រឿង៖ អចេតនាស្នេហ៍ ភាគ២

កំពូលមិត្ត
កុំទាន់ចង់ដឹងម្នាក់ប្រុសហ្នឹងងជាអ្នកណាពេលនេះខ្ញុំនៅអង្គុយហាងកាហ្វេជាមួយអ្នកសី…
«បើគង់តែ Reply គេដដែល មិនបាច់ធ្វើឬកចិត្តដាច់មិន Seen chat គេទេ នាងជីន…ចាំបាច់ Screenshot មក Zoom មើលនាំតែពិបាកភ្នែកធ្វើអី? បើចង់ដឹង Story គេនិយាយពីអ្វីខ្លះ ម៉េចក៏មិនចុច View ទៅ? ឯងខ្លាចគេដឹងណាស់ ថាឯងចាប់អារម្មណ៍លើគេ? ឱ!នាងជីនអើយ បើយើងជាសត្យា ក៏ខ្ជិលមកញ៉ែស្រីមហាយ៉ាប់ដូចជាឯងដែរ វាហត់ណាស់!»
ចាំបាច់ Share ធ្វើអី? យ៉ាងម៉េច? ឯងនៅតែមិនសុខចិត្តដែលយើងផុសជេរឯងកាលពីជាងបីឆ្នាំមុនទៀតមែនទេ?
ខ្ញុំគ្រាន់តែងាកសម្លក់នាងច្រមក់នោះដឹងមុនបាត់ទៅហើយថាខ្ញុំចង់ដេញទាត់គេ ទើបប្រឹងដើររហ័សចេញពីតុកាហ្វេមិនខ្វល់។ តាមថា វាគួរឱ្យចង់សើចណាស់កាលនោះដែលខ្ញុំលួចស្រលាញ់គេពេលណាក៏លួចមើលស្តូរីគេរបៀបលួចលាក់ដែរ។
ពិសីដើរត្រលប់មកវិញជាមួយកែវទឹកត្រជាក់ គិតអ្ហែស? ថាខ្ញុំនឹងបានធូរចិត្តមិនខឹងហើយឈប់គិតចង់ដេញទាត់គេ?
នែស! បើកាហ្វេល្វីងណាស់ ឯងផឹកទឹកត្រជាក់សិនទៅ! ខ្ញុំបានត្រឹមសើចហួសចិត្តនឹងចរិតយ៉ាប់របស់មិត្តម្នាក់នេះ។ សំណាងហើយដែលខ្ញុំមានគេម្នាក់គ្រាន់នឹងកំដរការឈឺចាប់រហូតមក បើមិនអ៊ីចឹងមិនដឹងថាភាពវេទនាទាំងអស់នោះខ្ញុំនឹងត្រូវឆ្លងកាត់ដោយរបៀបណាទេ បើរឿងគ្រប់យ៉ាងខ្ញុំមិនហ៊ាននឹងឱ្យគ្រួសារដឹងបន្តិចផងនោះ។ ឯងស្មានថាយកទឹកត្រជាក់មួយកែវមកលួងខ្ញុំបាន?
ចុះយ៉ាងម៉េច? ឬក៏ចង់ថែមស្ករ? ឯងមិនខ្លាចធាត់ស្លាប់ទេ? ក្រែងពីដើមមកចូលចិត្តរសជាតិល្វីងណាស់ ទើបមកធ្វើឯងចូលចិត្តផ្អែមអីណា តាំងពីជិតបាន… បើជើងខ្ញុំមិនរហ័សធាក់នាងច្រមក់នោះទេ មាត់គេច្បាស់ជាគ្មានគម្របនិយាយតែផ្តាសធ្វើឱ្យខ្ញុំខ្មាស់គេពេញទាំងហាងហើយ។ សីសី ដ៏ល្អបែរជាអង្គុយញញឹមផឹកកាហ្វេឌឺខ្ញុំមិនខ្វល់ គិតទៅស្រីឆ្កួតនេះប្រសព្វធ្វើចរិតឱ្យខ្ញុំពិបាកនឹងលើកដៃវាយគេណាស់ បើមិនក្នាញ់នឹងគេដល់ស្លាប់ ក៏ត្រូវគេធ្វើឱ្យសើចគាំងស្លាប់ដែរ។ មិនចង់ឱ្យសីសីនិយាយទេនាំតែមនុស្សច្រើនក្នុងហាងបានដឹង តែខ្ញុំលួចប្រាប់ចុះ គេនិយាយមុននេះគឺថាខ្ញុំជិតបានប្តីហើយ ហើយជាប្រុសម្នាក់ដែលខ្ញុំបង្ហើបមុននឹងឯង។ ពីរឆ្នាំដែលខ្ញុំព្យាយាមបំភ្លេចក្រាស់ មួយឆ្នាំចុងក្រោយដែលខ្ញុំគ្មានអារម្មណ៍សោះនឹងខ្វល់ពីមនុស្សប្រុសណា ពេលនេះខ្ញុំក៏មិនអាចបន្តបដិសេធនឹងគ្រួសារថាមិនរៀបការ… ខ្ញុំនៅតែត្រូវរៀបការតាមការផ្សំផ្គុំរបស់ម៉ែដដែលបើពេលនេះខ្ញុំខ្លួនឯងក៏មិនដឹងថានឹងត្រូវប្រគល់បេះដូងឱ្យអ្នកណាផង បើមនុស្សដែលខ្ញុំស្រលាញ់ សុទ្ធតែមិនស្រលាញ់ខ្ញុំ សំខាន់គូរដណ្តឹងខ្ញុំ គេស្រលាញ់ខ្ញុំមិនមែនត្រូវម្តាយបង្ខំ ដើម្បីតែរៀបការឱ្យរួចពីមុខពីមាត់នោះទេ។ តែនិយាយទៅ ខ្ញុំមិនដឹងថាអ្វីដែលម៉ែនិយាយប្រាប់គ្រាន់តែធ្វើឱ្យខ្ញុំអស់ចិត្ត ឬយ៉ាងម៉េច? ហើយខ្ញុំក៏នៅតែឆ្ងល់មិនបាត់សោះថា គេស្រលាញ់ខ្ញុំបែបណា? បើខ្ញុំមិនសូវស្គាល់គេផង? ណាស់តែគ្មានឱកាសបានសួរគេ។ តែឆ្ងល់ឯងចេះតែយល់ព្រមរៀបការនឹងគេកើតដែរនាងជីន? កំពុងតែខ្វល់ច្រើនស្រាប់តែសីសីរបស់យើងនិយាយឡើងធូរ៖ ល្អហើយដែលឯងសម្រេចចិត្តរៀបការតាមអ៊ំស្រី បើមិនអ៊ីចឹងទេមិនដឹងថាខ្ញុំនឹងត្រូវបន្តកំដរឯងដល់ពេលណាទៀតនោះទេ?
អ៎! អ៊ីចឹងមានន័យថា ពេលរៀបការរួច ឯងក៏លែងខ្វល់ពីខ្ញុំ? ក៏ត្រូវហើយ! នែសដឹងទេ? ខ្ញុំអរណាស់ ព្រោះពេលខ្លះក៏ភ័យ ខ្លាចគេថាខ្ញុំនិងឯងស្រលាញ់គ្នាទៀតផង!
នាងច្រមក់នេះចំមែនហើយ ចេះមកនិយាយពាក្យបញ្ឈឺបែបនឹងទៅកើត ក៏ដឹងហើយថាខ្ញុំមិនសូវចង់រៀបការប៉ុន្មាន។ កុំតែពិបាកបដិសេធតទៅមុខទៀត ហើយគ្មានមុខដែលត្រូវចួបដូនតា កុំអីនៅស៊ីងហ្គលដល់អាយុសាមសិបក៏មិនទាន់ហួសពេលរៀបការដែរ។
ម៉េចក៏ត្រូវភ័យ? ពួកគេដឹងតាំងពីដើម ថាខ្ញុំស្រលាញ់បុរស មិនមែនស្រីចរិតប្រុសដូចឯងទេ! គ្រាន់តែឮភ្លាម នាងល្អិតក៏ស្ទុះមកប្រុងវាយក្បាលខ្ញុំ៖ នាងជីនមាត់ស្អុយ! ខ្ញុំរឹងមាំ តែជាសុភាពនារី មិនមែនចរិតប្រុសទេ! ឯងនឹងហើយទើបចរិតប្រុស!
អ៎! បើអ៊ីចឹងឯងចាំបាច់បដិសេធនឹងពាក្យសារភាពរបស់គេធ្វើអី? គេធ្លាក់ទឹកមុខលែងញញឹម លែងសម្លឹងឌឺខ្ញុំ។ ខ្សែភ្នែកគេបង្ហាញពីការឈឺចាប់ច្បាស់ណាស់ តែខ្ញុំអត់ស្តាយក្រោយនូវអ្វីដែលខ្ញុំបាននិយាយទេ ព្រោះខ្ញុំចង់ឱ្យគេប្រឈមមុខបំភ្លេច ដូចកាលដែលខ្ញុំត្រូវបង្ខំចិត្តចាកចេញពីសត្យានៅថ្ងៃនោះឯង។ ខ្ញុំក្រោកទៅអង្គុយតុជាមួយគេ ហើយប្រកៀកស្មាជាប់ ព្រោះក្រៅពីគេដែលលួងលោមការឈឺចាប់ខ្ញុំ ខ្ញុំក៏ជាមិត្តម្នាក់ដែលតែងស្តាប់ឮរាល់ការឈឺចាប់របស់គេដូចគ្នា។ ហើយពិសីឈឺជាងខ្ញុំកម្រិតណា ខ្ញុំយល់ច្បាស់ ពេលខ្លះ ខ្ញុំក៏ចង់ទទួលយកភាពឈឺចាប់ទាំងនោះពីក្នុងខ្លួនគេឱ្យអស់ មកដាក់ក្នុងបេះដូងរឹងមាំរបស់ខ្លួនឯង ព្រោះខ្ញុំមិនសូវចេះលួងលោមគេដូចដែលគេលួងលោមខ្ញុំនោះទេ។ ហាសហា…
នាងច្រមក់នោះស្រាប់តែសើចឡើងធ្វើឱ្យខ្ញុំលស់ព្រលឹង។ ជាមួយកែវភ្នែកព្រួយបារម្ភរបស់ខ្ញុំចំពោះគេប្រែទៅជាសម្លក់ព្រោះក្នាញ់ដែលគេលេងសើចនឹងខ្ញុំ សីសីជើងល្អក៏រកលេសមកនិយាយដោះសា៖
ហ៊ើយ…យើងកាត់ចិត្តហើយតើ ឯងនៅសង្ស័យអីទៀត? បើអ៊ីចឹងត្រលប់ទៅធ្វើការវិញទៅ?
មិនទៅ! ច្បាស់ណាស់ថាឯងនៅមិនទាន់ព្យាបាលរបួសនោះរួច! កុំប្រាប់ថា គេមិនទាន់ប្រកាសជាផ្លូវការ ឯងនៅតែទុកបេះដូងសម្រាប់គេ?
គេក៏បន្តស្ងាត់ស្ងៀម បន្ទាប់ពីធ្វើសើចបោកបញ្ឆោតខ្ញុំ។ ស្គាល់គ្នាជាងប្រាំឆ្នាំហើយ គិតថាខ្ញុំមិនយល់ពីអ្វីដែលគេកំពុងគិត នឹងរឿងឈឺចាប់ដែលគេកំពុងប្រទះមែនទេ? បើមិនអ៊ីចឹង មិនមែនរឿងដែលគេព្យាយាមលាក់ក៏ខ្ញុំអាចដឹងបាននោះទេ។
មាត់គេរឹងណាស់ ហើយក៏ចូលចិត្តបោកអ្នកគ្រប់គ្នាថាគេបេះដូងដែក តែសម្រាប់ខ្ញុំដែលជាមិត្តស្និទ្ធិបំផុតរបស់គេ ទើបស្គាល់គេច្បាស់ថាជាមនុស្សបែបណា។ សីសីពេលខ្លះរឹងមាំតែសំបកក្រៅប៉ុណ្ណោះ ចិត្តនាងក៏ចេះទន់ជ្រាយ ក៏ចេះឈឺចាប់ ណាស់តែខ្ញុំមិនសូវបង្ហាញនាងថាខ្ញុំបានដឹង។
ខ្ញុំឱ្យបគេកាន់តែខ្លាំង ក្រៅពីបែបនេះ ខ្ញុំមិនសូវប្រសព្វនិយាយទ្រឹស្តីដើម្បីលួងលោមដូចជានាងល្អិតនេះធ្វើដាក់ខ្ញុំគ្រាខូចចិត្តពេលស្រលាញ់សត្យានោះទេ។ ពេលនោះគេញញឹម ពាក្យដែលខ្ញុំថាគេមិនគួរបដិសេធនឹងអ្នកដែលតាមស្រលាញ់គេខ្ញុំមិនស្តាយក្រោយទេ តែកាលដែលខ្ញុំនិយាយបង្ខំគេឱ្យទៅធ្វើការកន្លែងចាស់វិញ គឺខ្ញុំស្តាយក្រោយណាស់ មិនគួរនិយាយពាក្យនេះឡើងព្រោះតែចង់ឌឺគេមួយពេលនោះទេ។
មិនមែនកន្លែងនោះទេអ្ហែស? ដែលធ្វើឱ្យមិត្តខ្ញុំម្នាក់នេះក្លាយទៅជាដូច្នេះ? ម៉េចក៏ខ្ញុំអាចលើកវាមកនិយាយទៅរួច នៅអួតថាខ្លួនឯងជាមិត្តល្អ ហើយយល់ពីគេគ្រប់រឿងទៀត នាងជីនឡប់អើយ!
អស់ពីស្តីថាឱ្យខ្លួនឯង ខ្ញុំក៏ប្រញាប់នាំគេទៅផ្ទះវិញ…
ប្រហែលត្រូវទឹកផ្កាឈូកត្រជាក់លាងចិត្តស្អុះស្អាប់របស់គេឱ្យរសាត់អស់ហើយ ទើបក្រោយពីចេញពីបន្ទប់ទឹករួចគេក៏និយាយដាក់ខ្ញុំធម្មតាដូចគ្មានរឿងអ្វីកើតឡើង៖
ជីនអ្ហា…ឯងទៅស្រុកពេលណា? គឺ…មិនដឹងទេ!
បើទៅស្រុកគឺទៅដើម្បីរៀបការហើយ ហើយចូលរោងការពេលណាខ្ញុំម៉េចនឹងចាប់អារម្មណ៍ទៅ? តែរឿងនេះមិនអាចនិយាយប្រាប់ម៉ែទេ បើមិនអ៊ីចឹង មិនសមធ្វើជាកូនស្រីគាត់ឡើយ ព្រោះបើខ្ញុំមិនព្រមម៉ែមិនក៏មិនដែលបង្ខំ បើឱ្យគាត់ដឹងថាខ្ញុំកុហកគាត់ធ្វើជាព្រមរៀបការដោយសុទ្ធចិត្តមិនដឹងថាគាត់ខ្ញាល់ប៉ុណ្ណាទេ។
ជាកូនក្រមុំម៉ាកស្អីនឹង? នែ! ទៅថ្ងៃណា ស្រួលយើងដាក់ច្បាប់ទៅដែរ កំដរការឯងមួយរោងនេះច្បាស់ជាខាតធ្ងន់ណាស់! ឆឹស! ស្មានថាការឯង ខ្ញុំមិនដាក់ច្បាប់ទៅកំដរដែរទេ?
អ្នកណាប្រាប់ឯងថាយើងនឹងរៀបការ? មិនមែនព្រោះរឿងស្នេហាខកចិត្តមួយនោះគេចង់នៅព្រៅរហូតទេ? តែយ៉ាងហោចណាស់គេអាយុប្អូនខ្ញុំដល់ទៅពីរឆ្នាំបើទោះពីរឆ្នាំទៀតទើបរៀបការក៏ដំណាលខ្ញុំដដែលនឹង ពេលនេះគេអាចនិយាយបានធូរហើយព្រោះទើបម្ភៃប្រាំមួយឆ្នាំ ឯខ្ញុំខ្វះពីរឆ្នាំទៀតគឺសាមសិបហើយ។ ខ្ញុំដើរទៅប្រកៀកស្មាគេជាទម្លាប់ ស្រីល្អិតនោះធ្វើជាខឹងហើយគ្រវាសដៃខ្ញុំចេញ តែខ្ញុំក៏បង្ខំទៅចាប់សង្កត់កគេ ជាទម្លាប់ដែលចូលចិត្តលេងដៃធ្ងន់ ដូចនឹងពាក្យគេតែងថាពួកខ្ញុំគឺស្រីចរិតប្រុស៖ មិនរៀបការមិនបានទេ…យើងធុញមុខឯងណាស់ សីសី…
អ៊ូយ…លែងយើងទៅនាងជីនឡប់ ឯងចង់ច្របាច់កយើងស្លាប់អ្ហែស? មិនលែង! ប្រាប់មកថាឯងនឹងរៀបការ…
ក៏បានៗ… ខ្ញុំព្រលែងដៃដែលខ្ញាំគេរើមិនរួចហើយក៏រហ័សទាញគេឱ្យអង្គុយ។ សីសីវាយក្បាលខ្ញុំផូង តែត្រូវខ្ញុំសម្លក់ដាក់។ យ៉ឺស! គ្រាន់បើណាស់តើ បានស្និទ្ធិស្នាលមិនគិតអាយុលេងមកវាយក្បាលឯងផុយៗអ៊ីចឹងហ្មង។ តែពេលនោះប្រហែលដឹងខ្ញុំគិតអីនាងច្រមក់ក៏និយាយឡើង៖ អាយុបងក៏ដោយក៏យើងវាយដែរ! ឯងនេះឡប់មែនហើយតើ បើដឹងបានប្តីឯងឆ្កួតអ៊ីចឹង ទៅប្រាប់អ៊ំថាឯងមិនចង់រៀបការវិញល្អជាង!
ខ្ញុំមិនខ្វល់ក៏ប្រែជាញញឹមហើយគេងកើយភ្លៅគេធ្វើព្រងើយ ព្រោះរកឱកាសដែលមានអ្នកជួយទៅជម្រាបម៉ែពីការពិតយូណាស់ទៅហើយ។ តែថាមកពីខ្ញុំដឹងនាងសីបានតែមាត់ មិនទៅហ៊ានប្រាប់ម៉ែពីរឿងនេះច្រើនជាងទើបខ្ញុំសើចសប្បាយចិត្តឌឺគេទៅ។
បើបានឯងទៅប្រាប់ម៉ែក៏ល្អណាស់ អើ! ចង់ឱ្យឯងនៅស៊ីងហ្គលគ្រប់អាយុសាមសិបឆ្នាំ បន្ទាប់មកក៏ឆ្នាំអូនសាមសិបមួយគ្មានអ្នកយកៗ ទើបសមមុខ!
ខ្ញុំក៏ឌឺគេទាំងដឹងហើយថា ហេតុផលនៅខាងខ្ញុំ៖
ទៅៗ…ទៅៗ អូនសីសី… តែមិនបានទេ! បើឯងនៅស៊ីងហ្គលមែន ខ្ញុំខ្លាចប្រុសៗទាំងនោះមិនហ៊ានមកក្បែរ គ្មានសង្សាមិនអីទេ សំខាន់កុំឱ្យតែគេថាខ្ញុំជាសង្សាឯងទៅបានហើយ!
ឈប់រអ៊ូពីរឿងនឹងទៅ មើលតែយាយចាស់ហើយ! ឈប់និយាយពីរឿងនឹងនិយាយពីអីវិញ? អ៎…ហើយចុះគូដណ្តឹងឯង? គាត់យ៉ាងម៉េចហើយ?
យ៉ាងម៉េច? និយាយមិនទាន់រួចពីមាត់ផង សំឡេងទូរសព្ទខ្ញុំរោទន៍ឡើង។ វាជាលើកទីមួយហើយដែលអ្នកទាំងអស់គ្នាបានស្តាប់គាត់និងខ្ញុំនិយាយឆ្លងឆ្លើយគ្នា មែនអត់? តែសូមទោសផង ខលនោះជាឈែតគាត់មែន តែក្មួយប្រុសដ៏គួរឱ្យស្រលាញ់របស់គាត់ជាអ្នកឈែតទេ។ ខ្ញុំដំបូងរាងបង្អាក់មិនចង់ទទួលដែរ ព្រោះមិនដឹងត្រូវនិយាយអ្វីជាមួយគាត់។ នាងសីនិយាយដើមគាត់ច្រើនម្លឹងសង្ស័យតែគាត់ត្អើកមិនឈប់ហើយខលមកសួររកមុខអ្នកនិយាយដើមទេ ព្រោះគាត់ដឹងថាសីសីយើងនេះបូរបាច់ចូលចិត្តគាត់ណាស់។ តែដោយនឹកថាពេលថ្មល់នេះប្រហែលមានតែឆេកូទេដែលចង់ចួបនិយាយជាមួយខ្ញុំ ហើយប្រើប្រាស់ឈែតពូរបស់គេខ្ញុំក៏ស្ទុះទទួល៖ ហាយ…
មុខគេពេញអេក្រង់ទូរសព្ទគួរឱ្យក្នាញ់ណាស់។ ក្មេងតូចអាយុបួនឆ្នាំនេះហើយដែលធ្វើឱ្យខ្ញុំហ៊ានសម្រេចចិត្តរៀបការជាមួយពូគេទាំងមិនច្បាស់លាស់ថាស្រលាញ់៖
មីងជីន… ឆេកូ! នឹកមីងមែនទេក្មួយ?
បាទ! ឆេកូនឹកមីងជីនណាស់ ពេលណាទើបមីងជីនមកលេងឆេកូដូចលើកមុនទៅ? នាងសីញញឹមក្របួច ឱ្យតែបានឮថាខាងគ្រួសារគេពេញចិត្តខ្ញុំ ជាពិសេសខ្ញុំបានពិន្ទុខ្ពស់ព្រោះមានឆេកូជាអ្នកត្រួសត្រាយផ្លូវ គេសប្បាយចិត្តជាងខ្លួនឯងជាអ្នកដែលត្រូវធ្វើជាកូនក្រមុំទៅទៀត។ នាងល្អិតម្នាក់នេះសង្ស័យធុញខ្ញុំដល់កម្រិតហើយ គេចង់តែដេញខ្ញុំរៀបការបាត់ពីមុខពីមាត់ឆាប់។ ឆេកូអ្ហា…អាទិត្យនេះមីងជីនទៅលេងហើយ ក្មួយចាំទទួលណា…
ខ្ញុំភ្ញាក់ព្រើតនឹងសម្តីគេ ក៏រហ័សផ្កាប់ទូរសព្ទទៅលើពូកហើយទាញសក់នាងជំនួសជើងដែលប្រុងលើកធាក់។ នាងសីឡប់គ្រឿងហើយអ្នកណាប្រាប់ថាខ្ញុំចង់ទៅផ្ទះគេ?
ឯងនិយាយស្អីនាងសីឡប់? អ្នកណាថាយើងទៅលេងគេ? គេប្រឹងបើកភ្នែកធំមិនឆ្លើយទាំងមានអំនួតហើយចង្អុលទូរសព្ទគម្រាមខ្ញុំ ស្របពេលដែលឆេកូបាត់មុខខ្ញុំក៏កំពុងស្រែកហៅជាប់៖ មីងជីនទៅណាហើយ? ពូសិទ្ធិ…ម៉េចក៏បាត់រូបមីងជីន?
ខ្ញុំឮឆេកូហៅឈ្មោះពូរបស់គេក៏ដឹងថា ការពិតប្រុសម្នាក់នោះក៏នៅជិតនោះដែរ។ នាងសីបើកភ្នែកធំដាក់ខ្ញុំធ្វើរបៀបសើចឌឺហើយរហ័សទាញទូរសព្ទពីខ្ញុំទៅបើក ធ្វើឱ្យខ្ញុំប្រឹងគេចទៅម្ខាងព្រោះខ្លាចឃើញមុខគេតាមអេក្រង់ទូរសព្ទ៖
ហេឆេកូ គឺមីងសីណា… មីងសី! មីងជីនទៅណាហើយ?
មីងជីនអៀនពូសិទ្ធិពួនក្នុងភួយបាត់ទៅហើយ! វានិយាយហើយសើចធ្វើមិនដឹង មិនខ្វល់ពីសំឡេងបេះដូងខ្ញុំដែលកំពុងលោតញាប់អីបន្តិចសោះ៖ នាងឡប់សី…ហ៊ើយ…
ឯណាពូសិទ្ធិ ឱ្យនិយាយជាមួយមីងជីនបន្តិចទៅ គាត់នឹកពូសិទ្ធិក្មួយណាស់ នាងសី………………
ខ្ញុំខឹងនាងសីណាស់ ពេលនោះបើគេមិនរហ័សរត់ចោលទូរសព្ទទេខ្ញុំនឹងដេញធាក់គេទម្លាក់គ្រែមិនខាន។ គេដឹងហើយថាម្នាក់នោះនៅក្បែរម៉េចក៏នៅតែនិយាយឮៗបែបនោះទៅកើត? ខ្ញុំនឹងក៏ណាស់ទៀត ធ្វើមើលតែមិនដែលស្គាល់គេពីមុនមក ទោះយ៉ាងណាក៏ធ្លាប់អង្គុយផ្ទឹមសែនចងដៃម្តងទៅហើយ តែមិនដឹងម៉េច ព្រោះមនុស្សមិនស្គាល់គ្នាតាំងពីដើមដល់តែមកស្គាល់ ត្រូវរួមព្រេងរួមវាសនាអីនេះ ខ្ញុំដូចជាមើលមុខគេមិនចំសោះ។
ខ្ញុំអៀនរហូតនឹងជាមួយមនុស្សប្រុស ណាស់តែធ្វើហំហានតើ…
មីងជីនអ្ហា…ពូសិទ្ធិកំពុងតែងូតទឹក! ឮឆេកូនិយាយបែបនោះខ្ញុំដកដង្ហើមធំធូរទ្រូង តែនាងសីវាធ្វើមុខដូចជាន់លាមកគោ។ ចង់ណាស់ឬ? ចង់ស្តាប់គេនិយាយសាសងគ្នាណាស់ធ្វើមើលតែខ្ញុំជាមនុស្សផ្អែមល្ហែម និយាយភាសាស្នេហាធ្វើឱ្យចិត្តគេរំជើបរំជួលចង់រៀបការដែរអ៊ីចឹង។ ខ្ញុំខាំឌឺនាងសីហើយក៏ក្រោកពីភួយទៅនិយាយជាមួយឆេកូស្រាប់តែពេលនោះមិនមែនក្មួយប្រុសឯណាគឺគាត់… ភ្លាមៗពេកខ្ញុំគេចមិនទាន់ស្របពេលដែលលោកសិទ្ធិក៏ញញឹមខ្ជឹបមករកខ្ញុំ ខ្ញុំមានតែបង្ខំធ្វើជាញញឹមដាក់វិញឯសីសីសើចឌឺខ្ញុំស្ទើរតែដួលបោកក្បាលនឹងចុងគ្រែ។ អារម្មណ៍កំពុងច្របល់អៀនផងអីផង គេក៏និយាយឡើង៖ សុខសប្បាយទេជីន?
អ៊ឹម…នឹងហើយ សុខសប្បាយតើ! ចុះលោក? គាត់មិនទាន់ឆ្លើយថាម៉េចផង នាងសីក៏ស្ទុះមករួសរាយដាក់អេក្រង់ទូរសព្ទ៖ បងសិទ្ធិអ្ហា…ថ្ងៃអាទិត្យនេះមកទទួលនាងជីនផង គេថានឹកឆេកូ តែមិនដឹងថានឹកក្មួយអាល័យពូឬយ៉ាងម៉េចទេបង?
គិតទៅវាម្នាក់នេះបើមិនបានខ្ញុំដេញទាត់ សង្ស័យតែដេកមិនលក់ទេ តែយ៉ាងណាភ្នែកគេទាំងគូរកំពុងសម្លឹងយ៉ាងច្បាស់ខ្ញុំឯណាទៅហ៊ានរញ៉េរញ៉ៃដាក់នាងសីកើត មានតែលួចក្តិចជាធម្មតា តែគេនៅធ្វើមុខមាំមិនឈឺសោះ។
ខ្ញុំឃើញគេញញឹមជាប់ ហើយនៅសើចដាក់ឆេកូក្មួយសំណព្វចិត្តផង។
មិនអីទេ! ចាំខ្ញុំទៅទទួលជីន! ចុះពិសីមកជាមួយគ្នាទេ? អ៎! ខ្ញុំប្រហែលមិនបានទៅទេបង អាទិត្យនេះត្រូវចុះខេត្តជាមួយមេ បងមកយកនាងជីនទៅដើរលេងផង កុំឱ្យប៉ិននសំងំធ្វើមុខស្អុយក្នុងបន្ទប់ពេក។
ល្មមៗបានហើយនាងសី! លាសិនហើយបងសិទ្ធិ ខ្ញុំសុំខ្លួនទៅក្រៅបន្តិចសិន បងនិយាយជាមួយអ្នកបងចុះ!
គាត់បានត្រឹមតែសើចនិងចរិតឡិឡក់របស់នាងសី តែខ្ញុំសែនក្នាញ់ចង់តែខាំគេទាំងរស់ហើយ។ ហេតុដែលខ្ញុំមិនសូវចង់និយាយទូរសព្ទឬក៏ឈែតជាមួយគាត់ គឺព្រោះតែមានអ្នកសីប៉ិនថែមល្បើយនេះហើយ គាត់ចំណាប់ណាស់រឿងលើកដាក់ ជួនកាលខ្ញុំគ្មានគិតអ្វីផង ក៏អ្នកសីយើងបង្កើតរឿងធ្វើឱ្យគេអង្គុយញញឹមកើតដែរ។
បាននាងល្អិតនោះចេញទៅបាត់ខ្ញុំធូរទ្រូងបន្តិច តែមានឯណាគេមិននៅខ្ញុំវិញទេដែលពិបាកនឹងសម្លឹងអេក្រង់ទូរសព្ទចំ។ ឆេកូក៏មិនដឹងបាត់ទៅណាទៀត៖
ឆេកូទៅណាហើយ? គេចេញទៅក្រៅហើយ!
ខ្ញុំត្រឹមងក់ក្បាលហើយបន្លប់ធ្វើជាមើលអ្វីផ្សេង តែតាមខ្ញុំដឹងគេដូចជាមិនព្រមដកភ្នែកបន្តិចពីមុខខ្ញុំសោះ។ ម៉េចក៏មើលអីមើលយ៉ាងនេះ? កុំប្រាប់ថានឹកខ្ញុំហើយប្រើប្រាស់ឆេកូដើម្បីខលមកខ្ញុំ?
ពេលនោះខ្ញុំក៏នឹកឃើញដល់អនុស្សាវរីយ៍ជាមួយសត្យា។ បើនិយាយពីខលគឺម្តងគត់តាំងពីយើងផ្តើមទាក់ទងគ្នា ព្រោះតាំងពីដើមដែលខ្ញុំហាក់មិនហ៊ានសម្លឹងមើលអ្នកណាចំសោះជាពិសេសមនុស្សដែលខ្ញុំមានអារម្មណ៍ថាចូលចិត្ត។ ខ្ញុំអៀនច្រើន ចូលចិត្តឈែត ហើយគេចូលចិត្តវីដេអូខល ពេលខ្ញុំខឹងម្តងៗគេចូលចិត្តខលណាស់ តែខ្ញុំមិនទទួល គ្រាន់តែនឹកដល់ក៏អារម្មណ៍ល្អដែរ ពេលគេលួងខ្ញុំម្តងៗខ្ញុំសប្បាយចិត្តណាស់។
រវល់តែនឹកដល់សត្យាខ្ញុំភ្លេចទៅថាអ្នកណាដែលកំពុងនៅពីមុខខ្ញុំ។ គេឃើញខ្ញុំស្ងាត់មិនព្រមរំខាន បែរជាញញឹមទាំងគ្មានរឿងទៅវិញ។ ខ្ញុំក៏សួរទាំងហួសចិត្ត៖
ញញឹមអី? គ្មានអីទេ!
គេឆ្លើយខ្លី ហើយខ្ញុំក៏គ្មានអ្វីនឹងសួរបន្តដែរ។ ខ្ញុំមិនសូវចេះនិយាយច្រើនទាល់តែគេសួរទើបឆ្លើយ តែមើលទៅគេមិនសូវចេះនិយាយជាងខ្ញុំទៅទៀត បើខ្ញុំមិនសួរសង្ស័យនៅអង្គុយញញឹមបែបនឹងរហូតហើយ។ តែខ្ញុំហាក់មិនចង់បញ្ចប់កិច្ចសន្ទនាស្ងាត់សូន្យនោះសោះ ក៏កាន់តែមិនចង់និយាយពាក្យលាទៅគេ ហើយរឹទ្ធិតែមិនដាច់ចិត្តចុចបិទ ទោះត្រូវអង្គុយសម្លឹងមុខគ្នាជាងកន្លះម៉ោងទៀតក៏ដោយ។
នាងជីនអ្ហា? ឯងកើតអី? តិចថាលួចនឹកគេដូចនាងសីថាមែន?
ជីន! គេហៅឈ្មោះខ្ញុំបន្ទាប់ពីសម្លឹងមុខខ្ញុំអស់មួយសន្ទុះធំ។ ហ៊ឺម…!
ខ្ញុំភ្ញាក់បើកភ្នែកធំមិនមែនមានចេតនាឆ្លើយឈ្លើយដាក់គេបែបនឹងទេ តែពេលដឹងខ្លួនភ្លាមក៏ខំកែរពាក្យយ៉ាងលឿន៖
ចាស? គាត់ហៅខ្ញុំរួចជ្រួញចិញ្ចើមមិនឈប់តែបបូរមាត់នៅតែខំញញឹម មិនមែនព្រោះតែខ្ញុំស្ងាត់ពេកទេ? ហើយសម្លឹងកែវភ្នែកស្រអាប់របស់គាត់ទៅក៏មិនប្រាកដថាចង់បញ្ចប់ឃ្លាសន្ទនាពេលដែលម្នាក់ៗស្រាប់តែស្ងាត់ឈឹងដែរ។ គាត់ស្ទាក់ស្ទើរដូចមានអ្វីនៅទើបំពង់កហានិយាយមិនរួច កាន់តែធ្វើឱ្យខ្ញុំអន្ទះសារ៖ មានអីមែន?
អ៊ឹម…បងមានរឿងមួយចង់និយាយជាមួយជីន! ឮគាត់និយាយពាក្យ«បង»តាមថាខ្ញុំកាន់តែអៀនហើយរឹងខ្លួន ព្រោះតាំងពីចួបដំបូងរហូតឈានដល់ថ្ងៃភ្ជាប់ពាក្យយើងទាំងពីរនាក់ហៅគ្មានត្រឹមលោកនិងអ្នកនាងដូចអ្នកស្គាល់គ្នាធម្មតាប៉ុណ្ណោះគ្មានភាពស្និទ្ធិស្នាលល្មមអាចឱ្យអ្នកជុំវិញខ្លួនដឹងថាពួកយើងមានទំនាក់ទំនងអ្វីជាមួយគ្នានោះទេ តែអារម្មណ៍ពេលនោះខ្ញុំបែរជាសម្លឹងមុខគាត់ចំ ហើយមិនស្រណុកចិត្តទៅវិញ។ លើកទីមួយហើយដែលខ្ញុំឃើញគាត់គេចមុខមិនហ៊ានសម្លឹងខ្ញុំចំ។ ចរិតខ្ញុំអន្ទះសារណាស់ ជាពិសេសគ្មានតម្រុយអ្វីបន្តិចសោះដែលអាចឱ្យខ្ញុំដឹងបានថាគាត់ចង់និយាយរឿងអ្វីជាមួយខ្ញុំ។ ខ្ញុំក៏សួរភ្លាម៖ ចង់និយាយពីរឿងអី? ពេលនេះអ្ហែស?
ម៉េចក៏គាត់នៅស្ងៀម? គាត់បែរជាព្យាយាមគេចមិនឆ្លើយសំណួរខ្ញុំហើយបង្វែរទៅរឿងផ្សេងទៅវិញ៖
ចាំថ្ងៃអាទិត្យបងទៅយក! ខ្ញុំតាមថាមិនសមនឹងបណ្តោយឱ្យរឿងនោះកន្លងផុតទាំងសញ្ញាសួរកំពុងលោតពេញខួរក្បាលខ្ញុំយ៉ាងនេះទេ តែមើលទៅគាត់ដូចជាមិនចង់និយាយរឿងអាថ៌កំបាំងរបស់គាត់ប្រាប់ខ្ញុំនៅពេលនេះដែរ។ ព្រោះតែមិនសូវចេះបង្ខំគេតាំងពីដើម ខ្ញុំក៏ណ្ហើយមិនដេញដោល៖ មិនអីទេ កុំឱ្យពិបាកចុះឡើង ចាំខ្ញុំទៅខ្លួនឯងក៏បាន! តែខ្ញុំទៅលេងឆេកូទេណា…
គាត់ញញឹមធ្វើឱ្យបេះដូងខ្ញុំរេរាំពិបាកគ្រប់គ្រង។ ដឹងអត់រាល់ពេលដែលគាត់សើចឬញញឹមដ្បិតថាបុរសម្នាក់នេះមានសម្បុរស្រអែម មិនសខ្ចីដូចសត្យា តែរាង នឹងកំពស់ខ្ពស់ស្រឡះ ជាពិសេសស្នាមញញឹមស្រស់របស់គាត់ ធ្វើឱ្យបេះដូងខ្ញុំនៅមិនសុខសោះ វាចេះតែកញ្ជ្រោល ហើយលួចអដែរថា អ៊ីយ៉ា អនាគតប្តីខ្ញុំសង្ហារម្យ៉ាងតើ…
តែ…តែរឿងអីដែលគាត់ចង់ប្រាប់ខ្ញុំឱ្យប្រាកដ?

មានភាគបន្ត…