ការដឹកនាំអាចបរាជ័យដោយសារកត្តាអ្វីខ្លះ?

អ្នកនិពន្ធម៉ីសន សុធារីបានចូលរួមខ្លីជាមួយ កិច្ចពិភាក្សាតាមអនឡាញមួយ មានប្រធានបទ​ថា «ការដឹកនាំអាចបរាជ័យដោយសារកត្តាអ្វីខ្លះ?» អ្នកនិពន្ធគិតថា មានសំខាន់ចំណុចសំខាន់ខ្លះអាចចែករំលែកបានសម្រាប់ហ្វេនៗនៅទីនេះ។

គ្មានអាថ៌កំបាំងទេថា ហេតុអ្វីបានជាភាពជាអ្នកដឹកនាំ មានស្មារតីផុយស្រួយងាយរលាយវិញ ហើយហេតុអ្វីក្រុមហ៊ុន ឬក្រុមការងារខ្លះមានសន្ទុះកាលពីដំបូងៗ តែក្រោយមកក៏ត្រូវបរាជ័យ ។

ជាការពិតមិនអាចប្រកែកបានគឺ បរាជ័យចាប់ផ្តើមមកពីថ្នាក់កំពូលនៃរចនាសម្ព័នដឹកនាំ។ ជាទូទៅអ្នកដឹកនាំដឹងពីបញ្ហា សំខាន់ពួកគេ ទទួលស្គាល់? ដោះស្រាយ? ឬ មានមត្ថភាពកែខៃដែរឬយ៉ាងណា?

ក្រុមខ្លះ មានព័ត៌មាននិងទិន្នន័យច្បាស់អំពីបញ្ហា ប៉ុន្តែ មិនបានទទួលបានទាន់ពេលវេលា និងពិភាក្សាបញ្ចេញទៅចំមនុស្សដែលអាចជួយដោះស្រាយ !

ក្រុមខ្លះទៀតទទួលបានព័ត៌មានទាន់ពេលដែរ តែមិនសម្រេចចិត្តបានថា គួរដោះស្រាយឬមិន ឬយឺតពេក។

យើងអាចឆ្លុះបញ្ចាំង កម្រិតនៃភាពជាអ្នកដឹកនាំរបស់យើងតាមរយៈចំណុចទាំងនេះ៖

១. មានការរំពឹងទុកខុសពីការពិត៖

មហិច្ឆតាមិនអាក្រក់ទេ តែការរំពឹងទុក និងរបៀបដែលដឹកនាំដោយមិនផ្អែកលើការពិត ប្រើតែទស្សនវិជ្ជាឬទ្រឹស្តីមិនមានមូលដ្ឋានបទពិសោធន៍និងមូលដ្ឋានជំនាញត្រឹមត្រូវ ធ្វើឱ្យការខិតខំប្រឹងប្រែងក្លាយជាអសារបង់ និងបាក់ទឹកចិត្ត។

២. ទំនុកចិត្តហួសហេតុ៖

ទំនោរវាយតម្លៃសមត្ថភាពខ្លួនឯងលើសៗ គឺជារឿងធម្មតា នៃមនុស្សលោកយើង ប៉ុន្តែ ការជឿជាក់ហួសហេតុដោយមិនមានសិក្សាពីចំណុចខ្សោយខ្លួន និងក្រុម មិនត្រៀមលក្ខណៈគិតមុនអំពីចំណុចដែលអាចប៉ះទង្គិចមកជាប្រស្នាឱ្យដោះស្រាយ និងធ្វើឱ្យគ្រប់យ៉ាងដោះស្រាយមិនបានទាន់ពេល និងខកចិត្តធ្ងន់។

៣. ការផ្ទេរអំណាចមិនមានប្រសិទ្ធិភាព៖

ក្រុមដែលបរាជ័យ គឺមិនមែនមកពីបុគ្គលិកទេ ភាគច្រើនមកពីមេដឹកនាំ។ អ្នកដែលត្រូវបានផ្តល់សិទ្ធិអំណាចកាន់តែធំ ទទួលខុសត្រូវកាន់តែខ្ពស់។ អ្នកដឹកនាំល្អដឹងថា ការផ្ទេរសិទ្ធិនិងទំនួលខុសត្រូវជាចំណុចស្នូលនៃជោគជ័យឬបរាជ័យ។ ក្រុមមួយពូកែប៉ុនណា បើបរាជ័យជាបន្តបន្ទាប់ អ្នកដឹកនាំខ្លះគួរត្រូវពិនិត្យនិងរុះរើប្តូរសមាសភាពចេញជាបន្ទាន់។

៤. វប្បធម៌លើកទឹកចិត្តខ្សោយ៖

អាកប្បកិរិយាខ្វះការគាំទ្រ និងខ្វះទំនុកចិត្តលើបុគ្គលិករបស់ខ្លួន មិនសាទរចំពោះអ្វីដែលពួកគេខំធ្វើ ឬមិនពិនិត្យចូលរួមដោះស្រាយការលំបាករបស់ពួកគេ ធ្វើឱ្យចុះខ្សោយតម្លៃរបស់អ្នកដឹកនាំដែលជាទូទៅត្រូវបានគេរំពឹងថា គួរចេះលើកទឹកចិត្ត ឱ្យមនុស្សធ្វើតាម ដោយស្ម័គ្រចិត្តនិងសុទ្ធចិត្ត។ នៅពេលដែលអាកប្បកិរិយារបស់អ្នកដឹកនាំអន់ខ្សោយ ក្រុមមនុស្សនៅពីក្រោមខ្លាំងក្លាប៉ុនណាតែងតែងាកចេញចោលគោលដៅ។

៥. មើលមិនឃើញការពិត៖

មិនថាដោយមនោគមវិជ្ជា ឆន្ទៈ ឬភាពខ្ជិលច្រអូស ការធ្មេចភ្នែកមិនដឹងមិនឮពីអ្វីដែលកំពុងកើតឡើង គួរឈប់ធ្វើប្រសើរជាងបន្តមុនពេលបរាជ័យឈានមកដល់។ ស្តាប់ការពិតជារឿងល្អហើយ មានចំណេះដឹងនិងរហ័សក្នុងការសម្រេចចិត្តដោះស្រាយវា គឺរឹតតែប្រសើរទៅទៀត។ អ្នកដឹកនាំរមែងបង្កើតចក្ខុវិស័យរួមមួយឡើង ប៉ុន្តែក៏ត្រូវធានាថាគ្រប់គ្នាដឹងច្បាស់ ព្រមតាមហើយមានវិធីសាស្រ្តក្នុងការសម្រេចចក្ខុវិស័យនោះផងទើបមានលទ្ធផល។