តួឯកប្រុសក្នុងរឿង«បេះដូងមេគង្គ»បានគ្រងតំណែងជាតួប្រុសស៊ិចស៊ីបំផុត​ក្នុងអារម្មណ៍​អ្នកអាន

គីម៉ាល់(ពិស័ក) តួឯកប្រុសក្នុងរឿង«បេះដូងមេគង្គ»បានគ្រងតំណែងជាតួប្រុសស៊ិចស៊ីបំផុត​ក្នុងអារម្មណ៍​អ្នកអានប្រលោមលោក ម៉ីសន សុធារី ព្រោះតែចំណុចទាំងប៉ុន្មាន​ខាងក្រោមនេះ៖

ទីមួយ មានមន្តស្នេហ៍៖ មន្តអាគម ដែលអ្នកនិពន្ធ​ពាក់ឱ្យគីម៉ាល់គឺធ្វើឱ្យគេមានមន្តស្នេហ៍ និងមានកាយវិកា​គួរឱ្យព្រឺសម្បុរ មិនឃោរឃៅតែក៏មិនទន់ជ្រាយ។ គេជាមនុស្ស​ប្រុស​ដៃដល់តែមាន​សុជីវធម៌ កាមតណ្ហា​តែចេះទប់ចិត្ត មានកំហឹងតែមានអារម្មណ៍ល្អណាស់រាល់ពេលមាន​តួស្រី(ហាន់ដា)មកនៅក្បែរៗ។

ទីពីរ មានតម្រិះពិចារណា៖ មានចិត្តទូលាយចំពោះអ្នកដែលខ្លួនស្រលាញ់ ហ៊ាន​អត់ទោស ​និងចែកដាច់រវាងអតីតនិងបច្ចុប្បន្ន ចែកច្បាស់​រវាងអ្វីដែលមើលឃើញនិងស្តាប់ឮ ។

ទីបី មានចិត្ត​ស្មោះ ៖ គីម៉ាល់ជាមនុស្សត្រង់ក្នុងផ្លូវស្នេហា​។ គេ​មិនវៀចវេច្រើន និងមិនរាយមាយ​។ បើស្រលាញ់អ្នកណាគឺអ្នកនោះប៉ុណ្ណោះ។

ទីបួន មាន​សន្តាន​ចិត្តល្អ៖ ទោះបីខ្លួនមាន​វិបត្តិ មិនមាត់មិនក តែគីម៉ាល់ជាមនុស្សមាន​សន្តានចិត្តល្អម្នាក់។ គេមាន​មនោសញ្ចេតនា​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ហាន់ដា​លើកលែង​រាល់ទោសកំហុស​រប់សនាង​។

ទីប្រាំ ហួងហែង​គ្រប់គ្រង​៖ មនុស្សគីម៉ាល់មាន​ការ​អត់ធ្មត់ចំពោះរឿង​ធំៗ តែចំពោះមុខ​មនុស្ស​គេស្រលាញ់ពិតប្រាកដគេតែងតែ​មានចិត្ត​ចង់គ្រប់គ្រង និង​ហួងហែងគ្រប់ពេលវេលា​គ្រប់ដង្ហើម​ចេញចូល។

ទី៦ ជាមនុស្សដែលមានថាមពល៖ សម្តីសម្តៅនិងកិរិយា​ពោរពេញដោយថាមពល និងប្រាកដប្រជា។ គីម៉ាល់មិនមែនជាតួប្រុសអត្តនោមត័ដែលគ្មាន​ហេតុផល​ទេ។ គេ​តែងមាន​ស្មារតី​ភ្លឺ​ស្វាង​ណាស់រាល់ពេលគិតគូរ​អ្វីៗ​ទាក់ទិននិងតួស្រី។ គេ​មានវិន័យចំពោះ​ខ្លួនឯងបំផុតនិងគោរពនាង ដែលនេះជាថាមពល​ដ៏ធំក្នុងបុគ្គលិកលក្ខណៈមនុស្សប្រុស​។