ខ្ញុំបានទទួលគ្រប់គ្រងរាជសម្បត្តិនៅជន្មា១៥វស្សា និងបានទទួលយកប្អូនជីដូន១របស់ខ្ញុំ កូនស្រីម្ចាស់មាខ្ញុំមកជាគូជីវិត។
ដោយឃើញនាងនោះមានចិត្តប្រតិពទ្ធស្មោះស្ម័គ្រនឹងខ្ញុំដ៏លើសលប់ ហើយចំណែកខ្ញុំវិញក៏មានសេចក្តីស្នេហាជាទីបំផុត នៅជាមួយគ្នាជាសុខដរាបមក ក៏តែងតាំងនាងឡើងជាអគ្គមហេសី។
លុះដល់កំណត់៥ឆ្នាំ ក្នុងគ្រាក្រោយនេះឯងខ្ញុំសំគាល់ឃើញថា ប្រពន្ធខ្ញុំនឿយណាស់អស់ចិត្តពីខ្ញុំ ។
មានថ្ងៃ១ វេលាដែលនាងចេញទៅស្រង់ជំរះកាយមុនវេលាសោយល្ងាចនោះខ្ញុំងងុយជាខ្លាំង ក៏ប្រាសដេកទៅលើកម្រាលក្នុងបន្ទប់ខ្ញុំទៅ, វេលានោះមានស្រីស្នំ ២ នាក់ ដែលបានទទួលភារៈចូលមកបក់ឲ្យខ្ញុំ ខាងលើ ១ ខាងក្រោម១ ។ ស្រីទាំង២ នោះស្មានជាខ្ញុំដេកលក់ ក៏និយាយខ្សឹបគ្នាតិចៗរឿងគ្រួសារខ្ញុំ, ឯខ្ញុំក៏ដឹងហើយកាលណា ធ្វើជាខំសំងំធ្មេចភ្នែក ចាំស្តាប់វានិយាយ ។
“អើឯងយល់ថាដូចម្តេច? ចំណែកខាងអញៗយល់ថាព្រះអគ្គមហេសីពេញជាគិតខុសណាស់, អប្បាលដល់ម្ចាស់យើងមានរូបរាងយ៉ាងនេះហើយ នៅតែមិនស្រឡាញ់បាន” “មែនហើយហង, អញក៏យល់ដូច្នោះដែរ, ប៉ុន្តែអញឆ្ងល់គិតមិនយល់សោះ ហេតុអ្វីបានជាព្រះអគ្គមហេសីលបចេញទៅតែឯងស្ងាត់ៗរាល់តែយប់ ហើយទ្រង់មិនជ្រាបសោះ ?”
នាងម្នាក់ឆ្លើយថា
“នែព្រះអង្គទ្រង់ជាប់ឯណាបាន ព្រោះព្រះនាងបានយកថ្នាំឬសឈើមកលាយនឹងទឹក ឲ្យទ្រង់សោយរាល់តែល្ងាច, ឯថ្នាំនោះសោយទៅវេលាណា ក៏ផ្ទំលក់ឥតកំរើកដូចមនុស្សស្លាប់ បានជាព្រះនាងចេញទៅទីណាបានតាមចិត្ត ឥតមានកោតញញើតអ្វី វេលាត្រឡប់ចូលមកវិញ ទើបយកថ្នាអ្វី១មុខផ្សេងមកដាក់នៅព្រះនាសា ឲ្យទ្រង់ដឹងព្រះស្មារតីឡើង ” ។
ត្រង់នេះសូមឲ្យលោកពិចារណមើល តើមិនឲ្យភ្ញាក់ផ្អើលក្រេវក្រោធឯណាបាន ប៉ុន្តែបើទោះណាជាដូចម្តេចក្តីក៏ខ្ញុំខំអត់ធ្មត់មិនក្រទីក្រទាទៅបាន ។ កាលនោះខ្ញុំធ្វើជាភ្ញាក់ដឹងខ្លួនឡើង ហើយធ្វើអាការៈហាក់ដូចជាឥតបានឮពាក្យអ្វី ១ ម៉ាត់សោះ ។
ឯព្រះអគ្គមហេសីត្រឡប់មកពីស្រង់វិញហើយ ក៏ចូលសោយក្រយាស្ងោយទាំងអស់គ្នា ។
មុននឹងចូលផ្ទុំព្រះនាងកាន់ទឹក ១ កែវយកមកឲ្យខ្ញុំនឹងដៃឯង គឺជាកែវដែលខ្ញុំតែងសោយរៀងមក ប៉ុន្តែម្តងនេះ វេលាដែលទទួលមក ខ្ញុំមិនបានផឹកដូចមុនៗ ខ្ញុំដើរអែបទៅរកបង្អួច ហើយក្លែងបន្លំចាក់ទឹកចោលអស់ទៅ ទើបខ្ញុំប្រគល់កែវទៅឲ្យវិញមិនឲ្យដឹងជាបានចាក់ទឹកចោលឡើយ ។
រួចក៏នាំគ្នាចូលទៅកាន់ក្រឡាបន្ទំ លុះយូរបន្តិចទៅស្មានជាខ្ញុំដេកលក់ហើយ ព្រះនាងក៏ក្រោកឡើងភ្លាមឥតមានប្រយ័ត្នអ្វីបន្តិចសោះ ហើយនិយាយសម្លេងខ្លាំងៗថា “ចូរឯងដេកម្នាក់ឯងចុះ ហើយកុំក្រោកឲ្យសោះ ” ថាតែប៉ុណ្ណេះក៏ចាប់គ្រឿងប្រដាប់មកតែងកាយ រួចចេញពីក្រឡាបន្ទុំទៅ ។
គ្រាដែលព្រះនាងចេញផុតទៅ ខ្ញុំក៏ស្ទុះក្រោកឡើងស្លៀកពាក់យ៉ាងប្រញាប់ ហើយចេញតាមទៅ ១រំពេច ខ្ញុំបានលៃជំហ៊ានខ្ញុំឲ្យស្មើនឹងជំហានជើងព្រះនាង ដាក់ស្មើគ្នាលើកស្មើគ្នា ឥតធ្វើឲ្យដឹងខ្លួនឡើយ ។ លុះទៅដល់ទ្វារនីមួយៗទ្វារនោះបើកឯង មិនបាច់បើកទេ ព្រោះព្រះនាងបានសូត្រមន្តអ្វីខ្សិបៗ ទៅផុតទ្វារជាច្រើនសង្កាត់ បានដល់ទៅសួនច្បារទើបយាត្រាចូលក្នុងឧស្យានទៅ ។ វេលានោះខ្ញុំឈប់បង្អង់នៅមាត់ទ្វារ ដើម្បីកុំឲ្យនាងឃើញផង ហើយដើម្បីឲ្យនាងដើរផុតទៅសិនផង ប៉ុន្តែភ្នែកខ្ញុំចេះតែរំពៃគយគន់តាមក្រោយទៅ ឃើញដើរចូលក្នុងព្រៃដែលមានផ្លូវកាត់ខ្វាត់ខ្វែង ហើយនៅចិញ្ចើមផ្លូវនោះ មានដាំដើមឈើធ្វើជារបងយ៉ាងក្រាស ។
ខ្ញុំបានស្កាត់តាមផ្លូវផ្សេងពីខាងមុខ ហើយពួននៅក្នុងរបងឈើនោះ យូរបន្តិចលេចព្រះនាងបណ្តើរប្រុសម្នាក់មក ។
វេលានោះខ្ញុំបានផ្ទៀងត្រចៀកទាំង ២ ចាំស្តាប់សំដីនិយាយគ្នា, ហើយខ្ញុំស្តាប់បានជាក់សំដីដែលព្រះនាងនិយាយនឹងប្រុសសាហាយថាដូច្នេះ
” មិនគួរជាអ្នកមកបន្ទោសខ្ញុំថា យឺតជួបសោះ ព្រោះអ្នកដឹងជាប្រាកដ អំពីការដែលនាំឲ្យទទើសទទែងមកមិនបាន! បើសេចក្តីស្នេហាដោយស្មោះរបស់ខ្ញុំតាំងពីដើមមកដល់សព្វថ្ងៃនេះ នៅមិនទាន់ធួននឹងអ្នកទេ សូមឲ្យអ្នកប្រាប់មកចុះ ខ្ញុំនឹងធ្វើឲ្យឃើញច្រើនលើសដើមទៀត តើអ្នកមានប្រាថ្នាយ៉ាងណា, អ្នកដឹងហើយតើឫទ្ធានុភាពរបស់ខ្ញុំ ប្រសិនបើអ្នកឲ្យខ្ញុំធ្វើ ខ្ញុំនឹងធ្វើឲ្យទីក្រុងនឹងប្រាសាទល្អនេះ ទៅជាប្រាសាទបាក់បែកគ្រាំគ្រាហើយឲ្យមានសុទ្ធតែសត្វចចក, ទីទុយនឹងក្អែកនៅពាសពេញមុនអរុណរះឡើង ខ្ញុំនឹងជញ្ជូនថ្ម កំផែងបន្ទាយទាំងប៉ុន្មាននេះ ទៅចោលខាងនាយភ្នំកូកាសឬចោលឲ្យផុតព្រំដីដែលឥតមនុស្សនៅក៏បាន បើអ្នកចង់ដឹងចូរប្រាប់តែ១ មាត់មកចុះ ខ្ញុំធានានឹងធ្វើឲ្យប្រែប្រួលទៅបានឥឡូវនេះ ។»
និយាយផុតមាត់ ជើងដើរទៅដល់ផ្លូវបែក ១ ក្នុងទីនោះហើយងាកវិលខ្លួនទៅតាមផ្លូវថ្មី ដើរកាត់មុខខ្ញុំ ខ្ញុំក៏ហូតដាវឡើងភ្លាម ។ ដោយអាប្រុសដើរខាងកន្លែងដែលខ្ញុំពួននៅ ខ្ញុំបានលើកដាវឡើងកាប់សំដៅករវា ហើយដួលដេក ១ រំពេចទើបខ្ញុំស្ទុះរត់ទៅភ្លាម ដើម្បីកុំឲ្យព្រះនាងស្គាល់បាន ឯខ្លួនព្រះនាងខ្ញុំមិនបានធ្វើបាបទេ ព្រោះជាប់ជាសាច់លោហិតរបស់ខ្ញុំ។
រីទំហឹងដាវដែលខ្ញុំប្រមាថសង្ខារប្រុសសាហាយនោះ បណ្តាលឲ្យវាដល់នូវមរណៈ តែដោយអំណាចអានុភាពមន្តរបស់ព្រះនាង មនុស្សរបួសក៏គង់ជីវិតនៅបាន ប៉ុន្តែគង់នៅតែជីវិតប៉ុណ្ណោះនឹងនិយាយស្តីឬលើកដៃជើងមិនបាន ហៅថាជាមនុស្សមិនស្លាប់មិនរស់ ។ វេលាដែលខ្ញុំគេចរត់តាមក្នុងសួនចូលទៅក្នុងដំណាក់នោះ ខ្ញុំឮព្រះនាងស្រែកយំថ្លែងទុក្ខសព្វគ្រប់ ដាក់វា ហើយខ្ញុំក៏គិតឃើញថា ដែលបានទុកជីវិតឲ្យព្រះនាងនោះ ជាការល្អប្រពៃណាស់ហើយ ។
លុះទៅដល់ក្នុងដំណាក់វិញ ខ្ញុំក៏ចូលដេកចូលដែលដោយមានសេចក្តីអំណរជាពន្លឹក ព្រោះបានធ្វើទណ្ឌកម្មដល់អាក្បត់ សមតាមកិរិយាដែលវាបានធ្វើឲ្យខ្ញុំឈឺចិត្ត ហើយក៏ដេកលក់ទៅ ។ លុះព្រឹកឡើង វេលាខ្ញុំក្រោកឃើញព្រះនាងដេកនៅខាង ប៉ុន្តែមិនដឹងជាលក់ឬមិនលក់ ខ្ញុំក៏ចុះចាកទីសេយ្យាសន៍ថ្នមៗ មិនឲ្យឮសូរ ហើយចូលទៅក្នុងបន្ទប់ស្រង់ទៅ ស្រេចហើយ ទើបខ្ញុំតែងខ្លួនចេញទៅជម្រហការផែនដីតាមធម្មតា ។
លុះត្រឡប់មកវិញបានឃើញព្រះនាងស្លៀកពាក់ខ្មៅ ប្រដាប់ជាមរណៈសញ្ញាទាំងអស់ ទំលាក់សក់ស្កូវស្កាញស្រកេកស្រកាក ដើរឆ្ពោះទៅខ្ញុំ ហើយនិយាយថា៖
“ខ្ញុំម្ចាស់សូមទោសព្រះបង, សូមកុំឲ្យទ្រង់យល់ទាស់អំពីសំលៀកបំពាក់យ៉ាងដូច្នេះ ព្រោះខ្ញុំម្ចាស់ទើបនឹងបានដំណឹង ៣ ជាអាក្រក់មកដល់ក្នុងពេលជាមួយគ្នា ដំណឹងនោះនាំឲ្យខ្ញុំម្ចាស់មានទុក្ខ ទោមនស្សជាយ៉ាងធ្ងន់ រកអ្វីមកប្រៀបមិនបាន ព្រះមាតាខ្ញុំម្ចាស់សោយព្រះវិលាល័យ ព្រះបិតាខ្ញុំម្ចាស់ទ្រង់ទិវង្គតកណ្តាលចម្បាំង ហើយព្រះជេជ្ឋា ខ្ញុំម្ចាស់ធ្លាក់ស្លាប់ក្នុងជ្រោះអាងភ្នំ នេះហើយជាមេទុក្ខរបស់ខ្ញុំម្ចាស់ សូមទ្រង់ជ្រាប”
វេលានោះខ្ញុំគ្មានខឹងអ្វីនឹងពាក្យដោះស្រាយដោយឧបាយមុសាវាទរបស់ព្រះនាងទេ។
តែដោយ ខ្ញុំគិតថាព្រះនាងច្បាស់ជាគ្មានសង្ស័យអ្វីលើរូបខ្ញុំ អំពីសម្លាប់ប្រុសសាហាយនោះទេ ទើបខ្ញុំនិយាយទៅកាន់ព្រះនាងថា៖
“ម្នាលប្អូនស្រី, ទុក្ខសង្រេងសង្រៃនេះបងមិនយល់ទាស់ទេ ចូរឲ្យនាងប្រាកដថាបងក៏ទទួលចំណែកទុក្ខនេះជាមួយនឹងនាងដែរ រីសេចក្តីព្រាត់ប្រាសយ៉ាងនេះ គួរឲ្យមានទុក្ខណាស់ហើយ បើដូច្នេះចូរនាងកុំញញើត ក្នុងកិច្ចការអ្វីដែលនាងសព្វព្រះទ័យ។
សន្ទនាតែប៉ណ្ណេះ ព្រះនាងក៏យាងចូលទៅក្នុងបន្ទប់អង្គុយទង្គឹះខ្សឹកខ្សួលតែឯងឯកា ។
នាងនៅសង្រេងសង្រៃដរាបបែបនេះដល់ទៅ១ឆ្នាំ គត់, ទើបមកសុំអនុញ្ញាតពីខ្ញុំ ដើម្បីសាងផ្នូរធំ១ ក្នុងកំផែងវាំង ថាខ្លួនព្រះនាងឯងនេះ ត្រូវការចូលទៅក្នុងទីនោះដល់វេលាដរាប់លុះអស់ជីវិត ។ ខ្ញុំក៏បានអនុញ្ញាតឲ្យនាងសាងតាមសេចក្តីប្រាថ្នា ។
ព្រះនាងចាត់សាងផ្នូរចេតីយ៍នោះ បែបជាប្រាសាទ១ដ៏ស្តុកស្តម្ភ ប្រកបដោយកំពូលត្រដុងត្រដួចស្កឹមស្កៃ ដែលមើលពីទីនេះទៅឃើញច្បាស់។
រួចរាល់ក៏ឲ្យឈ្មោះហៅថា “ប្រាសាទទឹកភ្នែក ” ។
សាងស្រេចវេលាណា ព្រះនាងលបយកប្រុសសាហាយដែលត្រូវរបួស ទៅដាក់តំកល់ក្នុងប្រាសាទនោះឯង ។ នាងថៃរក្សាឲ្យវាមានជីវិតគង់ដ៏រាបមក ដោយអំណាចមន្តនឹងបន្តក់ទឹកថ្នាំឲ្យផឹករាល់ៗថ្ងៃ ទ្រាំទ្រដោយដៃឯងសព្វទិនទេវាតរទៅ ។
រីមន្តនឹងទឹកថ្នាំនោះ ក៏មិនអាចនឹងញាំងអាប្រុសឲ្យជាបានហើយមិនត្រឹមតែដើរមិនរួច ថែមទាំងនិយាយមិនបានទៀត តែសំគាល់បានជាមានជីវិត ដោយអាការប៉ប្រិចភ្នែកប៉ុណ្ណោះឯង ។ ប៉ុន្តែបើទោះណាជាដូចម្តេចក្តី ព្រះនាងក៏នៅតែទៅថ្លែងទុក្ខចំពោះមុខអាប្រុសនោះ ១ថ្ងៃ ២ ដងមិនដែលខាន ខ្ញុំដឹងទាំងអស់ តែខ្ញុំធ្វើពុតជាមិនបានដឹងវិញ ។
មានថ្ងៃ១ ខ្ញុំចង់ឃើញឲ្យច្បាស់នឹងភ្នែកឯង ខ្ញុំក៏ដើរទៅកាន់ប្រាសាទទឹកភ្នែកនោះ ដើម្បីលបមើលតើព្រះនាងធ្វើអ្វីខ្លះទៅដល់ហើយខ្ញុំពួននៅទីស្ងាត់ ១ មិនព្រះនាងឃើញខ្លួន។
វេលានោះខ្ញុំបានឮព្រះនាងនិយាយទៅនឹងសាហាយថា ៖
“ខ្ញុំមានទុក្ខធ្ងន់ណាស់ ដែលឃើញអ្នកនៅរងទុក្ខវេទនាដូច្នេះ អ្នកមានសេចក្តីឈឺចាប់រងទុក្ខដូចម្តេច ខ្ញុំក៏ឈឺចាប់ដូច្នោះដែរ នែអ្នកប្រុសសំឡាញ់ ខ្ញុំនិយាយរកអ្នកប៉ោចៗ រាល់ថ្ងៃអ្នកក៏មិនឆ្លើយតបមកខ្ញុំ ១ មាត់ តើអ្នកនៅស្ងៀមតមមាត់នឹងខ្ញុំដល់ណាទៅសូមអ្នកនិយាយតែ១ មាត់មករកខ្ញុំចុះ ឲ្យខ្ញុំបានធូទ្រូងបន្តិចពេលដែលខ្ញុំបានលែ្ហទុក្ខបន្តិចនោះ មានតែពេលដែលខ្ញុំបានមកនៅជិតអ្នក ក្រៅពីនេះខ្ញុំមានតែទុក្ខធ្ងន់រកអ្វីប្រៀបមិនបានដោយអំណាចសេចក្តីស្នេហាដ៏លើសលប់ ខ្ញុំមិនអាចឃ្លាតឆ្ងាយពីអ្នកបានឡើយ ប្រសិនបើអ្នកស្លាប់ ខ្ញុំក៏ស៊ូរស្លាប់តាមសិមយើងទៅកើតជួបគ្នាក្នុងជាតិខាងមុខទៀត ។
លុះបានឮព្រះនាងពណ៌នាដាច់កំបុតៗ ដោយអំណាចខ្សឹកខ្សួលនោះ ខ្ញុំទ្រាំអត់ធន់នៅស្ងៀមមិនបាន ទើបខ្ញុំបង្ហាញខ្លួនឲ្យឃើញដើរទៅជិតព្រះនាង ហើយពោលនូវពាក្យថា
“នែព្រះនាង, សេចក្តីយំសោករបស់ព្រះនាងក៏ធូនល្មមប៉ុណ្ណេះហើយ ក្នុងពេលនេះត្រូវព្រះនាងបន្ទោបង់នូវសំណោក ដែលជាគ្រឿងអប្បយសចង្រៃដល់រូបយើងទាំង២នាក់ចេញ ព្រោះធ្វើដូច្នេះ ឃើញថាព្រះភ្លេចគិតសេចក្តីគោរពដល់បងពន់ពេកណាស់” វេលានោះព្រះនាងឆ្លើយតបថា
“បើទ្រង់នូវរាប់អានខ្ញុំម្ចាស់ ឬនូវអាណិតអាសូរដល់ខ្ញុំម្ចាស់ជាស្រ្តី សូមទ្រង់មេត្តាកុំកំហែងខ្ញុំម្ចាស់ឡើយ សូមទ្រង់បណ្តោយឲ្យខ្ញុំម្ចាស់កាន់យកនូវទុក្ខនេះ តាមទំនើងចិត្តរបស់ខ្ញុំ ព្រោះពេលដែលកន្លងមកទាំងប៉ុន្មាន មិនទាន់បានរំលាយនូវទុក្ខរបស់ខ្ញុំម្ចាស់នូវឡើយ ” ។
លុះឃើញថាពាក្យដែល ខ្ញុំនិយាយគ្មានផលអ្វី នាំឲ្យនាងរេគំនិតទៅជាមានរឿងខឹងវិញ ខ្ញុំក៏លែងនិយាយតបទៅទៀត ហើយថយទៅដំណាក់វិញទៅ ។ ព្រះនាងក៏ចេះតែទៅឯចេតិយ័នោះរាល់ថ្ងៃដ៏រាបដល់គ្រប់២ឆ្នាំគត់ ហើយមិនលះបង់នូវទង្គឹះខ្សឹកខ្សួលសង្រេងសង្រៃសោះ ។
គ្រាក្រោយមក ខ្ញុំបានទៅឯប្រាសាទទឹកភ្នែកម្តងទៀតក្នុងពេលដែលព្រះនាងនៅខាងក្នុង ខ្ញុំបានលាក់ខ្លួនមិនឲ្យឃើញ ហើយឮសូរសំឡែងព្រះនាងនិយាយទៅរកអាប្រុសសាហាយថា ៖
«៣ ឆ្នាំហើយ !អ្នកមិនដែលចេញវាចាមកកាន់ខ្ញុំ ១ មាត់សោះ! អ្នកគ្មានត្រអាលមេត្រីតបមកខ្ញុំវិញសោះទេ? តើអ្នកលែងស្រឡាញ់ខ្ញុំ អ្នកស្អប់ខ្ពើមខ្ញុំហើយឬ ? ឱចេតិយ៍អើយឯងគិតផ្តាច់នូវសេចក្តីសេ្នហា ដែលអ្នកប្រុសធ្លាប់មេត្រីដល់អញតាំងពីដើមរៀងមកឬ? តើឯងបិទភ្នែកដែលតែងធ្វើឲ្យអញបេតីជាពន្លឹក នឹងតែងធ្វើសេចក្តីត្រេកត្រអាលឲ្យកើតឡើងតាំងពីដើមរៀងមកឬ? ន្ហើយចុះ ចូរឯងឆ្លើយប្រាប់មកអញថា ដោយហេតុអស្ចារ្យយ៉ាងណា បានជាឯងក្លាយទៅជាកន្លែងសំរាប់តំកល់នូវសម្បតិ្តដ៏ត្រកាលនេះ ។
ត្រង់ក្នុងវេលានោះ ខ្ញុំកើតក្តៅក្រហាយក្នុងចិត្តឥតគណនា ព្រោះរូបអាប្រុសជាទីគាប់ចិត្ត ដែលព្រះនាងប្តូរជីវិតស៊ូរស្លាប់ជាមួយនោះ មិនមែនជាមនុស្សមានរូបឆោមដូចជាដែលលោកមានបើស្មានក្នុងចិត្តនោះទេ អានោះឯងជាក្លឹងខ្មៅគំរិលគួរឲ្យស្ញើបដល់ភ្នែកអ្នកទាំងពួង, វេលានោះមាហៈកើតឡើង នាំឲ្យរូបខ្ញុំច្រឡោតទប់មិនឈ្នះ ក៏ស្ទុះទៅបង្ហាញខ្លួនឲ្យឃើញ ហើយស្រែកទៅរកចេតិយ័នោះផងថា៖
“នែចេតីយ័អើយហេតុដូចម្តេចក៏ព្រះស្តែងមិនស្រូបយកមនុស្សចង្រៃឧទបាទដែលធ្វើឲ្យចង្រៃផែនដីនេះទៅឱ្យវាបាត់ទៅ ហើយម្យ៉ាងវិញទៀតដូចម្តេចក៏ព្រះស្តែងមិនបំផ្លាញសាហាយទាំងប្រុសស្រីនេះឲ្យអន្តរធានទៅ ” ។
ខ្ញុំទើបតែនឹងនិយាយស្ទើមិនទាន់ផុតមាត់ ស្រាប់តែព្រះនាងដែលអង្គុយនៅក្នុងទីនោះ ស្ទុះក្រោកដោយកំហឹង ស្រែកឡើងថា៖
“អា! អាកំណាច! ខ្លួនមឹងនេះធ្វើឲ្យអញបានសេចក្តីឈឺចាប់ទាំងអម្បាលនេះ ចូលមឹងកំស្មានថាអញមិនដឹងជាឯងបង្ករហេតុ ប៉ុន្តែអញមិនអើពើមកជាយូរហើយ មិនតែប៉ុណ្ណោះថែមព្រះស្តែងមកប្រមាទមើលងាយដល់រូបអញទៀត ”
វេលានោះខ្ញុំឆ្លើយកាត់ឡើងដោយកំហឹងថា ៖
“អើពិតជាខ្លួនអញនេះហើយ ដែលបានផ្ទន្ទាមេហងឯងផងឲ្យដូចគ្នា អញនឹកស្តាយណាស់ដែលមិនបានធ្វើទៅវិញ តាំងពីយូរណាស់មកហើយ ហងឯងប្រព្រឹត្តតែកិរិយាអាក្រក់អាស្រូវកាសឲ្យអញខ្មាសគេ”
ថាតែប៉ុណ្ណោះខ្ញុំក៏ហូតដាវឡើង ដើម្បីនឹងសំលាប់ តែនាងសំឡឹងមើលមកខ្ញុំវិញធ្វើព្រងើយ ឥតមានរន្ធត់ញញើតខ្ញុំបន្តិចសោះ ហើយថែមញញឹមកាចសាហាវ ស្រែកឡើងថា “កុំអាលច្រឡោត”
ថាហើយក៏តាំងសូត្រអ្វីខ្សឹបៗ ខ្ញុំស្តាប់មិនបាន រួចស្រាប់តែពោលឡើងថា៖
“ដោយអំណាចឫទ្ធិនៃមន្តនេះសូមឲ្យខ្លួនព្រះស្តែងក្លាយទៅជាមនុស្ស១កំណាត់ ជាថ្ម១កំណាត់”
នាងថាតែប៉ុណ្ណេះខ្លួនខ្ញុំក៏ក្លាយ១រំពេច ដូចជាលោកឃើញ ស្រាប់នេះឯង គឺជារូបស្លាប់ក្នុងចំណោមមនុស្សរស់ ហើយជារូបរស់ក្នុងពួកមនុស្សស្លាប់ ។
ក្រោយដែលមេអប្រិយ៍អគ្គទេពី ធ្វើខ្លួនខ្ញុំឲ្យប្រែក្លាយដូច្នេះក៏ងាកទៅ បំផ្លាញនគរខ្ញុំ ដែលកាលពីដើមសម្បូរឥតខ្វះអ្វី ។ មនុស្សប្រុសស្រីគ្រប់ភាសាប្រែជាត្រី វារំលើងអស់ផ្ទះសម្បែងផ្សារផ្សោនឹងផ្លូវធ្លាទាំងអស់ ហើយធ្វើឲ្យក្លាយទៅជាត្រពាំងធំនឹងទីវាលស្ងាត់ ដូចជាលោកបានឃើញនោះឯង ។
ឯត្រី ៤ ពណ៌ដែលមានក្នុងត្រពាំងធំនោះ គឺជាមនុស្ស៤ពួកដែលកាន់សាសនាផ្សេងៗគ្នា ត្រីសរជាពួកកាន់សាសនាមហាម៉័ត, ត្រីក្រហមពួកបែរ្ស័ដែលកាន់សាសនាព្រះអគ្គី(គោរពភ្លើង) ត្រីខៀវ ពួកកាន់សាសន៍យេស៊ូ ឬគ្រិស្តាំង, ឯត្រីលឿងជាពួកហេប្រីឬយីហ្វ ។ រីភ្នំទាំង៤ ជាកោះទាំង៤ ដែលនគរយកឈ្មោះតាមនោះឯង ។
ក្នុងវារៈនៃសេចក្តីគំហឹងរបស់វា តែនៅមិនទាន់អស់សេចក្តីនៅឡើយ នាងនោះនៅមកដោះអាវខ្ញុំវាយ ដោយរំពាត់សិង្គគោ ក្នុង១ថ្ងៃ ១០០ ខ្វាប់ លុះត្រាណា តែចេញឈាមរន្ទាលច្រាលឆ្អៅ ។
លុះវាយគ្រប់ ១០០ ហើយវាយកសំពត់រោមពពែយ៉ាងគគ្រាត មកគ្របរុំឲ្យខ្ញុំ ហើយយកអាវសារបាប់មកបំពាក់ឲ្យពីលើ ដូចលោកឃើញជាការ ឡកលើយបញ្ឈឺចិត្តខ្ញុំ ។
លុះសារស័ព្ទសេចក្តីមកដល់ត្រង់នេះ បុរសជំទង់កោះខ្មៅធ្លាក់ទេកនេត្រា ក្នុងខណៈនោះ។
ឯស្តេចដែលបានស្តាប់នូវរឿងរ៉ាវពិតទីនេះ ក៏កើតនូវសេចក្តីតានតឹងឱរ៉ា មិនអាចពោលថាអ្វីបាន ។ បន្តិចមកបុរសជំទង់លើកដៃទាំង២ឡើង ធ្វើអញ្ជលីកម្មទៅខាងលើ ដោយបញ្ចេញវាចាថា
“ឱព្រះអង្គអើយ វេលានេះ ខ្ញុំសូមផ្ញើខ្លួនរកសេចក្តីយុត្តិធម៌ ខ្ញុំដល់ខ្លួនខ្ញុំវិញមិនខាន ” ។
ឯស្តេចដែលមានព្រះហឫទ័យខ្លោចផ្សាដោយរឿងអស្ចារ្យទាំងនេះ ក៏តាំងព្រះហឫទ័យនឹងសងសឹកជួសស្តេចទំទង់នោះ ទើបមានបន្ទូលថា
“ចូរស្តេចប្រាប់ខ្ញុំ តើមេកាឡកិណីនោះ វានៅក្នុងទីណា ហើយអាប្រុសនោះវានៅក្នុងទីណា? ”
ស្តេចទំទង់បតវិញថា៖
” វាបានផ្ទុកសាហាយនៅក្នុងប្រាសាទទឹកភ្នែកដដែលនោះឯង គឺប្រាសាទដែលមានកំពូលមូលស្រួច ឯចំណែកមេកាឡកិណី ខ្ញុំមិនអាចនឹងកំណត់ឲ្យច្បាស់ជានៅក្នុងទីណាៗ ឡើយ, ប៉ុន្តែរាល់ វេលាព្រះអាទិត្យរះឡើងតែងចូលមកវាយខ្ញុំ ១០០ រំពាត់ហើយ ចូលទៅមើលសាហាយថែប្រុសនោះនៅរស់ជីវិតដល់សព្វថ្ងៃ ដោយ វាមានថ្នាំអ្វីម្យ៉ាងលាយនឹងទឹក យកទៅបន្តក់ឲ្យផឹកការពារនូវជីវិតិន្រ្ទីយ៍មិនឲ្យរលត់ទៅទុកគ្រាន់តែនឹង ទួញយំខ្សឹកខ្សួលក្បែរសាហាយរាល់តែថ្ងៃ តាំងពីយប់ដែលត្រូវរបួសមក” ។
ស្តេចឮហើយ មានព្រះបន្ទូលថា
“ឱស្តេចក្មេងនៃខ្ញុំ ក្នុងលោកនេះគ្មានអ្នកឯណាមានកម្មលំបាកដូចទ្រង់ទៀតឡើយ, រឿងនេះ មិនដែលសមថាកើតមានដល់រូបបុរសណាសោះ! រឿងនេះចំឡែកជាងរឿងទាំងឡាយណាដែលគេបានដឹងឮពីដើមមក ឥតមានអ្វី ប្រៀបផ្ទឹមបានឡើយ ។ ប៉ុន្តែសេចក្តីសងសឹក ខ្ញុំធានានឹងធ្វើឲ្យសម្រេចបាន ចូរស្តេចចាំទុកចុះ ” ។
លុះសន្ទនាគ្នាស្រេចហើយ ទ្រង់ក៏សម្តែងឲ្យស្តេចទំទង់បានដឹងថា ទ្រង់ជាស្តេចធំគ្រងរាជសម្បត្តិក្នុងនគរ ១ ជិតគ្នា និងបានអធិប្បាយអំពីហេតុដែលនាំឲ្យទ្រង់យាងមកដល់ទីនេះ ។
ពេញពេលនោះ ទ្រង់រំពឹងគិតរកឧបាយកលនឹងធ្វើសងសឹក។
លុះឃើញហើយក៏ប្រាប់ឧបាយដល់ស្តេចជំទង់ ហើយកំណត់ធ្វើដល់ថ្ងៃស្អែក ។
ក្នុងរាត្រីនោះ ស្តេចថយទៅសំណាក់ក្នុងទីដទៃសិន ។ ឯស្តេចជំទង់ក៏គង់តាមធម្មតា ។
លុះមេឃ ភ្លឺរៀងឡើង ស្តេចតើនពីព្រលឹម យាងឆ្ពោះទៅឯប្រាសាទទឹកភ្នែក។
យាងទៅដល់កាលណាក៏សំគាល់បានដោយប្រទីបជ្វាលាភ្លឺព្រោងព្រាតពេញនៅទីនោះ សុទ្ធតែទៀនធ្វើដោយក្រមួនសរ ហើយមានខ្លឹមក្រអូបផ្សព្វផ្សាយ ដោយអំណាចគ្រឿងក្រអូបបំពក់ក្នុងឆ្នាំងមាសដ៏មានក្បាច់រចនា រៀបរៀងជាជួក្បែគ្រែទែនដែលអាប្រុសដេក ។ វេលាដែលយាងទៅដល់គ្រែ ស្តេចហូតដាវឡើងប្រហាមនុស្សខ្មៅដល់នូវមរណកាលក្នុងគ្រានោះ ហើយអូសសពទៅចោលក្នុងអណ្តូង១។
ស្រេចហើយកាលណា ទ្រង់យាងចូលទៅផ្ទុំសន្ធឹងលើគ្រែទែនរបស់មនុស្សខ្មៅដាក់ព្រះខ័ន្ធថ្លាជិតព្រះអង្ក ទាញភួយគ្របព្រះកាយសំងំចាំសម្រេចតាមគំនិតដែលទ្រង់បានប្រារព្វ ទុកជាមុន ។
កាលនោះនាងដែលចេះវេទមន្តក៏ចូលទៅដល់ប្រាសាទឯកិច្ចជាបឋមរបស់នាង គឺដើរសំដៅទៅបន្ទប់ដែលស្តេចស្វាមី នៅ ទៅដល់ហើយដោះអាវរួច ចាប់វាយវាត់ពេញទំហឹងគំនុំ។ រីឯស្តេចអភ័ព្វក៏ស្រែកទ្រហ៊ោយំ អង្វរដោយមធុរវាចា គួរឲ្យអាណិតពន់ពេកណាស់ តែនាងនោះមិនព្រមទទួលអង្វរសោះ វាយគ្រប់ ១០០ រំពាត់ហើយទើបឈប់ ថែមពោលឡើងថា
” វេលាដែលព្រះស្តែងឯងធ្វើលើសាហាយអញ ហេតុអ្វីក៏មិនគិតអាណិតផង ដល់វេលាដែលអញធ្វើព្រះស្តែងឯងវិញ អញក៏មិនអាណិតដូចគ្នា, ចូរកំសង្ឃឹមថាអញយកសេចក្តីអង្វរព្រះស្តែងឯងឡើយ”
ថាដូច្នេះហើយក៏យកសំពត់គ្រាតគ្រើមរុំទៅវិញ បំពាក់នូវអាវសារបាប់ឲ្យដូចដើមរួចយាត្រាទៅកាន់ប្រាសាទទឹកភ្នែក ។
វេលាដែលដើរចូលទៅក៏កើតទង្គិះខ្សឹកខ្សួលអួលអាក់ ដើរថ្នមៗ ជើងឆ្ពោះទៅឯគ្រែដោយស្មានថាជាប្រុសសាហាយដេកសន្ធឹងក្នុងទីនោះ ទើបពោលឡើងថា
” ចុះសាហាវយង់ឃ្នងអ្វីម្លេះ មកធ្វើឲ្យយើងរងទុក្ខវេទនាយ៉ាងនេះ ? វេលាដែលខ្ញុំទៅវាយវាៗ តេះដៀលអូនមានសន្តានចិត្តជាតិរច្ឆាន ឱអាកំណាចនោះអើយ អំពើសាហាវរបស់យើងនេះ មិនធួននឹងកំហុសដែលឯងប្រព្រឹត្តល្មើសឡើយ ឯងបៀតបៀនដល់ជីវិតប្រុសអញ ដែលកំពុងតែស្រឡាញ់ពេញចិត្តដូច្នេះ មិនគឺឯងធ្វើឲ្យអន្តរាយដល់ជីវិតអញដែរឬអី ?”
ថាចប់ដូចឆ្កួតលេលា ទើបនាងអសិរពិសបែរទៅនិយាយនឹងស្តេចដែលផ្ទុំលើគ្រែ ដោយស្មានថាជាប្រុសសាហាយខ្លួនថា ៖
” ឱម្ចាស់ជីវិតប្អូនអើយ ហេតុម្តេចក៏អ្នកសំងំស្ងៀមជានិច្ចដូច្នេះ ? អ្នកតាំងចិត្តស៊ូរបណ្តោយឲ្យប្អូនក្ស័យប្រាណ ឬ? បានជាគ្មានមេត្រីមករកប្អូន ហើយប្រាប់ប្អូន ១ ម៉ាត់ឲ្យដឹងជាអ្នកនៅស្រឡាញ់ប្អូនឡើយ, នែព្រលឹងមាសប្អូន ចូរឆ្លើយតប១ម៉ាត់មកឲ្យឆាប់ កុំផ្សូរផងឡើយ” ។
គ្រានោះស្តេចធ្វើហាក់ដូចជាទើបនឹងដឹងព្រះអង្គពីផ្ទុំលក់ហើយទ្រង់ត្រាប់សំឡេងតាមពួកក្លឹងខ្មៅ ឆ្លើយតបទៅដោយសំដីធ្ងន់ថា៖
” ឯកម្លាំងនឹងឫទ្ធី មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលលោកខ្លាំងពូកែ”
វេលាដែលបានឮសំដីដូច្នេះ នាងមិនបានជាប្រុសចាំស្តាប់ ក៏បន្លឺនូវសម្រែកអំណរខ្លាំងឡើងថា “ឱម្ចាស់ខ្ញុំអើយ ខ្ញុំមិនមែនជាភាន់ច្រឡាំទេឬអី ?”
ស្តេចជេរទៅថា
” មេអកុសល តាមមារយាទហងឯងនេះ មិនគួរអញឆ្លើយតបសោះ ”
នាងសួរ ” ចុះហេតុអ្វីបានជាអ្នកជេរខ្ញុំដូច្នេះ”
ស្តេចតប ” អើបានជាអញជេរ ព្រោះសម្រែកយំនឹងសំឡេងថ្ងូររបស់ប្តីហងដែលហងឯងទៅវាយរាល់ថ្ងៃ ដោយអំពើពាលនោះ ធ្វើឲ្យអញថ្លង់សំងំដេកមិនបាន បើកុំតែដូច្នេះប្រហែលអញបានជាសះស្បើយនិយាយបានតាំងពីយូរមកណាស់ហើយ ហេតុនេះហើយដែលនាំឲ្យអញតមមិននិយាយតបនឹងពាក្យថ្លែងទុក្ខរបស់ហងឯង”
នាងឆ្លើយថា ” បើដូច្នោះខ្ញុំនឹងទៅស្រាយមន្តចេញដើម្បីអ្នកបានស្បើយឥឡូវនេះ អ្នកឲ្យខ្ញុំធ្វើវាឲ្យមានសភាពដូចដើមវិញ ឬយ៉ាងណា? “ឆ្លើយ ” អើ, ចូរឯងទៅឲ្យឆាប់ ហើយធ្វើវាឲ្យរួចចេញឥឡូវ កុំឲ្យអញឮសំឡេងវាទៀត” ។
នាងចេញពីប្រាសាទទឹកភ្នែកដោយរួសរាន់ យកទឹក១ពែងមកសូត្រផ្លុំពីលើ ទឹកនោះក៏ពុសខ្ជោលហុយផ្សេងឡើង ហាក់ដូចជាដាំលើចង្រ្កានភ្លើង រួចដើរឆ្ពោះទៅក្នុងបន្ទប់ស្តេចជាស្វាមី ដោយស្រោចទឹកនោះពីលើ ដោយបញ្ចេញវាចាថា ” បើព្រះជាម្ចាស់បង្កើតឯងមកភាពសណ្ឋានដូច្នេះ ឬព្រះជាម្ចាស់ទ្រង់ខ្ញាល់នឹងឯង សូមឲ្យឯងនៅគង់ភាពសណ្ឋានដូច្នេះចុះ ប៉ុន្តែបើឯងក្លាយមកជាភាពសណ្ឋានដូច្នេះ ដោយអំណាចមន្តរបស់អញទេ សូមឲ្យឯងវិលក្លាយទៅតាមភាពចាស់ដូចដើមរបស់ឯងវិញទៅ ” គ្រាន់តែថាប៉ុណ្ណេះស្ទើរមិនទាន់ផុតពីមាត់ស្តេចជំទង់ក៏ក្លាយទៅតាមភាពចាស់វិញ ឥតប្រែប្រួលឡោះយ ក្រោកឈរឡើងភ្លាម ដោយសេចក្តីត្រេកអរឥតឧបមា ហើយពោលអរគុណដល់ព្រះជាម្ចាស់ ។ បានឃើញដូច្នេះ នាងក៏និយាយប្រាប់ទៅថា “ត្រូវឯងថយចេញឲ្យឆ្ងាយពីប្រាសាទនេះកុំត្រឡប់មកវិញឲ្យសោះ បើមិនធ្វើតាម អញនឹងដាក់អាជ្ញាឲ្យដល់ជីវិត ។
ស្តេចជំទង់ទទួលតាម ហើយថយចេញពីនាងនោះ ឥតពោលថាអ្វី យាងទៅគង់ចាំសេចក្តីសម្រេចរបស់រាជមិត្ត នាទីថានមួយ ដ៏សមគួរឆ្ងាយពីកន្លែងនោះ ។
នាងក៏វិលត្រឡប់ទៅឯប្រាសាទទឹកភ្នែកវិញ លុះចូលទៅដល់ទើបនិយាយទៅកាន់ព្រះរាជា ដោយស្មានជាសាហាយរបស់ខ្លួនថា
” នែអ្នកប្រុសសំឡាញ់ ឥឡូវនេះខ្ញុំបានធ្វើតាមបង្គាប់អ្នកជាស្រេចហើយ សូមឲ្យអ្នកក្រោកឡើងមកកាន់ខ្ញុំ ដើម្បីឲ្យខ្ញុំបានក្រេបនូវដំរេក ដែលខ្ញុំអាក់អានជាយូរណាស់មកហើយ ។
ស្តេចត្រាប់សំឡេងក្លឹងខ្មៅឆ្លើយមកកាន់ទៀតថា
” ការដែលឯងទើបនឹងធ្វើហើយនោះ នៅមិនទាន់ធួនឲ្យអញជាស្រឡះទេ គឺឯងគ្រាន់តែបានសម្រាលនូវសេចក្តីឈឺចាប់អញតែ១ភាគប៉ុណ្ណោះ ឥឡូវគួរតែឯងរំលើងឲ្យអស់ឬសចេញ នាងសួរទៅវិញ ”
អ្នកថាឲ្យខ្ញុំរំលើងឬសនោះតើ ឲ្យខ្ញុំធ្វើដូចម្តេចទៀត ”
ស្តេចតបៈ
“ឱនារីកម្មក្រាស! មិនទាន់យល់ទេឬ គឺអញចង់និយាយពីនគរនឹងអាណាប្រជានុរាស្រ្តព្រមទាំងកោះ៤ ដែលឯងបានបំផ្លាញដោយវេទមន្តនោះ, រាល់តែថ្ងៃនៅវេលាពាក់កណ្តាលអាធ្រាត្រ ត្រីទាំងលាយដែលនៅក្នុងត្រពាំងងើបក្បាលឡើងផុតពីទឹកបន្លឺនូវសម្រែកព្រមៗគ្នាថា សងសឹកៗ ចំពោះខ្លួនអញនឹងខ្លួនឯង នេះហើយជាឫសកែវយ៉ាងធំ ដែលជំទាស់មិនឲ្យអញបានសះស្បើយដោយរួសរាន់ត្រូវឯងទៅធ្វើរបស់ទាំងនេះ ឲ្យមានកំណើតភាពសណ្ឋានដូចដើមវិញ សឹមត្រឡប់មកកាន់ទីនេះ អញនឹងហុចដៃឲ្យឯង ដើម្បីជួយលើកអញឲ្យក្រោកអង្គុយឡើង” ។
ស្រីកំណាចបានឮពាក្យដូច្នេះហើយ កើតមានសេចក្តី សប្បាយរីករាយក្នុងដួងហឫទ័យឥតគណនាទើបពោលឡើងថាៈ
“នែព្រលឹងប្អូន បើច្នោះអ្នកនឹងបានសេចក្តីសុខស្រួលក្នុងគ្រាឥឡូវនេះមិនខាន ខ្ញុំនឹងទៅធ្វើតាមបង្គាប់អ្នកដោយរួសរាន់”
ថាភ្លាមក៏ដើរចេញពីប្រាសាទ ឆ្ពោះទៅកាន់ត្រពាងនោះឯង ដល់ហើយលូកក្បង់ទឹកឡើង សូត្រសេពវេទមន្តផ្លុំទឹកនោះបាចទៅក្នុងត្រពាំងវិញ សូត្រស្ទើរតែមិនទាន់ផុត ទីក្រុងធំក៏កើតឡើងដូចដើមឰដ៏កាលនោះ ។ ត្រីទាំង៤ ពណ៌ក៏ក្លាយទៅជាមនុស្សប្រុសស្រីក្មេងចាស់ទាំងអស់ ពួកកត្តូលិក ក៏ទៅជាកត្តូលិក, ពួកពែរ្ស័ ក៏ទៅជាពែរ្យ៍, ពួកហេប្រើ ក៏ទៅជាហេប្រើ, នរណាកាលពីដើមជាមនុស្សអ្នកជា ក៏ទៅជាអ្នកជាវិញ ដែលធ្លាប់ជាបាវព្រាវគេ ក៏ទៅជាបាវព្រាវតាមថ្នាក់នឹងភាវធម្មតារបស់ខ្លួនពីដើមរៀងមកឥតមានប្រែប្រួលអ្វី មានផ្ទះសម្បែង, ហាងលក់ទំនិញមានមនុស្សនៅពេញ ទំនិញចុកហាង មានផ្លូវខ្វាត់ខ្វែងពាលពេញក្នុងនគរដូចគ្រាមុន ។
ឯពួកពលមហាក្សត្រដែលបោះបារាសសំចតក្នុងទីវាល ក៏កើតសេចក្តីភ្ញាក់ផ្អើលជាខ្លាំង កាលដែលបានឃើញទិវាលក្លាយទៅជាទីក្រុងធំ១ រំពេចដូច្នោះ ។
រីនាងកាឡកិណី លុះបានធ្វើស្រេចហើយ ក៏ត្រឡប់ទៅកាន់ប្រាសាទទឹកភ្នែកវិញ ដើម្បីត្រេកត្រអាលនឹងសាហាយខ្លួនទៅដល់ហើយនិយាយថា
“នែអ្នកប្រុសសំឡាញ់ម្ចាស់ប្អូន ប្អូនបានធ្វើជាស្រេចតាមបង្គាប់អ្នកហើយ ឥឡូវនេះប្អូនចូលមកសប្បាយជាមួយនឹងអ្នក ព្រោះអ្នកបានសះស្បើយសព្វសារពាង្គកាយ គ្មានឈឺចាប់អ្វីទៀតទេ សូមអ្នកប្រុសងើបក្រោកឡើង ចាកគ្រែទែន ហើយហុចដៃមកប្អូន ” សេចក្តីឆ្លើយឡើង
” ចូរអូនខិតឲ្យជិតមកបង”
នាងក៏ខិតចូលទៅ ស្តេចប្រាប់ទៀតថា៖
” នៅមិនទាន់ល្មមទេ, ខិតចូលមកបន្តិចទៀត” នាងក៏ខិតចូលជិតទៅ ។ វេលានោះស្តេចចាប់បានដៃហើយទ្រង់ស្ទុះក្រោកឡើងភ្លាម មិនឲ្យនាងមើលមុខច្បាស់ទាន់ ហើយទ្រង់ចាប់ដាវចំកណ្តាលក្បាលរយះចេញជា ២ ផ្នែកទៅខាងក្រោមដល់នូវមរណភាពក្នុងទីនោះ ១ រំពេច ស្រេចហើយទ្រង់បោះបង់ខ្មោចនៅកន្លែងដែលស្លាប់ ទើបយាងចេញទៅរកស្តេចក្មេងដែលនៅរង់ចាំនៅទីដទៃ ដល់ហើយទ្រង់ស្ទុះទៅឱបហើយមានបន្ទូលថា
“ចូរស្តេចត្រអាលសប្បាយទៅ កុំមានបារម្ភអ្វីទៀតសត្រូវរបស់ស្តេចរលាយអស់ហើយ” ។
គ្រានោះស្តេចជំទង់ ថ្លែងសេចក្តីអំណរគុណដល់មហាក្សត្រធិរាជ ដោយមធុរវាចាផ្សេងៗ នឹងគណនាត្រារាប់ពុំបាន ។
ស្តេចក៏ថ្វាយសព្ទសាធុការពរទៅវិញ ឲ្យប្រកបដោយសេចក្តីចម្រើនគ្រប់ប្រការជានិចរន្តតទៅ រួចមានព្រះបន្ទូលតបទៅថា៖
” សូមឲ្យស្តេចគង់នៅជាសុខក្នុងនគរនេះចុះ ឬមួយប់ចង់ទៅក្រសាលឯនគរខ្ញុំដែលនៅជិតទីនេះ ក៏បានឥតមានទាស់អ្វី ខ្ញុំនឹងផ្គត់ផ្គង់ឲ្យបានសេចក្តីសុខសម្រាន ដូចជាគង់ក្នុងនគរនេះដែរ”
ស្តេចជំទង់ទូលតបទៅវិញថាៈ
” បពិត្រមហាក្សត្រដ៏ប្រកបដោយបុញ្ញរិទ្ធិ ដែលមានព្រះគុណលើខ្លួនខ្ញុំជាអនេក, តើព្រះអង្គទ្រង់ស្មានថាទីនេះ នៅជិតនគរព្រះអង្គឬអ្វី ?”
ស្តេចឆ្លើយ
” ខ្ញុំស្មានថា នៅជិតទីនេះមែន ព្រោះកាលដែលខ្ញុំមកចំងាយផ្លូវមិនលើសពី ៤-៥ ម៉ោង”
ស្តេចជំទង់ទូលថា ៖
«មិនមែនដូច្នោះទេព្រះអង្គ, ចំងាយផ្លូវពីទីនេះទៅនគរព្រះអង្គ បើកំណត់ដោយឆ្នាំ ១ ឆ្នាំគត់ទើបដល់ ព្រះអង្គមានព្រះបន្ទូលថាជិតនោះក៏ពិតមែនហើយ តែថាកាលដែលទ្រង់យាងមកនោះ នគរទូលបង្គំនៅក្នុងរវាងអំពីវេទមន្ត ផែនដីក៏រួញទៅ តែឥឡូវនេះ ដោយបានរដោះចេញពីអំណាចមន្តហើយ ដីដែលរួញក៏យឺតយារទៅតាមភាពសណ្ឋានដើមវិញ ប៉ុន្តែបើទោះណាជាឆ្ងាយដល់ផុតផែនដីក្តី ក៏ទូលបង្គំគួរតាមហែព្រះអង្គទៅជាដរាប ។ ព្រះអង្គគុណូបការដ៏ធ្ងន់លើទូលបង្គំ ត្រូវទូលបង្គំចាករាជសម្បត្តិតាមហែព្រះអង្គទៅ ដើម្បីឲ្យឃើញជាបន្ទាល់ដាក់ស្តែងនៃសេចក្តីតាមហែព្រះអង្គទៅ ដើម្បីឲ្យឃើញជាបន្ទាល់ដាក់ស្តែងនៃសេចក្តីតបព្រះតេជ-គុណរបស់ទូលបង្គន់ជាខ្ញុំ ” ។
គ្រានោះស្តេចលោភ្ញាក់យល់ន័យពិតឡើងជ្រាបសេចក្តីថា ព្រះរាជធានីរបស់ព្រះអង្គនៅឆ្ងាយពីនគរស្តេចជំទង់ពេកណាស់ ។
ស្តេចមានព្រះបន្ទូលថា៖
” សេចក្តីនឿយព្រួយដោយផ្លូវឆ្ងាយ ក្នុងការដែលវិលត្រឡប់ទៅកាន់នគរវិញនោះមិនជាអ្វីទេ ព្រោះថាខ្ញុំបានបំពេញកិច្ចដ៏ឧត្តមរួចហើយ គឺខ្ញុំបានដោះទុក្ខស្តេចឲ្យរួចពីកម្មលំបាកនេះឯង កុសលនេះនាំឲ្យខ្ញុំបានខ្លួនស្តេចធ្វើជាកូន ព្រោះបានប្តេជ្ញាថានឹងជូនខ្ញុំទៅនគរវិញ រីខ្លួនខ្ញុំនេះគ្មានកូនមួយសោះបើដូច្នេះខ្ញុំយកស្តេចធ្វើជាកូន ហើយខ្ញុំនឹងបង្វែរាជសម្បត្តិឲ្យទាំងអស់” ។
លុះប្រាស្រ័យដោយសេចក្តីមេត្រីហើយ ស្តេចទាំង២អង្គក៏ប្រកៀកប្រឱបគ្នាយ៉ាងស្និទ ហាក់បីដូចជាបិតានឹងបុត្របង្កើតដូច្នោះ រួចស្តេចជំឬង់ក៏ចាត់ការរៀបព្រះរាជដំណើរដោយរួសរាន់ ។ ការចាត់ចែងនេះកំណត់ ៣ សប្តាហ៍ គឺ ៣ អាទិត្យ ទើបហើយស្រេច ។ អស់មុខមន្រ្តីសេនាបតីរាល់គ្នាដែលទទួលនៅថែរក្សាព្រះនគរ ក៏អាលោះអាល័យពន់ប្រមាណ ។
ស្រេចហើយទើបក្សត្រទាំង ២ អង្គយាងចេញចាករាជបុរីទៅ មានសត្វអូដ្ឋ ១០០ ផ្ទុកនូវវត្ថុផ្សេងៗ ដ៏មានតំលៃ ដែលរើចេញពីព្រះឃ្លាំងមក ហើយមានពួកសេនាសេះ៥០ នាក់ ហែហមព្រះអង្គតាមមាគាទៅ ព្រះរាជដំណើរនេះ ប្រកបដោយសេចក្តីសុខស្រួល ឥតមានមោះមន្ទិលអ្វីដល់តិចឡើយ ។ លុះយាងហៀបដល់ព្រះនគរ ទ្រង់ចាត់រាជទូតឲ្យនាំរាជសារទៅឲ្យ ដំណឹងដល់សេវកាមាត្យ ដែលនៅចាំរក្សាព្រះរាជវាំង ព្រមទាំងសារសព្ទប្រាប់ហេតុភេទផ្សេងៗ ដែលនាំឲ្យយឺតយូរដំណើរនេះផង ។
សេនាបតីទាំងឡាយដែលនៅរក្សាព្រះរាជនិវេស លុះបានដំណឹងដូច្នេះហើយ ក៏រួសរាន់ចេញទៅទទួលស្តេចដល់ទីដែលទ្រង់ប្រថាប់សំចតនៅ បានយកសេចក្តីក្រាបទូលអំពីការសុខសប្បាយក្នុងព្រះរាជធានី ឥតមានហេតុភេទអ្វីបណ្តាលឲ្យចលាចល់ឡើយ ។ រីបណ្តារាស្រ្តក៏លើកគ្នាជាពួកជាកងចេញទៅថ្វាយបង្គំគាល់ទាំងពីរព្រះអង្គដោយសេចក្តីរលឹក ហើយម្នីម្នារៀបចាត់ចែងធ្វើបុណ្យទទួលអំណរនៅទីនោះ ជាច្រើថ្ងៃ ។
ក្រោយដែលទ្រង់យាងចូលក្នុងព្រះរាជវាំង ១ ថ្ងៃទ្រង់បានប្រកាសដល់សេនាបតីនឹងអាមិនសព្វមុខមន្រ្តីដែលគាល់ត្រៀបត្រាក្នុងទីនោះ ពីហេតុផ្សេងៗដែលនាំឲ្យយឺតយូរមិនបានយាងត្រឡប់មកវិញដោយរួសរាន់ ហើយនាំឲ្យបានបោះបង់រាជសម្បត្តិ តាមហែទ្រង់មក ដើម្បីនៅគង់ជាមួយក្នុងរាជបុរីនេះ ។ ស្រេចហើយទើបទ្រង់ព្រះរាជទានរង្វាន់ដល់សព្វមុខមន្រ្តីទាំងអស់ដែលបានថែរក្សានគរ ដោយសុចរិតស្លូតត្រង់ ឥតមានគិតក្បថប្រទុស្តរាយដល់ផែនដី ព្រមតាំងឲ្យឡើងយសសក្តិតែរៀងខ្លួន គ្រប់ក្រុំ គ្រប់ដំណែង មុខក្រសួងទាំងអស់ក្នុងគ្រានោះ ។
ឯចំណែកតាចាស់នេសាទ ដោយគាត់ជាដើមហេតុនៃការ ដែលនាំឲ្យបានរំដោះទុក្ខស្តេចជំទង់ ស្តេចព្រះរាជទាននូវរង្វាន់ជាអនេកឥតគណនា ហើយចិញ្ចឹមរក្សាឲ្យបានសេចក្តីសុខ មួយអន្លើដោយគ្រួសារដរាបដល់អស់ជីវិតតែរៀងខ្លួន ៕