១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
ជម្រាបសួរ សួស្តីមិត្តអ្នកអានជាទីស្រឡាញ់ នាងខ្ញុំមាននាមប៉ាកកាថា ឈូករ័តន៍។ នាងខ្ញុំមានលំនៅដ្ឋានបច្ចុប្បន្ននៅក្នុងខេត្តសៀមរាប ហើយខ្ញុំជាម្ចាស់ស្នាដៃរឿង «ក្រោកឈរ»។ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយមែនទែនដែលបានដាក់បង្ហាញស្នាដៃនៅក្នុង MST Writer រដូវកាលទី១នេះ។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលខ្ញុំសម្រេចចិត្តយកស្នាដៃមួយនេះមកដាក់ផ្សាយព្រោះខ្ញុំចង់បង្ហាញពីគំនិតអប់រំមួយតាមរយៈសាច់រឿងនេះ ហើយក៏ចង់បន្តដំណើរលើវិស័យអំណានមួយនេះ ព្រោះអ្នកអានគឺជាកម្លាំងឱ្យខ្ញុំសរសេររឿងបន្ត។ នៅក្នុងសាច់រឿងនេះដែរគឺបង្ហាញពីជីវិតរបស់តួអង្គស្រីម្នាក់ដែលឈ្មោះថា “ឡាលីន” នាងជាក្មេងកំព្រាឪពុកហើយបានទៅបន្តការសិក្សានៅរាជធានីភ្នំពេញ ប៉ុន្តែគួរឱ្យសង្វេគនោះគឺនាងបានជួបរឿងដែលបានបំផ្លាញជីវិតរបស់នាងទាំងស្រុងដល់ថ្នាក់នាងចង់សម្លាប់ខ្លួនទៀតផង។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំស្រឡាញ់ជាងគេនៅក្នុងរឿងមួយនេះគឺ មិនថាយើងជួបបញ្ហាប៉ុនណា យើងគួរតែស្វែងរកវិធីដើម្បីដោះស្រាយ ព្រោះការសម្លាប់ខ្លួនមិនមែនជាដំណោះស្រាយដែលល្អទេ។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងនៅក្នុងការដាក់ផ្សាយរឿងមួយនេះគឺគ្រាន់តែចង់រំលេចឱ្យអ្នកអានបានយល់ថា ជីវិតមនុស្សម្នាក់ៗមិនដូចគ្នាទេ អ្នកណាក៏មានបញ្ហាដែរ តែខុសគ្នាត្រង់ថា តើអ្នកនឹងជ្រើសយកវិធីបែបណាដើម្បីដោះស្រាយប៉ុណ្ណោះ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ជាចុងក្រោយ នាងខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់ប្រិយមិត្តអ្នកអានគ្រប់មជ្ឈដ្ឋានទាំងអស់ដែលគាំទ្រស្នាដៃនាងខ្ញុំ។ ការអានអ្នកទាំងអស់គ្នាជាកម្លាំងចិត្តឱ្យខ្ញុំអាចបន្តសរសេររឿងទៅមុខទៀត។
សូមអរគុណ!