រឿង៖ ស្នេហ៍រវាងយើង

នៅក្នុងបន្ទប់គេងមួយដែលមានភ្លើងរាត្រីបំភ្លឺព្រាលៗ ក្មេងស្រីម្នាក់នៅលើគ្រែកំពុងគេងលក់ដូចជាព្រះនាងម្ចាស់ក្នុងព្រេងនិទាន នាងឱបតុក្កតាជាប់ មុជមុខតូចចូលទៅក្នុងរោមទន់ល្មើយរបស់តុក្កតារូបទន្សាយធំមួយ ហាក់ដូចវាជារបស់ដ៏មានតម្លៃដែលនាងតូចស្រលាញ់ជាទីបំផុតដែលសូម្បីតែពេលធ្មេចលក់ក៏ប្រអប់ដៃនៅមិនឆ្ងាយពីរបស់សំណព្វនេះឡើយ។
ស្រមោលរាងស្ដើងរបស់នារីម្នាក់ ដើរចូលមកថ្នមៗមិនមានសូរសៀងរំខានដំណេករបស់ក្មេងស្រីខិតមកជិតគ្រែគេង រួចស្ងប់ស្ងៀមសម្លឹងមុខក្មេងតូចដោយក្ដីអាណិតស្រលាញ់ នាងសន្សឹមៗទាញភួយដែលរអិលចេញដល់ចុងគ្រែមកដណ្ដប់ថ្នមៗឱ្យអ្នកកំពុងលង់លក់វិញ។
ភួយសម្លីសាច់ទន់រូបតុក្កតាពណ៌ផ្កាឈូកជាគូនឹងពណ៌របស់បន្ទប់ នៅមានរូបផាត់ រូបគំនូរនិងការតុបតែង របស់របរភាគច្រើនសុទ្ធតែពណ៌ផ្កាឈូកទាំងអស់ ដែលជាធម្មតាបរិយាកាសបែបនេះក៏ជាផ្នែកមួយសម្រាប់បង្កើនភាពស្រស់ស្រាយតាមបែបក្មេងស្រីតូចៗ តែគួរឱ្យសោកស្ដាយព្រោះនាងតូចម្នាក់នេះដូចជាមិនសូវទទួលបានអារម្មណ៍បែបនេះសោះ ពាក្យថាកក់ក្ដៅនិងសេចក្ដីសុខស្នាមញញឹមគឺមិនសូវប្រាកដឱ្យឃើញប៉ុន្មានឡើយ ព្រោះជីវិតនាងពោរពេញដោយភាពអាប់អួរខ្លាំងទៅជារឿយៗនៅពេលបាត់បង់ម្ដាយជាទីស្រលាញ់ នៅសល់ឪពុកតែម្នាក់ តែមានក៏ដូចជាមិនមាន ព្រោះបុរសជាប៉ាកម្រនៅជិតកូនខ្លាំងណាស់ មួយថ្ងៃៗគេមានការងារត្រូវចេញទៅក្រៅរហូត មួយសប្តាហ៍មិនប្រាកដថាកូនស្រីតូចអាចបានឃើញមុខឱ្យបានយូរៗផង ឬសូម្បីសន្ទនាគ្នាឱ្យបានច្រើនៗដូចក្រុមគ្រួសារដទៃ។
គិតមកដល់ត្រង់នេះ នារីរូបស្រស់រលីងរលោងទឹកភ្នែក នាងមានអារម្មណ៍យល់ដល់ភាពឯកោ ខ្វះភាពកក់ក្ដៅរបស់ក្មេងស្រីតូច ថ្វីដ្បិតតែចំពោះនាងខ្លួនឯងមិនមានប៉ាម៉ាក់តាំងតែពីដឹងក្ដីមកក៏ពិតមែន ប៉ុន្តែខុសពីក្មេងតូចនេះគឺនាងមានលោកយាយតែម្នាក់របស់នាងគាត់មើលថែផ្ដល់ក្ដីស្រលាញ់ឱ្យនាងមិនខ្វះខាត។
វណ្ណ សាណា ជាឈ្មោះរបស់នារីមុខស្រស់ស្រទន់ កែវភ្នែកមានតែការអាណិតស្រលាញ់មកលើក្មេងស្រីកំពុងគេង នាងត្រូវជាអ្នកម៉ាក់ទីពីររបស់ក្មេងតូច និយាយឱ្យចំជាម៉ាក់ចុង ព្រោះនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយប៉ានាងតូចរួចរាល់ហើយ វាជាការរៀបការផ្សំផ្គុំរបស់ចាស់ទុំប៉ុណ្ណោះមិនបានផ្អែកលើសេចក្ដីស្នេហាជាឫសគល់នោះទេ មើលទៅក៏មិនអាចមានស្នេហាកើតឡើងរវាងពួកនាងទាំងពីរដែរ ព្រោះកុំថាតែកូនស្រីដែលមិនបានចួបមុខឪពុកញឹក សូម្បីតែនាងមានងារជាភរិយាក៏រឹតតែឃ្លាតឆ្ងាយពីស្វាមីដែលកំពូលរវល់ទៅទៀត តែរឿងដែលគួរឱ្យខកចិត្តបំផុតគឺ យ៉ាងហោចគេក៏គួរតែយកបេះដូងមកបំពេញតួនាទីជាឪពុករបស់កូនស្រីតូចតែបន្តិចក៏នាងអស់ចិត្ត តែនេះ…គួរឱ្យខឹងពិតមែន!!
កាលពីព្រឹកមានកម្មវិធីនៅឯសាលា ដែលតម្រូវឱ្យអាណាព្យាបាលសិស្ស ឬប៉ាម៉ាក់មកចូលរួមឱ្យបានគ្រប់ៗគ្នា។ ក្នុងនាមជាអ្នកម៉ាក់ថ្មោងថ្មីនាងខំណាត់អ្នកជាប៉ារបស់ក្មេងតូចតាំងពីពីរសប្តាហ៍មុន សូមឱ្យគេជួយមកចូលរួមបន្តិចផង នៅមានមុនកម្មវិធីមួយអាទិត្យ មុនបីថ្ងៃ មុនមួយថ្ងៃ ឬមួយម៉ោង ក៏នាងសុំបញ្ជាក់គេហើយបញ្ជាក់ទៀតថាឆ្លៀតមកឱ្យទាន់ពេលកូនស្រីឡើងសម្ដែងបន្តិចក៏បាន តែគេបែរជាប្រញាប់ដែរ តែប្រញាប់ចេញទៅតាមខេត្តបាត់ស្រមោល មិនខ្វល់ពីទឹកចិត្តក្មេងកម្សត់ដែលរេភ្នែកម៉ក់ៗរកមើលវត្តមានរបស់អ្នកជាប៉ាសូម្បីបន្តិច ដល់វេនដែលក្មេងតូច វីនឌី ឡើងបង្ហាញសមត្ថភាពចៀង កែវភ្នែកមានសង្ឃឹមទាំងគូនោះក៏ប្រែមកជាស្រពោនអស់ ទោះមាននាងទៅជួយលើកកម្លាំងចិត្ត តែបើប៉ានាងតូចឆ្លៀតតែបន្តិចក៏អាចធ្វើឱ្យនាងតូចម្នាក់នេះសប្បាយចិត្តបានហើយ ទោះច្រៀងដល់ចប់បានដោយជោគជ័យ តែទឹកមុខក្មេងស្រីឃើញហើយគឺវាធ្វើឱ្យឈឺចាប់នៅក្នុងអារម្មណ៍មនុស្សធំដូចនាងខ្លាំងណាស់។
ម្រាមដៃរបស់ សាណា អង្អែលក្បាលតូចនិងឱនមកថើបថ្ពាល់ទន់ថ្នមៗ នាងអាណិតក្មេងល្អិតនេះយ៉ាងខ្លាំង ទោះត្រឹមតែចូលមកក្នុងផ្ទះនេះមិនយូរប៉ុន្មាន ប៉ុន្តែចំណងមើលមិនឃើញក៏ចងវេញពួកនាងទាំងពីរយ៉ាងជាប់ម៉ឺងទៅហើយ នៅមានទឹកមុខក្រៀមៗស្រពោនសោកសៅរបស់ក្មេងតូចទៀត នាងមិនដឹងទេថាក្មេងតូចម្នាក់នេះត្រូវរស់នៅបែបនេះដល់ពេលណា តែយ៉ាងណាចាប់ពីពេលនេះទៅ ក្នុងនាមនាងជាអ្នកម៉ាក់ម្នាក់នាងនឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីក្ដីសុខរបស់នាងតូច ក៏ចង់ឃើញក្មេងតូចភ្នែកមូលៗមុតថ្លាម្នាក់នេះបានសើចស្រស់ស្អាតដូចក្មេងស្រីៗក្នុងវ័យស្របាលគ្នានឹងនាងដែរ។
បន្ទាប់ពីនៅមើលរៀបរយក្មេងល្អិតមួយភ្លែតទៀត ទើបអ្នកម៉ាក់វ័យក្មេងបិទទ្វារបន្ទប់និងចេញមកក្រៅតម្រង់ទៅបន្ទប់ខ្លួនវិញ។
ខណៈនោះដែរសូរសន្ធឹករថយន្តចូលចតនៅឯរោងឡាន នារីនេះស្គាល់ច្បាស់ណាស់ថាជាសំឡេងរថរបស់អ្នកណាម្នាក់ មុខតូចស្រទន់ចាប់ផ្ដើមតានតឹងខណៈសម្លឹងតាមកញ្ចក់បង្អួចទៅក្រៅ។ មួយភ្លែតក្រោយមកមិនយូរប៉ុន្មាន ទ្វារបន្ទប់គេងក៏ត្រូវរបើកឡើង លេចឱ្យឃើញបុរសរាងខ្ពស់ស្រឡះម្នាក់ពាក់អាវស៊ឺមីពណ៌សមូលដៃមកដល់កែង រឹបឃើញសាច់ដុំមាំមួននៅសង្ហារសក្ដិសម ចំណែកដៃធំមាំម្ខាងមានកាបូបឯកសារនិងអាវគ្រ័រហ្សេពណ៌ខ្មៅទម្លាក់លើដៃម្ខាងជាមួយគ្នានោះដែរ ដៃម្ខាងទៀតក៏រុញទ្វារចូល តែត្រូវអាក់សកម្មភាពបន្តិចខណៈកែវភ្នែកខ្មៅមុតថ្លាដែលទោះនឿយហត់ពីការងារយូរម៉ោងក៏មានពន្លឺគួរឱ្យចាប់ចិត្តគួរឱ្យចង់សម្លឹងក្រឡេកមកចំនាង តែសម្រាប់សាណា វាមិនមែនជាការសម្លឹងតបទៅគេដោយសារមន្តស្នេហ៍សាយភាយរបស់បុរសនេះឡើយ តែព្រោះបញ្ជាក់ថា ពួកនាងកំពុងធ្វើសង្រ្គាមតាមរយៈខ្សែភ្នែកទៅវិញទេ។
ចំណែកខាងបុរសក៏ហាក់ស្ងៀមទ្រឹងបន្តិច មានពីអង្កាល់ ប្ដីមកដល់ភ្លាមប្រពន្ធក៏តាំងមើលមកដូចជាលោកយាយខ្លាត្រៀមនឹងចាប់ហែកទៅហើយ តែគេក៏បន្ធូរដង្ហើមធំមួយ គេទទួលស្គាល់ថាថ្ងៃនេះបានធ្វើកំហុសដ៏ធំមួយពិតមែន សមគួរហើយនឹងត្រូវមើលមកបែបនេះ។
«ខ្ញុំសុំទោសដែល…» ពាក្យដែលប្រុងនិយាយមិនទាន់នឹងបានចេញរូបរាងឱ្យបានពេញលេញផង ស្រាប់តែអ្នកម្ខាងទៀតដើរចេញរុយ មិននៅចាំស្ដាប់ ហើយទៅរៀបខោអាវចូលទូឱ្យរំភើយ។
អ្នកកម្លោះឈានជំហានជើងវែងៗមាំៗចូលមកខាងក្នុង និងបិទទ្វារបន្ទប់ឱ្យរួចរាល់។
«គឺរឿង…» គេងាកមកវិញប្រុងនិយាយមកទៀត តែខាងនារីប្រញាប់បិទទ្វារទូយកសម្លៀកបំពាក់មួយឈុតកាន់ដើរមកចៀសនឹងគេបន្តិច រួចក៏ចូលបន្ទប់ទឹកបាត់ឈឹង ធ្វើដូចគេប្រៀបមិនបាននឹងធូលីដី ដូចគេជាខ្យល់អាកាសហោះហើរបក់ផាត់មិនសំខាន់។
គួរឱ្យខ្វល់ខ្វាយពិតមែន នាងមិនធ្លាប់បែបនេះទេបើតាមបទពិសោធន៍កន្លងមកដែលបានក្លាយមកជាស្វាមីភរិយានឹងគ្នា ទោះមិនទាន់ស្និទ្ធស្នាលដូចគូស្នេហ៍ដទៃទៀត តែអ្វីដែលគេបានដឹងពីភរិយាដែលមិនថាខឹងនឹងគេយ៉ាងណា ក៏នាងឧស្សាហ៍ជួយទុកដាក់របស់ឱ្យគេ និយាយអីខ្លះជាមួយគ្នា មិនបានស្ងាត់ៗកាចៗបែបនេះឡើយ ហើយបែបនេះក៏ធ្វើឱ្យគេចម្លែកចិត្ត មិនស្រួលចិត្តឡើងមក អ្នកកម្លោះនៅឈរស្ងៀមមួយសន្ទុះនិងលើកដៃបន្ធូរក្រវ៉ាត់ករៀបដោះចេញទុកហើយក៏…
ប្រាវ!!
សំឡេងលាន់ចេញពីខាងក្នុងបន្ទប់ទឹក គេងាកទៅរកមើល និងដើរលឿនៗទៅគោះទ្វារ។
«កើតអីទេ?»
ស្ងាត់!
«វណ្ណសាណា!?» ជាលើកទីមួយហើយដែលគេហៅឈ្មោះនាងបានច្បាស់ ចាំថាពួកគេមិនដែលសូវនិយាយរកគ្នាបានយូរ សន្ទនាតែមួយភ្លែតក៏ត្រូវចេញទៅបាត់ៗ ទើបពេលខ្លះក៏ឆ្ងល់ថាប្រពន្ធឈ្មោះអីឱ្យប្រាកដ ឥឡូវក៏ដឹងហើយថាខ្លួនឯងនៅចាំឈ្មោះនាងដែរទេតើ។
តែថានៅខាងក្នុងនៅតែស្ងាត់!
គេបន្តគោះទ្វារនោះបន្តទៀត៖
«បានឮទេ? ម៉េចក៏មិនឆ្លើយខ្លះ?»
ក្ឌាំង!!
ម្ដងនេះសូរសំឡេងកាន់តែឮ!
«នែ ឱ្យខ្ញុំចូលទៅទេ នាងឆ្លើយបន្តិចមក!»
ស្ងាត់ទៀត!!
គេប្រាកដថាអ្នកខាងក្នុងកំពុងមានរឿងអីប្រាកដណាស់ រាងខ្ពស់សម្រេចចិត្តទម្លុះទ្វារលាន់ប៉ាំង!
«ខ្ញុំចូលទៅហើយណា នាងកើតអីឱ្យប្រាកដទៅ តើកើត…»
ទោះចង់ស្ដីថាអ្វីក៏ត្រូវអាក់ហានិយាយលែងចេញដែរពេលនេះ ជាជំនួសទុកឱ្យភ្នែកទាំងគូជាអ្នកបញ្ចេញសកម្មភាពម្ដង…
«លោក!!» សំឡេងខ្សោយៗឮមកពីខាងក្រោយទូដែលដេកដួលផ្អៀងនៅម្ខាង របស់របរដែលមាននៅខាងក្នុងក៏ខ្ចាត់ខ្ចាយរាយប៉ាយពេញនោះ នារីរាងស្ដើងម្នាក់ងើបមកបានតែផ្នែកក្បាលឆ្ងក់មើលមកគេពេលនេះ អ្នកកម្លោះបន្ទាប់ពីយល់ហេតុការណ៍រលំទូនេះបានច្បាស់ហើយ ក៏បម្រុងចូលទៅជួយលើកចេញ តែត្រូវនាងស្រែកចាចម្ដងទៀត៖
«លោក!!!»
«នៅស្ងៀមទៅ! ខ្ញុំដឹងហើយ ចាំខ្ញុំជួយលើកចេញ នាងនៅស្ងៀមៗសិនណា!»
គេប្រាប់ទាំងចូលទៅកៀក។
«មិនទេ! លោកឈប់ភ្លាម! នៅឱ្យស្ងៀម!!» នាងស្រែកមកកាន់តែឮ គេក៏ឆ្ងល់៖
«ស្ងៀមយ៉ាងម៉េច ក្រែងខ្ញុំត្រូវជួយនាងហ្អេស ចុះបើស្ងៀមជួយនាងម៉េចនឹងកើត?»
«ស្ងៀមសិន ហើយក៏បិទភ្នែកលោកផង!!»
«ម៉េចក៏ចាំបាច់បិទ?» ទន្ទឹមនឹងសម្ដី គេចូលទៅជិតប្រុងនឹងអោនលើកទូនោះតែនាងក៏ស្រែកតវ៉ាឮៗម្ដងទៀត៖
«បិទភ្លាម ភ្នែកលោក! ឆាប់បិទភ្នែក!!» អើយ! តើវាស្អីណាស់ណាប្រពន្ធម្នាក់នេះ!
«នាងចេះតែយ៉ាងម៉េចហ្នឹង??» មិនត្រឹមតែសួរ នាយកម្លោះប្រើកម្លាំងមួយប្រិបលើកទូដែលកៀបរាងតូចចេញពីនាង ទូឈរនឹងថ្កល់ ឯសភាពរបស់គេក៏មិនខុសគ្នា…
«អ្ហាយ៎! លោកបិទភ្នែក ប្រាប់ឱ្យបិទភ្នែកហើយ!! អ្ហេ៎…»
ផឹប!
គ្រាំង!!
មិនត្រឹមស្រែកធម្មតា នាងនៅស្ទុះចូលមកខុសធម្មតាដែរ ដំណើរភ្លេចខ្លួនប្រញិបប្រញាប់មកបិទភ្នែកគេបែបនេះ ក៏ស៊យថែមទ្វេដងពេលដែលនាងរអិលភ្លាត់ជំហរដួលម្ដងទៀត តែក៏ទាញនាំទាំងគេដែលចូលមកជួយទប់ឱ្យមកជាមួយគ្នាដែរ ធ្វើឱ្យរាងកាយទាំងទ្វេដួលបោកភ្លាមៗលើកម្រាល មុខតូចស្រទន់បុកផ្ទប់នឹងដើមទ្រូងសុទ្ធតែសាច់ដុំរបស់អ្នកកម្លោះ ឯគេក៏ក្រសោបនាងជាប់ពេញៗដៃ។
ព្រះអើយ! ខណៈនេះប្រពន្ធគេគ្មានសម្លៀកបំពាក់ជាប់ខ្លួនទេ!!
ប្រពន្ធគេ! នៅក្នុងរង្វង់ដៃគេ!! គ្មានខោអាវជាប់ខ្លួនទេ!!!
បន្ទាប់ពីខួរក្បាលត្រឡប់មកដំណើរការយ៉ាងពេញលេញវិញ អ្នកកម្លោះទើបតែដឹងការពិតនៅពេលនេះឯង នាងហាមមិនឱ្យគេបើកភ្នែក គឺព្រោះតែបែបនេះ…គឺរឿងវាបែបនេះឯង! តែថាឥឡូវទោះបីគេបិទភ្នែកជិតឈឹង ក៏ប្រសាទសម្ផស្សមនុស្សប្រុសរបស់ខ្លួនដឹងបានច្បាស់ថាអ្វីជាអ្វីនៅលើខ្លួនប្រាណគេ ពេញៗក្នុងរង្វង់ដៃគេដែរ!!
នាងងើបផ្ទៃមុខប្រែក្លាយជាពណ៌ក្រហមដូចផ្លែប៉ោមអាមេរិកកាំងមកវឹប ក៏វាក់អើនឹងកែវភ្នែកឡើងក្រហមចម្លែករបស់គេភ្លែត…បន្ទាប់មកក៏ផឹប…គ្រឹប!!
ពិភពលោកភ្លឺផ្លេកបបួលឱ្យគិតវែងឆ្ងាយក៏ត្រូវបិទបញ្ចប់តែត្រឹមនេះ ភាពងងឹតក៏ចូលមកគ្របដណ្ដប់ជំនួស ព្រោះកន្សែងពោះគោក្រាស់ទន់ល្មើយមួយត្រូវលើកយកមករុំមុខមាត់របស់គេជិតឈឹងអស់ហើយ…គឺនាងរុំក្បាលគេនឹងកន្សែង!!
‍‍

មួយម៉ោងក្រោយមក…
បន្ទាប់ពីហេតុការណ៍រញ្ជួយបន្ទប់ទឹក ពេលនេះក៏ឃើញថាមានអ្នកខ្លះមានរបួសជាំ ព្រោះខ្នងបានបុកមួយទំហឹងនឹងកម្រាល និងកំពុងត្រូវបានលាបថ្នាំ។
«មុននេះ លោកមិនបានឃើញអីទេ…ត្រូវទេ?»
ស្ងាត់ៗសាណាសួរអ្នកកម្លោះ នាងមើលខ្នងមាំដែលមានជាំជាដុំដោយចិត្តមិនស្រឡះ ហេតុការណ៍មុននេះវាយ៉ាប់នឹងលើកយកមកនិយាយពេកហើយ នាងអស់សាប៊ូនៅកន្លែងងូត ទើបគិតថាចោមពុងដើរមករកមើលនៅទូផ្ទុកសម្ភារៈប្រើប្រាស់មួយភ្លែត ប៉ុនែ្តនាងជំទើតជ្រុលពេកក៏មិនដឹងទើបវិះនឹងដួលចៃដន្យក៏ទប់នឹងទូ តែទូនោះមិនដឹងយ៉ាងម៉េចក៏ដូចជាគ្មានជំហរឱ្យទប់ ទីបំផុតវាដួលទ្រេតមករកទើបនាងក៏ស្រវាចាប់ជាប់ តែថាម្ដងនេះកន្សែងពោះគោរុំនឹងដើមទ្រូងក៏របូតដំណាលគ្នា នាងភ្ញាក់បន្តិចមិនដឹងស្រវាមួយណាចាប់មួយណា ទីបំផុតក៏ឃើញថាខ្លួនឯងចាប់ទូនោះ តែមិនមែនចាប់ធម្មតាគឺអស់មួយទំហឹងដែលមិនយូរឡើយត្រូវទូដដែលនោះដួលមកកៀបជាប់ អីវ៉ាន់ធ្លាក់ចុះរប៉ាត់រប៉ាយ ហើយក៏មានអ្នកកម្លោះនេះលេចមុខមកល្មម នៅ នៅមានរឿងដួលនោះទៀត តើគេបានឃើញអ្វីខ្លះ? កុំប្រាប់ថាទាំងអស់ហ៊ឹកហ៊ឹក កុំអី!! នាងខ្លោចផ្សាក្នុងចិត្តជាពន់ពេក។
«សុំទោស!»
អីគេ? មានន័យថាម៉េច? គេចង់ប្រាប់ថា…ហ៊ឺៗកុហកនាងតែបន្ដិចក៏បានណា!
«ភ្នែកក៏នៅប្រើការបានល្អ និយាយទៅញ្ញាណទាំងប្រាំនៅដំណើរការប្រក្រតី ពិបាកណាស់បើឱ្យខ្ញុំធ្វើពើឆ្លើយកុហកនោះ! ចុះមានឈឺរបួសត្រង់ណាទេ?» ទន្ទឹមនឹងសម្ដី អ្នកកម្លោះបែរក្រោយងាកមកសម្លឹងម្ចាស់រង្វង់ដៃទន់ត្រជាក់ដែលរេរាំទៅមកលាបថ្នាំមកលើខ្នងមាំរបស់ខ្លួន គេឃើញថ្ពាល់ស្រស់ស្រទន់ឡើងក្រហមព្រឿងៗជាធម្មជាតិនៃអារម្មណ៍សម្ងាត់ដែលចិត្តច្របល់ឬអៀនប្រៀន តែហាក់បន្ថែមសម្រស់ឱ្យនាងយ៉ាងចម្លែក ធ្វើឱ្យគេដែលមិនដែលបានសម្លឹងភរិយាឱ្យបានយូរគាប់ភ្នែក ក៏ស្រាប់តែពេលនេះទេដែលបានមើលនាងចំៗ និងមើលបែបកំណត់ចំណាំទុកបែបនេះតែម្ដង។
«ខ្ញុំអូខេ!» ស្រីតូចវាចាខ្សាវៗ ខណៈមួលគម្របបិទប្រអប់ដាក់ថ្នាំទៅក្នុងនោះទុករួចរាល់ បម្រុងនឹងងើបចេញពីគ្រែតែក៏ត្រូវគេចាប់ដៃជាប់៖
«ខ្ញុំសុំទោស!»
«វាមិនមែនកំហុសលោក» នាងប្រឹងបន្លប់ដកដៃចេញពីគេ និងយកប្រអប់ទៅទុកក្នុងថត តែគេនៅតាមមកនិយាយបន្តទៀត។
«រឿងក្នុងបន្ទប់ទឹកខ្ញុំមិនបានសោកស្ដាយ តែរឿងពីព្រឹកជាកំហុសរបស់ខ្ញុំពិតមែន!»
ស្អីដែលមិនសោកស្ដាយ? គេចង់ប្រាប់ថាមិនសោកស្ដាយដែលបានឃើញនាង…
«លោកមិនសោកស្ដាយ?»
«គឺខ្ញុំមិនសោកស្ដាយដែលយ៉ាងណាក៏ទៅជួយទាន់ពេល សំណាងហើយអ្នកដែលលើកទូចេញគឺជាខ្ញុំ មិនមែនអ្នកណាផ្សេង បើជាអ្នកផ្សេងនាងខូចខាតធ្ងន់មិនខាន!»
«…នេះក៏រាប់ថាធ្ងន់ដែរ!» នាងនៅខ្សឹបៗនៅចុងមាត់ តែគេបានឮទើបញញឹមស្រស់។
«ប្ដីឃើញប្រពន្ធរបូតកន្សែងមានអីខាតធ្ងន់ទៅ!» គេមើលមុខស្រស់ស្អាតញាក់ចិញ្ចើមដាក់មួយ មុននឹងត្រឡប់មកជិតគ្រែស្រវាអាវដំណេកយកមកគ្រងវិញ។
ឫកពាគេធ្វើដូចធម្មតាៗ តែក៏ជាលើកដំបូងដែលទឹកមុខរបស់គេចាប់ផ្ដើមចេះឌឺៗញ៉េះញ៉ោះជាមួយនាង តាំងពីរៀបការរយៈពេលបីខែមកនេះពួកនាងមិនដែលជិតស្និទ្ធគ្នា កុំថាមកបានឃើញនរណាម្នាក់សម្រាតខោអាវបែបនេះទៀត គឺរឿងវាហួសឆ្ងាយណាស់ ហើយនាងក៏មិនអាចធ្វើធម្មតាដូចគេបែបនេះបានដែរ។
«រឿងពីព្រឹកខ្ញុំចោលការងារមិនបានពិតមែន!» គេប្ដូរប្រធានបទបានរហ័ស នាងក៏ធូរទ្រូងដែរដែលត្រូវផ្អាករឿងមួយនោះសិន ជាជំនួសរឿងព្រឹកមិញនេះទាក់ទាញចំណាប់អារម្មណ៍នាងខណៈនេះជាង នាងក៏ចង់និយាយជាមួយគេឱ្យដឹងគ្នាដូចគ្នាដែរ។
«វីនឌីសោកសៅខ្លាំងណាស់!»
មុខមាំបែរមកវិញសម្លឹងមុខនាង ក្នុងខ្សែភ្នែកមានភាពញ័របន្តិចតែក៏បាត់វិញភ្លាម។
«គេគួរតែយល់ថាប៉ាគេរវល់!»
«លោកវីនត្រា! ក្មេងប្រាំពីរឆ្នាំត្រូវការការភាពកក់ក្ដៅពីឪពុកពីម្ដាយខ្លាំងណាស់ លោកចង់ពន្យល់ឱ្យគេយល់រឿងការងាររវល់បែបនេះបានយ៉ាងម៉េច?» នាងចាប់ផ្ដើមក្ដៅឆួលចុងច្រមុះ គេនេះជាប៉ាម៉ាកស្អីទៅ!
«គឺឆ្លាតសមល្មមហើយ ថាប៉ារបស់គេត្រូវធ្វើការ មិនអាចមកកំដរនឹងរឿងឥតប្រយោជន៍ច្រើននោះទេ វាមិនចំណេញ!»
«ឥតប្រយោជន៍ មិនចំណេញបែបនេះហ្អេស? លោកហៅការចូលរួមលើកទឹកចិត្តកូន ថាឥតប្រយោជន៍ មិនចំណេញបាន? លោកនិយាយចេញមកបែបនេះបាន? កោតណាស់! លោកជាឪពុកប្រភេទអីទៅ នេះមិនមែនរឿងជំនួញមានខាតចំណេញមានប្រយោជន៍ឬអត់ទេ តែវាជាការយកចិត្តទុកដាក់ លោកយល់ទេ? ខ្ញុំខកចិត្តណាស់ដែលមកឮលោកនិយាយបែបនេះ ចុះបើអ្នកដែលបានឮជាកូនលោកវិញនោះ នាងនឹងគិតយ៉ាងម៉េច នាងនឹងយំយ៉ាងម៉េច ម៉េចក៏លោកមិនខ្វល់ពីចិត្តកូនសូម្បីបន្តិច?»
«នាងស្មានថាខ្ញុំមិនខ្វល់ពីកូនហ្អេស? ខ្ញុំប្រឹងប្រែងរាល់ថ្ងៃនេះក៏ព្រោះតែនាងដែរ!»
«ចុះលោកដែលយល់អត់ថាអ្វីដែលនាងត្រូវការយ៉ាងពិតប្រាកដនោះ? បាយបីពេលម្ហូបម្ហាពេញតុ តែមានវត្តមានប៉ានៅជិតទេ? ទៅរៀននៅសាលា មានប៉ាជូនទៅដូចក្មេងៗធម្មតាដទៃទៀតទេ? ទៅសួនកម្សាន្តមានមនុស្សធំកាន់ដៃដូចគេឯងទេ? កម្មវិធីធំរបស់សាលាដែលនាងត្រូវការកម្លាំងចិត្តរបស់ឪពុក តើឪពុកនាងទៅនៅត្រង់ណាទៅ? លោកមួយថ្ងៃនិយាយជាមួយនាងបានប៉ុន្មានម៉ាត់ ឱបនាងបានប៉ុន្មានដង លោកមានធ្លាប់គិតអត់ថានាងមិនដែលចង់បានជីវិតស្រណុកស្រួលតែខ្វះភាពកក់ក្ដៅក្រៀមក្រោះដូចជាក្រូចឆ្មាគ្មានទឹករបៀបនេះទេ? នាងគ្រាន់តែត្រូវការមានប៉ាម្នាក់នៅក្បែរដូចគេដូចឯង ស្រលាញ់នាង មើលថែនាងខ្វល់ពីនាងដូចនឹងបណ្ដាក្មេងៗដទៃទៀតដែរ តែលោកយ៉ាប់ណាស់ ភ្លេចពីកូនស្រីខ្លួនឯង លោកងប់តែនឹងការងារជ្រុលពេក បែបនេះលោកក៏ទៅនៅនឹងការងារឱ្យបានស្ងប់សុខចុះ!!»
ថារួចមិនទាន់នាងលើកដៃជូតទឹកភ្នែកដែលស្រក់មិនដឹងខ្លួនចេញ ដកភ្នែកដែលសម្លឹងគេកំពុងឈរធ្មឹងនៅស្ដាប់នាងរៀបរាប់ចេញមក គឺនាងនិយាយអីដែលចង់និយាយរួចហើយ ក៏គ្មានអីត្រូវនិយាយទៀតដែរ ទើបបង្វែរខ្លួនដើរចេញ តែត្រូវអ្នកម្ខាងទៀតស្រវាចូលមកក្នុងរង្វង់ដៃជាប់ណែនផ្អឹស។
«ឱ្យបានស្ងប់សុខ កំពុងតែជេរប្ដីឱ្យឆាប់ទៅស្លាប់ឬអត់ប្រពន្ធ?»
ខ្យល់ដង្ហើមអ៊ុនៗជះប្រហើរមកចំពីមុខវង់ភក្ត្រម៉ត់រលោង គេសម្លឹងភ្នែកមុតថ្លាដែលបើកធំៗរបៀបភ្ញាក់ផ្អើលរបស់នាងដែលមិនទាន់ស្ងួតសំណើមជលនេត្រនៅឡើយ នរៈនៅមានលើកដៃមកអង្អែលថ្ពាល់ទន់ល្មើយ ថែមដោយសម្លឹងបបូរមាត់ក្លែបក្រូចពណ៌ផ្កាឈូកធម្មជាតិរបស់នាងទៀតផង ពេលអោនមកកាន់តែជិតប្រាណតូចនេះមែនទែន ក្លិនសាប៊ូលាយឡំនឹងក្លិនខ្លួនក្រអូបស្រាលក៏រសាត់ចេញពីប្រាណមាណវីផាត់មកប៉ះនឹងច្រមុះរបស់គេ ធ្វើឱ្យដកដង្ហើមស្រូបចូលហើយក៏ស្រួលខ្លួនខ្លាំងត្រជាក់ចិត្តខ្លាំង។
«នឹងអាលបានទៅរៀបការនឹងអ្នកណាថ្មី?» គេនៅសម្លឹងនាងយ៉ាងចម្លែក។
«លោ លោកលែងខ្ញុំភ្លាម! មកនិយាយរឿងស្អីនេះ វាមិនទាក់ទងនឹងរឿងរបស់វីនឌីទេ!»
«ទាក់ទងតើ! ទាក់ទងខ្លាំងទៀតផង…» ទន្ទឹមនឹងសម្ដី ដៃរពឹសរបស់គេក៏រំកិលចូលមកក្រសោបចង្កេះរាវស្អាតរបស់នាងណែនៗ នាងកាន់តែភ្ញាក់បើកភ្នែកធំៗជាងមុន ប្រឹងបម្រះខ្លួនគេចចេញពីការឱបរបស់គេ។
«នែលោក ប្រាប់ឱ្យលែងណា៎!»
«ប្ដីមិនព្រមលែងប្រពន្ធ ក៏មិនទាន់ទៅស្លាប់ចោលប្រពន្ធដែរ! ឮច្បាស់អត់? ព្រោះអីប្ដីប្រពន្ធយើងនៅមិនទាន់បានក្រេបចន្ទទឹកឃ្មុំអីនឹងគេម្ដងផង ចង់ក្រេបជាមួយគ្នាឥឡូវទេ នឹងអាលឆាប់មានគ្នីគ្នាតូចៗកំដរវីនឌីលេង? មិនត្រឹមប៉ុណ្ណឹងពេលអូនមានផ្ទៃពោះបងក៏ឧស្សាហ៍មកផ្ទះញឹកញាប់ មានពេលច្រើនៗនៅក្បែរកូនប្រពន្ធនោះអី គំនិតល្អតើ ដល់ពេលនោះកូនក៏បាននៅជិតប៉ាបានច្រើន មិនខ្វះភាពកក់ក្ដៅដូចជាពេលនេះទេ…»
«ឆ្កួតណាស់! ទោះចង់គិតពីកូនក៏មិនមែននឹករឿងចម្លែកបែបនេះចេញមកកើតដែរ អេ៎ លោក…» ប្រាណតូចត្រូវបង្ខំដើរថយៗក្រោយទាំងមិនដឹងខ្លួន រហូតមកដល់ពេលនេះនាងជំពប់ជើងដួលមកលើគ្រែទៅហើយ នៅមានរាងក្រាស់តាមមកជិតៗទៀត…
«មិនឆ្កួតទេ ក៏មិនចម្លែកដែរ! បងគ្រាន់តែដឹងខ្លួនខុសចង់បំពេញតួនាទីប៉ាល្អ ប្ដីល្អខ្លះឡើងវិញ! បានឮអូនតឿនមុននេះក៏កាន់តែដឹងហើយថាខ្លួនឯងអាក្រក់យ៉ាងណា! អរគុណច្រើនដែលអូនទៅកំដរកូន លើកកម្លាំងចិត្តដល់កូន!» ខ្សែភ្នែកទាំងគូនោះរបស់គេម៉េចក៏ភ្លឺផ្លេកប្លែកៗបែបនេះទៅវិញ? និយាយមកតែមាត់បានហើយ តែចាំបាច់អីបញ្ជូនអត្ថន័យតាមខ្សែចក្ខុចម្លែកៗរបស់គេបែបនេះមកឱ្យនាងបន្ថែមដែរ? ហើយម៉េចក៏វាមានអំណាចសមល្មមមកបង្អាក់ការគិតរបស់នាងឲ្យរអាក់រអួលបាន ឲ្យនាងរដាក់រដុបរកពាក្យតបមិនចង់កើតបែបនេះបាន? អាសន្នធំហើយ!!
«មិន មិនបាច់គួរសមទេ! លោ លោកងើបចេញទៅបានហើយ ហា៎…» នាងភ្ញាក់ដូចរលាកនឹងភ្លើងខណៈអ្នកម្ខាងទៀតអោនមកថើបថ្ពាល់នាងមួយខ្សឺតធំដោយឥតព្រៀង និងញញឹមស្រស់ដាក់ ធ្វើឱ្យនាងភ្លឹកៗភំាងៗអស់មួយសន្ទុះ មិនដឹងថាគេងើបចេញតាំងពីកាលណា ដឹងខ្លួនម្ដងទៀតគឺជាជំនួសភួយក្រាស់ក៏លើកមកគ្របដណ្ដប់ត្រឹមដងខ្លួនឱ្យនាងរួចទៅហើយ។
«…មិនចង់ងើបចេញប៉ុន្មានទេ! ទើបតែដឹងថាឱបប្រពន្ធគេងស្រួលខ្លួនបែបនេះឯង ដឹងអ៊ីចឹងបីខែមកនេះមិនទុកឱ្យ…»
«លោកឆាប់ឈប់ភ្លាម!!» គេនៅធ្វើមុខឌឺញោចចុងមាត់បន្តិច ឈប់តាមធ្វើអីទៅ នឹងនិយាយចេញមកក្រៅឱ្យនាងស្ដាប់ បញ្ចេញឱ្យអស់ពីពោះពីពុង ឱ្យធូររលុងបំពង់ក ហាហា!
«…មិនទុកឱ្យខ្លួនឯងរងារ នឹងឱបប្រពន្ធឱ្យបានណែនៗ ឱ្យបានញឹកញាប់ហើយ! មានដឹងទេថាសាច់ខ្លួនឯងហ្នឹងអ៊ុនៗកក់ក្ដៅប៉ុណ្ណានោះ ឱបហើយទន់ក្រអូបឱ្យគេនឹកស្រមៃទៅដល់ណាណី?! ឆាប់គេងទៅ យប់ណាស់ហើយ!» គេប្រាប់នាងធ្វើមុខឌឺសន្លប់ ទាមទាររកកណ្ដាប់ដៃដែក តែនាងទាល់តម្រិះនឹងងើបទៅតវ៉ានៅជិតគេហើយ ក៏មិនដឹងទៅរកពាក្យអីទៅតបតគេឱ្យបានត្រូវរឿងគ្នាដែរវេលានេះ គឺនាងក្ដៅថ្ពាល់ភាយៗហើយក៏ភាំងៗស្ងៀមៗ បានត្រឹមតែមើលគេសឹងមិនជឿនឹងភ្នែកខ្លួនឯងទាំងគូថាអ្នកចំពោះមុខជាស្វាមីរៀបការជាមួយគ្នាកាលពីប៉ុន្មានខែមុន ដែលសូម្បីឈ្មោះរបស់ប្រពន្ធក៏ដូចជាចាំមិនច្បាស់ផង ឥឡូវក៏និយាយស្ដីមកប្លែកៗប្រែប្រួលមិនទៀង ឱ្យនាងកប់យោបល់បានដូចគេចុកយ៉ាងជោគជ័យទៅហើយ។
អ្នកកម្លោះដើរទៅមួលភ្លើងឱ្យនៅខ្សោយ និងរៀបបិទទ្វារចេញពីបន្ទាប់នោះហើយ ទើបស្រីតូចសួរមកតិចៗ៖
«ចុះលោក? ប្រុងទៅបន្ទប់ធ្វើការដាច់យប់ទៀតហើយមែនអត់?»
«ទៅមើលកូនទេតើ! មានអារម្មណ៍ថាខានឃើញគេគេងរបៀបម៉េចយូរហើយ បងមកវិញឥឡូវហ្នឹង អូនគេងមុនចុះ!»
ហេតុអីគេនិយាយបងៗអូនៗពិរោះៗមកកាន់នាងបែបនេះ ញឹកញាប់បែបនេះ? គេមានច្រឡំមាត់ទេហ្នឹង គឺបីខែហើយ ទើបតែរាត្រីនេះទេដែលនាងឃើញថាពួកនាងទាំងពីរនិយាយគ្នាបានច្រើន តែក៏ឃើញបានថាមិនមែនជាពាក្យល្អៗប៉ុន្មានឡើយ ឬមួយថាបន្ទាប់ពីត្រូវនាងឧទ្ទិសឱ្យទៅនៅនឹងការងារឱ្យបានស្ងប់សុខគេក៏ប្រែប្រួលមកបែបនេះ គេផ្លាស់ប្ដូររហ័សបែបនេះឬ? តែបេះដូងតូចៗរបស់នាងក៏ហាក់មានក្ដីសុខចម្លែកណាស់ដែរនឹងពាក្យពិរោះៗរបស់គេនេះ ទោះនាងគិតមិនទាន់យល់ថាមកពីហេតុអី តែក៏មានអារម្មណ៍ថាគេហាក់ផ្លាស់ប្តូរមកល្អជាងមុន? នៅប្រាប់ថាទៅមើលកូនស្រីទៀត? ចំណុចចុងក្រោយនេះហើយធ្វើឱ្យនាងសប្បាយចិត្តណាស់។
រយៈពេលមិនយូរប៉ុន្មានកន្លងផុត រាងស្ដើងក៏ត្រូវភាពងោកងុយវាយលុក នាងលង់លក់នៅក្នុងពិភពសុបិនបាត់ទៅហើយ ចំណែកអ្នកដែលត្រូវនាងនឹកដល់មុនហ្នឹងក៏ត្រឡប់មកវិញ គេចេញទៅមើលកូនស្រីនៅឯបន្ទប់ឃើញកូនគេងបានរៀបរយក៏ធូរចិត្តច្រើន រាងក្រាស់ដើរចូលមកជិតភរិយាដែលលក់ទៅបាត់មុនហើយ មើលទៅនាងនៅមិនទាន់បានដឹងទេថាពាក្យសម្ដីរបស់នាងមុននោះវាមានឥទ្ធិពលយ៉ាងម៉េចខ្លះមកលើគេ។
ជាបុរសម្នាក់ដែលរវល់ការងារឥតឈប់ ពេលវេលារបស់គេត្រូវបូជាឱ្យការងារទាំងអស់ ភ្លេចសូម្បីតែកូនស្រី ភ្លេចសូម្បីតែភរិយា ឬផ្ទះ។ បើនាងមិននិយាយខ្លាំងៗមើលទៅគេក៏មិនបានគិតឃើញខ្លះដែរ រាល់ពេលនាងតែងតែខលឬផ្ញើរសារមកប្រាប់គេពីរឿងរបស់វីនឌីជាញឹកញាប់ តែគ្រប់ពេលនោះដែរគេត្រូវការងារចោមព័ទ្ធជិត ត្រូវប្រជុំ ត្រូវចួបភ្ញៀវក៏រកពេលឆែកមើលរឿងផ្ទាល់ខ្លួនស្ទើរតែពុំបាន គឺទាល់តែពេលសម្រាកបន្ដិចបន្ដួចទើបអាចគិតបានខ្លះ ហើយក៏គិតបានចេញហើយថាខ្លួនឯងនៅមានកង្វះខាតច្រើនណាស់ក្នុងនាមជាឪពុកម្នាក់ តើគេប្រឹងប្រែងរាល់ថ្ងៃដើម្បីអីទៅ ដើម្បីនរណាទៅ បើគេខ្លួនឯងភ្លេចសូម្បីតែយកចិត្តទុកដាក់ពីមនុស្សសំខាន់ជុំវិញខ្លួនទាំងអស់គ្នារួចរាល់ទៅហើយនោះ?
ពិតដូចជាភរិយានិយាយហើយ ជួនកាលទ្រព្យសម្បត្តិ ភាពស្រណុកសុខស្រួលក៏នៅមិនអាចប្រៀបបាននឹងក្ដីស្រលាញ់ ការមើលថែយកចិត្តទុកដាក់ចំពោះគ្នាដែរ ព្រោះវាជារបស់ដែលប្រើប្រាក់យកមកទិញដូរពុំបាន។
គេដឹងហើយថាគួរធ្វើយ៉ាងម៉េចខ្លះចំពោះគ្រប់គ្នាចាប់ពីពេលនេះតទៅ!
រាងក្រាស់របស់ វីនត្រា អោនមកថើបថ្នមៗលើថ្ងាសរបស់អ្នកដែលលង់លក់ គេញញឹម៖
«អរគុណអូនសម្រាប់គ្រប់យ៉ាង!» អ្នកកម្លោះនៅសម្លឹងផ្ទៃមុខស្រទន់កាត់តាមពន្លឺព្រាលៗរបស់បន្ទប់។
ចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ ជាចំណងមើលមិនឃើញមួយដែលកើតឡើងដោយហេតុផលផ្សំផ្គុំមិនសមទំនងតាំងតែពីដើមដំបូងម៉្លេះរបស់អ្នកផ្ទះពួកគេទាំងសងខាង ប៉ុន្តែវាបានរុញច្រានជោគវាសនារបស់ពួកគេឱ្យបានមកចួបជំពប់ប្រសព្វគ្នា បានស្ថិតនៅរួមផ្លូវជីវិតតែមួយជាមួយគ្នា គេមិនល្អក៏មាននាងជាអ្នកផ្ដល់យោបល់ចាំណែនាំចាំតឿនរំលឹក នាងមានអាសន្នរបូតកន្សែងដួលក្នុងបន្ទប់ទឹកត្រូវទូកៀបសង្កត់ជាប់ក៏មានគេចាំជួយឱបជួយសង្រ្គោះវិញ!! គឺនិយាយទៅមានគ្នាចាំនៅក្បែរ ចាំនៅជិតៗបែបនេះក៏ប្រសើរណាស់ហើយ។
រយៈពេលយូរយារប៉ុណ្ណាហើយដែលគេមិនដែលគិតពីជីវិតអាពាហ៍ពិពាហ៍ មិនដែលគិតថាអាចស្រលាញ់អ្នកណាបន្តទៀត ចាប់តាំងពីម៉ាក់របស់កូនស្រីទទួលរងគ្រោះថ្នាក់បាត់បង់ជីវិតតាំងពីកំណើតរបស់កូន? តើជីវិតគេលះបង់តែជាមួយការងារយូរប៉ុណ្ណាហើយ វាយូរណាស់ យូររហូតដល់ភ្លេចឱ្យឈឹងអំពីកូនស្រីតូច និងគ្រប់គ្នានៅក្នុងគ្រួសារអស់រលីង អ្នកកម្លោះគិតឡើងវិញនូវរឿងរ៉ាវទាំងឡាយ គេឡើងមកគេងលើគ្រែបង្វែរខ្លួនមករកភរិយា សន្សឹមៗដកខ្នើយឱបខណ្ឌនៅចំកណ្ដាលចេញ និងទាញប្រាណតូចរបស់នាងមកឱបក្រសោបថ្នមៗ។
កម្លាំងឱបដែលទោះមិនខ្លាំង តែវាមានឥទ្ធិពលគ្រប់គ្រាន់ដាស់ដល់អ្នកដែលលង់លក់ឱ្យបានដឹងខ្លួន រាងតូចភ្ញាក់ព្រើតបម្រះខ្លួនចេញទៅតាមកាយវិការឆ្លើយតបដោយស្វ័យប្រវត្តិ វីនត្រា តបមកមួយៗកុំឱ្យនាងបារម្ភខ្លាច ឱ្យនាងដឹងថាតាមពិតជាវត្តមានរបស់គេ៖
«ជាបងទេ! គេងវិញទៅ!»
«លោក! អេ៎ ម៉េចក៏មកគេងបែបនេះ?» នាងបើកភ្នែកធំៗ ភាពងងុយលែងមានឥទ្ធិពលហើយពេលនេះ នាងស្វាងចែស។
«ចាប់ពីពេលនេះយើងគេងជាមួយគ្នាបែបនេះហើយ បងគេងឱបអូន អូនគេងឱបបង!»
«អ្នកណាប្រាប់ថាគេងឱបលោក ឆាប់លែងខ្ញុំភ្លាមទៅ!» នាងនៅបម្រះរុញគេចេញ តែម្ដងនេះស្អិតដូចកាវប្រាំរយពីរគេមិនរបេះទៅណាសោះ។
«ប្រពន្ធម្នាក់នេះ មួយថ្ងៃសុំប្ដីលែងមិនដឹងជាប៉ុន្មានដង!? បាន បងឆ្លើយម្ដងទៀតក៏បានដែរថាមិនព្រមលែងទេ! អូននៅក្បែរបងបែបនេះមួយជីវិតហើយណា៎!» នាងស្ងប់សកម្មភាពនិមិត្តបានឮគេប្រាប់បែបនេះ ក៏សម្លឹងមុខគេភ្លឹក។
«វីនត្រា! ពេលដែលលោកដួល ក្រៅពីខ្នងដែលជាំ មានទង្គិចឈឺដល់ក្បាលអីឬអត់ទេ?»
នាងនៅសម្លឹងមុខគេបែបសង្ស័យៗ ចង់ថាគេប៉ះទង្គិចខួរក្បាលទៅជាឡប់សតិអ៊ីចឹងឬ?
ប្រពន្ធអើយ បងនិយាយពាក្យពិតណា៎!
«ធម្មតាគ្រប់យ៉ាង! តែថាត្រង់នេះ លែងធម្មតាហើយបណ្ដូលចិត្ត!» មិនត្រឹមនិយាយតែមាត់ គេក្រសោបម្រាមទាំងប្រាំរបស់នាងមកឱបផ្ទប់នឹងបេះដូងខ្លួនឯងថ្នមៗ។
«នែ! បើលោកមិនឈប់និយាយយ៉ាប់ៗស្ដាប់មិនយល់ ខុសប្រក្រតីអ៊ីចឹងទៀត តិចថាខ្ញុំ…»
«ត្រង់នេះរបស់បងចេះមានអារម្មណ៍ខ្វល់ខ្វាយហើយ ច្បាស់ខ្លាំងតាំងពីប៉ុន្មានម៉ោងមុន ក្រោយពេលដែលបងប្រឹងបញ្ចប់ការងារនៅខេត្តនិងប្រញាប់ឡើងមកភ្នំពេញវិញម៉្លេះ! បងគិតច្រើនណាស់ បងព្យាយាមនឹករលឹករឿងទាំងអស់ឡើងវិញ បងមើលសារចាស់ៗដែលអូនផ្ញើរមក បងគិតពីសម្ដីអូនដែលធ្លាប់ដាស់តឿន គិតពីពាក្យថ្ងៃនេះដែលអូនប្រាប់ បងគិតពីកូនវីន ហើយក៏គិតឡើងវិញពីទង្វើគ្រប់យ៉ាងរបស់ខ្លួនឯង! បងជាប៉ាអត់បានការខ្លាំងណាស់ តាំងពីកូននៅតូចរហូតដល់ធំប៉ុណ្ណេះបងមិនដែលបំពេញតួនាទីខ្លួនឯងឱ្យបានល្អម្ដងណាឡើយ មិនបានគិតដល់ទេថាកូនបាត់បង់ម៉ាក់របស់គេទៅហើយ នៅឡើយតែខ្លួនឯងជាទីពឹងតែម្នាក់របស់កូនក៏បងភ្លេច បងនេះខុសខ្លាំងណាស់!» សំឡេងគ្រលរធ្ងន់សារភាពពីលើកេសាតូចនារី ម្រាមដៃរបស់នាងក៏លើកមកគោះស្មាគេថ្នមៗវិញបែបលើកទឹកចិត្ត៖
«មនុស្សណាក៏អាចធ្វើខុស គ្មានអ្នកណាឥតខ្ចោះទេ!»
«អ៊ីចឹងទើបបងចង់សុំទោស និងចង់សុំឱកាស! សាណា អូននឹងជួយលោកប៉ាប្រឡងធ្លាក់ម្នាក់នេះកែប្រែជាថ្មីបានទេ? បងសន្យាថានឹងព្យាយាមប៉ះប៉ូវឱ្យកូននឹងអូនវិញ!!»
អ្នកទាំងពីរសម្លឹងភ្នែកគ្នាកាត់តាមពន្លឺតូចស្រទន់របស់អំពូលរាត្រី។
«មិនបាច់សន្យាទេ! ជាជំនួសលោកគួរតែព្យាយាមចាប់ផ្ដើមយល់ពីចិត្តកូន ចាប់ពីពេលនេះទៅប៉ះប៉ូវឱ្យតែវីនឌីវិញក៏ប្រសើរហើយ! ក្មេងម្នាក់នេះមិនរឿងច្រើន សុំត្រឹមតែលោកយកចិត្តទុកដាក់លើគេ និងស្រលាញ់គេឱ្យច្រើនៗទៅបានហើយ! ពេលខ្លះសម្រាប់ក្ដីស្រលាញ់ចេញពីចិត្ត វាក៏ល្មមគ្រប់គ្រាន់ហើយធ្វើឱ្យមនុស្សយើងសើចញញឹមមានក្ដីសុខបាន! ស្រីតូចនោះមិនត្រូវការអ្វីច្រើនទេ មានដឹងថាខ្លួនលោកសំណាងល្អដែរទេហ្នឹង ព្រោះកូនស្រីលោកស្រលាញ់លោកខ្លាំងណាស់!»
«ជាកូនស្រីរបស់ពួកយើង!» គេនិយាយខ្សឹបៗប្រាប់នាងភ្លាមៗ ទឹកមុខក៏ហាក់ក្ដុកក្ដួលរំភើបចិត្តបង្ហាញឱ្យឃើញច្បាស់។
«ចាស៎?»
«កូនវីន! បន្ថែមពីម៉ាក់បង្កើតរបស់គេ មានតែម៉ាក់ម្នាក់នេះប៉ុណ្ណោះដែលនៅសល់ពេលនេះ! អូនជួយមើលថែកូនបានយ៉ាងល្អរយៈពេលកន្លងមកបងអរគុណអូនខ្លាំងណាស់! បងសូមឱ្យអូនបន្តធ្វើម៉ាក់របស់កូន ធ្វើជាភរិយារបស់បងបែបនេះរហូតទៅតើបានទេ កាន់ដៃគ្នាបែបនេះ នៅក្បែរៗបងបែបនេះរហូតដល់ចាស់ៗរាងខ្លួន? បានទេ?»
មានន័យថាយ៉ាងម៉េចនេះ?
ពាក្យស្នើសុំបែបនេះរបស់គេ ត្រូវបានអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ដណាម្នាក់ចាត់ចូលទៅក្នុងប្រភេទពាក្យសារភាពស្នេហ៍រួចរាល់ហើយឬនៅហ្នឹង បើអត់ គេអាចចាត់វាទៅក្នុងថ្នាក់ ឬប្រភេទមួយណាវិញ? អាចជាពាក្យសន្យាចំពោះស្នេហាដែលអាចកើតឡើងនៅថ្ងៃអនាគតរវាងពួកគេទាំងពីរឬអត់ណ៎ ព្រោះទាំងពីរនាក់នៅមិនទាន់ណាស្រលាញ់គ្នាខ្លាំងៗដូចគូស្នេហ៍ដទៃទៀតនៅឡើយទេ? ចុះបើទាំងនេះវាសុទ្ធតែមិនអាចពិត សេចក្ដីស្នេហារវាងពួកគេមិនអាចកើតឡើងជារាងរហូត រវាងពួកគេទាំងពីរស្រាប់តែអាចកាត់ផ្ដាច់ចំណង ស្រាប់តែ…
«លោកម៉េចនឹងអាចនិយាយបែបនេះបាន? រវាងពួកយើងអាចនិយាយពាក្យបែបនេះបានហ្អ៎ ថាមិនត្រូវយើងអាចនឹងលែងលះស្អែកនេះ…»
«បណ្ដូលចិត្ត! អូនសុំលែងប៉ុន្មានដងហើយហ្អាស? បងក៏ប្រាប់អូនជាលើកទីប៉ុន្មានហើយដែរថាមិនព្រមលែង? យើងកុំលែងដៃពីគ្នាអីណា៎ នៅបែបនេះហើយ! ចំណែករឿងរវាងពួកយើងឬ? ហាសហា បងថាវាជារឿងប្រវត្តិសាស្រ្តដែលត្រូវចារទុកសម្រាប់និទានប្រាប់កូនៗបន្តទៀត ថាប៉ាគេបានដឹងខ្លួនថាចាប់ផ្ដើមស្រលាញ់ម៉ាក់គេគឺនៅពេលជួយសង្រ្គោះម៉ាក់ក្នុងហេតុការណ៍របូតកន្សែង អូ៎យ…»
«នេះនែ!! មនុស្សមាត់រលៀម! លោកស្លាប់មិនខាន!!»
«ហាសហា កំពុងខ្មាស់មែនទេ? មើលមុខអូនចុះឡើងក្រហមអស់ហើយ នៅមានត្រចៀកដែរ ហុហុ អ៊ុយៗ ឈប់វាយបងទៅ បើបងស្លាប់បាត់ បានអ្នកណានៅជួយអូនចិញ្ចឹមកូនៗ?! បងនៅចង់បានប្អូនឱ្យកូនវីនទៀតណា៎! ចាប់ពីពេលនេះពួកយើងស៊ូៗជាមួយគ្នាណា៎!!» គេមិនត្រឹមនិយាយតែមាត់ តែនៅមានអមកាយវិការគួរឱ្យចង់វាយមកបន្ថែមដែរ ទើបនាងមិនចាំយូរជួយបំពេញបំណងឱ្យសមចិត្តមនុស្សនិយាយចម្លែកៗគួរឱ្យរញ្ជួយបេះដូងម្នាក់នេះ។
ខណៈមនុស្សម្នាក់មុខក្រហមង៉ូវកំពុងយកខ្នើយមកវាយវាត់ឆ្វេងស្ដាំសកម្មភាពប្រដូចនឹងគេកំពុងវាយបាវសាក់មិនខុស ម្នាក់ទៀតក៏កំពុងហាត់ក្បាច់គុនគេចផ្លោះរងលិចកើតមិនចាញ់មិនឈ្នះគ្នាដែរ នៅមានធ្វើមុខស្ញូញៗតបទៅខាងអ្នកប្រយុទ្ធនារីដូចជាគេនេះកំពុងឈឺខ្លាំងណាស់អ៊ីចឹងនឹងកម្លាំងខ្នើយសម្លីទន់ល្មើយ ពួកគេទាំងពីរយូរៗទៅក៏អត់ទ្រាំទប់សើចមិនបាន ទើបសើចសប្បាយចេញមកដូចជាកូនក្មេងតូចៗកំពុងដេញវាយគ្នាប្រលែងគ្នាមិនខុស ខុសត្រង់ថាពួកគេមិនមែនក្មេងតូចទៀតទេ! គឺមនុស្សធំៗអស់ហើយ តែរំលឹកអតីតកាលពីក្មេងបង្កើតសំណើចតាមបែបកុមារប៉ុណ្ណឹងក៏គ្មានអីទាស់ខុសដែរ មែនទេ? ហេសហេ!
«ហ៊ឹស! បងឆាប់បិទមាត់!!»
«ហ៊ឹសៗ ទទួលបានហើយ! បងនឹងឆាប់បិទមាត់ខ្លួនឯង ហើយក៏ជួយបិទមាត់អូនដែរណា៎! ជុប៎!!»
ហ៊ឺ?? យ៉ាងម៉េចខ្លះទេពីរនាក់នេះ និយាយគ្នាពីរឿងអីខ្លះស្ដាប់មិនដឹងមិនយល់សោះ ក្រែងថាជួយបិទមាត់បញ្ឈប់សំឡេងមែនទេ ម៉េចក៏ឥឡូវបបូរមាត់ទាំងទ្វេទៅនៅទុំជាប់ពីលើគ្នាជំនួសទៅវិញ? ឬថានេះជាវិធីបិទមាត់បែបថ្មី? ហ្អេស?
ហ៊ើយ! បែបណាក៏បណ្ដោយឱ្យបែបនោះទៅចុះ! ផ្អាកតាមដានប៉ុណ្ណឹងសិនហើយ ព្រោះថាពេលនេះរាត្រីក៏ស្ងប់ស្ងាត់ សព្វសត្វទាំងឡាយនៅលើភពផែនដីក៏ដល់ពេលលង់លក់ទៅក្នុងពិភពនិទ្រាយ៉ាងស្កប់ស្កល់ហើយដែរ ចំណែករឿងរ៉ាវរវាងអ្នកទាំងពីរនាក់នេះឬ…រហូតមកដល់ពេលនេះក៏ប្រហែលជារកបានដំណោះស្រាយមួយដ៏សមគួរហើយសម្រាប់បញ្ហាដែលពួកគេចួបប្រឈម ក៏ដឹងបានច្បាស់ដែរថាដំណើរទៅមុខនឹងត្រូវធ្វើរឿងអ្វីខ្លះ កែប្រែប៉ះប៉ូវឱ្យគ្នាយ៉ាងម៉េចខ្លះនោះ។
ជំនោរដ៏ត្រជាក់របស់រាត្រី កំពុងផាយផាត់ត្រសៀកៗនាំយកចម្លើយសម្ងាត់ខ្សឹបៗមកប្រាប់ថា សារជាថ្មី ពួកគេនឹងអាចបង្កើតសំឡេងសើចចេញពីទ្រនំមួយនេះបានមកវិញបន្ទាប់ពីខកខានអស់ពេលជាយូរ ហើយស្នេហារវាងអ្នកទាំងពីរ ក៏ប្រាកដជាអាចកែប្រែផ្ទះមួយនេះឱ្យក្លាយមកជាផ្ទះកក់ក្ដៅ ផ្ដល់នូវសេចក្ដីសុខរវាងគ្នា ផ្ដល់នូវភាពកក់ក្ដៅសម្រាប់កូនៗ ឱ្យបានសុខសាន្តគ្រប់ៗប្រាណរហូតតទៅ៕

ខ្យល់ត្រជាក់ៗកំពុងបក់ផាត់កាត់តាមមាត់បង្អួច ផ្ដាំតិចៗមកប្រាប់មិត្តអ្នកអានទាំងអស់គ្នារមែងបានចួបប្រសព្វនឹងសេចក្ដីសុខសាន្តនៅក្នុងក្រុមគ្រួសារជានិច្ច៕