រឿង​ មហាមាត្យត្រូវទណ្ឌកម្ម(១០០១យប់​វគ្គ៩)

ពេលនោះ​មន្តី្របានទូលស្តេចក្រិកបន្តថា កាលពីព្រេងនាយ​មាន​​រាជា​១ អង្គ​សោយរាជ្យ​មហាសម្បត្តិ​ជាមួយ​អគ្គមហេសិ ដែលមាន​រាជ​បុត្រា ១ ដែល​សព្វ​ព្រះ​ហឫទ័យ​ខាង​ប្រពាត​ព្រៃ​ បរបាញ់​សត្វ​ ។

រាល់លើកតែងបាន​​មហា​មាត្យម្នាក​ឲ្យ​ទៅតាម​​​មើល​ការ​ខុស​ត្រូវសុវត្ថិភាពមិនដែលខកខានឡើយ​។

សម័យមួយ​ថ្ងៃ​នោះ រាជកុមារ​​បានប្រទះនឹង​​​សត្វ​ប្រើស មួយក៏កើតចិត្តមាប្រដេ្ទៅ​លឿន​ស្លៅ​។

 ដោយ​ស្មាន​ថា ​មហា​មាត្យដដែលបានតាម​​​ប្រកិតដឹងអីដល់ទីស្ងាត់រហោមួយ​ ទើប​ឈប់​ងាកក្រោយព្រោះសង្ស័យមិនឮស្នូរជើងសេះ ពិតជា​​រក​មើល​មហា​មាត្យជាសេនា​ការពារ​មិន​ឃើញទៀតឡើយ។

ដោយកើត​ចិត្ត​ភ័យបារម្ភ ទ្រង់ ក៏​ចង់​ត្រឡប់​មក​ក្រោយ​វិញ ប៉ុន្តែ​វង្វេង​តែម្តង។ ព្រោះរក​ផ្លូវ​មិន​ឃើញរាជកុមារក៏​រលះរលាំង​ ចេះ​តែ​បរ​អាជានេយ្យ​ពាស​ពេញ​ព្រឹក្សា​មិនស្គាល់​គោលដៅ ​ទៅ​ទិស​តំបន់​ណា​ឡើយ។

 បោលបានបន្តិច លេច​ស្ត្រីវ័យក្មេង​ស្រស់ប្រផូ រូប​រាង​ល្អ​ប្រពៃ​គួរ​គប្បីចាប់ចិត្ត​ស្នេហាឈរតែឯងឯកា ទឹកនេត្រា​និងសំណោកយំ​ខ្សឹក​ខ្សួល​នៅ​ក្បែរ​ផ្លូវលំ។

 ព្រះ​រាជ​កុមារ​ក៏​ទាញ​បង្ហៀរ​សេះ​ឈប់ ដណ្ដឹង​ទៅ​ស្រ្តី​នោះ​ថា៖

«អ្នក​ជា​កូន​ចៅ​អ្នក​ណា ហេតុ​អ្វី​ក៏​មក​នៅ​ឯ​កា​ក្នុង​កណ្ដាល​អរញ្ញ?»

 រួច​សួរ​នាង​នោះបន្តថា៖

«តើ​ចង់​ឲ្យ​យើងជួយ​សង្រ្គោះ​ដែរ​ឬ​ទេ»

 ឯ​ស្ត្រី​ក្រមុំជំទង់ឆ្លើយតបវិញស្រទន់ថា៖

«​ម្នាល់ម្ចាស់បងអើយ! ខ្លួន​ខ្ញុំនេះហើយ ​ជារាជ​​បុត្រី​ស្ដេច ១ អង្គ​ក្នុង​ឥណ្ឌាប្រទេស! ហេតុ​ដែល​ខ្ញុំ​មក​នៅ​តែ​ម្នាក់​ឯង​ក្នុង​ព្រៃ​នេះ ព្រោះ​មាន​កាល ១ ថ្ងៃ ខ្ញុំ​ជិះ​សេះ​លេង ខ្ញុំ​ងងុយ​ងោគលើ​ខ្នង​សេះ​ហើយ​ក៏​ធ្លាក់​ចុះ ឯ​សេះ​នោះ​រួច​បាត់​ទៅ មិន​ដឹង​ជា​រត់​ទៅ​ទិស​ណា ទ្រង់!»

​ ព្រះ​រាជ​កុមារ​មាន​សេចក្ដី​អាណិត​នាង​នោះ​ឥត​ឧបមា ទើប​ប្រាប់​ទៅ​នាង​ថា​ឲ្យ​ឡើង​ជិះ​សេះ​ជា​មួយ​ទៅ​ហើយ​ដាក់​ឲ្យ​អង្គុយ​ពី​ខាង​មុខ នាង​ក៏​ព្រម​ទទួល ។

            លុះ​បរ​សេះ​ទៅ​ដល់​ក្បែរ​ខ្ទម ១ នាង​អង្វរ​សុំ​ចុះ​ទៅ ​ព្រោះ​មាន​កិច្ច​បន្តិច។ ព្រះ​រាជ​កុមារ​ព្រម​បញ្ឈប់​សេះ​ឲ្យ​នាង​នោះ​ចុះ​ ហើយ​ទ្រង់​ក៏​ចុះ​ទៅតាម​​ក្រោយ​ដែរដើម្បីការពារនាង​ព្រោះខ្លាចនាង​ជាប់បន្ទោរបង់ឬធ្វើកិច្ច​​ការអាថ៌កំបាំងនៃស្ត្រី។

ពេលកំពុង​ ដឹក​ទាំង​សេះ​ដើរ​ចូល​ទៅ​ប្រប​ខ្ទម​នោះ​ផង ​ព្រះ​រាជ​កុមារ ​ឮ​នារីខ្ចាត់ព្រាត់​នោះ​និយាយ​លាន់​ក្នុង​ខ្ទម​មក​ថា៖

« នែ​កូន​ចៅ​អើយ ចូរ​ឯង​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​ចុះត្បិត​អញ​នាំ​បាន​មកនូវ​មនុស្ស​ម្នាក់​ធាត់​ហើយ​យ៉ាង​ស្អាត​មក​ឲ្យជាចំណី ហើយ​!»

ខនៈទ្រង់ក់តពិផាល់​ក៏ឮមាន​សំឡេង​ជា​ច្រើន​ឆ្លើយ​ឡើង​តបថា៖

« ឱ អ្នក​ម្ដាយ មនុស្ស​នោះ​នៅ​ឯ​ណា​យើង​ទាំង​អស់​គ្នាឃ្លានសឹងដាច់ពោះណាស់ទៅហើយ! ​នឹង​ស៊ី​ឥឡូវ​ឲ្យ​បាន​ចមអែត​​គ្រា​នេះតែ​ម្ដង !»

        ព្រះ​រាជ​កុមារ​បាន​ឮ​ដូច្នេះ​ហើយ ក៏​គិត​ឃើញ​ថា​ សេចក្ដី​អន្តរាយ​នឹង​មក​ដល់អាយុសង្ខា​ព្រះ​អង្គ​មិន​ខាន ព្រោះតែពេលនេះ​ទើប​ទ្រង់​ជ្រាបនឹកឃើញ​ដល់តំណាលលើកឡើងជាច្រើន​កន្លងមក​ថា ​មាន​អម្បូរ​ យក្ខិណី​ប្រពន្ធ​យក្ខ​ព្រៃ​ក្នុងវាល​នេះ​តែង​ដើរ​ប្រើ ​កលមារយា កាឡាបាន​១០០ យ៉ាង ដើម្បី​នឹង​បំផ្លាញ​អ្នក​ដំណើរផងណា​ មានតែេងទន់ខ្សោយ​​ច្រលំរសាត​ទៅ​បៀតដល់​ទីថានពួកគេ។

​ដោយ ព្រះ​រាជ​កុមារ​ភិត​ភ័យ​មហិមា ក៏​ប្រវារ​ឡើង​ពាជី​ជា​ប្រញាប់បម្រុងដាក់មេផាយ។

លុះចេញមកដល់ឃើញ​ទ្រង់នៅលើសេះ យក្ខក្លែងមុខ ​ ក៏​មាន​វាចាសួរធ្វើពើ​ថា៖

 «អ្នក​ឯងខ្លាច ​អ្វី?!»

 ​ព្រះ​រាជ​កុមារមិនព្រម​​បន្លឺ​នូវ​វាចាអ្វីនឹងនាង​​យក្ខិណី​ឡើយ​ក៏​ចូល​ ផាយ​សេះ​រត់​ចេញ​ជា​ប្រញាប់តាំងស្មារតី បន់ព្រះ​​ រហូត​សំណាង​ល្អ​រហូត​ ​រក​បាន​ផ្លូវ​រាជ ​នគរ​វិញ។

មកដល់កាលណា​ក៏ ចូល​ទូល​ព្រះ​វររាជបិតា ថ្លែង​ពី​ឧប្បតិ្ត​ហេតុ​ដែល​បណ្ដាល​មក​ពី​សេចក្ដី​ធ្វេស​នៃ​មហាមាត្យ ។

គ្រា​នោះ​មហាក្សត្រ​ទ្រង់​ព្រះ​ពិរោធ​នឹង​មហា​មាត្យ ក៏​ត្រាស់​បង្គាប់​ឲ្យ​យក​ទៅ​ប្រហារ​ជីវិត​បង់​ទៅ ។

            និយាយ​ដល់​មក​ត្រង់​កន្លែង​នេះ អគ្គមហា​សេនា​ស្ដេច​ក្រិក​ទូល​ទៅ​ស្ដេច​ថា បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់ ឥឡូវ​នេះ​ទូល​ព្រះ​បង្គំ​ត្រឡប់​មក​ប្រារព្ធ​ទូល​អំពី​រឿង​ពេទ្យ​ឌូប័ន​វិញ ឯ​ពេទ្យ​នេះ ​ប្រើ​ព្រះ​អង្គ​មិន​ទ្រង់​ប្រយ័ត្ន​បន្ត​ទុក​ព្រះ​ហឫទ័យ​លើ​ទៀត ​ពេទ្យនេះអាច​ ​ជាខ្សែរនុក​​បច្ចា​មិត្រ​ដែល​ចាត់​ឲ្យ​ក្លែង​ខ្លួន​បន្លំ​មក ដើម្បី​នឹង​ធ្វើ​សេចក្ដី​អន្តរាយ​ដល់​ជីវិត​ព្រះ​អង្គ។ ទោះជាគេ​នោះបាន​ខំ​​កែ​ព្រះ​រោគ ឲ្យ​សះ​ តែ​ថា​នឹង​ទុក​ចិត្ត​លើ​ថ្នាំ​នោះ​ឯ​ណា​បាន? ​គ្រាន់​តែ​ធ្វើ​ឲ្យ​សះ​តែ​ខាង​ក្រៅ ១ វេលា​សិន​ក៏​ថា​បាន?

 ហើយ​ម្យ៉ាង​វិញ​ទៀត​អ្នក​ឯ​ណា​នឹង​អាច​ដឹង​ច្បាស់​ថា ​ថ្នាំ​នោះ​មិន​បណ្ដាល​ឡើង​ជា​ពិស​ពុល​ទៅ​ថ្ងៃ​ក្រោយ ។

            ឯ​ស្ដេច​ក្រិក​ដែល​មាន​ប្រាជ្ញា​តិច មិន​បាន​យល់​នូវ​សេចក្ដី​ឫស្យា​នៃ​អគ្គ​មហាសេនា ក៏​មាន​ព្រះ​ហឫទ័យ​ទោទន់​តាមការបន្លាចបំភ្លៃហើយ​ដង្ហើម​ធំស្រដីថា ៖

«ឱ អគ្គមហា​សេនា ឯង​ថា​ទាំង​ប៉ុន្មាន​នេះ​ពេញ​ជា​ត្រូវ​ណាស់​!​ ប្រយ័ត្នមុនល្អជាង!»

            ឯ​មហាមាត្យ​ទុច្ចរិត លុះ​ឃើញ​ស្ដេច​កាន់​ភាំង​តាម​ដូច្នេះ​ហើយ ក៏​ទូល​ត​ទៅ​ទៀត​ថា ៖

«បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់​​ឯ​កិច្ច​យ៉ាង​សំខាន់ ដើម្បី​ឲ្យ​ព្រះ​អង្គ​សម្រាន​ជា​សុខ​ត​ទៅ កុំ​ឲ្យ​មាន​បារម្ភ​អ្វី មានតែ​​ចាត់​ឲ្យ​ ​កាត់​ក្បាល​វា​ចេញ ១ រំពេច !»

ស្តេចងប់ជឿព្រោះការភ័យខ្លាច​រឿងយក្ខ ប៉ុនប៉ងយកសង្ខាររាជកុមារ​ ក៏ងក់ក្បាលអនុញ្ញាត្តិឱ្យសម្លាប់បង់។

ឯ​ពេទ្យ​ឌូប័ន លុះឮដំណឹង​កោះហៅចូលវាំង ​មិន​បាន​ដឹង​ជា​ស្ដេច​មាន​ធុរៈ​អ្វី ក៏​រលះ​រលាំង​ស្ទុះ​រត់​ទៅ ​ថ្វាយ​បង្គំ ទើប​ជាឱកាសស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា៖

« ម្នាល​ពេទ្យ​ឌូប័ន ឯង​ដឹង​ឬ​ទេ ​ដែល​អញ​ឲ្យ​ហៅ​មក​នេះមានធុរៈណាមួយ!»

 ពេទ្យ​ទូល​តប​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ទូល​ព្រះ​បង្គំ​គ្មាន​ដឹង​ការ​អ្វី​ទេ រង់​ចាំ​តែ​ព្រះ​ករុណា​ថ្លៃ​វិសេស​មាន​ព្រះ​បន្ទូល​ប្រាប់ ស្ដេច​ឆ្លើយ​ថា អញ​ហៅ​ឯង​មក​ដើម្បី​នឹង​ចៀស​ឲ្យ​ផុត​ពី​គំនិត​ទុរយស​របស់ឯង គឺ​យក​ឯង​ទៅ​ប្រហារ​ជីវិត​ចោល។

យើង​មិន​អាច​នឹង​គណនា​ពី​សេចក្ដី​ឆ្ងល់និងតក់ស្លុត​​របស់​ពេទ្យ​នេះ​ថាមាន​ទំហំ​ដូច​ម្ដេច​ឡើយ នូវ​វេលា​ដែល​បាន​ឮ​ព្រះ​រាជ​ម្រិះ​ថា នឹង​​ប្រហារ​ជីវិត​ខ្លួន​នោះ។

 ពេទ្យ​ឌូប័ន​ក៏​ក្រាប​ទូល​ទៅ​វិញ​ថា ៖

«បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់ ទូល​ព្រះ​បង្គំ​បាន​ប្រព្រឹត្ត​ខុស​អ្វី​នឹង​ព្រះ​អង្គ​ បាន​ជា​ទ្រង​ព្រះ​ពិរោធ​ដល់​ទៅ​បំបាត់​ជីវិត​ទូល ព្រះ​បង្គំ​ជា​ខ្ញុំ​ដូច្នេះ?»

 ស្ដេច​ប្រាប់​ថា អញ​បាន​ដឹង​ប្រាកដ​ថា ​ឯង​នេះ​ជា​បំរើ​របស់​ខ្មាំង ឯង​មក​ក្នុង​នគរនេះ​ក៏ព្រោះតែប្រាថ្នា​មក​សំឡាប់អញ យើងប្រហារ​ឯង​ឲ្យ​ហើយ ល្អជាង!

មាន​ព្រះ​បន្ទូល​តែ​ប៉ុណ្ណេះ ក៏​ត្រាស់​បង្គាប់​ទៅ​ពេជ​ឃាដ​ថា ចូរ​ឯង​យក​ខ្លួន​នាយនេះ​ទៅពិឃាតបង់កុំខាន ។

            លុះ​បាន​ដឹងច្បាស់ថា ​ សេចក្ដី​រាប់​អាន​នឹង​គុណ​បំណាច់​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ​ដល់​ខ្លួន​ត្រូវបានបង់បាត់ព្រោះកំឡៅ​ដែល​ជឿ​តាម​ពាក្យ​ពោល​បង្កាច់ ​ឥច្ឆា​ឈ្នា​និះនៃមន្ត្រីអាក្រក់  ​ពេទ្យ​ឌូប័ន​នឹក​ស្ដាយអនេក​​កាល​ដែល​បានខំ​​មើល​រោគ​ស្ដេច​ឲ្យ​ជា ។ ទោះបីជាយ៉ាងណា​នៅតែខំទូលអង្វរ​សុំការលើកលែងថា៖

 បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់​ ​ចុះ​បើ​ព្រះ​អង្គ​សន្ដោស​ដល់​ទូល​ព្រះ​បង្គំ ព្រះ​ជា​ម្ចាស់​នឹង​ចំរើន​ព្រះ​ជន្ម​ព្រះ​អង្គ​ឲ្យ​វែង​ត​ទៅ​ដែរ សូម​ព្រះ​អង្គ​កុំ​ប្រហារ​ជីវិត​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ក្រែង​ព្រះ​ជា​ម្ចាស់​លោក​ផ្តន្ទា​ព្រះ​អង្គ​វិញ ។

            តា​នេសាទ​និយាយ​មក​ដល់​ត្រង់​នេះ​ក៏​ឈប់ ហើយ​បែ​រទៅ​និយាយ​នឹង​អារក្ខ​ថា ម្នាល​អារក្ខ ឯង​ឃើញ​ឬ​ទេ រឿង​ពេទ្យ​ឌូប័ន​នឹង​ស្ដេច​ក្រិក​នោះ​ដូច​ជា​រឿង​ឯង​នឹង​អញ​អម្បាញ​មិញ​នេះ​ហើយ ។

            តា​នេសាទ​និយាយ​ត​ទៅ​ទៀត​ថា ឯ​ស្ដេច​ក្រិក​ដែល​ពេទ្យ​ឌូប័ន​និយាយ​អង្វរ យក​ព្រះ​នាម​ព្រះ​មក​ជា​ប្រធាន ក៏​មិន​បាន​ព្រម​តាម​សេចក្ដី​អង្វរ​នោះ​ឡើយ ហើយ​ឆ្លើយ​ទៅ​វិញ​ដោយ​ពាក្យ​អសុរស់៖

ត្រូវ​តែ​ ​ប្រហារ​ជីវិត​ឯង​ដោយ​ដាច់​ខាត ព្រោះ

 ពេទ្យ​ក៏​ជោរ​ជល់​នេត្រ​សស្រាក់​ក្នុង​គ្រា​នោះ ហើយ​ពោល​ថ្ងួច​ថ្ងូរ​គួរ​សង្វេគ​អនិច្ចាឡើងថា នេះជាសំណង​អាក្រក់ ចំពោះគុណ​នៃ​ការព្យាបាល​ដ៏​ប្រសើរ​ដែល​ខ្លួន​បាន​ធ្វើ​ថ្វាយ​ស្ដេច ។

ឯ​ពេជឃាដ​ក៏​យក​សំពត់​ចង​រុំបិទ​ភ្នែក ហើយ​ចង​ដៃ​ភ្ជាប់​គ្នា​ព័ទ្ធ​ទៅ​ក្រោយ ចាប់​ហូត​ដាវ​ចេញ​ពី​ស្រោម​ត្រៀមថានឹង​ពិឃាដ​តាម​ព្រះ​រាជ​បំណង​ទៅហោង ។

            ទោះយ៉ាងណា សព្វ​មុខ​មន្ត្រី​ដែល​ជួប​ជុំ​ក្នុង​ទី​នោះ មាន​ចិត្ត​អាណិត​អាសូ​ខ្លោច​ផ្សា​ដល់​ពេទ្យ​ឌូប័ន​ជា​ទី​បំផុត ទើប​សុំ​អង្វរ​ស្ដេច​ឲ្យ​លើក​ទោស​ចេញ ហើយ​បញ្ជាក់​ថា​ពេទ្យ​នេះ​ជា​មនុស្ស​ស្លូត​ត្រង់​មិន​មែន​ជា​មនុស្ស​មាន​ទោស​ក្បត់​អ្វី​ទេ។

            ឯ​ពេទ្យ​ឌូប័នវិញ ដោយទាល់តម្រិះឃើញស្តេចមិនថមថយការចង់យកជីវិត​ខ្លួន ​ខណៈកំពុងអង្គុយ​លុត​ជង្គង់ ភ្នែក​រំជិត​បម្រុង​នឹង​ទទួលសេចក្តី​ស្លាប់​ ក៏​ឆ្លៀតនឹកឃើញ​គំនិតមួយ។

ទីបំផុតពេទ្យបាន​ទូល​អង្វរ​ម្ដង​ទៀត​ថា៖

« បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់ បើ​ព្រះ​អង្គ​ពុំ​ទ្រង់​អនុញ្ញាត​ឲ្យ​ទូល​ព្រះ​បង្គំ​នៅ​រស់​ ​ដាច់​ខាត​ដូច្នេះ​ហើយ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សូម​អង្វរ​ឲ្យ​បាន​នៅ​រស់​តែ ១ ពេល​សិន​ទៅ​រើស​ទី​កន្លែង​ឲ្យ​គេ​ធ្វើ​ ផ្នូរនឹងបាន​ជា​​ទៅ​លា​ផ្ដែ​ផ្ដាំ​ដល់​គ្រួសារ​ឯ​ផ្ទះ​បរិច្ចាគ​ទ្រព្យ​ធ្វើ​ជា​ទាន រួច​ប្រគល់​សៀវភៅ​ក្បួន​ខ្នាត​ទាំង​ប៉ុន្មាន ដល់​មនុស្ស​ណា​ដែល​អាច​នឹង​រៀន​សូត្រ​ត​ទៅ​ទៀត​បានក្នុងចំណោម បណ្ដា​សៀវភៅ​អស់ទាំង​នោះ មាន​សៀវភៅ ១ ពិសេស​ដែល​ទូល​ព្រះ​បង្គំ​ជា​នឹង​​ថ្វាយ​ព្រះ​អង្គព្រោះជា​ក្បួន​ដ៏​វិសេស គួរ​ថ្វាយ​ទុក​ជា​ព្រះ​រាជ​ទ្រព្យ​ត​ទៅ ។

ស្ដេច​ត្រាស​សួរ​ថា សៀវភៅ​នោះ​មាន​សំដែង​ពី​រឿង​អ្វី ក៏​បាន​ជា​ឯង​អួត​ថា​ចំណាន​ពេក​ណាស់ ?

ពេទ្យ​ទូល​តប​ថា ឯ​សៀវភៅ​នេះ​មាន​កត់​ត្រា​ក្បួន​តម្រា​ជា​ច្រើន​យ៉ាង​ល្អ​ប្លែក ៗ ដែល​ត្រកាល​ជាង​គេ​នោះ គឺ​ថា​កាល​ណា​គេ​កាត់​ក្បាល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ទៅ​ហើយ បើ​ព្រះ​អង្គ​បើក​សៀវភៅ​នេះ ទៅ​ដល់​ត្រឹម​សន្លឹក​ទី ៦ ហើយ​ទ្រង់​ទស្សនា​ការ​នូវ​បន្ទាត់​ទី ៣ នៃ​ទំព័រ​ខាង​ឆ្វេង​ព្រះហស្ថ ក្បាល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​អាច​នឹង​ឆ្លើយ​ទូល​បាន​គ្រប់​ពាក្យ​ដែល​ព្រះ​អង្គ​ទ្រង់​សួរ មហា​ក្សត្រ​ដោយ​អំណាច​ចង់​ឃើញ​រឿង​រ៉ាវ​យ៉ាង​ប្លែក​នោះ ក៏​អនុញ្ញាត​ទុក​ឲ្យ​ពេទ្យ​នៅ​រស់​ក្នុង​ថ្ងៃ​នោះ​ឯង ចាំ​សម្លាប់​ដល់​ថ្ងៃ​ស្អែក​វិញ ហើយ​បើក​ឲ្យ​ពេទ្យ​វិល​ទៅ​លំ​នៅ​អាត្មា មាន​ក្រុម​តម្រួត​បណ្ដើរ​ក្នុងចំណង​ដិត​ជាប់​ទៅ​ផង ។

            លុះ​បាន​ទៅ​ដល់​ផ្ទះ តាមការស្នើ ពេទ្យ​ឌូប័ន​ក៏​ចាត់​ចែង​ការ​ងារ​គ្រប់​ជំពូកយ៉ាង​រហ័សរហួន​​ដូច​ដែលបាន​​គិត​ទុកមកតាមផ្លូវ។

 ​ដំណឹង​នៃ​ក្បាល​ចេះ​និយាយ​នេះ ក៏​ផ្សាយ​ទូ​ទៅ​ក្នុង​ព្រះ​នគរ។

 សព្វ​មុខ​មន្ត្រី​ទាំង​ប៉ុន្មាន​បានសស្រាំ​ទៅ​ជួប​ជុំ​នៅ​ទី​ចុង​ព្រះ​រោង​ក្នុង​វេលា​ព្រឹក​ដែល​នឹង​ប្រហារ​​នោះ ដើម្បី​ជា​កសិណ​នៃ​ហេតុ​ដ៏​ប្លែក​មិន​ដែល​ឃើញ​នោះ​ឯង ។

            ក្រោយ​នោះ ពេល​ពេទ្យ​ឌូប័នត្រូវបាន​បណ្តើរ​ចូល​មក​ដរាប​ដល់​ពីមុខ​រាជ​បល្លង្ក គាត់​មាន​កាន់​ទាំង​សៀវភៅ​ធំ ១ នៅ​ដៃ​ផង។

ពេទ្យនេះ​បង្គាប់​ឲ្យ​យក​អាង​ទឹក ១ មក​ដំកល់​ក្នុង​ទី​នោះ ហើយ​យក​ស្រោម​សៀវភៅ​ទៅ​លាត្រដាង​គ្រប​មាត់​អាង ទើប​ថ្វាយ​សៀវភៅ​ទៅ​ស្ដេច ដោយ​វាចា​ថា៖

 បពិត្រ​ក្សត្រ​ថ្លៃ​ប្រសើរ​អើយ សូម​ព្រះ​អង្គ​ទទួល​យក​សៀវភៅ​នេះ កាល​ណា​គេ​កាត់​ក្បាល​ទូល​ព្រះ​បង្គំ​ហើយ សូម​ព្រះ​អង្គ​ត្រាស់​បង្គាប់​ឲ្យ​គេ​លើក​ក្បាល​ដាក់​មក​លើ​ស្រោម​សៀវភៅ​នូវ​មាត់​អាង​នេះ លុះ​លើក​ក្បាល​ដាក់​មក​ស្រេច​ហើយ ឈាម​ក៏​ឈប់​ហូរ​ដែរ រួច​ហើយ​សូម​ឲ្យ​ព្រះ​អង្គ​បើក​សៀវភៅ​នេះ ដណ្ដឹង​ទៅ​ក្បាល​ទូល​ព្រះ​បង្គំ ក៏​ក្បាល​នោះ​អាច​នឹង​ឆ្លើយ​ថ្វាយ​គ្រប់​ប្រការ​បាន តាម​សេចក្ដី​ដែល​ព្រះ​អង្គ​ទ្រង់​សួរ ។

           ពិធីប្រហារ​បានកើតឡើងមិនតំអក់ ព្រោះពាក្យសស្តេចជាពាក្យទិព្វមិនងាយកែប្រែទេ។  ម្ល៉ោះហើយក្បាល​ដែលបានត្រូវ​កាត់​ដាច់​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​អាង​នោះ។

 លុះ​អាមាត្រ​បាន​លើក​ឡើង​ដំកល់​លើ​ស្រោម​សៀវភៅ​ ឈាម​ក៏​បាត់​ហូរ​ភ្លាម ហើយ​បើក​ភ្នែក​ឡើង​ជា​ទី​អស្ចារ្យ​ប្រាកដ​នឹង​ភ្នែកស្រស់នៃ​ស្ដេច​នឹង​មន្ត្រី​ទាំង​អស់។

​ ស្ដេច​ក៏​ចាប់​សៀវភៅ​មក​បើក​តាម​ពាក្យបណ្តា។ លុះ​បើក​ទៅ​ឃើញ​ឯ​សន្លឹក​ដើម​ជាប់​ជិត​ទៅ​នឹង​សន្លឹក​បន្ទាប់​ដើម្បី​នឹង​បើក​ឲ្យ​បាន​ស្រួល​នោះ​ទ្រង់​យក​កម្រាម​ព្រះ​ហស្ថ​ទៅ​ផ្ដិត​នឹង​អណ្ដាត ហើយ​ចេះ​តែ​ធ្វើ​ដូច្នេះ​ដរាប​ដល់​សន្លឹក​ទី ៦ ប៉ុន្តែ​មិន​ឃើញ​មាន​សរសេរ​អក្សរ​អ្វី​ក្នុង​នោះ​សោះ ទើប​មាន​ព្រះ​តម្រិះ​សួរ​ទៅ​ក្បាល​នោះ​ថា នែ ​ពេទ្យ ហេតុ​អ្វី​ក៏​មិន​ឃើញ​មាន​អក្សរ ១ តួ​សោះ ក្បាល​នោះ​ឆ្លើយ​ទៅ​វិញ​ថា សូម​ឲ្យ​ព្រះ​អង្ក​បើក ២-៣ សន្លឹក​ទៀត​ទើប​ដល់ ស្ដេច​ក៏​ចេះ​តែ​បើក​ត ៗ ទៅ យក​ម្រាម​ព្រះ​ហស្ថ​ផ្ដិត​ទឹក​មាត់​ជា​ដរាប លុះ​ដល់​ថ្នាំ​ពុល​ដែល​ជាប់​នៅ​គ្រប់​សន្លឹក​សៀវភៅ​ជ្រួត​ជ្រាប​សព្វ​ទៅ ក៏​បណ្ដាល​ជា​ញាប់​ញ័រ​សព្វ​សារពាង្គកាយ ហើយ​វិល​ក្រឡាប់​ចក្រ​ធ្លាក់​ពី​លើ​បល្លង្ក​ចុះ​ទៅ​ខាង​ក្រោម​ក្នុង​វេលា​នោះ ។

            ឯ​ក្បាលពេទ្យ​ឌូប័ន បាន​ឃើញ​ថ្នាំ​ពុល​ជ្រួត​ជ្រាប​ដូច្នោះ ហើយ​ឃើញ​ថាខ្លួនឯង​​ក៏មានលទ្ធភាព​​នឹង​រស់​នៅ​បាន​តែ​បន្តិច​ទៀត ក៏​ស្រែក​ពោល​ឡើង​ថា៖

« ស្ដេច​ពាល​កំណាច ស្ដេច​ទ្រុស្ដ​សីល នេះ​ហើយ​ផល​ដែល​រំលោភ​ដោយ​អំណាច​ឥត​ពិចារណា​ធ្វើ​បាប​ដល់​មនុស្ស​ឥត​ខុស បើ​មិន​ឆាប់​ក៏​យូរ​គង់​តែ​ព្រះ​ជា​ម្ចាស់​លោក​ធ្វើ​ទណ្ឌ​កម្ម ផ្ចាល​ដល់​សេចក្ដី​អយុត្តិធម៌ នឹង​សេចក្ដី​កាច​សាហាវ​ឃោឃៅ​ឥត​បទ​វិញ» លុះ​ក្បាល​និយាយ​ផុត​ពាក្យ​ប៉ុណ្ណេះ ទៅ​ស្ដេច​ក៏​ផុត​ដង្ហើម​ត្រឹម​នោះ​ឯ​ក្បាល​ក៏​ផុត​ជីវិត​ឰដ៏​គ្រា​នោះ​ដែរ ។

កន្លែង​ត្រង់​នេះ​ នាងឆ្ឆេរ៉ាហ្សាតបាន​ទូល​ទៅ​ស៊ុលតង់ថា​៖

ឱ ព្រះអង្គអើយ គ្រា​ដែល​តា​នេសាទ​បាន​និយាយ​រឿង​ស្ដេច​ក្រិក​នឹង​ពេទ្យ​ឌូប័ន​ចប់​ហើយ បែរ​ទៅ​និយាយ​នឹង​អារក្ខ​ដែល​នៅ​ក្នុង​ខ្លង​ទៀត​ថា ។

            នែ​អារក្ខ ចូរ​ឯង​ស្ដាប់​ប្រសិន​បើ​ស្ដេច​ក្រិក​បាន​ទុក​ជីវិត​ឲ្យ​ពេទ្យ​ឌូប័ន នោះ​ព្រះ​ជា​ម្ចាស់​ក៏​នឹង​ទុក​ជីវិត​ឲ្យ​វិញ​មិន​ខាន ប៉ុន្តែ​ព្រោះ​ស្ដេច​​បានធ្វើរមិលមុន មិន​ព្រម​ទុក​ជីវិត​ឲ្យអ្នកសង្គ្រោះសង្ខារខ្លួន​ ទើប​ព្រះ​ជា​ម្ចាស់​លោក​ធ្វើ​ទណ្ឌ​កម្ម​ដល់​ស្ដេច​នោះ​វិញទាន់ហន់ វិញ​ដូចបានឃើញ​ស្រាប់។ ឯ​ចំណែក​ខាង​ព្រះ​ស្ដែង​ក៏​មាន​ប្រការ​ដូច្នោះ​ដែរ ចូរ​ឯង​ដឹង​ថា បើ​កាល​ដែល​អញ​សុំ​អង្វរ​ឯង ហើយ​ឯង​ព្រម​ស្ដាប់​ពាក្យ​អញ ប្រហែល​ជា​អញ​សន្ដោស​ឯង​វិញ ក្នុង​គ្រា​នេះ​ដែរ ប៉ុន្តែ​ក្នុង​វេលា​នោះ​អញ​សុំ​អង្វរ​ឯង​ដោយ​មធុរ​វាចា​គ្រប់​បែប​យ៉ាង ឲ្យ​ឯង​ទុក​ជីវិត​ឲ្យ ឯង​មិន​ព្រម​ស្ដាប់​សោះ នៅ​រឹង​តែ​ចង់​ប្រហារ​ជីវិត​អញ​បង់ ហើយ​ពេល​នេះ​ត្រូវ​អញ​តាំង​ចិត្ត​ជា​មនុស្ស​ឥត​មេត្តា​វិញ​ដូច​គ្នា អញ​ត្រូវ​ទុក​ឯង​ឲ្យ​នៅ​ក្នុង​ខ្លង​នេះ ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​វិញ​ឲ្យ​ឯង​នៅ​អស់​កប្ប​អស់​កល្ប​ក្នុង​លំ​នៅ​ចង្អៀត​តូច​នេះ កុំ​ឲ្យ​ធ្វើ​អ្វី​កើត​ឡើយ នេះ​ហើយ​ជា​សេចក្ដី​សង​សឹក​ដែល​អញ​គួរណាស់តែធ្វើ។

            គ្រា​នោះ​អារក្ខក៏ស្រែកយំទ្រហោខ្ទរខ្ទារ​ហើយ​​និយាយ​អង្វរវិញថា៖

​ឱតាអើយតា!​ គ្រានេះ​យើងសូម​អង្វរ​ឯង​ម្ដង​ទៀត! កុំ​ឲ្យ​ធ្វើ​អំពើ​សាហាវ​យង់​ឃ្នង​ដូច្នេះ យើងសន្យាជាឧឡាឬកថា បើយើងបានចេញលើកនេះវិញ នឹងនាំឯងទៅរកវិធី​ ​ប្រែ​ជា​ជា​អ្នក​មាន​ធំ​ម្នាក់ ។

            ព្រោះតែ​មាន​​សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​រួច​ពី​ក្រលំបាក​នោះ តា​ចាស់ក៏បង្អង់គិត​រហូត​ត្រូវអារក្សនេះធ្វើឱ្យ​​ទោ​ទន់​ចិត្ត។

គាត់តបថា៖

«អញ​នឹង​ព្រម​តាម​ពាក្យ​ឯង​បាន ប៉ុន្តែ​ត្រូវ​ឯង​ធ្វើ​ដូច​ម្ដេច​ឲ្យ​អញ​បាន​ជឿ​សំដី​ផង! តោង​ឯង​ស្បថ​សច្ចា​យក​នាម​ព្រះ​ជា​ម្ចាស់​មក​ជា​ទី​តាំង នៃ​សំ​ដី​ឯង ​ទើប​អញ​ព្រម​បើក​គ្រប​ខ្លង អញ​ឥត​បារម្ភ​ថា​ឯង​នឹង​អាច​ប្រព្រឹត្ត​កន្លង​លើ​ប្រណិធាន​របស់​ឯង​ឡើយ!»

 អារក្ខ​ព្រម​សច្ចាស្បថស្បែសព្វយ៉ាង ​ក្នុង​គ្រា​នោះរហូត​​តា​ចាស់អស់ចិត្ត​ក្នុងការ​ព្រម​​បើក​គ្រប​ខ្លង​ឡើង ។

ស្រ​បក់​ក្រោយ​ ​ផ្សែងថ្កុលមក ​ ​រូប​អារក្ខ​ធំដំបង​ដូច​ជាពីពេល​​មុន បានចេញមករួចខ្លួនមែន​ថែម​​យក​ជើង​ឈូស​ខ្លង​ស្ពាន់​ទំលាក់​ទៅ​ក្នុង​ទឹក​សមុទ្រ​ទៅ។

 តា​ចាស់​ឃើញ​ដូច្នេះ​ក៏​ភិត​ភ័យ​តក្កមា​ស្រលាំង​កាំង ​ស្រែក​ប្រាប់​ទៅ​អារក្ខ​ថា៖

 នែ​អារក្ខ ឯង​គិត​ដូច​ម្ដេច ឯង​ភ្លេច​សម្បថ​សច្ចា​អម្បាញ់​មិញ​ហើយ​ឬ? អញ​ត្រូវ​រំលឹក​ឯង​ម្ដង​ទៀត​អំពី​រឿង​ ​ពេទ្យ​ឌូប័ននិង​ស្ដេច​ក្រិក!

​ អារក្ខ​បញ្ចេញ​​សំណើចលាន់ខ្ទរ​ ​រួច ​ឆ្លើយតប​វិញ​ថា៖

« យើង​នៅ​ចាំ​សំដី​នៅ​ឡើយ ​ត្រូវ​តាឯង​យក​សំណាញ់​ដើរ​តាម​មកកុំបង្អង់ខាន!»

 ថា​ដូច្នេះ​ក៏​ចេញ​ដើរ​ទៅទុកឱ្យ តា​ចាស់​ស្ពាយ​សំណាញ់​រត់ពី​ក្រោយ​ទៅត្រុកៗ​ ដោយ​ជឿ​ក្នុង​ចិត្ត​ឥត​មាន​ភិត​ភ័យ​សោះ។

 អារក្ស​បានដើរនាំមុខ តា​ទៅកាន់តំបន់​​ក្រុងឆ្ងាយមួយ​ដោយ​​ឡើង​តាម​ភ្នំ ដល់កំពូលទៅបចុះទីជម្រាលប្រឈម​នឹង ​ត្រពាំង​ធំ ១ នៅ​ជា​ចន្លោះ​កំបាំងកណ្តាលជួរភ្នំ ៤ជល់គ្នា​ ។

លុះ​ទៅ​ដល់​មាត់​ត្រពាំងចម្លែកតាហត់ណាស់ តែគាត់ងឿងឆ្ងល់ថា​តើ​អារក្ខស្គាល់ទីនេះតាមវិធីណា​ហើយវាជាអ្វីទៅ?

ភ្លាម​នោះ អារក្សប្រាប់​ទៅ​តា​ចាស់​ថា៖

« ចូរ​ឯង​បង់​ភ្លាមទៅហើយ​ចាប់​ត្រីក្នុងនោះ​មក!»

តា​ចាស់ខកចិត្តណាស់​ព្រោះ​មិនចង់​បាន​ត្រី​ឡើយ ត្រីហិចហែលឃើញ​ដេរ​ដាស​ក្នុង​ទឹក​ត្រពាំង​នោះ ព្រោះមិនដែលមាន​គេរកឃើញ​តំបន់នេះខ្វះអ្វីត្រី?

​ប៉ុន្តែ​មក​មាន​សេចក្តី​ឆ្ងល់​ជា​ទី​បំផុត ត្បិត​ត្រី​នោះ​មាន ៤ ពណ៌​ផ្សេង​ពី​គ្នា គឺ​ពណ៌​សរ, ក្រហម, ខៀវ​នឹង​លឿង, ។

តា​ចាស់​ក៏ស្រែកឡើង៖

«ចម្លែកពេកហើយ!»

ពេលគាត់ទ្រាំមិនបាន​​ចាប់​សំណាញ់​គ្រវែង​ទៅ ហើយ​ទាញ​មក​វិញ បាន​ត្រី ៤ គ្រប់​ពណ៌​ទាំង​អស់។

ដោយ​គាត់​មិន​ដែល​ឃើញអម្បូរ​ត្រីឆ្អាតចម្លែក​​ដូច្នេះ​សោះ គាត់​ក៏​អង្គុយ​សំឡឹង​មើល​ ទាំង ​ក្នុង​ចិត្ត​គិតថា ​មុខ​ជា​នឹង​លក់​បាន ប្រាក់​ច្រើន​មិន​ខាន។

 គិត​ដូច្នេះ​ហើយមាន​អំណរ​ឥត​ឧបមាស្ងាត់ៗម្នាក់ឯង។

 វេលា​នោះ​អារក្ខ​ប្រាប់​ទៅ​ថា ៖

” ចូរ​តា​យក​ត្រី​នេះ​​ទៅ​ថ្វាយ​ស្តេចៗ នឹង​ព្រះ​រាជ​ទាន​ប្រាក់​ឯង​ជា​ច្រើន​មិន​ខាន តែត្រូវចាំ បើជានឹង​​មក​បង់យក​​ក្នុង​ទី​នេះ​ទៀត​ អាចមក​បាន​រាល់​ថ្ងៃ ប៉ុន្តែ​​ហាម​​ថាមិនឱ្យ បង់​១​ថ្ងៃ​លើស១ សំណាញ់​ទេ !លើស​ពី​នេះ​ទៅ​ទៀត​មិន​បាន បើតា​មិនគោរព​​តាម​ពាក្យ​នេះយើង​ នឹង​កើត​ថ្លោះ​ការ​មិន​ខាន ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែនព្រោះជាបណ្តាសារ!»