រឿង៖ អចេតនាស្នេហ៍ ភាគ៤(បញ្ចប់)

សមមុខហើយ…
ខ្ញុំដេកមិនចង់ក្រោកសោះព្រឹកនេះព្រោះមិនស្មានថាខ្លួនឯងមានភួយសាច់ដណ្តប់កក់ក្តៅដល់ម្លឹង…
បានគេសសៀរៗនៅក្បែរទ្រូងខ្ញុំកាន់តែធ្វើពុតមិនចង់ភ្ញាក់ ស្រាប់តែភ្លាមជើងគេបានគងលើខ្លួនខ្ញុំមួយទំហឹងវីសតែនឹងដល់ក្បាល ខ្ញុំភ្ញាក់ក្រញ៉ាងទើបដឹងថា គឺអាក្មួយក្បាលខូចនោះទេ ដែលនៅក្រាញននៀលក្បែរខ្លួនខ្ញុំមិនព្រមក្រោក ឯជីនបាត់ទៅណាក៏មិនដឹង។
ឆេកូ! ឆេកូ! ក្រោក… ខ្ញុំដាស់គេព្រោះម៉ោងជិតប្រាំពីរទៅហើយ ម្យ៉ាងហួសចិត្តខ្លួនឯងដែលនៅច្រឡំក្មួយប្រុសស្មានតែប្រពន្ធផង បើឆេកូចេះមើល ចេះចាប់អារម្មណ៍យល់សាច់ការណ៍មិនដឹងថាគេនឹងសើចពូយ៉ាប់ម្នាក់នេះប៉ុនណាទេ។ មិនទាន់នឹងក្រោករួចពីគ្រែផង ទ្វាក៏របើកឡើង… គេដើរសំដៅទាំងស្នាមញញឹម តែច្បាស់ណាស់គោលដៅមិនមែនខ្ញុំទេ ជីនបែរជារហ័សទទួលឆេកូដែលក្រោកដើរទៅចុងគ្រែសួរគេរំលងខ្ញុំទៅវិញ៖ ឆេកូ…ក្រោកហើយឬក្មួយសម្លាញ់?
មីងជីនអ្ហា…អូនឃ្លានបាយណាស់… អាល្អិតនោះញីភ្នែកមមីរបស់គេ ហើយនៅរអ៊ូគួរឱ្យក្នាញ់ទៀត។ គេបានអ្នកមើលថែពិសេសមិនត្រឹមតែល្មោភដេក នៅល្មោភស៊ីទៀត បើកភ្នែកមិនទាន់បានប្រាំនាទីផង ទារកបាយទៅហើយ។ វាចេះធ្វើឬកអីសម្បើមម្ល៉េះ? រាល់ថ្ងៃដូចមិនដែលឃើញទារម៉ាក់វាអ៊ីចឹងទេ? បើមិនហត់នឹងដេញបញ្ចុកបាយទេ ក៏មិនបាច់ហៅគាត់ថាលោកម្ចាស់តូចដ៏ពូកែរពឹសដែរ។ តែខ្ញុំឃើញគេដូចជាសប្បាយចិត្តនឹងមើលថែក្មួយខ្ញុំណាស់៖ ចាំមីងជីនងូតទឹកឱ្យសិនណា ដុះធ្មេញរួច ចាំទៅហូបបបរ ល្អទេ?
បាទមីងជីន! គេថារួចក៏ពរឆេកូចូលទៅក្នុងបន្ទប់ទឹកបាត់។ តែម៉េចក៏មុខខ្ញុំគេមិនព្រមមើលសោះអ៊ីចឹង? យប់មិញដែលខ្ញុំគេងឱបគេ សូម្បីតែរើបន្តិចគេមិនរើផង រឹងខ្លួនភ័យៗដូចកូនសត្វធ្លាក់ទឹក កុំប្រាប់ថាខឹងខ្ញុំ ហើយឈប់ស្តីនិយាយរកណា។ ខ្ញុំប្រុងថានឹងស្ទុះវឹងចូលទៅសួរគេតែម្តង… តែភ្លាមក៏នឹកគិតថា អេ…អាសិទ្ធ! ឯងកើតអី? ម៉េចក៏ត្រឹមមួយយប់ឯងផ្លាស់ប្តូរចិត្តគំនិតអស់អ៊ីចឹង? ក្រែងនិយាយច្បាស់ហើយថាឯងមិនបានស្រលាញ់គេ? ចុះម៉េចក៏…គ្រាន់តែបានដឹងថាគេស្រលាញ់ឯងភ្លាម ទ្រង់ឆ្លេឆ្លាឥតព្រំដែនសោះ? ខ្ញុំអង្គុយចុះវិញផ្អែកខ្លួននិងក្បាលគ្រែអេះក្បាលខ្លួនឯងពិចារណា… ឬមកពីខ្ញុំនឹងឯកាពេក? បែកបាក់ស្នេហាឈឺចាប់ពេកណាស់ ដល់ពេលមកបានចួបគេដែលស្រលាញ់ខ្លួនឯង ត្រង់ៗអីយ៉ាងនេះ ក៏បាក់ចិត្តលើគេទៅណាលែងរួចហើយ? មិនបានទេ បើអ៊ីចឹងមែន ខ្ញុំមានសល់អីទៅធ្វើឬកអឿដាក់ម៉ាក់ទៅ? ហើយនៅមានអីទុកជាគោលការណ៍ច្បាស់លាស់សម្រាប់ខ្លួនឯងទៀត? ចុះបើគេបានដឹងថាខ្ញុំពីម្សិលមិញនិងថ្ងៃនឹងខុសគ្នាស្រឡៈ គេមិនគិតថាខ្ញុំសាវាណាស់ទៅហើយទេ? កំពុងកង្វល់ គេចេញមកវិញពឆេកូដាក់លើគ្រែគេង ហើយខ្ញុំក៏ប្រឹងធ្វើធម្មតាចុះពីគ្រែដើរចូលបន្ទប់ទឹកដូចគ្មានអ្វីកើតឡើងអ៊ីចឹង ក៏មិននិយាយរកគេដូចគ្នា។ ខ្ញុំចង់ឱ្យគេគិតថាខ្ញុំនៅខឹងគេ ហើយអត់បានស្រលាញ់គេដូចដែលខ្ញុំបានប្រាប់ពីម្សិលមិញរួចទៅហើយ ហើយកាលដែលខ្ញុំគេងឱបគេយប់មិញ ក៏មកពីខ្វះកន្លែងគេង ហើយខ្លាចឈ្លោះគ្នានាំឆេកូភ្ញាក់តែប៉ុណ្ណោះ។ ខ្ញុំងូតទឹករួចរាល់ក៏បាត់គេពីបន្ទប់ដែរ។ ភ្លាមខ្ញុំឃើញបងស្រីអើតឡឺមដើរចូលមក។ មិនដឹងកើតអីគាត់ទាញខ្ញុំរហ័សទៅអង្គុយលើគ្រែហើយនិយាយខ្សឹបៗ៖ —សិទ្ធិ! ខ្ញុំជ្រួញចិញ្ចើមរង់ចាំមើលទឹកមុខរីកញញឹមរបស់គាត់ដែលមិនទាន់ប្រាកដថាមានរឿងអ្វីកើតឡើងនៅឡើយ តែមើលទៅបងស្រីតែមួយរបស់ខ្ញុំសប្បាយចិត្តណាស់ គាត់ក៏ចាប់និយាយធ្វើឱ្យខ្ញុំរឹងខ្លួន៖ —យប់មិញ បងអស់កម្លាំងពេកក៏គេងលក់បាត់ទៅ អត់មានដឹងថាឆេកូចូលមកបន្ទប់ឯងទេ ហើយ… បងនីនស្ទាក់ស្ទើរមើលខ្ញុំមិនដាក់ភ្នែក តែចំណាស់នេះហើយខ្ញុំដឹងថាគាត់ចង់និយាយពីអ្វី សំខាន់ខ្ញុំអត់ចង់រ៉ាយរ៉ាប់ឱ្យគាត់ដឹង មានតែធ្វើហីៗធម្មតាតបទៅគាត់វិញ៖ ឆេកូមកគេងជាមួយខ្ញុំ មានអ្វីឬបង?
គាត់ជ្រួញចិញ្ចើមធ្វើមុខជូរដាក់ខ្ញុំព្រោះអ្វីដែលខ្ញុំតបទៅគាត់មិនសមទៅនឹងគោលបំណងដែលនាំឱ្យគាត់មកខ្សឹបខ្សៀវដាក់ខ្ញុំអីទាំងព្រឹកនេះទេ។
—អត់ទេ! បងចង់ដឹងថា ប្រពន្ធឯងមានថាអីឱ្យក្មួយដែរអត់?
—ថាអីកើត? បងមិនឃើញថាកូនប្រុសបងគេមានប្រជាប្រិយភាពប៉ុនណាទេ? ត្រង់ខ្ញុំជាពូដែលគេនិយាយថាស្រលាញ់ពេញៗមាត់ គ្រាន់តែបានមីងថ្លៃភ្លាម មិនទាំងមើលមុខខ្ញុំផង!
—ហើយចុះម៉េចក៏ឯងមិនយកក្មួយទៅគេងក្នុងបន្ទប់បងវិញ?
—បងស្មានថាគេព្រម? ដល់ថ្នាក់ងងុយស្ងាបម្លឹងហើយ នៅអង្គុយចាំជីនទើបព្រមចូលគេង បងថាទៅ? យប់មិញ នៅគេងឱបគេឡើងខ្វិន មិនទាំងទុកថាមានវត្តមានខ្ញុំនៅក្នុងបន្ទប់ផង។
បងនីនស្រាប់តែសើចឡើង មិនដឹងគាត់ចំអកឱ្យខ្ញុំ ឬក៏ហួសចិត្តនឹងចរិតកូនប្រុសកំពូលក្បាលខូចនោះទេ។ គាត់និយាយផង សើចផងស្របពេលដែលខ្ញុំនៅមិនសុខចិត្តដែលនឹកឃើញដល់យប់មិញត្រូវដេកលក់លើកៅអី ព្រោះស្នាដៃក្មួយប្រុសជើងល្អនោះ៖
—នែ! កុំប្រាប់បងថាឯងហ្នឹងច្រណែនក្មួយ?
ឮសំណួរបងស្រី ខ្ញុំក៏លួចសើចស្ងាត់ៗក្នុងចិត្ត បើនិយាយថាអត់ក៏មិនត្រូវព្រោះតាំងពីគាត់ចូលមកគ្រប់ម៉ាត់របស់ខ្ញុំគឺដូចច្រណែនក្មួយប្រុសណាស់ មិនចាំបាច់និយាយពាក្យច្រណែនចេញពីមាត់ក៏ដឹងបាត់ទៅហើយ។ តែមិនល្អអ្ហែស? ដែលខ្ញុំអាចរកបានមនុស្សស្រីម្នាក់ ស្រលាញ់និងចូលចិត្តគ្រួសារខ្លួនឯងបែបនេះ។ ដឹងអត់ សំណាងទីបីរបស់មនុស្សប្រុសក្នុងរឿងដៃគូរជីវិត គឺរកបាននារីម្នាក់ ដែលស្រលាញ់សាច់ញាតិខ្លួនឯងដូចស្រលាញ់សាច់ញាតិខាងគេដែរ ហើយនេះក៏ជាទ្រឹស្តីរបស់ខ្ញុំដើម្បីស្វែងរកនារីបែបនឹង។
បងនីនឃើញខ្ញុំមិនមាត់ មិនតបទៅគាត់កាន់តែបានដៃសើច។ គាត់ទះស្មាខ្ញុំតិចៗនិយាយ៖
—បាន! ចាំយប់នេះ បងនឹងលួងគេ មិនឱ្យមករំខានអូនឯងទេ!
ខ្ញុំញាក់ចិញ្ចើមដាក់បងស្រីបោកបញ្ឆោតចិត្តគាត់ឱ្យយល់ថាបើសិនជាគ្មានឆេកូមកគេងជាមួយគ្រប់យ៉ាងនឹងដូចធម្មជាតិដែលបានចារទុក តែក្នុងចិត្តខ្ញុំកង្វល់ប៉ុនណាគាត់ម៉េចនឹងដឹងបានទៅ។ យប់ដែលមានឆេកូនៅក្បែរទើបខ្ញុំមានឱកាសបានគេងឱបប្រពន្ធយ៉ាងកក់ក្តៅ ព្រោះតែបានលេសខ្លាចក្មួយដឹងខ្លួន តែបើគ្មានគេ សង្ស័យថាខ្ញុំត្រូវក្រាលកន្ទេលគេងលើឥដ្ឋផងមិនដឹង?
ឱ! ប្រុសស្អាតវីរៈសិទ្ធិអើយ តើនេះជាកម្មពារដែលឯងមិនច្បាស់លាស់ជាមួយគេ?
ខ្ញុំចុះទៅក្រោមផ្ទះ ឃើញពូមីងបងប្អូននៅជួបជុំគ្នាហូបអាហារពេលព្រឹកសប្បាយចិត្តណាស់ ម្នាក់ៗនិយាយគ្រប់គ្នាថាម៉ាក់មានសំណាងបានកូនប្រសាស្រីចំណាប់គ្រប់រឿង មិនត្រឹមតែមានការងារផ្ទាល់ខ្លួនដែលអាចរកប្រាក់បានមិនបាច់ពឹងកម្លាំងប្តី នៅចំណាប់រឿងកិច្ចការផ្ទះ ម្ហូបអាហារផ្គាប់បម្រើម្តាយក្មេក និងចេះនិយាយស្តីពីរោះពិសាគួរឱ្យចូលចិត្តទៀត។
ខ្ញុំឃើញមុខម៉ាក់រីកដូចគ្រាប់ជីពេលត្រូវពូមីងសរសើរមិនដាច់ពីមាត់។ មើលទៅគាត់ស្រលាញ់ជីនយ៉ាងនេះ បើសិនជាបានដឹងថាយប់មិញខ្ញុំធ្វើឱ្យកូនប្រសាស្រីគាត់ខូចចិត្តច្បាស់ជាលះខ្ញុំនៅកណ្តាលចំណោមសាច់ញាតិហើយ។
ម៉ោងជាងប្រាំបី ខ្ញុំក៏ឃ្លានណាស់ដែរ។ ដើរសំដៅផ្ទះបាយ ខ្ញុំឃើញជីននៅចិតផ្លែឈើ ហើយក៏មានអាក្មួយក្បាលខូចតាមសឹងគ្រប់ជំហាន។ ម៉េចក៏លើកនេះវាមិនរពិសរត់លេងពេញផ្ទះ បែរជាមកអង្គុយធ្វើអ្នកតាឱ្យមីងជីនបញ្ចុកផ្លែឈើទៅវិញ? គិតទៅ ម៉ាក់មិនដឹងដណ្តឹងប្រពន្ធឱ្យកូនប្រុស ឬក៏ចៅប្រុសឱ្យប្រាកដទេ បើមើលទៅគេស្និទ្ធិ ហើយតាមគ្រប់ជំហានជាងខ្ញុំជាប្តីទៅទៀត។
កាលជីនមិនទាន់មកនៅ ថ្មល់នេះវាកូពេញផ្ទះមិនព្រមហូប មិនព្រមគេង ច្បាស់ននៀលគ្មានអ្នកចាប់ឈ្នះហើយ ដល់លូវ មកចេះធ្វើឬកត្រឹមត្រូវ ទាក់ទាញចំណាប់អារម្មណ៍ណាស់។ ដំបូងខ្ញុំគិតថាមិនចង់និយាយរកគេទេ តែដល់ពេលពោះចេះតែកូរពេកទៅ ហើយក៏មិនហ៊ានទៅបើកឆ្នាំងមើលដែរ ក៏ធ្វើនិយាយបន្លប់ដាក់ឆេកូ៖
ព្រឹកនេះបានអ្វីហូបទៅក្មួយក្បាលខូច? គ្រាន់តែខ្ញុំលូកដៃប្រុងនឹងយកក្រូចមួយចំណិត ប្រុសស្អាតឆេកូរបស់យើងក៏ស្រែកថាឱ្យខ្ញុំវឹង ប្រុងយំននៀល៖ ពូសិទ្ធិ! របស់មីងជីនឱ្យខ្ញុំទេ!
ខ្ញុំតាមថាមិនដឹងខ្លួនឯងអស់តម្លៃក្នុងភ្នែកលោកម្ចាស់ស្នងដំណែងក្នុងផ្ទះនេះតាំងពីពេលណា? ជីនញញឹមដាក់ក្មួយរហ័សលួងគេភ្លាម។ ពីមុនម៉ាក់ធ្លាប់ថាខ្ញុំទេដែលនឹងធ្វើឱ្យក្មួយខូច ព្រោះតែងកាន់ជើងពេលបងនីនស្តីថា នឹងទម្រើសគេ ដល់ឥឡូវ? ចាំមើលម៉ាក់ហ៊ានថាឱ្យកូនប្រសាគាត់ទម្រើសចៅប្រុសដែរអត់ន៎?
គេបានរៀបចំដួសបបរក្តៅៗនិងត្រីងៀតឱ្យខ្ញុំ។ ខ្ញុំមិនមាត់ក៏ហូបទៅ កុំឱ្យគេថាបំផ្លាញទឹកចិត្តគេ។ ខ្ញុំលួចញញឹមម្នាក់ឯងហើយគិតដល់ទ្រឹស្តីទីបួនរបស់ខ្លួន បុរសម្នាក់ដែលបានរៀបការជាមួយនារីម្នាក់ដែលប៉ិនប្រសព្វធ្វើបាយម្ហូបផ្គាប់ចិត្តប្តី គឺជាសំណាងទីបួនរបស់មនុស្សប្រុសហើយ។
អស់ពីព្រឹកនោះទៅ ពួកយើងត្រូវចំណាយពេលមួយថ្ងៃជាមួយគ្នាដែលខ្ញុំមិននិយាយរកគេ គេក៏គ្មានអ្វីនិយាយជាមួយខ្ញុំ។ ឯលោកក្មួយឆេកូ ទោះពេលគេងថ្ងៃត្រង់ក៏គេងនៅលើដៃគេដែរ។ បន្ទាប់ពីបងប្អូនសាច់ញាតិត្រលប់ទៅផ្ទះវិញអស់ ខ្ញុំបាត់ជីនមិនដឹងទៅណា។ ឆេកូគេងលក់ក្នុងអន្រឹង ម៉ាក់ទៅបុណ្យគេនៅក្នុងភូមិ ឯបងនីនត្រូវទៅផ្ទះមិត្តភក្តិរបស់គាត់ដើម្បីពិគ្រោះជំងឺ។
ខ្ញុំដើរចូលបន្ទប់ឃើញជីនអង្គុយលាបប្រេងកូឡានៅដៃ ចិត្តខ្ញុំកញ្ជ្រោលភ្លាម ហើយក៏ស្ទុះទៅអង្គុយទល់មុខចាប់ដៃគេទាំងបារម្ភ៖
ជីនអូនកើតអី? នាងញញឹមមិនតបហើយប្រឹងលាក់ដៃដែលមានរបួសនោះមិនឱ្យខ្ញុំឃើញ។ ចិត្តខ្ញុំកាន់តែអន្ទះសារ ក៏បង្ខំទាញដៃគេមកមើល ដោយប្រើកែវភ្នែកជំនួសវាចា។ នាងមិនប្រកែកក៏ព្រមប្រាប់ខ្ញុំតិចៗថា៖ គ្មានអ្វីទេគ្រាន់តែមុតបន្តិចប៉ុណ្ណោះ។
ខ្ញុំឃើញដៃគេរលាត់ដែលមិនដឹងទៅមុតអ្វីមក ហើយខ្ញុំមិនបានសួរទេ ក៏រហ័សផ្លុំហើយប្រញាប់ប្រញាល់រត់ទៅយកប្រអប់ថ្នាំដើម្បីលាបនឹងរុំរបួសឱ្យគេ តែក៏មិនភ្លេចនិយាយទាំងបារម្ភ៖
កុំលាបប្រេងកូឡាអីប្រយ័ត្នហើម មានរបួសគួរណាតែប្រាប់បង លាងអាកុលរួចរុំរបួសទើបឆាប់ជា។ បើត្រូវការលើករបស់ធ្ងន់ហៅបងឮទេ កុំសំងំធ្វើម្នាក់ឯងអី! គេញញឹមស្រស់ណាស់។ ស្រស់អ្វីម្ល៉េះ? ខ្ញុំមិនធ្លាប់សម្លឹងគេចំទេ ទើបតែពេលនោះខ្ញុំបានសង្កេតគ្រប់កន្លែងលើផ្ទៃមុខគេ មិនត្រឹមតែបបូរមាត់ស្អាត នៅមានពន្លឺភ្នែកដែលស្រទន់នឹងស្មោះត្រង់ បាញ់ទម្លុះបេះដូងខ្ញុំសឹងតែពិបាកនឹងទ្រាំ។ ខ្ញុំឃើញគេអៀន កាន់តែកញ្ជ្រោលចិត្តខ្ញុំឱ្យនឹងថ្កល់មិនចង់ដកភ្នែកត្រលប់មកវិញ។ គេតាមថាដូចមិនកំពុងខឹងខ្ញុំនឹងរឿងយប់មិញទេ ល្អណាស់ ខ្ញុំអង្គុយបន់ឱ្យតែជីនជាមនុស្សចិត្តទូលាយ មិនប្រកាន់ឬកពារអាត្មានិយមរបស់ខ្ញុំកាលពីយប់ផងទៅចុះ ហើយកាលដែលសំខាន់មួយទៀតនោះ សូមឱ្យគេកុំប្រែចិត្តស្រលាញ់ដែលមានចំពោះខ្ញុំអី។ ចង់អ្នកណាថាខ្ញុំសាវា ចង់អ្នកណាថាខ្ញុំរាយមាយ ឆាប់ប្រែក្រឡាស់ ខ្ញុំមិនខ្វល់ទេ កាលដែលសំខាន់ ខ្ញុំត្រូវក្ដាប់ឱកាស ឱបឱ្យជាប់នូវមនុស្សស្រីល្អដូចជាជីនឱ្យបាន។ ខ្ញុំគិតច្បាស់ហើយ ខ្ញុំនឹងសាកល្បងមើលទៅគេ និយាយជាមួយគេ ហើយនឹកដល់គេដោយបេះដូង… ខ្ញុំមិនប្រាប់អ្នកទាំងអស់គ្នាទេ តែប្រាប់ទៅចុះ កាលពិតខ្ញុំបានសង្កេតគេ លួចមើលគេអស់ជិតមួយឆ្នាំទៅហើយ តាំងពីថ្ងៃដែលម៉ាក់បង្ហាញមុខអនាគតកូនប្រសាក្នុងរូបថតម្ល៉េះ ថាទៅខ្ញុំឆ្លាត ឬក៏ខូច? ថ្ងៃលិចបាត់ទៅហើយ… ខ្ញុំនៅជួយលាងចានប្រពន្ធដូចម្សិលមិញដែរ គ្រាន់តែថាវាតិចទេ ព្រោះក្នុងផ្ទះមានគ្នាតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ក្រៅពីបងនីនដែលមានជំងឺ ខ្ញុំជាប្រុសដែលមិនចេះធ្វើអ្វីសុទ្ធហើយ ការងារក្នុងផ្ទះគ្រប់យ៉ាងគឺម៉ាក់ជាអ្នករ៉ាប់រង ដល់ពេលបានកូនប្រសាស្រីចំណាប់យ៉ាងនេះ គាត់ក៏មានពេលអង្គុយស្តាប់ធម៌ជាមួយប៉ាយ៉ាងសុខសាន្តទៅ។ ព្រោះតែខ្លាចចិត្តខ្ញុំច្បាស់ជាមិនអាចបណ្តោយឱ្យប្រពន្ធធ្វើការងារនេះម្នាក់ឯងទេ គេមានសឹងគ្រប់ចំណុចដែលខ្ញុំចង់បាន ខ្ញុំក៏អាចបំពេញក្តីស្រមៃរបស់មនុស្សស្រីបានដែរ។ បំណងប្រាថ្នារបស់មនុស្សស្រី គឺរៀបការជាមួយបុរសម្នាក់ដែលមានទំនួសខុសត្រូវ សំណាងទីមួយ គឺនាងបានចួបនឹងមនុស្សប្រុសដែលមានការងារឬមុខរបរពិតប្រាកដមួយ ខ្ញុំមានហើយ ទោះលុយមិនច្រើន តែយ៉ាងណាខ្ញុំមិនហ៊ានខ្ជិលទេ តាំងពីបានប្រពន្ធមក បើពេលនៅកំលោះ អាចថាល្ងាចបាត់ពីផ្ទះម្តងម្កាល… ហើយសំណាងទីពីរ គឺមានប្តីដែលចេះជួយការងារផ្ទះប្រពន្ធដូចជាខ្ញុំពេលនេះឯង។ បន្ទាប់ពីនោះ ខ្ញុំនៅអង្គុយនិយាយលេងជាមួយប៉ានិងម៉ាក់ ដើម្បីទុកឱកាសឱ្យគេបានងូតទឹកប្តូរសំលៀកបំពាក់ ព្រោះបើមានខ្ញុំនៅក្នុងបន្ទប់ គេតែងរកលេសដេញខ្ញុំចេញគ្រប់ពេល ទើបហ៊ានផ្លាស់ប្តូរខោអាវ។ ហើយក៏មិនដឹងថាគេនឹងមានទម្លាប់បែបនេះជាមួយខ្ញុំយូប៉ុនណាដែរ។ តែមិនបាច់បារម្ភទេ ខ្ញុំជាមនុស្សប្រុសដែលគោរពសិទ្ធិប្រពន្ធណាស់… តែអ្វីដែលគួរបារម្ភទៅទៀតនោះ គឺឆេកូកំពុងគេងលក់លើគ្រែរបស់ខ្ញុំទៀតហើយ។ អារម្មណ៍ខ្ញុំពេលនេះក្តុកក្តួលណស់ អត់ដឹងថាសប្បាយចិត្ត ឬក៏ភ័យ? ដូចខ្ញុំធ្លាប់ប្រាប់ បើមានឆេកូ អាចនឹងមានឱកាសបានគេងឱបប្រពន្ធ តែបើអត់ឆេកូ មិនដឹងវាសនាខ្ញុំបានគេងនៅលើពូកដ៏ទន់ល្មើយដែលជាបន្ទប់គេងខ្លួនឯងដែរឬអត់ទេ? ខ្ញុំចូលទៅងូតទឹកក្នុងបន្ទប់ ហើយគេកំពុងគេងក្បែរឆេកូបែរខ្នងដាក់ខ្ញុំមិនខ្វល់។ ខ្ញុំស្មានថាការចាប់ដៃថ្ងៃមិញ ពន្លឺភ្នែកថ្ងៃមិញ ធ្វើឱ្យគេឈប់ព្រងើយកន្តើយដាក់ខ្ញុំហើយ ដឹងអីប្រហែលគេញញឹមដាក់ខ្ញុំថ្ងៃមិញ គឺមកពីពិបាកគេចមុខពីខ្ញុំប៉ុណ្ណោះ។ មិនខ្វល់…សំខាន់ងូតទឹកជូតសក់រួច ខ្ញុំប្រុងថានឹងឡើងទៅគេងក្បែរគេដូចពីយប់មិញ តែមិនស្មានថាគេឆ្លាតណាស់ ក្រោយខ្នងគេគឺចុងគ្រែ គេមិនទុកកន្លែងសូម្បីមួយចង្អាមដៃ អត់មានសល់សម្រាប់ខ្ញុំសោះ… មិនដឹងកម្លាំងចិត្តក្លាហានអីមកពីណា ខ្ញុំក៏ឡើងទៅគេងជិតក្មួយហើយងាកសម្លឹងមុខគេញញឹម។ ខ្ញុំឃើញគេអៀន ហើយក៏គាំងនិយាយរឿងនិទានលែងចេញ ស្របពេលដែលឆេកូគេងលក់បាត់មាត់ទៅហើយ៖ បងយ៉ាងម៉េច?
នេះជាសំណួរទីមួយហើយ ដែលមួយថ្ងៃពេញគេមិននិយាយរកខ្ញុំមុនសោះ ហើយពេលនេះព្រោះតែខ្ញុំមកធ្វើឬកចម្លែក មើលគេមិនដាក់ភ្នែកពេក ទើបគេដាច់ចិត្តសួរខ្ញុំទាំងសើចហួសចិត្ត…ខ្ញុំបានចិត្តណាស់ ក៏ខិតចូលកាន់តែកៀកទោះមានឆេកូនៅកណ្តាលក៏ដោយ៖
ពួកយើងទៅក្រេបទឹកឃ្មុំទៅ? គេបើកភ្នែកសម្លឹងខ្ញុំមិនព្រមព្រិច ក្នុងចិត្តច្បាស់ជាចង់សួរថា ខ្ញុំនិយាយពាក្យនេះបានដោយរបៀបណា។ ការពិតល្ងាចមិញ ម៉ាក់និងប៉ាបាននិយាយរឿងនេះជាមួយខ្ញុំ គាត់ថាពួកខ្ញុំពីរនាក់គួរទៅដើរលេងកន្លែងធម្មជាតិដើម្បីសាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នា ព្រោះពួកយើង មិនមែនគូសង្សារស្និទ្ធិស្នាលដែលមានការចងចាំច្រើនដូចគូរអ្នកដទៃទេ គឺបានចួបមុខរៀបការយកតែម្តង អ៊ីចឹងហើយ ម៉ាក់ចង់ឱ្យខ្ញុំទាំងពីរនាក់បានយល់ពីគ្នា និងស្គាល់គ្នាកាន់តែច្បាស់ជាងនេះ។ ខ្ញុំរំភើបខ្លាំងណាស់ ហើយក៏ភ័យណាស់ដែរទម្រាំនឹងដាច់ចិត្តនិយាយពាក្យនេះជាមួយគេ ព្រោះតែខ្ញុំពិតជាបានផ្លាស់ប្តូរគំនិតកាលពីម្សិលមិញទាំងស្រុងមែន ហើយរឿងពីថ្ងៃដែលខ្ញុំឃើញគេញញឹមក៏គិតថា គេមិនបានទុករឿងដែលខ្ញុំប្រាប់ត្រង់ថាខ្ញុំមិនបានស្រលាញ់គេក្នុងចិត្តទេ។ តែគ្រប់យ៉ាងមិនដូចក្តីរំពឹង គេស្រាប់តែនិយាយបំបាក់ទឹកចិត្តខ្ញុំទាំងមុខស្មើ៖ ឈប់និយាយលេងសើចទៅ ពួកយើងនឹងលែងលះគ្នាពេលណាមិនដឹងផង ខ្ញុំមិនដែលស្រមៃដល់រឿងបែបនេះទេ។
ខ្ញុំប្រែទឹកមុខភ្លាម ខកចិត្តជាទីបំផុត។ យប់មិញដែលខ្ញុំគេងឱបគេ ហើយសំឡេងបេះដូងលោតញាប់ម្លឹង គេអត់បានស្តាប់ឮទេ? ខ្ញុំទ្រាំសម្លឹងមុខគេ ហើយព្យាយាមរាប់ពីមួយដល់បី ថាប្រហែលគេចង់សាកចិត្ត មិនដល់បីនាទីគេនឹងប្រាប់ថាលលេង តែអត់ទេ បេះដូងខ្ញុំត្រូវបែកជាបំណែកក្នុងនាទីនោះ នូវពាក្យដែលគេបន្ថែមមក៖
អូនប្រហែលត្រលប់ទៅធ្វើការនៅភ្នំពេញវិញហើយ ព្រោះនៅមានកិច្ចការមួយចំនួន មិនទាន់ដោះស្រាយរួចនៅឡើយ។ ខ្ញុំចាប់ផ្តើមអួលនៅទ្រូងខាងឆ្វេង និមិត្តតែឃើញរូបភាពដែលខ្លួនឯងធ្វើដាក់គេម្សិលមិញ ខ្ញុំច្បាស់គ្មានពាក្យប្រកែកតវ៉ា ហើយក៏មិនដឹងថានិយាយតបទៅគេបែបណាក្រៅពីបែរខ្នងសំងំគេងដែរ។ ខ្ញុំដេកមិនលក់ពេញមួយយប់…រកនឹកមិនឃើញសោះថា ហេតុអីគេចិត្តដាច់យ៉ាងនេះ? ដឹងអត់ថាពាក្យលែងលះរបស់គេមួយឃ្លានោះ វាគឺជាអាវុធចាក់ទម្លុះបេះដូងប្តីកម្សត់ដូចជាខ្ញុំ? សុបិន… ព្រឹកឡើងខ្ញុំភ្ញាក់ជាមួយអារម្មណ៍ចម្លែក។ នៅចាំបានថាយប់មិញខ្ញុំអន់ចិត្តនិងគេគេងអត់បានដណ្តប់ភួយទេ តែពេលភ្ញាក់ក៏ឃើញវានៅលើខ្លួនទៅហើយ គេឬឆេកូដែលបារម្ភខ្លាចខ្ញុំរងា? ឮសំឡេងទឹកហូរ ខ្ញុំងាកទៅបន្ទប់ទឹកក៏ឃើញគេចេញមកវិញជាមួយកន្សែងជូតសក់ ឯក្មួយប្រុសសំណព្វក៏មិនដឹងទៅណាបាត់ ចាត់ទុកថាថ្ងៃនេះគេឆ្លាតចេះស្គាល់កាលៈទេសៈទៅចុះ។ ជីន អង្គុយមុខកញ្ចក់ជូតសក់ធ្វើមិនខ្វល់ពីខ្ញុំ តែចរិតខ្ញុំដែលចង់ឈ្នះគេ ជាពិសេស ប្រុសល្អដូចខ្ញុំហើយបែរជាត្រូវមនុស្សស្រីសាមញ្ញម្នាក់មកសុំលែងលៈខ្មាស់គេតិចអី? ខ្ញុំដេកគិតយប់មិញច្បាស់ណាស់ ត្រូវតែប្រាដកថា គេពុះពារចង់ចែកផ្លូវជាមួយខ្ញុំមែនអត់។ គិតរួច ស្របពេលគេប្រុងដើរចេញ ខ្ញុំក៏ស្ទុះទៅស្ទាក់ពីមុខធ្វើឱ្យគេជ្រួញចិញ្ចើមភ័យ៖ បងយ៉ាងម៉េចនឹង?
ខ្ញុំមិនចាប់អារម្មណ៍សំណួរគេក៏និយាយឡើងទាំងមុខមាំចែស៖
រឿងទៅដើរលេង ប៉ានិងម៉ាក់ជាអ្នកប្រាប់ បើអូនចង់បដិសេធ ទៅនិយាយជាមួយគាត់ខ្លួនឯងទៅ! គេសម្លក់ខ្ញុំ ហើយគាំងធ្មឹងមិននិយាយ ភ្នែកគេក្រឡេកក្រឡាប់ធ្វើឱ្យខ្ញុំដឹងថាគេទាល់ច្រក។ គេស្រលាញ់ខ្ញុំឬអត់ ខ្ញុំមិនច្បាស់ទេ តែគេដាច់ចិត្តទៅនិយាយបដិសេធ ហើយប្រាប់ម៉ាក់ថានឹងលែងលៈជាមួយខ្ញុំដែរអ្ហែស? បើម៉ាក់ ប៉ា និងបងស្រីស្រលាញ់គេថ្នាក់នេះ? ខ្ញុំលួចសើចមិនឱ្យគេដឹង ព្រោះខ្លួនឯងកំពុងមានប្រៀបខ្លាំងណាស់ក្នុងរឿងនេះ ហេតុផលគឺនៅខាងខ្ញុំ ខ្ញុំជឿជាក់។ មើលទៅគេក៏ខ្លាំងគ្រាន់បើមិនព្រមចាញ់ខ្ញុំត្រង់ៗទេ បែជាឆ្លើយទាំងបន្លំធ្វើជាហំហាន៖ បាន! អូននឹងជម្រាបម៉ាក់ពីរឿងនេះ!
គេថារួចក៏ជែងស្មាខ្ញុំដើរចេញទៅ។ មុខគេភ័យឡើងស្លេកទៅហើយរឿងអីខ្ញុំមើលមិនដឹង? ថាទៅ ខ្ញុំស្គាល់គេច្បាស់ ឬគេស្គាល់ខ្ញុំច្បាស់ជាង? ជីនមាននោសញ្ចេតនានឹងគ្រួសារជ្រាលជ្រៅយ៉ាងនេះ គេនឹងមិនហ៊ានសុំលែងលៈជាមួយខ្ញុំទៀតទេ បើខ្ញុំដាច់ខាតមិនព្រម ហើយមានគ្រួសារសងខាងគាំទ្រខ្ញុំនោះ។
ខ្ញុំលួចមើលគេរហូតមិនឱ្យផុតពីខ្សែភ្នែក។ ជីនចេះតែរកឱកាសនិយាយជាមួយម៉ាក់តែមើលទៅនាងមិនហ៊ាននោះទេ ហើយច្រេមច្រុមងាកសម្លក់ខ្ញុំជាប់ ខ្ញុំកាន់តែបានដៃឌឺគេ ឈឱបដៃញាក់ចិញ្ចើម ហើយនៅក្បែរម៉ាក់មិនឃ្លាតសូម្បីមួយជំហាន។ តែឃើញគេម៉ឺងម៉ាត់ពេក ព្យាយាមពេក ធ្វើឱ្យខ្ញុំផឺតពោះប្រហោងអស់ហើយ។ ខ្ញុំពិតជាភ័យថា គេអាចនឹងខឹងខ្ញុំហើយដាច់ចិត្តធ្វើរឿងមួយនោះមែន។ ខ្ញុំក៏ស្ទុះទៅកាត់ចង្វាក់ពេលដែលនាងប្រុងហាមាត់និយាយជាមួយម៉ាក់៖
អ៎…ម៉ាក់! ក្រែងល្ងាចម៉ាក់ត្រូវទៅបុណ្យគេនៅចុងភូមិ ពេលនេះលោកប៉ាកំពុងចាំ! ជីនងាកសម្លក់ខ្ញុំ ម៉ាក់ទម្លាក់កាំបិតដែលកំពុងចិតបន្លែ ហើយក៏តបមកខ្ញុំវិញ៖ ត្រូវហើយ! ម៉ាក់ភ្លេចឱ្យឈឹង! អើនែ៎! ជីន កូនធ្វើម្ហូបបន្តចុះ ម៉ាក់គិតទៅងូតទឹកទៅបុណ្យគេហើយ ថ្មល់នេះមិនដឹងលោកទេសនាចប់ឬនៅ? មួយថ្ងៃហើយម៉េចក៏មិនរម្លឹកម៉ាក់ ហាស សិទ្ធិ?
ប៉ាទើបនឹងប្រាប់ខ្ញុំមិញដែរម៉ាក់! បើមិនទៅណាទេ ជួយធ្វើម្ហូបប្រពន្ធឯងទៅ!
បាទម៉ាក់! ម៉ាក់ដើរចេញទៅបាត់ ខ្ញុំលួចញញឹមម្នាក់ឯង តែក៏ត្រូវគេងាកមុខចេញមិននិយាយរក។ តាមថាគេខឹងខ្ញុំច្បាស់ណាស់ តែម៉េចក៏អត់យល់ពីចិត្តខ្ញុំដែលព្យាយាមឃាត់គេអ៊ីចឹង? រឿងរវាងយើងទាំងពីរនាក់គឺចៃដន្យ និងអចេតនា តែខ្ញុំកំពុងព្យាយាមសាងវាឱ្យក្លាយទៅជាការពិតមួយហើយតើ? ជីន! បងមិនឃាត់អូនចង់និយាយរឿងនេះជាមួយម៉ាក់ទេ តែយល់ដល់គ្រួសារទាំងពីរ អូនទៅដើរលេងជាមួយបងសិនទៅ បើក្រោយពេលត្រលប់មកវិញ ចិត្តអូននៅតែដដែល ចាំពួកយើងជម្រាបគាត់ពីរឿងនេះ បងច្បាស់មិនឃាត់អូនទេ។
គេធ្វើមុខហូវមិនសម្លឹងខ្ញុំហាក់អស់សង្ឃឹមណាស់ ដែលខ្ញុំបំផ្លាញផែនការបដិសេធរបស់គេចំពោះម៉ាក់ តាមថាមើលទៅពេលនេះ គេច្បាស់ជាចង់លែងលះជាមួយខ្ញុំមែនទែនហើយ។
បញ្ហាស្ថិតនៅលើខ្ញុំអ្ហែស? ខ្ញុំខ្លាចថាបងខកណាត់ជាមួយសង្សារនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ទៅវិញទេ! គេនិយាយតែប៉ុណ្ណេះក៏ដើរចេញបាត់ចោលខ្ញុំ។ មានន័យថាម៉េចទៅ? គេនៅគិតថាខ្ញុំត្រូវម៉ាក់បង្ខំរៀបការ ទាំងដែលកំពុងមានស្នេហាជាមួយអ្នកផ្សេងទៀត? ខ្ញុំបានត្រឹមតែឈរស្ងៀមជ្រួញចិញ្ចើមមិនយល់ពីអ្វីដែលគេនិយាយមុននេះ។ គិតទៅខ្ញុំទើបច្បាស់ខ្លួនឯងថា ការពិតខ្ញុំមិនស្គាល់មនុស្សស្រីច្បាស់ទាល់តែសោះ គេគិតអី? ពិបាកយល់ម្ល៉េះ? រួចពីថ្ងៃនោះមកពួកយើងក៏បានមកដើរលេងតែពីរនាក់ដូចគម្រោងរបស់ប៉ាម៉ាក់មែន ហើយវាក៏ចំថ្ងៃ១៤កុម្ភះ គឺជាថ្ងៃបុណ្យនៃក្តីស្រលាញ់។ ពួកយើងត្រូវទៅសមុទ្រទៅលេងកោះ តែបែរមកទើត្រឹមផ្ទះកម្សត់មួយឯជាយក្រុងព្រោះរថយន្តខូចមិនអាចបន្តដំណើរទៅបាន។ សំណាងហើយដែលខ្ញុំមានស្គាល់មិត្តម្នាក់ដែលមានស្រុកកំណើតនៅទីនេះ ម្ល៉េះសមពួកយើងបានដេកក្នុងឡានធ្វើជាចំណីមុសហើយ។ អ្នកទាំងពីរទើបរៀបការថ្មីថ្មោង ហើយចង់ទៅក្រេបទឹកឃ្មុំមែន?
អ៊ំស្រីដែលត្រូវជាម៉ាក់មិត្តភក្តិខ្ញុំបានសួរបន្ទាប់ពីពួកយើងរៀបចំបាយទឹករួច ហើយអង្គុយជារង្វង់នៅលើគ្រែរនាបឬស្សីក្រោមផ្ទះឈើរបស់គាត់។
ជីននិងខ្ញុំសម្លឹងមុខគ្នា មិនស្មានថាទំនាក់ទំនងមិនស៊ីជម្រៅរបស់ប្តីប្រពន្ធយើង ប្រែជាខ្លាចមិនហ៊ានឆ្លើយសូម្បីសំណួរតូចមួយរបស់ចាស់ទុំទៅវិញ។ ពួកយើងហាក់ប្រចាំគ្នាក្នុងការឆ្លើយតប ព្រោះដឹងក្នុងចិត្តច្បាស់ថាវាគឺជាឱកាសចុងក្រោយនៃអាពាហ៍ពិពាហ៍ដោយអចេតនាមួយនេះ។ អ៊ំស្រីអ៊ំប្រុសសម្លឹងមុខពួកខ្ញុំញញឹម អ៊ំប្រុសក៏ពោលឡើង៖
ម៉ែវា! ក្មេងសម័យនេះ តាមថាអត់ដូចកាលយើងពីមុនទេ ពួកគេស្គាល់ចិត្តគ្នាច្បាស់លាស់ហើយទើបរៀបការ មិនដូចកាលម៉ែវានិងខ្ញុំ រៀបការទាំងមិនស្គាល់សូម្បីឈ្មោះ… ខ្ញុំមិនយល់ថាអ៊ំប្រុសកំពុងចង់មានប្រសាសន៍ពីអ្វី តែបន្ទាប់ពីនិយាយចប់គាត់និងប្រពន្ធគាត់ក៏ញញឹមដាក់គ្នា តែហាក់គ្រាំគ្រាណាស់ក្នុងចិត្តខ្ញុំ បើគាត់ដឹងថា ខ្ញុំនិងជីនក៏រៀបការទាំងមិនទាន់ស្គាល់គ្នាច្បាស់ ពួកគាត់និងមានប្រតិកម្មបែបណា? ដឹងទេ? មើលទៅអ្នកទាំងពីរសមគ្នាណាស់ ហើយតាមដែលអ៊ំដឹង ក៏ប្រហែលស្រលាញ់គ្នាខ្លាំងណាស់ហើយ!
អ៊ំស្រីកាន់តែធ្វើឱ្យពួកយើងទាំងពីរនាក់រឹងខ្លួន ខ្ញុំដឹងថាគេអៀន តែវាជាឱកាសល្អរបស់ខ្ញុំទៅវិញទេ ដែលត្រូវតែចាក់បណ្តោយធ្វើជាប្តីប្រពន្ធមួយគូរដែលស្រលាញ់គ្នានៅចំពោះមុខចាស់ទុំ ហើយក៏គិតថាជីនច្បាស់ជាមិនហ៊ានប្រកែកនឹងខ្ញុំដាច់ខាត។
ខ្ញុំក៏ឱបស្មាគេពីក្រោយហើយនិយាយទាំងរីករាយតបទៅអ៊ំទាំងពីរ៖
បាទអ៊ំពិតណាស់! គេប្រហែលគិតថាខ្ញុំសម្តែងទើបនៅធ្មឹងសម្លឹងខ្ញុំមិននិយាយស្តី។ ខ្ញុំប្រឹងបន្តដួសម្ហូបដាក់ចានគេបញ្ជាក់ថាខ្ញុំគិត និងស្រលាញ់គេកម្រិតណា។ អ៊ំប្រុសអ៊ំស្រីលួចញញឹម គាត់ខ្សឹបខ្សៀវគ្នាហើយមានចេតនាឱ្យខ្ញុំពីរនាក់ស្តាប់ឮ៖ ឃើញទេពួកគេអៀនហើយ!
ឃើញគាត់សប្បាយចិត្តណាស់និងការបង្អាប់ពួកយើងសឹងតែថារឹងខ្លួន រឹងទាំងថ្គាមទំពារបាយមិនកើតទៅហើយ។ ជីនមិននិយាយអ្វីសូម្បីមួយម៉ាត់ មុខនាងក្រហមណាស់ទោះពន្លឺភ្លើងហាក់ព្រាលមិនច្បាស់ តែខ្ញុំប្រាកដថាមិនមែនដោយសារចាំងនឹងអំពូលពងមាន់នោះទេ។
យប់ស្ងាត់បន្ទាប់ពីទទួលទានអាហារមួយពេលនោះអ៊ំស្រីដែលទើបនឹងរៀបចំកន្លែងសម្រាប់ពួកយើងពីរនាក់គេងរួចក៏ហុចសម្លៀកបំពាក់ពីរឈុតឱ្យទៅជីន៖
អ្នកទាំងពីរស្លៀកឈុតនេះគេងទៅ អាចនឹងមិនធ្វើឱ្យរងាទេ ហើយក៏មិនធ្វើឱ្យស្អុះស្អាប់ដែរ។ តែពួកខ្ញុំមានហើយអ៊ំ មិនអីទេ!
មិនអីទេយកទៅ ខោអាវក្មួយទុកស្លៀកពេលទៅដើរលេងចុះ ដឹងទេ? ថាសម្លៀកបំពាក់មួយឈុតនេះវាមានន័យសម្រាប់អ៊ំប៉ុនណា…? ខ្ញុំចងមុងរួចក៏ដើរទៅអង្គុយក្បែរជីនចាំស្តាប់អ៊ំស្រីនិយាយពីខោអាវគេងយប់ពីរឈុតរបស់គាត់នោះ៖ ខោអាវពីរឈុតនេះ គឺបន្ទាប់ពីអ៊ំទាំងពីររៀបការរួច ទាំងមិនដឹងសោះថាពួកយើងស្រាប់តែមានចិត្តដូចគ្នាហើយទិញវាដំណាលគ្នា ជូនដល់គ្នាជាការដូរអាពាហ៍ពិពាហ៍ដែលយើងចាប់ផ្តើមរួមខ្នើយ រួមជីវិតនិងគ្នា អ្នកទាំងពីរថាទៅ វាមានន័យណាស់មែនទេ? ជំនាន់ហ្នឹង វាពិតជាថ្លៃណាស់!
មិនស្មានថាគ្រាន់តែខោអាវគេងយប់ដែលហួសសម័យពីរឈុតនោះបើសិនជាឃើញមិនគួរឱ្យចង់ទិញសោះ តែបែរជាបង្កប់អត្ថន័យសម្រាប់មនោសញ្ចេតនាជ្រាលជ្រៅយ៉ាងហ្នឹង។ ឮបែបនេះចិត្តខ្ញុំនិងជីនដូចគ្នាគឺរឹតតែមិនចង់ទទួលយក តែពិតជាចង់ដឹងណាស់ពីមូលហេតុដែលគាត់ស្រាប់តែដាច់ចិត្តប្រគល់ឱ្យយើង៖
បើមានន័យយ៉ាងនេះសម្រាប់អ៊ំ ម៉េចក៏ដាច់ចិត្តឱ្យពួកខ្ញុំទាំងពីរ? អ៊ំស្រីញញឹមមុននឹងនិយាយ៖ ព្រោះក៏សង្ឃឹមថាអ្នកទាំងពីរនឹងផ្តើមរួមខ្នើយ រួមខ្សែវាសនា បន្តដំណើរលើវិថីជីវិតជាដៃគូរនិងគ្នាដោយមានន័យ ហើយយូអង្វែងដូចអ៊ំដែរ។ តាមថាអ៊ំចង់ប្រគល់វាទៅកូនប្រុសក្នុងថ្ងៃរៀបការ តែមើលទៅគេមិនដឹងថាពេលណានឹងគិតគូររឿងនេះទេ ឃើញប្តីប្រពន្ធក្មួយគួរឱ្យស្រលាញ់ ហើយចេះតែមានអារម្មណ៍ថាដូចកូនអ៊ំ ក៏គិតថានឹងប្រគល់ជូនអ្នកទាំងពីរជាកាដូរសម្រាប់អាពាហ៍ពិពាហ៍ថ្មីនេះ។
ឮបែបនេះពួកយើងពីរនាក់បានត្រឹមតែសម្លឹងមុខគ្នាដោយមិនដឹងថាគួរប្រកែកបែបណា ក៏មិនគួរនឹងបំផ្លាញទឹកចិត្តស្រលាញ់របស់គាត់ដែរ បំណាច់និងអ៊ំស្រីមានចិត្តគិតដល់ទំនាក់ទំនងយើងយ៉ាងនេះ ជីនក៏ព្រមទទួលទាំងញញឹម។ ខ្ញុំដឹង នាងហាក់ទើសទាល់ចិត្តព្រោះគិតថាវាជាពេលវេលាចុងក្រោយនៃទំនាក់ទំនងយើងទាំងពីរទៅហើយ តែខ្ញុំវិញបែរជាយល់ថា វាជាអារម្មណ៍មួយដែលកក់ក្តៅណាស់។
គេនៅតែបន្តគេងបែរខ្នងដាក់ខ្ញុំទោះកំពុងស្លៀកឈុតគេងដែលពេញដោយមនោសញ្ចេតនាស្នេហារវាងអ៊ំស្រីអ៊ំប្រុសក៏ដោយ។ គេគ្មានអារម្មណ៍អ្វីចំពោះខ្ញុំបន្តិចទេ? ព្រោះតែគិតហើយថាខ្ញុំមកទីនេះគឺដើម្បីបង្ហាញគេថាខ្ញុំច្បាស់លាស់និងចង់បន្តរស់នៅជាមួយគេ ក៏សួរគេតិចៗទាំងក្រែងចិត្ត៖
ជីន! អូនរងាទេ? ហ៊ឹម…! អត់ទេ! បងរងាអ្ហែស?
គេចិត្តដាច់ដែលសូម្បីតែឆ្លើយក៏នៅតែបែរខ្នង តែសំណាងហើយដែលគេនៅចេះបារម្ភនិងសួរខ្ញុំថា ខ្ញុំរងាទេ? ខ្ញុំក៏ឆ្លើយទៅវិញហាក់អន់ចិត្តណាស់ ក្នុងនាមជាប្តីគេ៖
មិនត្រឹមតែកាយទេ តែចិត្តក៏ហាក់រងាណាស់ដែរ… មិនដឹងថាខ្ញុំនិយាយបង្ហាញពីអារម្មណ៍ឯកាខ្លួនឯងពេក ទើបគេព្រមងាកមករកខ្ញុំ ហើយនិយាយតិចៗ៖ បើរងាកាយបងក៏ដណ្តប់ភួយទៅ!
គេថារួចក៏ទាញភួយដណ្តប់ឱ្យខ្ញុំទាំងមុខស្មើចែស។ គេច្បាស់មិនចូលចិត្តសម្តីខ្ញុំប៉ុន្មានម៉ាត់នោះទេមែនទេ? តែព្រោះខឹងគេណាស់ទៅហើយដែលកន្តើយហើយនៅប្រឹងបន្លំធ្វើជាខ្វល់ពីខ្ញុំទាំងមិនចង់ ខ្ញុំក៏មិនចង់ស្តាប់ឃ្លាបន្ទាប់របស់គេថាយ៉ាងម៉េច ក៏សម្រេចចិត្តគេងបែរខ្នងដាក់គេវិញទៅ។
ពេលដែលខ្ញុំយល់ថាស្តាយក្រោយណាស់ដែលបង្ខំគេមកដើរលេងតែពីរនាក់ហើយធ្វើឱ្យគេសៅហ្មងបែបនេះ ប្រពន្ធអចេតនារបស់ខ្ញុំស្រាប់តែឱបខ្ញុំពីក្រោយ? អាសិទ្ធិឯងកំពុងយល់សប្តិទេ?
ខ្ញុំភ្ញាក់ប្រអប់ដៃគេដែលក្រសោបក្បាលពោះខ្ញុំ ហើយក៏ភ្ញាក់នឹងរបស់អ្វីមួយដែលកំពុងប៉ះខ្នងខ្ញុំ ព្រមទាំងខ្យល់ដណ្ហើមគេភាយក្តៅៗនៅកញ្ចឹងកខ្ញុំ
ឱបប៉ុណ្ណឹង អាចឱ្យបងបាត់រងាចិត្តទេ? បេះដូងខ្ញុំលោតញាប់សឹងតែនឹងចេញក្រៅ វាខុសពីអារម្មណ៍ដែលខ្ញុំបានគេងឱបគេ ហើយគេបង្ខំនៅស្ងៀមព្រោះខ្លាចភ្ញាក់ក្មួយប្រុស តែនេះ គេកំពុងឱបខ្ញុំដោយអារម្មណ៍ស្រលាញ់ គេកំពុងប្រាប់ខ្ញុំថាគេមិនដែលមានចិត្តចង់បញ្ចប់អាពាហ៍ពិពាហ៍មួយនេះទេ? ខ្ញុំប្រែខ្លួនបែរសម្លឹងមើលគេ គេក៏ស្រវាឱបខ្ញុំជាថ្មី ហើយណែនជាងមុនដូចខ្លាចថាខ្ញុំរងាចិត្តមែនអ៊ីចឹង។ ខ្ញុំដឹងថាគេកំពុងអៀនតែធ្វើដូចហំហានណាស់ដែលស្រវាឱបទាំងខ្ញុំមិនទាន់បានយល់ព្រមផង។ មនុស្សស្រីសាមញ្ញម្នាក់នោះបែររអ៊ូរង៉ូវជាប់ដើមទ្រូងខ្ញុំបង្កើយ ទាំងដែលខ្ញុំមិនទាន់និងបានហារមាត់ស្តីឱ្យគេមួយម៉ាត់ដែលហ៊ានឱបកូនប្រុសគេទាំងគ្មានការអនុញ្ញាតយ៉ាងនេះ៖ មុនពេលចេញពីផ្ទះ បងនិយាយអីជាមួយឆេកូ ទើបគេលែងយំតាម?
ស្រួលទេ! ខ្ញុំឆ្លើយធ្វើហីមិនខ្វល់តែបន្លំក្រសោបគេណែនដៃដូចខ្លាចគេប្តូរចិត្តអ៊ីចឹង ហើយក៏នៅមិនទាន់បាត់រំភើបផង៖ បងគ្រាន់តែនិយាយថា បើចង់បានប្អូនលេងជាមួយ អង្គុយនៅផ្ទះរង់ចាំពូមីងត្រលប់ទៅវិញទៅ!
គេវាយទ្រូងខ្ញុំមួយដៃលាន់បឹបទាំងក្នាញ់ ខ្ញុំក៏ដាក់ទោសគេដោយស្នាមថើប វាជ្រាលជ្រៅណាស់ ហើយកក់ក្តៅបំផុតក្នុងបេះដូងខ្ញុំ។
ស្រាប់តែមួយដៃទៀតដែលគេវាយខ្ញុំ គឺជាថ្ពាល់សងខាងដែលមានអារម្មណ៍ថាក្រហាយៗ ហើយវាសឹងបែកថ្គាមទៅហើយ ខ្ញុំមីងម៉ាំងមិនយល់ថាជាអ្វីស្រាប់តែសំឡេងស្រីម្នាក់លាន់ឡើងខ្លាំងៗ៖
ក្រោកឡើង ឯងខកម៉ោងទៀតហើយនាងជីន! គ្រាន់តែឮសំឡេងនាងសីភ្លាម ខ្ញុំស្ទុះក្រោកសម្លឹងលើក្រោមឆ្វេងស្តាំ ទីនេះគឺជាបន្ទប់ជួលរបស់ខ្ញុំ? ឯងទៅណា?
ទៅធ្វើការ? យ៉ាងម៉េច ដេកយល់សប្តិល្អដល់ថ្នាក់លែងដឹងម៉ោងធ្វើការធ្វើអីហើយ? ថ្ងៃនេះជាថ្ងៃអី?
ចាំបាច់សួរ? ឯងមានសង្សារត្រូវណាត់ទៅយកផ្កាដូចគេដែរ? បើពិបាកនឹងចេញក្រៅសម្លឹងឃើញគេផ្អែមល្ហែមណាស់ ដេកផ្ទះទៅ ចាំត្រលប់មកវិញ ចាំយើងទិញកូលាបមួយទងផ្ញើ។ នាងសីម្នាក់នោះសើចហើយក៏ដើរចេញទៅបាត់ លោកអើយ ការពិតយល់សប្តិទៀតហើយ ប្រុសចង្រៃម្នាក់នោះសំងំក្នុងយល់សប្តិពេលណាចេញមកទៅ???? ហេតុថាយល់សប្តិយប់មិញផ្អែមល្ហែមពេក ពេលនេះធ្វើឱ្យខ្ញុំមកអង្គុយមើលគេសាសង ជូនការដូរគ្នាយ៉ាងកម្សត់នៅក្នុងហាងកាហ្វេដែលខ្ញុំនិងនាងសីចូលចិត្ត។ តាមថាខ្ញុំចង់តែចាប់ទាញកអាវនាយសិទ្ធិចង្រៃនោះចេញពីក្នុងយល់សប្តិនោះទេ ដល់ដំណាក់កាលនេះហើយនៅមកលងបន្លាច ធ្វើលិបលមិនចេញក្រៅទៀត កុំតែចូលចិត្តគោលការណ៍សុភាពបុរសរបស់លោកទេ កុំអីខ្ញុំទៅវាយលោកដល់ក្នុងយល់សប្តិហើយ។ កំពុងតែមួរម៉ៅផង ស្រាប់តែនាងសីជើងល្អក៏បានទិញផ្កាកូលាបមួយទងកាន់មកជាមួយមែន។ គ្រប់គ្នាសម្លឹងមើលទៅគេមិនដាក់ភ្នែក ទាំងដែលខ្ញុំកំពុងនឹងចង់រកកន្លែងលាក់មុខ។ ដើម្បីកុំឱ្យអត្រាអ្នកយល់ច្រឡំថាខ្ញុំស្រឡាញ់ស្រីកាន់តែច្រើន ខ្ញុំក៏គេចទៅបន្ទប់ទឹក នាងនោះដឹងចិត្តណាស់ទើបសើចស្រស់ហើយសួរខ្ញុំ៖ ចង់ទៅណាអូនជីន?
បន្ទប់ទឹក! ខ្ញុំលួចញញឹមនឹងចរិតឡប់ៗមិត្តម្នាក់នេះ ឃើញថាបន្ទប់ទឹកស្ទះក៏ឈររង់ចាំនៅកន្លែងលាងដៃ ខ្ញុំច្បូតសក់ក៏មានអារម្មណ៍ថាត្រចៀកខ្លួនឯងដូចជាស្រាលម្ខាង? អេ! បាត់ក្រវិលម្ខាងទៅណា?
ខ្ញុំខំឱនរកទាំងគ្មានពន្លឺគ្រប់គ្រាន់ ទូរសព្ទក៏មិនបានយកមកជាមួយ ក្រោមឡាបូ ក្រោមទុយោ ព្រមទាំងធុងសម្រាមដែលត្រូវលើកមើល ខ្ញុំរកហើយនៅឡើយតែក្រោមជើង…
ហេ… ច្រាច់…ប្រុសម្នាក់នោះបានជាន់ក្រវិលខ្ញុំបាក់ជាកំណាត់… ខ្ញុំសម្លឹងមុខគេធ្វើភ្នែកស្លឺ តាមថាក៏មិនដឹងខឹងគេម៉េចដែរ បើគេក៏មើលមិនឃើញ។ គេរហ័សលើកជើងចេញហើយក៏រើសវាមកឱ្យខ្ញុំ៖ សូមទោសផងខ្ញុំមើលមិនឃើញពិតមែន គ្មានចេតនាទេ!
មិនអីទ! វាគ្រាន់តែជាក្រវិលតូចមួយប៉ុណ្ណោះ! ខ្ញុំទទួលពីគេហើយក៏ទុកវាទៅក្នុងហោប៉ៅអាវក្រៅ ខ្ញុំឈរទៅម្ខាងដើម្បីចាំចូលបន្ទប់ទឹកស្រី ដែលមិនដឹងអ្នកណាសំងំនោះសំងំ។ ស្រាប់តែគេជូតដៃរួចក៏ងាកមកនិយាយជាមួយខ្ញុំទាំងញញឹម៖ ខ្ញុំឈ្មោះសិទ្ធិ!
ហាស? គ្រាន់តែឮឈ្មោះគេខ្ញុំភ្ញាក់សឹងតែរបូតខ្នងពីជញ្ជាំងដែលបានពិត ហើយប្រុងនឹងដួលទាំងជំហរ តែសំណាងខ្ញុំរហ័សទប់ខ្លួនទាន់ ទើបអាចឈរត្រឹមត្រូវនៅមុខគេវិញ គេក៏ជ្រួញចិញ្ចើមដែលខ្ញុំចម្លែកអីយ៉ាងនេះ?
មិនអីទេអ្ហែស? ខ្ញុំសើចញឹមៗព្រោះខ្មាសគេតិចអី វីវស្មានថាខ្ញុំនឹងឃើញប្រុសស្អាតមិនបាន ប្រុសស្អាតរាក់ទាក់មិនបានទន់ដៃទន់ជើង ចប់ហើយ។ ណាស់តែថាខ្ញុំក្លាយទៅជាយ៉ាងនេះ ម៉េចក៏ចៃដន្យមកចួបប្រុសឈ្មោះសិទ្ធិអីដូចអាប៉ិសិទ្ធិនៅក្នុងយល់សប្តិយប់មិញម្ល៉េះ? ខ្ញុំពេលនោះដែលមិនចង់ជឿសោះ ក៏ធ្វើជាសួរគេ៖ មិនមែនឈ្មោះវីរៈសិទ្ធិទេអ្ហី?
គេស្រាប់តែបើកភ្នែកធំនិយាយទាំងភ្ញាក់៖
អ្ហាស? ម៉េចក៏ដឹងថាខ្ញុំឈ្មោះវីរៈសិទ្ធិ? លើកលោកនេះមានរឿងចៃដន្យអ៊ីចឹងដែរ? ប្រុសសង្ហាមានគោលការណ៍ជាសុភាពបុរសក្នុងក្តីស្រមៃរបស់ខ្ញុំពិតជាបានបង្ហាញខ្លួននៅមុខខ្ញុំពិតមែន? ខ្ញុំមិនអស់ចិត្តក៏សួរសំណួរគេមួយម៉ាត់ចុងក្រោយ៖ លោកសិទ្ធិ…លោកមានមិត្តភក្តិឈ្មោះសត្យាទេ?
គេស្រាប់តែញញឹមហើយក្រវីក្បាល ខ្ញុំធូរទ្រូងហើយដកដង្ហើមធំ ញញឹមអឹមអៀនម្នាក់ឯង ហាសហា ខ្ញុំដូចឡប់សតិម៉េចមិនដឹងទេ ចាញ់បោកយល់សប្តិមិនអស់ចិត្ត នៅមកស្រមៃផ្តេសផ្តាសទៀត នាងជីនអើយ…៕