រឿងតាចាស់ទីពីរបណ្តើរឆ្កែខ្មៅ(១០០១យប់វគ្គ៤)

តាចាស់ទីពីរ ដែលបណ្តើរឆ្កែខ្មៅចាប់ផ្តើមនិទាន​។

ឱ ទេពារក្សអើយ ការព្រាត់របស់អ្នកនឹងកូនប្រុស សោកសង្រេងគង់នៅមិនច្រើនស្មើរឿងខ្ញុំដែលត្រូវញាតិសន្តានក្បត់នឹងមុខទេ។

​ ខ្លួន​ខ្ញុំ​មាន​បង​ប្អូន ៣ នាក់។

​ខ្លួន​ខ្ញុំ  និង​បងៗ​ខ្ញុំ ២នាក់ពេលនេះ​នៅក្បែរនេះហើយ  គឺ​ឆ្កែ​ខ្មៅ ១ គូ​នេះ​ឯង។

​ កាលពីលោក​​ពុក​យើង​ខ្ញុំជិត​​ទទួល​មរណ​ភាព​ទៅ នៅ​សល់​ប្រាក់កាដជាច្រើន​​ទុក​ឲ្យ​យើង​ចំនួនស្មើគ្នាផ្តាំឱ្យខំរកស៊ី និងមានចិត្ត​ស្រលាញ់បងប្អូន​មានចិត្តមេត្តា​និងសប្បុរសកុំខ្ចិលច្រអូស កុំ​បំផ្លាញ​អ្នកខ្សោយជាង។

យើង​ក៏ ​ចាប់​ធ្វើ​របរ​ដូច​គ្នា​ទាំង ៣ នាក់​ បែកទីឋាន​លំនៅ បែងចែកទាសករ និងរកស៊ី​លក់​ដូរ​តែ​រៀង​ខ្លួន ។

លុះ​បើក​ហាង​បាន​យូរ​បន្តិច បង​ខ្ញុំ​ម្នាក់​ដែល​ជា​បង​បង្អស់ ​គឺ​ឆ្កែ​ខ្មៅ ១ នេះ មាន​ការធុញទ្រាន់ចំពោះជីវភាព​មធ្យមនេះ​ក៏នឹង​រៀបចំគម្រោង​ប្រាថ្នា នឹង​ចេញ​ទៅ​ជួញដូរឆ្ាងយ​​ឯ​ប្រទេស​ក្រៅ ។

គាត់គិត​ដូច្នេះ​ហើយ​ក៏​លក់​ហាង​នឹង​ទំនិញ​ទាំង​អស់​យក​ជា​ប្រាក់ប្រមូលទៅផ្សងព្រេង​ទៅរកការងាររកស៊ី​​ថ្មី​នា​ ​ទី​ឆ្ងាយ ។

ដល់​វេលា​តាមបំណងដែល​ធ្វើ​ជាស្រេច​ ក៏គាត់លាប្អូន​​ចេញ​ដំណើរ​ទៅ​បាត់ ​កំណត់ ១ ឆ្នាំ​ឥត​មាន​ឮ​ដំណឹង​អ្វី​មកវិញ​សោះ ។

ស្រាប់​តែ​ក្នុង​ថ្ងៃ ១ ខ្ញុំ​ឃើញ​មនុស្ស​កំសត់​ម្នាក់​ដើរ​ចូល​មក​ក្នុង​ហាង​ខ្ញុំ ខ្ញុំ​ស្មាន​ជា​អ្នក​សុំ​ទាន​ក៏​និយាយ​ទៅ​ថា៖

« សូម​ព្រះ​ជួយ​ចំរើន​អ្នក!»

ពេលខ្ញុំហុចលុយកាក់  វេលា​នោះ​មនុស្ស​កំសត់​តប​មក​វិញ​ថា៖

« សូម​ឲ្យ​ព្រះ​ជួយ​ចំរើន​ឯង​ដែរ ឯង​ភ្លេច​អញ​ហើយ​ឬ​បាន​ជា​និយាយ​ដូច្នេះ!»

 ខ្ញុំ​ក៏​ដឹង​ច្បាស់ថា​ជា​បង​ខ្ញុំ​ ទើប​ស្ទុះ​ទៅ​ឳប​ហើយ​ខ្ញុំ​ប្រាប់​ថាអាច​ងើយមើលបាន(សង្គមពីជំនាន់នោះវណ្ណៈទាសករគ្មានសិទ្ធិងើបមុខ​ទេ​)​ចុះ​ឲ្យ​ខ្ញុំ​ស្គាល់​ដូច​ម្ដេច​បាន បើ​ខ្ញុំ​មិន​ដែល​ឃើញ​បង​មាន​សភាព​ដូច្នេះ​ម្ដង​សោះ!»

​ ​ខ្ញុំ​ក៏នាំគាត់​ចូល​ទៅ​ក្នុង​ហាង សាក​សួរ​គ្រប់​ជំពូក​អំពី​សេចក្ដី​សុខ​ទុក្ខ​ ​ក្នុង​ជំនួញ វេលា​នោះ​បង​ខ្ញុំ​ប្រាប់​មក​វិញ​ថា​ ឯង​កុំ​សួរ​អញ​ដូច្នេះ​ឡើយ ឃើញ​ខ្លួន​អញ​យ៉ាង​នេះ​ហើយ ឯង​ស្មាន​មិន​ត្រូវទៀត​ឬ តែ​ឯង​សួរ​ទៅ ​ហាក់​ដូច​ជា​នាំ​ទុក្ខ​ចាស់​មក​ថែម​លើ​ខ្លួន​អញ​ជា​ថ្មី​ទៀត ។

            ខ្ញុំ​ក៏​បិទ​ហាង​លែង​លក់​ក្នុង​វេលា​នោះ ទើប​នាំ​បង​ខ្ញុំ​ទៅ​ងូត​ទឹក​ជំរុះ​មន្ទិល​សៅ​ម៉ង​ចេញ រួច​ខ្ញុំ​រើ​ខោ​អាវ​យ៉ាង​ល្អ​ពី​ក្នុង​ទូ​មក​ឲ្យ​ស្លៀក​ពាក់។

 ក្រោយលៀងអាហារនិងរាំច្រៀងសប្បាយ​តាមចិត្ត​នឹករឮករួចកាលណា បងក៏សម្រាន្តបាត់សូន្យស្រម៉ុកយ៉ាងមានសុខ។

​ខ្ញុំ​វិញឃើញបងដូច្នេះ ក៏មិនមាន​សុខក្នុងចិត្ត​បន្តិចណាសោះ។ ទាំងពាក់កណ្តាលរាត្រីខ្ញុំបានទៅអង្គុយទូរទាត់ ​មើល​បញ្ជី​ចំណូល​ចំណាយ​ក្នុង​ជំ​នួញ​របស់​ខ្ញុំប៉ុន្មានឆ្នាំមកនេះ​ ឃើញ​បាន​ចំរើន​ស្មើ​នឹង​ដើម​ប្រាក់ ​ខ្ញុំ​គឺ​ចំណេញ​បាន ១០០ភាគរយវិញហើយ ក៏សម្រេចចិត្ត​ ​ប្រាក់​ចំណេញ​ទាំង​អស់​នេះ​ប្រគល់​ឲ្យ​ទៅ​បង​ខ្ញុំ។

 ព្រឹកកាលណាពេលយើងហូបនំ ​ខ្ញុំ​និយាយនឹង​បងធំខ្ញុំថា៖

 “ឱអ្នកជារៀម​បង! ប្រាក់​ប៉ុណ្ណេះ​ប្រហែល​ជានឹង​​នាំ​បង​ឲ្យ​ភ្លេច​សេចក្ដី​បង់​ខាត​ទាំង​ប៉ុន្មានក្នុងជីវិតពីមុន​​បាន ចូរ​បង​យក​ទៅ​តាំង​រក​ស៊ី​ជា​ថ្មី​ទៀត​ចុះ ”

បង​ខ្ញុំ​ត្រេកអរណាស់ ។ បាន​ទទួល​ប្រាក់​យក​ទៅ ក៏​ចាត់​ការ​លក់​ដូរ​ក្នុង​ភូមិ​នោះ​ជា​មួយ​គ្នា ដូច​កាល​ពី​ដើមដែលពុកទើបស្លាប់ថ្មីៗ ។

            លុះ​កន្លង​មក​យូរ​បន្តិច ស្រាប់​តែ​បង​ទី ២ ខ្ញុំ​គឺ​ឆ្កែ​ខ្មៅ ១ ទៀត​នេះ​ឯង ចង់​លក់​ហាង​នឹង​ទំនិញ​ក្នុង​ហាង​ទាំង​អស់ ដើម្បី​ទៅ​ជួញ​ក្នុង​ប្រទេស​ឆ្ងាយ​ដែរ។

 វេលា​នោះ​បង​ច្បង​ខ្ញុំ​នឹង​ខ្លួន​ខ្ញុំ​ខំ​អង្វរ​ជា​ច្រើន​គ្រា គាត់​មិន​ព្រម​ស្ដាប់​នៅ​តែ​ចចេស​ចង់​ទៅ​ទើប​លក់​ហាង​នឹង​ទំនិញ​ឲ្យ​គេ​យក​ប្រាក់​មកវិនិយោគ​ទិញ​ទំនិញ​ថ្មីល្អៗ​ទិញទាសករ​តាមទៅ ដោយ​ ចេញ​ទៅ​តាម​ផ្លូវ​ជើង​គោកលក់ដូររបស់ទាំងនោះនៅស្រុកឆ្ងាយ។

 ទៅ​បាត់​កំណត់ ១ ឆ្នាំ​ឃើញ​ត្រឡប់​មក​វិញ​មាន​ភាព​ឥត​ល្អៀង​ពី​បង​ច្បង​ឡើយ។ អស់ទាំងទ្រព្យ​លក់អស់ទាំងទាសករ​។

 ខ្ញុំ​ក៏​បាន​ឲ្យ​ខោ​អាវ​ទៅគាត់​ស្លៀក​ពាក់ ​ឲ្យ​ប្រាក់ ការប្រពន្ធ​និងទិញទាសករ​ឱ្យវិញ​​ទាំង​អស់​ទៅ ដើម្បី​ធ្វើ​ដើម​ទុន​ជា​ថ្មី នៃជីវិត​។

គាត់​ក៏​បាន​ទិញ​ទំនិញបើក​​ហាង​លក់​ក្នុង​ភូមិ​នោះ​ជា​មួយ​គ្នា​ត​រៀង​មក ។

            ថ្ងៃ ១ បង​ខ្ញុំ​ទាំង ២ នាក់​មក​រក​ខ្ញុំ ហើយ​និយាយ​បបួល​ខ្ញុំ​ថា ​ឲ្យ​ទៅ​ជួញ​ក្នុង​ប្រទេស​ឆ្ងាយ​ជា​មួយ​គ្នា។

 ខ្ញុំ​មិន​ព្រម​ដាច់ខាត​ហើយ​ខ្ញុំ​សួរ​ទៅ​ថា ចុះ​កាល​អ្នក​បង​ទាំង ២ នាក់​ជួញ​ជាន់​មុន​ម្ដង​ម្នាក់​នោះ​តើ​បាន​ចំណេញ​ប៉ុន្មាន ? បង​ភ្លេច​ហើយ​ឬ​នៅ ហេតុ​អ្វី​ក៏​នៅ​តែ​ទទូច​ចង់​ទៅ​ទៀត ខ្ញុំ​ក្រែង​ទៅ ​វា​បាន​ផល​ដូច​កាល​ជាន់​មុន​ទៀត។

 វេលា​នោះ​បង​ខ្ញុំ​ទាំង ២ លើកថា មាន​បរាជ័យ​ទើបដឹងជោគជ័យ។

គាត់នាំគ្នា​សារ​សាច់​រឿង​រ៉ាវ​ពី​ផ្លូវ​ចំណេញ​គ្រប់​ប្រការ ដើម្បី​ញាំង​ខ្ញុំ​ឲ្យ​លុះ​ក្នុង​អំណាច​ពង្វក់របស់គាត់ ​តែ​ខ្ញុំ​មិន​ព្រម​តាម​សោះ ។

ទោះយ៉ាងណា​បងៗ​ខ្ញុំ​ទាំង ២ នាក់ជាមនុស្សអផ្សុកណាស់ ពួកគេ​ក៏​មិន​បោះ​បង់​គំនិត​ចាកឆ្ងាយទីឋាន​នេះ​ឡើយ ។

សម័យកាលនោះ ដោយគាត់​នៅ​តែ​ទៅ​មក​ជា​ញឹក​ញយ​និយាយ​តែ​ពី​រឿង​នេះ លុះ​អង្វរ​ខ្ញុំ​គ្រប់​កំណត់ ៥ ឆ្នាំ​ទើប​ខ្ញុំ​ព្រម​បណ្ដោយ​តាម។

 ដល់​ពេល​ដែល​នឹង​ត្រូវ​រៀប​ចំទិញ​ទំនិញ​សព្វ​សារ​ពើ​ទៅ​ជួញ​នោះ បង​ខ្ញុំ​ទាំង ២ បាន​ចាយ​ប្រាក់ ​អស់​ នឹង​រក​អ្វី​ទិញ​ទៅ​ជួញ​គ្មាន ខ្ញុំ​ក៏​ឥត​បន្ទោស​ថា​អ្វី ១ ម៉ាត់បែរជាប្រាប់ថា ចាំបានចំនេញចែកឱ្យកសាងជីវិត​ទៀត។

វេលា​នោះ ​ប្រាក់​ខ្ញុំ​មាន​ទាំង​ដើម​ទាំង​ចុង​ចំរើន​បាន ៦០០០ កហាបណៈ ខ្ញុំ​ក៏​យក​ពាក់​កណ្ដាល​ចែក​ជា ៣ ភាគ​ស្មើ សម្រាប់យើងទាំងបី ចំណែក​៥០ភាគរយទៀត ខ្ញុំ ​យក​ទៅ​កប់​លាក់​ទុក​ក្នុង​ទីចាស់នេះ។

ខ្ញុំប្រាប់ពួកគាត់ថា  បង្ការ​ក្រែង​យើង​ទៅ​ជួញ​មិន​បាន​ប្រកប​ដូច​ប្រាថ្នា ​ទៅ​ជា​ខាត​លិច​លង់​ទៅ កាល​ណា​យើង​ត្រឡប់​មក​លំ​នៅ​វិញ យើង​មាន​នៅ​សល់​ខ្លះ​ល្មម​ធ្វើ​ដើម​ទុន​រក​ស៊ី​ដូច​កាល​ជាន់​មុន​ទៀត​បាន ។

 ខ្ញុំ​ចែក​ចំណែក​ស្មើ​ជា​ស្រេច ហើយ​យក ៣០០០ កហាបណ​ទៅ​កប់​ទុកមែននា​ កៀន​របងផ្ទះ​ខ្ញុំ ។

លុះដល់បាន​​ជញ្ជូន​ទំនិញ​ផ្ទុក​ពេញ​សំពៅ​ហើយ ក៏​បើក​ក្ដោង​ចេញ​ទៅ​ត្រូវនឹង​ទិស​​ខ្យល់​ស្រួល​ណាស់ ឥត​មាន​ភ័យ​អន្តរាយ​អ្វី​សោះ ។

            បើក​ក្ដោង​តាម​ផ្លូវ​ទៅ​កំណត់ ២ ខែ​ក៏​បាន​ដល់​ទៅ​ស្រុក ១ ទើប​ចូល​ចត​លក់​ទំនិញ​ក្នុង​ទី​នោះ លក់​ដាច់​អស់​ទាំង​អស់​ចំណែក​ខ្ញុំ​បាន​ចំណេញ ១ ជា ១០ ហើយ​បាន​ទិញ​ទំនិញ​ក្នុង​ប្រទេស​នោះ​ផ្ទុក​ក្នុង​ភេត្រា​ត្រឡប់​មក​ស្រុក​វិញ ។

វេលា​ដែល​ហៀប​នឹង​ចេញ​សំពៅ​កម ខ្ញុំ​បាន​ប្រទះ​នឹង​ស្រី​ម្នាក់​រូប​រាង​ស្រស់​ប៉ប្រៃ​តែ​សំលៀក​បំពាក់​ទុព្ពល​ភាព​ដាច់​ដាច បែប​ជា​មនុស្ស​កំព្រា​តោក​យ៉ាក​ណាស់។

ស្ត្រីនោះ​ដើរ​ចូល​មក​ជិត​ខ្ញុំ លើក​ដៃ​សំពះ​អង្វរ​ឲ្យ​ខ្ញុំ​យក​មក​ជា​មួយ​ដើម្បី​ធ្វើ​ប្រពន្ធ ខ្ញុំ​ប្រកែក​ដោះ​សា​មិន​ព្រម​ទទួល​ជា​ច្រើន​ដង ប៉ុន្តែ​នាង​នោះ​ចេះ​តែ​សារ​ស័ព្ទ​គ្រប់​ប្រការ ហើយ​ធ្វើ​កិច្ច​កល​មារ​យា ត្រា​តែ​ខ្ញុំ​ភ្លេច​គិត​ដល់​សេចក្ដី​លំ​បាក ទៅ​ជា​ចាប់​ចិត្ត​ប្រតិ​ពទ្ធ​មេត្តា​​ទៅ​វិញ ទើប​ទទួល​យក​មក​ហើយ​ឲ្យ​ស្លៀក​ដណ្ដប់​តាម​សំគួរ បាន​រៀប​សែន​នឹង​គ្នា​តាម​ទំនៀម​ស្រុក ស្រេច​ហើយ​ក៏​ចេញ​នាវា​បើក​ក្ដោង​ត្រឡប់​មក​នគរ​វិញ ។

            តាំង​ពី​ចេញ​សំពៅ​ដរាប​តាម​ផ្លូវ​មក ខ្ញុំ​សង្កេត​ឃើញ​ប្រពន្ធ​នេះ​ប្រកប​ដោយ​នរ​លក្ខណ​ជា​ស្រី​ល្អ ក៏​រឹត​តែ​ស្រឡាញ់ ១ ថ្ងៃឡើង​​បន្តិច​ៗ មិនដឹងថា ស្នេហា​នេះ​នាំមកនូវ​ការ​ ​ច្រណែន​ឫស្យា​ពីបងៗ​ឡើយ។

ថ្ងៃមួយ​ពួកគាត់បាន​គាត់​គិត​ព្យាបាទ​ខ្ញុំ​ឲ្យ​អន្តរាយ​ជីវិត​កណ្ដាល​ជលសាដើម្បីដណ្តើមនាងទៅ​និង​សំពៅទំនិញពេញ​បរិបូរណ៍នេះដែរ ច្នោះ មាន​រាត្រី ១ នូវ​វេលា​ដែល​ខ្ញុំ​កំពុង​តែ​និន្ទ្រា​ស្កល់​ជា​មួយ​នឹង​ភរិយា​នេះ បង​ខ្ញុំ​ទាំង​ពីរ​នាក់​គាត់​លើក​ខ្ញុំ​ទំលាក់​ចោល​ទៅ​ក្នុង​ទឹក​សមុទ្រ ​ទៅ ។

ពេលនោះឯង ខ្ញុំទើបនឹង​ដឹងថា​ប្រពន្ធ​ខ្ញុំ​ជា​ស្រី​ទេព​អប្សរ​ដេលមកសាកចិត្តសប្បុរសនិងតាមការពារខ្ញុំ។ មិន​បាន​លិច​លង់​ទៅ​ឡើយ ​នាង​នោះ​ជួយមិនឱ្យ​ ​អន្តរាយ​ជីវិតដោយ​ ​ខ្ញុំ​បី​យក​ខ្ញុំ​ទៅ​ដាក់​លើ​កោះ ១ជាមួយគ្នា។

​ពេលនោះហើយ​នាង​ស្រី​ទេព​អប្សរនិយាយដំណើរដើមទងថា នាង​​មិន​មែន​ជា​ស្រី​ខ្ជី​ខ្ជា​ពាស​ផ្ដាស់​ឡើយ ។

«វេលា​ដែល​ខ្ញុំ​នៅ​នា​មាត់​សមុទ្រ ​ខ្ញុំ​ឃើញ​អ្នក​រៀប​នឹង​ចេញ​សំពៅ ខ្ញុំ​ឃើញអ្នកមាន​បុណ្យសប្បុរសលើមួក ជាពន្លឺ​ឯងបងពីរនាក់ទៀតលក់ដូរបានចំណេញតិចជាងអ្នកដរាប មានចិត្ត​ខ្មៅឬស្សាអត្មា​និយមនិងកត្តិញ្ញូផង! ខ្ញុំព្រោះមាន​ចិត្ត​ស័្មគ្រ​នឹង​អ្នក​ឥត​ឧបមា ក៏​ក្លែង​ភេទ​ជា​ស្រី​កំសត់សុំទាន ​មក​និយាយ​ល្បង​ចិត្ត​អ្នក ៗ ក៏​ទទួល​ធ្វើ​គុណ​នឹង​ខ្ញុំ ក្នុង​ពេល​នេះ​ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​ពន់​ពេក ដោយ​បាន​តប​គុណ​នឹង​អ្នក​វិញ តែ​ខ្ញុំ​មាន​សេចក្ដី​ទោម​នស្ស​ដល់​បង​អ្នក​ទាំង ២ នាក់​ណាស់​ បើ​ខ្ញុំ​មិន​បាន​ប្រហា​ជីវិត​ចោល​ទេ​ខ្ញុំ​មិន​បាន​សុខ​ចិត្ត​ឡើយ »។

            ខ្ញុំ​បាន​ស្តាប់ដោយ​ផ្ចិត​ផ្ចង់នូវបណ្តា​​សេចក្ដីហេតុនិងផល​​ដែល​នាង​ទេព​អប្សរ​និយាយ ទើប​ខ្ញុំ​​អង្វរ​ថា៖

« នែ​ប្អូន​អើយ សំឡាញ់​មាស​បង បង​សូម​អង្វរ​នាង​ឲ្យ​អត់​ទោស​ដល់​បង​ប្រុស​ទាំង ២ នាក់​ចុះ បើ​ទុក​ណា​ជា​បង​ខឹង​យ៉ាង​ណា​ក្ដី​ក៏​មិន​អាច​នឹង​តាំង​ចិត្ត​អាឃាដ​​ដល់​ទៅ​ធ្វើ​ឲ្យ​អន្តរាយ​ជីវិត​ពួកគេ​ បាន​ឡើយ »

ឮខ្ញុំហើយ នាង​បានរំឮកនូវ​បណ្តា​រឿង​ អំពី​ការ​សង្គ្រោះ​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​បង​ទាំង ២ តាំងពីនៅឯភូមិស្រុក​។ នាង​ថា មិនត្រូវ​ធ្វើគុណដដែលជាដដែលទៀតទេ។

​និយាយ​សព្វ​គ្រប់​ទៅ​នាង​នោះ​រឹត​ក្រោធ​នឹង​បងៗ​ខ្ញុំ​ទៅ ហើយ​តប​មក​ខ្ញុំ​ថានាង​ត្រូវ​តែ​ហោះ​ទៅ​តាម​មនុស្ស​មើល​គុណ​ក្នុង​វេលា​នេះ ដើម្បី​នឹង​ផ្តន្ទា​សង​សឹក។

នាង​ក៏​ចាប់​សំពៅបងៗខ្ញុំដែលកំពុង​សប្បាយនិងនារីទាសករ​នានា ​ពន្លិច​ឲ្យ​លិច​លង់​អន្តរធាន​ក្នុង​មហា​សមុទ្រ។

​ឯខ្ញុំនៅតែស្រេកអង្វរថា ៖

« ចូរ​ប្អូន​កុំ​ធ្វើ​ដូច្នោះ បង​សូម​អង្វរ​តាង​ព្រះ​នាម​ព្រះឱឡោះ សូម​ឲ្យ​ប្អូន​រំសាយ​សេចក្ដី​ក្រោធ​ទៅ​វិឮញ ត្រូវ​ប្អូន​គិត​ថា​មនុស្ស​ទាំង​ពីរ​នាក់​នេះ​ជា​បង​ប្អូន​រួម​បិតា​មាតា​ជា​មួយ​នឹង​ប្តីទោះ គាត់​ធ្វើ​អំពើ​អាក្រក់​មក​នឹង​យើង​ត្រូវ​តែ​យើង​ធ្វើ​ល្អ​តប​ទៅ​វិញ​ទើប​គួរជាយើងខ្លួនឯង!»

លុះ​ផុត​សំដី​ទៅ​ស្រាប់​តែ​នាង​នោះ​ពរ​ខ្ញុំ​ហោះ​ពី​កោះ​មក​ដល់​ផ្ទះ​ខ្ញុំ​មួយ​រំពេច ហើយ​នាង​ក៏​ភៀស​ខ្លួន​បាត់​ទៅ​ខ្ញុំ​បាន​បើក​ទ្វារ​ចូល​ទៅ​ក្នុង​ផ្ទះ​ទៅ​គាស់​ដី​រក​ប្រាក់​ដែល​ខ្ញុំ​កប់​ទុក​ពី​មុន​ឃើញ​គង់​នៅ​ដដែល​ទាំង​អស់ រួច​ពី​នោះ​ខ្ញុំ​ទៅ​បើក​ទ្វារ​ហាង​ខ្ញុំ​ទៀត បាន​ជួប​នឹង​ពាណិជ​ជា​ច្រើន​មក​សាក​សួរ​អំពី​ដំណើរ​ទៅ​ជួញ នោះអ៊ឹកអធឹក។

លុះ​ដល់យប់ដដែល​​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញគេងនឹកដល់នាងជាខ្លាំង ​ស្រាប់​តែ​ឃើញ​ឆ្កែ​ខ្មៅ ២ ដើរ​ដម្រង់មករក និង​​បក​កន្ទុយ​ចូល​មក​កិរិយា​កោត​ខ្លាច​ខ្ញុំ​ជា​ខ្លាំង។

​ខ្ញុំ​ក៏​ឆ្ងល់​ពន់​ពេក​ណាស់ ព្រោះ​ខ្ញុំ​មិន​ដែល​ឃើញ​ឆ្កែ​នោះ​ដល់​ម្ដង​សោះ។

 ក្នុង​គ្រា​នោះ​នាង​ទេព​អប្សរ​បង្ហាញ​ខ្លួន​ឡើង​ប្រាប់​មក​ខ្ញុំ​ថា៖

« នែ​ស្វាមី ចូរ​អ្នក​កុំ​សង្ស័យ​អំពី​ឆ្កែ​ទាំង នេះ​! ពួកគេ​គឺ​​បង​ប្រុស​អ្នក​ទាំង​ពីរ​នោះ​ឯង!»

 ខ្ញុំ​ក៏​ដក​ដង្ហើម​ធំ​ហើយ​សួរ​ទី​វិញ​ថា ហេតុ​ដូច​ម្ដេច​ក៏​បាន​ជា​ក្លាយ​ទៅ​ជា​ឆ្កែ​ដូច្នេះ​នាង​ឆ្លើយ​ថា៖

« បាន​ជា​ដូច្នេះ​ព្រោះ​ខ្ញុំ​បាន​ធ្វើ ដាក់​ទណ្ឌ​កម្ម​ឲ្យ​នៅ​ជា​ឆ្កែ​ដូច្នេះ​កំណត់ ១០ ឆ្នាំ»

    ឥឡូវ​គ្រប់ ១០ ឆ្នាំ​ហើយ​ខ្ញុំ​ទៅ​តាម​រក​នាង​នោះនឹងអាលបានរំដោះកម្មសម្រាប់ពួកគេវិញ។ លុះ​មក​ដល់​កន្លែង​នេះ​ក៏​បាន​ប្រទះ​និង​ឈ្មួញកម្សត់ ដែលត្រូវមានទុក្ខ​លោកព្រោះអ្នកជាទេពារក្ស​ចង់សម្លាប់គេ។

ដោយ​ឃើញ​ ​តា​ចាស់​ដឹក​ប្រើស​ញី​អង្គុយចាំដែរ ​ បាន​ជា​ខ្ញុំ​ឈប់​អង្គុយ​ផងជា​គ្នា។

​ ​នេះ​ហើយ​ជា​រឿង​របស់​ខ្ញុំ តើ​លោក​​យល់​ឃើញ​ថា ​ប្លែក​ជាង​រឿង​ឯ​ទៀត​ដែរ​ឬ​ទេ?  បើមែនសូមអ្នកគោរពពាក្យពេចន៍ ​ព្រមឱ្យ​ជីវិតជននេះ៥០ភាគរយទៀតមកខ្ញុំវិញ។

វេលា​នោះ​មាន​អារក្ខ​ព្រៃ​ឆ្លើយ​ឡើង​ថា៖

«​ប្លែក​មែន!យើងគោរពសច្ចា នឹង​ព្រម​​លើក​ទោស ពាក់កណ្តាលទៀតនៃឈ្មួញនេះ​ទៅអ្នកចុះ»។

ត្រង់​នេះ​នាង​ឆ្ឆេរ៉ាហ្សាត​ទូលស្តេច​ស៊ុល​តង់​ទៀតថា បពិត្រ​ព្រះ​ករុណា​ជា​ម្ចាស់ ឯ​រឿង​ដែល​ខ្ញុំ​ម្ចាស់​បាន​នាំ​មក​និទាន​ទាំង​២ នេះ ទោះ​ណា​ជា​ពិរោះ​​ដូច​ម្ដេច​ក្ដី​ ក៏​នឹង​ប្រៀប​មិនដល់​រឿង​អ្នកនេសាទ​ម្នាក់ទៀត​​ឡើយ ។

ស្តាយត្រង់ ទេពារក្សមិនបានស្តាប់!

ឮហើយ នាង​ឌីណាហ្សាត​ជា​ប្អូនក៏បានចិត្ត​វិភាគភ្លែត។

«តែបងត្រូវនិទានថ្វាយព្រះស៊ុលតង់យើង»

​ឃើញ​បង​ឈប់​ស្ងៀម នាង​ក៏និយាយ​អង្វរ​ថា ៖

«អ្នក​បងអើយ​ពេលនេះ​មេឃក៏ចង់នៅស្តាប់ព្រោះ​ឥឡូវ​នេះ​មិន​ទាន់​ភ្លឺ​នៅ​ឡើយ សូម​​បង​អាណិត​និយាយ​​តំណាល ​រឿង​អ្នក​នេសាទ​ឲ្យ​ខ្ញុំ​ស្ដាប់​បន្តិច!»

«ទាល់តែព្រះករុណា​ក៏​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​ទ្រង់​ព្រះ​សណ្ដាប់​ដែរទើបបាន នេះជា​ វេលាទ្រង់ផ្ទំសោយសុខ!»

ស្តេចឮហើយ ឆ្លើយប្រកែកឡើងថា ៖

«ទេ! ស្តាប់រឿងនាងនិទាន​ជាការសោយសុខហើយ!»

​​បានឮដូច​នោះ​ នាង​ឆ្ឆេរ៉ាហ្សាត​ចាប់​ផ្ដើម​ឡើង​ថា…..

ចុចអានរឿង តានេសាទ ក្នុង១០០១យប់