នេះជាវេនអ្នកបួសទីបី។
គាត់បានក្រោកឡើងហើយនិយាយថា រឿងរបស់ខ្ញុំគឺខុសគ្នាឆ្ងាយពីអ្នកបួសទាំងពីរនាក់មុន។ គ្រប់យ៉ាងជាជោគជតាកម្ម ផលវាសនាមិនល្អដែលធ្វើឱ្យពួកគេបាត់បង់ ភ្នែកខាងស្តាំ ប៉ុន្តែសម្រាប់ខ្ញុំគឺមកតែពីភាពល្ងង់ខ្លៅរបស់ខ្លួនឯងបានត្រូវរងពិការមកទល់ពេលនេះ។
ខ្ញុំឈ្មោះអាហ្គីប ជាកូនប្រុសរបស់ស្តេចកាស៊ីប សោយរាជ្យនៅឯរាជនគរដ៏ធំមួយ ដែលមានរដ្ឋធានីឈ្មោះថា ទីក្រុងកំពង់ផែល្អបំផុតនៅលើពិភពលោក។
នៅពេលដែលខ្ញុំទទួលបានការស្នងរាជ បល្ល័ង្ក ការយកចិត្តទុកដាក់ដំបូងរបស់ខ្ញុំគឺចេញទៅទស្សនាខេត្តនានាលើដីគោក ហើយបន្ទាប់មកជិះទូកទៅគ្រប់គ្រងផ្សព្វផ្សាយនយោបាយនៅតាមបណ្តាកោះជាច្រើន ដែលនៅឆ្ងាយពីច្រាំងធានី ដើម្បីទទួលបានការគាំទ្រពីរាស្ត្រ ។ ការធ្វើដំណើរទាំងនេះ បានផ្តល់ឱ្យខ្ញុំនូវរសជាតិនិងបទពិសោធន៍នៃការជិះទូករយៈពេលយូរៗ ដែលខ្ញុំមិនយូរប៉ុន្មាន បានមានសន្ទុះចិត្តប្តេជ្ញាចង់ចេញទៅផ្សងព្រេងលើដំណើរដើរសមុទ្រឆ្ងាយ ៗទៀត។
រួច ហើយខ្ញុំបានបញ្ជាឱ្យកងនាវាធំ ៗ ត្រៀមខ្លួនជាស្រេចសម្រាប់សេចក្តីស្រមៃនេះ។ដោយមិនបង្អង់យូរទេ នៅពេលដែលគ្រប់យ៉ាងត្រូវបានបំពាក់ត្រឹមត្រូវខ្ញុំបានចាប់ផ្តើមបេសកកម្មលើដែនជលសា ។
ភាពអស្ចារ្សសម្រាប់យុវក្សត្រាដូចខ្ញុំរាប់មិនអស់នោះឡើយលើដែនសមុទ្រធំល្ហល្ហេវ តែអស់រយៈពេលសែសិបនៃដំណើរនោះ ថ្ងៃមួយខ្យល់ ព្យុះដ៏អាក្រក់បានកើតឡើងឥតឱ្យសញ្ញាណដឹងមុន។ វាបានបក់បោកផ្ទប់យើងឱ្យគឿងកណ្តាលទីនោះអស់រយៈពេលប្រមាណជាង ១០ ថ្ងៃ រហូតដល់អ្នកបើកបរសារភាពថា គាត់ពិតជាបានបាត់បង់ទិសដៅហើយថែមទាំងទប់ចង្កូតលែងជាប់មិនដឹងថាមកពីអ្វី ទំនាញចម្លែកនៅខ្សែទឹកនេះ។
ដូច្នោះហើយនាវិកម្នាក់ត្រូវបានគេបញ្ជូនទៅក្បាលទូកដើម្បីព្យាយាមចាប់យកទសិដៅដីគោក តែគាត់បានបកមករាយការណ៍ថា គ្មានអ្វីអាចមើលឃើញក្រៅពីសមុទ្រនិងមេឃទេ។ បន្ថែមពីនោះចំណុចពណ៌ខ្មៅដ៏ធំសម្បើមមួយដែលស្ថិតនៅចំកណ្ដាលជលសាកំពុងបង្កើនការប្រុងប្រយត្ន័មួយសម្រាប់យើង។
នៅពេលឮពាក្យរាយការណ៍ទាំងនេះ មេនាវិកដែលថ្នឹកខាងសមុទ្រនឹងដឹងរឿងច្រើនចាប់ផ្តើមស្រែកយំអង្វរមេឃ។ នាវិកដែលប្រែទៅជាភ័យញ័រ បានធ្វើឱ្យខ្ញុំដឹងស្រេចថា អ្វីទេមិនល្អបម្រុងកើតមានមិនខាន។
ពេលនោះខ្ញុំឃាត់នាវិកឱ្យស្ងប់ចិត្តមកពន្យល់ខ្ញុំពីមូលហេតុនៃភាពភិតភ័យរបស់គាត់ គាត់បានឆ្លើយតប ថាយើងបានរសាត់ឆ្ងាយណាស់ពីផ្លូវគោលដៅរបស់យើង រីឯភាពងងឹតដែលគេបានឆ្លុះឡើងទៅឃើញ គ្មានអ្វីក្រៅពីជ្រលងភ្នំខ្មៅដ៏ល្បីល្បាញនោះទេ។
ភ្នំនេះ ត្រូវបានផ្សំឡើងមេដែក ដែលបន្តិចទៀតនឹងស្រូបយកនូវដែកគោល ដែកគ្រប់យ៉ាងទាំងអស់ពីក្នុងនាវាហើយពួកយើងនឹងត្រូវលិចស្លាប់។ ជាបណ្តើរៗយើងកំពុងត្រូវបានវាទាញឆក់ទៅកាន់តែ និងកាន់តែខ្លាំងឡើងៗជាលំដាប់បានជាយើងលែងទប់បាន។ កម្លាំងនៃការស្រូប ទាញរបស់ភ្នំមេដែក នឹងកាន់តែខ្លាំងឡើងៗ ដែលដែកនិងដែកគោលរបស់យើង មិនយូរទេក៏នឹងធ្លាក់ចេញពីកប៉ាល់ ហើយហក់ទៅតោងជាប់នឹងភ្នំនោះ នេះគឺជាមូលហេតុដែលធ្វើឱ្យនាវាយើងបាត់ជំហរ ឆ្ពោះទៅរកតំបន់សមុទ្រមានភាពខ្មៅស្រអាប់។
គាត់បើកសៀវភៅមួយបង្ហាញខ្ញុំនូវ រឿងរ៉ាវដែលមានសរសេរទុកអំពីភ្នំបិសាចនេះ ជាប្រភេទភ្នំមានភាពរឹងមាំ នៅលើកំពូលមានទ្រនាប់ក្រាលពីលង្ហិនទ្រទ្រង់នៅលើសសរដែលផ្ទុកសំណាក់រូបសេះមាន អ្នកជិះលើនោះពាក់អាវជាសញ្ញាសម្គាល់ ចម្លែក ៗ ដែលគេសរសេរទុកមកថា ដរាបណារូបចម្លាក់នេះនៅតែមាននៅលើនោះ នាវានឹងគេចមិនរួចពីត្បុលចូលទៅរកវាឡើយ។
ចប់ការពន្យល់ នាវិកចាប់ផ្តើមយំសោកជាថ្មី។ ភាពវឹកវរកើតមាននៅវេលាម៉ោងចុងក្រោយនៃអាសន្ន ម្នាក់ៗលែងស្តាប់គ្នាបាន ក៏សំរេចចិត្តតាមឆន្ទៈរៀងៗខ្លួនរកកន្លែងសុវត្ថិភាពយ៉ាងស្លន់ស្លោខ្លាចរអាសេចក្តីស្លាប់។
មិនយូរទេ យើងចាប់ផ្តើមឃើញដែកគោលនិងដែកនានាទាំងអស់ហើរចេញពីនាវា ទៅជុងជាប់នឹងភ្នំដោយបន្លឺសំលេងរំខានឡើងគួរឱ្យរន្ធត់វឹកវរ។
មួយសន្ទុះមក កប៉ាល់ទាំងមូលចាប់ធ្លាក់ចុះស្រឹមៗលិច ។ ខ្ញុំតែម្នាក់ឯងបណ្តែតយករួចខ្លួនលើ កម្រាលអណ្តែតទឹកមួយ ហើយត្រូវខ្យល់បក់បញ្ចូនចុះឡើង តាមយថាកម្ម។
ពេលដឹងខ្លួនពីសន្លប់និងតក់ស្លុត ខ្ញុំឃើញខ្លួនឯងដេកស្ប៉ាបលើឆ្នេរគោកមួយ ដោយគ្មានសូម្បីតែអាវក្រៅនឹងដណ្តប់ ឬកម្លាំងស៊ូមួយសសៃរណា។
តើអ្វីទៅ ដែលអាចនឹងនាំឱ្យខ្ញុំអាចឡើងទៅរកទីក្រុងមនុស្សម្នាបាន បើមិនមានសូម្បីដង្ហើមគ្រប់ផង ការពិតសូម្បីតែ ខ្យល់ដែលបោកមកម្តងទៀតសឹងអាចថាផាត់ បោកខ្ញុំទម្លាក់ចូលទៅក្នុងសមុទ្រវិញបានជាមិនខាន។
ខ្ញុំសន្លប់ទៀតដោយគ្មានសង្ឃឹម រហូតពេលមួយអាកាសត្រជាក់បានដាស់ខ្ញុំឡើង។ នៅពេលនោះខ្ញុំឃើញកេសអាហារក្រៀមខ្លះក៏ស្រវាមកហូប។ នោពេលក្រឡេកជុំវិញ ខ្ញុំឃើញខ្លួនឯងនៅលើកោះខ្មៅនោះ ព្រោះពិតជាបានឃើញ រូបសំណាក់សេះនិងអ្នកជិះ ដូចជាបានគូរប្រាប់ក្នុងសៀវភៅបេះបិទ។
ល្ងាចឡើងក្រោយមានកម្លាំងបន្តិច និងប្រមូលចំណីខ្លះញ៉ុកពេញរាងកាយ ខ្ញុំសម្រេចចិត្តថា នឹងត្រដរឡើងទៅលើក្រែងមានកន្លែងជ្រកបានពីព្យុះសង្ឃរា។
ខ្ញុំឡើងត្រដាបត្រដួសទម្រាំដល់កំពូលភ្នំ ក៏បានឃើញសេះស្ពាន់លង្ហិននិងរូបចម្លាក់មនុស្សដូចអ្វីដែលនាវិកបានពិពណ៌នា ប៉ុន្តែគ្មានសំណាក់ជ្រកបានឬអ្វីទាំងអស់។ ពេលនោះខ្ញុំប្រះក្រោមរូបហើយសម្រាកលក់ឈឹង។
ក្នុងក្តីសុបិនខ្ញុំឃើញបុរសចំណាស់ម្នាក់បានឡើងមករកខ្ញុំ ហើយនិយាយថា «សូមស្តាប់អាហ្គីប! នៅពេលអ្នកភ្ញាក់ឡើង ជីកដីក្រោមជើងអ្នកនឹងឃើញធ្នូធ្វើពីលង្ហិនព្រមជាមួយព្រួញបីដើម! ហើយអ្នកត្រូវព្យាយាមឡើងជិះសេះនោះតែ វានឹងមិនទៅមុខទេ វានឹងដួលស្លាប់ ពេលសេះនោះដួល នៅក្បែរអ្នកចូរ កប់វានៅកន្លែងដែលអ្នកបានយកធ្នូនិងព្រួញចេញមកនោះ! ធ្វើដូចនេះសមុទ្រនឹងកើនទឹកឡើង ហើយគ្របដណ្តប់លិចភ្នំមេដែក អ្នកនឹងឃើញថាមានរូបមនុស្សដែកម្នាក់ទៀតអង្គុយនៅក្នុងទូកមួយជិះមកដល់ រួចអ្នកអាចបោះជំហានឡើងទៅលើទូកហើយអនុញ្ញាតឱ្យគេដឹកអ្នកទៅចុះ ប៉ុន្តែត្រូវប្រកាន់ខ្ជាប់តំណមថា មិនអាចនិយាយអ្វីបន្ទោសបង្អាប់ដល់ព្រះ អល់ឡោះ ចេញពីមាត់របស់អ្នកដាច់ខាត “
ដោយបានច្បាស់ ហើយកាលណា ខ្ញុំភ្ញាក់ដឹងខ្លួនឡើងប្រឹប។ មិនបាច់សង្ស័យឡើយ ខ្ញុំស្ទុះទៅទាញធ្នូនិងព្រួញចេញពីដី ហើយធ្វើតាមពាក្យពន្យល់សប្តិគ្រប់យ៉ាង។ ស្ទើរតែគ្មានពេលបញ្ចុះសពសេះផងទូកមួយបានចែវមកជិតខ្ញុំ។
ខ្ញុំបោះជំហានឡើងដោយស្ងៀមស្ងាត់ហើយអង្គុយចុះ។ អ្នកអុំជាមនុស្សដែក បានរុញជំនិះចេញ ហើយពួកយើងជិះទូកដោយមិនឈប់ រយៈពេលជាងប្រាំបួនថ្ងៃអាស្រ័យតែនឹងអាហារក្រៀមក្រោះខ្វះមុខក្រោយ។
បន្ទាប់ពីនោះ ដីកោះមួយ បានលេចចេញមកឯជើងមេឃឆ្ងាយ។ ខ្ញុំពិតជាពោរពេញដោយភាពរីករាយសេចក្តីសង្ឃឹម នៅពេលឃើញបែបនេះ តែខ្ញុំក៏បានភ្លេចអ្វីៗជាតំណមសំខាន់ ដោយក្រោកឡើងស្រែកថា “អាឡាសូមសរសើរ! អល់ឡោះសូមសរសើរ!”
ពាក្យនេះស្ទើរតែមិនចេញផុតពីមាត់ខ្ញុំផង ទូកនិងមនុស្សដែកបានចាប់ផ្តើមលិចស្រឹមចុះក្រោមរហូតបាត់ទៅទាំងស្រុងក្នុងលំហជលសា ទុកឱ្យខ្ញុំអណ្តែតឯកាញ័រចំប្រប់លើផ្ទៃទឹក។ ពេញមួយថ្ងៃ និងយប់នោះ ខ្ញុំបានហែលហើយអណ្តែតខ្លួនឆ្លាស់គ្នាចុះឡើងតាមដែលអាចធ្វើទៅបាន សម្រាប់ស្វែងរកដីគោកណាដែលនៅជិតនឹងទីតាំងខ្ញុំបំផុត។
ទីបំផុតកម្លាំងរបស់ខ្ញុំចាប់ផ្តើមថមថយហើយបរាជ័យចូលមកដល់ព្រោះខ្ញុំអស់ដៃជើង ហើយខ្ញុំបានលះបង់ខ្លួនឯងចោល។
ខណៈនោះខ្យល់បានបក់មកភ្លាមៗ ហើយរលកដ៏ធំមួយបានសន្ធប់មកលើខ្ញុំរហូតរុញខ្ញុំទៅទើរលើច្រាំងដី។ ដឹងខ្លួនកាលណាខ្ញុំអរណាស់ដែលនៅមានជីវិត។ បន្ទាប់មក ខ្ញុំ ប្រញាប់យកសម្លៀកបំពាក់ ទៅសម្ងួតនៅក្រោមពន្លឺព្រះអាទិត្យ ហើយបោះខ្លួនខ្ញុំសំដិលនៅលើដីក្តៅដើម្បីសម្រាកពីការញាំញីនៃភាពត្រជាក់។
ខ្ញុំលង់លក់រហូតដល់ព្រឹកបន្ទាប់ ក៏ក្រោកឡើងស្លៀកពាក់ដោយខ្លួនឯង ហើយចាប់ផ្តើមមើលសភាពទីនេះ។វា ហាក់ដូចជាគ្មាននរណាក្រៅពីខ្ញុំជាមនុស្សម្នាជីវិត នៅលើកោះដែលគ្របដណ្តប់ដោយដើមឈើហូបផ្លែមិនខ្វះ អ្វី ប៉ុន្តែហាក់ដូចជាឆ្ងាយពីដីគោកនិងភូមិករមនុស្សម្នា។ ទោះយ៉ាងណា ខ្ញុំ បានឃើញកប៉ាល់មួយកំពុងធ្វើដំណើរឆ្ពោះមក កាន់កោះនេះ ។ មិនដឹងថាជាក្រុមចោរសមុទ្រឬអ្នកណាទេ ខ្ញុំបានសម្រេចចិត្តលាក់ខ្លួននៅលើមែកឈើក្រាស់មួយតាមដានពួកគេ។
នាវិកបានចូលកប៉ាល់ក្នុងដៃព្រែកចតស្ងៀម បង្ហូរចេញនូវទាសករខ្មៅ ១០ នាក់រត់ចុះមកដោយមានកាន់លំពែងស្ពាន់និងកាំបិតផង។
ពួកគេបានឈប់នៅចំកណ្តាលកោះ ហើយ ជីកដីញាប់ណាស់។ បានមួយរយៈគេបានលើកបើកទីតាំងមួយដែលមើលទៅ មានសណ្ឋានដូចជា ទ្វារ។
បន្ទាប់មកពួកគេបានរត់ត្រលប់បកទៅនាវាវិញ ហើយវិលមកដោយដឹកជញ្ជូនមកជាមួយនូវបណ្តាគ្រឿងសង្ហារឹម និងសំភារៈប្រើប្រាស់ទំនើបៗ ធញ្ញជាតិអាហារប្រណីត គ្រឿងក្រអូប ទៀន ចុងក្រោយ សែងបុរសចំណាស់ម្នាក់ និងនាំមុខជាមួយបុរសវ័យសង្ហាដូចអភិជនក្នុងវ័យប្រមាណជាដប់បួនឬដប់ប្រាំឆ្នាំមកជាមួយ។
ពួកគេទាំងអស់បានចុះតាមកន្លែងជីក ហើយបាត់ខ្លួននៅក្រោយទ្វារ។
ខ្ញុំនៅរក្សាចិត្តឆ្ងល់ មិននិយាយអ្វីទាំងអស់ហើយសំងំរង់ចាំមើលដោយអត់ធ្មត់។ បន្ទាប់ពីនៅខាងក្រោមដីប្រមាណជាងមួយម៉ោង មនុស្សម្នាចេញមកវិញដៃទទេ ប៉ុន្តែគ្មានឃើញក្មេងប្រុសអភិជនចេញមកជាមួយនោះទេ។
ពួកគេបិទទ្វារនោះវិញ កាយដីគ្រប ដូចពីមុនមកដល់ ហើយ ចូលក្នុងកប៉ាល់ចេញដំណើរចោលទីនេះដោយមិនបង្អង់។
ដរាបណាដឹងថាពួកគេមើលលែងឃើញខ្ញុំ ទើបខ្ញុំហក់ចុះពីដើមឈើនេះ សសៀរទៅកន្លែងដែលក្មេងប្រុសនោះត្រូវបានគេបញ្ចុះ។
ខ្ញុំប្រឹងជីកដីរហូតដល់ឃើញទ្វារនោះវិញទើបឈប់។
នៅពេលដកសោររនុកចេញ ខាងក្រោយទ្វារបានបង្ហាញពី ជំហានជណ្តើរចុះក្រោមជាថ្មម៉ាបដែលនាំខ្ញុំទៅដល់ឃើញបន្ទប់ធំមួយ តុបតែងដោយគ្រឿងសង្ហារឹមយ៉ាងសំបូរបែប និងត្រូវបានបំភ្លឺដោយទាន លាយប្រេងក្រមួនក្រអូបឈ្ងុយ។
នៅលើកំរាលព្រំដែលគ្របលំអរគ្រែ ក្មេងប្រុសអង្គុយឯកោ។ គាត់ងើបមុខឡើងឃើញខ្ញុំដោយស្លន់ស្លោនិងភិតភ័យ។
ដើម្បីបំបាត់ការភ័យខ្លាចគាត់ ខ្ញុំបាននិយាយភ្លាមៗថា៖
«សូមអ្នកកុំតក់ស្លុតអី! ខ្ញុំជាស្តេចមួយអង្គដែលមានគ្រោះរសាត់មកទើរលើទីរហោដ្ឋាននេះខ្ញុំស្បថនឹងមិនធ្វើឱ្យអ្នកឈឺចាប់ឡើយ ផ្ទុយទៅវិញប្រហែលជាខ្ញុំត្រូវបានគេបញ្ជូនមកទីនេះដើម្បីរំដោះអ្នកចេញពីផ្នូរទេដឹង? ហេតុអ្វីបានជាអ្នកត្រូវបានគេបញ្ចុះទាំងរស់?” ។
សម្តីនិងពាក្យលួងលោមរបស់ខ្ញុំបានញាំងឱ្យយុវជននោះសះស្បើយពីអារម្មណ៍ស្រឡាំងកាំង។
ពេលដែលពិនិត្យខ្ញុំចុះឡើងអស់ចិត្ត ចុងបញ្ចប់គាត់ក៏និយាយឡើងថា៖
“ឱ ព្រះអង្គអើយបើអ្នកនឹងដឹងដល់ មូលហេតុដែល បណ្តាលឱ្យខ្ញុំត្រូវស្មគ្រ័ឱ្យគេយកមកកប់នៅកន្លែងនេះ គឺចម្លែកណាស់ អាចធ្វើឱ្យអ្នកភ្ញាក់ផ្អើល! ដើមឡើយពុកខ្ញុំជាអ្នកមានម្នាក់! គាត់ជា អ្នកជំនួញមានដីច្រើននិងកប៉ាល់ជាច្រើន ថែមទាំងមានទំនាក់ទំនងជាមួយថៅកែជួញត្បូងដ៏មានតម្លៃនានា ប៉ុន្តែគាត់មិនដែលសប្បាយចិត្តឡើយព្រោះ គ្មានកូនដើម្បីទទួលមរតកទ្រព្យសម្បត្តិពេលចូលនិវត្ត! នៅទីបំផុត ថ្ងៃមួយគាត់បានយល់សុបិននិមិ្មតថា នៅឆ្នាំបន្ទាប់នឹងមានកូនប្រុសមួយកើតមកក្នុងគ្រួសារ គាត់អរណាស់ ហើយ រឿងនេះក៏កើតឡើងយ៉ាងពិតប្រាកដមែន! គាត់បានពិគ្រោះយោបល់ជាមួយអ្នកប្រាជ្ញទាំងអស់នៅក្នុងនគរអំពីអនាគតទារកម្នាក់នេះ ហើយពួកគេបានរកឃើញនិងនិយាយដូចគ្នាថា ខ្ញុំនេះត្រូវរស់នៅដោយសប្បាយរីករាយរហូតដល់មានអាយុ ១៥ ឆ្នាំ គ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាចមួយដែលកំពុងរង់ចាំខ្ញុំ មិនអាច គេចផុត។ អ្នកដែលយាយីខ្ញុំគឺអាហ្គីបជាកូនប្រុសរបស់ស្តេចកាស៊ីប ដែលនឹងទៅដល់ភ្នំមេដែកហើយទាញទម្លាក់សេះលង្ហិន ដូច្នេះប្រសិនបើអាចគេចខ្លួនពួនហាសិបថ្ងៃ ក្រោយៗគ្រប់យ៉ាងនឹងផុតគ្រោះ! ការព្យាករណ៍នេះបានធ្វើឱ្យបេះដូង ពុកខ្ញុំមានសេចក្តីវេទនាយ៉ាងខ្លាំង ដែលគាត់មិនអាចភ្លេចចោលធ្វើមិនដឹងឬ យកឈ្នះវាបានឡើយ! គាត់បាន យកចិត្តទុកដាក់ចំពោះការអប់រំខ្ញុំទេរហូតដល់ខ្ញុំ ម្សិលមិញមាន ព័ត៌មានបានទៅដល់គាត់ថា កាលពី ១០ ថ្ងៃមុនរូបសំណាកលង្ហិនភ្នំមេដេកត្រូវបានគេបោះចោលទៅក្នុងសមុទ្រ ហើយគាត់បានកំណត់ថា ពេលវេលាអកុសលមកដល់មែន ទើបនាំខ្ញុំមកនៅលាក់ខ្លួនមួយរយៈក្នុងបន្ទប់ក្រោមដីនេះ ដែលត្រូវបានសាងសង់ឡើងយូរក្រែលដែរហើយ ក្នុងគោលបំណង នឹងយកខ្ញុំចេញនៅពេលណាដែលបណ្តាសារសែសិបថ្ងៃទៀតកន្លងផុតទៅ។ សម្រាប់ខ្ញុំ ខ្ញុំគ្មានការភ័យខ្លាចទេ ព្រោះថា ព្រះអង្គម្ចាស់អាហ្គីប ទំនងជាមិនមកដល់ទីរហោដ្ឋាននេះដើម្បីរកខ្ញុំឡើយ” ។
ខ្ញុំបានស្តាប់រឿងរបស់គាត់ដោយអស់សំណើចក្នុងចិត្តនូវការទស្សន៍ទាយមិនសមហេតុផលដែលថា ខ្ញុំនេះប្រាថ្នាចង់ឱ្យក្មេងប្រុសម្នាក់មិនស្គាល់គ្នាសោះនេះគ្រោះថ្នាក់។
ខ្ញុំបានប្រញាប់ដើម្បីធានាដោយការចងមិត្តភាពនិងកិច្ចការពាររបស់ខ្ញុំចំពោះគាត់ដោយសូមអង្វរគាត់ថា នឹងនៅកំដរការពារ៤០ថ្ងៃ ជាថ្នូរនឹងពុកគាត់មកដល់ជួយបញ្ជូនខ្ញុំតាមកប៉ាល់ទៅប្រទេសខ្ញុំវិញ។
ទោះយ៉ាងណា ខ្ញុំមិនប្រាប់គាត់ថា ខ្ញុំជាក្សត្រអាហ្គីបដែលគាត់ខ្លាចនោះឡើយ។
ច្រើនថ្ងៃបានកន្លងផុតទៅ ក្នុងការសោយសុខពីរនាក់ សន្ទនាលើមុខវិជ្ជាផ្សេងៗ និងជប់លៀងតែងកំណាព្យ ខ្ញុំបានរកឃើញថាគាត់ជាយុវជនដែលមានប្រាជ្ញានិងការរៀនសូត្រចេះដឹង។ ខ្ញុំបានទទួលភារកិច្ចជាអ្នកបម្រើ រៀបចំអាងនិងទឹកសម្រាប់គាត់លាងសម្អាត រៀបចំអាហារពេលល្ងាចនិងកំដរនិយាយគ្នា។ មិនយូរប៉ុន្មានគាត់ស្រឡាញ់ខ្ញុំជិតស្និទហើយខ្ញុំវិញក៏មិនខុសគ្នា។ អស់រយៈពេលសាមសិបប្រាំបួនថ្ងៃដែលយើងបានចំណាយពេលដ៏រីករាយ នៅក្រោមដីនេះមិនមានផុលរមាស់អ្វីឡើយ។
ព្រឹកព្រលឹមរបស់ថ្ងៃទីសែសិប គាត់បានភ្ញាក់ឡើង ហើយយុវជន បានត្រៀមទទួលទូកពុកខ្លួនមកដឹកគាត់ទៅ ។ គាត់ឆ្លៀតនិយាយថ្លែងអំណរគុណដោយក្តីរីករាយដែលគ្រោះថ្នាក់បានកន្លងផុតនិងមានខ្ញុំនេះមកជួយកំដរផង។ ខ្ញុំបានរៀបចំដាំទឹកក្តៅឱ្យគាត់សំអាតដើម្បីត្រៀម ផ្លាស់សំលៀកបំពាក់ទទួលនាវាពុកគាត់” ។
ដូច្នេះខ្ញុំយកទឹករៀបចំ បន្ទាប់មកគាត់ក៏ដេកចុះ គេងលក់រង់ចាំចាកចេញ។ នៅពេលគាត់ភ្ញាក់ដឹងខ្លួន បានអង្វរខ្ញុំឱ្យយកផ្លែឱឡឹកនិងស្ករខ្លះមកឱ្យគាត់ ញ៉ាំធ្វើអោយខ្លួនស្រស់ស្រាយ។
មិនយូរប៉ុន្មានខ្ញុំបានជ្រើសរើសយកផ្លែឱ ឡឹកល្អមួយពីឃ្លាំងដែលនៅសេសសល់អាហារពាសពេញ ប៉ុន្តែខ្ញុំរកមិនឃើញកាំបិត ទេ។ គាត់បានប្រាប់ថានៅធ្នើ ពីលើក្បាល។
ដោយសារទីនោះវាខ្ពស់ជាងខ្ញុំ ដូច្នេះខ្ញុំមានការលំបាកក្នុងការឈានទៅដល់។ ខ្ញុំបានជំទើតជើងខ្ញុំ លើគ្រែពេលឈោងយកវា តែកម្មអ្វី ខ្ញុំក៏រអិលដួលភ្លាត់ទៅលើយុវជននោះ ចំណែកកាំបិតបានចាក់ចំបេះដូងគាត់តែម្តង។
នៅក្នុងទិដ្ឋភាពដ៏អាក្រក់នេះ ខ្ញុំស្រែកស្លន់ស្លោខ្លាំង ៗ ទាំងទុក្ខព្រួយនិងការឈឺចាប់ ។ យុវវជនបានស្លាប់ភ្លាមៗមិនបានផ្តាំអ្វីបន្សល់នូវអារម្មណ៍ឆ្កួតលេលាសម្រាប់ខ្ញុំ។
ពេលវេលាទុក្ខព្រួយភ័ន្តភាំងរំលងបានបន្តិច ខ្ញុំក៏នឹកឃើញដល់នាវាពុកគាត់ ។ ដោយខ្លាចការដាក់ទណ្ឌកម្មថាជាឃាតករ ខ្ញុំប្រញាប់ចាក ចេញពីបន្ទប់ក្រោមដីធ្វើនោះ ចំពេលនាវាបង្ហាញខ្លួននៅលើ សមុទ្រ ឆ្ពោះមកកោះនេះ។
ដោយមានអារម្មណ៍ថា វាគ្មានប្រយោជន៍អ្វីសម្រាប់ខ្ញុំដើម្បីនិយាយពន្យល់បកស្រាយតវ៉ាប្រឆាំងនឹងភាពគ្មានទោសរបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តលាក់ខ្លួនម្តងទៀតក្នុងចំណោមមែកឈើដែលដុះត្រសុំនៅក្បែរៗព្រៃនោះ។
បុរសចំណាស់និងទាសកររបស់គាត់ បានចូលចត។ ពេលនាវា ប៉ះដល់ដីហើយ ពួកគេដើរយ៉ាងលឿនឆ្ពោះទៅរកច្រកចូលបន្ទប់ក្រោមដី។
រំពេចនោះសម្លេងស្រែកដ៏គួរឱ្យអនោចអាធម៌មួយបានបក់បោកតាមខ្យល់លាន់ឮពេញពាសដែនកោះនេះ។ ហើយមួយសន្ទុះក្រោយមកទាសករបានឡើងជណ្តើរ ដឹកទាំងសាកសពបុរសក្មេងនិងសែងជនចំណាស់ដែលដួលសន្លប់ដោយសារទុក្ខព្រួយ។
ពួកគេ ដាក់គាត់នៅគល់ដើមឈើចំដែលខ្ញុំកំពុងបានជ្រកកោនពួន។ ខ្ញុំឃើញពួកគេខំអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះជនចំណាស់ ដោយចំណាយពេលយ៉ាងយូរ។ នៅទីបំផុតគាត់បានដឹងខ្លួនហើយដឹកនាំការ ជីកផ្នូរ ដាក់សាកសពយុវជននោះនៅក្នុង ដី។
នៅចុងបញ្ចប់ ពួកទាសករបានយកគ្រឿងសង្ហារិមទាំងអស់ដែលនៅខាងក្រោមជម្រកពីមុន ដាក់ទៅលើនាវាវិញ ហើយលាចេញពីទីនេះទាំងខ្លោចផ្សា។
ជាថ្មីម្តងទៀតខ្ញុំនៅទីនេះម្នាក់ឯង។
ពេញមួយខែ ខ្ញុំបានដើរជារៀងរាល់ថ្ងៃនៅលើកោះនេះដើម្បីរកឱកាសស្វែងរកកន្លែងគេចខ្លួនចេញ។ នៅទីបំផុត ថ្ងៃមួយខ្ញុំចាប់អារម្មណ៍ឃើញថាទឹកសមុទ្រនាចលេចចេញវាលភក់និងខ្សាច់លិចទឹកមួយ ពីមុខប្រាង្គ ប្រាសាទក្រហមលឹមៗ។
នៅពេលមើលឃើញដំបូងខ្ញុំបានស្រែកឡូឡាសប្បាយចិត្តម្នាក់ឯង។
បន្ទាប់ពីការដើរដ៏លំបាកជាច្រើនម៉ាយ ទីបំផុតខ្ញុំទៅដល់នៅពីមុខវាហើយសម្លឹងមើលដោយភាពភ្ញាក់ផ្អើល។
ប្រាសាទនេះហាក់ដូចជាអគារដ៏អស្ចារ្យបំផុតមួយដែលខ្ញុំមិនធ្លាប់បានឃើញ។ ខណៈពេលដែលខ្ញុំនៅឈរសម្លឹងភាំង បុរសចំណាស់ម្នាក់បានចេញដើរឆ្ពោះមករកខ្ញុំ ។ គាត់ត្រូវបានអមដំណើរដោយយុវជន ១០ នាក់ដែលមានរូបសង្ហាតែហើយខ្វាក់ភ្នែកខាងស្តាំទាំងអស់។
ខ្ញុំបានគិតក្នុងចិត្តថា តើអ្វីទៅនៅពីក្រោយពិការភាពដ៏ចម្លែកនៃពួកគេ។
បុរសនោះបាននិយាយស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅហើយសួរថា តើអ្វីបាននាំខ្ញុំទៅដល់ទីនោះ? ខ្ញុំបានឆ្លើយថា រឿងខ្ញុំវែងបន្តិចប៉ុន្តែបើពួកគេចង់ដឹង ខ្ញុំគួរតែសប្បាយចិត្តក្នុងការតំណាលប្រាប់ពួកគេ។ យុវជនទាំង១០បានអង្វរឱ្យខ្ញុំទៅនៅជាមួយពួកគេក្នុង ប្រាសាទទៅ ហើយខ្ញុំបានទទួលយកការផ្តល់ជូននេះ ដោយរីករាយ។
យើងបានឆ្លងកាត់បន្ទប់ជាច្រើន ជាប្រាង្គប្រាសាទវែងអន្លាយគ្មានទីបញ្ចប់។ តែពួកគេបាននាំចូលសំចតមកក្នុងសាលធំមួយ។
ទីនេះបំពាក់ដោយសាឡុងពណ៌ខៀវតូចៗដប់ សម្រាប់យុវជនពិការទាំងដប់នាក់ ដែលមានគ្រែនិងកៅអី និងមានអសនៈមួយទៀតនៅចំកណ្តាល សម្រាប់បុរសចំណាស់។ ដោយសារគ្មានសាឡុងណាអាចផ្ទុកមនុស្សលើសបាន ពី ខ្ញុំក៏ដាក់ខ្លួនឯងលើកំរាលព្រំ ។
មួយសន្ទុះក្រោយមកនៅពេលខ្ញុំបញ្ចប់ការនិទានរឿងជីវិតខ្លួន បុរសចំណាស់បានក្រោកឡើងហើយនាំយកអាហារពេលល្ងាចជាច្រើនមកឱ្យខ្ញុំញ៉ាំអស់ពីចិត្ត ព្រោះខ្ញុំឃ្លានខ្លាំង។
ពេលខ្ញុំញាំបុរសចំណាស់បានហាមខ្ញុំថា បើអ្នកចង់សុខសប្បាយហូបឆ្អែតស្នាក់នៅស្រណុកតទៅត្រូវកុំសួរនូវអ្វីដែលមិនមែនជារឿងរបស់ខ្លួន។
នៅពេលខ្ញុំបញ្ចប់អាហារហើយ បុរសចំណាស់ បានស្រែកប្រាប់ក្មេងៗទាំង១០ថា “ដល់ពេលបំពេញភារកិច្ចសំខាន់ហើយ” ។ ចប់ពាក្យទាំងនេះរបស់គាត់ ពួកគេទាំង១០បានក្រោកឡើងហើយចូលទៅក្នុងទូមួយ វិលមកវិញជាមួយថាសមួយម្នាក់ក្រាលគ្របដោយសំពត់ខៀវ។ថាសនោះបានដាក់តំកល់នៅចំពោះមុខយុវជនម្នាក់ៗដូចៗគ្នា ។
នៅពេលតាចាស់ទះដៃបីដង គម្របសំពត់ខៀវត្រូវបានគេយកចេញពីលើថាស ដែលខ្ញុំអាចមើលឃើញពោរពេញទៅដោយផេះធូលីធ្យូង ខ្មៅ។ យុវជនបានយកវាមកលាបពេញមុខនិងចាប់ផ្តើមយំ ស្រែកថា “នេះគឺជាផលនៃ ជីវិតអាក្រក់របស់យើង” ។
ពិធីនេះបន្ត អឺងកងធ្វើឱ្យខ្ញុំវិលវល់ តែក៏មិនហ៊ានសួរនាំអ្វីឡើយ។
នៅពេលអាធ្រាតឈានចូលតាចាស់បានទះដៃបីដងពួកគេក៏បានបញ្ឈប់ហើយបានក្រោកឡើងទៅផ្លាស់ ស្លៀកពាក់ខោអាវថ្មីៗ គេងលក់ស្កប់ស្កល់តាមកន្លែងរៀងៗខ្លួន។
ខណៈពេលដែលខ្ញុំបានទប់ចិត្តចៀសវាងពីសំនួរ ទោះបីជាការចង់ដឹងចង់ឃើញរបស់ខ្ញុំស្ទើរតែឆេះទ្រូង ប៉ុន្តែនៅថ្ងៃបន្ទាប់ឡើង ឆ្លៀតនៅពេលដែលយើងចេញទៅដើរលេង ខ្ញុំបាននិយាយទៅកាន់ពួកគេថា៖
“ សុភាពបុរស ខ្ញុំ មិន នៅស្ងៀមតទៅទៀតបានទេ! អ្នកហាក់ដូចជាមានភាពវៃឆ្លាត ប៉ុន្តែ សកម្មភាពអ្វីក្រៅកាលពីយប់ពិតជា អ្វី ដែលកើតឡើងឱ្យ ខ្ញុំមិនអាចទ្រាំមិន សួរបានសោះ ថាហេតុអ្វីបានជាអ្នកលាបមុខខ្មៅ ហើយ ទាំងអស់គ្នាខ្វាក់ភ្នែកតែម្ខាងស្តាំដូចៗគ្នា?”
ប៉ុន្តែពួកគេគ្រាន់តែឆ្លើយថា៖
« មិនមែនជារឿងរបស់អ្នកទេ!»
នៅថ្ងៃនោះ យើងបានពង្វាងទៅនិយាយលេងអំពីអ្វីផ្សេងៗទៀតប៉ុន្តែនៅពេលយប់មកដល់ហើយពិធីដដែលនេះត្រូវបានធ្វើដដែល។
សារជាថ្មី ខ្ញុំបានអង្វរពួកគេដោយស្មោះដើម្បីឱ្យខ្ញុំដឹងពីអត្ថន័យរបស់វា ។
យុវជនម្នាក់បានឆ្លើយតបថា៖
«គិតពីសុវត្ថិភាពរបស់អ្នកទេ បានជាពួកយើងមិននិយាយវាចេញមក! ប្រសិនបើអ្នកចង់ចែករំលែកជោគវាសនាអាក្រក់ជាមួយពួកយើង ចូរស្តាប់ក៏បាន “
ខ្ញុំបានឆ្លើយថា៖
«អ្វីក៏ដោយ ដែលអាចដឹងការពិតចប់ចំងល់ ខ្ញុំព្រម!»
បន្ទាប់មកម្នាក់ក្នុងចំណោមពួកគេ បានបញ្ជាក់ដល់ខ្ញុំថែមទៀតថា សូម្បីតែនៅពេលដែលខ្ញុំបាត់បង់ភ្នែកដូចលំនាំពួកគេក៏ដោយ ក៏ខ្ញុំមិនអាចស្នាក់នៅជាមួយពួកគេបានទៀតដែរ បន្ទប់ពេញហើយ ។
ខ្ញុំមិនយល់ថា ហេតុអ្វីខ្ញុំត្រូវពិការទៅ? ហើយហេតុអ្វី ខ្ញុំត្រូវប៉ងចង់រស់នៅជាមួយពួកគេ ដែលតែងធ្វើរឿងលាបផេះលើមុខដ៏ចំលែកៗរាល់អាធ្រាត?
នៅពេល ច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្ញុំ អ្នកទាំង១០ បានបណ្តើរយកចៀមមួយចេញមក ហើយសំលាប់វា រួចលាងប្រគល់កាំបិតមកអោយខ្ញុំ ។
«ទុកកាំបិតនេះទៅព្រោះអ្នកនឹងត្រូវការប្រើ! មួយទៀត យើងត្រូវដេរអ្នកឯងចូលទៅក្នុងស្បែកចៀមនេះ ហើយទុកចោលលើភ្នំ !មិនយូរទេ សត្វស្លាបចម្លែកមួយដែលមានទំហំធំសម្បើម នឹងលេចឡើងពាំខ្លួនអ្នកទៅដល់កន្លែងនោះ ជាកន្លែងដែលនឹងស្រាយអស់នូវចំងល់របស់អ្នក!»
ពួកគេប្រាប់បន្ថែមទៀតថា៖
« ពេលវាកំពុងពាំអ្នកទៅលើមេឃ ចូរតាំងស្មារតី កុំភ័យខ្លាច ត្បិតដល់ទីដៅវាគង់តែនឹងដាក់អ្នកចុះមកដីដោយសុវត្ថិភាព។ នៅពេលនោះ អ្នកត្រូវកាត់ស្បែកចៀមចេញដោយប្រើកាំបិតនេះ សត្វនោះនឹងហោះគេចចេញព្រោះភ័យខ្លាចខ្លាចមនុស្សា ច្នេះ ខ្លួនអ្នកត្រូវដើរបន្តរហូតដល់ ប្រាសាទដែលគ្របដណ្តប់ មាសរន្ទាល។ អ្វីៗដែលកើតឡើងចំពោះយើងទាំង១០គេនៅនៅទីនោះ អ្នកនឹងដឹងដោយខ្លួនឯងអំពីការលាបផេះនិងគ្រប់យ៉ាងដែលអ្នកឆ្ងល់។ »
រៀបរាប់លំអិតហើយពួកគេពិតជារៀបចំ ដេរស្បែកចៀមមកខ្ញុំខ្ចប់ហើយទុកខ្ញុំចោល ពួកគេបានចាកចេញស្ងាត់សូន្យ។ ប្រហែលមួយម៉ោងសោះ លេចចេញសត្វឥន្ទី្រយ៍ធំមួយមកហើយពាំនាំខ្ញុំឡើងទៅកំពូលភ្នំដោយក្រញ៉ាំជើងដ៏ធំ២។
នៅក្នុងបាវស្បែកចៀមពិតមែន តែខ្ញុំអាចស្មានកម្លាំង បក្សីដ៏ធំនេះថាខ្លាំងសឹងអាចស្ទូចទាញដំរីមួយបាន ។ពេលដល់សំបុកនៅលើភ្នំក៏សត្វដាក់ខ្ញុំចុះ។
នៅពេលដែលបានជើងប៉ះនឹងដីកាលណាខ្ញុំបានដកកាំបិត ចេញហើយកាត់ខ្សែចំណេរថ្នេរ ចេញទៅក្រៅ។ បក្សាឃើញខ្ញុំឈរកាលណា ទទះស្លាបស្រែករោទិ៍រន្ធត់យ៉ាងខ្លាំង ហើយហោះទៅបាត់។
ការងារបន្ទាប់មក គឺខ្ញុំបានចេញដំណើរទៅរកប្រាសាទឱ្យទាន់មុនថ្ងៃលិច។
ខ្ញុំបានរកឃើញទីនោះពិតមែន បន្ទាប់ពីវង្វេងអស់កន្លះថ្ងៃ។ ខ្លោងទ្វារនៃមហាវិមានមាស បាននាំយើងឆ្ពោះត្រង់ចូលទៅក្នុងទីលានមួយដែលអរមសងខាងទៅដោយទ្វាររាប់សិប។ ទ្វារនោះធ្វើឡើងពីក្បាច់ចម្លាក់នៃពពួក ឈើកម្រ និងទ្វារមួយទៀតសែនខុសគេ ធ្វើឡើងពីមាសរន្ទាល។ តាមទ្វារនីមួយៗដែលចំហរ ខ្ញុំបានឃើញខ្លះជាទ្វារទៅកាន់សួនច្បារមេអំបៅឆ្វែលឆ្វាត់ ខ្លះជាអាងទឹកប្រណីតត្រកាល ខ្លះជាបន្ទប់រតនៈវត្ថុដ៏អស្ចារ្យ ឬខ្លះជាឃ្លាំងអាហារយ៉ាងសម្បូរបែប។
មិនបង្អ់ទេ ខ្ញុំឈានចូលទៅក្នុងទ្វារទីមួយដោយញញឹមស្លុងស្លុប។ ទីនោះជាសាលមួយយ៉ាងធំទូលាយ រួមជាមួយវត្តមាន នារីស្នំវ័យក្មេងៗ សែសិបនាក់ស្លៀកពាក់យ៉ាងទន់ល្មៃស្អាតអស្ចារ្យនិងមានការតុបតែងពិសក់ដល់ចុងជើងសឹង ឥតខ្ចោះ។
ភ្លាមៗនៅពេលដែលពួកគេឃើញខ្ញុំហើយ ពួកគេបានក្រោកឡើងមកនិយាយពាក្យស្វាគមន៍រួចចោមមក បង្ខំឱ្យខ្ញុំទៅអង្គុយលើកាន់កាប់កៅអីអសនៈចំកណ្តាលបន្ទប់ខ្ពស់ជាងកន្លែងរបស់ពួកគេ។
ហាក់ស្រឡាំងកាំងមិនស្កប់ស្កល់នឹងរឿងចម្លែកនេះ ស្នំម្នាក់បានយកសំលៀកបំពាក់សូត្រវែងដ៏ធ្ងន់និងមានតម្លៃអស្ចារ្យមកទុកបម្រុងនឹងគ្រងឱ្យខ្ញុំ ចំណែកស្នំផ្សេងទៀតបានបំពេញអាងទឹក ខ្លះចាក់លំអងផ្កាដែលមានក្លិនក្រអូបចូល ខណៈស្នំផ្សេងៗទៀតរវល់ជាមួយការរៀបចំតុវែងមួយជាមួយអាហារគ្រប់ធុនប្រៀបដូចពិធីជប់លៀងបម្រុងនឹងកើតមាន។
បន្ទាប់ពីខ្ញុំបានងូតទឹក និងស្លៀកពាក់ថ្មី ញ៉ាំនិងស្រវឹងនូវអាហារឆ្ងាញ់ៗនិងស្រាដែលកម្ររកបាន ស្ត្រីស្នំបានមកចោមរោមខ្ញុំហើយអង្វរទទូចឱ្យនិទានប្រាប់ពួកគេពីដំណើរផ្សងព្រេងរបស់ខ្ញុំ។
នៅពេលដែលខ្ញុំបានជជែកលេងបែបពពុះមាត់នឹងពួកគេចប់ រាត្រីបានឈានមកដល់ ។ ស្នំៗបានអុចបំភ្លឺប្រាសាទដោយប្រើក្រដាស់ដ៏បិសេសសូម្បីតែពន្លឺថ្ងៃពិតៗក៏សឹងថាមិនអាច ភ្លឺជាងទីនេះផង។
បន្ទាប់មកយើង បានប្តូរមកញ៉ាំបង្អែមផ្លែឈើស្ងួតទស្សនាស្នំ ខ្លះច្រៀងនិងស្នំខ្លះទៀតរាំ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់មិនបានកត់សំគាល់ពីរឿងថា ពេលវេលាកន្លងផុតទៅយូរ ប៉ុនណាឡើយ។
អាធ្រាតឈានមកដល់ពួកគេបញញចប់ភ្លេងចម្រៀងហើយនារីម្នាក់បានមកជិតហើយប្រាប់ខ្ញុំថា នាងនឹងនាំខ្ញុំទៅបន្ទប់គេង សម្រាប់ខ្ញុំ។
ពេលនោះខ្ញុំគេងលក់សុខស្រួលដូចទេវបុត្រ។
ខ្ញុំបានចំណាយពេលសាមសិបប្រាំបួនថ្ងៃបន្ទាប់ៗតាមរបៀបដូចលើកទីមួយដដែលៗនេះ ប៉ុន្តែនៅចុងបញ្ចប់ នៅព្រឹកឡើងនៃថ្ងៃទី៤០ ស្ត្រីម្នាក់បានចូលមក និយាយតំអូញថា៖
“ ព្រះអង្គម្ចាស់យើងត្រូវតែចាកចេញពីអ្នកហើយ ទំនងជាយើងនឹងមិនជួបគ្នាទៀតទេប៉ុន្តែប្រសិនបើអ្នកមានការគ្រប់គ្រងខ្លួនឯងល្ងគ្រប់គ្រាន់ ប្រហែលជាយើងអាចមាននិស្ស័យជួបវិញក៏មិនដឹង “។
ខ្ញុំបានឆ្លើយដោយងឿងឆ្ងល់ថា៖
«ស្ត្រីទាំងឡាយអើយ តើអ្វីទៅជាអត្ថន័យនៃពាក្យចម្លែកៗទាំងនេះ សុំឱ្យអ្នកប្រាប់ខ្ញុំបាត់ចំងល់បានទេ? “
ម្នាក់ក្នុងចំណោមពួកគេឆ្លើយថា៖
«យើងទាំងអស់គ្នាគឺជាព្រះនាងដែលជាបុត្រីរបស់ស្តេចមកពីនគរ៤០ យើងរស់នៅក្នុងប្រាសាទនេះជាមួយគ្នាតាមរបៀបដែលអ្នកបានឃើញ ប៉ុន្តែនៅចុងឆ្នាំយើងមាន ភារកិច្ចសម្ងាត់ត្រូវ ចាកចេញ! យើងនឹងទុកកូនសោរប្រាសាទនេះនៅនឹងអ្នកដើម្បីកុំឱ្យអ្នកខ្វះការកម្សាន្តអផ្សុកអំឡុងពេលអវត្តមានរបស់យើង។ ប៉ុន្តែមានរឿងមួយដែលយើងចង់ស្នើ
គឺប្រសាទដែលមានទ្វារមាសនោះមួយគត់ ហាមមិនឱ្យបើកទេ។បើ អ្នកឱ្យតម្លៃដល់បម្រាមនេះភាពសុខសាន្តរបស់អ្នកនិងសុភមង្គលនៃជីវិតរបស់អ្នកនឹងស្ថិតជាអមតៈតែបើអ្នកគឃ្លើនទៅដោះទ្វារនោះចូលមើល ពួកយើងនឹងត្រូវលាអ្នកជារៀងរហូត” ។
ខ្ញុំយំហើយស្រែកធានាដល់ពួកគេពីភាពប្រយ័ត្នប្រយែងរបស់ខ្ញុំហើយស្នំបានឱបខ្ញុំយ៉ាងទន់ភ្លន់មុនពេលពួកគេដើរចេញទៅក្រៅរករាជរថជាជួរៗ។
ទីនេះក្លាយជាស្ងាត់ជ្រងំតែមិនខ្វះអ្វីនោះឡើយ។ ជារៀងរាល់ថ្ងៃខ្ញុំបានបើកទ្វារពីរឬបី ដែលទ្វារនីមួយៗមាននៅពីក្រោយវា នូវបណ្តាអ្វីៗដែលគួរឱ្យភ្ញាក់ផ្អើលរំភើបពិបាករកបានណាស់។ ខ្លះផ្លូវទៅកាន់ចំការផ្លែឈើដែលមានផ្លែផល្លារុងរឿងក្រអូបផ្អែមល្ហែមគ្រប់ជាតិ ខ្លះជាទីលាន ផ្កាកុលាប ម្លិះលាតសន្ធឹងដាច់កន្ទុយភ្នែក និងផ្កាមួយពាន់មុខទៀតដែលខ្ញុំមិនស្គាល់ឈ្មោះ។ ខ្លះជាសួនព្រៃបែតងក្រាស់ ប្រដាប់ដោយពពួកបក្សីទិព្វបំពាក់ដោយស្លាបគ្រប់ពណ៌យ៉ាងវិចិត្រច្រៀងគ្រប់លេង ខ្លះជាអាគារនៃរតនាគារពេញផ្ទុកទៅដោយពពួកត្បូងមានតម្លៃ។ អ្វីៗនៅពីក្រោយបណ្តាទ្វារនិមួយៗសឹងមានតម្លៃដោយឡែកៗ គឺល្អឥតខ្ចោះតាមប្រភេទរបស់វា។
មិនយូរទេ សាមសិបប្រាំបួនបានកន្លងផុតទៅលឿនជាងអ្វីដែលខ្ញុំដឹង។
មិនសប្បាយចិត្តយ៉ាងម៉េចបើនៅព្រឹកបន្ទាប់ពួកព្រះនាងនឹងត្រូវត្រលប់មកប្រាសាទនេះវិញហើយ។
ពេញមួយព្រឹកខ្ញុំដើរចច្រប់អុបផ្សុកតែឯង។
ទ្វារទាំងនោះ ខ្ញុំបានស្វែងយល់គ្រប់ជ្រុងហើយលើកលែងតែបន្ទប់ទ្វារមាសដែលត្រូវបានបិទហាម។
ពិតជាស្កៀបចិត្តព្រោះ ខ្ញុំលែងមានអ្វីដើម្បីកំដរខ្លួនឯងត្រេកត្រអាលចង់ដឹងទៀតហើយក្រៅតែពីកន្លែងមួយនេះ។
ខ្ញុំបានមកឈរនៅមុខកន្លែងហាមឃាត់មួយរយៈដោយសម្លឹងមើលភាពស្រស់ស្អាតរបស់វា។ បន្ទាប់មកការបំផុសគំនិតដ៏រីករាយមួយបានកើតឡើងចំពោះខ្ញុំ គឺថា បើចង់ដឹងហួសហេតុពេក ខ្ញុំអាចលបបើកទ្វារមើលពីនេះទៅ ដោយមិនចាំបាច់ឈាន ចូលបន្ទប់នោះក៏គ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។
យើងឈរនៅខាងក្រៅក៏គង់តែមើលថា អច្ឆរិយៈដែលលាក់កំបាំងនៅក្នុងនោះតើជាអ្វីទៅ។
ដូច្នេះការឈ្លោះប្រកែកគ្នាជាមួយមនសិការផ្ទាល់ខ្លួនបានជំរុញខ្ញុំឈានទៅបើកគន្លឹះទ្វារមាសនោះនៅពេលចុងក្រោយ។
នៅពេលក្លិនក្រអូបពិសិដ្ឋមួយបានជះចេញមកគួរឱ្យរីករាយភ្លេចអស់ទុក្ខលកង្វល់ ចុងក្រោយវាបានយកឈ្នះខ្ញុំលើរាងកាយទាំងស្រុងហើយទាក់ទាញខ្ញុំភ្លេចគ្រប់យ៉ាងនឹងលង់ស្រឹបតែម្តងឈានសន្សឹមៗចូលទៅដោយក្លាហាននិងសែនស្រើបស្រាលចិត្ត។
ខ្ញុំបានមកដល់ បន្ទប់ធំមួយដែលមានពន្លឺព័ទ្ធជុំវិញព្រោះកម្រងជើងពានទៀនមាសដាក់អុចស្រាប់ជាជួរៗចង្កៀងមាសនិងប្រាក់ព្យួរចច្រប់ពេញលើពិដាន។
ថ្វីបើវត្ថុនៃស្នាដៃដ៏កម្រមានតុបតែងនៅជុំវិញខ្ញុំក៏ដោយ ខ្ញុំមិនបានយកចិត្តទុកដាក់ច្រើនជាងសត្វ សេះខ្មៅដ៏អស្ចារ្យមួយក្បាលដែលឈរនៅជ្រុងម្ខាងនោះឡើយ។
នោះជាសត្វដែលមានរាងស្អាតនិងល្អបំផុតខ្ញុំមិនធ្លាប់បានឃើញ។ វាពាក់ប្រឡៅរចនាពីមាសបង្កប់ពេជ្រយ៉ាងធំមួយ មានធុងស្រូវសាឡីនិងល្ងគ្រប់ពណ៌ នៅក្បែរជើងវាជាគ្រឿងអាហារ ហើយម្ខាងទៀតមានផើងទឹកផ្កាកុលាប។
ខ្ញុំបានទៅកៀកដល់ ហើយបន្ទាប់មកលោតលើខ្នងសេះ ដោយលូកអង្រួនទ្រនាប់ដូចដែលខ្ញុំបានធ្វើកាលនៅក្មេង ប៉ុន្តែមិនឃើញសត្វកម្រើកទេ ខ្ញុំលាបាតដៃ ប៉ះអង្អែលខ្នងសេះស្រាល ៗ មិនយូរប៉ុន្មានស្រាប់តែ មានអារម្មណ៍ថា តួខ្លួនសត្វញ័រកញ្ជ្រោលរួចម បញ្ចោញស្លាបធំពីរឡើងមក ទាំងខ្ញុំភ័ន្តភាំង។
សេះទទះស្លាបរួចបោលហោះចេញនាំទាំងខ្ញុំដែលនៅពីលើខ្នងឆ្ពោះត្រង់ទៅលើអាកាស។ នៅពេលដែលខ្ញុំសែនសប្បាយលាយភ័យ វាបានឈានឡើងស្រឺតៗកម្ពស់ដ៏ខ្ពស់បំផុត ក៏បកក្បាលចុះមករកផែនដីវិញ។
ការចុះយ៉ាងគំហុកធ្វើឱ្យខ្ញុំញ័រចំប្រប់កាយ និងធ្លាក់ចេញពីកែប។ សេះចង្រៃបានយកកន្ទុយវា បុកមកភ្នែកស្តាំរបស់ខ្ញុំធ្វើឱ្យខ្ញុំស្រែកឈឺចាប់រួចសន្លប់។
ខ្ញុំស្រឡាំងកាំងនៅពេលដឹងខ្លួនឡើង ហើយប្រវេប្រវារដើររហូតដល់ទីកន្លែងមួយដែលខ្ញុំស្គាល់ ថាជាកន្លែងដែលខ្ញុំឃើញយុវជន១០នាក់កាលពីដំបូង។
ពួកគេស្វាគមន៍ខ្ញុំដោយសប្បុរស ហើយយំសោកចំពោះសំណាងអាក្រក់របស់ខ្ញុំទោះមិនអាចទទួលឱ្យខ្ញុំនៅតែបានប្រាប់ខ្ញុំពីវិធីដែលខ្ញុំត្រូវធ្វើដំណើរ ចាកចេញដល់បាកដាដនេះ។
នៅលើផ្លូវខ្ញុំបានទុកពុកចង្កានិងកោរចិញ្ចើម តាមទម្លាប់របស់អ្នកបួសដូចអ្វីដែលពួកអ្នកបានឃើញនៅទីនេះ។
ពេលអ្នកបួសទីបី បានបញ្ចប់សាច់រឿងរបស់គាត់ហើយ នាងច្បងហ្សូប៊ីដានិយាយឡើងថា៖
“បានហើយដោយសារទេរឿងពួកអ្នកពិតជាចម្លែកនិងមានកម្មច្រើនមកហើយ ខ្ញុំដោះលែង ឱ្យពួកអ្នកទាំងបីចេញ ទៅប៉ុន្តែអ្នកត្រូវចាកចេញភ្លាមៗពីផ្ទះនេះពេលនេះតែម្តង!»