រឿង រឿងរ៉ាវរបស់អ្នកបួសទី២(១០០១យប់វគ្គ១២)

នេះជាវេននៃអ្នកបួសទីពីរ​ម្តង​ហើយ។

ក្រោយអ្នកបួសទីមួយ​បានថយទៅអង្គុយស្តាប់ម្តង អ្នកបួសទីពីរក៏ចាប់ផ្តើមឧទា​នឡើងទៅកាន់ម្ចាស់ផ្ទះ​ គឺនាង​ច្បង​ ហ្សូប៊ីដាថា៖

“ ឱលោកជំទាវ!ប្រសិនបើអ្នកចង់ដឹងពីរបៀបដែលខ្ញុំបាត់បង់ភ្នែកស្តាំ ខ្ញុំនឹងត្រូវប្រាប់អ្នកលំអិត​សិន​អំពីរឿងរ៉ាវពេញមួយជីវិតរបស់ខ្ញុំ” ។

តាំងពីខ្ញុំចាប់កំណើតជា​ទារកមកម្ល៉េះដែលស្តេចជាបិតាខ្ញុំជឿថា​ ខ្ញុំរាងកាយ​លឿនស្លេវ​រហ័សរហួននិងឆ្លាតវ័យខុសពីរាជ​កុមារធម្មតា។ បិតាខ្ញុំបានបង្វែរគំនិតទាំងអស់និងសេចក្តីប្រាថ្នាធំៗនៃរាជនគរយើង មក​លើខ្ញុំតែម្នាក់ ទើបការ​អប់រំខ្ញុំត្រូវបានបង្រៀនដោយពិសេសនិងសម្ងាត់។ ដំបូង​ខ្ញុំរៀនអាន​និងសរសេរព្រះគម្ពីរគូរ៉ាន់ បន្ទាប់មកក៏រៀន មូលដ្ឋានគ្រប់លំដាប់នៃសាសនាដ៏បរិសុទ្ធរបស់យើង ដោយមាន​គ្រូពូកែៗទូទាំងនគរ​មកជាអ្នកអត្ថាធិប្បាយយ៉ាងល្អិតល្អន់ពន្យល់​ខ្ញុំ  ហើយខ្ញុំបាន​តាំងចិត្តថាចងចាំអ្វីៗគ្រប់យ៉ាង​ទាំងអស់ទាំងក្បួនច្បាប់ ជាប្រពៃណីគោរពព្យាការី រៀនពីប្រវត្តិសាស្ត្រ ការបកស្រាយអំពីភូមិសាស្ត្រ កាលប្បវត្តិនិងសឹកនានា​ ដែលព្រះអង្គម្ចាស់គ្រប់រូបគួរចេះស្ទាត់។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តជាងគេ បែរជាការសរសេរអក្សរអារ៉ាប់ ហើយមិនយូរប៉ុន្មានខ្ញុំបានស្ទាត់ជំនាញជាងគ្រូ​ របស់ខ្ញុំ ដោយ​ទទួលបានកេរ្តិ៍ឈ្មោះនៅក្នុងផ្នែក នេះរហូតល្បីទៅដល់ប្រទេសឥណ្ឌានិងចិន។

ស្តេចស៊ុលតង់នៃប្រទេសជាច្រើន​រួមទាំងរាជវង្ស​ឥណ្ឌាប្រាថ្នា​ចង់ជួប បាន​ដឹងនិង​ចង់ឃើញព្រះអង្គម្ចាស់វ័យក្មេងដែលមានរសនិយមវិជ្ជា​ទន់ភ្លន់ចម្លែក ចេះផ្នែកអក្សរសាស្ត្រ​តែងកំណាព្យ​និងមាន​ចុងជួនល្បាញល្បី ទើបបានបញ្ជូនឯកអគ្គរាជទូតម្នាក់ដល់​ ដោយមានអំណោយដ៏សំបូរបែប និងចុតហ្មាយ​អញ្ជើញយ៉ាងកក់ក្តៅមួយ ឱ្យ​ទៅលេងនគរទ្រង់។

វររាជបិតា ខ្ញុំដែលមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការធានានូវ​ចំណងមិត្តភាព និងម្យ៉ាងគិតពី​សុវត្ថិភាព​របស់ខ្ញុំជាមួយ​ ការធ្វើដំណើររយៈពេលវែងចាកព្រះនគរ បានបន្លាយពេលច្រើនទិវាមុននឹង​សម្រេចព្រះទ័យ​ឱ្យខ្ញុំនេហបានចេញដំណើរទៅប្រទេសឥណ្ឌាជាមួយ ឯកអគ្គរដ្ឋទូត នោះ។ ដោយមានកងការពារ​ឈុតតូចមួយ តាមខ្លួន ការធ្វើដំណើរវែងឆ្ងាយនឹងសភាពអាក្រក់នៃផ្លូវ ទោះ ខ្ញុំបានយកអូដ្ឋ ១០ ក្បាលមកជាមួយក៏វាត្រូវហត់នឿយខ្លាំងជាមួយការដឹកជញ្ជូន​ អំណោយដ៏ជូន​ត្រឡប់ផងដែរ។

យើងបានធ្វើដំណើរប្រហែលមួយខែ ថ្ងៃមិនល្អមួយបានចូលមកដល់។ យើងបានឃើញពីចម្ងាយ​នូវ​ដុំពពកធូលីធំក្រាស់​តាមពិតគឺចោរផាយសេះ​សាហាវ​មួយក្រុមកំពុងធ្វើដំណើរមករកក្បួន​របស់យើងយ៉ាងលឿនស្លេវ​។

 ហើយនៅពេលដែលវាចូលមកកាន់តែ​ជិត យើងបានដឹងថាធូលី គ្នាយើង​ ស្ទើរតែមិនបានចំនួនពាក់កណ្តាលវាផង ហើយនៅពេលដែលយើងជិះ សត្វអូដ្ឋឯគេមានសេះចំបាំងផងនោះគ្មាវានប្រយោជន៍ក្នុងការប្រយុទ្ធតទល់ទេ ដូច្នេះយើងបានព្យាយាមចចារ​ធ្វើឱ្យពួកគេ​គោរព ដោយប្រាប់ពួកគេថា យើងជាអ្នកណាហើយយើងនឹងទៅណា។ ទោះយ៉ាងណា ចោរប្លន់បានត្រឹមតែសើចចំអក​ស្រែក​ប្រកាសថា មិនខ្លាចស្តេចបិតាខ្ញុំឬស្តេចឥណ្ឌាឡើយ​ វាជាអាជីវកម្មរបស់ពួកគេ ហើយចាប់ផ្តើម​ វាយប្រហារយើងយ៉ាងសន្ធាប់ឃោរឃៅ។

ខ្ញុំបានការពារខ្លួនរហូត​ដល់ អស់សង្ឃឹមពេល​ឃើញ​ ឯកអគ្គរដ្ឋទូតនិងបក្ខពួករបស់យើងទាំងអស់ត្រូវបានគេចាប់ សត្វអូដ្ឋ​កំសត់បានស្លាប់ដោយសាររបួស សេះខ្ញុំក៏របួស តែវានៅខំ​បំផាយ​នាំ​មកឆ្ងាយ រហូត​ដល់ទីស្ងាត់​មួយ​ដេល​ខ្ញុំអាចលោតចុះបានស្រួល​មុនពេលសត្វដេកដួល​ទៅលើធរណី។

ដោយឃើញ​ថាខ្លួនឯង គ្មានរបួសហើយសម្លឹងមើលផងថា តើខ្ញុំត្រូវគេដេញតាមមកដែរឬទេ។ ប៉ុន្តែសម្រាប់ពេលឃើញថា​មានសុវត្ថិភាព ដូចដែលខ្ញុំបានគិតហើយ ខ្ញុំក៏យល់ថា ក្រុមចោររវល់ ធ្វើសកម្មភាពស្រេកឃ្លាននឹង​ទ្រព្យស្បៀងទាំងឡាយដែលជាជ័យភ័ណ្ឌ ។

ដោយរត់ទៅមុខមិនឈប់ឈរ ខ្ញុំបានរកឃើញខ្លួនឯងមកដល់ប្រទេសមួយដែលថ្មីមិនដែលឮសម្រាប់ខ្ញុំ ហើយមិនហ៊ានវិលត្រឡប់មកផ្លូវធំវិញឆ្ពោះទៅឥណ្ឌាទេខ្លាចក្រែងខ្ញុំត្រូវធ្លាក់ក្នុងកណ្តាប់ដៃចោរម្តងទៀត។

សំណាងដែររបួសរបស់ខ្ញុំមានរបួសបន្តិចបន្តួចប៉ុណ្ណោះ ហើយបន្ទាប់ពីចងវាតាមលទ្ធភាពខ្ញុំ ខ្ញុំអាចបន្តដើរបានពេញមួយថ្ងៃរហូតទៅដល់រូងភ្នំមួយ ក៏អរណាស់​ហើយប្រញាប់ចូលសម្រាក។

រូងនោះស្ថិតនៅនឹង​ជើងភ្នំ ជាកន្លែងដែលខ្ញុំអាច​គេចខ្យល់រងារពេល​យប់ដោយក្តីសុខ ធ្វើនឹង​អាចរក​ហូបផ្លែឈើខ្លះដែលខ្ញុំបានប្រមូលមក​នៅតាមផ្លូវ។

ស្អែកឡើងខ្ញុំបានដើរបន្តនិងធ្វើបែបនេះ ដោយ​វង្វេងផ្លូវ​អស់ពេញមួយខែ ដោយមិនដឹងថាខ្ញុំត្រូវទៅទីណា រហូតដល់ទីបញ្ចប់ខ្ញុំបានរកឃើញតំបន់ ជាយក្រុងនៃទីក្រុងដ៏ស្រស់ស្អាតមួយ។ ភាពរីករាយរបស់ខ្ញុំចំពោះការរំពឹងទុកថានឹងអាចរកបានជំនួយពីស្តេចនោទីនោះបានរលប់ចោលទៅនូវ​បណ្តា​ទុក្ខ​ វេទនានានា​ដែលខ្ញុំបាន​ត្រូវឆ្លងកាត់ដោយអស់សង្ឃឹម​ល្ហិតល្ហៃ​ជាង៣០ថ្ងៃមកនេះ ។

ខ្ញុំចុះទឹកបឹងមួយក្បែរក្រុង មុជទឹក និងដុសលាងមុខដែល ត្រូវបានរោលខ្មៅស្រគាំស្ទើរតែចំណាំមិនបានថាជាខ្ញុំ។ សម្លៀកបំពាក់និង ស្បែកជើង ស្ថិតក្នុងសភាពរហែករលូយសឹង​ថា​ ទាំងស្រុង។

ខ្ញុំបន្តដំណើរ​ចូលទៅក្នុងទីក្រុងដូចជាស្មូមម្នាក់។

ចុងក្រោយ​ក៏មកឈប់នៅពីមុខ​ហាងកាត់ដេរមួយ​ប៉ះចំ​ម្ចាស់ហាងជាមនុស្ស​មានចិត្ត គាត់ចេញមក​ហុចនំក្រៀមនិងទឹក​ហើយសួរថា ខ្ញុំនៅឯណាទៅណាមកណា?

ឃើញទឹកចិត្ត​គាត់ ខ្ញុំបានអង្វរឱ្យគាត់អង្គុយមកសិន ហើយជាថ្នូរវិញ ខ្ញុំបានប្រាប់គាត់ពីរឿងរបស់ខ្ញុំទាំងអស់ពីដើមដល់ចប់។​ ដោយដំបូង​ខ្ញុំស្មានថា ម្ចាស់ហាងកាត់ដេរដែលខំ​ស្តាប់ដោយយកចិត្តទុកដាក់ អាចនឹង​ជួយ​ខ្ញុំទៅដល់ព្រះរាជានគរនេះ​ប៉ុន្តែការឆ្លើយតបរបស់គាត់បានធ្វើឱ្យស្រងាកចិត្ត​មែនទែន។

គាត់និយាយថា៖

 “ប្រយ័ត្ន! ចូរព្រះបុត្រា​កុំប្រាប់នរណាម្នាក់នូវអ្វីទាំងអស់ដែលអ្នកទើបបានតំណាលប្រាប់ខ្ញុំនេះ ដ្បិតថា​ស្តេចយើងដែលគ្រប់គ្រងនគរ គឺជាសត្រូវធំបំផុតរបស់បិតាអ្នក ហើយគាត់នឹងត្រេកអរដែលឃើញអ្នកធ្លាក់មកក្នុងដៃគាត់” ។

ខ្ញុំភ័យកង្វល់ពីសុវត្ថិភាព បន្ថែមពីលើអារម្មណ៍​អស់សង្ឃឹមពេញមួយខែមកនេះ។ ខ្ញុំមាន​អ្វីធ្វើបាន​ក្រៅតែពី​អរគុណអ្នកកាត់ដេរ សម្រាប់ការប្រឹក្សាដោយស្មោះស​របស់គាត់។

បុរសនោះឮហើយក៏និយាយទៀតថា៖

«ខ្ញុំនឹង ផ្តល់ជូនផ្ទះស្នាក់នៅដល់បុត្រា និងអាហារ​ទម្រាំគ្រប់យ៉ាងពិសេសខាងកាយពលបានប្រសើរសិន​ចាំគិតទៀត!»

ខ្ញុំសំពះដឹងគុណនឹងជូនពរគាត់។រួចគាត់នាំខ្ញុំទៅស្នាក់នៅបំពួន​ក្នុងជ្រុក​ផ្ទះបាយ ដោយឱ្យអាហារល្អ​ទឹកដោះគោនិង​ភួយកំដៅដណ្តប់​កម្រាលសម្រាប់សម្រាកបំប៉ន។​ ពីរបីថ្ងៃក្រោយមកខ្ញុំបានជាសះស្បើយពីភាពទុរន់។

ការលំបាកដែលខ្ញុំបានឆ្លងកាត់ត្រូវបានក្លាយជាអតីតកាល ហើយបន្ទាប់មកពេលជាងកាត់ដេរចូលមកលេងខ្ញុំ​ខ្ញុំសួរគាត់ថា ៖

« តើមានអ្វីដែលខ្ញុំអាចធ្វើបាន ជាថ្នូរ​នឹង​ការ​រស់នៅរបស់ខ្ញុំជាបន្ទុកអ្នក?  ខ្ញុំ ទទួលការអប់រំក្នុងច្រើន​មិនថា​ វេយ្យាករណ៍និងកវីនៃកំណាព្យ ហើយ​ចេះការសរសេរជ្រៅជ្រះ»

អ្នកកាត់ដេររូបនេះបានឆ្លើយ​តបវិញថា៖

«“ អ្វីៗទាំងអស់នេះគ្មានប្រយោជន៍ទេ!នៅទីនេះ​បើអ្នកចង់ សូមយកដំបូន្មានខ្ញុំ ពាក់អាវចាស់ៗស្រួលៗ​ ហើយ ចូលទៅក្នុងព្រៃ កាប់អុសដែលអ្នកនឹងអាចលក់វាយកប្រាក់មកវិញ នៅតាមផ្លូវភូមិ។»

គាត់បានឱ្យអំណោយ​ ខ្សែចងនិងកាំបិតផ្គាក់សម្រាប់ជីវភាព​រកស៊ីចិញ្ចឹម​ជីវិត​របស់ខ្ញុំ ។

ដំបូន្មាននេះពិតជាគួរឱ្យអាម៉ាស់ណាស់ចំពោះរាជវង្សដូចជាខ្ញុំ ប៉ុន្តែខ្ញុំគិតវិញថា ខ្ញុំមិនអាចធ្វើអ្វីក្រៅផ្សេង​ក្រៅពីទទួលយកវិញ្ញាសារពីព្រះឱឡោះនេះសិននោះឡើយ។

 ដូច្នេះនៅព្រឹកបន្ទាប់ ខ្ញុំបានចេញដំណើរជាមួយក្រុមអ្នកកាប់ឈើក្រីក្រ ដែលជាងដេរបានណែនាំឱ្យខ្ញុំបានស្គាល់ពួកគេ​។ នៅថ្ងៃដំបូង ដែលខ្ញុំបានចេញ​កាប់ឈើ ខ្ញុំពិតជាធ្វើបានមែន​ហើយអាច លក់ក្នុងតម្លៃដែលអាចទិញនំហូបមែន។

មិនយូរប៉ុន្មានខ្ញុំក្លាយជាអ្នកជំនាញផ្នែកនេះ ហើយបានរកលុយបានគ្រប់គ្រាន់ដើម្បីសងអ្នកកាត់ដេរលើការទំនុកបម្រុងពីមុនទាំងអស់ដែលគាត់បានឧបត្ថម្ភខ្ញុំ។

ខ្ញុំអនុវត្តិជីវភាពបែបនេះ គឺ​ជាអ្នកកាប់ឈើបាន​អស់រយៈពេលប្រមាណជា​ជាងមួយឆ្នាំ។ ស្រាប់តែ​នៅថ្ងៃមួយខ្ញុំចូលជ្រៅឡើងៗ រហូត​បានវង្វេងក្រុមតែម្នាក់ឯងឯកា ចូលទៅក្នុងព្រៃមួយ​មិនធ្លាប់ស្គាល់ឬបានទៅដល់។

ឈើក្រាស់ ច្រើនជាងអ្វីដែលខ្ញុំធ្លាប់ឃើញពីមុនមក ហើយចុងក្រោយ​ទាំងភ័យបារម្ភ​ខ្ញុំបានទៅលុកទៅដល់ដល់វាលស្មៅពណ៌បៃតងស្រស់ដាច់កន្ទុយភ្នែកមួយ ។

ខ្ញុំរំពៃរកមើលទីសម្រាក ក៏ឃើញមាន​បណ្តំ​ដើមឈើពីរបីធំៗ ។ នៅពេលទៅដល់ ខ្ញុំឃើញពីក្រោយដើមធំជាងគេ​មួយ មាន​បង្កប់កូនទ្វារ​និងបន្តោកទំពក់សោរគន្លឹះ ។

ដោយចំងល់ពេក  មិនយូរប៉ុន្មានខ្ញុំបានបោសសំអាតទ្វារនោះចេញ ហើយទាញរនុក​រុញទ្វារចូល។

ខ្ញុំឃើញជណ្តើរស្អាតមួយចុះទៅក្រោម។

តើវាជាប្រាសាទមាន​កន្លែងសម្រាកកក់ក្តៅ និងមាន​ផ្ទុកសល់ចំណីអាហារឬទេ?

នេះជា​មូលហេតុ​ដែលខ្ញុំបានសំរេចចិត្តយ៉ាងលឿនក្នុងការ​ចុះទៅក្រោម ដោយកាន់កាំបិតផ្គាក់ក្តាប់ជាប់យ៉ាងណែនសម្រាប់ការពារខ្លួន។

 នៅពេលខ្ញុំទៅដល់កាំក្រោមបង្អស់ ខ្ញុំត្រូវស្រឡាំងកាំងព្រោះ​បានដឹងថាខ្លួនស្ថិតនៅពីមុខទ្វារ​នៃក្នុងវិមានដ៏វិចិត្រមួយ។

ទ្វារមិនបានបិទ​ថែមទាំងបង្ហាញ​សាលខាងក្នុងធំទូលាយ​មានពន្លឺចែងចាំង ដូចជាប្រាសាទស្តេចអង្គ​ណាមួយត្រួវបាន​គេនីរទេសឱ្យមករស់នៅលាក់កំបាំងខ្លួនក្រោមដី។

ខ្ញុំឈាន​ដោយមិនដឹងខ្លួន​ទៅក្នុងវិចិត្រសាលដែល​ទ្រទ្រង់ដោយសសរផ្កាស្មៅ មានលម្អដោយបំនែកមាស រួមជាមួយ​គ្រាប់ត្បូង។

នារីម្នាក់ មានវត្តមាន​លើកៅអីក្បាច់ខ្ពស់មួយ​សម្លឹងមកខ្ញុំដោយបង្ហាញកែវភ្នែកស្រស់ស្អាតរបស់នាង​ហាក់រំជើបរំជួលជាមួយវត្តមាន​ខ្ញុំ។

ពេលនេះហើយ​ដែលខ្ញុំត្រូវភ្លេចគិតអំពី​ការភ័យព្រួយអ្វីផ្សេងទៀតទាំងអស់ចោល​ផ្តោតគិតតែពីនាង។

ខ្ញុំបានប្រញាប់ទៅរកនាងហើយអោនចុះគំនាប់ថា៖

«ឱទេពធីតាអើយ​ខ្ញុំបានភ្លាត់មកដល់ឋានអ្នក​! សុំសួរថា តើនេះជាកន្លែងណាទៅ?!»

“តើអ្នកជានរណា? ” នាង​បាន​ឧទាន​ឡើងដោយ​ភ័យព្រួយម្តងហើយម្តងទៀត។

អ្នកជាមនុស្សទើបខ្ចាត់មកពីឆ្ងាយ​ឬជាអារក្សសម្តែងខ្លួន​បំភ្លៃខ្ញុំ?

ខ្ញុំប្រញាប់តបវិញ​ភ្លាម​៖

“ ទេពធីតាអើយ តើអារក្សណាទៅ?” ខ្ញុំបានឆ្លើយ។ “ខ្ញុំមិនមានអ្វីដែលត្រូវពាក់ព័ន្ធ ទេ”

ក្រោយពិនិត្យខ្ញុំចុះឡើង​នា​ងឈានមកកាន់តែកៀក​ហើយ​ទើបបង្ហាញ​ភាព​ពេញចិត្ត​ប្រតិព័ទ្ធចំពោះខ្ញុំជាខ្លាំង។

«តើអ្នកមកទីនេះដោយចៃដន្យឬអី?” នាងបានសួរម្តងទៀត។

ដោយដកដង្ហើមធំខ្ញុំឆ្លើយថា៖

ព្រះបាទ!

នាង​សម្លឹងខ្ញុំដោយ​ភាពរីករាយជាសម្ងាត់​ហើយនិយាយឡើងខ្លាំងៗថា ៖

«បុរសដ៏ល្អអើយ ​តើអ្នកជារង្វាន់ពីព្រះឱឡោះ ដែលខ្ញុំបានប៉ុនប៉ងផ្សងរាល់ថ្ងៃឬអ្វី? »

«ខ្ញុំមិនយល់ទេ​តើអ្នកបានផ្សងអ្វីទៅ?»

ដូច្នេះហើយ នាង​ឆ្លើយតបមកវិញ៖

«ខ្ញុំនៅកន្លែងនេះអស់រយៈពេលប្រាំឆ្នាំហើយ! អ្នកគឺជាបុរសទីមួយដែលបានមកដល់ទីនេះ​និយាយជាមួយនឹង​ខ្ញុំ!​ចូរអង្គុយចុះមក​យើងនឹងលាងអាហារ​សោយសុខ​សុរាជាមួយគ្នា” ។

ដោយភាពស្រស់ស្អាតនិងភាពទន់ភ្លន់របស់នាង ខ្ញុំហ៊ានឆ្លើយតបឡើងងងើលថា៖

«ឱព្រះនាងជា​តួឯកនៃផែនដីនេះ! ចិត្តសប្បុរសនៃអ្នក ដែលមិនត្រឹមតែជាការលួងលោមខ្ញុំក្នុងទុក្ខព្រួយដ៏ធ្ងន់ធ្ងរនៃជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង អនុញ្ញាតឱ្យខ្ញុំអាចផ្គាប់កំដរធ្វើឱ្យអ្នកសប្បាយចិត្តជាងនេះទៀត​ខ្ញុំពេញចិត្ត​ធ្វើតាមគ្រប់បទបញ្ជាបាន”

 ហើយបន្ទាប់មកខ្ញុំបានអង្គុយចុះនឹងតំណាប្រាប់នាងទាំងអស់អំពីថា ខ្ញុំនេះដើមឡើយជាអ្នកណា និងដំណើរជីវិតធ្លាក់ខ្លួន​ដល់ទីបំផុតដែលខ្ញុំអាចមកដល់ទីនោះជួបនឹងនាងដោយសារហេតុការណ៍ណាខ្លះ។

ស្តាប់ចប់នាងបានជូតទឹកភ្នែក​ហើយ​លើកសុរាមកក្រេបសម្រួលក្តី ទុក្ខាទើប​និយាយដោយដកដង្ហើមធំថា៖

“ព្រះអង្គម្ចាស់អើយ! អ្នកស្មាន​ថាមានតែទ្រង់ឬដែលវេទនាក្នុងលោកានេះ? ខ្ញុំវិញ​បានជាប់នៅក្នុងគុកឯកាលាក់កំបាំងគ្មានអ្នកណាអាចរកឃើញបាននេះ៥ឆ្នាំមកហើយ! កាលពី៥ឆ្នាំមុន​ ខ្ញុំបានរៀបការជាមួយកូនអ្នកជំនួញម្នាក់ត្រូវជា បងប្អូនជីដូនមួយរបស់ខ្ញុំ តែនៅថ្ងៃមង្គលការអារក្ស​ធំបំផុតមួយយ៉ាងកំណាច វាបានមក​បំផ្លាញ​ពីធី​នឹង​ចាប់យកខ្ញុំបំបាំងកាយ​នាំរហូតមកឃុំក្នុងទីនេះ! ពេលឃើញវាខ្ញុំត្រូវសន្លប់អស់ជាច្រើន​ដង!​មួយរយៈធំខ្ញុំមិនបានធ្វើអ្វីក្រៅពីយំ ហើយមិនអនុញ្ញាតឱ្យវាមកជិតខ្ញុំបានទេ ប៉ុន្តែពេលវេលាយូរៗទៅ​បាន​បង្រៀនយើងឱ្យសម្របចុះចូលដើម្បីរកឱកាសរស។ ឥឡូវនេះខ្ញុំបានស៊ាំនឹងវត្តមានរបស់វាថានៈជាប្តីខ្ញុំ ហើយវាបាននាំមកគ្រប់គ្រឿងសម្លៀកបំពាក់និងគ្រឿងអលង្ការផ្គាប់ចិត្តខ្ញុំមិនចេះអស់ទេ។ រៀងរាល់ ១០ ថ្ងៃម្តងវាបានមក សួរសុខទុក្ខខ្ញុមនឹងរួមរស់ជាមួយគ្នា ប៉ុន្តែក្នុងករណីដែលខ្ញុំត្រូវការជួបវា​ខ្ញុំគ្រាន់តែ​កន្ត្រាក់ខ្សែពួរទិព្វមួយនៅ ជ្រុងនោះ​វានឹងមកដល់ភ្លាម​” ។

ខ្ញុំមានការអាណិត និងងឿងឆ្ងល់ពន់ពេក​ថែមទាំង​ចុះចាញ់ចំពោះសម្រស់របស់នាងយ៉ាងខ្លាំងដែលសុបិនចង់បាននាងមកជាភរិយាពន់ពេក ម្ល៉ោះហើយពេលនាង​ អោយខ្ញុំទៅងូតទឹក និងប្តូរឈុតថ្មី​ខ្ញុំបានចេញ​មក​ជាមួយអារម្មណ៍នៃស្នេហា។

ក្រោមការសោយអាហារ​ដ៏សំបូរបែបសមនឹងឋានៈរបស់ខ្ញុំនិងនាង​ជាថានសួគ៌ថ្មីពិតៗ​បណ្តាលឱ្យខ្ញុំភ្លេចចោល​រឿងសៅហ្មងអស់ទាំងពួងចេញ។ អាហារដែលមានរសជាតិឆ្ងាញ់បំផុតត្រូវបានបម្រើដោយនាង​គោះតុហើយហៅឈ្មោះវាក៏ចេញមកតាមបទញ្ជាបានទាំងអស់។​ ទីថាននេះសឹងតែផ្ទុកពេញដោយវត្ថុទិព្វដែលអារក្សបានរកមកទុកឱ្យនាងសោយសុខម្នាក់ឯង។

យើងបន្តជជែកគ្នា​លេងរហូតមក ទាំងសំណើចក្អាកក្អាយ និងស្រវឹងជោគ​ដោយ​ជាតិសុរាអប់ពីផ្លែឈើក្រអូបឈួលពេញប្រាសាទ។បន្ទាប់ពីយើងញុំាអាហារពេលល្ងាចខ្ញុំមិនអាចរក្សាភាពអត់ធ្មត់ បានទៀតក៏ អង្វរព្រះនាងឱ្យចេញក្រៅ​គេចទៅជាមួយ​ខ្ញុំ ខ្ញុំធានា​ថា​នឹង​យកនាង​ជាភរិយាលុះអស់ជីវិត​។

នាងឆ្លើយវិញថា៖

“ អ្វីដែលអ្នកស្រមៃនេះ គឺមិនអាចទៅរួចទេព្រោះវានឹង​រកយើងឃើញបានគ្រប់ទីកន្លែង”

តែនាង​បានផ្តល់ឧបាយមួយថា៖

 «សូមបងនៅទីនេះជាមួយខ្ញុំជំនួសវិញ! យើងអាចសប្បាយចិត្តជាមួយគ្នា ! អ្វីដែលបងត្រូវធ្វើគឺរត់ ចូលព្រៃពួនទៅ​នៅរៀងរាល់ថ្ងៃថ្ងៃទី ១០ កុំឱ្យអារក្ស​វាសម្លាប់អ្នកព្រោះប្រចណ្ឌ! វាមិនអនុញ្ញាតឱ្យបុរសណាម្នាក់មកជិតខ្ញុំបានទេ!ពេលវាទៅវិញបាត់សឹមយើងមកសោយសុខទៀត” ។

ពួកយើងបានសន្មត់រួមរស់បែបនេះ បានបីថ្ងៃ​យ៉ាងមានសុភមង្គលជាមួយគ្នា។ រហូត​យប់មួយ

ខ្ញុំស្រវឹងពេក​បានលេចចេញក្តីមានៈ វិលវល់លើកឡើងទៅកាន់នាង​ថា៖

«ព្រះនាងអើយ តើអ្នកគិតថា​ ខ្ញុំអត់ទ្រាំឃើញអ្នកបន្តរួមរស់ជាមួយអាអារក្សឧត្បាតហ្នឹងម្តេចនឹងបានទៀត បើខ្ញុំស្រលាញ់អ្នកជាងជីវិតខ្ញុំនេះទៅហើយផង! ចូរយើងរកមធ្យោបាយសម្លាប់វាចោលឬរត់ចេញ​ពីជីវិតវា​បាន»

នាង​បានដឹងអំពីផលវិបាកនៃភាពក្លាហានមានៈ​ដែលខ្ញុំកំពុង​ផ្ទុះប្រចណ្ឌឡើងនេះ​បានជាមកបឱប​អង្វរខ្ញុំដោយ​ និយាយថា៖

«ម្ចាស់បងនៃប្អូន អ្នកជាព្រះប្រទាន​ឱ្យខ្ញុំ! តែ​ប្រសិនបើអ្នកធ្វើតាមកំសួល នឹងក្លាយជាការបំផ្លាញអនាគតនៃយើងទាំងពីរទៅវិញ! ខ្ញុំស្គាល់វាច្បាស់ជាងអ្វីដែលអ្នកកំពុងគិត! វាមិនមែនងាយស្រួលនឹងកម្ចាត់ទេ! »

នាង​ខំនិយាយច្រើនណាស់ ប៉ុន្តែស្រាដែលខ្ញុំស្រវឹង បានធ្វើឱ្យខួរក្បាលខ្ញុំច្របូកច្របល់។ ខ្ញុំខឹងប្រចណ្ឌ​ក៏យារទាត់មួយជើងទៅដបស្រា​រេ ធ្លាក់រមៀលទៅទាក់គ្នាជាមួយនឹងខ្សែពួរដែលទុកសម្រាប់​ទាញកន្ត្រាក់ហៅអារក្សមកជួបប្រពន្ធ។

ជើងរបស់ខ្ញុំស្ទើរតែមិនទាន់ដកចេញមកស្រួលបួលផង គ្រប់យ៉ាង​ទីនេះ​ពេញដោយគំនួចខ្យល់ និងពន្លឺដូរអស់ទៅប្រែជាងងឹតដូចពេលយប់ ។

មានសម្លេងគួរឱ្យភ័យខ្លាចកើតឡើងគ្រហឹម​ពេញផ្ទៃវិមាន និងបានរង្គោះរង្គើដល់គ្រឹះសសរទាំងអស់ផង។ មួយរំពេចដែលខ្ញុំភ័យស្លន់ និងបានយល់ពីកំហុសនៃ​អ្វីដែលខ្ញុំបានធ្វើ ព្រះនាង បានយំថា៖

«យើងនឹងស្លាប់ហើយ!»

នាង​រុញខ្ញុំឡើងទៅពួន​តាមជណ្តើរដែរ​ប៉ុន្តែខ្ញុំយឺតពេលហើយ កម្រាលនៃប្រាង្គនេះបានកក្រើករបើកឡើង  ខ្ញុំភាំងនឹងអារក្ស​ធំមួយអាក្រក់ហួសស្មានសម្លឹងមកពួកយើងដោយក្រឡោតៗ។

“មានរឿងអ្វី?”

វាសួរខ្ទរខ្ទារ ព្រះនាងបានឆ្លើយយ៉ាងប្រញាប់ថា៖

 «ខ្ញុំបានរអិល ដួលសន្លប់ ហើយប៉ះជើង​នឹងវត្ថុស័ក្តិសិទ្ធិកន្ត្រាក់ហៅអ្នកមកសល់” ។

«នេះជាពាក្យ​ មិនស្មោះត្រង់!” អារក្ស​ស្រែកឡើង​។ “តើនេះជាអ្នកណា?»

នាងបានឆ្លើយញាប់ញ័រថា៖

«ខ្ញុំមិនដែលឃើញគេពីមុនទេ !»

«វាជាសាហាយរបស់ឯង?»

ថាហើយអារក្ស​វាយនាងដួលខ្ពោកទៅក្នុងថ្លុកឈាម​។ ខ្ញុំខំប្រតាយវា​តែវាច្បាមខ្ញុំជាប់ ឯនាងងើបក្បាលឡើង​ បើកភ្នែកយឺត ៗ ហើយមើលមកខ្ញុំយ៉ាងក្រៀមក្រំខំឆ្លើយការពារ​ទៀត៖

 “ ខ្ញុំមិនដែលឃើញគាត់ពីមុនទេ” នាងឆ្លើយយឺត ៗ ។ “ខ្ញុំមិនដឹងថាគាត់ជាអ្នកណាទេ” ។

“ ល្អណាស់” អារក្ស​ថាហើយ ក៏ទាញដាវវែង​របស់វាចេញពីក្នុងចង្កេះ ហុចបញ្ជាទៅនាង​ថា“ យកនេះហើយកាត់ក្បាលវាចេញទៅបើពិតមែន​” ។

ព្រះនាងឆ្លើយថា“ អាឡស់” ខ្ញុំទន់ខ្សោយខ្លាំងពេកសូម្បីតែកាន់ដាវម្តេចនឹងរួច ហើយសន្មតថាខ្ញុំមានកម្លាំងទៅចុះ​តើ​ហេតុអ្វីខ្ញុំត្រូវសម្លាប់មនុស្សស្លូតត្រង់?

អារក្ស​បានគំហក​ឡើង​ថា៖

“ អ្នកឯងម្តេចហ៊ានសម្លាប់សាហាយ?” ។ បន្ទាប់មកវាងាកមករកខ្ញុំដោយ​បន្ថែមថា“ ហើយអាឯងក៏មិនស្គាល់នាងមែន​ឬ?”

“តើខ្ញុំគួរឆ្លើយដូចម្តេច?” ខ្ញុំគិតដោយពិបាកណាស់ រូចទើបបានសម្រេចថា​ឆ្លើយតបដូចគ្នានឹង នាង។ “ខ្ញុំកាប់អុសលក់ ខ្ញុំមិនដែលឃើញនាងពីមុនមកទេ”

វាបញ្ជាឡើងថា “ កាត់ក្បាលនាងចុះ” ប្រសិនបើនាងជាមនុស្សចម្លែកសម្រាប់អ្នកឯង ហើយខ្ញុំនឹងជឿថា អ្នកឯងនិយាយការពិត​បន្ទាប់មក នឹងឱ្យអ្នក​ឯងមានសេរីភាពចាកចេញ”

“បាន” ខ្ញុំឆ្លើយដោយកាន់ដាវមាំមកក្នុងដៃខ្ញុំ ហើយធ្វើសញ្ញាប្រាប់ព្រះនាងថា កុំខ្លាចអ្វី។

ចុងក្រោយខ្ញុំយារវាកាប់ទៅលើអារក្ស ដោយស្រែកថា ៖

«បើខ្ញុំជាមនុស្សកំសាកដូចជាព្រម​សំលាប់នារីម្នាក់ដែលមិនធ្លាប់ ស្គាល់គ្នា ខ្ញុំសូវ​ស្លាប់ខ្លួនឯង ប៉ុន្តែខ្ញុំបដិសេធមិនធ្វើតាមបង្គាប់ដ៏ឃោរឃៅរបស់អ្នកឯងទេ” ។

អារក្ស​មិនបានមុតនឹងដាវសោះ។ វារឹងមាំហើយ​និយាយខ្ទរខ្ទារថា៖

“ អញឃើញច្បាស់ហើយថាអ្នកទាំងពីរបានសំរេចចិត្តក្លាហានប្រឆាំងនិងក្បត់អញ​! ” ។

ដូច្នេះនិយាយចប់ វា​បានទាញដណ្តើមយកដាវនេះទៅ កាប់សម្លាប់នាងជាច្រើនកំណាត់ ដេកដួលសូន្យ​។

បន្ទាប់មកខ្ញុំបានវង្វេងស្មារតីដួលចុះក្បែរនាងនឹងបួងសួងព្រះអុរឡោះឱ្យដាក់បណ្តាសារអ្នកដែលសម្លាប់នាង​យ៉ាងឃោរឃៅ។

តែអារក្ស​កំណាចវា​មិនបានយកចិត្តទុកដាក់ចំពោះការអធិស្ឋានរបស់ខ្ញុំទេ បែរជាស្រែក​ ថា៖

“ នោះគឺជាវិធីដែលអាក្រស​គ្រប់គ្នា ត្រូវ ប្រព្រឹត្តចំពោះស្ត្រីដែលក្បត់ខ្លួន! ប្រសិនបើខ្ញុំជ្រើសរើសបាន ខ្ញុំនឹង​សម្លាប់ឯងដែរ ប៉ុន្តែខ្ញុំនឹកគិតឯងជាកូនចៅព្រះឱឡោះ​ ពេញចិត្តនឹងឱ្យឯងរើសវិធី​ទទួលទណ្ធកម្ម​ស្រាលជាងស្លាប់ដូចជា​ក្លាយទៅជា ឆ្កែ លា សត្វតោឬបក្សីមួយណាដែលេងចង់” ។

ពាក្យទាំងនេះ ផ្តល់ឱ្យខ្ញុំនូវក្តីសង្ឃឹមបន្តិចបន្តួចក្នុងការបន្ទន់កំហឹងរបស់អារក្ស​ ច្នេះហើយ​ខ្ញុំបាន ស្រែកឡើង​ថា៖

“ ដូចដែលអ្នកមាន​ចិត្តសទ្ធាចង់ទុកជីវិតដល់ខ្ញុំ សូមមានចិត្តសប្បុរសហើយឱ្យខ្ញុំវិលទៅកាប់អុសវិញទៅ ខ្ញុំក្នុងនាមជាបុរសល្អបំផុតនៅលើពិភពលោកនឹង​ អភ័យទោសឱ្យអ្នកដូចរឿងមួយអំពីអ្នកជិតខាងដែលច្រណែនគ្នា !»

អារក្ស ហាក់ដូចជាចាប់អារម្មណ៍នឹងពាក្យរបស់ខ្ញុំ វាឆ្លើយថា៖

«ចូរឯង និទាន រឿងរ៉ាវរបស់អ្នកជិតខាងទាំងពីរយើង នឹង​គិតអំពីវិធីសម្រាលទោស​ឱ្យក្រោយបានស្តាប់វាសិន​!»

ខ្ញុំចាប់ផ្តើម​និយាយ…..

ចុចអានរឿង​អ្នកជិតខាងពូកែច្រណែន