រឿង បងស្រីច្បង នាងហ្សូប៊ីដា ​(១០០១យប់វគ្គ១៥)

ដល់ពេលអ្នកបួសទាំងបីចាកចេញអស់ ​ព្រះអង្គបញ្ចេញ​ពីអត្តសញ្ញាណពិត និងសុំឱ្យនារីជាម្ចាស់ផ្ទះនិទានចម្លែកនានាស្តីពីនាង​និងបងប្អូនស្រី ព្រមជាមួយឆ្កែទាំងពីរដេលត្រូវវាយវាត់។

នាង ហ្សូប៊ីដាបានផ្តើម​ឡើងថា ៖

ឱ ព្រះរាជាដ៏ចម្រើន!  ឆ្កែខ្មៅទាំងពីរដើមឡើយគឺជាបងស្រីរបស់ខ្ញុំម្ចាស់។ ពួកយើងមាន​ម្តាយដោយខ្លួន​តែឳពុកតែម្នាក់។ ពួកគេ​តែងត្រូវម្តាយរៀងៗខ្លួន បង្រៀនឱ្យច្រណែននឹង​ខ្ញុំ ព្រោះខ្ញុំតែងត្រូវបានលោកពុកស្រលាញ់ថ្នាក់ថ្នមជាងគេ​។ នៅពេលដែលក្រោយមក លោកពុកខ្ញុំស្លាប់ យើង​ម្នាក់ៗបានទទួលនូវចំណែកមរតក និងបំបែក​ផ្លូវគ្នា ព្រោះបងស្រីខ្ញុំទាំងពីរបានរៀបការនិងជឿតាមប្តីទៅ ទិញទំនិញ ធ្វើដំណើរជួញស្រុកឆ្ងាយ ។

មួយរយៈក្រោយមកម្តាយខ្ញុំក៏បានស្លាប់ដែរ ។

ដូច្នេះខ្ញុំត្រូវតស៊ូយ៉ាងឯកា។

បងប្អូនបង្កើតរបស់ខ្ញុំបានអវត្តមាន ប្រាំឆ្នាំហើយក្នុងអំឡុងពេលនោះពួកគេបានចំណាយប្រាក់ទាំងអស់ទៅខាតបង់លើការសប្បាយភ្លើតភ្លើននៅស្រុកឆ្ងាយជាមួយប្តី។

ពេលដែលពួកគេត្រូវក្ស័យធន ប្តី​ក៏បានបោះបង់រត់ចោលបង ស្រីរបស់ខ្ញុំនៅឯបរទេសទម្រាំនឹងគាត់អាចរកបានមធ្យោបាយវិលមកភូមិស្រុក​ជាមួយស្ថានភាពសែនទុរគតក្រក្រៃ។

ក្នុងសម្លៀកបំពាក់ជាអ្នក សុំទាន កខ្វក់​សុខភាព​ក៏សែន អាក្រក់ សឹងតែខ្ញុំមិនស្គាល់ថាជាបងខ្លួនឯងទេ។​ ខ្ញុំបានយកគាត់ទៅងូតទឹក ហើយស្លៀកពាក់ ឈុតផ្ទាល់ខ្លួនរបស់ខ្ញុំឱ្យ ហើយយកស្រាល្អ ៗ មកឱ្យស្រន់រងារៀបចំលាងអាហារ​យ៉ាងសប្បាយជាមួយគ្នា។

បានស្រាកស្រាន្ត​ពីការ​ស្រេកឃ្លានប៉ុន្មាន​ថ្ងៃ គាត់ក៏បែកគំនិត និង​បានមកជជីកសួរនាំ​​ខ្ញុំ ពីជីវភាព​ដ៏រឿង​សម្បូរសប្បាយនេះ ថាបានមកពីណា? ខ្ញុំសារភាព​ប្រាប់បងស្រីថា ៖

 “ ឱបងស្រីអើយ! អ្នកគឺជាកូនច្បងដែលជំនួសពុកនិងម្តាយទៅហើយ តើខ្ញុំលាក់លៀមអ្វី? ចំពោះមរតកដែលបានមកដល់ពេលនេះ វាចម្រុងចម្រើនដល់ខ្ញុំដោយសារខ្ញុំរកស៊ីនៅស្រុកឯងត្រូវ! វាកើនឡើងហើយកាលៈទេសៈរបស់ខ្ញុំនឹង​រស់ស្រួលឡើងៗ ព្រោះខ្ញុំបានប្រាក់ បង្វិលជានិច្ច !ទោះយ៉ាងណាចូរបងឈប់សោកស្តាយនឹងមនុស្សក្បត់មកចែករំលែកទ្រព្យសម្បត្តិមើលការរកស៊ីបានជាគ្នានឹងខ្ញុំ!» ។

ខ្ញុំបានអង្វរនាងបែបមនេះដោយសេចក្តីសប្បុរសនិងចិត្ត​សេ្នហា​។ ម្ល៉ោះហើយ នាងក៏បានស្នាក់នៅជាមួយខ្ញុំពេញមួយឆ្នាំ យ៉ាងស្និទ្ធស្នាលកក់ក្តៅ។

ក្នុងកំឡុងពេលហូបស្រាក្លែមសាច់ ពួកយើងតែងតែមាន​​គំនិតរវើរវាយនឹករឮកទៅដល់បងស្រីម្នាក់ទៀត។ មិនយូរប៉ុន្មាន បន្ទាប់បងទីពីរពិតត្រលប់មកផ្ទះវិញមែន ជាមួយ​រូបរាង លំបាកនិងវេទនាជាងបងស្រីច្បងខ្ញុំទៅទៀត។

ខ្ញុំបានដោះស្រាយជាមួយគាត់ដូចបងច្បងដែរ។

បន្ទាប់ពីមួយរយៈពេលរស់នៅសុខដុមជាមួយគ្នា ពួកគេបានមកនិយាយពន្យល់ខ្ញុំថា៖

«ប្អូនអើយ ជីវិត​ពួកយើងសឹងគ្មានន័យពេកណាស់! យើងពិតចង់រៀបការម្តងទៀត នឹង​អាលបានកូនពូនចៅព្រោះយើងពិតជាមិនចង់ស្លាប់ទៅជាមួយ​ ជីវិតស្ត្រីមេម៉ាយនៅពេលចូលជរាឡើយ”

ដោយសារខ្ញុំរវល់ជក់ចិត្តនឹងការរកស៊ី​ខ្ញុំតែងបានឆ្លើយជារឿយៗថា៖

« ខ្ញុំក៏មិនគិតថា នៅម៉េម៉ាយមិនល្អនោះដែរ! បងៗ​បានសាកល្បងអាពាហ៍ពិពាហ៍រួចហើយប៉ុន្តែបានបរាជ័យ គិតម្តងទៀត​ទៅ” ។

 ប៉ុន្តែពួកគេមិនព្រមទទួលយកដំបូន្មាននេះ។ ពួកគេ​បានស្លៀកពាក់ស្អាតៗនិងចេញដើរ​ទាក់ទងបុរសៗ រួចក៏​រៀបការដោយគ្មានរង់ចាំពិគ្រោះអ្វីជាមួយខ្ញុំសោះ។

 ទោះយ៉ាងណាក៏ដោយ ខ្ញុំបានសប្បាយចិត្ត​នឹង​ផ្តល់ឱ្យពួកគេនូវសំលៀកបំពាក់ និង បណ្ណាការ ប្រាក់ទុន ហើយអង្វរ​ឱ្យ​ពួកគេបានរួមរស់ក្បែរៗបងប្អូន ជួយមើលការងារគ្នា។

សុភមង្គល​ពួកគេបានត្រឹមមួយរយៈខ្លី ព្រោះ ស្វាមីរបស់ពួកគេបានងប់លេងល្បែង ហើយ យកអ្វីៗក្នុងផ្ទះលក់កំទេចអស់។ យប់មួយ​បងទាំងពីរ​បានមករកខ្ញុំដោយខ្មាស់អៀន និង សូមអភ័យទោសចំពោះកំហុសនេះ ថែមទាំង​សុំមករស់នៅវិញ និងសន្យា​ថា តៅមិនរវល់រឿងប្រុសឈ្មោល និងមិនធ្វើអ្វីមិនសួរខ្ញុំទៀតទេ។

យើងទាំងបី​រស់នៅជាមួយ​គ្នា​បាន​ពេញមួយឆ្នាំ រហូតដល់ពេលមួយ​ដែលខ្ញុំសម្លឹងឃើញ​និង​សម្រេចចិត្តថាប្រមូលទិញ​យកគ្រឿងទេសស្រុករបស់ខ្ញុំ ទៅលក់នៅបរទេស។

បងស្រីទាំងពីរសប្បាយចិត្ត​ណាស់នឹងដំណើរជំនួញតាមសមុទ្រមួយនេះ។

ដូច្នេះខ្ញុំបានទិញនិងបំពាក់ទំនិញ​លើ​កប៉ាល់ធំមួយ ផ្ទុកជាមួយទំនិញមានតម្លៃសម្រាប់លក់និងអាហារថ្នាំសម្រាប់ការធ្វើចរាចរលើទឹករយៈពេល​យូរផង។

មុននឹងទៅ ខ្ញុំបានបែងចែកប្រាក់របស់ខ្ញុំជាពីរចំណែក គឺមួយទៅជាមួយខ្ញុំនិងមួយទៀតទុកនៅក្នុងផ្ទះ ព្រោះថាប្រសិនមាន​គ្រោះថ្នាក់ឬខាតបង់​អ្វី ចំពោះកប៉ាល់ប៉ុន្តែយើងនៅមានជីវិត ពេលយើងត្រឡប់មកវិញនៅតែជួយ ឱ្យឈរជើងបានល្អឡើងវិញមិនខាន​ ។

មិនយូរទេ ខ្ញុំបាននាំបងស្រីខ្ញុំទាំងពីរនាក់ ចេញ​ធ្វើដំណើរតាមកំណត់មែន​។

សំពៅចេញចរ បានប្រកបដោយសុវត្ថិភាពប្រមាណ​ជាជិតកន្លះខែហើយ ​ជាស្រាប់តែមក​ វង្វេង ទៅក្នុងឈូងសមុទ្រមួយ ផ្ទុយពី​ផែនទីរបស់យើង។

មួយរយៈកាលដែល​យើងមិនដឹងទិសដៅ​អ្វីទាំងអស់ ខ្យល់បានបក់បោកមកផ្ទប់យើងជាង ១០ ថ្ងៃជាប់គ្នា បន្ទាប់មកទើប បុរសនាវិកមើលទៅឆ្ងាយហើយស្រែកឡើងថា៖ “ មាន​ដំណឹងល្អ!”។

 បន្ទាប់ពីចុះពីបង្គោលឆ្លុះ មកដល់បាតកាប៉ាលវិញ គាត់ជូនដំណឹងដោយរីករាយថាឃើញ​ ទីក្រុងមួយ។ពួក យើងមានសេចក្តីរីករាយក្រៃលែងព្រោះបានវង្វេងលើទឹក​យូរណាស់មកហើយ។

២ថ្ងៃបានកន្លងផុតទៅ អាគារថ្មធំៗស្តុកស្តម​នៃរាជនគរ​ពិតជា​បានបង្ហាញយ៉ាងច្បាស់នៅចំពីមុខ​យើង។ “តើទីក្រុងខាងលិចមានឈ្មោះអ្វី?”

នាវិក​បានឆ្លើយថា៖

“ ដោយជឿលើអល់ឡោះ ខ្ញុំមិនគិតថាគ្រោះថ្នាក់ទេ! តែ​ខ្ញុំមិនដែលឃើញទីនេះពីមុនមែន! ដូច​អ្នកស្រី​ឃើញហើយ​ថាយើង​ជិះទូកវង្វេង​ច្រើនខែក្នុង​សមុទ្រ!»

ទោះយ៉ាងណា​ខ្ញុំជាអ្នករកស៊ី។

ខ្ញុំនឹក​ដល់ការលក់ជួញព្រែដែលមានប្រាក់ចំណេញឱ្យតែមាន​ទីផ្សារខ្ញុំមាន​របស់លក់។

ខ្ញុំប្រាប់បងខ្ញុំថា យើង​នឹងសម្រាកនៅទីនេះពីរបីខែ លក់ដូរនិងរកទិញទំនិញហូបចុក ពេល​វិលទៅផ្ទះវិញ។ ដោយគិតថា នឹង​ឆ្លៀតពេលបានដើរលេងផង ពួកគេ​ពិតជាសប្បាយចិត្តជាខ្លាំង។

ដូច្នេះយើងបានចូលទៅចតក្នុងកំពង់ផែ។

ប្រធានក្រុមនាវិក​បានស្មគ្រ័ឡើងទៅមើល​ទីក្រុងនេះមុន។

ដោយ​អវត្តមានមួយសន្ទុះ ក្រោយមកគាត់បានត្រលប់មករកសំពៅយើងវិញ​ហើយទោមនស្សថា៖

«ណ្ហើយ! នេះជា ទីក្រុងខ្មោចមួយ គ្មានទេមនុស្ស​រស់! គ្រប់គ្នាជាចម្លាក់!»

ឮហើយ ពួកយើងពិតជា​មានការតក់ស្លុតយ៉ាងខ្លាំង។​ ដោយសារថ្ងៃនៅមិនទាន់លិច​បងប្អូន​យើង​ក៏ហៅឱ្យទាសករ​បីបួននាក់ជូនយើង​ទៅមើល។

ពេលឃើញទិដ្ឋភាពនៅតាមដងផ្លូវក្នុងផ្សារ មាសប្រាក់ជាច្រើន បានបន្សល់ទុកនៅតាម​កន្លែងតាមហាង គ្មានម្ចាស់ឡើយ។ មិនរង់ចាំគិតច្រើនពួកគេ​​ម្នាក់ៗរវល់ជាមួយការប្រមូលទ្រព្យសម្បត្តិនិងលុយកាក់ព្រោះជារង្វាន់នៃព្រះឱឡោះមិនខាន​។

ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនបានស្ងប់ចិត្តនឹងអ្វីៗ​នៅទីនេះឡើយ។

ខ្ញុំចាកចេញ​ម្នាក់ឯង ឆ្ងាយឡើងៗពីពួកគេ ដោយសារចម្លែកនឹងភាពស្ងប់ស្ងាត់នៅទីក្រុងនេះ។

គ្រប់យ៉ាងបង្ហាញ​ថា ​វាទំនង​ជា​ទីក្រុង​ដែលធ្លាប់តែ​រុងរឿងនិងអ៊ូអរ។ តើអ្វីទៅដែលបានកើតឡើង? បាត់មនុស្ស​ទៅណាអស់?

មិនយូរ​ទេ ខ្ញុំឃើញ​ប្រាងគ​ប្រាសាទដែលមានកំពែងធំ​រឹងមាំ។

ទីនោះ​សមតែជា​ព្រះបរមរាជវាំង​ប្រកបដោយ​ខ្លោងទ្វារមាសក្រហមឆ្អិន។

ទីបំផុតអ្វីមួយ​បានជំរុញឱ្យខ្ញុំរុញទ្វារ​ចូល។

ព្រះមហាក្សត្រទ្រង់គង់នៅចំកណ្តាលសាលា​ជំនំ​ធំ តែជាថ្ម។

ខ្ញុំចូលទៅជិតហើយពិនិត្យ​ឃើញទ្រង់នៅគង់អង្គុយលើបល្ល័ង្កដែលពោរពេញទៅដោយត្បូងគុជនិងត្បូងពេជ្រ សូម្បីអាវរបស់ទ្រង់សឹង​ធ្វើពីក្រណាត់ពណ៌មាស តុបតែងដោយគ្រឿងអលង្ការគ្រប់ប្រភេទដែលជាយ​និមួយៗភ្លឺចែងចាំងដូចផ្កាយ។

 នៅជុំវិញបល្ល័ង្ក ពួកមន្ត្រី​ព្រាហ្មនានា មិនតិចជាងហាសិបនាក់ ជាជនជាតិស្បែកសស្លៀកពាក់សូត្រនិងខ្លះមានម្កុដតាមឋានៈ និងខ្លះមាន​កាន់ដាវ លំពែង​នៅក្នុងដៃរបស់ពួកគេ។ ប៉ុន្តែទាំងអស់នេះជា ថ្មមិនកម្រើកឡើយ។

 ការយល់ឃើញរបស់ខ្ញុំកាន់តែ​ភាពភាន់ច្រលំថែមឡើង​រហូត​ដល់ភាពចង់ដឹងរុញខ្ញុំឱ្យដើរទៅមុខមិនបកក្រោយ ចូលទៅក្នុងសាលធមទីពីរ​ ដែលមានជញ្ជាំងព្យួរដោយភ្លើងគោម​ពណ៌មាសឆេះរាលភ្លឺសែនវិចិត្រ​។

ជើងខ្ញុំពិតជា​ឈាន​លើកំរាលព្រំស្អាតបណ្តាច់សែនមាន​តម្លៃឥតបីគណនា ។

ម​កដល់បន្ទប់មួយ ខ្ញុំបានឃើញព្រះមហាក្សត្រិយានីកំពុងសម្រាក​ពោរពេញទៅដោយអាវផាយនិងងល្លង្ការ​ពិច្ចិត ដែលពោរពេញទៅដោយលម្អឌិនគុជខ្យងរន្ទាល​។ នៅលើព្រហកេស​ព្រះនាងមានម្កុដស្រួចវែងក្រាមមួយដែលមានត្បូងជាច្រើនប្រភេទ ដែលសមនឹងចិញ្ចៀន ហើយនិងខ្សែកគ្រាន់តែព្រះ មិនកម្រើក។

ខ្ញុំបានបន្ត​ហួស​ទៅរកទ្វារខ្លោងធំមួយ រចនាផ្តែយ៉ាងប្រណីត។

វាបង្ហាញ​នូវជណ្តើរជា​ថ្មកែវភ្លឺរលោង អមជាមួយ​បង្កាន់ដៃ ធ្វើអំពី​ឈើគ្រញូងបង្កប់ពោរពេញទៅដោយគុជនិងត្បូងត្បូងមរកត។

 ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីៗទាំងអស់នេះ ជាពិសេសនៅពេលដែលឃើញទៀនធំៗក្រអូបឆួល។ ខ្ញុំបាននិយាយ​ម្នាក់ឯងនៅក្នុងចិត្តថា“តើអ្នកណាដែលបានមកអុជបំភ្លឺទៀនទាំងនេះ?” ។

មេឃងងឹត​ហើយ។

ដល់ពេលខ្ញុំត្រូវត្រឡប់ទៅ​សំពៅវិញ​សឹងភ្លេចថា ខ្ញុំបានវង្វេងផ្លូវវិលវល់ទៅហើយ។ ដោយដើរចច្រប់និងរត់ចុះឡើង ក៏​នៅតែមិនទាន់ពន្លឺចុងក្រោយរបស់ព្រះអាទិត្យ ទីបំផុត​ខ្ញុំរកទ្វារចេញលែងឃើញ។ ដូច្នេះខ្ញុំបានសម្រេចចិត្ត​ថា ត្រលប់ទៅក្នុង​វិញ​រក​កន្លែងសម្រាក​និង​លាក់ខ្លួន។

ខ្ញុំបាន​អង្គុយចុះនៅលើ​គ្រែពិសេសមួយទន់ល្មើយ និងសូត្រ​គម្ពីរកូរ៉ានដើម្បីបំបាត់ការគិត​នឹងបាន​គេងលក់ប៉ុន្តែមិនអាចគេងលក់សោះ​ដោយសារចិត្ត​ខ្ញុំមានភាពមិនស្ងប់។

មិនយូរទេ  នៅពេលបន្តិចមក ខ្ញុំហាក់បានឮសំឡេងសូត្រគម្ពីរកូរ៉ានដែរ។

តែនេះជាសៀងសូត្រ​សំលេងពិរោះបំផុតមួយលាន់ខ្សោយ​ហាក់ឆ្ងាយគ្នា។

ខ្ញុំក្រោកឡើងដោយរីករាយព្រោះគិតថាមានមនុស្ស​ពិតមែន។ ស្វែងរកប្រភពនៃការសូត្រនេះ មិនពិបាកប៉ុន្មាន​ទេ ខ្ញុំពិតជា​បានមកដល់ប្រាង្គមួយ​ដែលមានទ្វារធំមាំ​បិទជិតឈឹង។

បន្ទាប់ពីរុញ​ចូល វាគ្មាន​គន្លឹះទេ។

សំឡេងសូត្រលាន់ច្បាស់​ខ្លាំងហើយរលត់វិញពេលអ្នកសូត្របានឃើញខ្ញុំ។

នេះជាបុរសតែម្នាក់គត់ នៅរស់សល់តែម្នាក់ឯងនៅក្នុងក្រុងនេះ។ ទ្រង់បាន​ស្ទុះងើបឡើងដោយហួសចិត្ត ពេលឃើញខ្ញុំ ទើបខ្ញុំថ្វាយបង្គំ​ទូលឡើងថា៖

« ខ្ញុំក៏ជា​អ្នកអានសៀវភៅបរិសុទ្ធរបស់អល់ឡោះខ្ញុំសូមសន្យាថា ខ្ញុំមិនមកទីនេះក្នុងបំណងមិនល្អឡើយ!»

ដោយស្នាមញញឹមដំបូង​ដែលទ្រង់​សម្លឹងមក ខ្ញុំយល់ថា ទ្រង់ជាទេវបុត្រមានសម្រស់កំពូលនិងដែលព្រះកំពុង​ប្រទានមកឱ្យ។

ពួកយើងបានជជែកគ្នាពេញដោយសេរីភាព។

បន្ទាប់មក ទ្រង់បានតំណាល​ឱ្យខ្ញុំដឹងថា ដើមឡើយ ថាទីក្រុងនេះគឺជារាជធានី​របស់ព្រះវររាជបិតា​ទ្រង់ ជាស្តេចដែលបានក្លាយជាថ្ម​ នៅលើបល្ល័ង្ក។

គ្រប់គ្នា មន្ត្រី​និងប្រជាជននៅទីក្រុងទាំងអស់បានលង់ទៅជឿ​មន្តអាគមភ្លើងយកមកគោរពបូជាជំនួសព្រះជាម្ចាស់ ហើយក៏ត្រូវបណ្តាសារនេះ។

បិតាទ្រង់មិនមានកូនប្រុសឯណាទៀតទេ ដូច្នេះ​ត្រង់ត្រូវបាន​ចិញ្ចឹមឡើងយ៉ាង​ពិសេស​ដើម្បី​កំណត់​ការងារ​ក្នុងភាពរុងរឿងគឺគ្រងរាជ្យបន្ត។

នៅពេលក្រោយមក មនុស្ស​ក្នុងនគរទាំងអស់បានជឿ​តាមទ្រឹស្តី​ភ្លើងនិងប្តូរទៅគោរពបូជាអទិទេពភ្លើង ។ សំណាងណាស់ដែលរាចបុត្រ​មានឱកាស​ចៃដន្យបានជួបស្ត្រីចំណាស់ម្នាក់ ដែលមកជាគ្រូ។ គាត់បាន​លបលួច​មកបង្រៀនគូរ៉ាន់និង ម៉ូស្លីម​បង្វឹករាជកុមារឱ្យ​ជឿលើអល់ឡោះនិងសាវកនានា។

រឿងនេះបានលាក់កំបាំងពីពុកម្តាយ​របស់ទ្រង់។

ដូច្នេះនៅពេលដែលរាជបុត្រ​ចម្រើនវ័យធំដឹងក្តីឡើងទ្រង់ចេះចាំស្ទាត់អំពីគោលការណ៍របស់អ៊ីស្លាមជាមួយនឹងពិធីទេវភាពនានា ការអធិស្ឋានប្រចាំថ្ងៃចំនួន ៥ ចេះគ្រប់សន្លឹកនៃគម្ពីរកូរ៉ាន។ល។

 នៅថ្ងៃមួយ ជាពេលនគរ​ត្រូវឈាន​ដល់អវសានវាទនៃបណ្តសារ ជាពេលដែល សំលេងគ្រហឹមស្រែក ដូចជាផ្គរលាន់គ្រហឹមសង្កៀរ​ ត្រចៀកបានលាន់មកពីលើមេឃ ទាំងឆ្ងាយនិងជិត អ្នកស្រុកនៃទីក្រុងនេះដែល​ ឈប់ គោរពនិងថ្វាយបង្គំអល់ឡោះត្រូវ​ក្លាយជាថ្មភ្លាមៗ។

កំហឹងនៃស្ថានសួគ៌បានធ្លាក់មកលើពួកគេភ្លាមៗ លើកលែងតែ​ត្រង់អង្គឯងដែលស្និទ ជានិច្ចក្នុងការអធិស្ឋាន ការតមអាហារនិងការអាន សូត្រគម្ពីរកូរ៉ាន។

«ប៉ុន្តែខ្ញុំពិតជាធុញទ្រាន់និង ភាពឯកកោរបស់ខ្ញុំណាស់នារីដ៏ស្រស់អើយ! វត្តមាន​អ្នកបាន​ឈ្នះបេះដូងខ្ញុំហើយអ្នកជាម្ចាស់នៃជីវិតនិងព្រលឹងខ្ញុំ»

 ខ្ញុំក៏ពិតជាកើតចិត្ត​ប្រតិព័ទ្ធឥតបី​លើរាជបុរស។

ខ្ញុំបានសាងស្នេហាជាមួយ​ទ្រង់ ហើយ​ចង់ឱ្យទ្រង់ចាកចោល​ដែនដ៏ឯកោមួយនេះទៅជាមួយគ្នាជួបមនុស្ស​ម្នាឡើងវិញ​​។

បន្ទាប់មកពីរនាក់យើង បានចុះទៅ ជួប បងស្រីនិងទាសករដែលកំពុងស្វែងរកខ្ញុំ។ នៅពេលពួកគេឃើញខ្ញុំ ពួកគេសប្បាយចិត្តណាស់ ហើយចាប់ផ្តើម​ដឹងរឿង​ពួកយើងជាបន្តបន្ទាប់រហូរដល់ព្រមព្រៀងគ្នាចេញសំពៅទៅផ្ទះវិញ។

យើងបានរង់ចាំដល់ថ្ងៃដែលទិស​ខ្យល់ល្អ ហើយបានឡើងជិះ ចេញដំណើរ បន្តទៅនគរ​មុខទៀត។

យើងចេញសំពៅ​ដោយ​មិនបង្អង់ឈប់ឈរ ព្រោះទៅឱ្យបាន​មុនពេលមានខ្យល់បក់ព្យុះបោកមក។ ចុងក្រោយ​យើងបានមកដល់ដែន​សមុទ្រមាន​ សុវត្ថិភាពក្បែរ​ ទីក្រុងបាសូរ៉ា ដែលអាចមើលឃើញលឹមៗ។

យប់នោះ​ពួកយើង​ហូបស្រា​ហើកម្សាន្ត​ចិត្ត​ព្រោះរីករាយ​និងបានឡើងលក់ទំនិញ បន្ទាប់មកក៏ចូលគេងសម្រាក។ មិនស្មានទេ​ថា បងស្រីខ្ញុំទាំង​ពីរនាក់បាន​ក្រោកឡើងស្ងាត់ៗ ហើយបាន​លើកខ្ញុំ ទាំងគ្រែនិងអ្វីៗទាំងអស់បោះទៅក្នុងសមុទ្រ។

 ពួកគេបានធ្វើបែបនេះ​ដូចគ្នាទៅលើព្រះអង្គម្ចាស់វ័យក្មេងជាស្វាមី​បណ្តាលឱ្យទ្រង់លិចលង់ទឹកសុគតគ្រានោះហោង។

ចំពោះខ្ញុំ នៅពេលខ្ញុំភ្ញាក់ឡើង​ក៏ខ្ញុំឃើញខ្លួនឯងនៅក្នុងសមុទ្រ ហើយឃើញ ឈើមួយដុំដែលបានជួយឱ្យខ្ញុំតោង​និងរលក​ បក់បោកខ្ញុំរហូតទាល់បោះខ្ញុំទើរ​មក​លើឆ្នេរកោះ ដីខ្ពស់និងគ្មានមនុស្សរស់នៅមួយ។

ខ្ញុំក្រោក​ទាំងឈឺចាប់នឹង​ ដើរជុំវិញកោះនេះពេញមួយយប់នៅតែគ្មានឃើញ​មនុស្ស។

នៅពេលព្រឹកព្រលឹមខ្ញុំរកឃើញចៃដន្យនូវផ្លូវរដិបរដុបមួយ តភ្ជាប់រវាងកោះនេះ ទៅនឹងដីគោកម្ខាងទៀត។ ខ្ញុំបានចេញដំណើរតាមផ្លូវនោះ រហូត ដល់ដីគោកនៅលឹមៗពីមុខ​ត្រើយម្ខាង។

ភ្លាមនោះ  ខ្ញុំឃើញ​សត្វ​ពស់ដ៏ធំមួយ បានរត់លូន​សំដៅមករកខ្ញុំ ដោយប្រញាប់ប្រញាល់ម្តង​ រអិលទៅ ស្តាំបន្ទាប់មកទៅខាងឆ្វេងហាក់របួសធ្ងន់។

តាមពិតវាត្រូវបាន​ដេញតាមដោយសត្វ​ត្មាតធំមួយ មានប្រវែងប្រមាណជាពីរលំពែងបោះ ឯណោះ។ ត្មាតយក្ខ មិនខ្វល់នឹងខ្ញុំទេ ​វាតាមតែប្រាថ្នា​ចឹកឆីសត្វល្មូនមួយនេះ បណ្តាលឱ្យ​ ទឹកភ្នែករបស់សត្វពស់​ហូរចេញមកដូចជាមនុស្ស​។

ខ្ញុំអាណិតសត្បរបួសនេះ ក៏ឱន​លើកដៃទាំងពីររើសដុំថ្មមួយ​ស្រែក​គំហក បោះទៅ​បង្អើលត្មាត។

ដោយបាន​ជំនួយពីអល់ឡោះ ថ្មបានសង្កត់បំបែកក្បាលត្មាតត្រង់ធ្លូមែន។

ពស់ក៏លូនបាត់ដែរ។

ដោយខ្ញុំនឿយហត់ឥតគណនា ក៏គេងទាំងអង្គុយ​នៅនឹង​កន្លែងក្បែរជើងព្រៃមានម្លប់មិនសូវរងា។ នៅពេលខ្ញុំភ្ញាក់ឡើង ស្រាប់តែ​បានរកឃើញនារីក្រមុំសម្បុរខ្មៅម្នាក់មកអង្គុយនៅក្បែរជើងខ្ញុំ និងច្របាច់គក់ឱ្យ។

នាង​ហាក់ជាទាសករតែខ្ញុំមិនស្គាល់ឡើយ។

នៅក្បែរនាងមានឆ្កែខ្មៅពីរក្បាល ។ ខ្ញុំមានការខ្មាស់អៀនដែលដេក​សន្ធឹងកណ្តាលធម្មជាតិក៏ស្ទុះ​រៀបឬកនិងត្រេកអរ​ដែលឃើញ​នាងផង។

«ប្អូនស្រី តើរស់នៅកោះនេះ?”

តែនាងបានឆ្លើយឡើងវិញថា៖

“ តើម្ចាស់ភ្លេចខ្ញុំបានលឿនម្ល៉េះ? ខ្ញុំគឺជាពស់​ដែលរបួស! ឆ្កែពីរនេះជាបងស្រី​មិនល្អរបស់ម្ចាស់​ខ្ញុំបានដាក់ទោសពួកគេ​»

ក្រោយដឹងរឿង​ហើយ នាង​ពស់​ក៏ពិតជាសះពីរបួស ​ហើយ​បានចាប់កាន់ពួកយើងហោះតាមខ្យល់ទៅកាន់កប៉ាល់វិញដឹកនាំខ្ញុំត្រលប់ទៅនគរចាស់។

មកដល់ផ្ទះខ្ញុំវិញ ខ្ញុំឃើញថា អ្វីៗនៅដូចដើម​មិនបានបាត់បង់​ខូចខាត​អ្វីទាំងអស់។

មុនពេលចាកចេញទៅ​ពស់បាន​ដាក់បណ្តសារថា  ៖

«ដើម្បីជីវិត​រស់នៅទៅមុខមានសន្តិភាពបាន​ លុះត្រាតែអ្នកដោះស្រាយជាមួយសត្វឆ្កែទាំងនេះ ចំនួនបីរយរំពាត់​ជារៀងរាល់ថ្ងៃ ទើបពួកគេឆាប់ផុតកម្មបាន! នេះចា​សច្ចាប្រណិធានប្រសិន​អ្នកមិនធ្វើ  ខ្ញុំនឹងមិនមកកែខ្លួនឱ្យបងស្រីរបស់អ្នកជាមនុស្ស​វិញទេក្រោយបីឆ្នាំ” ។ ចាប់តាំងពីពេលនោះមកខ្ញុំមិនដែលហ៊ានប្រហែស​ពីការ​វាយពួកគេ​ទេ។

ស្តេចឮហើយកាលណា ក៏សព្វព្រះទ័យ​ទទួលនាង​មកតែងតាំងជាស្នំឯក​ក្នុងវាំង។