(តពីអ្នកបួសទីពីរ វគ្គក្នុងរូងក្រោមដីជាមួយអារក្ស)
ពេលនោះ ដើម្បីសុំរួចរស់ជីវិត អ្នកបួសទីពីរបានតំណាលប្រាប់អារក្សថា…..
យូរលង់មកហើយ នៅក្នុងទីក្រុងតូចមួយ មានបុរសពីរនាក់រស់នៅជិតខាងគ្នា ប៉ុន្តែពួកគេមិនចុះសម្រុងទេ ព្រោះបុរសទីមួយជាមនុស្សមានចិត្តស្អប់ខ្ពើមលើបុរសម្នាក់ទៀតព្រោះក្តី ច្រណែនគាត់យ៉ាងខ្លាំង។
ឃើញបែបនេះ បុរសទីពីរដែលត្រូវគេច្រណែន បានសម្រេចថាចាកចេញពីទីនោះទៅរកផ្ទះនៅទីផ្សេង ដោយសង្ឃឹមថា នៅពេលដែលពួកគេលែងជួបគ្នា សត្រូវរបស់គាត់នឹងបំភ្លេចអ្វីៗទាំងអស់ចោល។
គាត់បានលក់ផ្ទះរបស់គាត់និងគ្រឿងសង្ហារឹមប្រមូលប្រាក់តិចតួច ដែលគាត់មាន ហើយបានផ្លាស់ទៅរដ្ឋធានីនៃប្រទេសផ្សេងនៅចម្ងាយឆ្ងាយ ប្រហែលកន្លះម៉ាយល៍ពីទីក្រុងមុន។ គាត់បានទិញកន្លែងតូចមួយដ៏ស្រស់ស្អាត ដែលមានសួនច្បារនិងផ្ទៃផ្ទះទំហំសមរម្យនិងនៅចំកណ្តាលផ្ទះមានអណ្តូងចាស់។
ដើម្បីរស់នៅក្នុងជីវិតដែលស្ងាត់ស្ងៀម បុរសនោះ បានបែងចែកផ្ទះរបស់គាត់ទៅជាបន្ទប់តូចៗនឹងទទួលយកអ្នកក្រីក្រជ្រកកោនពីភាពរងា។
កិត្តិនាមនៃគុណធម៌របស់គាត់បានរីករាលដាលបន្តិចម្តង ៗ រហូតដល់ក្រៅប្រទេសហើយមនុស្សជាច្រើន រួមទាំងអ្នកដែលមានថានៈ ខ្ពស់មួយចំនួនបានមកលេងគាត់ហើយសុំការរាប់អាន ។
សូម្បីតែអារក្សអ្នកតាខ្លះបានសុំគាត់មកនៅក្នុងអណ្តូងនោះក៏គាត់បានអនុញ្ញាត្តិដែរ។
ជាការពិត មិនយូរប៉ុន្មានទេដែលកេរ្តិ៍ឈ្មោះរបស់គាត់បានហៀរហូរទៅដល់ត្រចៀកបុរសដែលធ្លាប់ច្រណែនពីមុន។
មនុស្សអាក្រក់ រូបនេះបានសំរេចចិត្តមិនសម្រាកពីការចង់ដឹងឡើយ រហូតដល់គាត់អាចរកវិធីណាមួយថ្មីនឹងទៅបំផ្លាញកិត្តិនាម អតីតអ្នកជិតខាងឱ្យទាល់តែបាន។ ដូច្នេះគាត់បានចាកចេញចោលផ្ទះនិងមុខជំនួញរបស់គាត់ ហើយបានទៅដល់ទីក្រុងថ្មី ជាកន្លែងដែលគាត់ត្រូវបានស្វាគមន៍ដោយភាពកក់ក្តៅនៃអតីតអ្នកជិតខាងនោះ ។
លេសដែលគាត់លើកមក សម្រាប់ការបង្ហាញខ្លួនមិនមានអៀនខ្មាស់ គឺគាត់ថា គាត់ចង់មកក្រុងនេះកសាងធុរកិច្ច ដែលមានសារៈសំខាន់មួយ តែគាត់និយាយខ្សឹបៗថា៖
«អ្វីដែលខ្ញុំនិយាយមិនត្រូវឱ្យឮដល់អ្នកណាទៀតទេ!»
អ្នកជិតខាងចិត្តល្អ បានស្បថឡើងភ្លាមថា៖
«សូមអ្នកទុកចិត្តហើយស្នាក់ទីនេះរហូតដល់ការងារអ្នកបានសម្រេច!»
ដោយបានដូចដែលគាត់ប៉ង អ្នកជិតខាងចិត្តច្រណែន បានចាប់ផ្តើមប្រាប់រឿងរ៉ាវកុហកវែងអន្លាយមួយ ដោយដើរនិយាយគ្នាតែពីរនាក់ស្ងាត់ៗ។ នៅពេលពួកគេដើរទៅជិតអណ្តូង ហើយគ្រាឱកាសមាន មនុស្សកំណាចបានទាញច្រាន ម្ចាស់ផ្ទះធ្លាក់ចូលទៅក្នុងអណ្តូងដើម្បីកុំឱ្យមានអ្វីប្រសើរបន្តកើតឡើងបានទៀត។
គាត់ច្រឡំថា អណ្តូងចាស់នេះអាចសម្លាប់បុរសចិត្តល្អបាន ប៉ុន្តែដោយក្នុងនោះត្រូវបាន រស់នៅជាយូរមកហើយដោយក្រុមអារក្សអ្នកតានានា ពួកគេបានចាប់ទ្រម្ចាស់ផ្ទះ មិនឱ្យរងរបួសអ្វីទាំងអស់។
អ្នកជិតខាងចិត្តល្អ ទោះបីជាដឹងខ្លួនឡើងដោយងងឹតស្លុបក្រោមបាតអណ្តូង មិនអាចមើលឃើញអ្វីទាំងអស់ ប៉ុន្តែគាត់បានដឹងបណ្តើរៗនូវការពិតហើយទទួលយកថា គាត់ច្បាស់ជាត្រូវគេវាយទម្លាក់អណ្តូងក្នុងបំណង សម្លាប់តែមិនស្លាប់។
គាត់នៅស្ងៀម មួយសន្ទុះក៏បានឮ សំលេងសួរនាំគ្នាចុះឡើងថា៖
“តើអ្នកអាចទាយបានទេថា បុរស ដែលយើងបានសង្រ្គោះពីសេចក្តីស្លាប់នេះជាអ្នកណា?”
“ទេ” សំឡេងផ្សេងៗទៀតជាច្រើនបានឆ្លើយឡើង។
ច្នេះហើយអ្នកសួរបាននិយាយប្រាប់វិញថា៖
“ ខ្ញុំនឹងប្រាប់អ្នក! បុរសម្នាក់នេះ ដោយសារចិត្តល្អបរិសុទ្ធបានបោះបង់ចោលទីក្រុងដែលគាត់ធ្លាប់កើតជានិងរស់នៅ រើខ្លួនចេញ ហើយមករស់នៅទីនេះដោយសង្ឃឹមថា អ្នកជិតខាងម្នាក់ពូកែច្រណែនគាត់មិនអាចទោមនស្សព្រោះតែឃើញវត្តមានគាត់ទៀត។ ប៉ុន្តែមិនយូរប៉ុន្មានចរិតលក្ខណៈរបស់គាត់បានធ្វើឱ្យមកនៅកន្លែងថ្មីនេះ ក៏នៅតេទទួលបានការគោរពច្រើនឡើង ឮត្រឡប់ទៅដល់អតីតអ្នកជិតខាងដែលច្រណែន រហូតដល់តាម មកទីនេះនិងច្រានម្ចាស់ផ្ទះបម្រុងឱ្យ ស្លាប់នៅបាតអណ្តូង។ តែពួកអ្នកគួរដឹងថា ដេវីសជាម្ចាស់ផ្ទះនេះ ដេលជាមនុស្សចិត្តល្អមិនស្លាប់ទេថែមទាំងនឹងបានគុណបុណ្យធំព្រោះបន្តិចទៀតលោកនឹងអាចទៅជួបស្តេចហើយជួយដោះអំពើបិសាចលើព្រះនាងចេញផង !»
អ្នកផ្សេងសួរទៀត៖
“ប៉ុន្តែ តើ ព្រះនាងត្រូវរងអំពើអ្វី បានជានាងត្រូវការការព្យាបាលអធិស្ឋានរបស់ម្ចាស់ផ្ទះយើង?”
សំឡេងអ្នកនាំសួរពីដំបូងឆ្លើយតបវិញថា៖
“ ព្រះនាងមានកម្មអតីត បានធ្លាក់ចូលក្នុងអំណាចរបស់អារក្សខ្មៅឈ្មោះម៉ៃមូម ប៉ុន្តែជាអំពើធ្មប់សាមញ្ញណាស់សម្រាប់ស្រាយ ! គេគ្រាន់តែត្រូវការមនុស្សចិត្តស្មោះដូចម្ចាស់ផ្ទះនេះ ហើយទៅយក ឆ្មាខ្មៅមួយក្បាល ដែលមានចុងកន្ទុយពណ៌សនៅក្នុងផ្ទះគាត់ ដករោម៧សសៃ ទៅដុតយកផ្សែង បង្ហើរលើព្រះនាង ការ ព្យាបាលព្រះនាងនឹងបានសម្រេច ធ្វើឱ្យធ្មប់និងអំពើខ្មៅនានា មិនហ៊ានចូលមកជិតនាងជានិច្ចអស់កល្ប” ។
អ្នកសួរលាន់មាត់ថា៖
«អូល្អហើយ ប៉ុន្តែតើម្ចាស់ផ្ទះដ៏ល្អនេះចេញពីអណ្តូងម្តេចនឹងរួច?!»
អ្នកឆ្លើយតបវិញថា៖
«តាមពិតនៅបាតនេះមានកន្លែងមួយ ចំហៀងអណ្តូងដែលជាផ្លូវទឹក! វារីងយូរហើយ ក៏ជាកន្លែងដែលគាត់អាចឡើងចុះបានយ៉ាងងាយស្រួលគ្មានអ្នកណាដឹងបានឡើយ!»
ពួកអារក្សអ្នកតាឈប់និយាយប៉ុន្តែដេវីសដែលជាអ្នកចិត្តល្អម្នាក់នេះមិនបានភ្លេចមួយពាក្យឬមួយឃ្លាណាដែលពួកគេបាននិយាយទេ។
នៅពេលរកឃើញ កន្លែងចេញមួយនៅចំហៀងអណ្តូងគាត់ពិតជា អាចឡើងលើផ្ទះវិញបាន យ៉ាងងាយស្រួល។
គាត់ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបង្ហាញខ្លួនរបស់គាត់នៅរាជវាំង ។ ស្តេចស៊ុលតង់ កាលដែលឃើញនិងយល់បំណងបុរសនេះកាលណាបានមានបន្ទូលថា៖
“ការនេះនឹងផ្តល់ឱ្យខ្ញុំនូវជីវិតមួយជាថ្មីពិតមែន ប្រសិនបើអ្នកអាចសង្គ្រោះកូនស្រីខ្ញុំពីជំងឺចម្លែកដែលបា នកាន់កាប់រាងកាយនាង” ។
ស្តេចស៊ុលតង់ដែលពោរពេញដោយក្តីសង្ឃឹម បានផ្ញើបញ្ជាភ្លាមៗឱ្យនាំយកបុរសចិត្តល្អទៅរកបន្ទំទីនៃព្រះនាង ។ ពេលទៅដល់នាងគេសន្ធឹងមិនដឹងកាយ ដោយមានស្បៃយ៉ាងក្រាស់ដែលមិនអាចឱ្យមើលមុខនាងឃើញបានទេ។ នៅពេលដាវីសដុតរោមឆ្មានិងដាក់បង្ហុយនៅលើព្រះកេសរបស់នាង ភ្លាមៗនោះពួកគេបានភាន់ភាំងជាមួយ សម្រែកដ៏គួរឱ្យរន្ធត់ លាន់ចេញពីមាត់ ព្រះនាង។
ទោះបីជាយ៉ាងណាគ្មាននរណាម្នាក់អាចស្គាល់ចំណាំបានថា ជាសំឡេងអ្នកណាឡើយ ព្រោះមិនមែនសំឡេងធម្មជាតិនៃព្រះនាងសោះ។
វាជាសំឡេងពួកធ្មប់ដេលរត់ប្រសាចចេញទៅ ! នេះជាសម្តីព្រាហ្ម។
គ្រប់យ៉ាងចប់ហើយ ពេលនេះព្រះនាងហាក់ដូចជាមិនបានដឹងខ្លួនពីអ្វីដែលនាងបានឆ្លងកាត់ពីមុនឡើយ។ទ្រង់តើនឡើងដូចក្រោកពីផ្ទំនិងសួរស្នំនានាថា ៖
«ហេតុអ្វីមានមនុស្សចម្លែកនៅទីនេះ?តើពួកគេកំពុងធ្វើអ្វី?!»
ស្តេចស៊ុលតង់មានសេចក្តីត្រេកអរយ៉ាងខ្លាំង មិនត្រឹមតែឱបកូនស្រី ថែមទាំងងាកមកថើបដៃរបស់ដាវីសទៀតផង។
បន្ទាប់មកស្តេច បានងាកទៅរកមន្ត្រីជំនិតនិងព្រាហ្ម រួចសួរទៅពួកគេថា៖
“តើខ្ញុំគួរតែផ្តល់រង្វាន់អ្វីសក័្តសមដល់បុរសដែលបានធ្វើឱ្យខ្ញុំទទួលបានកូនស្រីខ្ញុំមកវិញ?”
ពួកគេទាំងអស់គ្នាបានឆ្លើយព្រមគ្នាថា គាត់សមនឹងទទួលបានព្រះនាងជាគូរជីវិត។
ស្តេចសើចសប្បាយតបឆ្លើយថា៖
“នោះហើយ គឺជាគំនិតពិតរបស់ខ្ញុំ! ហើយចាប់ពីពេលនេះតទៅ ខ្ញុំសូមប្រកាសថា ដាវីសនេះ ជារាជសុណិសា(កូនប្រសារ)របស់យើង” ។
មិនយូរ ស្តេចស៊ុលតង់បានធ្លាក់ខ្លួនមរណៈ ដោយសារជំងឺហើយដោយសារគាត់គ្មានកូនប្រុសទាហាននិងបូជាចារ្យ បានប្រកាសពីអ្នកស្នងមរតក បល្ល័ង្កដើម្បីភាពរកក់ក្តៅថ្មីនិងដ៏ធំធេងដល់ ប្រជាជនទាំងអស់ គឺស្តេចថ្មីជាបុរសចិត្តល្អយើងដេវីស។
ច្រើនឆ្នាំផុតទៅទៀត ថ្ងៃមួយនៅពេលដែលស្តេចកំពុងយាងទតអាណាប្រជានុរាស្ត្រ ស៊ុលតង់ ដឹងថាបុរសអ្នកជិតខាងពូកែច្រណែន ដែលបានធ្លាប់ច្រានខ្លួនសម្លាប់ពេលនេះកំពុងឈរនៅក្នុងហ្វូងមនុស្ស។
ស្តេចបានធ្វើសញ្ញាសម្គាល់ទៅកាន់អ្នកជំនួយការម្នាក់ ហើយខ្សឹប ថា៖
“ចូរឯងទៅនាំបុរសម្នាក់ដែលកំពុងឈរនៅទីនោះមកជួបយើងជាសម្ងាត់!»
នៅពេលដែលបុរសច្រណែនត្រូវបាននាំទៅនៅចំពោះព្រះចៅស៊ុលតង់ព្រះ មហាក្សត្រមានព្រះបន្ទូលទៅគាត់ថា៖
“ សម្លាញ់ខ្ញុំរីករាយដែលបានជួបអ្នកម្តងទៀត” ។
បន្ទាប់មកស្តេចបង្គាប់មន្រ្តីម្នាក់ទៀតដោយដាក់បទបញ្ជាបន្ថែមថា៖
“ សូមឱ្យមាសមួយពាន់ដុំពីរតនាគាររបស់ខ្ញុំនិងទំនិញចំនួន ២០កេសចេញឃ្លាំងរាជវាំងទៅគេនេះព្រោះជាអ្នកជិតខាងចាស់ ហើយឱ្យទាហានអមដំណើរគាត់ទៅផ្ទះវិញផង” ។
ពេលនោះបុរសច្រណែនក៏យំយែក ហើយលុតជង្គង់ចុះ ខណៈស៊ុលតង់ចាកចេញឆ្ងាយទៅបាត់។
អ្នកបួសទីពីរបានងើបមុខនិយាយទៅកាន់ស្ត្រីច្បង ថា នៅពេលដែលខ្ញុំបានបញ្ចប់រឿងរបស់ខ្ញុំដែលតំណាលទៅឱ្យអារក្សនោះហើយ ខ្ញុំបាន និយាយបញ្ចុះបញ្ជូលថា៖
« ឱអារក្សដ៏មានរិទ្ធាអើយ អ្នកឃើញហើយថាស៊ុលតង់នេះមិនស្កប់ស្កល់នឹងការអភ័យទោសឱ្យបុរសដែលច្រណែននោះឡើយ! សូម្បីតែចំពោះការប៉ុនប៉ងយកជីវិតរបស់គាត់ទៀត! »
ប៉ុន្តែអារក្សឆ្លើយថា៖
«យើងចូលចិត្តការនិទាននេះតែយើងមិនមែនជាបុរសចិត្តល្អនោះឡើយ យើង បានសំរេចចិត្តហើយ កុំនឹកស្មានថាអ្នកនឹងគេចខ្លួនងាយស្រួលបែបនេះ!យោងតាមសន្យា អ្វីដែលខ្ញុំអាចធ្វើបានគឺផ្តល់ឱ្យអ្នកនូវជីវិតមួយ អ្នកនឹងត្រូវរៀនពីអ្វីដែលកើតឡើងចំពោះកំហុសដែលមកជ្រៀតជ្រែកជាមួយប្រពន្ធខ្ញុំ” ។
នៅពេលនិយាយចប់ អារក្សបានចាប់ខ្ញុំដោយដៃហោះទម្លុះចេញតាម ដំបូលនៃព្រះប្រាសាទក្រោមដី ពីរនាក់យើងបានអណ្តែតឡើងខ្ពស់ទៅលើអាកាស ដែលមើលមកក្រោមផែនដី សែនសន្លឹមជ្រៅ។ ក្រោយហោះអស់ចិត្ត អារក្សនាំខ្ញុំចុះមកស្រឺតលើកំពូលភ្នំមួយ។ដល់ដីកាលណាក៏ឱនក្បាលហើយប្រមូលផ្ដុំយកដីបានមួយក្តាប់តូច ចាប់ផ្តើមរអ៊ូរពាក្យបាលីខ្លះផ្លុំទៅលើដីមួយក្តាប់នោះ រួចបានគប់ដីមកលើមុខខ្ញុំ ដោយនិយាយថា៖
“ ឈប់ធ្វើជាមនុស្សហើយសន្មតថាឯងជាសត្វស្វា” ។
ការនេះ ពិតជាបានសំរេចដោយខ្ញុំបានក្លាយជាស្វាត្រោសមួយ ចំណែកអារក្សបានបាត់ខ្លួនទៅ។ ដោយខ្លួនជាស្វាខ្ញុំបានលោតហក់យ៉ាងរហ័សរហួនចុះមករកទីក្រុង។
មិនយូរទេខ្ញុំរីករាយណាស់ដែលឃើញមានកប៉ាល់មួយនៅចំងាយប្រហែលកន្លះម៉ាយពីឆ្នេរសមុទ្រក្បែរជើងភ្នំ។ដោយ មិនមានរលកធំទេដូច្នេះខ្ញុំបានផ្តាច់មែកឈើហើយអូសវាចុះទៅគែមទឹកអង្គុយលើវាចែវខ្លួនឯង ប្រើដំបងពីរ ឆ្ពោះទៅកប៉ាល់។
លើនាវានេះ ពោរពេញទៅដោយទាសករស្បែកខ្មៅនិងអ្នកជំនួញទឹក។ ពួកគេបានជួយទាញខ្ញុំឡើង ។ ខ្ញុំបានរួចផុតពីសេចក្តីស្លាប់ តែមិនដឹងថាការចូលមកដល់ទីនេះ គួរតែនាំមកនូវសំណាងអាក្រក់ឬល្អទេ។
“បោះវាទៅក្នុងសមុទ្រ!” ទាសករខ្លះទាមទារឯងម្នាក់ទៀតស្រែកថា“ គោះក្បាលវាពីរញញួរទៅ” ខ្លះថា “ សូមចេញៗ ឱ្យខ្ញុំបាញ់វាសាកចំងាយព្រួញខ្ញុំ” ។
ខ្ញុំរត់ទៅក្រោមជើងបុរសម្នាក់ នៅចុងកន្សៃ គ្រវីក្បាលតោង ជើង ចាប់កាន់រ៉ូបវែងរបស់គាត់។ គាត់ហាក់ដូចជា ដឹងឮនូវសកម្មភាពរបស់ខ្ញុំ។
បុរសនេះលើកខ្ញុំឡើងហើយប្រកាសថា គាត់នឹងយកខ្ញុំទៅរក្សានោក្រោមកិច្ចការពាររបស់ ហើយថាគ្មានអ្នកណាអាចធ្វើបាបខ្ញុំទេ។
ជាងមួយខែដែលខ្ញុំត្រូវរស់នៅជាស្វានឹងនៅលើសមុទ្រជាមួយម្ចាស់ចិត្តធម៌។
នៅទីបញ្ចប់ប្រហែលហាសិបថ្ងៃជាង យើងបានបោះយុថ្កានៅចំពោះកំពង់ផែនៃទីក្រុងធំមួយ។ ពេលនោះហើយ កប៉ាល់យើងចូលចត វាត្រូវបានហ៊ុំព័ទ្ធដោយទូកតូចៗជាច្រើនដែលពោរពេញទៅដោយមនុស្សមកជួបតិញទំនិញ ដោះដូរ ឬសួររកមិត្តភក្តិឬចង់ដឹងចង់ឃើញអីវ៉ាន់ដែលយកមកលក់។
ក្នុងចំណោមទូកទាំងនោះ មានមួយធំគួរសម ជារបស់មន្រ្តី៤នាក់ដែលប្រកាសសុំជួបឈ្មួញនៅលើទូកដោយ ប្រាប់ពួកគេថា ពួកគេត្រូវបាន ស៊ុលតង់ហៅឱ្យមកស្វាគមន៍។
ម្ចាស់ខ្ញុំបាននាំខ្ញុំឡើងជួបពួកមន្រ្តី ដោយឮពួកនោះប្រកាសក្តែងៗថា៖
” អ្នកដែលមកដល់អាយ គួរតែដឹងថា ដោយដែលឧបរាជ ម្នាក់ទើបបានស្លាប់កាលពីថ្មីៗនេះស៊ុលតង់ពិតជាមិនអាចរកអ្នកជំនួសគាត់លើសមត្ថភាពនៃ ការសរសេរដោយដៃ ដ៏ស្រស់ស្អាតរបស់គាត់បាន បានជាស៊ុលតង់យើងឃើញពួកអ្នកមកពីឆ្ងាយ ក្រែងមាននាំមកនូវបណ្តាបញ្ញាជន ដែរ? ប្រសិនមានអ្នកនឹងទទួលបានកិត្តិយសនិងរង្វាន់ជាអនេកមិនខាន»។
អ្នកជំនួញបាននាំមនុស្សខ្លួនទាំងអស់មកសរសេរពីរបីជួរម្នាក់បង្ហាញមន្ត្រីតែត្រូវពួកគេគ្រវីក្បាលដរាប។ ចុងក្រោយ ខ្ញុំបានដើរទៅដល់ ហើយឆក់យកក្រដាសពីបុរសមន្ត្រីមក។ ដំបូងពួកគេទាំងអស់គ្នាគិតថា ខ្ញុំនឹងបោះវាទៅក្នុងសមុទ្រប៉ុន្តែពួកគេនៅស្ងៀមស្រឡាំងកាំងនៅពេលឃើញខ្ញុំកាន់ជក់សរសេរបានដោយប្រណីតនិងយកចិត្តទុកដាក់បំផុត។ ដោយការភ្ញាក់ផ្អើល ពួកគេទះដៃសរសើរថា គឺវាអស្ចារ្យពេកណាស់ សម្រាប់ស្វាមួយដូចខ្ញុំដែលសរសេរស្អាតជាងឧបរាជមុននោះទៅទៀត។
នៅពេលខ្ញុំ មន្រ្តីបានយកសំណេរនេះ ត្រលប់ទៅបង្ហាញស៊ុលតង់វិញ ព្រះមហាក្សត្របានឃើញការសរសេររបស់ខ្ញុំ ក៏ឡើងជិះសេះប្រណិតដែលល្អបំផុត នៅក្នុងក្រោលទ្រង់ មកទទួលយកខ្ញុំឡើងទៅសវនាការដោយអង្គឯង។
ស្ថានភាពដ៏អស្ចារ្យនៃទីនេះគឺព័ទ្ធជុំវិញដោយអភិជន មន្ត្រីព្រាហ្មនិងខ្សែរាជវង្សដែលចង់ឃើញខ្ញុំសរសេរ។
ពួកគេស្រែកនិងអបអរសាទរដែលឃើញខ្ញុំត្រូវបាននាំមកងមវត្តមានរបស់ស៊ុលតង់។
ខ្ញុំបានចូលទៅជិតបល្ល័ង្ក ពេលស្តេចឡើងអង្គុយខ្ញុមបាន ក្រាបថ្វាយបង្គំដោយថើបជើងរបស់ទ្រង់ដើម្បីឱ្យអ្នករាល់គ្នាភ្ញាក់ផ្អើលហ៊ោថា មិនដែលដឹងហេតុអ្វីលោកនេះមានសត្វស្វាណាអាចមានចំណេះដឹងដូចមន្ត្រី?
ទោះយ៉ាងណាពួកគេស្រឡាំងកាំងជាថ្មីពេលស្តេចបញ្ជាឱ្យខ្ញុំសរសេរកំណាព្យដ៏សែនពិរោះមួយ។
នៅពេលដែលចប់ការបង្ហាញហើយ ស្តេចស៊ុលតង់នាំខ្ញុំទៅជាមួយ ទុកឱ្យតាមមកតែនាម្មឺនជំនិតនិងទាសករខ្មៅតូចម្នាក់ប៉ុណ្ណោះ។
បន្ទាប់ពីស្តេចបានយាងចូលដល់ទែនស័យនាហើយ ទ្រង់ចេញបញ្ជាឱ្យនាំយកម្ហូបនានាមកធ្វើលៀងខ្ញុំ និងឱ្យសញ្ញាប្រាប់ខ្ញុំ ឱ្យអង្គុយនៅតុជុំជាមួយទ្រង់បរិភោគយ៉ាងរីករាយ។
មិនយូរទេ ស៊ុលតង់ដែលស្រវឹងបានរអ៊ូរទាំសួរនាំខ្លួនឯងថា៖
« ហេតុអ្វីបានជាបុរសនានាក្នុងនគរនេះ មិនអាចធ្វើបានប្រហែលគឺ ស្វាមួយផង”
មួយសន្ទុះក្រោយមកព្រះនាងជាកូនស្រីបានយាងមកមើលខ្ញុំដែលឮគេល្បីល្បាញពេញវាំងនេះដែរ។
ព្រះនាងមានកំពូលសម្រស់ទោះ មុខបាំងដោយស្បៃ។ នៅពេលដែលនាងឈានជើងចូលក្នុងបន្ទប់ព្រះនាងអង្គុយក្បែរបិតា កាលណា ក៏បានទាញយកស្បៃទៅគ្របលើក្បាលវិញបញ្ចេញផ្ទៃមុខធ្វើឱ្យខ្ញុំសែនរំជួលចិត្តលង់ដោយមន្តស្នេហ៍។
ស្តេចស៊ុលតង់បានសួរឡើងថា ៖
«កូនស្រីជាអ្នករៀនចេះដឹងពន់ពេក អ្នកអាចពន្យល់ពុកទេហេតុអ្វីនគរយើងមិនមានបុរសល្អស្នាដៃស្មើស្វានេះ?” ។
ព្រះនាងទ្រង់បែរមកផ្ចង់សម្លឹងខ្ញុំហើយងក់ក្បាលយឺតៗ។ ក្រោយពេលបិទភ្នែកសមាធិនិងសូត្របាលីបានបន្តិច ទ្រង់ក៏បើកព្រះនេត្រទាំងទ្វេឡើងឆ្លើយតបនឹងព្រះវររាជបិតាថា៖
«ឱ ព្រះបិតាអើយ ស៊ុលតង់បានដឹងទេ ថា ស្វានេះ ពិតជាមិនមែនជាស្វាពីកំណើត ទាល់តែសោះ គួរតែជារាជបុត្រវ័យក្មេងម្នាក់ ដែលបានប្រែក្លាយទៅជាស្វាដោយបណ្តាសារ” ។
ស៊ុលតង់ភ្ញាក់ផ្អើលណាស់ ។ទ្រង់បានមើលមកខ្ញុំដោយអាណិត និងឆ្ងល់ផង។ ដោយសារខ្ញុំមិនអាចនិយាយបាន ខ្ញុំក៏បានដាក់ដៃលើក្បាលខ្ញុំ ដើម្បីបង្ហាញថា ព្រះរាជបន្ទូលនៃកុលស្ត្រីវាជាការពិតទាំងអស់។
“តែម៉េចក៏ទៅរួចទៅ កូនស្រីខ្ញុំអើយ?” ស៊ុលតង់ងាកទៅទាមទារស្តាប់ហេតុផល។
រាជបុត្រីកំពូលសម្ផស្សបានឆ្លើយតបថា៖
«ពុកអើយ អ្នកមេដោះដែលមើលថែខ្ញុំតាំងពីកុមារភាព គឺជាកំពូលមន្តអាគម ដ៏ពូកែម្នាក់ហើយគាត់បានបង្រៀនខ្ញុំពីច្បាប់ សិល្បៈមើលវិញ្ញាណ! តាមរយៈអ្វីដែលខ្ញុំអាចធ្វើបានក្នុងមួយពព្រិចភ្នែកនឹង ប្តូរស្វានេះមកជារូបរាងដើមវិញបានប្រសិនពុកអនុញ្ញាត្តិកាលណា!»
ស្តេចស៊ុលតង់បានងក់ក្បាល៖
«ធ្វើទៅកូនស្រីរបស់ខ្ញុំព្រោះវាជា សេចក្តីរីករាយធំធេងជាងគេសម្រាប់ពុកហើយជារង្វាន់តប ខ្ញុំ និងផ្តល់ឱ្យគាត់នូវឋានៈមួយជាប្តីរបស់នាង” ។
រាជបុត្រីឱនលំទោនឆ្លើយថា ៖
“ តាមការចង់បានរបស់បិតា” ។
ថាចប់ នាងបានក្រោកឡើង ហើយយាងទៅកាន់បន្ទប់របស់នាង វិលមកវិញជាមួយ កាំបិតខ្លីដែលមានពាក្យបាលី ។ នៅទីនេះនាងបានគូសរង្វង់ធំមួយ ហើយក្នុងនោះសរសេរពាក្យជាច្រើនជាអក្សរអារ៉ាប់។ នៅពេលរង្វង់និងការសរសេរត្រូវបានបញ្ចប់ នាងបានឈរនៅចំកណ្តាលវា ហើយសូត្ររងំឡើងវិញនូវខ្លះៗពីគម្ពីរកូរ៉ាននិងបាលីច្រើនទៀតដែលគ្មានអ្នកណាស្តាប់បាន។ បន្តិចម្តង ៗ ខ្យល់បោកមកដល់ គ្រប់យ៉ាងប្រែពណ៌និងកាន់តែងងឹតឡើងៗ។
យើងទាំងអស់គ្នា មានអារម្មណ៍ដូចជា ផែនដីហៀបនឹងរលត់ទៅ លេចចេញនូវតោមួយ។ នាងបានប្រើកាំបិតយ៉ាងរហ័សកាប់វាជាពីរ ក្លាយជាខ្យាដំរីធំសាហាវ នាងកាត់ទៀត វាក្លាយមកជា សត្វពស់ ចុងក្រោយក្លាយជា ឥន្ទ្រីយ៍ កម្លាំងខ្លាំងក្លា ហោះ ហើរឡើងលើអាកាស ។
នាងផ្តើមគប់វាជាមួយកាំបិតដដែលក៏ក្លាយជាអារក្សធ្លាក់ចុះមកដេករបួសកណ្តាលសួន។ ភ្លាមនោះ អារក្សបានស្ទុះក្រោកច្បាមយកនាងឡើង ទាំងដែលខ្លួនវាមានរបួស ជាប់ដោយកាំបិតបាលីខ្លីឆ្កឹងនៅ។
ទាំងខ្ញុំនិងស៊ុលតង់បានបោះបង់ក្តីសង្ឃឹមនៃការជួយសង្គ្រោះនាងមកវិញ នៅពេលមានការឆេះសន្ធោឡើងនូវភ្នក់ភ្លើង ដ៏ធំមួយជប់ឡើងដោយមន្តអាគមអារក្សកំណាច។
វាបានទម្លាក់នាងចុះក្នុងនោះមុនពេលវាដួលរលាយស្លាប់ទៅ។
ខ្ញុំស្ទុះស្ទារលុតជង្គង់ទៅក្នុងភ្នក់ ភ្លើងដែលឆាបឆេះ ជាមួយការតស៊ូចុងក្រោយទាញនាងចេញមកវិញ។
ស្តេចស៊ុលតង់ស្រែកថា “កូនស្រីខ្ញុំអើយ !»
ខ្ញុំខំមានៈទាញនាងចេញមករហូតដល់រលាកខ្វាក់ភ្នែកខាងស្តាំងនេះ ទើបនាងមកក្រៅរង្វង់អគ្គីបាន។
ជាការភ្ញាក់ផ្អើលដែលខ្ញុំនៅមានជីវិតហើយបានក្លាយមកជារូបរាងមនុស្សវិញ។
ព្រះនាងត្រូវភ្លើងឆេះអស់ជិតផុតយ៉ាងវេទនា មិនអាចនិយាយអ្វីបានទៀតទេ។ ស៊ុលតង់យំ យើងទាំងអស់គ្នាយំ ។
ភ្លាមៗនោះព្រះធីតា ស្រែកឡើងថា៖
« ក្តៅណាស់ខ្ញុំរលាក ខ្ញុំរលាក!”
មិនយូរប៉ុន្មាន សេចក្តីស្លាប់បានរំដោះនាងចេញពីសភាពទារុណកម្មខ្លោចផ្សារនេះទៅ។
ខ្ញុំគ្មានពាក្យអ្វីនិយាយទេ ។
អារម្មណ៍របស់ខ្ញុំនៅពេលមើលឃើញរឿងនេះ ខ្ញុំយល់ថាសុខចិត្តនៅជាស្វាពេញមួយជីវិតជា ជាងទុកឱ្យអ្នកមានគុណរបស់ខ្ញុំត្រូវស្លាប់ក្នុងលក្ខណៈដ៏តក់ស្លុតនេះ។
ចំពោះស៊ុលតង់វិញគាត់ពិតជាមិនអាចទ្រាំទ្រនឹងការឈឺចាប់បាន ឡើយនៅក្រោយកូនស្រី ត្រូវបានបញ្ចុះក្នុង ផ្នូរដ៏អស្ចារ្យមួយ គាត់ក៏ សោយទិវង្គត។
រៀងាល់ថ្ងៃនៅទីនោះ តែងតែរំលឹកខ្ញុំពីការបាត់បង់របស់ស៊ុលតង់ និងរាជបុត្រី ដូច្នេះខ្ញុំបានរើសយក ការចាកចេញពីនគរនោះមកឆ្ងាយ បំភ្លេចការឈឺចាប់ដែលមិនអាចឱ្យគ្រប់យ៉ាងត្រលប់មករកសភាពដើមរបស់រាជវាំងនោះវិញ។
នេះហើយ ជាការពិតដ៏សោកសៅនៃជីវិតខ្ញុំ។
អ្នកបួសទីពីរបានតំណាលចប់ហើយក៏នាងច្បងអនុញ្ញាត្តិឱ្យរស់នៅមានសេរីភាពឡើងវិញ តែគាត់សុំនៅបន្តស្តាប់រឿងអ្នកផ្សេងៗទៀត….
ចុចអាន តំណាលនៃអ្នកបួសទីបី