រឿង ឈ្មួញនិងអារក្ស​ (១០០១ វគ្គ២)

កាលពី​ព្រេងនាយ ​មាន​ឈ្មួញ​មូស្លីមម្នាក់ប្រកបដោយ​មុខរបររលូនរលៃ មានភរិយាប្រពៃនិងកូនៗបីនាក់។ គាត់ជាមនុស្ស​សម្បូរ​​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ តែឧស្សាហ៍ព្យាយាមណាស់ តែងចេញ​ជួញប្រែឆ្ងាយៗពីផ្ទះ​ទៅ​កាន់នគរ​នានា​ជា​ច្រើនមិនថា ព័រទុហ្គាល់​ចិន ឬឥណ្ឌា។

ថ្ងៃ​មួយ​ពេល​បាន​ជិះ​សេះវិលមក​ទីក្រុង​វិញ ក៏​សម្រេចចិត្តចូល​ឈប់​សម្រាកមួយស្របក់​ក្រោម​ដើម​ឈើ​ធំត្រឈៃមួយ។

ដោយហត់នឿយឃ្លានខ្សោះ គាត់ក៏​លូក​ចូលបង្វេច​រាវរកអាហារក្រៀម  ផ្លែ​ដំណាប់​ស្ងួត​ ​ទទួល​ទាន។

កម្មមួយបានមកដល់ គឺ​​ពេល​ដែល​ឈ្មួញ​ច្រត់ដៃ​ចំ​ដុំ​មួយមុត​ឈឺ​ក៏ខឹង លើកវា​គ្រវែងចោល​ចេញ​​ទំហឹងចិត្ត​ឱ្យឆ្ងាយ​ចាកចោលថាន។

មិនបានអីផង  ស្រាប់​តែ​ពេល​នោះ​ទេពារក្ស​មួយ​បាន​ផុស​ចេញ​មកពីគល់ប្រឹក្សា។

ទេពារក្ស​​មាឌ​ធំ​នេះ​ មាន​ប្រថាប់​ដាវ​មួយនឹង​ដៃ ដើរ​មក​ជិត​នាយ​ឈ្មួញ​ដែលភ័យញ័រញាក់សម្លុត​ថែមថា៖

  “ឯង! ​ក្រោក​ឈរ​ឡើង​ អាល​នឹង​​អញ​កាត់​ក្បាល​ឯង ព្រះ​ឯង​បាន​សំលាប់​កូន​អញ!”។

នាយ​ឈ្មួញ​កើតចម្ងល់នឹងសេចក្តីមរណានេះ បានលាន់សួរញាប់ញ័រ​ថា៖

 “ខ្ញុំ​មាន​សម្លាប់​​កូន​អ្នក​​ពី​អង្កាល់?”។

ទេពារក្ស​​តបគ្រហឹម​៖

 “​ឯង ​គប់​ដុំ​ថ្ម​ទៅ​ត្រូវ​ចំ​ទ្រូង​កូន​អញ! ​កូន​អញ​ក៏​ស្លាប់ទៅ”។

ពេលនេះ​ហើយដែល​នាយ​ឈ្មួញបាន​យល់ការណ៍ទាំងភ្នែកជាប់កញ្ចឹងក។ ​គ្មានអ្វី​ក្រៅតែ​ពីលើកដៃសុំ​​អង្វរ​ថា ៖

“ឱព្រះ​អើយ! ឱព្រះ​ដ៏​ចំរើន​អើយ! តើ​ខ្ញុំនេះ​​បាន​ សម្លាប់​​កូនអារក្ស​ដោយរបៀបនេះឬ? ខ្ញុំមិនោះឃើញគេសោះទេពេលចោលថ្មទៅ!?»

«ឯងកុំរកហេតុផល!»

«ទោះមែន ក៏ ជាការ​សម្លាប់​​ដោយ​អចេតនា​ដែរ។ សូមលោក​​លើក​លែង​ទោស​ដល់​ខ្ញុំផង​​”។

ទេពារក្ស​​តប​ថា ៖

“ទាល់តែកូនតូចកម្សត់នេះរស់បាន​មកវិញម្ល៉េះសម​គ្មាន​អ្វី​អាច​ជួយ​ឯង​បាន​ទេ អញ​ត្រូវ​តែ​សម្លាប់​​ឯងទើបសមជាពុកម្នាក់”។

លោកនេះគ្មាន​ការស្លាប់ហើយ​រស់មកវិញ​ទេ​ ឈ្មួញដ៏មាន​ចំណេះម្នាក់នេះយល់ច្បាស់ណាស់ ម៉្លោះហើយ​ពេលត្រូវ​ទេពារក្ស​​ក៏​ចាប់​ ​អូស​គាត់ យក​ទៅ​ចង​ជាប់​នឹងដើមឈើ បម្រុង​​ថា​ លើក​ដាវ​ឡើង​​កាប់សម្លាប់ ​នាយ​ឈ្មួញ ​ក៏​យំសោក​ហើយ​ ហើយ​និយាយ​ថា៖

«ខ្ញុំក៏ជាឳពុកនៃកូនៗបីនាក់ តើគេនឹង​តាមសម្លាប់អ្នកឯងសងជីវិត​ខ្ញុំទេ?»

នាង​Scheherazade និទាន​មកដល់​ត្រង់ចំណុចនេះ ឆ្លៀត​ក្លែម​ថា៖

«ឱប្អូនពៅដ៏ល្អអើយ! ឃើញថាថ្ងៃរះឡើងហើយ យើងនឹង​លាគ្នា​ត្រឹមណេះ​ងតែមុនបងស្លាប់​ចង់ដឹងដែរថា​តើប្អូន​យល់យ៉ាងណា​នឹងរឿង​អារក្សនោះ?!»

ស្តេចស៊ុលតង់តែងតែក្រោកពីព្រលឹមដើម្បីទៅប្រជុំក្រុមប្រឹក្សានោះ ក៏ឆ្លើយកាត់ថា ៖

«នាងមិនទាន់ស្លាប់ទេ ល្គឹកណាត្រូវនិយាយរឿងនេះចប់សិន!»

កាលបើឌីណាហ្សាដបានឪបន្ទុលក៏បន្ទរទាំងអំណរ​ថា៖

“ពិតណាស់បងស្រី នេះគឺជារឿងដ៏អស្ចារ្យ យើងគ្មានចម្លើយអ្វីមាន​ទេចង់ស្តាប់យ៉ាងជក់ចិត្ត​”

បានរស់ជីវិត​មួយថ្ងៃដូចគម្រោង​នាងScheherazade បានឆ្លើយវិញថា៖

“ អ្វីដែលនៅសល់គឺអស្ចារ្យជាងនេះ! ហើយ ប្រសិនបើស៊ុលតង់ អនុញ្ញាតឱ្យខ្ញុំរស់នៅមួយថ្ងៃទៀតហើយ ខ្ញុំនឹងនិទាន​ពិស្តារ​អ្នកនៅយប់បន្ទាប់នេះ” ។

ស្តេច​ ដែលបានស្តាប់ Scheherazade ដោយសេចក្តីរីករាយបានបន្ទូល​បន្ថែមថា ៖

“នាង​នឹង​ត្រូវបម្រើ​យើងទៀតនៅយប់នេះ!  ថ្ងៃស្អែកយើងអាចសម្លាប់នាងដដែលតាមពាក្យសច្ចាបានគ្រប់ពេល! តែយើង​ត្រូវបាន​ឮដល់ចុងបញ្ចប់នៃរឿងរបស់នាងសិន” ។

នៅមាន់រងាវនេះ ជាពេលវេលាឱពុកនា​ង ស្ថិតក្នុងស្ថានភាពថប់បារមភ័យខ្លាច។ ប៉ុន្តែតែបានឮបញ្ជា​ថ្មី នេះ​គាត់មានសេចក្តីត្រេកអរយ៉ាងខ្លាំង។

នៅពេលដែលគាត់បានឃើញស្តេចស៊ុលតង់ចូលក្នុងបន្ទប់ក្រុមប្រឹក្សាដោយមិនបានផ្តល់នូវបញ្ជាពិឃាតដែលគ្រប់គ្នារំពឹងទុក។

នៅព្រឹកបន្ទាប់ មុនថ្ងៃបែកចេញពីប្អូនស្រីគឺ​នាង​ ឌីណាហ្សេត បងដ៏ឆ្លាត​បាននិយាយទៅកាន់ប្អូនស្រីថា ៖

«ជីវិតបង ពឹងលើនាង​ នាង​ត្រូវខំ​ស្តាប់និងជជីកឡើង​បណ្តារឿងនានាដែលបងនិទាន​ ឱ្យជក់ចិត្ត ​​វិភាគឱ្យណែងណង ស្តេចនឹងមិនអាច​សម្លាប់បងរាល់ព្រឹកទេ!»

ប្អូនបានឮហើយកាលណាក៏តបតភ្លាមថា៖

«បងស្រីជាទីស្រឡាញ់អើយ ​ខ្ញុំអាចធ្វើអ្វីៗ​គ្រប់យ៉ាង ដើម្បីសង្គ្រោះជីវិតអ្នក!»

ដូច្នេះ Scheherazade បានបន្តរឿងឈ្មួញនិងទេពារក្ស​នៅពេលរាត្រីកាលឈានមកដល់។

នៅពេលឈ្មួញឃើញថា ទេពារក្ស​ប្តេជ្ញាចិត្តកាត់ក្បាលគាត់ គាត់និយាយថា៖

«ដើម្បីព្រះឱឡោះ សូមអនុញ្ញាតឱ្យខ្ញុំបាន​ ទៅផ្ទះហើយលាប្រពន្ធខ្ញុំនិងកូន ធ្វើបណ្តាំកេរ្តមរតក ​រើផ្ទេរបំណុល ស្តីដណ្តឹងប្រពន្ធល្អសល់កូនៗ  ពេលខ្ញុំធ្វើចប់ភារៈ នឹងត្រឡប់មកទីនេះសងជីវិត​ឱ្យ​អ្នកសម្លាប់ខ្ញុំ»។

ទេពារក្សគិតហើយកាលណា ក៏ងក់ក្បាលព្រមថា ៖

 ” ខ្ញុំព្រមជាមួយព្រះ តែ​ខ្លាចថាអ្នកនឹងមិនត្រលប់មកវិញ” ។

ឈ្មួញ​បានឆ្លើយថា ៖

 “ ខ្ញុំជាមូស្លីមដែលគោរពសម្តី ដោយ​កិត្តិយសរបស់ខ្ញុំ! ខ្ញុំនឹងត្រលប់មកវិញដោយមិនក្បត់ឱឡោះឡើយ​” ។

«អ៊ីចឹងតើពេលណាមកវិញ?!»

អ្នកជំនួញរូបនេះបានឆ្លើយតបថា“ ខ្ញុំសុំឱ្យអ្នកទុកពេល​ខ្ញុំ មួយឆ្នាំ” ។ ខ្ញុំសន្យានឹងអ្នកថានៅ ដប់ពីរខែទៀតខ្ញុំនឹងមករង់ចាំនៅក្រោមដើមឈើនេះដើម្បីប្រគល់សង្ខារឱ្យអ្នក។

ទីបំផុត​ឈ្មួញបានចាកចេញមែន​។ ឈ្មួញបានជំនៈការភ័យខ្លាចឡើង ជិះសេះហើយបន្តដំណើរទៅផ្ទះ។

នៅពេលមកដល់ផ្ទះជួបប្រពន្ធនិងកូន បុរសនេះឱបពួកគេហើយ​ចាប់ផ្តើមយំយ៉ាងជូរចត់ ។

ប្រពន្ធដ៏កបកលរបស់គាត់បានដឹងពីទុក្ខព្រួយអាថ៌កំបាំងក្នងឥរិយាបថស្វាមី នាង​និយាយអង្វរថា៖

 “សូមប្តី ប្រាប់គ្រួសារ​ច្បាស់ អំពីអ្វីដែលជាអកុសល​បម្រុងកើតឡើងព្រោះថាយើងទាំងអស់ស្មោះនឹងអ្នក” ។

“ខ្ញុំមានពេលតែមួយឆ្នាំប៉ុណ្ណោះដើម្បីរស់នៅមានជីវិតឃើញអ្នករាល់គ្នា​” ។

បន្ទាប់មកគាត់បានប្រាប់ពួកគេអំពីអ្វីដែលបានកើតឡើង រវាងគាត់និងទេពាដើមឈើ។ និងសន្យា ដែលគាត់ថានឹង​ដោះស្រាយបញ្ចប់ការងារក្នុងគ្រួសារ​ ដើម្បីត្រលប់ទៅរក​គេនោះវិញនៅចុងឆ្នាំដើម្បីទទួលពិន័យ សម្លាប់ជីវិត។

គ្រប់គ្នា​ទាំងគ្រួសារនិងទាសករ​ នៅពេលពួកគេ ដឹងបរិយាយដ៏ក្រៀមក្រំនេះ  អស់សង្ឃឹមហើយយំសោក​យ៉ាងខ្លាំងពេញផ្ទះ។

នៅថ្ងៃបន្ទាប់ឈ្មួញបានចាប់ផ្តើមដោះស្រាយកិច្ចការរបស់គាត់តាមសម្តីមែន​ដោយ​ប្រាប់បញ្ជីអ្នកជំពាក់បំណុលរបស់គាត់ទៅកូនៗនិងប្រពន្ធ ។ បែងចែកការទទួលខុសត្រូវជំនួញ បង្រៀនកូនៗអំពីការដើរសមុទ្រ ប្រវត្តិសាស្រ្ត​នយោបាយ​ការដើរកាត់វាលខ្សាច់ បានយូរដោយគ្មានទឹកគ្រប់គ្រាន់។ល។

គាត់ផ្តល់អំណោយដល់មិត្តភក្តិ អ្នកភូមិ អ្នកក្រ ឱ្យទាសករពេលកំណត់ចាកចេញមាន​ សេរីភាព ហើយចុងក្រោយបណ្តាំបែងចែកមរតក ផ្គត់ផ្គង់ប្រពន្ធនិងកូន ៗ របស់គាត់។ សល់ពីនោះគាត់សូត្រធម៌​ធ្វើបុណ្យ និងសប្បាយរីករាយជាមួយអ្នកផ្ទះ។

មិនយូរប៉ុន្មានឆ្នាំបានកន្លងផុតទៅ។

កាតាព្វកិច្ចសងជីវិត​បានមកដល់។

គាត់បានឱបលាពួកគេ​​ហើយ​ចេញដំណើរជាមួយសេះដដែល។

យូរ ៗ ទៅក៏បាន​ទៅដល់កន្លែងដែលណាត់។

ដោយក្រៀមក្រំ ឈ្មួយញ​បានចុះមក អង្គុយ គែមឬសឈើធំមួយ​ រង់ចាំទេពារក្ស ។

ខណៈពេល កំពុងរង់ចាំ បុរសចំណាស់ម្នាក់មកដល់ពីចំងាយ។ គាត់បាន​បណ្តើរក្តាន់មួយ។ ពេលប៉ះគ្នា​ ពួកគេសួរសុខទុក្ខ ហើយបន្ទាប់មកបុរសចំណាស់បានបំបែក​សេចក្តីឆ្ងល់ថា៖

«កន្លែងនេះសែន​ស្ងាត់ជ្រងំ! ទោះបីជាឃើញមាន​ដើមឈើដ៏ស្រស់ស្អាតទាំងនេះជាកន្លែងដែលមានវិញាណអាក្រក់ជាច្រើន គេមិនងាយសំចតទេ រួសរាន់ឆ្លងកាត់ឱ្យរហ័ស អ្នកអង្គុយតំអក់ស្រងូតមុខតែមានហេតុផលហើយ ! ខ្ញុំរៀនសាស្ត្រាបានច្រើនដែរ តើខ្ញុំអាចជួយអ្វីបាន?!»

ឈ្មួញបានប្រាប់បុរសចំណាស់តាមត្រង់អំពីគ្រប់យ៉ាង រួមទាំង​ហេតុផល​អ្វីបានជាគាត់មានកាតព្វកិច្ចមកចាំស្លាប់នៅទីនោះ។ ស្តាប់ដោយភ្ញាក់ផ្អើលហើយ​បុរសមានក្តាន់ពោលឡើងថា ខ្ញុំគួរតែធ្វើជាសាក្សីនៃសន្យា​របស់អ្នក ជាមួយទេពារក្ស​ខ្ញុំនៅរង់ចាំដែរចុះ។

ដូច្នេះ គាត់បន្តអង្គុយក្បែរអ្នកជំនួញកំដរទុក្ខសោករបស់គាត់ដោយចិត្ត​បុណ្យ។ ខណៈពេលបានយូរបន្តិច​ក៏លេចចេញ​ បុរសចំណាស់ម្នាក់ទៀតមកតាមពីក្រោយដែរ ដោយមាន​បណ្តើរ​ឆ្កែខ្មៅពីរក្បាល។

គាត់មកដល់ក៏លើកដៃគំនាប់ជម្រាប​សួរសុខទុក្ខពួកគេ ហើយសួរថា តើពួកគេកំពុងធ្វើអ្វីនៅកន្លែងនេះ?

បុរសចំណាស់ដែលមានក្តាន់ បានប្រាប់គាត់ពីដំណើររឿងសោកសង្រេងនៃ​ការ​ផ្សងព្រេងជីវិត​របស់ពាណិជ្ជករចុងក្រោយបាន​ត្រូវ​បំពាន់លើទេពារក្ស។

បុរសចំណាស់ទីពីរ បានលឺរឿងនេះ ក៏សម្រេចចិត្តស្នាក់នៅទីនោះដែរ ដើម្បីមើលថានឹងមានអ្វីកើតឡើង។

បានមួយសន្ទុះ ផ្សែងក្រាស់ដូចជាពពកធូលីឬមជួយឡើងមក។​វាជាសញ្ញាណដំនើរ​មកដល់នៃទេពារក្ស។ បន្ទាប់មកពេលផ្សែងបាត់  ពួកគេបានឃើញទេពារក្ស​ កាន់កតាប់ដាវធំមុត​នៅក្នុងដៃ។

ដោយមិនរវល់នឹង​អ្នកផ្សេង ទេពារក្ស ចង្អុលទៅឈ្មួញហើយលើកឡើងថា៖

«ល្អហើយ ដល់វេលា​ខ្ញុំអាចសម្លាប់អ្នក សងសឹកកាលដែល​អ្នកសម្លាប់កូនប្រុសខ្ញុំដែរ” ។ឈ្មួញនិងបុរសចំណាស់ទាំង២នាក់ចាប់ផ្តើមយំហើយស្រែក​សុំព្រះឱ្យពរពួកគេ។

បន្ទាប់មកបុរសចំណាស់មានក្តាន់ បានចចារថា៖

 “ ឱព្រះទេពា​ដ៏មាន​មហសច្ចារ្ស​! ខ្ញុំសូមអង្វរអ្នកឱ្យសង្កត់នូវកំហឹងហើយស្តាប់ខ្ញុំសិន!ខ្ញុំនឹងប្រាប់អ្នកពីរឿងរ៉ាវជូរចត់នៃជីវិត​របស់ខ្ញុំ តែខ្ញុំមានទោសៈក្រោយមករំលត់បានពិតមែន ! សន្យាមកថា  ប្រសិនបើអ្នកឃើញពីកំណាត់ជីវិត​ឈឺចាប់នោះ ហើយ​គិតថា ខ្ញុំបានអត់ធ្មត់ឆ្លងកាត់បានយ៉ាង​អស្ចារ្យ តើអ្នកអាច​ទុកជីវិត​ឈ្មួញនេះពាក់កណ្តាលឱ្យខ្ញុំបានទេ?”

ទេពកោសល្យបានពិចារណាចុះឡើង ហើយបន្ទាប់មកគាត់បាននិយាយឡើងថា៖

“ ខ្ញុំយល់ព្រមនឹងសំណើរនេះ ចូរនិយាយរឿងអ្នកភ្លាម!»

សូមចុចអាន រឿងបុរសចំណាស់ទីមួយ និងសត្វក្តាន់ ជួយជីវិតឈ្មួញ