ក្នុងរជ្ជកាល ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ មានកម្មករលីសែង ម្នាក់ រស់នៅឯក្រុងបាកតែង អង្គុយនៅផ្សាររង់ចាំគេជួលលីសែងទំនិញ។
ព្រឹកមួយពេលមកដល់កន្លែងរង់ចាំជាធម្មតារបស់គាត់ ដោយមានទាំងកន្ត្រកទុកដាក់អីវ៉ាន់នៅចំពោះមុខផង គាត់ឃើញមាន នារីវ័យក្មេង រាងខ្ពស់ម្នាក់ ដែលគ្របមុខដោយស្បៃវែងស្រទន់ បានចូលមករកខ្លួនហើយនិយាយបញ្ជាថា៖
« រើសកន្ត្រករបស់អ្នកហើយតាមខ្ញុំមក” ។
កម្មករលីសែងដែលមានការពេញចិត្តយ៉ាងខ្លាំងចំពោះរូបរាងនិងសំលេងរបស់នាង បានលោតឡើងភ្លាមៗ ដោយដាក់កន្ត្រកដាក់លើក្បាលរបស់គាត់ ហើយអមដំណើរស្ត្រីនោះ ដោយនិយាយទៅកាន់ខ្លួនឯងក្នុងចិត្តថា៖
“អូរីករាយថ្ងៃ! ជួបសំណាង!”
មិនយូរប៉ុន្មាន ស្ត្រីរូបនេះបានឈប់ដំណើរនៅនឹងមុខទ្វារមួយបិទជិត។ ពេលដែលនាងគោះបីដង វាត្រូវបានបើកឡើងមកដោយបុរសចំណាស់ម្នាក់ដែលមានពុកចង្ការវែងពណ៌ស។ទោះជា ស្ត្រីនោះមិនបាននិយាយអ្វីក៏បុរសចំណាស់ហាក់ដូចជា បានយល់ពីអ្វីដែលនាងចង់បាន រួចគេចបាត់ខ្លួនចូលក្នុងផ្ទះ ។ មិនយូរប៉ុន្មានតានោះត្រលប់មកវិញដោយយកស្រាពាងធំមួយ បង្គាប់អ្នកលីសែងឱ្យដាក់ទៅក្នុងកន្ត្រកលើស្មារបស់គាត់។
បន្ទាប់មកស្ត្រីនោះបានបញ្ជាឱ្យកម្មករដើរតាមតទៅមុខទៀត។
កន្លែងបន្ទាប់ដែលនាងឈប់ គឺហាងលក់ផ្លែឈើនិងផ្កា។ ហើយនៅទីនេះនាងបានទិញផ្លែប៉ោម ផ្លែ apricots ផ្លែប៉េស និងរបស់ហូបផ្សេងៗជាច្រើន រួមជាមួយផ្កាពពួកលីលី ផ្កាម្លិះនិងរុក្ខជាតិដែលមានក្លិនក្រអូបគ្រប់ប្រភេទ។ ចេញពីហាងនេះ នាងបានទៅរកអ្នកលក់សាច់ អ្នកលក់គ្រឿងទេសនិងអ្នកលក់គ្រឿងសម្អាងរហូតដល់ទីបំផុតអ្នកលីសែងបានលាន់មាត់ដោយអស់សង្ឃឹមថា៖
«ឱ ស្ត្រីដ៏ល្អរបស់ខ្ញុំអើយបើអ្នកគ្រាន់តែប្រាប់ខ្ញុំថា អ្នកនឹងទិញសំភារៈគ្រប់មុខដើម្បីស្តុកទុកទីក្រុងធំមួយដូច្នេះ ខ្ញុំនឹង បាននាំសេះឬអូដ្ឋមកតាម” ។
ស្ត្រីនោះសើចហើយប្រាប់គាត់ថា នាងមិនទាន់ចប់នៅឡើយទេ ប៉ុន្តែបន្ទាប់ពីជ្រើសរើសក្លិននិងគ្រឿងទេសផ្សេងៗពីហាងលក់ថ្នាំរួច នាងបានឈប់នៅមុខវិមានដ៏អស្ចារ្យមួយ។
នៅមាត់ទ្វារធំ នាងលើម្រាមមកគោះយ៉ាងទន់ភ្លន់។
នារីម្នាក់ទៀត ដែលបានចេញមកបើកទ្វារនេះឡើងពិតជាមានសម្រស់ស្រស់ស្អាតដូចទេព្តា ដែលទាក់ភ្នែករបស់បុរសលីសែងឱ្យស្រឡាំងកាំង។
ខណៈនោះកម្មករលីសែងដ៏ហត់នឿយ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ថែមឡើងដែលដឹងថា នាងមិនមែនជាទាសករតែជាញាតិនៃ ស្ត្រីម្នាក់ដែលបញ្ជាគាត់លីសែងពីផ្សារមកដល់ទីនេះ។
នៅពេលដែលពួកគេទាំងពីរ ឈានទៅខាងក្នុងទ្វារ បុរសនេះបានដើរតាម ចូលទៅក្នុងទីបន្ទប់ទទួលភ្ញៀវដ៏ធំមួយដែលព័ទ្ធជុំវិញដោយវិចិត្រសាលបើកចំហ។ នៅចុងម្ខាង គឺជាវេទិកាមួយហើយនៅលើវេទិកានោះមានបល្ល័ង្ក ចំនួន ៤ ដែលតុបតែងដោយគុជនិងពេជ្រត្បូងវិចិត្រពេកពន់។ នៅចំកណ្តាលតុ មានអាងថ្មកែវដែលពោរពេញទៅដោយទឹកថ្លាដូចអម្រិត បង្ហូរចេញរដឹកពីមាត់ចម្លាក់តោមាស។
អ្នកលីសែងបានភាន់ភាំងដោយកត់សំគាល់និងកោតសរសើរឥតបី លើអ្វីៗទាំងអស់ក្នុងស្ថាននេះ។ ចុងក្រោយកម្មករយកចិត្តទុកដាក់និងទាក់ទាញជាពិសេសដោយស្ត្រីទីបី កំពុងអង្គុយនៅលើបល្ល័ង្កមួយ ។ នាងពិតជាមានសម្រស់ស្អាតជាងពីរនាក់អម្បាញ់មិញទៅទៀត។
ដោយការគោរពដែលនារីមុនៗទាំងទ្វេបានបង្ហាញដល់នាង កម្មករអាចស្មានដឹងថា នាងត្រូវតែជាកូនច្បង នៅក្នុងគ្រួសារនេះ។
មិនយូរប៉ុន្មាន កម្មករដឹងថា ស្ត្រីក្មេងប្រផូម្នាក់នេះ គឺនាង ហ្សូបេដា អ្នកទៅផ្សារទិញទំនិញ គឺសាឌី ហើយអ្នកថែរក្សាផ្ទះដែលចេញបើកទ្វារ គឺអាមីណា។ នាងអាមីណាបានប្រមូលទំនិញយក ពីកម្មករសម្រាលទម្ងន់លើស្មារបស់គាត់។
ហើយនៅពេលដែលខ្លួនទទេលែងធ្ងន់ហត់ បុរសនោះនៅ រង់ចាំរហូតដល់ស្ត្រីបងគេ នាង Zobeida សួរឡើងថា៖
«តើអ្នកកំពុងរង់ចាំ រំពឹងថានឹងមានប្រាក់បន្ថែមទៀតឬអ្វី?!»
គាត់បានតបវិញភ្លាមថា៖
“ អូ លោកជំទាវ ប្អូនអ្នក បានផ្តល់ឱ្យខ្ញុំច្រើនពេកណាស់ទៅហើយ! តែខ្ញុំខ្លាចថា ខ្ញុំប្រហែលជាមានកំហុស ក្នុងការមិនចាកចេញមិនបានលា! ប៉ុន្តែប្រសិនបើអ្នកនឹងលើកលែងទោសឱ្យខ្ញុំ ក្នុងការសួរសំណួរមួយថា វិមាននេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ខ្ញុំបាទណាស់ នៅពេលឃើញនារីដ៏ស្រស់ស្អាត៣រូប បែបនេះរស់នៅដោយខ្លួនឯង គ្មានបុរសណាបង្ហាញខ្លួនឡើយ! ប្រសិនអ្នកព្រមបង្ហាញខ្ញុំអំពីការពិតនេះខ្ញុំសុំខ្លួននៅស្តាប់ហើយព្រមរៀបចំអីវ៉ាន់ទាំងអស់នេះទៅជាពិធីជប់លៀងមួយ ដោយមិនឱ្យអ្នកស្រីទាំងបីហត់អ្វីបន្តិចឡើយ” ។
បន្ទាប់ពីឮហើយ នារីជាងបង ឆ្លើយឡើងដោយអំណរថា៖
«អ្នកអើយ ការធានានេះខ្ញុំ យល់ស្របណាស់! អ្នកគួរតែត្រូវបានអនុញ្ញាតឱ្យស្នាក់នៅស្តាប់រឿងរ៉ាវ មែន នឹងអាចឃើញអំពីការកំសាន្តល្ងាចនេះដែរ តែ សូមស្តាប់យើងឱ្យច្បាស់ថា ត្រូវ អ្នកប្រព្រឹត្ដដោយសុជីវធម៌បំផុតពេលមានវត្តមាន ហើយរក្សាការសម្ងាត់ដែលអ្នកដឹងពីនៃផ្ទះមមួយនេះហាមនិយាយវាបន្តដាច់ខាត។»
បន្ទាប់ពីកម្មករបានស្បថស្បែរួចមក ពួកគេទាំងអស់គ្នាបានអង្គុយចុះរួមគ្នារៀបចំរាល់អ្វីៗដែល បានទិញ។
លុះរួចរាល់កាលណា នាងអាមីណាបានរៀបចាក់ស្រាខ្លះចូលក្នុងពែងមាស។
ដំបូងនាងផឹកខ្លួនឯងតាមទំនៀមទម្លាប់អារ៉ាប់ហើយទើប បំពេញវាឱ្យបងប្អូនស្រីទាំងទ្វេររបស់នាង។ នៅពេលដល់វេនអ្នកលីសែង គាត់បានថើបដៃរបស់អាមីណា ហើយបានច្រៀងចំរៀងមួយបទដែលគាត់បាននិពន្ធ សរសើរ រសជាតិនៃស្រានេះ ។
ស្តាប់កាលណាហើយស្ត្រីទាំងបីបង្ហាញភាពពេញចិត្តនឹងបទចម្រៀងនេះខ្លាំងណាស់ ក៏ឡើងក្រោកច្រៀងបន្តដោយខ្លួនឯងតៀត ដើម្បីឱ្យការកំសាន្តមានភាពរីករាយនិងមានរយៈពេលយូរជាងធម្មតា។
ដោយយល់ឃើញថាព្រះអាទិត្យជិតលិចទៅហើយ នាងទីពីរបាននិយាយទៅកាន់អ្នកលីសែងថា “ ចូរក្រោកឡើងទៅ ចាកចេញឥឡូវនេះ ដល់ពេលដែលយើងត្រូវបែកគ្នាហើយ” ។
“អូលោកជំទាវ” បុរសនោះរកលេសពន្យាពេលទៀតដោយឆ្លើយថា “ម៉េចបានជាអ្នកចង់ឱ្យខ្ញុំឈប់ធ្វើការបម្រើការកម្សាន្តរបស់ពួកអ្នកនៅក្នុងស្ថានភាពផាសុកភាពមិនធ្លាប់នឹងមានដូច្នេះ? សូមឱ្យខ្ញុំនៅទីនេះរហូតដល់ព្រឹក ហើយនៅពេលខ្ញុំបានដឹងខ្លួនឡើងវិញ ខ្ញុំនឹងសម្អាតគ្រប់យ៉ាងមិនឱ្យអ្នកទើសចិត្តបន្តិចណាឡើយ!»
អាមីណា បានងក់ក្បាលហើយនិយាយអារកាត់ថា៖
“ ទុកឱ្យគាត់នៅបន្តចុះ”
ទោះយ៉ាងណា នាងZobeida បានឆ្លើយឡើងថា៖
«បានប៉ុន្តែ ត្រូវតែធ្វើឱ្យមានលក្ខខ័ណ្ឌថ្មី» រួចនាងបន្តដោយងាកទៅរកគាត់ថា៖
“អ្នកនៅដល់ព្រឹកបានដដែល តែអ្នកត្រូវតែសន្យាថា នឹងមិនសួរសំណួរ អ្វីទាំងអស់ មិនថា អ្នកអាចនឹងឃើញរឿងចម្លែកបែបណានោះ “
សារជាថ្មីអ្នកលីសែងបានស្បថស្បែ។
អាមីណាបាននាំយកអាហារពេលល្ងាចចេញមក ហើយបំភ្លឺបន្ទប់ដោយមានទៀនក្រមួនចិញ្ចាចគ្រប់ផ្ទៃនិងប្រេងក្រអូបជាច្រើន។
បន្ទាប់មកពួកគេបានអង្គុយតំកង់ម្តងទៀតនៅជុំវិញតុ ហើយចាប់ផ្តើមសប្បាយនឹងស្រាព្រមទាំងចំណង់អាហារថ្មីៗរួមជាមួយការ ច្រៀងនិងសូត្រគម្ពីរ។ ខណៈទាំងអស់គ្នាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ពួកគេស្រាប់តែបានឮសំឡេងគោះទ្វារខាងក្រៅ។
នាងសាឌីងើបទៅបើកទ្វារ ។
មិនយូរប៉ុន្មាន នាងបានត្រលប់មកវិញដោយនិយាយថា មានបុរសបួសរៀនបីនាក់ ខ្វាក់ភ្នែកខាងស្តាំទាំងអស់គ្នា មកសុំអង្វរឱ្យចូលស្នាក់បានមួយយប់ព្រោះពួកគេទើបតែមកដល់បាកដាដ ហើយមេឃរងាព្រឹលធ្លាក់ចុះរពុយហើយ។
នាងZobeida និង Amina ធ្វើអកប្បកិរិយាលំបាកក្នុងការសម្រេចចិត្តនឹងទទួលយកការសុំស្នាក់នេះចំណែកនាងSadieដែល ដឹងពីមូលហេតុនៃការស្ទាក់ស្ទើររបស់បងប្អូនខ្លួនដែរនោះ ប៉ុន្តែនាងបានជម្រុញ ឱ្យយល់ព្រមដោយ និយាយថា៖
“ សូមនាំពួកគេចូលមក ប៉ុន្តែឱ្យពួកគេស្បថថា មិនត្រូវកត់សម្គាល់អំពីអ្វីណា ដែលមិនទាក់ទងនឹងខ្លួន និង ប្រាកដថាឱ្យពួកគេអានសិលាចារឹកនៅមាត់ទ្វារ” ។
អ្នកលីសែងចងចាំភ្លាមឡើងវិញថា ដ្បិតនៅលើមាត់ទ្វារវិមាននេះមានសរសេរអក្សរមាសថា“ អ្នកណាដែលជ្រៀតជ្រែកកិច្ចការផ្ទះនេះ នឹងចង់ដឹងឮការពិតដែលមិនមែនរឿងនឹងស្តាយក្រោយ” ។
មិនយូរប៉ុន្មានបុរសកោសសក់ និងចិញ្ចើមទាំងបី ក្នុងប្រដាប់ជាអ្នកបួស ត្រូវបាននាំមកដល់។ ពួកគេ ទាំងបីបានឱនក្បាលចុះ ហើយសូមអរគុណដល់ស្ត្រីនានា ជាម្ចាស់គេហដ្ឋានចំពោះសេចក្តីសប្បុរសនិងភាពរាក់ទាក់ឱ្យ ពួកគេបានស្នាក់។
ស្ត្រីទាំងនោះ បានឆ្លើយតបដោយពាក្យស្វាគមន៍ ហើយអនុញ្ញាត្តិឱ្យពួកគេទាំងអស់អង្គុយចុះលាងសាយភោជន៍។
នៅពេលដែលភ្នែករបស់អ្នកបួស បានមើលមកវាក់នឹងកម្មករលីសែង ដែលស្លៀកខោអាវវែង សភាពរបស់គាត់ មិនស្អាតប្រណីតដូចអ្នកផងឡើយច្នោះហើយ ម្នាក់ក្នុងចំនោមអ្នកបួសពិការភ្នែកបាននិយាយឡើងថា៖
“ នេះគឺជាបងប្រុសអារ៉ាប់របស់យើងម្នាក់ ដែលបានស្លៀកពាក់ខុសគេតែឯង!»
កម្មករនេះ ទោះបីដេកលក់ពាក់កណ្តាលព្រោះឥទ្ធិពលពីស្រាស្រវឹងក៏ដោយពេលឮពាក្យនេះហើយ បានងើបឡើង នឹងស្រែកដោយកំហឹងទៅម្ចាស់សម្តីជាអ្នកបួសពិការភ្នែកថា៖
“គិតពីរឿងខ្លួនឯងទៅ តើអ្នកមិនបានអានសិលាចារឹកនៅមាត់ទ្វារទេឬ?” ។
អ្នកបួសម្នាក់ទៀតបានឆ្លៀតតបឆ្លើយថា៖
“ កុំខឹងអី មនុស្សល្អរបស់ខ្ញុំ! យើងខ្ញុំគួរតែសុំទោសដែលនិយាយមិនពេញចិត្តអ្នក”
ដូច្នេះការឈ្លោះប្រកែកគ្នាបានបញ្ចប់ ហើយអាហារពេលល្ងាចបានចាប់ផ្តើមឡើងយ៉ាងល្អ។ នៅពេលដែលអ្នកបួសទាំងបី បានបំពេញចប់នូវការស្រេកឃ្លានអាហាររបស់ពួកគេ ពួកគេបានស្នើសុំលេងតន្ត្រីតបស្នងគុណ ដល់ម្ចាស់ផ្ទះប្រសិនបើមានឧបករណ៍អ្វីនៅក្នុងផ្ទះ។ ស្ត្រីមានសេចក្តីរីករាយចំពោះគំនិតនេះ ហើយសាឌីបានទៅមើលថាអ្វីទៅដែលនាងអាចរកមកបាន។
ទីបំផុតនាងបានវិលត្រលប់មកវិញដោយមានខ្លុយពីរនិងពិណមួយ។
អ្នកបួសនីមួយៗបានចាប់យកឧបករណ៍ភ្លេងមួយដែលគាត់ចូលចិត្ត ហើយចាប់ផ្តើមប្រគំ តំណាលគ្នាតែម្តង។ ស្ត្រីចាប់ផ្តើមបណ្តាក់គ្នាច្រៀងឡើង។
បរិយាកាសទាំងមូលនៅពេលនេះ គួរឱ្យមនោរម្យ និងរស់រវើកបំផុត។ រាល់ពេលដែលអ្នកចំរៀង ឈប់ បន្ទរដោយ សំណើចរីករាយឥតឧបមាក្នុងវង់ទាំងមូល។ប៉ុន្តែ សំលេងរំខានមួយបានលាន់ឡើងពី មាត់ទ្វារ។
នោះគឺព្រះរាជវត្តមាន នៃរាជាព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដដែលនិយមចាកចេញពីព្រះបរមរាជវាំង ជាសម្ងាត់និងអមដំណើរ ដោយព្រាហ្ម ឈ្មោះ ជីយ៉ាហ្វា និងមន្ត្រីដាវ ម្នាក់ដ៏ចំណាប់។ ទាំងបីកាយតុបតែងស្លៀកពាក់រ៉ូបរបៀបជាឈ្មួញឥណ្ឌា។
ពេល ឆ្លងកាត់តាមផ្លូវ ព្រះបាទកាលីហ្វត្រូវបានទាក់ទាញដោយសូរតន្ត្រី ឧបករណ៍និងសំឡេងសើចក្អាកក្អាយហើយបានបញ្ជាឱ្យមន្ត្រីរបស់គាត់ទៅគោះទ្វារផ្ទះនេះ។
ធ្វើដូចដែលពួកគេមកពីទីឆ្ងាយហើយគាត់ចង់សុំចូលសំណាក់។
ការគោះនោះត្រូវបានបើកទទួលដោយសាឌី។
ដោយព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ បង្ហាញកែវភ្នែកថា ភ្ញាក់ផ្អើលនឹងភាពស្រស់ស្អាតរបស់នាង ទ្រង់បានធ្វើពុតជាឱនមុខចុះក្រោមហើយនិយាយដោយគោរពថា៖
“ លោកជំទាវដ៏សមឥតទាស់អើយ! យើងជាឈ្មួញបីនាក់ដែលទើបតែមកដល់ថ្មីៗ ពីឥណ្ឌា ហើយ ដោយសារតែការផ្សងព្រេងខុសផ្លូវ ការវង្វេងនិងស្រេកឃ្លានល្ហិតល្ហៃ កំពុងកើតឡើងចំពោះយើងនៅយប់នេះ! មានតែមកដល់សំណាក់របស់ជំទាវ យើងខ្ញុំសុំទ្វារចំហរ កុំបិទជិតអនុញ្ញាត្តិយើងខ្ញុំជ្រកអាកាសបាន រហូតដល់ព្រឹកស្អែកផងទាន! ប្រសិនបើអ្នក នឹងផ្តល់ការអនុគ្រោះនេះដល់យើង យើងខ្ញុំនឹងព្រមតបស្នងអ្នកគ្រប់យ៉ាងតាមអំណាចដែល យើងអាច ធ្វើ។ “
សាឌីបានឆ្លើយទៅពាណិជ្ជករថា នាងត្រូវប្រឹក្សាជាមួយបងៗស្រីរបស់នាងជាមុនសិន។ ហើយបន្ទាប់ពីបាននិយាយអំពីរឿងនេះរួច នាងបានត្រលប់មកប្រាប់ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដថាគាត់និងមិត្តភក្តិទាំងពីរនាក់ ត្រូវបានស្វាគមន៍ឱ្យចូលរួមក្នុងកម្មវិធីគគ្រឹកគ្រេងមួយ។
បានដូចបំណងហើយស្តេចបានយាង ចូលទៅ រួចឱនក្បាលដោយសុភាពរាបសាចំពោះស្ត្រីនិងភ្ញៀវជាអ្នកបួស ក៏ដូចជាកម្មករលីសែងក្នុងវង់នោះ។
បន្ទាប់មក នាងZobeidaជាកូនស្រីច្បង ក្នុងនាមជាម្ចាស់ស្រី បានចេញមុខនិយាយយ៉ាងម៉ឺងម៉ាត់ថា៖
“ អ្នកត្រូវបានស្វាគមន៍នៅទីនេះ ប៉ុន្តែខ្ញុំមានលក្ខខ័ណ្ឌថា អ្នកនឹងនិទានរឿងមួយពីការពិតរបស់ជីវិតមួយរឿងប្រាប់ពួកយើងក្រៅពីនោះ ទោះបីទីនេះកើតអ្វីជាចម្លែកបន់ពេកយ៉ាងណា ក៏ដោយកុំហារមាត់សួរនាំឡើយ” ។
“លោកជំទាវអើយ” ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ បន្ទូលតបត្រលប់មកវិញ “សម្តីទាំងអស់នៃចិត្តរបស់អ្នក នឹងត្រូវយើងខ្ញុំព្រមគោរពតាម។ យើងខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គាប់ចិត្ត អ្នក ឯអំពីអ្វីដែលមិនមែនរឿងយើង យើងមិនខ្វល់ខ្វាយទេ”
បន្ទាប់មកពួកគេទាំងអស់បានអង្គុយចុះទៀត ហើយបន្តលាងសាយភោជន៍សែនរីករាយ។
ខណៈពេលនោះដែរ ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ ពិតជាកើតសេចក្តីងឿងឆ្ងល់បន់ពេកណាស់ថា អ្នកបួសទាំងបីហេតុអ្វី បាត់បង់ភ្នែកស្តាំដូចៗគ្នា ប៉ុន្តែរាជា ត្រូវស្ងាត់ស្ងៀមដោយសារសំណូមពររបស់ម្ចាស់ផ្ទះ។
ស្តេចព្យាយាមធ្វើឱ្យរវល់ចូលរួមក្នុងការសន្ទនាដែលមានភាពរស់រវើកជំនួសវិញ។
មិយូរប៉ុន្មាន នៅពេលដែលព្រះចន្ទអើតខ្ពស់ អាធ្រាតឈានដល់ នារីច្បងនាងហ្សូបៃដាបានក្រោកពីកៅអី ម្នីម្នាចាប់ដៃប្អូនស្រីអាមីណារបស់នាង ហើយនិយាយថា៖
“មិត្តភក្តិរបស់យើងអើយ ខ្ញុំសុំទោសប្រសិនបើយើងខ្ញុំ ចាំបាច់ត្រូវផ្អាកការកម្សាន្តមកបំពេញភារកិច្ចពេលយប់របស់យើងសិន” ។
អាមីណាបានយល់ពីអត្ថន័យរបស់បងស្រីនាង ទើបងាកទៅប្រមូលចានកែវនិងឧបករណ៍ភ្លេងយកទៅទុកខណៈបានអ្នកលីសែងជួយយ៉ាងពេញដៃជើងដែរ។
ដែលសាឌីក៏បានបោសសំអាតសាលហើយរៀបចំអ្វីៗគ្រប់យ៉ាងឱ្យមានរបៀបរៀបរយ នាងបានសុំឱ្យអ្នកបួស ទៅអង្គុយនៅលើសាឡុងម្ខាងបន្ទប់ចំណែក ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ និងមន្ត្រីព្រាហ្មដែលក្លែងជាមិត្តភក្តិរបស់គាត់ នៅទល់មុខគ្នានឹងអ្នកបួសពិការដែរ។
មិនយូរប៉ុន្មាន បន្ទាប់ពីអាមីណាចូលទៅក្នុងវិមាននាងចេញមកវិញ ដោយដៃមានកាន់កៅអីមួយលើកឡើងមក ដាក់នៅកណ្តាលទីកន្លែងទំនេរនៃផ្ទៃសាលនេះ។
បន្ទាប់មកនាងបានទៅដល់ទ្វារមួយទៀត ហើយនាំអ្នកលគីសែងឱ្យដើរតាមទៅ។ ពួកគេវិលមកវិញ ដោយបានដឹកនាំឆ្កែខ្មៅពីរក្បាល ចងជាមួយខ្សែចំណងចូលកណ្តាលសាល។
បន្ទាប់មក នាងច្បង ហ្សូបៃដាបានក្រោកពីអសនៈរបស់ដើរមករកឆ្កែទាំងពីរ ដោយដកដង្ហើមធំ មូរដៃអាវរបស់នាងឡើងនិងដករំពាត់ពីខ្សែតីធំមួយពី សាឌី វាយវាត់យ៉ាងកំណាច់អស់មួយទំហឹងៗ មិនសំចៃ ទៅលើឆ្កែ។
ពួកវាបានបន្លឺសំឡេងគ្រហឹមថ្ងូរឈឺចាប់ និងសម្លឹងមើលនាងដោយទឹកមុខអង្វរករ។ ប៉ុន្តែ Zobeida មិនបានចាប់អារម្មណ៍អ្វីឡើយ ថែមទាំងមិនបានបង្អង់គឺនាងវាយវារហូតហត់គឃូសទើបសម្រាក ។
គ្រប់គ្នាដែលស្រឡាំងកាំងបានគាំងចលនាមើលទៅក្នុងភ្នែកសុនខរៀងៗដែល ចាប់ផ្តើមស្រក់ជលនេត្រឯ នាង Zobeida ក្រោយវាយវាត់ក៏បានមកយកកន្សែងដៃជូតភ្នែកឆ្កែដោយថ្នមៗ។ នាងឱនទៅឱបថើបវា បន្ទាប់មកហុចទៅ នៅក្នុងដៃរបស់ប្អូនដដែលហើយស្រែកបញ្ជាថា ៖
យកពួកគេទៅទុកវិញ!
ពិធីឃោរឃៅរគ្មានហតុផលនេះ ត្រូវបានបញ្ចប់ ជាមួយនឹងទារុណកម្មលើឆ្កែទាំងពីរ ។ ព្រះបាទ កាលីហ្វហារុន អាល់រ៉ាស៊ីដ ដែលស្ទើរតែមិនអាចទប់ខ្លួនបាន បានធ្វើសញ្ញាប្រាប់ទៅព្រាហ្មដើម្បីសួរថា តើវាមានន័យយ៉ាងដូចម្តេច ប៉ុន្តែព្រាហ្មគ្រវីក្បាលជាសម្ងាត់វិញ។
មិនយូរទេ នាងច្បង Zobeida បាននៅអង្គុយលើកៅអីចំកណ្តាលបន្ទប់នោះ រង់ចាំនាង Sadie ចូលរកនាង ហើយនាង អាមីណាបានយកខ្សែក្រវ៉ាត់ ពណ៌លឿងមួយមកដល់ប្រគល់វាទៅឱ្យសាឌីវាយវាត់ទៅលើបងស្រីច្បងរហូតដល់ នាងអស់កម្លាំងទើប និយាយទៅកាន់អាមីណាថា“ហត់ណាស់ធ្វើជំនួសខ្ញុំបន្តចុះ” ។
អាមីណាឮហើយ បានចូលមកវាយលើបងច្បង ដោយភាពក្លាហានរហូតដល់រ ហែកអាវ ខ្លួនឯងរួចដួលសន្លប់ ព្រោះហត់ហេវ។
គ្រប់គ្នាចំហរមាត់ភ្ញាក់ផ្អើលចំពោះ ស្លាកស្នាមជាច្រើនលើខ្នងនារីនេះ។
អ្នកបួសនិងស្តេចកាលីហ្វងាកមើលមុខគ្នា មុនពេលឱនខ្សឹបសួរគ្នា ពីហ្សូប៊ីដានិងសាឌីដែលកំពុងមើលថែប្អូនស្រីសន្លប់របស់ពួកគេ។
“តើនេះមានន័យថាម៉េច? » ស្តេចកាលីហ្វសួរខ្សឹប
អ្នកបួសទីមួយនិយាយឡើងវិញថា៖ “ យើងដឹងមិនលើសពីអ្នកទេ” ។
“ស្អី? អ្នកមិនមែនជាសមាជិកផ្ទះនេះទេ?”
អ្នកបួសទាំងអស់បានឆ្លើយថា៖
“ លោកម្ចាស់!យើងបានមកទីនេះ មុនលោកបន្តិចប៉ុណ្ណោះនិងបានសុំស្នាក់នៅ!»
បន្ទាប់មកពួកគេ បានងាកទៅរកអ្នកនាំលីសែង ដើម្បីដឹងរឿងពិតថាតើគាត់អាចពន្យល់ពីអាថ៌កំបាំងឆ្កួតៗអស់នេះបានដែរឬទេ ប៉ុន្តែសែងទំនិញនោះ ក៏កំពុងឡិងឡង់បង្ហាញថាមិនដឹងរឿងច្រើនជាងពួកគេដែរ។
នៅទីបំផុត ស្តេចកាលីហ្វមិនអាចរារាំងការចង់ដឹងចង់ឃើញរបស់ទ្រង់តទៅទៀតទេ។
“ លោកជំទាវ ខ្ញុំសូមអង្វរអ្នក ឱ្យពន្យល់ពីមូលហេតុដែលដំបូងអ្នកត្រូវវាយឆ្កែ ហើយបន្ទាប់មកយំឱបជូតទឹកភ្នែកឱ្យពួកវា? ហើយថាហេតុអ្វីប្រាណ ស្ត្រីក្មេងដែលសន្លប់ត្រូវបានក្រាលគ្របពេញដោយស្នាមរបួស?»
នាងច្បងងាកសម្លឹងគ្រប់គ្នាម្តងម្នាក់ៗហើយបញ្ជាក់ឡើងថា៖
“តើវាជាការពិតទេ គ្រប់សុភាពបុរសនៅទីនេះពិតជាចង់ដឹង? ឬតែអ្នកជំនួញខ្លួនឯងដែលចង់ដឹង?”
ពួកគេទាំងអស់បានឆ្លើយឡើងភា្លមៗថា៖
“ មែនហើយចម្លែកណាស់ ហេតុអ្វីទៅទាន?!»
លើកលែងតែព្រហ្មាជីយ៉ាហ្វារបស់ស្តេចដែលនៅសំងំស្ងៀមមិននិយាយស្រប។
នាងច្បងហ្សេប៊ីដា ហាក់ក្រោធខឹងឡើង។
នាងស្រែកថា៖
«នេះឬ ជាការសងគុណត្រលប់មកវិញ សម្រាប់បដិសណ្ឋារកិច្ចដែលខ្ញុំបានជូនដល់ពួកអ្នក?? ភ្លេចលក្ខខណ្ឌមួយដែលបានស្បថ មុនពេលពួកអ្នកត្រូវបានអនុញ្ញាតឱ្យចូលក្នុងផ្ទះនេះទៅហើយមែនទេ?»
ថាចប់នាងក៏ទះដៃបីដងឱ្យសញ្ញា លេចចេញទាសករស្បែកខ្មៅប្រាំពីរនាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃមួយគ្រប់ដៃ ទឹកមុខកោងកាចបានចេញមកដល់ ឈរនៅពីក្រោយភ្ញៀវប្រុសៗទាំងប្រាំពីរ រៀបចំខ្លួនជាស្រេចនឹងអាលទទួលសញ្ញាពីម្ចាស់ស្រីរបស់ពួកគេ ដើម្បីកាត់ក្បាល។
ភ្ញៀវទាំង៧គឺអ្នកលីសែង ព្រាហ្មស្តេចនិងអ្នកបួស បានដឹងថាមរណៈនឹងមកដល់មិនខាន។ស្តេចមានបំណងចង់និយាយពីការពិតនៃសមាសភាពទ្រង់ទៅហើយស្រាប់តែអ្នកលីសែងបានស្រែកទ្រហោយំង៉ោងឡើង ធ្វើឱ្យនាងច្បង Zobeida ទៅជាអស់សំណើចខឹកៗហើយ ងាកទៅគិត ឱ្យឱកាសមួយដល់ពួកគេ។
មិនយូរទេ នារីនេះងាកមក រកភ្ញៀវទាំង៧ហើយសួរថា៖
«តើពួកអ្នកចង់មានជីវិត បន្តរស់នៅដោយព្រមសារភាពពីរឿងពិតគួរឱ្យអាម៉ាស់នានារបស់ខ្លួនទេ? ចុះអ្នកបួសទាំងបីនេះ ខ្វាក់ម្ខាងស្តាំទាំងព្រម តើអ្នកសុទ្ធតែជាបងប្អូនដែរឬអ្វី?»
ង្នកបួសដំបូងគេឆ្លើយភ្លាមថា៖
“អត់ទេលោកជំទាវ! យើងមិនមានទំនាក់ទំនងឈាមទាល់តែសោះ មានតែបងប្អូនតាមរបៀបក្រោយពីយើងពិការដូចគ្នាក៏រាប់អាននិងធ្វើដំណើរមករួមគ្នាទេទាន!»
អ្នកនាងច្បងនេះក៏សួរទៅកាន់អ្នកបួសទីពីរថា៖
” តើអ្នកកើតមកខ្វាក់ភ្នែកម្ខាងឬមានហេតុអ្វី? “
“ អត់ទេលោកជំទាវ” គាត់ឆ្លើយមកវិញភ្លាម“ ខ្ញុំពិការភ្នែក តាមរយៈដំណើរផ្សងព្រេងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ចម្លែកនិងកម្សត់ ប្រហែលជាមិនធ្លាប់មានកើតឡើងចំពោះនរណាម្នាក់។ក្នុងលោកនេះឡើយ!” ។
នាងច្បងZobeidaហាក់មានចំណាប់អារម្មណ៍ជាខ្លាំង។ នាង បានដាក់សំណួរដូចគ្នាទៅង្នកបួស ទី ៣ ថា៖
«គ្រួសារពិតរបស់អ្នកនៅឯណា?!»
អ្នកបួសទីបីតបវិញដោយដង្ហើមតឹងថា៖
«យើងទាំងបីត្បិតតែមិនធ្លាប់បានស្គាល់គ្នាពីមុនមកប៉ុន្តែសុទ្ធសឹងតែជា ព្រះបុត្រានៃអង្គស្តេចមកពីនគរផ្សេងៗគ្នា ” ។
ឮវាចានេះហើយ កំហឹងរបស់នាងច្បងហ្សេប៊ីដាបានស្រកថយចុះ។ នាងបានងាកទៅរកទាសកររបស់នាងហើយនិយាយថា៖
«ចូលទៅវិញចុះ! ប៉ុន្តែកុំចាកចេញឆ្ងាយ! ខ្ញុំនឹងស្តាប់រឿងពិតនៃពួកគេម្តងម្នាក់ៗបើឮថាមានហេតុផលពិតមែនទើបអនុញ្ញាត្តិឱ្យរួចខ្លួនពីសម្បថ!»
នាងងាកមកអ្នកលីសែងហើយបញ្ជា៖
«អ្នកនិយាយមុនគេទៅ!»
អ្នកលីសែងបានចាប់ផ្តើមរឿងពិតរបស់ជីវិតខ្លួនមុនគេភ្លាមថា៖
«ឱ លោកជំទាវអើយ! អ្នកបានដឹងរួចមកហើយថា ខ្ញុំមកទីនេះដោយរបៀបយ៉ាងម៉េច? គឺវាដូចដែលប្អូនស្រីរបស់អ្នកបានជួលខ្ញុំកាលពីព្រឹកនៅឯផ្សារ ជាកន្លែងដែលខ្ញុំតែងតែឈររង់ចាំមានគេមកជួលប្រើ! ខ្ញុំគ្មានអ្វីចម្លែកក្រៅតែពីកម្មករម្នាក់ដូចគ្រប់គ្នាបានឃើញទេ!»
នាងច្បង Zobeidaងាកទៅប្អូនស្រីខណៈដែលអ្នកលីសែងរង់ចាំការសម្រេចចិត្ត ដោយអន្ទះសារ។ចុងក្រោយម្ចាស់ផ្ទះបានងក់ក្បាលហើយនិយាយថា៖
“ អ្នកអាចចេញទៅបាន ហើយប្រយ័ត្នកុំឱ្យពួកយើងជួបគ្នាទៀតទេ” ។
បន្ទាប់មកអ្នកបួសទីមួយ បានចាប់ផ្តើមនិយាយទៅកាន់នាងច្បង ហ្សូប៊ីដា អំពីដំណើររឿងមុនខ្លួនពិការភ្នែកស្តាំនេះថា…..
ចុចអានរឿង អ្នកបួសទីមួយ