សម្រាប់ការដំណើរការអស់រយៈពេល៤ខែកន្លងមក កម្មវិធីMST Writer បានរកឃើញស្នាដៃឆ្នើមជាច្រើនពីសំណាក់អ្នកនិពន្ធដែលមានទេពកោសល្យជាបន្តបន្ទាប់។ ក្នុងខែធ្នូនេះយើងក៏បានរកឃើញស្នាដៃក្រុម និងបុគ្គលដែលចូលចូលខ្លួនក្នុងមាតិកាកំពូលប្រចាំខែ ជាមួយនឹងចំនួនអ្នកអានដ៏ប្រទាញប្រទង់ក្នុងស្នាដៃដ៏ច្រើនសម្រាប់ខែចុងក្រោយនារដូវកាលទី១នេះ។
១.ស្នាដៃក្រុមហង្សៈ «កុំសន្យានូវអ្វីដែលអ្នកមិនដឹងច្បាស់»
មិនខុសពីក្រុមឥន្រ្ទីយ៍ឡើយ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលរួចមក យុវនិពន្ធមកពីក្រុមហង្សៈបានដាក់ផ្សាយព្រមគ្នានូវស្នាដៃរបស់ខ្លួនកាលពីថ្ងៃទី១ ខែវិច្ឆិកា ក្រោមប្រធានបទដ៏ព្រឺព្រួច អមដោយការរំលេចចេញនូវបែបផែនពិសេសរៀងៗខ្លួន។ ត្រឹមរយៈពេលមួយថ្ងៃដំបូងស្នាដៃរួមគ្នារបស់ហង្សៈបទទួលបានទិន្នន័យអ្នកអានល្អគួរឱ្យកត់សម្គាល់ រហូតមកដល់បំណាច់ខែធ្នូ ស្នាដៃក្រុមមួយនេះបានហក់ឡើងក្នុងមាតិកាកំពូលទី១០ ហើយខាងក្រោមនេះជាចំណាប់អារម្មណ៍របស់ក្រុមហង្សៈជូនដល់អ្នកគាំទ្ររបស់ខ្លួន៖
«ខ្ញុំជាសមាជិកម្នាក់នៅក្រុមហង្សៈ ក៏ជាម្ចាស់ស្នាដៃ “៤៨ម៉ោងបំបែកក្ដីឃាតកម្ម” សូមអរគុណជាពិសេសចំពោះអ្នកគ្រូ ម៉ីសន សុធារី ដែលបានជួយបណ្ដុះបណ្ដាលដល់ក្រុមយើងខ្ញុំ ព្រមទាំងអរគុណដល់សមាជិកក្រុមហង្សៈនិងក្រុមការងារMSTទាំងអស់ ចំពោះការចែករំលែកបទពិសោធល្អៗនិងរៀបចំដាក់ផ្សាយស្នាដៃ។ ម៉្យាងទៀត សូមថ្លែងអំណរគុណដល់មិត្តអ្នកអានទាំងអស់ដែលតែងតែគាំទ្រនិងចូលអានស្នាដៃក្មេងខ្ចីរបស់ពួកយើង។ ខ្ញុំពិតជាសប្បាយរីករាយនិងជឿថាស្នាដៃមួយនេះប្រាកដជាមិនអាចឡើងចូលទៅក្នុង Top 10 បានទេបើគ្មានការចូលរួមរបស់សមាជិកក្រុម និងមិត្តអ្នកអានទាំងអស់គ្នា!» ម៉ក់ ខេមរិន្រ្ទ
«ខ្ញុំបាទជាសមាជិកនៅក្នុងក្រុមហង្សៈព្រមទាំងជាម្ចាស់ស្នាដៃ “រឿងខោក្បាលគីប” និង “មាស៥ជី” សូមអរគុណដល់អ្នកគ្រូ ម៉ីសន សុធារី ដែលជួយបណ្តុះបណ្តាលផ្នែកតែងនិពន្ធដល់អ្នកនិពន្ធជំនាន់ក្រោយ ហើយក៏សូមអរគុណដល់ក្រុមការងារទាំងអស់ ដែលបានចែករំលែកបទពិសោធរួមទាំងការរៀបចំផ្សព្វផ្សាយស្នាដៃរបស់សមាជិក MST គ្រប់គ្នា។» អ៊ឹង ឆាយលី
«នាងខ្ញុំជាសមាជិកនៅក្នុងក្រុមហង្ស:ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលពីអ្នកគ្រូ ម៉ីសន សុធារី ក្នុង MST Writer រដូវកាលទីមួយ។ នាងខ្ញុំពិតរំភើបមែនទែន នៅពេលដែលស្នាដៃមួយរបស់នាងខ្ញុំដែលបានដាក់សម្រាប់ការប្រឡងបញ្ចប់នៅក្រុមហង្ស: ទទួលបានការគាំទ្រពីមិត្តអ្នកអានគ្រប់រូប។ ជាពិសេសស្នាដៃរបស់ក្រុមទាំងមូលក្រោមប្រធានបទតែមួយ បានជាប់ក្នុងចំណោម Top 10។ នាងខ្ញុំពិតជាកោតសរសើរទាំងអ្នកនិពន្ធ ទាំងអ្នកនិយមចូលចិត្តអានប្រលោមលោកគ្រប់រូប។ ជាចុងក្រោយនាងខ្ញុំសូមអរគុណដល់អ្នកគ្រូ និងក្រុមការងារទាំងអស់ដែលបានជួយបង្ហាត់បង្ហាញអំពីការតែងនិពន្ធនេះកន្លងមក។» ឡង់ឌី
«ជាដំបូងនាងខ្ញុំសូមជម្រាបសួរដល់អ្នកគ្រូនិងបងៗក្រុមMST Writerទាំងអស់ នាងខ្ញុំជាសមាជិកម្នាក់ក្នុងក្រុមហង្សៈនិងជាម្ចាស់ស្នាដៃ “រឿងកាក់ខ្មោចហៅ” នាងខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងកម្មវិធី MST writer រដូវកាលទី១នេះ សូមអរគុណដល់អ្នកគ្រូ ម៉ីសន សុធារី ដែលជួយបណ្តុះបណ្តាលដល់ក្រុមយើងខ្ញុំ និងបងៗក្រុមMST writer ទាំងអស់ដែលបានចែករំលែកនូវបទពិសោធល្អៗដល់ពួកខ្ញុំ និងរៀបចំដាក់ផ្សាយស្នាដៃរបស់សមាជិកគ្រប់គ្នា មួយវិញទៀតសូមអរគុណដល់មិត្តអ្នកអានទាំងអស់ដែលតែងតែគាំទ្រស្នាដៃរបស់ពួកយើងផងដែរ។» ហោ សុជាតា
«ខ្ញុំបាទឈ្មោះជាម្ចាស់ស្នាដៃ “រឿងកោះមរណៈ” និង “សម្បថលោហិត” សូមអរគុណដល់អ្នកគ្រូ ម៉ីសន សុធារី ដែលជួយបណ្តុះបណ្តាលផ្នែកតែងនិពន្ធដល់អ្នកនិពន្ធដូចជាខ្ញុំនិងក្មេងៗជំនាន់ក្រោយផងដែរ។ ហើយក៏សូមអរគុណដល់ក្រុមការងារMST writer ទាំងអស់ដែលបានចែករំលែកបទពិសោធល្អៗ រួមទាំងការរៀបចំផ្សព្វផ្សាយស្នាដៃរបស់សមាជិក MST writer ទាំងអស់នៅលើវេបសាយគ្រប់ៗគ្នា ហើយក៏សូមអរគុណដល់មិត្តអ្នកអានទាំងអស់តែងតែគាំទ្រស្នាដៃពួកយើងទាំងអស់គ្នាកន្លងមក។» រ៉េត សុភ័ក្រ
«ជម្រាបសួរ! នាងខ្ញុំជាសមាជិកក្រុមហង្សៈនិងជាម្ចាស់ស្នាដៃ “រឿងលម្អមិត្តសម្លាញ់ខ្ញុំ” ផងដែរ។ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុង MSTwriter រដូវកាលទី១នេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគ្រូ ម៉ីសន សុធារី ព្រមទាំងបងប្អូនក្រុមការងារទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃបង្ហាត់បង្រៀន និងផ្ដល់ឱកាសឱ្យខ្ញុំ ក៏ដូចជាបងប្អូនដែលស្រលាញ់ការតែងនិពន្ធទាំងអស់បានបញ្ចេញស្នាដៃរបស់ខ្លួន។ ជាចុងក្រោយសូមអរគុណដល់មិត្តអ្នកអានដែលតែងនៅជាមួយពួកយើងតាំងពីចាប់ផ្ដើមមក និងសូមឆ្លៀតឱកាសនេះជូនពរអ្នកគ្រូ បងប្អូន មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។» ជេន
២. អ្នកនិពន្ធ បូណា រ៉ូហ្សា នាមប៉ាកកា មីងអ៊ិ ម្ចាស់រឿង«ផ្កាយព្រះគ្រោះ»
ជម្រាបសួរអ្នកអានទាំងអស់គ្នា! រឿង«ផ្កាយព្រះគ្រោះ»នេះ ខ្ញុំសរសេរឡើងមកដោយផ្អែកតាមការស្រមើស្រមៃសុទ្ធសាធ។ នៅក្នុងកំឡុងពេលដែលសរសេររឿងនេះឡើង នាងខ្ញុំបានមានរឿងរកាំរកូសមួយចំនួនកើតឡើងនៅក្នុងបណ្ដាញសង្គម ជាហេតុធ្វើអោយដំណើរសាច់រឿងដែលគ្រោងទុកឡើងមកនោះត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុងទៅតាមអារម្មណ៍ប្រែប្រួលរបស់អ្នកសរសេរ។
នៅពេលដែលសរសេររឿងនេះចប់ ក៏ដូចជាបានចេញផ្សាយនេះហើយទៀត នាងខ្ញុំនៅតែមានអារម្មណ៍ថាមិនទាន់ពេញចិត្តនឹងដំណើររឿងនេះទាំងស្រុងឡើយ ដ្បិតអីវាដូចជាមានអារម្មណ៍ថាសរសេរមិនទាន់ដាក់មនោសញ្ចេតនាដល់ ក៏ដូចជាការរៀបរាប់ហេតុការណ៍មិនសូវបានក្បោះក្បាយ ប៉ុន្តែទុក្ខកង្វល់អស់នេះវាក៏ស្បើយបាត់ទៅតាមពេលវេលាដែលកន្លងផុតទៅ នៅពេលដឹងថារឿងផ្កាយព្រះគ្រោះក្លាយជា Top11 នោះនាងខ្ញុំរំភើបចិត្តសឹងតែស្រក់ទឹកភ្នែកព្រោះថាការដាក់ផ្សាយរឿងនៅលើគេហទំព័រ MST writer នេះខ្ញុំមិនដែលរំពឹងទុកថានឹងបានក្លាយជាTopអ្វីទេ គោលបំណងត្រឹមចង់ឱ្យអ្នកដែលនិយមចូលចិត្តអានរឿងនិងអ្នកដែលមានរសនិយមដូចជាខ្ញុំបានអានកម្សាន្តលែងតែប៉ុណ្ណោះ។
ជាចុងក្រោយ អ្នកសរសេរដ៏សែនខ្ចីគំនិតម្នាក់នេះសូមអរគុណដល់មិត្តអ្នកអានទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកអានរឿងនេះ ហើយក៏សង្ឃឹមថាបន្ទាប់ពីអានរឿងនេះហើយអ្នកទាំងអស់គ្នានឹងមានអារម្មណ៍កក់ក្ដៅ រំភើបជាមួយនឹងស្នេហារបស់លោកមេទ័ពប៉វិនដែលមានចំពោះសៀវស៊ីង ក៏ដូចជាជូនពរអោយអ្នកទាំងអស់គ្នាអាចរកបានប៉វិនរបស់ខ្លួនផងដែរ។
ស្រឡាញ់និងគោរពអ្នកទាំងអស់គ្នា។
មីងអ៊ិ
៣. អ្នកនិពន្ធ អឿន ស្រីនាង នាមប៉ាកកា ជូហ្វី ម្ចាស់រឿង«ស្រមោលស្នេហ៍»
សួស្តីមិត្តៗអ្នកអានទាំងអស់គ្នា! ខ្ញុំគឺ “ស្រីនាង” មាននាមប៉ាកកាថា “ជូហ្វី” ដែលបានដាក់ផ្សាយស្នាដៃចំនួន២ នៅក្នុង MST Writer ដែលរឿងទាំងពីរមានចំណងជើងថា “រឿង ស្រមោលស្នេហ៍” និង “រឿង ធ្លាប់ជាសង្សារកាលមុននាងស្លាប់ វគ្គខ្ចីរាងកាយ”។
ក្នុងអំឡុងពេលថ្មីៗនេះដែរ នាងខ្ញុំមានសេចក្តីរីករាយជាខ្លាំងដែរស្នាដៃមួយក្នុងចំណោមស្នាដៃទាំងពីរដែលខ្ញុំបានដាក់ផ្សាយនៅ MST Writer បានកើនឡើងចំនួនអ្នកចូលអានរហូតដល់ Top12 គឺ រឿងស្រមោលស្នេហ៍ ដែលធ្វើអោយនាងខ្ញុំទទួលបានប្រាក់ចំណូលមួយចំនួនជាការលើកទឹកចិត្តពីខាងក្រុមការងារ។ តាំងពីដើមមកខ្ញុំគ្មានបំណងដែលគិតឡើយ ថារឿងដែលខ្ញុំសរសេរអាចឡើងមកដល់ចំណុចនេះ ហើយវាក៏ធ្វើឱ្យខ្ញុំចំណាយពេលនិងកម្លាំងអស់ជាច្រើនដែរតែខ្ញុំក៏សប្បាយរីករាយជាខ្លាំងពេលដែលដឹងថាស្នាដៃរបស់នាងខ្ញុំពិតជាមានអ្នកនៅចាំគាំទ្រពិតមែន។
តាមពិតទៅខ្ញុំមិនសូវជាមានសង្ឃឹមឡើយថារឿងនេះនឹងបានឡើងដល់ចំណុចនេះដែរតែខ្ញុំក៏មិនបន្តបោះបង់វាចោលដោយងាយៗដូចគ្នា។ ខ្ញុំតែងព្យាយាមផ្ញើសារទៅអ្នកស្គាល់គ្នាឱ្យជួយគាំទ្រសាច់រឿងរបស់ខ្ញុំហើយពេលទំនេរខ្ញុំក៏ឆ្លៀតពេលធ្វើជា Posterទូទៅដើម្បីផុសនៅលើបណ្តាញសង្គម Facebook ដើម្បីឱ្យរឿងនាងខ្ញុំកាន់តែមានអ្នកគាំទ្រ។ ជាក់ស្តែងនាងខ្ញុំតែងតែ Share ស្នាដៃនាងខ្ញុំបន្តម្តងហើយម្តងទៀតជារឿយៗដោយលាយឡំនិងការបរិយាយខ្លះៗដើម្បីទាក់ទាញចំណាប់អារម្មណ៏មិត្តៗអ្នកអាន។
ជាចុងក្រោយខ្ញុំសូមអរគុណទៅដល់អ្នកគ្រូនឹងក្រុមការងារទាំងអស់ នឹងសូមអរគុណទៅដល់មិត្តៗអ្នកអានទាំងអស់ដែលបានជួយគាំទ្រនឹងអានរឿងនាងខ្ញុំដែលបានដាក់ផ្សាយនៅលើវេបសាយ https://www.meysansotheary.com ។
សូមកុំបោះបង់ចោលក្តីសង្ឃឹមអោយសោះមិនថាវាមានភាគរយតិចយ៉ាងណាក៏ដោយ!
៤. អ្នកនិពន្ធ ស៊ាម ស៊ិនវីរៈបូរមី ម្ចាស់រឿង «បឹងអាគម»
សូមជម្រាបសួរ នាងខ្ញុំឈ្មោះ ស៊ាម ស៊ិនវីរៈបូរមី បានចូលរួមក្នុងកម្មវិធី MST writer រដូវកាលទី១ និងជាសមាជិកនៃក្រុម នាគា។ ក្នុងរដូវកាលនេះ “រឿងបឹងអាគម” របស់នាងខ្ញុំទទួលបាន Top 13 និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមការងារផងដែរ។ នាងខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលសាច់រឿងដំបូងរបស់នាងខ្ញុំក្នុងកម្មវិធី MST Writer មានការគាំទ្ររហូតជាប់ចំណាត់ថ្នាក់បែបនេះ។ លើសពីប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងពេលថ្មីៗនេះ នាងខ្ញុំក៏ទទួលបាននូវការរៀនវគ្គខ្លីដោយឥតគិតថ្លៃ ដោយមានការចែករំលែកបទពិសោធពីអ្នកគ្រូម៉ីសន សុធារី ផ្ទាល់។ ក្រោយពីបានសិក្សាវគ្គតែងនិពន្ធមួយរយៈនេះខ្ញុំសង្កេតឃើញថានាងខ្ញុំ និងសមាជិកក្នុងក្រុមពិតជាមានការអភិវឌ្ឍសមត្ថភាពផ្នែកសរសេរ និងនិពន្ធបានច្រើនជាងមុនមួយកម្រិតទៀត។
ជាចុងក្រោយនាងខ្ញុំសូមគោរពអរគុណដល់លោកឪពុក ស៊ាម សេងហំ និងអ្នកម្ដាយ អែប ធាវី ដែលតែងតែចាំជួយផ្ដល់កម្លាំងចិត្តដល់រូបកូន។ ហើយក៏សូមថ្លែងអំណរគុណដល់អ្នកគ្រូ ម៉ីសន សុធារី ដែលបានបង្កើតកម្មវិធីនេះឡើង និងសមាជិកក្រុមអ្នកនិពន្ធ MST Writer ទាំងអស់ដែលចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសិក្សាវគ្គខ្លីអ្នកនិពន្ធក្រៅសាលានេះ ព្រមទាំងមិនភ្លេចអរគុណជាអនេកដល់ប្រិយមិត្តអ្នកអានទាំងអស់ដែលបានជួយគាំទ្រ និងបានបញ្ចេញជាមតិលើរឿងរបស់នាងខ្ញុំ។
៥. អ្នកនិពន្ធ ទឹម ផល្លីនដានាមប៉ាកកាវិនិទ្រា ម្ចាស់រឿង «បាត់ខ្លួន២១ឆ្នាំ»
សួស្ដីមិត្តអ្នកអានទាំងអស់គ្នា! នាងខ្ញុំ វិនិទ្រា ជាម្ចាស់រឿង “បាត់ខ្លួន២១ឆ្នាំ” នាងមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលរឿងរបស់នាងខ្ញុំបានចូលដល់ Top14 នៅក្នុងខែនេះ ថ្វីដ្បិតថាត្រូវចំណាយពេលយូរគួរសមដើម្បីឡើងមកដល់ត្រឹមនេះ ក៏នាងខ្ញុំនៅតែសប្បាយរីករាយចំពោះការព្យាយាមរហូតមានលទ្ធផលដូចជាពេលនេះ។ ជាចុងក្រោយសូមអោយមិត្តអ្នកទាំងអស់គ្នានៅតែបន្តអានស្នាដៃរបស់អ្នកនិពន្ធដទៃទៀតដើម្បីឱ្យពួកគេមានកម្លាំងចិត្តដើរបន្តទៅទៀត។
សូមអរគុណ!
៦. អ្នកនិពន្ធ ចាន់ លីហ័រ ម្ចាស់រឿង «សំណែនស្រីក្រមុំ»
ក្រោយពេលឃើញការប្រកាសពីកម្មវិធី MST Writer ដំបូងពេលនោះអ្វីដែលខ្ញុំចាប់អារម្មណ៍គឺមានអ្នកចូលរួមច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ខ្ញុំក្នុងការអានដោយសារខ្ញុំចូលចិត្តអាន ហើយជំហានបន្ទាប់ខ្ញុំចាប់ផ្តើមសរសេរសាច់រឿងប្រលោមលោកមួយដើម្បីចូលរួមផងដែរ។ មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងរបស់ខ្ញុំមកដាក់ផ្សាយពីព្រោះខ្ញុំចង់បង្ហាញស្នាដៃរបស់ខ្ញុំជាសាធារណៈដើម្បីឱ្យអ្នកគ្រប់គ្នាបានអាននិងទទួលស្គាល់ផងដែរ អ្វីដែលរឹតតែពិសេសនោះខ្ញុំចង់លើកកម្ពស់ការអានដល់ប្រជាជនកម្ពុជា។ រឿងរបស់ខ្ញុំនិយាយអំពីក្មេងស្រីម្នាក់បានលះបង់ជីវិតខ្លួនឯងដើម្បីជួយគ្រួសារនិងមនុស្សជុំវិញខ្លួនដោយការថ្វាយខ្លួនជាសំណែននៅក្នុងភូមិគ្រឹះមួយដែលការរស់នៅក្នុងសម័យអតីតកាល។ កម្លាំងបណ្តូលចិត្តនោះពុំមានជាអ្វីធំដុំនោះទេគឺដោយសារការអានច្រើនពីសៀវភៅនានា និងការស្វែងយល់ពីសង្គមទើបបណ្តាលឱ្យមានកម្លាំងចិត្តនិងគំនិតក្នុងការបំផុសរឿងនេះ។
ក្រោយពីបានចេញផ្សាយរឿងនេះហើយខ្ញុំពិតជាសប្បាយចិត្តឥតឧបមា ដោយមិននឹកស្មានថាខ្លួនអាចសរសេររឿងនេះបានយ៉ាងរលូននិងដាក់ផ្សាយជាសាធារណៈ។ ខ្ញុំក៏ធ្លាប់គិតថាសាច់រឿងរបស់ខ្ញុំអាចចូលបានដល់ Top 10 ឬ Top 5 ដែរប៉ុន្តែក្តីសង្ឃឹមនេះមានតែ 40-50%នោះទេ ពីព្រោះជាសាច់រឿងមុនដំបូងដែលខ្ញុំសរសេរអាចថានៅមានចំណុចខ្វះខាត។ ក្រោយពីបានចូលដល់ Top 15 នាងខ្ញុំមានសេចក្តីសប្បាយយ៉ាងខ្លាំងរកពាក្យថ្លែងមិនឃើញដោយមិននឹកស្មានថារឿងខ្ញុំទទួលបានការអានយ៉ាងច្រើនលើសលប់ខុសពីការដែលរំពឹងទុក។ វិធីដែលខ្ញុំអាចជួយឱ្យរឿងរបស់ខ្ញុំមានអ្នកអានគឺខ្ញុំគិតទៅលើអក្ខរាវិរុទ្ធ អត្ថន័យនិងអត្ថរសជាដើម។ ជាចុងក្រោយនេះដែលខ្ញុំគ្មានពាក្យអ្វីក្រៅពីអគុណដល់អ្នកអានទាំងអស់ជាទីស្រឡាញ់ ហើយយ៉ាងណាមិញសម្រាប់អ្នកដែលអ្នកចង់បញ្ចេញនូវស្នាដៃខ្លួនដោយមិនដឹងធ្វើបែបណាគួរតែកុំភ្លេច MST Writer ដែលពួកគាត់អាចសម្រេចក្តីសុបិនយើងបាន។
គួរបញ្ជាក់ផងដែរថា រដូវកាលទី១បានឈានមកដល់ទីបញ្ចប់ហើយ! ក្រុមការងារ MST Writer សូមអរគុណជាពន្លឹកដល់អ្នកនិពន្ធម៉ីសន សុធារី ដែលជឿទុកចិត្ត ផ្តល់ឱកាស បទពិសោធ ព្រមទាំងបង្ហាត់បង្ហាញ ចែករំលែកនិងអនុគ្រោះក្នុងការបំពេញការងារកន្លងមកប្រកបដោយភាពកក់ក្តៅ។ យើងខ្ញុំសូមអរគុណជាអនេកដល់អ្នកនិពន្ធទាំងអស់ ដែលបានចូលរួមជាមួយយើងខ្ញុំដោយស្វិតស្វាញ ដើម្បីដើរទៅមុខជាមួយគ្នាបន្តទៀត។ ក្រុមការងារសូមសម្ដែងការអរគុណដោយស្មោះអស់ពីដួងចិត្ត និងអភ័យទោសរាល់កំហុសបច្ចេកទេសត្រង់ប្រការណាមួយដោយចៃដន្យឬអចេតនាក្តី។ ជាពិសេសសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអាន ដែលតែងតែមានវត្តមានផ្តល់ជាកម្លាំងចិត្តជាពិសេសទៅអ្នកនិពន្ធរបស់យើង ឱ្យសម្រេចបានស្នាដៃដែលច្រើនលើសពីការរំពឹងទុក។
ខាងក្រោមនេះជាសារខ្លីៗពីអ្នកនិពន្ធម៉ីសន សុធារីក្នុងការបញ្ចប់រដូវកាលទី១នេះ ៖
«សួស្តីទាំងអស់គ្នា! កម្មវិធី MST writer រដូវកាលទីមួយ “អ្នកនិពន្ធក្រៅសាលា” បានបញ្ចប់ហើយនៅយប់ចុងក្រោយនៃឆ្នាំ២០២១ នេះ! សង្ឃឹមថា កម្មវិធី MST Writer លើកក្រោយនឹងនាំមកនូវប្រធានបទថ្មី ជំរុញទឹកចិត្ត ជាងលើកនេះ ថែមទាំង មានអ្នកចូលរួមកាន់តែច្រើនឡើង! សម្រាប់អ្នកដែលបានប្រគល់ប្រលោមលោក និងបានចេញផ្សាយស្នាដៃរួចហើយ នៅតែបន្តមានឱកាសទទួលបានរង្វាន់ជានិច្ច រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី! រយៈពេលនេះដែរ ក្នុងករណីអ្នកនិពន្ធមានស្នាដៃនិងចង់ចូលរួមចេញផ្សាយនៅលើវេបសាយ យើងខ្ញុំនៅតែបន្តទទួលមកពិនិត្យនិងជូនរង្វាន់តាមរបៀបដដែល គឺ Top10 រង្វាន់50 ដុល្លារ និង Top5 រង្វាន់១០០ដុល្លារ ប្រចាំខែ។ ការចេញផ្សាយស្នាដៃក្រៅគម្រោង MST Writer នឹងដាក់បញ្ចូលក្នុងចង្កោមមាតិការឿងខ្លី ឬរឿងភាគ នៃ meysansotheary.com ជាមួយអ្នកនិពន្ធមានបទពិសោធផ្សេងៗជាច្រើនរូបទៀត។
សួស្តីឆ្នាំថ្មី២០២២!»
ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែវិច្ឆិកា