ្ញុំអ៊ីចឹងទៅ។
នៅក្នុងឆ្នាំ២០១៩សេវាកម្ម រថភ្លើងដឹកអ្នកដំណើរជាខ្សែរថភ្លើងត្រង់ពីភ្នំពេញទៅបាត់ដំបងបានចាប់ផ្ដើមដំណើរការឡើងវិញបន្ទាប់ពីផ្អាកចរាចណ៍អស់ជាង២០ឆ្នាំប៉ុន្ដែរោងម៉ាស៊ីនបូមទឹករបស់យើងបានចាស់ទ្រុឌទ្រោមមិនអាចនឹងបន្តស្ដាប់សំឡេងរថភ្លើងទៀតទេហើយវាក៏ត្រូវបានវាយកំទេចចោលនៅក្នុងឆ្នាំ២០១៩នេះដូចគ្នាដើម្បីពង្រីកដីធ្វើផ្លូវក្រាលកៅស៊ូ។
រោងម៉ាស៊ីនបូមក៏បាត់រូបរាងទៅនៅសល់តែឈ្មោះពីពេលនោះមកទាំងដែលខ្ញុំអត់ដែលបានថតរូបជាមួយវាសូម្បីមួយសន្លឹក!
បកមកវិញនៅក្នុងពេលឥឡូវនេះប្រហែលជាគ្មាននរណាគេនិយាយអំពីផ្ទះមួយខ្នងនៅភូមិម៉ាស៊ីនបូមនេះទៀតទេឬមួយក៏គេបំភ្លេចវាចោលអស់ហើយព្រោះគ្រប់យ៉ាងត្រូវបានស្ងប់ស្ងាត់ប៉ុន្តែបើកាលពីមុនឆ្នាំ២០០៨វិញគេមិនហ៊ានរម្លឹកព្រោះគេខ្លាចចំណែកសាក្សីខ្លះដែលបានឃើញផ្ទាល់ក៏មានខ្លះបានស្លាប់ទៅហើយដែរឯក្មេងៗជំនាន់ក្រោយដឹងត្រឹមតែថាផ្ទះនេះមានម្ចាស់ដែលដាំស្រកានាគនិងធ្វើផ្សិតចំបើងប៉ុណ្ណោះ។
ចំណុចពិសេសរបស់ផ្ទះនេះនៅត្រង់ថាវាត្រូវបានសាងសង់រួចរាល់រយៈពេល៦ខែមុនចូលសម័យប៉ុលពតគឺសង់ឡើងដោយឪពុករបស់ប៉ាខ្ញុំ។ ផ្ទះនេះជាផ្ទះតែមួយគត់ដែលមានបាសំាងទឹកសម្រាប់ទុកទឹកប្រើប្រាស់នៅក្នុងភូមិគារ២នេះតែតាមខ្ញុំដឹងផ្ទះគេនៅភូមិផ្សេងក៏គ្មាននរណាសង់បាសាំងទឹកនេះដែរព្រោះគេប្រើពាងធំៗវិញហើយដែលមានបាសាំងទឹកនេះក៏មិនមែនលោកតាខ្ញុំធ្វើដែរគឺធ្វើឡើងដោយពួកប៉ុលពតទៅវិញទេ។
បាសាំងទឹកនៅផ្ទះខ្ញុំគេធ្វើឡើងដោយរៀបឥដ្ឋប៉ាតស៊ីម៉ង់ឡើងផុតពីដីកម្ពស់ប្រហែល១មែត្រកន្លះហើយមានរាងជាចតុកោណកែងបណ្ដោយប្រហែល២មែត្រកន្លះ ទទឹងជាង១មែត្រកម្រាស់ក្រាស់ល្មមដើម្បីកុំឱ្យជ្រាបទឹកតែមិនដឹងទេថាបានគេសង់វាឡើងក្នុងគោលបំណាងណាមួយឱ្យប្រាកដ។
គិតថាបើសិនអ្នកទាំងនោះបានដឹងរឿងរ៉ាវបន្តបន្ទាប់ទាក់ទងនឹងបាសាំងទឹកនេះនៅពេលក្រោយតើពួកគាត់យល់យ៉ាងណា? ខ្ជិលឆ្ងល់រឿងពួកគាត់គិតយ៉ាងម៉េចយើងបន្តទៅទៀត ផ្ទះនេះជាផ្ទះម៉ូតកន្តាំងទំហំបីខ្នងមួយខ្នងខាងក្រោយសម្រាប់ធ្វើជាផ្ទះបាយដែលជាទម្លាប់របស់ប្រជាជនក្នុងតំបន់គេចូលចិត្តសង់ផ្ទះរបៀបនេះប៉ុន្តែបច្ចុប្បន្នផ្ទះដែលមានលក្ខណៈបែបនេះនៅសល់តែ២ឬ៣ខ្នងប៉ុណ្ណោះដោយសារវិវឌ្ឍភាពនៃសង្គម។
ក្រោយរបបប៉ុលពតបានបញ្ចប់គ្រួសារយាយខ្ញុំក៏បានវិលមកផ្ទះវិញប៉ុន្តែផ្ទះទំហំបីខ្នងដែលមានលក្ខណៈពេញលេញត្រូវបានគេរើខ្នងខាងក្រោយអស់ទាំងមូល មួយផ្នែកធំនៃខ្នងខាងមុខនៅសល់តែរនូតនិងបង្អួចមួយចំនួននៃខ្នងកណ្ដាលត្រូវបានគេរុះចេញសរុបមកគឺបាត់បង់លើសពីពាក់កណ្តាលផ្ទះតែយ៉ាងណាក៏គ្រាន់បើជាងផ្ទះរបស់យាយទួតខាងម៉ាក់ខ្ញុំដែលអស់រលីងនៅសល់តែគ្រោងផ្ទះតែម្ដង។
ដូច្នេះសរុបមកផ្ទះខ្ញុំនេះចាត់ទុកថាមានតែពីរខ្នងប៉ុណ្ណោះ។ ពីមុនមកម៉ាក់ខ្ញុំបានប្រាប់ថាឈើផ្ទះដែលបាត់ទៅត្រូវបានគេយកធ្វើអុសដុតដោយហេតុថាពេលទើបចេញពីរបបប៉ុលពតម្នាក់ៗខ្លាចមិនហ៊ានដើរឆ្ងាយទៅរកអុសអីទេព្រោះខ្លាចជាន់មីនដោយតំបន់នេះសុទ្ធតែព្រៃហើយមីននឹងក៏សម្បូរពិតមែន ប៉ុន្តែការពិតទៅផ្នែកខ្លះគេយកធ្វើអុសមែនតែផ្នែកខ្លះទៀតវាត្រូវបានអ្នកជិតខាងដែលគេត្រលប់មកដល់ស្រុកមុនគ្រួសារយាយខ្ញុំហើយអត់មានផ្ទះនៅទើបរើយកម្នាក់មួយផ្នែកយកមកផ្សំផ្គុំនឹងឈើដែលគេមានខ្លះបានជាផ្ទះខ្លួនគេគ្រាន់ជ្រកភ្លៀងជ្រកខ្យល់នឹងឯង។
ចំពោះសសរផ្ទះវិញយើងដឹងហើយថាចាស់ៗពីដើមគាត់ចូលចិត្តសង់សសររាងមូលធំៗផ្ទះខ្ញុំអាចមានសសររាងតូចបើប្រៀបធៀបនឹងផ្ទះពីដើមតែបើប្រៀបនឹងផ្ទះឈើសម័យឥឡូវធំជាងពីរបីដងអីដែរហ្នឹង!យ៉ាងណាសសរផ្ទះនេះមិនមានលក្ខណៈរលោងស្រិលអីដូចដែលយើងស្រមៃនោះទេ គ្រាន់តែវាធ្វើពីឈើល្អពណ៌ខ្មៅតែប៉ុណ្ណឹងឯង។
ជាបន្តាប់ទៀតផ្ទះនេះត្រូវបានដាក់ជាថ្លៃខាន់ស្លាពេលដែលប៉ាចូលដណ្ដឹងម៉ាក់ដូច្នេះពេលរៀបការរួចផ្ទះនេះគឺជាកម្មសិទ្ធម៉ាក់និងប៉ា។ ពេលរស់នៅដំបូងៗអត់អីទេព្រោះនៅជុំគ្នាច្រើនគ្រួសារ។ កាលនោះឆ្នាំ១៩៩២នៅមានពួកប៉ុលពតចូលមកម្ដងម្កាលនៅឡើយហើយម្នាក់ៗក្រណាស់គ្មានលទ្ធភាពសង់ផ្ទះនៅខ្លួនឯងទើបរស់នៅជុំគ្នាក្រោមដំបូលតែមួយជិត១០គ្រួសារសុទ្ធតែបងប្អូនខាងប៉ាទាំងអស់។
ក្រោយពេលដែលគ្រប់គ្នាមានផ្ទះនៅរៀងៗខ្លួនហើយរើចេញអស់គ្រប់យ៉ាងក៏ចាប់ផ្ដើមផុសរូបរាងឡើង ដែលវាមិនមែនទើបនឹងកើតឡើងប៉ុន្តែដោយសារម៉ាក់ខ្ញុំទើបនឹងមានឱកាសចួបនឹងឯង…
កំណប់លើដី…
រឿងដែលខ្ញុំនឹងចាប់ផ្ដើមដំបូងគឺរឿងកំណប់…
ខ្មែរយើងមានជំនឿណាស់លើរឿងកំណប់ជាពិសេសអំឡុងពេលមុនឆ្នាំ២០១០។ ភាគច្រើនគឺគេយល់សប្តិឃើញមានគេហៅឱ្យទៅយកកំណប់ឬមានហោរាទាយពីកំណប់នៅត្រង់នេះឬត្រង់នោះឬក៏វាសនាអ្នកនេះអ្នកនោះត្រូវបានកំណប់ជាដើម។ ចំពោះផ្ទះខ្ញុំគឺវាកើតឡើងទាំងពីរយ៉ាង។
ដំបូងគឺរឿងហោរទាយ…
តាសុងត្រូវជាពូរបស់ប៉ាបានជួបហោរម្នាក់នៅជំរុំទាយថាមានផ្ទះមួយខ្នងមានបាសាំងទឹកនិងមានដើមក្រសាំងខាងមុខផ្ទះៗនោះមានកំណប់តែគាត់យកមិនបានទេព្រោះគេបានដៅមកហើយថាផ្ទះនេះទាល់តែម្ចាស់គេពិតប្រាកដទើបអាចរស់នៅបានឯកំណប់ទាល់តែកូនម្ចាស់ផ្ទះនោះធំពេញរូបពេញរាងទើបអាចយកបាន។
ត្រង់នេះតាសុងគាត់សង្ស័យថាកំណប់ អាចនឹងនៅក្រោមសសរផ្ទះឬក៏ច្បាស់ជានៅក្រោមបាសាំងទឹកនេះតែម្ដងទើបគាត់ចាំសង្កេតមើល…សង្កេតមើលរហូត…តាំងពីជំនាន់នៅជំរុំថៃរហូតដល់ឥឡូវអត់មានឃើញអីសោះ!
ប៉ុន្តែបញ្ហានៅត្រង់ថាហោរនោះមិនមែនជាហោរតែម្នាក់ដែលទាយថាបែបនេះនោះទេ គឺមានហោរជាច្រើនសឹងតែគ្រប់ហោរឱ្យតែមានឱកាសបានទាយគឺតែងតែទាយថាផ្ទះនេះមានកំណប់ទាំងអស់។ ពេលមួយនោះពួកខ្ញុំនៅតូចៗនៅឡើយប៉ាមិនអស់ចិត្តក៏ជីកបាតបាសាំងសាកមើលប៉ុន្តែជីកបានមួយប្រឡោះមិនឃើញអីគាត់ក៏លែងជឿណាមួយស្ដាយខ្លាចខូចបាសាំងផង ម្យ៉ាងរឿងកំណប់នេះបើគេមិនចង់ឱ្យយើងផងធ្វើម្ដេចនឹងឃើញ? ចំពោះហេតុផលចម្បងដែលធ្វើឱ្យប៉ានឹកឃើញជីកបាសាំងមើលគឺព្រោះតែសម្ដីមនុស្សម្នាក់…
ក្នុងឆ្នាំ១៩៩៨ ម៉ាក់ខ្ញុំយកបងប្រុសខ្ញុំមកភ្នំពេញដើម្បីចាក់វ៉ាក់សាំងរលាកខួរក្បាល។ ម៉ាក់ខ្ញុំគាត់ជាមនុស្សរួសរាយរាក់ទាក់ធ្វើឱ្យគ្រូពេទ្យប្រុសវ័យចំណាស់ម្នាក់គាត់ចូលចិត្តហើយគាប់ជូនជាឃើញសំបុត្រកំណើតកូននៅភូមិគារ២ ស្រុកមោងនេះផងគ្រូពេទ្យនោះនិយាយថាកាលជំនាន់ប៉ុលពតគាត់ធ្លាប់រស់នៅស្រុកនេះដែរហើយក៏សួរម៉ាក់ថា
«ចុះមានស្គាល់ផ្ទះមួយដែលមានបាសាំងទឹកនៅម្ដុំម៉ាស៊ីនបូមឬអត់?»
គាត់បញ្ជាក់ទៀតថាមានតែផ្ទះមួយនឹងទេដែលមានបាសាំងទឹកនៅភូមិនឹង។ ម៉ាក់រីករាយដែលមានគេស្គាល់ផ្ទះគាត់ក៏ប្រាប់ថា
«ហ្នឹងហើយជាផ្ទះខ្ញុំ! » គ្រូពេទ្យនោះក៏ជ្រុលមាត់និយាយថា
«ផ្ទះនោះមានគេកប់កំណប់ណា៎! គេប្រាប់ខ្ញុំថាគេកប់នៅក្រោមបាសាំងទឹកហ្នឹង ខ្ញុំចង់យកដែរប៉ុន្តែហោរទាយថាមិនទាន់អាចយកបានទេទាល់តែឆ្នាំ២០០០ទើបយកបាន »
ម៉ាក់ខ្ញុំជាមនុស្សមិនលោភលន់ណាមួយគាត់នៅក្មេងហើយមិនជឿរឿងអស់ទាំងនឹងផងទើបគាត់ឆ្លើយថាចាំទទួលពេលដែលគ្រូពេទ្យនោះទៅរកកំណប់នៅឆ្នាំ២០០០…ហ្នឹងហើយ កាលនឹងគាត់ក៏លួចគិតដែរបើគេយកកំណាប់បានយើងម្ចាស់ផ្ទះដែលថាគេមិនឱ្យអីសោះ? ប៉ុន្តែកន្លងមកដល់ឆ្នាំ២០០០ស្ងាត់មិនឃើញគ្រូពេទ្យនោះសោះទើបប៉ាកើតគំនិតជីកបាសាំងមើលខ្លួនឯង។
ប៉ុន្មានឆ្នាំក្រោយមកទៀតនៅតែមិនឃើញគ្រូពេទ្យនោះមករកកំណប់រហូតមកដល់ឥឡូវជាងម្ភៃឆ្នាំហើយក៏ស្ងាត់មិនឃើញដែរ។ ម៉ាក់ថាប្រហែលជាគាត់ស្លាប់ឬមួយក៏ត្រូវគេប្រាប់ថាកំណប់នេះមិនមែនជារបស់គាត់ដូចអ្នកមុនៗក៏ថាបាន។
ចំពោះរឿងយល់សប្តិវិញម៉ាក់ឃើញច្រើនដងណាស់តែពេលដែលគេហៅទៅយកម៉ាក់មិនហ៊ានទៅព្រោះម៉ាក់គិតថា ចុះបើគេបញ្ឆោតយើងឱ្យទៅដើម្បីចាំកំណប់ជំនួសគេវិញនោះ? និងថារួចចុះបើទៅឃើញពស់ធំៗដូចគេដំណែលមិនលស់ព្រលឹងស្លាប់ហើយទេ? ដូច្នេះគាត់ក៏ហីមិនខ្ចីខ្វល់។
ពេលខ្ញុំរៀនថ្នាក់ទី៥ម៉ាក់យល់សប្តិឃើញគេហៅឱ្យទៅយកកំណប់ម្ដងទៀតតែព្រលឹងម៉ាក់ក្នុងយល់សប្តិប្រាប់គេថាមិនហ៊ានទៅយកទេព្រោះខ្លាចបើចង់ឱ្យយកមកដាក់លើផ្ទះឱ្យមក…ក្នុងយល់សប្តិម៉ាក់ឃើញគេលើកកំណប់មកដាក់លើផ្ទះឱ្យច្បាស់ក្រឡែតប៉ុន្តែស្អែកឡើងស្អាតចេសគ្មានឃើញអ្វីទាំងអស់គាត់អស់ជំនឿរលីង។
ក្រោយមករំលងមិនបានប៉ុន្មាន ម៉ាក់គិតឃើញថាមុខរបរដែលគាត់រកស៊ីសព្វថ្ងៃ គឺរបរម៉ៅម្នាស់ពីចំការគេយកទៅលក់នៅផ្សារបឹងឈូក ខេត្តបាត់ដំបង នោះជារបរមិនគង់វង្សឡើយ បើចំណេញក៏ចំណេញច្រើន បើជួនជាខាតក៏អាចនឹងឡុងចុង គាត់ពិបាកចិត្តចេះតែសម្រាន្តមើលទូរទស្សន៍ដល់យប់ៗជ្រៅ គាប់ជួនយប់មួយនោះគាត់មើលចំកម្មវិធីជ្រុងមួយនៃគំនិត ដែលគេនិយាយអំពីដំណាំស្រកានាគ។
ម៉ាក់ចាប់អារម្មណ៍ ក៏ហៅប៉ាឱ្យមកមើលជាមួយ តែប៉ាគាត់មិនសូវខ្វល់ទេ មានតែម៉ាក់ប៉ុណ្ណោះដែលជ្រួលជ្រើមនឹងដំណាំនេះ។ ក្រោយពីនិយាយជាមួយប៉ាឱ្យសម្រេចចិត្តដាំស្រកានាគនេះហើយពួកគាត់ក៏ចាប់ផ្ដើមធ្វើវាម្ដងបន្តិចៗរហូតបានជាផ្លែផ្កាល្បីពេញមួយស្រុក។ ព្រោះបែបតែនេះទើបម៉ាក់ដឹងថា នេះហើយជាកំណប់ដែលគេយកមកដាក់ឱ្យដល់លើផ្ទះនោះឯង។ តែថាកំណប់ណាក៏ដោយចាយមិនបានមួយជីវិតនោះទេ បើមិនមានអ្វីបន្ថែមសូម្បីដំណាំមានលើដីនេះក៏គង់តែហិនហោចតាមពេលវេលាដែរ។
រឿងកំណប់នេះមិនបញ្ចប់ត្រឹមហ្នឹងនោះទេ…ព្រោះនៅតែមានហោរផ្សេងៗទៀតមកនិយាយដដែលៗពីរឿងផ្ទះមានកំណប់ពិសេសគឺរឿងទាល់តែកូនម្ចាស់ផ្ទះទើបអាចយកបាននឹងតែម្ដង។ នៅឆ្នាំ២០១៦ពេលខ្ញុំរៀនថ្នាក់ទី១២ ម៉ាក់យល់សបិ្តឃើញមនុស្សស្រីពីរនាក់មកយកកំណប់នោះ។ ក្នុងយល់សប្តិលើកនេះម៉ាក់ឃើញបុរសក្បាលទំពែក៣នាក់អង្គុយដូចមុំចង្ក្រាន្តនៅក្នុងរណ្តៅដ៏ជ្រៅនិងមានក្រឡមួយនៅកណ្ដាលឃើញហើយគួរឱ្យខ្លាច។
គេជជែកគ្នាថាគួរតែឱ្យកំណប់ទៅស្ត្រីទាំងពីរនាក់នោះឬយ៉ាងណា? ពីរនាក់ថាឱ្យព្រោះគេចង់ទៅចាប់ជាតិថ្មីមិនចង់នៅចាំកំណប់នេះតទៅទៀតប៉ុន្តែមានម្នាក់ដាច់អហង្ការថាមិនអាចឱ្យបានទេព្រោះត្រូវចាំកូនម្ចាស់ផ្ទះនេះធំសិនហើយចង្អុលមកមនុស្សម្នាក់ដែលម៉ាក់មើលឃើញត្រឹមតែជើងថា
«នុ៎ះកូនគេជិតធំហើយតើ!ចាំបន្តិចទៀតទៅ»
ត្រឹមនេះម៉ាក់ក៏ភ្ញាក់ដោយមិនទាំងដឹងថាកូននោះជាកូនមួយណាដ្បិតថាឃើញជាជើងមនុស្សប្រុសប៉ុន្តែកូនប្រុសមានពីរនាក់ឯណោះនឹង! តើម្នាក់ណានឹងយកកំណប់នេះបាន?
ឥឡូវពួកយើងវាលើសពីធំហើយណា៎…ចុះកំណប់នឹងអង្កាល់បានឱ្យ???
កូនដែលមិនត្រូវនៅ…
ឥឡូវចូលដល់សាច់រឿងកូនវិញម្ដង…
នេះនឹងនិយាយពីអំពីជំនឿលើរឿងគេមកយកព្រលឹងដូចជាសត្វខ្លែងស្រាកយំឬឃើញពស់ធំៗជាដើមពិសេសប្រជាជនតំបន់ជនបទដូចជាពួកយើងជឿយកទាល់តែមែនទែន។
ក្នុងឆ្នាំ១៩៩២ បន្ទាប់ពីរៀបការហើយប៉ាម៉ាក់គ្មានកូនទេ ទោះចង់បានយ៉ាងណាក៏ដោយ។ រហូតដល់ជិតបីឆ្នាំក្រោយទើបមាន…គឺឆ្នាំ១៩៩៥…កូននេះស្អាតល្អសម្បុរសភ្លឺថ្លោសទ្រលុកដូចកូនកាត់ មួយដងស្ទឹងនរណាមិនល្បីសរសើរថាកូននេះស្អាតល្អប្លែកដូចកូនពួកទាហានអ៊ុនតាក់នោះ? ព្រោះសម័យនឹងជាសម័យពួកទាហានអ៊ុនតាក់ចូលស្រុកហើយគ្រប់គ្នាច្បាស់ជាដឹងហើយពីប្រវត្តិអ៊ុនតាក់មកស្រុកខ្មែរដើម្បីជួយរៀបចំការបោះឆ្នោះនោះ។
បច្ចុប្បន្នយើងប្រហែលជាឮអំពីទារកដែលកើតមកមានទម្ងន់ថ្លោសៗដូចជា៥ឬ៦គីឡូហើយខ្លះ៧គីឡូជាដើម ដូចគ្នាដែរកូននេះក្នុងឆ្នាំ១៩៩៥កើតមកមានទម្ងន់៥គីឡូដោយសម្រាលតាមធម្មជាតិវាគឺជាការភ្ញាក់ផ្អើលសម្រាប់គ្រប់គ្នាដែលមានវត្តមាននៅក្នុងពេលសម្រាលនោះ។ ដោយសារមុនពេលកើត គេគិតថាម៉ាក់ប្រហែលជាមានកូនភ្លោះច្រើនជាងទើបពេលកើតបានកូនតែមួយហើយធំវែងជាងខ្លួនម្ដាយទៅទៀតនេះគឺវាហួសស្មានពិតមែន។ គេថារបស់ល្អពិបាកថែរ ណាម៉្យាងកូននេះល្អពេកមិនសមនឹងសាច់ឈាមប៉ាម៉ាក់ខ្ញុំសោះ។
ពេលកូនបាន ៧ខែរឿងចម្លែក ក៏បានកើតឡើង…
ថ្ងៃមួយពេលរសៀលចំពេលទឹកលិចត្រឹមជង្គង់ផងនោះម៉ាក់កំពុងអង្គុយយោលកូនង៉ានៅលើផ្ទះ យោលចុះយោលឡើងគាត់ក្រឡេកភ្នែកទៅលើឃើញពស់មួយយ៉ាងធំវាលើពិដានផ្ទះ!! ពស់ធំជិតប៉ុនសសរផ្ទះទៅហើយនរណាមិនស្លុត? ម៉ាក់ភ្លាត់មាត់ស្រែកមួយអស់សំឡេងថា « ពស់! » ធ្វើឱ្យភ្ញាក់កន្ត្រាក់រលឹកកូនង៉ាដែលកំពុងលង់លក់នោះឱ្យស្រែកយំវ៉ាស់ឡើង…
ភ្លាមៗនោះដែរ ម៉ាក់ស្រែកហៅគេអ្នកជិតខាងប្រុសៗឱ្យមកជួយដេញពស់ ព្រោះបន្ទាប់ពីស្រែកហើយ ពស់នេះនៅនឹងថ្កល់មិនវារទៅណាឡើយ។ ពេលនោះមានញាតិប្រុសៗពេញកម្លាំងបួននាក់មកជួយ…ពីរនាក់ឆ្កឹះទម្លាក់ពីខាងលើឯពីរនាក់ទៀតចាំវាយនៅខាងក្រោមកាលនោះក៏មានអ្នកជិតខាងស្រីប្រុសផ្សេងៗទៀតមកឈរចាំមើលដែរតែម៉ាក់មិនចាំៗបានតែបួននាក់ប្រុសៗនោះ។ ដោយកម្លាំងពួកគាត់ខ្លាំងមិនប៉ុន្មានពស់នោះក៏ធ្លាក់ប្រូងចូលក្នុងបាសាំងបែកទឹកខ្ចាយ!
មនុស្សទាំងអស់បូកទាំងម៉ាក់ខ្ញុំសុទ្ធតែបានឃើញបានឮថាពស់នោះធ្លាក់ចូលក្នុងបាសាំងទឹក…ក៏ប៉ុន្តែ…គ្មានពស់នៅក្នុងបាសាំងទឹកនោះទេ…???
គឺបាត់សូន្យហាក់ដូចវាគ្រាន់តែជាស្រមោលបំភាន់ភ្នែកឱ្យយើងឃើញថាពិតជាមានពស់មែនតែវាមិនមានអ៊ីចឹងដែរ។ ទាំងអស់គ្នាស្រឡាំងកាំងរកពស់មិនឃើញមិនដឹងវាវារចេញតាមផ្លូវណាបើពស់ឡើងប៉ុនណាប៉ុណ្ណី? បច្ចុប្បន្នសាក្សីដែលឃើញពស់នោះបានស្លាប់អស់ពីរនាក់ទៅហើយ…ម្នាក់ស្លាប់ដោយរថភ្លើងកិននឹងម្នាក់ទៀតស្លាប់ទាំងវ័យក្មេងដោយខ្យល់គ។
ចាប់ពីថ្ងៃដែលឃើញពស់នោះមក កូនប្រុសដំបូងដ៏ល្អឥតខ្ចោះនេះចាប់ផ្ដើមឈឺឥតស្រាកដាក់ថ្នាំអីក៏មិនត្រូវ។ ព្រោះកូនមួយនេះម៉ាក់ប៉ាខ្ញុំក្រអស់ពីខ្លួនគឺទទេស្អាតគ្មានសល់អីកាលនឹងម៉ាក់ថាលើខ្លួនគាត់មានលុយតែប៉ុន្មានរយរៀលប៉ុណ្ណោះហើយសូម្បីប្ដីប្រពន្ធក៏ឈ្លោះគ្នាមិនឈប់រកលែងលះគ្នាម្ដងជាពីរដងជារួមគឺជីវិតពួកគាត់ងងឹតឈឹង។ចុងក្រោយដល់កូននេះយកកម្មអស់ហើយស្លាប់បាត់ទើបពួកគាត់ស្រឡះខ្លួនរកឃើញពន្លឺវិញ។
រឿងកូនមួយនេះយាយខាងម៉ាក់ខ្ញុំគាត់ធ្លាប់មើលហោរឃើញថា កូននេះជាកូនកម្មសម្បុរសម្បកគេល្អប៉ុន្តែលុះអស់កម្មគេទៅវិញហើយៗលើកក្រោយហោរដដែលទាយថាកូននេះគេមកយកទៅវិញតាំងពីថ្ងៃដែលឃើញពស់នឹងឯង។ យាយគាត់ដឹងថាម៉ាក់មិនជឿណាមួយក្មេងល្អស្អាតគាត់ក៏មិនហ៊ាននិយាយទាល់តែកូននេះស្លាប់បាត់ទើបប្រាប់ម៉ាក់។ ឯខ្ញុំវិញគិតថាមកពីជំនឿចាស់បុរាណនឹងហើយទើបគាត់ស្លាប់!បើចាស់ៗគ្រាន់តែឮក្មេងឈឺមិនគិតឱ្យយកទៅពេទ្យទេដោយសម្អាងថា
«អញចិញ្ចឹមកូនមករស់បួនដប់នាក់មិនឃើញអី»
គិតតែរឿងហោរាគន់គូរថ្នាំបុរាណតាមពិតក្មេងឈឺរលាកស្រោមខួរសោះនឹង! អឹម…ប៉ុន្តែឈឺជំងឺនេះទៅហើយបើមើលពេលនោះរស់ក៏មិនបានយូរដដែល។ ក្មេងនៅស្រុកខ្ញុំដែលកើតក្នុងឆ្នាំនោះកើតជំងឺរលាកស្រោមខួនេះច្រើននាក់ណាស់ហើយស្លាប់ឡើងពាយតែម្ដង…គេនាំគ្នាជឿថាជំងឺនេះឆ្លងពីចៃគោ(?) ឯការចិញ្ចឹមគោជារឿងធម្មតាសម្រាប់អ្នកស្រុកនរណាក៏មានគោដែរជំនាន់នោះម៉្យាងវិស័យសុខាភិបាលកាលនោះនៅខ្សោយ ក្មេងស្លាប់ជារឿងធម្មតាទៅហើយ អាចនិយាយថាសឹងតែមួយគ្រួសារមានកូនស្លាប់មួយក៏បានដែរ!
កូនកម្មនោះស្លាប់ទៅបាត់ហើយ នៅឡើយតែកូនអត់កម្មបីនាក់ក្រោយទេដែលលំបាក ព្រោះសុទ្ធតែកូនស៊េរី « ម៉ែអាបំផ្លាញ » « អស់អីថ្លែង » និង « មួយស្រុកមានតែមួយ »នោះឯង!!!
នេះជារឿងខ្មោច…
រឿង កំណប់និងរឿងកូននិយាយរួចហើយ នៅឡើយតែរឿងខ្មោច…
ត្រៀមរោមសម្រាប់បះហើយឬនៅ?
វគ្គ ១ « កូនក្មេងមកពីណា?»
ផ្ដើមដំបូងគឺជារឿងរបស់តាឆឺតដែលគាត់ធ្លាប់រស់នៅលើផ្ទះនេះដែរមុនពេលគាត់រើចេញទៅផ្ទះផ្សេង ពេលនោះក៏មានមីងជីដូនមួយរបស់ប៉ាខ្ញុំម្នាក់ឈ្មោះយាយផល្លីនិងគ្រួសារគាត់រស់នៅផ្ទះមួយខាងក្រោយផ្ទះខ្ញុំ។ ផ្ទះយាយផល្លីនៅមិនឆ្ងាយប៉ុន្មានពីគុម្ភឫស្សីក្រោយផ្ទះ គឺថាអាដែងណែ៎នៅស្រុកមោង-ឫស្សី មិនខ្វះដើមឫស្សីពិតមែន គ្រាន់តែក្រោយផ្ទះខ្ញុំមានដើមឫស្សីឡើងធំៗជង្គ្រោង២គុម្ភហើយក៏ក្លាយជាចំណុចដំបូងបង្អស់ដែលចាស់ៗគិតដល់ពេលដែលមានកូនចៅបាត់រកមិនឃើញ…តែរឿងរបស់តាឆឺតអត់មានអីពាក់ព័ន្ធនឹងដើមឫស្សីទេ ហើយក៏មិនគួរឱ្យខ្លាចអ្វីដែរ ព្រោះគ្រាន់តែព្រលឹមឡើងស្រាងៗ តាឆឺតឈរក្រោមផ្ទះឃើញក្មេងៗពីរបីនាក់លេងទឹកពាងយាយផល្លី ជះទៅជះមកគ្មានសំចៃដៃ។
តាឆឺតគិតក្នុងចិត្តថា ទឹកពាងខំរែកពីស្ទឹងមកឡើងហត់ម៉េចក៏យាយផល្លីបណ្តោយកូនឱ្យជះលេងតាមសេរីបែបនេះ? គាត់ក៏ស្រែកហាមក្មេងៗទាំងនោះឱ្យឈប់ដល់ក្មេងមិនឈប់គាត់ក៏រកដើរទៅក្រោយហើយស្រែកហៅយាយផល្លីម្ដង
«ផល្លី! អើផល្លី! ម៉េចបានឱ្យអាក្មេងៗវាជះទឹកលេងទាំងព្រឹកអ៊ីចឹងហា៎ស? ចេញមកហាមវាតិចមើល៎ អស់ទឹកខានដាំបាយស៊ីឥឡូវហើយ! »
ប៉ុន្តែពេលដែលគាត់ទៅកាន់តែជិតស្រាប់តែបាត់ក្មេងៗនោះអស់ដូចគេជប់!
«ចុះវាទៅឯណា៎វាអស់ហើយ មិញឃើញនៅនឹងសោះ?»
សំខាន់ទឹកពាងអត់មានស្រក ឯនៅលើដីក្បែរពាងក៏គ្មានទឹកសើមដែរ។ ពេលដែលហៅយាយផល្លីមកសួរទើបតាឆឺតដឹងថាវាគ្រាន់តែជាការក្រោកពីព្រលឹមងូតទឹកទៅធ្វើការរបស់ពួកម្រេញគង្វាលតែប៉ុណ្ណោះឯង ព្រោះកូនៗយាយផល្លីនៅកំពុងដេកដាស់មិនទាន់ភ្ញាក់នៅឡើយទេ។ នេះគ្រាន់តែចង់ប្រាប់ថាពួកនេះមក ល អត់គិតម៉ោង ១២ថ្ងៃត្រង់ ឬ១២យប់ទេ ជារួមគឺគេចេញធ្វើការធ្វើងារពីព្រឹកដូចតែយើងដែរនឹង!
…………………………………
ត្រឹមតែស្រមោលសោះខ្លាចដែរ?
វគ្គ ២ « ស្រមោលនរណា? »
ឆ្នាំ១៩៩០ ជាជំនាន់ដែលមួយភូមិមានទូរទស្សន៍ស-ខ្មៅមួយសម្រាប់ចាក់រឿងមើល តែភូមិខ្លះក៏មានលើសនឹងដែរផ្អែកតាមជីវភាពជាក់ស្ដែង។ នៅក្នុងភូមិរបស់ខ្ញុំមានផ្ទះមួយដែលមានម្ចាស់ឈ្មោះតារិនគាត់មានជីវភាពធូរធារជាងគេហើយមានទូរទស្សន៍ រាល់ព្រលប់គាត់តែងចាក់វីដេអូរឿងមានជារឿងខ្មែរឬសាសន៍គេផ្សេងដូចជាថៃជាដើមដោយយកកម្រៃខ្លះៗពីអ្នកទៅមើលចាត់ទុកថាជារបរក្រៅមួយ។ ម្នាក់ៗឱ្យតែដល់ម៉ោងគឺដឹងតែគៀងគរគ្នាទៅមើលវីដេអូនៅផ្ទះតារិនស្ងាត់បាត់ពីផ្ទះអស់ៗទាល់យប់ល្មមវីដេអូចប់ទើបត្រលប់មកផ្ទះវិញ។ ដោយសារផ្ទះនេះជាផ្ទះកេរ្ដិ៍ខាងប៉ាទើបនៅជាប់របងជាមួយផ្ទះយើងគឺជាផ្ទះម្ដាយមីងរបស់ប៉ាគាត់ឈ្មោះយាយហូហើយគាត់រស់នៅជាមួយនឹងយាយរបស់ប៉ាគឺយាយទួតហុក។ព្រលប់មួយដែលគ្រប់គ្នាទៅមើលវីដេអូដូចរាល់ដង ទួតហុកប្រាប់យាយហូ ថាឱ្យទៅមុនគាត់ទៅព្រោះគាត់ចង់បត់ជើងតូចបន្តិចសិនឮដូចនេះយាយហូក៏ទៅមុនព្រោះខ្លាចគេលេងវីដេអូចោលមុនបាត់។ ទួតហុកបត់ជើងនៅដុបព្រៃខាងមុខផ្ទះភ្នែកគាត់ក្រឡេកឃើញស្រមោលរាងដូចមនុស្សស្រីម្នាក់អង្គុយលើជណ្ដើរគាត់ក៏ស្រែកហៅដោយគិតថាជាម៉ាក់ខ្ញុំ…
«មីម៉ុមហ្អា៎ ថ្មើរនឹងហើយង៉ែងអត់ទៅមើលវីដេអូទេអី? មកទៅជាមួយអញៗទៅឥឡូវនឹងហើយ»
ស្ងាត់ឈឹងមិនឮសំឡេងតប ស្រមោល ស ស្កុងងើបពីជណ្ដើរដើរទៅក្រោយផ្ទះ ឯទួតហុក ដោយចម្ងល់គាត់ក៏ដើរតាម
«ចុះយ៉ាងម៉េចវាអញសួរមិនឆ្លើយ? »
ទៅដល់ក្រោមផ្ទះស្រាប់តែបាត់ឈឹង! គាត់ស្រែកហៅម៉ាក់ពីរបីដងទៀតមិនឮសំឡេងឆ្លើយណាម្យ៉ាងដូចរាងព្រឺសម្បុរតិចៗផងគាត់ក៏ប្រញ៉ាប់ញាប់ជើងទៅផ្ទះតារិន។ ទៅដល់នោះឃើញម៉ាក់ខ្ញុំឱ្យជ្រងោរគាត់ខឹងក៏សួរថាម៉េចបានជាគាត់ហៅមិនឆ្លើយហើយដើរទៅក្រោយផ្ទះធ្វើព្រងើយ?
«អញខំហៅវាមកបានពីរនាក់ហើយវាមិនឆ្លើយបែរមកតែឯងវិញ?»
ម៉ាក់រាងងីងឺ ហើយប្រាប់ទៅវិញថាគាត់មកតាំងពីយូរហើយគឺមកមុនយាយហូមកដល់ទៅទៀតឯយាយហូនឹងអ្នកឯទៀតក៏ធ្វើសាក្សីឱ្យម៉ាក់ផងដែរ
«ចុះអាណាគេអង្គុយលើជណ្ដើរផ្ទះនាងឯង? »
អ្នកណាទៅដឹងបើឃើញតែគាត់ម្នាក់ឯងនឹង???
គាត់និយាយរៀបរាប់ប្រាប់អ្វីដែលគាត់ជួបអ្នកខ្លះបន្ទោសថាមកពីគាត់ចាស់ភ្នែកមើលមិនច្បាស់ហើយស្រវាំងនឹងឯង។ តាំងពីពេលនោះមកទួតហុកខ្លាចលែងហ៊ាននៅតែម្នាក់ឯងឬដើរអត់គ្នាពេលទៅមើលវីដេអូទៀត។
មិនមែនគាត់ចាស់កាន់ធម៌ហើយនៅតែខ្លាចនោះទេតែនេះវាស្ដែងពេកសម្រាប់គាត់បើយើងវិញប្រហែលរត់គ្មានងាកក្រោយផងមិនមែននៅតែដើរដូចគាត់ទេ!!
…………………………………
វគ្គ ៣ « ម្រាមដៃអូនស្អាត! »
ម្រាមស្អាតនេះមិនមែនម្រាមម៉ាក់ខ្ញុំ ឬម្រាមខ្ញុំស្អាតនោះទេ!គឺជាម្រាមគេនោះ…វាស្អាតល្អបានជាគេខំអួតបង្ហាញនឹងណា៎…
កាលនឹងឆ្នាំ ១៩៩៩ ខ្ញុំនៅបៀមទងសុកម៉ាក់នៅឡើយមិនទាន់ឃើញពន្លឺព្រះអាទិត្យទេ អ៊ីចឹងហើយទើបបានថាមិនមែនម្រាមដៃខ្ញុំ!
យប់នោះម៉ាក់មិនបានទៅមើលវីដេអូទេទាំងគេគ្រប់គ្នាទៅមើលវីដេអូអស់ឡើងស្ងាត់ភូមិ។ ម៉ាក់អុជចង្កៀងផ្លុងៗ អង្គុយកាត់ក្រចកតែម្នាក់ឯង ឯបងប្រុសខ្ញុំដែលនៅតូច ១ខួបជាងនៅដេកលក់ក្នុងមុងក្បែរនោះ។
ផ្ទះមួយប៉ុណ្ណាណីចេះនៅម្នាក់ឯងតែពីរនាក់កូនតូចទាំងកណ្ដាលអធ្រាត្រទៅកើត នេះខ្ញុំស្ងើចម៉ាក់ខ្ញុំ! បើខ្ញុំវិញមិននៅទេគ្មានខ្មោចក៏ខ្លាចមនុស្សដែរជំនាន់នោះមានសន្តិសុខសង្គមពីណាមក? ឈ្ងោកកាត់ក្រចកសុខៗស្រាប់តែមានម្រាមដៃស្រឡូនស្អាតគ្រប់ម្រាមទាំងដប់លូកតាមប្រឡោះទ្វារផ្ទះមកយឺតៗ អេ៎…ប៉ុន្តែទ្វារបិទជិតឈឹងគ្មានប្រហោងទេទោះអត់ចាក់សោរក៏ដោយ! ចុះលូកចូលមកបានដោយរបៀបម៉េចបើអត់រង្គើរទ្វារបន្តិចផងនោះ? នេះជាតិចនិករបស់គាត់ដែលលូកចូលមកបានពិតជាពិសេសមែន!!
ហើយចុះលូកមកនេះក្នុងបំណងអីដែរ? ចង់កាត់ក្រចកដែរមែន? ប៉ុន្តែថាកន្រ្តៃមនុស្សលោកធម្មតាអ៊ីចឹងកាត់កើតដែរ? ម៉ាក់ស្មានថាជាមីងខ្ញុំឈ្មោះមីងសុខណាគាត់ជាប្អូនពៅប៉ាដែលមកលេងពីភូមិព្រៃស្វាយនៅចម្ងាយ៨គីឡូមែត្រពីយើង។ មីងសុខណាចូលចិត្តមកដេកលេងពីរបីថ្ងៃទើបទៅវិញតែយប់នេះក៏ដូចជាពេលដែលគាត់មករាល់ដងគឺទៅមើលវីដេអូជុំគេជុំឯងបាត់ទៅហើយ។ ម៉ាក់ឃើញម្រាមដៃស្អាតលូកចូលមកគាត់គិតថាមីងសុខណា លលេងជាមួយគាត់ក៏ហៅ
«សុខណាមកវិញហើយហ្អី? ទ្វារចែអត់ដាក់គន្លឹះទេម៉េចមិនចូលមកលូកតែដៃមកធ្វើអី?»
ស្រាប់តែអ្នកម្ចាស់ដៃដកទៅវិញបាត់! ម៉ាក់ឆ្ងល់ថាដកដៃហើយម៉េចមិនបើកទ្វារគាត់ក៏បើកទ្វារមើល…ស្ងាត់ឈឹង!ទទេរស្អាត!គ្មានអីទាំងអស់គ្មានស្រមោលមនុស្សអីសូម្បីម្នាក់!???
បើមីងសុខណាមែន ខ្ញុំថាគាត់ប្រហែលជាត្រូវផ្លោះជណ្ដើរដែលមាន៩កាំនេះពីកាំទីមួយរួចមកដល់ដីតែម្ដងហើយទើបអាចគេចរួចមិនឱ្យម៉ាក់ខ្ញុំឃើញស្រមោលបានពិសេសគឺត្រូវចេះល្បិចកុំឱ្យឮសំឡេងទៀតផង ប៉ុន្តែផ្ទះជណ្ដើរ៩កាំនេះមិនមែនទាបទេណា!មួយកាំៗចន្លោះពីគ្នាធំគ្រាន់បើ…នេះបើផ្លោះបានមែនទាល់តែអ្នកនោះភ័យស្លន់ណាស់ទើបធ្វើបាន!ចា៎…គឺទាល់តែភ័យស្លន់ដូចពូខ្ញុំនៅថ្ងៃដ៏ពិសេសមួយនោះអ៊ីចឹង!!
ម៉ាក់ខ្ញុំណា៎កាលនោះចិត្តគាត់ខ្លាំងសម្បើមណាស់ឃើញប៉ុណ្ណឹងហើយនៅតែមិនអីទោះពេលដែលសួរមីងសុខណានឹងអ្នកផ្សេងទៀតទៅដឹងថាប្អូនមិនបានមកលលេងមែនក៏ដោយ…នេះប្រហែលគាត់រៀនផ្សាំចិត្តឱ្យស៊ាំឱ្យហើយទេដឹង?
…………………………………
វគ្គ ៤ « គាត់គោះមិនចេះខ្ចិល! »
អស់ពីរឿងលូកម្រាមដៃដែលម៉ាក់ឃើញតែម្នាក់ឯងចូលដល់រឿងគោះជញ្ជាំងនិងក្ដារផ្ទះវិញម្ដង…
និយាយពីថាមួយយប់ៗគោះនោះគោះ…គោះមិនចេះហត់…គោះមិនឱ្យអស់លោកណាបានដេក! ពីយប់ដំបូងៗដែលឮសំឡេងគោះម៉ាក់ដើរកាន់ចង្កៀងទៅកន្លែងដែលឮសំឡេងគោះនោះ។ដើរដល់ជ្រុងនេះ អស់លោកគាត់ទៅគោះនៅជ្រុងខាងនោះ
គាត់គោះសសរខាងកើតតែពេលដើរទៅដល់គាត់ប្ដូរទៅគោះឯខាងលិច លុះម៉ាក់ខ្ញុំធុញឈប់ដើររកមើលគាត់មកគោះនៅក្បែរៗត្រចៀក…ថាធុញនោះធុញ…កាលនោះម៉ាក់នៅតែម្នាក់ឯងជាមួយកូនតូចព្រោះប៉ាទៅធ្វើការរោងចក្រនៅភ្នំពេញ។
អារឿងគោះជញ្ជាំងនេះប្អូនប្រុសម៉ាក់គឺពូថននឹងពួកម៉ាកគាត់ដែលនៅផ្ទះជិតនេះដែរគឺពូចាបសុទ្ធតែមានបទពិសោធន៍ដើរតាមសំឡេងគោះនេះទាំងអស់គ្នា។ មួយយប់ៗម៉ាក់ខ្ញុំនិយាយជាមួយពពួកអត់រូបរាងទាំងនេះឡើងហត់ បើឥឡូវវិញគេថាគាត់កើតរោគសរសៃរប្រសាទហើយបើនិយាយតែម្នាក់ឯងបែបនឹង! នេះរឿងគោះយូរទៅម៉ាក់ដឹងក្រយៅគាត់លែងខ្វល់ អស់លោកគាត់ចាប់ផ្ដើមរបរថ្មីមួយទៀតគឺរបរ លាងជើងនិងបោសផ្ទះ!!
…………………………………
វគ្គ ៥ « ពួកគាត់អ្នកស្អាត…???»
នេះអស់ពីរឿងគោះចូលរឿងសម្អាតវិញម្ដង…
រៀងរាល់យប់ឡើងពេលដែលយើងឡើងលើផ្ទះអស់ហើយចូលដេកស្ងាត់តែងតែឮសំឡេងគេចាក់ទឹកលាងជើងឈូៗសឹងអស់កន្លះបាសាំងទម្រាំឈប់ក្នុងចិត្តម៉ាក់គិតថាបើលាងម្លឹងៗបូមទឹកដាក់ម្ដេចនឹងឈ្នះ? តែក៏ត្រកអររាល់ព្រឹកដែលឃើញថាទឹកនៅដដែលដូចពីល្ងាចមិនបានបាត់ទៅណាបើតាមតែសំឡេងគាត់ចាក់លាងជើងមួយបាសាំងប្រហែលបីថ្ងៃអស់ហើយ!
បន្ទាប់ពីលាងជើងរួចគាត់ដើរឡើងជណ្ដើរទន្ទាំតាំងៗខ្លាចគេមិនឮឡើងរង្គើរអស់មួយផ្ទះ! រួចបើកទ្វារក្រាកទាំងគ្មានរូបរាងគឺឮតែសំឡេងបើកទ្វារប៉ុន្តែទ្វារនៅបិទដដែលគ្មានបានបើកអីទេដូចដែលលាងជើងហើយទឹកនៅដដែលអ៊ីចឹងឯង…
ពេលបើកទ្វារចូលដល់ក្នុងផ្ទះគេចាប់បើកទូរើអីវ៉ាន់ ត្រង់នេះម៉ាក់សន្មតថាកណ្ដុរទោះជាឈួលចង្កៀងដើរទៅមើលអត់ឃើញអីហើយរបស់របរនៅមានរបៀបដូចដើមក៏ដោយ
«ថាបានហើយឈប់រើទៅខោអាវគេរៀបស្អាតហើយខំរើធ្វើអីរញ៉េរញ៉ៃអស់ហើយ!»
នេះជាសំឡេងម៉ាក់ដែលតែងនិយាយពេលឮគេបើកទូរើអីវ៉ាន់ម្ដងៗឈប់ពីរើអីវ៉ាន់ក្នុងទូអ្នកខាងណោះទាញអំបោសបោសផ្ទះវិញម្ដង…បោសនោះបោសដូចលើផ្ទះនេះស្តុកដីទុកលក់បន្តអ៊ីចឹង! ធុញពេកម៉ាក់ក៏ស្រែកប្រាប់
«បោសល្មមៗបានហើយផ្ទះគេបោសជូតស្អាតអស់ហើយមានដីពីណាមកទៀត?»
គឺរឿងដដែលនេះកើតឡើងរាល់យប់ដូចផ្ទះនេះមានមួយគ្រួសារផ្សេងទៀតរស់នៅដែរអ៊ីចឹង។ យូរទៅម៉ាក់ធុញគាត់ក៏ឈប់ចចារឱ្យគេធ្វើអីក៏ធ្វើតែគេទៅធ្វើម៉េចយើងខំរៀបចំបោសសម្អាតហើយគេចេះតែមើលមិនឃើញស្អាតបែបនេះ…បើគេអ្នកស្អាតជាងយើងទៅហើយ!!
រឿងលាងជើងនេះដែរបន្តទៅជារឿយៗរហូតដល់ប្អូនប្រុសពៅខ្ញុំកើតមកហើយប៉ាទៅធ្វើការខ្ញុំគេនៅស្រុកថៃពេលនោះបងប្រុសខ្ញុំដែលធំអាយុ៧ឬ៨ឆ្នាំចេះតែផ្អើលគ្រប់ពេលដែលឮសំឡេងនោះថា
«ម៉ាក់អើយប៉ាមកផ្ទះវិញហើយ! សំឡេងលាងជើងហ្អា៎ម៉ាក់ៗឯងឮអត់? ប៉ាមកផ្ទះវិញហើយ!»
ម៉ាក់ដឹងរឿងក៏លួងបងខ្ញុំថា
«គេទេកូនមិនមែនប៉ាទេ!»
« គេណាម៉ាក់? »
« ដេកទៅកូន! មិនបាច់ចង់ដឹងទេចាំធំចាំម៉ាក់ប្រាប់!»
តែក្រោយមកបងខ្ញុំគាត់ដឹងតាមអ្នកជិតខាងថាផ្ទះយើងមានខ្មោចគាត់ដឹងថា « គេ » ដែលម៉ាក់ប្រាប់នោះជាអ្វីហើយក៏លែងសួរប៉ុន្តែគាត់ចេះខ្លាចរហូតមកទាល់តែធំអាយុ១៤−១៥ឆ្នាំទើបឈប់ខ្លាចឯខ្ញុំវិញគ្មានដឹងខ្យល់អីទេតាំងពីកើតមក រហូតដល់រឿងនោះស្ងាត់បាត់ទៅវិញបានជួបតែម្ដងឱ្យគត់! អានឹងចាំប្រាប់វគ្គក្រោយ។
…………………………………
វគ្គ ៦ « ឈុតផ្លោះជណ្តើរ!! »
នេះជាការដំណាលរបស់ពូថនពីបទពិសោធន៍របស់គាត់លើផ្ទះខ្ញុំពីរនាក់ពូចាបពួកម៉ាក់គាត់…
លើកនេះពួកគាត់នៅផ្ទះខ្ញុំតែពីរនាក់ព្រោះម៉ាក់នាំពួកខ្ញុំមកមើលវីដេអូនៅផ្ទះយាយស៊នម្ដាយពូចាបវិញ។ពូថននិងពូចាបជាក្មេងរៀនវិទ្យាល័យប្រហែលជាទី១១ឬ១២អីនឹងឯង ចំពោះរឿងគោះអីនឹងគាត់ធ្លាប់ជួបហើយជាមួយម៉ាក់ខ្ញុំប៉ុន្តែលើកនេះគឺឈុតពិសេសសម្រាប់ពួកគាត់ទាំងពីរនាក់ពេលដែលគ្មានម៉ាក់នៅជាមួយ។
ដំបូងគឺចាក់ទឹកលាងជើងដូចដែលបានប្រាប់ពីមុនរួចហើយ…
«ចែ? ចែឯងមកវិញហើយមែន?»
ពូថនស្រែកសួរពីលើផ្ទះដោយគិតថាជាម៉ាក់ខ្ញុំចាក់ទឹកលាងជើងព្រោះម៉ាក់ជាអ្នកស្អាតជាទូទៅគឺគាត់ចូលចិត្តដងទឹកមួយធុងដាក់ក្បែរជណ្ដើរសម្រាប់ពួកខ្ញុំលាងជើង។ សួរមួយម៉ាត់ស្ងាត់ឈឹងមិនឆ្លើយហើយឮសំឡេងដើរឡើងជណ្ដើរតាំងៗទន្ទាំសឹងបាក់ជណ្ដើរចោល
«ចែ?» ពូថនស្រែកសួរជាថ្មី…
ពេលឡើងជណ្ដើរដល់មាត់ទ្វារគេបើកទ្វារក្រាក ពូថននិងពូចាបហៀបនឹងសួរទៅហើយថាម៉េចសួរមិនឆ្លើយ? ប៉ុន្តែទ្វារដែលបើកនេះឮតែសំឡេងគ្មានរបើកទ្វារមែនទែនដូចដែលយើងគិតនោះទេ! ស្រមោល សស្កុងផុសចេញពីទ្វារដើរទៅកាន់ទូខោអាវហើយបើកទូខ្វាកដូចជាទ្វារផ្ទះអ៊ីចឹងគឺមានតែសំឡេង…
រួចចាំអង្កាល់បើឃើញស្រមោលស្រស់ៗហើយនោះ? ពូទាំងពីរស្ទុះវឹងបើកទ្វារជាន់ជណ្ដើរតែមួយកាំហក់ព្រុសដល់ដីមិនទាំងបានចាប់ភ្លឹកថាផ្លោះជណ្ដើរ៨កាំទៀតផង! ពួកគាត់រត់មកដល់ផ្ទះយាយស៊នឃើញម៉ាក់នៅមើលរឿងធ្វើមិនដឹង!
«ចែ! មិញមានទៅផ្ទះដែរ?» ពូថនសួរទាំងហត់គឃុស
«វាទៅធ្វើអីវាហ្អា៎! កំពុងមើលរឿងម៉ារីម៉ាសូជីអូ ឯណេះជក់ចង់ងាប់ហើយ!»
យាយៗដែលមើលរឿងជាមួយឆ្លើយជំនួស។ ម៉ាក់សួរថាយ៉ាងម៉េចពូក៏បកទៅវិញថា
«ហើយគេលាងជើងឡើងជណ្ដើរចឹងឯងរាល់ថ្ងៃនឹង?»
«អើ! លាងរាល់តែថ្ងៃនឹងឯង! ម្ដងៗអស់ចង់កន្លះបាសាំងឯណោះ!» ម៉ាក់ឆ្លើយធ្វើហីដូចអត់ខ្វល់
«តែអញឆ្ងល់លាងមិនចេះអស់ទឹកសោះ!»
«យប់នឹងខ្ញុំមិនដេកទេចែ! ខ្ញុំដេកនៅផ្ទះអ៊ំជាមួយអាចាបវិញ! តុះ! អាចាប!»
ពូថននឹងពូចាបដើរចេញ…យាយៗសួរម៉ាក់ខ្ញុំ
«វាស្អីហង៎?»
ម៉ាក់តបថា
«ដូចខ្ញុំធ្លាប់ប្រាប់អ៊ំឯងនោះ? អាពីរនាក់នឹងសង្ស័យឃើញស្រស់ៗហើយបានស្លន់ដល់ម្លឹង»
ព្រោះគាត់ធ្លាប់និយាយប្រាប់អ្នកភូមិជិតផ្ទះជារឿយៗ
«អើហើយងែងហ៊ានដេកជាមួយកូនដែរបើអាពីរនាក់នេះវាមកដេកឯណេះហើយ?»
«ខ្ញុំធ្លាប់ហើយអ៊ំអើយ! គេតេស្តរាល់ថ្ងៃ! ម៉ាងៃៗខ្ញុំឈ្លោះតែជាមួយខ្មោចនឹងអ៊ំ!»
«អញកោតចិត្តនាងឯងហើយហង៎»
ម៉ាក់សើចហើយបន្តមើលរឿងទៀតទាល់តែចប់ទើបមកផ្ទះ។
ប៉ុន្មានថ្ងៃក្រោយមកគាត់ភ្លេចឈប់ខ្លាចទើបពូថនត្រលប់មកដេកជាមួយម៉ាក់វិញប៉ុន្តែទាល់តែម៉ាក់នៅជាមួយបើម៉ាក់អត់ទាន់មកផ្ទះគាត់ក៏មិនមកដែរព្រោះខ្លាចគេលេងលើសលើកមុន!!
…………………………………
វគ្គ ៧ « អង្រឹងស្នេហាកណ្ដាលរាត្រី »
ឮអង្រឹងស្នេហាតិចលោគិតថាប៉ាម៉ាក់ខ្ញុំគេងយោលអង្រឹងជាមួយគ្នានៅពេលយប់ហើយឃើញខ្មោចចុះ…មិនមែនទេគឺខាងនោះគាត់យោលអង្រឹងតែគ្នាគាត់ទាំងកណ្តាលរាត្រីខែភ្លឺទេតើ!
វាជាបទពិសោធន៍របស់យាយឃឿតដែលមានផ្ទះនៅខាងស្ដាំផ្ទះខ្ញុំ។ យប់មួយចំជាយប់ខែខ្នើតមានពន្លឺព្រះច័ន្ទភ្លឺថ្លា យាយឃឿតចុះមកបត់ជើងតូចតាមទម្លាប់ហើយក៏ច្រឡំភ្នែកក្រឡេកមកខាងផ្ទះខ្ញុំ ឃើញនៅផ្នែកខាងមុខដែលគ្មានក្ដារគ្មានជញ្ជាំងមានតែសសរនិងរនូត នេះត្រូវបាននរណាម្នាក់យកអង្រឹងមកចងយោលលេងកំសាន្តស្រូបខ្យល់អាកាសនាពេលរាត្រីយ៉ាងរំភើយដូចគ្មានជំពាក់អ្នកណាមួយរៀល!
យាយឃឿតខំសម្លឹងមើលក្រែងលោឃើញអ្នកកំពុងដេកយោលអង្រឹងតែមិនឃើញគាត់ចេះតែឆ្ងល់ក្នុងចិត្ត
«ចុះមីម៉ុមវាក្ដៅស្អុះស្អីវាបានមកចងអង្រឹងដេកនៅខាងក្រៅនឹងវិញ…ហើយវាឡើងទៅចងលើនឹងយ៉ាងបើគ្មានកន្លែងឡើងទៅផង?»
គ្រាន់តែគិតដល់គ្មានអ្វីដែលជាជំនួយឱ្យឡើងទៅចងអង្រឹងនៅត្រង់នឹងបាន យាយឃឿតផ្ដើមបះរោមតិចៗដូចមិនសូវស្រួល
«អញសង្ស័យតែ…ឡើងដេកវិញសិនចាំស្អែកចាំសួរមីម៉ុម!»
ស្អែកឡើងយាយឃឿតនិយាយរឿងឃើញគេចងអង្រឹងប្រាប់ម៉ាក់ៗក៏ប្រាប់វិញថា
«មីងអើយផ្ទះខ្ញុំបើក្ដៅស្អុះណ៎បើកតែទ្វារក្រោយទៅខ្យល់ចូលបក់ប៉ើងជើងមុងចាំបាច់ទៅចង់នៅអាយ៉មុខនឹងធ្វើអី? វាសំខាន់ឡើងទៅចងមិនកើតទៀតហ្នឹងណា៎! »
«អើអញគិតថាឡើងចងលើនឹងមិនកើតនឹងហើយបានចាំសួរនាងឯងនឹង…អានេះគេ ល អញមែន! ស្មានតែវានឹកឃើញនាំប្ដីប្រពន្ធមកចងអង្រឹងដេកសាសងគ្នាក្រៅផ្ទះ! »
…………………………………
វគ្គ ៨ « រទះសេះកណ្តាលអធ្រាត្រ»
អារឿងរទេះសេះនេះណា៎ផ្អើលគេអស់មួយភូមិមិនដឹងជាគាត់អផ្សុកស្អីគាត់ទំនេរៗអត់ការងារធ្វើមករករឿងអូសក្ដារក្រោមផ្ទះហើយដាក់រទេះសេះដឹកឡើងគគ្រឹកគគ្រេងពេញមួយយប់!
នៅស្រុកភូមិជនបទដូចយើងនេះចោរចូលមកលួចយករបស់របរឬមាន់ទាវាជារឿងធម្មតាទៅហើយជាពិសេសគឺខោអាវតែយប់ឡើងភ្លេចសាមកទុកលើផ្ទះស្អែកឡើងច្បាស់ជាបាត់ស្រមោលមិនខាន។
តែផ្ទះខ្ញុំនេះវាមានរឿងផ្សេង ដូចដែរដឹងមកថាអាផ្ទះខ្នងខាងមុខនឹងវាបាត់ក្ដារអស់មានតែរនូតហើយបង្អួតនឹងក៏បាត់ខ្លះរាល់ថ្ងៃប្រើស័ង្កសីមកជួសអ៊ីចឹងហើយទើបពេលរកលុយបានម៉ាក់សន្សំទិញឈើគេទុកពេញក្រោមផ្ទះពេលមានលុយធ្វើបំពេញផ្ទះឱ្យស្អាតបាតកុំឱ្យប្រហោងធ្លុងខាងមុខហើយជណ្ដើរមកនៅកណ្ដាលផ្ទះបែបនឹងទៀត។ ក៏ដោយសារតែមានឈើពេញក្រោមផ្ទះនេះហើយ បានជាអស់លោកអ្នកចូលចិត្តធ្វើរឿងប្លែកៗបែបរំភើបនោះ បង្កជាហេតុភេទមួយគឺរើក្ដារក្រោមផ្ទះខ្ញុំព្រុសប្រោះៗឡើងផ្អើលទឹកផ្អើលដី ផ្អើលដល់អ្នកជិតខាងទៀត។
គ្រាន់តែរើមិនអស់ចិត្តគាត់ថែមទាំងប្រើរទេះសេះដឹកឡើងគគ្រឹកគគ្រេង! ហើយកុំសួរថាតើមានអ្នកចុះមើលឬអត់? គ្មានទេគឺនរណាក៏គិតថាជាចោរដែរហើយមកចេញប្រតិបត្តិការគ្មានថ្នមសំឡេងបែបនេះគេគិតថាច្បាស់ជាវាមានគ្នាច្រើននិងមានកាំភ្លើងផងមិនដឹងព្រោះជំនាន់នោះមិនខ្វះទេអារឿងចោរប្លន់បាញ់សម្លាប់នោះគិតអ៊ីចឹងហើយនរណាហ៊ាន?
តែម៉ាក់ខ្ញុំមានអារម្មណ៍ដឹងថាមិនមានចោរមកពីណាទេគឺច្បាស់ជាពួកហ្នឹងតែម្ដង គេលេងរសជាតិថ្មីបំភ័យមនុស្សមួយភូមិម៉ាស៊ីនបូម! ពេលដែលរាត្រីរន្ធត់ដូចមិនសូវភ័យនេះកន្លងផុត ពោលគឺព្រលឹមស្រាងៗ អ្នកជិតខាងមកសួរលាន់ពីរឿងឈើក្រោមផ្ទះគេសុទ្ធតែគិតថាច្បាស់ជាបាត់អស់មិនខាន បើរទេះសេះឡើងច្រើនជើង ឯម៉ាក់ខ្ញុំវិញចាំគេផ្អើលអស់ចិត្តដល់មានអ្នកមកដល់ក្រោមផ្ទះបានប្រាប់
«នេះឈើខ្ញុំពូមីង គ្រាន់តែមើលក៏ដឹងថាគ្មានបាត់ម៉ាសន្លឹកទៅហើយ»
«យី! នាងឯងច្បាស់ម្ល៉េះហើយមានរាប់ហើយឬនៅ?»
«ទៅរាប់ធ្វើអីមីងអើយតាមតែសំឡេងរើយប់មិញគេយកអស់ហើយវាមិនដែលឃើញនៅពេញក្រោមផ្ទះទាំងអស់អ៊ីចឹងហ្អា៎!»
«តែអញឮច្បាស់ណាស់»
«ឮមកពីមីងឯងមិនហ៊ានចុះមើល»
«អាណាហ៊ានហងបើចោរមែនងាប់ហើយ!»
«ឥឡូវឃើញហើយថាចោរ ឬមិនចោរ…គាត់លេងឱ្យតែគេមិនបានដេកតែអ៊ីចឹង! »
…………………………………
វគ្គ ៩ « ជាងពិសេស »
នេះជាបទពិសោធន៍ដែលខ្ញុំជួបផ្ទាល់ជាមួយផ្ទះនេះ…
វាជាពេលដែលប៉ាទៅធ្វើការនៅថៃ ខ្ញុំអាយុប្រហែល៥ឆ្នាំពូថនឈប់មកដេកជាមួយពួកយើងហើយតែលើកនេះគឺពូជៀនប្អូនពៅម៉ាក់ម្ដង។
ផ្ទះយើងមានគ្រែឈើមួយយ៉ាងធំស្អាតប៉ុន្តែម៉ាក់ចូលចិត្តសម្រាន្តលើក្ដារដែលយើងជូតជាមួយស្រកីដូងនឹងទៀនឱ្យរលោងស្រិលនោះវិញ។ ក្ដារផ្ទះយើងរលោងណាស់ដើរតែមិនស្រួលដួលអុកគូទមិនខាន! វាជាស្គីពិសេសរបស់បងប្អូនពួកខ្ញុំមានតែស្រោមជើងម្នាក់មួយគូនឹងគឺសប្បាយដួលងាប់ចោល។ ពេលនេះផ្ទះយើងមានទូរទស្សន៍កូល័រនិងក្បាលចាក់វីស៊ីឌីពេលថ្ងៃម៉ាក់ជួលរឿងថៃមកចាក់ឱ្យគេមើលដោយយកលុយចំណេញខ្លះៗ។
ពូជៀនមកដេកជាមួយយើងដោយគាត់ដេកលើគ្រែប៉ុន្តែព្រឹកឡើងកាលណាឃើញតែនៅក្រោមគ្រែមិនដឹងជាគាត់ដេកយ៉ាងម៉េចគាត់?
នៅថ្ងៃកើតហេតុម៉ាក់និយាយទូរសព្ទជាមួយប៉ារឿងសន្សំលុយបានចង់ធ្វើបង្អួចមួយដែលនៅខាងត្បូងជិតបង្អួចក្បាលដំណេកព្រោះវាជាបង្អួចឈើមួយចំហៀងសង្ក័សីមួយចំហៀង។ពួកគាត់និយាយត្រូវរ៉ូវគ្នាថាចាំប្រាប់ជាងឱ្យមកធ្វើស្អែក…ប៉ុន្តែមានឯណាយប់នឹងជាងពិសេសគាត់ធ្វើឱ្យវាស់ព្រឹកគ្មាននរណាបានដេករួមទាំងអ្នកជិតខាងខ្ញុំដូចអាយប់រើឈើក្រោមផ្ទះនោះអ៊ីចឹង!
យប់នោះអ្នកផ្ទះយើងមានគ្នា៥នាក់គឺម៉ាក់ ពូជៀននិងបងប្អូនខ្ញុំបីនាក់សុទ្ធតែទទួលបានការរំខានពីការធ្វើបង្អួចនេះទាំងអស់! ប្អូនពៅខ្ញុំវានៅតូចអ៊ីចឹងចង់សំឡេងអីក៏សំឡេងទៅវាមិនខ្វល់គិតតែដេកលក់រហូតឯខ្ញុំនិងបងខ្ញុំជាមួយពូឈួលចង្កៀងដើរទៅជិតបង្អូចនោះ។
កុំឆ្ងល់ថាហេតុអីមានដល់ទូរទស្សន៍កូល័រហើយម៉េចបានមិនបើកភ្លើង?ព្រោះយើងខ្លាចផ្អើលពួកគាត់!??ណាមួយភ្លើងវាខ្សោយហើយអំពូលវាតូចឯផ្ទះវាធំភ្លឺមិនដល់កន្លែងបង្អួចនោះទេដូច្នេះមើលមិនច្បាស់ទាល់តែអុជចង្កៀងទៅបន្ថែម!
ពួកហ្នឹងដូចលេងបិទពួនជាមួយយើងអ៊ីចឹង…ទៅជិតស្ងាត់ចេញឆ្ងាយបាត់ក៏ឮវិញ កាលនោះយើងក៏បានបើកបង្អួចមើលដែរហើយវាមិនអាចទៅរួចទេដែលមានមនុស្សទៅអង្គុយជិតបង្អួចនោះអារឈើរំខានយើងលេងចាត់ទុកជាការកំសាន្តទាំងយប់អធ្រាត្របែបនេះនោះទេ។
ខ្ញុំកាលនោះមិនដឹងជានឹកឃើញយ៉ាងម៉េចដើរទៅចាក់ចម្រៀងហើយបបួលគេឱ្យមករាំជាមួយព្រោះខ្ញុំស្រឡាញ់សិល្បៈនោះអី!
ខ្ញុំរាំច្រៀងតែខ្ញុំគាត់អារធ្វើបង្អួចតែគាត់…មិនចាំទេថាយប់នោះយើងដេករបៀបម៉េច? ស្អែកឡើងអ្នកជិតខាងមកសួរលាន់ ប៉ុន្តែគេសួររឿងផ្សេង…
«មីម៉ុមហ្អើយម៉េចហើយហង៎យប់មិញអាណាគេអារស្អី?»
«ឮសំឡេងអូសផងបាត់ក្ដារអស់ហើយទេដឹងហង៎? ក្ដារនាងឯងល្អៗផង»
ពួកគាត់សួរនេះ មិនខុសទេ មានក្ដារល្អៗទុកក្រោមផ្ទះទាំងគ្មានរបងត្រឹមត្រូវ នរណាក៏គិតបែបនេះដែរ តែវាមិនមែនបែបហ្នឹងសម្រាប់ផ្ទះខ្ញុំ ឯម៉ាក់ខ្ញុំវិញ ក៏សើច ពេលឮពួកគាត់សួរពីក្ដារផ្ទះគាត់ក៏តបទៅវិញថា
«បាត់ក្ដារអីមីងពូអើយ ដូចតែអាកាលរទេះសេះលើកមុនចឹង! គ្រាន់តែយប់មិញជាងគេធ្វើបង្អួច!»
ពួកគាត់ស្រែកសួរបន្ត
«អើចុះបានស្អាតហើយនៅហង៎?»
«មានអីពូនៅម៉ាចំហៀងឈើម៉ាចំហៀងសង្ក័សីដដែលនឹងឯង! គាត់បានតែរំខានអត់ប្រយោជន៍អ៊ីចឹង!»
គ្រប់គ្នាឮហើយក៏ស្ងាត់លែងសួររំខានគេមួយភូមិម៉ាស៊ីនបូមហើយគ្មានបានជាប្រយោជន៍បោចចាបអីបន្តិចអស់លោកអ្នកជាង!!!
…………………………………
វគ្គ ១០ « ចង់សាក »
នេះនិយាយពីបងស្រីៗពីនាក់ដែលចង់សាកពិសោធន៍ជាមួយផ្ទះខ្ញុំ…
ពួកគាត់នៅក្មេងអាយុជាងដប់ឆ្នាំ (ពួកគាត់កាលនោះប្រហែលអាយុចន្លោះពី ១៣ទៅ១៧ឆ្នាំ) ម្នាក់គឺបងកុចនៅទល់មុខបញ្ឆិតផ្ទះខ្ញុំ ម្នាក់ទៀតគឺមីងតូចនៅចំទល់ពីមុខផ្ទះខ្ញុំនឹងតែម្ដងម៉ែពុករបស់មីងតូចគឺយាយយួមតាឌឿងសុទ្ធតែជាអ្នកបានដឹងបានឮហេតុការណ៍កន្លងមកពិសេសគឺរើឈើដឹករទេះសេះនិងរឿងធ្វើបង្អួច។
ដោយសារភាពចង់ដឹងចង់សាករបស់ពួកគាត់ដែលនៅរាងស្ទាវទើបមកសុំម៉ាក់ខ្ញុំដេកជាមួយ។ ត្រឹមតែមួយយប់ព្រឹកស្អែកឡើងទាំងពីរនាក់បោលក្ដូងគ្មានហ៊ានងាកក្រោយ! ម៉ាក់ទៅសម្ភាសដល់ផ្ទះទើបពួកគាត់ប្រាប់ថាមួយយប់គ្មានបានដេកទេ…អស់ពីរើរុះចូលដល់រង្គើរញ័រពេញទាំងផ្ទះដូចគេអង្រួន
«ខ្ញុំរាងហើយមីងអើយ!»
ទាំងបងកុចនិងមីងតូចគ្មាននរណាហ៊ានមកយកមុងភួយនិងខ្នើយត្រលប់ទៅផ្ទះវិញទេទាល់តែពួកខ្ញុំយកទៅឱ្យ។ អ៊ីចឹងហើយទើបគេថា « បើមិនជឿកុំប្រមាថ» នោះអី!
…………………………………
វគ្គ ១១ « ជំនាងផ្ទះឬក៏ខ្មោច? »
ចម្ងល់មិនដាច់ស្រេចដែលម៉ាក់ខ្ញុំចង់ដឹងនោះគឺថាអ្នកលងនេះមួយណាជាជំនាងផ្ទះមួយណាជាវិញ្ញាណខ្មោចឱ្យប្រាកដ?
មានម្ដងដែលម៉ាក់យល់សប្តិឃើញមានមនុស្សស្រីវ័យក្មេងអាយុខ្ទង់ម្ភៃឆ្នាំស្លៀកសម្លៀកបំពាក់ពណ៌ក្រហមស្អាតដូចឈុតចិនមកចូលដេកក្នុងមុងជាមួយហើយឱបថើបម៉ាក់ដូចស្រឡាញ់ណាស់អ៊ីចឹង
«អេ៎…យ៉ាងម៉េចស្រីដូចតែគ្នានែ៎ក!»
ម៉ាក់និយាយទៅកាន់ម្នាក់ស្រីនោះព្រោះវាច្បាស់ពេក ពេលនោះម៉ាក់សន្មតថាច្បាស់ជាជំនាងផ្ទះហើយមើលទៅ។
ក្រោយមកទៀតគឺពេលប៉ាទៅធ្វើការរោងចក្រនៅភ្នំពេញ។ ម្នាក់ស្រីដដែលនេះមកពន្យល់សប្តិម៉ាក់ថាប៉ាមានស្រីពីរនាក់នៅភ្នំពេញម្នាក់រាងខ្មៅអាយុម្ភៃស្ដើងឯម្នាក់ទៀតសម្បុរសជ្រះតែអាយុម្ភៃក្រាស់។ ស្រីដដែលនេះនិយាយថាតែមិនឆាប់ហៅប្ដីមកប្រយត្ន័គេយកប្ដីបាត់។ ម៉ាក់មិនសូវបារម្ភទេព្រោះអត់ប្ដីក៏គាត់ចិញ្ចឹមកូនបានម្យ៉ាងគាត់យល់ថា
«បើគេចង់ទៅហើយចង់ឃាត់ក៏ឃាត់មិនឈ្នះដែរ!»
លើសពីនេះទៅទៀត ព្រោះម៉ាក់គាត់មានអំណួតថា ប៉ាគ្មានផ្លូវរកប្រពន្ធឯណាបានល្អដូចគាត់នោះទេ! គឺប្រពន្ធដែលអាចនៅម្នាក់ឯងជាមួយខ្មោចបាននោះណា៎!!
មានហោរម្នាក់ឈ្មោះយាយហេងគាត់ត្រូវជាបងប្អូនខាងម៉ាក់ដែរ។ គឺយាយហេងនេះហើយដែលទាយថាកូនដំបូងម៉ាក់ជាកូនកម្មនិងកាលដែរគេមកយកព្រលឹងកូននេះទៅនោះឯង។ មិនដឹងជាហេតុភេទអីទើបយាយខាងម៉ាក់គាត់រកយាយហេងទាយពេលនោះម៉ាក់នៅទម្ងន់ខ្ញុំនៅឡើយ ហើយគាត់ក៏ទាយថាប្ដីដែលនៅឆ្ងាយឯណោះគេមានស្រី និងប្រាប់លក្ខណៈដូចដែលម៉ាក់យល់សប្តិឃើញមនុស្សស្រីម្នាក់នោះមកប្រាប់អ៊ីចឹង។ យាយហេងទាយទៅទៀតថាបើកូនដែលកំពុងពពោះនេះកើតមកជាប្រុសប្ដីនឹងគេទៅហើយ…តែបើមកជាស្រីវិញកូននេះនឹងហៅប្ដីឱ្យវិលមកនៅជុំគ្រួសារដូចមុន។
ហេ៎ស…សំណាងណាស់ដែលខ្ញុំកើតមកជាស្រីកុំអីអត់ប៉ាហៅបាត់! ព្រោះពេលត្រលប់មកនៅជុំគ្នាវិញម៉ាក់ឈ្លេចសួរប៉ាៗក៏ប្រាប់ថាដូចហោរ និងយល់សប្តិម៉ាក់នោះពិតមែន គឺគាត់មានស្រីពីរនាក់នៅភ្នំពេញ បំណងគាត់គឺយកមនុស្សស្រីសម្បុរស្រអែមនោះជាប់ ប៉ុន្តែពេលដែលបានឃើញមុខកូនស្រីគាត់ ស្រាប់តែរសេសរសោះនៅមិនសុខ នឹកកូនចង់មកតែផ្ទះ ចុងក្រោយក៏សម្រេចចិត្តរត់មកវិញតែម្ដង គ្មានចាំម៉ាក់ហៅមកទេ។
ចំពោះបញ្ហាខ្មោចវិញគឺមានគេដែលធ្លាប់រស់នៅក្បែរផ្ទះនេះកាលពីជំនាន់ប៉ុលពតនោះគេស្គាល់ប្អូនជីដូនមួយប៉ាឈ្មោះមីងយុតគេប្រាប់ថាផ្ទះនេះកាលនោះកម្មាភិបាលប៉ុលពតរស់នៅហើយគេមានកូនស្រីដែលពពោះ ប៉ុន្តែកូនស្រីនេះបានស្លាប់នៅលើផ្ទះដោយសារកើតកូនមិនចេញរួចក៏ត្រូវគេយកទៅកប់នៅក្រោយផ្ទះនេះតែម្ដង។
ខ្ញុំបានឮមកទាំងស្រពេចស្រពិលថាប្ដីរបស់ខ្មោចស្រីនេះក៏បានស្លាប់លើផ្ទះនេះដែរដោយសារកើតរោគគ្រុនចាញ់។ ខ្មោចស្លាប់តៃហោងបែបនេះគ្មាននរណាធ្វើបុណ្យឧទ្ទិសកុសលឱ្យផងបើមិនលងទើបចម្លែក!
សរុបទៅយើងនៅតែមិនហ៊ានសន្មតថាលងបែបនេះគឺជំនាងផ្ទះ ឯលងបែបនោះគឺខ្មោចនៅឡើយទេគ្រាន់តែពេលធំឡើងខ្ញុំចេះតែឆ្ងល់ព្រោះពេលមើលរឿងមួយចំណងជើងបារមីជំនាងផ្ទះឃើញថាពួកវិញ្ញាណខ្មោចមិនអាចចូលមកបៀតបៀនឬលងបន្លាចដល់ក្នុងផ្ទះដែលមានម្ចាស់ទឹកម្ចាស់ដី និងជំនាងផ្ទះ តាមថែរក្សារនោះទេ ឯជំនឿទូទៅរបស់ប្រជាជនខ្មែរក៏លើកឡើងដូច្នេះដែរ រួចចុះករណីផ្ទះខ្ញុំនេះ យ៉ាងម៉េចវិញ ឬមួយក៏ពួកគាត់សហការគ្នារីករាយដូរគ្នាលងយើងម្នាក់ម្ដងទេដឹង? ឬក៏ថាមកពីខ្មោចនោះមិនមែនជាខ្មោចមកពីណាឆ្ងាយតែខ្មោចដែលស្លាប់ក្នុងផ្ទះនេះផ្ទាល់ទើបវាមានអំណាចអាចលងយើងបាន?
…………………………………
វគ្គ ១២ « ជម្រើសចុងក្រោយ »
រឿងដែលផ្ទះយើងមានខ្មោចស្លាប់តៃហោងមិនមាននរណាប្រាប់យើងទេរហូតដល់ពេលក្រោយមកទៀតគឺប្រហែលឆ្នាំ ២០០៥ ឬ ២០០៦។ បន្ទាប់ពីដឹងរឿងម៉ាក់ជ្រើសរើសបណ្ដេញរបស់មិនល្អទាំងនោះចេញគឺដោយសារគាត់ចាប់ផ្ដើមកើតរោគបេះដូងហើយអ្នកលដូចជារាងខ្លំាងដៃព្រោះបងប្រុសខ្ញុំក៏ជួបញឹកញាប់ដែរនិងថាបើសិនជាសម្ដីដែលគេនិយាយថាមានខ្មោចស្រីកើតកូនមិនចេញស្លាប់លើផ្ទះនេះពិតប្រាកដមែនវាមិនមែនជារឿងល្អទេ។
ដំបូងម៉ាក់គ្រាន់តែអញ្ជើញតាអាចារ្យមកគូសកំបោស និងប្រោះព្រំបន្តិចបន្តួចប៉ុន្តែមិនបានផលគាត់ក៏សម្រេចចិត្តនិមន្តព្រះសង្ឃប្រាំអង្គមកប្រគេនចង្ហាន់និងស្រោចទឹករំដោះគ្រោះលើករាសីថែមទាំងឧទ្ទិសកុសលផលបុណ្យទៅអ្នកដែលស្លាប់លើផ្ទះនេះផងដែរ។ជាលទ្ធផលសំឡេងរំខានគ្រប់យ៉ាងបានស្ងាត់បាត់ទៅនៅសល់តែសម្បកផ្ទះយើងដែលមើលទៅគួរឱ្យខ្លាចដដែលជាមួយនឹងស្នាមជើងក្អែកពណ៌សតាមសសរទិសទាំង៨…ទាល់តែប៉ាម៉ាក់ជួសជុលកន្លែងខ្វះចន្លោះលើផ្ទះនេះរួចអស់ទើបវាក្លាយទៅជាផ្ទះធម្មតាដូចគេដូចឯងវិញ។
គ្រប់យ៉ាងស្ងប់ស្ងាត់ពិតមែនឬ?…
ឥឡូវនេះគ្មានវិញ្ញាណគ្មានការលងបន្លាចអ្វីទៀតទេ…
ផ្ទះដែលគេធ្លាប់រត់ពេលឆ្លងកាត់មិនជាថាយប់ឬថ្ងៃត្រូវបានគេចេញចូលជាធម្មតa វាគ្មានទៀតទេវិញ្ញាណមិនល្អនៅសល់តែរឿងកំណប់ ជំនាងផ្ទះនិងម្ចាស់ទឹកម្ចាស់ដីដែលតែងតែថែរក្សារពួកយើងប៉ុណ្ណោះ។ម្ចាស់ទឹកម្ចាស់ដីយើងរាងកាចបន្តិចព្រោះបើមានអ្នកប្លែកមុខឯណាមកស្នាក់ហើយម៉ាក់មិនបានអុជធូបសុំឬប្រាប់ជាដំណឹងទេនោះគឺថាសូមទោស…បើនៅមួយយប់គឺមិនបានដេកមួយយប់បើនៅបីយប់គឺមិនបានដេកទាំងបីយប់។ ឆ្នាំ២០១៨កូនសិស្សមករៀនធ្វើផ្សិតរបស់ប៉ាម្នាក់មកស្នាក់នៅផ្ទះយើងបានបីថ្ងៃចូលថ្ងៃទីបួនក៏ដាច់ចិត្តប្រាប់ម៉ាក់ថា
«មីងអើយ! បីយប់ហ្នឹងខ្ញុំដេកមិនលក់ទេ! គេមានមាឌធំសម្បុរស្រអែមស្លៀកក្បិនក្រហមមកដេញខ្ញុំរហូត » ម៉ាក់ឮបែបនេះក៏តប
«អូ៎! អាអូនអើយមីងភ្លេចសុំគេ!»
បន្ទាប់មកម៉ាក់ខ្ញុំក៏ទិញចេកមកសែនហើយអុជធូបសុំម្ចាស់ទឹកម្ចាស់ដីទើបកូនសិស្សនោះបានសុខដេកលក់ស្រួលលែងមានការរំខាន។ ចំណែកជំនាងផ្ទះវិញទោះមិនឃើញរូបក៏ឱ្យឮជាសំឡេងដែរ។ សរុបមកអ្វីៗគឺមិនដូចពីមុនទេ…២០២១ទៅហើយជំនឿក៏សាបរលាបខ្លះៗដែរយ៉ាងណាយើងនៅតែផ្ដល់ការគោរពដល់ពួកគាត់ជានិច្ចព្រោះពួកគាត់ជាអ្នកថែរក្សារនិងការពារក្រុមគ្រួសារមួយនេះឱ្យបានសុខសាន្តរហូតមកដល់បច្ចុប្បន្ន។
ខ្ញុំមានមតិខ្លះៗទៅលើរឿងវិញ្ញាណខ្មោចនេះ…
ពេលត្រូវបានគេសួរថាខ្ញុំជឿលើរឿងខ្មោចទេ? ឬក៏ឯងខ្លាចខ្មោចទេ?
ខ្ញុំជាអ្នករៀនខាងវិទ្យាសាស្រ្តបើទៅនិយាយប្រាប់គេថាខ្ញុំមានជំនឿលើរឿងអភិនីហារអស់នោះវាដូចជាគួរឱ្យចង់សើចសម្រាប់គេដែលពឹងពាក់លើតិចណូឡូជីក៏ប៉ុន្តែចម្លើយរបស់ខ្ញុំគឺថា
« ជឿប៉ុន្តែក៏មិនជឿ » « ខ្លាចប៉ុន្តែក៏មិនខ្លាច »
ខ្ញុំជឿថាបើយើងមិនបានប៉ះពាល់គេៗក៏មិនប៉ះពាល់យើងវិញដែរ…
បើយើងគ្មាននិស្ស័យនឹងគេ គេក៏មិនឱ្យយើងឃើញ ដូចដែលខ្ញុំគ្មានដែលឃើញអីក្រៅពីសំឡេងអារបង្អួចម្ដងនោះអ៊ីចឹង។ ពេលរៀនឆ្នាំទីបី មានលោកគ្រូសាស្រ្តាចារ្យម្នាក់ គាត់បាននិយាយថា ព្រលឹងគឺមានពិតមែន ប៉ុន្តែពួកនោះខ្សោយណាស់ទម្រាំអាចឱ្យយើងឃើញជារូបរាងបាន គឺទាល់តែវិញ្ញាណអស់នោះមានអាយុច្រើនគ្រាន់បើហើយមានឥទ្ធិពលខ្លាំងផងដែរ។ បន្ថែមទៀតនោះ គេមិនមែនស្រាប់តែនៅសុខៗមកបង្ហាញឱ្យយើងឃើញនោះទេ ប៉ុន្តែទាល់តែយើងជាមនុស្សដែលអាចផ្ដល់អ្វីម៉្យាងឱ្យគេវិញដែរទើបគេហ៊ានចំណាយថាមពលឱ្យយើងឮ ជាសំឡេង ឬឃើញជារូបរាងបាន មតិនេះខ្ញុំយល់ឃើញថាសមហេតុផលម៉្យាងដែរ។
ក៏ប៉ុន្តែ…គ្រួសារខ្ញុំមានរឿងចម្លែកៗច្រើនណាស់ មិនមែនមានតែប៉ុណ្ណឹងនោះទេ ព្រោះម៉ាក់ខ្ញុំនិងខ្ញុំ ជាមនុស្សដែលមានញ្ញាណពិសេស…ញ្ញាណដែលមិនអាចហៅបានថាជាញ្ញាណទី៦៕
ចប់