រឿង៖ អចេតនាស្នេហ៍ ភាគ១

កំណត់ហេតុឈឺចាប់…
«កន្លងទៅពីរឆ្នាំនឹកគេប៉ុន្មានដង? មានធ្លាប់លួចមើលប្រូហ្វាល់គេដូចកាលនៅទាក់ទងគ្នាទេ?»
«គេមកចួបម៉ែដើម្បីស្នើចិត្តកូន!»
ខ្ញុំមិនសូវចាប់អារម្មណ៍សម្តីម៉ែប្រាប់ត្រឹមអង្គុយហូបអីមិនខ្វល់។ វាមិនមែនជាលើកទីមួយទេដែលថាមានចាស់ទុំស្រលាញ់ចង់បានឱ្យកូនប្រុស ក្មួយប្រុស ប្អូនថ្លៃគេ តែខ្ញុំមិនទាន់សៅកែដល់ថ្នាក់ត្រូវរៀបការតាមចាស់ទុំផ្សំផ្គំ ព្រោះតែមិនធ្លាប់មានសង្សាររឯណា?
គេនោះខ្វះមនុស្សស្រលាញ់ណាស់? ឬក៏ជាប្រភេទដូចខ្ញុំដែរទេ?
អង្គុយលើសាឡុងមិនសុខចិត្តដៃចេះតែស្ទាបទ្រូងឆ្វេង។ គួរឱ្យចង់សើចណាស់ ម៉េចក៏បេះដូងវាចេះតែលោតញាប់ខុសធម្មតាអ៊ីចឹង? ឬក៏ថាខ្លួនឯងនេះយ៉ាងហោចណាស់នៅមានអ្នកចង់បាន?
«ហ៊ើយ…ធុញហា…!»
តែ…ក្រែងខ្ញុំលែងចាប់អារម្មណ៍លើរឿងនេះហើយចាប់ពីថ្ងៃដែលខ្ញុំនិងគេបែកគ្នាមក។
«គេ» មិនមែនអ្នកដែលចង់ឱ្យឪពុកម្តាយចូលស្តីខ្ញុំទេ តែ«គេ» នេះ ខ្ញុំមហាសែននឹក មហាសែនលួចស្រលាញ់ តែគ្មានបន្តិចសោះក្នុងចិត្តគេ ហើយពួកយើង នៅឆ្ងាយគ្នារាប់គីឡូដី។
គេនេះ ធ្វើឱ្យខ្ញុំចេះសើច ធ្វើឱ្យខ្ញុំចេះមានសង្ឃឹមក្នុងរឿងស្នេហា ធ្វើឱ្យខ្ញុំសឹងគ្មានកម្លាំងសោះក្នុងការចាប់កាន់ការងារ បើរវល់តែនឹក រវល់តែអាល័យ ហើយរង់ចាំឈែតរបស់គេ តែគេបែរជាព្រងើយ ហើយធ្វើឱ្យខ្ញុំឈឺចាប់ ស្ទើរតែស្ទះទ្រូងយំមិនចេញ។
ស្នេហាខ្ញុំនិងគេ វាស្រួលកើតណាស់ ហើយវាក៏ស្រួលបែក ខុសអីពីភ្លើងចំបើងដែលគេដុតដើម្បីបំពក់មុសគោទៅ តែប៉ុន្មាននាទីវាក៏រលត់ទៅឯងហើយ។
ស្តាប់សម្តីម៉ែនិយាយ រៀបរាប់ពីខាងប្រុសមិនទាន់អស់ផង ខ្ញុំស្រាប់តែឈ្លើយងើបដើរចេញពីគាត់ទាំងមួយម៉ាត់ក៏មិនតប ម៉ែតាមមើលខ្ញុំទាំងហួសចិត្ត គាត់មិននិយាយតែខ្ញុំដឹងថា គាត់យល់ពីខ្ញុំជាងគេ មនុស្សខ្ញុំអត់ពិបាកយល់ទេ រាល់ដងដែលគាត់មកប្រាប់ថាមានគេចង់ចូលសួរ ឬចូលស្តីតែខ្ញុំមិនដែលស្គាល់ខាងប្រុសសោះ គឺខ្ញុំមិនចាប់អារម្មណ៍។
ខ្ញុំមិនធ្លាប់និយាយរឿងស្នេហា និយាយរឿងរៀបការជាមួយគាត់ទេ ចរិតឈ្មោលៗរបស់ខ្ញុំប្រហែលអាចឱ្យគាត់ដឹងថា ខ្ញុំប្រហែលគ្មានចង់គិតគូររឿងស្នេហា គ្រួសារអីទៅអនាគតឡើយ។
ដ្បិតតែខាងក្រៅខ្ញុំបង្ហាញយ៉ាងនេះច្បាស់ តែបេះដូងខ្ញុំជាស្រីដែរតើ។
ខ្ញុំក៏ចង់មានស្នេហា មានគ្រួសារ ខ្ញុំក៏ជាមនុស្សស្រីទន់ភ្លន់ម្នាក់ ដែលចង់ស្លៀកសំលៀកបំពាក់មង្គលការតាមបែបប្រពៃណី ទោះមិនស្អាតអីណាស់ណា រាងមិនស្លីម ធាត់បន្តិច សក់រួចបន្តិច មុនខ្នងបន្តិច ហើយរោមជើងវែងបន្តិចក៏ដោយ។
ខ្ញុំមិនមែនស្រីស្អាតទេខ្ញុំប្រាប់ត្រង់ អ៊ីចឹងហើយទើបមនុស្សប្រុសដែលខ្ញុំលួចស្រលាញ់ គេមិនដែលចាប់អារម្មណ៍ខ្ញុំ ហើយមនុស្សប្រុសដែលធ្លាប់លួចស្រលាញ់ខ្ញុំកន្លងមក ប្រហែលមកពីមិនដឹងរឿងអស់នឹងរបស់ខ្ញុំហើយ ឬក៏អាចថាភ្នែកពួកគេអៀស៊ីក៏ថាបាន។
…………………………
ម៉ោងប្រាំមួយល្ងាចទៀតហើយ។ ជាម៉ោងសម្រាក តែចិត្តខ្ញុំអត់ធូរស្បើយសោះ ព្រោះបន្ទាប់ពីចេញពីធ្វើការ ខ្ញុំត្រូវអង្គុយស្រងេះស្រងោច ឯការកណ្តោចកណ្តែង នឹកគេអើយនឹក តែគ្មានលាន់សំឡេងឈែតមួយទូតណាសោះ ព្រោះម្តងនេះ អត់ដូចមុនទេ ម្តងនេះ បែកគឺបែកហើយ។
គេនោះអស្ចារ្យម្លឹង? ដែលធ្វើឱ្យខ្ញុំចេះលួចយំម្នាក់ឯងស្ងាត់ៗនៅក្នុងបន្ទប់?
គេនោះអាក្រក់ណាស់ ចិត្តដាច់ ហើយ បំភ្លេចខ្ញុំបានយ៉ាងផុយ។
តែខ្ញុំអត់អ៊ីចឹងសោះ។ និយាយឱ្យការពិតចេញពីបេះដូងទៅថា គេជាមនុស្សប្រុសដំបូងហើយ ដែលធ្វើឱ្យបេះដូងខ្ញុំចេះទួញសោក ទោះជារាប់ដងខ្ញុំធ្លាប់លង់ស្រលាញ់មនុស្សប្រុសរាប់មិនអស់ក៏ដោយ តែសម្រាប់គេមួយគឺពិសេសណាស់ ខ្ញុំមិនមែនគិតចង់ស្រលាញ់លេងៗ គឺស្រលាញ់មែនទែន តែគេនៅតែស្រលាញ់ខ្ញុំលេងៗ ទេ…ប្រហែលអត់បានស្រលាញ់ខ្ញុំបន្តិចទេ គឺគិតយកខ្ញុំជាមនុស្សកំដរ ពេលគេអផ្សុកតែម្តង។
វាឈឺមែនណា រៀបរាប់ពីអារម្មណ៍អត់ត្រូវទេ គ្រាន់តែថាចរិតខ្ញុំរឹងមាំបន្តិច អត់ចេះផ្តេកផ្តួលរមួលសង់គ្រេច ដូចអ្នកលេងបាត់ទាត់ធ្វើពុតមុខគ្រូបង្វឹកទេ ហើយក៏មិនចេះគិតខ្លី ឈឺចាប់ អាជើងអាដៃរឿងស្នេហាអីដែរ ខ្ញុំនៅតែអាចញញឹមបាន ខ្ញុំនៅតែអាចលេងសើចបាន គ្រាន់តែថាពេលនឹកគេ ស្តាប់បទកម្សត់ខ្ញុំលួចយំប៉ុណ្ណឹងឯង។
តែមិនមែនមួយជីវិតទេណាកុំច្រឡំ…យ៉ាងវែង មួយសប្តាហ៍ខ្ញុំធ្វើចិត្តបានហើយ គ្រាន់តែពិបាកបន្តិចថា ពេលអារម្មណ៍ស្រលាញ់មួយនេះបញ្ចប់ទៅ ខ្ញុំហាក់គ្មានសល់មនោសញ្ចេតនារឿងសេ្នហាអីបន្តសោះ ហើយគ្រាន់តែម៉ែនិយាយរឿងមានគេចង់ចូលសួរ ចែចូវអីភ្លាម ខ្ញុំហាក់អស់កម្លាំងល្វើយ ដូចទើបមកពីធ្វើការសំណង់។
ខ្ញុំយល់ចិត្តម៉ែដែលបារម្ភ។ កូនស្រីតែម្នាក់របស់គាត់ អាយុម្ភៃប្រាំបីឆ្នាំទៅហើយ នៅមិនទាន់រៀបការ មិនតិចដងទេ ដែលគេសួរគាត់ មិនតិចដងទេ ដែលត្រូវអ្នកស្រុកផ្លែផ្កា ធៀបនិងកូនក្រមុំគេក្នុងភូមិដែលមិនទាន់ចូលម្ភៃស្រួលបួលផង ក៏មានប្តី ហើយមានឡានជិះឡូយហ៊ឺហារនោះ។
មិនមែនក្តីសុខរំពឹងតែលើរឿងអស់នឹងឯណាមែនអត់?
តែឱ្យម៉ែធ្វើម៉េច? បើគាត់មិនមករអ៊ូដាក់ខ្ញុំ ធ្វើម៉េចអាចបញ្ចេញអារម្មណ៍មួម៉ៅទាំងនោះចេញមកបាន? ខ្ញុំស្តាប់គាត់ តែបើសុខៗឱ្យទៅរៀបការនិងមនុស្សប្រុសមកពីណាមិនដឹង មិនធ្លាប់សូម្បីតែចួបមុខគ្នាម្តង ខ្ញុំប្រហែលទៅមិនរួចទេ ទោះបន្តនៅលីវដល់ដប់ម្ភៃឆ្នាំទៀត ក៏មានតែសុំទោសម៉ែសិនហើយ។
ខ្ញុំស្អប់កែវភ្នែកគេដែលសម្លឹងខ្ញុំ…
ខ្ញុំឆាប់រាងចាលណាស់ អ្នកណាដែលធ្វើឱ្យខ្ញុំឈឺចាប់ ខ្ញុំចំណាំមុខមិនភ្លេច ហើយក៏មិនធ្លាប់គិតថានិងទៅនិយាយរកគេជាថ្មីដែរ មិនមែនខ្ញុំស្អប់គេដែលអត់បានស្រលាញ់ខ្ញុំវិញ តែខ្ញុំមិនចង់អាណិតបេះដូងស្មោះត្រង់ខ្លួនឯង ដែលគង់នឹងត្រូវគេជាន់ឈ្លីសារជាថ្មី។
ខ្ញុំសម្រេចថាដើរចេញពីគេ ទោះបេះដូងមួយនេះវាកំពុងលោតញាប់ ហាមឃាត់ដំណើរខ្ញុំយ៉ាងណា តែខួរក្បាលប្រាប់ថា ពីរឆ្នាំមុន ខ្ញុំឈឺឆ្អែតឆ្អន់ហើយ។
«និយាយគ្នាសិន!»
គេស្ទុះមកចាប់ដៃខ្ញុំ។ គិតអ្ហែស? ថាខ្លួនឯងនៅសំខាន់ក្នុងបេះដូងមនុស្សស្រីថ្នល់ជាតិម្នាក់នេះ? បើមិនរលាស់ដៃគេចេញ ហើយសម្លក់ខឹងដោយគ្មានមនោសញ្ចេតនា ប្រហែលខ្ញុំមិនបានធូរស្បើយនឹងការឈឺចប់គ្រាំគ្រាជាងពីរឆ្នាំមកនេះទេ។
«លោកមានការអី?»
គេល្មមអាចដឹងហើយថា ខ្ញុំប្រែប្រួលប៉ុនណា? ពាក្យ«លោក» ខ្ញុំមិនធ្លាប់និយាយជាមួយគេទេ រាល់ដងដែលឈែតរកគ្នា ខ្ញុំចូលចិត្តហៅគេថា «យូឯង» ព្រោះបានតែមនុស្សដែលខ្ញុំទុកថាពិសេស ហើយគេលើសពីពិសេសទៅទៀត តែគេខ្លួនឯងតើ ដែលមិនខ្វាយខ្វល់។
ខ្ញុំក៏មិនដឹងថាមូលហេតុដែលគេនិងខ្ញុំមកចួបគ្នានៅកន្លែងកំសាន្តនេះ ហើយគេព្យាយាមដើរតាមខ្ញុំដែលរត់គេចមិនចង់ចួបមុខគេមានមូលហេតុអ្វីដែរ តែខណៈនេះ បេះដូងខ្ញុំល្ហល្ហេវណាស់ ពេលបានឮសម្តីគេ៖
«យើងមិនទាន់និយាយគ្នាដឹងរឿងទេ»
«លោកមានរឿងច្រើន? តែខ្ញុំគ្មានទេ!»
ខ្ញុំអាចកាត់ចិត្តឈប់ស្រលាញ់គេបានត្រឹមមួយអាទិត្យ ត្រឹមតែដើរចេញពីគេដែលបោះបង់ខ្ញុំដល់ទៅពីរឆ្នាំរឿងអីដែល ស្រីមិនស្អាត ក្នុងកែវភ្នែកគេដូចខ្ញុំនេះធ្វើមិនបាន?
គេក្លាហានហួសពេលហើយដែលហ៊ានស្រវាឱបខ្ញុំពីក្រោយខ្នង។ មនុស្សខ្ញុំមិនងាយទទួលយកការលួងលោមរបស់មនុស្សប្រុសងាយទេ ក៏រហ័សចេញពីរង្វង់ដៃគេដែលធ្លាប់នឹកស្រមៃព្រឹកល្ងាច ហើយសងទៅវិញមួយកំផ្លៀង ដែលកណ្តាលចំណោមមនុស្ស គេមិនទុកមុខខ្ញុំជាមនុស្សស្រី៖
«ថោកទាបណាស់សត្យា! រឿងបែបនេះក៏លោកហ៊ានធ្វើដែរ?»
ខ្ញុំមិនយល់ពីគែដែលក្រៀមក្រំ។ គេសម្តែង? តែម៉េចបេះដូងចេះតែប្រាប់ខ្ញុំថា គេកំពុងឈឺចាប់? គេខឹងដែលខ្ញុំជាមនុស្សស្រីហ៊ានទះកំផ្លៀង បំបាក់ភាពសង្ហារជាប្រុសស្អាតរបស់គេនៅមុខមនុស្សគ្រប់គ្នា? ឬក៏គេ…ខ្ញុំស្អប់ឯងណាស់ ជីន ដែលលួចគិតថា បេះដូងគេទួញសោកព្រោះខ្ញុំមិនយល់ពីគេ។
«ចុះអ្នកណាដែលញញឹម ពេលខ្ញុំនិយាយថាចង់គេងឱប? ចុះអ្នកណាដែលញញឹម ពេលខ្ញុំសុំថើប?»
គេឈានចូលកាន់តែកៀក ហើយសួរសំណួរឆ្កួតឡប់បែបនេះមក វាធ្វើឱ្យបេះដូងខ្ញុំកាន់តែជ្រួលច្របល់។ នៅសុខៗលើករឿងនេះមកនិយាយមានន័យអី? គ្រាន់តែឈែតឆ្លើយឆ្លងគ្នា និយាយលេងតាមចរិតគេជាមនុស្សប្រុសដែលមាត់រអិល ម៉េចក៏ដឹងច្បាស់ថាខ្ញុំលួចញញឹម? បើមិនបានឃើញខ្ញុំពេលនោះផង?
«លោកបន្តស្រមៃម្នាក់ឯងទៅ!»
ខ្ញុំបង្ខំខ្លួនឯងនិយាយទាំងបបូរមាត់កំពុងញីញ័រព្រោះរំជួលចិត្ត។ ខ្ញុំមិនចង់ឱ្យគេឃើញកែវភ្នែកទន់ខ្សោយខ្លួនឯងក្នុងពេលនោះទេ ទើបខំដើរយ៉ាងលឿន ហើយក៏លែងខ្វល់ថា គេជាអ្នកណា មានទំនាក់ទំនងអ្វីនឹងខ្ញុំ ទើបមកដឹងចិត្ត ថាខ្ញុំមិនមែនខឹងស្អប់គេ ហើយលួចញញឹម ពេលគេនិយាយពាក្យទាំងអស់នោះ?
គេអត់តាមមកទេ…
ហើយគេក៏មិនបានដឹងថាខ្ញុំលួចយំពេលនោះដែរ។ ខ្ញុំក្លាហានណាស់នៅពេលឆ្ងាយពីគេ បាត់ដំណឹងគេសូន្យឈឹង ខ្ញុំកាន់តែរឹងមាំ មិនខ្វាយខ្វល់ មិនបាច់នឹកនា តែពេលចួបគេ…ខ្ញុំទើបដឹងថា បេះដូងមួយនេះ នៅទន់ជ្រាយចំពោះអារម្មណ៍ក្លែងក្លាយរបស់គេកម្រិតណា។
ក្រាស់មុនៗខ្ញុំអាចដកចិត្តបានលឿន ចុះម៉េចបំភ្លេចគេខ្ញុំពិបាកម៉េស?
ហេតុអីត្រូវមកឱ្យខ្ញុំចួបគេ? ហេតុអីគេមកនិយាយធ្វើមើលតែមានចិត្តលើខ្ញុំ?
យប់នោះ…ខ្ញុំសំងំគេងឈឺក្បាលក្នុងបន្ទប់ មិនបានចេញទៅពិធីជប់លៀងជាមួយក្រុមការងារទេ។
ខ្ញុំគ្មានសូម្បីអារម្មណ៍ងូតទឹក ព្រោះនៅវិលវល់នឹងសម្តីប្រហើរចោលរបស់គេ។ ខ្ញុំមើលឃើញគេពេលនោះ គឺគ្រាន់តែចង់សាកល្បងភាពអត់ធ្មត់របស់ខ្ញុំប៉ុណ្ណោះ។ តែ…ខ្ញុំមើលគេដោយវិធីណា? មើលដោយភ្នែក? បេះដូង? ឬខួរក្បាល?
ខ្ញុំវិលវល់គឺវិលវល់ហើយ ស្អប់ណាស់ ដែលមិនស្មោះត្រង់និងខ្លួនឯង។ ខ្ញុំអត់ចង់ចំណាយទឹកភ្នែកលើស្នេហាឯកាមួយនឹងទៀតទេ ខ្ញុំសុំចប់ ព្រោះគេមិនធ្លាប់ខ្វល់ផង បន្តចរិតមិនខ្វល់របស់លោកទៀតទៅសត្យា។ តែខ្ញុំទេដែលខ្វល់ ខ្ញុំទេដែលគិតច្រើន ខ្ញុំស្រលាញ់គេពេកបណ្តោយបេះដូង ឆ្លេឆ្លាលែងស្តាប់បង្គាប់ហើយ ថ្ងៃនោះខ្ញុំអង្គុយស្ងៀម តែក៏ហូរទឹកភ្នែកមានចាំអត់?
«ស្យា…ថ្ងៃហ្នឹងគេអត់សប្បាយចិត្តទេ!»
ខ្ញុំហៅគេដាច់សាច់ ខ្លីៗព្រោះណូតរួចហើយ ថាគេជាមនុស្សប្រុសដែលខ្ញុំចូលចិត្ត ហើយស្និទ្ធក្បែរខ្ញុំបំផុត។ កម្រមានអ្នកដែលខ្ញុំនិយាយពាក្យបែបនេះដាក់ណាស់ ក្រៅពីគេ៖
«យូឯងធ្វើអី? ហ្វ្រីអត់?»
ខ្ញុំសរសេរផ្ញើទៅគេ ហើយអង្គុយចាំគេតបឡើងដេកលក់។ គេអនឡាញ តែសំឡេងសារគេប្រហែល Mute ទើបមិនឮខ្ញុំឈែតសោះ។ គេដេកលក់? គេមិនធ្លាប់ចូលដេកម៉ោងប្រាំបីទេ យ៉ាងហោចម៉ោងដប់ពីរជាទម្លាប់។ គេទុកទូរសព្ទចោល? តែខ្ញុំមានអារម្មណ៍ថា គេកំពុងឆ្លើយឆ្លងនិងមនុស្សស្រីក្នុងបេះដូងគេច្រើនជាង ទើបសារខ្ញុំមិនសំខាន់ គ្មានអ្វីទាក់ចិត្តគេឱ្យចូលមើលបាន។
ខ្ញុំសម្រេចចិត្ត Remove សារពេលនោះ ពេលគេឈែតមកសួរវិញ ខ្ញុំគ្រាន់តែ Seen no reply ខ្ញុំអត់មានអីនិយាយទេព្រោះដឹងហើយថា សង្សារគេប្រហែលត្រូវគ្នាវិញហើយបន្ទាប់ពីឈ្លោះគ្នាហើយយកខ្ញុំជាទីប្រឹក្សា។
ប៉ុន្មានដងដែលខ្ញុំត្រូវការនិយាយលេងជាមួយគេ តែគេមិនទំនេរ? ប៉ុន្មានដងដែលខ្ញុំសុខចិត្តចោលការងារខ្លួនឯងដើម្បីឆ្លើយឆ្លងជាមួយគេ មិនខ្វល់ថាពេលវេលានោះមានតម្លៃសម្រាប់ខ្ញុំប៉ុនណា មិនខ្វល់ថា កិច្ចការនោះខ្ញុំត្រូវបន្ទាន់ធ្វើ ហើយគេខលមកទារច្រើនដងប៉ុនណា តែបើមិនបានតបឈែតគេ ពេលវេលានោះកន្លងទៅដោយគ្មាន័យទេ។
តែគេ…តែងតែធ្វើឱ្យខ្ញុំខកចិត្ត ម្តងណាក៏ទុកខ្ញុំចោល ម្តងណាក៏ខ្ញុំជាអ្នកបញ្ចប់សារដែលគេចូលគេងមុនបាត់ដោយមិនបានលាខ្ញុំសូម្បីមួយម៉ាត់។
ព្រឹកឡើងដែលភ្នែកហើមព្រោះដេកមិនឆ្អែត ខ្ញុំក្លាយជាមនុស្សខ្ជិលបំផុត ដែលមិនចង់ក្រោកពីគ្រែសោះ តែបែរជាទាញទូរសព្ទមកមើលថា តើគេមាននិយាយអ្វីមកទៀតដែរអត់?
ពេលវេលានោះកន្លងទៅដោយពិបាកណាស់ ព្រោះវាសុទ្ធតែជានាទីដែលចាក់ដោតបេះដូងខ្ញុំឱ្យចុកចាប់ ខ្ញុំមិនធ្លាប់បែបនេះទេពីមុនមក ព្រោះមិនធ្លាប់មានសង្សារ មិនធ្លាប់មានស្នេហា តែម៉េចក៏អារម្មណ៍មួយនេះវេទនាម៉េស? ស្រលាញ់គេម្នាក់ឯង ឈឺចាប់ម្នាក់ឯង វាជាស្នេហាដែរមែនអ្ហែស?
មួយថ្ងៃៗក៏កន្លងទៅដោយខ្ញុំត្រូវយកការងារ និងរឿងខ្ជិលមកជំនួសឱ្យពេលវេលានឹកដល់គេ។ ខ្ញុំមិនឈែតទៅគេ ព្រោះជាទម្លាប់ធម្មជាតិ ដែលខ្ញុំប្រកាន់ខ្ជាប់សឹងតែមួយជីវិតហើយថា សម្រាប់មនុស្សប្រុសជាមួយខ្ញុំបើទោះជាខ្ញុំនឹកគេដល់ស្លាប់ប៉ុនណា ក៏មិនងាយនឹងឈែតទៅរកគេមុនផ្តាសដែរ ហើយគេក៏មិនឃើញឈែតមក។
ខ្ញុំអត់មានអារម្មណ៍ធ្វើការងារអ្វីទាំងអស់នៅពេលនោះ តែខ្ញុំបែរជាមានអារម្មណ៍មើលរឿងភាគ អានសៀវភៅ ហើយស្តាប់ចម្រៀងឈឺចាប់យំកំដរភ្នែកលេងទៅវិញ ដែលអ្នកខ្លះប្រហែលគិតថាវាជារឿងគ្មានប្រយោជន៍សោះសម្រាប់ជីវិត។
តែអត់ទេ ខ្ញុំបែរជាធូរស្បើយ ខ្ញុំបែរជាសប្បាយចិត្តនិងយកសៀវភៅជាមិត្ត ក្នុងដំណាក់កាលព្រាត់ប្រាសស្នេហាជាទម្ងន់ ខ្ញុំបែរជារឹងមាំ ហើយអាចគិតបានថា វិនាទីឈឺចាប់នៃជីវិត វាគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយដែលអាចនាំយើងឱ្យស្គាល់ខ្លួនឯង ហើយដាស់តឿនខ្លួនឯង និងស្គាល់ពាក្យមួយឃ្លាថា «ខ្ញុំរឹងមាំ»។
មិនមែនតែភ្លេងនិងសៀវភៅទេ ដែលទាញខ្ញុំឱ្យចាកពីអន្លង់នៃភាពឈឺចាប់ តែពេលក្រឡេកឃើញម៉ែដែលមួយថ្ងៃៗរវល់នឹងរកស៊ីគ្មានពេលសម្រាក មើលឃើញពុកដែលមិនហ៊ានបណ្តោយឱ្យខ្លួនអង្គុយដកដង្ហើមស្រួល ខ្ញុំក៏បានសួរខ្លួនឯងថា បើផុងខ្លួនផ្តេកផ្តួលនឹងរឿងឈឺចាប់បែបនឹង សមជាកូនស្រីគាត់ទេ?
ខ្ញុំក៏បានចាប់កាន់ការងារពេញដៃវិញ ព្រោះរូបភាពអ្នកទាំងពីរតែងតែដក់ជាប់ក្នុងកែវភ្នែកខ្ញុំ ហើយវាក៏បានកន្លងទៅជាងពីរឆ្នាំ បន្ទាប់ពីខ្ញុំសម្រេចចិត្តផ្តាច់ខ្លួនពីបណ្តាញសង្គម ប្លុកគេ នៅឆ្ងាយពីគេ លែងចង់ដឹង លែងនឹកនា ទោះគេក្លាយជាអ្វីក៏ខ្ញុំមិនខ្វល់ដែរ។
ចុះម៉េចក៏…អារម្មណ៍ដែលពិបាករៀបរាប់នេះ វាមកលេងខ្ញុំទៀតហើយ?
ក្រោយពីឈឺក្បាលមិនស្រាក ខ្ញុំក៏ចេញពីបន្ទប់មកដើរលេងម្នាក់ឯងតាមបណ្តោយឆ្នេរសមុទ្រ។ ជំងឺខ្ញុំរហ័សស្បើយព្រោះបានខ្យល់អាកាសបរិសុទ្ធមកបបោសអង្អែលបេះដូងខ្ទេចខ្ទាំ ដែលមិនស្មានថា វានៅមានដុំដំបៅមហារីកព្យាបាលមិនទាន់សះនៅឡើយ។
អត់ចង់និយាយសោះថាខ្លួនឯងកំពុងវិលវល់។ កាន់តែពិបាកទទួលសំឡេងគេដែលបង្ហើរមកក្បែរត្រចៀកខ្ញុំ ធ្វើឱ្យខ្ញុំភ្ញាក់ទាំងមិនគួរឱ្យជឿ៖
«មនុស្សចិត្តដាច់!»
គេនិយាយពាក្យនេះព្រោះខ្ញុំបានប្លុកគេចោលនឹងមែន? គេខឹងព្រោះរកអ្នកកំដរអត់បានមែន? ក្រែងគេធ្លាប់និយាយថា ទោះអត់ខ្ញុំឈែតលេងជាមួយគេ ក៏នៅមានមិត្តភក្តិរបស់គេជាច្រើន និយាយលេងមិនចេះចប់ ខុសពីខ្ញុំដែលក្រៅពីគេ ឈែតខ្ញុំស្ងាត់ដូចចោរលួចសេះ។
រាងគេនៅតែខ្ពស់សង្ហារ អាវសខោគគីជើងខ្លីដែលគេកំពុងស្លៀកក៏ធ្លាប់ជាក្តីស្រមៃរបស់ខ្ញុំ ដែលរាល់ដងឱ្យតែឃើញគេផុសលក់នៅលើបណ្តាញសង្គម ខ្ញុំក៏នឹកឃើញដល់គេ ក៏ធ្លាប់គិតថា បើពួកយើងជាអ្វីនិងគ្នា ខ្ញុំក៏ពេញចិត្តទិញសម្លៀកបំពាក់មួយឈុតនេះឱ្យគេពាក់ ហើយយើងនិងបានដើរលេងនៅមាត់សមុទ្រតែពីរនាក់យ៉ាងរ៉ូមែនទិច។
តែមិនមែនក្នុងស្ថានភាពបែបនេះទេ ពេលដែលអារម្មណ៍កំពុងតានតឹង ខ្ញុំបែរយកចិត្តទុកដាក់និងគេកាន់តែខ្លាំង រហូតធ្វើឱ្យខ្ញុំនិយាយអ្វីមិនចេញក្រៅតែពីសម្លឹងកែវភ្នែកស្ងួតស្ងប់របស់គេ។ ខ្ញុំនៅស្រលាញ់គេ?
បើខ្ញុំដើរចេញជាលើកទីពីរមិននិយាយរកគេ អាចបញ្ជាក់ពីអារម្មណ៍គ្មានស្តាយស្រណោះរបស់ខ្ញុំទេ? តែពាក្យបន្ទាប់របស់គេក៏នៅតែអាចឱ្យខ្ញុំឈស្តាប់៖
«អ្នកណាបង្រៀនឱ្យធ្វើចរិតសោះអង្គើយអ៊ីចឹង?»
ខ្ញុំចង់ឆ្លើយភ្លាមថាគេ តែនឹកគិតទៅខ្ញុំសោះកក្រោះតាំងពីដើមមកម្ល៉េះខ្ញុំទទួលស្គាល់។ មនុស្សនៅក្បែរខ្ញុំភាគច្រើនកើតជំងឺអន់ចិត្ត អស់ចិត្ត ឯកោ ព្រោះចរិតគ្មានភាពផ្អែមល្ហែមរបស់ខ្ញុំនេះហើយ ទើបមិនសូវមានអ្នកចង់រាប់រក តែពួកគេអត់បានដឹងថា ខាងក្នុងនៃខ្ញុំ កក់ក្តៅ ផ្អែមល្ហែមប៉ុនណា គ្រាន់តែមិនដឹងបញ្ចេញមកយ៉ាងម៉េច វារឹងអណ្តាត។
«លោកមានការអីក៏ឆាប់និយាយមក!»
ឆ្លើយតបទៅអ្វីដែលគេចង់បាន ខ្ញុំមិនចង់នៅស្រពេចស្រពិល គិតច្រើនម្នាក់ឯង ហើយអ្វីដែលសំខាន់ គឺមិនចង់ឱ្យគេមកលងបន្លាចខ្ញុំតទៅទៀត។ ខ្ញុំហ៊ានប្រឈមមុខ កុំស្មានថាអៀនច្រើនដូចកាលពីមុន។ ខ្ញុំចង់ឱ្យវាឆាប់ចប់ទើបដាច់ចិត្តនិយាយរកគេ។
គេញញឹមចុងមាត់ហាក់ឌឺ ហើយក៏ជ្រែងហោប៉ៅឈរសម្លឹងទៅសមុទ្រ។ គេគិតអី? ខ្ញុំរៀនពីគេមិនចេះសោះ គេស្ងប់ស្ងាត់ កាន់តែធ្វើឱ្យខ្ញុំចង់យល់ពីគេថែម៖
«មានស្នេហាក៏ចោលមិត្តភក្តិ?»
គេនិយាយស្ងាត់ៗតែត្រចៀកខ្ញុំមិនមែនមានបញ្ហាស្តាប់មិនឮថាគេកំពុងដៀល។ គេចង់ថាឱ្យអ្នកណា? ថាឱ្យខ្ញុំ ឬក៏ខ្លួនឯង? គេទុកខ្ញុំជាមិត្ត ហើយឈប់ឈែតជាមួយគេ ប្លុកគេក៏ថាខ្ញុំកំពុងមានទំនាក់ទំនងនិងអ្នកផ្សេង? គេយកអីមកគិត? ខ្ញុំមួម៉ៅភ្លាម ព្រោះស្អប់បំផុតអ្នកណាមកចោទទាំងទទឹងទិសអ៊ីចឹង៖
«ថាឱ្យអ្នកណា?»
មនុស្សប្រុសគួរឱ្យស្អប់ម្នាក់នោះងាកមកញញឹមដាក់ខ្ញុំយ៉ាងសោះកក្រោះ។ ពន្លឺភ្នែកគេចេះតែធ្វើឱ្យខ្ញុំយល់ថា គេកំពុងចង់ទាមទារការខូចខាត ដែលគ្រាន់តែស្តាយបណ្តាញសង្គមដែលទាក់ទងមិនបានដោយសារខ្ញុំ? ហើយខឹងខ្ញុំដែលអត់បានបាននៅធ្វើជាកង់សាគួរពេលគេអផ្សុកទៀត?
«គឺយើងនឹងហើយ ថ្នល់ជាតិ! សាហាវណាស់ ដែលទុកគេជាមនុស្សលេងសើច សប្បាយណាស់អ្ហែស? ដែលធ្វើឱ្យគេទន្ទឹងចាំ ហើយខំរកខ្លួនឯងដល់ទៅពីរឆ្នាំ»
ខ្ញុំជ្រួញចិញ្ចើមព្រោះកំពុងតែវង្វេង។ ទន្ទឹងចាំ? ខំរក? បន្ទាប់ពីថ្ងៃគេធ្វើឱ្យខ្ញុំយំខ្លាំង យំដល់អស់ចិត្ត តើគេដែលជាអ្នកស្រណោះស្តាយ? គេដែលជាអ្នកឈឺចាប់? ហេតុអី? គេមានអារម្មណ៍បែបនេះបានដោយរបៀបណា?
«លោកគ្មានសិទ្ធិនិយាយពាក្យទាំងនេះទេ!»
«ហេតុអី?»
«ព្រោះលោក គឺជាអ្នកទុកខ្ញុំជាកង់សាគួរ គឺលោក ដែលចូលចិត្តលេងសើចនឹងអារម្មណ៍របស់ខ្ញុំ លោកអាចធ្វើវាបាន លោកមិនដែលខ្វល់ថា ខ្ញុំមានអារម្មណ៍បែបណានិងចរិតអាត្មានិយមរបស់លោកទេ។»
ខ្ញុំស្តីឱ្យគេចច្រែតដែលវាលាក់ទុកក្នុងប្រអប់ទ្រូងដ៏តឹងចង្អៀតមួយនេះយូរណាស់មកហើយ ខ្ញុំអឱ្យតែបានឱកាស និយាយឱ្យគេក្អួតឈាម ដែលបោកប្រាស់លើបេះដូងបរិសុទ្ធរបស់ខ្ញុំ។ តែអ្វីដែលខ្ញុំគិតខុសថាគេនិងស្ងាត់មាត់ ព្រោះត្រូវចំណុច គេបែរជាញាក់ចិញ្ចើមសួរខ្ញុំវិញហាក់មិនសុខចិត្ត៖
«អ្នកណាប្រាប់? អ្នកណាដែលអាត្មានិយម? គិតថាចរិតខ្លួនឯងដែលធ្វើនេះត្រឹមត្រូវហើយ?»
ខ្ញុំកាន់តែខឹងនឹងពាក្យគេថា«ចរិត»។ ចរិតខ្ញុំម៉េច? គេជាអ្នកធ្វើឱ្យខ្ញុំឈឺចាប់ គេជាអ្នកបោះបង់ខ្ញុំ ម៉េចក៏ជាគេដែលនិយាយពាក្យប្រមាថនេះមកខ្ញុំ? ចុះគេ? ល្អត្រង់ណាទៅ ដែលចូលចិត្តលេងសើចនិងមនុស្សស្រី ធ្វើឱ្យគេលង់ហើយ ក៏ចោលគេឱ្យឈឺចាប់?
«ចរិតខ្ញុំដែលលង់និងពាក្យសម្តីលេងសើចរបស់លោក? ស្មោះលោកអស់ពីចិត្តតែត្រូវគេទុកជាកង់សាគួរពេលអផ្សុកនឹងមែន?»
«អ្នកណាទុកអ្នកណាជាកង់សាគួរ? អ្នកណាលេងសើចនិងអ្នកណា»
«លោកមិនមែនមិនដឹងថាខ្ញុំមានអារម្មណ៍បែបណាចំពោះលោកទេ តែលោកមិនខ្វល់»
ទីបំផុតខ្ញុំក៏ធ្លោយនិយាយពាក្យតូចចិត្តទាំងនោះតវ៉ាគេទាំងមិនសុខចិត្ត។ គេសម្លឹងខ្ញុំកាន់តែច្បាស់ក្នុងក្រសែភ្នែក គេធ្វើឱ្យខ្ញុំប្រឹងទប់ទឹកភ្នែកមួយដំណក់នោះយ៉ាងពិបាក។ ខ្ញុំមិនជ្រាយទេ តែអារម្មណ៍ពេលនោះវាក្តុកក្តួលហួសនិងឃាត់ពេក។ ខ្ញុំងាកមុខចេញព្រោះមិនចង់បញ្ជាក់កាន់តែច្បាស់ថា ខ្ញុំឈឺចាប់និងរឿងនេះកម្រិតណា?
ហួង សត្យា នៅស្ងៀមមិននិយាយមួយម៉ាត់។ គេគិតថាគេគឺជាអ្នករងគ្រោះក្នុងរឿងនេះ? ទើបធ្វើមុខកម្សត់ ដូចខ្ញុំនឹងបោះបង់គេ បោកប្រាស់បេះដូង ខ្លួនប្រាណគេ?
អ្វីដែលធ្វើឱ្យខ្ញុំពិបាកឆ្លើយនិងខ្លួនឯងពេលនេះ ម៉េចក៏គេចេះមកសួរសំនួរទាំងនេះដែរ?
«មកពីលោក…»
«ខ្ញុំម៉េចខ្លះ?»
គេផ្ទាន់មកភ្លាមរកតែខ្ញុំបន្ទោសទៀតមិនបាន។ មុខគេកាន់តែឌឺ គឺកាន់តែជ្រេញ។ ខ្ញុំញញឹមឌឺវិញ ហើយខឹងសម្លក់គេដែលមុខក្រាស់នៅហាមាត់សួរខ្ញុំ ធ្វើពើមិនខ្វល់ពីអ្វីដែលខ្លួនឯងបានធ្វើកន្លងមក។ ខ្ញុំមិនចង់និយាយរៀបរាប់ទេ ព្រោះយ៉ាងណាគេមិនដែលទទួលស្គាល់កំហុស គេធ្វើខុសលើខ្ញុំ តែចាត់ទុកជារឿងធម្មតា ទើបមកហ៊ានសួរដេញដោលទាំងមិនក្រែងចិត្តទៀត។
គេស្រាប់តែឈានជើងមកកាន់តែជិត ភ្នែកគេគួរឱ្យស្អប់ ទុកខ្ញុំស្មើសត្រូវដែលមិនគួរនឹងលើកលែង ចង់ស៊ីសាច់ហុតឈាមខ្ញុំ? ស្មានថាខ្ញុំខ្លាចហើយប្រឹងថយឆ្ងាយ? ដល់ដំណាក់កាលនេះខ្ញុំនឹងទ្រឹងស្ងៀមប្រឈមមុខជាមួយគេរកខុសត្រូវ៖
«និយាយទៅ! មី(Me)ធ្វើអីដាក់យូ(You)ខ្លះ?»
ខ្ញុំស្រាប់តែទន់បបូរមាត់ល្អាច ចង់ជេរ ចង់ឈ្លោះបែរជាហាមិនរួច។ ភ្នែកស្រាប់តែធ្លាក់ទើនឹងដីខ្សាច់ដែលត្រូវរលកបោកបក់ ព្រោះមិនហ៊ានប្រឈមនឹងគេ។ ពាក្យ«មី»«យូ» ដែលគេនិយាយវានាំមកវិញនូវក្តីរំភើប អារម្មណ៍ហោះហើររបស់ខ្ញុំពេលតបឈែតជាមួយគេកាលពីពីរឆ្នាំមុន។ ដូចដែលខ្ញុំធ្លាប់ប្រាប់ហើយមនុស្សគេពិសេសសម្រាប់ខ្ញុំណាស់ ទើបខ្ញុំហៅគេថាយូឯង ហៅខ្លួនឯងថាមី(Me)ដែលមិនស្មានថា ពេលនេះគេក៏និយាយពាក្យទាំងនោះចេញមក។
ខ្ញុំងាកមកសម្លក់គេវិញដោយការតាំងចិត្ត ព្រោះមិនអាចឱ្យអារម្មណ៍ត្រេកត្រអាលម្នាក់ឯងមួយពេលនោះមកគ្របដណ្តប់ចិត្តស្អប់របស់ខ្ញុំដែលមានចំពោះគេទេ៖
«សួរខ្លួនឯងទៅ! លោកបានធ្វើអ្វីខ្លះ?»
គេមិននិយាយលូកមកចាប់ដៃខ្ញុំណែន ធ្វើឱ្យភ្នែកធំបើកឡើងអូតូម៉ាទិច វាជំនួសឱ្យសំណួរខ្ញុំដែលគាំងមិនចេញថា គេចង់ធ្វើអី? គេយល់ចិត្តខ្ញុំទើបខំនិយាយប្រញាប់៖
«ទៅអង្គុយនិយាយគ្នាឱ្យដឹងរឿង!»
ខ្ញុំគ្រវាសដៃគេចេញ កាលនោះស្ងាត់ ហើយនៅតែពីរនាក់ ខ្ញុំមិនចូលចិត្តឱ្យអ្នកណាមកធ្វើកាយវិការស្និទ្ធស្នាល រញ៉េរញ៉ៃដាក់ ក៏ស្រែកសម្លុតស្តីឱ្យគេមួយទំហឹង៖
«លោកអាងអីដែលមកចាប់ដៃខ្ញុំ?»
«ប៉ះមិនបាន? របកថ្នាំអ្ហែស?»
«ចរិតខិលរបស់លោកធ្វើដាក់អ្នកណាក៏ធ្វើទៅ តែកុំរលៀមដាក់ខ្ញុំ!»
ខ្ញុំស្តីឱ្យមិនមែនខឹងខ្លាំងដែលគេមកចាប់ដៃ តែមិនចង់ឱ្យមនុស្សឌឺដូចជាគេធ្វើអ្វីតាមអំពើរចិត្ត ចង់ប៉ះក៏ប៉ះចង់ឱបក៏ឱប គេមានទុកខ្ញុំជាមនុស្សស្រីក្នុងភ្នែកទេ? ធ្លាប់គិតផ្តល់កិត្តិយស ផ្តល់តម្លៃឱ្យខ្ញុំក្នុងនាមខ្លួនឯងជាមនុស្សប្រុសដែរទេ?
គេញញឹមងាកមុខចេញពីខ្ញុំ មុននិយាយមួយម៉ាត់ថា៖
«ប្រុសគ្នាឯងសោះ ចាប់ដៃតិចតួចមិនបាន!»
ខ្ញុំខឹងញ័រសាច់ ហើយឈឺអួលនៅក្នុងទ្រូង។ អ្នកណាក៏បានដែលនិយាយថាខ្ញុំស្រីចរិតប្រុស មិនថាអ្នកស្គាល់ អ្នកមិនស្គាល់ ខ្ញុំមិនខឹងទេ តែសម្រាប់គេគឺមិនបាន។ កាលខ្ញុំនៅស្រលាញ់គេ ចង់ថាចង់និយាយអីក៏បាន ខ្ញុំក៏លួចញញឹម តែពេលនេះវាមិនដូចគ្នាទេ និយាយមិនស្រួលខ្ញុំនឹងដាល់គេឱ្យស្គាល់ដៃម្តង។
ខឹងណាស់ ព្រោះតែគេថាខ្ញុំចរិតប្រុសនេះហើយ ទើបមិនព្រមស្រលាញ់ខ្ញុំ?
គេធ្លាប់បង្អាប់ខ្ញុំបែបនេះ ហើយធ្លាប់ថាខ្ញុំមាត់អាក្រក់ទើបគ្មានអ្នកស្រលាញ់ អារម្មណ៍ពេលនោះវារម្លឹកមកវិញទៀតហើយ វាដូចជាស្រមោលដែលអន្ទោលប្រាណខ្ញុំមិនឈប់ តែមិនបានធ្វើឱ្យខ្ញុំរីករាយអ្វីបន្តិចទេ មានតែនិយាយទាំងខឹងគេថែម៖
«បើលោកហ៊ានតែផ្តេសផ្តាស ខ្ញុំនឹង…»
«ធ្វើអី?»
ខ្ញុំខឹង ជាទម្លាប់ធម្មជាតិ ទើបដើរគេច បើទោះនៅនិយាយច្រើនជាមួយគេទៀតក៏មិនដឹងបានន័យអី បើគេចូលចិត្តឌឺយ៉ាងនេះ ទោះពីមុនខ្ញុំលង់និងគេត្រង់ពូកែឌឺនេះក៏ដោយ។
ជាថ្មីដែលគេស្រវាឱបខ្ញុំពីក្រោយខ្នង…
ខ្ញុំរើខ្ញុំខ្ញាំ តែដៃគេរឹងមិនព្រមលែងទេ ខ្ញុំស្រក់ទឹកភ្នែកព្រោះស្អប់គេដែលប្រមាថខ្ញុំ។ ទោះប្រឹងប្រើកែងជើងប្រហារគេ ក៏គ្មានប្រយោជន៍ គេហាក់ដឹងមុនថាខ្ញុំនឹងជាន់ជើងគេឱ្យខ្ទេច ទើបគេចបានយ៉ាងលឿន។ ខ្ញុំខឹងផង បារម្ភផង បេះដូងវិញទៀត ចេះតែលោតញាប់ដោយមិនស្តាប់បញ្ជា ពេលអស់វិធីប្រឆាំងនិងគេ ខ្ញុំក៏ស្ងៀមទាំងញ័រមាត់ ចង់ដឹងថាគេហ្នឹងធ្វើអី? គេចង់បានអី?
ដង្ហើមគេក្តៅភាយនៅក្បែរត្រចៀក ខ្ញុំហាក់ស្តាប់ឮសំឡេងបេះដូងគេដែលកំពុងទួញសោក តាមរយៈភាពស្ងប់ស្ងាត់។ គេមិនបានបន្ធូដៃដែលឱបខ្ញុំ ដូចខ្លាចខ្ញុំឃ្លាតពីគេក្នុងពេលនោះ។ មនុស្សប្រុសដែលគ្មានភាពច្បាស់លាស់ជាមួយខ្ញុំម្នាក់នេះ ស្រាប់តែចេះត្អូញត្អែរ ធ្វើឱ្យបេះដូងខ្ញុំនៅមិនសុខ៖
«កន្លងទៅពីរឆ្នាំនឹកគេប៉ុន្មានដង? មានធ្លាប់លួចមើលប្រូហ្វាល់គេដូចកាលនៅទាក់ទងគ្នាទេ?»
ខ្ញុំអស់សំណើចតែសើចមិនចេញ អីគេ? សូម្បីខ្ញុំចូលមើលប្រូហ្វាល់គេ ក៏គេដឹងដែរ? ខ្ញុំមួម៉ៅភ្លាម ហើយកាន់តែខឹង ព្រោះគេមិនមែនល្ងង់ទេ តែធ្វើល្ងង់។ ខ្ញុំខ្វាយខ្វល់ពីគេ លួចមើលប្រូហ្វាល់គេ ក៏គេនៅដឹងបាន ចុះអារម្មណ៍ខ្ញុំដែលមានចំពោះគេ ម៉េចក៏គេមិនដឹង?
ខ្ញុំទាញដៃគេចេញបានសម្រេច ហើយក៏រហ័សទះគេមួយកំផ្លៀងជាលើកទីពីរតែអត់បានសម្រចទេ គេចាប់ដៃខ្ញុំ ធ្វើឱ្យកំហឹងក្នុងបេះដូងខ្ញុំកាន់តែពុះពោរ។
គេស្រាប់តែស្តីឱ្យខ្ញុំ ដូចខ្លួនឯងនឹងត្រឹមត្រូវ៖
«កុំអាងអីទះតប់ពេក មិនចេះទន់ភ្លន់ខ្លះទេអ្ហី?»
«ទន់ភ្លន់ដាក់មនុស្សប្រុស ចូលចិត្តយកមនោសញ្ចេតនាមកលេងសើច នាំតែឈឺចាប់ឥតអំពើនោះទេ!»
«ពេលណាទើបមើលគេក្នុងផ្លូវល្អខ្លះ? ពេលណាទើបឈប់យល់តែអារម្មណ៍ខ្លួនឯង ហើយព្រមសម្លឹងមើលពីការឈឺចាប់របស់អ្នកដទៃ?»
សម្តីគេធ្វើឱ្យខ្ញុំស្រឡាំងកាំង។ គេឈឺចាប់អី? ដោយរបៀបណា? ហើយមូលហេតុអ្វី? ម៉េចក៏មួយម៉ាត់ណាក៏និយាយធ្វើមើលតែខ្លួនឯងនិងក៏ត្រូវរបួសបេះដូងដោយសារស្រលាញ់ខ្ញុំ? គេចោទខ្ញុំដែលយល់តែអារម្មណ៍ខ្លួនឯង ចុះគំនិតគេបែបណាដែលថាខ្ញុំមិនយល់? បើកន្លងមក ខ្ញុំច្បាស់ណាស់ថា ខ្លួនឯងស្រលាញ់គេម្នាក់ឯងឡើងក្លាយជាស្អប់វិញទៅហើយ។
«ត្រង់ណា? ខ្ញុំមិនយល់ពីលោកត្រង់ណា?»
«ត្រង់ដែលថា…ខ្ញុំស្រលាញ់នាង តែនាងបែរជាបារម្ភពីគេ…»
ជីន…
ខ្ញុំភ្ញាក់កន្រ្តាក់និងសំឡេងស្រែកហៅ ធ្វើឱ្យភ្នែកទាំងគូរបើកសម្លឹងឃើញតែតង់ដែលគ្របដណ្តប់បាំងមេឃ ខុសពីអម្បាញ់មិញដែលខ្លួនឯងកំពុងឈ្លោះប្រកែកនិងបេះដូងនៅមាត់សមុទ្រ។
ក្រឡេកឃើញស្រមោលគេយ៉ាងច្បាស់ដែលកំពុងអង្គុយរង់ចាំខាងក្រៅ ទើបភ្ញាក់ខ្លួនថា អម្បាញ់មិញគឺខ្ញុំយល់សប្តិទេ? ម្នាក់ប្រុសនោះពោលស្រលាញ់ខ្ញុំ គឺជាការស្រមៃផ្តេសផ្តាសរបស់ខ្ញុំ?
តាំងពីដើមដល់ឥឡូវគេនោះមិនដែលស្រលាញ់ឯងទេនាងជីន…
ក្រឡេកឃើញនាឡិកានៅក្បាលដំណេកខ្ញុំក៏ស្ទុះក្រោកវឹងទាំងសក់បះកន្រ្តើង៖
«អ៊ីចឹងតើ បានជាគេមកស្រែកហៅខ្លាំងៗយ៉ាងនេះ!»
ខ្ញុំនឹកខ្មាសគេតិចដែរ ព្រោះតែបានសន្យានិងគ្នាកាលពីយប់មិញថា ព្រឹកព្រលឹមនឹងទៅមើលថ្ងៃរះជាមួយគ្នា តែពេលនេះខ្ញុំបែរជាជ្រុលធ្វើឱ្យយល់សប្តិឆក់យកពេលវេលារ៉ូម៉ែទិចនោះទៅបាត់។
«សុំទោសណា…»
ខ្ញុំនិយាយទៅគេមុនព្រោះមិនចង់ឱ្យគេបន្ទោសទាន់។ ភ្លេចប្រាប់ទៅថា មនុស្សប្រុសដែលកំពុងរៀបចំកន្សែងជូតមុខ ថ្នាំដុសធ្មេញ ទាំងស្នាមញញឹមស្រស់ពេលនេះ មិនមែនជាបុរសក្នុងសុបិនរបស់ខ្ញុំអម្បាញ់មិញនេះទេ គេគឺជា…

មានភាគបន្ត…