ប្រធានបន្ទប់បានរៀបរាប់ដើមហេតុចម្លែកនៃបន្ទប់លេខ១៤…
វាយោបក់ផាត់កាត់ថ្ពាល់ដ៏រលោងស្អាតសរសៃសក់ដ៏ទន់ល្មើយរសាត់ពាសពេញវង់ភក្ត្រស្រស់កល្យាណ បបូរមាត់មានមន្តស្នេហ៍ ញញឹមពព្រាយ ពោរពេញដោយភាពកក់ក្តៅ នៅពេលបានអង្គុយផ្អែកកាយលើស្មាមនុស្សជាទីស្រឡាញ់។ រាងតូចស្តើង ដៃស្រឡូនបន្លាក្រូច លើកដៃញែកសក់ចេញពីវង់ភ័ក្ត្រដ៏ស្រស់ស្អាត។
” ថារី អូនគិតថាស្នេហារបស់ពួកយើងអាចបន្តទៅមុខទៀតទេ? “
ស្រីតូច ថារី ងើយចង្កាសម្លឹងមើលភក្ត្រគូរស្នេហ៍ដោយស្នាមញញឹមដដែល។
” អូន ជឿជាក់លើក្តីស្រឡាញ់របស់ពួកយើងជានិច្ច! គ្មាននរណាម្នាក់អាចឃាត់ក្តីស្រឡាញ់របស់យើងបានទេ។ “
ទឹកមុខសៅហ្មងរបស់គូស្នេហ៍ទាំងពីរ ចាប់ផ្ដើមកើតមានឡើង។ សំឡេងស្រទន់ ចាប់ផ្ដើមថយចុះជាបន្តបន្ទាប់:
” បង ស្រឡាញ់អូនលើសពីជីវិតរបស់បងទៀត! បើថ្ងៃណាមួយ មាននរណាម្នាក់ចាកចេញចោលគ្នា សូមអូនចង់ចាំផង បងនៅស្រឡាញ់អូនជានិច្ច។ “
បបូរមាត់ដ៏ទន់ភ្លន់ទាំងពីរប្រថាប់លើគ្នា សំឡេងនៃភាពហ្មងសៅត្រូវបានរលត់បាត់ ។
” ធានី បងឮសំឡេងបេះដូងអូនទេ? ” បបូរមាត់ស៊ីជម្ពូ ញញឹមស្រស់រំលេចនូវថ្ពាល់ខួចទាំងសងខាង ទោះបីជាក្រោមពន្លឺព្រះចន្ទក៏ដោយ។
” ធានី មិនថានៅទីណាកន្លែងណា ពួកយើងគ្មានថ្ងៃបែកគ្នាទេ អូនហ្នឹងនៅក្បែរបងជានិច្ច ដូចផ្កាយនិងព្រះចន្ទយ៉ាងដូច្នោះ។ “
ធានី សើចយ៉ាងស្រស់ ព្រមទាំងលើកដៃឱបនារីកំពូលស្នេហ៍ផ្អឹបនឹងដើមទ្រូង។ ក្រោមបន្លឺព្រះចន្ទដ៏ស្រស់ស្អាតនាដំបូលអាគារ គូរស្នេហ៍ទាំងពីរ អង្គុយដោយគ្មានខ្លាចភាពរងារសោះឡើយ។ ស្រីស្អាតថារី បង្ហើរសំនៀងស្រួយស្រែស ចេញពីបបូរមាត់ដ៏ស្រស់ស្អាត:
” បងហ្ហា៎! យប់ជ្រៅហើយពួកយើងគួរតែត្រលប់ទៅបន្ទប់វិញ បើប្រធានបន្ទប់ដឹងគាត់ប្រាកដជាស្តីឱ្យយើងមិនខានទេ។”
ធានី លើកវង់ភក្ត្រនារីជាទីស្រឡាញ់ចេញពីស្មាថ្នមៗ កែវភ្នែកទាំងពីរ សម្លឹងមើលគ្នាយ៉ាងស្រទន់ពោរពេញ ដោយក្តីស្រឡាញ់ពេញបេះដូងពុំអាចពណ៌នាបាន បបូរមាត់ពណ៌ក្រហម ថើបចិញ្ចើមថារី ថ្នមៗ ស្រូបខ្យល់ចូលពេញប្រអប់ទ្រូង។ គូរស្នេហ៍ទាំងពីរកាន់ដៃគ្នាជាប់ចុះពីលើដំបូលអគារ មកកាន់ជាន់ទី៤ ក្នុងបន្ទប់លេខ ១៤។
ព្រលានយន្តហោះបាត់ដំបង ម៉ោង៤ ល្ងាច…
” យេៗ …!!! អូនសប្បាយចិត្តខ្លាំងណាស់ ធានី ពិសេសពេលដែរអូនបានជិះកង់មកទីនេះជាមួយបង។ “
ធានី ញញឹមស្រស់ ថ្ពាល់ខួចទាំងសងខាង បង្ហាញគំនួចយ៉ាងច្បាស់ក្រឡែត បង្កើនសម្រស់ទ្វេដងទាក់ទាញដល់បេះដូងបុរសជាច្រើននៅទីនេះដោយពុំដឹងខ្លួន។
” ថារី!”
” ច៎ាសបង! “
” ហេតុអ្វីបានជាអូនចូលចិត្តមកទីនេះម្ល៉េះ? “
ថារីញញឹមរឹតតែស្រស់:
” អូនចូលចិត្តទីនេះ ព្រោះទីនេះក៏ជាកន្លែងប្រវត្តិសាស្ត្រមួយផងដែរបងសម្លាញ់! “
ធានី ចាប់ដៃថារីជាប់ ហើយបន្តជិះកង់កាន់ដៃគ្នារហូត លើព្រលានយន្តហោះទំហំប្រហែល ៨ ហិចតា។
” ថារី តោះយើងឈៀងទៅលេងសាលាខេត្តបាត់ដំបង បន្តិចហ្ហីអូន! “
” ចាស បង! អូនចង់ទៅថតរូបនៅទីនោះខ្លាំងណាស់ “
គូស្នេហ៍ទាំងពីរជិះកង់ទន្ទឹមគ្នា រហូតមកដល់មុខលោកតា ដំបងក្រញូង។
ថារី ចាប់ផ្ដើមឈប់កង់ ងក់។
” ហេតុអ្វីបានជាអូនឈប់ចឹង? “
ថារី យកកង់ទុកនៅក្នុងខឿននៃរង្វង់មូល ខាងក្រោយលោកតា រួចបែរទៅញញឹមដាក់សង្សារបណ្តូលចិត្ត:
” លោកតាដំបងក្រញូង ជាទីសក្ការៈដ៏ស័ក្តិសិទ្ធរបស់ប្រជាជននៅក្នុងខេត្តបាត់ដំបង! បងដឹងហើយឬថាពួកយើងមករកលោកតាដើម្បីអ្វី? “
” ដើម្បីបួងសួងសុំសេចក្តីសុខ”
” ខុសហើយហាន់នី សំណព្វចិត្តអូន! អូននាំបងមកសច្ចាប្រណិធាន ដើម្បីឱ្យលោកតាធ្វើជាសាក្សីនៃស្នេហារបស់យើង។ “
ធានី អស់សំណើចនឹងរីណា សតវត្សទី២១ ហើយ ក្មេងស្រីតូចម្នាក់នេះ នៅតែមានជំនឿលើវត្ថុស័ក្តិសិទ្ធិទៀត។
” បងសើចអី? “
” មិនមានអ្វីទេ បងឃើញអូនគួរឱ្យស្រឡាញ់ខ្លាំងណាស់”
ថារី ញញឹមខ្ជាប់ដូចបុផ្ផាត្រូវទឹកសន្សើមនាពេលព្រលឹម ។
បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ស្ពាន ១៣ មករា មានអាយុកាល ១០៣ ឆ្នាំ ដែរស្ថិតនៅខាងមុខសាលាខេត្តបាត់ដំបង គូស្នេហ៍ទាំងពីរបានឈប់ផ្តិតយករូបភាពនៃទស្សនីយភាពជាមួយពន្លឺក្រហមរបស់ព្រះអាទិត្យរៀបអស្តង្គតនាម៉ោង ៦ ល្ងាច។
ធានី កំពុងដើរកាន់ដៃសង្សារបណ្តូលចិត្ត ស្រាប់តែបានចួបនឹងមិត្តភក្តិធ្លាប់រៀនវិទ្យាល័យជាមួយគ្នា ធានីលែងដៃចេញពីរីណា យ៉ាងលឿន។ វីរ៉ា ប្រញាប់មកស្វាគមន៍មិត្តចាស់ ដោយបង្កប់នូវស្នាមញញឹមដ៏សង្ហារនៅគែមបបូរមាត់។
” សួស្តីធានី! ខានចួបគ្នា ២ ឆ្នាំហើយ អូនសុខសប្បាយជាទេ? ហើយថ្ងៃណាទៅលេងសៀមរាប? “
ធានីញញឹម ដាក់បុរសសង្ហាររឈរខាងមុខខ្លួនហើយតបយ៉ាងរីករាយ:
” បងវីរ៉ា ចួបគ្នាម្តងសួរសំណួរច្រើនយ៉ាងនេះខ្ញុំគួរឆ្លើយតបសំណួរណាមុន? “
វីរ៉ាសើចយ៉ាងរលាស់ ចេញពីក្នុងទ្រូង ហើយក៏បណ្តើរគ្នាទៅអង្គុយលើបង់ ដែរតម្រៀបតាមបណ្តោយមាត់ស្ទឹងសង្កែ។
” ធានី អូនស្អាតជាងកាលពីនៅរៀនឆ្ងាយណាស់! “
ធានីសើចស្រស់ បញ្ចេញស្នាមញញឹមយ៉ាងស្រស់ស្អាត អង្រួនបេះដូងកម្លោះសង្ហាររវីរ៉ា ឱ្យរំជួលចិត្តជាខ្លាំង។
” សុទ្ធតែគ្នាឯងសោះ ហើយមកបញ្ជោរអីណ៎ា!ខ្ញុំមិនទាន់មានគម្រោងទៅផ្ទះនៅសៀមរាប នៅឡើយទេបង “
” បើអូនទៅប្រាប់បងផង បងមកទទួលមិនចាំបាច់ជិះឡានក្រុង”
ការជជែកគ្នាយ៉ាងសប្បាយរីករាយក្រោមក្រសែភ្នែកតូចខ្មៅររបស់នារីដ៏ស្រស់ស្អាត ពន្លឺពណ៌ក្រហមចាប់ផ្ដើមសាយចេញពីកែវភ្នែកដ៏ស្រទន់ មុខចាប់ផ្ដើមក្រម៉ៅ។ វីរ៉ា ក្រឡេកទៅមើលនារីម្នាក់ទៀតដែរអង្គុយខាងក្រោយ ធានី ហើយក៏វាចា។
” ធានី អូនមកជាមួយមិត្តភក្តិអូនឬ?”
ធានី អេះអុញបន្តិចមុននឹងឆ្លើយ:
” នេះបងជា រីណា! គាត់ជាមិត្តភក្តិខ្ញុំ! “
វីរ៉ា ញញឹមស្រស់ឱនលំទោន ក្នុងនាមជាសុភាពបុរស។ ផ្ទុយពីស្រស់ស្រីថារី កែវភ្នែកឡើងក្រហមឆ្អិនឆ្អៅដូចនាគរាជ ក្នុងទ្រូងឈឺចុកចាប់ជាខ្លាំង ស្រីតូចព្យាយាមញញឹមដាក់បុរសប្លែកមុខ។
” សួស្តី អ្នកនាង រីណា! ខ្ញុំឈ្មោះវីរ៉ា ជានិស្សិតពេទ្យ រីករាយណាស់ដែរបានស្គាល់! “
” ច៎ាសជម្រាបសួរ! រីករាយណាស់ដែរបានស្គាល់ “
ធានី សម្លឹងមើលកែវភ្នែកគូរស្នេហ៍ដោយការយល់ចិត្ដ ផ្ទុយពីរីណានាងញញឹមទាំងបង្ខំ ហើយងើបចេញពីបង់់ ទៅឈរមើលផ្ទៃទឹកស្ទឹងកំពុងតែហូរធ្វើមិនដឹង។ បន្ទាប់ពីការជជែកគ្នា ចំណាយពេលជិតមួយម៉ោង សំឡេងទូរសព្ទរោទ៍ឡើង វីរ៉ាក៏សម្រេចចិត្តចាក់ចេញទៅទាំងអាល័យ។
មកដល់បន្ទប់…
គ្រាន់តែមកដល់បន្ទប់ភ្លាម ថារីប្រញាប់រត់ទៅបន្ទប់ទឹកយ៉ាងលឿន ធានី ដើរតាមពីក្រោយរហូតដល់បន្ទប់ទឹក។ ថារី ស្រែកយំខ្លាំងៗ ធានីរុញទ្វារចូល ហើយលើកដៃទាំងទ្វេ ឱបរាងកាយរបស់សង្សារផ្អឹបនឹងដើមទ្រូង។
” កុំមកប៉ះពាល់អូន! “
” អូនកើតអី? ហេតុអ្វីមិននិយាយប្រាប់បង?”
ថារី យំកាន់តែខ្លាំងឡើងៈ
” ឈប់និយាយជាមួយអូនទៅ! បងលែងស្រឡាញ់អូនទៀតហើយ! ហឹកហឹក…! “
ធានី មានការងឿងឆ្ងល់ជាខ្លាំងចំពោះអាកប្បកិរិយាគ្មានហេតុផលរបស់ ថារី។
” បើអូនមិនឈប់យំ ហើយនិយាយហេតុផលជាមួយបងទេ បងឈប់ឱប អូនហើយ! “
ថារី រុញធានីចេញពីខ្លួនៈ
” ត្រូវហើយបងស្រឡាញ់គេខ្លាំងណាស់ កន្លងមកបងគ្រាន់តែយកអូនកំដរពេលគ្មានគេតែប៉ុណ្ណោះ!”
ធានី ចាប់ផ្តើមជ្រួញចិញ្ចើម:
” គេម្នាក់ណា? បងវង្វេងវង្វាន់អស់ហើយ!”
” ហឹក…! ហឹក…! អូនស្អប់ជនទី៣ ចុងក្រោយអូនក្លាយជាជនទី៣ ដោយមិនដឹងខ្លួន។ អូនត្រឹមជាមិត្តរបស់បង អ៊ីចឹងបងដោះលែងអូនទៅ “
” ថារី បងស្រឡាញ់អូនដោយស្មោះ បងបានសច្ចារួចហើយ។ “
សម្ដីផ្អែមត្រជាក់ មិនអាចធ្វើឱ្យចិត្តកំពុងតែខឹងស្អប់បានឡើយ:
” ស្រឡាញ់ហ្ហ៎! ទង្វើផ្សេង ពាក្យសម្ដីផ្សេង! “
” បងមិនចង់ឱ្យមានបញ្ហាដល់ទំនាក់ទំនងស្នេហាយើងទេរីណា! បងស្រលាញ់អូនទើបបងបង្ខំចិត្តធ្វើបែបនេះ! “
ម្រាមដៃស្រឡួន ឱបរាងកាយតូចយ៉ាងណែនដោយសេចក្តីអាណិតចិត្តគូរស្នេហ៍ ។
” ឆ្លើយប្រាប់អូនភ្លាមមក ហឹក..ហឹក… បងស្រលាញ់លោកគ្រូពេទ្យនោះមែនទេ? គេជាសង្សាររបស់បងមែនទេ? ឬគេជាសង្សារចាស់របស់បង?”
ធានី សម្លឹងមើលមុខនាងតូច ដោយកែវភ្នែកទន់ភ្លន់:
” ពុទ្ធោ អូន! ដ្បិតថាអូនមិនមែនជាមនុស្សដំបូងតែជាមនុស្សចុងក្រោយរបស់បង។ មនុស្សប្រុសដូចគ្នាស្រលាញ់គ្នាម្តេចហ្នឹងកើត? “
ថារី លើកដៃជូតទឹកភ្នែក រួចយំបន្ត:
” អូនមិនជឿ បងកុហកអូន! អ្វីៗក៏អាចកើតឡើងបានដែរ! “
” បានបងដើរចេញពីអូន ដើម្បីកុំឱ្យអូនរងនូវសម្ពាធ ទោះបីជាបងត្រូវរងនូវការឈឺចាប់ក៏ដោយ។ បងមិនចង់ឱ្យអ្នកដទៃរើសអើងអូនទេ ពិសេសគ្រួសារបង។ “
រាងតូចបែរខ្នងដើរចេញដោយទឹកភ្នែកជ្រៀតចេញពីកែវភ្នែកដ៏ស្រទន់ ស្រាប់តែមានម្រាមបន្លាក្រូច ឱបចង្កេះពីក្រោយជាប់។
” អូនសុំទោស ដែលប្រចណ្ឌខុសរឿង! កុំចាកចេញចោលអូនណា! ពួកយើងនឹងនៅជាមួយគ្នាលុះថ្ងៃមរណ:។ “
ធានី យកបាតដៃផ្តិតយកទឹកភ្នែក ចេញពីកែវភ្នែករបស់សង្សារបណ្តូលចិត្ត។
” កុំយំណា! បងគ្មានថ្ងៃក្បត់ចិត្តអូន ជាដាច់ខាត។ “
” អូនព្រមជឿបងក៏បាន”
គូស្នេហ៍ឱបគ្នា ដោយហៅស្នាមញញឹមត្រលប់មកវិញយ៉ាងកក់ក្តៅដោយក្តីស្រឡាញ់ធំធេងស្មោះស័្មគ្ររវាងគ្នានឹងគ្នា។
ផ្កាយព្រះគ្រោះក្នុងបេះដូង…
សំឡេងខ្យល់បក់ខ្លាំងៗ លើរានហាល នៃដំបូលអាគារអន្តេវាសិកដ្ឋាននារី រាងកាយតូចស្តើង ក្នុងសម្លៀកបំពាក់ដេកយប់ ឈរឱបដៃ សម្លឹងមើលទៅព្រះចន្ទមួយចំណិតតូច និងផ្កាយរះក្បែរនោះកំពុងបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត ស្រីស្អាតស្រស់សោភាដកដង្ហើមធំវែងៗ បង្ហើរនៅសេចក្តីទុក្ខកង្វល់ជាច្រើននៅក្នុងចិត្តដែរមិនអាចប្រាប់អ្នកណាបាន។
” ស្នេហាខ្ញុំអាចទៅរួចទេ? ព្រះចន្ទ និងផ្កាយ នៅលើផ្ទៃមេឃតែមួយប៉ុន្តែពុំមែននៅលើគន្លងតែមួយទេ។ ស្នេហាខ្ញុំនឹងរីណាក៏ដូច្នោះដែរ។ ហឹម…! “
ក្រោមពន្លឺព្រះចន្ទដ៏ស្រទន់នារាត្រី ១១ កើតខែកក្ដិក រាងកាយតូចស្តើងឈរឱបដៃញ័រចំប្រប់ រង្វង់ភ្នែកជ្រាបចេញនូវទឹកថ្លាៗ ខណៈពេលរាត្រីស្ងាត់ថ្មើនេះទាំងរាងកាយទាំងបេះដូង ប្រែជាត្រជាក់ស្ទើរតែកកទៅហើយ។
” អ្នកណា? ចេញទៅ! “
ធានី គិតក្នុងចិត្ត ប្រហែលជាមានខ្មោចទេដឹង រានហាលដំបូលអគារ ម៉ោង ១០:២៥ នាទីយប់ទៅហើយ បែរជាមានម្រាមដៃត្រជាក់ដូចទឹកកក មកបិទភ្នែកទាំងសងខាង។
” សូមគុណព្រះជួយ! ” បបូរមាត់ទន់រលោង ប្រថាប់លើថ្ពាល់ខាងស្ដាំ របស់ធានី ក្លិនកាយដ៏សែនក្រអូប ទោះបីជាពិការភ្នែក ក៏នៅចាំបាន។
” រីណា អូនមកលេងអីកណ្តាលអាធ្រាត្រអ៊ីចឹង? “
” បងមកទីនេះ ម្តេចមិនបបួលអូន! ចេះមកអង្គុយមើលពន្លឺព្រះចន្ទ ស្តាប់សំឡេងឆ្កែលូម្នាក់ឯងទៅកើត! “
ធានី បែរមុខទៅរកគូសង្សារ លើកដៃអង្អែលសក់ស្រីតូចរីណាថ្នមៗ ហើយបែរផ្អែកខ្នងទល់គ្នា។
” បងឃើញអូនកំពុងគេងទើបមិនចង់រំខាន! “
រីណា ញញឹមដដែលៈ
” អូនមិនបានខឹងបងទេ។”
” រីណា ភ្លើងអ្វីនឹងអូន? ឬមួយខ្សែភ្លើងមានបញ្ហា? “
រីណា សើចយ៉ាងសប្បាយរីករាយជាមួយនឹងភាពក្អាកក្អាយជាពន់ពេក:
” Happy anniversary my honey! “
” រីណា!! អូន…! “
ធានី ស្រក់ទឹកភ្នែកកាន់តែខ្លាំងព្រោះរំភើប នេះជាលើកដំបូង របស់់ស្នេហាពួកគេ។
” Happy anniversary 2years Honey! “
” រីណា អូន…! “
រីណាញញឹមស្រស់:
” កុំយំមើលខ្មាសព្រះចន្ទ និងដួងតារា! អូនមានអ្វី Surprise បងទៀត ប៉ុន្តែបងត្រូវបិទភ្នែកសិន។”
ធារី ព្រមបិទភ្នែកដោយក្តីរីករាយរំភើប ញាប់ញ័រក្នុងហឬទ័យ:
” តែន តែន…!”
” ក្នុងប្រអប់ជាទូរសព្ទហ្នឹង? “
រីណាសើចស្រស់បង្ហាញធ្មេញជំពើសដ៏មានមន្តស្នេហ៍:
” បងបើកមើលក្នុងទូរសព្ទមើល! “
ធារីរំភើបស្ទើរតែហោះ ស្ទុះឱបសង្សារបណ្តូលចិត្តព្រមទាំងថើបថ្ពាល់ទាំងសងខាង។
” អបអសាទរអូនសម្លាញ់! Congratulations my love”
” អូនប្រឡងអាហារូបករណ៍ ជាប់ហើយ បងមានអីឱ្យអូនឬអត់? “
ធានី សម្លឹងកែវភ្នែកសង្សារដោយក្តីស្រឡាញ់ជាពន់ពេកឥតឧបមា យ៉ាងស្រទន់ក្រោមពន្លឺព្រះចន្ទ ពេញបូណ៌មី។
” សូមព្រះចន្ទ និងហ្វូងតារា ព្រមទាំងលោកតាដំបងក្រញូង មានព្រះធរណីជាសាក្សី ក្នុងវេលាឥឡូវនេះខ្ញុំសូមប្រគល់បេះដូង ជីវិតនិងដង្ហើម ដល់មនុស្សស្រីចំពោះមុខខ្ញុំចាប់ពីពេលនេះតទៅ។ បើខ្ញុំក្បត់សច្ចៈ សូមឱ្យដួងវិញ្ញាណរបស់ខ្ញុំរលាយបាត់ដូចផង់ធូលី។ “
ស្រីតូច រីណាលើកដៃបន្លាក្រូចល្វតល្វន់ឱបក ទ្រោមខ្លួនចូលក្នុងទ្រូងសង្សារបណ្តូលចិត្ត ។
” អូនពិតជាមានសំណាងណាស់ដែរមានបងជាសង្សារ”
គូស្នេហ៍ទាំងពីរនៅក្បែរគ្នាយ៉ាងមានក្តីសុខ រូបភាពដ៏ផ្អែមល្ហែមនេះត្រូវបានកត់ត្រាដោយភាពងងឹតនៃស្បៃរាត្រី ក្រោមពន្លឺដួងចន្រ្ទា។
ម្តាយមានជំងឺ…
កំពុងអង្គុយសរសេរប្រលោមលោក សំឡេងទូរសព្ទក៏បានបន្លឺឡើង ដៃស្រឡូនឈោងចាប់មកមើលឃើញថាលេខមនុស្សសំខាន់ក៏ចុចទទួល។
” ហាឡូ ជម្រាបសួរម៉ាក់! “
” ហាឡូ កូនធានី! សុខសប្បាយជាទេកូន? “
” ច៎ាសម៉ាក់ កូនសុខសប្បាយ។ ចុះអ្នកម៉ាក់វិញ?”
សំឡេងមនុស្សស្រីវ័យ៥០ ប្លាយ និយាយដោយផ្អែមស្រទន់ៈ
” ម៉ាក់ពុំសុខទេ ចិត្តនឹកដល់កូនធានីគ្រប់ពេលវេលា!”
ធានី ជ្រួញចិញ្ចើម បង្ហាញទឹកមុខនៃការព្រួយបារម្ភចេញមកភ្លាម ព្រោះ១ ខែហើយដែរពុំបានទាក់ទងទៅផ្ទះ។
” កូនសុំទោសណាអ្នកម៉ាក់ កូនរវល់ពេកទើបពុំបានខលទៅរកម៉ាក់! “
សំឡេងស្រាលស្រទន់ របស់បុរសចំណាស់ម្នាក់ឮចេញពីខ្សែម្ខាងទៀត:
” ប៉ាក៏នឹកកូន ខ្លាំងណាស់ដែរកូនស្រី! ថ្ងៃបុណ្យអុំទូក ៤ថ្ងៃ ខាងមុខនេះកូនទំនេរទេ? ប៉ាចង់ឱ្យកូនមកផ្ទះម្តង។ “
ទឹកថ្លាៗ រមៀលចុះពីកែវភ្នែកធានី ដោយពុំដឹងខ្លួនៈ
” កូនសុំទោសណ៎ាលោកប៉ាអ្នកម៉ាក់! ថ្ងៃទី១៨ វិច្ឆិកា កូនហ្នឹងទៅផ្ទះយើង។ “
ស្រ្តីចំណាស់ សក់ខ្លីត្រឹមក ញញឹមយ៉ាងស្រស់:
” ម៉ាក់រង់ចាំជានិច្ច កូនស្រីតែម្នាក់គត់របស់ម៉ាក់! “
” កូនសូមជម្រាបលា លោកប៉ាអ្នកម៉ាក់សិនហើយ! “
” បាទកូនប៉ា ខំរៀនចុះណា! ព្រះតាមថែរក្សាកូនសម្លាញ់មាសឪពុក “
តំណក់ទឹកភ្នែកធានី នៅតែបន្តរមៀលចុះលើផែនថ្ពាល់សម៉ដ្ដរលោងនៅឡើយ។ ស្រីតូច គិតយ៉ាងរង្គៀលក្នុងចិត្តតែម្នាក់ឯង:
” ខ្ញុំមានបាបធ្ងន់ណាស់មែនទេ ដែលមិនទាក់ទងទៅប៉ាម៉ាក់? ខ្ញុំឬជាមូលហេតុធ្វើឱ្យម៉ាក់ធ្លាក់ខ្លួនឈឺ? ហេតុអ្វីខ្ញុំអាត្មានិយមម្ល៉េះ? “
ធានី ឈ្ងោកមុខចុះយំមួយសន្ទុះធំទើបក្រោកពីតុរៀនទៅងូតទឹកតុបតែងខ្លួន កុំឱ្យរីណា ឃើញសភាពរបស់ខ្លួននៅពេលនេះ។
ទំព័រសៀវភៅចាស់…
” ថារី អូនមកផ្សារទិញម្ហូបអាហារអីខ្លះ? បងជួយកាន់ណា! “
ស្រីតូចរីណា បែរក្រោយមើលទៅប្រភពសំឡេង:
” បង…. !!”
បុរសសង្ហារ មាឌមាំខ្ពស់ ញញឹមយ៉ាងស្រស់រកស្រីស្អាតរបស់យើងៈ
” អូននៅចាំបងបានទៀតណ៎!”
ថារី បែរខ្នងដើរចេញយ៉ាងប្រញាប់ ប៉ុន្តែរាងខ្ពស់ដើរតាមយ៉ាងប្រកិតពីក្រោយខ្នង ដៃដូចដង្កាប់ចាប់កដៃតូចជាប់។
” ឈប់សិនបានទេរីណា! “
មាណវី រលាស់ដៃមាំចេញ:
” ខ្ញុំប្រញាប់ សុំទៅមុនហើយ! “
” កុំទៅអីថារី! បងសុំពេល ១៥ នាទីណ៎ា។ “
ធីតាសោភា រីណា គ្មានជម្រើសណាមួយខ្លាចគេមើលមកពុំសម ក៏ព្រមនិយាយជាមួយ:
” ខ្ញុំឱ្យពេលលោក ១៥ នាទី! “
” ឡើងឡានជាមួយបងមកថារី ទុកម៉ូតូអូននៅហ្នឹងហើយ! “
ស្រីតូចថារី និងបុរសសង្ហារប្លែកមុខជិះឡានមកដល់ហាងកាហ្វេមួយដែរពួកគេតែងតែមកញ៉ាំជាមួយគ្នា កាលពី៣ ឆ្នាំមុន។ កែវភ្នែកមុតស្រួច សម្លឹងមើលរាងកាយមាំដោយ មិនសប្បាយចិត្ត។
” ហេតុអ្វីបងនាំខ្ញុំមកទីនេះ? “
បបូរមាត់ក្រាស់ញញឹមៈ
” ទីនេះជាកន្លែងផ្តើមស្នេហ៍របស់ពួកយើង មករម្លឹកអនុស្សាវរីយ៍ខ្លះក៏ល្អ។ “
មាណវី និយាយដោយកំហឹង:
” ជូនខ្ញុំទៅវិញ ឥឡូវនេះ!! “
” ១៥ នាទីទេអូន! “
មាណវីព្រមចុះ ទៅទាំងអារម្មណ៍តប់ប្រមល់ជាខ្លាំង។បុគ្គលិកចាស់នៅទីនេះចេញមកបើកទ្វារដោយស្នាមញញឹម ព្រមទាំងលើកដៃសំពះស្វាគមន៍ដល់ភ្ញៀវចាស់ :
” សួស្តីអូនទាំងពីរ! “
អ្នកទាំងពីរអង្គុយទល់មុខគ្នា នៅផ្នែកខាងក្នុងនៃហាងកាហ្វេ ដោយភាពស្ងប់ស្ងាត់ រីណា ហាក់បីដូចជាគ្មានអារម្មណ៍អ្វីទាំងអស់។ បុគ្គលិកក៏បានមកដល់:
” សួស្តីបង នេះជាមីនុយរបស់ Zara Coffee យើងខ្ញុំ! “
ថារី ទទួលដៃពីរ ហើយញញឹមបន្ដិចម្ដងជាការគួរសម ដល់បុគ្គលិកនៅទីនេះ។
” អរគុណបង! ខ្ញុំពុំអត់ត្រូវការកម្ម៉ង់ទេ “
កំលោះសង្ហាររ បែរទៅរកបុគ្គលិកដោយស្នាមញញឹម:
” យក cappuccino ក្តៅ ២កែវ! “
បុគ្គលិកញញឹមៈ
” អរគុណបង នៅថ្ងៃ ១១ វិច្ឆិកានេះយើងមាន promotion ចឹងទិញ២ ថែម១។ សូមរង់ចាំបន្តិចបង”
បន្ទាប់ពីបុគ្គលិកចេញទៅបាត់ អ្នកទាំងពីរអង្គុយមើលមុខគ្នាយ៉ាងស្ងៀមស្ងាត់ រីណា ហាក់ដូចជាតប់ប្រមល់ជាខ្លាំង បបូរមាត់ចាប់ផ្ដើមកម្រើក:
” បងចង់និយាយអីជាមួយខ្ញុំ ៥ នាទីកន្លងផុតហើយ! ខ្ញុំប្រញាប់ទៅធ្វើម្ហូប។ “
” រីណា បងមិនដឹងគួរចាប់ផ្តើមនិយាយពីចំណុចណាមុននោះទេ! “
នរ:សង្ហារ យកបាតដៃធំដាក់លើខ្នងដៃ ស្រីតូចថ្មមៗ :
” បងសុំទោសអូន! កន្លងមកបងដឹងជានិច្ចថាបងជាអ្នកខុសសុំទោសដែល៣ ឆ្នាំមុនបងចាកចេញទៅ ដោយមិនបានប្រាប់ អូន ១ម៉ាត់! “
រីណា ហាក់បីដូចជាចាប់ផ្តើមឈឺប្រអប់ទ្រូងខាងឆ្វេងតិចៗ នាងដកដៃចេញយ៉ាងលឿន មុននឹងវាចាដោយក្រសែភ្នែកហួសចិត្ត។
” វាយឺតពេលហើយ បង រ៉ាវុទ្ធ! “
ម្ចាស់ឈ្មោះ ងើបមុខឡើងមើលភក្ត្រអតីតសង្សារ ដោយទឹកមុខក្រៀមក្រំ។
” រ៉ាវុទ្ធ សុំទោសគ្រប់យ៉ាង កាលពីឆ្នាំ២០១៩ ស្រីម្នាក់នោះគ្រាន់តែជាស្រីកំដររបស់បងទេ រីណា! នាងគ្មានតម្លៃគ្រប់គ្រាន់សម្រាប់បងដូចជាអូនទេ។ “
០៩.វិច្ឆិកា.២០១៩
” ញ៉ាំឱ្យច្រើនៗ ទៅដាវី! “
ស្រស់ស្រីស្អាតឆើតឆាយ សើចស្រស់ ចាប់អាហារដាក់ចាន កំលោះសង្ហារ អង្គុយទល់មុខគ្នាដូចជាគូស្នេហ៍។ សំឡេងស្រួយស្រែសដូចសារិកាបន្លឺឡើង:
” ញ៉ាំឱ្យច្រើន ដូចគ្នាបងសម្លាញ់! យកកម្លាំងធ្វើការយប់នេះ។ “
បន្ទាប់ជានិយាយហើយ នាងក៏សើច ចំណែករ៉ាវុទ្ធ យកដៃច្បូតច្រមុះ ដាវី ថ្នមៗដោយសេចក្តីគ្រឺតគ្នាញ់ ។ បន្ទាប់ពីទទួលទានអាហារពេលល្ងាចហើយ អ្នកទាំងពីរធ្វើដំណើរមកដល់សណ្ឋាគារមួយកន្លែង អ្នកទាំងពីរបណ្តើរគ្នាចូលទៅក្នុងសណ្ឋាគារដោយសេចក្តីរីករាយ។
” អូយ បងកុំថើបខ្លាំងពេកអូនរសើប!”
” ថើបព្រោះស្រឡាញ់ហ្នឹងណា៎”
កំពុងតែក្តៅគគុកនៅលើគ្រែ ទ្វារបានរបើក រាងកាយតូចស្តើងបានបង្ហាញខ្លួន កែវភ្នែកមូលក្រឡង់ចាប់ផ្ដើមរីកធំ តំណក់ទឹកថ្លាៗ ហូរចេញពីកែវភ្នែក។
” រ៉ាវុទ្ធ បងកំពុងធ្វើអី្វ? “
រាងកាយស្អិតរមួតលើគ្រែ នៅតែបន្តសកម្មភាព ប៉ុន្តែរ៉ាវុទ្ធ ឆ្លៀតតបសំឡេងធម្មតា ដោយមិនខ្វល់ពីទឹកមុខរបស់នាងឡើយ។
” បងកំពុងធ្វើអ្វី អូនឃើញហើយតើ មិនចាំបាច់បងបកស្រាយទេ! “
ស្រីតូច ដើរចូលទាំងទឹកភ្នែក ទាញរាងកាយរឹងមាំរបស់សង្សារបណ្តូលចិត្ត ស្រឡាញ់ស្ទើរលេប គោរពដូចឪពុកម្តាយ ព្រោះបានកំណត់គោលដៅជីវិតរួមគ្នារួចហើយ។
” បងធ្វើបែបនេះដើម្បីអី? កន្លងមកបងកុហកអូនមករហូតឬ? “
” បានហើយថារី បងហត់នឿយជាមួយអូនណាស់ ទៅរៀនវិញទៅ! “
ទឹកភ្នែកស្រីតូច ហូរឥតឈប់ឈរមាណវី អួលដើមកជាខ្លាំង ចង់លើកដៃទះបុរសចំពោះមុខឱ្យសមចិត្តក៏ធ្វើមិនបាន។
” បងវុទ្ធ យើងបែកគ្នាទៅ! អូនពិតជាស្តាយទំនាក់ទំនងរយៈពេល៣ ឆ្នាំ កន្លងមកណាស់ ចាប់ពីពេលនេះតទៅ កុំឱ្យចួបគ្នាទៀត! “
រ៉ាវុទ្ធ ញញឹមចុងមាត់ៈ
” Ok! បែកក៏បែកទៅ Play Boy ដូចបងមិនចេះខ្វល់ទេ”
ទ្រូងរបស់ស្រីតូចថារី ដូចគេចាប់ហែកចេញពីគ្នា មាណវីយំជាខ្លាំង ឈានជើងចេញពីបន្ទប់សណ្ឋាគារដោយឈឺចាប់បំផុត វិញ្ញាណចិត្តកាយធ្លាក់ក្នុងសភាពវង្វេងស្មារតី។ មាណវីដើររហូតដល់សួន សម្តេច ស ខេង រាងកាយតូចស្តើងក្នុងសម្លៀកបំពាក់ជាសិស្សថ្នាក់ទី១២ អង្គុយចុះលើបង់កណ្តាលសួនតែម្នាក់ឯង ម៉ោង ៧:០០ល្ងាច មនុស្សមកហាត់ប្រាណច្រើនកុះករ ប៉ុន្តែមាណវីមានអារម្មណ៍ថាបរិយាកាសជុំវិញខ្លួនគឺទទេស្អាត។
ខ្យល់ត្រជាក់ចាប់ផ្ដើមធ្លាក់មក មិនយូរប៉ុន្មានផ្ទៃមេឃប្រែជាងងឹតស្លុងបាត់ខ្លួនវ៉ូងតារាអស់ពីមេឃា ព្រះភិរុណចាប់ផ្ដើមបង្អុរចុះមក ពីតិចមកខ្លាំងឡើងៗ រាងកាយតូចហាក់បីដូចជាមិនរងារសោះ រូបភាពនៅហាងកាហ្វេ និងសណ្ឋាគារ បានផុសក្នងខួរក្បាលជាហូរហែ ទឹកភ្នែករមៀលចុះប្រណាំងទឹកភ្លៀង។
” រីណាឯងល្ងង់ណាស់មែនទេ! នេះហើយស្នេហា ក្នុងវ័យសិក្សា! សុំទោសខ្លួនឯង”
ក្រោមតំណក់ទឹកភ្លៀងរាប់រយតំណក់ ស្រីតូចរីណា ស្រែកយំអស់សំឡេងដោយពុំខ្មាសអ្នកណា។
” ខ្ញុំខុសអ្វី ហេតុអ្វីបងបោកចិត្តខ្ញុំ? ហ៊ឺ…ហ៊ឺហ៊ឺ… “
ប្រហែល១៥ នាទីក្រោយមក មាណវីយំ រហូតភ្នែកក្លាយជាហើម។
” នេះសូម្បីតែភ្លៀងក៏មិនចង់ស្រក់លើខ្លួនរបស់ខ្ញុំដែរឬ? “
ស្រីតូចថារី សម្លឹងមើលទៅផ្ទៃខាងលើមេឃ ក៏ប្រទះជាមួយឆ័ត្រដ៏ស្រស់ស្អាតមួយ ជាមួយនឹងដៃស្រឡូន រាងតូចស្តើង បបូរមាត់ស្តើង កែវភ្នែកស្រទន់ដូចពន្លឺព្រះចន្ទ ភូមោកោងដូចឥន្ធនូ ថ្ពាល់ខួចទាំងសងខាង កំពុងញញឹមមករកស្រីតូច។
” ហេតុអ្វីមកអង្គុយយំ ម្នាក់ឯងអ៊ីចឹង? “
រីណា សម្លឹងមកដោយអារម្មណ៍មិនល្អៈ
” គ្រាន់តែយំ ចាំបាច់មានអ្នកកំដរដែរឬ? “
ម្ចាស់សំណួរ ដាក់ខ្លួនអង្គុយជិតរីណា ព្រមទាំងបញ្ចេញពន្លឺកែវភ្នែកយ៉ាងស្រទន់ៈ
” នេះជាសិស្សវិទ្យាល័យទៀត ខ្ញុំមិនដឹងថាប្អូនចួបរឿងអ្វីខ្លះទេ ប៉ុន្តែសូមប្អូនចាំថា ការព្យាយាមអត់ធ្មត់ តស៊ូដោយយកលទ្ធផលសិក្សាបង្ហាញឱ្យគេឃើញ នោះជីវិតប្អូននឹងចួបរឿងល្អៗ ។”
ដៃស្រឡូន យកកន្សែងជូតទឹកភ្នែកឱ្យថ្មមៗ ថារី សម្លឹងមើលសកម្មភាពនេះយ៉ាងចាប់ភ្លឹក។
” បងជាអ្នកណា? ហេតុអ្វីមកជួយខ្ញុំ? “
ស្រីស្រស់ញញឹម អង្អែលដៃថារីថ្មមៗ
” ខ្ញុំមិនបានជួយនាងទេ ខ្ញុំគ្រាន់តែចង់ជួយសង្គ្រោះអនាគតក្មេងម្នាក់ប៉ុណ្ណោះ! ជូតទឹកភ្នែកហើយខំប្រឹងរៀនឡើងវិញ ប្រលងបាក់ឌុបឆ្នាំនេះ ឱ្យបាននិន្ទេសល្អណ៎ា! “
ថារីឆ្ងល់ក្នុងចិត្តជាខ្លាំង:
” ហេតុអ្វីបង ដឹងថាខ្ញុំរៀនទី១២? “
” ខ្ញុំស្មានទេ! “
អ្នកទាំងពីរញញឹមដាក់គ្នាស្រស់ រំពេចនោះស្រាប់តែមានរថយន្តទំនើបមួយគ្រឿងមកចតនៅមុខភូមិគ្រឹះ ១០៤ ទល់មុខសួន សម្តេច ស ខេង ។
ស្ត្រីម្នាក់អាយុប្រហែល ៤៨ ប្លាយ ស្រែកពីលើឡាន:
” ធានីកូន! ឡើងឡានមកកូនភ្លៀងខ្លាំងណាស់! “
” ច៎ាសម៉ាក់! “
” ធានី ងាកមុខមករកស្រីតូចថារី បើមានឱកាសយើងចួបគ្នាទៀតណ៎ា! កុំអស់សង្ឃឹម ស៊ូៗឡើង ដើម្បីខ្លួនឯង”
១១. វិច្ឆិកា. ២០២១
កែវកាហ្វេត្រជាក់ៗ ប៉ះម្រាមដៃបន្លាក្រូច មាណវីលើកដៃមកជូតទឹកភ្នែកជំនួសវាចា។
” ខ្ញុំសុំត្រលប់ទៅវិញហើយ គ្រប់យ៉ាងក្លាយជាអតីតកាលអស់ហើយ។ បើថ្ងៃនោះគ្មាននារីម្នាក់នោះទេ ខ្ញុំប្រហែលជាគ្មានថ្ងៃមកចួបបងខណៈពេលនេះទេ។ លាហើយមនុស្សក្នុងសុបិនអាក្រក់របស់ខ្ញុំ”
ល្បែងស្នេហាចាស់ទុំ
ថ្ងៃទី១៨ វិច្ឆិកា ២០២១
រថយន្តបានបោះពួយ លូនចូលទៅក្នុងគេហដ្ឋានដែរមានរចនាបថមជ្ឈិមសម័យ ដែរស្រស់ស្អាតជាខ្លាំង។បុរសនិងស្រ្តីចំណាស់២ នាក់ ចេញមកទទួលព្រមទាំងស្នាមញញឹម។
” ជម្រាបសួរលោកប៉ាអ្នកម៉ាក់! “
លោកស្រី សុវណ្ណ ឱបកូនដោយស្នាមញញឹម:
” លើកដៃថ្វាយព្រះកូនម្តាយ តោះចូលទៅខាងក្នុងសិន! ប៉ាធានី មើល៍ជួយលើកអីវ៉ាន់កូនមកផង! “
ប៉ាធានីជ្រួញចិញ្ចើម
” ចេះប្រើមនុស្សចាស់ទៅកើតម៉ាក់វា។ “
បន្ទាប់ពីជំនោររាត្រី បានចូលមកដល់ឪពុកម្តាយកូន ចួបជុំគ្នាយ៉ាងសប្បាយរីករាយ ក្រោមពន្លឺភ្លើងទៀនដែលរៀបចំយ៉ាងប្រណិតសម្រាប់ទទួលកូនស្រីទោល ក្រោយចាកចេញពីផ្ទះអស់រយ:ពេលជិតមួយឆ្នាំទៅហើយ។
លោកស្រី សុវណ្ណ ចាប់អាហារដាក់ឱ្យកូនស្រីពេញចាន តែម្តង។
ធានី ញញឹមស្រស់ ព្រមទាំងនិយាយក្លែមសម្ដីជាមួយម្តាយជាទីស្រឡាញ់ទៀត។
” អ្នកម៉ាក់ ចាប់ម្ហូបឱ្យកូនច្រើនម្លឹងៗ តិចលោកូនវិវត្តន៍ក្លាយជាជ្រូកទៅ។ “
លោកប្រុស ធិតា អស់សំណើចនឹងកូនស្រីជាខ្លាំង:
” មើលរូបរាងកូនឯង ស្គមដូចឈើចាក់ធ្មេញហើយ ញ៉ាំយ៉ាងណាក៏មិនធាត់ដែរ។ “
” ប្រឹងញ៉ាំឱ្យច្រើនៗ កូនម៉ាក់ ធ្វើដំណើរផ្លូវឆ្ងាយផង ឆាប់មានកម្លាំង”
ទឹកមុខរបស់ធានី ស្រស់បំព្រងតែម្តង ក្តីសុខ និងភាពកក់ក្តៅពីគ្រួសារផ្តល់ឱ្យព្រមៗគ្នា។បន្ទាប់ពីទទួលទានអាហារពេលល្ងាចយ៉ាងមានក្តីសុខ ធានី ចូលទៅបន្ទប់គេងដើម្បីខលទៅសង្សារបណ្តូលចិត្ត។
” ហាឡូ ថារី! អូនកំពុងធ្វើអ្វីហ្នឹង?”
” ច៎ាស អូនកំពុងនឹកបង!”
” និយាយលេងសើចណាស់! អូនត្រលប់ទៅដល់ផ្ទះឬនៅ? “
ភាគីម្ខាងទៀត ឆ្លើយតបដោយសំឡេងខ្សោយ:
” អូនមកដល់ផ្ទះកាលពីម៉ោង ៣ រសៀលម្ល៉េះ”
ធានី ស្តាប់សំឡេងសង្សារហើយ មានការព្រួយបារម្ភក្នុងចិត្តជាខ្លាំង:
” ហេតុអ្វីសំឡេងអូនខ្សោយម្ល៉េះ? “
” អូនពុលឡានក្រុង!”
” ហើយឥឡូវអូនញ៉ាំអីហើយឬនៅ?”
” អូនមិនទាន់បានញ៉ាំអីនៅឡើយទេ”
សំឡេងស្រទន់សង្កត់ធ្ងន់បន្តិចៈ
” ឆាប់ទៅងូតទឹក ញ៉ាំបាយទៅ ប្រយ័ត្នបងឈប់ស្រលាញ់!”
ថារី សម្រូតខ្លួនចុះពីលើគ្រែទាំងខ្ជិលច្រអូស:
” Ok! អូនទៅងូតទឹកសិនហើយ! Love you honey “
សំឡេងទូរសព្ទបានកាត់ផ្ដាច់ ស្របពេលមនុស្សស្រីវ័យចំណាស់កំពុងបើកទ្វារចូលបន្ទប់ របស់ធានី។
” អ្នកម៉ាក់អញ្ជើញមកស្ងាត់ៗ កូនភ្ងាក់តែម្តង! “
លោកស្រី សុវណ្ណ ចូលទៅអង្គុយជិតកូនស្រី ព្រមជាមួយស្នាមញញឹមយ៉ាងស្រទន់ៈ
” ធានី ម៉ាក់មានរឿងចង់និយាយជាមួយកូនបន្តិច។ សូមកូនឆ្លើយតបដោយត្រង់ជាមួយម្តាយណា!”
ធានី ជ្រួញចិញ្ចើម មើលមុខម្តាយដោយងឿងឆ្ងល់:
” ម៉ាក់មានបញ្ហាអ្វីមែនទេ? “
លោកស្រី សុវណ្ណ លើកម្រាមដៃស្វិតជ្រីវជ្រួញ ដាក់លើដៃស្រីតូចធានីថ្នមៗ:
” រឿងនេះទាក់ទង នឹងអនាគតរបស់កូន! ឆ្លើយប្រាប់ម៉ាក់តាមត្រង់មក សព្វថ្ងៃកូនមានទំនាក់ទំនងស្នេហាឬទេ?”
ធានី មើលមុខអ្នកជាម្តាយដោយកែវភ្នែកឆ្លាស់គ្នា ក្នុងចិត្តចាប់ផ្ដើមភ័យ ស្រីតូចឆ្លើយតបទៅម្តាយដោយសំឡេងស្មើ:
” ម៉ាក់កូនសុំចិត្ត រឿងនេះជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់់កូនទេ! “
” ស្តាប់ម៉ាក់ណាកូន! ម៉ាក់គិតថាដល់ពេលវេលាហើយដែររៀបចំទុកដាក់កូនឱ្យមានគូរស្រករ “
មាណវី មើលមុខម្តាយដោយកែវភ្នែកស្រទន់រកស្មានមិនត្រូវ។
” អ្នកម៉ាក់ ខ្ញុំមានមនុស្សដែរខ្លួនស្រឡាញ់ហើយ! “
លោកស្រី សុវណ្ណ ភ្ងាក់ផ្អើលមិនស្ទើរទេ មិននឹកស្មានថាបានឮដំណឹងនេះពីមាត់កូនស្រីផ្ទាល់។ ស្រ្តីចំណាស់លើកដៃ អង្អែលខ្នងកូនស្រី ព្រមទាំងសម្លឹងមើលកែវភ្នែកមិនប្រាកដប្រជារបស់ធានី :
” គេជាអ្នកណាកូនធានី? ហេតុអ្វីកូនមិនប្រាប់ម៉ាក់? ម្នាក់ដែលនិយាយទូរសព្ទជាមួយកូនអម្បាញ់មិញឬ? “
ធានី បើកភ្នែកធំៗ កែវភ្នែកអង្វរម្តាយជាទីស្រឡាញ់ ជំនួសពាក្យវាចា:
” អ្នកម៉ាក់ កូនបានស្រឡាញ់ថារី ខ្លាំងណាស់ ពួកយើងទាំងពីរនាក់មិនអាចកាត់ផ្តាច់មនោសញ្ចេតនាពីគ្នាបានទេ!”
បេះដូង លោកស្រី សុវណ្ណ ធ្លាក់ស្ទើរតែដល់ដី
” ហេតុអ្វីកូនធ្វើបែបនេះ? ម៉ាក់ពិតជាសោកស្តាយណាស់កូន!”
ទឹកមុខស្រស់ស្រាយរបស់លោកស្រី សុវណ្ណ ធ្លាក់ចុះយ៉ាងខ្លាំងៈ
” មិនអីទេធានី ប៉ុន្តែម៉ាក់មានលក្ខខណ្ឌថ្ងៃស្អែកកូនត្រូវទៅចូលរួមកម្មវិធីខួបកំណើត របស់កូនវីរ៉ា ជាមួយនឹងម៉ាក់”
ធានីញញឹមទាំងសោះកក្រោះដាក់អ្នកជាម្តាយ ព្រោះមានអារម្មណ៍ដូចប្រផ្នូលអ្វីមួយកំពុងតែកើតឡើងចំពោះខ្លួន។
” ច៎ាសម៉ាក់ កូននឹងចូលរួមកម្មវិធីនេះ!”
លោកស្រី សុវណ្ណ លើកដៃអង្អែលក្បាលកូនស្រីថ្នមៗ ញញឹមទាំងបង្ខំ:
” ឆាប់ចូលគេងទៅកូន ពួកយើងត្រូវទៅសណ្ឋាគារ សូហ្វីតែលអង្គរភូគីត្រា ឱ្យបានមុនម៉ោង៨ ព្រឹកផង! “
ស្រីតូចធានី ដាក់ក្បាលគេង ដោយអារម្មណ៍ពុំស្ងប់ចិត្តទាល់តែសោះ។ ស្រីតូចនិយាយទៅកាន់អ្នកជាម្តាយ ដោយស្នាមញញឹមបន្ដិចនៅគែមមាត់។
” រាត្រីសួស្តី សុបិនល្អអ្នកម៉ាក់! “
ក្រោមពន្លឺចន្ទថ្ងៃ១២ កើតខែកត្តិក
” ឈប់សិន! កុំទៅចោលបងថារី កុំ! កុំទៅ! លែងៗ ដោះលែងខ្ញុំទៅ! “
សំឡេងយំខ្សឹកខ្សួលទឹកភ្នែករាប់រយតំណក់ធ្លាក់ចុះមក ឥតល្ហែ រាងតូចរបស់មនុស្សស្រីកំណាន់ចិត្ត បានបង្ហាញខ្លួនចំពោះមុខយ៉ាងច្បាស់ក្រឡែត កែវភ្នែកទាំងគូពោរពេញដោយតំណក់ទឹកភ្នែកតក់ដោយឈាម ម្រាមដៃបន្លាក្រូចលើកដៃមកខ្វេះបេះដូងចេញពីប្រអប់ទ្រូង
ធានីឈរមើលសង្សារបណ្តូលចិត្តដោយការឈឺចាប់ ចង់ឱបក៏មិនបាន ចង់និយាយក៏មិនលឺៈ
” ឈប់សិនថារី ហេតុអ្វីបានជាអូនយំ?កុំធ្វើបែបនេះអី! ថារីឈប់ភ្លាម បងស្រឡាញ់អូន!”
សំឡេងដង្ហើមខ្យល់នៃភាពឈឺចាប់ បង្ហើរចេញពីបបូរមាត់ស្តើង :
” បងកុហកអូន! បងបំផ្លាញ់អូន អូននឹងដាក់បណ្ដាសាឱ្យបងចួបតែរឿងឈឺចាប់ គ្រប់ៗជាតិ! អូនស្អប់បង”
ធានីយំរហូត នាងរត់តាមថារីរហូត ស្រីតូចថារីលែងបែរក្រោយ:
” ថារីៗ ឈប់សិនអូន! អូនទៅណាហើយ មកវិញមក! ហ៊ឺ… ហ៊ឺ… “
ពន្លឺព្រះសូរិយាចាំងចូលតាមប្រឡោះបង្អួចពីបូព៌ាទិស រាងកាយដ៏ស្តើងតូចស្អាត លើកម្រាមដៃតូចៗ ញីភ្នែកសម្លឹងមើលពិដានផ្ទះ ។ មាណវីនិយាយម្នាក់ឯង:
” ហ៊ើយ… តាមពិតខ្ញុំសុបិនសោះ! “
កំពុងតែពត់ខ្លួនលើគ្រែដ៏ទន់ល្មើយ ស្រាប់តែសំឡេងគោះទ្វារខ្លាំងៗ ពីខាងក្រៅ។
” ក្រោកឡើងធានីកូន! រៀបចំខ្លួនប៉ានិងម៉ាក់កំពុងរង់ចាំ”
ស្រីតូចស្អាតសម្លឹងមើលទ្រនិចនាឡិកាលើជញ្ជាំង កែវភ្នែកបើកធំៗ លាន់មាត់តែម្នាក់ឯងៈ
” ពុទ្ធោ នេះម៉ោង ៧ ហើយឬ?”
រាងកាយស្រឡូន រូតរះរៀបចំខ្លួនយ៉ាងប្រញាប់ ដោយមានជំនួយពីលោកស្រី សុវណ្ណ ជាម្តាយ។
នៅតាមផ្លូវខាងមុខប្រាសាទអង្គរវត្ត…
ថារី សួរទៅកាន់ម្តាយដោយសេចក្តីងឿងឆ្ងល់:
” អ្នកម៉ាក់ ហេតុអ្វីខ្ញុំត្រូវស្លៀកសម្លៀកបំពាក់ដូចកូនក្រមុំចូលរោងការអ៊ីចឹង? “
លោកស្រី សុវណ្ណ លើកដៃដាក់លើប្រអប់ដៃស្រឡូនរបស់កូនស្រីបណ្តូលចិត្ត ព្រមទាំងវាចាដោយស្នាមញញឹមពោរពេញដោយក្តីសុខ មុនហ្នឹងឆ្លើយតប:
” កម្មវិធីនេះលំដាប់អភិជន ប៉ុន្តែតម្រូវឱ្យស្លៀកពាក់ប្រពៃណី “
ធីតាធានី សម្លឹងមើលមុខម្តាយដោយសេចក្តីចម្លែកក្នុងចិត្ត ប៉ុន្តែពុំហ៊ានសួរតទៀត។
” កូនស្រីម៉ាក់ស្អាតបំផុតហើយ ក្នុងថ្ងៃនេះ! “
ធានី មើលមុខខ្លួនតាមកញ្ចក់ឡានដោយចាប់ភ្លឹកតែម្តង ។
” ងក់…. !! “
ម៉ាក់ធានី ងក់ក្បាលទៅមុខបន្តិច មុននឹងសម្លក់សម្លឹងស្វាមីកំពុងបើកឡាន។
” ប៉ាវា មុននឹងឈប់ហេតុអ្វីមិនប្រាប់ខ្ញុំជាមុន? “
លោកប្រុស ធិតា តបទៅលោកស្រីវិញបែបកំប្លែង:
” ដល់ចំណតឡានហើយ អញ្ជើញចុះពីឡានលោកស្រីប្រពន្ធ!”
ធានី អស់សំណើចនឹងអកប្បកិរិយារបស់ប៉ាម៉ាក់ជាខ្លាំង ថ្ពាល់ខួចទាំងគូរបស់ស្រីស្រស់ធានីលេចចេញរូបភាពយ៉ាងច្បាស់ សមឥតខ្ចោះជាមួយឈុតព្រះថោងតោងស្បៃ។
” លោកប៉ាអ្នកម៉ាក់ ហេតុអ្វីនាំកូនមកប្រាសាទអង្គរវត្តវិញ? “
លោកស្រី សុវណ្ណ ប្រញាប់និយាយ:
” ម៉ាក់ចង់នាំគ្រួសារយើងមកថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ ទាន់ឱកាសបុណ្យអុំទូកផង។ “
ស្រីតូចធានី ក៏ដើរតាមម្តាយ ចូលទៅក្នុងប្រាសាទអង្គរវត្តដោយឆ្លងកាត់ស្ពានថ្មដ៏ស្រស់ស្អាតមានក្បាច់រចនា អមដោយតោដ៏មានអំណាចឈរយាមខាងមុខ និងនាគរាជព័ទ្ធជាបង្កាន់ដៃ ដំណើរល្វតល្វន់ដៃស្តាំកាន់ឆ័ត្រ ក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ទឹកមុខស្រស់ប្រិមប្រិយ ចិញ្ចើមដូចភូមោកោង រោមភ្នែកងរច្រាង កែវភ្នែកស្រស់ស្អាត ផ្ទៃមុខសរភ្លឺរលោងដូចកូនក្រមុំត្រៀមចូលរោងជ័យ អ្វីៗគ្រប់យ៉ាងនៅដងលើខ្លួន នាងតូចធានី ត្រូវបានរៀបចំដោយគ្រឿងអលង្ការនិងគ្រឿងសម្អាងម៉ាកថ្លៃ សក្តិសមជាកូនស្រីអភិជនពិតមែន។
រាងតូចធ្វើដំណើរ ចូលទៅខាងក្នុងប្រាសាទ រហូតដល់មាត់ស្រះខាងត្បូង ស្រីស្រស់ដាក់ខ្លួនអង្គុយលើកន្ទេលក្រោមដើមត្នោត ដោយអារម្មណ៍អណ្តែតអណ្តូងក្នុងទេសភាពដ៏ស្រស់ត្រកាលនាបរិវេណប្រាសាទអង្គរវត្ត អំឡុងហេមន្ដរដូវ។
” អរុណសួស្តីទេពធីតា! មកអង្គុយមើលព្រះអាទិត្យរះក្នុងប្រាសាទអង្គរវត្តតែម្នាក់ឯងឬ? ” សំឡេងផ្អែមបានបន្លឺឡើងពីខាងក្រោយខ្នង ស្រីតូចប្រញាប់បែរទៅរកប្រភពសំឡេងទាំងភ្ងាក់ផ្អើល។
” Wow! បងវីរ៉ា ទេហ្ហី? ខ្ញុំខំតែភ័យស្ទើរតែលស់ព្រលឹង”
នរ:សង្ហារ យកដៃអង្អែលក្បាលស្រីតូចថ្នមៗ ព្រមទាំងនិយាយយ៉ាងអស់សំណើច:
” ព្រលឹងបួនដប់សព្វគ្រប់ ចូលមកក្នុងខ្លួនអូនធានីវិញមក! “
ធានី ក៏អស់សំណើចនឹងពាក្យសម្ដីរបស់បុរសសង្ហារម្នាក់នេះផងដែរៈ
” បងវីរ៉ា មកលេងទីនេះដែរឬ? ក្រែងលោថ្ងៃនេះជាថ្ងៃពិសេសរបស់បងហ្ហ៎? “
កំលោះសង្ហារ វីរ៉ា កំពុងភ្លឹកស្មារតីនឹងស្នាមញញឹមបង្កប់នូវសម្រស់ដ៏ស្រស់ស្អាតរបស់មនុស្សស្រីដែលខ្លួនលង់ស្រឡាញ់ តាំងពីថ្ងៃចួបនៅបាត់ដំបង។ ស្រីតូច អង្រួនដៃពីរដងទើប កំលោះសង្ហារ វាចាតបទាំងរដាក់រដុប:
” អូនធានីនិយាយថាម៉េចអម្បាញ់មិញ? “
ថ្ពាល់ខួចទាំងសងខាង លេចឡើងកាន់តែច្បាស់ អស់សំណើចនឹងកំលោះសាច់ដុំនៅចំពោះមុខៈ
” ហេតុអ្វីបងវីរ៉ា មកដល់ទីនេះក្រែងថ្ងៃនេះជាថ្ងៃពិសេសរបស់បងឬ? “
” បងក៏មិនដឹងដែរ ប៉ុន្តែអ្នកម៉ាក់គាត់ថានាំបងមកថតរូបទុកជាអនុស្សាវរីយ៍ “
កំពុងជជែកគ្នា ស្រាប់តែចាស់ទុំនិងជាងថត បានមកដល់។ កំលោះសង្ហារវីរ៉ា ប្រញាប់លើកដៃសំពះឪពុកម្តាយរបស់ធានី។
” ជម្រាបសួរលោកអ៊ំទាំងពីរ! “
” លើកដៃថ្វាយព្រះកូន” លោកប្រុសធិតា និងលោកស្រី សុវណ្ណ និយាយដំណាលគ្នា។
លោកស្រី សួគ៍ ញញឹមស្រស់បិទមាត់មិនជិតបន្ទាប់ពីឃើញមុខអនាគតកូនប្រសាស្រី ។ ធានីលើកដៃសំពះ មនុស្សស្រីចំណាស់អាយុស្របាលម្តាយខ្លួន:
” ជម្រាបសួរលោកស្រី! “
ម្រាមដៃស្ត្រីជាម្ចាស់ឈ្មោះ ទាញម្រាមដៃតូចៗចុះ ហើយលើកដៃអង្អែលស្មានាងតូចធានីតិចៗ :
” កុំហៅលោកស្រីអី! លើកក្រោយត្រូវហៅថាម៉ាក់ឮនៅ? “
ស្រីតូចធានី ឱនមុខចុះដោយសេចក្ដីអៀនប្រៀន ចំណែកឯកំលោះសង្ហារវីរ៉ា បាញ់ពន្លឺកែវភ្នែកនៃក្តីស្រឡាញ់ទៅកាន់ស្រីតូចធានី ឪពុកម្តាយរបស់ធានីសប្បាយចិត្តជាខ្លាំងពេលគម្រោងការណ៍ជិតបានសម្រេច។ រំពេចនោះជាងថតក៏មកដល់ :
” លោកប្រុសនិងលោកស្រី គួរតែចាប់ផ្ដើមថតទៅម៉ោង៩ ហើយ បន្តិចទៀតមេឃក្តៅថតលេងស្អាតហើយ! “
លោកស្រី សុវណ្ណ ប្រញាប់ទាញធានី និងវីរ៉ា មកឱ្យជាងថតរៀបចំ មាណវីមើលមុខម្តាយដោយសេចក្តីងឿងឆ្ងល់។
” ម៉ាក់ ហេតុអ្វីពួកខ្ញុំត្រូវថតរូបជាមួយគ្នា?”
លោកស្រី សុវណ្ណ ញញឹមដាក់ធានី ជាសញ្ញាបង្ហាញថាកុំឱ្យកូនព្រួយបារម្ភ:
” ថតរូបទុកជាអនុស្សាវរីយ៍ទៅកូន មិនងាយមានឱកាសចួបគ្នាទេ។ “
លោកស្រី សួគ៌ កេះដៃលោកស្រី សុវណ្ណ:
” អ្នកអើយ! មើលណ៎ កូនៗយើងសមគ្នាណាស់ ដូចព្រះអង្គម្ចាស់និងព្រះនាងអ៊ីចឹង។ “
អ្នកទាំងបី សើចយ៉ាងសប្បាយរីករាយ។
ម៉ោង២ រសៀល….
ក្នុងបរិវេណសណ្ឋាគារសូហ្វីតែល រៀបចំតុបតែងយ៉ាងប្រណិត តាំងពីច្រកចូលរហូតទៅដល់ខាងក្នុងបន្ទប់ទទួលភ្ញៀវ មានទាំងផ្កាស្រស់ចម្រុះពណ៌ រួមបញ្ចូលទាំងវាំងននពណ៌ស្វាយស្រាលលាយពណ៌សឆ្នូតៗ ផ្លេកៗ ទម្រង់ដូចផ្លែល្ពៅអមជាមួយអំពូលភ្លើងក្បាច់ផ្កាភ្ញីពណ៌ពងមាន់ទៀត។ នៅខាងមុខច្រកចូលមានរូបថត២ ផ្ទាំងធំៗ គ្រប់ក្រណាត់ប៉ាក់ពណ៌សជិតឈឹង ស្រីតូចធានីឈានជើងមួយៗចុះពីលើឡានទំនើប សម្លឹងទៅកាន់បរិវេណជុំវិញខ្លួនដោយអារម្មណ៍ភ្លឹកស្មារតី ហើយលាន់មាត់សរសើរតិចៗតែម្នាក់ឯង:
” យី! គ្រាន់តែកម្មវិធីខួបកំណើតសោះ រៀបចំដូចពិធីមង្គលការទៅហើយ! សូម្បីតែរូបថតក៏គ្របមិនឱ្យឃើញដែរ”
លោកស្រី សុវណ្ណ ប្រញាប់ចេញពីរោងមកទទួលស្រីតូចធានី ប្រកបដោយទឹកមុខញញឹមពេញចិត្ដពេញថ្លើម :
” ម៏! កូនធានីចូលមកខាងក្នុងមកកូន កម្មវិធីជិតចាប់ផ្តើមហើយ!”
កំលោះសង្ហារ វីរ៉ា កំពុងអង្គុយលើកម្រាលព្រំពណ៌មាសលាយក្រហម ចាប់ភ្លឹកស្មារតីជាមួយដំណើរល្វតល្វន់ គួបផ្សុំជាមួយឈុតកូនក្រមុំសម្រាប់សំពះផ្ទឹមពណ៌ស ក្បិនពណ៌ស្វាយ សមឥតខ្ចោះជាមួយដងខ្លួនស្តើងស្រឡូន ត្រគាករីកសាយ ចង្កេះអង្ក្រង កែវភ្នែកមូលក្រឡង់បបូរមាត់ស្តើងតូចពណ៌ក្រហម ផ្ទៃមុខសរលោង គួបផ្សុំនឹងការតុបតែងលម្អរដោយគ្រឿងសម្អាងបន្ថែមទៀត ប្រៀបដូចទេពធីតា ចុះពីស្ថានសួគ៌យ៉ាងដូច្នោះ។
ដំណើរល្វតល្វន់ចាប់ផ្ដើមឆ្ងល់ ក្រោមការមើលមិនដាក់ភ្នែកពីសំណាក់កែវភ្នែករាប់រយគូរ ក្នុងកម្មវិធីនេះ។ មាណវីកេះដៃលោកស្រី សុវណ្ណ :
” អ្នកម៉ាក់ ហេតុអ្វីគ្រប់គ្នាសម្លឹងមើលមកខ្ញុំដោយក្រសែភ្នែកចម្លែកបែបនេះ? “
លោកស្រី សុវណ្ណ ញញឹមវាចាយ៉ាងពិរោះ:
” មកពីកូនស្រីម៉ាក់ស្អាតពេក មើលណ៎សូម្បីតែបងវីរ៉ារបស់កូន អង្គុយភ្លេចដកដង្ហើមហើយក៏មិនដឹង! “
ធានី ចាប់ផ្ដើមក្រហមមុខដោយសេចក្តីអៀន នឹងសម្ដីរបស់ម្តាយ។ ខណៈពេលនោះ លោកស្រី សួគ៌ បានមកដល់ ព្រមជាមួយគ្រឿងរណ្តាប់មានជំនូន ផ្លែឈើ នឹងផ្កាស្លាផងដែរ។ ស្របពេលនោះ សំឡេងជួងសិរីមង្គលបានបន្លឺឡើង:
” កូនក្រមុំ បានចូលមកដល់ក្នុងរោងជ័យហើយ! ជាកិច្ចបន្តទៅទៀតសូមគោរពអញ្ជើញលោកបាមកអង្គុយលើកម្រាលព្រំ “
រំពេចនោះ ស្រាប់តែផ្ទាំងក្រណាត់ពណ៌ស និងផ្ទាំងក្រណាត់ នៅខាងក្រោយខ្នងលោកមេបា បានរបូតចុះក្រោម ផ្ទាំងអក្សរឆ្លាក់យ៉ាងស្រស់ស្អាតរំលេចឡើងចំកណ្តាលមុខស្រីតូចធានី “សិរីសួស្តីអាពាហ៍ពិពាហ៍” ស្រីតូចស្រឡាំងកាំងជាខ្លាំង បេះដូងស្ទើរតែឈប់ដំណើរការ ក្រោមសំឡេងអបអរសាទរពីភ្ញៀវកិត្តិយសយ៉ាងកុះករ ផ្ទាំង LED បានបង្ហាញពីរូបថតគូស្នេហ៍ដ៏សក្តិសម ក្នុងបរិវេណប្រាសាទអង្គរវត្ត នោះគឺធានីនិងវីរ៉ា។
វីរ៉ា សម្លឹងមើលមុខធានី ដោយកង្វល់ជាខ្លាំង នរ:ដាក់បាតដៃធំលើម្រាមដៃតូចថ្នមៗ ដើម្បីជាសញ្ញាកុំឱ្យព្រួយបារម្ភ ធានីសម្លឹងកែវភ្នែកបុរសក្បែរខ្លួនដោយសេចក្តីអង្វរក។ លោកស្រី សុវណ្ណ ឃើញទឹកមុខធានី មិនស្រួលប្រញាប់និយាយកាត់:
” ញញឹមឱ្យស្រស់មកកូន កុំភ័យអីជីវិតមនុស្សស្រីគឺត្រូវតែមានស្វាមីដូច្នេះឯង! “
ក្នុងប្រអប់ទ្រូងដូចត្រូវគេកម្ទេច ឈឺឡើងស្ពឹកគ្មានសល់ចន្លោះណា ផ្ទៃមុខស្រស់ស្រាយអម្បាញ់មិញប្រែជាក្រៀមស្រពោន តំណក់ទឹកភ្នែកស្ទះគ្រប់សរសៃប្រសាទ នាងតូចធីតា អង្គុយក្រាបផ្ទឹម ទាំងព្រលឹងមិននៅក្នុងខ្លួន។
…………………..
អាពាហ៍ពិពាហ៍មរណៈ
រាត្រីក្រេបទឹកឃ្មុំក៏ឈានចូលមកដល់ ម្តាយឪពុកទាំងសងខាងចូលមកផ្តល់ឱវាទដល់កូនប្រុសស្រី។ ស្រីតូចធានី ឆ្លៀតឱកាសនេះសុំ លោកស្រី សុវណ្ណ និយាយតែពីរនាក់។
” អ្នកម៉ាក់ធ្វើបែបនេះដើម្បីអ្វី? “
លោកស្រី សុវណ្ណ តបទៅកូនស្រីដោយទឹកមុខស្មើធេង:
” ម៉ាក់ធ្វើបែបនេះគឺដើម្បីកូនល្អ ម៉ាក់មិនអាចឱ្យកូនបន្តស្នេហាជាមួយមនុស្សស្រីដូចគ្នាទេ!”
ស្រីតូចធានី ចាប់ផ្ដើមហូរទឹកភ្នែកចុះព្រោះលែងមានអ្នកកាសែត ដូចនៅក្នុងកម្មវិធីទៀតហើយ។
” អ្នកម៉ាក់ដឹងទេ ខ្ញុំមិនបានស្រលាញ់បងវីរ៉ានោះទេ! ធ្វើផ្ទះតម្រូវអ្នកនៅ ទុកដាក់កូនចៅអាស្រ័យលើម្ចាស់ខ្លួន”
លោកស្រី សុវណ្ណ សម្លឹងមើលមុខកូនស្រី យ៉ាងដាច់ខាត:
” ធានី! កន្លងមកម៉ាក់ព្រមតាមកូនគ្រប់យ៉ាងហើយ។ ប៉ុន្តែរឿងនេះម៉ាក់មិនព្រមនោះទេ ម៉ាក់ត្រូវការមានចៅមកស្នងត្រកូល! “
ធានីដំឡើងសំឡេងដាក់ម្តាយ:
” ប៉ាម៉ាក់ មានសួរខ្ញុំទេ? ហេតុអ្វីចាំបាច់កុហកបោកប្រាស់ខ្ញុំ? “
” បើឯងដឹងការពិតស្មានតែថ្ងៃនេះឯងព្រមទៅជាមួយម៉ាក់ឬ! “
ទឹកភ្នែកធីតាតូច បន្តហូរចុះឥតល្ហែ:
” នេះម៉ាក់ប្រើប្រាស់ខ្ញុំដើម្បីតម្រូវការខ្លួនឯង ប៉ុន្តែម៉ាក់មិនបានស្រលាញ់ខ្ញុំទេ”
” បិទមាត់របស់ឯងភ្លាមធានី! ដាច់ខាតឯងត្រូវតែមានកូនជាមួយវីរ៉ា! “
ធានី ក្រវីក្បាលដោយសេចក្តីតូចចិត្តនឹងភាពឈឺចាប់:
” អត់ទេម៉ាក់ ខ្ញុំមិនមែនជាប្រពន្ធរបស់បងវីរ៉ាទេ ព្រោះខ្ញុំមានប្រពន្ធហើយ! បេះដូងខ្ញុំគ្មានចន្លោះដាក់អ្នកផ្សេងក្រៅពីថារីទេ! “
“អេតាស៊ីវិលបានចុះរួចហើយ កូនក្លាយជាប្រពន្ធពេញសិទ្ធិរបស់កូនវីរ៉ាហើយ ទាំងផ្លូវច្បាប់និងប្រពៃណី! “
ធានី ខឹងនឹងសម្តីអ្នកជាម្តាយជាខ្លាំង:
” ប៉ុន្តែរាងកាយ និងបេះដូងរបស់ខ្ញុំ មិនអាចក្លាយជាប្រពន្ធរបស់គេទេ! “
” ផាំង…! ព្រាវ….! “
កម្ទេចថូផ្កា ធ្លាក់រាយប៉ាយពាសពេញការ៉ូពណ៌ស ស្រីតូចសម្លឹងមុខម្តាយមិនដាក់ភ្នែក:
” អ្នកម៉ាក់ បានសម្លាប់កោសិការបស់ខ្ញុំហើយ! ខ្ញុំស៊ូស្លាប់ក៏មិនប្រគល់រាងកាយរបស់ខ្ញុំឱ្យទៅវីរ៉ាដែរ”
ឮសម្តីមួយឃ្លានេះហើយ លោកស្រី សុវណ្ណ ចាប់ផ្ដើមប្តូរជានិយាយផ្អែមល្ហែមវិញ:
” ទោះបីជាឯងស្លាប់ក៏គ្មានថ្ងៃបានចួបមនុស្សដែលឯង ស្រលាញ់ដែរ! មានចៅឱ្យម៉ាក់មួយ ហើយកូនទៅរស់នៅជាថារីចុះ? “
ធានី គ្មានជម្រើសក្រៅពីអង្គុយស្ងៀមទ្រឹង
” ម៉ាក់ចុះកិច្ចសន្យាជាមួយខ្ញុំទេ? “
” បានបើកូនត្រូវការ! មានចៅពេលណា ស៊ីញ៉េលែងលះ នៅថ្ងៃនោះ “
និយាយចប់លោកស្រី សុវណ្ណ ទាញក្រដាស់មកស៊ីញ៉េ ហើយដើរចេញពីបន្ទប់ដោយមិនខ្វល់ពីកូនស្រីអង្គុយខូចចិត្តនោះឡើយ។
ពោធិ៍សាត់…
រាត្រី១៤ កើតខែកក្ដិក ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៤ ខ្យល់ត្រជាក់ស្រៀវឆ្អឹងខ្នងបក់ពីទិសពាយ័ព្យ រាងកាយតូចស្តើងឈរឱបដៃរងារញាក់សាច់ កែវភ្នែកមូលក្រឡង់ពណ៌ខ្មៅ សម្លឹងមើលព្រះចន្ទ បង្ហើយអារម្មណ៍ឱ្យរសាត់អណ្ដែតតាមវាយោលាក់ស្នេហ៍ មាណវីញញឹមដាក់ព្រះចន្ទនៅពេលនឹកឃើញស្នាមថើបរបស់សង្សារបណ្តូលចិត្ត។
” ព្រះចន្ទអើយជួយទៅប្រាប់ធានីផង ថាសង្សារម្នាក់នេះនឹកធានី ខ្លាំងណាស់!”
ម្រាមដៃបន្លាក្រូច ស្រវាឈោងទូរសព្ទដែលដាក់នៅលើកៅអីធ្វើអំពីផ្តៅ នៅលើអេក្រង់ទូរសព្ទពុំឃើញធានីបើកអនឡាញអស់រយៈពេលពីរថ្ងៃហើយ។
” ធានី តើមានរឿងអ្វីកើតឡើងចំពោះបង? ហោចណាស់ខ្ញុំបានឃើញសារលោតនៅលើឈែតដែរ ប៉ុន្តែថ្ងៃនេះគ្មានទេ”
សេចក្តីព្រួយបារម្ភ បានបង្ហាញយ៉ាងច្បាស់នៅលើផ្ទៃមុខដ៏ស្រស់ផូរផង់។មាណវីព្យាយាម Call តាមលេខទូរសព្ទ ប៉ុន្តែសំឡេងម្ខាងទៀតបានឆ្លើយតបៈ
” លេខទូរសព្ទដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះ សូមព្យាយាមម្តងទៀតនៅពេលក្រោយ”
” តើមានហេតុភេទអ្វីកើតឡើងចំពោះបងទៅ? “
ស្រីតូចថារី បើក Facebook ដើម្បីរកមើលសកម្មភាពរបស់សង្សារ ប៉ុន្តែលទ្ធផលដែលទទួលបាន ស្ទើរតែគាំងបេះដូងស្លាប់ រូបភាពនៃពិធីមង្គលការរាប់រយសន្លឹកអូសយ៉ាងណាក៏មិនផុត។ ថារី មិនជឿកែវភ្នែកខ្លួនឯងទាល់តែសោះ អាកាសធាតុត្រជាក់នៃរដូវរងាផង ចួបរឿងបែបនេះទៀត ស្រីតូចចូលមើលក្នុងគេហទំព័រផ្សេងៗជាច្រើន ក្រោមចំណងជើង
” ពិធីអាពាហ៍ពិពាហ៍ដ៏ប្រណិតជាងគេនៅក្នុងឆ្នាំនេះ របស់កូនប្រុសម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ លោកជំទាវ វង្ស សួគ៌ និងកូនក្រមុំសេដ្ឋីស្រុកស្រែ ធិតា ធានី”
បេះដូង ប្រមាត់ ថ្លើម ខ្យល់ដកដង្ហើមស្ទើរតែបាត់បង់ទាំងស្រុងក្នុងពេលតែមួយ ទូរសព្ទធ្លាក់ចេញពីដៃ តាំងពីពេលណាក៏មិនដឹង។ រាងកាយតូចទម្លាក់ខ្លួនផ្អែកជញ្ជាំង ទាំងក្នុងខ្លួនលែងមានអារម្មណ៍អ្វីទាំងអស់ ត្រចៀកទាំងសងខាងចាប់ផ្ដើមស្តាប់អីលែងឮ គ្រប់ផ្នែកនៃរាងកាយប្រែក្លាយជារឹងស្ដូក ប្រអប់ទ្រូងខាងឆ្វេងឈឺស្ទើរតែផ្ទុះចេញមកក្រៅ តំណក់ទឹកភ្នែករាប់រយតំណក់ស្រក់ចុះមកឥតឈប់ឈរ។
” ធានី ហេតុអ្វីបងធ្វើបែបនេះដាក់អូន? បងឈប់ស្រលាញ់អូនហើយមែនទេ? ស្នេហាពីរ ឆ្នាំរបស់យើង គ្មានន័យអ្វីសោះឬ? “
ម្រាមដៃបន្លាក្រូច ក្តាប់ដៃខ្លួនឯងពេញទំហឹង មុតក្រចកឈាមហូររឹមៗ កែវភ្នែកទាំងគូរជោរជន់ដោយតំណក់ទឹកនេត្រា រហូតសន្លប់បាត់ស្មារតី។
ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២១
រាងកាយស្តើងតូចចុះពីលើឡានក្រុង បោះជំហានមួយចូលទៅក្នុងអាគារអន្តេវាសិកដ្ឋានដោយដំណើរមួយៗ ស្ទើរតែគ្មានកម្លាំងកំហែង ដើរបណ្ដើរហូរទឹកភ្នែកបណ្តើរ។ ស្រីតូចថារី ស្គមស្លេកស្លាំងជាង២ ថ្ងៃមុនឆ្ងាយណាស់ ប្រធានបន្ទប់ ឃើញនាងដើរចូលបន្ទប់ដូចមនុស្សគ្មានវិញ្ញាណ ក៏សួរ:
” ថារី មកដល់តាំងពីថ្មើរណា? “
បបូរមាត់ស្តើងឆ្លើយតបដោយសំឡេងស្រាល:
” ច៎ាសបង ខ្ញុំទើបតែមកដល់ទេ! “
ណារិន មិត្តរួមបន្ទប់ ឃើញថារី មកដល់ក៏ប្រញាប់រត់មកនិយាយជាមួយ។
” ថារី ឯងបានទៅចូលរួមពិធីមង្គលការធានីទេ? គ្នាឃើញ post ពេញបណ្ដាញសង្គមតែម្តងហើយ”
ក្នុងប្រអប់ទ្រូងខាងឆ្វេងច្រាលឈាមជាខ្លាំង ទាំងឈឺពើតផ្សាទាំងខកចិត្ត និងខូចចិត្តមកព្រមជាមួយគ្នា។
” ម្តេចស្ងាត់ចឹង? ក្រែងឯងទាំងពីរជា Best friend ហ្នឹងគ្នាហ្ហី! “
ស្រីតូចថារី ញញឹមជំនួសការឆ្លើយតប មុននឹងដាក់អីវ៉ាន់ រួចឡើងទៅពួនសំងំយំលើដំបូលអាគារតែម្នាក់ឯង។ សំឡេងខ្សឹកខ្សួល មិនទាន់បានស្ងប់រម្ងាប់ចិត្តផង ទូរសព្ទក៏បន្លឺឡើង:
” ហាឡូ កូនថារី ត្រលប់ទៅវិញម្តេចមិនប្រាប់ម៉ាក់សោះចឹង? “
ថារី ប្រញាប់ដោះស្រាយ:
” ច៎ាសម៉ាក់ កូនសុំទោសផង! កូនចេញមកប្រញាប់ពេកទើបមិនបានប្រាប់”
” ថារី! ម៉ាក់ឮក្មួយវុទ្ធ ប្រាប់ថាកូនមានសង្សារហើយ តើវាជាការពិតមែនទេ? “
បេះដូងកំពុងតែឈឺចាប់ស្រាប់ហើយ តែសំណួរពីម្តាយធ្វើឱ្យបេះដូងខ្ទេចខ្ទាំស្ទើរតែគ្មានចម្រៀកណានៅសល់ឡើយ។
” មិនពិតទេម៉ាក់! “
” ម៉ាក់មានរូបថតជាច្រើនសន្លឹក ក្មួយវុទ្ធក៏បានប្រាប់ម៉ាក់ដែរ! ម៉ាក់សុំបញ្ជាកូនឱ្យផ្តាច់ទំនាក់ទំនងជាមួយនាងធានី ជាដាច់ខាត! “
” អ្នកម៉ាក់ ពួកខ្ញុំត្រឹមតែអ្នកស្គាល់គ្នាទេ!”
ពាក្យថា អ្នកស្គាល់គ្នាមួយម៉ាត់ និយាយទាំងទឹកភ្នែកហូរ។
” កុំឱ្យម៉ាក់ខ្មាសគេដោយសារឯងម្តងទៀតឱ្យសោះ! “
សំឡេងទូរសព្ទត្រូវបានកាត់ផ្តាច់ ស្រីតូចដង្ហក់យំម្នាក់ឯងយ៉ាងឯកា និងសោកសៅបំផុត។
ល្ងាចថ្ងៃដដែល…
ជើងស្រឡូន បោះជំហានមួយទៅឈរមាត់ស្ទឹង ត្រង់បរិវេណស្ពាន១៣ មករា រូបភាពស្និទ្ធស្នាលនៃស្នេហាក៏បានលេចឡើង ស្រីតូចបើកទូរសព្ទមើលរូបភាពផ្អែមល្ហែម ដោយអារម្មណ៍ធីងធោងជាខ្លាំង ខណៈពេលនោះបានបាតដៃធំមកត្រកងពីក្រោយ។
” អូនត្រូវស្រលាញ់ខ្លួនឯងឱ្យច្រើនជាងនេះ ខ្យល់ត្រជាក់ខ្លាំងណាស់មិនគួរមកឈរនៅខាងក្រៅទេ “
ស្រីតូច បែរមើលមុខម្ចាស់សំឡេងដោយអារម្មណ៍ខឹងជាខ្លាំង ម្រាមដៃបន្លាក្រូចច្រានដើមទ្រូងហាប់ណែនចេញដោយអារម្មណ៍ធុញទ្រាន់។
” តើពេលណា លោកព្រមចាកចេញពីជីវិតខ្ញុំ?
ដាវុទ្ធ ញញឹមស្រស់ដាក់ស្រីតូច មិនព្រមលែងដៃឡើយ។
” បងនឹងមិនព្រមដោះលែងអូនម្តងទៀតជាដាច់ខាត! “
ស្រីតូចព្យាយាមរុញរាងកាយរឹងមាំចេញពីខ្លួន ប៉ុន្តែអ្វីដែលទទួលបានគឺត្រូវទន់ខ្លួនក្នុងរង្វង់ដៃអតីតសង្សារ ដោយមិនដឹងខ្លួន។
” ពុទ្ធោ! អ្នកណាធ្វើបាបខ្ញុំ…? “
មាណវី លើកដៃក្តោបត្រចៀកស្រែកខ្លាំងៗ
” មិនពិតទេៗ! ហេតុអ្វីជីវិតខ្ញុំក្លាយជាបែបនេះ? ទេវតាធ្វើបាបខ្ញុំណាស់។ ហឹក…! ហឹក…! “
………………………
” ថ្ងៃនោះហើយ ដែលថារីសម្រេចចិត្តបញ្ចប់រឿងគ្រប់យ៉ាងដោយសម្លាប់ខ្លួនពីលើអាគារនេះ…ហើយអ្វីដែលវិមានសុបិនគ្រប់យ៉ាងគឺជាការពិត ព្រឹកឡើង…”
គ្រប់គ្នាកំពុងឈរខ្ទប់មុខ ដោយសេចក្តីអាណោចអាធ័មនិងសាកសពមនុស្សស្រីម្នាក់ដែរទន់ភ្លន់ រឹងមាំ ក្លាហានឆ្លាតនិងពូកែ។ ប្រធានបន្ទប់ ខូចចិត្តជាខ្លាំងមិនគួរម្សិលមិញគាត់និយាយយ៉ាងដូច្នោះចំពោះថារីទេ គាត់យកដៃបិទភ្នែកថារី នឹងគ្របក្រណាត់ស។ បន្ទាប់ពីពេទ្យធ្វើកោសល្យវិច្ឆយរួច ពេទ្យប្រាប់ថា សាកសពថារី ត្រូវបានគេធ្វើបាបរាងកាយ២ ថ្ងៃមុនសម្លាប់ខ្លួន ជាពិសេសរាងកាយអ្នកជំងឺខ្សោយជាខ្លាំង ដូចមនុស្សអត់បាយ៥ ថ្ងៃមកហើយ។ ម្តាយថារី ខ្សឹកខ្សួលជាខ្លាំង:
” ដឹងខ្លួនឡើងថារី! ឱ្យម៉ាក់សុំទោសៗ គ្រប់យ៉ាង! ត្រលប់មករកម៉ាក់វិញមក កូនចង់បានអ្វីក៏ម៉ាក់ព្រមប្រគល់ឱ្យដែរ”
ឪពុកថារី បានត្រឹមឈរសម្លឹងមើលកូនស្រីដោយកែវភ្នែកនៃភាពឈឺចាប់ គាត់សោកស្ដាយដែលមិនព្រមឃាត់ប្រពន្ធ រាល់ពាក្យសម្ដីស្តីបន្ទោស ពិសេសការសម្រេចចិត្តរឿងស្នេហា។ គ្រួសារថារី បានដឹកសពយកទៅបូជានៅផ្ទះនាខេត្តពោធិ៍សាត់។
…………………………………..
រឿងរ៉ាវក្នុងលោកប្រៀបដូចជាសុបិនកើតឡើងហើយក៏រលត់ទៅវិញ។ រាងកាយស្តើងស្អាតកំពុងចេញពីបន្ទប់ ដើម្បីធ្វើដំណើរមករៀននៅបាត់ដំបងវិញ។ ស្រាប់តែមានដៃរឹងមាំឱបជាប់ពីខាងក្រោយ នរ:សង្ហារ វាចាដោយសម្តីផ្អែមល្ហែមស្រទន់:
” ប្រពន្ធសម្លាញ់ ភ្ញាក់មុនមិនដាស់បងទេ! អូនបម្រុងទៅទាំងមិនប្រាប់បងឬ? “
ធានី ព្យាយាមគេចពីវីរ៉ា ៣ ថ្ងៃមកហើយតាំងពីយប់ផ្សុំដំណេក ស្រីតូចឆ្លើយតបតាមបែបធម្មតា។
” អាកាសធាតុត្រជាក់ខ្លាំងអ៊ីចឹងបងគួរតែគេងឱ្យបានច្រើន។ ខ្ញុំអាចទៅដោយខ្លួនឯងបាន! “
វីរ៉ា បង្វិលខ្លួនភរិយាជាទីស្រឡាញ់មកប្រសព្វភ្នែកគ្នា:
” ត្រូវចាំណា ឈប់ប្រើពាក្យថារំខានជាមួយបងទៀត! “
” ហេតុអ្វីបងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ? “
មាណវីសួរដោយសម្លឹងកែវភ្នែក ស្វាមីក្នុងសំណាញ់ច្បាប់:
” បងអាចធ្វើគ្រប់យ៉ាងដើម្បីអូនបាន ដោយគ្មានលក្ខខណ្ឌ”
” ចុះបើបងព្យាយាម ប៉ុន្តែខ្ញុំមិនអាចស្រលាញ់បងបានពេញមួយជីវិតរបស់ខ្ញុំ តើបងនឹងធ្វើយ៉ាងណា? “
នរ: ឱនលោមុខមកជិតថ្ពាល់ខួចខាងស្ដាំរបស់ភរិយា:
” បងនឹងមិនធ្វើអ្វីទាំងអស់ ព្រោះក្តីសុខរបស់អូនជាអ្វីដែលបងចង់ឃើញបំផុត “
ស្រីតូចលើកដៃទាំងសងខាងដាក់លើផែនថ្ពាល់ស្វាមី ដោយសេចក្តីអាណិត :
” សុំទោសណាដែលខ្ញុំមិនអាចស្រលាញ់បងបាន! ខ្ញុំបានដាក់ថារីចូលក្នុងបេះដូងទាំង៤ថត ហើយ។ “
កំលោះសង្ហារ វីរ៉ា នៅតែញញឹមដដែល:
” បងនៅរង់ចាំអូនជានិច្ចធានី មិនថាជាតិនេះឬជាតិក្រោយនោះទេ! តោះឡើងឡានម៉ោង៨ ហើយ “
ធានី បែរមុខលើកដៃសំពះ លាស្វាមីក្នុងអេតាស៊ីវិល:
” ជម្រាបលាបងវីរ៉ា! ខ្ញុំអរគុណគ្រប់យ៉ាងកន្លងមកនេះ “
កំលោះសង្ហារវីរ៉ា ជញ្ជូនអីវ៉ាន់ដាក់លើឡានរួចរាល់ហើយ ក៏បញ្ជាឱ្យកូនចៅជូនធានីដោយផ្ទាល់។ ធ្វើដំណើរមកដល់ថ្មគោល ស្រីតូចធានី ដកទូរសព្ទចេញពីកាបូប បន្ទាប់ពីបិទអស់រយៈពេលជិតមួយសប្តាហ៍កន្លងមក ដើម្បីទាក់ទងទៅសង្សារជាទីស្រឡាញ់។ ប៉ុន្តែសំឡេងទូរសព្ទពុំមានអ្នកទទួលទេ មាណវីបើក massager ឃើញសារនិងឈែតជាច្រើនពីថារី តែអ្វីដែលបានឃើញគឺសំបុត្រមួយច្បាប់ រូបថត១ សន្លឹក និងសារ៣ ម៉ាត់ចុងក្រោយ។ សេចក្តីក្នុងសំបុត្រ:
” រាងកាយរបស់អូនក្លាយជារបស់បងហើយ អូនគ្មានអ្វីជាកម្មសិទ្ធិរបស់ខ្លួនទៀតទេ សូម្បីតែសង្សារស្រីដូចគ្នាគេនៅផិតក្បត់ទៅរៀបការចោល ចុះទម្រាំបងជាសុបិនអាក្រក់របស់អូនចង់ទៅចោលអូនពេលណាក៏បាន។ លាហើយប្រពន្ធសម្លាញ់ ពីអតីតកាលអាក្រក់របស់អូន រ៉ាវុទ្ធ ។”
ទឹកភ្នែកធានីហូរមករលីងរលោងទាំងមាណវី មិនធ្លាប់បង្ហូរទឹកភ្នែកផ្តេសផ្តាសឡើយ ម្រាមដៃញ័រទទ្រើក។
” ពុទ្ធោថារី អូនត្រូវបានគេបៀតបៀនរាងកាយ តើអូននឹងឈឺចាប់បែបណាទៅ? “
រូបថត១ សន្លឹកគឺរូបភាពអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតរបស់ធានី។ សេចក្តីបន្តក្នុងប្រអប់សារ
” អូនរង់ចាំការបកស្រាយពីបងរហូតត្រូវគេធ្វើបាបរាងកាយ! អូនមិនចង់ឱ្យស្នេហាពួកយើងក្លាយជារនាំងស្នេហាភេទដូចគ្នារបស់គូស្នេហ៍ដទៃទៀតឡើយ អូនលាបងរហូតហើយ ផ្លូវចិត្តអូនស្លាប់រួចហើយទើបអូនសម្រេចចិត្តផ្តាច់សង្ខារតាមក្រោយ។ បងត្រូវសងគ្រប់យ៉ាងមកអូនវិញធានី ពីថារី “
” ពុទ្ធោ ថារី… បងសុំទោសៗ គ្រប់យ៉ាង! “
ចម្រៀងមួយបទដែរថារី ផ្ញើមកកាលពីម៉ោង ១០ យប់មិញ។ ធានីស្តាប់បណ្តើរយំបណ្តើរ ពោរពេញដោយវិប្បដិសារីចំពោះនារីទន់ភ្លន់ម្នាក់។
” អ្នកស្រី ចង់ចូលបន្ទប់ទឹកទេ ខ្ញុំសុំចាក់សាំងឡានសិន! “
សំឡេង របស់តៃកុងឡាន បានបន្លឺឡើង ស្រីស្រស់ធានីចុះពីឡាន ដោយកាសស្តាប់ចម្រៀងនៅឡើយ។ សំឡេងស្រទន់ដើរឆ្លងកាត់ផ្លូវ ដោយមិនដឹងខ្លួន ព្រមទាំងនិយាយតែម្នាក់ឯង។
” អូននៅចាំភ្លេងនេះបានទេ ភ្លេងដែលយើងស្ដាប់ជាមួយគ្នា បងពិតជាចង់ឱ្យអូនត្រលប់មកនៅក្បែរបងវិញណាស់ បងនៅនឹកអូន ត្រលប់ក្រោយបានទេ ត្រលប់ធ្វើជាថារីពីមុនមក “
សំឡេងហ្រ្វាំងឡាន យ៉ាងខ្លាំងជាន់អូសពីចម្ងាយ:
” ផាំង…!!!! “
” អ្នកស្រីតូច!!!” អ្នកបើកឡានប្រចាំគ្រួសារ ជំទាវ សួគ៌ ប្រញាប់មកត្រកងចៅហ្វាយស្រី ដឹកទៅកាន់មន្ទីរពេទ្យ។
នៅក្នុងបន្ទប់បន្ទប់សង្គ្រោះបន្ទាន់ ក្នុងពេទ្យធំបាត់ដំបង។ រាងកាយតូចស្តើងប្រឡាក់ទៅដោយឈាមក្រហមឆ្អិនឆ្អៅ នៅស្ងៀមទ្រឹងមិនកម្រើកអស់រយៈពេល៥ ម៉ោងមកហើយ លោកស្រីសួគ៌ ម៉ាក់ប៉ាធានី និងវីរ៉ា ដើរទៅមកជុំវិញបន្ទប់យ៉ាងអន្ទះសារ។ មួយសន្ទុះក្រោយមកគ្រូពេទ្យចេញមក ដោយទឹកមុខក្រៀមក្រំ។
លទ្ធផលបង្ហាញថា ធានីអាចនឹងពិការអស់មួយជីវិត ធ្វើឱ្យសំឡេងសោកសៅរបស់អ្នកផ្ទះលាន់ឡើងសឹងតែផ្ទុះមន្ទីពេទ្យ។ តែយ៉ាងណា នាងក៏នៅសំណាងជាងថារីដែលនៅមានដង្ហើមដកសម្លឹងមើលពិភពលោកមួយនេះបន្ត។
វីរ៉ា ស្ទុះចូលទៅក្នុងបន្ទប់ឱបរាងកាយដែលដេកស្តូកស្តឹង វាចាដោយទឹកភ្នែក:
” អរគុណណាស់ដែលធានីមិនទៅណាចោលបង! ត្រឹមឃើញមុខធានី ជីវិតបងមានក្តីសុខពេញលេញទៅហើយ”
លោកស្រី សុវណ្ណ វង្វេងស្មារតីអស់ហើយ ប៉ុន្តែស្ថិតនៅក្នុងរង្វង់ដៃស្វាមីជានិច្ច ម្រាមដៃជ្រីវជ្រូញបន្តិច ចាប់ម្រាមដៃត្រជាក់របស់កូនមកដាក់លើផែនថ្ពាល់:
” ឱ្យម៉ាក់សុំទោសណាធានី ព្រោះតែម៉ាក់ម្នាក់គត់ទើបធ្វើឱ្យកូនក្លាយទៅជាបែបនេះ! ភ្ញាក់ឡើងមកម៉ាក់ នឹងប្រគល់គ្រប់យ៉ាងឱ្យកូន”
លោកប្រុសធិតា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទឹកភ្នែកកូនប្រុស ដែលជាឪពុក។ បន្ទាប់ពីគ្រប់គ្នាបានអានសារក្នុងទូរសព្ទរួចមក មានការសោកស្តាយនិងមានវិប្បដិសារីជាខ្លាំង។ សារនេះបានចែករំលែកពេញបណ្ដាញសង្គម ដើម្បីបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា។
គ្រប់យ៉ាងគ្រាន់តែជាសុបិន…
បន្ទាប់ពីដឹងខ្លួនឡើងវិញ វិមានបានធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធថារី។ ស្រីតូចវិមាន អង្គុយកត់ត្រាក្នុងសៀវភៅកំណត់ហេតុ នូវរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើង ទោះវាជាសុបិនប៉ុន្តែប្រៀបដូចជាការពិតទាំងស្រុង។
វិមានជាមនុស្សស្រីម្នាក់ដែលស្អប់ខ្ពើម និងមិនគាំទ្រអ្នកស្រលាញ់ភេទដូចគ្នាបន្ទាប់ពីគេងលក់ក្នុងសុបិនហើយ វិមានបានចេញវីដេអូ និយាយអំពីការបញ្ឍប់រាល់សកម្មភាពរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ពីព្រោះធ្វើឱ្យពួកគេបាត់បង់ឱកាសចូលរួមចំណែកអភិវឌ្ឍសង្គមពិសេសឈានដល់ការបាត់បង់ធនធានមនុស្សទៀតផង។ យ៉ាងណាក៏ដោយដើមទ្រូងនិងចំហាយនៃភាពកក់ក្តៅរបស់បុរសក្នុងសុបិនជាមូលហេតុ ដែលធ្វើឱ្យវិមានភ្ងាក់ដឹងខ្លួនឡើងវិញ។ មាណវី និយាយតិចៗ តែម្នាក់ឯង:
” ខ្ញុំនឹងគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសធ្វើគ្រប់យ៉ាងឱ្យល្អបំផុត ដើម្បីរង់ចាំពាក្យសន្យារបស់មនុស្សក្នុងសុបិន ស្នេហាអាចយកឈ្នះគ្រប់យ៉ាងបាន ចួបគ្នា៣ ឆ្នាំក្រោយមនុស្សក្នុងសុបិន! “
ចប់…