រឿង ព្រះខ័នដោតជាប់ថ្ម ឬស្តេចArthur

ព្រះខ័នដោតជាប់ថ្ម ឬស្តេចArthur មានចំណងជើងដើម The Sword in the Stone: a King Arthur~ជាបែបសិល្ប៍សាស្ត្ររឿងព្រេងដ៏ល្បីមួយក្នុងចំណោម​ខ្សែរឿង​និទានអំពី​ដាវរបស់អង់គ្លេសបុរាណ។

រឿងព្រេងនិទានសម្រាប់កុមារមួយនេះធ្លាប់ត្រូវបាន​ផលិតជាភាពយន្តជាបន្តបន្ទាប់នឹងជោគជ័យយ៉ាងខ្លាំងផងដែរ។

តាំងពីយូរយារណាស់មកហើយ នៅចក្រភពអង់គ្លេស មាន​ស្តេចដែលមានប្រាជ្ញានិងពេញប្រៀបដោយ​យុត្តិធម៌គ្រប់គ្រងទឹកដីយ៉ាងល្បីរន្ទឺជាមួយព្រះនាមថា ស្តេចអ៊ូធើរ King Arthur ។ នោះជារជ្ជកាលមួយ​ដែលគេអះអាងថា ជាយុគសម័យយ៉ាងពិសិដ្ឋ​ រាស្រ្តបានរស់នៅសុខសានត្រាន្ត។

ថ្ងៃមួយ ស្តេចអ៊ូធើរ បានជួបមេធ្មប់ល្បីម្នាក់ឈ្មោះ Merlin មេលីនដើម្បី​ធ្វើពិធី​ មើលអនាគតនៃអង្គរាជបុត្រា  ទ្រង់។ ក្រោយពីគន់គូរមេឃដីភ្លើងខ្យល់ និងអាយុកើតនៃអង្គរាជកុមារ គ្រូមន្តអាគមបានយាង​ស្តេចទៅមួយឡែកហើយខ្សឹបបង្ហាញ​ថា៖

«ព្រះអង្គអើយ មិនយូរប៉ុន្មានទេ ជោគវាសនា​អកុសល​ងងឹតដ៏ធំធេងមួយ នឹងធ្លាក់មកលើទឹកដីនេះ។រាជបុត្រស្ថិត ក្នុងសម័យកាលនៃការសងកម្មវេរាផ្សងជាមួយ​គ្រោះថ្នាក់ធំ។ អនុញ្ញាតឱ្យទូលបង្គំ​នេះ​យកទារកទៅលាក់​ទុក ឆ្ងាយមួយឡែក ខ្ញុំ ធានាថាទ្រង់នឹងមានសុវត្ថិភាព” ។

“ ឱ មឺលីន!” ស្តេចនបន្ទូលដោយ​បារម្ភភ្ញាក់ផ្អើល។ “ អ្នកគឺជាគ្រូវេទមន្តដ៏អស្ចារ្យ។ ហើយអ្នកគឺជាមិត្តរបស់ខ្ញុំដែលខ្ញុំទុកចិត្ត​។ ប៉ុន្តែគ្មានផ្លូវទេ ដែលយើងអនុញ្ញាតឱ្យនរណាម្នាក់យកកូនប្រុស​យើងទៅឆ្ងាយ!”

ជាអកុសលភ្លាមៗ ព្រះមហាក្សត្រិយានីបានសុគត។ មិនយូរប៉ុន្មានស្តេចអ៊ូធើត្រូវបានគេធ្វើឃាត។

នៅយប់ដដែលនោះ មឺលីនបានត្រូវគេឃើញ វាយលុកចូលក្នុងប្រាសាទ រំដោះនាំយកក្មេងនោះទៅ។

នៅពេល​ដែលសត្រូវ​ចូលដល់ទែនស័យនាព្រះរាជបុត្រឃើញ​តែ​ គ្រែទទេ។

 ដោយភ័យខ្លាចទោស ពួកស្នំ ទាហាន ពួកអភិជននិងអ្នកបម្រើស្តេចថ្មី បាន​ចេញ​ទៅរកមើលទៅគ្រប់ទិសទី។ ប៉ុន្តែទារកបានបាត់ហើយ!

អស់ជាច្រើនឆ្នាំ​នគរវឹកវរ គ្មានស្តេចអង្គុយលើបល្ល័ង្ក។

ពួកមានអំណាចនៃត្រកូលធំៗ  បានប្រយុទ្ធគ្នាដើម្បីឡើងធ្វើជាស្តេច។ ភាពងងឹតបានធ្លាក់មកលើផែនដី ឈាមដាបធរណី។ អសន្តិសុខ មនុស្ស​អត់ស្បៀង ជាតិចលាចល គ្មានច្បាប់ទម្លាប់។
 ក្រុមចោរប្លន់និងកុមសម្ព័នព្រៃ បានគ្រប់គ្រងផ្លូវដោយឡែកៗរៀងខ្លួន​នៅឃុំវិញ ទីក្រុងឡុងដ៍។ មនុស្ស​អាក្រក់ៗ បានសម្រុក​ចូលទៅក្នុងផ្ទះអ្នកទន់ខ្សោយ​ឆក់ប្លន់ រំលោភ ហើយសម្លាប់។ ប្រជាជនអង់គ្លេសរស់នៅក្នុងភាពភ័យខ្លាច។

នៅឆ្ងាយពីនោះនាថាន​ កន្លែងស្ងប់ស្ងាត់មួយ។ អ្នកជិះសេះដ៏ថ្នឹកម្នាក់ ឈ្មោះ Sir Ector បានរស់នៅដោយសុខសាន្តជាមួយកូនប្រុសពីរនាក់។ កូនប្រុសច្បងរបស់គាត់មានឈ្មោះថា Kay ។ កូនប្រុសពៅរបស់គាត់ឈ្មោះ Arthur ជាកូនចិញ្ចឹម។

ជាច្រើនឆ្នាំមុនមានមនុស្សចម្លែកម្នាក់បានមកជួបលោក Sir Ector ជាមួយទារកតូចក្នុងដៃ​។ គាត់បានសួរថា តើលោក Sir Ector នឹងចិញ្ចឹមកូននេះទេ? អ្នកជិះសេះចំណាស់បានយកទារកមកនៅក្នុងដៃ ដោយក្តីរីករាយហើយ​ ដាក់ឈ្មោះទារកនោះថា អាតធ័រដោយ​ចិញ្ចឹមកូននោះជាកូនសំណព្វ ។

នៅពេល Arthur មានអាយុបាន ១០ ឆ្នាំ ជនចម្លែកដដែល បានទៅជួបអ្នកជិះសេះ Sir Ector ហើយអះអាងថា​ខ្លួនគាត់អាចអាននិងសរសេរបាន សុំលោក Sir Ector ជួលគាត់ឱ្យបង្រៀនកូនប្រុសទាំងពីរ។ Kay មិនអាចអង្គុយស្ងៀមសម្រាប់ត្រងត្រាប់រៀនមេរៀនទេ។ ប៉ុន្តែ Arthur បានរៀនចាំនិង​ស្តាប់ដោយបើកភ្នែកធំ ៗពេញចិត្ត​ពេញថ្លើមលើកាតាព្វកិច្ចនេះ ។

ក្មេងជាប្អូន​ពៅបែរជា​បានរៀនអ្វីៗសឹងទាំងអស់ លើលោកមិនថា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ​ទស្សនវិជ្ជា សិល្បៈ ។ល។

 មនុស្សចម្លែកនោះគ្មាន​ នរណា ក្រៅពីមឺលីន គ្រូមន្តអាគមនោះឡើយ។

នៅចុងបញ្ចប់នៃថ្ងៃនីមួយៗ នៅរាល់ពេលណា ដែល Arthur បញ្ចប់កិច្ចការរបស់ខ្លួនរួច គឺជាពេលសំរាប់ អង្គុយជាមួយគ្រូខ្លួន និយាយស្តីជជែកតវ៉ា​គ្នាអំពី នយោបាយពិភពលោក។ Arthur ជាក្មេងស្គម នឹង​មិនមានកម្លាំង​ខ្លាំងដូចបងប្រុសរបស់គាត់ឈ្មោះ Kay ឡើយ។ មឺលីនបាននិយាយថា កុំបារម្ភអំពីរឿងកាយសម្បទានោះ។

អ្វីដែលសំខាន់បំផុតគឺត្រូវមានបេះដូងទូលំទូលាយ​ ហើយរឹងមាំ។ អ្នកជា ក្មេងប្រុសពិសេស មានបេះដូងបើកចំហរ​និងរឹងមាំខ្លាំងក្លា។

ស្តេចតូចចងចាំពាក្យពេចន៍នេះ។

 នៅពេលគេមានអាយុ ១៦ ឆ្នាំបងប្រុសរបស់គាត់ឈ្មោះ Kay បានក្លាយជាអ្នកជិះសេះ។ ខុសពីប្អូនពៅដែលពេញចិត្ត​រឿង​ធំៗនានាលើលោក គេមិនចូលចិត្តអ្វីឬចង់បានអ្វីឱ្យលើសពីការពាក់ អាវទ្រនាប់ដែក​និងមួកសុវត្ថិភាព ដៃ​កាន់លំពែងជានិច្ច​នោះទេ។

ថ្ងៃមួយនៅពេលម៉ោងរៀន គ្រូមឺលីន មើលទៅឆ្ងាយភ្លឹកភ្លាំង។

“លោកគ្រូមើល ​អ្វីហ្នឹង​?” សំណូរ​របស់​Arthur ។

គ្រូមឺលីន ញញឹម៖

« ប្រជាជននៃនគរមួយកំពុង​ត្រូវការតំណក់ទឹកនៃសេចក្តីសង្ឃឹម” ។

 ឮហើយ​ស្តេច​តូច​ Arthurសួរភ្លាម៖

«ចុះ មានអ្វីដែលខ្ញុំត្រូវជួយពួកគេ​បាន?ខ្ញុំអាចទៅឥឡូវនេះដើម្បីពួកគេ”

នៅយប់នោះ ជាទិវារាត្រី​ដ៏ងងឹតបំផុតមិនធ្លាប់មាន​លើលោក។ជាពេលដែធ្មប់ Merlin the Magician បានគន់គូដឹង​ហើយ​គាត់បានមកដល់ផ្សារធំមួយនៅកណ្តាលទីក្រុងឡុងដ៍។ គាត់ឈរនៅកណ្តាលផ្ទៃដីរាប លើកដៃទាំងពីរឡើងខ្ពស់ដោយ​ចង្អុលដំបងរបស់គាត់ទៅផ្កាយលើមេឃ។

នៅព្រឹកបន្ទាប់នៅព្រលឹមស្រាង ៗ មនុស្សម្នាបានចាប់ផ្តើមមកដល់ផ្សារ។ នៅពីមុខពួកគេគឺជាអ្វីដែលចម្លែកបំផុត។

ដុំថ្មម៉ាបពណ៌សមួយដុំ នៅចំកណ្តាលទីប្រជុំជន គឺជាដុំថ្មយក្សដែលមានទំហំ ធំមិនធ្លាប់ឃើញ ថែមទាំងផ្នែកខាងលើនៃដុំថ្មមានដោតដាវពណ៌មាស ចាំងពន្លឺ​ផ្លាត​នឹងកាំរស្មីព្រះអាទិត្យ។

 ដាវ កប់យ៉ាងជ្រៅទៅក្នុងថ្មម៉ាប ហើយអស្ចារ្ស​ណាស់គ្មាន​អ្នកណាមិនជញ្ជក់មាត់ចង់បាននោះទេ។ គ្មានអ្វីនៅទីនោះទេកាលពីថ្ងៃមុន!

ពួកគេលាន់មាត់បែបនេះ។

“ អ្នកណាដកដាវនេះចេញពីថ្មបាន គឺជាស្តេចអង់គ្លេសពិតប្រាកដ!”

 ពាក្យទាំងនេះបានឆ្លាក់ចោលជាព័ត៌មាន​នៅលើផ្ទាំងថ្មពេលដែលពួកគេចូលទៅជិត។

នៅពេលដែលហ្វូងមនុស្សបានដឹងអំពីសារនោះ បុរសខ្លាំងៗទាំងឡាយបានព្យាយាមធ្វើដំណើរមកពីគ្រប់ទិសទី។ ពួកគេ​បានលោតឡើងលើប្លុកថ្មម៉ាបពណ៌ស ហើយ​ពី ម្នាក់ទៅម្នាក់បានព្យាយាមដកវាហើយ​ព្យាយាមទៀត​ប៉ុន្តែដាវបានជាប់យ៉ាងម៉ឺង។

 សូម្បីតែ​ផ្លាស់ទីបន្តិចក៏គ្មាន។

មនុស្សខ្លះបាន​សន្និដ្ឋានថានឹងគ្មាន​មនុស្ស​លោក​ ណាដែលអាចដកដាវនោះចេញបានទេ!”

“ យើងនឹងឃើញមនុស្ស​នោះមិនខាន​នៅថ្ងៃណាមួយ​!” សំលេងនៅក្នុងហ្វូងមនុស្ស។

 អ្នកឧកញ៉ាខនវែល ស្លៀកពាក់សូត្រ ជាអភិជន​ល្បី មកពីវណ្ណៈមន្ត្រី​ ម្ចាស់សម្តី​អះអាង​បានបោះជំហានឆ្ពោះទៅប្លុកថ្មម៉ាបពណ៌ស។

គាត់ប្រកាស៖

 “ ស្តាប់!អ្នកគ្រប់គ្នា ខ្ញុំអំពាវនាវឱ្យមានការប្រកួតមួយខែចាប់ពីថ្ងៃនេះតទៅ។ កំពូលមនុស្ស​មកពីគ្រប់ទីកន្លែងនៅក្នុងប្រទេសអង់គ្លេសត្រូវបានអញ្ជើញឱ្យមកទីនេះ។ នឹងមានការប្រកួតប្រជែង ការប្រកួតនេះនឹងទាក់ទាញបង្ហាញអំពី​អ្នកក្លាហានដែលខ្លាំងនិងពូកែជាងគេនៅប្រទេសអង់គ្លេស!បន្ទាប់មកយើងនឹងមានស្តេចម្តងទៀត!”

ប្រជាជនបានរាំនិងអបអរសាទរ។ នៅទីបំផុតមានអ្វីដែលត្រូវសប្បាយចិត្តជាង ដំណឹងនៃការប្រកួតដែលបានធ្វើដំណើរយ៉ាងលឿន ពីប្រាសាទមួយទៅភូមិមួយ ទៅគ្រប់ជ្រុងជ្រោយ ជិត​ឆ្ងាយនៃទឹកដី។

សូម្បីផ្ទះដ៏សែនឆ្ងាយរបស់ Sir Ector ។ Kay បានឮដំណឹងនេះនៅពេលគាត់កំពុងដុសខាត់សេះនិង​មួក សុវត្ថិភាពរបស់គាត់។

“Arthur!”

គេនេះ​បានហៅប្អូនពៅ​ដែល​កំពុងរវល់ ដាក់គំនរគ្រាប់ពូជសម្រាប់សត្វស្លាបនិងសម្រាប់កំប្រុក។

“ វាសនា​អ្នកនៅទីនោះហើយ Arthur!” Kayបញ្ជាក់ ។ “ នឹងមានការប្រកួតដកដាវមួយនៅទីក្រុងឡុងដ៍។ យើងត្រូវតែចេញដំណើរភ្លាមៗ!”

Arthur មិនដែលបានចេញទៅណាឆ្ងាយពីផ្ទះទេរហូតដល់អាយុប៉ុណ្ណេះ។  Arthurមានអំណរពន់ពេកណាស់គេ​ បានរត់ត្រលប់ទៅផ្ទះវិញ។ នៅទីធ្លាក៏ឃើញឳ ពុកកំពុងរៀបចំសេះ។

Sir Ector និងកូនប្រុសទាំងពីរ បានធ្វើដំណើរឆ្លងកាត់ទីក្រុងជាច្រើន​ទម្រាំមក​ដល់ឡុងដ៍។ ក្នុងដំណើរឆ្ពោះទៅការប្រកួតពួកគេ​ ជិះកាត់ទីលានផ្សារ ហើយរំភើបក្រៃណា​ចំពោះពន្លឺភ្លឺចាំងចាំងចាំងប្រណាំង​ក្រោមអំណាច​ព្រះអាទិត្យ។

ស្តេច​តូច​ Arthur បាននិយាយជាមួយពុកនិងបងថា ៖

“ ដាវនោះមើលទៅដូចជា ដុះចេញពីថ្ម តែថ្មមិនអាចដុះ​ជាដាវបានទេ? ម៉េចក៏គេមិនដកវាចេញ?​ហើយ​ហេតុអ្វីបានជាមាន​ឆ្មាំរាជ​វាំងនៅឈរនៅជុំវិញវា?»

ពុក បានខ្នះខ្នែ​ងទៅចុះឈ្មោះ សុំ​ការប្រកួតធ្វើស្តេច​ដកដាវ​នោះ​ឡើង​។ Arthur អង្គុយនៅក្នុងតង់របស់ពួកគេក្បែរផ្លូវ​ រង់ចាំ​ដំណឹង​។

ធម្មតា​ Arthurទទួលបន្ទុកក្នុងការរក្សាសម្ភារៈទាំងអស់​របស់ខ្លួន។ ស្រាប់បងប្រុស​រត់មកពីចំងាយហើយ និយាយថា មានចោរច្រើនណាស់​វាប្លន់អ្នកជិតនោះហើយ។

ក្នុងភាពយ៉ាងលឿន Arthur រត់ត្រលប់ទៅផ្សារវិញ។ ខណៈឆ្មាំកំពុង​ឱននិយាយគ្នា Arthur បោះ​ជំហានឡើងលើប្លុកថ្មម៉ាបដោយ​ផ្សងថា ៖

«ដាវអើយ!​ង្នកជារបស់ពិសិដ្ឋមួយ ខ្ញុំអាចយកអ្នកទៅសម្លាប់ពួកចោរប្លន់បានទេ!»

គេលូកដៃទៅទាំងគ្មាន​ចម្លើយ។ ដាវធំនោះបានរអិលភ្លុចចេញពីថ្មដូចត្រូវវេទមន្ត។

«ជ័យោ!»

សម្រែកលាន់មកពីគ្រប់កន្លែង ។វាជាពេលដែ Arthur ត្រូវបានគេរត់មកលើកបោះត្រឡប់ឡើងចុះ ព្រោះអបអរសាទរ។

ទោះយ៉ាងណា​ ដាវមួយនេះ​នៅតែ​មានសុវត្ថិភាពនៅក្នុងដៃរបស់គាត់។

គេបានរក្សា​ភាពឱនលំទាន​កណ្តាលចំណោមអំណរ​ហើយរត់ទៅកន្លែងបងប្រុសរបស់គាត់ដែល​កំពុងរង់ចាំដោយប្រគល់ដាវទៅឱ្យបងប្រុសហើយនិយាយ ថា“ នេះហើយ ទុកការពារចោរ​” ។

Kay បានក្រឡេក​មើលដោយ​មហាសែន​ភ្ញាក់ផ្អើល។

«ព្រះអើយ!»

«ព្រះអីទៅ?!»

​ Arthurចង់ដឹងតែ បងប្រុសរបស់គេគ្មានពេលឆ្លើយទេ គេបានរត់ចោល​ប្អូន​បាត់ទៅហើយ។ បន្តិចក្រោយមក Arthur បាន ឮសំឡេងបងប្រុសនៅខាងក្រៅតង់ដែលត្រហេបត្រហបថា «ពុក!ខ្ញុំមានអ្វីពិសេសបំផុត​ចង់បង្ហាញ!»

បន្តិចមកKay និងឳពុករបស់បានដើរចូលមកក្នុងតង់។

លោក Sir Ector បានសម្លឹងមើលដាវលើដៃកូនច្បង​ហើយ​មើល មុខ Arthur ។ ជាបណ្តើរៗ​ទឹកមុខ​បុរសចុះចំ​ណាស់នេះគាត់ប្រែក្លាយជាសស្លេកស្លាំង។

«Kay» ពុកហៅនិងនិយាយសួររន្ថើនទៅ កូនប្រុសច្បងKay នេះ​៖

«តើកូនបានដាវនេះមកពីណា?»

«វា​ជា​របស់ខ្ញុំ!” Kay និយាយដោយកាន់វាឡើងដោយមោទនភាព។

“ Kay”ពុកនិយាយម្តងទៀតដោយសំឡេងតឹង “សួរថាកូន បានដាវនេះមកពីណា?”

ដល់ពេល​ដែលកូនច្បងអៀនប្រៀន​ហើយ​ទាក់ទើរមុនឆ្លើយលបៗ៖

«Arthur វាធ្វើបាត់ដាវរបស់ខ្ញុំ! ដូច្នេះ​វាយកអានេះមកសងខ្ញុំ”

ពុកងាកភ្លាម​ទៅរកកូនប្រុសតូចហើយសួរ៖

«កូន?  ម៉េចក៏ឯងដកដាវនេះមកបាន?”

“ខ្ញុំ​សុំទោស!” Arthurឆ្លើយ “ ខ្ញុំខ្ចី​គេសិនប៉ា!​បន្ទាន់ពេក ខ្ញុំនឹងដាក់វាសងគេលើថ្មនោះវិញ ក្រោយចាត់ការពួកចោររួច»

ពុកសង្ឃើញ៖

«សួរថាបានមកពីណា?!»

Arthur ឆ្លើយទាំងមុខសារភាព៖

«ខ្ញុំគ្រាន់តែ ទាញវាចេញពីថ្មម៉ាបដែលគេតាំងទុកនៅផ្សារ”

ពុកយល់ហើយ។ គាត់ងក់ក្បាលហើយនិយាយ៖

«ល្អណាស់ Arthur ! កូនត្រូវតែនាំពុកនិងបងទៅកន្លែងនោះឃើញផ្ទាល់ភ្នែក!»

 ពួកគេទាំងបីនាក់បានប្រញាប់ប្រញាល់ត្រឡប់ចេញ​ទៅផ្សារ។​ទៅដល់កាលណា Arthur ឡើងទៅលើប្លុកថ្មម៉ាបចង្អុលពុកថា៖

«ខ្ញុំដកចេញពីទីនេះ។»

 បន្ទាប់ពីនិយាយរួចមក Arthur ក៏ទម្លាក់ដាវកត្រឡប់ចូលទៅក្នុងថ្មវិញ។

«ទុកវិញហើយពុក!»គេនិយាយទៀត។

បងប្រុស​ឃើញហើយ​ស្ទុះឡើងនិយាយ៖

«ជារបស់ខ្ញុំ!»

ដោយចង់ដណ្តើមយកដាវ នេះមកជាកម្មសិទ្ធិ​Kay ខំ​ទាញហើយទាញទៀត  ប៉ុន្តែមិនកម្រើកសូម្បីតែមួយអិញ​ណានោះឡើយ។

ខឹងពេក ក្រោយហត់អស់កម្លាំង Kay បានស្រែកទៅប្អូន​ថា“ តើឯងបានធ្វើមន្តអាគម​អី​ចំពោះវា?”

“ គ្មានទេ!” ប្អូនប្រុសបាននិយាយដោយហួសចិត្ត​។

«ឯងមានអំពើធ្មប់អ្វីមួយ!” ស្រែកឡើងដោយ​បងប្រុស​។

“ ស្ងាត់! ទាំងពីរ​នាក់!” លោកឳពុកដែលកំពុង​រំភើបហួសថ្លែងហារកាត់សេចក្តី។

«យើងគ្រប់គ្នា​ដឹងថា ហេតុផល​គឺអ្វី!»

គាត់និយាយខណៈហ្វូងមនុស្សបានចាប់ផ្តើមរុំពទ្ធ័ទីនេះ។

“ ហេ! តើអ្នកណា​ទាញដាវចេញពីថ្មមុននេះ?”សំឡេងនេះ​ បានសួរមកពីក្នុងចំណោមទស្សនិកជន​។

“ ខ្ញុំ” Arthur និយាយទាំងគិតថាជាកំហុស​និងមានទោស​ “ខ្ញុំ​បាន​ធ្វើវា។”

“ធ្វើ​វា​ម្តង​ទៀត!” សំឡេងបញ្ជាក់ចេញ​ពីហ្វូងមនុស្ស។

“ បាទ! !”

Arthur ដាក់ដៃរបស់គាត់នៅជុំវិញចំណុច មាសក្បាលដាវ ហើយ​ទាញមួយកព្រឹប​ប៉ុណ្ណោះ​ក៏​បានរអិលផ្លែទាំងអស់ចេញស្រឹបមក។

“អស្ចារ្សៗៗៗៗៗ»

សម្រែក​លាន់មកទ្រហឹង។

« នរណា?នរណាធ្វើ? មានឈ្មោះ ​អ្វី?”

សម្រែកសួរលាន់រំពង​ជារលកសំឡេងមហាជន​ខ្លាំងដូចស្នូររលកគ្រាំគ្រេង។

ប្អូនប្រុសបាននិយាយតបខ្លាំងៗទៅក្នុងក្រុមអ្នកសួរ៖

«ខ្ញុំ Arthur»

អ្នកឧកញ៉ាខនវែល ដែលជាអ្នកហៅឱ្យមាន​ការប្រកួតនេះបានចេញមកពីក្នុងចមណោមកងការពារ។ គាត់ដើរយ៉ាងសង្ហា​មក​ដល់ហើយ​និយាយ៖

«ដាក់ចូល​ហើយដកជាថ្មីបានទេ?!»

“ មិនអីទេ” Arthur និយាយ។

ថាចប់គេ បានយកដាវដោត​ទៅលើថ្មវិញ រួចលោតចុះក្រោម​។ ឧកញ៉ានោះ​គាត់លោតឡើងមកដល់ ហើយចាប់កាន់ដាវ ប៉ុន្តែទាញ មិនរើមិនកម្រើកសូម្បីតែបន្តិចណា។

អ្នកជិះសេះម្នាក់ទៀតបានព្យាយាមដែរ ពួកគេ​ជួយគ្នា មួយហើយ​មួយ​ទៀត ប៉ុន្តែគ្មាននរណាអាចលើក​ដាវឡើងមកពីគន្លាក់ថ្ម​បានទេ។

អ្នកឧកញ៉ាខនវ៉ាលបានដង្ហក់ហើយ​ងាកមកនិយាយ៖

«វេនឯងក្មេងប្រុស! ថាដកទៅ!»

Arthur​ បោះជំហានទៅរកថ្មម្តងទៀត ហើយ​ដកចេញ​ទៀត​ដោយភាពងាយស្រួល ។ លើកនេះ ដើម្បីសំញ៉ែងឱ្យ​ក្រុមដែលនៅពីចំងាយបានឃើញ​ដែរ ​គេ​លើកវាឡើងខ្ពស់ផុត​ក្បាលបញ្ជាំងគ្នាជាមួយ​ពន្លឺព្រះអាទិត្យ។

មហាជន​ស្រែកជាញជ័យ​ដោយក្តី​ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហ្វូងមនុស្សមិនដឹងថា ត្រូវគិតយ៉ាងម៉េចទេចំពោះអភិនិហារអស់ទាំងនេះ។

ទីបំផុតមនុស្សម្នាក់បានចេញមកពីក្នុងចំណោមនោះ ហើយ​ស្រែកឡើងខ្លាំងៗ៖

«ស្តេចថ្មីរបស់យើង!»

អ្នកទីពីរបន្ទរតាម៖

«ទីបំផុត! យើងមានស្តេចហើយ​!”

 គ្រប់គ្នា​បន្ទរតាម​ “ នៅទីបំផុត!”

គ្រប់គ្នាសាទរឡើង។

ទោះយ៉ាងណា​ស្រាប់តែ

“ ឈប់!” អ្នកណាម្នាក់ទៀតបានស្រែកឡើង។

គេជិះសេះខ្ពស់មួយចូលមកជាសភាពអភិជនខ្លាំងក្លាម្នាក់ហើយថ្កោលទោសថា៖

 “តើអ្នករាល់គ្នា ពិតជាគិតថា ក្មេងប្រុសស្គមស្គាំងនេះ គួរតែគ្រប់គ្រងលើយើងទាំងអស់គ្នាមែនទេ?”

“ បាទ!” បាននិយាយថាសំឡេងមួយតបត នាំឱ្យបុរសប្រឆាំងនោះ​និងមហាជន​ចោល​ ភ្នែកមកតាមដាន​ទាំងអស់គ្នា។

នោះជាការបង្ហាញខ្លួននៃ​គ្រូមន្តអាគម Merlin ។

“ ខ្ញុំស្គាល់ក្មេងប្រុសនេះ។ ខ្ញុំស្គាល់បេះដូង​មហាសាលនិងភាព​រឹងមាំ​នៃធាតុមេឃដី​របស់គាត់។ នៅប្រទេសអង់គ្លេសនេះ គ្មាននរណាម្នាក់ដែលមានបេះដូងធំទូលាយ​និង អំណាច​ខាងក្នុងខ្លាំងជាងគាត់ទៀតទេ។ ដាវ នេះ បានប្រាប់យើងថា យុវជននេះគឺជាស្តេចបន្ទាប់របស់អង់គ្លេស។ វាជាបណ្តាសារនៃអទិទេព”

អ្នកជំទាស់ដដែលបានស្រែកឡើង៖

«យើងមិនប្រកែកទេ តែ​ស្តេចយើងត្រូវចេញមកពីវណ្ណៈអភិជន មិនមែនក្ររហាមឡើយ!»

 គ្រូមឺលីនបានងក់ក្បាល​ហើយ​និយាយថា៖

“ ក្មេងប្រុស នេះ មិនត្រឹម​តែជា​អភិជន​គឺជារាជវង្ស!​ទ្រង់ជារាជកុមារបាត់ខ្លួននៃ​ស្តេចអ៊ូធើរ សួរ គាត់ទៅតើគាត់ឈ្មោះអ្វី?!

ការអបអរសាទរចាប់ផ្តើមរំពង​ ឡើង!

«ចូលចម្រើនស្តេចArthurៗៗៗៗ»

លោក Sir Ector បានយល់រឿងហេតុពិតហើយ ដែលមនុស្ស​ចម្លែកម្នាក់នេះ​បាននាំមកឱ្យខ្លួននូវទារកតូច គួរឱ្យស្រលាញ់មួយកាលពីជិតម្ភៃឆ្នាំមុន។ គាត់យំ ហើយងើយមើលទៅមេឃ។
មនុស្សម្នា​​លុតជង្គង់។

នៅទីបំផុតស្តេចថ្មី​ត្រូវបានជ្រើសរើសឡើង។

 ស្តេចវ័យក្មេងបាន​របោះជំហានទៅរកថ្មម្តងទៀតហើយឡើងឈរពីលើវា ។ ទ្រង់ទន្ទេញពាក្យថា «យើង​នឹង​បន្ថែមសេចក្តីសង្ឃឹម​ និងថ្ងៃថ្មីសម្រាប់ប្រទេសអង់គ្លេស!»