រឿង រឿងរ៉ាវរបស់អ្នកបួសទី១(១០០១យប់វគ្គ១១)

អ្នកបួសទីមួយ បានចាប់និទាន​ដំណើរជីវិតខ្លួនឡើងថា ៖

ពីមុនខ្ញុំជាបុត្រារបស់ស្តេចមួយអង្គនៅនគរឆ្ងាយឈ្មោះ ហារ៉ាហ្វ  ។ នគរក្បែរខាង​ជារាជ្យនៃបងប្រុសតែ របស់បិតាខ្ញុំ ដេលទ្រង់បានសោយរាជ្យសុខសាន្តជាមួយមហេសី ដោយមានរាជបុត្រីពីរអង្គផងចំណែករាជបុត្រាពៅ មានជន្មា​យុតំណាលខ្ញុំដែរ។

នៅពេលខ្ញុំធំឡើង តែង​ ត្រូវបានអនុញ្ញាតឱ្យមានសេរីភាពទៅលេងរាជវាំង​ព្រះបិតុលា​ជារៀងរាល់ឆ្នាំ ដោយ​ជាធម្មតាស្នាក់នៅទីនោះពីររវាង​១ទៅពីរខែឯណោះ។

 ដោយវិធីនេះបងប្អូនជីដូនមួយខ្ញុំនិងខ្ញុំមានភាពស្និទ្ធស្នាល នឹងគ្នាជាខ្លាំង។ នៅវេលាចុងក្រោយមួយ​ដែលខ្ញុំបានឃើញទ្រង់ ទ្រង់ពេញវ័យ​១៦ដូចខ្ញុំដែរ ។ លើកនេះទ្រង់ហាក់ដូចជារីករាយដែលបានជួបខ្ញុំជាងពេលណាៗទាំងអស់ដោយ​បានរៀបចំ​ធ្វើបុណ្យលាងអាហារ​ដ៏ធំមួយជាកិត្តិយសដល់ខ្ញុំ នៅរាជតំណាក់ផ្ទាល់។

យប់នោះ ពេលដែលយើងទទួលទានអាហាររួចរាល់ ជីដូនមួយ​បាននិយាយមកខ្ញុំថា៖

“ បងប្អូនជីដូនមួយរបស់ខ្ញុំអើយ អ្នកមិនដែលទាយដឹងឡើយប្រសិន​បើខ្ញុំមិននិយាយប្រាប់ថា​នេះជាការជួបគ្នា​ចុងក្រោយ​របស់យើង!  ការចាកចេញរបស់ ខ្ញុំ គឺបានកំណត់ទុករួចហើយ​ដោយ​សារហេតុផល ចំនួន ខ្ញុំគួរតែបង្ហាញអាថ៌កំបាំងនេះដល់អ្នក ប៉ុន្តែជាដំបូង អ្នកត្រូវតែស្បថពីរយ៉ាងឱ្យខ្ញុំ​គឺ​ស្មោះត្រង់នឹងខ្ញុំ ព្រមទទួលការសម្រេចចិត្ត​នេះ និងជួយ​រក្សាការសម្ងាត់ឱ្យខ្ញុំ” ។

ជាការពិត ខ្ញុំមិនបានដឹងថា​នោះជារឿងអ្វី នឹង​ចង់បដិសេធឬព្រម ក៏កំណត់មិនបាន តែ​គេបានទទូចអង្វរឱ្យខ្ញុំសន្យា ម្ល៉ោះហើយ​ហេតុតែទុកចិត្ត​ថាការនេះនឹងមិននាំមកនូវគ្រោះថ្នាក់អ្វី​ខ្ញុំក៏យល់ព្រម​ដោយមិនស្ទាក់ស្ទើរ។

បានដូច្នោះកាលណា គាត់បានហៅខ្ញុំឱ្យនៅរង់ចាំមួយភ្លែត ដោយទ្រង់ចូលទៅបាត់ មួយស្របក់ក៏ត្រលប់មកវិញជាមួយនារីស្លៀកពាក់ស្អាតបាតដែលមើលពីក្រៅក៏ដឹងថានាងមានសម្រស់ស្រស់ស្អាតផុតលោកិយដែរ។  ប៉ុន្តែដោយសារគាត់មិនបានប្រាប់ឈ្មោះនាង​មក ខ្ញុំគិតថា មិនធ្វចង់ដឹង​ប្រសើរជាង។

 យើងទាំងបីនាក់ បានអង្គុយចុះមកនៅតុ ហើយនិយាយលេងសើចជាមួយគ្នា និងផឹកស្រាដើម្បីសុខភាព។ បានទ្រង់ក្តៅភ្នែកបន្តិច ព្រះអង្គម្ចាស់បាននិយាយមកខ្ញុំថា៖

“ បងប្អូនជីដូនមួយរបស់យើង! សូមអ្នកមានចិត្តសប្បុរស ក្នុងការធ្វើការ​ដើម្បីខ្ញុំដោយ​នាំស្ត្រីម្នាក់នេះទៅរក្សា​ទុកនៅក្នុងកន្លែង មួយ ដែលនាង​នឹងនាំអ្នករកឃើញ!​វាជា​ផ្នូរទើបសាងសង់ថ្មី ខ្ញុំនឹងទៅដល់​តាមក្រោយមិនជាយូរឡើយ”

ដូចដែលខ្ញុំបានសន្យា ខ្ញុំព្រមធ្វើអមដំណើរនាងដោយយោង​លើពន្លឺព្រះចន្ទនាវេលេយប់ស្ងាត់​ទៅកន្លែងដែលបងប្អូនខ្ញុំបាននិយាយស្នើ។

មិនយូរទេ ទ្រង់ បានមកដល់មែនពីក្រោយ យើងដោយមាន​ចបមួយ និងថង់តូចមួយផង។

មិនយូរទេ ទ្រង់បានគាស់របើកផ្នូរ ប្រមូលដុំថ្មមកគរទុកនៅជ្រុងម្ខាង ហើយនាំពួកយើងចូលក្នុង។ ក្នុងនោះមិនមានសពឬមឈ្ឈូសអ្វី​ទាំងអស់ឡើយ ។ ទ្រង់បាន​បន្តជីកគាស់ រហូត​ឃើញ​ មានទ្វារតូចសម្ងាត់មួយ។

បងប្អូនជីដូនមួយខ្ញុំបានរុញទ្វារបើកហើយចាំងទៀន​ទៅបង្ហាញខ្ញុំនូវទម្រង់ជណ្តើរចុះក្រោម​មួយជ្រៅសន្លឹម។

ខ្ញុំភាន់ភាំងនៅស្ងៀមស្តាប់គាត់និយាយ បន្ទាប់មកទ្រង់ងាកទៅរកស្ត្រីស្អាតក្មេងល្ហក់នោះថា៖

“ ម្ចាស់ប្អូនសម្លាញ់នៃខ្ញុំ នេះហើយ ជាផ្លូវដែលនឹងនាំយើង ទៅដល់កន្លែងដែលខ្ញុំបានប្រាប់អ្នករួចនោះ” ។

ស្ត្រីនោះមិនឆ្លើយទេ ប៉ុន្តែនាង​ដើរ​ចុះពីលើជណ្តើរដោយស្ងៀមស្ងាត់មិនរារែក។ ព្រះអង្គម្ចាស់ដើរតាមនាង។ ទោះយ៉ាងណានៅពីលើនេះទៅ ខ្ញុំតាមមើលពួកគេ​ដោយងឿងឆ្ងល់។

បងប្អូនជីដូនមួយរបស់ខ្ញុំបង្អន់ដំណើរនៅរូងក្រោមដី​ហើយ​ងើយមកប្រាប់ខ្ញុំថា ៖

« ខ្ញុំមិនដឹងថាត្រូវអរគុណយ៉ាងម៉េចទេចំពោះសេចក្តីសប្បុរសរបស់អ្នកដែលបានព្រមមកលាគ្នាជាចុងក្រោយ”

“តើ​អ្នក​ចង់​មានន័យថា​យ៉ាងម៉េច?” ខ្ញុំ​បានស្រែក​​យំឡើង​ហើយ​សួរទៀតថា​”ខ្ញុំមិនយល់ទេ។ “

ទ្រង់ឆ្លើយថា៖

“ឥឡូវ​ទ្រង់​អាច​ត្រលប់ទៅវិញបាន តាមផ្លូវដដែលមុននេះ​ដែលយើងបានដើរ​មក តែសុំធ្វើរឿងមួយគឺបិទលុបដានទ្វារពីក្រៅឱ្យខ្ញុំផង” ។

ទ្រង់មិននិយាយអ្វីទៀតទេ ដោយពន្លត់ភ្លើងនិងបិទទ្វារពីក្នុងជាប់។ ខ្ញុំសោយសោកអស់ចិត្ត​ក៏ធ្វើតាម​សម្តីសន្យាទាំងចិត្តនៅមិនស្រណុក​កើតសេចក្តីងឿងឆ្ងល់យ៉ាងខ្លាំង។

ត្រលប់ទៅក្រឡាបន្ទំ​នៅក្នុងរាជវាំងហើយក៏ចូលគេងគិត​សង្ស័យ​ដោយទុក្ខា។  នៅពេលខ្ញុំភ្ញាក់ឡើង​ ខ្ញុំពិចារណាអំពីដំណើររឿងកាលពីយប់មិញ ប្រាប់ខ្លួនឯងថា​វាគ្រាន់តែ​ ជាសុបិនមួយ ម្ល៉ោះហើយ ខ្ញុំបក់ដៃ​ហៅទាសករម្នាក់មក សួរថាតើព្រះអង្គម្ចាស់ជីដូនមួយស្លៀកពាក់ហើយឬនៅ ​នឹងអាលខ្ញុំគាល់ទ្រង់ព្រះស្ងោយព្រឹក។

ប៉ុន្តែខ្ញុំត្រូវស្រងាកចិត្ត​ណាស់នៅពេលលឺថា រាជាវាំងកំពុងវឹកវរបាត់រាជបុត្រា។

ខ្ញុំមានការភិតភ័យជាខ្លាំង ហើយប្រញាប់ស្ទុះស្ទា​ទៅកាន់ទីបញ្ចុះសព។ ទីនោះមានផ្នូររាប់រយពាន់ គ្រប់កន្លែង​ទាំងអស់គឺដូចគ្នាខ្លាំងណាស់ ដែលខ្ញុំមិនអាចចំណាំ​រកឃើញផ្នូរកាលពីយប់មិញឡើយ។  ទោះបីជាខ្ញុំបានចំណាយពេលសម្ងាត់ដល់ទៅបួន ប្រាំថ្ងៃទៀត​ក្នុងការស្វែងរកវានៅតែបរាជ័យ។

ទីបំផុតខ្ញុំបានសំរេចចិត្តត្រលប់មករាជនគរវិញទាំង​ មានអារម្មណ៍ថប់បារម្ភ បំផុតប៉ុន្តែពាក្យសម្បថដែលខ្ញុំបានស្បថ ធ្វើឱ្យខ្ញុំនៅរក្សា​ភាពស្ងៀមស្ងាត់ដោយទុក្ខសោក​។

នៅពេលខ្ញុំមកដល់រដ្ឋធានី ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលឃើញមានក្រុមឆ្មាំធំ ៗ ព័ទ្ធជុំវិញ​ ខ្លោងទ្វារព្រះបរមរាជវាំង។ ពួកគេហ៊ុំព័ទ្ធរាជនគរខ្ញុំដោយផ្ទាល់ ហើយមន្រ្តីរបួសម្នាក់ បាន​ឱ្យខ្ញុំ ដឹងថាកងទ័ពក្បត់ បានធ្វើបាតុកម្មនិងសម្លាប់ស្តេចជាបិតានិងមាតាខ្ញុំ ដោយឃុបឃិត​តែងតាំងស្នំឯកផ្សេងនិងកូនប្រុស​គេ​​គ្រប់គ្រង​ លើបល្ល័ង្ក។ លើសពីនេះ ទៀតតាមបញ្ជារបស់ពួកគេ​ ខ្ញុំត្រូវបានចាប់ខ្លួន។

ជាមួយនោះ​មេទ័ព​ របស់ក្រុមឧទ្ទាមបានបង្ហាញខ្លួន។ ជន​នោះបានចងគំនុំស្អប់ខ្ញុំតាំងពីក្មេង ព្រោះខ្ញុំបាញ់ធ្នូចំភ្នែកគាត់ដោយចៃដន្យ។ ជាការពិត ខ្ញុំមិនត្រឹមតែបានបញ្ជូនអ្នកបម្រើទៅមកដើម្បីផ្តល់ទំនុកបម្រុងព្យាបាល​និងសម្តែងការសោកស្តាយ ការសុំទោសរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំបានប្រាប់ពួកគេដោយផ្ទាល់ផងតែ​វាគ្មានប្រយោជន៍អ្វីទាំងអស់។

គាត់មាន​ការស្អប់មួយ​ដែលមិនចេះរីងស្ងួតចំពោះខ្ញុំ ហើយ នៅពេលដែលទទួលបានអំណាចដោយ​ ជ័យជំនះលើកនេះ​គាត់បាន​មករកខ្ញុំទាំង​កំហឹង នៅក្នុងពន្ធនាគារហើយឆ្កៀល​យកភ្នែកខាងស្តាំខ្ញុំចេញ។ នោះហើយជារបៀបដែលខ្ញុំបាត់បង់ភ្នែក​ម្ខាង​ចាប់ពីពេលនោះមក។

ទោះយ៉ាងណាអ្នកបៀតបៀនខ្ញុំមិនព្រម​ឈប់នៅត្រឹម​ទណ្ឌកម្មនេះ ពួកគេ​បានបិទមាត់ខ្ញុំជិត ផ្ទុកខ្ញុំក្នុងបាវធំមួយ​ បញ្ជាឱ្យពេជ្ឈឃាដ ដឹកខ្ញុំទៅទម្លាក់ចោល​នាទីកន្លែងស្ងាត់ដើម្បីកាត់ក្បាលខ្ញុំហើយ បោះបង់រាងកាយខ្ញុំទៅជាចំណីត្មាត ។ ប៉ុន្តែចិត្តរបស់ពេជ្ឈឃាតមិនអាចធ្វើតិរច្ឆាន​មកលើខ្ញុំបាន ពួកគេបាន រកវិធីឱ្យខ្ញុំនារទេសបោះបង់ចោលព្រះនគរ។

យ៉ាងណាមិញ ខ្ញុំបានឆ្លងកាត់ដំណើររត់លូន​ដោយ​ ការភ័យខ្លាចទាំងរបួស​ភ្នែក​ និងដោយប្រយ័ត្នប្រយែងវេទនា ខ្លោចផ្សារ ទម្រាំ​បាន​មកដល់នគររបស់បិតុលា​ខ្ញុំ។

បិតុលាបានទទួល​ខ្ញុំទៅថែទាំការពារ ដោយ​បាននិយាយថា គាត់ជួបបញ្ហាយ៉ាងខ្លាំងពីការបាត់ខ្លួនកូនប្រុស ដោយគ្មានដានបន្សល់ទុក។

ទុក្ខព្រួយផ្ទាល់ខ្លួនរបស់គាត់ធ្វើឱ្យចិត្ត​ខ្ញុំរឹតតែមានស្លាកស្នាម ​កំហុស​តែខ្ញុំមិនអាច​ ឱ្យដំណឹង​ឬ​ចែករំលែករឿងពិត​ដែល​ខ្ញុំបាន​ដឹងទេព្រោះយើងបានសន្យាជាមួយប្រុសស្រីក្នុងថ្នូរទាំងទ្វេរ។

តែពេលវេលា​ឃើញ​បិតុលា​រស់នៅសោយមិនបាន បាយលាយទឹកភ្នែករាល់ទិវាពេក ខ្ញុំបានសំរេចចិត្តថា វាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការបំបែកសម្បថ ដែលខ្ញុំបានស្បថជាមួយព្រះអង្គម្ចាស់ជាជីដូនមួយគ្នា​។ ដូច្នេះខ្ញុំបាន​ពេលនិយាយប្រាប់ពូខ្ញុំ នូវអ្វីគ្រប់យ៉ាងដែលខ្ញុំដឹង និងបានធ្វើ ហើយខ្ញុំសង្កេតឃើញថា គាត់ហាក់ដូចជាធូរស្រាលចិត្ត​បន្តិចវិញពេលឮរឿងអស់នេះ។

គាត់និយាយថា៖

 “ក្មួយប្រុសជាទីស្រលាញ់របស់ខ្ញុំ រឿងរបស់អ្នកផ្តល់ក្តីសង្ឃឹមដល់ខ្ញុំ។ កន្លងមក មានគេលួចប្រាប់ដែរថា កូនប្រុសខ្ញុំកំពុងលួចសាងសង់ផ្នូរ ហើយខ្ញុំគិតថាខ្ញុំអាចរកឃើញកន្លែងនោះប៉ុន្តែមិនធ្វើបាន​សោះ” ។

បន្ទាប់មកគាត់បានហៅខ្ញុំឱ្យរៀបជាផែនការសម្ងាត់​ដោយយប់ឡើង យើងទាំងពីរបានលួចលបចាក ចេញពីកំផែងវាំងតាមរូង​ក្បែរ​​សួនច្បារដែលជាផ្លូវកាត់នាំ​ទៅកាន់ទីបញ្ចុះសព។

មិនយូរប៉ុន្មានទេ ដែលយើងទៅដល់កន្លែងបាត់ខ្លួនរបស់ព្រះអង្គម្ចាស់និងក៏រកឃើញផ្នូរដែលខ្ញុំបានខំ​ស្វែងរកដោយឥតប្រយោជន៍ច្រើនលើក​កាលពីមុនមក។ យើងចូលទៅក្នុងនោះហើយរកឃើញទ្វារតូច ដែលមានបង្កប់ជណ្តើរចុះទៅក្រោម ប៉ុន្តែយើងមានការលំបាកយ៉ាងខ្លាំងក្នុងការលើកវាចេញ ឡើងព្រោះបងប្អូនជីដូនមួយខ្ញុំបានបិទខាងក្រោមវា​ដោយម្នាងសិលាក្នុងថង់ដែលគាត់បានយកតាមទៅ។

ពេល​វារបើកបានកាលណា ពូខ្ញុំចុះ​ទៅមុន ហើយខ្ញុំដើរតាមគាត់។ នៅពេលយើងទៅដល់ជាន់ខាងក្រោមនៃជណ្តើរយើងបានប្រទះ​ឃើញ បន្ទប់មួយដែលពោរពេញទៅដោយផ្សែងយ៉ាងក្រាស់ដែលស្ទើរតែមិនអាចមើលឃើញអ្វីទាំងអស់។

ទោះយ៉ាងណាក៏ដោយយើងបានឆ្លងកាត់ផ្សែងនោះ​ចូលរំលងដល់បន្ទប់ធំមួយទៀត​ដែលដំបូងហាក់ដូចជាទទេ។ ពេល​បិតុលា​បានអុចភ្លើង​ឡើង បន្ទប់ត្រូវបានបំភ្លឺយ៉ាងច្បាស់ យើង​បានឃើញ​នៅចុងម្ខាងជញ្ជាំង​មានសាកសពរបស់ព្រះអង្គម្ចាស់និងស្ត្រីម្នាក់ស្អាតនោះ ដែល ភ្លើងឆេះស្លាប់រោលខ្មៅ។ ខ្ញុំសឹងតែ​ដួលសន្លប់ តែអ្វីដែលគួរ​ភ្ញាក់ផ្អើលនោះ គឺពូខ្ញុំមិនបានបង្ហាញពីការភ្ញាក់ផ្អើលខ្លាំង ស្មើកំហឹង​ទេ។

គាត់បាននិយាយថា ៖

“ខ្ញុំដឹងថា កូនប្រុសរបស់ខ្ញុំមានទំនាក់ទំនងស្នេហា​ជាមួយនារីម្នាក់នេះដែលជាប្អូន​បង្កើត​របស់វា​ដែលមិនអាចរៀបការជាមួយគ្នា​បាន។ ខ្ញុំបានព្យាយាមបង្វែរគំនិតរបស់គេ ហើយបានបង្ហាញដល់គេ​នូវបណ្តា​ព្រះនាងឬអភិជន​ស្រីក្មេងស្រស់ស្អាតបំផុតមកពីក្រុងនានាបន្តបន្ទាប់ ​ប៉ុន្តែកូនប្រុសខ្ញុំហាក់មិនខ្វល់ពីពួកគេ​ទាំងអស់នោះ​ដោយ​ស្បថតែស្រលាញ់ប្អូនខ្លួនឯង ដូចដែលក្មួយបានឃើញហើយ! ឥឡូវនេះពួកគេបានរួបរួមគ្នាមកស្លាប់គួរ​ រន្ធត់នៅក្នុងផ្នូរក្រោមដី ដើម្បីបានជួបគ្នា​»។

សារជាថ្មីម្តងទៀតខ្ញុំបានយំជាមួយគាត់។

មួយរយៈក្រោយមក នៅពេលដែលគាត់ជាសះស្បើយចិត្ត គាត់បានទាញខ្ញុំមករកគាហើយ​ និយាយថា៖

“ ក្មួយប្រុសជាទីស្រលាញ់របស់ខ្ញុំព្រះឱឡោះ​បានប្រគល់ង្នកមកឱ្យខ្ញុំ ដើម្បីជំនួសកន្លែងកូនប្រុស​មិនល្អម្នាក់នេះ ហើយខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំភ្លេចថា ខ្ញុំធ្លាប់មានកូនប្រុសម្នាក់ដែលបាន​ប្រព្រឹត្តអំពើលាមក” ។

ខ្ញុំគ្រាគាត់​ ឡើងជណ្តើរបកត្រឡប់​ទៅដល់ព្រះបរមរាជវាំង ដោយគ្មាននរណាអាចកត់សម្គាល់ដឹងរឿងក្នុងផ្នូរដាច់ខាត។

នៅពេលមិនយូរប៉ុន្មានមានការប៉ះទង្គិចគ្នារវាងស្គរនិងត្រែ បានបន្លឺមកលើនគរនេះ។​ពួកយើង​ត្រូវចលាចល​ក្នុងភាព ភ្ញាក់ផ្អើល។ ក្នុងពេលជាមួយគ្នានោះដុំធូលីដ៏ក្រាស់នៅលើមេឃបានប្រាប់ជាមុនថា មានក្រុមកងទ័ពដ៏កាចសាហាវមួយ​លុកលុយមកដល់ហើយ​។

 បេះដូងខ្ញុំលិចស្រឹម នៅពេលដែលខ្ញុំដឹងថា មេបញ្ជាការគឺជាមនុស្ស​ដែលបានដណ្តើមរាជ្យពុកខ្ញុំ​និងខ្វេះ​ភ្នែក​ស្តាំ​ខ្ញុំផង។ ឥឡូវគេបានបន្ត​មកដណ្តើមយកនគររបស់ពូខ្ញុំទៀត។

រដ្ឋធានីមួយ​ដែលធ្លាប់តែមាន​សុខសាន្តត្រាណ​មិនបានត្រៀមខ្លួនជាមុនក្នុងការធ្វើសឹក ការតបតនឹង​ទ័ពមុះមុតដែលកំពុង​ឈរឡោមព័ទ្ធយើង បង្ហាញជាស្រេចថា ​ជាការតស៊ូគ្មានប្រយោជន៍។ ព្រះរាជាជាបិតុលាខ្ញុំតស៊ូយ៉ាងខ្លាំងការពាររាជនគរ​ ប៉ុន្តែមិនយូរប៉ុន្មានគាត់បានរត់មក​ប្រាប់ថា ខ្ញុំចាំបាច់ត្រូវរត់គេចខ្លួនឆ្លងកាត់ផ្លូវសម្ងាត់ដដែលទៅវាលកប់ខ្មោចនោះ ហើយបានជ្រកកោននៅផ្នូរដដែល ដែលខ្ញុំអាចទុកចិត្តបានថា​ថ្ងៃណាមួយ​នឹង​ចាកចេញ​ដោយសុវត្ថិភាព។

ក្រោយមក ពេលមានឱកាស​ ខ្ញុំបានកោរពុកមាត់និងចិញ្ចើមចោល ពាក់ស្បង់អ្នកបួស ជាការ​ងាយស្រួលសម្រាប់ ការធ្វើដំណើរលាក់អត្តសញ្ញាណ ដោយមិនត្រូវបានគេស្គាល់ដឹងឮ។ ខ្ញុំបានចៀសផុតពីទីប្រជុំជននានារហូតត្រេចរមកដល់នគរ កាលីហ្វដ៏ល្បីល្បាញនិងមានអំណាចនៃ​អង្គ​រាជា ហារូន អាល់រ៉ាសឆីដនេះ ព្រោះធ្លាប់កាលជំនាន់មុន បិតាទ្រង់ជាស្តេចមានទំនាក់ទំនង​ការទូតល្អពេកណាស់នឹង​បិតាព្រមទាំង​រាជ​នគរខ្ញុំ។

ជាចេតនារបស់ខ្ញុំក្នុងការមកកាន់ទីក្រុងបាកដាដនៃរាជនគរនេះ​ដើម្បីបន្តរស់លាក់ខ្លួន ដ៏ក្រៀមក្រំទន្ទឹង​ជួបរាជានឹងអាលសុំ ជំនួយនិងកិច្ច​ការពារពីទ្រង់។​

បន្ទាប់ពីការធ្វើដំណើរដោយវេទនា ដែលមានរយៈពេលជាច្រើនខែ ខ្ញុំបានមកសំងំចំចត​យ៉ាងយូរលាក់ខ្លួន​នៅមាត់ទ្វារទីក្រុងនេះ។

ដោយសារ​អ្នកបួស២ទៀតក៏បង្ហាញខ្លួននិងមាន​ពិការភាប​ដូចគ្នា​ យើងទុកថា​រាប់អាន​ក្នុងនាមជាបងប្អូនដែលមានសំណាងអាក្រក់មិនខុសគ្នា

នៅល្ងាចមិញនេះ ពួកយើងបានគ្នាបីនាក់ក៏ត្រេចចូលក្រុង​ដោយ​ យប់មកដល់ជ្រុលទៅហើយ​មិនដឹងថា នឹងជ្រក​នៅឯណាទេប៉ុន្តែតារាសំណាង បានដឹកនាំយើងមកដល់មាត់ទ្វារនេះ យើងខ្ញុំបាន គោះទ្វារនិងសុំអាហារ​ជម្រក ដែលត្រូវបានផ្តល់មែន ជាមួយនឹងព្រះគុណដ៏ល្អបំផុតនៅក្នុងពិភពលោក។ នេះហើយ​លោកជំទាវ វាជារឿងពិត​របស់ខ្ញុំ។

នាង​ច្បង​Zobeida បានឆ្លើយថា

“ឱ អ្នកអើយ​​ខ្ញុំគិតថា ​អ្នកមានខ្សែជីវិតដែល​ឆ្លងកាត់​ភាពកម្សត់វេទនា​លើសអ្វី​ដែលអ្នកផងស្មានបាន ខ្ញុំយល់ថា​អ្នក​អាចមានសេរីភាព​ចាកចេញ​ទៅបាន ប្រសិន​បើអ្នកចង់ទៅ ឬចង់បន្តនៅស្តាប់រឿងអ្នកផ្សេងទៀត​ក៏ខ្ញុំមិនថាអ្វី​”

ថាចប់នាង​បានងាកទៅ​រង់ចាំស្តាប់ខ្សែរឿង​ដែលនឹងតំណាល​ឡើងដោយអ្នកបួសទីពីរ។