ការបង្វឹកបុគ្គលិកជាតួនាទីរបស់អ្នកដឹកនាំ

ការដឹកនាំ ជាតួនាទីមួយ​ដែលតម្រូវឱ្យមាន​សមត្ថភាពច្រើន ក្នុងនោះលទ្ធភាពបង្វឹកបុគ្គលិកមានសារៈសំខាន់និងចាំបាច់ខ្លាំង ។ ជាទូទៅ គ្រប់មេដឹកនាំ​ត្រូវមាន​ជំនាញបង្វឹកដ៏មានប្រសិទ្ធភាព។ ក្រុមហ៊ុន ស្ថាប័ន​ត្រូវ​បង្កើតនូវប្រព័ន្ធឬយន្តការបង្វឹក ប្រកបដោយនិរន្តរភាពមួយ ទើបអាច​ជួយដល់ការបន្តដំណើរសន្សំធនធានមនុស្សបាន។ ការប​ង្វឹកនៅកន្លែងធ្វើការ មានជាអាថ៌ ការកែលម្អ ការឱ្យឱកាសអនុវត្ត ការបង្កើន​ជំនាញ និងការផ្ទេរចំណេះដឹង។ លើសពីអត្ថប្រយោជន៍ទាំងនេះ ការបង្វឹកអ្នកដទៃ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយសម្រាប់ការពង្រឹង និងវប្បធម៌នៃភាពលូតលាស់ជាមួយគ្នាផង។

មេដឹកនាំជាច្រើន មិនមានលទ្ធភាពបង្វឹកបុគ្គលិកបន្តវេនទេ។ ពួកគេ​រអ៊ូ តែមិនបង្ហាញផ្លូវ ពន្យល់តែមិនមាននិយមន័យច្បាស់លាស់ រិះគន់តែមិនអាចជួយកែតម្រូវឱ្យប្រសើរឡើង។ នេះជាប្រភេទមេដឹកនាំគ្មានសមត្ថភាពពិត ព្រោះមេដឹកនាំមិនមែនជាតួនាទីធ្វើការម្នាក់ឯង ឬ​ធ្វើការ​ដោយខ្លួនឯងនោះទេ។ គេមើលមេដឹកនាំជោគជ័យម្នាក់ ក៏មើលលើបុគ្គលិក​ដែលចូលមកធ្វើការថា កាលមកកម្រិតណា​ ហើយរីកចម្រើនបានដល់កម្រិតណា?

យើង​អាចបែងចែក​វិធីសាស្ត្របង្វឹកបុគ្គលិក​ជាច្រើនថ្នាក់ដូចជា៖

កម្រិតបុគ្គលិកថ្មីថ្មោង

អ្នកទើបចូលថ្មីថ្មោងឬគ្មាន​ជំនាញ​ អាចថា​ហាត់ការ​ គឺស្ថិតនៅក្នុងដំណាក់កាល “ប្រាប់” ។ ពួកគេ​ចាំបាច់​ត្រូវមានថ្នាក់ដឹកនាំ​ដែល​ផ្តល់​​ការ​ណែនាំ​ជា​ច្រើន និង​ការ​កែតម្រូវ​ក្នុង​ន័យ​ស្ថាបនា។ ជារឿយៗ​ពួកគេមិនអាច​បន្លាយ​ឬខាតពេលនៅក្នុងដំណាក់កាលនេះយូរពេកទេ។ ប្រយ័ត្នជានិច្ច​ថា យើងជាប្រភេទមេដឹកនាំមើលបំណាំ​ដែលរារាំងបុគ្គលិកពីការផ្លាស់សមត្ថភាពទៅរកកម្រិតបន្ទាប់បាន?

កម្រិតទី២ ក្រុមអ្នកអនុវត្ត

ពីហាត់ការ​ឈានមកទទួល​ភារកិច្ច និងចាប់ផ្តើមអនុវត្ត ក៏ពួកគេ​មិនទាន់បានស្ទាត់ជំនាញការងារនៅឡើយ ដូច្នេះហើយនៅតែមានការបង្វឹក “ប្រាប់” យ៉ាងច្រើនដែរ ប៉ុន្តែក៏កំពុងធ្វើការងារជាក់ស្តែង​ក្នុងពេល​តំណាលគ្នា។ ត្រូវបែងចែកភារកិច្ច​សមរម្យនិងពិនិត្យ​មើល​កម្រិត​សូវចនាករណា​ប្រកបដោយផលិតភាព ថាគេនឹង​រួមចំណែកដល់ក្រុមទំហំណា?

កម្រិតបុគ្គលិកជំនាញ

បុគ្គលិកជំនាញ​អាចថា​បាន​លូតលាស់នៅទីនេះ ឬបានដាក់ពាក្យមកពីទីផ្សេង។​ ពួកគេមានជំនាញស្រេចហើយ គឺមក​ក្នុងតួនាទីបំពេញភារកិច្ចតាមស្តង់ដារដែលព្រមព្រៀងគ្នាត្រូវ​ទទួលខុសត្រូវធ្វើការងារពិតប្រាកដ និងពេញលេញតាមបទបរិយាយការងារ JD។ ទោះបីយើងជាមេដឹកនាំ ត្រូវការមានការបង្វឹក “ប្រាប់” តិច២ក្រុមខាងលើ ក៏នៅតែមិនអាចរំលងការបង្វឹកពួកគេ​ទេ។ ជំពូកបុគ្គលិកថ្នាក់នេះ យើង​ នៅតែតម្រូវឱ្យមានមតិកែលម្អជាប្រចាំ​ ដែលភាគច្រើនផ្តោតលើការទទួលស្គាល់លទ្ធផលល្អ និងការកែលម្អលទ្ធផលដែលមិនបំពេញតាមការរំពឹងទុក។ វាយតម្លៃថា ជំនាញណាទៀតដែលពួកគេ​ត្រូវការ ដើម្បីហក់ឡើងរកតំណែងជាមេដឹកនាំ។

កម្រិតបុគ្គលិកបង្គោល

បុគ្គលិក​បង្គោល​គឺជាសមាជិកដ៏មានតម្លៃនៃក្រុមហ៊ុន អាចថា គ្មានពួកគេ វប្បធម៌ធំៗនៃ​ផលិតភាពឬ គុណតម្លៃក្រុមហ៊ុនទាំងមូលនឹងប្រែប្រួល។ ជាទូទៅបំណង​ពួកគេ​គឺឱកាស​ក្លាយជាអ្នកដឹកនាំក្រុមជួរមុខ។ ពួកគេច្រើនតែអាចឯករាជ្យ មិនត្រូវការទិសដៅច្រើនទេ ថែមទាំង​អាចបង្កើតទិសដៅឱ្យក្រុមហុ៊នផង។ពួកគេមានសមត្ថភាព​ក្នុងការ​បង្កើតការងារនិងវាយតម្លៃលទ្ធផល​ដែលគេចង់ឃើញ​ដោយខ្លួនគេ។ ពួកគេអាចផ្តល់ការណែនាំដល់អ្នកដទៃនិងជួយបណ្តុះបណ្តាលមនុស្ស​។ ក្រុមនេះ​នៅតែត្រូវការ​ការបង្វឹក ហើយ​មេដឹកនាំត្រូវរកឱកាស​សិក្សាបន្តជំនាញ​ថ្មីៗ ក្នុងទីផ្សារជាតិនិងអន្តរជាតិសម្រាប់ពួកគេ។

ចូលរួមសិក្សាជាមួយយើងខ្ញុំ ចុចចូលរួម MST Leadership Program ដើម្បីទទួលបានព័ត៌មានវគ្គបន្ត!

ម៉ីសន សុធារី