រឿង ត្រីនៅត្រពាំងបួនជ្រលង(១០០១យប់វគ្គ៦)

ប្រាប់​ចប់គ្រប់បម្រាម និងបណ្តាសារបឹងនេះហើយ ​អារក្ស​​ក៏​ទន្រ្ទាំ​ដី​ព្រឹបៗ ដី​ក៏​បែក​ញែក​ឡើងអនុញ្ញាត្តិឱ្យអារក្ស និយាយលា និង​ជ្រែក​​ចុះ​ផុត​ទៅបាត់ហោង។

តានេសាទចំណាស់ដែល​​ទើបនឹង​​និយាយប្តេជ្ញា​ថា តទៅ​ គាត់នឹងរក្សាសន្យា​​ធ្វើ​តាម​បណ្តាំ​អារក្ស​​មិន​ឲ្យ​ឆ្គង​ គឺ​មិន​ហ៊ាន​បង់សំណាញ់​លើសពីម្តង​ឡើងក្នុងមួយថ្ងៃ ក៏​ត្រឡប់​តាម​ផ្លូវ​ដ៏ដែល​ទៅ​លំនៅ​អាត្មា​វិញ ។

ដោយ​សេចក្តី​ត្រេក​អរ​រីក​រាយ​ជា​ដរាបតាមផ្លូវ​គាត់​ពិចារណា​ល្អិតល្អន់ណាស់ អំពី​អ្វីដែលនឹងត្រូវ​ធ្វើ​ជាមួយ​ត្រីចម្លែក។

 លុះ​បាន​ទៅ​ដល់​ក្នុង​ក្រុង​ហើយ គាត់​មិន​បាន​ចូល​ទៅ​ឯ​ផ្ទះទេ​ បែរជា​​យូរ​ត្រី​នោះ​បង្ហួស​តម្រង់​ទៅ​ឯ​ព្រះរាជ​វាំង​វិញ ដើម្បី​យក​ទៅ​ថ្វាយ​ដល់​ស្តេច ។

              ឯអាម៉ាត្រស្តេច លុះបាន​​ឃើញ​ត្រី​ប្លែក​ជា​ទី​អស្ចារ្យ​ដូច្នោះ​ក៏ព្រមនាំពាក្យទៅទូកលទ្រង់​ដល់សាលាជំនុំរហូតបានព្រះអង្គព្រម​ឱ្យតាចូលមកមែន។

ពេលឃើញ​ត្រីដែល​នាម្មឺន​ជំនិត​ទាមទារយកពីដៃតាទៅបង្ហាញ​កាលណា ព្រះរាជា ​ទ្រង់​ចាប់​លើកយកជាតិមច្ឆាទាំងបូនពណ៌ មក​​សង្កេត​ពិនិត្យ​ម្តងមួយៗ ដោយឌំនក់ចិត្ត​និងចម្ងល់ពន់ប្រមាណ។

លុះ​បាន​ពិនិត្យ​១ ស្របក់​ទើប​ទ្រង់​ប្រគល់​ឲ្យ​ទៅសេនា ឱ្យយកទៅ​ទីចុងភៅតែង​ធ្វើជា​ក្រយា​ស្ងោយដោយ​សង្ឃឹម​ថា ​ត្រី​នេះ​ច្បាស់​ជា​មាន​រស់​ពិសារ​ក្រៃ​លែង។

សេនា​បាន​ទទួល​ត្រី​នោះ ហើយ​យក​ទៅ​ប្រគល់​ដល់​ដៃ​រាជចុងភៅ​ជាពិសេស​ដោយ​ខ្លួន​ឯង មិនហ៊ានប្រហែសអ្វីឡើយដោយអំណាចនៃលក្ខណៈកម្រមានរបស់សត្វត្រី។

អស់ហើយរឿងចាត់ក្រយ៉ា​ស្ងោយ ស្តេចក៏ងាកមកបង្គាប់សេនា​ដ៏ទៃថា ​ឲ្យ​យក​រូបិយ​មាស ៤០០សន្លឹក ​ប្រគល់​ឲ្យ​ទៅ​តា​នេសាទ​ម្ចាស់​ត្រី ។

តា​ម្ចាស់​ត្រី ​គ្រា​ដែល​បាន​ទទួល​ប្រាក់​រង្វាន់ហើយ ក៏​នឹក​មមៃ​តែ​ក្នុង​ចិត្ត មិន​ដឹង​ថា​ខ្លួន​បាន​ប្រាក់​មែន​ទែន ឬ​គ្រាន់​តែ​ស្រមៃ​យល់​សប្តិនោះ​ទេ ព្រោះ​មិន​ដែល​បាន​កាន់​ប្រាក់​ច្រើន​ដូច្នេះ ម្តង​សោះ ក្នុងជីវិត​លុះចូលជរាទៅហើយ។

លុះ​ត្រា​បានរត់ដល់ប្រពន្ធកូន​ហើយ​បែងចែក​​យក​ប្រាក់​នោះ​ទៅ​ចំណាយ​ក្នុង​ការរកជាងសង់ផ្ទះឱ្យ និងទិញសម្ភារៈសមរម្យនានា​តំកល់កែខៃជីវិត​ ទើបហ៊ាន​​ច្បាស់​ក្នុង​ចិត្ត​អំពី​ភ័ព​សំណាង​របស់​ខ្លួន ។

              ដល់​មក​ត្រង់​កន្លែង​នេះ នាង​ឆ្ឆេរាហ្សាតក៏ក្រាប​ទូល​ទៅ​ស៊ុល​តង់​ថា៖

«បពិត្រ​ព្រះ​ករុណា អ្នកណាក្តី កាលបើបានឮអំពីរឿងនេសាទមួយនេះ​រួច​ហើយ ត្រូវ​ដឹងអំពីក្តីចម្លែកនៃត្រពាំងត្រីបួនពណ៌ផងដែរ! ​តើម្ចាស់បងព្រះស្វាមីមាន​ងោគងុយឬនឹងសណ្តាប់បន្ត?»

ស្តេចស្ងាបហមៗ តែនៅមានៈចង់បន្តដឹងឮ ​ទើបត្រាស់ថា៖

«យើងងោគងុយ! ​តែ នាង​ដឹងទេ ​តើត្រីទាំងនោះមានអាថ៌កំបាំងឬជា​ធម្មជាតិពិត?!»

នាង​ជាប្អូនបានឱកាស​ក៏ស៊កសៀតថា៖

«ព្រះអង្គអើយ! ​រឿង​នេះ​តទៅមុខ ដឹងតែចម្លែកព្រោះមិនខាន ហេតុអ្វីអារក្សនោះបានផ្តាំថាឱ្យត្រូវតែបង់មិនលើសម្តង?»​

បានប្អូននាំមុខឆ្កឹះ​ នាង​ឆ្ឆេរ៉ាហ្សាត ក៏ឆ្លៀត​និយាយបន្ថែម៖

«តើងព្រះអង្គនិងម្នាលប្អូន​យល់ថា​តាចាស់នឹងគោរពតាមសម្តីនេះ?!»

«សូមបងនិទានទៀតបានទេ?»

នាង​ប្អូនជំរុញ ។ តែបងបដិសេធឡើងថា៖

«ទេព្រះអង្គ​ផ្ទំហើយ!»

ព្រះរាជាក៏តបវិញថា៖

«យើងឆ្ងល់ថា តានេសាទ នឹង​មិនទៅ​បង់សំណាញ់ទៀត​ឬក៏ទៅ ចំណែក​ចំងល់ធំមួយ​ដែលយើងនឹងផ្ទំមិនលក់នោះគឺ ​ត្រីនោះ​មានរសជាតិពិសេសម្តេចទៅ? យើងក៏ចង់សោយបានម្តង?

នាង​ច្បងបាន​ឱកាស​ក៏ពិតទូលវិញភ្លាម​ក្នុងសេចក្តីថា៖

«ទេព្រះអង្គអើយ! នាយចម្អិន​បានទទួលយកមច្ឆាជាតិ​​ពិសេសទាំង​នោះ កាលណា ​ក៏រួសរាន់លាង​សំអាត​ត្រី​ទាំង ៤ ហើយក៏​ដាក់ទៅ​ក្នុង​ខ្ទះ​ទៅ ស្រាប់តែ​ហេតុភេទមិនស្មានដល់មួយ បានកើតមាន​ឡើង ! ព្រះអង្គអើយ​ពេលទើបបាន​ឆ្អិន​១​ចំហៀង​សោះប្រុងនឹង​ប្រែ​ត្រឡប់​ទៅ​១​ចំហៀង​ទៀត  ស្រាប់​តែ​ជញ្ជាំង​រោងចុងភៅ​​រហែកដោយគាថាអាគមអ្វី របើក​ឡើង ​លេច​ឯស្ត្រី​ម្នាក់​រូប​ឆោម​ល្អ​ឆើត​ ​ចេញ​ពី​ក្នុង​នោះ​មក នាង​នោះ​ស្លៀក​ពាក់​សុទ្ធ​ព្រែ រំលេច​ដោយ​ផ្កា​ដេរ​ដាស​បែប​ស្រុក​ឥសីាន្ត  ពាក់​រយ៉ា​ពេជ្រ​នឹង​ខ្សែ​ករ​ប្រដាប់​ដោយ​កែវ​មុក្តា​ ពាក់​កង​ដាំ​ត្បូង​ទទឹម​នៅ​ដៃ​ទាំង​សង​ខាង ហើយ​កាន់​ចង្កើស​ត្រាំង​១​គូ​ដើរ​ចូល​ទៅ​ប្រប​ខ្ទះ ខណៈពេល​​នាយចុងភៅពិសេស​នៅតក់ស្លុត​ភាន់​ភាំង​ស្មារតី​​នាងនោះ​យក​ចង្កឹះ​មក គោះ​ក្បាល​ត្រី​១ ហើយ​សួរ​ថា៖

 “នែ​មច្ឆា, ឯង​កំពុង​ជាប់​កិច្ច​រវល់​ឬ?”

លុះ​មិន​ឮ​ត្រី​ឆ្លើយ​ក៏​សួរ​ពាក្យ​ដដែល​ម្តង​ទៀត ។

ក្នុង​វេលា​នោះ​ត្រី​ទាំង​៤ ងើប​ក្បាល​ឡើង ឆ្លើយ​ប្រាប់​ទៅ​វិញ​ដោយ​សំឡេង​ក្បោះ​ក្បាយ​ថា៖

 ” បាទ, បាទ, កំពុង​ជាប់​កិច្ច, ប៉ុន្តែ​បើ​អ្នក​ចេញ​ថ្លៃ យើង​ចេញ​ថ្លៃ​ដែរ, បើ​អ្នក​សង​បំណុល​គេ យើង​សង​បំណុល​គេ​ដែរ, បើ​អ្នក​គេច​រត់​យើង​មាន​ជ័យ​ជំនះយើង​សប្បាយ​ចិត្ត​”

​ត្រី​និយាយ​ដូច្នេះ​កាលណា​ស្ត្រី​នោះ​ក៏​ចាប់​ខ្ទះ​ចៀន​ផ្កាប់​ទៅ​ក្នុង​ភ្លើង ឆេះត្រីបាត់បង់​រួចរំសៀកកាយចេញ​តាម​កន្លែង​នោះ​ទៅ​វិញ​បាត់​ទៅ ឯជញ្ជាំង​ដែល​ប្រេះ​បើក​ក៏​ជិត​ដូច​ដើម​វិញ​ ។

              ក្នុង​គ្រា​នោះ នាយចុងភៅ​ ​ដឹង​ស្មារតី​ភ្ញាក់​ខ្លួន​ឡើង​វិញ ទើប​ស្ទុះ​ទៅ​ចាប់​ទាញ​យក​ត្រី​ពី​ក្នុង​ភ្លើង​ចង្រ្កាន​មក ​តែ​ត្រី​នោះ​ខ្លោច​ខ្មៅ​ទៅ​ជា​ធ្យូង​អស់ នឹង​កែ​កុន​រៀប​ក្រយា​ស្ងោយ​ថ្វាយ​ស្តេច​មិន​កើត ។ អំណាច​កើត​ទុក្ខ​ទោម្នេញ​ឥត​ឧបមា ក៏​អង្គុយ​ទ្រហោ​យំ​អស់​កំហឹង​ថា៖

 “ឱម្ចាស់​ថ្លៃ​ខ្ញុំ​អើយ, ខ្លួន​ខ្ញុំ​នេះ​ មិន​ដឹង​ជា​ទៅ​ជា​អ្វី​ទេ បើ​ទុក​ជា​ខ្ញុំ​យក​សេចក្តី​ក្រាប​ទូល​ស្តេចៗ​ក៏​មិន​ជឿ​តាម ម្ល៉ោហើយ​សមព្រះ​អង្គ​ទ្រង់​ព្រះ​ភិរោធ​នឹង​ខ្ញុំ​មិន​ខាន”

              កំពុង​តែ​ខ្សឹក​ខ្សួល​តែ​ម្នាក់​ឯង ស្រាប់​តែ​លេច​មហាមាត្យ​មក​សួរ​ថា ​ត្រី​នោះ​ឆ្អិន​ហើយ​ឬ​នៅ, នាយ​ក៏​សារ​សព្ទ​សេចក្តី​ជំរាប​មហាមាត្យ​គ្រប់​ប្រការ។

 ឯមហាមាត្យ​កើត​សេចក្តី​ងឿង​ឆ្ងល់​ណាស់ តែ​មិន​បាន​ទាន់យក​រឿង​ក្រាប​ទូល​ស្តេច​តាម​ដំណើរ ទេខ្លាចមាន​ទោសដល់បាត់ជីវិតគ្រប់គ្នា ដែលពាក់ព័ន្ធ​ក៏នឹករកមធ្យោបាយ​នឹង​ចាត់​បំរើ​ឲ្យ​ទៅ​តាម​​តា​ចាស់ម្ចាស់ត្រី​មក​ ភ្លាម ​ហើយ​ប្រាប់​ថា ​រក​ត្រី​ឲ្យ​អញ​៤​ទៀត​ឲ្យ​បាន​ដូច​ត្រី​ពី​មុន ត្បិត​ត្រី​មុន​នោះ​គេ​ធ្វេស​ប្រហែស​ធ្វើ​ឲ្យ​ខូច​មិន​បាន​ចំអិន​ថ្វាយ​ជា​ក្រយា​ស្ងោយ។

តា​នេសាទ​ហេតុតែ​​អារក្ខ​ផ្តាំ​ថា ឲ្យ​បង់បាន​​តែ​១​សំណាញ់​ក្នុង​១​ថ្ងៃ គាត់ទៅមិនបានឡើយ​តែក៏មិនអាចស្រាយអាថ៌កំបាំងនេះ​បែរជា​យក​​រឿង​ផ្សេង​មក​ ​កែ​ដោះ​សា​វិញ ថា​ផ្លូវ​នោះ​ឆ្ងាយ​ដាច់​ស្រយាល​ណាស់ នឹង​ទៅ​រក​មកក៏​មិន​ទាន់ សន្យា​ដល់​ថ្ងៃ​ស្អែក, ទើប​រក​មក​ជូន​ឲ្យ​បាន ។

អាម៉ាត្យទាល់បញ្ហា​ណាស់ក៏មកទូលស្តេចវិញ​ថា ត្រីនោះត្រូវបាត់ពេលដណ្តាំ។ ស្តេចបញ្ជាថា​ត្រូវរកការពិតឱ្យខាងតែបាន​នឹងអាលធ្វើទោស​អ្នកដែលហ៊ាន​បែបនេះ។

              តា​នេសាទវិញ ដោយសោមនស្ស​ក៏បាន​​ចេញ​ពី​ផ្ទះ​ទៅ​តាំង​ពី​យប់ ឆ្ពោះ​ទៅ​ត្រពាំង​នោះ​ឯង ហើយ​បាន​បង់​សំណាញ់​ចុះ​លុះ​ទាញ​ឡើង​វិញ បាន​ត្រី​៤ ពណ៌​ផ្សេង​គ្នា​ទាំង​អស់ដូច​កាល​ជាន់​មុន​ទៀត។

 គាត់​ក៏​ត្រឡប់​ទៅ​វិញរួសរាន់​យក​ត្រី​ទៅ​ប្រគល់​ជូន​មហាមាត្យ​នូវ​ពេល​ដែល​បាន​ណាត់​ទុក ។ មហាមាត្យ​ក្រោយផ្តល់រង្វាន់ហើយ​ក៏យក​ត្រី​នោះ​ចូល​ទៅ​រោងចុងភៅ​ ​អង្គុយ​ចាំ​ពិនិត្យ​មើល​ដោយអង្គឯងតែម្តង​ថាពេលចុងភៅ ​ដាក់​ត្រី​លើ​ខ្ទះ​ចៀន​ដូច​ជាន់​មុននឹង​បាត់ទៀតដែរ?

ស្រាប់​តែ​ជញ្ជាំង​រោងចុងភៅ​​រហែកលេចរួបស្ត្រីវ័យកណ្តាល​ ​កាន់​ចង្កើះត្រាំង​១​គូ​ដើរ​ចូល​ទៅ​ប្រប​ខ្ទះ ។ ​ត្រី​ទាំង​៤ ងើប​ក្បាល​ឡើង ស្វាគមន៍នាង​ កាលណា​ស្ត្រី​នោះ​ក៏​ចាប់​ខ្ទះ​ចៀន​ផ្កាប់​ទៅ​ក្នុង​ភ្លើង ឆេះត្រីបាត់បង់​រួចរំសៀកកាយចេញ​តាម​កន្លែង​នោះ​ទៅ​វិញ​បាត់​ទៅ ឯជញ្ជាំង​ដែល​ប្រេះ​បើក​ក៏​ជិត​ដូច​ដើម​វិញ​ ។

             លើកនេះដោយ​មហាហាត្យ​លុះ​បាន​ឃើញ​ជាក់​នឹង​ភ្នែក​អាត្មា​ដូច្នេះ​ហើយ ក៏​រត់ទៅ​ ក្រាប​ទូល​ដល់​ស្តេច​ឲ្យ​ទ្រង់​ជ្រាប​អំពី​រឿង​ ។

              គ្រា​នោះ​ស្តេច​មាន​សេចក្តី​សង្ស័យ​ជា​ខ្លាំង ។

ដើម្បី​ឲ្យ​ច្បាស់​ហេតុ​ដោយ​ព្រះ​អង្គ​ឯង, ទ្រង់​ក៏​ត្រាស់​ឲ្យ​ទៅ​ហៅ​តា​នេសាទ​ឲ្យ​ចូល​មក។  លុះ​តា​នេសាទ​មក​ដល់ ​ស្តេច​សួរ​ថា៖

 ” នែ​ជន​នេសាទ, តា​ឯង​រក​ត្រី​៤​ពណ៌​នេះ​ឲ្យ​អញ​បាន​ទៀត​ឬ​ទេ? »

តា​ចាស់​ក្រាប​ទូល​ថា៖

 ” បើ​ព្រះ​ករុណា​ជា​ម្ចាស់​អនុញ្ញាត​ឲ្យ​ចូល​ព្រះ​បង្គំពេល១​ថ្ងៃថ្មី នោះ​ទូល​ព្រះ​បង្គំ នឹង​រក​ថ្វាយ​បាន​មិន​ខាន​ឡើយ»

 ស្តេច​ក៏​ព្រម​អនុញ្ញាត​ឲ្យ ។

              លុះ​ដល់​ថ្ងៃ​សន្យា តា​ចាស់​ស្ពាយ​សំណាញ់​ទៅកន្លែង​ដ៏ដែល បង់​បាន​ត្រី​ទាំង​៤ ពណ៌​នោះ​មក​ទៀត ហើយ​យក​ទៅ​ថ្វាយ​ស្តេច​តាម​សន្យា ស្តេច​មាន​សេចក្តី​សោមនស្ស ទើប​ព្រះ​រាជ​ទាន​ប្រាក់​៤០០​ទៀត​ឲ្យ​តា​នេសាទក្លាយជាអ្នកមាន​បានផុតព្រួយ ។

              លុះ​បាន​ត្រី​ហើយ ស្តេច​បង្គាប់​ឲ្យ​យក​ទៅ​ក្នុង​បន្ទប់​ព្រះ​អង្គ ហើយ​ឲ្យ​យក​គ្រឿង​ប្រដាប់​សម្រាប់​ចៀន​ទាំង​ប៉ុន្មាន​ទៅក្នុង​ទី​​នោះ ព្រះ​អង្គ​ទ្រង់​គង់​ចាំ​មើល​ត្រី​ជា​មួយ​នឹង​មហាមាត្យ ។ កាល​ណា​មហាមាត្យ​ចៀន​ឆ្អិន​ម្ខាង​ហើយ ក៏​ចាប់​ត្រឡប់​ទៅ​ម្ខាង​ទៀត ខណ​នោះ​ជញ្ជាំង​បន្ទប់​ប្រែះ​របើក ហើយ​លេច​ឯ​មនុស្ស​ខ្មៅ​ម្នាក់​ធំ​សម្បើម កាន់​ដំបង​១ ធំ​នៅ​ដៃ​ដើរ​ចូល​មក ​មក​ជិត​ខ្ទះ​ចៀន​។ ចូលដល់កាលណា ក៏​យក​ដំបង​គោះ​ក្បាល​ត្រី ហើយ​បន្លឺ​នូវ​សំឡេង​លាន់​ខ្ទរ​សួរ​ទៅ​ត្រី​ថា ” ម្នាល​ត្រី, ឯង​កំពុង​ជាប់​កិច្ច​រវល់​ឬ” ឮសួរ​តែ​ប៉ុណ្ណេះ ត្រី​ក៏​ងើប​ក្បាល​ឡើង​ឆ្លើយ​ថា ” បាទ​យើង​ទាំង​អស់​គ្នា​ជាប់​កិច្ច​រវល់, ប៉ុន្តែ​បើ​អ្នក​ចេញ​ថ្លៃ យើង​ក៏​ចេញ​ដែរ, បើ​អ្នក​សង​បំណុល, យើង​ក៏​សង​បំណុល​ដែរ, បើ​អ្នក​គេច​រត់ យើង​មាន​ជ័យ​ជំនះ ហើយ​យើង​សប្បាយ​ចិត្ត”

              ត្រី​និយាយ​ស្ទើរ​មិន​ទាន់​ផុត មនុស្ស​ខ្មៅ​ក៏​ចាប់​ខ្ទះ​ចៀន​ផ្កាប់​ទៅ​លើ​ភ្លើង​ចង្រ្កាន​ខ្លោច​ទៅ​ជា​ធ្យូង​អស់​ទៅ រួច​ថយ​គឃ្លើន​តាម​ច្រក​ដែល​ចេញ​មក ឯជញ្ជាំង​នោះ​ក៏​ជិត​ដូច​ដើម​វិញ ។

ក្នុង​គ្រា​នោះ​ស្តេចផុតភាន់ភ័យ​ក៏ត្រិះរិះនឹង​​ ​មហាមាត្យ​ថា៖

​ “ម្នាល​មហាមាត្យ តាម​ដែល​អញ​បាន​ឃើញ​អម្បាញ់​មិញ​នេះ អញ​មិន​អាច​នឹង​សំងំ​ធ្វើ​ចិត្ត​ឲ្យ​ស្ងៀម​នៅ​ជា​សុខទៀត​បាន​ឡើយ ត្រី​ទាំង​ប៉ុន្មាន​នេះ ប្រហែល​ជា​មាន​អាថ៌ណាមួយ មិន​លែង! ​អញ​ចង់​ដឹង​ឲ្យ​ប្រាកដ​ណាស់”

 រួច​ស្តេចបញ្ជា​ ហៅ​ខ្លួន​តា​នេសាទ​ចូល​មក​គាល់ នឹង​ត្រៀមរៀបចំ​នាំ​ទ្រង់ទៅដល់ប្រភទ។

ព្រះអង្គថ្លែងថា​៖

«តាអើយ អង្គអញ​មាន​សេចក្តី​សន្ធឹះ​សង្ការ​ពន់​ប្រមាណ​ណាស់ តើ​ឯង​ទៅ​ចាប់ត្រីចម្លែកមក​ពី​ណា​មក”

តា​នេសាទ​ក្រាប​ទូល​តាមដំណើរទំនង​។

លុះចប់កាលណា​ពួកមហាមាត្យ​បានទូលព្រះរាជាថា៖

 “ទូល​ព្រះ​បង្គំ​បាន​ទៅ​បរ​បាញ់​សត្វ​លេង​នាទី​ដែលតាតំណាលនោះកាលពីប្រមាណជា១០ឆ្នាំមុន ​ តែ​មិន​ដែល​ឃើញ​ត្រពាំង​នោះ​សោះ ហើយ​មិន​ដែល​ទាំង​ឮ​គេ​និយាយ​ផង” ស្តេច​មាន​ព្រះ​បន្ទូល​សួរ​ទៅ​នេសាទ​ទៀត​ថា៖

 “ឯងហ៊ានជូនអញទៅដែរ!»

តា​ចាស់​ក្រាប​ទូល​ថា «ព្រម»

​ ជួន​ជា​វេលា​នោះ​នៅ​ថ្ងៃ​នៅ​ឡើយ ស្តេច​ត្រាស់​បង្គាប់​ឲ្យ​រៀប​ទីនាំង​អស្សុត្តរ​ជា​ប្រញាប់ យាង​ចេញ​ទៅ​ជា​មួយ​នឹង​សេនាមាត្យ​ដ៏​ច្រើន យក​តា​នេសាទ​ជា​មគ្គនា​យកនាំ​ផ្លូវ​ផង ដើម្បី​ឲ្យ​បាន​ដល់​ទៅ​ទី​នោះ​មុន​អស្តង្គត   ។

              លុះ​ស្តេច​មក​ដល់​ភ្នំ ១ ក៏​ឆ្លង​កាត់​ខ្នង​ភ្នំ​នោះ​ទៅ ស្រាប់​តែ​ឃើញ​វាល​វែង​១ ធំទូលាយ​គួរ​ជា​ទីគន់គូរ​​អស្ចារ្យ ដែល​មនុស្ស​ធម្មតា​​ឃើញកាលណា​​សោះនឹងច្រលំថា​ទីសួគ៌។

 ស្តេចសម្លឹង​​ទៅ​ពី​នោះ​បន្តិច​ទៅ ក៏​ដល់​ត្រពាំង​ធំ​១ នៅ​ជា​ចន្លោះ​រវាងភ្នំ​ទាំង ៤ ដូច​ពាក្យ​តា​នេសាទ​ទូលមុន​មែន។

 ក្នុង​ត្រពាំង​នោះ​មាន​ទឹក​ថ្លា​ស្អាត អាចឃើញពពួក​​ត្រី​ទាំង​អស់ ​សុទ្ធ​តែ​ដូច​ត្រី​ដែល​តាចាស់​បាន​យក​ទៅ​ថ្វាយ ។ ស្តេច​បាន​ទៅ​ពិនិត្យ​ត្រី​លើ​មាត់​ត្រពាំង​នោះ​១​វេលា ទើប​មាន​ព្រះ​ឱង្ការ​នឹង​នាយ​​មាត្យ​រាល់​គ្នា ថា​ ៖

«យើងសោយរាជ្យទិនេះមិនសមថា ​មិន​ដែល​បានស្គាល់​ត្រពាំង​ដែល​នៅ​ជិត​ទីក្រុង​ខ្លួន!​»

 សេនា​រាល់​គ្នា​ក៏​ទូល​តប​ថា ទាំង​អស់​គ្នា​មិន​ដែល​បាន​ឮ​អ្នក​ណា​និយាយ​ម្តង​អំពី​ត្រពាំង​នេះ។

 ទើប​ស្តេច​មាន​ព្រះ​បន្ទូលស្រេច​ថា៖

 “បើ​អ្នក​រាល់​គ្នា​មិន​ដែល​ដឹង​ មិន​ដែល​ឮ​គេ​និយាយ​ពី​ត្រពាំង​ថ្មី​នេះ​ដូច្នោះ ខ្លួន​អញ​ក៏​ឆ្ងល់​ណាស់, មួយ​ទៀត​អញ​តាំង​ចិត្ត​ថា​មិន​ត្រឡប់​ទៅ​នគរ​វិញទេ ​មុនពេល​​ដែល​បាន​ដឹង​ច្បាស់នូវ​ហេតុផល​​នៃ​រឿង​រ៉ាវ​របស់​ត្រពាំង​នេះពិសេស​រឿងចម្លែកនៃ​ត្រី​ទាំង​៤​ពណ៌​នោះ​ឯង ”

មាន​ព្រះ​បន្ទូល​តែ​ប៉ុណ្ណេះក៏​ត្រាស់​បង្គាប់​ឲ្យ​បោះ​​ព្រះ​ពន្លា នៅ​លើ​មាត់​ត្រពាំងតែម្តង​ត្បិតរាត្រីកាលចរមកដល់​ក្នុង​គ្រា​នោះ ។

              លុះ​ចូល​រាត្រីស្ងប់សូន្យ ​ស្តេច​មិនបានផ្ទំ​លក់ទេក្នុង​ព្រះ​ពន្លា។ ​ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​មហា​មាត្យ​ថា៖

 “មហាមាត្យ, អញ​មាន​សេចក្តី​ពិភាល់ ​ខ្លាំង​អំពី​ត្រពាំង​ថ្មី​ដែល​ទើប​នឹងមានខុសប្រវត្តិទឹកដី​ក្នុង​ទី​នេះ និងអំពី​មនុស្ស​ខ្មៅ​ដែលជ្រែក​ដី​ចូល​ទៅ​ក្នុង​បន្ទប់​​យើងនិយាយនឹង​ពពួក​ត្រីផង ​! រឿង​ទាំង​នេះ​បណ្តាល​ឲ្យ​អញ​ចង់​ដឹង​ដើម​ឫស​ពន់​ពេក​ណាស់! អញ​នឹង​ទប់​ទល់​នៅ​ស្ងៀម​កន្តើយ​ពុំ​បាន គិត​ស្រេច​ថា នឹង​ភៀស​ខ្លួន​ចេញ​ទៅ​តែ​ម្នាក់​ឯង ត្រូវ​ឯង​នៅ​រក្សា​ទី​កន្លែង កុំ​ប្រាប់​អ្នក​ឯណា​ឲ្យ​ដឹង​!លុះ​ព្រឹក​សែ្អក​ឡើង បើ​សេនា​យោធា​រាល់​គ្នា​ចូល​មក​គាល់ ត្រូវ​ឯង​ពោល​បញ្ឆោត​ថា ​អញ​មាន​សេចក្តី​វិតក​បន្តិច ចង់​នៅ​ស្ងាត់​តែ​ម្នាក់​ឯង ហើយ​ឲ្យ​វា​​ត្រឡប់​ទៅ​វិញ​ចុះ ដល់​ថ្ងៃ​ក្រោយ​ត្រូវ​ឯង​និយាយ​ដូច​ដែល​ទៀត ដរាប​ដល់​អញ​ត្រឡប់​មក​វិញ ពុំនោះពួកខ្មាំងដឹងរាជាមិននៅព្រះ​នគរ​វានឹង​ប៉ុនប៉ងអ្វីមិនល្អ​បាន​” ។

              មហាមាត្យភ័យភិតនឹងដំណើរនេះ​បាន​​ក្រាប​ទូល​ឃាត់​ជា​ច្រើន​ដង ​មិន​ឲ្យ​ស្តេច​ចេញ​ក្រែង​មាន​អន្តរាយ​ក្នុង​ទី​ស្ងាត់ខាងមុខ  ប៉ុន្តែ​ទូល​ទាស់​យ៉ាង​ណា​ក៏​ឥត​អំពើ ព្រោះ​ស្តេច​មិន​ព្រម​លះ​បង់​ចម្ងល់​ដែល​ទ្រង់​បាន​គិត​ទុកនឹងគ្មានដំណោះស្រាយ។

​មុននឹង ​រៀប​ចំ​យាង​រាជដំណើរ បាន​​យក​តែ​ព្រះ​សែង​ថ្លា​១​សៀត​ជាប់​នឹង​ព្រះ​អង្គកាយ​ ជ្រើស​ពេល​ស្ងាត់​សូន្យក្នុងពិភពនិន្ទ្រា​​ទ្រង់ក៏​យាង​ចាក​ព្រះ​ពន្លា​ឥត​មាន​យក​អ្នក​ណា​តាម​ហែ​ជា​មួយ​ផង ឡើយ។

              ទ្រង់​យាង ​សំដៅ​​ទៅ​លើ​ភ្នំ​នោះ ដោយ​សេចក្តី​លំបាក​នឿយ​ហត់​ជា​ខ្លាំង ក៏ទ្រង់​ជំនៈឆ្លង​កាត់លេច​ទៅ​ក្នុង​វាល ទម្រាំនឹង ​ពេល​អរុណ​រះ​ឡើង​ទើប​ទ្រង់​ប្រទះ​ឃើញ​វិមាន​មួយ ​ធំក្រៃ។

ដោយ​ ទ្រង់​មាន​សេចក្តី​សោមនស្ស​ក្នុង​គ្រា​នោះ​ពន់​ពេក​ណាស់ សង្ឃឹម​ថា​នឹង​បាន​ជ្រាប​ហេតុ​ភេទនានា​ពីម្ចាស់ទីថាន​​មិន​ខាន តែ​ លុះ​យាង​ចូល​ទៅជិត​ ឃើញ​ជា​ប្រាសាទ​១ ស្តុក​ស្តម្ភល្អ​ឆើត ដ៏​ប្រជាប់​ដោយ​ថ្លើម​ថ្ម​ខ្មៅ​រលោង​ស្រិល​។

​ក្បួរ​ក្បាច់​រំលេចនា​ជញ្ជាំង​ថែវ​ក្រៅ​ ក៏ពិបាកនឹងពណ៌នាកម្រិតវិចិត្រ​នៃ​ជាងជំនាញ។ ទ្រង់បន្តយាង​រហូត​ទៅ​ដល់​ទ្វារ​ថែវ ឃើញ​ទ្វារ​នោះ​មាន​ស្លាប​២ បើក​ម្ខាង​បិទ​ម្ខាង ។ មុន​នឹង​ចូល​ទៅ​ខាង​ក្នុង ស្តេច​បាន​គោះ​ទ្វារ​សិន, ដើម​ឡើយ​ទ្រង់​គោះ​យ៉ាង​ស្រាល តែ​មិន​ឃើញ​មាន​មនុស្ស​ចេញ​មក​សោះ ទើប​គោះ​ម្តង​ទៀត​ខ្លាំង​បន្តិច ដោយ​ទ្រង់​ស្មាន​ថា ក្រែង​គេ​មិន​ឮ​។

លុះ​គ្មាន​ឃើញ​មនុស្ស​ម្នាក់​ចេញ​មក​សោះ ស្តេច​ក៏​គោះ​យ៉ាង​ខ្លាំង​ម្ត​ងទៀតដោយសេចក្តីចំងល់ហួសថ្លែង។  ជាន់​ក្រោយ​នេះ ​ក៏​នៅ​តែ​មិន​ឃើញ​មាន​មនុស្ស​ចេញ​មក​ ស្តេច​មាន​សេចក្តី​សង្ស័យ​ក្នុង​វេលា​នោះ​មុះ​ហិមា​ដោយ​ទ្រង់​ពិចារណា​ថា កាលបើប្រាង្គ​​ប្រាសាទ​ធំ​ហើយ​ស្អាត​យ៉ាង​នេះ មិន​សមណា​ជា​គ្មាន​មនុស្ស​នៅ ទើប​ទ្រង់​ព្រះ​តម្រិះអង្គឯង​ស្ងាត់ៗក្នុងព្រះចិន្តា​ថា៖

 “​បើ​ទុក​ជា​គ្មាន​មនុស្ស​ក៏​អញ​ឥត​ខ្លាច ហើយ​បើ​ប្រសិន​ជា​មាន​មនុស្ស​មក​ក៏​អញ​មាន​គ្រឿង​ប្រដាប់​នឹង​ការ​ពារ​ខ្លួន​អញ ។

              ទ្រង់​ព្រះ​តម្រិះ​ដូច្នេះ​ហើយ ក៏​យាង​ចូល​ទៅ​តាម​ទ្វារ​ថែវ​នោះ​ឯង ​ដ៏ទី​រាប​មួយជាំធ្លាធំ​អនេក  ទើប​ទ្រង់​មាន​ព្រះ​បន្ទូល​តែ​១ ព្រះ​អង្គ​ឯង​ថា ” នៅ​ទី​នេះ​គ្មាន​មនុស្ស​សំរាប់​ទទួល​អ្នក​ដំណើរ​ដែល​ត្រូវ​ការ​ជ្រក​អាស្រ័យ ១ វេលា​ទេ​ឬ?”

ទ្រង់​មាន​ព្រះ​បន្ទូល​ដ៏​ដែល​នេះ​៣-៤ ដង​ទៀត​យ៉ាង​ខ្លាំងៗ តែ​គ្មាន​ឮ​មាត់​មនុស្ស​ម្នាក់​ឆ្លើយ​តប​សោះ ។ ហេតុ​ដែល​ស្ងៀម​ស្ងាត់​សូន្យ​ដូច្នេះ បណ្តាល​ឲ្យ​ទ្រង់​មាន​ព្រះ​វិតក​ជា​ខ្លាំង​ខណៈ​ដែល​ទ្រង់​យាង​កាត់​ឆ្លង​ទី​ធ្លា​ធំ​នោះ​ទ្រង់​ងាក​ឆ្វេង​ងាក​ស្តាំ​រក​មើល​ក្រែង​ឃើញ​មាន​មនុស្ស​នៅ​ក្នុង​ទី​នោះ លុះ​ផុត​ទី​ធ្លា​ទៅ​ទ្រង់​យាង​ចូល​ទៅ​ក្នុង​មហាមណ្ឌីរ ដែល​ក្រាល​ពាស​ពេញ​ដោយ​ព្រែ​ព្រំ​ជា​ទ្រនាប់​ជើង​មាន​ទាំង​បង្អួច​ប្រដាប់​សុទ្ធ​តែ​រនាង​ព្រែ​យ៉ាង​ល្អ​អំពី​ស្រុក​ភ្លឹង។

 ផុត​ពី​ទី​នោះ ទៅ​ទ្រង់​ស្លុង​ហរទ័យ​យាង​ទៅ​ដល់​បន្ទប់ “អស្ចារ្យ” មួយ។ នៅ​កណ្តាល​បន្ទប់​នោះ មាន​ស្រះ​១ មាន​រូប​រាជ​សីហ៍​ឈរ​គ្រប់​ជ្រុង​ទាំង​៤ដែល​​មាន​ទឹក​ហូរ​ចេញ​ពី​មាត់ វា។

ទឹក​ដែល​ហូរ​ធ្លាក់​មក​កើត​ទៅ​ជា​ត្បូង​ពេជ្រ​នឹង​កែវ​មុក្តា ធ្លាក់​ខ្ចាយ​ឡើង​ទៅ​លើ​ស្ទើរ​នឹង​ដល់ដំបូល​ ។

              ប្រាសាទ​នោះ​មាន​សួន​ឧទ្យាន​ព័ទ្ធ​គ្រប់​ទាំង ៣ផ្នែក អម​​ផ្លូវ​ខ្វាត់​ខ្វែង មាន​ស្រះ​មាន​ដំណាំ​នឹង​ផ្កា​គ្រប់​បែប​យ៉ាង​ប្រឡង​លម្អ​គ្នា។

 ប៉ុន្តែ​ដើម្បី​ញាំង​ទី​នោះ​ឲ្យ​រឹត​តែ​សប្បាយ​គួរ​គន់​ទៅ​ទៀត នោះ​គឺ​ ពូជ​ ​បក្សី​គ្រប់​ភាសា​បន្លឺ​នៅ​សម្រែក​អឺង​អាប់​សព្ទ​ស៊ាន​តាម​ភាសា​ទី​ទៃៗ នៅ​ជា​និច្ច​ក្នុង​ទី​នោះ ព្រោះ​មាន​រនាំង​លួស​ព័ទ្ធ​ជុំ​វិញ​ពី​ក្រៅ​ដើម​ឈើ​ទាំង​អស់ មិន​ឲ្យ​បក្សី​ហិចហើរ​ចេញ​ចាក​ទី​កន្លែង​សួន​បាន ។

              គ្រា​នោះ​ស្តេច​យាង​ពី​បន្ទប់​១ ទៅ​បន្ទប់​១ ដ៏​ប្រដាប់​ប្រជា​ឥត​មាន​ខ្ចោះទៅ​ដោយ​របស់​សុទ្ធ​សឹង​មានតម្លៃ។

 លុះ​ទ្រង់​នឿយ​ព្រះ​កាយ​ក៏​ឈប់​សម្រាក​ព្រះ​អង្គ​ត្រង់​កន្លែង ១ មាន​បង្អួច​ចំហរ​ឆ្ពោះ​ទៅ​សួន​ឧទ្យាន​រចនា​ប្រដាប់​ប្រដា​ដូចៗ​គ្នា។

ទើបនឹងបានផ្អែកធ្មេចសម្រួលដង្ហើម​តែ​​បន្តិច​ឮ​សូរ​សំឡេង​​ថ្ងូរ​គួរ​សង្វេគ​អនិច្ចា មក​ប៉ះ​ពាល់​ដល់​សោត​វិញាណ។

ព្រះរាជា​ ទ្រង់​ក៏​ផ្ទៀង​ព្រះ​កម្មា​ទាំង​សង​ស្តាប់ ។

រហូត​បាន​ឮ​ជាក់​ស្តែង​ជា​ពាក្យ​ថ្ងួច​ថ្ងូរតាមខ្យល់មក​ថា៖

 ” ឱភ័ព​សំណាងអើយ បើ​ឯង​មិន​ឲ្យ​អញ​ត្រអាល​សប្បាយ​យូរ​ទេ, ឯង​ធ្វើ​ឲ្យ​អញ​រង​កម្មវេទនា​ជាង​មនុស្ស​ទាំង​អស់​ដូច្នេះ​ហើយ ទុក​ជីវិត​អញ​ឲ្យ​នៅ​រស់​យូរបានន័យអ្វី, ចូរ​ឯង​ផ្តិល​ផ្តាច់​ជីវិត​អញ​ឲ្យ​ឆាប់​ ដើម្បី​ឲ្យ​ផុត​អំពី​ទុក្ខ​ទាំង​នេះ ឱព្រះ​ម្ចាស់​ថ្លៃ​ខ្ញុំ​អើយ, ចុះ​គួរ​ឲ្យ​ខ្ញុំ​នៅ​រស់​ដល់​ណា​ទៀត បើ​ខ្ញុំ​សោយ​ទុក្ខ​វេទនា​យ៉ាង​ដូច្នេះ។»

              ដោយ​ទ្រង់​មាន​សេចក្តី​អាសូរ​ដល់​សំដី​ថ្ងួច​ថ្ងូរ​នោះ​ពេក​ណាស់ ក៏​ទ្រង់​ក្រោក​ឡើង ហើយ​យាង​ឆ្ពោះ​ទៅ​ប្រភពកន្លែង​ដែល​ឮ​សំឡេង​នោះមក។ លុះ​យាង​ទៅ​ដល់​ទ្វារ​បន្ទប់​១ ទ្រង់​បើក​ទ្វារ​នោះ​ឡើង ស្រាប់​តែ​ឃើញ​មនុស្ស​ជំទង់​ម្នាក់​រូប​ស្អាត​បាត ប្រដាប់​កាយ​ដោយ​របស់​មាន​តម្លៃអង្គុយ​លើ​អសនៈ​១ដ៏​ខ្ពស់​ឡើង​ពី​ផ្ទៃ​ឥដ្ឋ ។

ទំនង​សភាពទឹកមុខគេ​ជា​មនុស្ស​មាន​ទុក្ខពិត​​មែន ស្តេច​ក៏​យាង​ចូល​ទៅ​ជិត​ហើយ​គំនាប់​ទៅ​មនុស្ស​នោះ ឯ​មនុស្ស​ជំទង់​ក៏​ឱន​សិរសា​យ៉ាង​ទាប​គំនាប់​តប​មក​វិញ ។

ទាំង​មិន​បាន​ក្រោក​ចុះ​ពី​ទី​អាសនៈបុរសក្មេង​ ក៏​ពោល​ពាក្យ​ថា ៖

“បពិត្រ​លោក​ម្ចាស់, សូម​លោក​អត់​ទោស​ដល់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា​គួរ​ណាស់​តែ​ក្រោក​ទៅ​ទទួល​លោក ហើយ​គោរព​ដោយ​កិរិយា​ប្រពៃ, ប៉ុន្តែ​ខ្ញុំ​ធ្វើ​កិច្ច​នោះ​មិន​បាន​ឡើយ ព្រោះ​មាន​ហេតុ​ជា​ធំហួស​កំឡាំង ខា​ខាំង​មិន​ឲ្យ​ខ្ញុំ​សម្រេច​បាន សូម​លោក​ម្ចាស់ កុំ​យល់​ថា​ខ្ញុំ​ជា​មនុស្ស​ជួរសប្បុរស​ឡើយ ”

 វេលា​នោះ​ស្តេច​មាន​ព្រះ​បន្ទូល​តប​វិញ​ថា៖

 “​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​ណាស់​ទៅ​ហើយ ដោយ​បាន​ឃើញ​អ្នក​មាន​សេចក្តី​រួស​រាយ​ដល់​ខ្ញុំ! រឿង​ដែល​អ្នក​សូម​ទោស​ខ្ញុំ ព្រោះ​មិន​បាន​ក្រោក​ទទួល​នោះ ចូរ​អ្នក​កុំបារម្ភ ! ខ្ញុំ​ឥត​ប្រកាន់​ថា​អ្វី​ឡើយ ! តែ​ខ្ញុំ​បាន​ឮ​សំឡេង​អ្នក​ត្អូញ​​ថ្ងូរ​អំពី​សេចក្តី​ទុក្ខ​វេទនា ខ្ញុំ​ក៏​មាន​ចិត្ត​អាណិត​អ្នក​ពន់​ប្រមាណ ទើប​ខ្ញុំ​ចូល​មក​ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ឲ្យ​រួច​ចាក​ទុក្ខ តាម​កម្លាំង​ដែល​ខ្ញុំ​ជួយ​បាន​ ! សង្ឃឹម​ថា​អ្នក​មុខ​ជា​ពណ៌នា​រឿង​របស់​អ្នក ​ប្រាប់​ខ្ញុំ​មិន​ខាន! មួយវិញទៀត ​សូម​ឲ្យ​អ្នក​ប្រាប់​ខ្ញុំ​សិន ​ពី​ត្រពាំង​ធំ​នៅជិត​ទី​នេះ ដែល​មាន​ត្រី​៤ ពណ៌​ផ្សេង​គ្នា ​តើ​មាន​ហេតុ​ភេទ​ដូច​ម្តេច ហើយ​ប្រសាទ​នេះ​ជា​ប្រាសាទ​អ្វី, គេ​សាង​ពី​ក្នុង​គ្រា​ណា ហេតុ​អ្វី​បាន​ជា​អ្នក​មក​នៅ​ក្នុង​ប្រាសាទ​នេះ​តែ​ម្នាក់​ឯង គ្មានអ្នកណាបានស្គាល់ត្រពាំងនោះសោះ? “

បុរស​នោះ​បាន​ឮ​ពាក្យ​សួរ​ទាំង​ប៉ុន្មាន​នេះ​ហើយ ក៏​ខ្សឹក​ខ្សួល​ឡើង​ក្នុង​វេលា​នោះ។

សោយសោកអស់ចិត្ត ក៏វាចា​ឡើងថា ៖

” ឱវាសនា​មនុស្ស​យើង​នេះ​ពិតជា​របស់មួយដែលងាយ​​ប្រែ​ប្រួល​ណាស់ , អាច​រុញ​មនុស្ស​ឲ្យ​ខ្ពស់ ឡើង​ហើយ​អាចទម្លាក់​ឲ្យ​ទាប​ចុះ​វិញ​ដែរ!  នរណា​មួយ​ដែល​អាច​សោយ​សុខ​បាន​អស់​កាល​ជា​និច្ច” ។

              ឯស្តេចយើងវិញ ​បាន​ឮ​វាចា​ដូច្នេះ ក៏​កើត​ធម្ម​សង្វេគ​ពន់​ពេក​ទើប​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ​ធ្ងន់​នោះទៀត។

​មនុស្ស​ជំទង់​ឆ្លើយ​តប​វិញ​ថា៖

 “ឱម្ចាស់​ខ្ញុំ​អើយ, ចុះ​មិន​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ដូច​ម្តេច​បាន ទុក្ខ​របស់​ខ្ញុំ​នេះ​ធ្ងន់​ពេក​ណាស់ ឥត​មាន​អ្នក​ឯ​ណា​ជួយ​ឲ្យ​រួច​ឡើយ” ថា​តែ​ប៉ុណ្ណេះ​បុរស​នោះ​ក៏​ភើច​ជាយ​អាវ​ឡើង​បង្ហាញ​ទៅ​ស្តេច ហើយ​ថា​ខ្លួ ន​នេះ​ជា​មនុស្ស​តែ​ពី​ត្រឹម​ក្បាល​ចុះ​មក​ដល់​ចង្កេះ​ប៉ុណ្ណោះ​ទេ ចុះ​ពី​ចង្កេះ​ទៅ​សុទ្ធ​តែ​ថ្លើម​ថ្ម​ទាំង​អស់ ។

              វេលា​នោះ​ស្តេច​មាន​សេចក្តី​ភាន់ភាំងតក់ស្លុត​ឆ្ងល់​ឥត​ឧបមា ទើប​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​បុរស​នោះ​ទៀត​ថា៖

 “​ដែល​អ្នក​បង្ហាញ​ខ្ញុំ​អម្បាញ់​មិញ​នេះ​នាំ​ឲ្យ​ខ្ញុំ​ព្រឺ​សិរសា​ពន់​ពេក តែ​សេចក្តី​ព្រឺ​នេះ​ក៏​រឹង​រិត​តែ​នាំ​ខ្ញុំ​ឲ្យ​ចង់​ដឹង​រឿង​របស់​អ្នក​ទៅ​ទៀត ! បើ​ដូច្នេះ​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​ស្មោះ​សរ សូម​ឲ្យ​អ្នក​អធិប្បាយ​ប្រាប់​ខ្ញុំ​ឲ្យ​សព្វ​គ្រប់ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យអ្នក​បាន​សេចក្តី​សម្រាល​ទុក្ខ​ខ្លះ​មិន​ខាន”

វេលា​នោះ​បុរស​ជំទង់​ឆ្លើយ​តប​វិញ​ថា “ខ្ញុំ​នឹង​ពណ៌នា​ជូន​លោក​ស្តាប់​មិន​ ​សូម​ឲ្យ​លោក​ប្រុង​ ​ស្មារតី ដើម្បី​កត់​សំគាល់​នូវ​សេចក្តី​ ​ទាំង​ប៉ុន្មាន ទោះ​បី​សេចក្តី​នោះ​ជា​ការ​ហួស​ធម្មតា, ហួស​គំនិត​ដូច​ម្តេច​ក្តី។​​ ​ខ្ញុំនេះ​កាលដើមឡើយ ជាក្សត្រាពេញលក្ខណៈមួយអង្គ ក្នុងនគរនេះឯង…»

អានបន្ត រឿង​ យុវក្សត្រានៅនគរកោះខ្មៅ